បណ្ណាល័យ
មេរៀន​ទី ១៤២ ៖ យ៉ាកុប ៣


មេរៀនទី១៤២

យ៉ាកុប ៣

សេចក្ដីផ្ដើម

យ៉ាកុប​បាន​បង្រៀន​ពួក​បរិសុទ្ធ​អំពី​សារៈសំខាន់​នៃ​ការ​គ្រប់​គ្រង​ការ​និយាយ​របស់​ពួកគេ ។ បន្ទាប់​មក លោក​បាន​បង្ហាញពីភាព​ខុស​គ្នា​រវាង​ប្រាជ្ញា​របស់​លោកិយ និង​ប្រាជ្ញា​ដែល​កើត​ចេញ​មក​ពី​ព្រះ ។

យោបល់​សម្រាប់​ការបង្រៀន

យ៉ាកុប៣:១–១២

យ៉ាកុប​បង្រៀន​ពួក​បរិសុទ្ធ​អំពីសារៈសំខាន់​នៃ​ការ​គ្រប់​គ្រង​ការ​និយាយ​របស់​ពួកគេ

សូម​យក​ថ្នាំ​ដុស​ធ្មេញ​មួយ​បំពង់​មកកាន់​​ថ្នាក់​រៀន ។ សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​​ច្របាច់​ថ្នាំ​ដុស​ធ្មេញ​ឲ្យ​ចេញ​មក​ក្រៅ ( ឬ​សូម​ឲ្យ​សិស្ស​នឹក​ស្រមៃ​ពី​ទិដ្ឋភាព​នេះ ) ។ សូម​ឲ្យ​សិស្ស​ម្នាក់​ទៀត​សាកល្បង​យក​ថ្នាំ​ដុស​ធ្មេញ​ទាំងអស់​ដាក់​ក្នុង​បំពង់​នោះ​វិញ ។ បន្ទាប់​ពី​មាន​ការ​ពិបាក​ក្នុង​ការ​ធ្វើ​កិច្ចការ​នេះ​មក សូម​សួរ ៖

  • តើ​ថ្នាំ​ដុស​ធ្មេញ​នៅ​ក្នុង​លំហាត់​នេះ ​អាច​ប្រៀប​បាន​នឹង​ពាក្យ​សម្ដី​​ដែល​យើង​និយាយ​ចេញ​ទៅ​យ៉ាង​ដូច​ម្ដេច ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹង​គិត​ថា ពួកគេ​ធ្លាប់​និយាយ​អ្វី​ ដែល​ធ្វើ​ឲ្យ​ពួកគេ​មាន​ការ​សោក​​​ស្ដាយ​នៅ​ពេល​ក្រោយ​ដែរ​ឬទេ ។ នៅពេល​សិស្ស​សិក្សា យ៉ាកុប ៣:១–១២ សូម​អញ្ជើញ​សិស្ស​ឲ្យ​រក​មើល​សេចក្ដី​ពិត​ដែល​នឹង​ជួយ​ពួកគេ​ ឲ្យ​ជ្រើសរើស​ចេះ​ប្រើពាក្យ​សម្ដី​របស់​ពួកគេ​ដោយ​ឈ្លាស​វៃ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ឮៗ​ក្នុង យ៉ាកុប៣:២–៤ និង​ប្រយោគ​ទី​មួយ​នៅ​ក្នុង យ៉ាកុប ៣:៥ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​ថា យ៉ាកុប​បាន​រៀបរាប់​ពី​ជន​​ដែល​ពុំ​បាន​ធ្វើ​ឲ្យ​មនុស្ស​ដទៃ​រវាទ​ចិត្ត​នឹង​ពាក្យ​សម្ដី​របស់​ខ្លួន​បែបណា​ដែរ ។ សូម​ពន្យល់​ថាឃ្លា​ « យើង​ទាំង​អស់​គ្នា​ក៏​ជំពប់​ជា​ញយៗ » នៅ​ក្នុង ខ​ទី ២ មាន​ន័យ​ថា យើង​ទាំងអស់​គ្នា​​ធ្វើ​ខុស ហើយ​ពន្យល់​ថា យ៉ាកុប​បាន​ប្រើ​ពាក្យ អណ្ដាត​ ដើម្បី​សំដៅ​ទៅ​លើ​ពាក្យ​ដែល​យើង​និយាយ ។

  • តើ​យ៉ាកុប​បាន​រៀបរាប់ពី​​ជន​​ដែល​អាច​គ្រប់​គ្រង​ពាក្យ​សម្ដី​របស់​ពួកគេ​យ៉ាង​ដូចម្ដេច ?

