បណ្ណាល័យ
មេរៀន​សិក្សា​នៅ​ផ្ទះ ៖ កូរិនថូស​ទី១ ១៥ –កូរិនថូស​ទី២ ៧ ( មេរៀន​ទី ២៣ )


មេរៀន​សិក្សា​នៅ​ផ្ទះ

កូរិនថូស​ទី ១ ១៥​–​កូរិនថូស​ទី ២ ៧ ( មេរៀន​ទី ២៣ )

ការរៀបចំ​សម្ភារសម្រាប់គ្រូបង្រៀនដល់សិស្ស​ដែលសិក្សានៅផ្ទះ

សេចក្ដីសង្ខេបនៃមេរៀនសិក្សា​នៅផ្ទះប្រចាំថ្ងៃ

សេចក្ដី​សង្ខេប​ខាងក្រោម​នៃ​​ព្រឹត្តិការណ៍ ​គោលលទ្ធិ និង​គោលការណ៍​​នានា​ដែល​សិស្ស​បាន​រៀន នៅពេល​ពួកគេ​បាន​សិក្សា កូរិនថូសទី ១ ១៥–កូរិន​ថូស​ទី ២ ៧ ( មេរៀន​ទី ២៣ ) ពុំ​ត្រូវយក​មក​បង្រៀន​ជា​ផ្នែក​នៃ​មេរៀន​របស់​អ្នក​នោះ​ទេ ។ មេរៀន​ដែល​អ្នក​បង្រៀន​ផ្ដោតតែ​លើ​គោលលទ្ធិ និង គោលការណ៍​តែពីរបី​នេះ​ប៉ុណ្ណោះ ។ សូម​ធ្វើ​តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​​បរិសុទ្ធ នៅពេល​អ្នក​គិត​ពី​តម្រូវការ​របស់​​សិស្ស​អ្នក ។

ថ្ងៃ​ទី ១ ( កូរិនថូសទី ១ ១៥:១–២៩ )

នៅ​ពេល​សិស្ស​បាន​សិក្សា​ កូរិនថូសទី ១ ១៥​ ពាក់​កណ្ដាល​ដំបូង​​ នោះ​ពួកគេ​បាន​រៀន​ថា ពួក​សាវក​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវគ្រីស្ទ​បាន​សុគត​សម្រាប់​អំពើបាប​របស់​យើង ហើយ​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ពី​សុគត ។ សិស្ស​ក៏​បាន​រៀន​ផង​ដែរ​ថា ជន​ដែល​បាន​​ចែកឋាន​ទៅ​ដោយ​គ្មាន​ពិធី​បុណ្យ​ជ្រមុជទឹក​អាច​ទទួលបានពិធី​បរិសុទ្ធ​​ពិសេស​នេះ ។

ថ្ងៃ​ទី ២ ( កូរិនថូសទី ១ ១៥:៣០–១៦:២៤ )

នៅ​ក្នុង​មេរៀន​នេះ សិស្ស​បាន​បន្ត​សិក្សា​ការ​បង្រៀន​របស់​ប៉ុល​អំពី​ការ​រស់​ឡើង​វិញ ។ ពួកគេ​បាន​រៀន​ថា សិរីល្អ​សម្រាប់​រូបកាយ​ដែល​បាន​រស់​ឡើង​វិញ​មាន​កម្រិត​ខុសៗ​គ្នា ។ លើស​ពី​នេះ​ទៀត ពួកគេ​បាន​រៀន​ថា ប្រសិន​បើ​យើង​ខ្ជាប់​ខ្ជួន ហើយ​នឹង​នរ​នៅ​ក្នុង​ការ​រស់​នៅ​​តាម​ដំណឹងល្អ នោះ​ចំណង​នៃ​សេចក្ដី​ស្លាប់​ដែល​កើត​ចេញ​មក​ពី​អំពើ​បាប ​នឹង​ត្រូវ​បាន​ដក​ចេញ​តាមរយៈ​ដង្វាយ​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

ថ្ងៃ​ទី ៣ ( កូរិនថូសទី ២ ១-៣ )

