បណ្ណាល័យ
មេរៀនទី ២៨ ៖ ម៉ាថាយ ២៥:១-១៣


មេរៀនទី ២៨

ម៉ាថាយ ២៥:១-១៣

សេចក្តីផ្តើម

នៅ​ពេល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្រៀន​តែ​ពួក​សិស្ស​របស់​ទ្រង់​នៅ​លើ​ភ្នំ​អូលីវ អំ​ពី​ការ​យាង​មក​ជា​លើក​ទី​ពីរ​របស់​ទ្រង់ ទ្រង់​បាន​បង្រៀន​រឿង​ប្រៀប​ប្រដូច​មួយ​ស្ដីពី​ស្ត្រី​ព្រហ្មចារី​ដប់នាក់ ។

យោបល់​សម្រាប់​ការបង្រៀន

ម៉ាថាយ ២៥:១-១៣

ព្រះយេស៊ូវ​គ្រីស្ទ​បង្រៀន​រឿង​ប្រៀប​ប្រដូច​មួយ​ស្ដីពី​ស្ត្រី​ព្រហ្មចារី​ដប់នាក់

សុំ​ឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​ពី​ដំណើរ​រឿង​ខាងក្រោម​ដែល​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ប្រាប់​ពី​យុវជន​ម្នាក់​ដែលបាន​ត្រឡប់​មក​ពី​បេសកកម្ម​វិញ​ដែល​បាន​ចែក​ចាយ​បទពិសោធន៍​ផ្ទាល់​ខ្លួន​នៅ​ក្នុង​ការ​ប្រជុំ​ថ្លែងទីបន្ទាល់ ។ សុំ​ឲ្យ​សិស្ស​នឹក​ស្រមៃ​ពី​អារម្មណ៍​ដែល​ពួកគេមាន ប្រសិនបើ​ពួកគេ​គឺជា​យុវជន​នៅ​ក្នុង រឿងនេះ ។

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

« គាត់ … បាន​ប្រាប់​ពី​ពេល​ដែល​គាត់​ត្រឡប់​មក​ផ្ទះ​វិញ បន្ទាប់​ពី​ដើរ​លេង​ជា​គូ ដែល​មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​គាត់​ត្រូវ​បាន​តែងតាំង​ជា​អែលឌើរ​នៅ​អាយុ ១៨ ឆ្នាំ ។ មាន​អ្វី​មួយ​បាន​កើត​ឡើង​នៅ​ក្នុង​ការ​ដើរ​លេង​ជាគូ​នេះ ដែល​ធ្វើ​ឲ្យ​គាត់​ពុំ​មាន​មោទនភាព​សោះ ។ គាត់​ពុំ​បាន​អធិប្បាយ​យ៉ាង​ល្អិតល្អន់ ហើយ​គាត់​ក៏​មិន​គួរ​និយាយ​អ្វីៗ​បែបនោះ​នៅ​មុខ​មនុស្ស​ជា​ច្រើន​ឡើយ ។ រហូត​មក​ដល់​ថ្ងៃ​នេះ ខ្ញុំ​មិន​បាន​ដឹង​ពី​រឿង​ពិត​នៃ​ហេតុការណ៍​ដែល​បាន​កើត​ឡើង​នោះ​ទេ ប៉ុន្តែ​វា​ពិតជា​សំខាន់​ចំពោះ​គាត់ ដែល​បានប៉ះ​ពាល់ដល់​វិញ្ញាណ​របស់​គាត់ និង ការឲ្យ​តម្លៃ​លើ​ខ្លួន​ឯង ។

« ខណៈ​ដែល​គាត់​កំពុង​អង្គុយ​នៅ​ក្នុង​ឡាន​មួយ​សន្ទុះ លើ​ច្រកផ្លូវចូល​ផ្ទះ​របស់​គាត់ ដោយ​គិត​អំពី​រឿង​រ៉ាវ​នានា និង មាន​អារម្មណ៍​សោកស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង នោះ​ម្តាយ​របស់​គាត់​ដែល​មិនមែន​សមាជិក បាន​រត់​ចេញ​មក​ពី​ផ្ទះតម្រង់​ទៅ​កាន់​ឡាន​របស់​គាត់​ទាំង​ក្តី​បារម្ភ ។ រំពេច​នោះ ម្តាយ​រូប​នេះ បាន​និយាយ​ប្រាប់​ថា ប្អូន​ប្រុស​របស់​យុវជន​ម្នាក់នោះ ​ទើប​តែ​បាន​ដួល​នៅ​ក្នុង​ផ្ទះ បាន​ប៉ះ​ទង្គិច​ក្បាល​យ៉ាង​ខ្លាំង ហើយ​បាន​ប្រកាច់ ឬកន្ត្រាក់​ផង​ដែរ ។ ឪពុក​ដែល​មិនមែន​ជា​សមាជិក​នោះ បាន​ទូរស័ព្ទ​ហៅ​ឡាន​សង្គ្រោះ​បន្ទាន់ ប៉ុន្តែ​វា​ចំណាយពេល​ច្រើន​ទម្រាំ​មក​ដល់​ដើម្បី​ជួយ​សង្គ្រោះ ។

