បណ្ណាល័យ
មេរៀន​ទី ១០៥ ៖ កូរិនថូស​ទី១ ៥-៦


មេរៀន​ទី ១០៥

កូរិនថូស​ទី១ ៥-៦

សេចក្តី​ផ្ដើម

សាវក​ប៉ុល​បាន​ព្រមាន​ពួក​បរិសុទ្ធ​ទាស់​នឹង​ការ​អនុញ្ញាត​ ឲ្យ​ពួក​ទុច្ចរិត​ជះឥទ្ធិពល​លើ​ពួកគេ ។ លោក​បាន​ព្រមាន​ពួក​បរិសុទ្ធ​ឲ្យ​ចៀសវាង​ពី​ទស្សនៈ និង​ទម្លាប់​អសីលធម៌​ដែល​បាន​​និយម​នៅ​កូរិនថូស ។

យោបល់​សម្រាប់​ការបង្រៀន

កូរិនថូស​ទី១ ៥

ប៉ុល​ព្រមាន​ពួក​បរិសុទ្ធ​ទាស់​នឹង​ការ​សេព​គប់​​នឹង​ជន​ដែល​ជ្រើស​ដោយ​ចេតនា នឹង​​ធ្វើ​​អំពើ​បាប

សូម​គូរ​រូប​សាមញ្ញ​មួយ​អំពី​ផ្លែ​ឈើ​រលួយ​មួយ​ចាន ហើយ​មាន​តែ​ផ្លែ​ឈើ​ស្រស់​មួយ​បំណែក​នៅ​ក្នុង​ចាន​នោះ ។ អ្នក​អាច​ដាក់​បង្ហាញ​ផ្លែ​ឈើ​រលួយ​មួយ​ចំណិត​ក៏​បាន ។

រូបភាព
drawing, bowl of fruit
  • តើ​នឹង​មាន​អ្វី​កើត​ឡើង ​ប្រសិន​បើ​អ្នក​បន្ត​ដាក់​ផ្លែ​ឈើ​រលួយនោះ​ឲ្យ​លាយឡំ​ជាមួយ​ផ្លែ​ឈើ​ស្រស់ៗ​ផ្សេង​ទៀត​នោះ ?

  • តើ​ផ្លែ​ឈើ​រលួយ​មួយ​ចំណិត​នោះ​អាច​តំណាង​ឲ្យ​អ្វី​នៅ​ក្នុង​ជីវិត​យើង ? ( ឥទ្ធិពល​ដែល​អាច​បំផ្លាញ​យើង ) ។

នៅ​ពេល​សិស្ស​សិក្សា កូរិនថូស​ទី ១ ៥ សូម​អញ្ជើញ​ពួកគេ​ឲ្យ​រក​មើល​សេចក្ដីពិត​មួយ ​ដែល​អាច​ជួយ​ពួកគេ​ឲ្យ​តប​ត​នឹង​ឥទ្ធិពល​អាក្រក់​​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កូរិនថូសទី១ ៥:១-២ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម​រក​មើល​ទម្លាប់​អាក្រក់​មួយ​ នៅ​ក្នុង​ចំណោម​ពួក​បរិសុទ្ធ​នៅ​កូរិនថូស ។

  • តើ​ទម្លាប់​អាក្រក់​អ្វី​ទៅ​ដែល​មាន​នៅ​ក្នុង​ចំណោម​ពួក​បរិសុទ្ធ​នៅ​កូរិនថូស ? ( សូម​ពន្យល់​ថា អំពើកំផឹត​ សំដៅ​​ទៅ​លើ​ទំនាក់​ទំនង​ផ្លូវ​ភេទ​ណា​មួយក្រៅ​ចំណង​អាពាហ៍ពិពាហ៍ ។ មាន​សមាជិក​ម្នាក់​នៅ​កូរិនថូស​បាន​ធ្វើ​អំពើ​បាប​ខាង​ផ្លូវ​ភេទ​ជាមួយ​នឹង​ម្ដាយ​ចុង​របស់​ខ្លួន ) ។

  • យោង​តាម ខ​ទី ២តើ​ប៉ុល​បាន​ប្រឹក្សា​ឲ្យ​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ធ្វើ​អ្វីខ្លះ​ចំពោះ​បុរស​ម្នាក់​នេះ ? ( សូម​ពន្យល់​ថា ឃ្លា « ឲ្យ​ថយ​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា »​ នៅ​ក្នុង ខ​ទី ​២​ មាន​ន័យ​ថា​ អ្នក​ធ្វើ​បាប​នោះ​​គួរ​ត្រូវបានកាត់​កាល​ចេញ​ពី​សាសនា​ចក្រ ) ។

សូម​ចង្អុល​បង្ហាញ​ថា ថ្នាក់​ដឹកនាំ​សាសនាចក្រ​បាន​ពិចារណា​ពី​កត្តា​ជាច្រើន​ មុន​ធ្វើ​ការ​កាត់​កាល​ចេញ ឬ​ធ្វើ​ការ​ដាក់​វិន័យ​តាម​ទម្រង់​​ណា​មួយ​នៅ​ក្នុង​សាសនា​ចក្រ ។ បន្ថែម​ពី​លើ​ការ​សម្រេច​ចិត្ត​ថា ​អំពើ​រំលង​នោះ​មាន​ភាព​ធ្ងន់ធ្ងរ​ដល់​កម្រិត​ណា ថ្នាក់​ដឹកនាំ​សាសនាចក្រ​ពិចារណា​ពី​គោលបំណង​ជាច្រើន​សម្រាប់​ការ​ដាក់វិន័យ​របស់​សាសនា​ចក្រ ៖ ដើម្បី​ជួយ​បុគ្គល​ម្នាក់​ឲ្យ​ប្រែ​ចិត្ត ដើម្បី​ការពារ​ជន​ដែល​អាច​​រង​ឥទ្ធិពល​អវិជ្ជមាន​ពី​​ទង្វើ​នៃ​ជននោះ ឬ​ការ​បែក​សាយ​នៃ​ជំនឿ​របស់​បុគ្គល​នោះ និង​ដើម្បី​ការពារ​សេចក្ដី​ទៀង​ត្រង់​នៃ​ការ​បង្រៀន​របស់​សាសនាចក្រ ( សូម​មើល « Church Discipline » mormonnewsroom.org/articles/church-discipline ) ។

