បណ្ណាល័យ
មេរៀនទី ២៣ ៖ ម៉ាថាយ ២១:១-១៦


មេរៀនទី ២៣

ម៉ាថាយ ២១:១-១៦

សេចក្ដី​ផ្ដើម

ព្រះយេស៊ូវ​បាន​យាង​ដោយ​ជោគជ័យ​ចូល​ទៅ​ក្នុង​យេរូសាឡិម​ នៅ​ដើម​សប្ដាហ៍​ចុងក្រោយ​នៃ​ព្រះជន្ម​របស់​ទ្រង់ ។ កាល​គង់​នៅ​ទីនោះ ទ្រង់​បាន​បោស​សម្អាត​ព្រះវិហារ​បរិសុទ្ធ​ជា​លើក​ទីពីរ ហើយ​បាន​ព្យាបាល​មនុស្ស​ខ្វាក់ និង​មនុស្ស​ខ្វិន​ដែល​បាន​មក​រក​ទ្រង់ ។

យោបល់​សម្រាប់​ការបង្រៀន

កំណត់​ចំណាំ ៖ នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នេះ​គឺជា​ទំព័រ​មួយ​ដែល​មាន​ចំណង​ជើង​ថា « សប្ដាហ៍​ចុងក្រោយ ដង្វាយធួន និង​ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ » ។ ទិដ្ឋភាព​ទូទៅ​សង្ខេប​នេះ​ស្ដីពី​សប្ដាហ៍​ចុងក្រោយ​នៃ​ព្រះជន្ម​របស់​ព្រះអង្គ​សង្គ្រោះ​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់​អាច​ជួយ​អ្នក និង​សិស្ស​របស់​អ្នក​យល់​ពី​ព្រឹត្តិការណ៍​នានា​ដែល​បាន​ដឹកនាំ​ទៅ​រក​ការ​សុគត និង​ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ អ្នក​ក៏​គួរ​ប្រើ​ទិដ្ឋភាព​ទូទៅ​នេះ​នៅ​ក្នុង​ ម៉ាកុស លូកា និង​យ៉ូហាន​ ផង​ដែរ ។

ម៉ាថាយ ២១:១-១១

ព្រះយេស៊ូវគ្រីស្ទ​បាន​យាង​ដោយ​ជោគជ័យ​ចូល​ទៅ​ក្នុង​យេរូសាឡិម

ចូរ​ដាក់​បង្ហាញ​អាហារ​មួយ​មុខ ឬ​សរសេរ​ឈ្មោះ​អាហារ​មួយ​នៅ​លើ​ក្ដារខៀន ។ ចូរ​សុំ​ឲ្យ​សិស្ស​ចង្អុល​បង្ហាញ​ថា តើ​ពួកគេ​ធ្លាប់​ភ្លក់​អាហារ​នេះ ហើយ​ចង់ឲ្យ​មនុស្ស​ដទៃ​ទៀត​ភ្លក់ដែរឬទេ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ដែលចង់ឲ្យគេភ្លក់​អាហារ​នេះ​ ឲ្យ​ឡើង​មក​ខាង​មុខ​ក្ដារខៀន ។ ចូរ​សុំ​ឲ្យ​គាត់​ស្រមើ​ស្រមៃ​ថា គ្មាន​នរណា​ម្នាក់បាន​ភ្លក់​អាហារ​នេះ​ឡើយ ។ ចូរ​ណែនាំ​សិស្ស​នោះ​ឲ្យ​ប្រាប់​ថា​ តើ​គាត់​នឹង​និយាយ ឬ​ធ្វើ​អ្វីខ្លះ​ដើម្បី​ជួយ​មនុស្ស​ម្នាក់​ឲ្យ​អភិវឌ្ឍ​បំណង​ប្រាថ្នា​​ចង់​ភ្លក់​អាហារ​នេះ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ត្រឡប់​ទៅ​កន្លែង​អង្គុយ​របស់ពួកគេ​វិញ នៅ​ពេល​ធ្វើ​ចប់ ។ បន្ទាប់មក សូម​សួរ​សិស្ស ៖

  • ប្រសិន​បើ​អ្នក​ពុំ​ធ្លាប់​ភ្លក់​អាហារ​នោះ​ពី​មុន​មក​ទេ តើ​អ្នក​ទំនង​ជា​ចង់​ភ្លក់​វា​ឥឡូវ​នេះ​ទេ ? ហេតុអ្វី ?