« ម្តាយ​រូប​នោះ​បាន​ស្រែក​យំ​ថា ‹ សូម​មក​នេះ ហើយ​ធ្វើ​អ្វី​មួយ​ដើម្បី​ជួយ › ។ ‹ តើ​ពុំ​មាន​អ្វី​ដែល​កូន​ធ្វើ​នៅ​ក្នុង​ព្រះវិហារ​របស់​កូន​នៅ​ចំ​ពេល​បែប​នេះ​ទេ​ឬ ? កូន​មាន​បព្វជិតភាព​របស់​ពួកគេ ។ សូម​មក​នេះ ហើយ​ធ្វើ​អ្វី​មួយ​ដើម្បី​ជួយ › ។ …

« … នៅ​ពេល​យប់​នេះ នៅពេល​មនុស្ស​ម្នាក់​ដែល​គាត់​ស្រឡាញ់​យ៉ាង​ខ្លាំង​ត្រូវការ​សេចក្តី​ជំនឿ និង កម្លាំង​របស់​គាត់ នោះ​យុវជន​រូប​នេះ​ពុំ​អាច​ឆ្លើយ​តប​បាន​ឡើយ ។ ដោយ​បាន​មាន​អារម្មណ៍​ដែល​គាត់​ទើប​តែ​បាន​ពុះពារ និង អារម្មណ៍​រវើរវាយ​ចំពោះ​អ្វី​ដែល​គាត់​ទើប​តែ​បាន​ធ្វើ—មិន​ថា​ជាអ្វី​នោះទេ—គាត់​មិន​អាច​ចូលខ្លួន​របស់​គាត់ ទៅ​ចំពោះ​ព្រះភ័ក្ត្រ​ព្រះអម្ចាស់ ហើយ​អំពាវ​នាវ​សម្រាប់​ពរជ័យ​ដែល​ត្រូវការ​បាន​ឡើយ​( « The Confidence of Worthiness »​ Liahona ខែ ​មេសា ឆ្នាំ ​២០១៤ ទំព័រ ៥៨–៥៩ ) ។

  • តើ​អ្នក​ប្រហែលនឹង​គិត​អ្វីខ្លះ ប្រសិន​បើ​អ្នក​ជា​យុវជន​នោះ​ ហើយ​ស្ថិតនៅ​ក្នុង​ស្ថានភាព​នេះ ? ហេតុអ្វី​បាន​ជា​វា​សំខាន់​ដើម្បី​ត្រៀម​ខ្លួន​ជានិច្ច ?

រូបភាព
រឿង​ប្រៀបប្រដូច​ពី​ស្ត្រី​ព្រហ្មចារីដប់នាក់

សូម​ដាក់​បង្ហាញ​រូប រឿង​ប្រៀបប្រដូច​ពី​ស្ត្រី​ព្រហ្មចារី​ដប់​នាក់Gospel Art Book [ ឆ្នាំ​២០០៩] ល.រ. ៥៣សូម​មើល​ផងដែរ LDS.org ) ។ សូម​រំឭក​សិស្ស​ថា កាល​ព្រះយេស៊ូវ​គ្រីស្ទ​គង់​នៅ​លើ​ភ្នំ​អូលីវ​ជាមួយ​នឹង​ពួក​សិស្ស​របស់​ទ្រង់​ ទ្រង់​បាន​បង្រៀន​ពួកគេ​ពី​ការ​យាង​មក​ជា​លើក​ទីពីរ ( សូម​មើល ម៉ាថាយ ២៤ ) ។ រួច​ទ្រង់​បាន​និទាន​រឿង​ប្រៀប​ប្រដូច​ពី​ស្ត្រី​ព្រហ្មចារី​ដប់​នាក់​ ដើម្បី​ចង្អុលបង្ហាញ​ពី​របៀប​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ការ​យាង​មក​ជា​លើក​ទី​ពីរ​របស់​ទ្រង់ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ២៥:១-៤ ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រក​មើល​ធាតុ​ដ៏​សំខាន់​នៃ​រឿង​ប្រៀបប្រដូច​នេះ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ប្រាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។ សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ​នៅលើ ក្ដារខៀន ៖

កូន​កម្លោះ

ស្ត្រីព្រហ្មចារី​ឆ្លាតវៃ និង ​ល្ងង់ខ្លៅ

ចង្កៀង និង ប្រេង

សូម​ពន្យល់ថា យោង​តាម​ទំនៀមទម្លាប់នៃ​អាពាហ៍ពិពាហ៍​របស់​សាសន៍​យូដា កូនប្រុស ឬ​កូន​កម្លោះ ត្រូវបានអម​ដំណើរ​ដោយ​មិត្ត​ជិត​ស្និទ្ធ​របស់​ខ្លួន​ នឹង​ទៅ​ផ្ទះ​កូន​ក្រមុំ​នៅ​ពេល​យប់​សម្រាប់​ពិធី​រៀប​អាពាហ៍ពិពាហ៍ ។ បន្ទាប់​ពី​ពិធី​នោះ ពិធី​ជប់លៀង​ទទួល​អាហារ​សម្រាប់​អាពាហ៍ពិពាហ៍​បាន​ធ្វើ​ឡើង​នៅ​ផ្ទះ​កូន​ប្រុស ។ ភ្ញៀវ​ដែល​មក​ចូល​រួម​ត្រូវ​បានតម្រូវឲ្យកាន់​ចង្កៀងរបស់ខ្ឡួន ឬ​ចន្លុះ​ដើម្បី​បង្ហាញ​ថា​ពួកគេ​ជា​ផ្នែក​មួយ​នៃ​ពិធី​ជប់លៀង​សម្រាប់​អាពាហ៍ពិពាហ៍​នេះ ហើយ​ដើម្បី​បន្ថែម​ពន្លឺ និង ភាព​ស្រស់បំព្រង​ដល់​ឱកាស​នោះ ។

