បណ្ណាល័យ
មេរៀន​ទី ៨៤ ៖ កិច្ចការ ៣


មេរៀន​ទី ៨៤

កិច្ចការ ៣

សេចក្ដីផ្ដើម

នៅ​ឯក្លោងទ្វារ​នៃ​ព្រះវិហារបរិសុទ្ធ ពេត្រុស ដែល​បាន​ទៅអម​ដោយយ៉ូហាន បាន​ព្យាបាល​បុរស​ម្នាក់​ដែល​កើតមក​ពិការ ។ បន្ទាប់មក ពេត្រុស​បានបង្រៀនដល់ប្រជាជន​ដែល​បាន​ធ្វើជា​សាក្សី​អំពី​ការ​ព្យាបាល​​បុរស​នេះ ។ គាត់បាន​ថ្លែងទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ បានអញ្ជើញពួកគេ​ឲ្យ​ប្រែចិត្ត ហើយ​ព្យាករ​អំពី​ការ​ស្ដារឡើងវិញនៃ​ដំណឹងល្អ​នៅថ្ងៃចុង​ក្រោយ ។

យោបល់​សម្រាប់​ការបង្រៀន

កិច្ចការ ៣:១-១១

ពេត្រុស និង​យ៉ូហាន បាន​ព្យាបាល​បុរស​ម្នាក់​ដែល​កើត​មក​ពិការ

សូមអញ្ជើញសិស្ស​ឲ្យគិត​អំពី​គ្រា​មួយ ដែលពួកគេ​បានសូម​អ្វីមួយជាក់លាក់ ( ប្រហែលជា​អំណោយ​ខួបកំណើត ឬ​អំណោយ​បុណ្យគ្រីស្ទម៉ាស់ ) ប៉ុន្តែ​បាន​ទទួល​អ្វីមួយ​ផ្សេង​ជំនួស​វិញ ។ ចូរ​សុំ​ឲ្យ​ពួកគេ​ពីរបីនាក់ ចែកចាយ​បទពិសោធន៍​របស់ពួកគេ ហើយពន្យល់​ថា​តើ​ពួកគេ​មាន​​អារម្មណ៍​យ៉ាងណា នៅពេលពួកគេ​ពុំ​បាន​ទទួលនូវអ្វី​ដែលពួកគេ​ចង់​បាន​នោះ ។​

  • តើ​យើង​អាច​ប្រៀបធៀប​បទពិសោធន៍​ទាំងនេះ​ ទៅនឹង​ការ​ស្វែងរក​ពរជ័យមកពី​ព្រះវរបិតាសួគ៌​​តាមរយៈ​ការ​អធិស្ឋាន​យ៉ាង​ដូចម្ដេច ? ( ពេលខ្លះ ព្រះវរបិតា​សួគ៌​ពុំ​ឆ្លើយ​តប​ការ​អធិស្ឋាន​របស់​យើង​តាម​របៀប​ដែល​យើង​បាន​រំពឹងទុក ឬ​ប្រទានអ្វី​ដែលយើង​ទូលសូម​នោះទេ ) ។

ចូរ​សុំ​ឲ្យសិស្ស​ពិចារណា​អំពីបទពិសោធន៍​នានា ដែលនៅក្នុងនោះពួកគេ​ពុំ​ទទួល​បានចម្លើយ​ ឬ​ពរជ័យ​មកពី​ព្រះវរបិតាសួគ៌ ដូច​ដែលពួកគេ​រំពឹងទុក​នោះ ។

សូមអញ្ជើញសិស្ស​ក្នុងថ្នាក់​ឲ្យ​រកមើល​គោលការណ៍​មួយ នៅពេល​ពួកគេ​សិក្សា​កិច្ចការ ៣ដែលនឹង​ជួយ​ពួកគេ​ នៅពេលពួកគេ​មិនបានទទួល​ច​ម្លើយ ឬ​ពរជ័យ​ទាំងឡាយ​ដែលពួកគេ​រំពឹង​ចង់បាន​មកពីព្រះអម្ចាស់នោះ ។

សូម​អញ្ជើញ​ឲ្យ​សិស្ស​ម្នាក់​អាន កិច្ចការ ៣:១-៣ ឮៗ ។ ចូរ​សុំ​ឲ្យសិស្ស​ផ្ទៀងតាម ហើយ​រកមើល​ថា​នរណា​ដែលពេត្រុស និង​យ៉ូហាន​បានជួប​នៅឯ​ក្លោង​ទ្វារនៃ​ព្រះវិហារបរិសុទ្ធ ។

  • តើពេត្រុស​ និង​យ៉ូហាន បានជួប​នឹង​នរណា​នៅឯក្លោង​ទ្វារ​ព្រះវិហារ​បរិសុទ្ធ ?

