បណ្ណាល័យ
មេរៀនទី ៣៧ ៖ ម៉ាកុស ៦


មេរៀនទី ៣៧

ម៉ាកុស ៦

សេចក្ដីផ្ដើម

ព្រះយេស៊ូវ​ត្រូវ​បានគេ​​បដិសេធ​នៅក្នុង​ស្រុក​កំណើត​របស់ទ្រង់ ស្រុកណា​សារ៉ែត ។ ទ្រង់​បានបញ្ជូន​ពួកសាវកដប់ពីរ​នាក់​ឲ្យ​ផ្សាយដំណឹងល្អ ។ យ៉ូហាន បាទីស្ទ ត្រូវ​បានសម្លាប់​ដោយ​បញ្ជា​របស់​ ហេរ៉ូឌ អាន់ទីប៉ាស ។ ព្រះយេស៊ូវ​បាន​ប្រទានចំណីអាហារ​ដល់​ប្រជាជន​ច្រើនជាង​ប្រាំ​ពាន់​នាក់​ដោយ​អព្ភូតហេតុ បាន​ដើរ​លើ​ទឹក បាន​រម្ងាប់​ព្យុះ ហើយ​បាន​ព្យាបាល​អ្នក​ឈឺ ។

យោបល់​សម្រាប់​ការបង្រៀន

ម៉ាកុស ៦:១-២៩

ព្រះយេស៊ូវ​​ត្រូវ​បានគេ​បដិសេធ​នៅ​ស្រុក​ណា​សារ៉ែត ហើយ​ទ្រង់បានបញ្ជូន​ពួកដប់ពីរ​នាក់​ឲ្យចេញ​ទៅផ្សព្វផ្សាយ ការ​ស្លាប់​របស់​​ យ៉ូហាន ​បាទីស្ទ ​ត្រូវ​បាន​តំណាល​ប្រាប់ ។

សូម​ចាប់​ផ្ដើម​ថ្នាក់​រៀន​ដោយ​ការ​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​គ្រាចុងក្រោយបំផុត ដែល​ពួកគេ​បានមាន​អារម្មណ៍ថា​ត្រូវបានបង្ខំឲ្យធ្វើអ្វីមួយ ដែលពួកគេ​ដឹង​ថា​វាពុំ​ត្រឹមត្រូវ ។

សូម​សរសេរ​នូវ​សេចក្ដី​ថ្លែង​ការណ៍​ដូច​ខាង​ក្រោមនៅលើ​ក្ដារខៀន ( សេចក្ដីថ្លែងការណ៍​នេះ​​អាច​រកបាន​នៅក្នុង« Making the Right Choices » Ensignខែ វិច្ឆិកា ឆ្នាំ ១៩៩៤ ទំព័រ ៣៧ ) ។

« បុគ្គល​ម្នាក់ៗ​ដែលធ្វើ​ខុស ចង់​ឲ្យ​អ្នកចូលរួម​នឹង​ពួកគេ ដោយ​សារ​ពួកគេ​នឹង​មាន​អារម្មណ៍កាន់តែកក់ក្តៅ ​បើ​អ្វី​ដែល​គេ​កំពុង​តែ​ធ្វើ​នោះ មានអ្នកដទៃ​ធ្វើ​វា​ដែរ » ( រីឆាត​ ជី ស្កត ) ។​

  • តើ​មាន​ឧទាហរណ៍​ណា​ខ្លះ​បង្ហាញអំពី​របៀប​ដែល​អ្នកដទៃ​អាច​នឹង​ព្យាយាម​ដាក់សម្ពាធ​មក​លើ​អ្នក​ឲ្យធ្វើ​អ្វី​មួយ​ដែល​អ្នកដឹង​ថា​វា​ខុស​ឆ្គង ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​រក​មើល​សេចក្ដីពិត​មួយ នៅពេល​ពួកគេ​សិក្សា​ម៉ាកុស ៦ដែល​អាច​ជួយពួកគេ​ចៀស​វាង​ពី​ការ​ចុះចាញ់​នឹង​សម្ពាធ​អវិជ្ជមាន​របស់​មិត្តភក្ដិ ។

សូ​ម​សង្ខេបម៉ាកុស ៦:១-១៦ដោយ​ការ​ពន្យល់​ថា ព្រះយេស៊ូវ​បានផ្សាយនៅក្នុង​ស្រុក​កំណើត​របស់ទ្រង់​នៅ​ស្រុក​ណាសារ៉ែត ។ ទោះជា​យ៉ាង​ណា​ក៏ដោយ ដោយ​សារ​តែ​ការ​មិនជឿ​របស់​ប្រជាជន​ នោះ​​ទ្រង់​មិន​ធ្វើ​អព្ភូតហេតុ​ច្រើន​នៅ​ក្នុង​ចំណោម​ពួកគេទេ ។ ខណៈ​ដែល​នៅទីនោះ ព្រះយេស៊ូវ​គ្រីស្ទ​បាន​បញ្ជូន​ពួក​សាវក​ដប់ពីរ​នាក់​ឲ្យ​ចេញទៅ​ពីរ​ៗ​នាក់ ដើម្បី​ផ្សាយដំណឹងល្អ ។ ខណៈពេល​កំពុង​ផ្សាយដំណឹងល្អ នោះ​ពួកគេ​ក៏​បាន​បណ្ដេញ​អារក្ស ហើយ​ព្យាបាល​អ្នកឈឺ​ផងដែរ ។ នៅពេល​ហេរ៉ូឌ​ស្ដាប់​ឮ​អំពី​អព្ភូតហេតុ​ជា​ច្រើនដែលព្រះយេស៊ូវ​បាន​ធ្វើ នោះ​ទ្រង់​ភ័យ​ខ្លាច​ថា​យ៉ូហាន​ បាទីស្ទ​ នឹងបាន​រស់​ឡើងវិញ​ពី​ការស្លាប់ ហើយ​ធ្វើ​អព្ភូតហេតុ​ទាំងនេះ ។

សូម​ពន្យល់​ថាម៉ាកុស ៦:១៧-២៩ផ្ដល់​នូវ​ដំណើរ​រឿង​មួយ​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​ យ៉ូហាន ​បាទីស្ទ ។ ចូរ​សុំ​ឲ្យ​សិស្ស​ម្នាក់​អាន ម៉ាកុស ៦:១៧-១៨ ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​នូវ​អ្វី​ដែល​ហេរ៉ូឌ​បានធ្វើ​ចំពោះ ​យ៉ូហាន បាទីស្ទ ។

  • យោង​តាម​ខគម្ពី​រទាំងនេះ តើ​ហេរ៉ូឌ​បានធ្វើ​អ្វី​ខ្លះ​ដល់​យ៉ូហាន ហើយ​ហេតុអ្វី ?

