មេរៀនទី ១៥
ម៉ាថាយ ១៣:១-២៣
សេចក្ដីផ្ដើម
កាលព្រះយេស៊ូវគង់នៅស្រុកកាលីឡេ មានហ្វូងមនុស្សច្រើនសន្ធឹកបានមករកទ្រង់ ។ ព្រះអង្គសង្គ្រោះបានបង្រៀនមនុស្សទាំងនោះដោយប្រើរឿងប្រៀបប្រដូចនានា ដោយចាប់ផ្ដើមជាមួយនឹងរឿងប្រៀបប្រដូចអំពីអ្នកព្រួសគ្រាប់ពូជ ។
យោបល់សម្រាប់ការបង្រៀន
ម៉ាថាយ ១៣:១-១៧
ព្រះអង្គសង្គ្រោះចាប់ផ្ដើមបង្រៀនជារឿងប្រៀបប្រដូច
សូមបង្ហាញសិស្សនូវកំប៉ុងតូចមួយដែលមានដីពេញ ។
-
តើដីដែលមានជីវជាតិមានលក្ខណៈអ្វីខ្លះ ? ចុះដែលគ្មានជីវជាតិវិញ ?
សូមពន្យល់ថានៅក្នុង ម៉ាថាយ ១៣:១–២៣យើងអានថា ព្រះអង្គសង្គ្រោះបានប្រៀបធៀបប្រភេទដីខុសគ្នាទៅនឹងកម្រិតនៃការបើកចំហ ឬការទទួលយកខាងវិញ្ញាណនៃដួងចិត្តរបស់មនុស្សម្នាក់ៗ ។ នៅពេលសិស្សសិក្សាខគម្ពីរទាំងនេះ សូមអញ្ជើញពួកគេឲ្យពិចារណាថា តើប្រភេទដីមួយណាដែលទំនងជាស្ថានភាពនៃដួងចិត្តរបស់ពួកគេសព្វថ្ងៃ ។
ចូរសុំឲ្យសិស្សម្នាក់អាន ម៉ាថាយ ១៣:១-៣ ឲ្យឮៗ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលពីរបៀបដែលព្រះយេស៊ូវបានបង្រៀនដល់ហ្វូងមនុស្សនៅស្រុកកាលីឡេ ។
-
តើព្រះយេស៊ូវបានបង្រៀនដល់ហ្វូងមនុស្សទាំងនោះតាមរបៀបណា ? ( ជារឿងប្រៀបប្រដូច ) ។
សូមអញ្ជើញសិស្សឲ្យអានឃ្លាពីរដំបូងក្រោមពាក្យ « រឿងប្រៀបប្រដូច » ក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ។
-
តើរឿងប្រៀបប្រដូចគឺជាអ្វី ?
សូមពន្យល់ថា រឿងប្រៀបប្រដូចគឺជា « រឿងសាមញ្ញមួយដែលត្រូវបានប្រើ ដើម្បីបង្ហាញ និងបង្រៀន សេចក្តីពិតខាងវិញ្ញាណ ឬពីគោលការណ៏ ។ រឿងប្រដូចយោងទៅលើការប្រៀបធៀបវត្ថុបំណងធម្មតា ឬ ព្រឹត្តិការណ៍មួយ ទៅនឹងសេចក្ដីពិត » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « រឿងប្រៀបប្រដូច » scriptures.lds.org ) ។
-
យោងតាម ម៉ាថាយ ១៣:៣តើរឿងប្រៀបប្រដូចរបស់ព្រះអង្គសង្គ្រោះថ្លែងពីអ្វីទៅ ? ( សូមពន្យល់ថា ការព្រួសគ្រាប់ពូជ មានន័យថា ការពង្រាយ ឬដាំគ្រាប់ពូជ ) ។
ចូរសុំឲ្យសិស្សពីរបីនាក់ប្ដូរវេនគ្នាអានឮៗនៅក្នុង ម៉ាថាយ ១៣:៤-៩ ។ សូមអញ្ជើញសិស្សក្នុងថ្នាក់ផ្ទៀងតាមរកមើលដីបួនប្រភេទ ដែលគ្រាប់ពូជរបស់អ្នកព្រួសគ្រាប់ពូជបានធ្លាក់លើ ។
-
តើដីប្រភេទណាខ្លះ ដែលគ្រាប់ពូជរបស់អ្នកព្រួសគ្រាប់ពូជបានធ្លាក់លើ ?
