បណ្ណាល័យ
មេរៀនទី ២៦ ៖ ម៉ាថាយ ២៣


មេរៀនទី ២៦

ម៉ាថាយ ២៣

សេចក្ដីផ្ដើម

នៅ​សប្ដាហ៍​ចុងក្រោយ​នៃ​ការបម្រើក្នុងជីវិតរមែងស្លាប់​របស់​ព្រះអង្គ​សង្គ្រោះ ទ្រង់​បាន​ថ្កោលទោសដល់​ការ​លាក់ពុត​របស់​ពួក​អាចារ្យ និង​ពួក​ផារិស៊ី ហើយ​បាន​ទួញ​សោក​ដោយសារ​ប្រជាជន​នៃ​យេរូសាឡិម​​មិន​បាន​ទទួល​យក​សេចក្ដីស្រឡាញ់ និង​ការ​ការពារ​​របស់​ទ្រង់ ។

យោបល់​សម្រាប់​ការបង្រៀន

ម៉ាថាយ ២៣:១-១២

ព្រះអង្គសង្គ្រោះ​ថ្កោលទោស​ដល់​ការ​លាក់ពុត​របស់​ពួក​អាចារ្យ និង​ពួក​ផារិស៊ី

សូម​អញ្ជើញ​សិស្ស​ឲ្យ​បង្ហាញ​ព្រះគម្ពីរ​របស់​ពួកគេ​ដល់​គ្នា​ទៅវិញ​ទៅ​មក ហើយ​រក​មើល​ថាតើ​នរណា​មាន​ព្រះគម្ពីរ​ច្រើន​ជាងគេ ។

  • តើ​អ្នក​នឹង​ឆ្លើយតប​បែប​ណា​ដែរ ប្រសិន​បើ​មាន​មនុស្ស​ម្នាក់​បាន​ប្រកាស​ថា បុគ្គល​ដែល​មាន​ព្រះគម្ពីរ​ច្រើន​ជាង​គេ ​គឺ​ជា​មនុស្ស​សុចរិត​ជាង​គេ​បំផុត​នោះ ?

  • ហេតុអ្វី​វិធី​នេះ​ គឺជា​វិធី​មួយ​ដែល​គ្មាន​ប្រសិទ្ធភាព ​ដើម្បី​កំណត់​ពី​ភាពសុចរិត​របស់​បុគ្គល​ម្នាក់ ?

  • តើ​នឹង​មាន​អ្វី​កើត​ឡើង ប្រសិន​បើ​យើង​បានកំណត់​ភាពសុចរិតរបស់​មនុស្ស​ដទៃ​ដោយ​រូបរាង​ខាង​ក្រៅ​នោះ ? ( នៅ​ក្នុង​ចំណោម​បញ្ហា​ផ្សេង​ទៀត វា​អាច​ដឹកនាំ​មនុស្ស​មួយ​ចំនួន​ឲ្យ​ធ្វើ​រឿង​លាក់ពុត ) ។

  • តើ​ការ​លាក់ពុត​គឺជា​អ្វី ? ( « ជាទូទៅ​ពាក្យ​នេះ​ចង្អុលបង្ហាញពីបុគ្គល​ម្នាក់ ​ដែល​ធ្វើ​ពុត​ជា​អ្នក​ជឿ​សាសនា តែ​តាម​ពិត​ពុំ​មែន​ទេ » [ Bible Dictionary « Hypocrite » ] ។ វា​ក៏​អាច​សំដៅ​ទៅ​លើ​មនុស្ស​ម្នាក់​ដែល​ធ្វើ​ពុត​ជាមិន​ជឿ​លើ​សាសនា តែ​តាម​ពិត​គាត់​ជឿ ) ។

សូម​ពន្យល់​ថា ជា​ផ្នែក​មួយ​នៃ​សារលិខិត​ជា​សាធារណៈ​ចុង​ក្រោយ​របស់​ព្រះអង្គ​សង្គ្រោះ​ បាន​ធ្វើ​ឡើង​នៅ​ឯ​ព្រះវិហារ​បរិសុទ្ធ​ក្នុង​ក្រុង​យេរូសាឡិម​នៅ​សប្ដាហ៍​ចុង​ក្រោយ​នៃ​ការបម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ទ្រង់ នោះ​ទ្រង់ត្រូវ​បាន​ថ្កោលទោស​ដល់​ការលាក់ពុត​របស់​ពួក​អាចារ្យ និង​ពួក​ផារិស៊ី ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​រកមើល​សេចក្ដីពិត​នៅ​ក្នុង ម៉ាថាយ​ ២៣​ ដែល​នឹង​ជួយ​ពួកគេ​ឲ្យ​ដឹង​ពី​របៀប​ឆ្លើយ​តប​នៅ​ពេល​ពួកគេ​មើល​ឃើញ​មនុស្ស​ដទៃ​មាន​ការ​លាក់ពុត និង​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី​យក​ឈ្នះ​ការ​លាក់ពុត​នៅ​ក្នុង​ជីវិត​របស់​ពួកគេ​ផ្ទាល់ ។