សូម​ពន្យល់​ថា ហេរ៉ូឌ​ដែល​បានដំណាល​ប្រាប់នៅក្នុង​ខគម្ពីរ​ទាំងនេះ​ គឺជា ហេរ៉ូឌ អាន់ទីប៉ាស ដែល​គ្រប់គ្រង​លើ​តំបន់​កាលីឡេ ស្រុក​ពេរៀ បន្ទាប់ពី​បិតា​របស់ទ្រង់​សុគត គឺ​ស្ដេច​ហេរ៉ូឌ ។ ហេរ៉ូឌ អាន់ទីប៉ាស បាន​លែង​លះ​មហេសីរបស់​ទ្រង់ ហើយបាន​រៀបការ​នឹង​ហេរ៉ូឌាស ជាមហេសី​របស់​អនុជ​ទ្រង់ គឺភីលីព ។ ទង្វើ​នេះ​គឺ​ជាការល្មើស​នឹង​ច្បាប់​របស់​សាសន៍​យូដា​ជាក់​ស្ដែង ( សូមមើល​លេវីវិន័យ ១៨:១៦) ហើយ​ យ៉ូហាន ​បាទីស្ទ ​បាន​ដាក់បណ្ដាសារ​ ។ ការ​ជំទាស់​របស់​យ៉ូហាន​ចំពោះ​ការ​រៀបការ​នេះ បានធ្វើ​ឲ្យ​ហេរ៉ូឌាស​ខឹង​ជាខ្លាំង ដូច្នេះ​ហេរ៉ូឌ​បាន​ចាប់​យ៉ូហាន​ដាក់គុក​ដើម្បីឲ្យ​ស្កប់ចិត្ត​នាង ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាកុស ៦:១៩-២០ឲ្យ ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​នូវ​អ្វី​ដែល​ហេរ៉ូឌាស​​បានធ្វើ​ចំពោះ​ យ៉ូហាន បាទីស្ទ ។

  • តើ​ហេរ៉ូឌាស​ចង់ធ្វើ​អ្វី​ខ្លះ​ចំពោះ ​យ៉ូហាន ​បាទីស្ទ ?

  • ហេតុអ្វី​ក៏​នាង​​មិនអាច​សម្លាប់គាត់បាន ? ( ដោយ​សារ​តែ​ហេ​រ៉ូឌ​ខ្លាច​យ៉ូហាន ហើយ​បានដឹង​ថា​គាត់ជា​មនុស្ស​របស់ព្រះ សូមមើល​ផងដែរ​​ការ​បកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ ម៉ាកុស ៦:២១ សម្រាប់​ព័ត៌មានបន្ថែម​អំពីការភ័យខ្លាច​របស់ ​ហេរ៉ូឌ ចំពោះ​យ៉ូហាន​ បាទីស្ទ​ ដោយរបៀប​ណា ) ។

សូម​អញ្ជើញ​សិស្ស​បី​បួន​នាក់​ប្ដូរ​វេន​គ្នា​អាន​ឮៗ​នៅ​ក្នុង ម៉ាកុស ៦:២១-២៩ ។ សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម ហើយ​រកមើល​នូវ​អ្វី​ដែល​ហេរ៉ូឌ​បានធ្វើ​ចំពោះ ​យ៉ូហាន បាទីស្ទ ។

  • យោងតាម​ខទី ២៦តើ​ហេរ៉ូឌ​មានអារម្មណ៍​យ៉ាង​ណា អំពី​ការ​សំឡាប់​យ៉ូហាន​បាទីស្ទ ?

  • ហេតុអ្វី​ក៏​ហេរ៉ូឌ​ត្រូវ​​កាត់​ក្បាលយ៉ូហាន បើ​គាត់​ដឹង​ថា​វា​ខុស ហើយ​ពុំ​ចង់​ធ្វើ​វា​ផងនោះ ? ( អ្នកអាច​នឹង​ចង់​ផ្ដល់​យោបល់​ឲ្យ​សិស្ស​គូស​ចំណាំ​ឃ្លា « ដោយ​ព្រោះ​សម្បថ​របស់​ទ្រង់ ហើយ​និង​ពួក​ភ្ញៀវ » ដែល​បង្ហាញ​ថា ហេរ៉ូឌ​មាន​កង្វល់​អំពី​មតិ​របស់អ្នកទាំងឡាយ​ដែល​​ជាភ្ញៀវ​នៅ​ជាមួយទ្រង់ ) ។

  • តើ​គោលការណ៍​អ្វី​ខ្លះ ដែល​យើងអាច​រៀន​មក​ពី​ការ​ជ្រើសរើស​របស់​ហេរ៉ូឌ​អំពី​អ្វី​ដែល​បាន​កើតឡើង នៅពេល​យើង​ព្យាយាម​ដើម្បី​ផ្គាប់ចិត្ត​អ្នកដទៃ ជំនួស​ឲ្យ​ធ្វើ​នូវអ្វី​ដែល​ត្រឹមត្រូវ​នោះ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង ប៉ុន្តែចូរ​ប្រាកដ​ថា​ពួកគេ​គួរ​ស្គាល់​​គោលការណ៍​ដូចខាងក្រោម​នេះ ៖ ការ​ព្យាយាម​ដើម្បីផ្គាប់ចិត្ត​អ្នកដទៃ​ជំនួស​ឲ្យ​ការធ្វើ​នូវអ្វី​ដែល​យើង​ដឹង​ថា​ត្រឹមត្រូវ អាច​នាំ​ទៅរក​ការ​ជ្រើសរើស​ខុស​ឆ្គង ការ​សោកស្ដាយ និង ​វិប្បដិសារី )