សូមគូរ រូបភាព នៅលើក្ដារខៀនដែលបរិយាយពីដីទាំងបួនប្រភេទ ហើយអញ្ជើញសិស្សឲ្យគូររូបស្រដៀងគ្នានេះ នៅក្នុងសៀវភៅកំណត់ចំណាំ ឬលើក្រដាសដែលអ្នកផ្តល់ឲ្យពួកគេ ។
សូមពន្យល់ថា ភ្លឺស្រែគឺជាគន្លងមួយនៅក្បែរទីវាលដែលមានភាពកាន់តែរឹងហាប់ ដោយសារតែមានមនុស្សដើរជាន់វា ។ ភាពរឹងហាប់ណែននៃភ្លឺស្រែ រារាំងគ្រាប់ពូជមិនឲ្យដុះឫសចាក់ចូលទៅក្នុងដីនោះ ។ កន្លែងថ្ម គឺជាផ្ទៃថ្មដែលគ្របដណ្ដប់ដោយស្រទាប់ដីស្ដើង ។ ហេតុដូច្នេះហើយ គ្រាប់ពូជអាចមានឫសរាក់ ថ្មដែលនៅពីក្រោមស្រទាប់ដីនោះរារាំងឫសកុំឲ្យចាក់ចូលទៅជ្រៅបាន ។ ដីដែលមានបន្លា គឺជាដីមានជីវជាតិ ប៉ុន្តែបន្លាបានដុះព័ទ្ធរុក្ខជាតិទាំងឡាយធ្វើឲ្យវាពុំអាចទទួលពន្លឺ ទឹក និងសារធាតុចិញ្ចឹមដែលចាំបាច់បានឡើយ ។ ដីល្អ គឺជាដីមានជីវភាពដែលឫសអាចដុះចាក់ចូលយ៉ាងជ្រៅបាន ។
សូមសង្ខេប ម៉ាថាយ ១៣:១០–១៣ ដោយពន្យល់ថា ពួកសិស្សរបស់ព្រះអង្គសង្គ្រោះបានទូលសួរទ្រង់ពីហេតុផលដែលទ្រង់បង្រៀនជារឿងប្រៀបប្រដូច ។ ព្រះអង្គសង្គ្រោះបានពន្យល់ថា រឿងប្រៀបប្រដូចទាំងឡាយបានបើកសម្ដែងពីអាថ៌កំបាំង ឬសេចក្ដីពិតនៃនគរស្ថានសួគ៌ ដោយលាក់កំបាំងអត្ថន័យពីជនដែលពុំបានរៀបចំខ្លួនខាងវិញ្ញាណ ( សូមមើល [ Church Educational System manual ឆ្នាំ ២០១៤ ] ទំព័រ ៤៥ ) ។
សូមអញ្ជើញសិស្សម្នាក់អាន ម៉ាថាយ ១៣:១៤-១៥ ឲ្យឮៗ ហើយចូរសុំឲ្យសិស្សក្នុងថ្នាក់រកមើលអ្វី ដែលរារាំងមនុស្សពីការយល់ដឹងសេចក្ដីពិតដែលព្រះអង្គសង្គ្រោះបានបង្រៀន ។
-
តើព្រះអង្គសង្គ្រោះបានមានបន្ទូលថា អ្វីទៅដែលបានរារាំងមនុស្សពីការមើលឃើញ ការស្ដាប់ឮ និងការយល់ដឹងពីសេចក្ដីពិតដែលទ្រង់បានបង្រៀន ។ ( សូមពន្យល់ថា ឃ្លា « ចិត្តរបស់ជនជាតិនេះបានត្រឡប់ជាស្ពឹកវិញ » មានន័យថា មនុស្សនោះមានចិត្តរឹងរូស ហើយស្ពឹក ) ។
នៅលើក្ដារខៀនក្បែរគំនូរភ្លឺស្រែ សូមសរសេរសេចក្ដីថ្លែងការណ៍មិនពេញលេញដូចតទៅ ៖ ប្រសិនបើយើងមានចិត្តរឹងរូស នោះ …
-
