បណ្ណាល័យ
មេរៀន​សិក្សា​នៅ​ផ្ទះ ៖ យ៉ូហាន ២-៦ ( មេរៀនទី ១៣ )


មេរៀន​សិក្សា​នៅ​ផ្ទះ

យ៉ូហាន ២-៦ ( មេរៀន​ទី ១៣ )

ការរៀបចំសម្ភារសម្រាប់គ្រូបង្រៀន ដល់ សិស្ស ដែល សិក្សានៅផ្ទះ

សេចក្ដីសង្ខេបនៃមេរៀនសិក្សានៅផ្ទះប្រចាំថ្ងៃ

សេចក្ដី​សង្ខេប​ខាងក្រោម​នៃ​ព្រឹត្តិការណ៍ និង​គោលការណ៍​ដែល​សិស្ស​បាន​រៀន នៅពេល​ពួកគេ​បាន​សិក្សា យ៉ូហាន ២-៦ ( មេរៀន​ទី ១៣ ) ពុំ​មែន​ត្រូវ​យក​មក​បង្រៀន​ជា​ផ្នែក​នៃ​មេរៀន​របស់​អ្នក​នោះ​ទេ ។ មេរៀន​ដែល​អ្នក​បង្រៀន ផ្ដោត​តែ​លើ​គោលលទ្ធិ និង គោលការណ៍​​ពីរបី​ប៉ុណ្ណោះ ។ សូម​ធ្វើ​តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​គិត​ពី​តម្រូវការ​របស់​សិស្ស ។

ថ្ងៃ​ទី ១ ( យ៉ូហាន ២ )

នៅ​ពេល​សិស្ស​អាន​អំពី​អព្ភូតហេតុ​ដំបូង​របស់​ព្រះអង្គ​សង្គ្រោះ​ អំពី​ការ​ប្រែ​ទឹក​ឲ្យ​ទៅ​ជា​ស្រា ពួកគេ​បាន​រៀន​ថា ព្រះយេស៊ូវ​គ្រីស្ទ​មាន​ព្រះចេស្ដា​លើ​ធាតុ​ទាំងឡាយ ។ ពួកគេ​ក៏​រៀន​ផង​ដែរ​ថា ព្រះអង្គសង្គ្រោះ​ស្រឡាញ់ ហើយ​គោរព​ដល់​ព្រះមាតា​ទ្រង់ ។ នៅ​ពេល​ពួកគេ​បាន​សិក្សា​ដំណើររឿង​អំពី​ព្រះយេស៊ូវ​​ដែល​បាន​បោស​សម្អាត​ព្រះវិហារ​បរិសុទ្ធ នោះ​សិស្ស​បាន​រៀន​ថា ព្រះវិហារបរិសុទ្ធ​គឺជា​ដំណាក់​របស់​ព្រះ ។

ថ្ងៃ​ទី ២ ( យ៉ូហាន ៣ )

សិស្ស​បាន​រៀន​នូវ​សេចក្ដីពិត​ខាង​ក្រោម​នេះ​ចេញ​ពី​ការ​បង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​ទៅ​កាន់​នីកូដេម ។ ការ​ទទួល​បុណ្យ​ជ្រមុជទឹក និង​ការ​ទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណ ​គឺចាំបាច់​ចំពោះ​ការ​កើត​មក​ម្តង​ទៀត​ខាង​វិញ្ញាណ និង​ការ​ទទួល​ភាព​តម្កើង​ឡើង​នៅ​ក្នុង​នគរសេឡេស្ទាល ។ មនុស្សលោក​អាច​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ​តាមរយៈ​ដង្វាយ​ធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ព្រះវរបិតាសួគ៌​ស្រឡាញ់​កូនចៅ​របស់​ទ្រង់​ដល់​ម្ល៉េះ បាន​ជា​ទ្រង់​ប្រទាន​ព្រះរាជ​បុត្រា​​ទ្រង់​តែ​មួយ ឲ្យ​រងទុក្ខ​សម្រាប់​អំពើ​បាប​របស់​ពួកគេ ។ ប្រសិន​បើ​យើង​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ដែល​រួម​បញ្ចូល​ទាំង​ការ​ប្រែចិត្ត​ចេញ​ពី​អំពើ​បាប​របស់​យើង ព្រមទាំង​គោរព​តាម​ព្រះបន្ទូល​របស់​ទ្រង់​ផង​នោះ ​យើង​អាច​មាន​ជីវិត​អស់​កល្ប​ជានិច្ច តាមរយៈ​ដង្វាយ​ធួន​របស់​ទ្រង់ ។ ចេញពី​គំរូ​របស់​យ៉ូហាន បាទីស្ទ ដែល​សិស្ស​បាន​រៀន​ថា យើង​អាច​ជះឥទ្ធិពល​ដល់​មនុស្ស​ដទៃ​សម្រាប់​ការណ៍ល្អ តាមរយៈ​ការនាំ​ពួកគេ​ទៅ​រក​ព្រះយេស៊ូវ​គ្រីស្ទ ។