រូបភាព
ព្រះយេស៊ូវគ្រីស្ទ

សូម​ដាក់​បង្ហាញ​រូបភាព​មួយ​នៃ​ព្រះអង្គសង្គ្រោះ ។ សូម​ពន្យល់​ថា មាន​មនុស្ស​ជាច្រើន​ស្គាល់​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ ហើយ​ថា​យើង​មាន​ទំនួល​ខុស​ត្រូវ​ ដើម្បី​ជួយ​មនុស្ស​ដទៃទៀត​ឲ្យ​រៀន​អំពី​ទ្រង់ ។

ចូរ​សុំ​ឲ្យ​សិស្ស​សញ្ជឹង​គិត​ពី​អ្វី​ ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី​ជួយ​ដល់​នរណា​ម្នាក់​ដែល​ចង់​ដឹងបន្ថែម​ទៀត​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​រកមើល​គោលការណ៍​មួយ នៅ​ពេល​ពួកគេ​សិក្សា ម៉ាថាយ ២១:១–១១ ដែល​អាច​ជួយ​ពួកគេ នៅ​ពេល​ពួកគេ​លើក​ទឹក​ចិត្ត​មនុស្ស​ដទៃ​ទៀត​ឲ្យ​រៀន​បន្ថែម​ទៀត​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។

សូម​ពន្យល់​ថា ម៉ាថាយ ២១ កត់ត្រា​ពី​ព្រឹត្តិការណ៍​ដែល​កើត​ឡើង​រយៈពេល​ប្រាំ​ថ្ងៃ​ មុន​ការ​ឆ្កាង​របស់​ព្រះអង្គ​សង្គ្រោះ ។ ចូរ​រំឭក​សិស្ស​ថា មាន​ហ្វូង​មនុស្ស​មួយ​ក្រុម​បាន​ដើរ​តាម​ព្រះយេស៊ូវ និង​ពួក​សាវក​របស់​ទ្រង់ កាល​ទ្រង់​បាន​យាង​ចេញ​ពី​ស្រុក​យេរីខូ ធ្វើដំណើរ​ទៅទីក្រុង​យេរូសាឡិម ( សូមមើល ម៉ាថាយ ២០:១៧–១៨, ២៩ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ២១:១-៥ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​អ្វី​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្គាប់​ឲ្យ​ពួកសិស្ស​របស់​ទ្រង់​ពីរ​នាក់​ឲ្យ​ធ្វើ ។

  • តើព្រះយេស៊ូវ​បាន​បង្គាប់​ពួក​សិស្ស​ទាំងនេះ​ឲ្យ​ធ្វើអ្វីខ្លះ ?

សូម​ពន្យល់​ថា ការ​ព្យាករ​ដែល​បាន​លើក​ឡើង​នៅ​ក្នុង ម៉ាថាយ ២១:៤–៥ មាន​នៅ​ក្នុង សាការី ៩:៩–១០ ។ ( សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​សរសេរ​សេចក្ដី​យោង​នេះ​នៅ​ក្បែរ ខ​ទី ៥ ) ។ ការ​ព្យាករ​នេះ​គឺ​អំពី​ព្រះមេស៊ី​ដែល​បាន​សន្យា ឬ « ព្យាការី សង្ឃ ស្ដេច និង​ជា​អ្នក​រំដោះ​ដែល​ចាក់​ប្រេង​តាំង​ ដែល​ពួក​សាសន៍​យូដា​ទន្ទឹង​ចាំ​យ៉ាង​អន្ទះអន្ទែងឲ្យ​យាង​មក » ( សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ព្រះមែស៊ី » scriptures.lds.org ) ។ ចូរ​ចង្អុល​បង្ហាញ​ថា នៅ​សម័យ​ព្រះគម្ពីរ​ប៊ីប សត្វ​លា « គឺជា​និមិត្តសញ្ញា​មួយ​នៃ​ភាព​ជាស្ដេច​របស់​សាសន៍​យូដា ។ … ការ​គង់​លើ​សត្វ​លា … បាន​បង្ហាញ​ថា ព្រះយេស៊ូវ​បាន​យាង​មក​ជា​ព្រះអង្គ​សង្គ្រោះ​នៃ​ភាព​សុខសាន្ត ហើយ ‹ រាបទាប › ពុំ​មែន​ជា​អ្នក​ឈ្លាន​ពាន​​គង់​លើ​សេះ​ចម្បាំង​ទេ » ( Church Educational System manual ឆ្នាំ​ ២០១៤ ]  ទំព័រ៦៤ ) ។

  • តើ​សកម្មភាព​មួយ​ចំនួន​នៅ​ក្នុង​វប្បធម៌ខុសគ្នា ​ដែល​បង្ហាញ​ពី​ការ​ទទួល​ស្គាល់​ដោយ​ក្ដី​គោរព​ចំពោះ​ភាព​ជា​ស្ដេច​មាន​អ្វីខ្លះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ២១:៦-៨ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​អ្វី​ដែល « ហ្វូងមនុស្ស​ស្ទើរ​តែ​ទាំងអស់ »​(ខ​ទី ៨) បាន​ធ្វើ​កាល​ព្រះយេស៊ូវ​គង់​លើ​សត្វលា ហើយ​យាង​ចូល​ទៅ​ក្នុង​ទីក្រុង​យេរូសាឡិម ។ ( អ្នក​គួរ​ចង្អុល​បង្ហាញ​ដល់​សិស្ស​ថា ការ​បកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ ម៉ាថាយ ២១:៥ បញ្ជាក់​ថា មាន​តែ​សត្វ​មួយ​ក្បាល​ប៉ុណ្ណោះ​បាន​យក​មក​ជិះ ) ។