យោងតាម ខទី ១៥តើយើងអាចបាត់បង់ពរជ័យអ្វីខ្លះ ប្រសិនបើយើងមានចិត្តរឹងរូស ? ( បន្ទាប់ពីសិស្សឆ្លើយរួចហើយ សូមបំពេញប្រយោគនៅលើក្ដារខៀនដើម្បីនាំទៅរកគោលការណ៍ខាងក្រោមនេះ ៖ ប្រសិនបើយើងមានចិត្តរឹងរូស នោះយើងនឹងពុំយល់ពីព្រះបន្ទូលព្រះ ពុំបានប្រែចិត្តជឿចំពោះព្រះអង្គសង្គ្រោះ ហើយនឹងបានព្យាបាលដោយទ្រង់ឡើយ ) ។
-
តើការប្រែចិត្តជឿចំពោះព្រះអង្គសង្គ្រោះ ហើយត្រូវបានព្យាបាលមានន័យដូចម្ដេច ? ( ការបានផ្លាស់ប្ដូរ ហើយបានបរិសុទ្ធតាមរយៈដង្វាយធួនរបស់ទ្រង់ គឺដើម្បីឲ្យជំនឿ ដួងចិត្ត និងជីវិតរបស់យើង បានស្របទៅតាមព្រះទ័យរបស់ព្រះវរបិតាសួគ៌ ហើយយើងបានរួចផុតពីបន្ទុកនៃអំពើបាប ) ។
សូមសង្ខេប ម៉ាថាយ ១៣:១៦–១៧ ដោយពន្យល់ថា ព្រះយេស៊ូវបានមានព្រះបន្ទូលប្រាប់ពួកសិស្សរបស់ទ្រង់ថា ពួកគេមានពរ ដោយសារពួកគេមានភ្នែកដែលអាចមើលឃើញ និងត្រចៀកដែលអាចស្ដាប់ឮ ។
ម៉ាថាយ ១៣:១៨–២៣
ព្រះអង្គសង្គ្រោះប្រទានការបកស្រាយរឿងប្រៀបប្រដូចស្ដីពីអ្នកព្រួសគ្រាប់ពូជ
សូមយោងម្ដងទៀតទៅគំនូររបស់ភ្លឺស្រែនៅលើក្ដារខៀន ។ សូមអញ្ជើញសិស្សម្នាក់អាន ម៉ាថាយ ១៣:១៨–១៩ ឲ្យឮៗ ។ សូមអញ្ជើញសិស្សក្នុងថ្នាក់ឲ្យផ្ទៀងតាម រកមើលអ្វីដែលព្រះអង្គសង្គ្រោះបានប្រៀបធៀបទៅនឹងគ្រាប់ពូជ លើភ្លឺស្រែ និងបក្សីដែលបានលើកឡើងនៅក្នុង ម៉ាថាយ ១៣:៤ ។
-
តើគ្រាប់ពូជតំណាងឲ្យអ្វី ? ( សូមសរសេរឃ្លា ព្រះបន្ទូលព្រះសម្រាប់គំនូរគ្រាប់ ពូជ ) ។
-
តើភ្លឺស្រែតំណាងឲ្យដួងចិត្តប្រភេទណាដែរ ? ( សូមសរសេរឃ្លា ពុំយល់ពីសេចក្ដីពិត [ ចិត្តរឹងរូស ]សម្រាប់គំនូរផ្លូវ ) ។
-
តើសត្វស្លាបតំណាងឲ្យអ្វី ? តើនរណាជា « ជនទុច្ចរិត » ? ( សូមសរសេរឃ្លា សាតាំង និងពួកបរិវាររបស់វាសម្រាប់គំនូរសត្វស្លាប ) ។
-
តើការបង្រៀនរបស់ព្រះអង្គសង្គ្រោះស្ដីពីភ្លឺស្រែនោះ អាចជួយយើងឲ្យយល់ដឹងបន្ថែមទៀតពីគោលការណ៍ថា ប្រសិនបើយើងមានចិត្តរឹងរូស នោះយើងពុំយល់ពីព្រះបន្ទូលព្រះ ពុំបានប្រែចិត្តជឿចំពោះព្រះអង្គសង្គ្រោះ ហើយពុំបានព្យាបាលដោយទ្រង់ដោយរបៀបណា ?
