មេរៀនទី១១៤
កូរិនថូសទី២ ៤-៥
សេចក្តីផ្ដើម
នៅក្នុងសំបុត្ររបស់លោកដល់ពួកបរិសុទ្ធនៅកូរិនថូស ប៉ុលបានបង្រៀនថា ការសាកល្បង និងការរងទុក្ខក្នុងជីវិតនេះគឺជារឿងបណ្ដោះអាសន្នទេ ហើយវាតូចបំផុតបើប្រៀបទៅនឹងពរជ័យនៃភាពអស់កល្បជានិច្ច ។ លោកក៏បានបង្រៀនដល់ពួកបរិសុទ្ធផងដែរអំពីការកាត់សេចក្ដី ហើយបានថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវគ្រីស្ទអាចធ្វើឲ្យយើងបានផ្សះផ្សារនឹងព្រះវិញបាន ។
យោបល់សម្រាប់ការបង្រៀន
កូរិនថូសទី២ ៤
ប៉ុលថ្លែងទីបន្ទាល់ថា ទោះជាលោកមានសេចក្ដីរងទុក្ខ ក៏លោកមិនខ្លាច ឬព្រួយចិត្តឡើយ
សូមដាក់បង្ហាញ រូបភាពទី១ ។
-
តើរូបភាពនេះបង្ហាញពីអ្វី ?
-
តើអ្វីទៅដែលជំរុញឲ្យមនុស្សម្នាក់នេះគិតពីបុគ្គលដែលកំពុងរុញគាត់ ?
សូមដាក់បង្ហាញ រូបភាពទី ២ ។
-
តើការមើលឃើញនូវរូបភាពទីមួយនៅក្នុងបរិបទមួយដ៏ធំ បានផ្លាស់ប្ដូរការកាត់សេចក្ដីរបស់អ្នកទៅលើអ្វីដែលវាបង្ហាញបានយ៉ាងដូចម្ដេច ?
សូមពន្យល់ថា ប៉ុលបានសរសេរទៅកាន់ពួកបរិសុទ្ធនៅកូរិនថូសឲ្យជួយគ្នាមើលឃើញបរិបទដ៏ធំនៃសេចក្ដីវេទនារបស់ពួកគេ ។ នៅពេលសិស្សសិក្សាកូរិនថូស ទី២ ៤សូមអញ្ជើញពួកគេឲ្យរកមើលសេចក្ដីពិតដែលប៉ុលបានបង្រៀនដល់ពួកបរិសុទ្ធ ស្ដីពីសេចក្ដីវេទនារបស់ពួកគេ ។
សូមសង្ខេប កូរិនថូសទី២ ៤:១–៧ ដោយពន្យល់ថាប៉ុលបានអះអាងដល់ពួកបរិសុទ្ធថា លោកបានប្រកាសដំណឹងល្អដល់ពួកគេដោយសេចក្ដីពិតពេញលេញ ។ លោកបានបង្រៀនថា សាតាំងដែលជា « ព្រះរបស់លោកិយ » ( ខទី ៤ ) ខិតខំធ្វើការដើម្បីរារាំងមនុស្សមិនឲ្យទទួលយកដំណឹងល្អ ។ ប៉ុលបានប្រៀបធៀបខ្លួនលោក និងពួកអ្នកបម្រើផ្សេងទៀត ទៅនឹងថូដីដែលមាននូវ « ទ្រព្យសម្បត្តិ » នៃ « រស្មីពន្លឺនៃដំណើរស្គាល់សិរីល្អរបស់ព្រះ »( ខទី៦-៧ ) ។
សូមអញ្ជើញសិស្សម្នាក់អាន កូរិនថូសទី២ ៤:៨-៩ឲ្យឮៗ ។ ចូរសុំសិស្សក្នុងថ្នាក់ឲ្យផ្ទៀងតាម រកមើលថាប៉ុលបានពិពណ៌នាពីឧបសគ្គនៃការងាររបស់លោកក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនាយ៉ាងដូចម្ដេច ។
-
តើប៉ុលបានពិពណ៌នាពីឧបសគ្គនៃការងាររបស់លោកក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនាយ៉ាងដូចម្ដេច ?