នៅ​ក្នុង​សំបុត្រ​ទីពីរ​របស់​ប៉ុល​ដល់​ពួក​កូរិនថូស សិស្ស​បាន​រៀន​ថា នៅ​ពេល​ព្រះវរបិតា​សួគ៌​លួង​លោម​ចិត្ត​យើង​នៅ​ក្នុង​សេចក្តីឈឺចាប់​របស់​យើង នោះ​យើង​អាច​ជួយ​មនុស្ស​ដទៃទៀត​​ឲ្យ​ទទួល​បាន​ការ​លួង​លោម​របស់​ទ្រង់ ។ ពួកគេ​ក៏​បាន​រៀន​ផង​ដែរ​ថា ប្រសិន​បើ​យើង​មិន​អភ័យ​ទោស​ដល់​មនុស្ស​ដទៃទេ នោះ​សាតាំង​នឹង​មានប្រៀបមក​លើ​យើង ហើយ​នៅ​ពេល​យើង​បង្វែរ​ដួង​ចិត្ត​យើង​ទៅ​រក​ព្រះ​អម្ចាស់ នោះ​យើង​នឹង​មាន​ព្រះវិញ្ញាណ ​ដែល​នឹង​ជួយ​យើង​ឲ្យ​ប្រែក្លាយ​កាន់​តែ​ដូច​ជា​ព្រះ​បន្តិច​ម្ដងៗ ។

ថ្ងៃ​ទី ៤ ( កូរិនថូសទី ២ ៤-៧ )

នៅ​ពេល​សិស្ស​បាន​សិក្សា​ការ​ពិពណ៌នា​របស់​ប៉ុល​អំពី​ការងារ​បម្រើ​របស់​លោក​នៅ​ក្នុង​មេរៀន​នេះ ពួកគេ​បាន​រក​ឃើញ​សេចក្ដីពិត​ដូច​ខាង​ក្រោម ៖ ការ​សាកល្បង និង​ទុក្ខ​ព្រួយ​​ទាំងឡាយ​របស់​យើង​នៅ​ក្នុង​ជីវិត​នេះ​គឺ​​តូច​តាច​ណាស់ បើ​ប្រៀប​ធៀប​ទៅ​នឹង​ពរជ័យ និង​ការ​រីកចម្រើន​ដ៏​អស់​កល្ប​ដែល​អាច​កើត​មានឡើង ​នៅ​ពេល​យើង​ស៊ូទ្រាំ​វា​ដោយ​ស្មោះត្រង់ ។ ដោយ​សារ​យើង​បែកចេញ​ពី​ព្រះ​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់ នោះ​យើង​ត្រូវ​ដើរ​ដោយ​សេចក្ដី​ជំនឿ ​ពុំ​មែន​ដោយ​ការ​មើល​​ឃើញ​នឹង​ភ្នែក​នោះ​ទេ ។ ព្រះយេស៊ូវគ្រីស្ទ​នឹង​កាត់​សេចក្ដី​យើង​ម្នាក់ៗ ស្រប​តាម​អ្វី​ដែល​យើង​បាន​ធ្វើ​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់ ។ តាមរយៈ​ដង្វាយ​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​អាច​ប្រែ​ក្លាយ​ជា​មនុស្ស​ថ្មី ហើយ​​បាន​ផ្សះផ្សារ​នឹង​ព្រះ ។ នៅ​ពេល​យើង​ដក​ខ្លួន​យើង​ចេញ​ពី​ទំនៀម​ទម្លាប់​ខុស​ឆ្គង និង​អ្វីៗដែល​មិន​ស្អាត​ស្អំ នោះ​ព្រះអម្ចាស់​នឹង​ទទួល​យក​យើង ។

សេចក្តី​ផ្ដើម

នៅ​ក្នុង​សំបុត្រ​ទីពីរ​របស់​លោក​ទៅ​ពួក​បរិសុទ្ធ​កូរិនថូស សាវក​ប៉ុល​បាន​បញ្ជាក់ពី​ភក្ដីភាព​របស់​លោក​ចំពោះ​ពួកគេ ហើយ​បាន​ថ្លែង​ថា លោក​បាន​មាន​ក្ដីរីករាយ​ដោយ​ដឹង​ថា ពួកគេ​បាន​ទទួល​យក​ការ​ទូន្មាន​ពីមុន​របស់​លោក ។ លោក​បាន​បង្រៀន​ថា សេចក្ដី​ព្រួយចំពោះ អំពើបាបដែលគាប់ព្រះទ័យដល់ព្រះ ​​​ដឹកនាំ​ទៅរកការ​ប្រែ​ចិត្ត ។

