មេរៀនទី ១៨
ម៉ាថាយ ១៥
សេចក្ដីផ្ដើម
កាលគង់នៅស្រុកកាលីឡេ ព្រះយេស៊ូវបានពន្យល់ពីហេតុផលដែលពួកសិស្សរបស់ទ្រង់មិនបានធ្វើតាមទំនៀមទម្លាប់ នៃការលាងសម្អាតខ្លួនឲ្យស្អាតពីមុនពួកគេបរិភោគអាហារ ។ បន្ទាប់មក ទ្រង់បានធ្វើដំណើរទៅឈូងសមុទ្រមេឌីទែរ៉ាណេ ជាកន្លែងដែលទ្រង់បានព្យាបាលកូនស្រីរបស់ស្ត្រីសាសន៍ដទៃម្នាក់ ។ ក្រោយមក ព្រះយេស៊ូវបានយាងត្រឡប់ទៅស្រុកកាលីឡេវិញ ជាកន្លែងដែលទ្រង់បានព្យាបាលមនុស្សជាច្រើន ហើយបានប្រទានចំណីដោយអព្ភូតហេតុដល់មនុស្សច្រើនជាងបួនពាន់នាក់ ។
យោបល់សម្រាប់ការបង្រៀន
ម៉ាថាយ ១៥:១-២០
ពួកអាចារ្យ និង ពួកផារិស៊ីទូលសួរហេតុអ្វីបានជាពួកសិស្សរបស់ព្រះយេស៊ូវមិនលាងដៃពីមុនពួកគេបរិភោគអាហារ ។
សូមអញ្ជើញសិស្សបីនាក់ឲ្យអានសាច់រឿងដូចខាងក្រោមឲ្យឮៗ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ស្ដាប់រកចំណុចដូចគ្នាដែលសាច់រឿងទាំងនោះមាន ។
-
មានយុវនារីម្នាក់ត្រូវមិត្តភក្ដិនាងលើកទឹកចិត្តឲ្យស្លៀកសំលៀកបំពាក់មិនសមរម្យទៅកម្មវិធីរាំនៅសាលា ។ យុវនារីនេះដឹងថា សំលៀកបំពាក់នោះមិនសក្ដិសមនឹងបទដ្ឋាននៃភាពរមទម្យរបស់ព្រះអម្ចាស់ទេ ទោះជាវាពេញនិយមនៅក្នុងវប្បធម៌របស់នាងឲ្យស្លៀកសំលៀកបំពាក់បែបនោះក្ដី ។
-
យុវជនម្នាក់មានគ្រួសារជាពួកបរិសុទ្ធថ្ងៃចុងក្រោយដែលស្រឡាញ់ព្រឹត្តិការណ៍កីឡា ។ នៅពេលព្រឹត្តិការណ៍ល្បីៗបានដាក់បញ្ចាំងតាមទូរទស្សន៍ គ្រួសារនេះទម្លាប់ចោលការអធិស្ឋានជាគ្រួសារ ការសិក្សាព្រះគម្ពីរ រាត្រីជួបជុំក្រុមគ្រួសារ និងការប្រជុំថ្ងៃអាទិត្យនៅព្រះវិហារមួយអន្លើរសិន ដើម្បីបានមើលព្រឹត្តិការណ៍ទាំងនោះ ។
-
មានដៃគូវ័យក្មេងមួយគូកំពុងរៀបចំខ្លួនរៀបការ ។ ពួកគេរស់នៅក្នុងទីកន្លែងមួយ ដែលទទួលស្គាល់ការមានទំនាក់ទំនងផ្លូវភេទពីមុនពេលរៀបការយ៉ាងទូលំទូលាយ ។ មានមនុស្សមួយចំនួនបានប្រាប់ពួកគេថា ពួកគេចាស់គម្រិលពេកហើយ ដោយពួកគេរង់ចាំពេលរៀបការរួចសិន ទើបមានអាចមានភាពស្និទ្ធស្នាលខាងផ្លូវភេទបាន ។
-
តើសាច់រឿងទាំងនេះមានចំណុចអ្វីខ្លះដូចគ្នា ? ( សាច់រឿងនីមួយៗតំណាងឲ្យវិបត្តិរវាងការគោរពតាមព្រះបញ្ញត្តិរបស់ព្រះ និងការធ្វើតាមប្រពៃណី ឬទំនៀមទម្លាប់ ) ។