-
តើប៉ុលបានប្រើឃ្លាអ្វីខ្លះ ដើម្បីពិពណ៌នាពីរបៀបដែលលោកបានអនុវត្តតបនឹងឧបសគ្គទាំងនេះ ?
-
ហេតុអ្វីអ្នកគិតថា ប៉ុលអាចនៅតែរក្សាឥរិយាបថវិជ្ជមានកាលលោកបានជួបនឹងឧបសគ្គទាំងនេះ ?
សូមសង្ខេប កូរិនថូសទី២ ៤:១១–១៤ ដោយពន្យល់ថា ប៉ុលបានបង្រៀនថា ទោះបីជាមនុស្សខ្លះនឹងស្លាប់ដោយសារដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទក្ដី ក៏សេចក្ដីស្លាប់របស់ពួកគេគ្រាន់តែជារឿងបណ្ដោះអាសន្នប៉ុណ្ណោះ ។
សូមអញ្ជើញសិស្សម្នាក់អាន កូរិនថូសទី២ ៤:១៤-១៦ឲ្យឮៗ ។ ចូរសុំសិស្សក្នុងថ្នាក់ឲ្យផ្ទៀងតាម រកមើលថា ប៉ុលបានដឹងអ្វីខ្លះដែលបានជួយលោកឲ្យប្រឈមនឹងការសាកល្បង និងការបៀតបៀននោះ ។
-
តើប៉ុលបានដឹងអ្វីខ្លះ ដែលវាបានជួយលោកឲ្យប្រឈមនឹងការសាកល្បង និងការបៀតបៀន ?
-
តើឃ្លាថា « ទោះបើមនុស្សខាងក្រៅរបស់យើងខ្ញុំ កំពុងតែពុករលួយទៅក៏ពិតមែន តែនៅខាងក្នុងកំពុងតែកែប្រែជាថ្មីឡើងរាល់ថ្ងៃជានិច្ចវិញ » ( ខទី១៦ ) មានន័យដូចម្ដេច ? ( ទោះបីជាប៉ុល និងពួកដៃគូរបស់លោកនឹងស្លាប់ខាងរូបកាយក៏ពិតមែន ប៉ុន្តែវិញ្ញាណពួកលោកត្រូវបានពង្រឹងជារៀងរាល់ថ្ងៃ ) ។
សូមចែកសិស្សជាគូ ។ សូមអញ្ជើញដៃគូនីមួយៗឲ្យអាន កូរិនថូសទី២ ៤:១៧–១៨ឮៗរួមគ្នា រកមើលសេចក្ដីពិតដែលប៉ុលបានបង្រៀនដល់ពួកបរិសុទ្ធអំពីការសាកល្បង និងការរងទុក្ខ ។ សូមឲ្យដៃគូនីមួយៗធ្វើការរួមគ្នាឆ្លើយនឹងសំណួរខាងក្រោមនេះ នៅក្នុងសៀវភៅកំណត់ចំណាំក្នុងថ្នាក់របស់ពួកគេ ឬសៀវភៅកំណត់ហេតុសិក្សាព្រះគម្ពីររបស់ពួកគេ ។ អ្នកអាចផ្ដល់សំណួរនៅលើឯកសារចែកចាយ ឬ សរសេរវាដាក់លើក្ដារខៀន៖
ព្រះគម្ពីរសញ្ញាថ្មី សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា—មេរៀនទី១១៤
-
តើប៉ុលបានបង្រៀនសេចក្ដីពិតអ្វីខ្លះអំពីការសាកល្បង និងការរងទុក្ខ ?
-
ហេតុអ្វីវាជារឿងសំខាន់ដើម្បីមើលឃើញការរងទុក្ខរបស់យើងនៅក្នុងបរិបទដ៏ធំនៃផែនការរបស់ព្រះវរបិតាសួគ៌ ?
-
តើអ្នកធ្លាប់ឃើញមនុស្សម្នាក់បន្តមានជំហររឹងមាំនៅក្នុងការសាកល្បង ដោយសារពួកគេបានឃើញការរងទុក្ខរបស់ខ្លួន នៅក្នុងបរិបទដ៏ធំនៃផែនការរបស់ព្រះវរបិតាសួគ៌នៅពេលណាដែរ ?
© 2015 by Intellectual Reserve, Inc. All rights reserved.
