បណ្ណាល័យ
មេរៀន​សិក្សា​នៅផ្ទះ ៖​ ធីម៉ូថេ​ទី​២ ១​–ហេព្រើរ៤ ( មេរៀន​ទី ២៧ )


មេរៀន​សិក្សា​នៅ​ផ្ទះ

ធីម៉ូថេ​ទី​២ ១​—​ហេព្រើរ៤ ( មេរៀន​ទី ២៧ )

ការរៀបចំ​សម្ភារ​សម្រាប់​គ្រូបង្រៀន​ដល់​សិស្ស​ដែល​សិក្សា​នៅ​ផ្ទះ

សេចក្ដីសង្ខេប​នៃ​មេរៀន​សិក្សា​នៅ​ផ្ទះប្រចាំថ្ងៃ

សេចក្ដី​សង្ខេប​ខាងក្រោម​អំពីព្រឹត្តិការណ៍ ​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ ​​ដែល​​សិស្ស​បាន​រៀន នៅពេល​ពួកគេ​បាន​សិក្សា ធីម៉ូថេ ទី​២ ១​–ហេព្រើរ ​៤​​ ( មេរៀន​ទី ២៧ ) ពុំ​ត្រូវ​យក​មក​បង្រៀន​ជា​ផ្នែក​នៃ​មេរៀន​របស់​អ្នក​នោះ​ទេ ។ មេរៀន​ដែល​អ្នក​បង្រៀន​ផ្ដោត​លើ​គោលលទ្ធិ និង គោលការណ៍​តែពីរបី​​នេះប៉ុណ្ណោះ ។ សូម​ធ្វើ​តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​គិត​ពី​តម្រូវការរបស់​សិស្ស ។

ថ្ងៃ​ទី១ ( ធីម៉ូថេទី២ )

នៅ​ក្នុង​សំបុត្រ​របស់​ប៉ុល​ទៅកាន់​​ធីម៉ូថេ សិស្ស​បាន​រៀន​ពី​សេចក្ដី​ពិត​ដូច​តទៅ ៖ នៅ​ពេល​យើង​ខិតខំឲ្យ​មាន​ព្រះវិញ្ញាណ​គង់​នៅ​ជាមួយ​យើង នោះ​យើង​អាច​យក​ឈ្នះ​លើ​សេចក្ដី​​ភ័យខ្លាច ហើយ​ពុំ​ខ្មាស​អៀនអំ​ពី​ទីបន្ទាល់​របស់​យើង​លើ​ព្រះយេស៊ូវ​គ្រីស្ទឡើយ ។ នៅ​ពេល​យើង​ស៊ូទ្រាំ​នឹង​ការលំបាក ហើយ​បន្ត​ស្មោះ​ត្រង់​នឹង​ព្រះអម្ចាស់ យើង​អាច​ជួយ​ខ្លួន​យើង និង​មនុស្ស​ដទៃ​ទៀត​ឲ្យ​ទទួល​បាន​សេចក្ដីសង្គ្រោះ​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ ។ ប្រសិនបើ​​យើង​សម្អាត​ខ្លួន​យើង​ចេញ​ពី​សេចក្ដី​ទុច្ចរិត នោះ​យើង​អាច​បម្រើ​ព្រះអម្ចាស់​កាន់​តែ​ប្រសើរ​ឡើង ។ ប្រសិន​បើ​យើង​បន្ត​ស្មោះ​ត្រង់ចំពោះ​​​រាល់​អ្វីៗ​ដែល​ព្រះអម្ចាស់​តម្រូវ​ឲ្យ​យើង​ធ្វើ នោះ​យើង​នឹង​ទទួល​បានមកុដ​នៃ​សេចក្ដី​សុចរិត ។ សិស្ស​ក៏​រៀន​ផង​ដែរ​អំពី​គ្រោះថ្នាក់​នៅ​ជំនាន់​របស់​យើង និង​តម្លៃ​នៃ​ព្រះគម្ពីរ ។

