បណ្ណាល័យ
សេចក្ដី​ផ្ដើម​នៃ​ដំណឹងល្អ​យោងតាម​ម៉ាថាយ


សេចក្ដី​ផ្ដើម​នៃ​ដំណឹងល្អ​យោងតាម​ម៉ាថាយ

ហេតុអ្វី ត្រូវសិក្សាគម្ពីរនេះ ?

វគ្គដែលពេញនិយម​បំផុត​មួយ​ចំនួន​នៅ​ក្នុង​ព្រះគម្ពីរ​ប៊ីប ​គឺ​មាន​នៅ​ក្នុង​គម្ពីរ​ម៉ាថាយ រួម​បញ្ចូល​​ទាំង​ទេសនកថា​នៅ​លើ​ភ្នំ និង រឿង​ប្រៀប​ប្រដូច ការ​បង្រៀន និង អព្ភូតហេតុ​ជាច្រើន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ការ​សិក្សា​គម្ពីរ​នេះ​អាច​ជួយ​សិស្ស​ឲ្យ​ស្គាល់​ការងារ​បម្រើ និង ព្រះបន្ទូល​របស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​អាច​ពង្រឹង​ទីបន្ទាល់​របស់​ពួកគេ​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះអង្គ​សង្គ្រោះ​នៃ​លោកិយ និង​ ជា​ព្រះមែស៊ី​ដែល​ពួក​ព្យាការី​បរិសុទ្ធ​ទាំងអស់​បាន​ថ្លែងប្រកាស​ថា​នឹង​យាង​មក ។

តើនរណាជាអ្នកសរសេរគម្ពីរនេះ ?

ម៉ាថាយ ដែល​គេ​ស្គាល់​ថា​ជា​លេវី​ និង​ជា​កូនប្រុស​របស់​អាល់ផាយ​គឺជា​អ្នក​និពន្ធ​គម្ពីរ​នេះ ។ លោក​គឺជា​អ្នក​យកផាស៊ី ឬជាអ្នកយក​ពន្ធ​ម្នាក់កាល​ពីមុន ហើយ​ជីវិត​របស់​លោក​បាន​ផ្លាស់​ប្ដូរ​ជា​រៀង​រហូត កាល​លោក​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​អញ្ជើញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ឲ្យ​ដើរ​តាម​ទ្រង់ ។ ( សូម​មើល ម៉ាថាយ ៩:៩, ម៉ាកុស ២:១៤,​ លូកា ៥:២៧–២៨សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ម៉ាថាយ » ) ។ បន្ទាប់​ពី​ការ​ប្រែចិត្ត​ជឿ​របស់​ខ្លួន ម៉ាថាយ​បាន​ក្លាយ​ជា​សាវក​ម្នាក់​ក្នុង​ចំណោម​ពួក​សាវក​ទាំង​ដប់​ពីរ​នាក់​របស់​ព្រះអង្គ​សង្គ្រោះ ( សូម​មើល ម៉ាថាយ ១០:២–៤ ) ។ ក្នុង​នាម​ជា​សាវក​មួយ​រូប ម៉ាថាយ​គឺជា​សាក្សី​ម្នាក់​ចំពោះ​ព្រឹត្តិការណ៍​ជាច្រើន​ដែល​លោក​បាន​ពិពណ៌នា​នៅ​ក្នុង​កំណត់ត្រា​របស់​លោក ។ ការណ៍​នេះ​ត្រូវ​បាន​គាំទ្រ​ដោយ​ការ​ដាក់​ចំណង​ជើង​នៃ​ដំណឹងល្អ​របស់​លោកនៅ​ក្នុង​ការ​បកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ ៖ « ទីបន្ទាល់​របស់​ម៉ាថាយ » ។

តើនៅពេលណានិង​នៅកន្លែងណា ដែលគម្ពីរនេះត្រូវបានសរសេរ ?

យើង​ពុំ​បាន​ដឹង​ច្បាស់​ពី​ពេល​វេលា​ដែល​គម្ពីរ​ម៉ាថាយ​ត្រូវ​បាន​សរសេរ​ឡើង​ឡើយ ប៉ុន្តែ​វា​ទំនង​ជា​សរសេរ​ឡើង​នៅ​អំឡុង​ពាក់កណ្ដាល​សតវត្សរ៍​ទី​មួយ នៃគ.ស. ។ យើង​ពុំ​ដឹង​ពី​ទីកន្លែង​ដែល​ម៉ាថាយ​សរសេរ​គម្ពីរ​នេះ​ទេ ។

តើ​គម្ពី​រនេះ​ត្រូវបាន​សរសេរ​ឡើង​សម្រាប់​នរណា ហើយ​តើ​ហេតុអ្វី​ដែរ ?

