បណ្ណាល័យ
មេរៀនទី១៥៨ ៖ វិវរណៈ ១៧-១៩


មេរៀនទី ១៥៨

វិវរណៈ ១៧-១៩

សេចក្ដីផ្ដើម

យ៉ូហាន​បាន​មើល​ឃើញ​ថា បាប៊ីឡូន​ខាង​វិញ្ញាណ ឬ​ភព​នៃ​មនុស្ស​ទុច្ចរិត នឹង​ច្បាំង​ទាស់​នឹង​កូនចៀម​នៃ​ព្រះ ហើយ​ថា​កូនចៀម​នឹង​មាន​ជ័យ​ជំនះ​លើ​អារក្ស ។ ពួក​បរិសុទ្ធ​ត្រូវ​បាន​ហៅ​ឲ្យ​ចេញ​ពី​បាប៊ីឡូ​ន​ខាង​វិញ្ញាណ ហើយ​អ្នក​ដែល​ស្អាតស្អំ ហើយ​សុចរិត​នឹង​ត្រូវ​បាន​ហៅ​ឲ្យ​ចូល​រួម​ពិធី​លាង​សោយភោជ​ក្នុង​ពិធី​រៀប​អភិសេក​នៃ​កូនចៀម ។ យ៉ូហាន​បាន​មើល​ឃើញ​ព្រះយេស៊ូវ​គ្រីស្ទ​យាង​មក ​នៅ​ក្នុង​ព្រះចេស្ដា​ដ៏​អស្ចារ្យ​ដើម្បី​បំផ្លាញ​ជន​ដែល​ទាស់​នឹង​ទ្រង់ ។​

យោបល់​សម្រាប់​ការបង្រៀន

វិវរណៈ ១៧-១៨

យ៉ូហាន​បាន​ឃើញ​ទុក​ជា​មុន​ពី​ការ​បំផ្លិច​បំផ្លាញ​នៃ​បាប៊ីឡូន​ខាង​វិញ្ញាណ

ចូរសរសេរ​នៅលើ ក្ដារខៀន នូវ​សេចក្ដីថ្លែង​ការណ៍​ដូច​ខាង​ក្រោម​ដោយ​អែលឌើរ លីន ជី រ៉ូប៊ីន​ ក្នុង​ពួក​ចិតសិបនាក់ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​អាន​វា​ឮៗ ។ (សេចក្ដី​ថ្លែង​កាណ៍​មាន​នៅ​ក្នុង « Avoid It » [ ការប្រជុំ​ធម្មនិដ្ឋាន​នៅ​សាកលវិទ្យាល័យ​ព្រិកហាំ យ៉ង់ ថ្ងៃ​ទី​ ១៧ ខែ​ កញ្ញា ឆ្នាំ ​២០១៣ ] ទំព័រ ១, speeches.byu.edu ) ។

« ការ​គេច​ចេញ​ពី​ការ​ល្បួង​គឺ​ងាយ​ស្រួល​ជាង​ការ​តតាំង​នឹង​វា » ( អែលឌើរ លីន ជី រ៉ូប៊ីន ) ។

  • ហេតុអ្វី​អ្នក​គិត​ថា​ ការ​គេចវេស​ចេញ​ពី​ការ​ល្បួង​គឺ​ងាយ​ស្រួល​ជាង​ការ​តតាំង​នឹង​វា ?

  • តើ​អាច​មាន​អ្វី​កើត​ឡើង ប្រសិន​បើ​យើង​ដាក់​ខ្លួន​ឯង​នៅ​ក្នុង​ស្ថានភាព​ដែល​យើង​ត្រូវ​តែ​តតាំង​នឹង​ការ​ល្បួង​ជានិច្ច​នោះ ?

នៅ​ពេល​សិស្ស​សិក្សា វិវរណៈ ១៧–១៨ សូម​អញ្ជើញ​ពួកគេ​ឲ្យ​រកមើល​ពី សេចក្ដី​ពិត​ដែល​នឹង​ជួយ​ពួកគេ​ឲ្យ​ស្គាល់​ពី​របៀប​ចៀសវៀង​ពី​ការ​ល្បួង និង​អំពើ​បាប​ជាច្រើន​នៃ​ពិភពលោក​នេះ ។

សូម​រំឭក​សិស្ស​ថា យ៉ូហាន​បាន​ឃើញ​នៅ​ក្នុង​ការ​និមិត្ត​នូវ​ទេវតា​ប្រាំ​ពីរ​អង្គ​ដែល​នឹង​ចាក់​គ្រោះ​ចង្រៃ​លើ​មនុស្ស​ទុច្ចរិត​នៅ​ថ្ងៃ​ចុង​ក្រោយ ( សូម​មើល វិវរណៈ ១៦ ) ។ សូម​អញ្ជើញសិស្ស​ម្នាក់​អាន វិវរណៈ ១៧:១ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រក​មើល​ថា ទេវតា​មួយ​អង្គ​ក្នុង​ចំណោម​ទេវតា​ទាំង​ប្រាំពីរ​បាន​មាន​បន្ទូល​ថា​នឹង​បង្ហាញ​អ្វីខ្លះ​ដល់​យ៉ូហាន ។

  • តើ​ទេវតា​អង្គ​នោះ​បាន​មាន​បន្ទូល​ថា ទ្រង់​នឹង​បង្ហាញ​អ្វីខ្លះ​ដល់​យ៉ូហាន ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​អានវិវរណៈ ១៧:១៥ដោយ​ស្ងាត់​ស្ងៀម ហើយ​រក​មើល​ថា​ដែនទឹក​ដ៏​ច្រើន​នោះ​តំណាង​ឲ្យ​អ្វី ។