ថ្ងៃ​ទី២ ( ទីតុស )

នៅ​ពេល​សិស្ស​បាន​សិក្សា​សំបុត្រ​របស់​ប៉ុល​ដល់​ទីតុស ដែល​ជា​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ម្នាក់​នៅ​កោះ​ក្រេត នោះ​ពួកគេ​បាន​រៀន​ថា នៅ​ពេល​យើង​កាន់​ខ្ជាប់​ទៅ​នឹង​ព្រះបន្ទូល យើង​នឹង​អាច​ប្រើ​គោលលទ្ធិ​ពិត​ដើម្បី​លើក​ទឹក​ចិត្ត​មនុស្ស​ដទៃ​ឲ្យ​រស់​នៅតាម​ដំណឹងល្អ​របស់​​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ឆ្លើយ​បដិសេធ​ចំពោះ​ជន​ដែល​ទាស់​នឹង​វា ។ ប៉ុល​បាន​លើក​ទឹក​ចិត្ត​ពួក​អ្នក​ដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ​ ឲ្យ​ធ្វើ​ជា​គំរូ​ល្អ​ដល់​មនុស្ស​ដទៃ ។ លោក​ក៏​បាន​ថ្លែង​ទីបន្ទាល់​ផងដែរ​ថា ព្រះយេស៊ូវ​​គ្រីស្ទ​បាន​លះបង់​អង្គ​ទ្រង់​ដើម្បី​យើង ដើម្បី​ទ្រង់​អាច​ប្រោស​លោះ​យើង ហើយ​ធ្វើ​ឲ្យ​យើង​បរិសុទ្ធ ។

ថ្ងៃ​ទី ៣ ( ភីលេម៉ូន )

នៅ​ក្នុង​ការ​សិក្សា​ពី​ការ​អង្វរ​របស់​ប៉ុល​ដល់​ភីលេម៉ូន​ឲ្យ​ចាត់​ទុក​បាវ​បម្រើ​​ដែល​គេច​ខ្លួន ហើយ​ផ្លាស់​ប្រែ​ចិត្ត​ជឿ​ថ្មី​ម្នាក់ ជា​បងប្អូន​ប្រុស​ម្នាក់​នៅ​ក្នុង​ដំណឹងល្អ នោះ​សិស្ស​បាន​រៀន​ថា យើង​គឺជា​បងប្អូន​ប្រុស​ស្រី​​នឹង​គ្នា​នៅ​ក្នុង​ដំណឹងល្អ ។ ពួកគេ​ក៏​រៀន​ផង​ដែរ​ថា សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ​បង្ហាញ​សេចក្ដី​មេត្តា និង​ការ​អភ័យទោស​ដល់​មនុស្ស​ដទៃ ។

ថ្ងៃ​ទី៤ ( ហេព្រើរ១-៤ )

នៅ​ពេល​សិស្ស​បាន​សិក្សា​សំបុត្រ​របស់​ប៉ុល​ដល់​ពួក​ហេព្រើរ ពួកគេ​បាន​រៀន​ពី​គោលលទ្ធិ​ជា​ច្រើន​អំពី​ព្រះអង្គ​សង្គ្រោះ រួម​មាន​ទាំង​តួនាទី​របស់​ទ្រង់​ជា​ព្រះ​ដ៏​បង្ក​បង្កើត និង​ភាព​ដូចគ្នា​របស់​ទ្រង់​ទៅនឹង​​ព្រះវរបិតា​សួគ៌ ។ គោលលទ្ធិ​ទាំងនេះ​បាន​ដឹកនាំ​សិស្ស​ឲ្យ​ស្គាល់​សេចក្ដី​ពិត​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​មេទ័ព​នៃ​សេចក្ដី​សង្គ្រោះ​របស់​យើង ។ ពួកគេ​ក៏​បាន​រៀន​ផង​ដែរ​ថា ព្រះយេស៊ូវ​គ្រីស្ទ​បាន​រងទុក្ខ ហើយ​ត្រូវ​បាន​ល្បួង​នៅ​គ្រប់​រឿង​ទាំងអស់ ទ្រង់​យល់​ពី​យើង​យ៉ាង​ច្បាស់ ហើយ​អាច​ជួយ​យើង​នៅ​គ្រា​ចាំបាច់ ។