សូម​អញ្ជើញ​សិស្ស​បី​បួន​នាក់​ប្ដូរវេនគ្នា​អាន​ឮៗ​នៅ​ក្នុង ម៉ាថាយ ២៣:១-៧ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុងថ្នាក់​ផ្ទៀងតាម ហើយ​រកមើល​នូវអ្វី​ដែល​ព្រះអង្គសង្គ្រោះ​បាន​មាន​បន្ទូល​អំពី​របៀប​ដែល​ពួក​អាចារ្យ និង​ពួក​ផារិស៊ី​ជា​មនុស្ស​លាក់ពុត ។ សូម​ពន្យល់​ថា ឃ្លា « អង្គុយ​នៅ​ទី​បង្រៀន​របស់​លោក​ម៉ូសេ » ( ខ​ទី ២ )​ មានន័យ​ថា ពួក​អាចារ្យ និង​ពួក​ផារិស៊ី​មាន​តួនាទី​ជា​អ្នក​មាន​សិទ្ធិ​អំណាច​ដើម្បី​បង្រៀន​គោលលទ្ធិ ហើយ​បកប្រែ ហើយ​ចាត់ចែង​ច្បាប់ ។ ឃ្លា​នោះ​ក៏​អាច​សំដៅ​ទៅ​លើ​កៅអី​យ៉ាងពិតប្រាកដមួយ ដែល​មាន​នៅ​ក្នុង​សាលា​ប្រជុំ​ពី​បុរាណ ​ដែល​បាន​រក្សាទុក​សម្រាប់​ជន​ដែល​ជឿ​ថា​ខ្លួន​ឯង​សក្ដិសម​ជាង​មនុស្ស​ផ្សេង​ទៀត​នៅ​ក្នុង​សាលាប្រជុំ ។

  • តើ​ពួក​អាចារ្យ និង​ពួកផារិស៊ី​ជាមនុស្ស​លាក់ពុត​ដោយ​របៀប​ណា ?

រូបភាព
បុរស​សាសន៍​យូដា​ម្នាក់​ពាក់​ស្លាក​កត់​ក្រឹត្យវិន័យ

បុរស​សាសន៍​យូដា​ម្នាក់​ពាក់​ស្លាក​កត់​ក្រឹត្យវិន័យ

ប្រសិន​បើ​មាន សូម​ដាក់​បង្ហាញរូបភាព​មនុស្ស​ម្នាក់​ពាក់​ស្លាក់កកត់​ក្រឹត្យវិន័យ ដែល​ហៅ​ផង​ដែរ​ថាហឹប​ព្រះគម្ពីរ ។ សូម​ពន្យល់​ថា វា​គឺជា​ទំនៀមទំលាប់​សម្រាប់​ពួក​សាសន៍​យូដា​ ដើម្បី​ពាក់​ស្លាក​កត់​ក្រឹត្យវិន័យ​ដែល​ជា​ប្រអប់​តូច​ធ្វើ​ពី​ស្បែក​ដែល​ពាក់​ជាប់​នឹង​ថ្ងាស និង​ដើម​ដៃ ។ នៅ​ក្នុង​ស្លាក​កត់​ក្រឹត្យវិន័យ​នោះ​មាន​នូវ​ផ្ទាំស្បែក​សម្រាប់​សរសេរ​អក្សរ​មួយ​ដុំ​តូច​ដែល​មាន​ពាក្យ​ដកស្រង់​ចេញពី​បទគម្ពីរ​ហេព្រើរ ។ ពួក​សាសន៍​យូដា​បាន​ពាក់​ស្លាក​កត់​ក្រឹត្យវិន័យ​នោះ​ដើម្បី​ជួយ​ពួកគេ​ឲ្យ​ចងចាំ​ក្នុងការ​ធ្វើ​តាម​ព្រះបញ្ញត្តិ​របស់​ព្រះ ( សូមមើល ចោទិយកថា ៦:៤–៩, ១១:១៣–២១, និក្ខមនំ ១៣:៥–១០, ១៤–១៦ ) ។ ព្រះអម្ចាស់​មិន​បាន​ថ្កោលទោស​ជន​ដែល​បាន​ពាក់​ស្លាក់​កត់​ក្រឹត្យវិន័យ​នោះទេ ប៉ុន្តែ​ទ្រង់​បាន​ថ្កោលទោស​ដល់​ជន​ដែល​ប្រើ​វា​ដោយ​លាក់ពុត ឬ​ពង្រីក​វា​ឲ្យ​ធំ​ ដើម្បី​ឲ្យ​មនុស្ស​ដទៃ​ទៀត​មើល​ឃើញ​វា ឬ​បង្ហាញ​ខ្លួន​សំខាន់ជាង ។

  • យោង​តាម ម៉ាថាយ ២៣:៥ហេតុអ្វី​ពួក​អាចារ្យ និង​ពួក​ផារិស៊ី​ពង្រីក​ស្លាក​កត់​ក្រឹត្យវិន័យ​របស់​ខ្លួន ហើយ « រំយោល​អាវ​គេ​ឲ្យ​វែងៗ » ?

