បណ្ណាល័យ
មេរៀនទី ៤៧ ៖ លូកា ៦:១–៧:១៨


មេរៀនទី ៤៧

លូកា ៦:១–៧:១៨

សេចក្ដីផ្ដើម

ព្រះយេស៊ូវ​បាន​បង្រៀនអំពី​សារៈសំខាន់​នៃ​ការ​ធ្វើល្អ​ចំពោះអ្នកដទៃ រួមទាំង​នៅ​ក្នុង​ថ្ងៃ​ឈប់​សម្រាក ។ បន្ទាប់ពី​បានចំណាយពេល​មួយ​យប់​នៅ​ក្នុងការ​អធិស្ឋាន ទ្រង់បាន​ហៅពួក​សាវក​ដប់ពីរ​នាក់​មក រួច​ហើយ​បង្រៀនពួកគេ និង​បណ្តាជន​កកកុញ ។ ទ្រង់​ក៏​បាន​ព្យាបាល​ដល់បាវ​សំណព្វ​របស់មេទ័ព​ម្នាក់ ហើយ​បាន​ប្រោស​កូន​ប្រុស​របស់​ស្ត្រី​មេម៉ាយ​ម្នាក់​ឲ្យរស់ពី​ស្លាប់ឡើងវិញ ។

យោបល់​សម្រាប់​ការបង្រៀន

លូកា ៦

ព្រះយេស៊ូវ​ព្យាបាល​នៅថ្ងៃ​ឈប់សម្រាក ជ្រើសរើស​សាវក​ដប់ពីរនាក់ ហើយបង្រៀន​ដល់​ហ្វូង​មនុស្ស ។

(កំណត់ចំណាំ ៖ រឿង​ជាច្រើន​នៅក្នុងលូកា ៦ ត្រូវ​បាន​រៀន​នៅក្នុងមេរៀន​ទាំងឡាយ​សម្រាប់ម៉ាថាយ ៥-៧,​១០:១-៤និងម៉ាកុស ៣:១-៦។ ផ្នែក​នេះ​នៃ​មេរៀន នឹង​ផ្ដោត​ទៅលើលូកា ៦:៣១-៣៨) ។

ចូរសុំ​ឲ្យ​សិស្ស​នឹក​ស្រមៃ​ថា នៅក្នុង​ការ​ប្រជុំ​នៅព្រះវិហាររបស់​ពួកគេ​ នៅថ្ងៃ​អាទិត្យ ពួក​គេ​ស្ដាប់​ឮ​ការ​ប្រកាស​មួយ​អំពី​គម្រោង​ការ​បម្រើ​ដល់គ្រួសារ​មួយ ​ដែល​រស់នៅក្បែរ​ជិត​ខាង ។ បន្ទាប់ពី​ការ​ប្រកាស​ត្រូវ​បាន​ធ្វើឡើង ពួកគេ​បាន​ស្ដាប់​ឮ​ការ​ឆ្លើយ​តប​ផ្សេងៗគ្នា​ចំនួន​បួន ។ សូម​អញ្ជើញ​​​សិស្ស​បួន​នាក់ឲ្យអាន​​ឮៗ នូវការ​ឆ្លើយ​តប​ដោយជាសម្មតិកម្ម​ដូច​ខាង​ក្រោម ៖

  1. « គ្រួសារ​នោះ​មានរឿងជាច្រើនក្នុងពេល​ថ្មីៗ​នេះ ។ ខ្ញុំ​រីករាយ​នឹង​ជួយ​ឲ្យ​អស់ពី​លទ្ធភាព​ដែល​ខ្ញុំអាច​ធ្វើទៅបាន » ។

  2. « វា​គួរ​តែ​មានអាហារសំរនបន្ទាប់ពី​នោះ ប្រសិន​បើគ្មានទេ នោះ​ខ្ញុំ​នឹង​មិន​ទៅ​ទេ » ។

  3. « ខ្ញុំ​ពិត​ជា​មិន​ចង់ទៅ​ទេ ប៉ុន្តែ​ខ្ញុំ​អាច​ជួយ​ខ្លះ​ៗ​នៅ​សប្ដាហ៍​ក្រោយ ​​ជាមួយ​នឹង​គម្រោង​មួយ​ដែល​ខ្ញុំ​កំពុង​​រៀបចំ ដូច្នេះ​ប្រហែលជា​​ខ្ញុំ​គប្បីជួយ​ឥឡូវ​នេះ » ។

  4. « បើ​មិត្ត​របស់ខ្ញុំ​ទៅ នោះ​ខ្ញុំ​នឹង​ទៅដែរ » ។

  • តើ​ឧទាហរណ៍​ទាំងនេះ​ផ្ដល់ជា​យោបល់​យ៉ាងណាខ្លះ​​ អំពី​មូលហេតុ​ជាច្រើន ដែល​ពេល​ខ្លះ​មនុស្សធ្វើការ​​បម្រើ ?