  • យោង​តាម ខ​ទី ១៥​តើ​ទឹក​ដ៏​ច្រើន​ដែល​ស្ត្រី​នោះ​អង្គុយ​លើ​តំណាង​ឲ្យ​អ្វី ? ( ប្រជាជន និង​ជាតិ​សាសន៍​ដែល​នាង​មាន​អំណាច និង​ឥទ្ធិពល​លើ [ សូម​មើល​ផង​ដែរ នីហ្វៃទី ១ ១៤:១១ ] ) ។

សូម​អញ្ជើញ​ឲ្យ​សិស្ស​ពីរ​បី​នាក់​ប្ដូរវេន​គ្នា​អាន​ឮៗ​នៅ​ក្នុង វិវរណៈ ១៧:២-៦ ។ សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​ពាក្យ និង ឃ្លា​នានា​ដែល​ពិពណ៌នា​អំពី​ស្ត្រី​នោះ និង​ឥទ្ធិពល​របស់​នាង​ទៅ​លើ​ពិភពលោក​នេះ ។

  • តើ​ពាក្យ ឬ​ឃ្លាណាខ្លះដែលពិពណ៌នាពី​​ស្ត្រី​នោះ​ ?

  • យោងតាម ខទី ២​តើ​ឥទ្ធិពល​របស់​ស្ត្រី​នោះ​ទៅ​លើ​ពួក​អ្នក​ដឹកនាំ និង​ប្រជាជន​នៅ​លើ​ផែនដី​នេះ​ត្រូវ​បាន​រៀបរាប់​យ៉ាង​ដូចម្ដេច ?

  • នៅ​ក្នុង ខ​ទី ៦ ការ​ដែល​ស្ត្រី​នោះ​ស្រវឹង​នឹង​ឈាម​នៃ​ពួក​បរិសុទ្ធ និង​ពួក​​ទុក្ករបុគ្គល តើ​អ្នក​គិត​ថា​វា​តំណាង​ឲ្យ​អ្វី ? ( នៅ​គ្រប់​សម័យកាល មនុស្ស​សុចរិត​ជាច្រើន​ត្រូវ​បានមនុស្ស​ទុច្ចរិត​សម្លាប់ ហើយ​ពាក្យ​នៅ​ក្នុង​បទគម្ពីរ​បាន​ណែនាំ​ថា ការ​សម្លាប់​មនុស្ស​សុចរិតមាន​ឥទ្ធិពល​ដ៏​ញៀនស្រវឹង​ចំពោះ​អស់​អ្នក​ដែល​ប្រព្រឹត្ត​​ឃាតកម្ម ) ។

សូម​ពន្យល់​ថា សត្វ​ដែល​បាន​រៀបរាប់​នៅ​ក្នុង ខ​ទី ៣ អាច​នឹង​តំណាង​ឲ្យ​ក្រុង​រ៉ូម​នៅ​ជំនាន់​របស់​យ៉ូហាន ក៏​ដូចជា​នគរ និង​ប្រជាជាតិ​ដ៏​ពុក​រលួយ​នៅ​ថ្ងៃចុង​ក្រោយ​ផង​ដែរ ( សូម​មើល វិវរណៈ ១៧:៨–១៣ ) ។

សូម​ឲ្យ​សិស្ស​ពិចារណា​ថា នរណា ឬ​អ្វី​ទៅ​ដែល​តំណាង​ឲ្យ​ស្ត្រី​ដែល​បាន​រៀបរាប់​នៅ​ក្នុង ខ​ទី ១–៦ ។ សូម​អញ្ជើញ​សិស្សឲ្យ​​អាន វិវរណៈ ១៧:១៨ ដោយ​ស្ងៀម​ស្ងាត់ ហើយ​រកមើល​ថា ស្ត្រី​នោះ​តំណាង​ឲ្យ​អ្វី ។

  • យោងតាម​ខទី ១៨តើ​ស្ត្រី​នោះ​តំណាង​ឲ្យ​អ្វី ?

សូម​ពន្យល់​ថា « ទីក្រុង​ដ៏​ធំ » ( ខ​ទី ១៨ ) សំដៅ​ទៅ​លើ​បាប៊ីឡូន​ខាង​វិញ្ញាណ ( សូមមើល គ. និង ស. ១៣៣:១៤ ) ។ ដោយ​សារ​តែ​រឿង​ខាង​លោកិយ និង​ភាពពុក​រលួយ​នៃ​បាប៊ីឡូន​កាល​ពី​បុរាណ និង​ដោយសារ​តែ​វា​គឺជា​កន្លែង​មួយ​​ដែល​កូនចៅ​អ៊ីស្រាអែល​​ត្រូវ​ជាប់​ក្នុង​សេវកភាព ដូច​បាន​ប្រើ​​ប្រៀបធៀបនៅ​ក្នុង​ព្រះគម្ពីរ​​​ជា​រឿយៗ​​​តំណាង​ឲ្យ​អំពើបាប រឿង​លោកិយ ឥទ្ធិពល​នៃ​អំពើ​អាក្រក់​នៅ​លើ​ផែនដី និង​សេវកភាព​ខាង​​វិញ្ញាណ ( សូម​មើល​ផង​ដែរ នីហ្វៃ​ទី១ ១៣:១–៩, ១៤:៩–១០ ) ។