រូបភាព
drawing, horse with reins
រូបភាព
drawing, boat and rudder

សូម​ពិចារណា​ដាក់​បង្ហាញ ឬ​គូរ​លើ​ក្ដារខៀន​នូវ​រូបភាព​ស្ដីពី ដែក​បង្ខាំ​​ និង ចង្កូត​សំពៅ ។ អ្នក​គួរ​ពន្យល់​ថា ដែក​បង្ខាំ មួយ ​( ខ​ទី ៣ ) គឺជា​បន្ទះ​ដែក​តូច​មួយ​ដាក់​នៅ​ត្រង់​មាត់​សេះ​ដើម្បី​ភ្ជាប់​វា​ទៅ​នឹង​ខ្សែ​បង្ហៀរ ដោយ​អនុញ្ញាត​ឲ្យ​អ្នក​ជិះ​បញ្ជា​សេះ​នោះ​បាន ។ នៅ​ក្នុង​ខគម្ពីរ​នេះ ពាក្យ ចង្កូតខ​ទី៤ ) សំដៅ​ទៅ​លើ​ចង្កូត​សំពៅ​​ដែល​ជួយ​មនុស្ស​ម្នាក់​ឲ្យ​តម្រង់ ឬ​បត់​នាវា​នោះ​បាន ។

  • យោង​តាម​យ៉ាកុប តើ​ដែក​បង្ខាំ​​សេះ និង​ចង្កូត​សំពៅ​​មាន​អ្វី​ដូចគ្នា ? ( ឧបករណ៍​ទាំងពីរ​ជា​របស់​តូច​ដូចគ្នា ហើយ​វា​តម្រង់ ឬ​គ្រប់​គ្រង​អ្វី​ដែល​ធំជាង ​ដែល​ភ្ជាប់​ទៅ​នឹង​វា ) ។

  • តើ​ការ​ប្រៀបធៀប​របស់​យ៉ាកុប​អំពី​ឧបករណ៍​ទាំងនេះ​ទៅ​នឹង​អណ្ដាត​ ឬ ពាក្យ​សម្ដី​ដែល​យើង​និយាយ ​អាច​ជួយ​យើង​ឲ្យ​យល់​ពី​អំណាច​​នៃ​ពាក្យ​សម្ដី​របស់​យើង​យ៉ាង​ដូច​ម្ដេច ?

  • តើ​យើង​អាច​ស្គាល់​គោលការណ៍​អ្វីខ្លះ​មក​ពី​ខគម្ពីរ​ទាំងនេះ ទាក់ទង​នឹង​អ្វី​ដែល​អាច​កើត​ឡើង នៅពេល​យើង​រៀន​គ្រប់​គ្រង​ការ​និយាយ​របស់​យើង​នោះ ? ( សិស្ស​គួរ​ស្គាល់​គោលការណ៍​មួយ​ស្រដៀង​គ្នា​នឹង​គោលការណ៍ដូច​តទៅ​នេះ ៖ នៅ​ពេល​យើង​រៀន​គ្រប់​គ្រង​ការ​និយាយ​របស់​យើង នោះ​យើង​អាច​រៀន​គ្រប់​គ្រង​សកម្មភាព​ផ្សេង​ទៀត​របស់​យើង​បាន ) ។