ចូរ​សុំ​ឲ្យ​សិស្ស​ពិចារណា​អំពី​ឱកាសនានា ដែលពួកគេ​ត្រូវ​បម្រើ និង​របៀប​ដែល​ពួកគេ​មានអារម្មណ៍​អំពីការ​បម្រើ ។ សូមអញ្ជើញ​ពួកគេ​ឲ្យ​រកមើល​គោលការណ៍​ជាច្រើន​ខណៈពេលពួកគេសិក្សា​លូកា ៦-៧ដែលអាច​ជួយ​ពួកគេ​ផ្ដល់ការ​បម្រើ​តាម​របៀប​មួយ​ដែលប្រកប​ដោយអត្ថន័យ ។

សូមសង្ខេបលូកា ៦ដោយការ​ពន្យល់​ថា ខណៈ​ដែលព្រះយេស៊ូវ​ស្ថិត​នៅ​ក្នុង​ស្រុក​កាលីឡេ ក្នុងការ​បម្រើដំបូង​របស់​ទ្រង់​ ទ្រង់បាន​ព្យាបាល​បុរស​ដែលមានជម្ងឺស្វិតដៃ​នៅថ្ងៃ​ឈប់​សម្រាក បាន​ចំណាយពេល​មួយ​យប់​ធ្វើការ​អធិស្ឋាន ហើយបាន​ហៅ​ពួក​សាវក​ដប់ពីរ​នាក់ ។ បន្ទាប់មក ​ព្រះយេស៊ូវ បាន​ចាប់​ផ្ដើម​បង្រៀន​ពួកគេ និង « បណ្តាជន​កកកុញ » (ខទី ១៧) ពី​របៀប​ដើម្បីទទួល​បានរង្វាន់​ពី​ស្ថានសួគ៌ ។

សូមអញ្ជើញសិស្ស​ឲ្យអានលូកា ៦:១៩ដោយស្ងាត់ស្ងៀម រក​មើល​​នូវអ្វី​ដែលព្រះយេស៊ូវ​បានធ្វើ​សម្រាប់បណ្តាជន មុនពេល​ទ្រង់​​ចាប់​ផ្ដើម​បង្រៀនដល់ពួកគេ ។ ចូរសុំ​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

សូម​អញ្ជើញ​​សិស្ស​បី​បួន​នាក់​ឲ្យប្ដូរ​វេន​គ្នា​អាន​ឮៗ​នៅ​ក្នុង លូកា ៦:៣១-៣៥ ។ ចូរសូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយរកមើល​ព្រះឱវាទ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ពួកសិស្ស​​របស់ទ្រង់ ។

  • តើ​ព្រះឱវាទ​អ្វីខ្លះ​ ដែលព្រះយេស៊ូវ​បានប្រទាន​ដល់ពួកសិស្ស​របស់​ទ្រង់ ?

  • ស្របតាមខ ៣៥តើ​យើងគប្បី​រំពឹង​ចង់បានអ្វីខ្លះ ពី​ការ​ធ្វើល្អ​នឹង​អ្នកដទៃ ? ( អ្នកគួរតែអញ្ជើញសិស្ស​ឲ្យគូស​ចំណាំ​ឃ្លា « ឥត​សង្ឃឹម​នឹង​បាន​អ្វី​មក​វិញ​ទេ » ) ។

  • តើ​រង្វាន់ខាង​សាច់ឈាម​អ្វីខ្លះ​ដែលមនុស្ស​ប្រហែលជាសង្ឃឹម​ចង់បាន ពេល​ពួកគេ​ផ្ដល់ការ​បម្រើ​ដល់អ្នកដទៃ ?

  • ប្រសិន​បើ​យើង​ធ្វើល្អ​នឹង​អ្នកដទៃ​ដោយ​ឥត​សង្ឃឹម​ចង់​បាន​អ្វីមក​វិញ​នោះ តើ​ព្រះអម្ចាស់​​សន្យា​ថា​នឹង​មានអ្វីកើតឡើង ? ( សិស្ស​គួរ​រកឃើញ​គោលការណ៍​មួយ​ដែល​ស្រដៀង​គ្នា​នឹង​គោលការណ៍​ខាង​ក្រោម ៖ ប្រសិន​បើ​យើង​ធ្វើល្អ​នឹង​អ្នកដទៃ​ដោយ​ឥត​សង្ឃឹម​ចង់​បាន​អ្វី​មក​វិញ នោះ​ រង្វាន់​របស់​យើង​នឹង​មហិមា​ ហើយ​យើង​នឹង​ក្លាយជា​កូនចៅ​នៃ​ព្រះដ៏​ខ្ពស់​បំផុត )

សូមពន្យល់​ថា​ទោះ​បីជា​យើង​ទាំងអស់គ្នា​ជា​កូនចៅនៃ​ព្រះក្ដី ក៏​អ្នកទាំងឡាយ​ដែល​ធ្វើល្អ​នឹង​អ្នក​ដទៃ គឺបានបំពេញ​នូវ​សក្កានុពល​ដ៏ទេវភាព​របស់ពួកគេ​ តាមរយៈ​ការ​ប្រែក្លាយ​ដូចជា​ព្រះវរបិតា​សួគ៌ ។

  • ហេតុអ្វី​ក៏ការ​សន្យា​នេះ​ជា​រង្វាន់ដ៏​វិសេស​បំផុត​សម្រាប់ការ​ស្រឡាញ់ និងការ​ធ្វើល្អ​ចំពោះ​អ្នកដទៃ​ដូច្នេះ ?