សូម​អញ្ជើញ​សិស្ស​បី​បួន​នាក់​ប្ដូរវេនគ្នា​អាន​ឮៗ​នៅ​ក្នុង ម៉ាថាយ ២៥:៥-១៣ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល អ្វី​ដែល​ស្ត្រី​ព្រហ្មចារី​ដ៏​ឆ្លាត​វៃ​ប្រាំ​នាក់​បាន​ធ្វើ និង អ្វី​ដែល​ស្ត្រី​ព្រហ្មចារី​ដ៏​ល្ងង់​ខ្លៅ​ប្រាំ​នាក់​បាន​ធ្វើ ។

  • តើ​ស្ត្រី​ព្រហ្មចារី​ឆ្លាតវៃ​​ប្រាំ​នាក់​បាន​ធ្វើ​អ្វីខ្លះ ? តើ​ស្ត្រី​ព្រហ្មចារី​ល្ងង់ខ្លៅ​ប្រាំ​នាក់​បាន​ធ្វើ​អ្វីខ្លះ ?

សូម​យោង​ទៅ​លើ​កត្តា​នានា​នៃ​រឿង​ប្រៀប​ប្រដូច​នេះ ដែល​បាន​សរសេរ​នៅ​លើ​ក្ដារខៀន ។ ចូរសុំ​ឲ្យ​សិស្ស​ផ្ដល់​ជា​យោបល់ តើ​ពួកគេ​គិត​ថា​កត្តា​នីមួយៗ​តំណាង​ឲ្យ​អ្វី​ដែរ ។

សូម​សរសេរ​ពាក្យ ព្រះយេស៊ូវ​គ្រីស្ទ នៅ​ក្បែរ កូនកម្លោះ លើ​ក្ដារ​ខៀន ។ សូម​ពន្យល់​ថា ឃ្លា « តែ​ដោយ​ព្រោះ​ប្ដី​ក្រមកពេក »( ខ​ទី ៥ ) និង « លុះ​ដល់​កណ្ដាល​អធ្រាត្រ ស្រាប់​តែ​ឮ​សូរ​សម្រែក » ( ខ​ទី ៦ ) សំដៅ​ទៅ​លើ​ការ​យាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

  • តើ​យើង​អាច​រៀន​អ្វី​ខ្លះ​ពី​ការយាងមក​ជា​លើក​ទីពីរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ នៅ​ក្នុង​ឃ្លា​ទាំងនេះ ?

សូម​ពន្យល់​ថា ទាំង​ស្ត្រី​ព្រហ្មចារី​ឆ្លាត​វៃ និង ល្ងង់​ខ្លៅ​ដែល​ត្រូវ​បាន​អញ្ជើញ​ឲ្យ​មក​បរិភោគ​អាហារ តំណាង​ឲ្យ​សមាជិក​នៃ​សាសនាចក្រ​នេះ ( សូមមើល ដាល្លិន អេក អូក « Preparation for the Second Coming » EnsignLiahona ខែ ​ឧសភា ឆ្នាំ​ ២០០៤ ទំព័រ ៨ ) ។ សូម​សរសេរ សមាជិកនៃសាសនាចក្រ នៅ​ក្បែរ ស្ត្រីព្រហ្មចារី​ឆ្លាតវៃ និង​ ល្ងង់​ខ្លៅ លើ​ក្ដារខៀន ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​រំឭក ម៉ាថាយ ២៥:៨–៩ ឡើងវិញ ហើយ​សញ្ជឹង​គិត​ពី​ហេតុផល​ដែល​ស្ត្រី​ព្រហ្មចារី​ឆ្លាត​វៃ​ពុំ​ឲ្យ​ប្រេង​របស់​ខ្លួន​ទៅ​ស្ត្រី​ព្រហ្មចារី​ដែល​ល្ងង់ខ្លៅ ។ ចូរសុំ​ឲ្យ​សិស្ស​ម្នាក់​អានឮៗ​នូវ​សេចក្ដីថ្លែង​ការណ៍​ដូច​ខាង​ក្រោម​ដោយ ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ។ សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​រក​មើល​ថាតើ​ប្រេង​តំណាង​ឲ្យ​អ្វី​ទៅ ហើយ​ថាហេតុអ្វី​បាន​ជា​វា​ពុំ​អាច​ចែក​បាន ។