  • ហេតុអ្វី​ការ​គ្រប់គ្រង​ការ​និយាយ​របស់​យើង​អាច​ជួយ​យើង​ឲ្យ​គ្រប់​គ្រង​សកម្មភាព​ផ្សេង​ទៀត​របស់​យើង​បាន ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អានឮៗ​នូវ​ប្រយោគ​ចុងក្រោយ​នៅ​ក្នុង យ៉ាកុប៣:៥​ និង​ យ៉ាកុប៣:៦​ផង​ដែរ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ថាតើ​​យ៉ាកុប​បាន​ប្រៀប​ធៀប​ការ​និយាយ​របស់​យើង​​ទៅ​នឹង​អ្វី​ផ្សេង​ទៀត ។ សូម​ពន្យល់​ថា​ពាក្យ ព្រៃធំៗ សំដៅ​ទៅ​លើ​ព្រៃ​ព្រឹក្សា   ។

  • តើ​យ៉ាកុប​បាន​ប្រៀប​ធៀប​ការ​និយាយ​របស់​យើង​ទៅ​នឹង​អ្វី​ផ្សេង​ទៀត ?

  • តើ​កត្តា​អ្វី​ខ្លះ​នៅ​ក្នុង​ជីវិត​របស់យើង ដែល​អាច​ទទួល​រង​នូវ​ការ ​« បញ្ឆេះ » ( ខ​ទី ៦​ ) ឬ​ គ្រោះថ្នាក់​ដោយ​សារ​ការ​ប្រើ​​ពាក្យ​សម្ដី​មិន​ឈ្លាស​វៃ​របស់​យើង ?

សូម​ពន្យល់​ថា ឃ្លា​ « ផ្លូវ​ជីវិត »​ នៅ​ក្នុង ខ​ទី ៦ អាច​សំដៅ​ទៅ​លើ​ឆាក​ជីវិត​របស់​មនុស្ស​ម្នាក់ ។

  • តើ​ពាក្យ​សម្ដី​ដែល​យើង​និយាយ​អាច​ជះ​ឥទ្ធិពលលើ​ឆាក​ជីវិត​របស់​យើង​យ៉ាង​ដូចម្ដេច ?

  • តើ​ការ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​តិចតួច​​នៅ​ក្នុង​ពាក្យ​សម្ដី​​ដែល​យើង​និយាយ អាច​ជះឥទ្ធិពល​ដល់​ឆាក​ជីវិត​របស់​យើង និង​ជីវិត​មនុស្ស​ដទៃ​ទៀត​​នៅ​ក្នុង​ផ្លូវ​វិជ្ជមាន​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់ឲ្យ​​ប្ដូរវេន​គ្នា​អាន​ឮៗ​នៅ​ក្នុង យ៉ាកុប ៣:៧–១២ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ថាតើ​​យ៉ាកុប​បាន​ប្រៀប​ធៀប​ការ​និយាយ​របស់​យើង​​ទៅ​នឹង​អ្វី​ផ្សេង​ទៀត ។

  • តើ​យ៉ាកុប​បាន​ប្រៀប​ធៀប​ការ​និយាយ​របស់​យើង​នឹង​អ្វី​ផ្សេង​ទៀត ? ( សត្វ​មួយ​ក្បាល​ដែល​ត្រូវ​មាន​ការ​ផ្សាំង [សូម​មើល ខ​ទី ៧–៨ ] « ពិស​ដែល​នាំ​ឲ្យ​ស្លាប់ » [ ខ​ទី ៨ ] រន្ធ​ទឹក​មួយ​ដែល​ « ចេញ​ទឹក​ជា​ប្រៃ​ផង ​[ ទឹក ]​ «សាប​ផង » នៅ ​« ​រន្ធ​ទឹក​តែ​មួយ » [ ខ​ទី ១១–១២ ] ដើម​ល្វា​ចេញ​ផ្លែ​អូលីវ​ជំនួស​ឲ្យ​ផ្លែ​ល្វា ហើយ​ដើម​ទំពាំង​បាយ​ជូរ​បង្កើត​ផ្លែ​ល្វា [ សូម​មើល ខ​ទី ១២​ ] ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​​អំពីមាតិកា​នៃ​ខគម្ពីរ​ទាំងនេះ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន​ឲ្យ​ឮៗ​នូវ​សេចក្ដីថ្លែង​ការណ៍​ដូច​ខាងក្រោម​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ។