បន្ទាប់ពីឲ្យពេលគ្រប់គ្រាន់ហើយ ចូរសុំឲ្យសិស្សបីបួននាក់សរសេរចម្លើយរបស់ពួកគេចំពោះសំណួរទីមួយនៅលើក្ដារខៀន ។ សិស្សអាចសរសេរសេចក្ដីពិតមួយចំនួន រួមមានដូចខាងក្រោម ៖ ការសាកល្បង និងការរងទុក្ខរបស់យើងនៅក្នុងជីវិតនេះ គឺមានភាពតូចតាចណាស់បើប្រៀបធៀបទៅនឹងពរជ័យ និងការរីកចម្រើនដ៏អស់កល្ប ដែលអាចកើតមាននៅពេលយើងស៊ូទ្រាំវាដោយស្មោះត្រង់ ។ ដោយសារការរងទុក្ខបណ្ដោះអាសន្ន អាចនាំមកនូវការរីកចម្រើន និងសិរីល្អដ៏នៅអស់កល្បជានិច្ច នោះយើងមិនត្រូវអស់សង្ឃឹមនៅក្នុងគ្រាមានឧបសគ្គឡើយ ។ នៅក្នុងការរងទុក្ខរបស់យើង វាមាននូវគោលបំណងដ៏នៅអស់កល្ប សូម្បីតែនៅពេលយើងមិនអាចមើលឃើញវានៅក្នុងជីវិតរមែងស្លាប់នេះក្ដី ។
សូមឲ្យសិស្សបីបួននាក់ប្រាប់ចម្លើយរបស់ពួកគេចំពោះសំណួរទីពីរ ។ បន្ទាប់ពីពួកគេប្រាប់ពីចម្លើយរួច សូមពិចារណាសួរជាសំណួរតាមដានដូចខាងក្រោមនេះ ៖
-
តើការសាកល្បង និងការរងទុក្ខរបស់យើងអាចនាំឲ្យមានការរីកចម្រើនបានយ៉ាងដូចម្ដេច ?
-
តើការចងចាំពីសេចក្ដីពិតទាំងនេះអាចជួយយើងឲ្យស៊ូទ្រាំនឹងការសាកល្បង និងការរងទុក្ខទាំងឡាយដោយស្មោះត្រង់តាមរបៀបណា ?
សូមឲ្យសិស្សបីបួននាក់ចែកចាយចម្លើយរបស់ពួកគេចំពោះសំណួរទីបី ។ សូមពិចារណាចែកចាយបទពិសោធន៍ផ្ទាល់ខ្លួនមួយរបស់អ្នក ។
កូរិនថូសទី២ ៥
ប៉ុលបង្រៀនពួកបរិសុទ្ធអំពីការកាត់សេចក្ដី និងដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ
សូមចែកក្រដាសមួយសន្លឹកដល់សិស្ស ។ ចូរសុំឲ្យសិស្សម្នាក់ៗបត់ក្រដាសនោះជាពីរ ហើយសរសេរឈ្មោះរបស់ខ្លួននៅផ្នែកម្ខាងនៃក្រដាសនោះ ហើយសរសេរពាក្យព្រះវរបិតាសួគ៌នៅម្ខាងទៀត ។ សូមពន្យល់ថា នៅពេលយើងចុះមកផែនដី យើងបានចាកចេញពីវត្តមានរបស់ព្រះវរបិតាសួគ៌ ។ សូមអញ្ជើញសិស្សឲ្យហែកក្រដាសខ្លួនចំកណ្តាលជាពីរផ្នែក ហើយដាក់ក្រដាសទាំងពីរនោះឲ្យដាច់ពីគ្នា ។
-
តើក្រដាសដែលបានហែកនោះអាចតំណាងឲ្យអ្វីដែលបានកើតឡើង នៅពេលយើងបានចាកចេញពីវត្តមានរបស់ព្រះវរបិតាសួគ៌ ហើយចុះមកផែនដីដើម្បីដកពិសោធន៍នូវជីវិតរមែងស្លាប់យ៉ាងដូចម្ដេច ?