ដើម្បីជួយសិស្ស​យល់​បន្ថែម​ទៀត​អំពី​សេចក្ដីពិត​នេះ សូម​ចាត់ពួកគេ​ជា​ក្រុម​ដែល​មានគ្នា​ពីរ​ទៅបួន​នាក់​ក្នុងមួយក្រុម ហើយសុំ​ឲ្យ​ពួកគេ​ប្រាប់​នូវ​ឧទាហរណ៍​អំពី ស្ថានភាព​ជាច្រើន​ដែល​យុវវ័យ​ត្រូវ​តែ​ជ្រើសរើស រវាង​ការ​ព្យាយាម​ដើម្បី​ផ្គាប់​ចិត្ត​អ្នកដទៃ និង​ការ​ធ្វើ​អ្វី​ដែលពួកគេ​ដឹង​ថា​ត្រឹមត្រូវ ។ បន្ទាប់ពីផ្ដល់​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​ឲ្យ​​ក្រុមនិមួយៗ​រាយការណ៍ ។ នៅពេល​ពួកគេ​រាយការណ៍ ចូរ​សរសេរ​ឧទាហរណ៍​មួយចំនួន​របស់​ពួកគេ​នៅលើ​ក្ដារខៀន ។

  • តើអ្នក​ធ្លាប់ឃើញ​ថា​ការ​ចុះញ៉មចំពោះ​សម្ពាធ​ទាំងឡាយ​ដូច​នៅក្នុង​ឧទាហរណ៍​ទាំងនេះ នាំ​មកនូវ​ការ​សោក​ស្ដាយ និង ​វិប្បដិសារី​តាមរបៀប​ណា​ខ្លះ ?

  • តើ​អ្នកធ្លាប់​បាន​ឃើញ​នរណា​ម្នាក់​ជ្រើសរើស​ធ្វើនូវអ្វី​ ដែល​ត្រឹមត្រូវ​ជំនួស​ឲ្យ​ការ​ព្យាយាម​ផ្គាប់​ចិត្ត​​ដល់អ្នកដទៃ នៅពេលណា ?

  • តើ​អ្វីខ្លះ​អាច​ជួយ​យើង​ឲ្យជ្រើសរើស​ធ្វើ​អ្វី​ ដែល​យើង​ដឹង​ថា​ត្រឹមត្រូវ ជំនួស​ឲ្យ​ការ​ព្យាយាម​​ផ្គាប់​ចិត្ត​អ្នកដទៃ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិតពិចារណា​អំពី​សប្ដាហ៍​ក្រោយ ហើយ​ប្រាប់​អំពី​ស្ថានភាព​ដែល​អាច​កើតមាន ដែល​ពួកគេ​អាច​នឹង​ចាំបាច់​ត្រូវ​ជ្រើសរើស​រវាង​ការ​ផ្គាប់​ចិត្ត​អ្នកដទៃ និង ការ​ធ្វើអ្វី​ដែល​ត្រឹមត្រូវ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ដាក់​ផែនការ​ អំពី​របៀប​ដែល​ពួកគេ​នឹង​ឆ្លើយ​តប​ចំពោះ​សម្ពាធ​នេះ ដែល​ពួកគេ​នឹង​ជួប​ប្រទះ​នោះ ។

ម៉ាកុស ៦:៣០-៤៤

ព្រះយេស៊ូវ​បាន​​ប្រទានចំណីអាហារ​ដល់​ប្រជាជន​ច្រើនជាង​ប្រាំ​ពាន់​នាក់​ដោយ​អព្ភូតហេតុ

សូម​អញ្ជើញ​​សិស្ស​ឲ្យ​គិត​​ពិចារណា​អំពី​ស្ថានភាព​ដូចខាងក្រោម​នេះ ៖ អ្នក​ផ្សព្វផ្សាយសាសនា​ដែលទើប​ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ​ថ្មី​ម្នាក់ មាន​អារម្មណ៍​ភ័យ​យ៉ាង​ខ្លាំង​ដើម្បី​ចេញ​ដំណើរ​ទៅ​បេសកកម្ម​របស់​គាត់​ ឬ​នាង ។ បុគ្គល​នេះ​ពុំ​សូវពូកែ​និយាយ​បានល្អ ហើយ​មានការ​លំបាក​ក្នុង​ការរស់នៅ​ចូលគេចុះក្នុងសង្គម ។

  • តើ​អ្នក​នឹង​ប្រាប់​អ្នក​ផ្សព្វផ្សាយសាសនា​វ័យ​ក្មេង​រូប​នេះ​អ្វីខ្លះ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​រក​មើល​គោលការណ៍​មួយ នៅពេល​ពួកគេ​សិក្សា​ម៉ាកុស ៦:៣០-៤៤ដែលអាច​ជួយ​ដល់​អ្នក​ផ្សព្វផ្សាយសាសនា​វ័យ​ក្មេង​រូបនេះ និង ​យើង​ទាំងអស់គ្នា ពេល​យើង​មានអារម្មណ៍​ថា​មិន​ល្អ​គ្រប់គ្រាន់​ ដើម្បី​ធ្វើ​នូវ​អ្វី​ដែល​ព្រះអម្ចាស់​បាន​សុំ​ឲ្យ​យើង​ធ្វើនោះ ។