រូបភាព
ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល

« ទង្វើ​បែប​នេះ​ពុំ​មែន​ជា​ភាពអាត្មានិមយ ឬការខ្វះ​សណ្ដានចិត្ត​ល្អនោះ​ទេ ។ ប្រេង​ដែល​យើង​ត្រូវការ​ដើម្បី​ស្វែងរក​ការដឹកនាំ និង បង្កើន​ចំណេះដឹង មិន​អាច​ចែកចាយ​បាន​ឡើយ ។ តើ​យើង​អាច​ចែកចាយ​ការគោរពប្រតិបត្តិ​ចំពោះ​គោលការណ៍​នៃ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ចិត្តគំនិតដ៏សុខសាន្តដែលកើតចេញ​ពី​ការរស់នៅ​ដោយ​សុចរិតភាព ឬ ចែកចាយ​ភាពរីកចម្រើន​នៃ​ចំណេះដឹង បាន​យ៉ាង​ដូចម្ដេច​ទៅ ? តើ​បុគ្គល​ម្នាក់​អាច​ចែកចាយ​សេចក្ដីជំនឿ ឬ ទីបន្ទាល់​បាន​យ៉ាង​ដូចម្ដេច​ទៅ ? តើ​បុគ្គល​ម្នាក់​អាច​ចែកចាយ​ឥរិយាបថ ឬ បរិសុទ្ធភាព ឬ ចែកចាយ​បទពិសោធន៍​ក្នុង​បេសកកម្ម បាន​យ៉ាង​ដូចម្ដេច​ទៅ ? តើ​បុគ្គល​ម្នាក់​អាច​ចែកចាយ​អាទិភាព ដើម្បី​ចូល​ក្នុង​ព្រះវិហារ​បរិសុទ្ធ​បាន​យ៉ាង​ដូចម្ដេច​ទៅ ? បុគ្គល​ម្នាក់ៗ​ត្រូវ​តែ​មាន​ប្រេង​នោះ​ផ្ទាល់ខ្លួន ។ …

« ក្នុង​រឿង​ប្រៀបប្រដូច​នោះ ប្រេង​អាច​រក​ទិញ​បាន​នៅ​ឯ​ផ្សារ ។ នៅ​ក្នុង​ជីវិត​យើង ប្រេង​នៃ​ការត្រៀមខ្លួន​ជា​ស្រេច ប្រមូលសន្សំ​មួយ​តំណក់​ម្ដងៗ​ តាមរយៈ​ការរស់នៅ​ដោយ​សុចរិត ។ … រាល់​ទង្វើ​នៃ​ការ​លះបង់ និង ការ​គោរព​ប្រតិបត្តិ​គឺជា​តំណក់​ប្រេង​មួយ​តំណក់​ដែល​បាន​បន្ថែម​នៅ​ក្នុង​ចង្កៀង​របស់​យើង » ( Faith Precedes the Miracle [ ឆ្នាំ​១៩៧២ ] ទំព័រ ២៥៥–៥៦ ) ។

  • តើ​ប្រេង​តំណាង​ឲ្យ​អ្វី​ដែរ​នៅ​ក្នុង​រឿង​ប្រៀប​ប្រដូច​នេះ ? ( សូម​សរសេរ​ចម្លើយ​របស់​សិស្ស ដូចជា ការ​រៀបចំខ្លួន​ខាង​វិញ្ញាណ ទី​បន្ទាល់ សេចក្ដី​ជំនឿ ការប្រែចិត្តជឿ និង បទពិសោធន៍​ នៅ​ក្បែរ ចង្កៀង និង ប្រេង លើ​ក្ដារខៀន ។ ដើម្បី​ជា​គំនិត​បន្ថែម​ចំពោះ​និមិត្ត​រូប​របស់​ប្រេង អ្នក​គួរ​ណែនាំ​ឲ្យ​សិស្ស​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥:៥៦–៥៧ ហើយ​​យោង​ឆ្លង​វា​ទៅ ម៉ាថាយ ២៥:៨ ) ។

  • តើ​យើង​អាច​រៀន​សេចក្ដី​ពិត​អ្វីខ្លះ​នៅ​ក្នុង​រឿង​ប្រៀបប្រដូច​នេះ និង​ មក​ពី​សេចក្ដី​អធិប្បាយ​របស់​ប្រធាន ​ឃឹមបឹល​ អំពី​ការ​ខ្ចី​នូវការ​រៀបចំ​ខ្លួន​ខាង​វិញ្ញាណ ? ( បន្ទាប់​ពី​សិស្ស​ឆ្លើយ​សូម​សរសេរ​សេចក្ដីពិត​ខាង​ក្រោម​នេះ​នៅ​លើ​ក្ដារ​ខៀន ៖ យើង​ពុំ​អាច​ខ្ចី​ការ​រៀបចំ​ខាង​វិញ្ញាណ​ពី​អ្នក​ដទៃ​បាន​ឡើយ ) ។

  • តើ​យើង​អាច​រៀន​សេចក្ដី​ពិត​អ្វី​ខ្លះ​នៅ​ក្នុង​រឿង​ប្រៀប​ប្រដូច​នេះ ​អំពី​របៀប​ត្រៀម​ខ្លួន​សម្រាប់​ការ​យាងមក​ជាលើក​ទីពីរ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុស​គ្នា ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា​ពួកគេ​ស្គាល់​ពី​សេចក្ដីពិត​ខាងក្រោម​នេះ ៖ យើង​ត្រៀម​ខ្លួន​សម្រាប់​ការ​យាង​មក​ជា​លើក​ទីពីរ​ដោយ​ការ​បង្កើន​ទីបន្ទាល់ និង ការ​ប្រែ​ចិត្ត​ជឿ​របស់​យើង​តាមរយៈ​សេចក្ដី​សុចរិត​ប្រចាំ​ថ្ងៃ ។ សូម​សរសេរ​សេចក្ដីពិត​នេះ​នៅ​លើ​ក្ដារខៀន ) ។