  • តើ​ហ្វូង​មនុស្ស​បាន​ធ្វើ​អ្វី​ខ្លះ ​ដើម្បី​ទទួល​ស្គាល់​ដោយ​ក្ដី​គោរព​ដល់​ព្រះយេស៊ូវថា​ជា​ព្រះមែស៊ី ? ( អ្នក​អាច​ចង្អុល​បង្ហាញ​ថា ដំណឹងល្អ​របស់​យ៉ូហាន​បញ្ជាក់​យ៉ាង​ល្អិត​ល្អន់​ថា ហ្វូងមនុស្ស​បាន​ប្រើ « ធាង​ចាក » [ យ៉ូហាន ១២:១៣ ] ។ ធាង​ចាក​គឺជា​និមិត្តសញ្ញា​មួយ​នៃជោគជ័យ និង​ជ័យ​ជំនះ​លើ​ពួក​សត្រូវ ។ ការ​ក្រាល​ជា​កម្រាល​នៅ​លើ​ផ្លូវ ដូចជាអ្វីដេល​បណ្តាជន​បាន​ធ្វើ​ដោយ​ប្រើ​ធាង និង​សម្លៀក​បំពាក់​គឺជា​កាយវិការ​មួយ​គោរព​ដល់​ភាព​ជា​ស្តេក ឬ​អ្នក​ចម្បាំង ។ ការ​ធ្វើ​ដូច្នេះ នោះ​ហ្វូង​មនុស្ស​បានទទួល​ស្គាល់ ហើយ​ស្វាគមន៍​ដល់​ព្រះយេស៊ូវ​ជា​អ្នក​រំដោះ និង​ជា​ស្ដេច​របស់​ពួកគេ ) ។

រូបភាព
ការ​យាង​ចូល​មក​ដ៏​ជោគជ័យ

ចូរ​ដាក់​បង្ហាញ​រូបភាពការ​យាង​ចូល​មក​ដ៏ជោគជ័យ​(Gospel Art Book២០០៩ ] ល.រ.៥០ សូមមើល​ផង​ដែរLDS.org) ។ ចូរ​សុំ​ឲ្យ​សិស្ស​ស្រមើ​ស្រមៃ​ថា ពួកគេ​គឺជា​មនុស្ស​មួយ​ក្រុម​នៅ​ក្នុង​រូបភាព​នេះ ។ សូម​អាន​ផ្នែក​ទី​មួយ​នៃ ម៉ាថាយ ២១:៩ ឲ្យ​ឮៗ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​អាន​ឮៗ​រួម​គ្នា ​នូវ​សម្រែករបស់​ហ្វូង​មនុស្ស​នៅ​ក្នុង​ផ្នែក​បញ្ចប់​នៃ​ខគម្ពីរ​នោះ ដូចជា​ពួកគេ​បាន​នៅ​ជាមួយ​នឹង​ហ្វូង​មនុស្ស​នោះ​ដូច្នោះ​ដែរ ។

  • តើ​ពាក្យ​អ្វីទៅ​ ដែល​មនុស្ស​បាន​ពោល​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត ? (ហូសាណា) ។

សូម​ពន្យល់​ថា ហូសាណា មាន​ន័យ​ថា « សង្គ្រោះ​ឥឡូវ​នេះ » ( Bible Dictionary « Hosanna » ) ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​សរសេរ​និយមន័យ​​នៅ​ក្នុង​ព្រះគម្ពីរ​របស់​ពួកគេ​គឺ​នៅ​ក្បែរ ខ​ទី ៩ ។

សូម​ពន្យល់​ថា ផ្នែក​នៃ​សម្រែក​របស់​បណ្តាជន​បាន​បំពេញ​ការ​ព្យាករ​របស់​ព្រះមែស៊ី​ដែល​មាន​នៅ​ក្នុង ទំនុកដំកើង ១១៨:២៥–២៦ ។ អ្នក​គួរ​ផ្ដល់​យោបល់​ឲ្យ សិស្ស​សរសេរ​សេចក្ដីយោង​នេះ​នៅក្បែរ ម៉ាថាយ ២១:៩ ។ សូម​ពន្យល់​ថា ងារ​ជា​ក្សត្រ និង​ជា​ព្រះមែស៊ី « បុត្រា​នៃ​ហ្លួង​ដាវីដ » (ខ​ទី ៩9) ត្រូវ​បាន​រក្សា​ទុក​សម្រាប់​អ្នក​ដែលទទួល​មរតក​នូវ​បល្ល័ង្ក​របស់ស្ដេច​​ដាវីដ ។

  • ដោយ​សម្រែកនេះ តើ​មនុស្ស​ទាំង​នោះ​កំពុង​ប្រកាស​ថា​ព្រះយេស៊ូវ​ជា​នរណា​ទៅ ?