សូម​អញ្ជើញ​សិស្ស​អាន កូរិនថូសទី១ ៥:៦–៧ ឲ្យ​ឮៗ ហើយ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រក​មើល​រឿប​ប្រៀប​ធៀប​ដែល​ប៉ុល​បាន​ប្រើ​ដើម្បី​ពន្យល់​ថា​ ហេតុអ្វី​បុគ្គល​នេះ​ត្រូវ​ដក​ចេញ​ពី​សាសនាចក្រ ។

  • តើ​ប៉ុល​បាន​ប្រៀប​ធៀប​ពួក​អ្នក​ធ្វើ​បាប​ដែល​មិន​បាន​ប្រែ​ចិត្ត​ទៅ​នឹង​អ្វី ? ( សូម​ពន្យល់​ថា​ដំបែ ឬ​មេ​នំប៉័ង នៅ​ទីបំផុត​នឹង​ធ្វើ​ឲ្យ​នំប៉័ង​ខូច ឬ​ទៅ​ជា​ដុះ​ផ្សិត ) ។

  • តើ​ត្រូវ​ដាក់​ដំបែ​ប៉ុន្មាន​ដើម្បី​ឲ្យ​មាន​ប្រសិទ្ធិភាព​ចំពោះ​ដុំ​ម្សៅ​ទាំងមូល ?

  • តើ​ម្សៅ​តំណាង​ឲ្យ​អ្វី ? ( សាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ ) ។

  • តើ​អ្នក​នឹង​សង្ខេប​ពី​អត្ថន័យ​នៃ​រឿង​ប្រៀប​ធៀប​នេះ​ ទៅ​ជា​គោលការណ៍​មួយ​យ៉ាង​ដូចម្ដេច ? ( ដោយប្រើ​ពាក្យ​សម្ដី​ផ្ទាល់ខ្លួនរបស់​ពួកគេ ​សិស្ស​គប្បី​ស្គាល់​នូវ​គោលការណ៍​មួយ​ស្រដៀង​គ្នា​ដូច​តទៅនេះ ៖ ប្រសិន​បើ​យើង​ជ្រើស​រើស​សេពគប់​ជាមួយ​នឹង​អស់​អ្នក​ដែល​ឱប​ក្រសោប​អំពើបាប នោះ​យើង​អាច​រង​ឥទ្ធិពល​ពី​អំពើ​ទុច្ចរិត​របស់​ពួកគេ ។ សូម​សរសេរ​សេចក្ដីពិត​នេះ​នៅ​លើ​ក្ដារខៀន ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កូរិនថូសទី១ ៥:៩-១១ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម​រក​មើល​ពាក្យ​ទូន្មាន​ ដែល​ប៉ុល​បាន​ផ្តល់ឲ្យ​ដល់​ពួក​បរិសុទ្ធ​នៅ​កូរិនថូស ។

  • តើ​ប៉ុល​បាន​ណែនាំ​ពួក​បរិសុទ្ធ​នៅ​កូរិនថូស​ឲ្យ​ចៀសវាង​អ្វី ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​បន្ថែម​ទៀត​ពី​ការ​ទូន្មាន​​របស់​ប៉ុល​ កុំ​ឲ្យ​សេពគប់​នឹង​ពួក​អ្នក​ប្រព្រឹត្ត​អំពើ​សាហាយ​ស្មន់ ឬ​មនុស្ស​ផ្សេង​ទៀត​ដែល​ឱប​ក្រសោប​អំពើ​បាប សូម​ឲ្យ​សំណៅ​នៃ​សេចក្ដី​ថ្លែង​ការណ៍​ខាង​ក្រោម​នេះ​ដោយ​អែលឌើរ នែល អេ ម៉ាក់ស្វែល ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​ដល់​សិស្ស ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

រូបភាព
អែលឌើរ ណែល អេ ម៉ាកស្វែល

« សូម​កុំ​សេព​គប់​នឹង​ពួក​អ្នក​ប្រព្រឹត្ត​អំពើ​សាហាយ​ស្មន់—ពុំ​មែន​ដោយ​សារ​អ្នក​ជា​មនុស្ស​ល្អ​ពេក​សម្រាប់​ពួកគេ​នោះទេ ប៉ុន្តែ​ដូចជា​ [ ស៊ី. អែស. ] ល្វីស​បាន​សរសេរ​ថា ដោយសារ​អ្នក​មិន​ទាន់​ល្អ​គ្រប់​គ្រាន់​នៅ​ឡើយ ។ សូម​ចងចាំ​ថា ស្ថានភាព​អាក្រក់​នានា​អាច​បំផ្លិច​បំផ្លាញ ​សូម្បី​តែ​មនុស្ស​ល្អ » ( ​« The Stern but Sweet Seventh Commandment »​New Era ខែ មិថុនា ឆ្នាំ ​១៩៧៩ ទំព័រ ៤២ ) ។

  • តើ​ការ​សេព​គប់​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​នឹង​ជន​ដែល​ឱប​ក្រសោប​អំពើ​បាប ​អាច​ធ្វើ​ឲ្យ​សមត្ថភាព​របស់​យើង​ដើម្បី​ធ្វើ​ការ​ជ្រើស​រើស​ត្រឹមត្រូវ​ចុះ​ខ្សោយ​ដូចម្តេច ?