សូមពន្យល់ថា ប្រពៃណី ឬទំនៀមទម្លាប់រួមបញ្ចូលទាំងជំនឿ និងការអនុវត្តនានារបស់វប្បធម៌ សហគមន៍ គ្រួសារ ឬក្រុមមិត្តភក្ដិផងដែរ ។
ចូរសុំឲ្យសិស្សប្រាប់ពីប្រពៃណី ឬទំនៀមទម្លាប់មួយ ឬច្រើនដែលអាចរារាំងពួកគេមិនឲ្យគោរពតាមព្រះបញ្ញត្តិរបស់ព្រះ ។ សូមអញ្ជើញសិស្សឲ្យរកមើលសេចក្ដីពិតនៅក្នុង ម៉ាថាយ ១៥ ដែលអាចជួយពួកគេនៅពេលពួកគេត្រូវជ្រើសរើសរវាងការគោរពតាមព្រះបញ្ញត្តិរបស់ព្រះ និងការចូលរួមនៅក្នុងប្រពៃណី ឬទំនៀមទម្លាប់នានា ។
សូមអញ្ជើញសិស្សម្នាក់អាន ម៉ាថាយ ១៥:១-២ ឲ្យឮៗ ។ ចូរសុំសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលប្រពៃណីដែលពួកអាចារ្យ និងពួកផារិស៊ីបានទូលសួរដល់ព្រះយេស៊ូវ ។
-
តើប្រពៃណីអ្វីទៅដែលពួកសិស្សរបស់ព្រះយេស៊ូវមិនបានធ្វើតាម ?
សូមពន្យល់ថា ការលាងសម្អាតដៃដែលពួកអាចារ្យ និង ពួកផារិស៊ីបានលើកឡើងសំដៅទៅលើពិធីលាងដៃមួយសម្រាប់ឲ្យបានស្អាតបរិសុទ្ធ ហើយមិនសំដៅទៅលើការលាងដៃឲ្យមានអនាម័យនោះទេ ។
សូមអញ្ជើញសិស្សម្នាក់អាន ម៉ាថាយ ១៥:៣ ឲ្យឮៗ ហើយចូរសុំឲ្យសិស្សក្នុងថ្នាក់រកមើលចម្លើយរបស់ព្រះយេស៊ូវ ចំពោះសំណួររបស់ពួកអាចារ្យ និង ពួកផារិស៊ី ។
-
តើព្រះអង្គសង្គ្រោះបានមានបន្ទូលថាពួកអាចារ្យ និងពួកផារិស៊ីកំពុងធ្វើអ្វី ដោយការចូលរួមនៅក្នុងប្រពៃណីរបស់ពួកគេនោះ ?
សូមសង្ខេប ម៉ាថាយ ១៥:៤–៦ ដោយពន្យល់ថា ព្រះយេស៊ូវបានបង្ហាញឧទាហរណ៍មួយពីរបៀបដែលពួកអាចារ្យ និងពួកផារិស៊ីប្រព្រឹត្តរំលងព្រះបញ្ញត្តិមួយរបស់ព្រះដោយការចូលរួមនៅក្នុងប្រពៃណីរបស់ពួកគេ ។ ពួកគេបានបង្រៀនថា មនុស្ស « នឹងមានសេរីភាព » ( ខទី ៦ ) ចំពោះកាតព្វកិច្ចរបស់ពួកគេដើម្បីមើលថែឪពុកម្ដាយចាស់ជរាខ្លួនដោយប្រកាសថា ប្រាក់របស់ពួកគេបានរក្សាទុកជាដង្វាយថ្វាយដល់ព្រះ ឬ គ័របាន់ ( សូមមើល ម៉ាកុស ៧:១០–១២ ) ។ ទោះជាយ៉ាងក៏ដោយ ព្រះយេស៊ូវបានបង្រៀនថាដោយធ្វើរឿងបែបនេះ ពួកគេបានបំពានព្រះបញ្ញត្តិឲ្យគោរពដល់ឪពុកម្ដាយខ្លួន ។
សូមអញ្ជើញសិស្សម្នាក់អាន ម៉ាថាយ ១៥:៧–៩ ឲ្យឮៗ ហើយចូរសុំឲ្យសិស្សក្នុងថ្នាក់រកមើលអ្វីដែលពួកអាចារ្យ និងពួកផារិស៊ីបានដឹកនាំមនុស្សឲ្យធ្វើដោយប្រើប្រពៃណីរបស់ពួកគេជាការដោះសាមួយ ដើម្បីមិនគោរពដល់ព្រះបញ្ញត្តិរបស់ព្រះ ។
-
តើពួកអាចារ្យ និងពួកផារិស៊ីបានដឹកនាំមនុស្សឲ្យធ្វើអ្វីខ្លះ ?