  • ប្រសិន​បើ​អ្នក​កំពុង​រស់​នៅ​ក្នុង​ទីក្រុង​យេរូសាឡិម​នៅ​ពេល​នេះ តើ​អ្នក​មាន​គំនិត ឬ​អារម្មណ៍​បែបណា​ដែរ កាល​អ្នក​បាន​ឃើញ​ការ​យាង​ចូល​មក​ដ៏ជោគជ័យរបស់​ព្រះអង្គ​សង្គ្រោះ ?

ចូរ​ចង្អុល​បង្ហាញ​ថា​ មាន​មនុស្ស​រាប់ពាន់​នាក់​បន្ថែម​ទៀតនៅ​ក្នុង​ទីក្រុង​យេរូសាឡិម​នៅ​ពេល​នោះ​ បាន​អបអរ​ដល់​បុណ្យ​រំលង ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ២១:១០-១១ ឲ្យ​ឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម រកមើល​ឥទ្ធិពល​នៃ​ឥរិយាបថ​របស់​ហ្វូងមនុស្ស​នោះ​ទៅ​លើ​មនុស្ស​ដទៃ​ទៀត​នៅ​ក្នុង​ទីក្រុង​យេរូសាឡិម ។

  • តើ​មនុស្ស​ដទៃ​ទៀត​បាន​សួរ​សំណួរ​អ្វីខ្លះ​ ដោយសារ​តែ​ឥរិយាបថ​របស់​ហ្វូង​មនុស្ស​នោះ ?

  • ដូចដែល​បានបង្ហាញ​នៅ​ក្នុង​ដំណើរ​រឿង​នេះ តើ​មាន​អ្វី​អាច​កើត​ឡើង​កាល​យើង​ទទួល​ស្គាល់ ហើយ​និយាយ​ពី​ព្រះយេស៊ូវ​គ្រីស្ទ​ជា​សាធារណៈ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុស​គ្នា ប៉ុន្តែ​ពួកគេ​គួរ​ស្គាល់​ពី​គោលការណ៍​ខាងក្រោម​នេះ ៖ នៅ​ពេល​យើង​ទទួល​ស្គាល់ ហើយ​និយាយា​ពី​ព្រះយេស៊ូវ​គ្រីស្ទ​ជា​សាធារណៈ យើង​អាច​ជួយ​មនុស្ស​ដទៃ​ទៀត​ឲ្យ​អភិវឌ្ឍ​នូវ​បំណង​ប្រាថ្នា​មួយ ​ដើម្បី​ចង់ដឹង​បន្ថែម​ទៀត​អំពី​ទ្រង់ ។ អ្នក​អាច​សរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន ) ។

  • តើ​បរិយាកាស​នៅ​ខាងក្រៅ​ការ​ប្រជុំ​សាសនាចក្រ​មួយ​ចំនួន​ ដែល​យើង​អាច​ទទួល​​ស្គាល់​ហើយ​និយាយ​អំពី​ព្រះយេស៊ូវ​គ្រីស្ទជា​សាធារណៈ​មាន​អ្វីខ្លះ ? ( សូម​ជួយសិស្ស​ឲ្យ​យល់​ដឹង​ថា នៅ​ពេល​ត្រឹមត្រូវ យើង​អាច​ធ្វើ​កិច្ចការ​នៅ​ក្នុង​មជ្ឈដ្ឋាន​ជា​ផ្លូវ​ការ តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង​នៅ​អំឡុង​ការ​សន្ទនា​ជាមួយ​មិត្តភក្តិ សមាជិក​គ្រួសារ និង​អ្នក​ជិតខាង) ។

  • ​តើ​យើង​អាច​ទទួល​ស្គាល់ ហើយ​និយាយា​ពី​ព្រះយេស៊ូវ​គ្រីស្ទ​ជា​សាធារណៈ​តាម​របៀប​មួយ​ ដែល​នឹង​ជួយ​មនុស្ស​ដទៃ​ទៀត​ឲ្យ​​ចង់​ដឹង​បន្ថែម​ទៀត​អំពី​ទ្រង់​បាន​ដោយ​របៀប​ណា ?

  • តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា​ដែរ ប្រសិនបើ​អ្នក​ត្រូវ​បាន​គេ​សួរ​ថា តើ​​ព្រះយេស៊ូវ​គឺជា​នរណា​នោះ ?

ចូរ​សរសេរ​សំណួរខាង​ក្រោម​នេះ​នៅ​លើ​ក្ដារខៀនហើយ​អញ្ជើញ​សិស្ស​ឲ្យ​ឆ្លើយ​សំណួរ​មួយ​ក្នុង​សៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់​របស់ពួកគេ ឬ​កំណត់ហេតុ​ការ​សិក្សា​ព្រះគម្ពីរ៖

តើ​ធ្លាប់​មាន​ការ​ខិតខំ​របស់​មនុស្ស​ម្នាក់​ទៀត​ដើម្បី​ទទួល​ស្គាល់ ហើយ​និយាយ​អំពី ព្រះយេស៊ូវគ្រីស្ទ​ជា​សាធារណៈ ​បាន​នាំ​អ្នក​​ឲ្យ​ចង់​ដឹង​បន្ថែម​ទៀត​អំពី​ទ្រង់​នៅ​ពេល​ណា​ដែរ ?

