មេរៀនទី ១៤៦
ពេត្រុសទី២ ១
សេចក្ដីផ្ដើម
ពេត្រុសបានលើកទឹកចិត្តពួកបរិសុទ្ធ ឲ្យខិតខំប្រែក្លាយដូចជាព្រះយេស៊ូវគ្រីស្ទ ។ ពេត្រុសបានបញ្ជាក់ដល់ពួកគេថា ការរីកចម្រើនខាងវិញ្ញាណនេះនឹងជួយដល់ « ដំណើរដែលទ្រង់ហៅ ហើយរើសតាំង[ របស់ពួកគេ ] បានពិតប្រាកដឡើង » ( ពេត្រុសទី២ ១:១០ ) ។ ពេត្រុសក៏បានថ្លែងអំពីបទពិសោធន៍របស់លោកនៅលើភ្នំប្រែរូប ហើយបានបញ្ជាក់ថា ព្រះបានបំផុសគំនិតឲ្យមានបទគម្ពីរ ។
យោបល់សម្រាប់ការបង្រៀន
ពេត្រុសទី២ ១:១-១១
ពេត្រុសបង្រៀនអំពីរបៀបដើម្បីបានចំណែកជានិស្ស័យនៃព្រះរបស់ព្រះយេស៊ូវគ្រីស្ទ
ពីមុនចាប់ផ្ដើមថ្នាក់ សូមសរសេរឃ្លាខាងក្រោមនេះនៅលើ ក្ដារខៀន ( « The Will Within » Ensign ខែ ឧសភា ឆ្នាំ ១៩៨៧ ទំព័រ ៦៨ ) ៖
សូមចែកសិស្សជាគូ ។ សូមអញ្ជើញពួកគេឲ្យអានឃ្លានៅលើក្ដារខៀន ហើយពិភាក្សាសំណួរខាងក្រោមជាមួយនឹងដៃគូរបស់ខ្លួន ៖
-
តើអ្នកគិតថា ប្រធាន ម៉នសុន ចង់មានន័យដូចម្ដេចដោយពោលឡើងថាឲ្យ « ក្លាយជាមនុស្សដ៏ប្រសើរបំផុត » ?
-
ហេតុអ្វីក៏អ្នកគិតថា វាសំខាន់ដើម្បីក្លាយជាមនុស្សដ៏ប្រសើរបំផុត ?
-
តើអ្វីទៅដែលរារាំងយើងពុំឲ្យក្លាយជាមនុស្សដ៏ប្រសើរបំផុត ?
នៅពេលសិស្សសិក្សា ពេត្រុសទី២ ១ សូមអញ្ជើញពួកគេឲ្យរកមើលសេចក្ដីពិតមួយ ដែលអាចជួយឲ្យពួកគេស្គាល់ អំពីរបៀបក្លាយជាមនុស្សដ៏ប្រសើរបំផុត ។
សូមសង្ខេប ពេត្រុសទី២ ១:១–២ ដោយពន្យល់ថា ពេត្រុសបានសរសេរទៅពួកសមាជិកសាសនាចក្រ ដែលបានទទួលសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។
សូមអញ្ជើញសិស្សម្នាក់អាន ពេត្រុសទី២ ១:៣-៤ឲ្យឮៗ ។ ចូរសុំសិស្សក្នុងថ្នាក់ឲ្យផ្ទៀងតាម រកមើលថាប៉ុលបានបង្រៀនអ្វីខ្លះ ដើម្បីជួយពួកបរិសុទ្ធឲ្យបន្តស្មោះត្រង់ចំពោះទីបន្ទាល់របស់ពួកគេអំពីព្រះអង្គសង្គ្រោះ ។
-
យោងតាមខគម្ពីរទាំងនេះ តើពេត្រុសបានបង្រៀនពួកបរិសុទ្ធឲ្យធ្វើអ្វីខ្លះ ?