នៅពេលសិស្សសិក្សា កូរិនថូសទី២ ៥ សូមអញ្ជើញពួកគេឲ្យរកមើលសេចក្ដីពិតដែលនឹងជួយពួកគេឲ្យយល់ដឹងថា ពួកគេត្រូវធ្វើអ្វីខ្លះដើម្បីត្រឡប់ទៅកាន់វត្តមានរបស់ព្រះវរបិតាសួគ៌វិញ ។
សូមសង្ខេប កូរិនថូសទី២ ៥:១–៦ ដោយពន្យល់ថា ប៉ុលបានទទួលស្គាល់ថា ទោះជានៅក្នុងជីវិតរមែងស្លាប់នេះ យើងបានបែកចេញឆ្ងាយពីព្រះ ហើយនឹងត្រូវស្លាប់ក៏ពិតមែនក្ដី ប៉ុន្តែយើងនឹងបានរស់ឡើងវិញម្ដងទៀត ។
សូមអញ្ជើញសិស្សអាន កូរិនថូសទី២ ៥:៦–៧ ដោយស្ងៀមស្ងាត់ រកមើលថា ប៉ុលបានបង្រៀនពួកបរិសុទ្ធគួរធ្វើអ្វីខ្លះ ដោយដឹងថាពួកគេបានបែកចេញពីព្រះនៅក្នុងជីវិតរមែងស្លាប់ ។
-
តើប៉ុលបានបង្រៀនសេចក្ដីពិតអ្វីខ្លះទាក់ទងនឹងរឿងដែលយើងបែកចេញពីព្រះនៅក្នុងជីវិតរមែងស្លាប់នេះ ? ( សិស្សអាចនឹងប្រើពាក្យខុសៗគ្នា ប៉ុន្តែត្រូវប្រាកដថាពួកគេស្គាល់ពីសេចក្ដីពិតដូចខាងក្រោម៖ ដោយសារយើងបែកចេញពីព្រះនៅក្នុងជីវិតរមែងស្លាប់ នោះយើងត្រូវដើរដោយសេចក្ដីជំនឿ ពុំមែនដោយការមើលឃើញនោះទេ ។ សូមអញ្ជើញសិស្សម្នាក់ៗឲ្យសរសេរសេចក្ដីពិតនេះនៅលើក្រដាសដែលមានឈ្មោះរបស់គាត់ ) ។
-
តើការ « ដើរដោយជំនឿ មិនមែនដោយមើលឃើញ » មានន័យដូចម្ដេច ? ( ខទី ៧ ) ។
-
តើឧទាហរណ៍នៃស្ថានភាព ឬការសម្រេចចិត្តមួយចំនួន ដែលអ្នកអាចជួបនោះមានអ្វីខ្លះ ដែលតម្រូវឲ្យអ្នកត្រូវដើរដោយជំនឿ មិនមែនដោយមើលឃើញនោះទេ ? ( សូមសរសេរចម្លើយរបស់ពួកគេនៅលើក្តារខៀន ។ ចម្លើយរបស់ពួកគេអាចរួមបញ្ចូលនូវបទដ្ឋានរបស់សាសនាចក្រដូចជា ការសម្រេចចិត្តចេញបម្រើបេសកកម្ម ឬការចែកចាយទីបន្ទាល់របស់ពួកគេ ) ។
សូមអញ្ជើញសិស្សឲ្យគិតពីគ្រាមួយដែលពួកគេ ( ឬមនុស្សម្នាក់ដែលពួកគេស្គាល់ ) បានដើរដោយជំនឿ មិនមែនដោយមើលឃើញ ។ សូមឲ្យសិស្សពីរបីនាក់ចែកចាយពីបទពិសោធន៍របស់ពួកគេ ។
សូមអញ្ជើញសិស្សឲ្យពិចារណាពីស្ថានភាព ឬការសម្រេចចិត្តមួយដែលពួកគេកំពុងជួបនៅពេលបច្ចុប្បន្ន ដែលធ្វើឲ្យពួកគេមានការលំបាកក្នុងការដើរដោយសេចក្ដីជំនឿ ។ សូមលើកទឹកចិត្តពួកគេឲ្យដើរដោយសេចក្ដីជំនឿនៅក្នុងស្ថានភាពនោះ និងនៅគ្រប់ស្ថានភាពទាំងអស់ ។
សូមអញ្ជើញសិស្សម្នាក់អាន កូរិនថូសទី២ ៥:៨-១០ឲ្យឮៗ ។ ចូរសុំសិស្សក្នុងថ្នាក់ឲ្យផ្ទៀងតាម រកមើលថា ប៉ុលបាននិយាយថាយើងគួរធ្វើអ្វីខ្លះ កាលយើងបានឃ្លាតឆ្ងាយពីព្រះនៅក្នុងជីវិតរមែងស្លាប់នេះ ។
-
យោងតាម ខទី ៩ តើប៉ុលបាននិយាយថាយើងគួរធ្វើអ្វីខ្លះ កាលយើងបានឃ្លាតឆ្ងាយពីព្រះនៅក្នុងជីវិតរមែងស្លាប់នេះ ?