សូម​សរសេរ​នៅ​លើ​ក្ដារខៀន ៖ ស្ត្រី​នោះ = បាប៊ីឡូន ឬ​អំពើ​ទុច្ចរិត​នៃ​លោកិយ

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន វិវរណៈ ១៧:១៤ ដោយ​ស្ងៀម​ស្ងាត់ ហើយ​រក​មើល​ថា​បាប៊ីឡូន​នឹង​ច្បាំង​ទាស់​នឹង​នរណា ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • តើ​អ្វីទៅ​នឹង​ក្លាយ​ជា​លទ្ធផល​នៃ​សង្គ្រាម​នេះ ? ( បន្ទាប់ពីសិស្ស​ឆ្លើយ​តប ចូរ​សរសេរ​សេចក្ដី​ពិត​ដូច​តទៅ​នៅលើ​ក្ដារ​ខៀន ៖ នៅ​ថ្ងៃ​ចុង​ក្រោយ ព្រះយេស៊ូវ​គ្រីស្ទ​នឹង​យក​ឈ្នះ​លើ​អំពើទុច្ចរិត​នៃលោកិយ ) ។

  • តើ​ការ​ដឹង​ពី​សេចក្ដី​ពិត​នេះ​អាច​ជួយ​អ្នក​យ៉ាង​ណា​ដែរ នៅ​ក្នុង​នាម​ជា​អ្នក​ដើរ​តាម​ម្នាក់​របស់​ព្រះយេស៊ូវ​គ្រីស្ទ ?

សូម​សង្ខេប វិវរណៈ ១៨:១–៣ ដោយ​ពន្យល់​ថា មាន​ទេវតា​មួយ​អង្គ​ទៀត​បាន​ប្រកាស​ពី​ការ​ធ្លាក់​នៃ​បាប៊ីឡូន​ដ៏​ទុច្ចរិត​នោះ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន វិវរណៈ ១៨:៤ ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ថា​ព្រះអម្ចាស់​បាន​បង្គាប់​ឲ្យ​រាស្ត្រ​របស់​ទ្រង់​ធ្វើ​អ្វីខ្លះ ។

  • តើ​ព្រះអម្ចាស់​បាន​បង្គាប់​ឲ្យ​រាស្ត្រ​របស់​ទ្រង់​ធ្វើ​អ្វីខ្លះ ?

  • តើ​ហេតុផល​អ្វី​ទៅ​ដែល​ព្រះអម្ចាស់​បាន​បង្គាប់​ឲ្យ​រាស្ត្រ​របស់​ទ្រង់​ចេញ​ពី​បាប៊ីឡូន​ដូច្នេះ ? ( ដើម្បី​ចៀសវាង​ពី​អំពើបាប​នៃ​លោកិយ និង​គ្រោះ​ចង្រៃ ឬ​ការ​កាត់​សេចក្ដី​ដែល​កើត​មាន​ដល់​ពួក​ទុច្ចរិត ) ។

  • តើ​យើង​អាច​ស្គាល់ សេចក្ដី​ពិត អ្វីខ្លះ​នៅ​ក្នុង​សេចក្ដីបង្គាប់​របស់​ព្រះអម្ចាស់​ដល់​រាស្ត្រ​របស់​ទ្រង់​ ឲ្យ​ញែក​ខ្លួន​ពួកគេ​ចេញ​ពី​អំពើ​ទុច្ចរិត​នៃ​លោកិយ ? ( ទោះ​បី​ជា​សិស្ស​ប្រើ​ពាក្យ​ខុស​គ្នា​ក្ដី សូម​ធ្វើ​ឲ្យ​ប្រាកដ​ថា ពួកគេ​ស្គាល់​សេចក្ដី​ពិត​មួយ​ស្រដៀង​គ្នា​នឹង​សេចក្ដី​ពិត​ដូចតទៅ​នេះ ៖ ការ​ញែក​ខ្លួន​យើង​ចេញ​ពី​អំពើ​ទុច្ចរិត​នៃ​លោកិយ​អាច​ជួយ​យើង​ឲ្យ​ចៀស​ផុត​ពី​អំពើ​បាប និង​ការ​កាត់​សេចក្ដី​ដែល​នឹង​កើត​មាន​ដល់​មនុស្ស​ទុច្ចរិត​នៅ​ថ្ងៃ​ចុងក្រោយ ។​ អ្នក​គួរ​ឲ្យ​យោបល់​សិស្ស​​ឲ្យ​គូស​ចំណាំ​ពាក្យ​នៅក្នុង​ខទី ៤ដែល​បង្រៀន​ពី​សេចក្ដីពិត​នេះ ) ។

សូម​ចែក​សិស្ស​ជា​ក្រុម​ ដែល​មាន​គ្នា​ពីរ​ទៅ​បួន​នាក់ ។ សូម​ផ្ដល់ សំណួរ ដូចខាង​ក្រោម​នេះ​ដល់​ក្រុម​នីមួយៗ​ជា​សំណៅ​ចែក ហើយ​ណែនាំ​សិស្ស​ឲ្យ​ពិភាក្សា​សំណួរ​ទាំងនោះ​ជាមួយ​ក្រុម​ពួកគេ ៖

រូបភាព
handout, Separating Ourselves from Spiritual Babylon

ការ​ញែក​ខ្លួន​យើង​ចេញ​ពី​បាប៊ីឡូន​ខាង​វិញ្ញាណ

ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន​ថ្នាក់​សិក្ខាសាលា—មេរៀន​ទី ១៥៨

  • តើ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ដែលត្រូវ​​បាន​ស្ដារឡើង​វិញ ​ជួយ​យើង​ឲ្យ​ញែក​ខ្លួន​យើង​ពី​អំពើ​ទុច្ចរិត​នៃ​លោកិយ​យ៉ាង​ដូចម្ដេច ?

