បណ្ណាល័យ
មេរៀនទី ៣៦ ៖ ម៉ាកុស ៤-៥


មេរៀនទី ៣៦

ម៉ាកុស ៤-៥

សេចក្ដីផ្ដើម

នៅ​ឆ្នេរ​សមុទ្រ​កាលីឡេ ព្រះយេស៊ូវ​បាន​បង្រៀន​ដល់ពួក​សិស្ស​របស់ទ្រង់​ដោយប្រើ​រឿង​ប្រៀបធៀប ។ ខណៈពេល​នៅ​លើ​សមុទ្រ ព្រះអង្គសង្គ្រោះ​បាន​រម្ងាប់​ព្យុះ​មួយ ។ ព្រះយេស៊ូវ​បាន​សម្ដែង​នូវ​ភាព​ឧត្តុង​ឧត្តម​របស់ទ្រង់ឈ្នះ​លើ​ពួក​អារក្ស​ដោយ​ការ​បណ្ដេញ​វា​ចេញពី​បុរស​ម្នាក់ ។ ខណៈពេល​កំពុង​បម្រើ​នៅ​ស្រុក​កាពើណិម ទ្រង់​បាន​ព្យាបាល​ស្ត្រី​ម្នាក់​ដែល​​ធ្លាក់ឈាម ហើយ​បាន​ប្រោស​កូន​ស្រីរបស់​យ៉ៃរ៉ុស​ពីសេចក្ដី​ស្លាប់ ។

យោបល់​សម្រាប់​ការបង្រៀន

ម៉ាកុស ៤

ព្រះយេស៊ូវ​បាន​ប្រើ​រឿង​ប្រៀបធៀប​បង្រៀន​អំពី​នគរ​ព្រះ បន្ទាប់មក​រម្ងាប់​ខ្យល់ព្យុះ

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​ពិចារណា​អំពី​ព្យុះ​ដ៏អាក្រក់​បំផុត ដែល​ពួកគេ​ស្ថិត​នៅ​ក្នុង​នោះ ។ ចូរ​សុំ​ឲ្យ​សិស្ស​ពីរ​បីនាក់​ពិពណ៌នា​សង្ខេប​អំពី​បទពិសោធន៍​របស់ពួកគេ ។

  • តើឧបសគ្គ​ទាំងឡាយ​នៃ​ជីវិត​ដូច​ជា​ព្យុះ​មួយ​យ៉ាង​ដូចម្ដេច ?

ចូរ​សរសេរ​ពាក្យ​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ( សូម​ទុក​ចន្លោះ​នៅ​ក្រោម​ពាក្យ​នីមួយៗ ) ៖ ខាង​រូបកាយ ខាង​វិញ្ញាណ ខាង​សតិអារម្មណ៍ ខាង​សង្គម ។ ចូរ​សួរ​សំណួរ​ដូច​ខាង​ក្រោម​ ដែល​វា​អនុវត្ត​ចំពោះ​ពាក្យ​នីមួយៗ​នៅលើ​ក្ដារខៀន ៖

  • តើ​ឧទាហរណ៍​មួយចំនួន​អំពី​ព្យុះ​ខាង​រូបកាយ ( ឬ​ខាង​វិញ្ញាណ ខាង​សតិអារម្មណ៍ ឬ​ខាង​សង្គម) អ្វីខ្លះ ដែល​យុវវ័យ​ជួប​ប្រទះ ? ( សូម​សរសេរ​ចម្លើយ​របស់​សិស្ស​នៅ​ក្រោម​ពាក្យ​ដែល​ផ្គូផ្គង​គ្នា​នៅលើ​ក្ដារខៀន ) ។

សូម​អញ្ជើញ​សិស្ស​នៅពេល​ពួកគេ​សិក្សា​ម៉ាកុស ៤-៥ឲ្យ​រក​មើល​គោលការណ៍​ទាំងឡាយ​ដែល​អាច​ជួយ​ពួកគេ នៅពេល​ពួកគេ​ជួប​នឹង​ព្យុះនៃ​ជីវិត ។

សូម​សង្ខេបម៉ាកុស ៤:១-៣៤ដោយ​ការ​ពន្យល់​ថា ខណៈ​ដែល​ស្ថិត​នៅលើ​ឆ្នេរ​សមុទ្រ​កាលីឡេ នោះ​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​នូវ​រឿង​ប្រៀបធៀប​ជាច្រើន​ដល់​ហ្វូង​មនុស្ស ។

សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ប្ដូរវេន​គ្នា​អាន​ឮៗ​មកពី ម៉ាកុស ៤:៣៥-៣៨ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ឧបសគ្គ​ដែល​ពួក​សិស្ស​បានជួប​ប្រទះ នៅពេល​ពួគគេ​ឆ្លង​កាត់​សមុទ្រ​កាលីឡេ ។

  • តើ​មាន​បញ្ហា​អ្វីខ្លះ​បានកើតឡើង នៅពេល​ព្រះអង្គសង្គ្រោះ និង​ពួកសិស្ស​របស់ទ្រង់​ឆ្លង​កាត់​សមុទ្រ​កាលីឡេ ?​

ចូរ​ពន្យល់​ថា សមុទ្រ​កាលីឡេគឺ​មាន​ជម្រៅ ​ ២១៣ ម៉ែត្រ ទាប​ជាង​កម្រិត​ទឹក​សមុទ្រ ហើយ​មាន​ភ្នំ​នៅព័ទ្ធ​ជុំវិញ​នៃ​ជ្រុង​ទាំងបី ។​ ជួនកាលមាន​ខ្យល់​ត្រជាក់ ស្ងួត សម្រុក​ចុះ​មកពី​លើ​ភ្នំ ហើយ​មក​ប៉ះ​នឹង​ខ្យល់​ក្ដៅ សើម នៅលើ​សមុទ្រ​កាលីឡេ បង្កើត​បានជា​ព្យុះ​មួយយ៉ាង​ខ្លាំង​មួយ​រំពេច—ពេល​ខ្លះ​នៅ​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​នាទីប៉ុណ្ណោះ—នឹង​មាន​រលក​ធំៗ​នៅ​លើ​ផ្ទៃទឹក​ដ៏​តូច​នេះ ។

រូបភាព
សមុទ្រ​កាលីឡេ និង​ភ្នំ​អាបែល

សមុទ្រ​កាលីឡេ​និង​ភ្នំ​អាបែល

  • តើ​ព្យុះ​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅលើ​ទូក ?