តើ​អ្នក ( ឬ​ មនុស្ស​ម្នាក់​ដែល​អ្នក​ស្គាល់ ) ធ្លាប់​ជួយ​មនុស្ស​ម្នាក់​ឲ្យ​ចង់​ដឹង​បន្ថែម​ទៀត​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ដោយសារ​អ្នក​បាន​ទទួល​ស្គាល់ ហើយ​បាន​និយាយ​អំពី​ទ្រង់​ជា​សាធារណៈ​នៅ​ពេល​ណា​ដែរ ?

ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ ចូរ​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ដែល​ស្ម័គ្រចិត្ត​ចែកចាយ​អ្វី​ដែលពួកគេ​បានសរសេរ ។

សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​រកមើល ហើយ​ឆ្លៀត​​ឱកាស​ដើម្បី​ទទួល​ស្គាល់ ហើយ​និយាយ​ដោយ​សមរម្យ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។

ម៉ាថាយ ២១:១២-១៦

ព្រះយេស៊ូវ​បាន​បោស​សម្អាត​ព្រះវិហារ​បរិសុទ្ធ ហើយ​បានព្យាបាល​មនុស្ស​ខ្វាក់ និង​មនុស្ស​ខ្វិន

សូម​ដាក់​បង្ហាញ​រូបភាព​មួយ​នៃ​ព្រះវិហារ​បរិសុទ្ធ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ​ដែល​នៅ​ជិត​នឹង​កន្លែង​ដែល​អ្នក​រស់នៅ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹង​គិត ហើយ​ពិពណ៌នា​អំពី​គំនិត និង​អារម្មណ៍​ដែល​ពួកគេ​មាន​នៅ​ពេល​ចុងក្រោយ​ ដែល​ពួកគេ​បាន​ទៅ​លេង​ព្រះវិហារ​បរិសុទ្ធ ។ ប្រសិនបើ​សិស្ស​ពុំធ្លាប់​ទៅ​ព្រះវិហារ​បរិសុទ្ធ ចូរ​សុំ​ឲ្យ​ពួកគេ​ពិពណ៌នា​ថា តើ​ពួកគេ​នឹង​មាន​អារម្មណ៍​បែប​ណា​ដែរ​ ប្រសិន​បើ​ពួកគេ​បាន​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

  • តើ​មាន​អ្វីកើត​ឡើង​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ ដែល​អាច​ឲ្យ​យើង​ដកពិសោធន៍​នូវ​អារម្មណ៍​ទាំងនេះ ?

រូបភាព
ព្រះដំណាក់​នៃ​ព្រះវរបិតា​របស់​ខ្ញុំ

ចូរ​ដាក់​បង្ហាញ​រូបភាពដំណាក់របស់បិតាខ្ញុំ​​(Gospel Art Bookឆ្នាំ ២០០៩ ] ល.រ.​៥២​​សូមមើលផង​ដែរLDS.org) ។ សូម​ពន្យល់​ថា បន្ទាប់​ពី​ព្រះអង្គ​សង្គ្រោះ​បាន​យាង​ចូល​ទៅ​ក្នុង​ទីក្រុង​យេរូសាឡិម នោះ​ទ្រង់​បាន​យាង​ទៅ​ទីធ្លា​មួយ​នៅ​បរិវេណ​ព្រះវិហារ​បរិសុទ្ធ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ២១:១២-១៣ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​អ្វី​ដែល​មនុស្ស​មួយ​ចំនួន​កំពុងធ្វើ​ ដែល​ជំទាស់នឹង​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​ ។

  • តើ​មនុស្ស​មួយ​ចំនួន​ប្រព្រឹត្ត​ដាក់​ដំណាក់​របស់​ព្រះ​យ៉ាង​ដូចម្ដេច ?

សូម​ពន្យល់​ថា​ភ្ញៀវ​ដែល​មក​ទីក្រុង​យេរ៉ូសាឡិម​ដើម្បី​ជប់លៀងបុណ្យ​រំលង ត្រូវការ​ទិញ​សត្វ​ដើម្បី​ថ្វាយ​ជា​គ្រឿង​បូជា​​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ដែល​ជា​ផ្នែក​មួយ​នៃ​ការថ្វាយ​បង្គំ​របស់​ពួកគេ ។ អ្នក​ប្តូរ​ប្រាក់​បាន​ដោះដូរ​រូបិយប័ណ្ណ​របស់​រ៉ូម និង រូបិយប័ណ្ណ​ផ្សេង​ទៀត​ជា​រូបិយប័ណ្ណ​ព្រះវិហារ​បរិសុទ្ធ ដើម្បី​ទិញ​សត្វ ហើយ​ពាណិជ្ជករ​ផ្សេង​ទៀត​​បាន​លក់​សត្វ​ទាំង​នោះ ។

  • តើ​ការ​ធ្វើ​អាជីវកម្ម​បែប​នេះ​នៅ​លើ​បរិវេណ​ព្រះវិហារ​បរិសុទ្ធ វា​ខុស​ឆ្គង​អ្វីទៅ ?