សូមយោងទៅគំនូរដីមានថ្មីនៅលើក្ដារខៀន ។
សូមអញ្ជើញសិស្សពីរបីនាក់ឲ្យប្ដូរវេនគ្នាអានឮៗក្នុង ម៉ាថាយ ១៣:២០–២១ និង លូកា ៨:១៣ ។ សូមអញ្ជើញសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលការបកស្រាយរបស់ព្រះអង្គសង្គ្រោះចំពោះកន្លែងដែលមានថ្ម ។
-
តើរុក្ខជាតិដែលបានដុះនៅលើដីមានថ្មនោះតំណាងឲ្យអ្វី ? ( សូមសរសេរឃ្លា ទីបន្ទាល់ដែលគ្មានឫសចាក់ជ្រៅសម្រាប់គំនូររុក្ខជាតិនៅលើដីមានថ្ម ) ។
-
តើកំដៅព្រះអាទិត្យតំណាងឲ្យអ្វី ? ( នៅលើគំនូររុក្ខជាតិដែលមានឫសរាក់ សូមសរសេរ ការឈឺចាប់យ៉ាងខ្លាំង ការបៀតបៀន និង ការល្បួង ) ។
សូមសរសេរសេចក្ដីថ្លែងការណ៍មិនពេញលេញខាងក្រោម នៅលើក្ដារខៀនក្បែរគំនូរដីដែលមានថ្ម ៖ លុះត្រាយើងខិតខំធ្វើឲ្យទីបន្ទាល់របស់យើងកាន់តែជ្រៅឡើង …
-
យោងតាមអ្វីដែលអ្នកបានរៀននៅក្នុង ម៉ាថាយ ១៣:២០–២១ និង លូកា ៨:១៣តើអ្នកនឹងបំពេញសេចក្ដីថ្លែងការណ៍នោះយ៉ាងដូចម្ដេច ? ( បន្ទាប់ពីសិស្សឆ្លើយរួចហើយ សូមបំពេញសេចក្ដីថ្លែងការណ៍នៅលើក្ដារខៀនដើម្បីនាំទៅរកគោលការណ៍ខាងក្រោមនេះ ៖ លុះត្រាយើងខិតខំធ្វើឲ្យទីបន្ទាល់របស់យើងកាន់តែខ្លាំងឡើង នោះយើងប្រហែលជាខ្វះកម្លាំងចាំបាច់ដើម្បីស៊ូទ្រាំនឹងការឈឺចាប់ដ៏ខ្លាំង ការបៀតបៀន និងការល្បួងទាំងឡាយ ) ។
សូមយោងទៅគំនូរដីមានបន្លានៅលើក្ដារខៀន ។ សូមអញ្ជើញសិស្សអាន ម៉ាថាយ ១៣:២២ ដោយស្ងៀមស្ងាត់ ហើយរកមើលថា តើបន្លាតំណាងឲ្យអ្វី ។
-
តើបន្លាតំណាងឲ្យអ្វី ? ( សូមសរសេរឃ្លា ការខ្វល់ខ្វាយពីលោកិយសម្រាប់គំនូរបន្លា ) ។
-
តើឧទាហរណ៍មួយចំនួនពី « ការខ្វល់ខ្វាយពីលោកិយ » មានអ្វីខ្លះ ? ( ភាពរីករាយក្នុងលោកិយ ភាពលោភលន់ ឬការអូសទាញខាងសាច់ឈាមដែលនាំយើងឲ្យឃ្លាតឆ្ងាយពីព្រះ ) ។
-