សូមអញ្ជើញ​ឲ្យ​សិស្ស​ម្នាក់​អាន លូកា ៦:៣៦-៣៨ឲ្យ ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម ហើយ​រក​មើល​នូវ​ឧទាហរណ៍​នានា ដែលព្រះយេស៊ូវ​បាន​​ប្រទាន​ឲ្យ​ក្នុង​របៀប​មួយ​ដែល​យើងអាច​ធ្វើ​ល្អ​ចំពោះអ្នកដទៃ ។

  • ស្របតាមខ ៣៦-៣៧តើ​ឧទាហរណ៍​អ្វីខ្លះ ដែលព្រះយេស៊ូវ​បាន​ប្រទាន​ឲ្យ​ក្នុង​របៀប​មួយ​ដែល​យើងអាច​ធ្វើ​ល្អ​ចំពោះអ្នកដទៃ ? ( អ្នកគួរតែពន្យល់​ថា អ្នកទាំងឡាយ​ដែល​ធ្វើល្អតាម​របៀប​ទាំងនេះ នឹង​ទទួលបាន​​ព្រះគុណ​ និងការ​អភ័យទោសរបស់ព្រះ ) ។

ដើម្បីជួយសិស្ស​យល់ខ ៣៨សូម​យក​ធុង កន្ត្រក ឬ​ប្រអប់ និង​វត្ថុ​មួយចំនួន​ទៀត​ ដូចជា​សំលៀកបំពាក់ អាហារ ដបទឹក​មកថ្នាក់រៀន ។ ត្រូវ​ប្រាកដ​ថា យក​វត្ថុ​មក​ឲ្យ​ច្រើន​ទៀត ​ដែលអាច​ដាក់​នៅក្នុង​ប្រអប់​ដែលអ្នក​យក​មក​នោះ ។ សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​មក​កាន់​ក្ដារខៀន ហើយ​សុំ​ឲ្យគាត់​ឬ​នាង ព្យាយាម​ដាក់​វត្ថុ​ក្នុង​ប្រអប់​​ឲ្យ​បាន​ច្រើន​តាម​ដែលអាច​ធ្វើទៅបាន ។ នៅពេល​សិស្ស​បាន​បញ្ចប់ ចូរ​សួរ​ដល់ពួកគេ​ ៖

  • តើ​ឃ្លា « គេ​នឹង​វាល់​ឲ្យ​អ្នក​យ៉ាង​ល្អ ទាំង​ញាត់ ទាំង​រលាក់ ហើយ​ដាក់​ឲ្យ​ហៀរ »​ (ខ ៣៨ ) ពិពណ៌នា​អំពី​កិច្ច​ខិត​ខំរបស់អ្នក​ដើម្បី​ដាក់បំពេញ​នៅ​ក្នុង​ប្រអប់​នេះដូចម្តេច​ខ្លះ ? ( អរគុណ​ដល់សិស្ស​ ហើយ​អញ្ជើញ​ឲ្យពួកគេ​ទៅ​កន្លែង​អង្គុយវិញ ) ។

  • តើ​ឃ្លា​ទាំងនេះ​ពិពណ៌នា​ពី​របៀប​ដែល​ព្រះវរបិតាសួគ៌​ប្រទានរង្វាន់​ដល់​យើង នៅពេល​យើង​ផ្ដល់​ទៅ​ឲ្យ​អ្នកដទៃ​យ៉ាង​ដូចម្ដេច ? ( សិស្ស​ប្រហែលជាប្រើ​ពាក្យ​ខុស​គ្នា ប៉ុន្តែ​ពួកគេ​គួរ​ស្គាល់​ពី​សេចក្ដី​ពិត​ខាងក្រោម​នេះ ៖ នៅពេល​យើង​ផ្ដល់​ទៅដល់​អ្នកដទៃ​ដោយ​សប្បុរស នោះព្រះវរបិតាសួគ៌​ប្រទាន​ពរ​ដល់យើង​កាន់តែ​សប្បុរស​ផង​ដែរ )

  • តើយើងអាច​កាន់តែ​មានចិត្តសប្បុរស​ក្នុងការ​ផ្ដល់​ទៅ​ឲ្យ​អ្នកដទៃ​តាម​របៀប​ណា ?

សូមអញ្ជើញសិស្ស​ឲ្យគិត​ពិចារណា​អំពីគ្រាមួយ​ដែលពួកគេ ឬ​នរណា​ម្នាក់​ដែល​គេស្កាល់​ បាន​​ផ្ដល់​ឲ្យ​ដោយ​សប្បុរស​ទៅដល់​អ្នក​ដទៃ ។ សូម​បង្ហាញសំណួរ​ដូច​ខាង​ក្រោម ( ឬ​ផ្ដល់​ដល់សិស្ស​នូវ​ច្បាប់ចម្លង​នៃ​សំណួរ​ទាំងនោះ ) ហើយ​អញ្ជើញសិស្ស​ឲ្យ​ឆ្លើយ​តប​ចំពោះសំណួរ​នោះ ក្នុង​សៀវភៅកត់ចំណាំការ​រៀនសូត្រ​របស់ពួកគេ ឬ​សៀវភៅ​កត់ត្រា​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ( ឬ​នៅក្នុង​ឯកសារ​ចែក​ឲ្យ ដែលអ្នកបាន​ឲ្យ​នោះ ) ។

  • តើអ្នក ឬ​នរណា​ម្នាក់​ដែលអ្នកស្គាល់​ត្រូវ​បាន​ប្រទានពរ​​ពីព្រះអម្ចាស់​យ៉ាង​ដូចម្ដេច សម្រាប់ការ​ផ្ដល់​ឲ្យ​ដោយសប្បុរស​នោះ ?