រូបភាព
អែលឌើរ ជេហ្វ្រី អ័រ ហូឡិន

« ពិតណាស់​យ៉ាកុប​ពុំ​ចង់​មាន​ន័យ​ថា​អណ្ដាត​របស់យើង ជានិច្ចកាល និយាយ​តែ​រឿង​អយុត្តិធម៌ ឬ​ថា អ្វីៗ​គ្រប់​យ៉ាង ដែល​យើង​និយាយ​គឺ ​‹ មាន​ពេញ​ដោយ​ពិស​ដែល​នាំ​ឲ្យ​ស្លាប់ › ​នោះ​ឡើយ ។ ប៉ុន្តែ​លោក​ចង់​បញ្ជាក់​ថា យ៉ាង​ហោច​ណាស់​ ពាក្យសម្ដីមួយ​ចំនួន​ដែល​យើង​និយាយ​អាច​ក្លាយ​ជា​ពាក្យសម្ដី​បំផ្លិច​បំផ្លាញ ព្រមទាំង​មាន​ពិស​ទៀត​ផង—ហើយ​នោះ​​គឺជា​ការ​អះអាង​មួយ​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច​សម្រាប់​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ! សំឡេង​ដែល​ថ្លែង​ទីបន្ទាល់​បាន​យ៉ាង​ល្អ ការ​អធិស្ឋាន​ដ៏​ក្លៀវ​ក្លា និង​ការ​ច្រៀង​ទំនុក​តម្កើង​នៃ​ស៊ីយ៉ូន អាច​ជា សំឡេង​តែ​មួយ​ដែល​ស្ដី​បន្ទោស ហើយ​រិះ​គន់ ធ្វើ​ឲ្យ​អាម៉ាស់ ហើយ​បន្ទាប​បន្ថោក ធ្វើ​ឲ្យ​មាន​ការ​ឈឺចាប់ និង​ការ​បំផ្លិច​បំផ្លាញ​វិញ្ញាណ​របស់​ខ្លួន​ឯង និង​មនុស្ស​ដទៃ​ទៀត​នៅ​ក្នុង​ដំណើរ​ការ​នេះ ។ …

« … ចូរយើង​ព្យាយាម​ប្រែ​ក្លាយ​ជា​បុរស​ស្រ្តី​ដ៏ ‹​ឥតខ្ចោះ › យ៉ាង​ហោច​ណាស់​ក្នុង​របៀប​មួយ​ដោយ​—មិន​ប្រើ​​ពាក្យសម្ដី​ធ្វើ​ឲ្យ​អាក់អន់ចិត្ត ឬ​ប្រើ​ពាក្យ​កាន់តែ​វិជ្ជមាន ដោយ​និយាយ​ភាសាថ្មី គឺ​ភាសា​នៃ​ពួក​ទេវតា ។ ពាក្យ​សម្ដី​របស់​យើង ក៏​ដូច​ជា​ទង្វើ​របស់​យើង​ដែរ វា​គួរ​ត្រូវ​បាន​បំពេញ​ដោយ​សេចក្ដី​ជំនឿ និង​សេចក្ដី​សង្ឃឹម ព្រមទាំង​សេចក្ដី​សប្បុរស ជា​បទបញ្ញត្តិ​ធំ​បី​របស់​ពួក​គ្រីស្ទាន​ ដែល​ពិភពលោក​សព្វ​ថ្ងៃ​នេះ​ត្រូវ​ការ​យ៉ាង​ខ្លាំង ។ ជាមួយ​នឹង​ពាក្យ​សម្ដី​បែប​នេះ ដែល​និយាយ​​ឡើង​នៅ​ក្រោម​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ វា​នឹង​គ្មាន​ការ​បង្ហូរ​ទឹក​ភ្នែក​ តែ​វា​នាំ​មក​នូវ​ការ​ព្យាបាល​ដួង​ចិត្ត ការ​លើក​កម្ពស់​ជីវិត ការ​មាន​​សេចក្ដី​សង្ឃឹមឡើង​វិញ និង​ភាព​ជឿជាក់​អាច​យក​ជ័យ​បាន » ( « The Tongue of Angels » EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៧ ទំព័រ ១៦, ១៨ ) ។

