បណ្ណាល័យ
សេចក្ដីផ្ដើម​នៃ​សំបុត្រ​ទី​ពីរ​របស់​យ៉ូហាន


សេចក្ដីផ្ដើម​នៃ​សំបុត្រ​ទី​ពីរ​របស់​យ៉ូហាន

ហេតុអ្វី​ត្រូវសិក្សាគម្ពីរនេះ ?

នៅ​ក្នុង​សំបុត្រ​ទីពីរ​របស់​លោក យ៉ូហាន​បាន​បង្ហាញ​​កង្វល់​អំពី​ឥទ្ធិពល​នៃ​ការ​ក្បត់​​សាសនា​នៅ​ក្នុង​សាសនាចក្រ ។ ទន្ទឹម​នឹង​គ្នានេះ​ លោក​ក៏​បាន​បង្ហាញ​អំណរ​ចំពោះ​សមាជិក​សាសនា​ចក្រ​ដែល​បាន​បន្ត​មាន​ចិត្ត​រឹងមាំ ហើយ​មាន​ភក្ដីភាព​ចំពោះ​ដំណឹងល្អ ( សូមមើល យ៉ូហាន​ទី២ ១:៤ ) ។ ពាក្យ​ទាំងនេះ​បង្ហាញ​ពី​អំណរ និង​ការ​ដឹងគុណ​ដែល​ថ្នាក់​ដឹកនាំ​សាសនាចក្រ​មាន​ចំពោះ​ជន​ដែល​បន្ត​មានចិត្តស្មោះត្រង់​ចំពោះ​ព្រះអម្ចាស់ ។ នៅ​ពេល​សិស្ស​សិក្សា​យ៉ូហាន​ទី ២ ពួកគេ​អាច​ទទួល​បាន​ភាព​រឹងមាំ​ ដោយ​ការ​រំឭក​របស់​យ៉ូហាន​ឲ្យ​ចេះ​ស្រឡាញ់​គ្នា គោរព​តាម​ព្រះបញ្ញត្តិ​របស់​ព្រះ ហើយ​រស់​នៅ​ដោយ​ស្មោះ​ត្រង់​តាម​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ ។

តើនរណាជាអ្នកសរសេរគម្ពីរនេះ ?

អ្នក​និពន្ធ​បាន​បង្ហាញ​ខ្លួន​លោក​ជា « អ្នក​ចាស់​ទុំ » ( យ៉ូហានទី២ ១:១ ) ហើយ​យោង​តាម​ប្រពៃណី នោះ​គឺ​​យ៉ូហាន​ដែល​ជា​សាវក​មួយ​រូប​ក្នុង​ចំណោម​ពួក​សាវក​ដើម​ទាំង​ដប់​ពីរ​នាក់ បាន​សរសេរ​សំបុត្រ​នេះ ( សូម​មើល​សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « យ៉ូហាន, កូន​ប្រុស​របស់​សេបេដេ » ) ។

តើ​គម្ពីរ​នេះត្រូវ​បាន​សរសេរ​នៅពេលណា និង នៅកន្លែងណា​ ?

គ្មាន​នរណា​ម្នាក់​ដឹក​ពិត​ប្រាកដ​ពី​ពេលវេលា និង​ទីកន្លែង​ដែល​យ៉ូហាន​ទី២ ត្រូវ​សរសេរ​ឡើង​នោះ​ទេ ។

ប្រសិន​បើ​ទម្លាប់​នៃ​ការ​ស្នាក់​នៅ​ដ៏​យូរ​របស់​យ៉ូហាន​នៅ​អេភេសូរ​​ត្រឹមត្រូវ នោះ​លោក​អាច​សរសេរ​សំបុត្រ​នេះ​នៅ​ទីនោះ​នៅ​ចន្លោះ គ.ស. ៧០ និង ១០០ ។

តើ​គម្ពី​រនេះ​ត្រូវបាន​សរសេរ​ឡើង​សម្រាប់​នរណា ហើយ​តើ​ហេតុអ្វី​ដែរ ?