អ្នក​គួរ​ចង្អុល​បង្ហាញ​ថា ទោះ​ជា​អាជីវកម្ម​នេះ​គឺជា​រឿង​ចាំបាច់ ហើយ​បម្រើ​ក្នុង​គោលបំណង​ល្អ​យ៉ាង​ណា​ក្ដី ប៉ុន្តែ​ការ​ធ្វើ​វា​នៅ​កន្លែង​នោះ និង​របៀប​ដែល​ពាណិជ្ជករ​ធ្វើ​ គឺ​ខ្វះ​ការ​គោរព កោតខ្លាច ។ ខ​ទី ១៣ ណែនាំ​ថា ពួក​អ្នក​ប្ដូរ​ប្រាក់ និង​ពាណិជ្ជករ​គិត​តែ​ពី​ចង់បាន​ប្រាក់​ចំណូល​ជាជាង​ការ​ថ្វាយ​បង្គំ​ព្រះ និង​ការ​ជួយ​មនុស្ស​ដទៃ​ទៀត​ឲ្យ​ធ្វើ​ដូចគ្នា ។

  • តើ​សេចក្ដីពិត​អ្វីខ្លះ​ អំពី​ព្រះវិហារ​បរិសុទ្ធ​ដែល​យើងអាច​រៀន​ពី​បន្ទូល និង​ទង្វើ​របស់​ព្រះអង្គ​សង្គ្រោះ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុស​គ្នា ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា​ពួកគេ​ស្គាល់​ពី​សេចក្ដីពិត​ខាងក្រោម​នេះ ៖ ដំណាក់​របស់​ព្រះអម្ចាស់​គឺជា​កន្លែង​ពិសិដ្ឋ ហើយ​ទ្រង់​មាន​ព្រះទ័យចង់​ឲ្យ​យើង​ប្រព្រឹត្ត​ចំពោះ​ដំណាក់​នោះ​ដោយ​គារវភាព ) ។

  • តើ​យើង​អាច​បង្ហាញគារវភាព​ចំពោះ​ដំណាក់​របស់​ព្រះអម្ចាស់​បាន​ដោយ​របៀប​ណា ?

  • តើ​ការ​ចូល​រួម​ដោយ​ភាព​សក្ដិសម​ អាច​បង្ហាញ​​គារវភាព​ចំពោះ​ដំណាក់​នេះ​ដោយ​របៀប​ណា ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ២១:១៤ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើលអ្វី​ ដែល​​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​នោះ ​បន្ទាប់​ពី​បាន​បោស​សម្អាត​វា​រួច​មក ។

  • តើ​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​អ្វីខ្លះ​ចំពោះមនុស្ស​ខ្វាក់ និង​មនុស្ស​ខ្វិន​ដែល​បាន​មក​រក​ទ្រង់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ?

  • តើ​យើង​អាច​រៀន​អ្វីខ្លះ​ពី​ដំណើរ​រឿង​នេះ​ អំពី​អ្វី​ដែល​ព្រះអម្ចាស់​អាច​ធ្វើ​ចំពោះ​យើង កាល​យើង​ចូល​រួម​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ? ( សូម​ធ្វើ​ឲ្យ​ប្រាកដ​ថា​សិស្ស​ស្គាល់​សេចក្ដីពិត​ដូចតទៅ​នេះ ៖ នៅ​ពេល​យើង​ចូល​រួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ ព្រះអម្ចាស់​អាច​ព្យាបាល​យើង​បាន ) ។

  • បន្ថែម​ពី​លើ​ជំងឺ​ខាង​រូបកាយ តើ​ជំងឺ និង​ការប្រឈម​អ្វី​ផ្សេង​ទៀត​ដែល​ព្រះ​អម្ចាស់​អាច​ព្យាបាល​បាន នៅ​ពេល​យើង​ចូលរួម​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ?

សូមអញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន សេចក្ដី​ថ្លែងការណ៍​ខាងក្រោម ដែល​បាន​ថ្លែង​ដោយ​ប្រធាន ជែមស៍ អ៊ី ហ្វោស្ត នៃ​គណៈប្រធាន​ទីមួយ​ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្សស្ដាប់​រក​ទីបន្ទាល់​របស់​ប្រធាន​ ហ្វោស្ត ​អំពី​សេចក្ដី​ពិត​ដែល​ពួកគេ​បាន​ស្គាល់ ។

