បណ្ណាល័យ
មេរៀន​ទី ៩៤ ៖ កិច្ចការ ១៧


មេរៀនទី ៩៤

កិច្ចការ ១៧

សេចក្ដីផ្ដើម

ក្រោយ​ពី​ចាកចេញ​ពី​ភីលីព ប៉ុល និង​ស៊ីឡាស​បាន​បង្រៀន​ដំណឹងល្អ​នៅ​ថែស្សាឡូនីច និង​ក្រុង​បេរា ។ ការ​បៀតបៀន​មកពី​ពួក​អ្នក​ឥត​ជំនឿ​នៅ​ក្នុង​ទីក្រុង​ទាំងនេះ បាន​ជម្រុញប៉ុល​ឲ្យ​ភៀស​ខ្លួន​ទៅ​ក្រុង​អាថែន ជា​កន្លែង​​ដែល​លោក​បាន​បង្រៀន​ដល់​ប្រជាជននៅ​ទី​នោះ​អំពី​លក្ខណៈ​ពិត​របស់​ព្រះ​នៅ​លើ​ភ្នំ​អើរីយ៉ូស ។

យោបល់​សម្រាប់​ការបង្រៀន

កិច្ចការ ១៧:១-១៥

មាន​ពួក​យូដា​មួយ​ចំនួន​នៅ​ក្រុង​ថែស្សាឡូនីច​ព្យាយាម​បញ្ឈប់​ប៉ុល​មិន​ឲ្យ​ប្រកាស​ដំណឹងល្អ

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពន្យល់​ថា តើ​ពួកគេ​នឹង​ឲ្យ​ដំបូន្មាន​អ្វី​ទៅ​មនុស្ស​ដែល​នៅ​ក្នុង​ស្ថានភាព​ខាងក្រោម​នេះ ៖

  1. យុវជន​ម្នាក់​ដែល​ជា​សមាជិក​សាសនាចក្រ​បាន​ស្ដាប់​សមាជិក​មួយ​រូប​នៅ​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​ថ្លែង​អំពី​សារសំខាន់​នៃ​អាពាហ៍​ពិពាហ៍ និង​គ្រួសារ​នៅ​ក្នុង​ផែនការ​របស់​ព្រះវរបិតា​សួគ៌ ។ មិត្ត​មួយ​ចំនួន​របស់​យុវជន​នោះ​បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ជាមួយ​នឹង​ការ​បង្រៀន​របស់​សាវក​រូប​នោះ ។ យុវជន​នោះ​ចង់​ដឹង​ដោយ​ខ្លួន​ឯង​ថា តើ​ការ​បង្រៀន​របស់​សាវក​រូប​នោះ​ជា​ការ​ពិត​ដែរ​ឬទេ ។

  2. យុវនារី​ម្នាក់​បាន​ចោទ​សួរ​ពី​សារៈសំខាន់​នៃ​ការ​រក្សា​ថ្ងៃ​ឈប់​សម្រាក​​ជា​ថ្ងៃ​បរិសុទ្ធ ។ មិត្ត​នាង​ភាគ​ច្រើន​បាន​ចំណាយ​ពេល​នៅ​ថ្ងៃ​អាទិត្យ​ដើរ​ផ្សារ និង​ដេក ហើយ​ពួកគេ​មិន​គិត​ចង់​ទៅ​ព្រះវិហារ​នោះទេ ។ ម្ដាយ​នាង​ពន្យល់​ពី​ពរជ័យ​ដែល​អាច​កើតមាន​​មកពី​ការ​គោរព​ដល់​ព្រះអម្ចាស់​នៅ​ថ្ងៃ​អាទិត្យ ប៉ុន្តែ​យុវនារី​ម្នាក់​នេះ​នៅ​តែ​ពិបាក​នឹងជឿ​ថា ការ​រក្សា​ថ្ងៃ​ឈប់​សម្រាក​​ជា​ថ្ងៃបរិសុទ្ធ​គឺជា​រឿង​ដ៏​មាន​សារៈ​សំខាន់ ។

នៅ​ពេល​សិស្ស​សិក្សា កិច្ចការ ១៧​ សូម​អញ្ជើញ​ពួកគេ​ឲ្យ​រក​មើល​​គោលការណ៍​ ដែល​នឹងជួយ​ពួកគេ​ឲ្យ​ដឹង​ដោយ​ខ្លួន​ឯង​ពី​សេចក្ដី​ពិត​ដ៏​ពេញ​លេញ​នៃ​សារលិខិត​ដែល​យើង​ទទួល​ពី​ពួក​អ្នក​បម្រើ​របស់​ព្រះអម្ចាស់ ។