  • តើ​វាមានន័យ​យ៉ាងណា​ដែលបុរស​នេះ « គាត់​​សូម​ទាន » ? (ខ ៣) ។ ( អ្នកគប្បី​ពន្យល់​ថាទានគឺជា​វត្ថុ​ដែលមនុស្ស​បរិច្ចាគ​ដល់​ជនក្រីក្រ ) ។

សូមចង្អុល​បង្ហាញថា យើងរៀនមកពីកិច្ចការ ៤:២២ថា បុរស​ពិការ គឺ​មានវ័យ​ច្រើនជាង ៤០ ឆ្នាំ​ហើយ ។

  • ចូរ​ពិចារណា​ថា បុរស​នេះ​ពុំ​អាច​ដើរ​រួច​អស់ ៤០ ឆ្នាំ តើ​​ជើង​ខ្វិន​របស់គាត់​ស្ថិត​នៅក្នុង​ស្ថានភាព​បែប​ណា​ទៅ ?

សូមអញ្ជើញសិស្ស​ឲ្យពិចារណា​ថា​ តើ​គេ​នឹង​មានអារម្មណ៍​យ៉ាងណា​ដែលស្ថិត​នៅក្នុង​ស្ថានភាព​បុរស​ខ្វិន​នោះ ។

  • តើ​របៀប​ជាក់លាក់មួយចំនួនអ្វីខ្លះ ​ដែលមនុស្ស​អាច​ឆ្លើយ​តប​ចំពោះ​មនុស្ស​ម្នាក់​នៅក្នុង​ស្ថានភាពដូចបុរស​នេះ ?

សូម​អញ្ជើញ​ឲ្យ​សិស្ស​ម្នាក់​អាន កិច្ចការ ៣:៤-៧ ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​ ហើយ​រកមើលរបៀប​ដែល​​ពេត្រុស​​​បានធ្វើ​ដល់បុរស​ម្នាក់​នេះ ។

  • តើពេត្រុស​បានធ្វើអ្វីសម្រាប់បុរស​ម្នាក់នេះ ?

  • តើ​អ្វីខ្លះ​ដែលបាន​លេចធ្លោ​ចំពោះអ្នក​អំពី​សកម្មភាព​ និង​ពាក្យ​សម្ដី​របស់ពេត្រុស​ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អានកិច្ចការ ៣:៨ឮៗ ហើយ​សូម​ឲ្យ​សិស្ស​ក្នុងថ្នាក់រកមើល​នូវអ្វី​ដែលបុរស​បានធ្វើ បន្ទាប់ពីពេត្រុស « លើក​គាត់​ឡើង » (ខ ៧) ។

  • តើ​បុរស​នោះបានធ្វើអ្វីខ្លះ បន្ទាប់ពីពេត្រុស « បានលើកគាត់ឡើង » ?

  • តើ​បុរស​នេះ​បានទទួល​ពរជ័យ​តាមរបៀប​ណា ដែល​វា​អស្ចារ្យ​ជាង​ទាន​ដែល​គាត់​បានសូម​​តាំងពី​ដើមនោះ ?

សូមលើក​ទឹកចិត្ត​ដល់​សិស្ស​​ឲ្យនឹកគិត​អំពីបទពិសោធន៍​ដែលពួកគេ​បាន​ទទួល​ចម្លើយ ឬ​ពរជ័យ​មួយមកពីព្រះវរបិតាសួគ៌ ដែល​ខុសគ្នា​ពី​ចម្លើយ ឬ​ពរជ័យ​ដែលពួកគេ​បាន​រំពឹងទុក​នោះ ។

  • តើ​សេចក្ដីពិតអ្វីខ្លះ​ ដែល​យើងអាច​រៀនមកពីកិច្ចការ ៣:១-៨ដែលអាច​ជួយយើង​នៅពេល​យើងពុំ​ទទួលបាន​ចម្លើយ ឬ​ពរជ័យ​ដែល​យើង​រំពឹងទុក្ខ​មកពីព្រះវរបិតាសួគ៌ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុស​គ្នា ប៉ុន្តែ​ពួកគេ​គួរ​ស្គាល់​ពី​សេចក្ដី​ពិត​ខាងក្រោម​នេះ ៖ព្រះវរបិតាសួគ៌​ប្រហែល​នឹង​មិន​ឆ្លើយ​តប ​ចំពោះ​ការ​អធិស្ឋាន​របស់យើង ​តាម​វិធី​ដែល​យើង​ចង់​បាន ឬ​រំពឹង​ចង់បានពី​ទ្រង់​ឡើយ ប៉ុន្តែ​ចម្លើយ​របស់​យើង​តែង​តែ​សម្រាប់​សេចក្ដី​ល្អ​បំផុត​ដល់​យើង​ជានិច្ច ។ ចូរ​សរសេរ​សេចក្ដីពិត​នេះ​នៅលើ​ក្ដារខៀន ហើយពិចារណា​ធ្វើការ​អញ្ជើញសិស្ស​ឲ្យសរសេរ​វា​នៅ​រឹម​​គម្ពីរ​របស់ពួកគេ​ជិត​នឹងខ ៦) ។