-
ដោយផ្អែកលើការបង្រៀនរបស់ប៉ុលដែលបានកត់ត្រានៅក្នុង ខទី ១០ តើយើងអាចរៀនសេចក្ដីពិតអ្វីខ្លះទាក់ទងនឹងហេតុផល ដែលយើងគួរធ្វើកិច្ចការល្អនៅក្នុងជីវិតនេះ ? ( សិស្សអាចនឹងប្រើពាក្យផ្សេងៗគ្នា ប៉ុន្តែពួកគេគួរតែស្គាល់សេចក្ដីពិតមួយដែលស្រដៀងគ្នានេះ ៖ ព្រះយេស៊ូវគ្រីស្ទនឹងកាត់សេចក្ដីយើងម្នាក់ៗ ស្របតាមអ្វីដែលយើងបានធ្វើនៅក្នុងជីវិតរមែងស្លាប់ ។ សូមអញ្ជើញសិស្សឲ្យពិចារណាគូសចំណាំឃ្លានៅក្នុង ខទី ១០ ដែលបង្រៀនពីសេចក្ដីពិតនេះ ) ។
សូមអញ្ជើញសិស្សឲ្យពិចារណាការផ្លាស់ប្ដូរនានា ដែលពួកគេត្រូវធ្វើដើម្បីត្រៀមខ្លួនសម្រាប់គ្រាដែលពួកគេនឹងទទួលការកាត់សេចក្ដីពីព្រះយេស៊ូវគ្រីស្ទ ។ សូមលើកទឹកចិត្តឲ្យពួកគេធ្វើតាមការបំផុសគំនិតទាំងឡាយ ដែលពួកគេអាចនឹងទទួល ។
សូមអញ្ជើញសិស្សម្នាក់អាន កូរិនថូសទី២ ៥:១៥-១៦ឲ្យឮៗ ។ ចូរសុំឲ្យសិស្សម្នាក់នេះអានឲ្យឮៗនៅក្នុងការបកប្រែដោយ យ៉ូសែប ស្ម៊ីធ កូរិនថូសទី២ ៥:១៦ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាមរកមើលថា ព្រះយេស៊ូវគ្រីស្ទបានធ្វើអ្វីខ្លះសម្រាប់យើងដើម្បីឲ្យយើងអាចត្រឡប់ទៅកាន់វត្តមានរបស់ព្រះវរបិតាសួគ៌វិញ ។
-
យោងតាម ខទី ១៥ តើព្រះយេស៊ូវគ្រីស្ទបានធ្វើអ្វីខ្លះសម្រាប់យើង ដើម្បីឲ្យយើងអាចត្រឡប់ទៅកាន់់វត្តមានរបស់ព្រះវរបិតាសួគ៌វិញបាន ?