ចូរឲ្យ​សំណៅ ឯកសារ​ដែល​ភ្ជាប់​មក​ជាមួយ​ដល់​សិស្ស​ម្នាក់ៗ ។ សុំ​ឲ្យ​ពួកគេ​សរសេរ​នៅ​លើ​ក្រដាស​នោះ​ពី​របៀប​ដែល​ពួកគេ​អាច​ទទួល​បាន « ប្រេង »​ នៃ​ការ​ត្រៀម​ខ្លួន​ខាង​វិញ្ញាណ ។

រូបភាព
handout, Preparing for the Lord’s Second Coming

ការ​ត្រៀម​ខ្លួន​សម្រាប់​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអម្ចាស់

សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ថ្មី​សម្រាប់​គ្រូ​ថ្នាក់​សិក្ខាសាលា—មេរៀន​ទី ២៨

ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​យាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអម្ចាស់ ខ្ញុំ​នឹង​បន្ថែម​« ប្រេង » ​នៅ​ក្នុង « ចង្កៀង »​របស់​ខ្ញុំ​ដោយ ៖

រូបភាព
oil lamp

ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ ចូរ​សុំ​ឲ្យសិស្ស​ពីរ​បីនាក់​ចែកចាយ​គំនិត​មួយ​ចំនួន​របស់​ពួកគេ​ជាមួយ​នឹង​សិស្ស​ក្នុង​ថ្នាក់ ។

ចូរសុំ​ឲ្យ​សិស្ស​ម្នាក់​អាន ម៉ាថាយ ២៥:១០-១២ ឮៗ ។ សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​អ្វី​ដែល​កូនកម្លោះ​បាន​ថ្លែង​ទៅ​ស្ត្រី​ព្រហ្មចារី​ដែល​ល្ងង់ខ្លៅ ។ សុំ​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

សូម​ពន្យល់​ថា ការ​បក​ប្រែ​ដោយ​យ៉ូសែប ស៊្មីធ ម៉ាថាយ ២៥:១១ បញ្ជាក់​ថា​កូន​កម្លោះ​បាន​ថ្លែង​ថា « ខ្ញុំ​មិន​ស្គាល់​នាង​ទេ »  ។

  • តើ​សេចក្ដី​ថ្លែង​ថា « ខ្ញុំ​មិន​ស្គាល់​នាង​ទេ » ប្រាប់​យើង​អ្វី​ខ្លះ​ពី​ស្ត្រី​ព្រហ្មចារី​ដ៏​ល្ងង់​ខ្លៅ ? តើ​ការ​ស្គាល់​ព្រះអម្ចាស់​ ខុស​ពី​ការ​គ្រាន់​តែ​ដឹង​ពី​ទ្រង់​ដោយ​របៀប​ណា ?

  • តើ​យើង​អាច​រៀនអ្វីខ្លះ​ចេញ​ពី​ខគម្ពីរ​នេះ អំពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ត្រៀម​ខ្លួន​ជា​ស្រេច​ សម្រាប់​ការ​យាង​មក​របស់​ព្រះអម្ចាស់ ? ( សូម​ជួយ​សិស្ស​ឲ្យ​ស្គាល់​ពី​គោលការណ៍​នេះ ៖ ដើម្បី​ត្រៀម​ខ្លួន​ជា​ស្រេច​សម្រាប់​ការ​យាង​មក​របស់​ព្រះអម្ចាស់ ហើយ​មាន​ភាព​សក្ដិសម​ឈរ​នៅ​ក្នុង​វត្តមាន​របស់​ទ្រង់ យើង​ត្រូវ​ស្គាល់​ទ្រង់ ) ។

  • តើ​អ្នក​បាន​មក​ស្គាល់​ព្រះអង្គ​សង្គ្រោះ​ ឲ្យ​ប្រសើរ​ជាង​មុន​ក្នុង​ពេល​ថ្មីៗ​នេះ​តាម​របៀប​ណា​ដែរ ?

សូម​រំឭក​សិស្ស​ពី​ដំណើររឿង​នៅ​ដើម​មេរៀន​នេះ​ស្ដីពី​អ្នក​កាន់​បព្វជិតភាព​វ័យ​ក្មេង​ម្នាក់​ ដែល​ពុំ​បាន​ត្រៀម​ខ្លួន​នៅ​ក្នុង​គ្រា​ដ៏​ចាំបាច់​មួយ ។ សូម​ពន្យល់​ថា យុវជន​នោះ​បាន​ប្រញាប់ប្រញាល់​ទៅ​ផ្ទះ​របស់​បុរស​ចំណាស់​ម្នាក់​នៅ​ក្នុង​វួដ​របស់​ខ្លួន​ដែល​រស់នៅ​ក្បែរ​ផ្ទះ​របស់​គាត់ ។ បុរស​ចំណាស់​នោះ​បាន​ប្រសិទ្ធពរ​ឲ្យ​ប្អូន​ប្រុស​យុវជន​នោះ​ ដើម្បី​ធ្វើ​ឲ្យ​ស្ថានភាព​គាត់​មាន​ភាពនឹងធឹង រហូត​ដល់​វេជ្ជបណ្ឌិត​ជំនួយ​បាន​មក​ដល់ ។ សុំ​ឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​នូវ​ទីបន្ទាល់​របស់​យុវជន​នោះ ដែល​អែលឌើរ ហូឡិន ​បាន​លើក​ឡើង ៖