យោបល់​សម្រាប់​ការបង្រៀន

កូរិនថូសទី២ ៧:៨-១១

ប៉ុល​រីករាយ​ដោយសារ​ការ​ប្រែ​ចិត្ត​ដ៏​ពិត​របស់​ពួក​បរិសុទ្ធ

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន​សាច់រឿង​ដូច​ខាង​ក្រោម​ឲ្យ​ឮៗ ៖

នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​សម្រាប់​បណ្ណ័​ចូល​ព្រះវិហារ​បរិសុទ្ធ ​ដើម្បី​រៀប​អាពាហ៍​ពិពាហ៍ មាន​យុវនារី​ម្នាក់​បាន​សារភាព​អំពើបាប​​មួយ​ចំនួន​កាល​ពី​អតីតកាល​ដល់​ប៊ីស្សព​របស់​នាង ។ បន្ទាប់​ពីការ​ពិភាក្សា​ក្រោយ​មក​ទៀត ប៊ីស្សព​នោះ​បាន​ដឹង​ថា យុវនារី​នោះ​ពុំ​បាន​ប្រែចិត្ត​ពិតប្រាកដ​ពី​អំពើបាប​របស់​នាង​​ឡើយ ហើយ​ថា​អំពើបាប​នាង​គឺ​មាន​ភាព​ធ្ងន់​ធ្ងរ​ល្មម​ធ្វើ​ឲ្យ​នាង​គ្មាន​ភាពសក្ដិសម ​ដើម្បី​នឹង​​កាន់​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​នោះទេ ។ ប៊ីស្សព​នោះ​ពន្យល់​ថា យុវនារី​ម្នាក់​នេះ​នឹង​ត្រូវតែ​រង់ចាំ​រហូត​ដល់​នាង​បាន​ប្រែចិត្ត​ពេញលេញ​សិន ដើម្បី​ទទួល​បាន​ប័ណ្ណ​នោះ ។ នាង​បានភ័យខ្លាចដោយ​ប្រកាស​ថា នាង​បាន​ប្រែចិត្ត​ហើយ ដោយសារ​នាង​មិន​បាន​ធ្វើ​អំពើ​បាប​ទាំងនោះ​ម្តងទៀត ជាយូរណាស់​មក​ហើយ ។ ប៊ីស្សព​នោះ​បាន​ពន្យល់​ថា ការ​គ្រាន់តែ​ឈប់​ពី​អំពើបាប​នោះ វា​ពុំមែន​ជា​ការ​ប្រែ​ចិត្ត​ពេញ​លេញ​នោះ​ទេ ហើយ​គាត់​អញ្ជើញ​នាង​ឲ្យ​ចាប់ផ្ដើម​ដំណើរ​ការ​នៃ​ការ​ប្រែចិត្ត​ពិត​ប្រាកដ​ដោយ​ស្មោះត្រង់ ។

  • តើ​អ្នក​គិត​ថា យុវនារី​នោះ​មាន​អារម្មណ៍​បែប​ណា​ដែរ ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ត្រង់​ចំណុច​នោះ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​បន្ត​អាន​សាច់រឿង​នោះ​ឲ្យ​ឮៗ ៖

យុវនារីនោះ​ពន្យល់​ទៅ​ប៊ីស្សព​នាង​ថា នាង​ខក​ចិត្ត​ខ្លាំង​ណាស់​ ដោយសារ​តែ​លិខិត​អញ្ជើញ​សម្រាប់​ពិធី​មង្គលការ​របស់​នាង​ត្រូវ​បាន​ផ្ញើ​ចេញ​អស់​ហើយ ។ នាង​និយាយ​ថា នាង​មិន​អាច​ទ្រាំទ្រ​នឹង​សំណួរ និង​ភាព​អាម៉ាស់ ដោយសារ​តែ​ការ​ពន្យារ​ពេល​មង្គលការ​នាង​បាន​នោះ​ឡើយ ។ នាង​សួរ​ថា តើ​មាន​វិធី​ណា​មួយ​ផ្សេង​ទៀត​​ដែល​នាង​អាច​ផ្សារភ្ជាប់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ដូច​ដែល​បាន​គ្រោង​ទុក រួចហើយ​ធ្វើ​ការ​ប្រែ​ចិត្ត​តាម​ក្រោយ​បាន​ទេ ។

