បណ្ណាល័យ
សេចក្ដីណែនាំ​ចំពោះគម្ពីរ​កិច្ចការ​នៃ​ពួកសាវក


សេចក្ដីណែនាំ​ចំពោះគម្ពីរ​កិច្ចការ​នៃ​ពួកសាវក

ហេតុអ្វី​បានជា​ត្រូវសិក្សា​គម្ពីរ​នេះ ?

គម្ពីរ​កិច្ចការ​នៃ​ពួកសាវក​បង្កើត​ ជា​ស្ពាន​មួយ​រវាង​កំណត់ត្រា​អំពី​ជីវិត​របស់ព្រះយេស៊ូវ​គ្រីស្ទ និង​ការ​បង្រៀននៅក្នុង​ដំណឹងល្អ​ទាំង​បួន ហើយ​នឹង​ការ​សរសេរ និងកិច្ចការ​របស់ពួក​សាវក​ទាំងឡាយ​​របស់ទ្រង់ ។ គម្ពីរ​កិច្ចការបង្ហាញ​អំពី​របៀប​ដែលព្រះអង្គសង្គ្រោះ​បាន​បន្ដ​ដឹកនាំ​សាសនាចក្រ​ទ្រង់ តាមរយៈ​ការ​បំផុសគំនិត​​ពីព្រះវិញ្ញាណបរិសុទ្ធ​ដល់​អ្នក​ទាំងឡាយណា​ ដែល​កាន់​កូនសោ​បព្វជិតភាព ។ ព្រះវិញ្ញាណ​បរិសុទ្ធ បាន​បើក​សម្ដែង​សេចក្ដីពិត​ដល់​ពួកសាវក ដែលក្រោយមក​បាន​​ដឹកនាំ និង​បង្រៀន​ដល់​សាសនាចក្រ ។ ពួក​សាវក​ក៏​បាន​ធ្វើ​អព្ភូតហេតុ​ នៅក្នុង​ព្រះនាម​របស់ព្រះយេស៊ូវ​គ្រីស្ទ​ផងដែរ ។ តាមរយៈ​ការ​សិក្សា​របស់ពួកគេ​ក្នុងគម្ពីរ​នេះ សិស្ស​នឹង​រៀន​អំពី​របៀប ​ដែល​សាសនា​ចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ចាប់​ផ្ដើម​រីកដុះដាល​​មកពី​ទីក្រុង​យេរូសាឡិម « ​រហូត​ដល់​ចុង​ផែនដី​បំផុត » (កិច្ចការ ១:៨) ។ ការ​សិក្សា​គម្ពីរ​នេះ ក៏អាច​ជួយ​សិស្ស​ឲ្យ​មើល​ឃើញ​នូវ​​ប្រាជ្ញា​នៃ​ការ​ធ្វើតាម​ពួកព្យាការី​ និង​ពួកសាវក​សម័យ​ទំនើប ហើយអាច​បំផុសគំនិត​ពួកគេ​ឲ្យ​ឈរ​ធ្វើជា​សាក្សី​ដ៏​មុត​មាំ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ​

តើ​នរណា​ជា​អ្នកសរសេរ​គម្ពីរ​នេះ ?

លូកា បាន​សរសេរ​​គម្ពីរ​កិច្ចការ​នៃ​ពួកសាវក​ជា « ផ្នែក​ទីពីរ​នៃ​កិច្ចការ​ទាំងពីរ​ផ្នែក ។ … ផ្នែក​ទីមួយ​ត្រូវ​បាន​ស្គាល់​ថា​ជា ដំណឹងល្អ​ស្របតាម​លូកា » ( សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ« កិច្ចការ​នៃ​ពួកសាវក »scriptures.lds.org, សូមមើល​ផងដែរ លូកា ១:១-៤​,​កិច្ចការ ១:១) ។

តើ​នៅពេលណា និង នៅកន្លែងណា​ដែល​គម្ពីរ​នេះ​ត្រូវ​បាន​សរសេរ ?

គម្ពីរ​កិច្ចការ​ត្រូវ​បាន​សរសេរ​ បន្ទាប់​ពី​ដំណឹងល្អ​របស់​លូកា ( សូមមើល​កិច្ចការ ១:១) ដែល​ទំនងជា​ត្រូវ​បាន​សរសេរ​ហា​សិប​ឆ្នាំ​ចុងក្រោយ​នៃ​សតវត្សរ៍​ទីមួយនៃ​គ.ស ។យើង​ពុំ​ដឹង​ថា​ វា​ត្រូវ​បាន​សរសេរ​នៅកន្លែង​ណានោះ​ទេ ។

តើគម្ពីរ​នេះ​ត្រូវបាន​សរសេរ​ដល់​នរណា ហើយ​តើ​ហេតុអ្វី ?