  • តើ​ព្រះវរបិតាសួគ៌​អាច​ឆ្លើយ​តប​ការ​អធិស្ឋាន​របស់​យើង ​ខុស​ពី​របៀប​ដែល​យើង​ចង់​បាន ឬ​រំពឹង​ទុក​ពី​ទ្រង់​យ៉ាង​ដូចម្ដេច ? ( ឧទាហរណ៍ ទ្រង់​អាច​ប្រទាន​កម្លាំង​ដល់យើង​ដើម្បី​ស៊ូទ្រាំ​ការ​សាកល្បង​មួយ ជាជាង​ដក​វាចេញ ឬ​ទ្រង់អាច​នឹង​ប្រទាន​ប្រាជ្ញា​ដល់​យើង ដើម្បីជួយ​យើង​ដោះ​ស្រាយ​បញ្ហា​មួយ​ ជាជាង​ដោះ​ស្រាយ​បញ្ហា​ជំនួស​យើង ) ។

ចូរ​ពន្យល់​ថា នៅក្នុង​ដំណើរ​រឿង​ដែលបាន​កត់ត្រា​នៅក្នុងកិច្ចការ ៣:១-៨វា​បង្ហាញជាក់ស្ដែង​ថា អ្វីដែលបុរស​នេះ​បានទទួល​គឺ​អស្ចារ្យ​ជាង​អ្វី​ដែល​គាត់បាន​សុំទាន ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅក្នុងករណី​ផ្សេងទៀត វា​អាច​នឹង​មិនច្បាស់​ថា អ្វីដែល​យើង​កំពុង​ទទួលបាន​គឺអស្ចារ្យ​ជាង​អ្វី​ដែល​យើង​សុំ​នោះទេ ។

  • តើ​ការ​ចងចាំ​សេចក្ដីពិត​ដែលបាន​សរសេរ​នៅលើ​ក្ដារខៀន​អាច​ជួយយើង​ នៅពេល​យើង​ទទួល​ចម្លើយ​ចំពោះ​ការ​អធិស្ឋាន​មួយ ​ដែល​ខុសពី​ចម្លើយ​ដែល​យើង​រំពឹងទុកបាន​​យ៉ាង​ដូចម្ដេច ?

សូមអញ្ជើញសិស្ស​ឲ្យពិចារណា​អំពី​បទពិសោធន៍​ ដែល​ចម្លើយ​របស់ព្រះអម្ចាស់​ចំពោះ​ការអធិស្ឋាន​​របស់ពួកគេ​ខុសគ្នា​ពី​ចម្លើយ​ដែលពួកគេ​ចង់បាន ប៉ុន្តែ​ត្រឡប់​ទៅជា​សម្រាប់​សេចក្ដីល្អ​កាន់តែ​ប្រសើរ​របស់គេ​វិញ ។ សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​បទពិសោធន៍​របស់​ពួកគេ ។ អ្នក​ក៏​អាច​ចែកចាយ​ពី​បទពិសោធន៍​ផ្ទាល់ខ្លួន​ដែរ ។

សូម​អញ្ជើញ​ឲ្យ​សិស្ស​ម្នាក់​អាន កិច្ចការ ៣:៩-១១ ឮៗ ។ ចូរ​សុំ​ឲ្យសិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម ហើយ​រកមើល​របៀប​ ដែល​មនុស្សបាន​មាន​ប្រតិកម្ម​ចំពោះ​ការ​ព្យាបាល​បុរស​នេះ ។

  • តើ​ប្រជាជន​បានមាន​​ប្រតិកម្ម​ចំពោះ​ការព្យាបាល​បុរស​នេះ​យ៉ាងដូចម្ដេច ?

កិច្ចការ ៣:១២-២៦

ពេត្រុសថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ហើយ​ផ្សាយពី​ការ​ប្រែចិត្ត

សូមអញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​នឹកស្រមៃ​ថា ពួកគេ​ស្ថិត​នៅក្នុង​ចំណោម​មនុស្ស​នៅ​ព្រះវិហារ​បរិសុទ្ធ ដែល​បានធ្វើជា​សាក្សី​អំពីការព្យាបាល​បុរស​ខ្វិន​នោះ ។ សូមចង្អុលបង្ហាញថា មនុស្ស​ទាំងនេះបាន​ឃើញ​បុរស​ខ្វិន​នេះ​សូមទាន​ជា​ញឹកញាប់ នៅពេល​ពួកគេ​បាន​ចូល​តាម​ឯក្លោងទ្វា​រព្រះវិហារបរិសុទ្ធ ប៉ុន្តែ​បន្ទាប់ពី​គាត់​​ត្រូវ​បាន​ព្យាបាល នោះពួកគេ​បាន​ឃើញ​គាត់​លោត ហើយ​ដើរ ។

  • ប្រសិន​បើអ្នក​ស្ថិត​នៅក្នុង​ចំណោម​មនុស្ស​នៅ​ព្រះវិហារបរិសុទ្ធ តើ​អ្នកគិត​ថា ​ទស្សនៈ​របស់អ្នកអំពីពេត្រុស និង​យ៉ូហាន ប្រហែលជាអាច​​ផ្លាស់ប្ដូរ​យ៉ាងដូចម្ដេច​ បន្ទាប់​ពី​បាន​ឃើញ​អព្ភូតហេតុ​នេះ ?