  • ដោយ​ផ្អែក​ទៅ​លើ​ការ​ឆ្លើយតប​របស់​យុវនារី​នោះ​ទៅ​កាន់​ប៊ីស្សព តើ​អ្វីទៅ​ដែល​នាង​ទំនង​ជា​ខ្វល់ខ្វាយ​ដ៏ខ្លាំង​បំផុត​នោះ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​រកមើល​សេចក្ដីពិត​មួយ នៅ​ពេល​ពួកគេ​សិក្សា កូរិនថូសទី ២ ៧:៨–១១ ដែល​យុវនារី​​នៅ​ក្នុង​សាច់​រឿង​នោះ​ត្រូវ​យល់​ពី​មុន​នាង​អាច​ប្រែចិត្ត​ពិត​ប្រាកដ​ពី​អំពើបាប​របស់​នាង ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន កូរិនថូសទី ២ ៧:៨-៩​ឲ្យ​ឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម​រកមើល​ថា សំបុត្រ​ដំបូង​មួយ​របស់​ប៉ុល​បាន​ជះឥទ្ធិពល​ដល់​ពួក​បរិសុទ្ធ​កូរិនថូស​ដោយ​របៀប​ណា ។

  • តើ​សំបុត្រ​នោះ​បាន​ជះឥទ្ធិពល​ដល់​ពួក​បរិសុទ្ធ​យ៉ាង​ដូច​ម្ដេច ?

  • ហេតុអ្វី​ប៉ុល​រីករាយ​នៅ​ក្នុង​ភាព​សោកសៅ​​របស់​ពួកគេ ?

សូម​ឲ្យ​សិស្ស​ម្នាក់អាន កូរិនថូស​ទី ២ ៧:១០-១១ ដោយ​ស្ងាត់ស្ងៀម ។ អ្នក​គួរ​ណែនាំ​ឲ្យ​ពួកគេ​គូស​ចំណាំ​ពី​ទុក្ខ​សោក​ពីរ​ប្រភេទ​ដែល​ប៉ុល​បាន​លើក​ឡើង និង​​ប្រភេទទុក្ខសោក​នីមួយៗ​​ដឹកនាំ​ទៅ​រកលទ្ធផល​យ៉ាងណា ។

  • តើ​អ្វី​ជា​ទុក្ខសោក​ពីរ​ប្រភេទ​ដែល​ប៉ុល​បាន​លើក​ឡើង ?

សូម​សរសេរ​ចំណង​ជើង សេចក្ដី​ព្រួយដែលគាប់ព្រះទ័យព្រះ និង ការ​សោក​សៅ​ខាង​លោកិយ នៅ​លើ​ក្ដារ​ខៀន ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន​ឮៗ​នូវ​សេចក្ដីថ្លែង​ការណ៍​ខាងក្រោម​ដោយ​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​រក​ការ​ពិពណ៌នា​របស់​លោក​អំពី​ការ​សោក​សៅ​ខាង​លោកិយ ។

រូបភាព
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

« វា​ជា​រឿង​ធម្មតា​ ដោយរក​ឃើញ​ថា បុរស និង​ស្ត្រី​នៅ​ក្នុង​ពិភពលោក​នេះ​មាន​អារម្មណ៍​សោក​ស្ដាយ​ ចំពោះ​រឿង​ដែល​ពួកគេ​ធ្វើ​ខុស​នោះ ។ ពេល​ខ្លះ ការណ៍​នេះ​​កើតមានឡើង ដោយ​សារ​ទង្វើ​របស់​ពួកគេ​បាន​ធ្វើ​ឲ្យ​ពួកគេ ឬ​មនុស្ស​ដែល​ពួកគេ​ស្រឡាញ់​មាន​រឿង​ទុក្ខសោក និង​ទុក្ខ​វេទនា​ដ៏​ធំ ។ ពេល​ខ្លះ ទុក្ខសោក​របស់​ពួកគេ​បាន​បង្ក​ឡើង ដោយសារ​ពួកគេ​ត្រូវ​ចាប់​បាន ហើយ​ទទួល​ទណ្ឌកម្ម​ចំពោះ​ទង្វើ​របស់​ពួកគេ ។ អារម្មណ៍​ខាង​លោកិយ​បែប​នេះ​ពុំ​បាន​បង្កើតឡើងនូវ ‹ សេចក្ដី​ព្រួយដែលគាប់ព្រះទ័យព្រះ › ​នោះ​ទេ » ( Teachings of Presidents of the Church: Ezra Taft Benson [ ឆ្នាំ ២០១៤ ] ទំព័រ ៨២ ) ។