  • តើ​ពួកគេ​ខំ « ធ្វើ​ឲ្យ​មនុស្ស​មើល​ឃើញ » ( ខ​ទី ៥ ) ឬ ទទួល​គោរព​ខាង​លោកិយ​តាម​របៀប​ណា​ផ្សេង​ទៀត ?

  • យោង​តាម​បន្ទូល​ទូន្មាន​របស់​ព្រះអម្ចាស់​ទៅ​ពួក​សិស្ស​របស់​ទ្រង់​នៅ​ក្នុង ម៉ាថាយ ២៣:៣តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ នៅ​ពេល​យើង​ឃើញ​មនុស្ស​ដទៃ​មាន​ភាព​លាក់​ពុត ឬ​ធ្វើ​ពុត​ជា​មនុស្ស​សុចរិត តែ​ធាតុពិតគឺ​មិន​ដូច្នោះ​នោះ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង ប៉ុន្តែ​ពួកគេ​គួរតែ​ស្គាល់​សេចក្ដីពិត​មួយ​ដែល​ស្រដៀង​គ្នា​នេះ ៖ យើង​អាច​ជ្រើស​គោរព​តាម​ក្រឹត្យវិន័យ​របស់​ព្រះ ទោះ​បី​យើង​ឃើញ​មនុស្ស​ដទៃ​មាន​ភាព​លាក់ពុតក្តី ) ។

  • ហេតុអ្វី​សេចក្ដីពិត​នេះ​មាន​សារៈសំខាន់​ចំពោះ​យើង​ ដើម្បី​ធ្វើ​តាម​នៅ​ក្នុង​ជំនាន់​របស់​យើង ?

សូម​អញ្ចើញ​សិស្ស​ម្នាក់ឲ្យ​អាន ម៉ាថាយ ២៣:៨ ឲ្យឮៗ ហើយ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ទូន្មាន​ប្រជាជន​មិន​ឲ្យ​ធ្វើ ។ សូម​ឲ្យ​សិស្ស​រាយការណ៍ ពីអ្វីដែលពួកគេ​រកឃើញ ។

ចូរ​ចង្អុល​បង្ហាញ​ថា ឃ្លា « អ្នក​រាល់​គ្នាជា​បង​ប្អូន​នឹង​គ្នា​ទាំង​អស់ » ( ខទី ៨ ) ហើយ​ពន្យល់​ថា ព្រះអង្គសង្គ្រោះ​បាន​បង្រៀន​ប្រជាជន​កុំ​ឲ្យ​ជឿថា​ខ្លួន​ឯង​ល្អ​ជាង​មនុស្ស​ដទៃ ដោយសារ​ពួកគេ​ទាំងអស់​គ្នា​ជា​កូនចៅ​របស់​ព្រះ ហើយ​មាន​ភាពស្មើ​គ្នា​នៅ​ចំពោះ​ព្រះនេត្រ​ទ្រង់ ។

សូម​សង្ខេប ម៉ាថាយ ២៣:៩–១០ ដោយ​ពន្យល់​ថា ព្រះអង្គ​សង្គ្រោះ​បាន​ថ្លែង​ទីបន្ទាល់​ថា ព្រះវរបិតាសួគ៌​គឺជា​អង្គបង្ក​បង្កើត​របស់​យើង ហើយ​ថា​ទ្រង់ ព្រះគ្រីស្ទ​ត្រូវបាន​ព្រះវរបិតា​បញ្ជូន​មក ហើយ​គឺជា​លោកចៅហ្វាយ​ដ៏​ពិត​របស់​យើង​ដែល​បាន​លះបង់​ព្រះជន្ម​របស់​យើង ( សូមមើល​ការ​បកប្រែរបស់ ​យ៉ូសែប ស្ម៊ីធ ម៉ាថាយ ២៣:៦ , ម៉ាថាយ ២៣:៧ ) ។

សូម​ពន្យល់​ថា ពួក​អាចារ្យ និង​ពួក​ផារិស៊ី​បាន​ជឿថា​តួនាទី និង​ឋានៈ​នឹង​ធ្វើ​ឲ្យ​ពួកគេ​ក្លាយ​មនុស្ស​អស្ចារ្យ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ២៣:១១-១២ ឲ្យ​ឮៗ ហើយ​ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​ថាតើ​នរណា​ទៅ​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​ថា ទ្រង់​នឹង​ជឿថា​អស្ចារ្យ​នៅ​ក្នុង​នគរ​ព្រះ ។

  • យោងតាម ខទី ១១តើ​នរណា​ទៅ​ដែល​ចាត់ទុក​ថា​ធំ​ជាង​គេ​នៅ​ក្នុង​នគរ​ព្រះ ?