សេចក្ដីផ្ដើម

មេរៀន​នេះ​រុក​រក​ការ​ព្យាករ​របស់​ប៉ុល​អំពី​គ្រោះថ្នាក់ ​ដែល​មាន​​នៅ​ថ្ងៃ​ចុងក្រោយ​ក៏​ដូចជា​នៅ​ជំនាន់​របស់​លោក​ដែរ ។ ប៉ុល​បាន​ណែនាំ​ធីម៉ូថេ និង​ពួក​អ្នក​អាន​នា​ពេល​អនាគត ​ឲ្យ​បន្ត​ស្មោះត្រង់​ចំពោះ​សេចក្ដី​ពិត​ដែល​ពួកគេ​បាន​រៀន ហើយ​ប្រើ​បទគម្ពីរ​ជា​ប្រភព​នៃ​ការ​យល់ដឹង ការ​កែតម្រូវ និង​ការ​ណែនាំ​នៅ​ក្នុង​គ្រា​​គ្រោះ​ថ្នាក់​ទាំងនេះ ។

យោបល់​សម្រាប់​ការបង្រៀន

ធីម៉ូថេទី២ ៣

ប៉ុល​ពិពណ៌នា​ពី​គ្រា​ដ៏​លំបាក​នៅ​ថ្ងៃ​ចុង​ក្រោយ

ពីមុន​ថ្នាក់​ចាប់ផ្ដើម ចូរ​សុំ​ឲ្យ​សិស្ស​ពីរ ឬ​បី​នាក់​បាន​មក​ដល់​ដំបូង​គេ​​ឲ្យ​គូរ​រូប​នៅ​លើ​ក្ដារ​ខៀន​ស្ដីពី​ស្ថានភាព​ដ៏​គ្រោះ​ថ្នាក់ ឬ​មាន​ហានិភ័យ​មួយ ។ បន្ទាប់​ពី​ថ្នាក់​ចាប់ផ្ដើម សូម​សួរ​សិស្ស​នូវ​សំណួរ​ខាង​ក្រោម​នេះ ៖

  • តើ​អ្នក​នឹង​ប្រើ​ពាក្យ​អ្វី​ដើម្បី​ពិពណ៌នា​ពី​ស្ថានភាព​ដែល​បាន​គូរ​នៅ​លើ​ក្ដារខៀន ?

សូម​ពន្យល់​ថា ជា​ផ្នែក​មួយ​នៃ​សំបុត្រ​ទី​ពីរ​របស់​លោក​ដល់​ធីម៉ូថេ ប៉ុល​បាន​ព្យាករ​ពី​លក្ខខណ្ឌ​នៅ​ក្នុង​ជំនាន់​លោក និង​ជំនាន់​របស់​យើង ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ធីម៉ូថេទី២ ៣:១ ឲ្យឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម រកមើល​ថា​ប៉ុល​បាន​រៀបរាប់​ពី​គ្រា​ដែល​យើង​រស់​នៅ​យ៉ាង​ដូចម្ដេច ។

  • តើ​ប៉ុល​បានពិពណ៌នាពី​គ្រា​ដែល​យើង​រស់​នៅ​យ៉ាង​ដូចម្ដេច ? ( ប្រសិន​​បើ​ចាំបាច់ សូម​ពន្យល់​ថា ពាក្យ ដ៏​លំបាក មាន​ន័យ​ថា​ពោរពេញ​ដោយ​គ្រោះថ្នាក់ ឬ​ហានិភ័យ ) ។

  • តើ​ហានិភ័យ ឬ គ្រោះថ្នាក់​ខាង​វិញ្ញាណ ឬ​ខាង​សីលធម៌​មួយ​ចំនួន​ដែល​អ្នក​ធ្លាប់​ឃើញ​នៅ​ក្នុង​ជំនាន់​របស់​យើង​មាន​អ្វីខ្លះ ?