ម៉ាថាយ ហាក់ដូចជា​បាន​សរសេរ​ទៅ​ប្រជាជន​សាសន៍​យូដា​ដើម្បី​បង្ហាញ​ថា ព្រះយេស៊ូវ​គ្រីស្ទ​បាន​បំពេញ​ការ​ព្យាករ​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី ស្តីពីការយាង​មករបស់ព្រះមេស៊ី ។ (សូម​មើល​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ« ម៉ាថាយ » ) ។ ដូចដែល ​ម៉ាថាយ ​បាន​និទាន​ម្តងទៀត អំពី​ជីវ​ប្រវត្តិ ព្រះបន្ទូល និង សកម្មភាព​របស់​ព្រះយេស៊ូវ​គ្រីស្ទ ជា​ញឹកញាប់​លោក​បាន​និយាយ​ពី​ការ​ព្យាករ​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ហើយ​បាន​ប្រើ​ឃ្លា​ថា « ដើម្បី​ឲ្យ​បាន​សម្រេច » ( ឧទាហរណ៍ សូម​មើល ម៉ាថាយ ៤:១៤, ៨:១៧, ១៣:៣៥, ២១:៤ ) ។

នៅ​ក្នុង​ដំណឹងល្អ​របស់​លោក ម៉ាថាយ​បាន​ប្រើ​ពាក្យ « វង្សា​ហ្លួង​ដាវីឌ » ១២​​ ដង ជា​ទីបន្ទាល់​ថា ព្រះ​យេស៊ូវ​គ្រីស្ទ​គឺជា​អ្នក​គ្រង​មរតក​នៃ​បល្ល័ង្ក​របស់​ស្ដេច​ដេវីឌ​ដ៏​ពេញ​ច្បាប់ និង ​ជា​ការ​បំពេញ​នៃ​ការ​ព្យាករពី​ព្រះមែស៊ី ។ ពង្សាវតា​របស់ព្រះយេស៊ូវ​គ្រីស្ទ​​នៅក្នុងម៉ាថាយ​ បាន​គូស​បង្ហាញ​ពី​តំណ​ពូជពង្ស​របស់​ទ្រង់​តាមរយៈ​ដាវីឌ យូដា និង អ័ប្រាហាំ ( សូម​មើល ម៉ាថាយ ១:១–៣ ) ដោយ​បង្ហាញ​ពី​សិទ្ធិ​ដ៏​ត្រឹមត្រូវ​របស់​ព្រះយេស៊ូវ​ដើម្បី​គ្រប់គ្រង និង ​តួនាទី​របស់​ទ្រង់​នៅ​ក្នុង​ការ​បំពេញ​ការ​សន្យា​របស់​ព្រះ​ចំពោះ​អ៊ីស្រាអែល ។

តើមានលក្ខណៈពិសេសអ្វីខ្លះនៅក្នុងគម្ពីរនេះ ?

ទោះជា​ឯកសារ​មួយ​ភាគ​ធំ​របស់​ម៉ាថាយ ​ក៏​មាន​នៅ​ក្នុង​ម៉ាកុស និង លូកា​ក្ដី ក៏ប្រហែល​ជា ៤២ ភាគរយ​នៃ​ដំណឹងល្អ​របស់​ម៉ាថាយ​គឺជា​គម្ពីរ​វិសេស​វិសាលមួយ​ដាច់​ដោយ​ឡែក​ដែរ ។ ប្រធាន​បទ​ចម្បង​មួយ​នៅ​ក្នុង​ម៉ាថាយ​គឺថា​ ព្រះយេស៊ូវ​គ្រីស្ទ​បាន​យាង​មក​ដើម្បី​ស្ថាបនា​នគរ​របស់​ទ្រង់​នៅ​លើ​ផែនដី ។ ម៉ាថាយ ​បាន​និយាយអំពី « នគរ​ស្ថានសួគ៌ »​ជា​ច្រើន​ដង ហើយ​លោក​គឺជា​អ្នកនិពន្ធ​ដំណឹង​ល្អ​តែ​ម្នាក់​គត់​ដែល​បាន​ដាក់​បញ្ចូល​ការ​បង្រៀន​របស់​ព្រះយេស៊ូវ​អំពី​« សាសនាចក្រ »( សូម​មើល ម៉ាថាយ ១៦:១៨, ១៨:១៧ ) ។