  • តើអ្នកនឹង​ធ្វើអ្វីខ្លះ​ដើម្បី​កាន់តែ​មានចិត្តសប្បុរស​ដល់អ្នកដទៃ ?

ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ ចូរ​ពិចារណា​ធ្វើការ​អញ្ជើញ​ដល់​សិស្ស​ណា​ដែល​ស្ម័គ្រ​ចិត្ត​ចែកចាយ​អ្វីដែលពួកគេ​បានសរសេរនោះ ។ សូម​លើក​ទឹកចិត្ត​ដល់សិស្ស​ឲ្យអធិស្ឋានសូម​ជំនួយ​របស់ព្រះអម្ចាស់ នៅពេល​ពួកគេ​ព្យាយាម​កាន់តែ​មានចិត្ត​សប្បុរសចំពោះអ្នកដទៃ ។

លូកា ៧:១-១០

ព្រះយេស៊ូវ​ព្យាបាល​បាវ​សំណព្វ​របស់​មេទ័ព​ម្នាក់

ចូរ​ពន្យល់​ថា បន្ទាប់ពី​ការ​បង្រៀន​ដល់​មហាជន ព្រះយេស៊ូវ​បាន​ចូល​ទៅ​ក្រុង​មួយ​ដែល​ហៅ​ថា កាពើណិម ។

សូម​អញ្ជើញ​​ឲ្យ​សិស្ស​បី​បួន​នាក់​ប្ដូរវេនគ្នា​អាន​ឮៗ​នៅ​ក្នុង លូកា ៧:២-៥ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម ហើយ​រក​មើល​នូវ​​នរណា​ដែល​ស្វែងរក​ជំនួយ​របស់ព្រះយេស៊ូវ បន្ទាប់ពី​ការ​ស្ដាប់​ឮថា ទ្រង់បាន​ចូល​មកដល់ទីក្រុង​ ។

  • តើនរណា​ស្វែងរក​ជំនួយ​របស់ព្រះយេស៊ូវ ?

ចូរ​ពន្យល់​ថា មេទ័ព​ម្នាក់ គឺជា​មន្ត្រី​កងទ័ព​ពួករ៉ូម ដែល​គ្រប់គ្រង​ពួក​ទាហាន ៥០ ទៅ ១០០ នាក់ ។

  • តើ​អ្វី​ដែលធ្វើ​ឲ្យ​មេទ័ព​មាន​បញ្ហា​ស្មុគស្មាញ ?

ចូរ​ចង្អុល​បង្ហាញ​ថា ជាទូទៅ ពួក​យូដា​ពុំ​ចូលចិត្ត​មេទ័ព​ទេ ដោយ​សារ​តែ​ពួកគេ​តំណាង​ឲ្យ​អំណាច​ខាង​នយោបាយ និង​កងទ័ព​របស់​ពួក​រ៉ូមគ្រប់គ្រង​លើ​ពួក​យូដា និង​ទឹកដី​របស់ពួកគេ ( សូមមើល​New Testament Student Manual​[ Church Educational System manual, ឆ្នាំ ២០១៤ ] ទំព័រ ១៥៣) ។

  • តើ​មេទ័ព​នេះ​ជា​មនុស្ស​ប្រភេទ​ណា ?

សូម​អញ្ជើញ​​​សិស្ស​ម្នាក់​អាន លូកា ៧:៦-៨ ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រក​មើល​របៀប​ដែល​មេទ័ព​បានបង្ហាញ​ពី​សេចក្ដីជំនឿ​ដ៏ខ្លាំង​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ។

  • តើ​មេទ័ព​​បង្ហាញ​ពី​សេចក្ដីជំនឿ​ដ៏ខ្លាំងរបស់គាត់ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​របៀបណា ?

