បណ្ណាល័យ
មេរៀន​ទី ១២២ ៖ អេភេសូរ ៤


មេរៀន​ទី ១២២

អេភេសូរ ៤

សេចក្តី​ផ្ដើម

ប៉ុល​បាន​បង្រៀន​ថា ព្រះអម្ចាស់​បាន​ស្ថាបនា​សាសនាចក្រ​របស់ទ្រង់​ ហើយ​បាន​ហៅ​អ្នកដឹក​នាំ​​ឲ្យ​ធ្វើ​ឲ្យពួកបរិសុទ្ធ​បាន​ល្អ​ឥតខ្ចោះ​ផង និង​រួបរួម​ពួក​បរិសុទ្ធ​ផង ។ លោក​ក៏​បាន​លើក​ទឹកចិត្ត​ដល់​សមាជិក​សាសនាចក្រ​ ឲ្យ​បោះបង់​​ចោល​នូវ​ផ្លូវចាស់ ហើយ​រស់នៅ​តាម​អ្វី​ដែល​ពួកគេ​បាន​ដឹង​ថា​ជា​ការ​ពិតផងដែរ ។

យោបល់​សម្រាប់​ការបង្រៀន

អេភេសូរ ៤:១–១៦

ប៉ុល​បង្រៀន​អំពីសារៈសំខាន់​នៃ​សាសនាចក្រ​របស់ព្រះយេស៊ូវ​គ្រីស្ទ

សូម​អញ្ជើញ​​សិស្ស​ឲ្យ​គិត​​ពិចារណា​អំពី​ស្ថានភាព​ពីរ​​ដូចខាងក្រោម​នេះ ៖

  1. នៅ​សាលា​រៀន​ គ្រូបង្រៀន​របស់អ្នក​បានសួរ​ដល់​សិស្ស​​ក្នុង​ថ្នាក់​ឲ្យ​បង្ហាញ​ពី​ទស្សនៈ​របស់​ពួកគេ​​អំពី​ប្រធានបទ​ចម្រូងចម្រះ​មួយ ។ នៅពេល​សិស្ស​ចែកចាយ​អំពី​គំនិត​របស់​ពួកគេ អ្នក​បាន​ដឹង​ថា ពួកគេ​ភាគ​ច្រើន​គាំទ្រ​​ដល់​គោល​ជំហរ​មួយ​ដែល​ខុស​ពី​ការ​បង្រៀន​របស់​សាសនាចក្រ ។

  2. អ្នក​បង្កើត​ច្បាប់​នៅក្នុង​ប្រទេស​របស់អ្នក បង្កើត​ច្បាប់​សម្រាប់​ឥរិយាបថថា អ្នកដឹកនាំ​សាសនាចក្រ​បាន​បង្រៀន​ខុស​ឆ្គង ។

  • ហេតុអ្វី​ក៏​ស្ថានភាព​នានា​ដូចនេះ​អាច​ជា​ការ​លំបាក​សម្រាប់​សមាជិក​ក្នុងសាសនាចក្រ ?

សូមអញ្ជើញ​សិស្ស​ឲ្យ​រកមើល​សេចក្ដីពិត​មួយ ​​នៅពេល​ពួកគេ​សិក្សា អេភេសូរ ៤:១–១៦​អំពី​របៀប​ដែល​យើង​អាច​ដឹង​ថា​អ្វី​ដែល​ត្រូវ និងអ្វី​ដែលខុស​នៅក្នុង​ពិភពលោក​ ដែល​មានការ​ផ្លាស់ប្ដូរ​គុណធម៌ និង​ជំនឿ​នោះ ។

សូម​រំឭក​សិស្ស​ថា នៅក្នុង​សំបុត្រ​​ច្បាប់​នេះ ប៉ុល​អាច​នឹងបាន​​សរសេរ​ទៅ​​កាន់​សមាជិក​ថ្មី​ក្នុង​សាសនាចក្រ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន អេភេសូរ ៤:១–៦ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​ថា ​​តើ​ប៉ុលបាន​បង្រៀន​អ្វីខ្លះ​អំពីសាសនាចក្រ និង​គោលលទ្ធិ​របស់​សាសនាចក្រ ។

  • តើ​ប៉ុល​បាន​បង្រៀន​អ្វីខ្លះ​អំពីសាសនាចក្រ និង​​គោលលទ្ធិ​របស់​សាសនាចក្រ ?