  • យោង​តាម ខទី ១២តើ​នឹង​មាន​អ្វី​កើត​ឡើង​ប្រសិន​បើ​យើង​ដូចជាពួក​ផារិស៊ី ព្យាយាម « ដំកើង » ( ឬ​លើក )ខ្លួន​ឲ្យ​ខ្ពស់ជាងអ្នក​ដទៃ ? ( បន្ទាប់ពីសិស្ស​ឆ្លើយ​តប សូម​ឲ្យ​ប្រាកដ​ថា​ពួកគេ​យល់​នូវ​គោលការណ៍​ដូច​ខាង​ក្រោម ៖ ប្រសិន​បើ​យើង​ព្យាយាម​ដំកើង​ខ្លួន​ឲ្យ​ខ្ពស់ជាងអ្នកដទៃ នោះ​យើង​នឹង​ត្រូវ​បន្ទាប​ចុះ​វិញ ។ សូម​ពន្យល់​ថាការ​បន្ទាប​ចុះវិញ​មាន​ន័យ​ថា ការ​ដាកចុះ ឬ​ការ​បំបាក់​មុខ ឬ​ការពុំសូវមានគេឯងគោរព ) ។

  • យោងតាមខទី ១១-១២តើ​នឹង​មាន​អ្វី​កើតឡើង ប្រសិន​បើ​យើង​បន្ទាប​ខ្លួន ហើយ​បម្រើ​មនុស្ស​ដទៃ​ទៀត ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុសៗ​គ្នា ប៉ុន្តែ​ពួកគេ​គួរ​ស្គាល់​ពី​គោលការណ៍​ខាងក្រោម​នេះ ៖ ប្រសិន​បើ​យើង​បន្ទាប​ខ្លួន ហើយ​បម្រើ​មនុស្ស​ដទៃ នោះ​ព្រះអម្ចាស់​នឹង​ដំកើង​យើងឡើង ) ។

សូម​ពន្យល់​ថា ឃ្លា « នឹង​បាន​ដំកើង​ឡើង » ( ខ​ទី ១២ ) មាន​ន័យ​ថា ព្រះអម្ចាស់​នឹង​លើក​យើង​ឡើង ហើយ​ជួយ​យើង​ឲ្យ​ប្រែ​ក្លាយ​កាន់​តែ​ដូច​ទ្រង់ ។

  • ផ្អែក​តាម​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​ក្នុង ម៉ាថាយ ២៣តើ​ការ​បន្ទាប​ខ្លួន​មាន​ន័យ​ដូចម្ដេច ?

ចូរ​គូរ កម្រិត​មាត្រដ្ឋាន ដូច​ខាង​ក្រោម​នេះ​នៅ​លើ​ក្ដារខៀន ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹង​គិត​ពី​កិច្ចការយ៉ាង​ល្អ​របស់​ពួកគេ​នៅ​ឯ​សាលារៀន នៅ​ផ្ទះនិង​នៅ​ព្រះវិហារ ។ ចូរ​សុំ​ឲ្យ​ពួកគេ​ពិចារណា​ថាតើ​ពួកគេ​ផ្ទុកខ្លួន​ត្រង់​ណា​លើ​កម្រិត​មាត្រដ្ឋាន​នេះ ដោយ​ផ្អែក​លើ​ហេតុផល​ជម្រុញ​ចិត្ត​របស់​ពួកគេ​សម្រាប់​ការ​ធ្វើ​កិច្ចការ​ល្អ និង​​ការ​ខិតខំ​រ​​បស់​ពួកគេ​ដើម្បី​មាន​ការ​បន្ទាប​ខ្លួន ។

រូបភាព
continuum, good works

សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ចងចាំ​ថា យើង​ទាំងអស់​គ្នា​គឺជា​កូនចៅ​របស់​ព្រះវរបិតា​សួគ៌ ។ អ្នក​ក៏​អាច​លើក​ទឹក​ចិត្ត​ពួកគេ​ផង​ដែរ​ ឲ្យ​ដាក់​គោលដៅ​មួយ​ដើម្បី​បម្រើ​មនុស្ស​ម្នាក់​រាល់ថ្ងៃ​ពេញ​មួយ​ខែ​ក្រោយ ។ ចូរ​ពិចារណា​អញ្ជើញ​ពួកគេ​ឲ្យ​សរសេរ​អំពី​បទពសោធន៍​នេះ​​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ផ្ទាល់​ខ្លួន​របស់​ពួកគេ ។