ចូរ​សុំ​ឲ្យ​សិស្ស​ម្នាក់​អាន លូកា ៧:៩-១០ ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​ ហើយ​រកមើល​របៀប​ដែលមេទ័ពបាន​ទទួលរង្វាន់​ដោយ​ព្រោះ​តែសេចក្ដីជំនឿ​របស់​​គាត់ ។ សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • តើ​គោលការណ៍​អ្វីខ្លះ ដែល​យើង​អាច​រៀន​ពី​ដំណើររឿង​នេះ ? ( សិស្ស​អាច​ប្រាប់អំពី​គោលការណ៍ជាច្រើន រួម​មាន​ដូច​ខាង​ក្រោម ៖ តាមរយៈ​សេចក្ដីជំនឿទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ នោះយើងអាច​ជួយ​នាំ​មកនូវ​ពរ​ជ័យ​ជាច្រើន​ចូល​ទៅក្នុងជីវិត​របស់​អ្នកដទៃ )

លូកា ៧:១១-១៨

ព្រះយេស៊ូវ​បាន​ប្រោស​កូនប្រុស​របស់​ស្ត្រីមេម៉ាយ​ម្នាក់​ពី​​ស្លាប់

ចូរ​ពន្យល់​ថានៅថ្ងៃ​បន្ទាប់ពី​ព្រះអង្គសង្គ្រោះ​បាន​ព្យាបាល​ដល់​បាវ​របស់​មេទ័ព នោះ​ទ្រង់​​បានធ្វើ​នូវ​អព្ភូតហេតុ​មួយផ្សេងទៀត ។

សូមអញ្ជើញ​ឲ្យ​សិស្ស​ម្នាក់​ឲ្យអាន លូកា ៧:១១-១២ ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម ហើយ​រក​មើល​នូវ​អ្វី​ដែល​ព្រះយេស៊ូវ និង​ពួកសិស្ស​របស់​ទ្រង់​បាន​ជួបប្រទះ នៅពេលពួកគេ​បាន​មក​ដល់​ទីក្រុង​មួយ ដែល​ហៅ​ថា ណាអ៊ីន ។

ជាជាងឲ្យសិស្ស​ម្នាក់​អានលូកា ៧:១១-១២ឮៗ នោះ​អ្នកអាច​បង្ហាញ​នូវផ្នែក​មួយ​នៃវីដេអូ« The Widow of Nain »(០:០០–០:៤៥) ចេញមកពីThe Life of Jesus Christ Bible Videosដែលមាន​នៅក្នុងLDS.org

  • តើព្រះយេស៊ូវ និងពួកសិស្ស​របស់ទ្រង់​មើលឃើញ​អ្វីខ្លះ នៅពេល​ពួក​គាត់បាន​ចូល​ទៅ​ដល់​ច្រក​ទ្វារ​ទីក្រុង ?

  • យោងតាមខទី ១២ហេតុអ្វី​ក៏​សេចក្ដីស្លាប់​របស់បុរស​ក្មេង​នេះ ជា​សោកនាដកម្ម​ជាពិសេស​ចំពោះ​ស្ត្រី​រូបនេះ​ដូច្នេះ ?

ចូរ​ចង្អុល​បង្ហាញថា ស្ត្រីរូប​នេះ​ពុំ​គ្រាន់តែ​បាត់បង់​កូន​ដោយ​សេចក្ដីស្លាប់ទេ ប៉ុន្តែ​កាល​ពីមុននោះ គាត់​ក៏​បាន​បាត់​បង់​ប្ដី​របស់​គាត់​ផងដែរ ។ បន្ថែម​ពីលើ​ការ​សោក​សៅ​ដ៏​ខ្លាំង​ដែល​គាត់មាន គាត់​ប្រហែលជា​គ្មាននរណា​នឹង​ផ្គត់​ផ្គង់​​ហិរញ្ញវត្ថុ​ដល់​គាត់ផងដែរ ។

ចូរ​សុំ​ឲ្យសិស្ស​ម្នាក់អានលូកា ៧:១៣-១៥ឮៗ ឬ​បង្ហាញ​វីដេអូ​ដែល​នៅ​សល់​ទាំងប៉ុន្មាន ( ០:៤៥-២:២៣ ) ។ សូមអញ្ជើញសិស្ស​ក្នុងថ្នាក់​ឲ្យ​រក​មើល​នូវអ្វី​ដែលព្រះអង្គសង្គ្រោះ​បានធ្វើ នៅពេល​ទ្រង់​ទត​ឃើញ​​ស្ត្រី​រូបនេះ​កំពុង​ទួញ​សោក ។ ( អ្នកគួរតែ​ពន្យល់​ថា ក្ដារមឈូសគឺជា​មឈូស​មួយ ឬ​ជើងទម្រ​ដែល​ដាក់​ក្ដារមឈូស ) ។

  • តើ​ព្រះអង្គសង្គ្រោះ​បានធ្វើ​អ្វីខ្លះ​ចំពោះស្ត្រីរូបនេះ ?

  • ស្របតាមខ​ទី ១៣ហេតុអ្វីក៏​ព្រះយេស៊ូវ​ព្យាបាល​កូន​ប្រុស​របស់ស្ត្រី​រូបនេះ ? ( អ្នកគួរតែចង្អុល​បង្ហាញ​ថា ស្ត្រីមេម៉ាយ ពុំ​បាន​សុំ​ទ្រង់​ឲ្យព្យាបាល​ដល់​កូន​ប្រុស​គាត់ទេ ប៉ុន្តែ​ទ្រង់បាន​សង្កេតឃើញ​ពី​តម្រូវការគាត់ រួច​ហើយ​ក៏​ជួយបំពេញ​តម្រូវការ​នោះ ) ។

  • តើអ្នក​អាច​នឹង​មានអារម្មណ៍​យ៉ាងណា ប្រសិន​បើ​អ្នក​ស្ថិត​នៅក្នុង​ស្ថានភាព​ស្ត្រី​មេម៉ាយ​រូបនេះ ហើយ​បានឃើញព្រះអង្គសង្គ្រោះ​ប្រោស​កូនប្រុស​តែមួយគត់​របស់​អ្នក​​ពី​ស្លាប់​នោះ ?