-
តើគោលការណ៍អ្វីខ្លះដែលយើងរៀនមកពីខគម្ពីរទាំងនេះ អំពីអ្វីដែលយើងត្រូវធ្វើ ប្រសិនបើយើងមានបំណងប្រាថ្នាចង់ខិតទៅជិតព្រះ ? ( សិស្សអាចនឹងប្រើពាក្យផ្សេង ប៉ុន្តែពួកគេគួរតែស្គាល់គោលការណ៍ស្រដៀងគ្នានេះដូចតទៅ ៖ ប្រសិនបើយើងមានបំណងប្រាថ្នាចង់ខិតទៅជិតព្រះ យើងត្រូវដាក់ព្រះបញ្ញត្តិរបស់ទ្រង់ឲ្យខ្ពស់ជាងប្រពៃណី ឬទំនៀមទម្លាប់នានាដែលយើងមាន ) ។
សូមអញ្ជើញអានឡើងវិញនូវសាច់រឿងពីដើមមេរៀនឲ្យឮៗ ។ បន្ទាប់ពីអានសាច់រឿងនីមួយៗរួច សូមសួរ ៖
-
តើបុគ្គលម្នាក់ ឬបុគ្គលទាំងឡាយនៅក្នុងសាច់រឿងនេះអាចធ្វើអ្វីខ្លះ ដើម្បីគោរពតាមព្រះបញ្ញត្តិរបស់ព្រះ ?
-
តើការធ្វើបែបនេះនឹងជួយបុគ្គលម្នាក់ ឬបុគ្គលទាំងឡាយឲ្យខិតទៅកាន់តែជិតព្រះបានដោយរបៀបណា ?
ក្រោយពីអ្នកបានពិភាក្សាអំពីសាច់រឿងនីមួយៗហើយ សូមសួរសិស្សក្នុងថ្នាក់ ៖
-
តើអ្នកធ្លាប់ជ្រើសគោរពតាមព្រះបញ្ញត្តិរបស់ព្រះ ជាជាងចូលរួមនៅក្នុងប្រពៃណី ឬទំនៀមទម្លាប់ដែលទទួលយកជាទូទៅនៅពេលណាដែរ ? តើការណ៍នេះបានជួយអ្នក ឲ្យខិតទៅកាន់តែជិតព្រះវរបិតាសួគ៌បានដោយរបៀបណា ? ( អ្នកក៏គួរចែកចាយបទពិសោធន៍ផ្ទាល់ខ្លួនមួយផងដែរ ) ។
សូមអញ្ជើញសិស្សឲ្យពិចារណាពីប្រពៃណី និងទំនៀមទម្លាប់ដែលពួកគេប្រាប់កាលពីដើមមេរៀន ។ សូមលើកទឹកចិត្តពួកគេឲ្យជ្រើសគោរពតាមព្រះបញ្ញត្តិរបស់ព្រះ ជាជាងធ្វើតាមប្រពៃណី ឬទំនៀមទម្លាប់នានាដើម្បីពួកគេអាចខិតទៅកាន់តែជិតនឹងព្រះ ។
សូមរំឭកសិស្សថា ពួកអាចារ្យ និងពួកផារិស៊ីបានជឿថា ការបរិភោគអាហារដោយមិនបានលាងដៃនឹងធ្វើឲ្យមនុស្សម្នាក់ស្មោគគ្រោក ឬធ្វើឲ្យបុគ្គលនោះមិនស្អាតស្អំខាងវិញ្ញាណ ។ សូមអញ្ជើញសិស្សម្នាក់អាន ម៉ាថាយ ១៥:១០-១១ ឲ្យឮៗ ហើយចូរសុំឲ្យសិស្សក្នុងថ្នាក់រកមើលអ្វី ដែលព្រះអង្គសង្គ្រោះបានបង្រៀនថា វានឹងធ្វើឲ្យយើងស្មោគគ្រោកពិតប្រាកដនោះ ។
-
តើព្រះអង្គសង្គ្រោះបានមានបន្ទូលថាអ្វីទៅដែលធ្វើឲ្យយើងស្មោគគ្រោកនោះ ?