សូម​ពន្យល់​ថា ប៉ុល និង​ស៊ីឡាស​បាន​ធ្វើ​ដំណើរ​ទៅ​ថែស្សាឡូនីច ជា​កន្លែង​ដែល​ពួកលោក​បាន​បង្រៀន​នៅ​ក្នុង​សាលា​ប្រជុំ​របស់​ពួក​យូដា ។ ( អ្នក​គួរ​អញ្ជើញសិស្ស​ឲ្យស្វែង​រក​ថែស្សាឡូនីច និង​ម៉ាសេដូនី នៅ​លើ​ផែនទី​ក្នុង​ព្រះគម្ពីរ ល.រ. ១៣ « ដំណើរ​ទាំងឡាយ​ដែល​សាវក​ប៉ុល​ទៅ​ផ្សាយ​សាសនា » ) ។ សូម​អញ្ជើញសិស្ស​ម្នាក់​អាន កិច្ចការ ១៧:១-៣ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ថា​ប៉ុល​បាន​ប្រើ​អ្វី​ ដើម្បីបង្រៀន​ដល់​ពួក​យូដា ។

  • តើ​ប៉ុល​បាន​ប្រើ​អ្វី​ដើម្បី​បង្រៀន​ដល់​ពួក​យូដា ?

សូម​ពន្យល់​ថា បើក​សម្ដែងខ​ទី ៣ ) មាន​ន័យ​ថា​បង្ហាញ ឬ​ប្រកាស ។ ប៉ុល​បាន​ប្រើ​​វគ្គ​បទគម្ពីរ​ដើម្បីប្រកាស ឬ​បង្ហាញ​ថា ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់អាន​កិច្ចការ ១៧:៤-៥​ឲ្យ​ឮៗ ហើយ​សុំ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​រក​មើលរបៀប ដែលប្រជាជន​​នៅ​ថែស្សាឡូនីច​បាន​ឆ្លើយ​តប​ចំពោះ​ការ​បង្រៀន​របស់​ប៉ុល ។ អ្នក​គួរ​ពន្យល់​ថា ពាក្យ បាន​ចូល​ខាង មាន​ន័យ​ថា​មកជួបជុំ​ជា​មួយ ឬ​ចូល​រួម ហើយ​ថា​ពាក្យ មនុស្ស​ពាល​អនាថា មាន​ន័យ​ថា ​អារក្ស ។

  • តើ​ប្រជាជន​​បាន​ឆ្លើយ​តប​​ទៅ​នឹង​ការបង្រៀន​របស់​ប៉ុល​យ៉ាង​ដូចម្ដេច ?

សូម​សង្ខេប កិច្ចការ ១៧:៦–៩ ដោយ​ពន្យល់​ថា មាន​ក្រុម​ពួក​ឥត​ជំនឿ​មួយ​ក្រុម​បាន​ព្យាយាម​ស្វែង​រក​ប៉ុល និង​ស៊ីឡាស ។ នៅ​ពេល​ពួកគេ​រក​មិន​ឃើញ ក្រុម​មនុស្ស​កំណាច​នេះ​បាន​ទៅ​រក​ពួក​ដឹកនាំ​នៅ​ថែស្សាឡូនីច ហើយ​បានចោទប្រកាន់​ថា​ការ​បង្រៀន​របស់​ប៉ុល​បាន​គំរាមកំហែង​ដល់​សិទ្ធិ​អំណាច​របស់​ស្ដេច​សេសា ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កិច្ចការ ១៧:១០-១២ ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​ថា ប៉ុល និង​ស៊ីឡាស​បាន​គេច​ខ្លួន​ទៅ​ទីណា ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • យោង​តាម ខ​ទី ១២ តើ​ពួក​យូដា​នៅ​ក្រុង​បេរា​បាន​ឆ្លើយ​តប​នឹង​ការ​បង្រៀន​របស់​ប៉ុល​យ៉ាង​ដូចម្ដេច ?

សូម​ចម្លង​សមីការ​មិន​ពេញលេញ​ខាងក្រោម​​នេះ​ដាក់លើ​ក្ដារខៀន ៖

ជន

  • យោង​តាម ខ​ទី ១១ តើ​ដំបូង​ឡើយ​ប្រជាជន​បាន​ធ្វើ​អ្វីខ្លះ​ ដែល​បាន​ដឹកនាំ​ពួកគេ​ឲ្យ​ជឿ​លើ​ការ​បង្រៀន​របស់​ប៉ុល ? (បន្ទាប់​ពី​សិស្ស​ឆ្លើយ​រួចហើយ សូម​សរសេរ​ឃ្លា​ខាង​ក្រោម​នេះ​នៅ​លើ​ក្ដារខៀន​ជា​ផ្នែក​ទី​មួយ​នៃសមីការ​នោះ ៖ពួក​គេ​បាន​រៀបចំចិត្តគំនិត​សព្វ​គ្រប់​នឹង​ទទួល​យក​ពាក្យ​សម្ដី​របស់​ប៉ុល )

