បណ្ណាល័យ
មេរៀន​ទី ១៥៩ ៖ វិវរណៈ ២០


មេរៀន​ទី ១៥៩

វិវរណៈ ២០

សេចក្តីផ្តើម

យ៉ូហាន​បាន​ឃើញ​ព្រឹត្តិការណ៍​ជា​ច្រើន​ដែល​នឹង​កើត​ឡើង​ភ្លាមៗ​ពី​មុន ​និង​នៅ​ក្នុង​រជ្ជកាល​នៃ​សហស្សវត្សរ៍​របស់​ព្រះយេស៊ូវ​គ្រីស្ទ​​នៅ​ក្នុង​ការ​និមិត្ត ។ លោក​ក៏​បាន​ឃើញ​ផង​ដែរ​អំពី​ចម្បាំង​ចុង​ក្រោយ​រវាង​សាតាំង និង​ទ័ពរបស់​ព្រះ​នៅ​ចុង​បញ្ចប់​នៃ​សហស្សវត្សរ៍ ហើយ​លោក​បាន​ឃើញ​ការ​កាត់​សេចក្ដី​ចុងក្រោយ ជា​គ្រា​ដែល​ព្រះ​នឹង​កាត់​សេចក្ដី​មនុស្ស​គ្រប់​គ្នា​​ចេញ​ពី​សៀវភៅ​ដែល​បាន​កត់ត្រា​ទុក ។

យោបល់​សម្រាប់​ការបង្រៀន

វិវរណៈ ២០:១-៦

យ៉ូហាន​ឃើញ​អ្វី​ដែល​នឹង​កើត​ឡើង​ភ្លាមៗ​ពី​មុន ​និង​នៅ​ក្នុង​រជ្ជកាល​នៃ​សហស្សវត្សរ៍​របស់​ព្រះ​យេស៊ូវ​​គ្រីស្ទ​នៅ​ក្នុង​ការ​និមិត្ត

សូម​ឲ្យ​សិស្ស​គិត​អំពី​ការ​ប្រកួត​មួយ​ ( ដូចជា​ព្រឹត្តិការណ៍​ខាង​សិល្បៈ ឬ​ខាង​អត្តពលកម្ម ) ​ដែល​ពួកគេ​បាន​ចូល​រួម ទោះ​បី​ជា​ពួកគេ​ដឹង​ខ្លួន​ថា ពួកគេ​នឹង​ត្រូវ​ចាញ់​ក៏​ដោយ ។ បន្ទាប់​មក​សូម​ឲ្យ​ពួកគេ​គិត​​អំពី​គ្រា​មួយ​ដែល​ពួកគេ​បាន​ចូល​រួម​នៅ​ក្នុង​ការ​ប្រកួត​មួយ​ដែល​ពួកគេ​ជឿ​ថា ពួកគេ​នឹង​ឈ្នះ ។

  • តើ​ការ​រំពឹង​ទុក​របស់​អ្នក​អំពី​លទ្ធផល​​នៃ​ការ​ប្រកួត​មួយ​អាច​ផ្លាស់​ប្ដូរ​ការ​ខិតខំ​របស់​អ្នក​យ៉ាង​ដូចម្ដេច ?

  • ហេតុអ្វី​មនុស្ស​សុខ​ចិត្ត​បោះបង់​ចោល​ការ​ប្រកួត​ នៅ​ពេល​ពួកគេ​គិត​ថា​ពួក​គេ​នឹង​ចាញ់​នោះ ? តើ​នៅ​ពេល​ណា​ដែរ ដែល​អ្នក​គិត​ថា អ្នក​នឹង​ចាញ់ ប៉ុន្តែ​បែរ​ជា​ឈ្នះ​វិញ ?