តើយើងអាចរៀនគោលការណ៍អ្វីខ្លះ ពីខគម្ពីរនេះអំពីអ្វីដែលការខ្វល់ខ្វាយពីលោកិយអាចប៉ះពាល់ដល់សេចក្ដីជំនឿ និងទីបន្ទាល់របស់យើង ។ ( បន្ទាប់ពីសិស្សឆ្លើយរួចហើយ សូមសរសេរគោលការណ៍ខាងក្រោមនៅលើក្ដារខៀនក្បែរនឹងគំនូរដីដែលមានបន្លា ) ។ ការខ្វល់ខ្វាយពីលោកិយអាចរំខានយើង ដកយកការផ្ដោតយកចិត្តទុកដាក់របស់យើងចេញពីព្រះអម្ចាស់ ហើយពន្លិចសេចក្ដីជំនឿ និងទីបន្ទាល់របស់យើងពីព្រះបន្ទូលព្រះ ) ។
សូមយោងទៅគំនូរដីល្អនៅលើក្ដារខៀន ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន ម៉ាថាយ ១៣:២៣ ឲ្យឮៗនិងផ្នែកនៃការបកប្រែដោយយ៉ូសែប ស្ម៊ីធ សម្រាប់ខគម្ពីរនេះបានបញ្ជាក់ថា ពាក្យ « យល់ » ប្រសិនបើបកប្រែឲ្យត្រឹមត្រូវនោះគឺថា « យល់ ហើយស៊ូទ្រាំ » ។ សូមអញ្ជើញសិស្សក្នុងថ្នាក់ឲ្យផ្ទៀងតាម រកមើលថាតើដីល្អតំណាងឲ្យអ្វី ។
ដើម្បីជួយសិស្សយល់ដឹងពីសារៈសំខាន់ពាក្យ ស៊ូទ្រាំ នៅក្នុងការបកប្រែដោយយ៉ូសែប ស្ម៊ីធ ម៉ាថាយ ១៣:២១ សូមចង្អុលបង្ហាញថា រុក្ខជាតិដុះនៅលើដីល្អបានទទួលរងកំដៅថ្ងៃដូចគ្នា ( តំណាងឲ្យការឈឺចាប់ដ៏ខ្លាំង ការបៀតបៀន និងការល្បួងទាំងឡាយ ) នឹងរុក្ខជាតិស្រពោនដុះនៅលើដី ដែលមានបន្លាដែរ ។
-
តើអ្នកនឹងសន្និដ្ឋានថា ដីល្អតំណាងអ្វីតាមរបៀបណា ? ( សូមសរសេរឃ្លា មនុស្សម្នាក់ដែលស្ដាប់ ហើយយល់ព្រះបន្ទូលព្រះ ហើយស៊ូទ្រាំនឹងការឈឺចាប់ដ៏ខ្លាំង ការបៀតបៀន និងការល្បួងទាំងឡាយ ) ។
-
យោងតាម អ្វីដែលយើងបានរៀននៅក្នុង ម៉ាថាយ ១៣:១៥តើផលផ្លែដែលបានលើកឡើងនៅក្នុង ខទី ២៣ អាចតំណាងឲ្យអ្វីទៅ ? ( ការប្រែចិត្តជឿចំពោះព្រះយេស៊ូវគ្រីស្ទ ) ។
-
តើយើងអាចរៀនគោលការណ៍អ្វីខ្លះ មកពីការបង្រៀនរបស់ព្រះអង្គសង្គ្រោះអំពីដីល្អ ? ( បន្ទាប់ពីសិស្សឆ្លើយរួចហើយ សូមសរសេរគោលការណ៍ខាងក្រោមនៅលើក្ដារខៀនក្បែរនឹងគំនូរដីល្អ ) ។ នៅពេលយើងទទួលព្រះបន្ទូលព្រះ យល់ពីព្រះបន្ទូលនោះ ហើយស៊ូទ្រាំនឹងការឈឺចាប់ដ៏ខ្លាំង ការបៀតបៀន និងការល្បួងទាំងឡាយ យើងនឹងត្រូវបានប្រែចិត្តជឿចំពោះព្រះអង្គសង្គ្រោះ ) ។