  • ប្រសិនបើ​អ្នក​ស្ថិត​នៅ​លើ​ទូក​មួយ​ក្នុង​ស្ថានភាព​ទាំង​នេះ តើ​អ្នក​មានគំនិត និង ​អារម្មណ៍​យ៉ាង​ណា​ដែរ ?

  • តើ​ពួក​សិស្ស​ស្វែងរក​ជំនួយ​មកពី​នរណានៅគ្រា​ដ៏​ភ័យ​រន្ធត់​នេះ ? តើពួកគេ​បាន​សួរ​ព្រះអង្គសង្គ្រោះ​អ្វីខ្លះ ?

  • តើ​យើង​ត្រូវ​បាន​ល្បួង​ឲ្យ​ឆ្លើយ​ដូចជា​ពួកសិស្ស​របស់ព្រះយេស៊ូវ​គ្រីស្ទ​បាន​ឆ្លើយ អំឡុង​ពេល​មានព្យុះនៃ​ជីវិត​របស់​យើង​តាម​របៀប​ណា ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាកុស ៤:៣៩ឲ្យ ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ពី​របៀប​ដែល​ព្រះអង្គសង្គ្រោះ​បាន​​ឆ្លើយតប​ទៅនឹង​ការ​អង្វរ​របស់​ពួក​សិស្សឲ្យ​ទ្រង់ជួយ​ ។ ចូរ​សុំ​ពួកគេឲ្យ​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។ អ្នក​ក៏អាច​នឹង​ចង់​ឲ្យ​យោបល់ដល់​សិស្ស​គូសចំណាំ​ឃ្លា​« ចូរ​ស្ងៀម​ទៅ » និង « ហើយ​ឈប់​ចុះ » (ខទី ៣៩ ) ផងដែរ ។

  • ប្រសិន​បើ​យើង​ស្វែងរក​ជំនួយ​របស់ព្រះអម្ចាស់​នៅគ្រា​មានបញ្ហា ឬ​ភ័យ​ខ្លាច តើ​ទ្រង់​អាច​ធ្វើអ្វីខ្លះ​សម្រាប់​យើង ? ( បន្ទាប់ពីសិស្ស​បាន​ឆ្លើយ ​សូមសរសេរគោលការណ៍ដូច​ខាងក្រោម​នៅ​លើ​ក្ដារខៀន ៖ ប្រសិន​បើ​យើង​ស្វែងរក​ជំនួយ​របស់ព្រះអម្ចាស់​នៅគ្រា​មានបញ្ហា ឬ​ភ័យ​ខ្លាច ទ្រង់​អាចនាំ​សេចក្ដីសុខសាន្ដ​​មកដល់​យើង )

  • តើ​យើងអាច​ស្វែង​រក​ជំនួយ​របស់ព្រះអម្ចាស់​ក្នុងគ្រា​មាន​បញ្ហា និង ភ័យ​ខ្លាច​ដោយរបៀបណា ? ( យើងអាច​អធិស្ឋាន​ទៅ​ព្រះវរបិតាសួគ៌​ក្នុង​ព្រះ​នាម​នៃ​ព្រះគ្រីស្ទ ។ ការអធិស្ឋាន​របស់​យើង​អាច​នឹង​មិន​ត្រូវ​បាន​ឆ្លើយ​តប​តាម​របៀប​ដែលយើង​រំពឹង​ទុក​នោះ​ទេ ។ ទោះជាយ៉ាង​ណា​ក៏ដោយ​ យើង​នឹង​ត្រូវ​បាន​ប្រទានពរ​នូវ​សេចក្ដីសុខសាន្ដ នៅពេល​យើង​ស្វែងរក​ជំនួយ​របស់ព្រះអម្ចាស់ ) ។​

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាកុស ៤:៤០-៤១ឲ្យ ឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម រកមើលអ្វី ដែលពួក​សិស្ស​បាន​សួរ​គ្នាអំពី​ព្រះយេស៊ូវ ។

  • ប្រសិនបើ​អ្នក​នៅជាមួយ​នឹង​ពួកសិស្ស តើអ្នក​អាច​ឆ្លើយ​នឹង​សំណួរ​របស់ពួកគេ​នៅក្នុងខទី ៤១ដោយ​របៀប​ណា ?

  • តើ​ការ​យល់​ដឹងថា « តើលោកនេះជាអ្វី » (ខទី ៤១) ព្រះយេស៊ូវអាច​ជួយ​ពង្រឹង​ដល់​សេចក្ដីជំនឿរបស់​យើង ហើយ​បំផុស​យើង​ឲ្យ​ស្វែងរក​ជំនួយ​របស់ទ្រង់​ក្នុង​គ្រា​ដែលមានបញ្ហា ឬ​ការ​ភ័យ​ខ្លាច​ដោយ​របៀប​ណា ?