ថ្ងៃ​ទី ៣ ( យ៉ូហាន ៤ )

នៅ​ពេល​សិស្ស​អាន​អំពី​ការ​បង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​ដល់​ស្ត្រី​សាសន៍​សាម៉ារី​នៅ​អណ្ដូង​ទឹក នោះ​ពួកគេ​បាន​រៀន​នូវ​សេចក្ដី​ពិត​ដូចខាង​ក្រោម​នេះ ៖ ប្រសិន​បើ​យើង​មក​រក​ព្រះយេស៊ូវគ្រីស្ទ ហើយ​ទទួល​យក​ដំណឹងល្អ​របស់​ទ្រង់​ដោយ​ស្មោះ​ស្ម័គ្រ នោះ​យើង​នឹង​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ ព្រះយេស៊ូវគ្រីស្ទ​ជ្រាប​ពី​អំពើបាប​របស់​យើង ហើយ​ប្រទាន​ដំណឹងល្អ​របស់​ទ្រង់​ដើម្បី​ជួយ​យើង​ឲ្យ​យក​ឈ្នះ​វា​បាន ។ ប្រសិនបើ​យើង​ថ្វាយ​បង្គំ​ព្រះវរបិតា​នៅក្នុង​វិញ្ញាណ និង​សេចក្តីពិត នោះ​ទ្រង់​នឹង​ប្រទានវិញ្ញាណ​របស់​ទ្រង់ដល់​ពួក​យើង​ ។ នៅពេល​យើង​ទទួល​បាន​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ នោះ​យើងនឹង​​ពោរពេញ​ដោយ​បំណង​ប្រាថ្នា​​ដើម្បី​ចែកចាយ​វា​ដល់​មនុស្ស​ដទៃ​ទៀត ។

ថ្ងៃ​ទី ៤ ( យ៉ូហាន ៥–៦ )

នៅ​ពេល​សិស្ស​អាន​អំពី​ការ​ព្យាបាល​របស់​ព្រះអង្គ​សង្គ្រោះ​​ដល់បុរស​ទន់ខ្សោយ​ម្នាក់ ពួក​គេបាន​រៀន​ថា តាមរយៈ​ព្រះចេស្តា និង សេចក្តី​មេត្តា​ករុណា​របស់​ព្រះ​យេស៊ូវគ្រីស្ទ នោះ​យើង​អាច​ជា​សះស្បើយ​បាន ។ ពួក​គេ​ក៏​បាន​រៀន​ផង​ដែរ​ថា មាន​តែ​តាមរយៈ​ការ​មក​រក​ព្រះយេស៊ូវ​គ្រីស្ទ​ប៉ុណ្ណោះ​ ទើប​យើង​អាច​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។ ចេញ​ពី​ទេសនកថា​របស់​ព្រះអង្គសង្គ្រោះ​ស្ដីពី​នំប៉័ង​ជីវិត សិស្ស​បាន​រៀន​ថា ទីបន្ទាល់​មួយ​ដ៏​រឹងមាំ​អំពី​ព្រះយេស៊ូវគ្រីស្ទ​នឹង​ជួយ​យើង​ឲ្យ​បន្ត​មានចិត្តស្មោះត្រង់ អំឡុង​ពេល​ដែល​វា​អាច​មាន​ការលំបាក​ដើម្បី​ធ្វើ​តាម​ព្រះអង្គ​សង្គ្រោះ ឬ​ក៏​ដើម្បី​រស់​នៅ​​តាម​ការបង្រៀន​ទាំងឡាយ​​របស់​ទ្រង់ ។