រូបភាព
ប្រធាន ជែមស៍ អ៊ី ហ្វោស្ត

« ព្រះអម្ចាស់​បាន​ប្រទាន​ផ្លូវ​ជាច្រើន​ ដែលដោយសារផ្លូវទាំងនេះ នោះ​​យើង​អាច​ទទួល​​បាន ឥទ្ធិពល​នៃ​ការ​ព្យាបាល ​[ របស់​ទ្រង់ ] ។ ខ្ញុំ​មាន​អំណរគុណ​ដែល​ព្រះអម្ចាស់​បាន​ស្ដារ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ​មក​លើ​ផែនដី​វិញ ។ វា​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​ចំពោះ​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ​សម្រាប់​មនុស្ស​រស់​ផង និង មរណៈជនមនុស្ស​ផងដែរ ។ ព្រះវិហារបរិសុទ្ធ​របស់​យើង​ផ្ដល់​កន្លែង​មួយ​ដ៏​បរិសុទ្ធ​ដែល​យើង​អាច​ទុក​ចោល​មួយ​អន្លើរ នូវកង្វល់​នៃ​លោកិយ​ ។ ព្រះវិហារបរិសុទ្ធ​របស់​យើង​គឺជា​ទីកន្លែង​នៃ​ភាព​សុខសាន្ត និង ភាព​ស្ងប់ស្ងាត់ ។ នៅ​ក្នុង​កន្លែង​ដ៏​បរិសុទ្ធ​ទាំងនេះ ព្រះ ‹ ប្រោស​អស់​អ្នក​ដែល​មាន​ចិត្ត​សង្រេង​ឲ្យ​បាន​ជា ក៏​រុំ​របួស​ឲ្យ​គេ​ផង › ។ ( ទំនុក.១៤៧:៣) » ។ (« Spiritual Healing » ខែ​ ឧសភា ឆ្នាំ ១៩៩២ ទំព័រ​ ៧ ) ។

  • ហេតុអ្វី​ការ​ថ្វាយ​បង្គំ​នៅ​ក្នុង​ដំណាក់​របស់​ព្រះអម្ចាស់​ ជួយ​យើងឲ្យ​ដក​ពិសោធន៍​នូវ​ឥទ្ធិពល​នៃការ​ព្យាបាល​របស់​ទ្រង់ ?

សូម​ពន្យល់​ថា ការ​ព្យាបាល​ដែល​យើង​ដកពិសោធន៍ កាល​យើង​ថ្វាយ​បង្គំ​នៅ​​ក្នុង​ព្រះវិហារ​បរិសុទ្ធ​​អាច​កើត​មាន​ភ្លាមៗ ដូចជា​វា​បាន​កើត​ឡើង​ចំពោះ​មនុស្ស​ខ្វាក់ និង​មនុស្ស​ខ្វិន​ដែល​បាន​ពិពណ៌នា​នៅ​ក្នុង​ដំណើររឿង​នេះ ឬ​វា​អាច​កើត​ឡើង​នៅ​ពេល​ក្រោយ​ទៀត ។

  • តើ​អ្នក ឬ​មនុស្ស​ម្នាក់​ដែល​អ្នក​ស្គាល់​ធ្លាប់​ដក​ពិសោធន៍​ឥទ្ធិពល​ព្យាបាល​របស់​ព្រះអម្ចាស់​ដោយ​ការ​ថ្វាយ​បង្គំ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​នៅ​ពេល​ណា​ដែរ ? ( អ្នក​ក៏​អាច​ចែកចាយ​ពី​បទពិសោធន៍​មួយ​របស់​អ្នក​ដែរ ) ។

សូម​សង្ខេប ម៉ាថាយ ២១:១៥–១៦ ដោយ​ពន្យល់​ថា ពួកមេ​សង្ឃ និង​ពួកអាចារ្យ​មិន​រីករាយ​ជាមួយ​នឹង​អ្វី ដែល​ព្រះយេស៊ូវ​បាន​ធ្វើ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ និង​ជាមួយ​សម្រែកហ៊ោ​របស់​មនុស្ស​ទៅ​កាន់​ទ្រង់​ថា « ហូសាណា » នៅ​ទីនោះ​ឡើយ ។ ព្រះយេស៊ូវ​បាន​ចង្អុល​បង្ហាញថា ទទួល​ស្គាល់​ទ្រង់​ពី​សំណាក់​មនុស្ស​ទូទៅ​ជា​សាធារណៈ​បាន​បំពេញ​ការ​ព្យាករ​មួយ ( សូម​មើល ទំនុកដំកើង ៨:២ ) ។

សូម​បញ្ចប់​ដោយ​ការចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​សេចក្ដីពិត​ទាំងឡាយ ​ដែល​បាន​ពិភាក្សា​​នៅក្នុង​មេរៀន​នេះ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

ម៉ាថាយ ២១:៨ ។ ការ​ក្រាល​ធាង​ចាក និង​សម្លៀក​បំពាក់​សម្រាប់​ព្រះយេស៊ូវ

អែលឌើរ​ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុមនៃពួក​សាវក​ដប់ពីរនាក់​បាន​បង្រៀន​ពី​អត្ថន័យ ​ដែល​ហ្វូងមនុស្ស​បាន​ក្រាល​ធាង​ចាក ( សូមមើល យ៉ូហាន ១២:១៣ ) និង​​សម្លៀក​បំពាក់​ខ្លួន​សម្រាប់​ព្រះយេស៊ូវ​ពី​មុន​ទ្រង់​បាន​យាង​ចូល​មក​ទីក្រុង​យេរូសាឡិម ៖