ម៉ាថាយ ២៣:១៣-៣៦

ព្រះយេស៊ូវគ្រីស្ទ​ប្រកាស​ប្រាប់ថាវេទនា​ហើយ ដល់​ពួក​អាចារ្យ និង​ពួក​ផារិស៊ី

ពីមុន​ថ្នាក់​ចាប់ផ្ដើម សូម​រៀបចំ​ពែង​បីដែលមិនថ្លា ។ សូម​ប្រឡាក់​ភក់ ឬ​លាប​ខ្លាញ់​នៅ​ផ្នែក​ខាងក្រៅ​នៃ​ពែង​ទី​មួយ ហើយ​លាប​ផ្នែក​ខាង​ក្នុង​នៃ​ពែងទីពីរ ហើយ​ទុក​ឲ្យ​ពែងទីបី​នោះ​ទទេរ​ស្អាត ។ ចូរ​ដាក់​បង្ហាញ​ពែង​ទាំងនោះ ហើយ​សួរ​ដល់​សិស្ស​ថាតើ​ពួកគេ​ចង់​បាន​ពែង​មួយ​ណា ដើម្បីផឹកទឹក ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​មក​ពិនិត្យ​មើល​ផ្នែក​ខាង​ក្នុង​ពែង​ទាំងនោះ ហើយ​ពន្យល់​ថាតើ​ពែង​មួយ​ណា​ដែល​គាត់​ចង់​បាន ដើម្បីផឹកទឹក ហើយ​ហេតុអ្វី ។

  • តើ​ពែង​កខ្វក់​ទាំង​នោះ​តំណាង​ឲ្យ​ការ​លាក់​ពុត​យ៉ាង​ដូចម្ដេច​ដែរ ?

សូម​សង្ខេប ម៉ាថាយ ២៣:១៣–៣៦ ដោយ​ពន្យល់​ថា ព្រះ​អង្គសង្គ្រោះ​ប្រកាស​ថ្កោលទោស​ដល់​ពួក​អាចារ្យ និង​ពួក​ផារិស៊ី​ចំពោះ​ការ​លាក់ពុត ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​មើល​ខគម្ពីរ​ទាំងនេះ ដោយ​រកមើល​ពាក្យ​មួយ​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​ម្ដង​ហើយ​ម្ដងទៀត​នៅ​ដើម​នៃ​ខគម្ពីរ​ទាំងនោះ ។ ចូរ​សុំ​ពួកគេឲ្យ​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។ អ្នក​អាច​ស្នើ​ថា សិស្ស​គួរតែ​គូសចំណាំ​ពាក្យ វេទនា នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ។ សូម​ពន្យល់​ថា វេទនា សំដៅ​ទៅ​លើ​ទុក្ខវេទនា ការ​រង​ទុក្ខ​លំបាក និង​ទុក្ខសោក ។

សូម​សរសេរ​សេចក្ដី​យោង​ព្រះគម្ពីរ និង សំណួរ​ខាងក្រោម​នៅលើ​ក្ដារខៀន ៖

ម៉ាថាយ ២៣:២៣-២៤  

ម៉ាថាយ ២៣:២៥-២៦ ។

ម៉ាថាយ ២៣:២៧-២៨ ។

ម៉ាថាយ ២៣:២៩-៣៦

តើ​ពួក​អាចារ្យ និង​ពួកផារិស៊ី​ជាមនុស្ស​លាក់ពុត​ដោយ​របៀប​ណា ?

តើ​គំរូ​អ្វីខ្លះ​នៃ​ការ​លាក់​ពុត​បែប​នេះ​ដែល​យើង​ឃើញ​នៅ​ក្នុង​ជំនាន់​របស់​យើង ?

សូម​បំបែក​សិស្ស​ឲ្យធ្វើ​ការ​ជា​ដៃគូ ។ សូម​អញ្ជើញ​ដៃ​គូ​នីមួយៗ​ឲ្យ​អាន​សេចក្ដី​យោង​នីមួយៗ​នៅ​លើ​ក្ដារខៀន​ឮៗ ហើយ​ពិភាក្សា​សំណួរ​នៅ​លើ​ក្ដារខៀន ​បន្ទាប់​ពួកគេ​បាន​អាន​សេចក្ដី​យោង​នីមួយៗ ។ (Encourage students to read the Joseph Smith Translation excerpts in the footnotes for their assigned passages.)

ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ ចូរសុំ​ឲ្យ​សិស្ស​ប្រាប់​ពី​ចម្លើយ​របស់​ពួកគេ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ២៣:២៦ ឲ្យ​ឮៗ ហើយ​ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​អ្វី​ ដែល​ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​ប្រាប់​ទៅ​ពួក​ផារិស៊ី​ឲ្យ​ធ្វើ​ដើម្បី​យក​ឈ្នះ​លើ​ការ​លាក់​ពុត ។

  • តើ​ព្រះអង្គសង្គ្រោះ​បាន​មាន​បន្ទូល​ប្រាប់​ពួក​ផារិស៊ី​ឲ្យ​ធ្វើ​អ្វីខ្លះ ?