សូម​សង្ខេបម៉ាកុស ៦:៣០-៣៣ដោយពន្យល់​ថា ពួកសាវក​ដប់​ពីរ​នាក់ បាន​ត្រឡប់មកពី​ផ្សាយដំណឹងល្អ​វិញ ហើយ​បាន​រាយការណ៍​ដល់​ព្រះយេស៊ូវ​អំពី​អ្វី​ដែលពួកគេ​បានធ្វើ និង ​បាន​បង្រៀន ។ ព្រះយេស៊ូវ និង​ ពួកសាវកដប់ពីរនាក់ បាន​ជិះ​ទូក​មួយ​ធ្វើដំណើរ​ទៅកន្លែង​មួយ ដែល​ពួកគេ​អាច​នៅ​តែ​ឯង ហើយ​សម្រាក ។ ទោះជា​យ៉ាងណា​ក៏ដោយ ប្រជាជន​មក​ពី​ស្រុកជិត​ខាង​ជាច្រើន ​បាន​ទៅ​កន្លែង​ដែល​ព្រះយេស៊ូវ​នឹង​ចុះចត ហើយ​រង់ចាំ​ពេល​ទ្រង់​យាង​មក​ដល់ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អានម៉ាកុស ៦:៣៤ឮៗ ហើយសុំ​សិស្ស​ក្នុងថ្នាក់​ឲ្យ​រក​មើល​នូវរបៀប​​​ដែល​ព្រះអង្គសង្គ្រោះ​ ​បានឆ្លើយ​តប​ទៅកាន់​ហ្វូង​មនុស្ស​ ។

  • តើអ្នកគិត​ថា​ឃ្លា « ​គេ​ធៀប​ដូច​ជា​ចៀម​ដែល​គ្មាន​អ្នក​គង្វាល » មានន័យ​យ៉ាងណា ?

សូមពន្យល់​ថា បន្ទាប់ពីការ​បង្រៀន​ដល់​ហ្វូង​មនុស្ស​ពេញ​មួយថ្ងៃមក ព្រះអង្គសង្គ្រោះ​បាន​សម្ដែង​អព្ភូតហេតុ​ដ៏អស្ចារ្យ​មួយ ។ ដើម្បីជួយសិស្ស​យល់​អំពី​អព្ភូតហេតុ​នេះ សូម​ចាត់ពួកគេ​ជា​ដៃគូ ហើយ​ឲ្យ​ដៃគូ​នីមួយៗនូវ​ច្បាប់​ចម្លង​នៃឯកសារ​ចែកឲ្យដូចតទៅ ។ សូមអញ្ជើញ​​ឲ្យ​ដៃគូ​នីមួយៗ​អាន​ជាមួយគ្នាម៉ាកុស ៦:៣៥-៤៤និងម៉ាថាយ ១៤:១៨ហើយ​បន្ទាប់មក​ដាក់​លេខ​ព្រឹត្តការណ៍​នៅលើ​ឯកសារ​ដែល​ចែកឲ្យ​នោះ​ជា​លំដាប់​កាលប្បវត្តិ ។

រូបភាព
handout, The Feeding of the 5000

 ការ​ប្រទាន​អាហារ​ដល់​មនុស្ស ៥០០០ នាក់ 

សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ថ្មី​សម្រាប់​គ្រូ​ថ្នាក់​សិក្ខាសាលា—មេរៀន​ទី ៣៧

  • ____ ព្រះអង្គសង្គ្រោះ​ចម្រើន​ឲ្យ​កាន់តែ​ច្រើនឡើងនូវអ្វី​ ដែល​ពួកសិស្ស​បាន​យក​មក បាន​បំពេញតម្រូវការ ហើយ​នៅសល់ហួស​ពី​អ្វី​ដែល​ត្រូវ​ការ​ទៀត​ផង ។

  • ____ ពួកសិស្ស​បាន​និយាយ​ថា ពួកគេ​មាន​នំប៉័ង​ប្រាំ​ដុំ និង ​ត្រី​ពីរ ។

  • ____ ពួក​សិស្ស​បាន​ស្នើ​សុំ​ថា​ឲ្យ​មនុស្ស​ចេញ​ទៅ​រក​ទិញ​អាហារ ។

  • ____ ព្រះអង្គសង្គ្រោះ​បាន​សួរ​ថាតើ​ពួក​សិស្ស​អាច​ផ្គត់ផ្គង់​អ្វីខ្លះ ។

  • ____ ព្រះអង្គសង្គ្រោះ​បាន​ប្រាប់ពួកសិស្ស​ឲ្យ​ផ្ដល់​អាហារ​ដល់​ប្រជាជន ។

  • ____ ហ្វូង​មនុស្ស​ទាំងនោះ ពុំមាន​អ្វី​បរិភោគ​ទេ ។

  • ____ ព្រះអង្គសង្គ្រោះ​បាន​សុំ​ឲ្យ​ពួក​សិស្ស​ផ្ដល់​ឲ្យ​ទ្រង់​នូវ​អ្វី​ដែល​ពួកគេ​មាន ។

បន្ទាប់ពីសិស្ស​មានពេល​គ្រប់គ្រាន់​ដើម្បីបំពេញ​សកម្មភាព​នេះ សូម​រំឭក​មើល​ចម្លើយ​ទាំងអស់គ្នា ។ ( លំដាប់​ចម្លើយ​ត្រឹមត្រូវ គឺ ៧, ៥, ២, ៤, ៣, ១, ៦ ) ។

  • តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​ត្រូវ​បាន​ផ្ដល់​ចំណី​អាហារ​ឲ្យ ? ( សូម​ពន្យល់​ថា អត្ដបទ​ជាភាសា​ក្រិក​នៃម៉ាកុស ៦:៤៤បាន​ប្រាប់​យ៉ាង​ច្បាស់​នូវ​ឃ្លា​ថា « ​ប្រុស ៗ​៥​ ពាន់​នាក់ » មានន័យ​ថា​ជា​បុរស​ពេញវ័យ​ចំនួន​ប្រាំ​ពាន់​នាក់ ។ ដូច្នេះ ចំនួន​ដែល​បាន​ផ្ដល់​ចំណី​អាហារ​ទៅឲ្យ គឺ​ទំនង​ជា​មានច្រើនជាង​នោះ ដោយ​គិត​​ទាំង​ស្ត្រី និង ​កុមារ ដែល​មានវត្ត​មាន​នៅទៅ​ផងដែរ​នោះ [ សូមមើល​ផងដែរម៉ាថាយ ១៤:២១] ) ។