សេចក្ដី​ផ្ដើម

នៅ​ថ្ងៃ​បន្ទាប់​មក​ទៀត ក្រោយ​ពីទ្រង់​បាន​ប្រទាន​អាហារ​ដល់​ហ្វូង​មនុស្ស​ជាង ៥០០០​នាក់​ ដោយ​អព្ភូតហេតុ​មក ទ្រង់​បាន​បង្រៀន​ថា​ទ្រង់​គឺ​ជា​នំបុ័ង​ជីវិត ។

យោបល់​សម្រាប់​ការបង្រៀន

យ៉ូហាន ៦:២២-៥៩

ព្រះយេស៊ូវ​បង្រៀន​ថា ទ្រង់​គឺ​ជា​នំប៉័ង​ជីវិត

ចូរ​ដាក់​បង្ហាញ​នំប៉័ង​មួយ​ដុំ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​សង្ខេប​ពី​ដំណើរ​រឿង​របស់​ព្រះអង្គ​សង្គ្រោះ​ប្រទាន​អាហារ​ដល់​មនុស្ស​ច្រើន​ជាង ៥០០០ នាក់​ ជាមួយ​នឹង​នំប៉័ង​ប្រាំ​ដុំ និង​ត្រី​តូច​ពីរ ។

  • តើ​អ្នក​ប្រហែលជា​​គិត​ដូចម្តេចខ្លះ ​ប្រសិន​បើ​អ្នក​បាន​ឃើញ​អព្ភូត​ហេតុ​នេះ ហើយ​បាន​ដឹង​ថា ព្រះយេស៊ូវ​មាន​សមត្ថភាព​ដើម្បី​ប្រទាន​អាហារ​ដោយ​អព្ភូតហេតុ​នោះ ។

សូម​ពន្យល់​ថា​យ៉ូហាន ៦:២២-២៥ កត់ត្រា​ថា​មាន​មនុស្ស​ជាច្រើន ដែល​ព្រះយេស៊ូវ​បាន​ប្រទាន​អាហារ​ដោយ​អព្ភូតហេតុ បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​កាពើណិម ដើម្បី​ស្វែងរក​ទ្រង់ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន យ៉ូហាន ៦:២៦-២៧ ​ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​នូវអ្វី​ដែល​ព្រះយេស៊ូវ​បាន​មានបន្ទូល​ទៅ​កាន់​ហ្វូង​មនុស្សនោះ ។

សូម​ពន្យល់​ថា ការ​បក​ប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ​ សម្រាប់ យ៉ូហាន ៦:២៦ បញ្ជាក់​ថា « ព្រះយេស៊ូវ​បាន​ឆ្លើយ​នឹង​ពួក​គេ​ដោយ​មាន​បន្ទូល​ថា ប្រាកដ​មែន យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​រាល់គ្នា​ស្វែង​រក​យើង​ពុំមែន​ដោយ​សារ​អ្នក​រាល់គ្នា​ចង់​គោរព​តាម​ព្រះបន្ទូល​របស់​យើង​ឡើយ ប៉ុន្តែ​ដោយសារ​អ្នក​រាល់គ្នា​បាន​ឃើញ​អព្ភូតហេតុ ប៉ុន្តែ​ដោយ​សារ​អ្នក​រាល់​គ្នា​បាន​បរិភោគ​នំប៉័ង​ឆ្អែត​ប៉ុណ្ណោះ » ( ការ​បកប្រែដោយ ​យ៉ូសែប ស្ម៊ីធ—យ៉ូហាន ៦:២៦  ) ។ ក៏​សូមពន្យល់​ផង​ដែរ​ថា ពាក្យ អាហារ នៅ​ក្នុង យ៉ូហាន ៦:២៧ និង​នៅ​ក្នុង​ព្រះគម្ពីរ​ប៊ីប​ទាំងមូល​គឺ​សំដៅ​ទៅ​លើ​គ្រឿង​បរិភោគ ។ សាច់ត្រូវ​បាន​ប្រើ​ដើម្បី​សំដៅ​ទៅ​លើ​អ្វី​ដែល​យើង​ហៅ​ថា​អាហារ ។