ដើម្បីជួយសិស្សយល់ដឹងបន្ថែមទៀតពីគោលការណ៍ដែលពួកគេបានស្គាល់ សូមអញ្ជើញសិស្សបួននាក់ ឲ្យគេម្នាក់ៗអានសាច់រឿងមួយដូចខាងក្រោមនេះឲ្យឮៗ ។ បន្ទាប់ពីសិស្សម្នាក់ៗបានអានរួចហើយ សូមអញ្ជើញសិស្សក្នុងថ្នាក់ឲ្យពន្យល់ពីគោលការណ៍នីមួយៗដែលសាច់រឿងគូសបង្ហាញ ៖
-
មានយុវជនម្នាក់ចំណាយពេលស្ទើរតែរាល់ថ្ងៃខំសិក្សារៀនសូត្រ ដើម្បីទទួលបានការចូលរៀននៅសាកលវិទ្យាល័យដ៏ល្បីល្បាញមួយ ។ នៅពេលគាត់មិនរវល់ក្នុងការសិក្សា គាត់ខិតខំធ្វើការ ។ គាត់ប្រាប់ខ្លួនឯងថា គាត់គ្មានពេលអានព្រះគម្ពីរ អធិស្ឋាន ឬទៅព្រះវិហារនោះទេ ។
-
មានយុវនារីម្នាក់ធ្លាប់ចូលចិត្តទៅព្រះវិហាររាល់ថ្ងៃអាទិត្យ ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលនាងចម្រើនវ័យធំឡើង មានមិត្តខ្លះបានចាប់ផ្ដើមសើចចំអកដាក់នាងដោយសារបទដ្ឋានរបស់នាង ។ នាងបានចាប់ផ្ដើមធ្វើខុសនឹងព្រះបញ្ញត្តិមួយចំនួន ។ នាងគ្មានអារម្មណ៍សុខស្រួលនៅឯព្រះវិហារទៀតឡើយ ហើយបានបាត់បង់បំណងប្រាថ្នាចង់ទៅចូលរួម ។
-
មានយុវជនម្នាក់បានទៅព្រះវិហារជាទៀងទាត់ ប៉ុន្តែគាត់គ្រាន់តែទៅចូលរួម ហើយពុំបានបើកដួងចិត្តរបស់គាត់ចំពោះព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធឡើយ ។ គាត់បានអានព័ត៌មានតាមអ៊ិនធើរណែត ដែលបដិសេធគោលលទ្ធិដ៏សំខាន់របស់សាសនាចក្រ ហើយគាត់សួរខ្លួនឯងថាតើគាត់នៅជឿលើសេចក្ដីពិតដ៏ពេញលេញនៃដំណឹងល្អទៀតដែរឬទេ ។
-
មានយុវនារីម្នាក់ទៅព្រះវិហារ ហើយអធិស្ឋានដោយស្ងៀមស្ងាត់ដើម្បីនាងអាចទទួលបានការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ ។ នៅពេលនាងទទួលបានការបំផុសគំនិត នោះនាងបានធ្វើតាមវា ។ នាងមានអារម្មណ៍នៅជិតនឹងព្រះអម្ចាស់ ហើយមានអំណរគុណចំពោះវិធីដែលនាងបានទទួលការបំផុសគំនិតដើម្បីយកឈ្នះលើការល្បួង ។