សូម​ចង្អុល​បង្ហាញ​ថា ពីមុន​ធ្វើ​អព្ភូតហេតុ​នេះ ដំបូង​ឡើយ​ព្រះអង្គសង្គ្រោះ​បាន​សុំ​ឲ្យ​ពួក​សិស្ស​របស់ទ្រង់​ផ្ដល់​នំប៉័ង​ប្រាំ​ដុំ និង​ត្រី​ពីរ--ដែល​ជា​អ្វី​ដែល​ពួកគេ​មាន--ដើម្បីថ្វាយ​ទ្រង់ ។

  • តើ​គោលការណ៍អ្វី​ខ្លះ​ដែល​យើង​អាច​រៀន​មកពី​អព្ភូតហេតុ​នេះ អំពី​អ្វី​ដែលព្រះអង្គ​សង្គ្រោះ​អាច​ធ្វើ នៅពេល​យើង​ថ្វាយ​ដល់​ទ្រង់នូវ​អ្វីៗ​ទាំងអស់​ដែល​យើង​មាន ? ( សិស្ស​គួរ​រកឃើញ​គោលការណ៍​មួយ​ដែល​ស្រដៀង​គ្នា​នឹង​គោលការណ៍​ខាង​ក្រោម ៖ នៅពេល​យើង​ថ្វាយព្រះអង្គសង្គ្រោះ​នូវអ្វីៗ​ទាំងអស់​ដែល​យើង​មាន នោះទ្រង់​អាច​តម្កើង​ការ​ថ្វាយ​របស់​យើង​ដើម្បី​សម្រេច​នូវ​ព្រះរាជបំណង​របស់ទ្រង់ ។ សូមសរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន ) ។

ដើម្បីជួយសិស្ស​យល់អំពីគោលការណ៍​នេះ សូម​រំឭក​ពួកគេ​អំពី​ស្ថានភាព​នៃ​អ្នកផ្សព្វ​ផ្សាយសាសនា​ដែល​បាន​ហៅបម្រើថ្មី​ដែលភិតភ័យ​នោះ ដូចបានប្រាប់​ពី​ខាង​ដើម ។

  • ដោយពុំគិតអំពីភាពទន់ខ្សោយ​របស់​យុវជន ឬ​យុវនារី​រូបនេះ តើ​ព្រះអង្គសង្គ្រោះ​អាច​នឹង​សុំ​ឲ្យ​អ្នក​ផ្សព្វផ្សាយរូបនេះ​យក​អ្វីមក​ថ្វាយទ្រង់ ? ( ព្រះអង្គសង្គ្រោះអញ្ជើញ​មនុស្ស​ទាំងអស់​ដែលព្យាយាម ​ដើម្បី​សម្រេច​នូវ​ព្រះរាជបំណង​របស់ទ្រង់ ឲ្យ​ថ្វាយទ្រង់​នូវ​អស់​ទាំង​បំណងប្រាថ្នា លទ្ធភាព ទេពកោសល្យ ជំនាញ កម្លាំង អំណោយទាន និង​ កិច្ចខិតខំ​ទាំងអស់​របស់ពួកគេ [ សូមមើល​អោមណៃ ១:២៦,នីហ្វៃទី ២ ២៥:២៩ ] ) ។

  • តើ​លទ្ធផល​អ្វី​ខ្លះ​នឹងកើតមាន ប្រសិនបើ​អ្នក​ផ្សព្វផ្សាយ​សាសនា​នេះ ថ្វាយ​អ្វីៗទាំងអស់ដែលគាត់ ឬ​នាង​មានទៅ​ព្រះអង្គសង្គ្រោះ ?

  • តើ​ស្ថានភាព​មួយចំនួនផ្សេងទៀត​អ្វីខ្លះ ដែល​សមាជិក​វ័យ​ក្មេង​នៃ​សាសនាចក្រ​ម្នាក់​អាច​ជួប ដែលការ​​ដឹងអំពី​​គោលការណ៍​នេះ​នឹង​មានប្រយោជន៍ដល់​គាត់ ?

សូមអញ្ជើញ​សិស្ស​ឲ្យគិត​ពិចារណា ហើយ​សរសេរ​នៅក្នុង​​​​​សៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់​ ឬ​កំណត់ហេតុ​ការ​សិក្សា​ព្រះគម្ពីររបស់​ពួកគេ អំពី​របៀប​ដែល​ព្រះអម្ចាស់​បាន​តម្កើង​ការខិតខំរបស់ពួកគេ ដើម្បី​ឲ្យពួកគេ​អាច​ធ្វើ​នូវ​អ្វី​ដែល​ទ្រង់​បាន​បញ្ជាឲ្យ​ពួកគេ​ធ្វើ ។ ចូរគិត​ពិចារណា​ធ្វើការ​អញ្ជើញ​សិស្ស​ពីរបីនាក់​ឲ្យ​ចែកចាយ​ជាមួយ​នឹង​សិស្ស​ក្នុង​ថ្នាក់​នូវ​អ្វី​ដែល​ពួកគេ​បានសរសេរ ប្រសិន​បើ​ពួកគេ​មានអារម្មណ៍​សុខស្រួល​នឹង​ធ្វើ​ដូច្នោះ ។

សូម​ចែកចាយ​ទីបន្ទាល់របស់​អ្នក​ថា​នៅពេល​យើង​ថ្វាយព្រះអង្គសង្គ្រោះ​នូវអ្វីៗ​ទាំង​អស់​​ដែល​យើង​មាន នោះទ្រង់​អាច​តម្កើង​ការ​ថ្វាយ​របស់​យើង​ដើម្បី​សម្រេច​នូវ​ព្រះរាជ​បំណង​របស់ទ្រង់ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​អនុវត្ត​គោលការណ៍​នេះ​នៅក្នុង​ជីវិត​របស់ពួកគេ ។