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​អត្ថន័យ​នៃ​ការ​ « ប្រុង​ប្រៀប​សព្វ​គ្រប់​នឹង ​[ ទទួល ]​ ​ព្រះ​បន្ទូល »​ សូម​យក​បាល់​មួយ​មក​​ថ្នាក់ ហើយ​អញ្ជើញ​សិស្ស​ពីរ​នាក់​ឲ្យ​ឡើង​មក​ក្ដារខៀន ។ ចូរ​សុំ​ឲ្យ​សិស្ស​ម្នាក់​ត្រៀម​ខ្លួន​ចាប់​បាល់​នោះ ហើយ​ប្រាប់​សិស្ស​ម្នាក់​ទៀត​ឲ្យ​បោះ​បាល់​ទៅ​សិស្ស​ទី​មួយ ។ ក្រោយ​មក​ទៀត ចូរ​សួរ​ដល់​សិស្ស​ក្នុង​ថ្នាក់​ថា ​តើ​ពួកគេ​អាច​ប្រាប់​ថា ​សិស្ស​ទីមួយ​បាន​ត្រៀម​ខ្លួន​ចាប់​បាល់ដោយ​របៀប​ណា ។

បន្ទាប់​មក សូម​អញ្ជើញ​សិស្ស​ទីមួយ​ឲ្យ​បង្ហាញ​ពី​ការ មិន ត្រៀម​ខ្លួន​ចាប់​បាល់​នោះ ហើយ​បន្ត​ធ្វើ​បែប​នោះ​កាល​ដែល​សិស្ស​ម្នាក់​ទៀត​បោះ​បាល់​ឲ្យ​ម្ដង​ទៀត ។ ចូរ​ឲ្យ​សិស្ស​ម្នាក់​ទៀត​បោះ​បាល់​មក ( ដោយ​ប្រុង​ប្រយ័ត្ន​ដើម្បី​កុំ​ឲ្យ​កើត​មាន​ការ​រង​របួស ) ។ ចូរ​សួរ​ដល់​សិស្ស​ក្នុង​ថ្នាក់​ថា​ តើ​ពួកគេ​អាច​ប្រាប់​ថា​សិស្ស​ទីមួយ​មិនបាន​ត្រៀម​ខ្លួន​ដើម្បី​ចាប់​បាល់​ដោយ​របៀប​ណា​ ។ សូម​អញ្ជើញ​សិស្ស​ទាំង​ពី​រនាក់​ឲ្យ​ត្រឡប់​ទៅ​កាន់​កន្លែង​អង្គុយ​វិញ ។

សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​បង្ហាញ​ថា ការ​ត្រៀម​ខ្លួន​ទទួល​យក​ពាក្យ​សម្ដី​របស់​ពួក​អ្នក​បម្រើ​របស់​ព្រះ​មាន​លក្ខណៈ​បែប​ណា​ដែរ ។ បន្ទាប់​មក ចូរ​សុំ​ឲ្យ​ពួកគេ​បង្ហាញ​ថា ប្រសិន​បើ​មនុស្ស​ម្នាក់មិន​បាន​ត្រៀម​ខ្លួន​ទទួល​យក​ពាក្យ​សម្ដី​របស់​ពួក​អ្នក​បម្រើ​របស់​ព្រះ​ តើ​វា​មាន​លក្ខណៈ​បែប​ណា​ដែរ ។ ( ឧទាហរណ៍ សិស្ស​អាច​បិទ​ព្រះគម្ពីរ និយាយ​​ជាមួយ​អ្នក​ជិតខាង ឬ​លេង​តែ​ជាមួយ​នឹង​ឧបករណ៍​អេឡិច​ត្រនិច) ។

  • ក្រៅពី​អាការៈ​ខាង​ក្រៅ​របស់​គាត់ តើ​អ្វីទៅ​អាច​នឹង​កើត​ឡើង​នៅ​ក្នុង​ដួង​ចិត្ត និង​គំនិត​របស់​មនុស្ស​ម្នាក់​ ដែល​ត្រៀម​ខ្លួន​ទទួល​យក​សារលិខិត​នៃ​ដំណឹងល្អ ?

សូម​ទាញចំណាប់​អារម្មណ៍​របស់​សិស្ស​ទៅ​លើ​ចន្លោះ​ទីពីរនៅ​ក្នុង​សមីការ​នៅលើ​ក្ដារ​ខៀន ។

  • យោង​តាម ខ​ទី ១១ តើ​ប្រជាជន​បាន​ធ្វើ​អ្វី​ផ្សេង​ទៀត​ ដែល​បាន​ដឹកនាំ​ពួកគេ​ឲ្យ​ជឿ​លើ​ការ​បង្រៀន​របស់​ប៉ុល ? (បន្ទាប់​ពី​សិស្ស​ឆ្លើយ​រួចហើយ សូម​សរសេរ​ឃ្លា​ខាង​ក្រោម​នេះ​នៅ​លើ​ក្ដារខៀន​ជា​ផ្នែក​ទី​ពីរ​នៃសមីការ​នោះ ៖ពួកគេ​បាន​ស្រាវជ្រាវ​ពី​ព្រះគម្ពីរ​រាល់ថ្ងៃ​ ដើម្បី​យល់​ពី​ពាក្យ​សម្ដី​របស់​ប៉ុល )