សូម​បំបែក​សិស្ស​ឲ្យធ្វើ​ការ​ជា​ដៃគូ ។ សូម​ឲ្យ​ដៃគូ​នីមួយៗ​នូវច្បាប់​ចម្លង​មួយនៃ តារាងដូច​ខាង​ក្រោម ។ សូម​អញ្ជើញ​ដៃគូ​នីមួយៗ​ឲ្យ​អាន ធីម៉ូថេទី២ ៣:២–៧ ហើយ​ឆ្លើយ​សំណួរ​នៅ​លើ​តារាង ។ សូម​ណែនាំ​ពួកគេ​ឲ្យ​ប្រើ​សេចក្ដី​យោង​ជា​ជំនួយ​សម្រាប់​ពាក្យ​ពិបាកៗ ។

រូបភាព
handout

ធីម៉ូថេទី២ ៣:២-៧

ព្រះ​គម្ពីរ​សញ្ញា​ថ្មី​សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន​ថ្នាក់​សិក្ខាសាលា—មេរៀន​សិក្សា​នៅ​ផ្ទះ ( មេរៀនទី ២៧ )

តើ​គំរូ​មួយ​ចំនួន​នៃ​លក្ខខណ្ឌ​នៅ​ថ្ងៃ​ចុងក្រោយ ​ដែល​ប៉ុល​បាន​រៀប​រាប់​មាន​អ្វីខ្លះ ?

តើ​ក្នុង​ចំណោម​លក្ខខណ្ឌ​ទាំង​នេះ​ តើ​លក្ខខណ្ឌ​ណា​មួយ​ដែល​អ្នក​ធ្លាប់​បាន​ឃើញ​នៅសម័យរបស់​យើង ? ( បង្ហាញ​លក្ខខណ្ឌ​ទាំងនោះ​ឲ្យ​បាន​ពីរ ឬ​បី ) ។ ហេតុអ្វី​លក្ខខណ្ឌ​ទាំងនេះ​មាន​គ្រោះ​ថ្នាក់​ខ្លាំង​ម៉្លេះ ?

ក្រោយ​ពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្ស​ឲ្យ​ប្រាប់​ដល់​សិស្ស​ក្នុង​ថ្នាក់​ថា​ពួកគេ​ឆ្លើយ​យ៉ាង​ណា​ចំពោះ​សំណួរ​នៅ​ក្នុង​តារាងនោះ រួម​បញ្ចូល​ទាំង​ហេតុផល​ដែល​លក្ខខណ្ឌ​ទាំងនេះ​មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់ម្ល៉េះ ។

ចូរ​សុំ​ឲ្យ​សិស្ស​សញ្ជឹង​គិត​ថា ពួកគេ​ធ្លាប់​ព្រួយបារម្ភ​ដែរ​ឬទេ​ថា​ពួកគេ​អាច​នឹង​រង​ឥទ្ធិពល​មក​ពី​គ្រោះថ្នាក់​មួយ​ចំនួន​ ដែល​ប៉ុល​បាន​លើក​ឡើង​​នៅ​ក្នុង​ខគម្ពីរ​ដែល​ពួកគេ​បាន​សិក្សា​នោះ ។

  • យោង​តាម​ចុង​បញ្ចប់​នៃ ធីម៉ូថេទី ២ ៣:៥តើ​ប៉ុលបាន​​លើក​ទឹក​ចិត្ត​ធីម៉ូថេ​ឲ្យ​ធ្វើ​អ្វីខ្លះ​ ដែល​វា​ក៏​អាច​ជួយ​យើង​នៅ​ជំនាន់​របស់​យើង​ផង​ដែរនោះ ? ( យើង​គួរ​ងាក​ចេញ​ពី​អំពើ​ទុច្ចរិត ) ។