ម៉ាកុស ៦:៤៥-៥៦

ព្រះយេស៊ូវយាង​ដើ​រ​នៅលើ​ទឹក​ ហើយបាន​ព្យាបាល​អ្នកឈឺ

សូម​សង្ខេបម៉ាកុស ៦:៤៥-៥៦ដោយពន្យល់​ថា បន្ទាប់ពី​ព្រះ​យេស៊ូវ​បាន​ប្រទាន​ចំណីអាហារ​ដល់​មនុស្ស​ប្រាំពាន់​នាក់​រួច​ហើយ ទ្រង់​បាន​ណែនាំ​ពួក​សិស្ស​របស់ទ្រង់ឲ្យ​ចូល​ទៅ​ក្នុងទូក ហើយ​បាន​ជិះ​ទៅ​ផ្នែក​ផ្សេងទៀត​នៃ​សមុទ្រ​កាលីឡេ ។ បន្ទាប់មក​ ទ្រង់​ឲ្យ​ហ្វូង​មនុស្ស​ត្រឡប់ទៅវិញ ។ អំឡុង​ពេល​យប់​នោះមានព្យុះ​មួយ​កើតឡើង ហើយ​ព្រះអង្គសង្គ្រោះ​បាន​ទត​មើល​មក​ពី​​លើភ្នំមួយ ខណៈ​ដែល​ពួកសិស្ស​របស់ទ្រង់​កំពុង​ពុះពារ ប៉ុន្តែ​ពុំ​មានការ​រីកចម្រើន​នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​របស់ពួកគេ​ទេ ។ បន្ទាប់មក ទ្រង់​បាន​យាង​ដើរ​នៅលើ​ទឹក​ទៅរក​ពួកគេ ព្យុះ​បាន​ស្ងប់ទៅ ហើយពួកគេ​បាន​ធ្វើដំណើរទៅដល់​ផ្នែក​ម្ខាង​ទៀត​នៃ​សមុទ្រ​កាលីឡេ​ដោយសុវត្ថិភាព ។

  • នៅក្នុងករណី​នេះ តើ​ព្រះចេស្ដា​របស់ព្រះអម្ចាស់​អាច​ជួយ​ឲ្យ​សិស្ស​សម្រេច​នូវអ្វី​ដែល​ទ្រង់​បាន​ណែនាំ​ដល់ពួកគេ​ឲ្យធ្វើ​យ៉ាង​ដូចម្ដេច ?

សូម​គិត​ពិចារណា​ដើម្បីបញ្ចប់មេរៀននេះ​ដោយ​ការ​អញ្ជើញ​សិស្ស ​ដែល​មានឆន្ទៈ​ចង់​ចែក​ចាយ​ពីអារម្មណ៍​ ឬ​ទីបន្ទាល់របស់ពួកគេ​អំពី​សេចក្ដីពិត ដែលពួក​គេ​​បាន​ពិភាក្សា​​នៅ​ថ្ងៃនេះ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

ម៉ាកុស ៦:២៦ ។ « ដោយ​ព្រោះ​សម្បថ​របស់​ទ្រង់ ហើយ​និង​ពួក​ភ្ញៀវ »

អែលឌើរ រីឆាត​ ជី ស្កត នៃ​កូរ៉ូម​នៃ​ពួកសាវក​ដប់ពីរនាក់ បាន​ផ្ដល់​គំនិត​មួយចំនួន ដែលអាច​ជួយ​យុវវ័យ​ឲ្យ​ទប់ទល់​នឹង​សម្ពាធ​អវិជ្ជមាន​ពីមិត្ត​ភក្ដិ ៖

« អ្នកពុំ​អាច​ផ្គាប់​ព្រះទ័យព្រះ ដោយពុំ​ធ្វើ​ឲ្យ​សាតាំង​អន់ចិត្ត​នោះទេ ដូច្នេះ​អ្នកនឹង​មាន​សម្ពាធ​មកពី​អ្នកទាំងឡាយ​ ដែល​វា​ល្បួង​ឲ្យធ្វើ​ខុស​ ។ បុគ្គល​ម្នាក់ៗ​ដែលធ្វើ​ខុស ចង់​ឲ្យ​អ្នកចូលរួម​នឹង​ពួកគេ ដោយ​សារ​ពួកគេ​នឹង​មាន​អារម្មណ៍កាន់តែកក់ក្តៅ បើ​អ្វី​ដែល​គេ​កំពុង​តែ​ធ្វើ​នោះ មានអ្នកដទៃ​ធ្វើ​វា​ដែរ ។​ ពួកគេ​ក៏​អាច​នឹង​ចង់​ទាញ​យក​ប្រយោជន៍​ពី​អ្នកផងដែរ ។ វា​មាន​ពីធម្មជាតិ​ដែលមនុស្ស​​ចង់ឲ្យ​មិត្តភក្ដិ​រាប់រក មានចំណែក​នៅក្នុងក្រុម—ដែល​ខ្លះ​ទៀត​ចូលរួម​ក្នុង​ក្រុម​ក្មេង​ខូច ដោយសារ​តែ​ចង់​នៅក្នុង​ក្រុមនោះ ប៉ុន្តែ​ពួកគេ​បាន​បាត់បង់​សេរីភាព​របស់ខ្លួន ហើយ​ខ្លះ​បាន​បាត់បង់​ទាំង​ជីវិត​របស់ពួកគេ ។ រឿង​ដ៏​លំបាក​បំផុត​មួយ​សម្រាប់​អ្នក​ ដើម្បី​ទទួល​ស្គាល់​គឺថា អ្នក​គឺ​ពិតជា​រឹង​មាំរួច​ទៅ​ហើយ ហើយ​អ្នកដទៃ​គោរព​ដល់អ្នក​ដោយ​ស្ងាត់ស្ងៀម ។ យើង​មាន​ទំនុក​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​អ្នក ។ អ្នកពុំ​ចាំបាច់​បន្ទាប​បទដ្ឋាន​របស់ខ្លួន​ដើម្បី​ឲ្យមិត្ត​ល្អៗ​របស់​អ្នក​រាប់អានអ្នក​នោះ​ទេ ។ កាល​ណា​អ្នក​កាន់តែ​គោរពប្រតិបត្តិ នោះ​អ្នក​កាន់តែ​ឈរ​ចំពោះ​គោលការណ៍ពិត ហើយ​ព្រះ​អម្ចាស់​កាន់តែ​អាច​ជួយអ្នក​យក​ឈ្នះ​លើ​ការ​ល្បួង​ថែមទៀត ។ អ្នក​ក៏អា​ច​ជួយ​អ្នកដទៃ​ទៀត​ផងដែរ ដោយសារ​ពួកគេ​នឹង​ដឹង​អំពី​ភាព​រឹងមាំ​របស់​អ្នក ។ ចូរទុក​ឲ្យពួកគេ​យល់ដឹងនូវ​បទដ្ឋានរបស់អ្នក​ តាមរយៈ​ការ​រស់នៅ​ដោយ​ខ្ជាប់ខ្ជួន​តាម​បទដ្ឋាន​​នោះ ។ សូម​ឆ្លើយ​សំណួរ​​អំពី​គោលការណ៍​របស់អ្នក នៅពេល​អ្នក​ត្រូវ​បានគេ​សួរ ប៉ុន្តែ​សូម​ចៀស​វាង​ពីការ​ទេសនាច្រើនពេក​ ។ ខ្ញុំ​ដឹង​មកពី​បទពិសោធន៍​ផ្ទាល់​ខ្លួន​ដែល​បាន​កើតឡើង ។