  • តើ​យើង​អាចធ្វើ​អ្វីខ្លះ ដើម្បី​ញែកចេញ​ខ្លួន​យើង​ចេញ​ពី​អំពើ​ទុច្ចរិត​ខាង​លោកិយ ពេល​យើង​​បន្ត​រស់នៅ​ក្នុង​ចំណោម​សេចក្ដីស្រឡាញ់ ហើយ​ទាក់ទង​នឹង​ជន​ដែល​មាន​បទដ្ឋាន​ខុស​ពី​យើង ?

  • តើ​ការ​ញែក​ខ្លួន​ចេញ​ពី​ឥទ្ធិពល និង​ការ​អនុវត្ត​ទុច្ចរិត​បាន​ជួយ​អ្នក ឬ​មនុស្ស​ដទៃ​ទៀត​​ដែល​អ្នក​ស្គាល់​ឲ្យ​ចៀស​ផុត​ពី​ការ​ល្បួង និង​អំពើបាប​មួយ​ចំនួន​នៃ​លោកិយ​បាន​​យ៉ាង​ដូចម្ដេច ?

បន្ទាប់​ពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ​នោះ សូម​ឲ្យ​សិស្ស​បី​បួននាក់ ឲ្យ​ចែកចាយ​ដល់​សិស្ស​ក្នុង​ថ្នាក់​នូវ​អ្វី​ដែល​ពួកគេ​បាន​ពិភាក្សា ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​នៅ​លើ​ក្រដាស ( ១ )​ ឥទ្ធិពល ឬ​ការ​អនុវត្ត​ទុច្ចរិត​ដែល​ពួកគេ​ត្រូវ​ញែក​ខ្លួន​ពួកគេ​ចេញ និង​ ( ២ ) ​របៀប​ដែល​ពួកគេ​ធ្វើ​កិច្ចការ​នេះ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ទុក​ក្រដាស​នោះ​នៅ​កន្លែង​ដែល​ពួកគេ​អាចផ្ទៀងមើល​​ជា​ញឹកញាប់ ហើយ​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​អនុវត្ត​នូវ​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។

សូម​សង្ខេប វិវរណៈ ១៨:៥–២៤ ដោយ​ពន្យល់​ថា យ៉ូហាន​បាន​ឃើញ​ពី​ការ​ធ្លាក់​នៃ​បាប៊ីឡូន​ទុច្ចរិត និង​ភាពសោក​សៅ​នៃ​ពួក​អ្នក​គាំទ្រ​របស់​វា ។

វិវរណៈ ១៩

យ៉ូហាន​ឃើញ​ព្រះយេស៊ូវ​គ្រីស្ទ​យាង​មក​នៅ​ក្នុង​ព្រះចេស្ដា​ ដើម្បី​បំផ្លាញ​ជន​ដែល​ទាស់​នឹង​ទ្រង់ ។

សូមបង្ហាញ​រូប​ភាព​មួយ​នៃ​កូន​កំលោះ និង​កូនក្រមុំ​មួយ​គូ ។ សូម​សួរ​សិស្ស​ថា អំណោយ​អ្វី​ទៅ​ជា​អំណោយ​ដ៏​ល្អ​បំផុត ​ដែល​ពួកគេ​អាច​ផ្ដល់​ឲ្យ​ទៅ​ស្វាមី ឬ​ភរិយា​របស់​​ពួកគេ​នា​ពេល​អនាគត​នៅ​ថ្ងៃ​មង្គលការ​របស់​ពួកគេ ។ បន្ទាប់ពីសិស្ស​ឆ្លើយ​តប សូម​អាន​សេចក្ដីថ្លែង​ការណ៍​ខាងក្រោម​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរនាក់ ៖

រូបភាព
អែលឌើរ ជេហ្វ្រី អ័រ ហូឡិន

« នៅ​ថ្ងៃ​មង្គល​ការ​របស់​អ្នក អំណោយ​ដ៏​ល្អបំផុត​ដែល​អ្នក​អាច​ផ្ដល់​ឲ្យ​ដៃ​គូ​ដ៏​នៅ​អស់​កល្ប​ជានិច្ច​របស់​អ្នក​​នោះគឺចរិត​លក្ខណៈ​ដ៏​ល្អ​បំផុត​របស់​អ្នក—ស្អាត​ស្អំ ហើយ​បរិសុទ្ធ ហើយ​សក្ដិ​សម​នឹង​ទទួល​បាន​មក​វិញ​នូវ​បរិសុទ្ធភាព » ( « Personal Purity » Ensign ខែ វិច្ឆិកា ឆ្នាំ​១៩៩៨ ទំព័រ ៧៧ ) ។

  • ហេតុអ្វី​អ្នក​គិត​ថា​ការ​ស្អាតស្អំ ហើយ​បរិសុទ្ធ​គឺជា​អំណោយ​ដ៏​ល្អ​បំផុត​ដែល​អ្នក​អាច​ផ្ដល់​ឲ្យ​ស្វាមី ឬ​ភរិយា​របស់​អ្នក​នៅ​ថ្ងៃ​មង្គលការ ?

សូម​ពន្យល់​ថា វិវរណៈ ១៩ កត់ត្រា​រឿង​ប្រៀប​ប្រដូច​មួយ​អំពី​អាពាហ៍​ពិពាហ៍​ដែល​ត្រូវ​បាន​ប្រើ ​ដើម្បី​បរិយាយ​ពី​ការ​យាង​មក​ជា​លើក​ទីពីរ ។ សូម​សង្ខេប វិវរណៈ ១៩:១–៦ ដោយ​ពន្យល់​ថា យ៉ូហាន​បាន​ឃើញ​ថា មនុស្ស​សុចរិត​នឹង​សរសើរ​ព្រះ​​ចំពោះ​ការ​កាត់​សេចក្ដី​របស់​ទ្រង់​ទាស់​នឹង​មនុស្ស​ទុច្ចរិត ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន វិវរណៈ ១៩:៧ ឲ្យ​ឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម រកមើល​ថា​ទេវតា​បាន​ប្រកាស​ដល់​យ៉ូហានអំ​ពី​អាពាហ៍​ពិពាហ៍​របស់​នរណា ។

  • តើ​ទេវតា​បាន​ប្រកាស​ដល់​យ៉ូហានអំ​ពី​អាពាហ៍​ពិពាហ៍​របស់​នរណា ?