  • តើ​យើង​អាច​រៀន​គោលការណ៍​អ្វីខ្លះ​ពី​កិច្ចការ ១៧:១០-១២​ដែល​អាច​ពង្រឹង​ជំនឿ​របស់​យើង លើ​ពាក្យ​សម្ដី​នៃ​ពួក​អ្នក​បម្រើ​របស់​ព្រះ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង​ៗ ប៉ុន្តែចូរ​ប្រាកដ​ថា​​​ ពួកគេ​គួរ​ស្គាល់​​គោលការណ៍​ដូច​ខាង​ក្រោម​​នេះ ៖ ប្រសិន​បើ​យើង​ទទួល​ពាក្យ​សម្ដី​នៃ​ពួក​អ្នក​បម្រើ​របស់​ព្រះអម្ចាស់​ដោយ​ត្រៀម​គំនិត​ជាស្រេច ហើយ​ស្រាវជ្រាវ​បទគម្ពីរ​ប្រចាំថ្ងៃ នោះ​ជំនឿ​របស់​យើង​លើ​ប្រសាសន៍​របស់​ពួកលោក​នឹង​មាន​ភាព​រឹងមាំ ។

សូម​មើល​ឡើង​វិញ​ពី​ស្ថានភាព​ ដែល​បាន​ពិពណ៌នានៅខាង​ដើម​មេរៀន ។

  • តើ​គោលការណ៍​នេះ​អាច​ជួយ​មនុស្ស​ នៅ​ក្នុង​ស្ថានភាព​ទាំងនេះ​បាន​យ៉ាង​ដូចម្ដេច ?

  • តើ​ការ​សិក្សា​ព្រះគម្ពីរ​ប្រចាំ​ថ្ងៃ​អាច​ជះ​ឥទ្ធិពល​​ដល់​សមត្ថភាព​របស់​យើង ដើម្បី​នឹង​​ជឿ​លើ​សេចក្ដី​ពិត​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ពី​ពេលវេលា​ ដែល​ពួកគេ​បាន​ធ្វើ​ជា​សាក្សី​​អំពី​ភាព​ពេញ​លេញ​នៃ​សេចក្ដីពិត​នៃ​គោលការណ៍​នេះ ។ អ្នក​គួរ​អញ្ជើញ​ឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​បទពិសោធន៍​របស់ពួក​គេ ។

សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ទទួល​យក​ពាក្យ​សម្ដី​របស់​ពួក​ព្យាការី ថ្នាក់​ដឹកនាំ គ្រូ​បង្រៀន និង​ឪពុក​ម្ដាយ​ដោយ « ប្រុង​ប្រៀប​សព្វ​គ្រប់ » ហើយ​អាន​ព្រះគម្ពីរ​រាល់​ថ្ងៃ ។

សូម​សង្ខេប កិច្ចការ ១៧:១៣–១៥ ដោយ​ពន្យល់​ថា នៅ​ពេល​ពួក​យូដា​នៅ​ក្នុង​ថែស្សាឡូនីច​បាន​ស្ដាប់​ឮ​ថា ប៉ុល​កំពុង​ប្រកាស​ដំណឹងល្អ​នៅ​ក្រុង​បេរា នោះ​ពួកគេ​បាន​មក​ធ្វើ​ឲ្យ​ប្រជាជន​នៅ​ក្រុង​បេរា​ខឹង ។ ប៉ុល​បាន​រត់​ភៀស​ខ្លួន​ម្ដង​ទៀត ដូច្នេះ​លោក​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​អាថែន ។

កិច្ចការ ១៧:១៦-៣៤

ប៉ុល​បង្រៀននៅ​ភ្នំ​អើរីយ៉ូស

សូម​អញ្ជើញ​សិស្ស​ឲ្យ​បើក​ទៅ​រូបថត​អំពី​ព្រះគម្ពីរ​ប៊ីប ល.រ. ២៩ « អាថែន » នៅ​ក្នុង​ផែនទី និង​រូបថត​ទាំងឡាយ​អំពី​ព្រះគម្ពីរ​ប៊ីប ។ សូម​ចង្អុល​បង្ហាញ​ថា រូបថត​នេះ​បង្ហាញ​ពី​ព្រះវិហារ​បរិសុទ្ធ​មួយ​នៃ​ព្រះវិហារ​បរិសុទ្ធ​ជា​ច្រើន​នៅ​ក្រុង​អាថែន​ដែល​បាន​ប្រើ​ប្រាប់​សម្រាប់ជា​ការ​ថ្វាយបង្គំ​រូបព្រះ​ក្លែងក្លាយ ។ នៅ​ខាង​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ទាំងនេះ​ គឺជា​​រូប​សំណាកព្រះ​ដែលបង្កើត​ដោយស្នាដៃ​​មនុស្ស ។ នៅ​ខាង​ក្រៅគឺជា​អាសនា​បូជា​ថ្វាយ​ដល់ព្រះក្លែងក្លាយ​ទាំងនេះ​ត្រូវ​បានគេ​ធ្វើ​ឡើង ។