  • ដោយ​ផ្អែក​លើ​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ដល់​ពួក​ផារិស៊ី តើ​អ្វី​នឹង​កើត​ឡើង​ចំពោះ​យើង នៅ​ពេល​យើង​ខិតខំ​ប្រែក្លាយ​ជាមាន​ភាព​ស្អាត​ស្អំ​ខាង​វិញ្ញាណ​នៅ​ក្នុង​ចិត្ត​នោះ ? ( បន្ទាប់ពីសិស្ស​ឆ្លើយ​តប សូម​ឲ្យ​ប្រាកដ​ថា​ពួកគេ​យល់​នូវ​គោលការណ៍​ដូច​ខាង​ក្រោម ៖ នៅ​ពេល​យើង​ខិតខំ​ប្រែក្លាយ​ដើម្បី​​មាន​ភាព​ស្អាត​ស្អំ​ខាង​វិញ្ញាណ​នៅ​ក្នុង​ចិត្ត នោះ​វា​នឹង​បង្ហាញ​នៅ​ក្នុង​ការ​ជ្រើស​រើស​ខាង​ក្រៅ​របស់​យើង ) ។

  • តើ​យើង​ត្រូវ​ធ្វើ​អ្វីខ្លះ​ ដើម្បី​ប្រែទៅជា​ស្អាត​ស្អំ​ខាង​វិញ្ញាណ​នៅ​ក្នុង​ចិត្ត ?

  • តើ​សេចក្ដីសុចរិត​នៅ​ក្នុង​ចិត្ត​របស់​យើង ​អាច​បង្ហាញ​ឲ្យ​ឃើញ​តាម​រយៈការ​ជ្រើសរើស​របស់​យើង​ដោយ​របៀប​ណា ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹង​គិត​ថា តើ​ពែង​មួយ​ណា​ដែល​តំណាង​ឲ្យ​ល្អបំផុត​ចំពោះ​ស្ថានភាព​ខាង​វិញ្ញាណ​បច្ចុប្បន្ន​របស់​ពួកគេ ។ សូម​ថ្លែង​ទីបន្ទាល់​ពី​គោលការណ៍​ពីមុន ហើយ​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ដាក់​គោលដៅ​មួយ​ដែល​នឹង​ជួយ​ពួកគេ​ឲ្យ​បានស្អាត​ស្អំ​ខាង​វិញ្ញាណ ។

ម៉ាថាយ ២៣:៣៧-៣៩

ព្រះអង្គសង្គ្រោះ​បាន​ទួញ​សោក​ដែល​ប្រជាជន​យេរូសាឡិម​មិន​បាន​មក​រក​ទ្រង់

រូបភាព
hen, chicks

ចូរ​ដាក់​បង្ហាញ ឬ​គូររូបភាពមេមាន់​ការពារ​កូន ។

  • ហេតុអ្វី​មេមាន់​ប្រមូល​កូន​នៅ​ក្រោម​ស្លាប​វា ? ( ដើម្បី​ការពារ​វា​ពី​គ្រោះថ្នាក់ ។ ចូរ​ចង្អុល​បង្ហាញ​ថា មេមាន់​ស៊ូ​លះបង់​ជីវិត​ខ្លួនដើម្បី​ការពារ​កូន ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ២៣:៣៧-៣៩ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​ថា​ទ្រង់​ប្រៀប​បាន​នឹង​មេមាន់ ។

  • តើព្រះអង្គសង្គ្រោះ​ប្រៀប​បាន​នឹង​មេមាន់​ដែលក្រុងការពារ​កូន​វា​យ៉ាង​ដូចម្ដេច ?

  • តើ​​ការត្រូវបានប្រមូល​ផ្ដុំដោយព្រះអង្គ​សង្គ្រោះ​មាន​ន័យ​ដូចម្ដេច ?

ចូរ​ចង្អុល​បង្ហាញ​ឃ្លា « ផ្ទះ​ឯង​នឹង​ត្រូវ​ចោល​ស្ងាត់​ទុក​ឲ្យ​ឯង » ( ​ខទី​ ៣៨ ) ហើយ​ពន្យល់​ថា​ពាក្យ ចោលស្ងាត់ មានន័យ​ថា ទទេរ ឬ​បោះបង់​ចោល ។ ដោយសារ​ប្រជាជន​មិន​ព្រម​ឲ្យ​ព្រះអង្គ​សង្គ្រោះ​ប្រមូល​ផ្ដុំ នោះ​ពួកគេ​ត្រូវ​បាន​ទុកចោល​ដោយ​គ្មាន​ការការពារឡើយ​​​​​​​​​​​​ ។ ឃ្លានេះ​អាច​សំដៅ​ទៅ​លើ​ស្ថានភាព​ខាងវិញ្ញាណ​របស់​ប្រជាជន ​នៅ​សម័យ​ព្រះ យេស៊ូវ ក៏​ដូចជា​នាពេល​អនាគត​ដែរ កាល​ក្រុង​យេរូសាឡិម​ត្រូវ​បាន​បំផ្លាញ​ចោល ។