« គ្មាននរណា​ចង់​ធ្វើ​ខុស​ធ្ងន់ធ្ងរ​នោះទេ ។ កំហុស​កើត​មាន​ នៅពេលអ្នក​បន្ទាប​បទដ្ឋាន​របស់អ្នក ​ដើម្បី​ឲ្យ​អ្នក​ដទៃ​រាប់អាន ។ ចូរ​អ្នក​ធ្វើ​ជា​មនុស្ស​រឹងមាំ​ម្នាក់ ។ អ្នក​ធ្វើជា​អ្នកដឹកនាំ ។ សូមជ្រើសរើស​មិត្តល្អ ហើយ​ទប់ទល​នឹង​សម្ពាធ​ពីមិត្តភក្តិ​ព្រមគ្នានោះផងដែរ » (« Making the Right Choices »Ensignខែ​ វិច្ឆិកា ឆ្នាំ ១៩៩៤ ទំព័រ ៣៧ ) ។

អែលឌើរ លីន ជី រ៉ូប៊ីន នៃ​ពួកចិតសិននាក់ បានបង្រៀន​អំពី​សម្ពាធ​ពីមិត្តភក្ដិ​តទៅ​នេះ ៖

« ការព្យាយាម​ផ្គាប់​ចិត្ត​មនុស្ស​ជាង​ធ្វើតាម​ព្រះហឫទ័យ​ព្រះ​ គឺ​ជា​ការប្រព្រឹត្ត​ផ្ទុយ​ទៅ​នឹង​ព្រះបញ្ញត្តិ​ធំៗ​ទី​មួយ និង ទី​ពីរ ។ (សូម​មើល ម៉ាថាយ ២២:៣៧–៣៩) ។ វា​ជា​ការភ្លេច​ថា ​យើង​បែរមុខរបស់យើងទៅកាន់ទិសណា ។ ហើយ​យើង​ធ្លាប់​បាន​ធ្វើ​កំហុសនោះ​ ព្រោះ​យើង​ខ្លាច​មនុស្ស ។ ព្រះអម្ចាស់​បាន​ព្រមាន​យើង​ក្នុង​អេសាយ​ថា ‹ កុំ​ឲ្យ​ខ្លាច​សេចក្ដី​ត្មះតិះដៀល​របស់​មនុស្ស​ឡើយ › (អេសាយ ៥១:៧ សូម​មើល​ផងដែរ នីហ្វៃទី ២ ៨:៧ ) ។ ក្នុង​ការនិមិត្ត​របស់​លីហៃ ការភិតភ័យ​នេះ​ផ្ដើម​ដោយ​ការចំអក​ពី​អគារ​ដ៏​ធំ ហើយ​ទូលាយ​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ជា​ច្រើន​ភ្លេច​ពី​អ្វី​ ដែល​ត្រូវ​ផ្ដោត​អារម្មណ៍ ហើយ​ដើរ​ចេញ​ពី​ដើមឈើ ‹ មាន​ការខ្មាស់អៀន › (សូម​មើល នីហ្វៃទី ១ ៨:២៥–២៨) ។