សូម​ពន្យល់​សិស្ស​ថា នៅ​ពេល​ពួកគេ​សិក្សា វិវរណៈ ២០ ពួកគេ​នឹង​រៀន​បន្ថែម​​ទៀត​អំពី​ចម្បាំង​រវាង​អំពើ​ល្អ និង​អំពើ​អាក្រក់ និង​លទ្ធផល​ចុងក្រោយ​នៃ​ចម្បាំង​នោះ ។ នៅ​ពេល​សិស្ស​សិក្សា វិវរណៈ ២០ សូម​អញ្ជើញ​ពួកគេ​ឲ្យ​រក​មើល​សេចក្ដី​ពិត​ ដែល​អាច​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​បន្ត​ស្មោះត្រង់​ចំពោះ​​ព្រះអង្គ​សង្គ្រោះ​​នៅ​ក្នុង​ចម្បាំង​នេះ ។

សូម​អញ្ជើញសិស្ស​ម្នាក់​អាន វិវរណៈ ២០:១–៣ ឲ្យ​ឮៗ ។ ចូរសុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់ផ្ទៀង​តាម រកមើល​ថា ​តើ​នឹង​មាន​អ្វី​កើតឡើង​ដល់​សាតាំង​នៅ​ពេល​សហស្សវត្សរ៍ ។

  • តើ​នឹង​មាន​អ្វី​កើតឡើង​ដល់​សាតាំង​នៅ​ពេល​សហស្សវត្សរ៍ ? ( សូម​ពន្យល់​ថា ជង្ហុក​ធំ​តំណាង​ឲ្យ​ស្ថាន​នរក ) ។

  • យោង​តាម​ខ​ទី ៣តើ​អ្វី​ទៅ​ដែល​សាតាំង​ពុំ​អាច​ធ្វើ​បាន ដោយព្រោះ វា​ត្រូវ​​បាន​ចាប់​ចង ?

សូម​អញ្ជើញសិស្ស​ម្នាក់​អាន វិវរណៈ ២០:៤–៦ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​ថា តើ​យ៉ូហាន​បាន​ឃើញ​ថា​នរណា​ខ្លះ​ទទួល​បាន​ការ​កាត់​សេចក្ដី ។

  • យោង​តាម ខ​ទី ៤ តើ​យ៉ូហាន​បាន​ឃើញ​ថា​នរណា​ខ្លះ​ទទួល​បាន​ការ​កាត់​​សេចក្ដី ?

  • តើ​ប្រជាជន​ទាំងនេះ​បា​នទទួល​រង្វាន់​អ្វីខ្លះ​ ដោយសារ​តែ​សេចក្ដី​ស្មោះត្រង់​របស់​ពួកគេ ?

  • តើ​ពួកគេ​នឹង​មាន​ចំណែក​អ្វីខ្លះ​នៅ​សហស្សវត្សរ៍ ? ( ការ​រស់​ឡើង​វិញ​លើក​ទីមួយ ) ។

  • តើ​យើង​អាច​រៀន​គោលការណ៍​អ្វីខ្លះ​នៅ​ក្នុង វិវរណៈ ២០:៤–៦ អំពី​ពរជ័យ​ដែល​យើង​អាច​ទទួល ប្រសិន​បើ​យើង​ស្មោះ​ត្រង់​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ​នោះ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេងៗ ប៉ុន្តែ​ពួកគេ​គួរ​ស្គាល់​គោលការណ៍​មួយ​ស្រដៀង​គ្នា​នឹង​គោលការណ៍​ដូច​តទៅ​នេះ ៖ ប្រសិន​បើ​យើង​ស្មោះ​ត្រង់​ចំពោះ​ព្រះយេស៊ូវ​​គ្រីស្ទ យើង​នឹង​មាន​ចំណែក​​នៅ​ក្នុង​ការ​រស់​ឡើង​វិញ​លើក​ទីមួយ ហើយ​គ្រង​រាជ្យ​ជាមួយ​នឹង​ព្រះគ្រីស្ទ​នៅ​ក្នុងអំឡុងពេលសហស្សវត្សរ៍ ) ។

សូម​ពន្យល់​ថា ការ​រស់​ឡើង​វិញ​លើ​ទី​មួយ​បាន​ចាប់​ផ្ដើម​ជាមួយ​នឹង​ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ព្រមទាំងជាមួយ​ពួក​សុចរិត​ដែល​បាន​ស្លាប់​ពីមុន​ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះគ្រីស្ទ ( សូម​មើល ម៉ូសាយ ១៥:២១–២៥, អាលម៉ា ១១:១៦–២០ ) ។ ពួក​បរិសុទ្ធ​ភាគ​ច្រើន​ដែល​បាន​ស្លាប់​ បន្ទាប់​ពី​ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះគ្រីស្ទ​នឹង​បាន​រស់​ឡើង​វិញ​​នៅ​ឯ​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ ( សូម​មើល James E. TalmageThe Articles of Faith កំណែ​ទី​ ១២ [ ឆ្នាំ​ ១៩២៤ ] ទំព័រ​ ៣៨៥ ) ។ ពួក​ទុច្ចរិត និង​ជន​ដែល​ពុំ​ប្រែ​ចិត្ត​នឹង​ពុំ​បាន​រស់​ឡើង​វិញ​ឡើយ ​រហូត​ដល់​ការ​រស់​ឡើង​វិញ​ជា​លើក​ទីពីរ​​ដែល​នឹង​កើត​ឡើង​នៅ​ចុង​បញ្ចប់​នៃ​សហស្សវត្សរ៍ ( សូម​មើល គ. និង ស. ៧៦:៨៥ ) ។