  • តើ​អ្នក​គិត​ថា​ ប៉ុល​ចង់​មានន័យ​ដូច​ម្តេច នៅពេល​លោក​បង្រៀនថា « មាន​ព្រះអម្ចាស់​តែ​១ សេចក្តី​ជំនឿ​តែ​១ [ និង ] បុណ្យ​ជ្រមុជ​តែ​១ » ? ( ខទី ៥ ) ។ ( នៅក្នុង​ជំនាន់​របស់​ប៉ុល ក៏​ដូចជា​នៅក្នុង​ជំនាន់របស់​​យើង មាន​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​ពិត​តែ​មួយ​គត់​នៅលើ​ផែនដីនេះ [ សូមមើលគ. និង ស. ១:៣០] ) ។

សូម​សង្ខេបអេភេសូរ ៤:៧–១០​ដោយពន្យល់​ថា ប៉ុល​បាន​បង្រៀន​ថា តាម​រយៈ​ដង្វាយធួន​របស់ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​ទាំង​អស់​គ្នា​​ត្រូវ​បាន​ផ្ដល់​ឲ្យ​នូវ​អំណោយទាន​នៃ​ព្រះ​គុណ​របស់ទ្រង់ ។ លោក​ក៏​បាន​បង្រៀន​ផងដែរ​ថា ព្រះគ្រីស្ទ បាន​​ប្រទាន​អំណោយ​ទាន​ដទៃទៀត​មក​ដល់​មនុស្ស​លោក ។

សូមប្រាប់ឲ្យ​​សិស្ស​ម្នាក់អាន អេភេសូរ ៤:១១ ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​អ្វី​ដែល​ព្រះអម្ចាស់​បានប្រទាន​ដល់​សាសនា​ចក្រ ។ សូម​ឲ្យ​សិស្ស​ប្រាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • តើ​ព្រះអម្ចាស់​បាន​ប្រទាន​អ្វីខ្លះ​ដល់​សាសនា​ចក្រ ?

ចូរ​ពន្យល់​ថា ឈ្មោះ​នៃ​តំណែង​បព្វជិតភាព​នៅក្នុង​សាសនាចក្រ​សព្វថ្ងៃ​នេះ មិនអាច​ហៅដូចគ្នា​នឹង​ឈ្មោះដែល​បាន​ប្រើ​នៅក្នុង​ជំនាន់​របស់​ប៉ុលបាន​ទេ​ ហើយ​​សាសនាចក្រ​ជំនាន់​ដើម​មិនអាច​មាន​គ្រប់​ការហៅ​បម្រើ​ដែល​សាសនាចក្រ​មាន​នៅ​សព្វថ្ងៃ​នេះ​ដែរ ។ ឧទាហរណ៍ ព្យាការី​ យ៉ូសែប ស្ម៊ីធ បានបង្រៀន​ថា « គ្រូ​ផ្សាយ​ដំណឹងល្អ គឺជា​លោក​អយ្យកោ » (Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ១៤០) ។ គ្រូគង្វាលក៏​ជា​អ្នកគង្វាល ឬ​មនុស្ស​​ម្នាក់​ដែល​ដឹកនាំ​ក្រុម—ជា​ការ​ពិពណ៌នាដ៏​សម​មួយ​នា​សម័យ​ទំនើប​នេះ​គឺជា ​​ប៊ីស្សព ប្រធានសាខា ប្រធានស្ដេក និង​ប្រធាន​មណ្ឌល​សម័យ​ទំនើប ។

សូម​សរសេរ​ប្រយោគ​មិន​ពេញលេញ​ខាង​ក្រោម​​​នេះនៅលើ​ក្ដារខៀន ៖ ព្រះអម្ចាស់​បាន​ហៅ​ពួក​សាវក ពួក​ព្យាការី និង​អ្នកដឹកនាំ​សាសនាចក្រ​ដទៃទៀត​ដើម្បី​ជួយ…

សូមប្រាប់ឲ្យ​សិស្ស​ម្នាក់​អាន អេភេសូរ ៤:១២–១៣ ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ថា​តើ​ហេតុអ្វី​បាន​ជា​ព្រះអម្ចាស់​ប្រទាន​ដល់​សាសនា​ចក្រ​នូវ​ពួកសាវក ពួកព្យាការី និង​អ្នកដឹកនាំ​ដទៃទៀត​ ។

  • តើ​ព្រះអម្ចាស់​ប្រទានដល់​សាសនាចក្រ​របស់​ទ្រង់​នូវពួកសាវក ពួកព្យាការី និង​អ្នកដឹកនាំ​ដទៃទៀត​​ក្នុង​គោល​បំណង​​អ្វី ? ( សូម​បន្ថែម​​ធ្វើ​ឲ្យ​ពួកបរិសុទ្ធ​បាន​ល្អ​ឥតខ្ចោះ​​ចូលទៅក្នុង​បញ្ជី​នៅលើ​ក្ដារ​ខៀន ) ។

  • តើពួកសាវក ពួកព្យាការី និង​អ្នកដឹកនាំ​ដទៃទៀតក្នុង​សាសនាចក្រ​ជួយ​ធ្វើ​ឲ្យ​ពួក​បរិសុទ្ធ​បាន​ល្អ​ឥតខ្ចោះ​ដោយរបៀប​ណា ?