  • តើ​សេចក្ដីពិតអ្វី​ខ្លះ ដែលយើងអាច​រៀនមកពី​ដំណើរ​រឿង​នេះ អំពី​របៀប​ដែល​យើង​អាច​ធ្វើតាមគំរូ​របស់ព្រះយេស៊ូវ​គ្រីស្ទ ។ ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេងគ្នា​បាន ប៉ុន្តែចូរ​ប្រាកដ​ថា​ពួកគេ​ស្គាល់សេចក្ដីពិត​ដូចខាង​ក្រោម​នេះ ៖ យើងអាច​ធ្វើតាម​គំរូ​របស់ព្រះយេស៊ូវ​គ្រីស្ទ​ដោយការ​បង្ហាញ​នូវ​ក្ដីមេត្តាករុណា​ដល់អ្នកដទៃ ហើយ​បម្រើ​ដល់​តម្រូវការ​ដែល​ពុំថ្លែងបាន​របស់ពួកគេ )

  • តើ​យើង​អាចញាណដឹង​ពី​តម្រូវការ​របស់អ្នកដទៃ នៅពេល​ពួកគេ​ពុំ​ចែកចាយ​ជាមួយ​នឹង​យើង​ដោយរបៀប​ណា ?

ចូរ​ពន្យល់​ថា នៅពេល​សិស្ស​ស្វែងរក​ភាព​ជា​ដៃគូ​នៃ​ព្រះវិញ្ញាណបរិសុទ្ធ នោះពួកគេ​អាច​នឹង​ទទួលបាន​ការ​បំផុសគំនិត​អំពី​របៀប​ដើម្បី​ឆ្លើយ​តប​ចំពោះ​តម្រូវការដែល​លាក់ទុក​របស់អ្នកដទៃ ។ បន្ថែមពីលើ​នោះ សិស្ស​អាច​នឹង​ពិចារណា​អំពី​ដំបូន្មាន​ដែលប្រធាន ហិនរី ប៊ី អាវរិង នៃ​គណៈប្រធានទីមួយ​បាន​ទទួលម្ដង​នោះថា​ ៖ « នៅពេល​អ្នក​ជួប​នឹង​នរណា​ម្នាក់ សូម​ប្រព្រឹត្ត​នឹង​ពួកគេ ដូចជា​ពួកគេ​ស្ថិត​នៅក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ហើយអ្នកនឹង​ធ្វើ​ត្រូវ​ច្រើនជាង​ពាក់កណ្ដាល » (« In the Strength of the Lord »Ensignឬ​Liahonaខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ១៦ ) ។

ដើម្បី​ជួយ​សិស្ស​យល់​អំពី​សេចក្ដីពិត និង​សារៈសំខាន់​នៃ​គោលការណ៍ដែលពួកគេ​បាន​ប្រាប់ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន​សេចក្ដីថ្លែង​ការណ៍​ខាង​ក្រោមដោយ​ប្រធាន ថូម៉ាស អេស ម៉នសុន ឲ្យ​ឮៗ ៖

រូបភាព
ប្រធាន ថូម៉ាស អេស ម៉នសុន

« ដំណើរ​រឿង​មួយចំនួន​នៃ​ការ​បម្រើរបស់លោក​ចៅហ្វាយ បាន​ប៉ះដល់​អារម្មណ៍​របស់ខ្ញុំច្រើន​ជាងគេគឺ​គំរូ​របស់ទ្រង់​អំពី​ក្ដីមេត្តា​ករុណា ដែលបាន​បង្ហាញ​ដល់ស្ត្រីមេម៉ាយ​សោកសៅនៅ​ណាអ៊ីន ។ …

« វា​មានអានុភាព ភាពទន់ភ្លន់ និង​ក្ដីមេត្តា​ខ្លាំងណាស់ ដែល​លោកចៅហ្វាយ​របស់​យើង​បាន​បង្ហាញ​នោះ ! យើង​ក៏​អាច​ប្រទានពរ​ផងដែរ ប្រសិនបើ​យើង​នឹង​ធ្វើតាម​គំរូ​ដ៏​ខ្ពង់ខ្ពស់​របស់ទ្រង់​នេះ ។ ឱកាស​មាននៅ​គ្រប់ទីកន្លែង អ្វី​ដែលត្រូវការនោះ​គឺជា​ភ្នែក​ដើម្បី​មើលមើញ​នូវ​ស្ថានភាព​គួរ​សង្វេគ និង​ត្រចៀក​ដើម្បី​ស្ដាប់​នូវការ​អង្វរ​ករ​ដោយ​ស្ងាត់ស្ងៀមនៃ​ដួងចិត្ត​ខ្ទេចខ្ទាំ​ ។ មែន​ហើយ ជា​ព្រលឹង​មួយ​ដែល​មានពេញទៅដោយ​ក្ដីមេត្តា​ករុណា ដែល​យើងនឹងមិនត្រឹមតែទំនាក់ទំនង​ភ្នែកនឹងភ្នែក​ ឬ​ស្ដាប់​នឹង​ត្រចៀក​ទេ ប៉ុន្តែ​តាម​របៀប​ដ៏​អស្ចារ្យ​របស់ព្រះអង្គសង្គ្រោះ គឺ​ដោយចិត្ត​នឹង​ចិត្ត » (​« Meeting Life’s Challenges, » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៣ ទំព័រ ៧១) ។