  • តើ​ការ​ដឹង​ថា អ្នក​អាច​មាន​ចំណែក​នៅ​ក្នុង​ការ​រស់​ឡើង​វិញ​លើក​ទី​មួយ ហើយ​គ្រង​រាជ្យ​ជាមួយ​នឹង​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​សហស្សវត្សរ៍​អាច​ជួយ​អ្នក​ឲ្យ​ស្មោះ​ត្រង់​នៅ​ពេល​នេះ​ នៅ​ក្នុង​ចម្បាំង​ទាស់​នឹង​អំពើ​អាក្រក់​បាន​យ៉ាង​ដូចម្ដេច ?

សូម​ថ្លែង​ទីបន្ទាល់​ថា ជន​ដែល​បន្ត​ស្មោះត្រង់​នឹង​មាន​ចំណែក​មួយ​នៅ​ក្នុង​ការ​រស់​ឡើង​វិញ​លើក​ទីមួយ ហើយ​គ្រង​រាជ្យជាមួយ​ព្រះអង្គ​សង្គ្រោះ​នៅ​ក្នុង​សហស្សវត្សរ៍ ។

វិវរណៈ ២០:៧–១១

យ៉ូហាន​ឃើញ​ចម្បាំង​ចុង​ក្រោយ​រវាង​សាតាំង និង​ទ័ព​នៃ​ព្រះ​នៅ​ចុង​បញ្ចប់​នៃ​សហស្សវត្សរ៍

សូម​សរសេរ​ឃ្លា​មិន​ពេញ​លេញ​ខាង​ក្រោម​នេះ នៅ​លើ​ក្ដារខៀន ៖នៅ​ចុង​បញ្ចប់​នៃ​សហស្សវត្សរ៍ …

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន វិវរណៈ ២០:៧–១០ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រក​មើល​ព្រឹត្តិការណ៍​ ដែល​យ៉ូហាន​បាន​ពិពណ៌នា​ថា​នឹង​កើត​ឡើង​នៅ​ចុង​បញ្ចប់​នៃ​សហស្សវត្សរ៍ ។

  • តើ​យ៉ូហាន​បាន​ពិពណ៌នា​អំពី​ព្រឹត្តិការណ៍​អ្វីខ្លះ ? ( សូម​ពន្យល់​ថា ឈ្មោះ សាសន៍​កុក និង សាសន៍​ម៉ាកុក នៅ​ក្នុង ខទី ៨ សំដៅ​ទៅ​លើ​ពលទ័ព ដែល​សាតាំង​នឹង​ប្រើ​នៅ​ចុង​បញ្ចប់​នៃ​សហស្សវត្សរ៍​ ដើម្បី​ច្បាំង​ជា​លើក​ចុងក្រោយ​ទាស់​នឹង​រាស្ត្រ​របស់​ព្រះ​អម្ចាស់ [ សូម​មើល គ. និង ស. ៨៨:១១០–១៤ ] ) ។

  • បន្ទាប់​ពី​ចម្បាំង​នេះ តើ​នឹង​មាន​អ្វីខ្លះ​កើត​ឡើង​​ចំពោះ​អារក្ស និង​ពួក​ពល​បរិវារ​របស់​វា ? ( បន្ទាប់​ពី​សិស្ស​ឆ្លើយ​រួច សូម​បំពេញ​ឃ្លា​នៅ​លើ​ក្ដារខៀន​ដើម្បី​ឲ្យ​វា​មាន​ន័យ​ដូច​តទៅ​នេះ ៖ នៅ​ចុង​បញ្ចប់​នៃ​សហស្សវត្សរ៍ ទ័ព​របស់​ព្រះ​នឹង​យក​ឈ្នះ​លើ​សាតាំង និង​ពួក​ពល​បរិវារ​របស់​វា  ) ។

  • ហេតុអ្វី​វា​គឺជា​រឿង​ដ៏​សំខាន់​ដែល​យើង​ត្រូវ​ដឹង​ពី​លទ្ធផល​ចុងក្រោយ​នៃ​ចម្បាំង​រវាង​ព្រះ និង​សាតាំង ?