  • តើ​យើង​អាច​ស្គាល់​សេចក្ដី​ពិត​អ្វី​ខ្លះ ​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ​ទាក់ទង​នឹង​ការ​និយាយ​ស្ដី​ដែល​ពួក​អ្នក​ដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ​​គួរ​ធ្វើ ? (ដោយ​ប្រើ​ពាក្យ​សម្ដី​របស់​ពួកគេ​ផ្ទាល់ សិស្ស​គួរ​ស្គាល់​សេចក្ដី​ពិត​មួយ​ស្រដៀង​គ្នា​នឹង​សេចក្ដី​ពិត​ដូច​តទៅ​នេះ ៖ ពួក​អ្នក​ដើរ​តាម​ព្រះ​ត្រូវ​ខិតខំ​ប្រើ​ពាក្យ​សម្ដី​របស់​ពួកគេ​សម្រាប់​គោលបំណង​សុចរិត ពុំ​មែន​សាយ​ភាយ​​អំពើ​អាក្រក់​ឡើយ ) ។

  • ហេតុអ្វី​វា​គឺជា​បញ្ហា​មួយ​ដ៏​ធ្ងន់​ធ្ងរ ​ប្រសិន​បើ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ប្រើ​ពាក្យ​សម្ដី​របស់​ពួកគេ​សម្រាប់​គោលបំណង​អាក្រក់ ឬ​ធ្វើ​ឲ្យ​មនុស្ស​ដទៃ​ឈឺ​ចាប់ ឬ​ខូច​ចិត្ត​នោះ ?

  • តើ​រឿង​មួយ​ចំនួន​ដែល​យើង​អាច​ធ្វើ​ដើម្បី​ឲ្យ​កាន់​តែ​ « ល្អ​ឥត​ខ្ចោះ » ​ថែម​ទៀត ( យ៉ាកុប ៣:២ ) នៅ​ក្នុង​ការ​ប្រើ​ពាក្យ​សម្ដី​របស់​យើង​មាន​អ្វីខ្លះ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពន្យល់​ថា ការ​រស់​នៅ​តាម​សេចក្ដី​ពិត​ដែល​ពួកគេ​បាន​ស្គាល់​នៅ​ក្នុង យ៉ាកុប ៣:៩–១០ នឹង​ដឹក​នាំ​ទង្វើ​របស់​ពួកគេ​នៅ​ក្នុង​ស្ថានភាព​ខាង​ក្រោម​​នេះ​យ៉ាង​ដូចម្ដេច ៖

  1. អ្នក​កំពុង​សរសេរ​សារ ឬ​កំពុង​ប្រើ​បណ្ដាញ​សង្គម ។

  2. អ្នក​គឺ​ជា​សង្ឃ​ម្នាក់​ដែល​ប្រសិទ្ធពរ​ពិធី​សាក្រាម៉ង់​​នៅ​ថ្ងៃ​អាទិត្យ ។ នៅ​សាលារៀន មិត្ត​របស់​អ្នក​ចាប់​ផ្ដើម​សើច​ចំអក​ដាក់​​សិស្ស​ម្នាក់​ទៀត ។

  3. អ្នក​គឺជា​យុវនារី​ម្នាក់​ដែល​កាល​ពី​មុន​ធ្លាប់​និយាយ​មិន​ល្អ​​អំពី​យុវនារី​ម្នាក់​ទៀត​នៅ​ក្នុង​វួដ ឬ​សាខា​របស់​អ្នក ។

  4. មិត្ត​រួម​ក្រុម​របស់​អ្នក​ប្រើ​ពាក្យ​សម្ដី​មិន​ល្អ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដីថ្លែង​ការ​ណ៍​​ដូច​ខាង​ក្រោម​មក​ពី​កូន​សៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន ឲ្យ​ឮៗ ៖