លូកា បាន​ថ្លែង​អំពី​គម្ពីរ​កិច្ចការ​ទៅកាន់​បុរស​ម្នាក់​ឈ្មោះ​ ថេវភីល ​( សូម​មើល កិច្ចការ ១:១) ។

តើ​លក្ខណៈ​ពិសេសមួយចំនួន​ នៅក្នុង​គម្ពីរ​នេះមាន​អ្វី​ខ្លះ ?

គម្ពីរ​កិច្ចការ​រៀបរាប់​អំពី​ការ​កើតមាន និងការ​រីកដុះដាល​នៃ​ពួក​គ្រីស្ទាន ដែល​ចាប់​​ផ្ដើម​​នៅក្នុងទីក្រុង​យេរូសាឡិម ជា​ក្រុងនៃ​​ពួកសាសន៍​យូដា​មក​ពី​ខេត្ត ហើយបញ្ចប់​នៅក្នុង​ទីក្រុង​រ៉ូម ជា​ទីក្រុង​ដ៏ធំ​នៃ​អណាចក្រ​រ៉ូម ។ ព្រឹត្តិការណ៍​ទាំងឡាយ​ដែលបាន​ពិពណ៌នា​នៅក្នុង​គម្ពីរ​កិច្ចការ បាន​​កើតមាន​ឡើង​ក្នុង​រយៈកាល​មួយ​ប្រហែលជា ៣០ ឆ្នាំ ( ប្រហែលជាក្នុងគ.ស៣០-៦២ ) ហើយ​ផ្ដោត​ជា​ចម្បង​ទៅលើ​ការ​បម្រើ​របស់ពេត្រុស ( សូមមើល​ កិច្ចការ ១–១២ ) និង ​ប៉ុល ( សូមមើលកិច្ចការ ១៣–២៨) ។ បើ​គ្មាន​គម្ពីរ​កិច្ចការ​ទេ នោះ​ចំណេះ​ដឹង​របស់​យើង​អំពី​ប្រវត្តិ​សាសនាចក្រ​ជំនាន់​បុរាណ នឹង​មានកំណត់ក្នុងកម្រិត​ដ៏​តូច​ ​ដែល​បាន​ផ្ដល់​ឲ្យ​ដោយ​សំបុត្រ​ទាំងឡាយ​ក្នុង​គម្ពីរ​សញ្ញា​ថ្មី ។ បន្ថែម​ពី​លើ​នោះ គម្ពីរ​កិច្ចការ​ផ្ដល់​នូវ​បរិបទ​ខាង​ប្រវត្តិសាស្ត្រ​ដ៏​មានតម្លៃ​​ចំពោះ​សំបុត្រ​របស់​ប៉ុល ។

អ្វី​ដែល​សំខាន់​ក្នុង​ការ​រីកចម្រើនរបស់​​សាសនាចក្រ​ពីបុរាណ គឺ​ការ​ផ្លាស់ប្រែចិត្ត​ជឿ​របស់​ប៉ុល (កិច្ចការ ៩) និង​បេសកកម្មជាប​ន្តបន្ទាប់​របស់​គាត់ ការ​និមិត្ត​ដែលពេត្រុស​បាន​ទទួល​ទាក់ទង​នឹង​ការ​ទទួល​យក​ចូល​ក្នុង​សាសនាចក្រ​នៃ​ពួកសាសន៍​ដទៃ ​ដែល​ពុំ​បាន​ផ្លាស់ប្រែចិត្តជឿ​លើ​សាសនា​យូដា​កាលពីមុន (​កិច្ចការ ១០:៩-១៦, ៣៤-៣៥), និង​គោលទ្ធិ​ដែល​បាន​បង្រៀន​នៅ​ឯ​សន្និសីទ​ក្នុង​ក្រុង​យេរូសាឡិម (កិច្ចការ ១៥) ។