បើ​អាច​ធ្វើទៅបាន សូម​អញ្ជើញ​សិស្ស​ឲ្យអាន​ទំនុក​នៃ​ទំនុក​តម្កើង « លោក​គ្រូ ខ្យល់​ព្យុះ​កំពុង​បោក​បក់ » (ទំនុក​តម្កើង លេខ ៥៤) ។ សូម​គូស​បញ្ជាក់​ថា ព្រះយេស៊ូវ​មាន​ព្រះចេស្ដា​ដើម្បី​រម្ងាប់​ព្យុះ ពុំគ្រាន់តែ​ព្យុះ​ខាង​រូបកាយទេ ប៉ុន្តែ​ក៏​អាច​រម្ងាប់​ព្យុះ​ផ្ទាល់ខ្លួន​នៅក្នុង​ដួងចិត្ត​របស់​យើង​ផងដែរ ។

សូមអញ្ជើញសិស្ស​ពីរបីនាក់​ឲ្យចែកចាយ​អំពី​គ្រា​មួយ​ដែល​ពួកគេ​បាន​ស្វែង​រក​ភាព​សុខសាន្ដ​របស់ព្រះអម្ចាស់ អំឡុង​ពេល​មានព្យុះនៃជីវិត ហើយទ្រង់​បាន​សម្រាល​ភាពភ័យខ្លាច​របស់ពួកគេ ហើយលួងលោម​ចិត្ត​ពួកគេ ។

សូម​គិត​ពិចារណា​ធ្វើការ​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​នៅក្នុង​សៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់ ឬ​កំណត់ហេតុ​ការ​សិក្សា​ព្រះគម្ពីររបស់​ពួកគេ នូវអ្វី​ដែលពួកគេ​អាច​ធ្វើ​ដើម្បីស្វែងរក​ជំនួយ​របស់ព្រះអម្ចាស់ អំឡុង​ពេល​គេ​មានឧបសគ្គ ។

ម៉ាកុស ៥:១-២០

ព្រះយេស៊ូវ​ព្យាបាល​បុរស​ម្នាក់​ដោយ​ការ​បណ្ដេញ​អារក្ស​ចេញ​ពី​គាត់

សូម​សង្ខេបម៉ាកុស ៥:១-១៨ដោយ​ការ​ពន្យល់​ថា ព្រះយេស៊ូវ​បាន​ព្យាបាល​បុរស​ម្នាក់​ដែល​មានពេញ​ដោយ​វិញ្ញាណ « អសោច » ឬ​វិញ្ញាណ​អារក្ស ។ បន្ទាប់ពី​វិញ្ញាណ​អសោច​ទាំងនោះ​បាន​ត្រូវ​បណ្ដេញ​ចេញ​ពី​បុរស​នោះ នោះ​ពួកវា​បាន​ចូល​ទៅ​ក្នុង​ហ្វូង​ជ្រូក បន្ទាប់មក​រត់​បោល​យ៉ាង​លឿន​ធ្លាក់​ច្រាំង​ចូល​សមុទ្រ​អស់ទៅ ។ បន្ទាប់មក​បុរស​នោះ​បានសូម​ចូល​ទៅ​ក្នុង​ទូក​ដែលព្រះយេស៊ូវ​គង់នៅ ។​

ចូរ​សុំ​ឲ្យ​សិស្ស​ម្នាក់​អាន ម៉ាកុស ៥: ១៩-២០ ឮៗ ។ ចូរ​អញ្ជើញ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​នូវ​អ្វី​ដែល​ព្រះអង្គសង្គ្រោះ​បាន​ណែនាំ​បុរស​នេះ​ឲ្យធ្វើ ។

  • តើ​ព្រះអង្គសង្គ្រោះ​បានណែនាំ​បុរស​នេះ​ឲ្យធ្វើ​អ្វីខ្លះ ?

  • តើបុរស​នោះ​​ឆ្លើយតប​យ៉ាង​ដូចម្ដេច ?

  • តើគោលការណ៍​អ្វីខ្លះ ដែល​យើងអាច​រៀន​មកពី​រឿង​នេះ អំពីអ្វី​ដែលយើងអាច​ធ្វើ នៅពេល​យើង​ទទួលបទពិសោធន៍​ព្រះចេស្ដា​របស់ព្រះអង្គសង្គ្រោះនៅក្នុង​ជីវិត​របស់​យើង ? ( សូម​ជួយ​សិស្ស​ឲ្យ​ស្គាល់​ពី​គោលការណ៍​នេះ ៖ នៅពេល​យើង​មានបទពិសោធន៍​ព្រះចេស្ដា​របស់ព្រះអង្គសង្គ្រោះ​នៅក្នុងជីវិត​របស់​យើង នោះ​យើងអាច​ថ្លែង​ទីបន្ទាល់​ទៅដល់​អ្នកដទៃ​អំពី​ពរជ័យ និង​ក្ដីមេត្តា​ករុណា​របស់ទ្រង់ )

សូមអញ្ជើញសិស្ស​ឲ្យពិចារណា​អំពី​របៀប​ដែល​ពួកគេ​អាច​ជួយ​អ្នកដទៃ​ទៀត តាមរយៈ​ការ​ថ្លែងទីបន្ទាល់​អំពីពរជ័យ និង ក្ដីមេត្តាករុណា​របស់ព្រះអង្គសង្គ្រោះ ។

ម៉ាកុស ៥:២១-៤៣

ព្រះយេស៊ូវ​បាន​ព្យាបាល​ស្ត្រី​ម្នាក់​ដែល​​ធ្លាក់ឈាម ហើយ​បាន​ប្រោស​កូន​ស្រីរបស់​យ៉ៃរ៉ុស​ពី​សេចក្តីស្លាប់

ចូរ​សុំ​សិស្ស​ម្នាក់​ឲ្យ​អាន​ឮៗ​នូវដំណើរ​​រឿង​ដូច​ខាង​ក្រោម ដែល​បាន​ប្រាប់​ដោយ​អែលឌើរ ស្សាយអិន អិម បូវិន នៃ​ពួកចិតសិប​នាក់ ៖

រូបភាព
អែលឌើរ ស្សាយអិន អិម បូវិន

« នៅ​ថ្ងៃទី ៤ ខែ កុម្ភៈ ឆ្នាំ ១៩៩០ កូន​ប្រុស​ទីបី និង​ ត្រូវជាកូន​ទីប្រាំ​មួយ​របស់​យើងបាន​កើត​មក ។ យើង​បាន​ដាក់​ឈ្មោះ​គាត់​ថា ថៃសុន ។ …