-
យោងតាម ខទី ១៥–១៦ តើពួកអ្នកជឿធ្វើអ្វីខ្លះដោយសារដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ? ( ពួកអ្នកជឿរស់នៅក្នុងជីវិតដែលផ្ដោតលើព្រះគ្រីស្ទ ហើយមិនដើរតាមផ្លូវនៃលោកិយ ឬធ្វើតាមខាងសាច់ឈាមឡើយ ។ សូមអញ្ជើញសិស្សម្នាក់ៗឲ្យសរសេរឃ្លានេះនៅលើក្រដាសដែលមានឈ្មោះរបស់គាត់ ) ។
សូមអញ្ជើញសិស្សម្នាក់អាន កូរិនថូសទី២ ៥:១៧-១៩ឲ្យឮៗ ។ ចូរសុំសិស្សក្នុងថ្នាក់ឲ្យផ្ទៀងតាម រកមើលថា ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទអាចជួយពួកបរិសុទ្ធឲ្យត្រឡប់ទៅកាន់វត្តមានរបស់ព្រះវរបិតាសួគ៌វិញបានយ៉ាងដូចម្ដេច ។
-
តើដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទអាចជួយពួកបរិសុទ្ធឲ្យត្រឡប់ទៅកាន់វត្តមានរបស់ព្រះវរបិតាសួគ៌វិញបានយ៉ាងដូចម្ដេច ? (បន្ទាប់ពីសិស្សឆ្លើយរួច សូមសរសេរសេចក្ដីពិតខាងក្រោមនេះនៅលើក្ដារខៀន ៖ តាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ យើងអាចប្រែក្លាយជាមនុស្សថ្មី ហើយបានផ្សះផ្សានឹងព្រះ ។ សូមអញ្ជើញសិស្សម្នាក់ៗឲ្យសរសេរសេចក្ដីពិតនេះនៅលើក្រដាសដែលមានពាក្យ « ព្រះវរបិតាសួគ៌ » ) នៅលើនោះ ។
-
តើអ្នកគិតថាឃ្លា « កើតជាថ្មី » មានន័យដូចម្ដេច ? ( ខទី១៧ ) ។
សូមអញ្ជើញសិស្សឲ្យអាន ម៉ូសាយ ២៧:២៣–២៦ រកមើលព័ត៌មានលម្អិតបន្ថែមទៀតដោយស្ងៀមស្ងាត់ អំពីអត្ថន័យនៃឃ្លាកើតជាថ្មី ។ ក្រោយពីទុកពេលគ្រប់គ្រាន់ហើយ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយពីអ្វីដែលពួកគេបានរកឃើញ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយអែលឌើរ ដេវីឌ អេ បែដណា នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ឲ្យឮៗ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ស្ដាប់រកនូវការពន្យល់របស់លោកទាក់ទងនឹងរបៀបដែលយើងអាចកើតជាថ្មីបាន ។
រូបភាពអែលឌើរ ដាវីឌ អេ បែដណា« លក្ខណៈសំខាន់នៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ តម្រូវឲ្យមានការផ្លាស់ប្ដូរជាមូលដ្ឋាន និងជាអចិន្ត្រៃក្នុងចរិតធម្មជាតិរបស់យើង ដែលការផ្លាស់ប្ដូរនេះអាចកើតឡើងតាមរយៈដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ។ ការប្រែចិត្តជឿពិតនាំឲ្យមានការផ្លាស់ប្ដូរនៅក្នុងការជឿ ក្នុងដួងចិត្ត និងក្នុងជីវិតមនុស្សម្នាក់ឲ្យទទួលយក និងគោរពតាមព្រះហឫទ័យរបស់ព្រះ ( សូមមើល កិច្ចការ ៣:១៩,នីហ្វៃទី ៣ ៩:២០ ) ហើយរួមទាំងមនសិការ ក្នុងការធ្វើជាសិស្សរបស់ព្រះគ្រីស្ទ ។
« … ពេលយើងគោរពដល់ពិធីបរិសុទ្ធ និង សេចក្ដីសញ្ញានៃសេចក្ដីសង្គ្រោះ និង ភាពលើកតម្កើង ( សូមមើល គ. និង ស. ២០:២៥ ) ‹ ឈានទៅមុខដោយខ្ជាប់ខ្ជួននៅក្នុងព្រះគ្រីស្ទ › ( នីហ្វៃទី ២ ៣១:២០ ) និង ស៊ូទ្រាំក្នុងជំនឿដល់ទីបញ្ចប់ ( សូមមើល គ. និង ស. ១៤:៧ ) នោះយើងបានកើតជាថ្មីក្នុងព្រះគ្រីស្ទ ( សូមមើល កូរិនថូសទី២ ៥:១៧ ) » ( « Converted unto the Lord » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ១០៧) ។
សូមឲ្យសិស្សម្នាក់ដាក់ក្រដាសទាំងពីរនោះចូលគ្នាវិញ ។ សូមពន្យល់ថា ការផ្សះផ្សាគឺជាការនាំភាគីទាំងពីរដែលបែកចេញពីគ្នាកាលពីមុនឲ្យមករួមគ្នាវិញ ។ ដោយសារការធ្លាក់របស់លោកអ័ដាម ក៏ដូចជាអំពើបាបផ្ទាល់របស់យើងដែរ យើងបានបែកចេញខាងវិញ្ញាណពីព្រះវរបិតាសួគ៌របស់យើង ។ ព្រះយេស៊ូវគ្រីស្ទបានផ្សះផ្សាយើងជាមួយនឹងព្រះវរបិតាតាមរយៈដង្វាយធួនរបស់ទ្រង់ ហើយបានស្ដារទំនាក់ទំនងរបស់យើងជាមួយនឹងទ្រង់ឡើងវិញ ។
សូមអញ្ជើញសិស្សម្នាក់អាន កូរិនថូសទី២ ៥:២០-២១ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់រកមើលថា ប៉ុលបានដាស់តឿនឲ្យពួកបរិសុទ្ធធ្វើអ្វីខ្លះ ។
-
តើប៉ុលបានដាស់តឿនឲ្យពួកបរិសុទ្ធធ្វើអ្វីខ្លះ ?
