មេរៀនទី ១១៨
កាឡាទី ១–៤
សេចក្តីផ្ដើម
សាវកប៉ុលបានស្ដីបន្ទោសដល់ពួកបរិសុទ្ធនៅកាឡាទីចំពោះការធ្វើតាមការបង្រៀនខុសឆ្គង ហើយបានបង្រៀនថា ពួកគេអាចក្លាយជាអ្នកគ្រងមរតករបស់ព្រះ តាមរយៈការមានសេចក្ដីជំនឿ និងការធ្វើតាមព្រះយេស៊ូវគ្រីស្ទ ។
យោបល់សម្រាប់ការបង្រៀន
កាឡាទី ១–២
ប៉ុលបានស្ដីបន្ទោសដល់ពួកបរិសុទ្ធចំពោះការធ្វើតាមគ្រូបង្រៀនខុសឆ្គង ហើយលើកទឹកចិត្តពួកគេឲ្យត្រឡប់មករកដំណឹងល្អវិញ
សូមអញ្ជើញសិស្សឲ្យនឹកស្រមៃថា បងប្អូន ឬមិត្តរបស់ពួកគេម្នាក់បានបង្ហាញប្រាប់ថា ពួកគេពុំប្រាកដថា ការបង្រៀនរបស់សាសនាចក្រគឺជាការពិតទៀតឡើយ ។ ជាលទ្ធផល បុគ្គលនេះបានឈប់ចូលរួមក្នុងសាសនាចក្រ ហើយឈប់រស់នៅតាមដំណឹងល្អតទៅទៀត ។ ចូរសុំឲ្យសិស្សសរសេរនៅក្នុងសៀវភៅកំណត់ចំណាំក្នុងថ្នាក់ ឬសៀវភៅកំណត់ត្រាការសិក្សាព្រះគម្ពីររបស់ពួកគេអំពីអ្វីដែលពួកគេនឹងនិយាយទៅកាន់បងប្អូន ឬមិត្តម្នាក់នេះ ដើម្បីជួយពួកគេឲ្យដឹងថា ការបង្រៀនរបស់សាសនាចក្រគឺពិត ។
សូមអញ្ជើញសិស្សឲ្យរកមើលសេចក្ដីពិតមួយ នៅពេលពួកគេសិក្សាកាឡាទី ១ដែលអាចជួយពួកគេឲ្យដឹងពីរបៀបដើម្បីទទួលស្គាល់ការបង្រៀនពិត ។
ចូរពន្យល់ថា កាឡាទីគឺជាតំបន់មួយនៅអាស៊ីតូចកណ្ដាលភាគខាងជើង ដែលរួមមាននូវទីក្រុងជាច្រើន ដែលប៉ុលបានទៅសួរសុខទុក្ខ អំឡុងការធ្វើដំណើរផ្សព្វផ្សាយសាសនាទីពីរ និងទីបីរបស់លោក ( សូមមើលកិច្ចការ ១៦:៦,១៨:២៣) ។ ( អ្នកគួរតែអញ្ជើញឲ្យសិស្សរកទីតាំងកាឡាទីនៅលើផែនទីក្នុងព្រះគម្ពីរប៊ីប ល.រ. ១៣ « ដំណើររបស់សាវកប៉ុលទៅផ្សាយសាសនា » ) ។ សូមអញ្ជើញសិស្សម្នាក់អាន កាឡាទី ១:៦–៧ឲ្យឮៗ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាមរកមើលបញ្ហាមួយ ដែលកើតមាននៅក្នុងចំណោមពួកបរិសុទ្ធនៅកាឡាទី ។
-
ហេតុអ្វីក៏មានពួកបរិសុទ្ធនៅកាឡាទីជាច្រើនងាកចេញពីដំណឹងល្អពិត ?