«​ ពេល ថៃសុន មាន​អាយុ​ប្រាំបីខែ គាត់​បាន​លេប​ដីស​មួយដុំ​ដែល​គាត់​បាន​ឃើញ​នៅ​លើ​កម្រាល​ព្រំ ។ ដីសនោះបាន​ស្ទះ​នៅ​បំពង់ក ថៃសុន ហើយ​គាត់​លែង​ដកដង្ហើម ។ បងប្រុស​របស់​គាត់បាន​នាំ ថៃសុន ឡើង​លើផ្ទះ ស្រែក​ដោយរំញ្ជួល​ចិត្ត​ថា ‹ អា​អូន​ឥត​ដកដង្ហើមទេ អាអូន​ឥត​ដក​ដង្ហើមទេ ។ អាអូន​ឥតដក​ដង្ហើម​ទេ › ។ យើង​បាន​ចាប់​ផ្ដើម​ធ្វើចលនា ហើយ​ទូរសព្ទ​ទៅលេខ ៩១១ ។

« វេជ្ជបណ្ឌិតជំនួយបាន​មកដល់ ហើយ​បាន​ប្រញាប់​នាំ ថៃសុន ទៅ​មន្ទីរពេទ្យ ។ នៅបន្ទប់រង់ចាំ យើង​បាន​បន្ដ​អធិស្ឋាន​យ៉ាង​ខ្លាំង នៅពេលយើង​ទូលអង្វរ​ដល់ព្រះ​សុំឲ្យ​មាន​អព្ភូតហេតុ ។ បន្ទាប់ពី​មួយ​សន្ទុះធំមក វេជ្ជបណ្ឌិតបាន​មក​ក្នុង​បន្ទប់ ហើយនិយាយ​ថា ‹ ខ្ញុំ​សូមចូលរួមសោកស្ដាយ ។ គ្មានអ្វី​ផ្សេងទៀត​ដែល​យើងអាច​ធ្វើបាននោះទេ ។ សូម​ចំណាយពេល​តាម​ដែលអ្នកត្រូវការ​ចុះ › ។ បន្ទាប់មក​គាត់​ក៏​ចាកចេញទៅ » (« Because I Live, Ye Shall Live Also »EnsignLiahonaខែ​វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ១៦ ) ។

  • ប្រសិនបើ ថៃសុន ជា​ប្អូនរបស់អ្នក តើអ្នកគិត​ ឬធ្វើ​អ្វី​ខ្លះ​នៅគ្រា​នោះ ?

  • តើ​បទពិសោធន៍​មួយដូច្នេះ សាកល្បង​ដល់សេចក្ដីជំនឿ​របស់​មនុស្ស​ម្នាក់​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​​សិស្ស​ម្នាក់​អាន ម៉ាកុស ៥:២១-២៤ ឲ្យ​ឮៗ ។ សូម​អញ្ជើញសិស្ស​​ឲ្យ​ផ្ទៀងតាម រកមើល​របៀប​ដែល​អ្នក​គ្រប់គ្រងម្នាក់ ឈ្មោះ យ៉ៃរ៉ុស បាន​ជួប​នឹង​ឧបសគ្គ​ស្រដៀងគ្នា​នេះ ដែល​អាច​នឹង​សាកល្បង​សេចក្ដីជំនឿ​របស់​លោក ។

  • ហេតុអ្វី​ក៏​យ៉ៃរ៉ុសស្វែងរក​ជំនួយ​របស់ព្រះអង្គសង្គ្រោះ ?

សូមអញ្ជើញ​សិស្ស​ម្នាក់​អានម៉ាកុស ៥:២៥-២៦ឲ្យ​ឮៗ ហើយ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រក​មើល​ថា​នរណា​ផ្សេងទៀត​ដែល​ត្រូវការ​ជំនួយ​របស់ព្រះអង្គសង្គ្រោះ ។

សូមពន្យល់​ថា ទោះបី​ជា​ដំណើរ​រឿង​ទាំងឡាយ​ក្នុង​គម្ពីរ​សញ្ញា​ថ្មី ពុំ​កំណត់​ពី​លក្ខណៈ​នៃ « ការ​ធ្លាក់ឈាម » របស់​ស្ត្រី​នោះក្ដី (ខទី ២៥) ក៏​យើង​ដឹង​ថា​វា​គឺ​ជា​បញ្ហា​ផ្ទាល់​ខ្លួន​របស់​ស្ត្រី​នោះ​ដែរ ។ បន្ថែម​ពីលើ​នោះ នៅក្រោម​ក្រិត្យវិន័យ​របស់​ម៉ូសេ មនុស្ស​ម្នាក់​ដែល​មាន​ជំងឺ​ធ្លាក់ឈាម គឺ​ត្រូវ​បាន​ចាត់​ទុក​ថា​ពុំ​ស្អាតស្អំ​តាម​តម្រា ( សូមមើលលេវីវិន័យ ១៥:១៩-៣៣) ។ រឿង​នេះ​ទំនង​ជា​មាន​ន័យ​ថា ស្ត្រី​ម្នាក់នេះត្រូវ​បាន​គេ​ស្អប់ ហើយ​ពុំ​មានគេ​រាប់រក​អំឡុង​ពេល ១២ ឆ្នាំដែលគាត់ឈឺ ។ ភាពអស់សង្ឃឹម​ដែល​គាត់បានមាន​អំពី​ស្ថានភាព​របស់គាត់ គឺជា​ភស្ដុតាង​នៅក្នុង​ភាពពិត​ដែល​ថា គាត់ «បាន​ចំណាយ​ទ្រព្យសម្បត្តិ​ទាំង​ប៉ុន្មាន » (ម៉ាកុស ៥:២៦) ស្វែងរក​ការ​ព្យាបាល​ពី​គ្រូពេទ្យ ។