ដំណឹងល្អ​របស់​ម៉ាថាយ​ក៏​ជួយ​យើង​ឲ្យ​ឃើញ​ពី​ភាពស្របគ្នា​រវាង​ការងារ​បម្រើ​របស់​លោក​ម៉ូសេ និង ព្រះយេស៊ូវ​គ្រីស្ទ ។ ឧទាហរណ៍ តួអង្គ​ទាំង​ពីរ​ត្រូវ​បាន​ជួយ​សង្គ្រោះ​កាល​នៅ​ជា​ទារក​ពី​ការ​ប៉ុនប៉ង​សម្លាប់​របស់​ស្ដេច ( សូម​មើល និក្ខមនំ ២:១–១០, ម៉ាថាយ ២:១៣–១៨ ) បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ បាននាំមក​នូវក្រឹត្យ​វិន័យ​របស់ព្រះ ពីលើភ្នំ ( សូម​មើល និក្ខមនំ ១៩–២០, ម៉ាថាយ ៥–៧ ) ហើយ​បាន​ទៅ​ជួយ​រំដោះ​ប្រជាជន​របស់​ខ្លួន ។

គម្រោង

ម៉ាថាយ ១–៤ ម៉ាថាយ​ បង្ហាញ​ពី​ពង្សាវតា និង​ ការ​ប្រសូត​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ពួក​ហោរា​ស្វែង​រក​ស្ដេច​នៃ​ពួក​សាសន៍​យូដា ។ ដោយទទួល​បាន​ការ​ដឹកនាំ​នៅ​ក្នុង​សុបិន យ៉ូសែប​បាន​នាំ​ម៉ារា និង ព្រះ​យេស៊ូវ​ទៅ​ស្រុក​អេស៊ីព្ទ ហើយ​ក្រោយ​មក​ទៀត​ទៅ​ស្រុក​ណាសារ៉ែត ។ យ៉ូហាន បាទីស្ទ ​ប្រកាស​ពី​ដំណឹងល្អ​នៃការ​ប្រែចិត្ត ហើយ​បាន​ជ្រមុជទឹក​ថ្វាយ​ព្រះយេស៊ូវគ្រីស្ទ ។ ព្រះអង្គ​សង្គ្រោះ​បាន​ទទួល​ការ​ល្បួង​នៅ​ក្នុង​ទីរហោស្ថាន ។ ទ្រង់​ចាប់ផ្ដើម​ការងារ​បម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ទ្រង់​ដោយការ​បង្រៀន និងការ​ព្យាបាល ។

ម៉ាថាយ ៥–៧ ព្រះយេស៊ូវ​គ្រីស្ទ​ធ្វើ​ទេសនកថា​នៅ​លើ​ភ្នំ ។

ម៉ាថាយ ៨–១២ ព្រះអង្គ​សង្គ្រោះ​ព្យាបាល​មនុស្ស​កើត​ឃ្លង់​ម្នាក់ ធ្វើ​ឲ្យ​ព្យុះ​ស្ងប់ បណ្ដេញ​អារក្ស ប្រោស​កូនស្រី​យ៉ៃរ៉ុស​ពី​ស្លាប់ ហើយ​ព្យាបាល​មនុស្ស​ខ្វាក់​ឲ្យ​មើល​ឃើញ ។ ព្រះយេស៊ូវ​គ្រីស្ទ​ប្រទាន​សិទ្ធិ​អំណាច​ដើម្បី​ធ្វើ​កិច្ចការ​ដូចជា​ទ្រង់​ដល់​ពួក​សាវក ហើយ​បញ្ជូន​ពួកគាត់​ចេញ​ទៅ​ប្រកាស​ដំណឹងល្អ ។ ព្រះយេស៊ូវ​ប្រកាស​ថា យ៉ូហាន បាទីស្ទ ​គឺ​លើស​ពី​ព្យាការី​មួយ​រូប​ទៅ​ទៀត ។ ព្រះអង្គ​សង្គ្រោះ​ព្យាបាល​នៅ​ថ្ងៃ​ឈប់​សម្រាក ។

ម៉ាថាយ ១៣–១៥ ព្រះយេស៊ូវ​បង្រៀន​ដោយ​ប្រើ​រឿង​ប្រៀប​ប្រដូច ។ យ៉ូហាន បាទីស្ទ​ ត្រូវ​បាន​គេ​សម្លាប់ ។ បន្ទាប់​ពីផ្តល់អាហារ​ដល់​មនុស្ស​ប្រាំពាន់​នាក់​មក ព្រះយេស៊ូវ និង ពេត្រុស​ ដើរ​នៅ​លើ​សមុទ្រ​កាលីឡេ ។ ពួក​អាចារ្យ និង ​ពួក​ផារិស៊ី​ចោទ​សួរ​ព្រះយេស៊ូវ ។