ដូច​បាន​កត់ត្រា​នៅក្នុងលូកា ២៤:៤៩ព្រះអង្គ​សង្គ្រោះ​បាន​ណែនាំ​ដល់​ពួកសាវក​ថា ពួកគេ​ត្រូវ​ចាប់​ផ្ដើមធ្វើ​ការ​បម្រើ​របស់ពួកគេ​ ដរាបណា​ពួកគេ​​ត្រូវ​បាន « ​ព្រះចេស្តា​ពី​ស្ថាន​លើ​បាន​មក​គ្រប​ដណ្តប់​លើ​អ្នក​រាល់​គ្នា។ » គម្ពីរ​កិច្ចការ​កត់ត្រា​អំពី​កា​រប្រទាន​ឲ្យ​​​នៃ​អំណាច​នេះ​​ដោយ​ព្រះវិញ្ញាណបរិសុទ្ធ ហើយ​​ពិពណ៌នា​អំពី​លទ្ធផលដ៏​អស្ចារ្យ ដែល​បាន​ចាប់​ផ្ដើម​ជាមួយ​នឹង​ការ​ផ្លាស់ប្រែ​ចិត្តជឿ​របស់​មនុស្ស​រាប់ពាន់​នាក់ ​នៅ​ក្នុង​​បុណ្យថ្ងៃ​ទី ៥០ ( សូមមើល​​កិច្ចការ ២) ។ ក្នុង​គម្ពី​រកិច្ចការ លូកា​បាន​គូសបញ្ជាក់អំពី​ការធ្វើ​ការ​របស់ព្រះវិញ្ញាណ​បរិសុទ្ធ​មក​លើ​បុគ្គល​ម្នាក់ៗ​ និង​ក្រុម​ជំនុំ​ទាំងឡាយ ។ ឃ្លាថា « ព្រះចេស្តា​ពី​ស្ថាន​លើ បាន​មក​គ្រប​ដណ្តប់​លើ​អ្នក​រាល់​គ្នា » ទំនង​ជា​មាន​ន័យ​ថា សាវក « ទទួល​បាន​ចំណេះ​ដឹង​ អំណាច និង​ពរជ័យ​ជា​ពិសេស​ជាក់​លាក់ ដែល​តាម​ធម្មតា​ត្រូវ​បាន​ប្រគល់​ឲ្យ​តែ​នៅក្នុង​ព្រះវិហារបរិសុទ្ធ​របស់ព្រះ​អម្ចាស់​តែ​ប៉ុណ្ណោះ » ( ប្រ៊ូស អ័រ ម៉ាក់ខន់ឃី Doctrinal New Testament Commentary, វ៉ុល​ទី ៣ [ ១៩៦៥–៧៣ ] ១:៨៥៩ ) ។

គម្រោង

កិច្ចការ ១-២ព្រះយេស៊ូវ​គ្រីស្ទ​បម្រើ​​ដល់​ពួក​សិស្ស​របស់​ទ្រង់​រយៈពេល ៤០ ថ្ងៃ បន្ទាប់ពី​ការ​រស់ឡើងវិញ​របស់ទ្រង់ រួច​ហើយ​យាង​ទៅ​ស្ថានសួគ៌​វិញ ។​ តាមរយៈការ​បំផុសគំនិត ពួក​សាវក​បាន​ហៅ ​ម៉ាធាស ឲ្យ​បំពេញ​កិច្ចការ​នៅក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ។ ព្រះវិញ្ញាណបរិសុទ្ធ ត្រូវ​បាន​ចាក់​ស្រោច​មក​លើ​ថ្ងៃ​នៃ​បុណ្យ​ថ្ងៃទី ៥០ ។ ពេត្រុស​បាន​ថ្លែង​ទីបន្ទាល់​យ៉ាង​មោះមុត​អំពី​ព្រះអង្គសង្គ្រោះ​ ដែល​បាន​រស់​ឡើង​វិញ ហើយ​មានប្រជាជនប្រហែលជា​​បី​​ពាន់​នាក់​ត្រូវ​បានផ្លាស់​ប្រែ​ចិត្តជឿ ។

កិច្ចការ ៣-៨ពេត្រុស និង​យ៉ូហាន បាន​ព្យាបាល​បុរស​ម្នាក់​ដែល​ខ្វិន​តាំង​ពី​កំណើត ។ ពេត្រុស និង យ៉ូហាន ត្រូវ​បាន​គេចាប់​ខ្លួន​ដោយសារ​តែ​ការ​ផ្សាយ និង​ការ​ព្យាបាល នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ត្រូវ​បាន​រំដោះ​ចេញពី​គុគ ។ ពួកសាវក​បាន​ហៅ​បុរស​ប្រាំ​ពីរ​នាក់​ឲ្យ​ជួយ​ពួកគេ ​នៅក្នុង​ការ​បម្រើ​របស់ពួកគេ ម្នាក់​ក្នុង​ចំណោម​អ្នកទាំង​ប្រាំ​ពីរ​នេះ មានឈ្មោះ​ថា ស្ទេផាន បាន​ថ្លែង​ទីបន្ទាល់ពី​មុខ​ក្រុមប្រឹក្សា​ពួកយូដា ហើយ​សមាជិក​ក្រុម​ប្រឹក្សា​​នោះ​បាន​សំឡាប់​គាត់ ។ ភីលីព​ ផ្សព្វផ្សាយ​នៅ​ពេញ​ដែន​ដី​សាម៉ារី ។