សូម​សង្ខេប កិច្ចការ ១៧:១៦–២១ ដោយ​ពន្យល់​ថា ប៉ុល​មាន​​កង្វល់​​យ៉ាង​ខ្លាំង​ចំពោះ​ការថ្វាយបង្គំព្រះក្លែងក្លាយ​នៅ​ក្រុង​អាថែន ហើយ​លោក​បាន​បង្រៀន​នៅក្នុង​សាលាប្រជុំ និង​តាម​ផ្សារ​នៅ​ទីនោះ ។ បន្ទាប់មក ពួក​ទស្សនវិទូ​បាន​អញ្ជើញ​ប៉ុល​ឲ្យ​ពន្យល់​ពី « គោលលទ្ធិថ្មី » ​របស់​លោក ( ខទី១៩ ) ទៅ​ដល់​ក្រុម​ប្រឹក្សា​​ច្បាប់ ដែល​លោក​បាន​ជួប​នៅ​លើ​ភ្នំ​អេរីយ៉ូស ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កិច្ចការ ១៧:២២-២៣ ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​​រកមើលថា តើ​ប៉ុល​បាន​សង្កេត​ឃើញអ្វី​នៅ​លើ​អាសនា​មួយ​នៅ​អាថែន ។

  • តើ​ប៉ុល​បាន​ឃើញ​អ្វី​នៅ​លើ​អាសនាមួយ​នៅ​អាថែន ?

សូម​ពន្យល់​ថា ខ​ទី ២២ កត់ត្រា​ថា ប៉ុលបាន​សរសើរ​ដល់​ពួក​អាថែន​​ដោយ​ពោល​ថា ពួកគេ « ឧស្សាហ៍​ខ្នះខ្នែង » មានន័យ​ថាពួកគេ « កាន់​សាសនា​ណាស់ »​ ឬ « ខ្វាល់ខ្វាយ​ពី​រឿង​របស់​ព្រះ »   ។ អាសនា​សម្រាប់ « ព្រះ​ដ៏​ពុំ​ស្គាល់ » ( ខ​ទី ២៣ ) គឺជាការ​ប៉ុន​ប៉ង​របស់​ពួក​អាថែនដើម្បី​​ចុះសម្រុងនឹង​ព្រះដែលខ្លួនពុំ​ស្គាល់ ឬព្រះ​ដែល​​ពុំស្គាល់​ពី​នាមនោះទៀតផង ។ តាម​មើល​ទៅ ពួកគេ​មិន​ចង់ធ្វើ​ខុស ឬ ព្រងើយកន្កើយនឹងព្រះ​ណាមួយ​រវាទ​ចិត្ត ឬ​ទទួល​ការ​ប្រមាថ ។

សូម​ចង្អុល​បង្ហាញ​ថា ប្រយោគចុងក្រោយក្នុង កិច្ចការ ១៧:២៣ រួច​សួរ ៖

  • ហេតុអ្វីប៉ុល​បាន​ធ្វើ​សេចក្ដីយោង​ទៅអាសនានេះ ទៅលើ « ព្រះ​ដ៏​ពុំ​ស្គាល់ » នេះ ? ( លោក​បាន​ប្រើ​វាដើម្បី​ឧទ្ទេសនាម​នូវ​គំនិត​ពី​ព្រះដ៏​ពិត ជាព្រះវរបិតា​សួគ៌ ជា​ព្រះដែល​ពួកគេ​ពុំ​ស្គាល់ ) ។