  • តើ​គំរូ​មួយ​ចំនួន​នៃ​ស្ថានភាព​អាក្រក់​ ដែល​អាច​បំផ្លិច​បំផ្លាញ​មនុស្ស​ល្អ​​មាន​អ្វីខ្លះ ?

  • តើ​យើង​អាច​ធ្វើ​អ្វីខ្លះ ​ដោយ​មិន​បង្ខូច​ដល់​បទដ្ឋាន​របស់​យើង​​ដើម្បី​ជួយ​បុគ្គល​ដែល​បាន​​ឱប​ក្រសោប​អំពើ​បាប​ទាំង​នោះ ? ( យើង​អាច​អធិស្ឋាន​ឲ្យ​ពួកគេ បង្ហាញ​ចិត្ត​សប្បុរស ហើយ​គោរព​ពួកគេ​ក្នុង​នាម​ជា​កូន​ចៅ​នៃ​ព្រះ ហើយ​ធ្វើ​គំរូ​ល្អ​មួយ​ក្នុង​ការគោរព​​តាម​ព្រះបញ្ញត្តិ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ប្រកប​ដោយ​ការ​អធិស្ឋាន​​នូវ​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​ ដើម្បី​ជះឥទ្ធិពល​ទៅ​លើ​មនុស្ស​ដទៃ​ទៀត​​តាម​របៀប​វិជ្ជមាន​មួយ​ដោយ​មិន​បង្ខូច​ដល់​បទដ្ឋាន​របស់​ពួកគេ ។

សូម​សង្ខេប កូរិនថូសទី ១ ៥:១២–១៣ ដោយ​ពន្យល់​ថា ប៉ុល​បាន​បង្រៀន​ថា ​សាសនាចក្រ​មាន​ការ​ទទួល​ខុស​ត្រូវ​មួយ​ដើម្បី​ហៅ​សមាជិក​ឲ្យ​ប្រែ​ចិត្ត ហើយ​នៅ​ក្នុង​ករណី​មួយ​ចំនួន​គឺ​ដើម្បី « បណ្ដេញ​ [ ចេញ​ពី​សាសនាចក្រ ] » ( ខ​ទី ១៣ ) ចំពោះ​ជន​ដែល​ប្រព្រឹត្ត​អំពើ​រំលង​យ៉ាង​ធ្ងន់​ធ្ងរ ។

កូរិនថូស​ទី១ ៦

ប៉ុល​បង្រៀន​ដល់​ពួក​បរិសុទ្ធ​អំពី​សាមគ្គីភាព និង​ច្បាប់​ព្រហ្មចារីភាព ។

ចូរ​គូរ រូប សាមញ្ញា​មួយ​ទៀត​នៅ​លើ​ក្ដារខៀន​អំពី​ផ្លែ​ឈើ​រលួយ​មួយ​ចាន ហើយ​មាន​តែ​ផ្លែ​ឈើ​ស្រស់​មួយ​បំណែក​នៅ​ក្នុង​ចាន​នោះ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ថា ពួកគេ​ធ្លាប់​មាន​ការ​ងឿង​ឆ្ងល់​ពី​របៀប​ចៀសវាង​ពី​អំពើ​បាប​ដែរ​ឬទេ កាល​ដែល​វា​ហ៊ុម​ព័ទ្ធ​ពួកគេ​នោះ ។ ចូរ​ចង្អុល​បង្ហាញ​ថា រឿង​នេះ​គឺជា​ការ​ប្រឈម​មួយ​ដែល​ពួក​បរិសុទ្ធ​នៅ​កូរិនថូស​បាន​ជួប ។

រូបភាព
drawing, bowl of fruit

នៅ​ពេល​សិស្ស​សិក្សា កូរិនថូសទី១ ៦​សូម​អញ្ជើញ​ពួកគេ​ឲ្យ​រក​មើល​សេចក្ដី​ពិត​ដែល​ប៉ុល​បាន​បង្រៀន ដែល​វា​អាច​ជួយ​ពួកគេ​ឲ្យ​រស់​នៅ​ដោយ​សុចរិត ទោះ​ជាត្រូវ​បាន​ហ៊ុមព័ទ្ធ​ដោយ​ឥទ្ធិពល​អាក្រក់​ក្ដី ។

សូម​សង្ខេប កូរិនថូស​ទី ១ ៦:១–៨ ដោយ​ពន្យល់​ថា ប៉ុល​បាន​ទូន្មាន​ដល់​ពួក​បរិសុទ្ធ​កូរិនថូស​ឲ្យ​ដោះ​ស្រាយ​ជម្លោះ​ដោយ​សុចរិត​នៅ​ក្នុង​ចំណោម​ពួកគេ​ជាជាង​សម្រេច​ចិត្ត​ឡើង​ទៅ​តុលាការ​ភ្លាមៗ​នោះ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កូរិនថូសទី ១ ៦:៩-១១ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ការ​អនុវត្ត​អំពើបាប​នៅ​ក្នុង​កូរិនថូស ​ដែល​ប៉ុល​បាន​បង្រៀន​ឲ្យ​សមាជិក​សាសនាចក្រ​ចៀសវាង ។

  • តើ​ឥរិយាបថ​អាក្រក់​ប្រភេទ​ណា​ដែល​ប៉ុល​បាន​បង្រៀន ​ឲ្យ​សមាជិក​សាសនាចក្រ​ចៀស​វាង ?