វិវរណៈ ២០:១២–១៥

យ៉ូហាន​ឃើញ​សេចក្តី​ជំនុំ​ជម្រះ​ចុងក្រោយ

សូម​ពន្យល់​ថា ជា​ផ្នែក​មួយ​នៅ​ក្នុង​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ព្រះវរបិតា​សួគ៌ មនុស្ស​គ្រប់​រូប​ដែល​ធ្លាប់​រស់​នៅ​លើ​ផែនដី​នេះ​នឹង​ឈរ​ទទួល​ការ​កាត់​សេចក្ដី​នៅ​ចំពោះ​ព្រះ ។ សូម​ឲ្យ​សិស្ស​នឹក​ស្រមៃ​ពី​ទិដ្ឋភាព​នៃ​សេចក្តី​ជំនុំ​​ជម្រះ​ចុងក្រោយ ។

  • តើ​អ្នកសង្ឃឹម​ចង់​គិត ហើយ​ទទួល​អារម្មណ៍​បែបណា នៅ​ពេល​អ្នក​ឈរ​នៅចំពោះព្រះ ដើម្បីទទួល​ការកាត់​សេចក្ដី​ ?

ចូរ​សុំ​ឲ្យ​សិស្ស​ម្នាក់​អាន វិវរណៈ ២០:១២–១៣ ​ឲ្យឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម រកមើល​ថា តើ​ព្រះ​នឹង​កាត់​សេចក្ដី​យើង​យ៉ាង​ដូចម្ដេច ។

  • តើ​យើងអាច​រៀន​សេចក្ដី​ពិត​អ្វីខ្លះ​នៅ​ក្នុង​ខ​ទី ១២ អំពី​របៀប​ដែល​យើង​នឹង​ទទួល​ការ​កាត់​សេចក្ដី ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុសៗ​គ្នា ប៉ុន្តែ​ពួកគេ​គួរ​ស្គាល់​ពី​សេចក្ដី​ពិត​ខាងក្រោម​នេះ ៖​ព្រះ​​នឹង​កាត់​សេចក្ដី​យើង​ចេញ​ពី​សៀវភៅ​ ដែល​បាន​សរសេរ​ទុក​ស្រប​តាម​ការ​ប្រព្រឹត្ត​របស់​យើង ) ។

  • តើ​យ៉ូហាន​បាន​ឃើញ​សៀវភៅ​អ្វីខ្លះ ? ( ព្រះគម្ពីរ កំណត់ត្រា​សាសនាចក្រ​​ដែល​កត់​ត្រា​ពិធី​បរិសុទ្ធ​នៃ​ការ​សង្គ្រោះ ហើយ​ប្រហែល​ជា​ទង្វើ​ផ្សេងៗ​ទៀត និង​សៀវភៅ​ជីវិត [ សូម​មើល នីហ្វៃទី២ ២៩:១០–១១, គ. និង ស. ១២៨:៦–៧ ) ។

ចូរ​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដីថ្លែងការណ៍​ដូចខាង​ក្រោម​អំពី​បញ្ជី​ជីវិត​ឲ្យ​ឮៗ ៖

« តាម​ន័យ​មួយ សៀវភៅ​ជីវិត​គឺជា​ការ​សរុប​នូវ​គំនិត និង​កិច្ចការ​របស់​ជន​ម្នាក់​–គឺជា​បញ្ជី​អំពី​ជីវិត​របស់​គេ ។ ក៏​ប៉ុន្តែ​គម្ពីរ​បាន​ចែងថា មាន​បញ្ជី​នៅ​ស្ថាន​សួគ៌​មួយ​ច្បាប់ ដែល​បាន​រក្សាទុក​សម្រាប់​ពួក​មនុស្ស​ស្មោះត្រង់ គឺ​មាន​ទាំង​ឈ្មោះ​គេ និង​ដំណើរ​រឿង​អំពី​ការ​ប្រព្រឹត្ត​ដ៏​សុចរិត​ទាំង​ឡាយ​របស់​គេ​ផងដែរ ( គ. និង ស. ៨៨:២; ១២៨:៧ ) » ( សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « សៀវភៅ​ជីវិត » ) ។