  • តើ​យ៉ូហាន​បាន​រៀន​អ្វីខ្លះ​អំពី​ភរិយា​របស់​កូន​ចៀម ?

សូម​ពន្យល់​ថា « ពេល​រៀប​វិវាហមង្គល​នៃ​កូន​ចៀម » ( វិវរណៈ ១៩:៧ ) សំដៅ​ទៅ​លើ​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអង្គ សង្គ្រោះ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន​ឮៗ​​អំពី​សេចក្ដីថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ​អែលឌើរ ​ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​រក​ថា កូនក្រមុំ​របស់​កូន​ចៀម​ជា​នរណា ។

រូបភាព
អែលឌើរ​ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី

« នៅ​​ក្នុង​គ្រា​កាន់​កាប់​ត្រួតត្រា​នេះ កូន​កំលោះ​ដែល​ជា​កូនចៀម​របស់​ព្រះ​នឹង​យាង​មក​ប្រកាស​រក​កូនក្រមុំ​របស់​ទ្រង់ ដែល​ជា​សាសនាចក្រ​ដែល​មាន​ពួក​បរិសុទ្ធ​ស្មោះត្រង់​ ដែល​បាន​ទន្ទឹង​រង់ចាំ​ការ​យាង​ត្រឡប់​មក​វិញ​របស់​ទ្រង់ » (Mormon Doctrine កំណែ​ទី២ [ ឆ្នាំ​ ១៩៦៦ ] ទំព័រ ៤៦៩ ) ។

  • តើ​ទំនាក់​ទំនង​អាពាហ៍​ពិពាហ៍​មួយ​គឺជា​និមិត្ត​រូប​មួយ​ដ៏​សមរម្យ ​សម្រាប់​ទំនាក់ទំនង​នៃ​សេចក្ដី​សញ្ញា​របស់​យើង​ជាមួយ​នឹង​ព្រះយេស៊ូវ​គ្រីស្ទ​​តាម​របៀប​ណា​ ? ( អ្នក​អាច​ពន្យល់​ថា អាពាហ៍ពិពាហ៍​គឺជា​ទំនាក់ទំនង​មួយ​ ដែល​តម្រូវ​ឲ្យ​ភាព​ស្មោះ​ត្រង់ ការ​លះបង់ សេចក្ដី​ស្រឡាញ់ ការ​តាំង​ចិត្ត និង​ការ​ទុកចិត្ត ) ។

សូម​អញ្ជើញសិស្ស​ម្នាក់​អាន វិវរណៈ ១៩:៨-៩ ឲ្យ​ឮៗ ។ ចូរសុំ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ទៀង​តាម រក​មើល​ថា​ពួក​បរិសុទ្ធ​អាច​ធ្វើ​អ្វីខ្លះ ​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអង្គ​សង្គ្រោះ ។ អ្នក​អាច​ពន្យល់​ថា សំពត់​ទេស-ស​អាច​តំណាង​ឲ្យ​ភាព​បរិសុទ្ធ ភាព​ស្អាត​ស្អំ និង​សេចក្ដី​សុចរិត ។

  • ដូច​ដែល​បាន​តំណាង​ឲ្យ​សំលៀក​បំពាក់​នៃ​ភរិយា​របស់​កូនចៀម តើ​យើង​ត្រូវ​ធ្វើ​អ្វីខ្លះ​ដើម្បី​ត្រៀម​ខ្លួនយើង​សម្រាប់​ការ​យាង​មក​របស់​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ? ( បន្ទាប់​ពី​សិស្ស​បាន​ឆ្លើយ សូម​សរសេរ​គោល​ការណ៍​ដូច​តទៅ​នេះ​នៅ​លើ​ក្ដារខៀន ៖ ប្រសិន​​បើ​យើង​ស្អាត​ស្អំ ហើយ​សុចរិត នោះយើង​នឹង​ត្រៀម​ខ្លួន​ជា​ស្រេច​​សម្រាប់​ការ​យាង​មក​របស់​ព្រះអម្ចាស់ ព្រះយេស៊ូវ​គ្រីស្ទ ) ។

ចូរ​ពន្យល់​ថា ពាក្យប្រទាន នៅ​ក្នុង​ខទី ៨ មានន័យ​ថា​បាន​ផ្ដល់​ឲ្យ ឬ​យល់​ព្រម ។ ការ​ស្អាតស្អំ​ពី​អំពើបាប ហើយ​បាន​ធ្វើ​ឲ្យ​សុចរិត​គឺជា​អំណោយ​ទាន​មួយ​មក​ពី​ព្រះ ។

  • តើ​ព្រះ​បាន​ធ្វើ​អ្វីខ្លះ ​ដើម្បី​ប្រទាន​ផ្លូវ​មួយ​ឲ្យ​យើង​បាន​ស្អាត​ស្អំ​ពី​អំពើបាប ហើយ​ក្លាយ​ជា​សុចរិត ?

  • ហេតុអ្វី​អ្នក​គិត​ថា ការ​មាន​ភាព​ស្អាត​ស្អំ ហើយ​សុចរិត​គឺជា​អំណោយទាន​មួយ​ដ៏​ល្អ​បំផុត​ដែល​យើង​អាច​ថ្វាយ​ព្រះអង្គ​សង្គ្រោះ​ នៅ​ពេល​ទ្រង់​យាង​មក​ម្ដង​ទៀត ?