  • តើ​នៅពេលណា ដែល​អ្នក ឬ​គ្រួសារ​អ្នក​ទទួលបាន​ក្ដីមេត្តា​ករុណា ឬ​ការ​បម្រើ​មកពី​អ្នកដទៃ ទោះជា​អ្នក​ពុំ​បាន​សុំ​ជំនួយ​ក្ដី​នោះ ?​

  • តើ​ការ​ធ្វើតាម​គំរូរបស់ព្រះគ្រីស្ទ អាចជួយយើង​បង្កើត​លទ្ធភាព ​ដើម្បី​ញាណដឹង​ពី​តម្រូវការ​ដែលពុំបាន​ថ្លែង​របស់អ្នកដទៃ​យ៉ាង​ដូចម្ដេច ?

ប្រសិន​បើ​អ្នក​ពុំ​បង្ហាញវីដេអូទេ សូម​អញ្ជើញសិស្ស​អានលូកា ៧:១៦-១៧​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម ហើយ​រក​មើលនូវ​របៀប​ដែល​បណ្តាជន​មាន​ប្រតិកម្ម​ចំពោះ​អព្ភូតហេតុ​នៃ​ការ​ប្រោស​កូនប្រុស​របស់​ស្ត្រីមេម៉ាយឲ្យរស់ឡើងវិញ ។

  • តើ​បណ្តាជន​មានប្រតិកម្មយ៉ាង​ដូចម្ដេច បន្ទាប់ពី​ព្រះយេស៊ូវ​បាន​ប្រោស​កូនប្រុស​របស់ស្ត្រីមេម៉ាយឲ្យរស់ឡើងវិញ ?

ចូរ​ពន្យល់​ថា មនុស្ស​អាច​នឹងបាន​​ប្រកាស​ថា « មាន​ហោរា​១ ​ធំ​បាន​កើត​ឡើង​ក្នុង​ពួក​យើង » (ខ​ទី ១៦) ដោយ​សារ​តែ​​ការ​ព្យាបាល​កូនប្រុស​នៃ​ស្ត្រីមេម៉ាយឲ្យរស់ឡើងវិញ​នៃ​ស្រុក​ណាអ៊ីន និង​ឱកាស​ជា​ច្រើនទៀត និងអំឡុងពេល​ព្យាការី​គម្ពីរ​សញ្ញា​ចាស់​អេលីយ៉ា និង អេលីសេ បានប្រោសដល់​ក្មេងប្រុស​ជាច្រើន​ពី​ស្លាប់ ( សូមមើល​ពង្សាវតា​ក្សត្រទី ១ ១៧:១៧-២៤,ពង្សាវតា​ក្សត្រទី ២ ៤:៣២-៣៧,New Testament Student Manualទំព័រ ១៥៤) ។

សូមបញ្ចប់​ដោយការ​អញ្ជើញសិស្ស​ឲ្យ​រក​មើល​ឱកាស​ជាច្រើន​ ដើម្បី​បំពេញ​តាម​តម្រូវ​ការ​ដែលពុំបាន​ថ្លែង​របស់អ្នកដទៃ ។ សូម​លើក​ទឹកចិត្ត​ដល់ពួកគេ​ឲ្យ​បម្រើ​ដោយ​សប្បុរស និង​ដោយឥត​សង្ឃឹម​ថាចង់បានអ្វី​តប​វិញ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

លូកា ៦:៣១-៣៨ ។ ហេតុអ្វី​ក៏​យើង​បម្រើ​អ្នកដទៃ

អែលឌើរ ដាល្លិន អេក អូក នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បានសរសេរ​នូវមូលហេតុ​ដែលអាច​ធ្វើទៅបាន​មួយចំនួន ថា​ហេតុអ្វី​ក៏​យើង​បម្រើ និង​ប្រាប់អំពីមូលហេតុ​ដែល​យើងគប្បីបម្រើ ៖

« មនុស្ស​បម្រើគ្នាទៅវិញទៅមកដោយមូលហេតុ​ផ្សេងៗ ហើយ​មូលហេតុ​មួយ​ចំនួន គឺ​ប្រសើរ​ជាង​ផ្សេងទៀត ។ ប្រហែលជា​គ្មានយើង​ណា​ម្នាក់​បម្រើ​ដោយអស់ពីសមត្ថភាព​នៅគ្រប់​ពេលវេលា​សម្រាប់​តែ​មូលហេតុ​តែ​ម្យ៉ាង​នោះទេ ។ ដោយព្រោះយើង​ជា​មនុស្ស​មិនល្អ​ឥតខ្ចោះ នោះ​យើងភាគច្រើន​ប្រហែលជា​បម្រើ​ដោយ​មូលហេតុ​ចម្រុះគ្នាជាច្រើន ហើយមូលហេតុ​ការ​ចុម្រុះគ្នាជាច្រើន​នោះ អាច​នឹង​ផ្សេងៗគ្នា​ ពីមួយ​ពេល​ទៅ​មួយ​ពេល នៅពេល​យើង​រីកចម្រើន​ខាង​វិញ្ញាណ ។ ប៉ុន្តែ​យើង​ទាំងអស់គ្នា​គប្បី​ខិតខំ​បម្រើ​ សម្រាប់មូលហេតុជាច្រើន​ដែល​ខ្ពស់​បំផុត និង​ល្អ​បំផុត ។