សូម​អញ្ជើញ​​សិស្ស​បី​បួន​នាក់​ប្ដូរ​វេន​គ្នា​អាន​ឮៗ​នៅ​ក្នុង ម៉ាកុស ៥:២៧-៣៤ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយ​រក​មើល​នូវ​អ្វី​ដែល​ស្ត្រី​ម្នាក់នេះ​បាន​ធ្វើ​ដើម្បីទទួលបាន​ជំនួយ​របស់ព្រះអង្គ​សង្គ្រោះ ។

  • តើស្ត្រី​រូបនេះ បាន​ធ្វើអ្វី ដើម្បី​បង្ហាញ​ពីសេចក្តី​ជំនឿរបស់​គាត់​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ ? ( អ្នកអា​ច​នឹង​ចង់ពន្យល់​ថា ឃ្លា « ចូល​មក​ក្នុង​ហ្វូង​មនុស្ស​ពី​ក្រោយ » [ខទី ២៧] សំដៅ​ថា គាត់បាន​ពុះពារ​ឆ្លងកាត់​ហ្វូង​មនុស្ស​ដែល​នៅ​ជុំវិញ​ព្រះអង្គសង្គ្រោះ ) ។

  • តើ​យើងអាច​រៀនអ្វីខ្លះ​មកពី​ដំណើរ​រឿង​នេះ អំពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ បើ​សិនជា​យើង​មាន​បំណង​ប្រាថ្នា​ដើម្បី​បានជាសះស្បើយ​នោះ ? ( សូម​ជួយ​សិស្ស​ឲ្យ​ស្គាល់​ពី​គោលការណ៍​នេះ ៖ ប្រសិនបើ​យើង​បង្ហាញ​សេចក្ដីជំនឿ​របស់​យើង​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ​តាមរយៈ​ការខិតខំ​របស់​យើង​ដើម្បីមក​រក​ទ្រង់ នោះទ្រង់​នឹង​ធ្វើ​ឲ្យ​យើង​បាន​ជាសះស្បើយ )

សូម​ចង្អុល​បង្ហាញ​ថា ការ​បាន​ជា​សះស្បើយពី​ជំងឺ​នានា តាមរយៈ​សេចក្ដីជំនឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ គឺ​ពុំ​អាស្រ័យ​តែ​លើ​ការ​ខិតខំរបស់យើង​ដើម្បី​មក​រកទ្រង់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​តាមពេលវេលា និង ព្រះទ័យ​របស់ព្រះ​ផងដែរ ។

សូមអញ្ជើញសិស្ស​ឲ្យអានម៉ាកុស ៥:៣៥ដោយស្ងាត់ស្ងៀម ហើយ​រក​មើល​នូវ​សារលិខិត​ដែល​ត្រូវ​បាននាំ​ទៅដល់​យ៉ៃរ៉ុស នៅពេល​ព្រះអង្គសង្គ្រោះ​បានឈប់​ដើម្បីជួយ​ដល់ស្ត្រី​រូប​នេះ ។

  • តើ​យ៉ៃរ៉ុស​បាន​ទទួល​ដំណឹងអ្វីខ្លះ ?

  • ប្រសិន​បើ​អ្នក​ស្ថិត​នៅក្នុង​ស្ថានភាព​យ៉ៃរ៉ុស តើ​អ្នក​អាច​មាន​គំនិត និង​អារម្មណ៍អ្វី​ខ្លះ នៅគ្រា​នោះ ?

ចូរ​សុំ​ឲ្យសិស្ស​ម្នាក់​អានម៉ាកុស ៥:៣៦ឮៗ ហើយអញ្ជើញ​សិស្ស​ក្នុងថ្នាក់​ឲ្យ​រក​មើល​នូវអ្វី​ដែល​ព្រះអង្គសង្គ្រោះ​បានមានបន្ទូល​ទៅ​យ៉ៃរ៉ុស ។

  • តើព្រះអង្គសង្គ្រោះ​មានបន្ទូលអ្វី​ខ្លះ ដែល​បាន​គាំទ្រ​ដល់សេចក្ដីជំនឿ​របស់យ៉ៃរ៉ុស ?

ដើម្បីគូសបញ្ជាក់​ពីអ្វី​ដែល​យើង​រៀន​អំពីសេចក្ដីជំនឿ​មកពី​រឿង​នេះ សូម​សរសេរ​សេចក្ដីពិត​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ ការ​អនុវត្ត​សេចក្ដីជំនឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ តម្រូវ​ឲ្យ​យើង​បន្ដ​ជឿ​ទៅលើ​ទ្រង់​ទោះជា​នៅគ្រា​ដែល​គ្មាន​ភាព​ពិតប្រាកដ​ក្ដី ។

  • តើ​យើងអាច​អនុវត្ត​គោលការណ៍នេះ​នៅក្នុងជីវិត​របស់​យើង​តាមរបៀប​ណា ?

សូម​អញ្ជើញ​សិស្ស​បី​បួន​នាក់​ប្ដូរ​វេន​គ្នា​អាន​ឮៗ​នៅ​ក្នុង ម៉ាកុស ៥: ៣៧- ៤៣  ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម រកមើលអ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​កូនស្រី​របស់​យ៉ៃរ៉ុស ។

  • តើព្រះអង្គសង្គ្រោះ​សម្ដែង​អព្ភូតហេតុ​អ្វីខ្លះ​ ?