« របៀប​ដែល​អ្នក​ទំនាក់ទំនង គួរតែ​ឆ្លុះ​បញ្ចាំង​​អត្តសញ្ញាណ​របស់​អ្នកក្នុង​នាម​ជា​បុត្រា ឬ បុត្រី​ម្នាក់​របស់​ព្រះ ។ ពាក្យសម្តី​ដែល​ស្អាតស្អំ និង​មាន​បញ្ញា គឺ​​ជា​ភស្តុតាង​នៃ​ចិត្ត​ដែលឆ្លាត និង​រីករាយ ។ ពាក្យសម្តី​ដែល​លើក​តម្កើង ​លើក​ទឹកចិត្ត និង​សរសើរ​អ្នកដទៃ អញ្ជើញ​ព្រះវិញ្ញាណ​ឲ្យ​គង់​នៅ​ជាមួយ​អ្នក ។ ពាក្យ​សម្ដី​របស់​យើង ក៏​ដូចជា​ទង្វើ​របស់​យើង គួរ​តែ​ត្រូវ​បាន​ពោរ​ពេញ​​ដោយ​សេចក្ដី​ជំនឿ សេចក្ដីសង្ឃឹម និង​សេចក្ដី​សប្បុរស » ( ដើម្បី​កម្លាំង​នៃ​យុវជន [ កូន​សៀវភៅ​ឆ្នាំ ​២០១១ ] ទំព័រ ២០ ) ។

  • តើ​ពាក្យ​សម្ដី​របស់​មនុស្ស​ម្នាក់​ធ្លាប់​លើក​តម្កើង ឬ​លើក​ទឹក​ចិត្ត​អ្នក​នៅ​ពេល​ណា ?

  • តើ​អ្នក​ធ្លាប់​បាន​ទទួល​ពរ នៅ​ពេល​អ្នក​ខំ​ព្យាយាម​លើក​តម្កើង ឬ​លើក​ទឹក​ចិត្ត​មនុស្ស​ដទៃ​ជាមួយ​នឹង​ពាក្យ​សម្ដី​របស់​អ្នក​តាម​របៀប​​ណា ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​គោលដៅ​មួយ​នៅ​ក្នុង​សៀវភៅកត់ចំណាំ​ក្នុង​ថ្នាក់​រៀន​ ឬ​សៀវភៅ​​កំណត់​ហេតុ​ការ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ​ ទាក់ទង​នឹង​កិច្ចការ​ដែល​ពួកគេ​នឹង​ធ្វើ​​ដើម្បី​គ្រប់​គ្រង​ការ​និយាយ​របស់​ពួកគេ​ឲ្យ​កាន់​តែ​ប្រសើរ ហើយ​ប្រើ​ពាក្យ​សម្ដី​របស់​ពួកគេ​សម្រាប់​គោលបំណង​សុចរិត ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ធ្វើ​សកម្មភាព​សម្រាប់​គោលដៅ​ដែល​ពួកគេ​បាន​សរសេរ​នៅ​សប្ដាហ៍​ក្រោយ ។

យ៉ាកុប៣:១៣–១៨

យ៉ាកុប​បង្ហាញ​ពីភាព​ខុស​គ្នា​រវាង​ប្រាជ្ញា​របស់​​លោកិយ និង​ប្រាជ្ញា​ដែល​កើត​ចេញ​មក​ពី​ព្រះ

សូម​សង្ខេប យ៉ាកុប ៣:១៣–១៨ ដោយ​ពន្យល់​ថា យ៉ាកុប​បាន​បង្ហាញ​​ពី​ភាពខុស​គ្នា​រវាង​ប្រាជ្ញា​របស់​លោកិយ និង​ប្រាជ្ញា​ដែល​មក​ពី​ព្រះ ។ ប្រាជ្ញា​របស់​លោកិយ​ដឹកនាំ​ទៅ​រក​ « វឹកវរ » ( ខ​ទី ១៦ ) និង « សេចក្ដី​គំនុំ » ( ខ​ទី ១៤ ) កាល​ប្រាជ្ញា​« ដែល​មក​ពី​ស្ថាន​លើ » គឺ​ « បរិសុទ្ធ » ហើយ​ « ពេញ​ដោយ​សេចក្ដី​មេត្តា​ករុណា » ( ខ​ទី១៧ ) ។

សូម​ថ្លែង​ទីបន្ទាល់​អំពី​គោលការណ៍​ដែលបាន​បង្រៀន​នៅក្នុងមេរៀន​ថ្ងៃនេះ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