  • ដោយ​ផ្អែក​លើ​អ្វី​ដែល​ព្រះយេស៊ូវ​បាន​បង្រៀន​អំពី​មេមាន់ និង​កូន​មាន់ តើ​យើង​អាច​ទទួល​បាន​អ្វីខ្លះ ប្រសិន​បើ​យើង​យល់​ព្រម​ឲ្យ​ព្រះ​អង្គសង្គ្រោះ​ប្រមូល​ផ្ដុំ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុសៗ​គ្នា ប៉ុន្តែ​ពួកគេ​គួរ​ស្គាល់​ពី​គោលការណ៍​ខាងក្រោម​នេះ ៖ ប្រសិន​បើ​យើង​យល់​ព្រម​ឲ្យ​ព្រះ​អង្គសង្គ្រោះ​ប្រមូល​ផ្ដុំ នោះ​យើង​នឹង​ទទួល​បាន​ការ​ថែទាំ និង​ការ​ការពារ​របស់​ទ្រង់ ) ។

  • តើ​យើង​អាច​បង្ហាញ​ដល់​ព្រះអង្គ​សង្គ្រោះ​ថាយើង​យល់​ព្រម​ឲ្យ​ទ្រង់​ប្រមូលផ្ដុំ​យ៉ាង​ដូចម្ដេច ? ( សូម​សរសេរ​ចម្លើយ​របស់​សិស្ស​នៅលើ​ក្ដារខៀន ) ។

ដើម្បីជួយសិស្ស​យល់​អំពី​របៀប​មួយ​ដែល​ពួកគេ​អាច​ប្រមូល​ផ្ដុំ​គ្នា​ទៅ​រក​ព្រះអង្គ​សង្គ្រោះ សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន​ឮៗ ​នូវ​សេចក្ដីថ្លែងការណ៍​ដូចខាង​ក្រោម ដោយប្រធាន ហិនរី ប៊ី អាវរិង ក្នុង​គណៈប្រធាន​ទីមួយ ៖

រូបភាព
ប្រធាន ហិនរី ប៊ី អាវរិង

« [ ព្រះអង្គសង្គ្រោះ ]​ បាន​មាន​បន្ទូល​ជាច្រើន​ដង​ថា ទ្រង់​នឹង​ប្រមូល​យើង​ទៅ​រក​ទ្រង់ ដូចជា​មេមាន់​ប្រមូល​កូន​វា​នៅក្រោម​ស្លាបដូច្នោះ​ដែរ ។ ទ្រង់​មាន​បន្ទូល​ថា យើង​ត្រូវ​តែ​ជ្រើស​រើសមក​រក​ទ្រង់ ។ …

« របៀប​មួយ​ដើម្បី​ធ្វើ​ដូច្នោះ​ គឺ​ការ​ប្រមូលផ្តុំ​ជាមួយ​នឹង​ពួក​បរិសុទ្ធ​នៅ​ក្នុង​សាសនាចក្រ​របស់​ទ្រង់ ។ សូម​ទៅ​ការ​ប្រជុំ​របស់អ្នក សូម្បី​តែ​វា​មាន​ភាព​លំបាក​ក្ដី ។ ប្រសិន​បើ​អ្នក​តាំង​ចិត្ត នោះ​ទ្រង់​នឹង​ជួយ​អ្នក​រកឃើញ​កម្លាំង​ដើម្បី​ធ្វើ​កិច្ចការ​នេះ » ( « In the Strength of the Lord »Liahona ខែ ​ឧសភា ឆ្នាំ​ ២០០៤ ទំព័រ ១៨ ) ។

  • តើ​ប្រធាន​អាវរិង​បាន​ថ្លែង​ថា​យើង​អាច​ធ្វើ​អ្វីខ្លះ​ ដើម្បី​បង្ហាញ​ឆន្ទៈ​របស់​យើង​ដើម្បី​ឲ្យ​ព្រះអង្គ​សង្គ្រោះ​ប្រមូល​ផ្ដុំ ?

ចូរ​សុំ​ឲ្យ​សិស្ស​មើល​បញ្ជី​នៅ​លើ​ក្ដារខៀន​ពី​របៀប​ ដែល​យើង​អាច​បង្ហាញ​ឆន្ទៈ​របស់​យើង​ដើម្បី​ឲ្យ​ព្រះគ្រីស្ទ​ប្រមូល​ផ្ដុំ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​ពី​របៀប​ ដែល​ពួកគេ​បាន​ទទួល​ការ​ថែទាំ និង​ការ​ការពារ​តាមរយៈ​ការ​ប្រមូល​ផ្ដុំ​ទៅ​រក​ព្រះអង្គសង្គ្រោះ​តាម​របៀប​មួយ​នៅ​ក្នុង​ចំណោម​របៀប​ទាំងនោះ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​សម្រេច​ចិត្ត​ពី​អ្វី​ ដែល​ពួកគេ​នឹង​ធ្វើ​ដើម្បី​ប្រមូល​ផ្ដុំ​ទៅ​រក​ព្រះ​អង្គ​សង្គ្រោះ ដើម្បី​ពួកគេ​អាច​បន្ត​ទទួល​ការមើល​ថែ និង​ការការពារ​របស់​ទ្រង់ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