អ្នកអាច​នឹង​ចង់​ថ្លែង​ទីបន្ទាល់​អំពី​ព្រះចេស្ដា​របស់ព្រះអង្គសង្គ្រោះ​ក្នុង​ការប្រទានពរ និង ​ព្យាបាល​យើង ។ ចូរ​ចង្អុល​បង្ហាញ​ថា ពេល​ខ្លះ​ព្រះអង្គសង្គ្រោះ​រម្ងាប់​ព្យុះ​នៅក្នុងជីវិត​របស់​យើង​តាមរយៈ​ការ​ដកយក​នូវការ​លំបាក ឬ​ការ​ភ័យខ្លាច​ដែល​យើងជួប​ប្រទះនោះ​ចេញ ។ នៅគ្រា​ខ្លះទៀត ទ្រង់​អាច​នឹង​មិន​ដក​ការ​សាកល្បង​របស់​យើង​ចេញ​ទេ ដូច​បាន​បង្ហាញ​នៅ​ក្នុង​ដំណើររឿង​របស់​អែលឌើរ បូវិន អំពី​ការ​ស្លាប់​កូនប្រុស​របស់​គាត់ ។ ទោះជាយ៉ាងណា​ក៏ដោយ នៅពេល​យើង​អនុវត្ត​សេចក្ដីជំនឿ​ទៅលើព្រះយេស៊ូវ​គ្រីស្ទ នោះទ្រង់​នឹង​ប្រទាន​ភាព​សុខសាន្ដ​ដល់​យើង ក្នុង​គ្រាដែលយើង​មាន​ឧបសគ្គ ។

ដើម្បីជួយសិស្ស​យល់​អំពី​របៀប​ដែល​យើង​អាច​រក្សា​សេចក្ដីជំនឿ ទោះជា​លទ្ធផល​នៃ​ព្យុះ​ផ្ទាល់ខ្លួនរបស់​យើង​មាន​យ៉ាងណា​ក្ដី សូមអាន​ទីបន្ទាល់របស់​អែលឌើរ បូវិន ​ដូច​ខាងក្រោម ។ សូមអញ្ជើញសិស្ស​ឲ្យស្ដាប់​មើល​របៀប​ដែល​គាត់​អាច​រក្សា​សេចក្ដីជំនឿរបស់គាត់ ទោះជា​បន្ទាប់ពីការ​ស្លាប់​របស់កូនប្រុស​គាត់ក្ដី ។

រូបភាព
អែលឌើរ ស្សាយអិន អិម បូវិន

« នៅពេល​ខ្ញុំ​មានអារម្មណ៍ដឹង​ថា កំហុស កំហឹង និង ការអាណិត​ខ្លួន កំពុង​ព្យាយាមគ្របដណ្ដប់មក​លើ​ខ្ញុំ នោះ​ខ្ញុំ​បាន​អធិស្ឋាន​សុំ​ឲ្យ​ដួងចិត្ត​របស់​ខ្ញុំ​​ឲ្យ​បានផ្លាស់ប្ដូរ ។ តាមរយៈ​បទពិសោធន៍​ដ៏ពិសិដ្ឋ​ផ្ទាល់​ខ្លួន​នេះ ព្រះអម្ចាស់​បាន​ប្រទានដួងចិត្ត​ថ្មី​ដល់ខ្ញុំ ហើយ​ទោះ​ជា​វា​នៅតែ​មាន​ភាព​ឯកកោ និង ឈឺចាប់​ក្ដី ក៏​ទស្សនៈ​របស់​ខ្ញុំ​ទាំងមូលបានផ្លាស់ប្ដូរ ។ ខ្ញុំ​បាន​ឲ្យ​ដឹង​ថា ខ្ញុំ​ពុំ​ត្រូវ​បាន​បាត់បង់​ទេ ប៉ុន្តែ​មាន​នូវពរជ័យ​ដ៏​អស្ចារ្យ​មួយ កំពុងរង់ចាំ​ខ្ញុំ បើ​ខ្ញុំបង្ហាញ​ថា ខ្លួន​ខ្ញុំ​ស្មោះត្រង់ ។ …

« ខ្ញុំ​ថ្លែងទីបន្ទាល់​ដូច​បាន​ថ្លែង​ក្នុង​សៀវភៅ​ប្រកាសដំណឹងល្អ​របស់យើង​ថា ‹ នៅពេល​យើង​ពឹងផ្អែក​ទៅ​លើ​ដង្វាយធួន នៃ ព្រះយេស៊ូវគ្រីស្ទ នោះ​ទ្រង់​អាច​ជួយ​យើង​ឲ្យស៊ូទ្រាំ​ការសាកល្បង ជម្ងឺ និង ការឈឺចាប់​របស់​យើង ។ យើងអាច​ពេញ​ដោយ​ក្ដីអំណរ ភាពសុខសាន្ដ និង ការលួងលោមចិត្ត ។ អ្វីៗ​ទាំងអស់​ដែល​អយុត្តិធម៌​នៅក្នុង​ជីវិត​នេះ អាច​ត្រូវ​បាន​ធ្វើ​ឲ្យ​យុត្តិធម៌​តាមរយៈ​ដង្វាយធួន​របស់ព្រះយេស៊ូវ​គ្រីស្ទ › [ប្រកាស​ដំណឹងល្អ​របស់​យើង ៖ មគ្គុទេសន៍​ចំពោះ​ការបម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ( ឆ្នាំ ២០០៤ ) ទំព័រ ៥២ ] (« Because I Live » ទំព័រ ១៧ ) ។

  • ដូចជា​យ៉ៃរ៉ុស តើអ្នកឬនរណា​ម្នាក់ដែលអ្នក​ស្គាល់ ​បាន​រក្សា​សេចក្ដីជំនឿ​ទៅលើព្រះយេស៊ូវ​គ្រីស្ទ​អំឡុង​ពេល​នៃ​ភាព​ពុំពិតប្រាកដ​នៅពេលណា ? តើ​ជាលទ្ធផលមានពរជ័យអ្វីខ្លះ​បានកើតឡើង ? ​

សូមគិត​ពិចារណា​ធ្វើ​ការ​អញ្ជើញ​សិស្ស​ឲ្យ​ថ្លែងទីបន្ទាល់អំពី​សេចក្ដីពិត​ដែល​បាន​បង្រៀន​នៅក្នុង​មេរៀន​នេះ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

ម៉ាកុស ៤:៣៥-៤១។ ព្រះយេស៊ូវគ្រីស្ទ​បាន​រម្ងាប់​ព្យុះ

ប្រធាន ហាវើដ ដបុលយូ ហឹនធើរ បាន​ពិភាក្សា​ពី​សារៈសំខាន់​នៃ​សេចក្ដីពិត​អំពី​ដំណើររឿង​ដែលព្រះអង្គ​សង្គ្រោះ​បានរម្ងាប់​ព្យុះ​នៅលើ​សមុទ្រ​កាលីឡេ​របស់​ម៉ាកុស​ ៖