  • តើ​អ្នក​នឹង​សង្ខេប​ពី​អត្ថន័យ​នៃ​សេចក្តីព្រួយរបស់លោកិយ​យ៉ាង​ដូចម្តេច ?

  • យោង​តាម កូរិនថូស​ទី ២ ៧:១០​តើសេចក្តីព្រួយរបស់លោកិយ​​អាច​ដឹកនាំ​ទៅ​រក​អ្វី ? ( សូម​ពន្យល់​ថា ពាក្យ សេចក្ដី​ស្លាប់ នៅ​ក្នុង ខ​ទី ១០ សំដៅ​ទៅ​លើ​សេចក្ដី​ស្លាប់​ខាង​វិញ្ញាណ មាន​ន័យ​ថា ការ​បែក​ចេញ​ពី​ព្រះ ។ នៅ​ក្រោម​ចំណង​ជើង « សេចក្តីព្រួយរបស់លោកិយ » នៅ​លើ​ក្ដារ​ខៀន សូម​សរសេរ​សេចក្ដី​ពិត​ដូច​ខាង​ក្រោម ៖ សេចក្តីព្រួយរបស់លោកិយ​អាច​ដឹកនាំ​ទៅ​រក​សេចក្ដី​ស្លាប់ខាង​វិញ្ញាណ ឬ​ការ​បែក​ចេញ​ពី​ព្រះ ) ។

  • តើសេចក្តីព្រួយរបស់លោកិយ​អាច​ដឹកនាំ​មនុស្ស​ម្នាក់​ទៅ​រក​សេចក្ដី​ស្លាប់​ខាង​វិញ្ញាណ​យ៉ាង​ដូចម្ដេច ? ( វា​អាច​រារាំង​មនុស្ស​ម្នាក់​មិន​ឲ្យ​ប្រែចិត្ត​ពិត​ប្រាកដ និង​មិន​ឲ្យ​ទទួល​បាន​ការ​អភ័យ​ទោស​ពី​ព្រះវរបិតា​សួគ៌ ) ។

  • ដោយ​ផ្អែក​លើ ខ​ទី ១០​តើ​សេចក្ដី​ព្រួយដែលគាប់ព្រះទ័យព្រះដឹកនាំ​ទៅ​រក​អ្វី ? ( នៅ​ក្រោម​ចំណង​ជើង « សេចក្ដី​ព្រួយដែលគាប់ព្រះទ័យព្រះ » នៅ​លើ​ក្ដារ​ខៀន សូម​សរសេរ​សេចក្ដី​ពិត​ដូច​ខាង​ក្រោម ៖ សេចក្ដី​ព្រួយដែលគាប់ព្រះទ័យព្រះដឹកនាំ​យើង​ទៅ​រក​ការ​ប្រែ​ចិត្ត​ពី​អំពើ​បាប​របស់​យើង ហើយ​ទទួល​បាន​សេចក្ដី​សង្គ្រោះ ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់​តែ​ច្បាស់​ពី​ហេតុផល​ដែល​សេចក្ដី​ព្រួយដែលគាប់ព្រះទ័យព្រះដឹកនាំ​យើង​ទៅ​រក​ការ​ប្រែ​ចិត្ត សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន​សេចក្ដី​ថ្លែងការណ៍​ដោយ​​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ​ឲ្យ​ឮៗ ៖