  • យោង​តាម​ព្រះអង្គ​សង្គ្រោះ ហេតុអ្វី​បាន​មនុស្ស​ទាំង​នេះ​ស្វែង​រក​ទ្រង់ ? ( ព្រះបន្ទូល​របស់​ព្រះអង្គសង្គ្រោះ​ណែនាំ​ថា ពួកគេ​បាន​ដើរ​តាម​ទ្រង់​ដើម្បី​ទទួល​បាន​អាហារ​ច្រើន​ទៀត​ពី​ទ្រង់ ) ។

  • តើ​អ្វី​ទៅ​ដែល​ព្រះអង្គសង្គ្រោះ​បាន​មាន​បន្ទូល​ប្រាប់​ពួកគេ​ថា​ ពួកគេ​គួរ​ស្វែង​រក​នោះ ?

សូម​ពន្យល់​ថា « អាហារ [ ឬ​ គ្រឿប​បរិភោគ ] ដែល​នៅ​ស្ថិត​ស្ថេរ​ដរាប​ដល់​ជីវិត​អស់​កល្ប​ជានិច្ច » ( យ៉ូហាន ៦:២៧ ) អាច​សំដៅ​ទៅ​លើ​សេចក្ដី​ពិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​នៃ​ដំណឹង​ល្អរបស់​ព្រះអង្គ​សង្គ្រោះ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន យ៉ូហាន ៦:២៨-៣១ ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​នូវអ្វី​ដែល​មនុស្ស​ទាំងនោះ​ចង់​ឲ្យ​ព្រះ​យេស៊ូវ​បង្ហាញ​ដល់​ពួកគេ​បន្ថែម​ទៀត​ថា ទ្រង់​គឺជា​ព្រះមែស៊ី ។

  • តើ​មនុស្ស​ទាំងនោះ​ចង់​ឲ្យ​ព្រះយេស៊ូវ​ធ្វើ​អ្វី​ខ្លះ​ សម្រាប់​ពួកគេ ? ( សូម​ពន្យល់​ថា នំម៉ាណា​គឺជា « នំប៉័ង​ពី​ស្ថានសួគ៌ » [ យ៉ូហាន ៦:៣១​ ] ដែល​ព្រះ​បាន​ប្រទាន​ដល់​កូនចៅ​អ៊ីស្រាអែល កាល​ពួកគេ​បាន​វង្វេង​នៅ​ក្នុង​ទីរហោស្ថាន សូមមើល និក្ខមនំ ១៦:១៤–១៥,​ ៣៥ ) ។

សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ប្ដូរវេន​គ្នា​អាន​ឮៗ​ក្នុង យ៉ូហាន ៦:៣២-៣៥ ។ ចូរ​សុំ​ឲ្យសិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​នូវ​អ្វី​ដែល​ព្រះអង្គសង្គ្រោះ​បានបង្រៀន​មនុស្ស​ទាំងនោះ ក្នុងការឆ្លើយ​តប​ទៅ​នឹង​សំណើរ​របស់​ពួកគេ​ចង់​ឃើញ​ទី​សម្គាល់ ។

  • តើ​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​អ្វី​ខ្លះ​អំពី​អង្គ​ទ្រង់ កាល​ទ្រង់​មាន​បន្ទូល​អំពី​នំ​ម៉ាណា ឬ​នំប៉័ង​ពី​ស្ថានសួគ៌​នោះ ?