សូមពន្យល់ ថាអ្នកទាំងឡាយណាដែលរុកគួនដល់ពួកកាឡាទី ហើយបង្ខូចការបង្រៀនដំណឹងល្អបានកំពុងបង្កើតនូវភាពសង្ស័យ ( សូមមើល កាឡាទី ១:៧) អំពីការបង្រៀនរបស់ប៉ុលថា សេចក្ដីសង្គ្រោះកើតមានតែតាមរយៈព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ ។ គ្រូបង្រៀនខុសឆ្គងទាំងនេះ គឺជាពួកគ្រីស្ទានសាសន៍យូដាដែលបានអះអាងថាពួកបរិសុទ្ធកាឡាទីត្រូវតែកាត់ស្បែក ( សូមមើល Bible Dictionary« Circumcision ») ហើយបានគោរពតាមក្បួនសាសនានៃក្រឹត្យវិន័យរបស់ម៉ូសេដើម្បីត្រូវបានសង្គ្រោះ ។
សូមអញ្ជើញសិស្សម្នាក់អាន កាឡាទី ១:៨–៩ឲ្យឮៗ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលថាតើប៉ុលបាននិយាយដូចម្តេចអំពីអ្នកទាំងឡាយដែលផ្សាយដំណឹងល្អផ្ទុយទៅនឹងដំណឹងល្អ ដែលលោកបានផ្សាយក្នុងនាមជាសាវកមួយរូបរបស់ព្រះអម្ចាស់នោះ ។ សូមឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេរកឃើញ ។
ចូរសុំឲ្យសិស្សម្នាក់អាន កាឡាទី ១:១០–១២ ឲ្យឮៗ ។ ចូរសុំសិស្សក្នុងថ្នាក់ឲ្យផ្ទៀងតាម រកមើលថានរណាជាប្រភពនៃការបង្រៀនរបស់ប៉ុល ។
-
យោងតាមខទី ១២តើនរណាទៅជាប្រភពនៃការបង្រៀនរបស់ប៉ុល ?
-
តើសេចក្ដីពិតអ្វីខ្លះដែលយើងអាចរៀនមកពីពាក្យសម្ដីរបស់ប៉ុលនៅក្នុងខទី ១០–១២អំពីគោលលទ្ធិពិត ? ( សិស្សអាចនឹងប្រើពាក្យផ្សេងៗ ប៉ុន្តែចូរប្រាកដថា ពួកគេស្គាល់សេចក្ដីពិតដូចខាងក្រោមនេះ ៖ ព្រះយេស៊ូវគ្រីស្ទបើកសម្ដែងគោលលទ្ធិពិតដល់ពួកព្យាការីរបស់ទ្រង់ )។
-
តើការចងចាំសេចក្ដីពិតនេះ អាចជួយយើងនៅពេលយើងមានចម្ងល់អំពីការបង្រៀនរបស់ព្យាការីយ៉ាងដូចម្ដេច ?
សូមពន្យល់ថា ដោយសារព្រះយេស៊ូវគ្រីស្ទបើកសម្ដែងគោលលទ្ធិពិតដល់ពួកព្យាការីរបស់ទ្រង់ នោះទ្រង់ក៏អាចបើកសម្ដែងដល់យើងនូវភាពពិតពេញលេញអំពីការបង្រៀនរបស់ព្យាការីផងដែរ ។
-
តើយើងអាចធ្វើដូចម្តេចខ្លះ ដើម្បីទទួលបានវិវរណៈមកពីព្រះអម្ចាស់ដើម្បីយើងអាចដឹងដោយខ្លួនយើងថា ការបង្រៀនរបស់ព្យាការីគឺជាការពិត ?
សូមរំឭកសិស្សពីស្ថានភាពដែលបានណែនាំកាលពីខាងដើមមេរៀន ។ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យពន្យល់ដល់សិស្សក្នុងថ្នាក់អំពីរបៀបដែលពួកគេនឹងប្រើសេចក្ដីពិត ដែលពួកគេទើបតែបានស្គាល់អំពីវិវរណៈ ដើម្បីឆ្លើយតបទៅមនុស្សដែលមានចម្ងល់សង្ស័យអំពីការបង្រៀនរបស់សាសនាចក្រ ។
សូមថ្លែងទីបន្ទាល់ថា យើងអាចទទួលស្គាល់គោលលទ្ធិពិត នៅពេលយើងសិក្សាពីការបង្រៀនរបស់ព្យាការី ហើយស្វែងរកវិវរណៈមកពីព្រះអម្ចាស់ ។
សូមសង្ខេបកាឡាទី ១:១៣–២:២១ដោយពន្យល់ថា ប៉ុលបានរៀបរាប់អំពីការផ្លាស់ប្រែចិត្តជឿរបស់លោក និងការធ្វើដំណើរផ្សព្វផ្សាយសាសនាកាលពីដំបូង ។ លោកក៏ពន្យល់ផងដែរថា សេចក្ដីសង្គ្រោះពុំកើតមាននៅក្នុងក្រឹតវិន័យរបស់ម៉ូសេឡើយ ប៉ុន្តែយើងត្រូវបានអភ័យទោស ឬរាប់ជាសុចរិតតាមរយៈសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទទៅវិញទេ ។