សូម​បំបែក​សិស្ស​ជា​គូ ។ សូម​អញ្ជើញ​ដៃគូ​នីមួយៗ​ឲ្យ​អានកិច្ចការ ៣:១២-១៦​ឮៗ​ជាមួយគ្នា ហើយ​ស្វែងរក​របៀប ​ដែល​ពេត្រុស​បាន​ពន្យល់​អំពី​ការ​ព្យាបាល​បុរស​ខ្វិន​ចំពោះ​ហ្វូង​មនុស្ស ។ បន្ទាប់​ពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ​នោះ សូម​សួរ ៖

  • តើ​ពេត្រុស​បានយក​ការ​សរសើរដាក់ខ្លួនឯង ​ចំពោះការ​ព្យាបាល​បុរស​នោះ​ឬទេ ?

  • តើ​ពេត្រុស​និយាយ​ថា បុរស​នេះ​ត្រូវ​បាន​ព្យាបាល​ដោយ​អំណាច​អ្វី ? ( បន្ទាប់ពីសិស្ស​បាន​ឆ្លើយ ​សូមសរសេរ​សេចក្ដី​ពិត​​ខាងក្រោម​នៅ​លើ​ក្ដារខៀន ៖ពួកអ្នកបម្រើ​របស់ព្រះយេស៊ូវគ្រីស្ទ អាច​ធ្វើអព្ភូតហេតុ​តាមរយៈ​សេចក្ដីជំនឿ​​ទៅលើ​ព្រះនាម​របស់ទ្រង់ )

ចូរ​ពន្យល់​ថា ពេត្រុស​បានប្រើ​ស្ថានភាព​នេះ​ ដើម្បីបង្រៀន​មនុស្ស​អំពីព្រះយេស៊ូវ​គ្រីស្ទ ដែល​ត្រូវ​បានកាត់ទោស​ដល់​សុគត​ ដោយ​រាស្ត្រ​របស់ទ្រង់​ក្នុងពេលថ្មីៗនោះ ប៉ុន្តែ​បាន​យក​ឈ្នះ​លើ​សេចក្ដីស្លាប់​តាមរយៈ​ការ​រស់ឡើងវិញ​របស់ទ្រង់ ។

សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យអានកិច្ចការ ៣:១៧-២១​ឮៗ រួមទាំង​ការផ្លាស់ប្ដូរ​ក្នុង​ការ​​បកប្រែ​ដោយ​ យ៉ូសែប ស្ម៊ីធ ចំពោះ ខទី ១៧  ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​ ហើយ​រកមើលការអញ្ជើញ​របស់ពេត្រុស​ដល់​ប្រជាជន ។

  • តើ​ពេត្រុស​អញ្ជើញ​​មនុស្ស​ឲ្យ​ធ្វើអ្វីខ្លះ ?

ដើម្បីជួយសិស្ស​យល់អំពីសារលិខិត​របស់ពេត្រុស សូម​ចង្អុលបង្ហាញ​ថា ពេត្រុស កំពុង​និយាយ​ទៅកាន់ប្រជាជន​ ដែល​ត្រូវ​បាន​ស្រែក ឬ​យល់ព្រម​ចំពោះ ការឆ្កាង​ព្រះ​យេស៊ូវ​គ្រីស្ទ ( សូមមើល​កិច្ចការ ៣:១៤-១៥) ។ ចូរ​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដីថ្លែងការណ៍​ដូចខាង​ក្រោម​ដោយ​ព្យាការី យ៉ូសែប ស៊្មីធ ៖

រូបភាព
ព្យាការី យ៉ូសែប ស្ម៊ីធ

« [ ពេត្រុស ​] ពុំ​បាន​និយាយ​ទៅពួកគេ ‹ ប្រែចិត្ត ហើយទទួលបុណ្យជ្រមុជទឹក សម្រាប់​ការ​ផ្ដាច់បាប​របស់អ្នក​ទេ ​› ប៉ុន្តែ​គាត់បាន​និយាយថា ‹ ចូរ​ប្រែ​ចិត្ត ហើយ​វិល​មក​ចុះ ដើម្បី​ឲ្យ​បាប​របស់​អ្នក​រាល់​គ្នា​បាន​លុប​ចេញ ប្រយោជន៍​ឲ្យ​មាន​ពេល​លំហើយ មក​ពី​ចំពោះ​ព្រះអម្ចាស់ › ។ [កិច្ចការ ៣:១៩] ។

« … ពួកគេ​ពុំ​អាច​ត្រូវ​បាន​ទទួល​បុណ្យជ្រមុជទឹក ​សម្រាប់​ការ​ផ្ដាច់​បាប​បានទេ ដ្បិត​ពួកគេ​បាន​បង្ហូរ​ឈាម​ជន​ឥតទោស » ( នៅក្នុង​History of the Church៦:២៥៣ ) ។

ចូរ​ចង្អុល​បង្ហាញ​ឃ្លា « ប្រយោជន៍​ឲ្យ​មាន​ពេល​លំហើយ មក​ពី​ចំពោះ​ព្រះអម្ចាស់ ហើយ​ឲ្យ​ទ្រង់​បាន​ចាត់​ព្រះយេស៊ូវគ្រីស្ទ » (​ខទី ១៩-២០​) ។

  • តើ​អ្នក​គិត​ថា ឃ្លា​នេះ​សំដៅទៅលើអ្វី​ ?