អ្នក​គួរ​ផ្ដល់​យោបល់​សិស្សឲ្យ​គូស​ចំណាំ​ឃ្លា « ខ្ញុំ​ជា​នំប៉័ង​ជីវិត » នៅ​ក្នុង​យ៉ូហាន ៦:៣៥ ។

  • តើ​យើង​អាច​ប្រៀប​ប្រដូច​ព្រះអង្គ​សង្គ្រោះ និង​ការ​បង្រៀន​របស់​ទ្រង់​ទៅ​នឹង​នំប៉័ង​បាន​ដោយ​របៀប​ណា ?

  • តើ​អ្នក​គិត​ថា​វា​មាន​ន័យ​ដូចម្ដេច​ដែរ​ថា​ អស់​អ្នក​ដែល​មក​រក​ព្រះយេស៊ូវ​គ្រីស្ទ « នឹង​មិន​ឃ្លាន​ទៀត​ឡើយ »? (យ៉ូហាន ៦:៣៥) ។ ( ចម្លើយ​មួយ​ដែល​អាច​មាន​គឺថា ទ្រង់​នឹង​ចិញ្ចឹម​បីបាច់​ពួកគេ​ខាង​វិញ្ញាណ ) ។

  • តើ​គោលការណ៍​អ្វីខ្លះ​ ដែល​យើង​អាច​រៀនពី​ការ​បង្រៀន​របស់​ព្រះអង្គសង្គ្រោះ​នៅក្នុង ខទី ៣៥ ? ( ទោះជា​សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង​ៗក្ដី ក៏​ពួកគេ​គួរតែ​ប្រាប់​នូវ​គោលការណ៍​មួយ​ដែល​ស្រដៀងគ្នា​ដូច​គោលការណ៍​ខាង​ក្រោម​នេះ ៖ ប្រសិន​បើ​យើង​មក​រក​ព្រះយេស៊ូវគ្រីស្ទ នោះ​ទ្រង់​នឹង​ចិញ្ចឹម​បី​បាច់​យើង​ខាង​វិញ្ញាណ ។ សូម​​សរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន ) ។

សូម​សរសេរ​ប្រយោគ​មិន​ពេញលេញ​ខាងក្រោម​នៅលើ​ក្ដារខៀន ៖

យើង​មក​រក​ព្រះយេស៊ូវ​គ្រីស្ទ​តាមរយៈ …

ទ្រង់​នឹង​ចិញ្ចឹម​បី​បាច់​យើង​ដោយ …

សូម​បំបែក​សិស្ស​ជា​គូ ។ ចូរ​សុំ​ឲ្យ​ពួកគេ​ធ្វើ​ការ​រួម​គ្នា​បង្កើត​ជា​បញ្ជី​មួយ​ នៅ​ក្នុងសៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ​ពី​រឿង​មួយ​ចំនួន​ដែល​យើងអាច​ធ្វើ​ដើម្បី​មករក​ព្រះយេស៊ូវ​គ្រីស្ទ និង​ពី​របៀប​ដែល​ទ្រង់​នឹង​ចិញ្ចឹម​បីបាច់​យើង​ខាង​វិញ្ញាណ ។ សូម​អញ្ជើញ​សិស្ស​ពីរ​បីនាក់​ឲ្យ​ប្រាប់​ពី​ចម្លើយ​របស់​ពួកគេ​ដល់​សិស្ស​ផ្សេង​ទៀត ។

ចូរ​ពិចារណា​អញ្ជើញ​សិស្ស​ពីរបីនាក់​ឲ្យ​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​បាន​ទទួល​ការ​ចិញ្ចឹម​បី​បាច់​ខាង​វិញ្ញាណ នៅ​ពេល​ពួកគេ​បាន​មក​រក​ព្រះអង្គ​សង្គ្រោះ ។

ដើម្បី​រៀបចំ​ខ្លួន​សិស្ស​ឲ្យ​រកឃើញ​ពី​គោលការណ៍​មួយ​បន្ថែម​ទៀត​ ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ឡើង​មក​ខាង​មុខ​ក្ដារខៀន ហើយ​ឲ្យ​នំប៉័ង​មួយ​ចំណិត​ដល់​ពួកគេ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ស្រង់ក្លិន​នំប៉័ង​នោះ ហើយ​ស្រមៃ​ពី​រស់ជាតិ​របស់​វា ។

  • តើ​នំប៉័ង​នេះ​នឹង​ចិញ្ចឹម​បីបាច់​អ្នក​បាន​ល្អ​ដល់​កម្រិត​ណា ប្រសិន​បើ​អ្នក​គ្រាន់តែ​ស្រង់ក្លិនវា ស្រមើ​ស្រមៃ​ពី​រស់​ជាតិ ហើយ​កាន់​វា​ពេញ​មួយ​ថ្ងៃ​នោះ ?