  • យោង​តាម ខ​ទី ១១តើ​បាន​រំឭក​ពួក​បរិសុទ្ធ​ទាំងនេះ​អំពី​ខ្លួន​ពួកគេ​នូវ​អ្វីខ្លះ ? ( ពួក​អ្នក​ប្រែចិត្តជឿ​ជាច្រើន​មក​ពី​កូរិនថូស​បាន​ចូលរួម​នៅ​ក្នុង​ឥរិយាបថ​អាក្រក់​ទាំង​នេះ​ មុន​នឹងចូល​រួម​ក្នុង​សាសនាចក្រ ប៉ុន្តែ​ពួកគេ​បាន​ប្រែចិត្ត ហើយ​បាន​ជ្រះ​ស្អាត​​ពី​អំពើ​បាប​របស់​ពួកគេ ) ។

សូម​ពន្យល់​ថា កូរិនថូស​កាល​ពី​បុរាណ​ល្បី​ឈ្មោះ​ខាង​រឿង​អសីលធម៌ ហើយ​ពួក​កូរិនថូស​ជាច្រើន​បាន​លើក​កម្ពស់​គំនិត ដែល​ថា​រូបកាយ​របស់​យើង​បាន​បង្កើត​ឡើង​សម្រាប់​ភាព​រីករាយ ។ សូម​សង្ខេប​ការ​បកប្រែ​ដោយ ​យ៉ូសែប ស្ម៊ីធ សម្រាប់ កូរិនថូសទី ១ ៦:១២​ ដោយ​ពន្យល់​ថា ប៉ុល​បាន​បង្រៀន​ទាស់​នឹង​ទស្សនៈ​ថា គ្មាន​រឿង​ត្រូវ ឬ​ខុស​នោះ​ទេ ។

  • តើ​គំនិត និង​ការ​អនុវត្ត​នៅ​ក្នុង​កូរិនថូស​ស្រដៀង​គ្នា​នឹង​ទំនោរ ​ដែល​យើង​បាន​ឃើញ​នៅ​ក្នុង​ពិភពលោក​សព្វ​ថ្ងៃ​នេះ​យ៉ាង​ដូច​ម្ដេច​ដែរ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កូរិនថូសទី១ ៦:១៣​ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​ថា ប៉ុលបាន​បង្រៀន​អ្វីខ្លះ​អំពី​គោលបំណង​នៃ​រូបកាយ​របស់​យើង ។

  • តើ​ប៉ុល​បាន​បង្រៀន​អ្វីខ្លះ​ពី​រូបកាយ​របស់​យើង ? ( កាល​ពួក​កូរិនថូស​ជាច្រើន​ទំនង​ជា​ជឿ​ថា រូបកាយ​ត្រូវបាន​បង្កើត​ឡើង​សម្រាប់​ភាព​ត្រេក​ត្រអាលខាង​រូបកាយ​ប៉ុណ្ណោះ នោះ​ប៉ុល​បាន​កែតម្រូវ​ទស្សនៈ​នោះ​ដោយ​បង្រៀន​ថា រូបកាយ​យើង​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​បំពេញ​គោលបំណង​របស់​ព្រះ​អម្ចាស់ ) ។

សូម​សង្ខេប កូរិនថូស​ទី ១ ៦:១៤–១៧ ដោយ​ពន្យល់​ថា ជន​ដែល​ចូល​រួម​នឹង​សាសនាចក្រ​បាន​ចូលរួម​នឹង​ព្រះគ្រីស្ទ​ក្នុង​នាម​ជា « សមាជិក » ខាង​វិញ្ញាណ​នៃ​ព្រះកាយ​របស់​ទ្រង់ ។ ប៉ុល​ក៏​បាន​ពន្យល់​ផងដែរ​ថា រឿង​អសីលធម៌​ខាង​ផ្លូវ​ភេទ​​គឺ​​មិនដែល​ចុះ​សម្រុង​ជាមួយ​​នឹង​ទំនាក់ទំនង​ខាង​វិញ្ញាណ​មួយ​ជាមួយ​នឹង​ព្រះយេស៊ូវគ្រីស្ទ​ឡើយ​ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កូរិនថូសទី ១ ៦:១៨​ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​ថា ប៉ុល​បាន​បង្រៀន​ពួក​បរិសុទ្ធ​នៅ​កូរិនថូស​ឲ្យ​ធ្វើ​អ្វីខ្លះ ( អ្នក​គួរ​ចង្អុល​បង្ហាញ​ថា ការ​បកប្រែ​ដោយ​ យ៉ូសែប ស្ម៊ីធ សម្រាប់ កូរិនថូស​ទី១ ៦:១៨ ផ្លាស់​ប្ដូរ​ឃ្លា « នៅ​ខាង​ក្រៅ​រូបកាយ » ទៅជា « ទាស់​នឹង​ព្រះកាយ​របស់​ព្រះគ្រីស្ទ » ) ។

  • តើ​ប៉ុល​បាន​បង្រៀន​ពួក​បរិសុទ្ធ​នៅ​កូរិនថូស​ឲ្យ​ធ្វើ​អ្វីខ្លះ ?