សូម​អញ្ជើញឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​ពី​សេចក្ដីថ្លែងការណ៍​​ខាងក្រោម​នេះ​ដោយ​អែលឌើរ​ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ ប្រ៊ូស អរ ម៉ាក់ខន់ឃី

« នៅក្នុងគ្រា​ដែលកំណត់​នេះ ​ពេល​លំហើយ​នេះ គឺ​នឹងកើតឡើង​នៅ​ការ​យាងមក​ជា​លើក​ទីពីររបស់​កូន​មនុស្ស នៅក្នុង​ថ្ងៃ​ដែលព្រះ​អម្ចាស់​​បាន​បញ្ជូន​ព្រះគ្រីស្ទ​មក​កាន់​ផែនដី​ម្ដងទៀត ។

« … វាគឺជា​ថ្ងៃ​ដែល ‹ ផែនដី​នឹង​បាន​ផ្លាស់​ប្តូរ​សារ​ជា​ថ្មី ហើយ​នឹង​ទទួល​សិរី​ល្អ​ដ៏​ប្រកប​​ដោយ​ភាព​បរមសុខ › ។ (មាត្រានៃ​សេចក្ដី​ជំនឿ​ទី​ដប់) ។ វា​គឺជា​ថ្ងៃ​នៃ ‹ ផែនដី​ថ្មី › ដែល​អេសាយ​បាន​មើល​ឃើញ (អេសាយ ៦៥:១៧) ផែនដី​នឹង​មាន​ជ័យជំនះ នៅពេល​សេចក្តីទុច្ចរិត​បញ្ឈប់ នៅពេល​ដែល​សម័យ​សហសវត្សរ៍​បាន​ចូលមក​ដល់ » ( នៅក្នុង Conference Report, ខែ តុលា ឆ្នាំ ១៩៦៧ ទំព័រ ៤៣ ) ។

រូបភាព
ការយាង​មក​ជា​លើក​ទីពីរ

ចូរ​ដាក់​បង្ហាញ​រូបភាពការយាង​មក​ជា​លើក​ទីពីរនៅលើ​ក្ដារខៀន (Gospel Art Book [ ឆ្នាំ ២០០៩ ] ទំព័រ ៦៦, សូមមើលផង​ដែរLDS.org) ។ សូម​ដាក់ស្លាក​វា​ដោយការ​សរសេរពេល​លំហើយនៅលើ​ក្ដារខៀន​ជិត​នឹង​រូបភាព​នោះ ។

  • តើ​ផែនដី​នឹង​ជា​ពេល​លំហើយ​ក្នុងការ​យាងមក​ជាលើក​ទីពីរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​យ៉ាង​ដូចម្ដេច ? ( វា​នឹង​បោស​សម្អាត​សេចក្ដីទុច្ចរិត ) ។

សូម​ចង្អុល​បង្ហាញ​ឃ្លា « ​គ្រា​តាំង​របស់​ទាំង​អស់​ឡើង​វិញ » (ខទី ២១) ។

  • តើអ្នកគិត​ថា «​ គ្រា​តាំង​របស់​ទាំង​អស់​ឡើង​វិញ » សំដៅទៅលើ​អ្វី ? ( អ្នកគប្បី​ចង្អុល​បង្ហាញ​ថាកិច្ចការ ៣:២១​ដើម្បីជួយ​សិស្ស​ឲ្យ​យល់​ថា រឿង​នេះ​សំដៅទៅលើ​ការ​ស្ដារឡើងវិញ​នៃ​ដំណឹងល្អ​នៅក្នុង​ថ្ងៃ​ចុង​ក្រោយ ។ ព្រះយេស៊ូវ​គ្រីស្ទ នឹង​បន្ដ​គង់នៅស្ថានសួគ៌​អំឡុង​គ្រា​នៃការ​ក្បត់​សាសនា ​ដែលនឹង​មក ប៉ុន្តែ​ទ្រង់​នឹង​យាង​ត្រឡប់មក​កាន់​ផែនដី​វិញ ​ដើម្បី​នាំ​មកនូវ​ការ​ស្ដារឡើងវិញ​នៃ​គ្រប់​​របស់ទាំង​អស់​ដែលទាក់ទង​នឹង​ដំណឹងល្អ​ ។ អ្នកគប្បី​ចង្អុល​បង្ហាញ​ថា ពេត្រុស​បាន​ប្រើ​ឃ្លា « គ្រា​តាំង​របស់​ទាំង​អស់​ឡើង​វិញ » ដើម្បីពិពណ៌​នា​អំពី​ឧទាហរណ៍​នានា ​ពេល​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​យាង​មក​ផែនដី​មុន​ការ​យាងមក​ជា​លើក​ទីពីរ​របស់ទ្រង់ ។