-
តើប៉ុលបានបង្រៀនអ្វីខ្លះទាក់ទងនឹងព្រះយេស៊ូវគ្រីស្ទ ដូចដែលកត់ត្រានៅក្នុងខទី ២១ ? ( ទោះបីជាព្រះយេស៊ូវគ្រីស្ទគ្មានអំពើបាបក្ដី ក៏ទ្រង់បានរងទុក្ខសម្រាប់អំពើបាបរបស់យើងដែរ ដើម្បីធ្វើឲ្យយើងបានសុចរិត ) ។
សូមថ្លែងទីបន្ទាល់អំពីសេចក្ដីពិត ដែលសិស្សបានស្គាល់នៅក្នុងមេរៀននេះ ។ ចូរសុំឲ្យសិស្សមើលបញ្ជីសេចក្ដីពិតដែលពួកគេបានកត់ទុកឡើងវិញ ហើយពិចារណាថាពួកគេត្រូវធ្វើអ្វីខ្លះដើម្បីប្រែក្លាយ ឬបន្តបានផ្សះផ្សានឹងព្រះ ។ សូមលើកទឹកចិត្តឲ្យពួកគេធ្វើតាមការបំផុសគំនិតទាំងឡាយ ដែលពួកគេអាចនឹងទទួល ។
សេចក្តីពន្យល់ និង ព័ត៌មានសាច់រឿង
កូរិនថូស ទី២ ៤:៥–១០ ។ « ត្រូវគេសង្កត់សង្កិនគ្រប់ជំពូក តែមិនទ័លផ្លូវឡើយ »
នៅក្នុងគ្រាដ៏លំបាក ចច អេ ស្ម៊ីធ ជាទីប្រឹក្សាទីមួយរបស់ ព្រិកហាំ យ៉ង់ បានទទួលពាក្យទូន្មានមកពីបងប្អូនជីដូនមួយរបស់លោកដែលជាព្យាការី យ៉ូសែប ស៊្មីធ ដែលស្រដៀងគ្នានឹងការបង្រៀនរបស់ប៉ុលទៅកាន់ពួកបរិសុទ្ធនៅ កូរិនថូសដែរ ៖
« លោកបានប្រាប់ខ្ញុំថា ខ្ញុំមិនគួរបាក់ទឹកចិត្តនោះទេ ទោះជាមានការលំបាកអ្វីអាចហ៊ុមព័ទ្ធខ្ញុំក្ដី ។ ប្រសិនបើខ្ញុំត្រូវលិចលង់ចូលទៅក្នុងបាតរណ្ដៅ ណូវ៉ា ស្កូទៀ ដ៏ជ្រៅបំផុត ហើយភ្នំធំៗទាំងអស់បានសង្កត់មកលើខ្ញុំក្ដី ខ្ញុំមិនគួរបាក់ទឹកចិត្តឡើយ ប៉ុន្តែត្រូវតោងឲ្យជាប់ អនុវត្តសេចក្ដីជំនឿ ហើយបន្តមានចិត្តក្លាហាន ហើយនៅទីបំផុត ខ្ញុំនឹងបានក្រោកចេញ ហើយឈរនៅលើកំពូលនៃគំនរនោះ »( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ២៣៥ ) ។
កូរិនថូសទី ២ ៤:១៧ ។ មើលឃើញទុក្ខលំបាករបស់យើងនៅក្នុងជីវិតរមែងស្លាប់នេះឲ្យបានវែងឆ្ងាយ
អែលឌើរ ផល វី ចនសុន នៃពួកចិតសិបនាក់បានប្រើពាក្យរបស់ប៉ុល ដើម្បីជួយយើងឲ្យមើលឃើញទុក្ខលំបាករបស់យើងនៅក្នុងជីវិតរមែងស្លាប់នេះនៅក្នុងទស្សនៈដ៏នៅអស់កល្បជានិច្ច ៖