-
តើការ « បានចំណែកជានិស្ស័យនៃព្រះ » មានន័យដូចម្ដេច ? ( ខទី ៤ ) ។
សូមអញ្ជើញសិស្សឲ្យអាន ពេត្រុសទី ២ ១:៥–៧ ដោយស្ងាត់ស្ងៀម រកមើលលក្ខណៈនៃព្រះយេស៊ូវគ្រីស្ទ ដែលពេត្រុសបានអញ្ជើញពួកបរិសុទ្ធឲ្យអភិវឌ្ឍ ។ សូមឲ្យសិស្សសរសេរលក្ខណៈដែលពួកគេរកឃើញនៅលើក្ដារខៀន ។ សូមពិចារណាអញ្ជើញសិស្សឲ្យរកមើលនៅក្នុងវចនានុក្រមនូវនិយមន័យនៃលក្ខណៈទាំងនេះ ដែលពួកគេចង់យល់ឲ្យបានប្រសើរ ។
សូមអញ្ជើញសិស្សឲ្យគិតអំពីគំរូ កាលដែលព្រះអង្គសង្គ្រោះបានបង្ហាញពីលក្ខណៈដ៏ទេវភាពមួយ ។ សូមឲ្យសិស្សបីបួននាក់ប្រាប់អំពីគំនិតរបស់ពួកគេដល់សិស្សក្នុងថ្នាក់ ។
សូមសរសេរគោលការណ៍ពុំពេញលេញដូចតទៅនេះនៅលើក្ដារខៀន ៖ នៅពេលយើងអភិវឌ្ឍលក្ខណៈដ៏ទេវភាពនៅក្នុងខ្លួនយើង នោះយើងអាច …
សូមអញ្ជើញសិស្សម្នាក់អាន ពេត្រុសទី ២ ១:៨-៩ឲ្យឮៗ ។ សូមអញ្ជើញសិស្សឲ្យផ្ទៀងតាម រកមើលពរជ័យមួយដែលយើងអាចទទួលបាន នៅពេលយើងអភិវឌ្ឍចរិតលក្ខណៈដ៏ទេវភាពរបស់ព្រះអង្គសង្គ្រោះ ។
-
តើយើងអាចទទួលបានពរជ័យអ្វីខ្លះ នៅពេលយើងអភិវឌ្ឍលក្ខណៈដ៏ទេវភាព ? ( បន្ទាប់ពីសិស្សឆ្លើយហើយ សូមបំពេញឃ្លានៅលើក្ដារខៀនដើម្បីឲ្យវាមានន័យដូចតទៅ ៖ នៅពេលយើងអភិវឌ្ឍលក្ខណៈដ៏ទេវភាពនៅក្នុងខ្លួនយើង នោះយើងអាចស្គាល់ព្រះយេស៊ូវគ្រីស្ទ ) ។
-
ហេតុអ្វីអ្នកគិតថា ការអភិវឌ្ឍលក្ខណៈដ៏ទេវភាពជួយយើងឲ្យស្គាល់ព្រះយេស៊ូវគ្រីស្ទ ?
សូមអញ្ជើញសិស្សម្នាក់អាន ពេត្រុសទី២ ១:១០-១១ ឲ្យឮៗ ។ ចូរសុំសិស្សក្នុងថ្នាក់ឲ្យផ្ទៀងតាម រកមើលពរជ័យមួយទៀតដែលអាចកើតមានចំពោះជនដែលឧស្សាហ៍នៅក្នុងការអភិវឌ្ឍលក្ខណៈដ៏ទេវភាព ។
-
តើពរជ័យអ្វីអាចកើតមានចំពោះជនដែលឧស្សាហ៍នៅក្នុងការអភិវឌ្ឍលក្ខណៈដ៏ទេវភាពនៃព្រះយេស៊ូវគ្រីស្ទ ? ( សូមពន្យល់ថា ឃា្ល « ធ្វើឲ្យដំណើរដែលទ្រង់ហៅ ហើយរើសតាំងអ្នករាល់គ្នា បានពិតប្រាកដឡើង » [ ខទី ១០ ] មានន័យថា ដើម្បីទទួលបាននៅក្នុងជីវិតនេះនូវការបញ្ជាក់របស់ព្រះថា អ្នកនឹងទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច ។ ពេត្រុសក៏ហៅវាថាជាការ « មានពាក្យទំនាយដ៏ពិតជាង » ផងដែរ ( ពេត្រុសទី២ ១:១៩ ) ។ សូមមើលផងដែរ គ. និង ស. ១៣១:៥ ) ។
-
តើយើងអាចរៀនគោលការណ៍អ្វីខ្លះ នៅក្នុងខគម្ពីរទាំងនេះអំពីហេតុផលដែលយើងគួរតែព្យាយាមនៅក្នុងការអភិវឌ្ឍសក្ដានុពលដ៏ទេវភាពរបស់យើង ? ( សិស្សគួរស្គាល់គោលការណ៍ដូចតទៅ ៖ ប្រសិនបើយើងឧស្សាហ៍នៅក្នុងការអភិវឌ្ឍសក្ដានុពលដ៏ទេវភាពរបស់យើងនៅក្នុងជីវិតនេះ នោះយើងអាចទទួលបាននូវការបញ្ជាក់របស់ព្រះអំពីជីវិតដ៏នៅអស់កល្បជានិច្ច ។ សូមសរសេរគោលការណ៍នេះនៅលើក្ដារខៀន ) ។