សូមប្រាប់ឲ្យ​​សិស្ស​ម្នាក់​អាន អេភេសូរ ៤:១៤ ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ហេតុ​ផល​ផ្សេងទៀត​​ថា​ តើ​ហេតុអ្វី​បាន​ជា​ព្រះអម្ចាស់​​ប្រទានដល់​​ពួកសាវក ពួកព្យាការី និង​អ្នកដឹកនាំ​ដទៃទៀត​​មក​ក្នុង​សាសនាចក្រ​របស់​ទ្រង់ ។

  • ហេតុអ្វី​ក៏​ព្រះអម្ចាស់​ប្រទាន​អ្នកដឹក​នាំ​ទាំង​នេះ​សម្រាប់​សមាជិក​ក្នុង​សាសនាចក្រ ? ( សូម​បន្ថែម​​ហើយ​ការពារ​ពួកគេ​ពី​គោលលទ្ធិ​ខុស​ឆ្គង​នៅលើ​ក្ដារខៀន ដើម្បី​ឲ្យ​សេចក្ដីពិត​ទាំង​មូល​អាន​ដូច​តទៅ ៖ ព្រះអម្ចាស់​បាន​ហៅ​ពួក​សាវក ពួក​ព្យាការី និងពួក​ថ្នាក់​ដឹកនាំ​ដទៃ​ទៀត​ក្នុង​សាសនា​ចក្រ​ដើម្បី​ជួយ​ឲ្យពួកបរិសុទ្ធ​បាន​ឥត​ខ្ចោះ និងការពារ​ពួកគេ​ពី​គោលលទ្ធិ​ខុសឆ្គង) ។

រូបភាព
ទូក​នៅក្នុង​ទឹក​គួច

ដើម្បីជួយសិស្ស​យល់​ពី​រូបភាព​នៅក្នុង​ខទី ១៤សូម​បង្ហាញ​រូបភាព​ទូក​មួយ​នៅក្នុង​កណ្ដាល​ទឹក​គួច ។ ឬ​អ្នក ឬសិស្ស​អាច​គូរ​រូប​ទូក​មួយ​នៅក្នុង​ទឹក​គួច​នៅលើ​ក្ដារខៀន ។

  • តើ​មានអ្វីខ្លះ​អាច​កើតឡើង​ចំពោះ​ទូក​មួយ ដែល​ត្រូវ​បាន​បោកបក់​ចុះ​ឡើង​នៅលើទឹក​ក្នុង​​​ពេល​ព្យុះ​កំណាច​នោះ ?

​សូមយោង​​ត្រឡប់​ទៅ​ស្ថានភាព​ ដែល​បាន​បង្ហាញ​​​នៅ​ខាង​ដើម​មេរៀន​វិញ ។

  • តើ​ទូក​មួយ​ដែល​ត្រូវ​បាន​បោកបក់​ចុះឡើង​នៅលើ​ទឹក​គួច អាច​ទំនង​ដូចជា​នរណាម្នាក់​ដែល​ត្រូវ « បោក ហើយ​ផាត់​​យើង​ចុះឡើង » (ខទី ១៤) ដោយ​សារ​តែ​ខ្យល់​ផ្លាស់​ប្ដូរ​នៃ​ការបង្រៀន​ខុស​ឆ្គង និងគំនិត​សាធារណៈយ៉ាង​ដូចម្ដេច​ ?

  • តើ​ការ​បង្រៀន​របស់​ពួកសាវក ពួក​ព្យាការី និង​​អ្នកដឹកនាំ​សាសនាចក្រ​ដទៃទៀត ជួយ​ដល់​អ្នកដើរ​តាម​ព្រះ​ឲ្យ​ធ្វើ​ដំណើរ​លើ​ទឹក​កំណាច​​ទាំងនេះ ហើយ​ត្រឡប់​ទៅ​កាន់​ព្រះវរបិតាសួគ៌​ដោយ​សុវត្ថិភាព​វិញ​យ៉ាង​ដូចម្ដេច ?