សូម​ចង្អុល​បង្ហាញ​ថា ព្រះអម្ចាស់​បាន​បើក​សម្ដែង​ដល់​ព្យាការី​យ៉ូសែប ស្ម៊ីធ​ថា បន្ថែម​ពី​លើ​​ការ​ប្រព្រឹត្ត​របស់​យើង យើង​នឹង​ទទួល​ការ​កាត់​សេចក្ដី​ស្រប​តាម​បំណង​ប្រាថ្នា​នៃ​ដួង​ចិត្ត​របស់​យើង ( សូម​មើល គ. និង ស. ១៣៧:៩, សូម​មើល​ផង​ដែរ អាលម៉ា ៤១:៣–៥ ) ។

  • យោង​តាម វិវរណៈ ២០:១៣​តើ​នឹង​មាន​អ្វី​កើត​ឡើង​ពី​មុន​យើង​ទទួល​ការ​កាត់​សេចក្ដី ? ( ប្រសិន​បើ​ចាំបាច់ សូម​ពន្យល់​ថា « ​សមុទ្រ នោះ​បាន​ប្រគល់​ពួក​មនុស្ស​ស្លាប់ ដែល​នៅ​ក្នុង​ទឹក​មក​វិញ ហើយ​សេចក្តី​ស្លាប់ និង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ក៏​ប្រគល់​ពួក​មនុស្ស​ស្លាប់ដែល​នៅ​ឯ​ណោះ​មក​វិញ​ដែរ »​ សំដៅ​ទៅ​លើ​ការ​រស់​ឡើង​វិញ​របស់​មនុស្ស​គ្រប់​រូប ) ។

  • តើអ្វីទៅ​ដែលអាចជាការ​ចាំបាច់​ចំពោះ​យើង ដែល​ត្រូវ​រស់​ឡើង​វិញ​ពី​មុន​យើង​ឈរ​ទទួល​ការ​កាត់​សេចក្ដី​នៅ​ចំពោះ​ព្រះ ?

សូម​ថ្លែង​ទីបន្ទាល់​ថា យើង​ម្នាក់​នឹង​ឈរ​ចំពោះ​ព្រះ​ដើម្បី​ទទួល​ការ​កាត់​សេចក្ដី ហើយ​ថា​សកម្មភាព​របស់​យើង​នៅ​ពេល​នេះ​នឹង​កំណត់​នូវ​អ្វី​ ដែល​បទពិសោធន៍​នោះ​នឹង​កើត​មានចំពោះ​​យើង ។ ចូរ​អាន​សំណួរ​ដូចខាង​ក្រោម​នេះ​ឲ្យ​ឮៗ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​ចម្លើយ​នៅក្នុង​សៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់ ឬ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​ព្រះគម្ពីរ​​របស់ពួកគេ ៖

  • តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ​ឲ្យ​បាន​ប្រសើរ​ឡើង​​នៅ​ក្នុង​ជីវិត​របស់​អ្នក​ ដើម្បី​ត្រៀម​ខ្លួន​ទទួល​ការ​កាត់​សេចក្ដី​របស់​ព្រះអម្ចាស់ ?

រូបភាព
scripture mastery icon
ចំណេះ​ចំណាន​ខគម្ពីរ—វិវរណៈ ២០:១២

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ប្រើ​ឧបករណ៍​ជំនួយ​ការ​សិក្សាបទគម្ពីរ ​ដូចជា លេខ​យោង​បទគម្ពីរ សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំង​ឡាយ ( ដែល​មាន​នៅ​លើ scriptures.lds.org ) និង Topical Guide ដើម្បី​ស្វែង​រក​បទ​គម្ពីរ​បន្ថែម​ទៀត​ ដែល​បង្រៀន​អំពី​សេចក្តី​ជំនុំ​ជម្រះ​ចុងក្រោយ ។ សិស្ស​អាច​សរសេរ​សេចក្ដី​យោង​បទគម្ពីរ​បន្ថែម​​ទាំងនេះ​នៅ​ក្នុង​ព្រះគម្ពីរ​របស់​ពួក​គេ​ក្បែរ វិវរណៈ ២០:១២ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ប្រាប់​ដល់​សិស្ស​ក្នុង​ថ្នាក់​នូវ​សេចក្ដី​ពិត​បន្ថែម​អំពី​សេចក្តី​ជំនុំ​ជម្រះ​ចុង​ក្រោយ ដែល​ពួកគេ​រៀនតាមរយៈ​សកម្មភាព​នេះ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