សូម​អញ្ជើញ​សិស្ស​អាន វិវរណៈ ១៩:១០ ដោយ​ស្ងាត់​ស្ងៀម ហើយ​រក​មើល​ពី​ប្រតិកម្ម​ដែល​យ៉ូហាន​មាន​ បន្ទាប់​ពី​ស្ដាប់​ឮ​រឿង​​ដែល​ទេវតា​បាន​ប្រកាស​ដល់​លោក ។ សូម​ឲ្យ​សិស្សរាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • តើ​ទេវតា​បាន​ប្រកាស​ដល់​យ៉ូហាន​ថា ទ្រង់ ( ទេវតា ) និង​ពួក​អ្នក​បម្រើ​ផ្សេង​ទៀត​របស់​ព្រះ​មាន​អ្វីខ្លះ ? ( ទី​បន្ទាល់​ពី​ព្រះយេស៊ូវ​ដែល​ជា​វិញ្ញាណ​នៃសេចក្តីទំនាយ​) ។

សូម​ពន្យល់​ថា « វិញ្ញាណ​នៃ​សេចក្តីទំនាយ​ » ( ខ​ទី ១០ ) សំដៅ​ទៅ​លើ​អំណោយ​ទាន​នៃ​វិវរណៈ និង​ការ​បំផុស​គំនិត​មក​ពី​ព្រះ ដែល​អនុញ្ញាត​ឲ្យ​មនុស្ស​ម្នាក់​ទទួល ហើយ​និយាយ​ពី​បន្ទូល​របស់​ព្រះ ( សូម​មើល​សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ព្យាករ, ការ​ព្យាករ » scriptures.lds.org ) ។

  • តើ​មនុស្ស​ម្នាក់​ដែល​មាន​ទីបន្ទាល់​មួយ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ត្រៀម​ខ្លួន​ សម្រាប់​​យាង​មក​ជាលើក​ទី​ពីរ​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ប្ដូរ​វេន​គ្នា​អាន​ឮៗ​នៅ​ក្នុង វិវរណៈ ១៩:១១-១៦ ដែល​មាន​នៅ​ក្នុង​ការ​បកប្រែ​ដោយ​ យ៉ូសែប ស្ម៊ីធ វិវរណៈ ១៩:១៥ ( នៅ​ក្នុង សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ) ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ពាក្យ ឬ​ឃ្លា​ទាំងឡាយ​ ដែល​ពិពណ៌នា​អំពី​ព្រះអង្គ​សង្គ្រោះ​នៅ​ការ​យាង​មក​ជាលើក​ទីពីរ​របស់​ទ្រង់ ។ សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

សូម​ពន្យល់​ថា សេះស​ដែល​បាន​លើក​ឡើង​នៅ​ក្នុង ខ​ទី ១១ គឺ​ជា​និមិត្ត​រូប​នៃជោគជ័យ និង ​ជ័យ​ជំនះ ។ ព្រះអង្គ​សង្គ្រោះ​នឹង​យាង​មក​ផ្ចាញ់​អំពើ​បាប និង​​សេចក្ដី​ទុច្ចរិត ។

  • យោង​តាម ខ​ទី ១៣ តើ​ព្រះពស្ដ​របស់​​ព្រះអង្គ​សង្គ្រោះ​ត្រូវ​បាន​ពិពណ៌នា​យ៉ាង​ដូចម្ដេច ? ( សូម​ពន្យល់​ថា ឃ្លា « ជ្រលក់​ដោយ​ឈាម » ​មាន​ន័យ​ថា​ព្រះពស្ដ​របស់​ទ្រង់​នឹង​មាន​ពណ៌​ក្រហម​ឆ្អៅ​ដូចជា​ឈាម ។ ពណ៌​នេះ​តំណាង​ឲ្យ​ការ​បំផ្លិច​បំផ្លាញ​ដល់​មនុស្ស​ទុច្ចរិត​នៅ​ការ​យាង​មក​របស់​ទ្រង់ [ សូម​មើល គ. និង ស. ១៣៣:៤៦–៥១ ] ហើយ​​ក៏​អាច​រំឭក​ដល់​យើង​ផង​ដែរ​ពី​ការ​រងទុក្ខ​ដែល​ទ្រង់​បាន​ជួប​នៅ​គ្រា​នៃ​ដង្វាយ​ធួន​របស់​ទ្រង់ ) ។

សូម​ចង្អុល​បង្ហាញ​ថា ការ​បកប្រែ​ដោយ ​យ៉ូសែប​សម្រាប់​វិវរណៈ ១៩:១៥ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា យ៉ូហាន​បាន​ឃើញ​ថា នៅ​ពេល​ព្រះអង្គ​សង្គ្រោះ​​បាន​យាង​មក​ជា​ស្ដេច​នៃ​អស់​ទាំង​ស្ដេច និង​ជា​ព្រះអម្ចាស់​នៃ​អស់​ទាំង​ព្រះអម្ចាស់ នោះ​ទ្រង់​នឹង​ដឹកនាំ​ប្រជាជាតិ​ទាំងឡាយ​ដោយ​បន្ទូល​នៃ​ព្រះ ។ សូម​សង្ខេប វិវរណៈ ១៩:១៧–២១ ដោយ​ពន្យល់​ថា យ៉ូហាន​បាន​ឃើញ​ការ​បំផ្លិច​បំផ្លាញ​នៃ​ជន​ដែល​ទាស់​ប្រឆាំង​នឹង​កូនចៀម​នៃ​ព្រះ ( សូម​មើល​ការបក​ប្រែ​ដោយ ​យ៉ូសែប ស្ម៊ីធ វិវរណៈ ១៩:១៨ ) ។