សូម​សរសេរ​ការ​ហៅក្នុង​សាសនាចក្រ​ដូច​​ខាង​ក្រោម​នៅ​លើ​ក្តារខៀន ៖ ពួកសាវក ពួក​ព្យាការី លោកអយ្យកោ ប៊ីស្សព និង គ្រូបង្រៀន ។​ សូមអញ្ជើញ​សិស្ស​ឲ្យ​ជ្រើសរើស​ការហៅ​ពីរ ហើយ​សរសេរ​នៅក្នុងសៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់​ ឬ​សៀវភៅ​កំណត់​ហេតុ​សិក្សា​ព្រះ​គម្ពីរ​របស់​ពួកគេ​អំពី​របៀប​​ដែល​អ្នកដឹក​នាំ​ម្នាក់​កាន់​តំណែង​នោះ បាន​ជួយ​ដល់ពួកគេ​ឲ្យ​កែលម្អ ឬ​រីកចម្រើន​ខាង​វិញ្ញាណ ឬ​បានជួយ​ការ​ពារ​ពួកគេ​ពី​​គោលលទ្ធិ​ខុស​ឆ្គង និង​ការ​បោក​បញ្ឆោត​យ៉ាង​ដូចម្ដេច ។ បន្ទាប់​ពី​ផ្ដល់​​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​​ឲ្យ​ចែកចាយ​​បទពិសោធន៍​មួយ​​​ដែល​ពួកគេ​បានសរសេរ​នោះ ។

សូមប្រាប់ឲ្យ​​សិស្ស​ម្នាក់​អាន អេភេសូរ ៤:១៥–១៦ ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​​របៀប​​ដែល​អ្នកដឹកនាំ​សាសនាចក្រ​របស់​យើង គួរ​បង្រៀន​យើង​​អំពី​សេចក្ដីពិត​នៃ​ដំណឹង​ល្អ ។

  • តើ​អ្នកដឹកនាំ​សាសនាចក្រ​របស់​យើង​គួរ​បង្រៀន​​យើង​​អំពី​សេចក្ដីពិត​នៃ​ដំណឹងល្អ​យ៉ាង​ដូចម្ដេច ?

អេភេសូរ ៤:១៧–៣២

ប៉ុល​បាន​លើក​ទឹកចិត្ត​ដល់ពួកបរិសុទ្ធ​ឲ្យ​បោះ​បង់ចោល​អំពើអាក្រក់ ហើយ​ក្លាយ​ទៅជា​មនុស្ស​​ថ្មី​​តាម​រយៈ​ព្រះយេស៊ូវគ្រីស្ទ

សូម​នាំ​យក​អាវរងារ​មួយ​មកថ្នាក់រៀន ( ប្រហែលជា​អាវ​ចាស់ ឬ​ ដាច់​រហែក​មួយ ) ។ បើអាច​ធ្វើទៅបាន ក៏​សូម​នាំ​យកអាវ​រងារ​មួយ​ដែល​នឹង​អាច​ពាក់​ទៅ​ចូលរួម​ព្រឹត្តិការណ៍​​ដ៏ល្អ​មួយ ។ ( បើអ្នក​ចង់​បាន អ្នកអាច​នាំ​អាវ​ធម្មតា​មួយ​មក និង​អាវ​ថ្មី​ស្អាត​មួយមកជំនួសវិញ ។ សូម​ប្រាកដថា អាវ​ទាំង​ពីរ គឺ​មាន​ទំហំ​ធំ​ល្ម​ម​ដើម្បី​ឲ្យ​សិស្ស​ពាក់​ពីលើ​ខោអាវ​របស់ពួកគេ ) ។ សូម​អញ្ជើញ​​​សិស្ស​ម្នាក់ឲ្យ​​ឡើង​មក​ខាងមុខ​ថ្នាក់ ហើយ​ពាក់​អាវ​រងារនោះ ។ ចូរ​សុំ​ឲ្យ​សិស្ស​បែរ​មុខ ហើយ​បង្ហាញ​អាវ​រងារ​នោះ​​ដល់សិស្ស​ក្នុង​ថ្នាក់ ។ បន្ទាប់​មក ចូរ​សុំ​ឲ្យ​ពួកគេ​ដោះ​អាវ​រងារ​ចេញ បន្ទាប់​មក​ពាក់​អាវ​ស្អាត​​វិញ ហើយ​បង្ហាញ​វា​ដល់​សិស្ស​ក្នុង​ថ្នាក់ ។ ចូរ​អរគុណ​ដល់​សិស្ស​ ហើយអញ្ជើញ​ពួកគេ​ឲ្យ​ដោះ​អាវ​នោះ​ចេញ ហើយ​ត្រឡប់​ទៅ​កន្លែង​អង្គុយ​វិញ ។