វិវរណៈ ២០:២–៣ ។ សាតាំង​នឹង​ត្រូវ​ជាប់​ចំណង

ប្រធាន​ យ៉ូសែប អេហ្វ ស៊្មីធ បាន​ថ្លែង​ទាក់​ទង​នឹង​ការ​ជាប់​ចំណង​របស់​សាតាំង ៖

« [ សាតាំង ] នឹង​ត្រូវ​ជាប់​ចំណង​ដោយ​សេចក្ដី​ជំនឿ​នៃ​ពួក​សុចរិត និង​ក្រឹត្យវិន័យ​នៃ​ព្រះ​ដ៏​មាន​មហិទ្ធិឫទ្ធិ​​នៅ​ក្នុង​រជ្ជកាល​នៃ​សហស្សវត្សរ៍ ហើយ​នឹង​បោះ​ចូល​ទៅ​ស្ថាន​នរក » ( From Prophet to Son: Advice of Joseph F. Smith to His Missionary Sons និពន្ធ​ដោយ Hyrum M. Smith III និង Scott G. Kenney [ ឆ្នាំ​ ១៩៨១ ] ទំព័រ ៧១ ) ។

ព្យាការី​នីហ្វៃ​បាន​បង្រៀន​ថា ដោយសារ​សេចក្ដី​​សុចរិត​នៃ​ពួក​បរិសុទ្ធ សាតាំង​នឹង​គ្មាន​អំណាច​ទៀត​ឡើយ ( សូម​មើល នីហ្វៃទី១ ២២:២៦ ) ។

ប្រធាន ចច ឃ្យូ ខានុន ក្នុងគណៈប្រធាន​ទី​មួយ​បានពន្យល់​ដូច​តទៅ ៖

« យើង​និយាយ​អំពី​សាតាំង​ដែល​នឹង​ត្រូវ​ចង ។ សាតាំង​នឹង​ត្រូវ​ចង​ដោយ​ព្រះចេស្ដា​នៃ​ព្រះ ប៉ុន្តែ​វា​ក៏​នឹង​ត្រូវបាន​ចង​ផងដែរ ដោយសារ​ការប្ដេជ្ញាចិត្ត​របស់​រាស្ត្រ​នៃ​ព្រះ មិន​ស្ដាប់​តាម​វា ដោយ​មិន​អនុញ្ញាត​ឲ្យ​វា​គ្រប់គ្រង​លើ​បាន » ( ​Gospel Truth: Discourses and Writings of President George Q. Cannon ជ្រើស​រើស​ដោយ Jerreld L. Newquist វ៉ុលទី ២ [ ឆ្នាំ ១៩៥៧–៧៤ ] ១:៨៦ ) ។

ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​បង្រៀន​ថា យើង​ពុំ​ត្រូវ​រង់ចាំ​​រហូត​ដល់​សហសវត្សរ៍ ដោយ​សារ​សាតាំង​ត្រូវ​បាន​ជាប់​ចំណង​នោះ​ទេ៖

« នៅពេល​សាតាំង​ត្រូវ​ចង​នៅក្នុង​ផ្ទះ​តែ​មួយ — នៅពេល​សាតាំង​ត្រូវចង​នៅក្នុង​ជីវិត​តែមួយ ​— នោះ​ពេល​សហស្សវត្សរ៍​បាន​ចាប់​ផ្ដើម​នៅក្នុង​ផ្ទះ​នោះ​រួចហើយ នៅក្នុង​ជីវិត​នោះឯង » ( The Teachings of Spencer W. Kimball និពន្ធ​ដោយ Edward L. Kimball [ ឆ្នាំ ១៩៨២ ] ទំព័រ ១៧២ ) ។

វិវរណៈ ២០:៥–៦ ។ ការ​រស់​ឡើង​វិញ​លើក​ទីមួយ

អែលឌើរ ជេម អ៊ី ថាលម៉េហ្គ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ថ្លែង​អំពី​ការ​រស់​ឡើង​វិញ​លើក​​ទីមួយ​ដូច​ត​ទៅ ៖