  • តើ​ប៉ុល​បាន​បង្រៀន​សេចក្ដី​ពិត​អ្វីខ្លះ​ អំពី​ជន​ដែល​ប្រព្រឹត្ត​អំពើ​​សហាយ​ស្មន់ ? ( អ្នក​គួរ​អញ្ជើញ​សិស្ស​ឲ្យ​គូស​ចំណាំ​ពាក្យ​នៅក្នុងខទី ១៨​​ដែល​បង្រៀន​ពី​សេចក្ដីពិត​ដូច​ខាង​ក្រោម ៖ ជន​ដែល​ប្រព្រឹត្ត​អំពើ​សហាយ​ស្មន់ នោះ​ឈ្មោះ​ថា​ធ្វើ​បាប​ដល់​រូបកាយ​ខ្លួន​ឯង ) ។

សូម​ពន្យល់​ថា បន្ទាប់​មក​ទៀត ប៉ុល​បាន​បង្រៀន​ពី​ហេតុផល​ដែល​ការ​សហាយ​ស្មន់ ឬ​ភាព​អសីលធម៌​ខាង​ផ្លូវ​ភេទ គឺជា​អំពើបាប​មួយ​ដែល​មាន « ឈ្មោះ​ថា ធ្វើ​បាប​ទាស់នឹង​​រូបកាយ​ខ្លួន​ឯង » ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កូរិនថូសទី ១ ៦:១៩ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​ថា ប៉ុល​បាន​ប្រៀប​ធៀប​រូបកាយ​យើង​ទៅនឹង​អ្វី ។

  • តើ​ប៉ុល​បាន​ប្រៀប​ធៀប​រូបកាយ​យើង​នឹង​អ្វី ?

សូម​ដាក់​តាំង​រូប​ភាព​នៃ​ព្រះវិហារ​បរិសុទ្ធ​មួយ ។

  • តើ​ព្រះវិហារ​បរិសុទ្ធ និង​អគារ​ផ្សេង​ទៀត​ខុស​ពី​គ្នាដូចម្តេច ?

  • តើ​អ្នក​នឹង​សង្ខេប​សេចក្ដីពិត​ ដែល​ប៉ុល​បាន​បង្រៀន​នៅក្នុង​ខទី ១៩ យ៉ាង​ដូចម្ដេច ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង​គ្នា ប៉ុន្តែ​ពួកគេ​គួរ​ស្គាល់​ពី​គោលលទ្ធិ​ខាង​ក្រោម​នេះ ៖ រូបកាយ​យើង​គឺជា​ព្រះវិហារ​បរិសុទ្ធ​របស់​ព្រះ​ ដែល​ព្រះវិញ្ញាណ​អាច​គង់​នៅ​បាន ) ។

  • តើ​ការ​យល់​ដឹង​ថា រូបកាយ​របស់​យើង​គឺជា​ព្រះវិហារ​បរិសុទ្ធ ​អាច​ជះឥទ្ធិពល​ដល់​ការ​ប្រព្រឹត្ត​របស់​យើង​​ទៅលើ​រូបកាយ​របស់​យើង និង​រូបកាយ​របស់​មនុស្ស​ដទៃ​ទៀត​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន​ឮៗ​នូវ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។ ចូរ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​រក​ការ​យល់​ដឹង​បន្ថែម​ទៀត​ថា ការ​យល់​ដឹង​​ពី​សេចក្ដី​ពិត​នេះ​អាច​ជះឥទ្ធិពល​ដល់​ការ​ប្រព្រឹត្ត​របស់​យើង​ទៅលើ​រូប​កាយ​របស់​យើង​យ៉ាង​ដូចម្ដេច ។

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

« ដោយ​ទទួល​ស្គាល់​សេចក្ដី​ពិត​ទាំងនេះ [ នៅ​ក្នុង កូរិនថូសទី១ ៦:១៩–២០ ] … នោះ​យើង​នឹង​មិន​បង្ខូច​រូបកាយ​របស់​យើង​ដោយ​​ការ​សាក់​ខ្លួន ឬ​ធ្វើ​ឲ្យ​ចុះ​ខ្សោយ​ដោយសារ​ការ​ប្រើ​ថ្នាំ ឬ​ប្រមាថ​វា​ដោយអំពើសហាយ​ស្មន់ អំពើកំផិត ឬ​រឿង​អសីលធម៌​ឡើយ ។ … ដោយសារ​រូបកាយ​យើងគឺជា​ឧបករណ៍​សម្រាប់​វិញ្ញាណ​យើង នោះ​វា​ជា​រឿង​ដ៏សំខាន់​ដែល​យើង​ត្រូវ​មើល​ថែ​វា​ឲ្យ​អស់​ពី​លទ្ធភាព ។ យើង​គួរ​គិត​ឲ្យ​បាន​ដិត​ដល់​ពី​អំណាច​របស់​វា​ ដើម្បីបម្រើ ហើយ​ជួយ​ជម្រុញ​ដល់​កិច្ច​ការ​របស់​ព្រះគ្រីស្ទ » ( « Reflections on a Consecrated Life » EnsignLiahona ខែ ​វិច្ឆិកា ឆ្នាំ​ ២០១០ ទំព័រ ១៧ ) ។

  • តើ​អ្នក​គិត​ថា ​ប៉ុល​ចង់​មាន​ន័យ​ដូចម្ដេច​ដោយ​ពោល​ថា « អ្នក​រាល់គ្នា​មិន​មែន​ផង​ខ្លួន​ទេ » នៅ​ក្នុង ខ​ទី ១៩ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កូរិនថូសទី១ ៦:២០​ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​ពី​មូលហេតុ​ដែល​រូបកាយ​យើង​ពុំមែន​ជា​របស់​យើង ។

  • តើ​ឃ្លាអ្វី​ទៅ​ដែល​បង្ហាញ​ពី​ហេតុផល​ថា​ រូប​កាយ​​យើង​ពុំ​មែន​ជា​របស់​យើង ? ( សូម​ពន្យល់​ថា​ឃ្លា « ចេញ​ថ្លៃ​លោះ » មាន​ន័យ​ថា ការ​ប្រោស​លោះ ឬ​ការ​នាំ​ត្រឡប់​មក​វិញ​តាមរយៈ​ដង្វាយ​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ) ។