សូម​ពន្យល់​ថា ថ្វី​បើ​មាន​ភាព​ធ្ងន់​ធ្ងរ​នៃ​លក្ខខណ្ឌ​ដ៏​រំខាន​ទាំងនេះ​ក្ដី ក៏​យើង​អាច​រកឃើញ​ជំនួយ និង​ការការពារ​បាន​ដែរ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន​ធីម៉ូថេទី២ ៣:១៤-១៥ ឲ្យឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ទៀង​តាម រក​មើល​ថាប៉ុល​បាន​បង្រៀន​ថា​អ្វីខ្លះ​អាច​ជួយ​យើង​ឲ្យ​ងាក​ចេញ​ពី​គ្រោះថ្នាក់​ទាំងនេះ ។

  • តើ​ប៉ុល​បាន​បង្រៀន​អ្វីខ្លះ អំពី​ការ​តតាំង​នឹង​គ្រោះថ្នាក់​ដែល​លោក​បានពិពណ៌នា ?

  • តើ​អ្នក​គិត​ថា វាមានន័យ​យ៉ាង​ណា​នៅ​ក្នុង ខទី១៤ ដើម្បី « ឲ្យ​អ្នក​នៅ​ជាប់​ក្នុង​សេចក្តី​ដែល​អ្នក​បាន​រៀន ហើយ​ជឿ​ប្រាកដ​វិញ » ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​រក​គោលការណ៍​មួយ​នៅ​ក្នុង ធីម៉ូថេទី២ ៣:១៤–១៥ អំពី​របៀប​​ដើម្បី​យក​ឈ្នះ​លើ​គ្រោះថ្នាក់​ខាង​វិញ្ញាណ​នាថ្ងៃ​ចុងក្រោយ ។ ( បន្ទាប់​ពី​សិស្ស​ឆ្លើយ​រួច សូម​សរសេរ​ឃ្លា​ដូច​តទៅ​នេះ​នៅ​លើ​ក្ដារខៀន ៖ប្រសិន​បើ​យើង​បន្ត​នៅ​ក្នុង​សេចក្ដី​ពិត ​ដែល​យើង​បាន​រៀន​មក​ពី​ប្រភព​ដែល​ទុក​ចិត្ត និង​នៅ​ក្នុង​បទគម្ពីរ នោះ​យើង​អាច​យក​ឈ្នះ​លើ​គ្រោះថ្នាក់​​ខាង​វិញ្ញាណ​នាថ្ងៃចុង​ក្រោយនេះ​បាន ) ។

  • តើ​ការ​ពឹង​ផ្អែក​លើ​បទគម្ពីរ និង​នៅ​លើ​សេចក្ដីពិត​​ដែល​យើង​បាន​រៀន ​អាច​ជួយ​យើង​ឲ្យ​យក​ឈ្នះ​លើ​គ្រោះថ្នាក់​នៅ​ជំនាន់​របស់​យើង​យ៉ាង​ដូចម្ដេច ?

  • តើ​អ្នក​ធ្លាប់​ជ្រើស​រើស​ពឹង​ផ្អែក​លើ​សេចក្ដីពិត ​ដែល​អ្នក​បាន​រៀន​នៅ​ពេល​ណា​ដែរ ? តើ​អ្នក​បាន​ទទួល​ពរ ដោយ​ព្រោះ​ការធ្វើ​ដូច្នោះ​យ៉ាង​ដូចម្ដេច​ដែរ ? ( អ្នក​អាច​ឲ្យ​សិស្ស​ឆ្លើយ​នឹង​សំណួរ​ទាំងនេះ​​នៅ​ក្នុង​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​កត់ត្រា​ក្នុង​ថ្នាក់​របស់​ពួកគេ រួច​ហើយ​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​ថា​ពួកគេ​បាន​សរសេរ​អ្វីខ្លះ​ជាមួយ​នឹង​សិស្ស​ក្នុង​ថ្នាក់ ) ។