សូម​បំបែក​សិស្ស​​ជា​ដៃគូ ឬ ជាក្រុម​តូចៗ ។ សូម​អញ្ជើញ​ក្រុម​នីមួយៗឲ្យ​ស្វែងរក កិច្ចការ ១៧:២៤–៣១ នូវ​សេចក្ដីពិត​ឲ្យ​បាន​ច្រើន​​តាមដែល​​ពួកគេ​អាច​រក​ឃើញ ​អំពីព្រះដែល​ប្រជាជន​អាថែន​មិន​បាន​ស្គាល់​នោះ ។ កាល​ពួកគេ​កំពុង​សិក្សា សូម​សរសេរលេខ​ខគម្ពីរ​នីមួយៗ ( ២៤-៣១ ) នៅ​លើ​ក្ដារ​ខៀន ។ ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​ឲ្យសិស្ស​បី​បួន​នាក់​ឡើង​មក​ក្ដារខៀន សរសេរ​ពី​សេចក្ដីពិត​មួយ​ ដែល​ពួកគេ​បាន​រក​ឃើញ​ នៅ​ក្បែរ​លេខ​នៃ​ខគម្ពីរ​ដែល​ពួកគេ​បាន​រក​ឃើញ​វា ។ ( ដើម្បី​ជួយ​សិស្ស​ឲ្យ​ស្គាល់​ពី​សេចក្ដីពិត​មួយ​នៅ​ក្នុង កិច្ចការ ១៧:២៧​សូម​ពន្យល់ថា​ការ​បកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ​ សម្រាប់​ខគម្ពីរ​នេះ​បាន​ចែងថា « ពួកគេ​ត្រូវ​ស្វែងរក​ព្រះអម្ចាស់ ប្រសិន​បើ​ពួកគេ​មាន​ឆន្ទៈ​រក​ទ្រង់ ដ្បិត​ទ្រង់គង់​នៅ​មិន​ឆ្ងាយ​ពី​យើង​រាល់​គ្នា​ឡើយ  ។

អ្នក​ក៏​អាច​ណែនាំ​ឲ្យ​សិស្ស​គូស​ចំណាំ​សេចក្ដីពិត​នីមួយៗ​នៅ​ក្នុង​ព្រះគម្ពីរ​របស់​ពួកគេ​ផងដែរ ។ សេចក្តីពិត​មួយ​ចំនួន​ដែល​ពួកគេ​បាន​សរសេរ​នៅ​លើ​ក្ដារខៀន ​អាច​រួម​មាន​ដូច​ខាង​ក្រោម​នេះ ៖

  • ខ ២៤ព្រះ​បាន​បង្កើត​ពិភពលោក ។

  • ខ ២៥ ៖ ព្រះ​បាន​ប្រទានជីវិត​ដល់​វត្ថុសព្វសារពើ ។

  • ខ ២៦ ៖ ព្រះ​គ្រប់​គ្រង​លើ​ជីវិត​ទាំង​អស់ ។

  • ខ ២៧ ៖ប្រសិន​បើ​យើង​មាន​ឆន្ទៈ​ស្វែង​រក​ព្រះ យើង​នឹង​ឃើញ​ថា ទ្រង់​គង់​នៅ​មិន​ឆ្ងាយ​ពី​យើង​ឡើយ ។

  • ខ ២៨ ៖យើង​គឺជា​កូនចៅ​របស់​ព្រះ ។

  • ខ ២៩ ៖ យើង​ត្រូវបាន​បង្កើត​ឡើង​តាមរូប​របស់​ព្រះ ។

  • ខ ៣០៖ ព្រះ​បង្គាប់​មនុស្ស​គ្រប់​គ្នា​ឲ្យ​ប្រែចិត្ត ។

  • ខ ៣១ព្រះ​នឹង​កាត់​សេចក្ដី​យើង ព្រះនឹង​ប្រោស​មនុស្ស​ទាំងអស់​ឲ្យ​រស់​ពី​ស្លាប់ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ជ្រើស​យក​សេចក្ដីពិត​មួយ​​នៅ​លើ​ក្ដារខៀន ដែល​វា​មាន​ន័យ​ចំពោះ​ពួកគេ ។ ចូរ​សុំ​ឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​ពី​សេចក្ដីពិត​​ដែល​ពួកគេ​បាន​ជ្រើស ហើយ​ហេតុ​អ្វី​បាន​ជា​វា​មាន​ន័យ​ចំពោះ​ពួកគេ ។

សូម​ចង្អុល​បង្ហាញ​ពី គោលលទ្ធិ​« យើង​គឺជា​កូនចៅ​របស់​ព្រះ » ។

  • តើ​ពាក្យ​ថាជា ​« កូនចៅ » ​របស់​ព្រះ​មាន​ន័យ​ដូចម្ដេច ? ( យើង​គឺជា​កូនខាងចៅ​វិញ្ញាណ​របស់​ព្រះវរបិតាសួគ៌ ) ។

  • ហេតុអ្វីវា​ជា​រឿង​ដ៏សំខាន់​ ដែល​ត្រូវ​យល់ដឹង​ពី​សេចក្ដីពិត​នេះ ? ( វា​អាច​ជួយ​យើង​ឲ្យ​ស្គាល់​ពី​តម្លៃ​គ្មាន​ដែន​កំណត់​របស់​យើង​ចំពោះ​ព្រះវរបិតា​សួគ៌ និង​សក្ដានុពល​របស់យើង​ដើម្បី​ប្រែក្លាយ​ដូចជា​ទ្រង់​ដែរ ) ។