« សាវកប៉ុលបានបង្រៀនថា ‹ ដ្បិតសេចក្តីទុក្ខលំបាកយ៉ាងស្រាលរបស់យើងខ្ញុំ ដែលនៅតែមួយភ្លែតនេះ នោះបង្កើតឲ្យយើងខ្ញុំមានសិរីល្អយ៉ាងធ្ងន់លើសលប់ ដ៏នៅអស់កល្បជានិច្ចវិញ › [ កូរិនថូសទី២ ៤:១៧ ] ។ វាគឺជារឿងដ៏គួរឲ្យចាប់អារម្មណ៍ណាស់ដែលប៉ុលបានប្រើពាក្យ ‹ សេចក្ដីទុក្ខលំបាកយ៉ាងស្រាល › ។ ឃ្លានេះគឺបានលើកឡើងដោយបុគ្គលម្នាក់ដែលត្រូវបានគេវាយដំ ចោលនឹងដុំថ្ម ត្រូវបានបញ្ជូនខ្លួនតាមសំពៅ បានជាប់ឃុំ និងជាអ្នកដែលបានដកពិសោធន៍នូវការសាកល្បងផ្សេងទៀតជាច្រើន [ សូមមើល កូរិនថូស ទី២ ១១:២៣–២៨ ] ។ ខ្ញុំគិតថា យើងទាំងអស់គ្នាភាគច្រើនមិនបានគិតថា ទុក្ខលំបាករបស់យើងគឺជារឿងស្រាលនោះទេ ។ ប៉ុន្តែបើយើងប្រៀបធៀបទៅនឹងពរជ័យ និងការរីកចម្រើនដែលយើងទទួលបាននៅពេលក្រោយ ទាំងនៅក្នុងជីវិតនេះ និងនៅអស់កល្បជានិច្ច នោះទុក្ខលំបាករបស់យើងពិតជាស្រាលមែន » ( « More Than Conquerors through Him That Loved Us » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៧៩ ) ។
កូរិនថូសទី២ ៥:១៩ ។ « កំពុងផ្សះផ្សាលោកីយ៍នឹងព្រះអង្គទ្រង់ »
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់អំពីការបង្រៀនរបស់ប៉ុលទាក់ទងនឹងការផ្សះផ្សា ៖
« ការផ្សះផ្សា គឺជាដំណើរការនៃលោះមនុស្សចេញពីសភាពនៃអំពើបាបរបស់គេ និងភាពងងឹតខាងវិញ្ញាណ ហើយស្ដារគាត់ឡើងទៅក្នុងសភាពមួយនៃភាពសុខដុម និងបានជាមេត្រីជាមួយនឹងព្រះអាទិទេព ។ តាមរយៈការផ្សះផ្សានេះ ព្រះ និងមនុស្សពុំមែនជាសត្រូវនឹងគ្នាទៀតឡើយ ។ មនុស្សដែលគ្រាមួយធ្លាប់ជាមនុស្សខាងសាច់ឈាម ហើយធ្វើអាក្រក់ ដែលរស់នៅតាមរបៀបខាងសាច់ឈាមបានកើតជាថ្មីតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ជាបុគ្គលដែលបានកើតជាថ្មីម្ដងទៀត ហើយក្លាយខ្លួនដូចជាកូនក្មេង ហើយមានជីវិតនៅក្នុងព្រះគ្រីស្ទ » ( Doctrinal New Testament Commentary វ៉ុលទី ៣ [ ឆ្នាំ១៩៦៥–៧៣ ] ២:៤២២–២៣ ) ។