« សម្ភាធពី​មិត្តភក្ដិ​នេះ ព្យាយាម​ផ្លាស់ប្ដូរ​ឥរិយាបថ​បុគ្គល​ម្នាក់​ថ្វីបើពុំមែនជាមាយាទក្តី​ ដោយធ្វើ​ឲ្យអារម្មណ៍សោកស្តាយ ចំពោះការធ្វើ​ខុស ។ យើង​ព្យាយាម​ចុះសម្រុង​ដោយ​ការ​គោរព នឹង​មនុស្ស​ដែល​ចំអក​ដាក់យើង​ ប៉ុន្តែ​កាល​ដែល​ការខ្លាច​មនុស្ស ទាក់ទាញយើងឲ្យចុះចូលនឹងអំពើបាប នោះ​វា​ក្លាយ​ជា ‹ អន្ទាក់ › មួយ យោង​តាម​គម្ពីរ​សុភាសិត (សូម​មើល សុភាសិត ២៩:២៥) ។ អន្ទាក់​នេះ​ត្រូវ​បាន​ដាក់​ជា​នុយ​យ៉ាង​ប៉ិនប្រសប់​ ដើម្បី​ទាក់ទាញ​ចំណង់​យើង​ឲ្យ​ចុះចូល ឬ​ពេញចិត្ត​នឹង​អ្វី​ដែល​ព្រះ​ពុំ​សព្វព្រះទ័យ ។ សម្រាប់​អ្នក​មាន​ជំនឿ​តិច វា​អាច​ជា​ថ្មជំពប់ ។ ឧទាហរណ៍ អ្នកផ្សព្វផ្សាយ​សាសនា​វ័យ​ក្មេង​ខ្លះ​ នាំយកនូវការខ្លាចដល់​មនុស្សចូលទៅ​ក្នុង​បេសកកម្ម ហើយ​ពុំ​រាយការណ៍​ពី​ការធ្វើ​ខុស​ច្បាប់ដោយការរឹងទទឹង ​របស់​ដៃគូ​ទៅ​ប្រធាន​បេសកកម្ម​ព្រោះ​តែ​គេ​ពុំ​ចង់​ធ្វើ​ឲ្យ​ដៃគូ​មានះរបស់ខ្លួន​អន់ចិត្ត ។ ការកំណត់ពី​អត្តចរិត ​ត្រូវ​បានធ្វើ​ឡើង​តាមរយៈ​​ការចងចាំ​ពី​លំដាប់​ត្រឹមត្រូវ​នៃ​ព្រះ​បញ្ញត្តិ​ធំៗ ​ទី​មួយ និង​ ទី​ពីរ (សូមមើល ម៉ាថាយ ២២:៣៧–៣៩) ។ ពេល​អ្នក​ផ្សព្វផ្សាយ​សាសនាភាន់​ច្រឡំ​​ទាំងនេះ​ដឹង​ថា គេ​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​ព្រះ ​មិនមែន​ជា​ដៃគូរបស់​ខ្លួន​ទេ​ នោះ​វាគប្បីធ្វើ​ឲ្យ​គេ​មាន​ភាពក្លាហាន​ក្នុង​ការផ្ដោត​អារម្មណ៍ទៅណា» (« Which Way Do You Face? » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៩ ) ។

ម៉ាកុស ៦:៣៥-៤៤។ ការ​ប្រទាន​ចំណីអាហារ​ដល់​មនុស្ស​ប្រាំពាន់​នាក់

ប្រធាន ជេមស៍ អ៊ី ហ្វោស្ដ នៃ​គណៈប្រធានទីមួយបានបង្រៀន​ថា កាលដែលព្រះចេស្ដា​របស់ព្រះ​អង្គ​សង្គ្រោះ​​ដើម្បី​ចម្រើន​នំប៉័ង​ និង​ត្រី​កាន់តែ​ច្រើនឡើង​បង្ហាញ​ថា ទ្រង់​នឹង​តម្កើង​ការ​ខិតខំ​ដោយ​ស្មោះត្រង់របស់យើង​ ដើម្បី​បម្រើ​នៅក្នុង​សាសនាចក្រ​របស់ទ្រង់ ទោះ​ជា​​យើង​មានអារម្មណ៍​ថា ការ​ខិតខំ​របស់យើង​គឺ​ស្មើ​នឹង​នំប៉័ង​ និង ​ត្រី​ពីរបី​​ក៏ដោយ ៖

« មាន​មនុស្សជា​​ច្រើនរាប់មិន​អស់ ដែល​មានអំណោយទាន​ស្មើ​នឹង​នំប៉័ង​ប្រាំដុំ និង ​ត្រី​តូចៗ​ពីរ បាន​តម្កើង​ការ​ហៅរបស់​ពួកគេ [ នៅក្នុង​សាសនាចក្រ ] ហើយ​បាន​បម្រើ​ដោយ​គ្មានចង់​ឲ្យគេ​ចាប់អារម្មណ៍ ឬ​ការទទួលស្គាល់ទេ ជាក់ស្តែងគាត់បានផ្ដល់​ចំណី​​អាហារ​ដល់​មនុស្ស​រាប់ពាន់នាក់ ។ … អ្នកទាំងនេះ គឺជា​អ្នកដឹកនាំ និង ​គ្រូបង្រៀន​​រាប់រយពាន់នាក់​នៅក្នុង​គ្រប់​អង្គការ​ជំនួយ និង​ កូរ៉ុម​បព្វជិតភាព គ្រូបង្រៀន​តាមផ្ទះ គ្រូបង្រៀន​សួរសុខទុក្ខ​តាមផ្ទះ​របស់​សមាគមសង្គ្រោះ ។ អ្នកទាំងនេះ គឺជា​ប៊ីស្សព​ដ៏​រាបសារ​ជាច្រើនរូប​នៅក្នុង​សាសនាចក្រ ដែល​មួយចំនួន​ពុំ​មាន​ការ​បំពាក់បំប៉នជា​ផ្លូវការ ប៉ុន្តែ​បាន​តម្កើង​ការហៅ​ដ៏អស្ចារ្យ តែងតែ​រៀនសូត្រ​ដោយ​បំណង​ប្រាថ្នា​ដ៏រាបសារ​ ដើម្បី​បម្រើ​ព្រះអម្ចាស់ និង មនុស្ស​ក្នុង​វួដ​របស់ពួកគេ ។ …

« មូលហេតុ​ដ៏ចម្បង​មួយ​ដែល​សាសនាចក្រ​នេះ​រីកចម្រើន​ចាប់តាំង​ពី​ការ​ចាប់​ផ្ដើម​ដំបូង​ដោយ​រាបសារ​ទៅដល់​ភាពរឹងមាំ​ដូច​សព្វថ្ងៃ​នេះ គឺ​ជា​ភាពស្មោះត្រង់ និង​ ការលះ​បង់​របស់​មនុស្ស​រាបសារ និង​លះបង់​រាប់លាន​នាក់ ដែល​មាន​តែ​នំប៉័ង​ប្រាំ​ដុំ និង​ ត្រី​តូចៗ​ពីរ ដើម្បី​ថ្វាយ​នៅក្នុង​ការ​បម្រើនៃលោក​ចៅហ្វាយប៉ុណ្ណោះ » (« Five Loaves and Two Fishes »Ensignខែ​ ឧសភា ឆ្នាំ ១៩៩៤, ៥, ៦) ។