  • តើ​អាវ​រងារមួយណា​នៃ​អាវ​​ទាំង​ពីរ​នេះ​នឹង​កាន់​តែ​មាន​ភាព​សមរម្យ​នៅក្នុង​ព្រឹត្តិការណ៍​ដ៏​ល្អ​មួយ ?​

សូម​រំឭក​សិស្ស​ថា ប៉ុល​​អាច​នឹងមានប្រសាសន៍​ទៅកាន់​អ្នកផ្លាស់ប្រែ​ចិត្ត​ជឿ​​ដែល​មក​ក្នុង​សាសនាចក្រ​​នា​ពេល​ថ្មីៗ ។ សូម​អញ្ជើញសិស្ស​ឲ្យ​រក​មើល នៅពេល​ពួកគេ​សិក្សាអេភេសូរ ៤:១៧–៣២ពី​របៀប​ដែល​ប៉ុល​ប្រើពាក្យ​ប្រៀបធៀប​អំពី​ការ​ដោះ​អ្វីមួយចេញ ឬ​ពាក់​អ្វីមួយ​វិញ​ ដើម្បី​បង្រៀន​​ដល់​អ្នក​ផ្លាស់ប្រែ​ចិត្ត​ជឿ​ថ្មីៗ​ទាំងនេះ​ឲ្យ​ធ្វើ​អ្វី​​ដែល​ពួកគេ​ចាំបាច់​ត្រូវ​ធ្វើ​​ក្នុង​នាម​ជា​ពួកសិស្ស​របស់ព្រះយេស៊ូវ​គ្រីស្ទ ។

សូមប្រាប់ឲ្យ​​សិស្ស​ម្នាក់​អាន អេភេសូរ ៤:១៧–២០ ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ថា​ពាក្យ ឬ​ឃ្លា​ដែល​​ពិពណ៌នា​អំពី​ស្ថានភាព​ខាង​វិញ្ញាណ​របស់​ពួក​សាសន៍​ដទៃ ដែល​ពុំ​បាន​ចូល​រួម​នៅក្នុង​សាសនាចក្រ ។

  • តើ​ប៉ុល​បាន​ពិពណ៌នា​យ៉ាង​ដូចម្ដេច អំពី​ស្ថានភាព​ខាង​វិញ្ញាណ​របស់​ពួកសាសន៍​ដទៃ​ទៀត ?

  • តើ​ប៉ុល​បាន​និយាយ​អ្វីខ្លះ ដែល​ជា​មូលហេតុនាំ​ឲ្យ​​សាសន៍​ដទៃ​ស្ថិតនៅក្នុង​ស្ថានភាព​ខាង​វិញ្ញាណ​នេះ ?

សូមប្រាប់ឲ្យ​​សិស្ស​ម្នាក់​អាន អេភេសូរ ៤:២១–២៤ ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ថា​​អ្វី​បាន​ជួយ​ដល់​សមាជិក​នៃ​សាសនាចក្រ​ ឲ្យ​ប្រែ​ក្លាយ​ទៅ​ជា​​ខុសប្លែក​ពី​មនុស្សដទៃទៀត ។

  • យោង​តាមខទី ២១តើ​មាន​អ្វីខ្លះ​បាន​ជួយ​ដល់​សមាជិក​នៃសាសនាចក្រ​ ឲ្យ​ប្រែ​ក្លាយជា​មនុស្ស​ខុស​ប្លែក​ពី​មនុស្សដទៃ ?

យោង​ទៅលើ​សិស្ស​ដែល​បាន​ពាក់អាវរងារ​ទាំង​ពីរ ហើយ​សួរ​ដល់សិស្ស​ក្នុង​ថ្នាក់​ថា តើ​សិស្ស​ម្នាក់​នោះ​​ត្រូវ​ធ្វើ​អ្វីខ្លះ ពីមុន​ពួកគេ​មក ​អាច​ពាក់​អាវ​រងារ​ថ្មី​ស្អាត​របស់ពួកគេ ។

  • តើ​ប៉ុល​បានប្រាប់​ដល់សមាជិក​សាសនាចក្រ​ឲ្យ « ដោះចោល » អ្វីខ្លះ ? ( ខទី ២២) ។ ( អ្នកអាច​នឹង​ចង់​រំឭក​សិស្ស​ថា ពាក្យ​ដែល​បាន​បកប្រែ​ថាជាកិរិយា​ប្រព្រឹត្ត​ជាញឹកញាប់​សំដៅ​ទៅលើ​ទង្វើ​របស់មនុស្ស​ម្នាក់​ជារួម ) ។