រូបភាព
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

« សេចក្ដី​ព្រួយដែលគាប់ព្រះទ័យព្រះគឺជាអំណោយទាននៃព្រះវិញ្ញាណ ។ វា​គឺជា​ការ​យល់ដឹង​ដ៏​ជ្រាលជ្រៅ​មួយ​ថា ទង្វើ​របស់​យើង​បាន​ធ្វើ​ឲ្យ​ព្រះវរបិតា​របស់​​យើង និង​ព្រះ​របស់​យើង​មិន​ពេញ​ព្រះទ័យ ។ វា​គឺជា​ចំណេះដឹង​ដ៏​មុត​មាំ ហើយ​សកម្ម​ថា ឥរិយាបថ​របស់​យើង​បាន​ធ្វើ​ឲ្យ​ព្រះអង្គ​សង្គ្រោះ ជា​អង្គ​ដែល​គ្មាន​អំពើ​បាប ហើយ​ជា​អង្គ​ដែល​មហអស្ចារ្យ​លើស​គេ​ទាំងអស់ ត្រូវ​ស៊ូទ្រាំ​ការ​ឈឺ​ចាប់ និង​ការ​រងទុក្ខ ។ អំពើបាប​របស់​យើង​បាន​ធ្វើ​ឲ្យ​ទ្រង់​ហូរ​ព្រះលោហិត​តាម​​គ្រប់​រន្ធ​ញើស ។ ការ​ឈឺចាប់​ខាង​ផ្លូវ​ចិត្ត និង​ខាង​វិញ្ញាណ​ដ៏​ពិតជាក់ស្តែង​នេះ​ គឺជា​អ្វី​ដែល​ព្រះគម្ពីរ​បាន​លើក​ឡើង​ថា ការ​មាន ‹ ចិត្តសង្រេង និង វិញ្ញាណទន់ទាប › ។ … ស្មារតី​មួយ​បែប​នេះ​គឺជា​លក្ខណៈ​ពេញ​លេញ​សម្រាប់​ការ​ប្រែ​ចិត្ត​ពិត » ( Teachings: Ezra Taft Benson ទំព័រ ៨៣ ) ។

  • ហេតុអ្វី​អ្នក​គិត​ថា សេចក្ដី​ព្រួយដែលគាប់ព្រះទ័យព្រះដឹកនាំ​យើង​ឲ្យ​មាន​ការ​ប្រែ​ចិត្ត​ពី​អំពើ​បាប​យើង​យ៉ាង​ពិត​ប្រាកដ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹង​គិត​ពី​សាច់​រឿង​អំពី​យុវនារី​ដែល​ចង់​បាន​បណ្ណ័​ចូល​ព្រះវិហារ​បរិសុទ្ធ ។

  • នៅ​ក្នុង​ពេល​សម្ភាស​របស់​យុវនារី​នោះ​ជាមួយ​នឹង​ប៊ីស្សព តើ​វា​បង្ហាញ​ថា នាង​បាន​ដក​ពិសោធន៍​នូវ​សេចក្ដី​​ព្រួយដែលគាប់ព្រះទ័យព្រះចំពោះ​អំពើបាប​របស់​នាង​ដែរ​ឬ​ទេ ? ហេតុអ្វីមិនមែន ? ( នាង​បាន​ខ្វល់​ខ្វាយ​ច្រើន​ចំពោះការ​ពន្យារពេល​ពិធី​មង្គល​ការ​របស់​នាង និង​គំនិត​របស់​មនុស្ស​ដទៃ​ទៀត​គិតចំពោះ​នាង​ លើស​ពី​ការ​ដែល​នាង​ត្រូវ​មាន​ការ​ប្រែ​ចិត្ត​ដ៏ពិតប្រាកដ ហើយ​ទទួល​បាន​ការអភ័យទោសពី​​ព្រះវរបិតា​សួគ៌ ) ។

  • តើ​យើង​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ជំនួស​ការសោកសៅ​ខាង​លោកិយ​ជាមួយ​នឹង​សេចក្ដី​ព្រួយដែលគាប់ព្រះទ័យព្រះ ? ( យើង​អាច​តម​អាហារ ហើយ​អធិស្ឋាន ទូល​សូម​ឲ្យ​ព្រះវរបិតា​សួគ៌​ប្រទាន​ពរ​ដល់​យើង​នូវ​អំណោយទាន​នៃ​សេចក្ដី​ព្រួយ​ដែលគាប់ព្រះទ័យព្រះ ។ យើង​ក៏​អាច​សិក្សា​ផង​ដែរ​អំពី​ដង្វាយ​ធួន​​របស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ស្វែង​រក​ការ​យល់ដឹង​កាន់តែជ្រាល​ជ្រៅ​មួយ​អំពី​របៀប ​ដែល​អំពើ​បាប​យើង​បានធ្វើ​ឲ្យ​ទ្រង់​​រងទុក្ខ ) ។