កាឡាទី ៣–៤
ប៉ុលអញ្ជើញពួកកាឡាទីឲ្យទទួលពរជ័យទាំងអស់ ដែលបានសន្យាដល់អ័ប្រាហាំតាមរយៈព្រះយេស៊ូវគ្រីស្ទ
សូមអានស្ថានភាពដូចខាងក្រោមឮៗ ៖ បន្ទាប់ពីការអាននីមួយៗរួចហើយ ចូរសុំឲ្យសិស្សពន្យល់ថា ហេតុអ្វីក៏បុគ្គលម្នាក់ៗនៅក្នុងស្ថានភាពនោះអាចមានអារម្មណ៍ថា ឥតទទួលផលប្រយោជន៍នៅក្នុងការទទួលគ្រប់ពរជ័យរបស់ព្រះអម្ចាស់ បើប្រៀបធៀបទៅនឹងអ្នកដទៃទៀតនៅក្នុងសាសនាចក្រ ដែលស្មោះត្រង់ចំពោះដំណឹងល្អចាប់តាំងពីវ័យក្មេងមក ។
-
យុវជនម្នាក់បានធំឡើងនៅក្នុងគ្រួសារមិនសូវសកម្មមួយ ហើយមិនបានរៀនអំពីដំណឹងល្អកាលពីគាត់នៅក្មេងនោះទេ ។ គ្រួសារគាត់ឥឡូវនេះ បានត្រឡប់មកសកម្មក្នុងសាសនាចក្រ ហើយកំពុងចាប់ផ្ដើមរៀន និងរស់នៅតាមដំណឹងល្អវិញ ។
-
ស្ត្រីម្នាក់រិះគន់សាសនាចក្រអស់ជាច្រើនឆ្នាំ ។ ថ្មីៗនេះ គាត់បានមានការផ្លាស់ប្ដូរដួងចិត្ត ហើយបានទទួលបុណ្យជ្រមុជទឹក ។
សូមអញ្ជើញសិស្សឲ្យរកមើលសេចក្ដីពិត នៅពេលពួកគេសិក្សា កាឡាទី ៣–៤ដែលអាចជួយយើងឲ្យយល់អំពីពរជ័យដែលមានចំពោះមនុស្សគ្រប់រូប ទោះជាពួកគេមានស្ថានភាព និងការជ្រើសរើសពីអតីតកាលយ៉ាងណាក៏ដោយ ។
ចូរពន្យល់ថា ពួកបរិសុទ្ធនៅកាឡាទីជាច្រើនគឺជាអ្នកផ្លាស់ប្រែចិត្តជឿសាសន៍ដទៃមកចូលគ្រីស្ទសាសនា ហើយដូច្នេះពួកគេពុំមែនជាពូជអំបូរបស់អ័ប្រាហាំ ដែលពរជ័យទាំងអស់របស់ព្រះត្រូវបានសន្យានោះទេ ។ សូមអញ្ជើញសិស្សម្នាក់អាន កាឡាទី ៣:៧–៩ឲ្យឮៗ ។ ចូរសុំសិស្សក្នុងថ្នាក់ឲ្យផ្ទៀងតាម រកមើលថាតើប៉ុលបានបង្រៀនអ្វីខ្លះអំពីអ្នកទាំងឡាយដែល « មានសេចក្ដីជំនឿ » (ខទី ៧) ឬដែលជឿទៅលើព្រះយេស៊ូវគ្រីស្ទ ។
-
តើប៉ុលបានបង្រៀនអ្វីខ្លះអំពីអ្នកទាំងឡាយដែលជឿទៅលើព្រះយេស៊ូវគ្រីស្ទ ?
-
យោងតាមខទី ៨តើព្រះអម្ចាស់បានសន្យាអ្វីខ្លះដល់អ័ប្រាហាំ ?
-
យោងតាមខទី ៩តើមានអ្វីខ្លះនឹងកើតឡើងចំពោះអ្នកទាំងឡាយដែលមានសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ?
ចូរពន្យល់ថាដើម្បី « បានពរជាមួយនឹងលោកអ័ប្រាហាំ ដែលជាអ្នកជឿ » សំដៅទៅលើការទទួលបានប្រយោជន៍មកពីសេចក្ដីសញ្ញាដែលព្រះបានចុះជាមួយអ័ប្រាហាំថា តាមរយៈលោក នោះមនុស្សទាំងអស់អាចរីករាយនឹងពរជ័យទាំងឡាយនៃដំណឹងល្អ ( សូមមើល អ័ប្រាហាំ ២:១១) ។
សូមសង្ខេបកាឡាទី ៣:១០–២៥ដោយពន្យល់ថា ប៉ុលបានបង្រៀនថា ក្រឹត្យវិន័យរបស់ម៉ូសេមានបំណងចង់ជួយឲ្យពួកសាសន៍អ៊ីស្រាអែលមករកព្រះយេស៊ូវគ្រីស្ទ ហើយត្រូវបានរាប់ទុកជាសុចរិតតាមរយៈសេចក្ដីជំនឿទៅលើទ្រង់ ។
ចូរសុំឲ្យសិស្សម្នាក់អាន កាឡាទី ៣:២៦–២៧ ឲ្យឮៗ ។ ចូរសុំឲ្យសិស្សផ្ទៀងតាម រកមើលអ្វីដែលយើងត្រូវធ្វើដើម្បីទទួលបានពរជ័យទាំងឡាយដែលបានសន្យាដល់លោកអ័ប្រាហាំ ។
-
តើយើងត្រូវធ្វើអ្វីខ្លះ ដើម្បីទទួលពរជ័យដែលបានសន្យាដល់លោកអ័ប្រាហាំ ?