  • តើ​វា​មាន​ន័យ​យ៉ាងណា​ដើម្បី « ប្រដាប់​ខ្លួន​ដោយ​មនុស្ស​ថ្មីវិញ » ? ( ខទី ២៤ ) ។ ( ដើម្បី​បានកើត​ខាងវិញ្ញាណ [ សូមមើល​ម៉ូសាយ ២៧:២៥] ហើយ​រស់​នៅ​ដោយ​ឧស្សាហ៍​ព្យាយាម​​តាមដំណឹងល្អ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​ប្រចាំ​ថ្ងៃ ) ។

  • តើ​យើង​អាច​ស្គាល់​សេចក្ដី​ពិត​ណាខ្លះ ​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ​ទាក់ទង​នឹង​ពួក​សិស្ស​របស់​​​ព្រះយេស៊ូវ​គ្រីស្ទ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុស​គ្នា ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា ​ពួកគេ​ស្គាល់​ពី​សេចក្ដី​ពិត​មួយ​​ដែល​ស្រដៀង​នឹង​សេចក្ដី​ពិត​ខាង​ក្រោម​នេះ ៖ ពួក​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ​បាន​លះបង់​ផ្លូវចាស់​ដ៏​ខុស​ឆ្គង​របស់​ខ្លួន ហើយដើរ​តាម​ផ្លូវ​ថ្មី​ដែលជាផ្លូវសុចរិត​វិញ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចម្លង​​តារាង​ដូច​ខាងក្រោម​​ចូល​​ក្នុង​សៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះ​គម្ពីរ​របស់​ពួកគេ ៖

មនុស្ស​ចាស់

មនុស្ស​ថ្មី

សូមបំបែក​​​សិស្ស​ទៅជា​គូៗ ។ សូមអញ្ជើញ​គូ​នីមួយៗ​ឲ្យ​អានអេភេសូរ ៤:២៥–៣២ឮៗទាំងអស់គ្នា​ ។ ចូរ​សុំ​ឲ្យ​ពួកគេ​បំពេញ​ក្នុង​តារាង​របស់ពួកគេ នៅពេល​ពួកគេ​អាន ដែល​សរសេរ​នៅក្រោម « មនុស្ស​ចាស់ » ជា​រឿង​ដែល​ពួកសិស្ស​របស់​ព្រះគ្រីស្ទ​ចាំបាច់​ត្រូវ « ដោះចេញ » (ខទី ២២​) ឬ « ដកចេញ » (ខទី ៣១) ហើយ​សរសេរ​នៅ​ក្រោម « មនុស្ស​ថ្មី » នូវ​អ្វីៗដែល​ពួក​សិស្ស​របស់ព្រះគ្រីស្ទ​ចាំបាច់​ត្រូវ « ប្រដាប់​ខ្លួន » (ខទី ២៤) ។ សូម​ចង្អុល​បង្ហាញ​ទៅ​ការបកប្រែ​ ដោយ យ៉ូសែប​ ស្ម៊ីធ ​សម្រាប់អេភេសូរ ៤:២៦ នៅក្នុង​លេខយោង ក ។

បន្ទាប់​ពី​ផ្ដល់ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​​ដៃគូ​នីមួយៗ​​ឲ្យគិត​អំពី​ស្ថានភាព​មួយ ដែល​បង្ហាញ​អំពី​ឥរិយាបទ​របស់​​មនុស្ស​ម្នាក់ ដែល​អាច​មាន ដែល​មិនព្រម​​​បោះបង់​ធម្មជាតិ​​ដែល​ប្រកបដោយអំពើបាប​របស់​ពួកគេ​​ ក្នុងផ្នែក​​មួយ​ដែល​ប៉ុល​បាន​ពិពណ៌នា​នោះ ។ សូមអញ្ជើញ​ដៃគូ​នីមួយៗ​ឲ្យ​គិត​ផងដែរ​ អំពី​ស្ថានភាព​ដែល​ចង្អុលបង្ហាញ​​អំពី​របៀប​មនុស្ស​ដដែល​​នេះ​អាច​ធ្វើ​សកម្មភាព ប្រសិន​បើ​ពួក​គេ​មក​រក​ព្រះគ្រីស្ទ ហើយ​ក្លាយ​ទៅជា​មនុស្ស​ថ្មី​ម្នាក់ ។ បន្ទាប់ពី​សិស្ស​មានពេល​គ្រប់គ្រាន់​ដើម្បី​រៀបផែនការ​ហើយ សូមអញ្ជើញ​ដៃគូ​រពីរបី​គូ​ឲ្យ​ឡើងមក​ខាង​មុខ​ថ្នាក់ ហើយពន្យល់​អំពី​ស្ថានភាព​របស់ពួកគេ ។ បន្ទាប់​ពី​ដៃគូ​ពីបីគូ​​បាន​ធ្វើ​បទបង្ហាញ​រួច​ហើយ ចូរ​សួរ​ដល់​​សិស្ស​ក្នុងថ្នាក់​ថា