  • តើ​បញ្ហា ឬ​ការ​ភាន់​ច្រឡំ​អ្វីខ្លះ​ ដែល​អាច​កើត​ឡើង​តាមរយៈ​ការ​មិន​យល់​ពី​គោល​លទ្ធិ​នេះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដី​ថ្លែងការណ៍​​ខាងក្រោម​ដោយ​អែលឌើរ ដាល្លិន អេក អូក ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​រកមើល​ថា ហេតុអ្វី​យើង​ត្រូវ​ចងចាំ​ ដើម្បី​មើលឃើញ​ខ្លួន​ឯង​ថា​ជា​កូនចៅ​​ដ៏​សំខាន់​របស់​​ព្រះ ។

រូបភាព
អែលឌើរ ដាល្លិន អេក អូក

« ចូរ​ប្រុងប្រយ័ត្ន​ពី​របៀប​​ដែល​អ្នក​សម្គាល់​ចរិត​ខ្លួន​ឯង ។ ចូរ​កុំ​សម្គាល់​ចរិត ឬ​កំណត់​ខ្លួន​ឯង​ដោយ​គុណសម្បត្តិ​បណ្ដោះ​អាសន្ន​មួយ​ចំនួន​ឡើយ ។ គុណសម្បត្តិតែ​មួយគត់ដែល​ចង្អុលបង្ហាញ​​ចរិត​យើង​គឺថា យើង​គឺជា​បុត្រាបុត្រី​នៃ​ព្រះ ។ ការ​ពិត​នោះ​មានគុណសម្បត្តិលើស​ពី​បុគ្គលិកលក្ខណៈ​ផ្សេង​ទៀត​ទាំងអស់ រួម​ទាំង​ជាតិ​សាសន៍ ការងារ បុគ្គលិក​លក្ខណៈ កិត្តិយស ឬ​សូម្បី​តែ​សាសនា » ( ​« How to Define Yourself » New Era ខែ ​មិថុនា ឆ្នាំ​ ២០១៣ ទំព័រ ៤៨ ) ។

  • ហេតុអ្វី​បានជា​វា​សំខាន់​ដើម្បី​ចងចាំ​ថា យើងគឺជាកូនចៅនៃព្រះជាមុន ?

សូម​យោង​ទៅ​គោលការណ៍​ « ប្រសិន​បើ​យើង​មាន​ឆន្ទៈ​ស្វែង​រក​ព្រះ យើង​នឹង​ឃើញ​ថា ទ្រង់​គង់​នៅ​មិន​ឆ្ងាយ​ពី​យើង​ឡើយ » ។

  • តើ​យើង​អាច​ខិតខំ​ស្គាល់ ហើយ​ខិត​មក​ជិត​ព្រះ​តាម​របៀប​ណា ?

  • តើ​ការ​យល់ដឹង​ពី​ទំនាក់ទំនង​យើង​ជាមួយ​នឹង​ព្រះ​ អាច​ជះឥទ្ធិពល​ដល់​បំណង​ប្រាថ្នា​របស់យើង​​ដើម្បី​ស្វែងរក​ទ្រង់​យ៉ាង​ដូច​ម្ដេច ?

  • តើ​អ្នក​មាន​អារម្មណ៍​ថា​ធ្លាប់​នៅ​ជិត​នឹង​ព្រះវរបិតា​សួគ៌​នៅ​ពេល​ណា​ដែរ ?

សូម​សង្ខេប កិច្ចការ ១៧:៣២–៣៤​ ដោយ​ពន្យល់​ថា ពួក​អាថែន​បាន​មាន​ប្រតិកម្ម​លាយឡំ​គ្នា​នឹង​ការ​លើក​ឡើង​របស់​ប៉ុល​អំពី « មនុស្ស​ស្លាប់​រស់​ឡើង​វិញ » ( ខ​ទី ៣២ ) ។ មាន​ពួកគេ​មួយ​ចំនួន​បាន​ចំអក​ឲ្យ​ប៉ុល រីឯ​អ្នក​ផ្សេង​ទៀត​ចង់​ស្ដាប់​ថែម​ទៀត ហើយ​មាន​មនុស្ស​ខ្លះបាន​ជឿ ។

អ្នក​គួរ​ថ្លែងទីបន្ទាល់​ថា សិស្ស​អាច​ស្គាល់ ហើយ​យល់​ពី​ព្រះ ទោះ​ជា​មនុស្ស​ជាច្រើន​មិន​បាន​ស្គាល់​ទ្រង់​ក្ដី ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​ឃ្លា ព្រះ​ដែល​អាច​ស្គាល់ នៅ​លើ​ក្រដាស​មួយ​សន្លឹក ឬ​ប័ណ្ណ​មួយ ហើយ​សរសេរ​ពី​វិធី​ដែល​ពួកគេ​នឹង​ខិតខំ ហើយ​អភិវឌ្ឍ​ទំនាក់ទំនង​មួយ​ជាមួយ​នឹង​ព្រះ ។ សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ដាក់​ក្រដាស​នេះ​នៅ​ត្រង់​កន្លែង​ ដែល​វា​អាច​ជួយ​រំឭក​ពួកគេ​ពី​គោលដៅ​ទាំងនោះ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