សូមកត់ចំណាំថា ធីម៉ូថេទី ២ ៣:១៥-១៧ គឺជាវគ្គចំណេះចំណាន​ខគម្ពីរមួយ ។ ចូរ​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន ធីម៉ូថេទី២ ៣:១៥-១៧ ឮៗ ហើយ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​រក​មើល​ថា​ប៉ុល​បាន​បង្រៀន​អ្វីខ្លះ​អំពី​បទគម្ពីរ ។ អ្នក​អាច​ផ្ដល់​យោបល់​ថា សិស្ស​គួរ​គូសចំណាំ​ចំពោះអ្វី​ដែល​ពួកគេ​រកឃើញ ។

  • តើ​ប៉ុល​បាន​បង្រៀន​អ្វីខ្លះ​ អំពី​ការ​សិក្សា​បទគម្ពីរ​ដែល​អាច​ជួយ​យើង​នៅ​ក្នុង​ជំនាន់​របស់យើង ? ( សូម​ជួយ​សិស្ស​ឲ្យ​ស្គាល់​គោលការណ៍​ដូចតទៅ​នេះ ៖ នៅ​ពេល​យើង​សិក្សា​ព្រះគម្ពីរ យើង​អាច​រៀន​ពី​គោលលទ្ធិ ហើយ​ទទួល​ការ​កែតម្រូវ និង​ការណែនាំ​ដែល​នឹង​ជួយ​យើង​ឲ្យ​រីក​ចម្រើន​ឆ្ពោះ​ទៅ​រក​ភាព​ល្អ​ឥត​ខ្ចោះ ។ សូម​សរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន ) ។

ចូរ​សុំ​ឲ្យ​សិស្ស​គិត​ពី​គ្រា​មួយ​ដែល​បទគម្ពីរ​—​ប្រហែល​ជា​វគ្គ​ដែល​ពួកគេ​បាន​សិក្សា​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី—​បាន​ជួយ​ពួកគេ​នៅ​ក្នុង​របៀប​មួយ​ដូចខាង​ក្រោម​នេះ ៖

  1. ដើម្បី​យល់​ដឹង​ពី​គោលលទ្ធិ​មួយ​នៃ​ដំណឹងល្អ

  2. ដោយ​ផ្ដល់​ជា​ការ​ស្ដីបន្ទោស ឬ​ការ​កែតម្រូវ​ទាក់​ទង​នឹង​អ្វី​មួយ​នៅ​ក្នុង​ការ​គិត ការ​ជ្រើស​រើស ឬ​ឥរិយាបថ​របស់​ពួកគេ​ដែល​មិន​ត្រឹម​ត្រូវ

  3. ដោយ​ផ្ដល់​ចម្លើយ​ចំពោះ​ការ​អធិស្ឋាន ឬ​ផ្ដល់​ការណែនាំ​ពី​របៀប​ដោះ​ស្រាយ​បញ្ហា​មួយ

ចូរ​ទុក​ពេល​ឲ្យ​សិស្ស​គិត​ពី​បទពិសោធន៍​នានា រួចហើយ​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​ពី​អ្វី​ដែល​ពួកគេ​គិត​ដល់ជាមួយ​​សិស្ស​ក្នុង​ថ្នាក់ ។

  • ដោយ​ពិចារណា​ចំពោះ​អ្វី​ដែល​យើង​បាន​រៀន​អំពី​តម្លៃ​នៃ​បទគម្ពីរ ហេតុអ្វី​អ្នក​គិត​ថា ​យើង​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​សិក្សា​វា​ជា​ប្រចាំ​ថ្ងៃ ?