  • តើអ្នក​នឹង​សង្ខេប​សេចក្ដីពិត​នៅក្នុង​ខ​ទី ១៩–២០ យ៉ាង​ដូចម្ដេច ? ( បន្ទាប់​ពី​សិស្ស​ឆ្លើយ​ហើយ​ សូម​ពិចារណា​អញ្ជើញ​ពួកគេ​ឲ្យ​សរសេរ​សេចក្ដីពិត​ខាង​ក្រោម​​នៅ​ក្នុង​ព្រះគម្ពីរ​របស់​ពួកគេ​ក្បែរ ខ​ទី ១៩–២០ ៖ ដោយសារ​ដង្វាយ​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ចេញ​ថ្លៃ​លោះ​យើង នោះ​រូបកាយ​យើង​ពុំ​មែន​ជា​របស់​យើង​ឡើយ ) ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ឮៗ​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

« សូម​កុំ​ពោល ៖ ‹ តើ​វា​ធ្វើ​ឲ្យ​នរណា​ឈឺចាប់ ? ហេតុអ្វី​មាន​សេរីភាព​បន្តិច​ក៏​មិន​បាន ? ខ្ញុំ​អាច​ធ្វើ​អំពើ​រំលង​នៅ​ពេល​នេះ ហើយ​ចាំ​ប្រែ​ចិត្ត​នៅ​ពេល​ក្រោយ › ។ សូម​កុំ​ល្ងង់ឆោតគ្មាន​មេត្តា​បែប​នេះឡើយ ។ បងប្អូន​មិន​អាច​គ្មាន​ទោស ដោយ ‹ ឆ្កាង​ព្រះគ្រីស្ទ › បាន​ទេ [ សូមមើល ហេព្រើរ ៦:៦ ] ។ ‹ រត់​ពី​ការ​សហាយ​ស្មន់ › [ កូរិនថូសទី១ ៦:១៨ ] ប៉ុល​បាន​ស្រែក ហើយ​រត់​គេច​ខ្លួន​ដូចជា​មិន​បាន ‹ ប្រព្រឹត្ត​​អំពើ​អ្វី​ដូច​នោះ​ឲ្យ​សោះ ›គ. និង ស. ៥៩:៦​ការ​គូស​បញ្ជាក់​បាន​បន្ថែម ] គោលលទ្ធិ និង សេចក្តីសញ្ញា​បន្ថែម ។ ហេតុអ្វី ? ពិតណាស់ ដោយសារ​ហេតុផល​មួយ គឺ​ដោយ​សារ​​ការ​រងទុក្ខ​ទាំង​ខាង​រូបកាយ និង​ខាង​វិញ្ញាណ​​ដ៏​មិន​អាច​គណនា​បាន​ដែល​ព្រះអង្គ​សង្គ្រោះ​នៃ​លោកិយ​បាន​ស៊ូទ្រាំ ដើម្បី​ឲ្យ​យើង អាច រួច​ខ្លួន [ សូមមើល​ជា​ពិសេស គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:១៥–២០ ] ។ យើង​ជំពាក់​គុណ​ទ្រង់​ចំពោះ​រឿង​នោះ ។ ពិតណាស់ យើង​ជំពាក់​គុណទ្រង់​គ្រប់​យ៉ាង​សម្រាប់​រឿង​នោះ » ( « Personal Purity » Ensign ខែ​ វិច្ឆិកា ឆ្នាំ​ ១៩៩៨ ទំព័រ ៧៦ ) ។

  • តើ​ការ​ចងចាំ​ថា ​រូបកាយ​យើង​ពុំ​មែន​ជា​របស់​យើង ​អាច​ជះឥទ្ធិពល​ដល់​ការ​ជ្រើស​រើស​របស់​យើង​ទាក់ទង​នឹង​រូបកាយ​របស់​យើង​យ៉ាង​ដូចម្ដេច ?

សូម​ឲ្យ​សិស្ស​មើល​រូបភាព​ផ្លែ​ឈើ​ស្រស់​មួយ​បំណែក ​ដែល​ហ៊ុម​ព័ទ្ធ​ដោយ​ផ្លែ​ឈើ​រលួយ​នៅ​លើ​ក្ដារខៀន ។

  • តើ​ការ​យល់ដឹង​សេចក្ដី​ពិត​ទាំង​នេះ​អំពី​រូប​កាយ​យើង​ អាច​ជួយ​យើង​ឲ្យ​បន្ត​មាន​ភាព​បរិសុទ្ធ​បាន​ដោយ​របៀប​ណា នៅ​ពេល​យើង​ត្រូវ​បាន​ហ៊ុម​ព័ទ្ធ​ទៅ​ដោយ​អំពើ​ទុច្ចរិត​នោះ ?

ចូរ​ថ្លែង​ទីបន្ទាល់អំពី​សេចក្ដីពិត​ដែលអ្នកបាន​ពិភាក្សា​ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹង​គិត​ពី​អារម្មណ៍ ឬ​ការ​បំផុស​គំនិត​ដែល​ពួកគេ​បាន​ទទួល​នៅ​ក្នុង​មេរៀន​នេះ ហើយ​ធ្វើ​តាម​ការ​បំផុស​គំនិត​ទាំងនោះ ។