កិច្ចការ ៩-១២សូល​ បាន​ផ្លាស់ប្រែចិត្ត ហើយ​បាន​ចាប់​ផ្ដើម​ការ​បម្រើ​របស់គាត់ ។ នៅក្នុ​ងការនិមិត្ត​មួយ ពេត្រុស​បាន​ដឹង​ថា ដំណឹងល្អ​គួរ​តែ​ត្រូវ​បាន​ផ្សព្វផ្សាយ​ដល់​ពួក​សាសន៍​ដទៃ ។ ហេរ៉ូឌ អាគ្រីប៉ា ទី១ បាន​យក​សាវក​យ៉ាកុប ( បងប្រុស​របស់​យ៉ូហាន ) ទៅ​សំឡាប់ ហើយចាប់​ពេត្រុសដាក់គុក ។

កិច្ចការ ១៣-១៥សូល និង បាណាបាស ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើជា​អ្នក​ផ្សព្វផ្សាយសាសនា ។ ពួកគេ​បាន​ជួប​នឹង​ការប្រឆាំងជំទាស់​​មកពី​ពួក​យូដា ហើយ​ត្រូវ​បាន​ទទួល​យក​ដោយ​ពួកសាសន៍​ដទៃ​មួយចំនួន ។ ពួកអ្នកដឹកនាំ​សាសនាចក្រ​ជួប​ជុំគ្នា​នៅក្នុង​ទីក្រុង​យេរូសាឡិម ហើយ​ប្ដេជ្ញា​ចិត្ត​ថា អ្នក​ផ្លាស់ប្រែចិត្ត​ជឿ​ដែលជាសាសន៍​ដទៃ ពុំ​ចាំបាច់​ត្រូវ​កាត់​ស្បែកទេ ( ឬ​បន្ដ​ប្រតិបត្តិ​តាម​ក្រឹត្យវិន័យ​លោក​ម៉ូសេ ) នៅពេល​ពួកគេ​ចូលរួម​ក្នុង​សាសនាចក្រ ។ ប៉ុល ( ដែល​ឥឡូវ​ត្រូវ​បាន​ហៅ​ថា សូល ) បាន​ចេញ​ដំណើរ​ផ្សព្វផ្សាយសាសនា​លើក​ទីពីរ​របស់គាត់ ទៅជាមួយ​នឹង​ស៊ីឡាស ។

កិច្ចការ ១៦-២០ប៉ុល និង​ស៊ីឡាស បាន​ពង្រឹង​​ដល់​ព្រះវិហារ​នានា​ជាច្រើន​ ដែលត្រូវ​បាន​ស្ថាបនា​ឡើង​ពី​មុនមក ។ នៅលើ​ភ្នំម៉ាស ទីក្រុង​អាថែន ប៉ុល​បាន​ផ្សាយ​ថា « យើង​​រាល់​គ្នា ជា​ពូជ​ព្រះ​ » (​​កិច្ចការ ១៧:២៩) ។ ប៉ុល​បាន​បញ្ចប់​បេសកកម្ម​ទីពីរ​របស់​គាត់ ហើយ​បានចេញ​ដំណើរ​បេសកកម្មទីបី​ទូទាំង​​អាស៊ី ។ ប៉ុល​បាន​ប្ដេជ្ញា​ចិត្ត​ត្រឡប់ទៅកាន់​ទីក្រុង​យេរូសាឡិម​វិញ ។

កិច្ចការ ២១-២៨នៅក្នុង​ទីក្រុង​យេរូសាឡិម ប៉ុល​ត្រូវ​បាន​គេចាប់​ខ្លួន ហើយ​លោកនៅបន្ដ​ថ្លែង​ទីបន្ទាល់​អំពីព្រះយេស៊ូវ​គ្រីស្ទទៀត ។ ព្រះអម្ចាស់​បាន​បង្ហាញ​ព្រះកាយ​ម្ដងទៀត​ដល់​ប៉ុល ។ ពួក​យូដា​ជាច្រើន​ បានមាន​កលល្បិច​រកសំឡាប់​ប៉ុល ។ នៅក្នុង​ស្រុង​សេសារា គាត់បាន​ថ្លែង​ទីបន្ទាល់​ចំពោះ​មុខ លោក​ភេលីច ភេស្ទុស និង អ័គ្រីប៉ា ។ ប៉ុល​ត្រូវ​បាន​ជាប់​គាំង​នៅ​តាមផ្លូវ​ទៅ​ទីក្រុង​រ៉ូម ។ ប៉ុល​ផ្សាយ​ដំណឹងល្អ​ ខណៈ​ដែល​ស្ថិតក្នុង​ការ​​​ចាប់​ខ្លួន​នៅក្នុង​ទីក្រុង​រ៉ូម ។