  • តើ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​យាង​មក​ផែនដី​នៅពេលណា ​ដែល​ជា​ផ្នែក​នៃការ​ស្ដារឡើងវិញ​នូវ​ដំណឹងល្អ​នៅថ្ងៃ​ចុងក្រោយ ?​ ( សិស្ស​អាច​នឹង​ប្រាប់​អំពី​ការ​យាងមក​របស់ព្រះអង្គសង្គ្រោះ ​នៅក្នុងការ​និមិត្ត​ទីមួយ​របស់​ យ៉ូសែប ស្ម៊ីធ [ សូមមើល​យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៧​] និង​​នៅ​ព្រះវិហារបរិសុទ្ធ​ខឺតឡង់ [ សូមមើល​គ. និង ស. ១១០:២-៥]) ។

រូបភាព
ការនិមិត្ត​ដំបូង

​ចូរ​ដាក់​បង្ហាញ​រូបភាពការនិមិត្ត​ដំបូងនៅលើ​ក្ដារខៀន​ (Gospel Art Book ទំព័រ ៩០, សូមមើលផង​ដែរLDS.org) ។ សូម​ដាក់ស្លាក​វា​ដោយការ​សរសេរគ្រា​តាំង​របស់​ទាំង​អស់​ឡើង​វិញ​​នៅលើ​ក្ដារខៀន​ជិត​នឹង​រូបភាព​នោះ ។

  • យោង​តាម​ខទី ២១តើ​នរណា​បាន​និយាយ​បន្ថែមពីលើ​ការ​និយាយ​របស់ពេត្រុស​ អំពី​ការ​ស្ដារឡើង​វិញ​នូវ​ដំណឹងល្អ​នាថ្ងៃ​ចុង​ក្រោយ ? ( ដោយ​ការ​ប្រើ​ពាក្យ​ផ្ទាល់របស់ពួកគេ សិស្ស​គួរ​តែ​ប្រាប់នូវ​គោលលទ្ធិ​ដូច​ខាង​ក្រោម ៖ពួក​ព្យាការី​នៅ​គ្រប់​សម័យកាល​ទាំងអស់ បាន​ប្រាប់​ទុក​ជា​មុនពី​ការ​ស្តារ​ឡើងវិញ នៃ​ដំណឹងល្អ ) ។

សូម​សង្ខេបកិច្ចការ ៣:២២-២៦ដោយ​ការ​ពន្យល់​ថា ពេត្រុស​​បាន​ថ្លែង​ទីបន្ទាល់​ថា ម៉ូសេ « អស់​ទាំង​ហោរា ចាប់​តាំង​ពី​លោក​សាំយូអែល គឺ​អស់​អ្នក​ដែល​បាន​ទាយ​ត​មក » (ខទី ២៤) បានប្រាប់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​បាន​ព្រមាន​អំពី​ផល​វិបាក​នៃ​ការ​បដិសេធ​ទ្រង់ (ខទី ២៣) ។

អ្នកគប្បី​បញ្ចប់​ដោយ​ការ​ចែកចាយ​ទីបន្ទាល់​របស់អ្នក​ថា ព្រះយេស៊ូវ​គ្រីស្ទ បាន​យាងមក​ផែនដី​ជា​ផ្នែក​នៃ​ការ​ស្ដារឡើងវិញ​នៃ​ដំណឹងល្អ​នៅថ្ងៃ​ចុង​ក្រោយ ហើយ​ថា​ទ្រង់​នឹង​យាង​ត្រឡប់​មកវិញ ​នៅ​ការ​យាងមក​ជា​លើកទីពីរ​របស់​ទ្រង់​​ដើម្បី​សម្អាត​​សេចក្ដីទុច្ចរិត​ពីផែនដី ។

រូបភាព
រូបសញ្ញា​ចំណេះចំណាន​ខគម្ពីរ
ចំណេះ​ចំណាន​ខគម្ពីរ—កិច្ចការ ៣:១៩-២១

ដើម្បី​ជួយសិស្ស​យល់​អំពី​របៀប​ដើម្បី​ប្រើ​កិច្ចការ ៣:១៩-២១​នៅក្នុង​ការ​ផ្សព្វផ្សាយសាសនា សូមបង្ហាញ​ពី​ស្ថានភាព​ដូចខាង​ក្រោម ៖ ហើយ​អ្នករៀន​ថ្មី​បានសួរ​ថា « តើ​នៅ​កន្លែង​ណា​ក្នុង​ព្រះគម្ពីរ​ប៊ីប ស្តីពី​ដំណឹងល្អ​នឹង​ត្រូវ​បាន​ស្ដារឡើងវិញ​នៅថ្ងៃ​ចុង​ក្រោយ ? »