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

« គ្មាន​នរណា​ម្នាក់​ដែល​មិន​ធ្លាប់​ប្រឈម​មុខ ដូច​អ្វី​ដែល​ខ្ញុំ​ប្រឈម​មុខ​នៅ​យប់​នោះ ដែល​នឹង​ដឹង​ពី​ក្តី​អាម៉ាស​ដែល​ខ្ញុំ​បាន​ទទួល​អារម្មណ៍ និង ក្តី​សោកសៅ​ដែល​ខ្ញុំ​ទ្រាំ​ទ្រ​ចំពោះ​អារម្មណ៍​ ដែល​គ្មាន​ភាពសក្តិសម​ដើម្បី​ប្រើ​បព្វជិតភាព​ដែល​ខ្ញុំ​កាន់នោះទេ ។ នេះ​គឺ​ជា​អនុស្សាវរីយ៍​ដែល​កាន់​តែ​ឈឺចាប់​សម្រាប់​ខ្ញុំ ដោយសារ​វា​គឺ​ជា​ប្អូន​ប្រុស​របស់​ខ្ញុំ​ផ្ទាល់ ដែល​ត្រូវការ​ខ្ញុំ និង ឪពុក​ម្តាយ​ជាទី​ស្រឡាញ់​ដែល​មិនមែន​ជា​សមាជិក​របស់​ខ្ញុំ​ដែល​មាន​ការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង ហើយ​ដែល​មាន​សិទ្ធ​រំពឹង​ចង់បាន​ច្រើន​ជាង​នេះ​ពី​រូប​ខ្ញុំ ។ គាត់​បាន​និយាយ​ថា ប៉ុន្តែនៅពេល​ខ្ញុំ​ឈរ​នៅ​ពី​មុខ​អ្នក​ទាំងអស់​គ្នា​ថ្ងៃ​នេះ នោះ​ខ្ញុំ​អាច​សន្យា​នឹង​អ្នកបែប​នេះ ។ ‹ ខ្ញុំ​មិន​ល្អ​ឥតខ្ចោះ​នោះទេ ប៉ុន្តែ​ចាប់​តាំង​ពី​យប់​នោះ​មក ខ្ញុំ​មិន​ធ្លាប់​ធ្វើ​អ្វី​ដែលធ្វើ​ឲ្យ​ខ្លួន​ខ្ញុំ​ចាកចេញ​ពី​ការទៅ​ចំពោះ​ព្រះភ័ក្រ្ត​ព្រះអម្ចាស់ ជាមួយនឹង​ទំនុកចិត្ត ហើយ​អធិស្ឋាន​សម្រាប់​ជំនួយ​របស់​ទ្រង់​នៅ​ពេល​ចាំបាច់​ឡើយ ។ គាត់​ទទួល​ស្គាល់​ថា ‹ ភាពសក្តិសម​ផ្ទាល់​ខ្លួន គឺ​ជា​សង្គ្រាម​មួយ​នៅ​ក្នុង​ពិភពលោក​នេះ ដែល​យើង​រស់នៅ ប៉ុន្តែ​វា​គឺ​សង្គ្រាម​មួយ​ដែល​ខ្ញុំ​មាន​ជ័យជំនះ › ។ ខ្ញុំ​បាន​ទទួល​អារម្មណ៍​ដឹងថាមានម្រាម​ដៃ​នៃ​ការ​កាត់​ទោស​ចង្អុល​មក​កាន់​ខ្ញុំ​ម្តង​នៅ​ក្នុង​ជីវិត​ខ្ញុំ ហើយ​បើសិន​ខ្ញុំ​អាច​ធ្វើ​អ្វី​បាន​នោះ ខ្ញុំ​គ្មាន​បំណង​ទទួល​អារម្មណ៍​បែប​នេះ​ម្តង​ទៀត​ឡើយ ។ គាត់​បាន​បញ្ចប់​ថា ‹ ហើយ​ប្រាកដ​ណាស់ ខ្ញុំ​អាច​ធ្វើកិច្ចការ​ទាំងនោះ​បាន គ្រប់​យ៉ាង › »( « The Confidence of Worthiness »ទំព័រ ៥៩ ) ។

ចូរ​សុំ​ឲ្យ​សិស្សពិចារណាពី​អ្វីដែល​ពួកគេ​ត្រូវ​ធ្វើ​ដើម្បី ត្រៀម​ខ្លួន​ខាង​វិញ្ញាណ​សម្រាប់​ការ​យាង​មក​របស់​ព្រះអម្ចាស់ និង ​ដើម្បី​មាន​ភាព​សក្ដិសម​ឈរ​នៅ​ក្នុង​វត្តមាន​របស់​ទ្រង់ ។ អ្នក​អាច​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​គូស​រង្វង់​ត្រង់​ទង្វើ​មួយ ឬ​ពីរ​ដែល​ពួកគេ​បាន​សរសេរ​នៅ​លើ​ក្រដាស ហើយ​ដាក់​គោលដៅ​មួយ​ ដើម្បី​ធ្វើ​តាម​របៀប​ដែល​នឹង​បង្កើន​ការ​ត្រៀម​ខ្លួន​ខាង​វិញ្ញាណ​របស់​ពួកគេ ។ សូម​អញ្ជើញ​ពួកគេ​យក​ក្រដាស​របស់​ពួកគេ​ទៅ​ផ្ទះ​ ទុក​ជា​ការ​រំឭក​មួយ​ពី​គោលដៅ​របស់​ពួកគេ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