សូម​បញ្ចប់​ដោយ​សូម​ឲ្យ​សិស្ស​សញ្ជឹង​គិត​ពី​រឿង​ ដែល​ពួកគេត្រូវ​ធ្វើ​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ការ​យាង​មក​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​លើក​ទឹកចិត្ត​ឲ្យ​ពួកគេ​ធ្វើ​សកម្មភាព​តាម​ការបំផុស​គំនិត​ដែល​ពួកគេ​​ទទួលបាន ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

វិវរណៈ ១៧:៥ ។ « ក្រុង​បាប៊ីឡូន​ដ៏​ធំ »

ការ​និមិត្ត​របស់​យ៉ូហាន​អំពី​ក្រុង​បាប៊ីឡូន​ ត្រូវ​គ្នា​នឹង​ការ​និមិត្ត​របស់​នីហ្វៃ​អំពី​សាសានាចក្រ​ដ៏​ធំ ហើយ​គួរខ្ពើមឆ្អើម ឬ​ជា​សាសនាចក្រ​នៃ​អារក្ស ( សូម​មើល នីហ្វៃ​ទី ១ ១៣–១៤ ) ។ អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀនថា ៖

« ក្រុង​បាប៊ីឡូន​ដ៏​ធំ​គឺជា​សាសនាចក្រ​នៃ​អារក្ស វា​គឺជា​លោកិយ​ដែល​ពោរពេញ​ដោយ​អំពើ​អាក្រក់ និង​វិបត្តិលោកិយ ។ វា​គឺជា​អង្គការ​គ្រប់​ប្រភេទ គ្រប់ទម្រង់​បែបបទ—មិន​ថា​ខាង​សាសនា ខាង​ស៊ីវិល ខាង​នយោបាយ ឬ​អ្វី​ផ្សេង​នោះ​ទេ​—​ដែល​គាំទ្រ​ទស្សនវិជ្ជាមួយ ឬ​លើក​កម្ពស់​ដល់​បុព្វហេតុ​មួយ​ដែល​នាំ​មនុស្ស​ឲ្យ​ឃ្លាត​ចេញ​ពី​សេចក្ដី​សង្គ្រោះ ហើយ​ឆ្ពោះ​ទៅ​រក​នគរ​ដែលមាន​​សិរីល្អ​ទាប​ជាង​នៅ​ក្នុង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច » ( Doctrinal New Testament Commentary វ៉ុលទី ៣ [ ឆ្នាំ​១៩៦៦–៧៣ ] ៣:៥៥៨ ) ។

វិវរណៈ ១៨:៤ ។ « ចូរ​ចេញ​ពី​ទី​ក្រុង ​[ បាប៊ីឡូន ] ​នោះ​មក, … ដើម្បី​កុំ​ឲ្យ​ត្រូវ​មាន​ចំណែក​ក្នុង​អំពើ​បាប​វា​ឡើយ »

អែលឌើរ រីឆាដ ជី ស្កត ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​បាន​បង្រៀន​ពី​កិច្ចការ ​ដែល​សមាជិក​សាសនាចក្រ​អាច​ធ្វើ ​ដើម្បី​រស់​នៅ​នៅ​ក្នុង​ពិភពលោក​នេះ​ដោយ​គ្មាន​ការ​ធ្វើ​ឲ្យ​កខ្វក់​ដោយ​អំពើ​អាក្រក់​របស់​វា ៖

« ភាគ​ច្រើន​នៃ​ពិភពលោក​នេះ​គឺ​ហ៊ុមព័ទ្ធ​ដោយ​ទឹក​ទន្លេ​កខ្វក់​ដ៏​ធំ ដោយ​បាន​លះបង់​ចោល​នូវ​គុណធម៌ សេចក្ដី​សុចរិត ភាព​ទៀងត្រង់​ផ្ទាល់​ខ្លួន មង្គលការប្រពៃណី និង​ជីវិត​គ្រួសារ ។ …

« … ថ្វី​បើ​វា​ពោរពេញ​ដោយ​អំពើ​អាក្រក់​ដ៏​ច្រើន​ក៏​ដោយ ក៏​ពិភពលោក​នេះ​ទាំងមូល​មាន​ភាពស្រស់​បំព្រង ហើយ​មាន​មនុស្ស​ល្អ ហើយ​ស្មោះ​ត្រង់​ជាច្រើន ។ ព្រះ​បាន​ផ្ដល់​វិធី​មួយ​ ដើម្បី​រស់នៅ​ក្នុង​ពិភព​លោក​នេះ និង​មិន​ត្រូវ​បាន​បំពុល​ដោយ ​សម្ពាធដ៏លាមក ​ដែល​ពួក​អារក្ស​បាន​ពង្រីក​នោះឡើយ ។ បងប្អូន​អាច​រស់​នៅ​ក្នុង​ជីវិត​មួយ​ប្រកប​ដោយ​គុណធម៌ មាន​ជោគជ័យ សុចរិត​ភាពកើតមាន​តាមរយៈ​ផែនការ​នៃ​ការ​ការពារ​ ដែល​បាន​បង្កើត​ឡើង​ដោយ​ព្រះវរបិតា​របស់​បងប្អូន​គង់​នៅ​ស្ថាន​សួគ៌គឺ ៖ ផែនការ​នៃ​សុភមង្គល​របស់​ទ្រង់ » ( « How to Live Well amid Increasing Evil » EnsignLiahona ខែ ឧសភា ឆ្នាំ​ ២០០៤ ទំព័រ ១០០ ) ។