  • តើ​សមាជិក​នៃ​សាសនាចក្រ​ម្នាក់​ដែលស្គាល់​សេចក្ដីពិត ប៉ុន្តែ​មិនរស់នៅ​តាម​វា អាច​ប្រៀប​ដូចជា​មនុស្ស​ម្នាក់​ដែល​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ទៅ​ចូលរួម​ក្នុងព្រឹត្តិ​ការណ៍​​ដ៏​ល្អ​មួយ ប៉ុន្ដែ​មិន​បាន​ស្លៀកពាក់​សំលៀកបំពាក់​សមរម្យ​យ៉ាងដូចម្ដេច ?

  • តើ​យើង​អាច​ជួប​នឹង​បញ្ហា​អ្វីខ្លះ នៅពេល​យើង​​ព្យាយាម​ដោះ​ចោល​រូបចាស់​ ដែល​ជា​ធម្មជាតិ​​ប្រកបដោយ​អំពើបាប​របស់​យើង​ចេញ ហើយ​ប្រែក្លាយជា​មនុស្ស​ថ្មី​ ជាពួកសិស្ស​របស់ព្រះគ្រីស្ទ​នោះ ?

  • ហេតុអ្វី​ក៏​វា​សំខាន់​សម្រាប់​សមាជិក​នៃ​សាសនា​ចក្រ​ចងចាំ​ថា ការ​បោះចោល​របៀប​ចាស់​របស់​​យើង ហើយ​ធ្វើតាមព្រះយេស៊ូវ​គ្រីស្ទ​ដោយ​ពេញ​លេញ គឺជា​ដំណើរ​ការ​ជា​បន្ដបន្ទាប់​មួយ ហើយ​​ពុំ​មែនជា​ព្រឹត្តិការណ៍​ដែល​កើតឡើង​តែម្ដង​នោះ​ឡើយ ?

ចូរ​ពន្យល់​ថា សម្រាប់​​មនុស្ស​ជាច្រើន​ ការ​ប្រដាប់​​ខ្លួន​ដោយនូវ​របៀប​ថ្មី​នៃ​សេចក្ដី​សុចរិតមាន​លក្ខណៈ​​សាមញ្ញ ​ដូច​ជា​ការ​ធ្វើ​ការ​ផ្លាស់ប្ដូរ​តូចៗ​មួយ ដូចជា​ការ​មានចិត្ត​ល្អ​ជាង​មុន ឬ​ការ​អត់ធ្មត់ជាង​មុន ការ​រក្សា​បទ​បញ្ញត្តិ​មួយ​បាន​ពេញលេញ​ជាង​មុន ឬ​ការលុប​បំបាត់​ចោល​ទម្លាប់​អាក្រក់​ពីក្នុង​ជីវិត​យើង​ជា​ដើម ។

សូម​ថ្លែង​ទីបន្ទាល់​អំពីសារៈសំខាន់​នៃ​ការបោះ​​របៀប​ចាស់​ដែល​ប្រកបដោយ​អំពើបាប​របស់​យើងចោល ហើយ​​ប្រដាប់​ខ្លួន​​ដោយ​​របៀប​ថ្មី​នៃ​សេចក្ដីសុចរិត​វិញ​ ។ សូមអញ្ជើញសិស្ស​ឲ្យ​សរសេរ​នូវ​រឿង​មួយ ​ដែល​ពួកគេ​អាច​ធ្វើ​សព្វថ្ងៃនេះ ដើម្បី​បោះចោល​របៀប​ចាស់​របស់​ពួកគេ ហើយ​បែរ​មក​ធ្វើ​តាម​ព្រះយេស៊ូវ​គ្រីស្ទ​​​ដោយពេញលេញ ។ សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ធ្វើ​តាម​អ្វី​ដែល​ពួក​គេ​បាន​សរសេរ ។