ម៉ាថាយ ២៥:១-៤ ។ ស្ត្រីព្រហ្មចារី​ឆ្លាតវៃ និង ​ល្ងង់ខ្លៅ

អែលឌើរ ដាល្លិន អេក អូក ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរនាក់បានបង្រៀនថាតើ ស្ត្រី​ព្រហ្មចារី​ទាំង​ដប់​នាក់​តំណាង​ឲ្យ​នរណា ៖

« ស្ត្រី​ព្រហ្មចារី​ទាំង​ដប់​នាក់ តំណាង​ឲ្យ​សមាជិក​នៃ​សាសនាចក្រ​របស់​ព្រះគ្រីស្ទ ដ្បិត​សមាជិក​ទាំងអស់​គ្នា​ត្រូវបាន​អញ្ជើញ​ឲ្យ​ទទួល​ភោជនាអាហារ ហើយ​សមាជិក​ទាំងអស់​គ្នា​បាន​ដឹង​ហើយ​ថា ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ នៅ​ពេល​កូនកម្លោះ​បាន​មក​ដល់ ។ ប៉ុន្តែ​មាន​តែ​សមាជិក​ពាក់​កណ្ដាល​ប៉ុណ្ណោះ ដែល​ត្រៀមខ្លួន​ជា​ស្រេច ​នៅ​ពេល​កូនកម្លោះ​បាន​មក​ដល់​នោះ » ( « Preparation for the Second Coming, » EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៨ ) ។

ម៉ាថាយ ២៥:១-១៣ ។ រឿង​ប្រៀបប្រដូច​ស្ដីពី​ស្ត្រី​ព្រហ្មចារី​ទាំង​ដប់ និង ទីបន្ទាល់​របស់​យើង

អែលឌើរ ដាវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពន្យល់ថា ៖

« ឥឡូវខ្ញុំចង់ប្រើនូវការបកស្រាយមួយ ដែលអាចកើតបានពីរឿងប្រៀបធៀបនៃស្ដ្រីព្រហ្មចារីដប់នាក់ ដើម្បីបញ្ជាក់ពីទំនាក់ទំនងរវាងទីបន្ទាល់ និង ការប្រែចិត្តជឿ ។ ស្ដ្រីព្រហ្មចារីដប់នាក់ មានប្រាំនាក់ឆ្លាតវៃ និងប្រាំនាក់ល្ងង់ខ្លៅបានយកចង្កៀងរបស់គេ ហើយបានទៅជួបនឹងកូនកំលោះ ។ សូមគិតពីចង្កៀង ដែលពួកស្ដ្រីព្រហ្មចារីប្រើ ថាជាចង្កៀងនៃទីបន្ទាល់ ។ ស្ដ្រីព្រហ្មចារីដែលល្ងង់បានយកចង្កៀងនៃទីបន្ទាល់របស់គេ តែពុំបានយកប្រេងទៅជាមួយទេ ។ សូមគិតពីប្រេងថា ជាប្រេងនៃការប្រែចិត្តជឿ ។ …

« តើ​ស្រី​ព្រហ្មចារី​ឆ្លាត​​ប្រាំនាក់​មានចិត្ត​កំណាញ់ និង​មិន​ចង់​ចែកចាយ​ឬ ឬ​ក៏​ពួកគេ​កំពុង​បង្ហាញ​យ៉ាង​ត្រឹមត្រូវ​ថា បេ្រង​នៃ​ការប្រែចិត្ត​ជឿ​មិន​អាច​ខ្ចី​បាន​នោះទេ ? តើ​កម្លាំង​ខាង​វិញ្ញាណ​ដែល​ជា​លទ្ធផល​នៃ​ការគោរពតាម​ព្រះបញ្ញត្តិ​ដោយ​ខ្ជាប់ខ្ជួន​អាច​ត្រូវបាន​ប្រគល់​ដល់​មនុស្ស​ផ្សេងទៀត​បាន​ឬ​ទេ ? តើ​ចំណេះដឹង​ដែល​ទទួល​បាន​តាមរយៈ​ការសិក្សា និង ​ការសញ្ជឹងគិត​ដោយ​ឧស្សាហ៍​លើ​ព្រះគម្ពីរ​នោះ​អាច​ត្រូវបាន​ចែក​រំលែក​ដល់​អ្នកដែល​ត្រូវការ​ឬ ? តើ​សេចក្ដី​សុខសាន្ដ​នៃ​ដំណឹងល្អ​ដែល​នាំមកដល់​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ដ៏​ស្មោះត្រង់ អាច​ត្រូវ​បាន​ផ្ទេរទៅ​ឲ្យបុគ្គល​ម្នាក់​ដែល​បាន​ជួប​នឹង​ឧបសគ្គ ឬ​ការលំបាក​ដ៏​ខ្លាំង​បាន​ឬ​ទេ ? ចម្លើយ​ដ៏​ច្បាស់​ចំពោះ​សំណួរ​ទាំងនេះ​នីមួយៗ​គឺ ទេ ។