  • តើ​យើង​ត្រូវ​តែ​ធ្វើ​អ្វីខ្លះ​ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ពី​អ្វី​ដែល​នំប៉័ង​អាច​ផ្ដល់​ឲ្យ​បាន ?

សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ប្ដូរវេន​គ្នា​អាន​ឮៗ​ក្នុង យ៉ូហាន ៦:៤៩-៥៤ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​របៀប​ដែល​បទពិសោធន៍​របស់​មិត្ត​រួម​ថ្នាក់​របស់ពួកគេជាមួយ​នឹង​នំប៉័ង​អាច​ទាក់ទង​នឹង​អ្វី​ ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ។

  • តើ​នំប៉័ង​ជីវិត​ខុស​ពី​នំប៉័ង​ធម្មតា​ដូចម្ដេច ? ( មិន​ដូចជា​នំប៉័ង​ដែល​អាច​បំពេញ​សេចក្ដី​ស្រេក​ឃ្លាន​របស់​យើង​តែ​ក្នុង​រយៈ​ពេល​មួយ​ដ៏​ខ្លី​ឡើយ ព្រះយេស៊ូវគ្រីស្ទ​ប្រទាន​ពរជ័យ​ដល់​​យើង ​ដែល​​មាន​ជារៀង​រហូត )។

  • យោង​តាម ខទី ៥៣-៥៤តើ​ព្រះអង្គ​សង្គ្រោះ​​បានបង្រៀន​មនុស្ស​ទាំងនោះ​ឲ្យ​ធ្វើ​អ្វី​ខ្លះ ?

សូម​ពន្យល់​ថា ព្រះអង្គសង្គ្រោះ​បាន​ប្រើ​ពាក្យពិសា និង​ផឹក ជានិមិត្តរូប ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ដឹង​ពី​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ សូម​អញ្ជើញ​សិស្ស​នោះ​ទទួលទាន​នំប៉័ង ។ បន្ទាប់​មក​ សូម​អញ្ជើញ​ពួកគេ​ត្រឡប់​ទៅ​កន្លែង​អង្គុយ​វិញ ។

  • តើ​មាន​អ្វី​កើត​ឡើង​ចំពោះ​នំប៉័ង និង​សារធាតុ​ចិញ្ចឹម​របស់​វា នៅ​ពេល​វា​ត្រូវ​បាន​គេ​បរិភោគ​នោះ ? ( វីតាមីន និង​សារធាតុ​ចិញ្ចឹម​បាន​ក្លាយ​ជា​ផ្នែក​នៃ​រូបកាយ ដោយ​ផ្ដល់​ឲ្យ​រូបកាយ​នូវ​កម្លាំង និង​សុខភាពល្អ ) ។

  • តើ​អ្នក​គិត​ថា ការ​បរិភោគ​សាច់ ហើយ​ផឹក​ព្រះលោហិត​របស់​ព្រះយេស៊ូវគ្រីស្ទ មាន ន័យ​ដូចម្ដេច ? ( វា​អាច​មានន័យ​ថា ជា​ការ​បញ្ចូល​ការ​បង្រៀន និង​ដង្វាយធួន​របស់​ទ្រង់​នៅ​ក្នុង​ចិត្ត ។ វា​ក៏​អាច​តំណាង​ឲ្យ​ការ​ទទួល​ទាន​សាក្រាម៉ង់​ ដែល​ព្រះអង្គ​សង្គ្រោះ​នឹង​ធ្វើ​នៅ​ពេល​ក្រោយ​ផង​ដែរ ) ។