យ៉ាកុប៣:២ ។ « មិន​បាន​ជំពប់​ដោយ​ពាក្យ​សម្ដី »

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ព្រមាន​​អំពី​គ្រោះថ្នាក់​នៃ​ការ​និយាយពាក្យ​​អវិជ្ជមាន ហើយ​បាន​ថ្លែង​ពី​សេចក្ដី​ត្រូវការ​យ៉ាង​ច្រើន​ចំពោះ​ការ​និយាយ​វិជ្ជមាន ៖

« ខ្ញុំ​សន្មត​ថា យើង​ពុំ​ចាំ​បាច់​ត្រូវ​ប្រាប់​ដល់​បងប្អូន​ថា ជា​រឿយៗ​ការ​និយាយ​អវិជ្ជមាន​កើត​ចេញ​ពី​ការ​គិត​អវិជ្ជមាន រួម​បញ្ចូល​ទាំង​ការ​គិត​អវិជ្ជមាន​អំពីខ្លួន​យើង​ផង​ដែរ​នោះ​ទេ ។ យើង​មើល​ឃើញ​កំហុស​ខ្លួន​ឯង យើង​និយាយ​—ឬ​យ៉ាង​ហោច​ណាស់​គិត—ទិតៀន​អំពីខ្លួន​ឯង ហើយ​មិន​យូរ​មិន​ឆាប់​យើង​នឹង​ឃើញ​​មនុស្ស​គ្រប់​គ្នា និង​អ្វីៗ​គ្រប់​យ៉ាង​ថា​មាន​កំហុស ។ គ្មាន​ថ្ងៃ​រះ គ្មាន​ផ្កា​កូលាប គ្មាន​ការ​សន្យា​នៃ​សេចក្ដី​សង្ឃឹម ឬ​សុភមង្គល​ឡើយ ។ មិន​យូរ​មិន​ឆាប់​យើង និង​មនុស្ស​គ្រប់​គ្នា​នៅ​ជុំវិញ​យើង​នឹង​រងទុក្ខ ។

« … យើង​គួរ​គោរព​ចំពោះ​ការ​ប្រកាស​របស់​ព្រះអង្គ​សង្គ្រោះ​ឲ្យ​ ‹ សង្ឃឹម​ឡើង › [ ម៉ាថាយ ១៤:២៧, ម៉ាកុស ៦:៥០, យ៉ូហាន ១៦:៣៣​ ] ។ ( ពិត​ណាស់ ចំពោះ​ខ្ញុំ​យើង​ទំនង​ជា​មាន​កំហុស​ច្រើនចំពោះ​ការ​រំលង​បទ​បញ្ញត្តិ​នោះ​ជាង​បទបញ្ញត្តិ​ណាៗ​​ផ្សេង​ទៀត ! ) សូម​និយាយ​ពេញ​ដោយ​សេចក្ដីសង្ឃឹម ។ សូម​និយាយ​ដោយ​ពាក្យ​លើក​ទឹក​ចិត្ត រួម​ទាំង​ពី​ខ្លួន​ឯង​ផង​ដែរ ។ សូម​កុំ​ព្យាយាម​ត្អូញ​ត្អែរ ហើយ​តម្អូញ​ឥត​ឈប់​ឈរ​ឡើយ » ( « The Tongue of Angels » EnsignLiahona ខែ ឧសភា ឆ្នាំ ​២០០៧ ទំព័រ ១៧–១៨ ) ។

យ៉ាកុប ៣:១០ ។ « មាន​ទាំង​ពាក្យ​សរសើរ និង​ពាក្យ​ប្រទេច​ផ្តាសា ចេញ​មក​ពី​មាត់​តែ១​នោះ​ឯង »

អែលឌើរ រ៉ូប៊ើត អេស វ៉ូត នៃ​ពួក​ចិតសិប​នាក់​បាន​បង្រៀន​​អំពី​អំណាច​នៃ​ពាក្យ​សម្ដី​របស់​យើង​​ដើម្បី​ឲ្យ​ពរ​ដល់​មនុស្ស​ដទៃ និង​ខ្លួន​យើង​ផ្ទាល់ ៖