សូម​ថ្លែង​ទីបន្ទាល់​ថា នៅ​ពេល​យើង​មាន​សេចក្ដី​ព្រួយ​ដែលគាប់ព្រះទ័យព្រះលើស​ពី​សេចក្តីព្រួយរបស់លោកិយ ចំពោះ​​អំពើបាបរបស់​យើង នោះ​យើង​នឹង​អាច​ប្រែចិត្ត​ពិត​ប្រាកដ ជ្រះ​ស្អាត​ពី​អំពើបាប​របស់​យើង ហើយ​នៅ​ទីបំផុត​បាន​ទទួល​សេចក្ដី​សង្គ្រោះ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្វែង​រក​សេចក្ដី​ព្រួយ​ដែលគាប់ព្រះទ័យព្រះនៅ​ក្នុង​ការ​ខិត​ខំ​របស់​ពួកគេ​ដើម្បី​ប្រែ​ចិត្ត ។

ប្រសិន​បើ​មាន​ពេល សូម​រំឭក​ដោយ​សង្ខេប​ពី​សេចក្ដី​ពិត​ ដែល​សិស្ស​បាន​រកឃើញ នៅ​ពេល​ពួកគេ​បាន​សិក្សា​​នៅ​ក្នុង​មេរៀន​ទី ២៣ ហើយ​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ធ្វើ​តាម​រាល់​ការ​បំផុសគំនិត​ដែល​ពួកគេ​អាចមាន ​ដើម្បី​អនុវត្ត​សេចក្ដី​ពិត​ទាំងនេះ ។ អ្នក​គួរ​តែ​រំឭក​វគ្គ​ចំណេះចំណាន​ខគម្ពីរ​នៅ​ក្នុង កូរិនថូស​ទី ១ ១៥:២០–​២២​ និង កូរិនថូស​ទី ១ ១៥:៤០–៤២ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពន្យល់​គោលលទ្ធិ​នៅ​ក្នុង​វគ្គ​គម្ពីរ​ទាំងនេះ និង​របៀប​ដែល​ពួកគេ​អាច​​ប្រើ​ខគម្ពីរ​ទាំងនេះ​ ដើម្បីបង្រៀន​ពី​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​ដល់​មនុស្ស​ម្នាក់​ទៀត ។

មេរៀន​បន្ទាប់ ( កូរិនថូសទី ២ ៨អេភេសូរ ១ )

ចូរ​សុំ​ឲ្យ​សិស្ស​គិតពិចារណា​អំ​ពី​សំណួរ​ខាងក្រោម ៖ តើ​អ្នក​ដឹង​អំពី​ពេល​ដែល​អ្នក​កំពុង​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ​ដោយ​របៀប​ណា ? តើ​ផលផ្លែ ឬ អារម្មណ៍​នៃ​ព្រះវិញ្ញាណ​គឺ​ជា​អ្វី ? តើ​ពួក​បរិសុទ្ធ​ត្រូវ​បាន​តែង​តាំង​ឲ្យ​ទទួល​អ្វី​ពី​មុន​មក​លើ​ផែនដី ? តើ​អ្វីទៅ​ជា​ការទទួលខុសត្រូវ​របស់​យើង​ចំពោះ​ជន​ដែល​ខ្វះ​សេចក្ដី​ត្រូវការ​ចាំបាច់​មួយ​ចំនួន​ក្នុង​ជីវិត ដូចជា​អាហារ សំលៀក​បំពាក់ និង​ទីជម្រក ? ចុះ​តើ​យើង​ខ្លួនយើង​ផ្ទាល់​​មាន​សេចក្ដី​ត្រូវការ​មួយ​ចំនួន​ដូចគ្នា​នេះ​ដែរ​ឬទេ ? សូម​ពន្យល់​ថា នៅ​សប្ដាហ៍​ក្រោយ ពួកគេ​នឹង​សិក្សា​ពី​របៀប​ដែល​ប៉ុល​បាន​លើក​ឡើង​នូវ​សំណួរ​ទាំងនេះ និង​សំណួរ​ផ្សេង​ៗ​ទៀត ។