សូម​ឲ្យ​សិស្ស​ធ្វើ​ការ​ជា​ដៃគូ ។ ចូរ​សុំ​ឲ្យ​ដៃគូ​នីមួយៗ​រៀបចំ​ចម្លើយ​មួយ​ចំពោះ​សំណួរ​នេះ ដោយប្រើ​កិច្ចការ ៣:៩-២១និង​​យ៉ាង​ហោចណាស់​វគ្គ​បទគម្ពីរ​ប៊ីប​មួយទៀត ។ អ្នកអាច​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​មើល​នៅត្រង់​« ការ​ស្ដារឡើងវិញ​នៃ​ដំណឹងល្អ »នៅក្នុង​ Topical Guide ។

បន្ទាប់ពី​ផ្ដល់ពេល​គ្រប់គ្រាន់ហើយ សូមអញ្ជើញសិស្ស​ម្នាក់​ឲ្យ​ដើរ​តួ​ជា​អ្នករៀនថ្មី ហើយ​ម្នាក់ទៀត​ដើរតួ​ជា​អ្នក​ផ្សព្វផ្សាយសាសនា​នៅ​ខាង​មុខ​សិស្ស​ក្នុងថ្នាក់ ។ ចូរ​សុំ​ឲ្យ​ដៃគូ​ដើរតួ​ជា​អ្នក​ផ្សព្វ​ផ្សាយ​សាសនា​ ដើម្បី​ចែកចាយ​ចម្លើយ​ដែល​បាន​រៀប​ចំ​របស់​ពួកគេ​ជាមួយ​នឹង​សិស្ស​ ដែល​កំពុង​ដើរ​តួ​ជា​អ្នក​រៀនថ្មី ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

កិច្ចការ ៣:៦។ « ​របស់​ដែល​ខ្ញុំ​មាន នោះ​ខ្ញុំ​នឹង​ឲ្យ​ដល់​អ្នក »

នៅពេល​បម្រើ​ជា​ព្រឹទ្ធ​បុរស​​​ខាង​ការណែនាំ​ខាង​សាសនា​ក្នុង​​សាកលវិទ្យាល័យ ​ព្រិកហាំ​ យ៉ង់ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពន្យល់ថា​

« ពេត្រុស​ពុំ​មានប្រាក់​ទេ ប៉ុន្តែ​គាត់​មានទ្រព្យ​យ៉ាងច្រើន ៖ ​​‹ របស់​ដែល​ខ្ញុំ​មាន › រួមមាន​ទាំង​គ្រប់​កូនសោ​នៃ​នគរ​ព្រះនៅលើ​ផែនដី អំណាច​បព្វជិតភាព​ ដើម្បី​ប្រោស​មនុស្ស​ស្លាប់ ជំនឿ​ដើម្បី​ពង្រឹង​ដល់​ឆ្អឹង និងសរសៃ ជា​ដៃ​ស្ដាំ​ដ៏រឹងមាំ​របស់បងប្អូន​​​ពួកគ្រីស្ទាន ។ គាត់​ពុំ​អាច​ផ្ដល់ជា​ប្រាក់ ឬ​មាស​ឲ្យ​បាន​ទេ ប៉ុន្តែ​គាត់​អាច​ផ្ដល់​អ្វី​ដែល​អាច​ទិញ​បាន​ដោយ ‹​ ឥត​បង់​លុយ ឥត​ថ្លៃ​ទេ​ › (អេសាយ ៥៥:១)— ហើយ​គាត់បាន​ឲ្យ​វា » (« The Lengthening Shadow of Peter, » Ensign ខែ កញ្ញា ឆ្នាំ ១៩៧៥ ទំព័រ ៣០ ) ។

កិច្ចការ ៣:៧។ « ​រួច​ក៏​ចាប់​ដៃ​ស្តាំ​លើក​គាត់​ឡើង ​»

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បានពន្យល់​ថា ដំណើរ​រឿង​របស់​ពេត្រុស​​ព្យាបាល​បុរស​ខ្វិនម្នាក់ បង្ហាញ​អំពី​សេចក្ដីពិត​ដែល​អ្នក​កាន់​បព្វជិតភាព​ធ្វើ​ជំនួស​ព្រះយេស៊ូវ​គ្រីស្ទ ​នៅពេល​ពួកគេ​ផ្ដល់​ការ​ប្រសិទ្ធពរ ៖