សូមពិចារណាចែកចាយទីបន្ទាល់របស់អ្នកថា ការអភិវឌ្ឍលក្ខណៈដ៏ទេវភាព នឹងជួយយើងឲ្យមកស្គាល់ព្រះយេស៊ូវគ្រីស្ទ ហើយរៀបចំខ្លួនយើងឲ្យទទួលបាននូវជីវិតដ៏នៅអស់កល្បជានិច្ច ។
សូមអញ្ជើញសិស្សឲ្យសរសេរនៅក្នុងសៀវភៅសរសេរ ឬសៀវភៅកំណត់ត្រាការសិក្សាព្រះគម្ពីររបស់ពួកគេនូវលក្ខណៈដ៏ទេវភាពមួយដែលពួកគេចង់អភិវឌ្ឍបំផុត ។ សូមឲ្យពួកគេសរសេរសកម្មភាពជាក់លាក់មួយដែលពួកគេអាចធ្វើដើម្បីអភិវឌ្ឍលក្ខណៈនោះ ។
ពេត្រុសទី២ ១:១២-២១
ពេត្រុសចែកចាយសាក្សីរបស់លោកអំពីព្រះយេស៊ូវគ្រីស្ទ ហើយបង្រៀនអំពីបទគម្ពីរ
សូមពិចារណាសរសេរអាយុរបស់សាវកនាពេលបច្ចុប្បន្នមួយចំនួន ដែលមានវ័យចំណាស់ជាងគេបំផុតនៅលើក្ដារខៀន ។ សូមអានឮៗនូវសេចក្ដីថ្លែងការណ៍ខាងក្រោម ដោយអែលឌើរ អិម រ័សុល បាឡឺដ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« អ្នកខ្លះពោលថា យើងចាស់ពេកហើយ ។ អូ ពិតណាស់ គឺមានសាវកប្រាំបួនរូបដែលមានវ័យចាស់ជាង ៨០ ឆ្នាំ ! ខ្ញុំមានវ័យ ៨៥ ឆ្នាំហើយ » ( « Be Still, and Know That I Am God » [ Church Educational System devotional ថ្ងៃទី ៤ ខែ ឧសភា ឆ្នាំ ២០១៤ ] broadcasts.lds.org ) ។
-
ហេតុអ្វីអ្នកគិតថា មនុស្សមួយចំនួនចង់រិះគន់អំពីវ័យរបស់ពួកព្យាការី និងពួកសាវកមួយចំនួន ?
-
តើអ្នកនឹងឆ្លើយតបតាមរបៀបណា ចំពោះការរិះគន់ថា ពួកព្យាការី និងពួកសាវកសម័យទំនើបមានវ័យចំណាស់ពេកដែលពុំសូវមានប្រសិទ្ធភាព ?
នៅពេលសិស្សបន្តសិក្សា ពេត្រុសទី២ ១ សូមអញ្ជើញពួកគេឲ្យរកមើលសេចក្ដីពិតមួយអំពីពួកព្យាការី និងពួកសាវកដែលសំខាន់ជាងវ័យរបស់ពួកលោក ។
សូមពន្យល់ថានៅក្នុង ពេត្រុសទី ២ ១:១២–១៩ ពេត្រុសបានចែកចាយសាក្សីរបស់លោកអំពីព្រះយេស៊ូវគ្រីស្ទ ។
សូមអញ្ជើញសិស្សម្នាក់អាន ពេត្រុសទី ២ ១:២០–២១ ឲ្យឮៗ ហើយបន្ទាប់ពីសិស្សបានបញ្ចប់ការអានហើយ សូមចង្អុលបង្ហាញថា ការបកប្រែដោយ យ៉ូសែប ស្ម៊ីធ សម្រាប់ពេត្រុសទី ២ ១:២០ ចែងថា « ដោយដឹងសេចក្តីនេះជាមុនដំបូងថា គ្មានពាក្យទំនាយណាក្នុងគម្ពីរ ដែលថ្លែងឡើងបានតាមតែចិត្តរបស់មនុស្សនោះឡើយ » ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាមរកមើលថាប៉ុលបានបង្រៀនអ្វីខ្លះ អំពីតួនាទីនៃ « មនុស្សបរិសុទ្ធរបស់ព្រះ » ដែលនៅក្នុងករណីនេះមានន័យថា ពួកព្យាការី ។
-
តើពេត្រុសបានបង្រៀនអ្វីខ្លះអំពីតួនាទីរបស់ពួកព្យាការី ? ( សិស្សគួរស្គាល់សេចក្ដីពិតដូចតទៅ ៖ ពួកព្យាការីទទួលបទគម្ពីរតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។ សូមសរសេរសេចក្ដីពិតនេះនៅលើក្ដារខៀន ) ។
ដើម្បីជួយសិស្សឲ្យយល់ពីអត្ថន័យនៃបទគម្ពីរ សូមឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះឲ្យឮៗ ៖