« ពាក្យ​សម្ដី និង​ការ​សម្ដែង​ចេញ​មក​ពី​អាការៈ​ខាង​ក្រៅ​របស់​យើង​គឺ​ខុស​គ្នា ពីព្រោះ​វា​ឆ្លុះ​បញ្ចាំង​ថា យើង​ជា​មនុស្ស​បែបណា ហើយ​រៀបចំ​យើង​ឲ្យ​ក្លាយ​ជា​មនុស្ស​ដែល​យើង​នឹង​ប្រែ​ក្លាយ ។ …

« ពាក្យ​ពេចន៍​ដែល​យើង​និយាយ និង​របៀប​ដែល​យើង​បង្ហាញ​ខ្លួន​យើង វា​ពុំ​គ្រាន់​តែ​បំផ្លាញ​​ព្រលឹង​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​បំផ្លាញ​បុគ្គល​នោះ មនុស្ស​ជុំវិញ​ខ្លួន​យើង ហើយ​​នៅ​ទីបំផុត​គឺ​សង្គម​របស់យើង​ទាំង​មូល ។ រៀង​រាល់​ថ្ងៃ​យើង​ម្នាក់ៗ​គឺ​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​ភ័ន្ត​ច្រឡំ​អំពីពន្លឺ ឬ​នៅ​ក្នុង​ការ​បណ្ដេញ​ភាពងងឹត​ចេញ ។ យើង​ត្រូវ​បាន​ហៅ​ឲ្យ​អញ្ជើញ​ពន្លឺ​នោះ​មក ហើយ​ឲ្យ​ធ្វើ​ជា​ពន្លឺ ដើម្បី​ញែក​ខ្លួន​យើង​ឲ្យ​បាន​បរិសុទ្ធ ហើយ​បង្រៀន​ដល់​មនុស្ស​ដទៃ ។ …

« នៅ​ពេល​យើង​និយាយ ហើយ​ធ្វើ​សកម្មភាព យើង​គួរ​សួរ​ថា តើ​ពាក្យ​សម្ដី និងការសម្ដែង​ទឹក​មុខ​របស់​យើង​មាន​នូវ​គោល​បំណង​ ដើម្បី​យាង​អំណាច​នៃ​ស្ថានសួគ៌​ឲ្យ​ចូល​មក​ក្នុង​ជីវិត​យើង ហើយ​អញ្ជើញ​មនុស្ស​ទាំង​អស់​ឲ្យ​មក​រក​ព្រះគ្រីស្ទ​ដែរ​ឬ​ទេ ។ យើង​ត្រូវ​ប្រព្រឹត្ត​ចំពោះ​រឿង​ពិសិដ្ឋ​ទាំងឡាយ​ដោយ​គារវភាព ។ យើង​ត្រូវ​​បំបាត់​ចោលនូវវាចា​អសីលធម៌ អាសគ្រាម ​ហឹង្សា ​គម្រាម​កំហែង ជេរ​ប្រមាថ ឬ​ ខុស​ឆ្គងចេញ​ពី​ការ​សន្ទនា​របស់​យើង ។ ដូចជា​សាវក​ពេត្រុស​បាន​សរសេរ​ថា ‹ តែ​ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​បរិសុទ្ធ​ក្នុង​គ្រប់​កិរិយា​ទាំង​អស់ ដូច​ជា​ព្រះ​ដែល​ហៅ​អ្នក​រាល់​គ្នា​ទ្រង់​បរិសុទ្ធ​ដែរ › ( ១ ពេត្រុស ១:១៥ ) ។ ការ​សន្ទនា​តាម​ទឹក​មុខ​នៅ​ត្រង់​នេះ​​ពុំ​មែន​សំដៅ​ទៅ​លើ​ការ​និយាយ​ទេ ប៉ុន្តែ​ទៅ​លើ​ឥរិយាបថ​របស់​យើង​ទាំង​ស្រុង » ( « The Tongue of Angels » Ensign ខែ វិច្ឆិកា ឆ្នាំ​ ១៩៩៩ ទំព័រ ៨៣, ៨៤ ) ។