« យើង​ទាំងអស់គ្នា​ធ្លាប់​បានឃើញ​ព្យុះ​មួយ​រំពេច​មួយ​ចំនួន​នៅក្នុងជីវិត​របស់​យើង ។ ព្យុះ​មួយចំនួន ទោះជា​បណ្ដោះ​អាសន្ន​ដូច​នេះ​នៅ​លើ​សមុទ្រ​កាលីឡេ​ក្ដី ក៏អាច​មានភាព​ឃោរឃៅ ហើយ​ភ័យខ្លាច និង ​មានការ​បំផ្លិចបំផ្លាញ​ខ្លាំង​ផងដែរ ។ ជា​បុគ្គលម្នាក់ៗ ជា​ក្រុមគ្រួសារ ជា​សហគមន៍ ជា​ជាតិសាសន៍ សូម្បី​តែជា​ព្រះវិហារ​មួយ យើង​អាច​មាន​នូវ​ព្យុះ​កើតឡើង​មួយរំពេច ដែល​ធ្វើ​ឲ្យ​យើង​សួរ​តាម​របៀប​នេះ​ឬ​របៀប​ផ្សេងថា ‹ លោក​គ្រូ​អើយ យើង​វិនាស​ហើយ ​លោក​មិន​រវល់​ទេ​ឬ​អី ? › ហើយ​យើង​តែ​ងតែ​ស្តាប់​ឮ​ដោយស្ងប់ស្ងាត់​បន្ទាប់ពី​ព្យុះ​តាម​របៀប​នេះ​ឬ​របៀប​ផ្សេងថា ‹ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ភ័យ​ដល់​ម៉្លេះ ម្តេច​ក៏​គ្មាន​សេចក្តី​ជំនឿ ? ›

« គ្មាន​គ្នា​យើង​ណា​ម្នាក់​ចង់​គិត​ថា យើង​គ្មានជំនឿ​នោះទេ ប៉ុន្តែ​ខ្ញុំ​គិត​ស្មាន​ថា ការ​ស្ដីបន្ទោស​ដ៏ទន់ភ្លន់​របស់ព្រះអម្ចាស់នៅទីនេះ គឺ​សម​នឹង​ទទួល​បាន​យ៉ាង​ខ្លាំង ។ ព្រះយេហូវ៉ា​ដ៏​មហិមា​នេះ ដែល​យើង​និយាយ​ថា យើងទុកចិត្តលើ ហើយ​ដែល​ព្រះ​នាម​ទ្រង់ ​យើងលើក​ដាក់លើ​ខ្លួននេះ គឺ​ជា​ទ្រង់​នេះ​ហើយ​ដែលបាន​មានបន្ទូលថា ‹ ចូរ​ឲ្យ​មាន​ប្រឡោះ​នៅ​កណ្តាល​ទឹក ដើម្បី​ញែក​ទឹក​ចេញ​ពី​គ្នា › ។ (លោកុ. ១:៦) ។ ហើយ​គឺទ្រង់​នេះ​ហើយ​​ដែល​មានបន្ទូលផងដែរ​ថា ‹ ចូរ​ឲ្យ​ទឹក​នៅ​ក្រោម​មេឃ​ប្រមូល​គ្នា​នៅ​កន្លែង​តែ​១ ហើយ​ឲ្យ​មាន​ទី​គោក​ដុះ​លេច​ឡើង › ។ (លោកុ. ១:៩) ។ លើសពី​នោះទៀត គឺជា​ទ្រង់នេះ​ហើយ​ដែល​ញែក​ទឹក​សមុទ្រ​ក្រហម អនុញ្ញាត​ឲ្យ​ពួកសាសន៍​អ៊ីស្រាអែល​ដើរ​ឆ្លង​កាត់​នៅលើ​ដី​ស្ងួត​នោះ ។ ( សូមមើល និក្ខំ. ១៤:២១–២២) ។ ប្រាកដណាស់​ថា វា​គ្មានអ្វីគួរ​ឲ្យភ្ញាក់ផ្អើល​ទេ ដែល​ទ្រង់អាច​បញ្ជា​ធាតុ​មួយចំនួន​ឲ្យ​កើត​ឡើង​នៅលើ​សមុទ្រ​កាលីឡេ​នោះ ។ ហើយ​សេចក្ដីជំនឿរបស់​យើង​គប្បី​រំឭក​យើង​ថា ទ្រង់អាច​រម្ងាប់​ទឹក​ដែលវឹកវរ​នៅក្នុងជីវិត​របស់​យើង​បាន » (​« Master, the Tempest Is Raging »Ensignខែ​ វិច្ឆិកា ឆ្នាំ ១៩៨៤ ទំព័រ ៣៣ ) ។

ម៉ាកុស ៥:៣០ ។ « មាន​ព្រះចេស្តា​ចេញ​ពី​ទ្រង់ »

មាន​ការ​បកប្រែ​មួយចំនួន​នៃម៉ាកុស ៥:៣០​ថ្លែង​ថា « ព្រះចេស្ដា » បាន​ចេញ​ពី​ព្រះយេស៊ូវ​គ្រីស្ទ​ទៅ នៅពេល​ស្ត្រី​នោះ​ត្រូវ​បាន​ព្យាបាលឲ្យជា​សះស្បើយ ។ នៅក្នុងអត្ថបទ​ដើម​នៃ​គម្ពីរ​សញ្ញាថ្មី​ក្នុងភាសា​ក្រិក ពាក្យ​ដែល​ឆ្លើយ​តប​ទៅនឹង​ ព្រះចេស្ដាគឺថាមពលដែ​ល​មាន​ន័យ​ថាជា « ព្រះចេស្ដា » ឬ « កម្លាំង » ។