សំបុត្រ​ទីពីរ​របស់​យ៉ូហាន​បាន​សរសេរ​ទៅ​កាន់ « លោក​ស្រីរើស​តាំង និង​កូន​ចៅ​របស់​លោក​ស្រី » ( យ៉ូហានទី២ ១:១ ) ។ យើង​មិន​បាន​ដឹង​ថា ​យ៉ូហាន​កំពុង​តែ​លើក​មកនិយាយអំ​ពី​គ្រួសារ​លោក ឬ​មនុស្ស​មួយ​ក្រុម​ផ្សេង​ទៀត​ជាក់​លាក់ ឬ​កំពុង​ថ្លែង​ទៅ​កាន់​សាសនាចក្រ​ដែល​ប្រើ​ជា​ពាក្យ​ប្រៀប​ធៀប​នោះ​ទេ ។

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​សរសេរ​ថា យ៉ូហាន​ទី ២ និង​យ៉ូហាន​ទី ៣ ប្រហែល​ជា​សំបុត្រ​ដែល​យ៉ូហាន​សរសេរ​ទៅ​សមាជិក​គ្រួសារ​លោក​ផ្ទាល់ ( សូម​មើល Doctrinal New Testament Commentary វ៉ុល ៣ [ ឆ្នាំ​ ១៩៦៥–៧៣ ] ៣:៤០៩–១០, ៤១២–១៤ ) ។

គេ​អាច​និយាយ​ម្យ៉ាង​ទៀត​បាន​ថា « លោក​ស្រីរើស​តាំង » គឺ​សំដៅ​ទៅ​លើ​ក្រុម​ជំនុំ​សាសនា​គ្រីស្ទ​មួយ ( សូម​មើល យ៉ូហានទី២ ១:១៣ ) ។ ពាក្យ​ក្រិក​សម្រាប់ ព្រះវិហារ ជា​នាម​ភេទ​ស្រី ហើយ​វា​ជា​រឿង​សមញ្ញ ដែលប្រដូច​សាសនាចក្រ​ទៅ​នឹង​ស្ត្រី​ម្នាក់ ( សូម​មើល អេភេសូរ ៥:២៥–២៧, ៣២, ការ​បកប្រែ​ដោយ​ យ៉ូសែប ស្ម៊ីធ, វិវរណៈ ១២:១–៣, ៧ [ នៅ​ក្នុង​សេចក្ដី​ណែនាំដល់​បទគម្ពីរ​ទាំងឡាយ ], វិវរណៈ ១៩:៧–៨ ) ។

ដូច​ជា​នៅ​ក្នុង​​យ៉ូហាន​ទី១ ដែរ យ៉ូហាន​ទំនង​ជា​សរសេរ​សំបុត្រ​នេះ​ដើម្បី​ឆ្លើយតប​នឹង​ការ​បង្រៀន​ខុស​ឆ្គង​ថា ព្រះយេស៊ូវ​គ្រីស្ទ​មិន​បាន​យាង​មក​កាន់​ផែនដី​នេះ​​ក្នុង​រូបកាយ​ជា​សាច់​ឈាម​នោះ​ទេ ។ សូម​ពន្យល់​ថា សមាជិក​ដែល​បាន​បង្រៀន​ថា ព្រះគ្រីស្ទ​គ្មាន​ព្រះកាយ​ខាង​សាច់​ឈាម​នោះ ​មិន​គួរ​ឲ្យ​ទទួល​ចូល​ទៅ​ក្នុង​ផ្ទះ ឬ​ក្រុម​ជំនុំរបស់​នរណា​ម្នាក់​ឡើយ ( សូម​មើល យ៉ូហានទី២ ១:៧–១០ ) ។

តើ​គម្ពីរ​នេះមាន​លក្ខណៈ​ពិសេស​អ្វី​ខ្លះ ?

នៅ​ក្នុង​សំបុត្រ​នេះ​ យ៉ូហាន​បាន​ព្រមាន​អំពី​គ្រូបង្រៀន​ក្លែង​ក្លាយ​ដែល​បាន​ចូល​ទៅ​ក្នុង​សាសនាចក្រ ។ លោក​បាន​ណែនាំ​មិន​ឲ្យ​សមាជិក​សាសនាចក្រ​ស្ដាប់ ឬ​សេពគប់​នឹង​បុគ្គល​ទាំងនេះ​ឡើយ ។

គម្រោង

យ៉ូហានទី ២ ១ យ៉ូហាន​រំឭក​សាសនាចក្រ​ពី​ព្រះបញ្ញត្តិ​ឲ្យ​ចេះ​ស្រឡាញ់​គ្នា ។ លោក​ព្រមាន​ពី​ពួក​គ្រូបង្រៀន​ក្លែង​ក្លាយ និង​ពួក​បោក​បញ្ឆោត​​ទាំងឡាយ​ដែល​មាន​នៅ​ក្នុង​សាសនាចក្រ ហើយ​ទូន្មាន​ដល់​សមាជិក​សាសនាចក្រ​ថា កុំ​បណ្ដោយ​ឲ្យ​ពួកគេ​បន្ត​នៅ​ក្នុង​ក្រុម​ជំនុំ​របស់​ខ្លួន​ឡើយ ។