រូបភាព
រូប​សញ្ញា​ចំណេះចំណាន​ខគម្ពីរ
ចំណេះចំណាន​ខគម្ពីរ—អេភេសូរ ៤:១១–១៤

ដើម្បី​ជួយ​សិស្សឲ្យ​​ពន្យល់​គោលលទ្ធិ​ដែល​បាន​បង្រៀន​នៅក្នុងអេភេសូរ ៤:១១–១៤​ សូម​អញ្ជើញ​សិស្ស​ឲ្យ​ងាក​ទៅរក​ដៃគូ ហើយ​ប្រើ​ការ​បង្រៀន​របស់​ប៉ុល​​នៅ​ក្នុង ​អេភេសូរ ៤:១១–១៤ ដើម្បី​ពន្យល់​ពី​មូលហេតុ​​ដែល​ព្រះអម្ចាស់​បាន​ស្ថាបនា​សាសនាចក្រ​របស់ទ្រង់​ឡើង ហើយ​ហៅ​អ្នកដឹក​នាំ​ទាំងឡាយ​​ឲ្យ​បម្រើ​​ក្នុង​សាសនាចក្រ ។ បន្ទាប់មក ​អញ្ជើញ​សិស្ស​ឲ្យ​ពន្យល់​អំពី​របៀប​ដែល​ពួកគេ​អាច​ប្រើ​គោលលទ្ធិ​​នៅក្នុង​អេភេសូរ ៤:១១–១៤ ដើម្បី​ជួយ​​មិត្ត​ម្នាក់​ដែល​​ជឿ​ថា​ វា​ពុំចាំបាច់​​ដើម្បី​មាន​សាសនា​ចក្រ​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​មួយ​នោះ​ឡើយ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

អេភេសូរ ៤:១៣ ។ « ​ដល់​ខ្នាត​កំពស់​នៃ​សេចក្តី​ពោរពេញ​ផង​ព្រះគ្រីស្ទ »

តើ​ការ​មក « ​ដល់​ខ្នាត​កំពស់​នៃ​សេចក្តី​ពោរពេញ​ផង​ព្រះគ្រីស្ទ » មានន័យ​យ៉ាង​ណា (​អេភេសូរ ៤:១៣) ? អែលឌើរ ​ប្រ៊ូស អ័រ ម៉ាក់ខន់ឃី នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរនាក់​បានពន្យល់​ថា វា​សំដៅ​ទៅលើ « ស្ថានភាព​នៃ​សិរីល្អ និងការ​លើក​តម្កើង​ដែល​ព្រះគ្រីស្ទ​ទ្រង់​​ផ្ទាល់បាន​​រីករាយ ។ ផែនការ​នៃ​សេចក្ដីសង្គ្រោះ​ទាំងមូល ត្រូវ​បាន​រចនាឡើង​​ដើម្បី​ឲ្យ​មនុស្ស​អាច​បាន​ប្រែ​ក្លាយ​ដូចជា​ព្រះ ។ អ្នកទាំងឡាយ​ដែល​បាន​ទទួល​ភាព​ល្អឥតខ្ចោះ​ដ៏អស់កល្ប នឹង​បាន​​ដូចជា​ព្រះគ្រីស្ទ ហើយ​ទ្រង់​​បាន​​ដូចជា​ព្រះបិតា ។ (នីហ្វៃទី៣ ២៨:១០) ។ [ ដូចជា​ Lectures on Faith បាន​ថ្លែង ​] ៖ ‹ សេចក្ដីសង្គ្រោះ​មាន​ជាប់​ជាមួយ​នៅក្នុង​សិរីល្អ សិទ្ធិអំណាច ​​ឫទ្ធានុភាព ព្រះចេស្ដា និង​​​ការ​គ្រប់គ្រង​ដែល​ព្រះយេហូវ៉ា​មាន ដែល​គ្មាន​អ្វី​ផ្សេងទៀត​ឡើយ ហើយគ្មាន​តួអង្គ​ណា​អាច​មាន​វា​ក្រៅពី​ទ្រង់​ផ្ទាល់ ឬ​អ្នកដែល​ដូច​ជា​ទ្រង់​នោះ​ទេ › ។ [Lectures on Faith ( ឆ្នាំ ១៩៨៥ ) ទំព័រ ៧៦ ] ។

« … ព្រះគ្រីស្ទ ‹ បាន​ទទួល​ភាព​ពោរពេញ​នៃ​សិរីល្អ​របស់ព្រះវរបិតា ហើយ​ទ្រង់​បាន​ទទួល​គ្រប់​​ព្រះចេស្ដា​ទាំងអស់​ ទាំង​នៅ​លើ​ស្ថានសួគ៌ និង​នៅលើ​ផែនដី​ផង ហើយ​សិរីល្អ​នៃ​ព្រះវរបិតា​បានស្ថិត​​នៅ​ជាមួយ​នឹង​ព្រះអង្គ ដ្បិត​ទ្រង់​គង់​នៅក្នុង​ព្រះអង្គ › ។ (គ. និង ស. ៩៣:១៦–១៧) » ។ (Doctrinal New Testament Commentary, វ៉ុលទី ៣ [ ឆ្នាំ ១៩៦៥–៧៣ ] ២:៥១១ ) ។