ម៉ាកុស ៥:៣៦ ។ « ចូរ​កុំខ្លាច​អី ឲ្យ​គ្រាន់តែ​ជឿ​ប៉ុណ្ណោះ »

សេចក្ដីពិតមួយ​ដែល​បាន​បង្រៀន​នៅក្នុងម៉ាកុស ៤-៥គឺ​ថា សេចក្ដីជំនឿ និង​ សេចក្ដីភ័យ​ខ្លាច គឺមិន​ត្រូវ​គ្នាទេ ។ នៅក្នុង​ទាំងម៉ាកុស ៤:៤០និងម៉ាកុស ៥:៣៦ព្រះអង្គ​សង្គ្រោះ​បាន​ដាស់តឿន​ដល់អ្នកទាំងឡាយ​ដែល​ទ្រង់​បាន​បង្រៀន​ឲ្យ​ដាក់​សេចក្ដីជំនឿ​ទៅលើទ្រង់ជំនួសឲ្យ​​ភាព​ភ័យ​ខ្លាច​របស់ពួកគេ​ ។ ដំណើរ​រឿ​ង​ទាំង​នេះ បន្សល់​ទុក​ឲ្យ​យើង​នូវមេរៀន​ដ៏​មាន​អានុភាព​មួយ ដើម្បីមានសេចក្ដីជំនឿ​ទៅលើព្រះយេស៊ូវ​គ្រីស្ទ ហើយ​កុំ​ស្ដាប់​ភាពភ័យខ្លាច​របស់យើង ។

នៅក្នុង​សុន្ទរកថាមួយ​ថ្លែង​​ទៅកាន់​គ្រូ​បង្រៀន​ក្នុង​ប្រព័ន្ធ​អប់​រំ​ខាង​សាសនា​របស់​សាសនាចក្រ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់​បាន​សុំ​ដល់​សិស្ស និង ​គ្រូបង្រៀនថា « ​កុំឲ្យ​ខ្លាច​អី ឲ្យ​គ្រាន់តែ​ជឿ​ប៉ុណ្ណោះ » ។ លោក​បាន​លើក​ទឹកចិត្ត​យើង​ឲ្យ​មាន​ទំនុក​ចិត្ត​ទាំង​ស្រុង​ទៅលើ​ព្រះ ហើយ​ឲ្យ​និយាយ​ដោយ​ការ​ជឿស៊ប់​ថា ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា « សេចក្ដីពិត​ដ៏​ពិតបំផុត សុវត្ថិភាពបំផុត អាច​ជឿទុកចិត្ត​បំផុត ហើយ​ជា​រង្វាន់ធំ​បំផុត​នៅលើ​ផែនដី និង​ នៅ​ស្ថានសួគ៌​សម្រាប់​ពេល​នេះ និង​ ដ៏​នៅអស់កល្បជានិច្ច » ។ លោក​បាន​ថ្លែង​ទីបន្ទាល់​ថា ភាពភ័យខ្លាច ភាព​សង្ស័យ និង ​កង្វល់ អាច​នឹង​ត្រូវ​យកឈ្នះលើ​បាន នៅពេល​យើង​ផ្ដោត​ទៅលើ « សេចក្ដីពិត​ដ៏​​រុងរឿង ដ៏អស់កល្ប និង ​ជា​កម្រិត​ទីមួយ [ ដែល ​] ជា​ចំនុច​សំខាន់​ចំពោះ​សារលិខិត​ដំណឹងល្អ​ទាំងមូល » —ដូចជា​ផែនការ​នៃ​សេចក្ដីសង្គ្រោះ ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ការនិមិត្ត​ដំបូង ការ​ស្ដារឡើងវិញ​នៃ​បព្វជិតភាព និង​ ព្រះគម្ពីរមរមន—ហើយ​ពុំ​ទុកចោល ឬ​បំបាត់​ចោល​សេចក្ដីពិត​ពេញលេញ​ដោយ​ « ការ​ខ្វល់ខ្វាយ​ទៅលើ​បំណែក​នៃ​កម្រិត​ទីពីរ ឬ​ទីបី ឬ​ទីបួន​នៃ​ផែនការ​ទាំងមូល​នោះទេ » ។ ( សូមមើល « Be Not Afraid, Only Believe » [ ល្ងាច​មួយ​ជាមួយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ថ្ងៃទី ៦ ខែ កុម្ភៈ ឆ្នាំ ២០១៥ ], lds.org/broadcasts ) ។

អែលឌើរ នែល អិល អាន់ឌើរសិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ក៏បាន​បង្រៀន​ផងដែរ​អំពី​ការ​យក​ឈ្នះ​លើ​ភាពភ័យខ្លាច​តាមរយៈ​សេចក្ដីជំនឿ​ទៅលើព្រះអម្ចាស់ ៖

« ឧបសគ្គ ការលំបាក សំណួរ ការសង្ស័យ —រឿងទាំងនេះ គឺជាចំណែក នៃ​ជីវិតរមែងស្លាប់របស់​យើង ។ ប៉ុន្តែយើងពុំនៅម្នាក់ឯងទេ ។ ក្នុងនាមជាសិស្សនៃព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ យើង​មានអាងនៃពន្លឺ និង​សេចក្ដីពិត​ខាង​វិញ្ញាណ ដែលមានចំពោះយើង ។ ភាពភ័យខ្លាច និង សេចក្ដីជំនឿពុំអាចនៅជាមួយគ្នាក្នុងដួងចិត្តយើង​ក្នុងពេល តែមួយ​បាន​ទេ ។ នៅក្នុងគ្រានៃការលំបាករបស់យើង យើងជ្រើសរើសផ្លូវនៃសេចក្ដីជំនឿ ។ ព្រះយេស៊ូវ​បាន​មានបន្ទូល​ថា ‹ ​កុំឲ្យ​ខ្លាច​អី ឲ្យ​គ្រាន់តែ​ជឿ​ប៉ុណ្ណោះ › [ម៉ាកុស ៥:៣៦] » (« You Know Enough »EnsignLiahonaខែ​ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ១៤ ) ។