«​ ពេត្រុស​ពុំ​បាន​សូម​ព្រះអម្ចាស់​ឲ្យព្យាបាល​មនុស្សពិការ​ទេ គាត់​ពុំ​បាន​អធិស្ឋាន​ដល់ព្រះ​ឲ្យ​ចាក់​ព្រះគុណ​​ទ្រង់ និងគុណធម៌​នៃ​ការ​ព្យាបាល​មក​លើ​បុរស​ខ្វិន​ម្នាក់នោះទេ ។ ផ្ទុយទៅវិញ—លោកធ្វើ​នៅក្នុង​ព្រះនាម​របស់​ព្រះអម្ចាស់ ហើយ​ដោយ​គុណធម៌​នៃ​ការ​ផ្ទេរ​​សិទ្ធិអំណាច​ជា​សង្ឃ​ដែល​លោក​បាន​ទទួល​រួច​ហើយនោះ—លោក​បានបញ្ជា​ឲ្យ​អព្ភូតហេតុ​កើត​មានឡើង ។ ពេត្រុស​គឺជា​អ្នកបម្រើ​របស់ព្រះអម្ចាស់ លោក​ជាអ្នកតំណាង ឬជាភ្នាក់ងារ លោក​បាន​ឈរ​នៅក្នុង​កន្លែង​ព្រះគ្រីស្ទ ជំនួស​ទ្រង់ ធ្វើ​នូវ​អ្វី​ដែល​លោក​ចៅហ្វាយ​នឹង​ធ្វើ ប្រសិន​បើ​ទ្រង់​មាន​វត្តមាន​នៅ​ទីនោះ » (Doctrinal New Testament Commentary វ៉ុលទី ៣ [ ឆ្នាំ១៩៦៥–៧៣ ] ២:៤៦ ) ។

សេចក្ដីពិត​នេះ គឺ​ត្រូវ​បាន​បង្ហាញ​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា៣៦:២ដែល​ព្រះអម្ចាស់​បាន​ថ្លែង​ថា « យើង​នឹង​ដាក់ដៃ​លើ​អ្នក​ [ អែតវឹត ប៉ាទ្រិច ] ដោយ​ដៃ​ស៊ីឌនី រិកដុន ជា​​អ្នកបម្រើរបស់​យើង » ។​

ប្រធាន ហារ៉ូល ប៊ី លី បាន​បង្រៀន​​សេចក្ដីពិត​សំខាន់​មួយទៀត ដោយ​ប្រើ​គំរូ​ឥរិយាបទ​របស់ពេត្រុស បន្ទាប់ពី​ពេត្រុស​បាន​ព្យាបាល​បុរស​ខ្វិនម្នាក់ ​ដោយ​ព្រះ​ចេស្ដារ​នៃ​បព្វជិតភាព ៖

« តើ​អ្នក​អាច​មើល​ឃើញ​រូបភាព​នោះ​ ឥឡូវ​នេះ​អំពី​ព្រលឹង​ដ៏​ថ្លៃ​ថ្នូ​នោះ ដែល​ជា​អ្នក​ដឹកនាំ​នៃ​ពួកសាវក ប្រហែលជា​​បាន​ដាក់ដៃ​របស់គាត់​ក្រសោបឱប​ស្មា​របស់​បុរស​នេះ ហើយ​និយាយ​ថា ‹ ឥឡូវ កូន​ល្អ​របស់​យើងអើយ ចូរ​មានភាព​ក្លាហាន យើង​នឹង​ដើរ​ជា​មួយនឹង​អ្នក ។ ចូរ​ដើរ​ជាមួយគ្នា​ ហើយ​ខ្ញុំ​អះអាង​នឹង​អ្នកថា អ្នកអាច​ដើរ ដោយ​សារ​អ្នក​បាន​ទទួលពរជ័យ​មួយ​ដោយ​ព្រះចេស្ដា និង​សិទ្ធិអំណាច​ដែលព្រះបាន​ប្រទាន​មកកាន់​យើង ក្នុងនាមជា​មនុស្ស ជា​ពួកអ្នកបម្រើ​របស់ទ្រង់ › ។ បន្ទាប់​មក ​បុរស​បាន​លោតឡើង​ដោយអំណរ ។

« អ្នក​មិន​អាច​លើក​តម្កើង​ព្រលឹង​អ្នក​ណា​បាន​ឡើយ បើសិន​អ្នក​ពុំ​បាន​ឈរ​លើ​ដី​ដែល​ខ្ពស់​ជាង​គាត់​នោះ ។ អ្នក​ត្រូវតែ​ប្រាកដ​ថា បើសិន​អ្នក​នឹង​សង្គ្រោះមនុស្ស នោះ​អ្នក​ខ្លួន​ឯង​ត្រូវ​ធ្វើ​គំរូ​ពី​អ្វី​ដែល​អ្នក​នឹង​ចង់​ឲ្យ​បុគ្គល​ម្នាក់​ប្រែក្លាយ ។ អ្នក​មិន​អាច​បញ្ឆេះពន្លឺ​នៅក្នុង​ព្រលឹង​របស់​មនុស្ស​ណា​ម្នាក់​ទៀត​ឡើយ លុះត្រា​ណា​ពន្លឺ​នោះ​ឆេះ​នៅក្នុង​ព្រលឹង​ផ្ទាល់​របស់​អ្នក​សិន » ( «Stand Ye in Holy Places » Ensign ខែ កក្កដា ឆ្នាំ ១៩៧៣ ទំព័រ ១២៣ ) ។