សូមសរសេរប្រយោគមិនពេញលេញខាងក្រោមនៅលើក្ដារខៀន ៖ អស់អ្នកទាំងឡាយដែលអនុវត្តសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ហើយចូលក្នុងសេចក្ដីសញ្ញានៃដំណឹងល្អនឹងក្លាយជា…
ចូរសុំឲ្យសិស្សម្នាក់អាន កាឡាទី ៣:២៨–២៩ ឲ្យឮៗ ។ ចូរសុំឲ្យសិស្សផ្ទៀងតាម រកមើលពាក្យ ឬឃ្លាដែលគេអាចប្រើដើម្បីបំពេញសេចក្ដីថ្លែងការណ៍អំពីគោលការណ៍នៅលើក្ដារខៀនដែលមិនពេញលេញនោះ ។
-
យោងតាមខទី ២៨តើបុគ្គលម្នាក់ៗមានការប្រែប្រួលយ៉ាងណា នៅពេលពួកគេចូលមកក្នុងសេចក្ដីសញ្ញានៃដំណឹងល្អ ?
-
យោងតាមខទី ២៩តើអ្នកទាំងឡាយដែលត្រូវបានរាប់បញ្ចូលនៅក្នុងចំណោមពូជអ័ប្រាហាំតាមរយៈព្រះយេស៊ូវគ្រីស្ទនឹងប្រែទៅជាយ៉ាងណាដែរ ?
ចូរពន្យល់ថា អ្នកគ្រងមរតកគឺជាមនុស្សម្នាក់ដែលមានសិទ្ធិតាមច្បាប់ដើម្បីទទួលអចលនទ្រព្យ ឬរបស់ផងរបស់អ្នកដទៃផ្សេងទៀត ។
សូមអញ្ជើញសិស្សម្នាក់អាន កាឡាទី ៤:៧ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលថា តើយើងអាចក្លាយជាអ្នកគ្រងមរតករបស់នរណា ។
-
តើយើងអាចក្លាយជាអ្នកគ្រងមរតករបស់នរណា ? ( សូមប្រើពាក្យរបស់សិស្ស ដើម្បីបំពេញសេចក្ដីថ្លែងការណ៍អំពីគោលកាណ៍នៅលើក្ដារខៀន ដើម្បីវានាំទៅរកសេចក្ដីពិតដូចខាងក្រោមនេះ ៖ សិស្សក៏បានរៀនផងដែរថា អស់អ្នកទាំងឡាយដែលអនុវត្តសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ហើយទៅក្នុងសេចក្ដីសញ្ញានៃដំណឹងល្អ នឹងប្រែក្លាយទៅជាតែមួយនៅក្នុងព្រះគ្រីស្ទ ហើយជាអ្នកគ្រងមរតករបស់ព្រះ) ។
-
ហេតុអ្វីក៏វាសំខាន់ដើម្បីដឹងថា ព្រះសន្យាពរជ័យទាំងនេះដល់មនុស្សគ្រប់គ្នាដែលបានចូលក្នុងសេចក្ដីសញ្ញា មិនថាពួកគេមានកាលៈទេសៈយ៉ាងណានោះទេ ?
សូមថ្លែងទីបន្ទាល់ថា ការសន្យារបស់ព្រះវរបិតាសួគ៌ គឺសម្រាប់មនុស្សគ្រប់គ្នាដែលចូលទៅក្នុងសេចក្ដីសញ្ញាដំណឹងល្អ ។ សូមលើកទឹកចិត្តសិស្សឲ្យស្មោះត្រង់ចំពោះសេចក្ដីសញ្ញាទាំងឡាយដែលពួកគេបានធ្វើ ។
សូមសង្ខេប កាឡាទី៤:៨–៣១ដោយពន្យល់ថា ប៉ុលបានអញ្ជើញពួកបរិសុទ្ធនៅកាឡាទីឲ្យត្រឡប់ទៅរកព្រះគ្រីស្ទ និងគេចចេញពីសេវកភាពដែលកើតមានមកពីការបូជាខ្លួនតាមក្រឹត្យវិន័យរបស់ម៉ូសេ ។