កិច្ចការ ១៧:១៨ ។ ពួក​អេពីគួរ និង​ពួក​ស្ទអ៊ីក

« ប៉ុល​បាន​តតាំង​នឹង​ពួក​អេពីគួរ និង​ពួក​ស្ទអ៊ីក​នៅ​ក្រុង​អាថែន ( សូម​មើល កិច្ចការ ១៧:១៨ ) ។ លោក​អេពីគួរុស​ជា​អ្នក​ដាក់​ឈ្មោះ​ក្រុម​អេពីគួរ ( ៣៤១–២៧០ មុន គ.ស. ) ។ យោង​តាម​ទស្សនវិជ្ជា​របស់​លោក ពិភពលោក​​នេះ​កើត​ឡើង​ដោយ​ចៃដន្យ ហើយ​វា​គ្មាន​នូវ​គោលបំណង ឬ​ការ​រៀបចំ​នោះ​ឡើយ ។ ពួក​អេពីគួរ​បាន​ជឿ​ថា ប្រសិន​បើ​មាន​ពួក​ព្រះ​មែន គឺ​ព្រះ​ទាំង​​នោះ​មិន​យក​ខ្លួន​មក​ពាក់​ព័ន្ធ​នឹង​ជីវិត​មនុស្ស​លោក​ឡើយ ហើយ​ជឿ​ថា សុភមង្គល​កើត​មាន​ឡើង​ដោយ​សារ​ការ​គ្មាន​ភាព​ខ្វល់ខ្វាយ និង​គ្មាន​ការ​ឈឺចាប់ ហើយ​រីករាយ​នឹង​ការ​សប្បាយ​ដែល​ចេះ​ប្រមាណ ។

« ក្រុម​ស្ទអ៊ីក​បាន​ចាប់ផ្ដើម​ជាមួយ​នឹង​ការ​បង្រៀន​របស់​បុរស​ម្នាក់​ឈ្មោះ ហ្សេណូ ( ៣៣៣–២៦៤ មុន គ.ស. ) ។ ក្រុម​ស្ទអ៊ីក​បាន​គិត​ថា របស់​សព្វសារពើ​បាន​បង្កើត​ឡើង បាន​បញ្ជា ហើយ​បាន​ធ្វើ​ឲ្យ​មាន​ចលនា​ដោយ​ហេតុផល​របស់​ព្រះ ។ ពួក​ស្ទអ៊ីក​បាន​ជឿ​ថា មនុស្សត្រូវ​​បាន​ប្រទាន​អំណោយ​ឲ្យ​ជាមួយ​នឹង​ហេតុផល​ដ៏​តូច​មួយ ហើយ​គួរ​ស្វែង​រក​ភាព​សុខដុម​ជាមួយ​របស់​សព្វសារពើនៃ​ព្រះ យក​ឈ្នះ​លើ​តណ្ហា ហើយ​រស់នៅ​ក្នុង​ជីវិត​មួយដ៏​​ស្អាត​ស្អំ និង​ស្មោះ​ត្រង់ » ( New Testament Student Manual Church Educational System manual ឆ្នាំ​ ២០១៤ ] ទំព័រ ៣១៥–១៦ សូម​មើល​ផង​ដែរ Bible Dictionary, « Epicureans » « Stoics » ) ។

កិច្ចការ ១៧:១១ ។ « ពួក​គេ​បាន​ប្រុង​ប្រៀប​សព្វ​គ្រប់​នឹង​ទទួលយកពាក្យសម្ដីរបស់​ប៉ុល »

ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ក្នុង​គណៈ​ប្រធាន​ទី​មួយ បាន​បង្រៀន ៖

« បើយើងកាន់តែបង្វែរចិត្ត និងគំនិត​យើងទៅរកព្រះ នោះពន្លឺសា្ថនសួគ៌​នឹង​បំភ្លឺ​ដល់​ព្រលឹង​យើង​កាន់​តែ​ខ្លាំង ។ ហើយរាល់​ពេល​ដែល​យើង​ស្វែងរក​ពន្លឺ​ដោយ​​ពេញចិត្ត និង​ស្មោះត្រង់ នោះ​យើង​នឹង​បង្ហាញ​ដល់​ព្រះ​នូវ​ការត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​ទទួលបាន​ពន្លឺ​បន្ថែមទៀត ។ រឿង​ទាំងឡាយ​ដែល​ដំបូង​ឡើយ​ទំនង​ជា​ស្រពេច​ស្រពិល ខ្មៅ​ងងឹត ហើយ​ដាច់​ស្រយាល​ វា​បាន​ប្រែ​ទៅ​ជា​ច្បាស់ មាន​រស្មី ហើយ​យើង​អាច​យល់​បានបន្តិច​ម្ដងៗ » ( « Receiving a Testimony of Light and Truth »EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ២២ ) ។