  • យោងតាម យ៉ូហាន ៦:៥៤តើ​យើងអាច​ទទួល​បាន​ពរជ័យ​អ្វីខ្លះ ប្រសិន​បើ​យើង​បញ្ចូល​នៅ​ក្នុង​ចិត្ត ឬ​អនុវត្ត​ការ​បង្រៀន និង​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ? ( បន្ទាប់​ពី​សិស្ស​ឆ្លើយ​ សូម​សរសេរ​គោលការណ៍​ខាង​ក្រោម​នេះ​នៅ​លើ​ក្ដារ​ខៀន ៖ ប្រសិន​បើ​យើង​បញ្ចូល​នៅ​ក្នុង​ចិត្ត ឬ​អនុវត្ត ការ​បង្រៀន និង​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ យើង​អាច​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន​ឮៗ​ពី​សេចក្ដីថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ​អែលឌើរ​ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​រក​របៀប​ដែល​លោក​បាន​មាន​ប្រសាសន៍​ថា យើង​អាច​បញ្ចូល​នៅ​ក្នុង​ចិត្ត​យើង​​នូវ​ការ​បង្រៀន និង​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

រូបភាព
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី

« ដើម្បី​ពិសា ហើយ​ផឹក​ព្រះលោហិត​របស់​ព្រះរាជបុត្រា​នៃ​ព្រះ ដំបូង​ត្រូវ​ទទួល​យក​ទ្រង់​យ៉ាង​ពេញ​លេញ​ថា​ជា​បុត្រ​ផ្ទាល់​ខាង​សាច់​ឈាម​របស់​ព្រះវរបិតា​ដ៏​អស់កល្ប​ជានិច្ច ហើយ​ទីពីរ ត្រូវ​គោរព​តាម​ព្រះបញ្ញត្តិ​របស់​ព្រះរាជបុត្រា ​ដោយ​ទទួល​យក​ដំណឹងល្អរបស់​ទ្រង់ ចូល​រួម​ក្នុង​សាសនាចក្រ​របស់​ទ្រង់ ហើយ​ស៊ូទ្រាំ​ក្នុង​ការ​គោរព​ប្រតិបត្តិ និង​សេចក្ដី​សុចរិត​ដរាប​ដល់​ចុង​បំផុត ។ អស់​អ្នក​ណា​ដែល​ពិសា​សាច់​របស់​ទ្រង់ ហើយ​ផឹក​ព្រះលោហិត​របស់​ទ្រង់​តាម​របៀប​នេះ​នឹង​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច មាន​ន័យ​ថា​ទទួល​បាន​ភាព​តម្កើង​ឡើង​នៅ​ក្នុង​ស្ថានសួគ៌​ដ៏​ខ្ពស់​នៃ​ពិភព​សេឡេស្ទាល » ( Doctrinal New Testament Commentary វ៉ុល ៣ [ ឆ្នាំ​១៩៦៥–៧៣ ] 1:358 ) ។

  • តើ​អែលឌើរ ម៉ាក់ខន់ឃី​ បាន​ណែនាំ​អ្វីខ្លះ​ ដល់​យើង​ឲ្យ​បញ្ចូល​ការ​បង្រៀន និង​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ក្នុង​ចិត្ត ?

សូម​ពន្យល់​ថា ជីវិតដ៏នៅអស់កល្បជានិច្ច​គឺ​ដើម្បី​រស់នៅ ហើយ​ប្រែក្លាយ​ដូចជា​ព្រះវរបិតាសួគ៌​របស់​យើង និង​ព្រះរាជបុត្រា​របស់​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ​ជារៀង​រហូត ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន យ៉ូហាន ៦:៥៦-៥៧ ​ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​របៀប​ដែល​យើង​អាច​ប្រែក្លាយ​ដូចជា​ពួក​ទ្រង់ នៅ​ពេល​បញ្ចូល​នៅ​ក្នុង​ចិត្ត​នូវ​ការ​បង្រៀន និង​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ ដែល​ពួកគេ​រកឃើញ ។