ចូរ​ឲ្យ​សំណៅ​នៃ​សេចក្ដី​ថ្លែង​ការណ៍​ដូច​ខាង​ក្រោម​​ដោយ​អែលឌើរ រីឆាដ ជី ស្កត​ក្នុង កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន​វា​ឲ្យ​ឮៗ ហើយ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រក​មើល​ពាក្យ​ទូន្មាន និង​ការ​សន្យា​របស់​អែលឌើរ ស្កត ​ទាក់ទង​នឹង​ការ​សិក្សា​ព្រះគម្ពីរ ។

រូបភាព
អែលឌើរ រីឆាដ ជី ស្កត

« សូម​កុំ​​ជឿ​ពាក្យ​​កុហក​របស់​សាតាំងថា បងប្អូន​​គ្មាន​ពេលសិក្សា​ព្រះគម្ពីរ​ឲ្យសោះ ។ សូម​ជ្រើសយក​ពេល​សិក្សា​ព្រះគម្ពីរ​ទាំងនោះ ។ ការ​ទទួល​ទាន​ព្រះបន្ទូលរបស់​ព្រះ​រៀងរាល់ថ្ងៃគឺសំខាន់​ជាងការ​ដេក ការទៅសាលារៀន ការធ្វើ​ការងារ កម្មវិធី​ទូរទស្សន៍ វីដេអូ​ហ្គេម ឬ​បណ្ដាញ​​សង្គម​ទៅទៀត ។ បងប្អូន​ត្រូវ​រៀបចំ​នូវ​អាទិភាពខ្លួន​ម្តងទៀត ​ដើម្បី​មាន​ពេល​សិក្សា​បន្ទូល​ព្រះរបស់ព្រះ ។ ប្រសិន​បើ​ដូច្នេះមែន សូម​ធ្វើ​បែប​នោះ​ចុះ !

« … ពេល​បងប្អូន​លះបង់ពេលរាល់ថ្ងៃ ទាំង​ពេល​ផ្ទាល់ខ្លួន និង គ្រួសារ ដើម្បី​សិក្សា​បន្ទូល​ព្រះ នោះ​សេចក្តីសុខសាន្ត​នឹង​កើត​មាន​ក្នុង​ជីវិត​បងប្អូន » ( « Make the Exercise of Faith Your First Priority » EnsignLiahona ខែ​ វិច្ឆិកា ឆ្នាំ​ ២០១៤ ទំព័រ ៩៣ ) ។

សូម​ថ្លែង​ទីបន្ទាល់​ពី​សុវត្ថិភាព និង​សេចក្ដី​សុខសាន្ត​ដែល​កើត​មាន​ដល់​ជន​ដែល​បន្ត​នៅ​ក្នុង​សេចក្ដីពិត​ដែល​មាន​នៅ​ក្នុង​ព្រះគម្ពីរ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​បត់​ក្រដាស​ជា​បីភាគ ​ដោយ​បង្កើត​ជា​ជួរ​ឈរ​បី ។ សូម​ឲ្យ​ពួកគេ​ពន្លាត​ក្រដាស​នោះ​វិញ ហើយ​សរសេរ​ពាក្យ គោលលទ្ធិ នៅ​ផ្នែក​ខាង​លើ​នៃ​ជួរ​ឈរ​ទីមួយ ផ្ដល់​ជា​ភស្ដុតាង​​ជា​ថ្មី និង​ការ​កែតម្រូវ នៅ​ផ្នែក​ខាង​លើ​នៃ​ជួរ​ឈរ​ទី​ពីរ និង ការណែនាំ​នៅ​ក្នុង​សេចក្ដីសុចរិត នៅ​ផ្នែក​ខាង​លើ​នៃ​ជួរ​ឈរ​ទី​បី ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ប្រើ​ក្រដាស​នេះ​ជា​វត្ថុ​ស៊ក​ចំណាំ​ ​នៅ​ក្នុង​ព្រះគម្ពីរ​របស់​ពួកគេ​សម្រាប់​មួយ​សប្ដាហ៍ ដោយ​សរសេរ​នៅ​ក្នុង​ផ្នែក​ដ៏​សមរម្យ រាល់​ពេល​ពួកគេ​អាន​បទ​គម្ពីរ​មួយ​ដែល​បំពេញ​ឲ្យ​គោលបំណង​នៅ​ក្នុង​ចំណោម​គោលបំណង​ទាំងនេះ ។ ឧទាហរណ៍ នៅ​ក្រោម​ចំណង​ជើង « គោល​លទ្ធិ » សិស្ស​អាច​សរសេរ​សេចក្ដី​យោង​បទគម្ពីរ និង​គោលលទ្ធិ ឬ​គោលការណ៍​មួយ​ដែល​ពួកគ​រៀន​នៅ​ក្នុង​សេចក្ដីយោង​នោះ ។ នៅ​ក្រោម​ចំណង​ជើង ផ្ដល់​ជា​ « ការ​ស្ដីបន្ទោស និង​ការ​កែតម្រូវ » ពួកគេ​អាច​សរសេរ​សេចក្ដី​យោង​បទគម្ពីរ និង​របៀប​ដែល​បទគម្ពីរ​នោះ​កែតម្រូវ​គំនិត​ខុស​ឆ្គង​នានា ។ ហើយ​នៅ​ក្រោម « ការណែនាំ​នៅ​ក្នុង​សេចក្ដីសុចរិត » ពួកគេ​អាច​កត់ត្រា​បទគម្ពីរ​ដែល​ផ្ដល់​ជា​គំនិត​ចំពោះ​កិច្ចការ​ល្អៗ​ ដែល​ពួកគេ​អាច​ធ្វើ​ ។

សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​យក​ក្រដាស​នេះ​មក​វិញ​ក្នុង​រយៈពេល​មួយ​សប្ដាហ៍ ​ដើម្បី​ប្រាប់​ពី​បទពិសោធន៍​របស់​ពួកគេ ។ អ្នក​គួរ​ដាក់​ការ​រំឭក​មួយ​នៅ​ក្នុង​ព្រះគម្ពីរ​ ឬ​សៀវភៅ​សិក្សា​របស់​អ្នក​ដើម្បី​មាន​ការ​ពិភាក្សាខ្លីៗ​​ដោយ​រំឭក​ឡើងវិញ​ពី​របៀប​ ដែល​ពួកគេ​បាន​អនុវត្ត​ចំណេះចំណាន​ខគម្ពីរ​នេះ ។

មេរៀន​បន្ទាប់ (ហេព្រើរ៥​-​​យ៉ាកុប១ )

សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​រក​ចម្លើយ​សម្រាប់​សំណួរ​ដូច​តទៅ នៅ​ពេល​ពួកគេ​សិក្សា​មេរៀន​បន្ទាប់ ៖ តើ​យុវជន​ត្រូវ​ហៅ​ឲ្យ​ទទួល​បព្វជិតភាព​យ៉ាង​ដូចម្ដេច ? តើ​បុគ្គល​ដែល​បាន​លើក​ឡើង​នៅ​ក្នុង​ហេព្រើរ​ថា ជាអ្នក​មាន​សេចក្ដី​ជំនឿ​ដ៏​អស្ចារ្យ​នោះ​ជា​នរណា ? តើ​នៅ​ក្នុង​មេរៀន​នេះ​អ្នក​ស្គាល់​បុរស​ស្ដ្រី​ណា​ម្នាក់​ នៅក្នុងមេរៀនដែល​អ្នក​បាន​រៀន​ដែរ​ឬទេ ? តើ​ខគម្ពីរ​អ្វី​ទៅ​ដែល ​យ៉ូសែប ស្ម៊ីធ​ បាន​អាន ហើយ​វា​បាន​ដឹកនាំ​លោក​ឲ្យ « សូម​ដល់​ព្រះ » ហើយ​ធ្វើ​ឲ្យ​ការ​និមិត្ត​ដំបូង​កើត​មាន​ឡើង ? តើ​សាសនា​ដែល​បរិសុទ្ធ​ជា​អ្វី ?