« មាន​តែ​ពួក​ស្ដេច និង​ពួក​អ្នក​ចម្បាំងប៉ុណ្ណោះ​ ដែល​បានទទួល​ការ​គោរព​មួយ​ដ៏​អស្ចារ្យ​​បែប​នេះ ។ (ពង្សាវតាក្សត្រទី ២ ៩:១៣) ។ … នៅ​ក្នុង​ចំណោម​សម្រែក​ហ៊ោ​សរសើរ និង​ការ​ទទួច​អង្វរ​ចំពោះ​សេចក្ដី​សង្គ្រោះ និង​ការ​រំដោះ យើង​ឃើញ​ពួក​សិស្ស​បាន​ទម្រាបធាង​ចាក​នៅ​តាម​ផ្លូវ​របស់​ព្រះអម្ចាស់​យើង​ជា​តំណាង​ឲ្យ​ជ័យជំនះ និង​ភាព​ជោគជ័យ ។ ទិដ្ឋភាព​ដ៏​អស្ចារ្យ​នេះ​ទាំងស្រុង​បាន​គិត​ទុក​ជា​មុន​ពី​ការ​ប្រមូលផ្ដុំ​នា​ពេល​អនាគត​កាល ‹ ហ្វូងមនុស្ស​ដ៏​ធំ › ​មិន​អាច​រាប់​បាន … នឹង​ឈរ ‹ នៅ​មុខ​បល្ល័ង្ក និង​កូនចៀម​ទាំង​ពាក់​អាវ​សវែង ហើយ​កាន់​ធាងចាក​នៅដៃ › ស្រែក​ឡើង​ខ្លាំងៗ​ថា ‹ សេចក្តី​សង្គ្រោះ​ស្រេច​នូវ​ព្រះ​នៃ​យើង​រាល់​គ្នា ដែល​គង់​លើ​បល្ល័ង្ក ហើយ​ស្រេច​នឹង​កូន​ចៀម​ផង › ។ (វិវរណៈ ៧:៩–១០) » ។ (  វ៉ុលទី ៣ [ ឆ្នាំ ១៩៦៥–៧៣ ] ១:៥៧៨ ) ។

ម៉ាថាយ ២១:៩-១១ ។ ហ្វូងមនុស្ស​បាន​ស្រែក​ថា « ហូសាណា »

« ហូសាណា ជា ពាក្យ​ពី​ភាសា​ហេព្រើរ ដែល ​‹ មាន​ន័យ​ថា « សូម​​សង្គ្រោះ​យើង​ខ្ញុំ » ហើយដែល​ត្រូវ​ប្រើ​ក្នុង​ការ​សរសើរ​ និង​ការ​អំពាវនាវ ។ « … នៅ​ដំណើរ​យាង​ដោយជ័យជំនះ ​ក្នុងក្រុង​យេរូសាឡិមរបស់ព្រះអម្ចាស់​​ នោះ​ហ្វូងមនុស្ស​ស្រែក​ថា « ហូសាណា » ហើយក្រាលធាងចាក​ថ្វាយ​ឲ្យ​ព្រះយេស៊ូវ​ជិះ​លា​លើ ដោយ​បែប​នេះ​បង្ហាញ​នូវ​យោបល់​គេ​ថា ព្រះយេស៊ូវ​គឺជា​ព្រះអម្ចាស់​ដដែល​ ដែល​បាន​រំដោះសាសន៍​អ៊ីស្រាអែល​កាល​ពី​សម័យ​បុរាណ (ទំនុក. ១១៨:២៥–២៦​, ម៉ាថាយ ២១:៩, ១៥, ម៉ាកុស ១១:៩–១០, យ៉ូហាន ១២:១៣) ។ មនុស្ស​ទាំង​នេះ​ស្គាល់​ថា​ ព្រះគ្រីស្ទ​គឺ​ជា​ព្រះមែស៊ី​ដែល​ទន្ទឹង​រង់ចាំ​ជា​យូរ​យារ › ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ហូសាណា »​ scriptures.lds.org) ។ ឃ្លា​ថា ‹ កើត​មាន​សេចក្ដី​ជ្រួល​ជ្រើម​ពេញ​ក្នុង​ទីក្រុង › (ម៉ាថាយ ២១:១០) ណែនាំ​ថា ដំណើរ​យាង​ចូល​របស់​ព្រះយេស៊ូវ​ដ៏ជ័យជំនះគឺ​មាន​ភាព​អូរអរ​ពេញ​ទីក្រុង ហើយ​មាន​មនុស្ស​ជាច្រើន​បាន​ដឹង » ( Church Educational System manual ឆ្នាំ​២០១៤ ] ទំព័រ ៦៤–៦៥) ។

រូបភាព
សប្ដាហ៍​ចុងក្រោយ​របស់​ព្រះយេស៊ូវ​គ្រីស្ទ