« នៅពេល​ស្រី​ព្រហ្មចារី​ឆ្លាត​បាន​បញ្ជាក់​យ៉ាង​ត្រឹមត្រូវ នោះ​យើង​ម្នាក់ៗ​ត្រូវតែ ‹ ទិញ​សម្រាប់​ខ្លួន​យើង › ។ ស្ដ្រី​ដ៏​បំផុស​ទាំងនេះ មិន​បាន​រៀបរាប់​ពី​ការផ្លាស់ប្ដូរ​ពាណិជ្ជកម្ម​នោះទេ ប៉ុន្ដែ​គេ​បាន​បញ្ជាក់​ពី​ទំនួលខុសត្រូវ​ផ្ទាល់ខ្លួន​របស់​យើង​ក្នុងការ​រក្សា​ចង្កៀង​នៃ​ទីបន្ទាល់​របស់​យើង ឲ្យ​ឆេះ និង​ ទទួល​បាន​ការផ្គត់ផ្គង់​ដ៏​ច្រើន​នៃ​ប្រេង​នៃ​ការប្រែចិត្ត​ជឿ ។ ប្រេង​ដ៏​មាន​តម្លៃ​នេះ​ត្រូវ​ការ​មួយ​តំណក់​ម្ដងៗ — ‹ មួយ​បន្ទាត់​ម្ដងៗ [ ហើយ ] មួយ​សិក្ខាបទ​ម្ដងៗ › ( នីហ្វៃទី ២ ២៨:៣០ ) ប្រកប​ដោយ​ការអត់ធ្មត់ និង ​ខ្ជាប់ខ្ជួន ។ គ្មានផ្លូវកាត់ទេ គ្មានការរៀបចំភ្លាមៗនោះទេ ។

« ‹ ហេតុដូច្នោះ​ហើយ ចូរ​មាន​ចិត្ត​ស្មោះត្រង់​ដោយ​អធិស្ឋាន​ជានិច្ច ដោយ​មាន​ចង្កៀង​បង្កាត់ ហើយ​ឆេះ ហើយ​មាន​ប្រេង​នៅ​ជាមួយ​អ្នក​ផង ដើម្បី​ឲ្យ​អ្នក​អាច​ប្រុង​ប្រៀប​ជា​ស្រេច​ក្នុង​កាល​ការ​យាង​មក​នៃ​ប្ដី​ថ្មោង​ថ្មី › ( គ. និង ស. ៣៣:១៧ ) » ( « Converted unto the Lord » EnsignLiahona ខែ​វិច្ឆិកា ឆ្នាំ​២០១២ ទំព័រ ១០៩ ) ។

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បានថ្លែង​បញ្ជាក់​ស្រដៀងនេះ ៖

« ប្រាំ​នាក់​មាន​ចិត្ត​ខ្នះខ្នែង ហើយ​លះបង់ រីឯ​ប្រាំ​នាក់​ទៀត​ខ្ជិល​ច្រអូស ហើយ​គ្មាន​ចិត្ត​រំភើប ស្ត្រី​ដប់​នាក់​មាន​ទីបន្ទាល់​ពី​ព្រះយេស៊ូវ ប៉ុន្តែ​មាន​តែ​ប្រាំ​នាក់​ប៉ុណ្ណោះ​ដែល​មានចិត្ត​ក្លាហាន » (  វ៉ុល​ទី ៣ [ ឆ្នាំ​១៩៦៥–៧៣ ] ១:៦៨៥ ) ។

ម៉ាថាយ ២៥:៦ ។ ផ្នែក​សំខាន់​ដែល​កូន​កម្លោះ​មក​នា​ពាក់​កណ្ដាល​អាធ្រាត្រ

ព្រះយេស៊ូវ​គ្រីស្ទ​នឹង​យាង​មក កាល​យើង​ពុំ​រំពឹង​ទុក​នឹង​មក​ដល់ ។ ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​ពន្យល់ ៖

« ស្ត្រី​ព្រហ្មចារី​ល្ងង់ខ្លៅ ពុំ​បាន​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការទិញ​ប្រេង​នោះ​ទេ ។ ពួកគេ​ដឹង​ថា ពួកគេ​គួរតែ​មាន​ប្រេង ។ ពួកគេ​បាន​ពន្យារ​ពេល​ឲ្យ​កន្លង​ហួស​ទៅ​ធម្មតា ដោយ​ពុំ​បាន​ដឹង​អំពី​ពេល​វេលា​ដែល​កូនកម្លោះ​នឹង​មក​ដល់​ឡើយ ។ …

« ពាក់​កណ្ដាល​អាធ្រាត្រ​គឺ​ជា​ការ​ហួស​ពេល​សម្រាប់​ជន​ដែល​ពន្យារពេល » ( Faith Precedes the Miracle [ ឆ្នាំ​១៩៧២ ] ទំព័រ ២៥៦ ) ។

ម៉ាថាយ ២៥:៧ ។ ស្ត្រី​ព្រហ្មចារី​ទាំងឡាយ​« ក៏​ភ្ញាក់​ឡើង រៀបចំ​ចង្កៀង​រៀង​រាល់​ខ្លួន »

ឃ្លា « រៀបចំ​ចង្កៀង​រៀង​រាល់​ខ្លួន » ( ម៉ាថាយ ២៥:៧ ) មានន័យ​ថា ស្ត្រីព្រហ្មចារី​ទាំងឡាយ​បាន​កាត់​ប្រឆេះ​ចង្កៀង​ខ្លួន​តាម​របៀប​ដែល​ធ្វើ​ឲ្យ​ចង្កៀង​អាច​បញ្ឆេះ​ទៅបាន ។