វិវរណៈ ១៨:៤ ។ « ក្រែង​ត្រូវ​វេទនា​ដូច​ជា​វា​ដែរ »

ព្យាការី យ៉ូសែប ស៊្មីធ បាន​បង្រៀន​ថា មនុស្ស​សុចរិត​នឹង​ចៀស​មិន​ផុត​ពី​ការ​សាកល្បង និង​ការ​រងទុក្ខ​ដែល​កើត​មាន​ជាមួយ​នឹង​ការ​កាត់​សេចក្ដី​ ដែល​នឹង​កើត​មាន​ដល់​មនុស្ស​ទុច្ចរិត​ឡើយ ៖

« វា​គឺ​ជា​គំនិត​ខុស​ឆ្គង​មួយ ដែលពួកបរិសុទ្ធ​នឹង​ចៀស​ផុតពី​ការ​ជំនុំ​ជំរះ ខណៈ​ដែលពួក​ទុច្ចរិត​រងទុក្ខ ដ្បិត​គ្រប់សាច់ឈាម​គឺ​ស្ថិត​នៅក្រោម​ការ​រងទុក្ខ ហើយ ‹ ពួកបរិសុទ្ធ​នឹង​ពិបាក​ចៀសផុត​ណាស់ › … ពួកសុចរិត​ជាច្រើននឹង​ធ្លាក់ខ្លួន​​រងគ្រោះ​នឹង​ជំងឺ គ្រោះ​ចង្រៃ ជាដើម ដោយ​សារ​តែ​មូលហេតុ​នៃ​ភាព​ទន់​ខ្សោយ​ខាង​សាច់ឈាម តែ​នឹង​ត្រូវ​បាន​សង្គ្រោះ​នៅក្នុង​នគរ​នៃ​ព្រះ » ( នៅ​ក្នុង​​History of the Church ៤:១១ )

វិវរណៈ ១៩:៩ ។ « ​បរិភោគ​ការ​កូន​ចៀម »

« ​បរិភោគ​ការ​កូន​ចៀម » ( វិវរណៈ ១៩:៩ ) គឺជានិមិត្តសញ្ញា​យោង​មួយ​ទៅ​នឹង​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ព្យាការី យ៉ូសែប ស្ម៊ីធ បាន​បង្រៀនថា ៖

« ជន​ដែល​គោរព​តាម​បទបញ្ញត្តិ​របស់​ព្រះអម្ចាស់ ហើយ​ដើរ​នៅ​ក្នុង​ច្បាប់​របស់​ទ្រង់​រហូត​ដល់​ចុង​បំផុត គឺ​ជា​បុគ្គល​តែ​ម្នាក់​គត់ ​ដែល​បាន​អនុញ្ញាត​ឲ្យ​អង្គុយ​នៅ​ឯ​ពិធី​បរិភោគ​អាហារ​ដ៏​រុង​រឿង​នេះ ។ …

« សូម​សញ្ជឹង​គិត​មួយ​ភ្លែត បងប្អូន​ប្រុស​ស្រី ហើយ​សួរ​ថាតើ​បងប្អូន​នឹង​ចាត់ទុក​ខ្លួន​ឯង​ថា​សក្ដិសម​ដើម្បី​អង្គុយ បរិភោគ​ការ​នោះឬទេ » ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ​ ២០០៧ ] ទំព័រ ១៦៥–៦៦ ) ។

វិវរណៈ ១៩:១៣ ។ « ព្រះពស្ត្រ​ជ្រលក់​ដោយ​ឈាម »

អែលឌើរ នែល អេ ម៉ាក់ស្វែល ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​បាន​បង្រៀន​ពី​ការ​ពាក់​ព្រះពស្ដ​​ពណ៌​ក្រហម​របស់​ព្រះយេស៊ូវគ្រីស្ទ​ នៅ​ឯ​ការ​យាង​មក​ជា​លើក​ទីពីរ​ដូច​តទៅ ៖

« ដោយ​មាន​លោហិត​ចេញ​ពី​គ្រប់​គល់​រោម ឱ!​តើ​ព្រះពស្ដ​របស់​ទ្រង់​មាន​ពណ៌​ក្រហម​យ៉ាង​ណា​ទៅ​នៅ​ក្នុង​ច្បារគែតសេម៉ានី តើ​ព្រះពស្ដ​ខាង​ក្រៅ​នោះ​មាន​ពណ៌​ក្រហម​ឆ្អិនឆ្អៅ​យ៉ាង​ណា​ទៅ !

« គ្មាន​អ្វី​ត្រូវ​ងឿង​ឆ្ងល់​ឡើយ នៅ​ពេល​ព្រះគ្រីស្ទ​យាងមក​នៅ​ក្នុង​ព្រះចេស្ដា និង​សិរីល្អ ទ្រង់​នឹង​យាង​មក​ក្នុង​ព្រះពស្ដ​ក្រហម ( សូម​មើល គ. និង ស. ១៣៣:៤៨ ) ដោយ​ពុំ​គ្រាន់​តែ​បង្ហាញ​ពី​ការ​ខ្ញាល់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ធ្វើ​ឲ្យ​យើង​ចងចាំ​ថា ទ្រង់​បាន​រង​ទុក្ខ​យ៉ាង​ណា​សម្រាប់​យើង​ម្នាក់ៗ​នៅសួន​​ច្បារ​គែតសេម៉ានី និង​នៅ​ភ្នំ​កាលវ៉ារី ! » ( « Overcome … Even As I Also Overcame » Ensign ខែ​ ឧសភា ឆ្នាំ ​១៩៨៧ ទំព័រ ៧២ ) ។