សូមពន្យល់សិស្សថា ដួងចិត្តប្រៀបដូចជាដីដែរ វាអាចផ្លាស់ប្ដូរ ហើយប្រសើរឡើង ។ សូមសរសេរសំណួរខាងក្រោមដាក់លើ ក្ដារខៀន ឬ ផ្តល់ជាឯកសារចែកឲ្យសិស្ស ៖ សូមអញ្ជើញសិស្សអាន ហើយពិភាក្សាសំណួរនោះជាមួយនឹងដៃគូ ៖
តើត្រូវធ្វើអ្វីខ្លះដើម្បីផ្លាស់ប្ដូរ ឬថែទាំប្រភេទដីនីមួយៗដើម្បីឲ្យវាក្លាយជាកន្លែងគាប់ចិត្តមួយ ដើម្បីនឹងដាំដុះរុក្ខជាតិដែលលូតលាស់ផ្ដល់ផ្លែផ្កា ?
តើយើងអាចប្រដូចការធ្វើឲ្យដីនីមួយៗបានប្រសើរឡើងទៅនឹងអ្វីដែលយើងអាចធ្វើដើម្បីកាន់តែ ងាយទទួលព្រះបន្ទូលព្រះដោយរបៀបណា ?
ក្រោយពីមានពេលគ្រប់គ្រាន់ហើយ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យប្រាប់ចម្លើយរបស់ពួកគេដល់សិស្សក្នុងថ្នាក់ ។
-
តើការខិតខំទទួលបាន ហើយយល់ព្រះបន្ទូលព្រះធ្លាប់ជួយអ្នកឲ្យក្លាយជាប្រែចិត្តជឿយ៉ាងខ្លាំងទៅលើព្រះអង្គសង្គ្រោះបានដោយរបៀបណា ?
សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតថាតើដីប្រភេទ ណាដែលតំណាងឲ្យស្ថានភាពដួងចិត្តរបស់ពួកគេ នៅពេលនេះបានយ៉ាងល្អបំផុត ។ សូមអញ្ជើញសិស្សដាក់គោលដៅមួយពាក់ព័ន្ធនឹងអ្វីដែលពួកគេធ្វើ ដើម្បីទទួលបាន ហើយយល់ពីព្រះបន្ទូលព្រះកាន់តែប្រសើរឡើង ហើយស៊ូទ្រាំនឹងការឈឺចាប់ដ៏ខ្លាំង ការបៀតបៀន និងការល្បួងទាំងឡាយ ។ ប្រសិនបើមានពេល សូមអញ្ជើញសិស្សឲ្យ សរសេរ គោលដៅរបស់ខ្លួននៅក្នុងសៀវភៅកំណត់ចំណាំក្នុងថ្នាក់ ឬសៀវភៅកំណត់ត្រាការសិក្សាព្រះគម្ពីររបស់ពួកគេ ។
សេចក្តីពន្យល់ និង ព័ត៌មានសាច់រឿង
ម៉ាថាយ ១៣:៣–៨, ១៨–២៣ ។ រឿងប្រៀបប្រដូចនៃអ្នកព្រោះគ្រាប់ពូជ
ប្រធាន ជែមស៍ អ៊ី ហ្វោស្ត ក្នុងគណៈប្រធានទីមួយបានបង្រៀនពីអ្វីដែលយើងអាចធ្វើដើម្បីត្រៀមដួងចិត្តរបស់យើងឲ្យងាយនឹងទទួលបានព្រះបន្ទូលព្រះ ៖
« ដើម្បីឲ្យគ្រាប់ពូជនៃសេចក្ដីជំនឿលាស់ចេញពន្លកនៅក្នុងជីវិតរបស់យើង យើងត្រូវចៀសឲ្យផុតពីកណ្ដាប់ដៃរបស់សាតាំង ។