« [ ការ​រស់​ឡើង​វិញ​លើក​ទីមួយ ] ត្រូវ​បាន​ចាប់ផ្ដើម​ឡើង​​ដោយ​ការ​​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ក្រោយ​មក​ទៀត​មិន​យូរ​ប៉ុន្មាន ​ពួក​បរិសុទ្ធ​ជា​ច្រើន​បាន​ចេញ​មក​ពី​ផ្នូរ​របស់​ពួកគេ ។ ដំណើរ​បន្ត​បន្ទាប់គ្នា​មួយ​នៃ​ព្រឹត្តិការណ៍​នេះ ដែល​ជា​ការ​រស់​ឡើង​វិញ​របស់​មនុស្ស​សុចរិត ត្រូវ​បាន​ដំណើរ​ការចាប់​តាំង​ពី​ពេល​នោះ​មក ហើយ​នឹង​មាន​ចំនួន​កាន់​តែ​ធំ​ឡើងៗ ឬ​នាំ​មក​នៅ​ក្នុង​របៀប​ទូទៅ​មួយ ​ដែល​ភ្ជាប់​ទៅ​នឹង​ការ​យាង​មក​របស់​ព្រះគ្រីស្ទ​នៅ​ក្នុង​សិរី​ល្អ​របស់​ទ្រង់ » ( The Articles of Faith កំណែទី ១២ [ ឆ្នាំ ​១៩២៤ ] ទំព័រ ៣៨៥ ) ។

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ពន្យល់​អំពី​របៀប​ពីរ​យ៉ាង​ខុស​គ្នា​ ដើម្បី​យល់​ដឹង​នូវ​ពាក្យ​ថា ការ​រស់​ឡើង​វិញ​ជា​លើក​ទី​មួយ ៖

« ចំពោះ​ជន​ដែល​បាន​រស់​នៅ​ពី​មុន​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះគ្រីស្ទ ជា​ថ្ងៃ​ដែល​ទ្រង់​បាន​​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ត្រូវ​គេ​ហៅ​ថា​ជា ការ​រស់​ឡើង​វិញ​ជា​លើក​​ទី​មួយ​ ។ ឧទាហរណ៍​ អ័ប៊ីណាដៃ និង​អាលម៉ា​បាន​ពិចារណា​យ៉ាង​ខ្លាំង​អំពី​រឿង​នេះ ។ ( ម៉ូសាយ ១៥:២១–២៥; អាលម៉ា ៤០ ) ។ ចំពោះ​ជន​ដែល​បាន​រស់​នៅ​ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក ការ​រស់​ឡើង​វិញ​ជា​លើក​ទីមួយ​គឺ​ជា​រឿង​​អនាគតនៅឡើយ ហើយ​នឹង​កើត​ឡើង​នៅ​ឯ​ការ​យាង​មក​ជា​លើក​ទីពីរ ។ ( គ. និង ស. ៨៨:៩៦–១០២ ) » ។ ( Mormon Doctrine កំណែលើក​ទី​២ [ ឆ្នាំ ១៩៦៦ ] ទំព័រ ៦៣៩ ) ។

ជន​ដែល​នឹង​ចេញ​មក​នៅ​ក្នុង​ការ​រស់​ឡើង​វិញ​លើក​ទីមួយ រួម​មាន​ « ពួក​ព្យាការី និង​អស់​អ្នក​ណា​ដែល​បាន​ជឿ​តាម​ពាក្យ​សម្ដី​របស់​គេ » ( ម៉ូសាយ ១៥:២២ ) ជន​ដែល​បាន​ស្លាប់​ទៅ​​នៅ​ក្នុង​ភាពល្ងិត​ល្ងង់ ដោយ​​គ្មាន​ « អ្នក​ណា​ប្រកាស​ប្រាប់​អំពី​សេចក្ដី​សង្គ្រោះ​ដល់​គេ » ( ម៉ូសាយ ១៥:២៤, សូម​មើល​ផង​ដែរ គ. និង ស. ៤៥:៥៤ ) និង​ពួក​ក្មេង​តូចៗ​​ដែល​បាន​ស្លាប់​ពី​មុន​វ័យ​ចេះ​ទទួល​ខុស​ត្រូវ ( សូម​មើល ម៉ូសាយ ១៥:២៥, មរ៉ូណៃ ៨:៤–២៤ ) ។