សូម​ពន្យល់​ថា ព្រះអង្គសង្គ្រោះ​នឹង​ពុំ​គង់​នៅ​ក្នុង​ខ្លួន​យើង​ជា​រូបកាយ​នោះ​ទេ ប៉ុន្តែ​ព្រះចេស្ដា​ដ៏​ទេវភាព​របស់​ទ្រង់​នឹង​នៅ​ជាមួយ​នឹង​យើង ​ដើម្បី​ជួយ​យើង​ឲ្យ​ប្រែក្លាយ​កាន់​តែ​ដូចជា​ទ្រង់ និង​ព្រះវរបិតា​សួគ៌ ។

សូម​សង្ខេប យ៉ូហាន ៦:៥៩–៦៦ ដោយ​ពន្យល់​ថា ពួក​សិស្ស​មួយ​ចំនួន​របស់​ព្រះយេស៊ូវ​បាន​បដិសេធ​ការ​បង្រៀន​របស់​ទ្រង់ ហើយ​ងាក​ចេញ​ពី​ការ​ដើរ​តាម​ទ្រង់ ។

សូម​ថ្លែង​ទីបន្ទាល់​របស់​អ្នក​អំពី​សេចក្ដី​ពិត​ ដែល​សិស្ស​​បាន​បង្ហាញ​ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​នៅ​ក្នុងសៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់ ឬ​សៀវភៅ​កំណត់​ត្រា​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ​នូវ​គោលដៅ​មួយ​សម្រាប់​របៀប ដែល​ពួកគេ​នឹង​បញ្ចូល​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ឬ​ការ​បង្រៀន​មួយ​របស់​ទ្រង់​នៅក្នុង​ចិត្ត​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង ។

មេរៀន​បន្ទាប់ (យ៉ូហាន ៧-១០)

សូម​ប្រាប់​សិស្ស​ថា នៅ​មេរៀន​បន្ទាប់ ពួកគេ​នឹង​រៀន​ពី​របៀប​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​ប្រព្រឹត្ត​ចំពោះ​ស្ត្រី​ម្នាក់​​ដែល​គេ​ចាប់បាន​ថា​ប្រព្រឹត្ត​អំពើ​កំផិត និង​អ្វី​ដែល​ទ្រង់​បាន​មាន​បន្ទូល​ ដើម្បី​បំបែក​ហ្វូង​មនុស្ស​ដែល​ចង់​សម្លាប់​នាង ។ អ្នក​អាច​សុំ​ឲ្យ​សិស្ស​បិទ​ភ្នែក ហើយ​ស្រមៃ​ថាតើ​ការ​ខ្វាក់​ភ្នែក​មាន​សភាព​បែប​ណា ។ បន្ទាប់​មក​សួរ​ថា តើ​ពួកគេ​នឹង​មាន​អារម្មណ៍​បែបណា​ដែរ ​ប្រសិន​បើ​បាន​ព្យាបាល​ឲ្យ​ជា​ពី​ការ​ខ្វាក់​នោះ ហើយ​មើល​ឃើញ​ជា​លើក​ដំបូង ។ សិស្ស​នឹង​អាន​អំពី​បុរស​ខ្វាក់ភ្នែក​ម្នាក់​​ដែលគាត់មិនថែមទាំងបានភ្លឺខាងរូបកាយប៉ុណ្ណោះទេ ប៉ុន្តែ​ថែម​ទាំងទទួលបានពន្លឺខាង​វិញ្ញាណ​ទៀត​ផង ហើយ​បាន​ទទួល​នូវ​សាក្សី​មួយ​ថា ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ ។ ពួកគេ​ក៏​នឹង​រៀន​ពី​ហេតុផល​ដែល​ព្រះអង្គ​សង្គ្រោះ​ហៅ​អង្គ​ទ្រង់​ថា ជា​អ្នក​គង្វាល​ល្អ និង​ពី​ព្រះចេស្ដា​​ដែល​ទ្រង់​បាន​មាន​បន្ទូល​ថា​ ទ្រង់​បាន​ទទួល​ពី​ព្រះវរបិតា ។