« តើ​មូលហេតុមួយចំនួន​សម្រាប់ការ​បម្រើ​មានអ្វីខ្លះ ? ខ្ញុំ​នឹង​ផ្ដល់​នូវ​មូលហេតុ​ចំនួនប្រាំមួយ តាមលំដាប់ពីថ្នាក់ទាប រហូតទៅដល់ថ្នាក់ខ្ពស់ ។

« មនុស្ស​ខ្លះ​អាច​នឹង​បម្រើ​ដោយ​សង្ឃឹម​ថា​នឹង​បានរង្វាន់​ខាង​លោកិយ ។ …

« មូលហេតុ​ផ្សេងទៀត​ចំពោះការ​បម្រើ--ប្រហែលជា​សមហេតុផល​ជាង​មូលហេតុដំបូង ប៉ុន្តែ​នៅតែ​ស្ថិត​នៅក្នុង​ផ្នែក​នៃការ​បម្រើ​ ដែល​ស្វែងរក​រង្វាន់​ខាង​លោកិយ--គឺ​ត្រូវបាន​លើក​ទឹកចិត្ត​ដោយ​បំណង​ប្រាថ្នា​ផ្ទាល់ខ្លួន​មួយ​ដើម្បី​ទទួលបាន​ដៃគូ​ល្អ ។ …

« អ្នកខ្លះ​អាច​នឹង​បម្រើ​ដោយព្រោះ​ខ្លាច​ថា នឹង​ទទួលទណ្ឌកម្ម ។ …

« មនុស្ស​ផ្សេងទៀត​អាច​នឹង​បម្រើ​ដោយ​សារតែ​ជា​កាតព្វកិច្ច ឬ​ជា​ភក្ដីភាពចំពោះ​មិត្ត​ភក្ដិ ឬ​គ្រួសារ ឬ​ទំនៀមទម្លាប់ ។ …

« មូលហេតុ​សម្រាប់​ការ​បម្រើ​ដែល​ខ្ពស់ជាង គឺ​សង្ឃឹម​ថា​បាន​រង្វាន់​ដ៏អស់កល្បជានិច្ច​មួយ ។ …

« បំណង​ចុង​ក្រោយ​ដែល​ខ្ញុំ​នឹង​ពិភាក្សា​គឺ តាម​មតិ​របស់​ខ្ញុំ ដែលជា​មូលហេតុ​ដ៏ខ្ពស់​បំផុត​លើ​អ្វីៗទាំងអស់ ។ នៅក្នុង​ទំនាក់ទំនងរបស់វា​ទៅនឹង​ការបម្រើ គឺអ្វីដែល​បទគម្ពីរ​ហៅថា ‹ ផ្លូវ​ ១​ ដ៏​ប្រសើរ​លើស​លែង​ទៅ​ទៀត › (កូរិន. ទី ១ ១២:៣១) ។

«‹ សេចក្តី​សប្បុរស គឺ​ជា​សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះ​គ្រីស្ទ › (មរ៉ូ. ៧:៤៧) ។ …

« គោលការណ៍​នេះ—គឺថា​​ការ​បម្រើ​របស់​យើង​គប្បីមាន​ដើម្បី​ក្ដីស្រឡាញ់​នៃ​ព្រះ និង​ស្រឡាញ់​ដល់​បងប្អូន​ខ្លួន ជាជាង​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន ឬ​បំណង​ថ្នាក់ទាប​​ផ្សេងៗ​ទៀត​នោះ—គឺ​ជា​បទដ្ឋាន​ដ៏ខ្ពស់​មួយ​យ៉ាង​ច្បាស់ ។ ព្រះអង្គ​សង្គ្រោះច្បាស់​ជា​ទតឃើញ​​វា​ដូច្នោះ ដ្បិត​ទ្រង់​បាន​ដាក់បញ្ចូល​បទបញ្ញត្តិរបស់​ទ្រង់​ទៅនឹង​ក្ដីស្រឡាញ់​ដោយឥតគិត​ពីខ្លួន​ឯង និងទាំងស្រុង​ជាមួយ​នឹង​ភាព​ល្អឥត​ខ្ចោះ​ដោយ​ផ្ទាល់ » ( « Why Do We Serve? » New Era ខែ មិនា ឆ្នាំ ១៩៨៨ ទំព័រ ៦, ៧; សូមមើលផងដែរ ដាល្លិន អេក អូក « Why Do We Serve? » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៤ ទំព័រ ១២–១៥ ) ។