« យើងក៏ត្រូវត្រៀមថ្នាលនៃសេចក្ដីជំនឿផ្ទាល់ខ្លួនរបស់យើងផងដែរ ។ ដើម្បីធ្វើកិច្ចការនេះបាន យើងត្រូវភ្ជួរដីតាមរយៈការអធិស្ឋានដ៏រាបសា ការទូលសុំកម្លាំង និង ការអភ័យទោសប្រចាំថ្ងៃ ។ យើងត្រូវរាស់ដីដោយការយកឈ្នះលើអារម្មណ៍ទាំងឡាយនៃភាពអំនួតរបស់យើង ។ យើងត្រូវត្រៀមថ្នាលដោយរក្សាព្រះបញ្ញត្តិឲ្យអស់ពីលទ្ធភាពរបស់យើង » (« Of Seeds and Soils » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៩ ទំព័រ ៤៨ ) ។
ម៉ាថាយ ១៣:៦, ២១ ។ « នោះក៏ក្រៀមខ្លោចទៅពីព្រោះ … តែគ្មានចាក់ឫសនៅក្នុងខ្លួន »
ដើម្បីឲ្យរុក្ខជាតិមួយអាចលូតលាស់បានគឺត្រូវមានពន្លឺថ្ងៃ ប៉ុន្តែប្រសិនបើឫសរបស់រុក្ខជាតិមួយដុះពុំបានជ្រៅ នោះពន្លឺថ្ងៃនោះនឹងធ្វើឲ្យរុក្ខជាតិនោះក្រៀមស្វិត ស្រពោនទៅវិញ ។ ស្រដៀងគ្នានេះដែរ ការសាកល្បង ការបៀតបៀន និង សេចក្ដីជំទាស់ពិតជាអាចជួយឲ្យរីកចម្រើនមែន ប្រសិនបើយើងអនុញ្ញាតឲ្យព្រះបន្ទូលព្រះចាក់ឫសយ៉ាងជ្រៅចូលទៅក្នុងដួងចិត្តរបស់យើង បើមិនដូច្នេះទេ បទពិសោធន៍ទាំងនេះអាចធ្វើឲ្យទីបន្ទាល់ផុយស្រួលស្វិតស្រពោន ។
ម៉ាថាយ ១៣:២១, ២៣ ។ ចាក់ឫសយ៉ាងរឹងមាំនៅក្នុងដំណឹងល្អ
ប្រធាន ថូម៉ាស អេស ម៉នសុន បានបង្រៀនពីពរជ័យនៃការមានទីបន្ទាល់មួយដែលបានចាក់ឫសយ៉ាងជ្រៅនៅក្នុងដំណឹងល្អ ៖
« លុះត្រាតែឫសនៃទីបន្ទាល់របស់អ្នកបានចាក់យ៉ាងរឹងមាំ បើពុំនោះទេ វានឹងមានការពិបាកសម្រាប់អ្នកដើម្បីទប់ទល់នឹងអស់អ្នកណាដែលផ្ចាញ់ផ្ចាលសេចក្ដីជំនឿរបស់អ្នក ។ ពេលអ្នកបានចាក់ឫសយ៉ាងរឹងមាំហើយ ទីបន្ទាល់របស់អ្នកនៃដំណឹងល្អ នៃព្រះសង្គ្រោះ និនៃព្រះវរបិតាសួគ៌របស់យើង នឹងមានឥទ្ធិពលលើគ្រប់អ្វីដែលអ្នកធ្វើពេញមួយជីវិតរបស់អ្នក » ( « May You Have Courage » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ១២៦ ) ។