រូបភាព
រូបសញ្ញា​ចំណេះចំណាន​ខគម្ពីរ
ចំណេះចំណានខគម្ពីរ—កូរិនថូសទី ១ ៦:១៩-២០

សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​ការ​ឡើង​និយាយ​សង្ខេប​មួយ​ដោយ​ផ្អែក​លើ កូរិនថូសទី១ ៦:១៩-២០ ។ សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ដាក់​បញ្ចូល​ចំណុច​ដូច​ខាង​ក្រោម ៖ (១) ព័ត៌មាន​ផ្ទៃ​រឿង​ដែល​ទាក់ទង​នឹង​វគ្គ​គម្ពីរ​នេះ ( ព័ត៌មាន​ផ្ទៃរឿង​ដែលអាច​រក​បាន​នៅ​លើ​កាត​ចំណេះ​ចំណាន​ខគម្ពីរ ) (២) គោលការណ៍​ដែល​វា​បង្រៀន និង (៣) បទ​ពិសោធន៍​ផ្ទាល់​ខ្លួន ​ដែល​បង្ហាញ​ពី​សេចក្ដីពិត​ ដែល​វគ្គ​គម្ពីរ​នេះ​បង្រៀន ។ អ្នក​អាច​អញ្ជើញ​សិស្ស​ពីរបីនាក់​ធ្វើ​បទបង្ហាញ​ការនិយាយ​របស់ពួកគេ​ក្នុង​ថ្នាក់ ។ សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ពិចារណា​ពី​ឱកាស​ ដែល​​ពួកគេ​មាន​ដើម្បី​បង្ហាញ​ការនិយាយ​របស់​ខ្លួន​ដល់​គ្រួសារ ឬ​នៅ​ឯ​សាសនាចក្រ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

កូរិនថូសទី១ ៥:៩ ។ « កុំ​ឲ្យ​ភប់ប្រសព្វនឹង​មនុស្ស​កំផិត »

អែលឌើរ អិម រ័សុល បាឡឺដ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ថា ក្នុង​នាម​ជា​សមាជិក​សាសនាចក្រ យើង​ជឿ​លើ « គោលលទ្ធិ​​នៃ​ការ​រាប់​បញ្ចូល » ។ នៅ​ក្នុង​ការ​បង្រៀន​ពី​គោលលទ្ធិ​នេះ អែលឌើរ​បាឡឺដ បាន​ថ្លែង​ថា៖​

« ការ​ពិភាក្សា​ [ របស់​ព្រះអង្គ​សង្គ្រោះ ]​ អំពី​​ពួក​យូដា និង​ពួក​សាម៉ារី​បង្រៀន​យ៉ាង​ច្បាស់​ថា យើង​គ្រប់​រូប​គឺជា​អ្នក​ជិតខាង​នឹង​គ្នា ហើយ​ថា​យើង​គួរ​ស្រឡាញ់ ឲ្យ​តម្លៃ គោរព ហើយ​បម្រើ​ដល់​គ្នា​ទៅវិញទៅ​មក ​មិន​ថា​យើង​មាន​ភាព​ខុស​គ្នា​ខ្លាំង​ប៉ុណ្ណោះ​ឡើយ​—រួម​បញ្ចូល​ទាំង​ភាព​ខុស​គ្នា​ខាង​សាសនា នយោបាយ និង​វប្បធម៌​ផង​ដែរ ។ …

« [ ប៉ុន្តែ ] ខ្ញុំ​ពុំ​មែន​កំពុងតែ​ណែនាំ … ថា​យើង​គួរ​មាន​ទំនាក់ទំនង​ដែល​ធ្វើ​ឲ្យ​យើង និង​ក្រុម​គ្រួសារ​របស់​យើង​ស្ថិត​នៅក្នុង​ហានិភ័យ​​ខាង​វិញ្ញាណ​នោះ​ទេ » ( « Doctrine of Inclusion » Ensign ខែ វិច្ឆិកា ឆ្នាំ ​២០០១ ទំព័រ ៣៧ ) ។

អែលឌើរ ដាល្លិន អេក អូក ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​ក៏​បាន​បង្រៀន​ផង​ដែរ​អំពី​ការ​គោរព​ដល់​មនុស្ស​ដទៃ សូម្បី​តែពួកគេ​ជឿ ឬ​ធ្វើ​ទង្វើ​ខុស​ពី​សមាជិក​សាសនាចក្រ​ក្ដី ៖

« គ្រូបង្រៀន​ជាច្រើន​នៅក្នុង​ព្រះវិហារ និង​សាលា​បាន​ខ្វល់ខ្វាយ​ កាល​ឃើញ​របៀប​ដែល​យុវវ័យ រួមទាំង​យុវវ័យ​នៃ​អិល. ឌី. អេស. ប្រព្រឹត្ត​ចំពោះ​គ្នា​ទៅវិញ​ទៅមក ។ ប្រាកដណាស់ បទបញ្ញត្តិ​ឲ្យ​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក​មានទាំងការស្រឡាញ់ ការគោរពសាសនាផ្សេងៗ និងពូជសាសន៍ វប្បធម៌ ឬបន្ទាត់សេដ្ឋកិច្ចផ្សេងៗ។ យើងសូមលើកទឹកចិត្តដល់យុវវ័យទាំងអស់ ឲ្យជៀសវាងការគំរាមកំហែង ការប្រមាថ ឬប្រើភាសា ឬ​ការប្រព្រឹត្ត​ដែល​ធ្វើ​ឲ្យមាន​ការឈឺចាប់​ដោយ​ចេតនា​លើ​អ្នកដទៃ ។ ការណ៍​ទាំងអស់​នេះ​បំពាន​ដល់​ព្រះបញ្ញត្តិ​របស់​ព្រះអង្គ​សង្គ្រោះ​ថាឲ្យ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក » ( « Loving Others and Living with Differences »​​ EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ​២០១៤ ទំព័រ ២៧ ) ។