« [ ព្រះគម្ពីរគឺជា ] ពាក្យពេចន៍ ព្រមទាំងពាក្យសរសេរ និងពាក្យនិយាយ ដោយពួកបុរសបរិសុទ្ធនៃព្រះ កាលបានសណ្ឋិតដោយព្រះវិញ្ញាណបរិសុទ្ធ » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ព្រះគម្ពីរ » scriptures.lds.org, សូមមើលផងដែរ គ. និង ស. ៦៨:២–៤ ) ។ បទគម្ពីរមួយចំនួនត្រូវបានក្លាយជាកាណុង ។ កាណុងគឺ « ជាប្រជុំគម្ពីរដ៏ពិសិដ្ឋៗ ដែលត្រូវបានទទួលស្គាល់ ហើយមានសិទ្ធិអំណាច ។ នៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយនោះ គម្ពីរកាណុងទាំងប៉ុន្មានហៅថា គម្ពីរបមាណីយ ហើយមានទាំងព្រះគម្ពីរសញ្ញាចាស់ និងព្រះគម្ពីរសញ្ញាថ្មី ព្រះគម្ពីរមរមន គោលលទ្ធិ និងសេចក្ដីសញ្ញា ព្រមទាំងមុក្ដាដ៏មានតម្លៃមហិមា ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « កាណុង » scriptures.lds.org ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ដាល្លិន អេក អូក ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ស្ដាប់រកសាក្សីរបស់លោកថា ពួកព្យាការីនៅតែបន្តទទួលបទគម្ពីរនាសព្វថ្ងៃនេះ ។
« [ ពួកព្យាការីគឺជា ] បណ្ដាញដែលព្រះបានមានបន្ទូលទៅកាន់កូនចៅរបស់ទ្រង់ តាមរយៈបទគម្ពីរកាលពីបុរាណ ។ ហើយវាគឺជាបណ្ដាញដែលទ្រង់បានមានបន្ទូលនៅបច្ចុប្បន្ននេះតាមរយៈការបង្រៀន និងពាក្យទូន្មាននៃពួកព្យាការី និងពួកសាវកនៅរស់ ព្រមទាំងថ្នាក់ដឹកនាំដ៏បំផុសគំនិតផ្សេងទៀត » ( « Two Lines of Communication » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ៨៤ ) ។
-
ហេតុអ្វីក៏អ្នកគិតថា វាជារឿងសំខាន់ដើម្បីដឹងថា ព្រះប្រើគន្លងនេះដើម្បីបង្កើតបទគម្ពីរសម្រាប់កូនចៅទ្រង់ ?
-
តើការយល់ពីគន្លងនេះផ្ដល់ការជឿជាក់យ៉ាងខ្លាំងដល់អ្នកយ៉ាងដូចម្ដេចដែរ នៅក្នុងការថ្លែង និងការសរសេរអំពីព្យាការីទាំងឡាយទាំងសម័យបុរាណ និងសម័យទំនើប ?
ចូរអានសំណួរដូចខាងក្រោមនេះឲ្យឮៗ ហើយអញ្ជើញសិស្សឲ្យសរសេរចម្លើយនៅក្នុងសៀវភៅកំណត់ចំណាំក្នុងថ្នាក់ ឬក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់ពួកគេ ។
-
តើវគ្គបទគម្ពីរណាដែលបានជះឥទ្ធិលមកលើជីវិតរបស់អ្នក មិនថាវាមកពីព្យាការីពីបុរាណ ឬពីព្យាការីសព្វថ្ងៃនេះទេ ? តើអ្នកធ្លាប់បានទទួលពរជ័យ តាមរយៈបទគម្ពីរទាំងនោះយ៉ាងដូចម្តេច ?
សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយចម្លើយរបស់ពួកគេនៅក្នុងថ្នាក់ ។ អ្នកក៏គួរចែកចាយឧទាហរណ៍មួយផងដែរថាអ្នកធ្លាប់មានពរតាមរយៈបទគម្ពីរយ៉ាងណាដែរ ។
សូមលើកឡើងអំពីប្រសាសន៍ខាងក្រោម របស់អែលឌើរ អូក ហើយអញ្ជើញសិស្សឲ្យថ្លែងទីបន្ទាល់ដល់សិស្សដទៃទៀត ដូចដែលព្រះវិញ្ញាណដឹកនាំអំពីភាពពិតនៃពួកព្យាការី និងបទគម្ពីរ ។