ម៉ាថាយ ២៣ ។ ប្រភេទ​នៃ​ការ​លាក់ពុត

ប្រធាន អិន អេលឌិន ថែនណឺ ក្នុង​គណៈប្រធាន​ទីមួយ បាន​ពន្យល់​ពីថា មាន​ការលាក់ពុតពីរ​ប្រភេទ ៖

« ហារី អេមើរសិន ហ្វូសឌីក​បាន​សង្កេតឃើញ​ថា មាន​ការ​លាក់ពុត​ពីរ​ប្រភេទ ៖ នៅ​ពេល​យើង​ព្យាយាម​បង្ហាញ​ខ្លួន​លើស​ពី​ធាតុពិត ហើយ​នៅ​ពេល​យើង​បណ្ដោយ​ឲ្យ​ខ្លួន​យើង​អាក្រក់​ជាង​ធាតុពិត ។ យើង​ធ្លាប់​លើក​ឡើង​ពី​ប្រភេទ​នៃ​ការ​លាក់ពុត​ ដែល​មនុស្ស​ធ្វើ​ពុត​ថា​ខ្លួន​ឯង​ល្អ ។ ប៉ុន្តែ​ជាញឹកញាប់ យើង​ឃើញ​សមាជិក​សាសនាចកក្រ​ដែល​ជឿ ហើយ​ដឹង​នៅ​ក្នុង​ចិត្ត​របស់​ពួកគេ ប៉ុន្តែ​តាមរយៈ​ភាព​ភ័យខ្លាច​នៃ​គំនិត​របស់​អ្នកដទៃ ​មិនហ៊ាន​ក្រោកឡើង​ការពារ​សេចក្ដីពិត និង​រឿង​ត្រឹមត្រូវ ។ ការ​លាក់​ពុត​បែប​នេះ​មាន​ភាព​ធ្ងន់ធ្ងរ​ដូចគ្នា​នឹង​ការ​លាក់​ពុត​ផ្សេង​ទៀត​ដែរ » (« Woe unto You … Hypocrites » ខែ​ ធ្នូ ឆ្នាំ ​១៩៧០ ទំព័រ ៣៣ ) ។

ម៉ាថាយ ២៣:៣៥ ។ « សាការី ជា​កូន​បារ៉ាគា ដែល​អ្នក​រាល់​គ្នា​បាន​សម្លាប់​​នៅ​កណ្តាល​ព្រះវិហារ ហើយ​និង​អាសនា »

នៅ​ក្នុង​ការ​ចេញផ្សាយ​នៃ​សារព័ត៌មានTimes and Seasons​សម្រាប់​ខែ​ កញ្ញា ឆ្នាំ​ ១៨៤២ ដែល​បាន​បោះពុម្ព​កាល​ព្យាការី ​យ៉ូសែប ស្ម៊ីធ ធ្វើ​ជា​បណ្ណាធិការ នោះ​មាន​ការ​ពន្យល់​មួយ​ត្រូវ​បាន​ធ្វើ​ឡើងទាក់ទង​នឹង​ជោគវាសនា​របស់​ សាការី ជា​ឪពុក​របស់ ​យ៉ូហាន បាទីស្ទ ៖

« កាល​រាជបញ្ជា​របស់​ហេរូឌ​ដែល​បង្គាប់​ឲ្យ​សម្លាប់​កុមារ​តូចៗ នោះ​យ៉ូហាន​មាន​អាយុ​បង​ព្រះយេស៊ូវ​ប្រមាណជា​ប្រាំ​មួយ​ខែ ហើយ​ដោយ​ត្រូវ​ស្ថិត​នៅ​ក្រោម​ដីការ​នេះ សាការី​បាន​ឲ្យ​ប្រពន្ធ​ខ្លួន​នាំ​យ៉ូហាន​ឡើង​ទៅ​លើ​ភ្នំ ជា​ទីកន្លែង​ដែល​គាត់​បាន​ត្រូវ​បាន​ធំ​ឡើង​ដោយ​ការ​ទទួលទាន​សត្វកណ្ដូប និង ទឹកឃ្មុំ​ព្រៃ ។ នៅ​ពេល​ឪពុក​គាត់​មិន​ព្រម​ប្រាប់​ពី​កន្លែង​លាក់​ខ្លួន ហើយ​មាន​តំណែង​ជា​សង្ឃ​ជាន់​ខ្ពស់​នៅ​ឯ​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​ឆ្នាំ​នោះ [ គាត់ ] ត្រូវ​គេ​សម្លាប់​តាម​បញ្ជា​របស់​ហេរូឌ នៅ​ឯទីបរិសុទ្ធ និង​អាសនា ដូចដែល​ព្រះយេស៊ូវ​បាន​មាន​បន្ទូល » (« Persecution of the Prophets » Times and Seasons​ ថ្ងៃ​ទី ​១ ខែ ​កញ្ញា ឆ្នាំ​ ១៨៤២ ទំព័រ ៩០២ ) ។