កូរិនថូសទី១ ៥:១៣ ។ « ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​បណ្តេញ​មនុស្ស​អាក្រក់​នោះ ពី​ពួក​អ្នក​រាល់​គ្នា​ចេញ »

នៅ​ពេល​សាសនាចក្រ​បណ្ដេញមនុស្ស​ម្នាក់​ ដែល​កំពុង​ឱប​ក្រសោប​អំពើ​បាប​ដ៏​ធ្ងន់​ធ្ងរ​ជា​ផ្លូវ​ការ វា​ហៅ​ថា ការ​ដាក់​វិន័យ​របស់​សាសនាចក្រ ។ ការ​ដាក់​បញ្ចូល​បន្ថែម​ក្រោម​នេះ​មក​ពី​ពិត​ចំពោះ​សេចក្ដីជំនឿ ៖ ឯកសារ​យោង​នៃ​ដំណឹងល្អ​ពន្យល់​ពី​ដំណើរ​ការ​នៃ​ការ​ដាក់​វិន័យ​របស់​សាសនាចក្រ ៖

« ប៊ីស្សព និង​ប្រធាន​សាខា ព្រម​ទាំង​ប្រធាន​ស្តេក ប្រធាន​បេសកកម្ម និង​ប្រធាន​មណ្ឌល មាន​ការ​ទទួល​ខុស​ត្រូវ​​ដើម្បី​ជួយ​សមាជិក​ឲ្យ​យក​ឈ្នះ​​លើ​អំពើ​រំលង​តាមរយៈ​ការ​ប្រែ​ចិត្ត ។ អំពើ​រំលង​ដ៍​ធ្ងន់ធ្ងរ​បំផុត ដូច​ជាការ​​ប្រព្រឹត្ត​ខុស​ធ្ងន់ធ្ងរ​ប្រឆាំង​នឹង​ច្បាប់​រដ្ឋប្បវេណី រំលោភ​បំពាន​ប្ដី ឬ​ប្រពន្ធ រំលោភ​បំពាន​លើ​កុមារ អំពើ​កំផិត ប្រាស​ចាក​​សីលធម៌ រំលោភ​សេពសន្ថវៈ និង​ស្មន់ភាព ដែល​ជារឿង​តម្រូវ​ឲ្យ​មាន​ការ​ដាក់​វិន័យ​ជា​ផ្លូវការ​របស់​សាសនាចក្រ ។ ការ​ដាក់​វិន័យ​ជា​ផ្លូវការ​របស់​សាសនាចក្រ អាច​​រួម​មាន​ការ​ដាក់កម្រិត​លើ​សិទ្ធិ​ជា​សមាជិកភាព​សាសនាចក្រ ឬ​បាត់បង់​សមាជិកភាព​ក្នុង​សាសនាចក្រ ។

« ដំណើរការ​នៃ​ការ​ដាក់​វិន័យ​ជា​ផ្លូវ​ការ​ចាប់​ផ្ដើម ​នៅ​ពេល​អ្នកដឹកនាំ​បព្វជិតភាព​ជា​អធិបតី​មួយ​រូប​បាន​តម្រូវ​ឲ្យ​មាន​ក្រុម​ប្រឹក្សា​វិន័យ​មួយ ។ គោលបំណង​របស់​ក្រុមប្រឹក្សា​វិន័យ គឺ​ត្រូវ​សង្គ្រោះ​ព្រលឹង​ជន​ដែល​ប្រព្រឹត្ត​អំពើ​រំលង ការពារ​ជនស្មោះត្រង់ ហើយ​ការពារ​ភាព​បរិសុទ្ធ ភាព​ត្រឹមត្រូវ និង​កិត្តិយសល្អ​របស់​សាសនាចក្រ ។

« វិន័យ​របស់​សាសនា​ចក្រ គឺ​ជា​ដំណើរ​ការ​ដ៏​បំផុស​គំនិត ដែល​ត្រូវ​ការ​ពេល​វេលា​យូរ ។ តាម​រយៈ​ដំណើរ​ការ​នេះ និង​តាម​រយៈ​ដង្វាយធួន​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ សមាជិក​ម្នាក់​អាច​ទទួល​បាន​ការ​អភ័យទោស​ពី​អំពើ​បាប ទទួល​បាននូវ​ភាពសុខសាន្ត​នៅ​ក្នុង​ចិត្ត​ម្ដងទៀត​ និង​ចម្រើន​ឡើង​នូវ​កម្លាំង ដើម្បី​ចៀសវាង​ពី​ការ​រំលង​នា​ពេល​អនាគត ។ សកម្មភាព​នៃ​ការ​ដាក់​វិន័យ​របស់​សាសនាចក្រ​ពុំ​មែន​ជា​ចុង​បញ្ចប់​នៃ​ដំណើរ​ការ​នេះ​ទេ ។ វា​ត្រូវ​​បាន​បង្កើត​ឡើង​ដើម្បី​ជួយ​កូនចៅ​របស់​ព្រះវរបិតា​សួគ៌​ឲ្យ​បន្ត​ខិតខំ​ត្រឡប់​មក​រក​ការ​រាប់​អាន និង​ពរជ័យ​ដ៏​ពេញលេញ​ក្នុង​សាសនាចក្រ​វិញ ។ លទ្ធផល​ដែល​ចង់បាន​គឺ​ថា បុគ្គល​នោះ​បាន​ធ្វើ​ការ​ផ្លាស់​ប្ដូរ​​ចាំបាច់​ ដើម្បី​ប្រែចិត្ត​ដ៏​ពេញ​លេញ » ( « Church Disciplinary Councils » ពិត​ចំពោះ​សេចក្ដីជំនឿ [ ឆ្នាំ ​២០០៤] ទំព័រ ៣៧–៣៨ ) ។