ម៉ាថាយ ១៦–១៨ បន្ទាប់​ពី​ពេត្រុស​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវ​គឺជា​ព្រះមែស៊ី ព្រះអង្គ​សង្គ្រោះ​គូសបញ្ជាក់​ថា ទ្រង់​នឹង​ប្រទាន​កូនសោ​នៃ​នគរ​ព្រះ​ដល់​ពេត្រុស និង ពួក​ដប់​ពីរនាក់ ។ ព្រះយេស៊ូវ​គ្រីស្ទ​បាន​ប្រែ​ព្រះកាយ​នៅ​លើ​ភ្នំ ជាទីកន្លែងដែល ពេត្រុស យ៉ាកុប និង យ៉ូហាន​បាន​ទទួល​កូនសោ​បព្វជិតភាព ។ ព្រះយេស៊ូវ​បង្គាប់​ដល់​ពួក​សិស្ស​របស់​ទ្រង់​ពី​របៀប​ដឹកនាំ​សាសនាចក្រ ហើយ​បង្រៀន​ថា ព្រះ​នឹង​ពុំ​អភ័យទោស​ឲ្យ​យើង​ឡើយ ប្រសិន​បើ​យើង​ពុំ​អភ័យទោស​ដល់​អ្នក​ដទៃ ។

ម៉ាថាយ ១៩–២៣ ព្រះអង្គ​សង្គ្រោះ​បង្រៀន​ពី​លក្ខណៈ​ដ៏​នៅ​អស់​កល្ប​ជានិច្ច​នៃ​អាពាហ៍ពិពាហ៍ ។ ទ្រង់​យាង​ចូល​ទៅ​ក្រុង​យេរូសាឡិម ហើយ​បាន​សម្អាត​ព្រះវិហារ​បរិសុទ្ធ ។ តាមរយៈ​ការ​ប្រើ​រឿង​ប្រៀប​ប្រដូច ព្រះយេស៊ូវ​បាន​លាត​ត្រដាង​ពី​ចេតនា​អាក្រក់​របស់​ពួក​អ្នកដឹកនាំ​សាសន៍​យូដា​ដែល​បដិសេធ​ទ្រង់ ។ ទ្រង់ព្រះកន្សែង​ចំពោះ​ការ​បំផ្លិច​បំផ្លាញ​នៃ​ទីក្រុង​យេរូសាឡិម​នា​ពេល​អនាគត ។

ម៉ាថាយ ២៤–២៥, យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ព្រះយេស៊ូវ​គ្រីស្ទ​ព្យាករ​ពី​ការ​បំផ្លិច​បំផ្លាញ​នៃ​ក្រុង​យេរូសាឡិម ។ ទ្រង់​បង្រៀន​ពី​របៀប​ដែល​ពួក​អ្នក​ដើរតាម​របស់​ទ្រង់​អាច​រៀប​ចំ​ខ្លួន​សម្រាប់​ការ​យាង​មក​វិញ​របស់​ទ្រង់ ។

ម៉ាថាយ ២៦–២៧ ព្រះយេស៊ូវ​សោយ​ព្រះស្ងោយ​សម្រាប់​បុណ្យ​រំលង​ជាមួយ​នឹង​ពួក​សិស្ស​របស់​ទ្រង់ ហើយ​ណែនាំ​ពី​ពិធី​សាក្រាម៉ង់ ។ ទ្រង់​រងទុក្ខ​នៅ​ក្នុង​សួន​គែតសេម៉ានី​ ហើយ​ត្រូវ​បាន​គេ​ក្បត់ ចាប់​ព្រះកាយ បាន​នាំ​ទៅ​កាត់​ទោស​នៅ​មុខ​ពួក​មន្ត្រី​យូដា និង រ៉ូម ហើយ​ត្រូវបានគេ​ឆ្កាង ។ ទ្រង់​បាន​សុគត ហើយ​បាន​បញ្ចុះ ។

ម៉ាថាយ ២៨ ព្រះអង្គ​សង្គ្រោះ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ បាន​លេច​មក​ជួប​នឹង​ពួក​សិស្ស​របស់​ទ្រង់ ។ ព្រះយេស៊ូវ​តែងតាំង​ពួក​សាវក​ឲ្យ​នាំ​យក​ដំណឹងល្អ​របស់​ទ្រង់ទៅ​ដល់​គ្រប់​ជាតិ​សាសន៍​ទាំងអស់ ។