សូមចង្អុលបង្ហាញថា ព្រះអង្គសង្គ្រោះមានបន្ទូលថា « របស់ដែលធ្វើឲ្យស្មោកគ្រោក … គឺជាសេចក្ដីដែលចេញពីមាត់វិញទេតើ » ( ខទី ១១ ) ។ បន្ទាប់ពីមានបន្ទូលប្រាប់ពួកសិស្សរបស់ទ្រង់កុំឲ្យបារម្ភនឹងពួកផារិស៊ីដែលបានអាក់អន់ចិត្តដោយសារបន្ទូលទ្រង់ ( សូមមើល ម៉ាថាយ ១៥:១២–១៦ ) នោះទ្រង់បានពន្យល់បន្ថែមទៀតអំពីអ្វី ដែលធ្វើឲ្យយើងស្មោកគ្រោកពិតនោះ ។
សូមអញ្ជើញសិស្សពីរបីនាក់ឲ្យប្ដូរវេនគ្នាអានឮៗក្នុង ម៉ាថាយ ១៥:១៧-២០ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាមរកមើលនូវអ្វីដែលព្រះអង្គសង្គ្រោះចង់ចង្អុលបង្ហាញ នៅពេលទ្រង់បានមានបន្ទូលថា « របស់ដែលធ្វើឲ្យស្មោកគ្រោក … គឺជាសេចក្ដីដែលចេញពីមាត់វិញទេតើ »( ខទី ១១ ) ។
-
តើព្រះអង្គសង្គ្រោះចង់មានបន្ទូលពីអ្វីទៅ កាលទ្រង់បានមានបន្ទូលថា « របស់ដែលធ្វើឲ្យស្មោកគ្រោក … គឺជាសេចក្ដីដែលចេញពីមាត់វិញទេតើ » ?
សូមចង្អុលបង្ហាញថានៅក្នុងបទគម្ពីរ ជារឿយៗពាក្យដួងចិត្តតំណាងឲ្យគំនិត និងបំណងប្រាថ្នារបស់យើង ។ សូមសរសេរសេចក្ដីថ្លែងការណ៍នេះនៅលើក្ដារខៀន ៖ ប្រសិនបើយើងជ្រើសបណ្តែតបណ្តោយតាមគំនិត និងបំណងប្រាថ្នាអាក្រក់ នោះ …
-
តើអ្នកនឹងបំពេញតាមគោលការណ៍នេះ ដោយផ្អែកលើការបង្រៀនរបស់ព្រះអង្គសង្គ្រោះនៅក្នុងខទី ១៩-២០បានយ៉ាងដូចម្ដេច ? ( សូមប្រើពាក្យសម្ដីរបស់សិស្សដើម្បីបំពេញគោលការណ៍នេះ ដើម្បីឲ្យវានាំទៅរកសេចក្ដីពិតដូចតទៅនេះ ៖ ប្រសិនបើយើងជ្រើសអរសប្បាយនឹងគំនិត និងបំណងប្រាថ្នាអាក្រក់ ឬមិនសមរម្យ នោះគំនិត និងបំណងប្រាថ្នាទាំងនោះនឹងធ្វើឲ្យយើងកខ្វក់ ) ។
-
តើយើងមានភាពស្មោកគ្រោក ឬមិនស្អាតស្អំខាងវិញ្ញាណតាមរបៀបណាដែរ ប្រសិនបើយើងជ្រើសបណ្តែតបណ្តោយទៅតាមគំនិត និងបំណងប្រាថ្នាអាក្រក់ ឬមិនសមរម្យនោះ ?
-
តើពាក្យសម្ដីចេញពីមាត់របស់យើង រួមទាំងទង្វើរបស់យើងផងដែរ ឆ្លុះបញ្ចាំងពីគំនិត និងបំណងប្រាថ្នានៅក្នុងដួងចិត្តរបស់យើងយ៉ាងដូចម្ដេចដែរ ?
អ្នកគួរថ្លែងទីបន្ទាល់ពីគោលការណ៍នេះ ហើយអញ្ជើញសិស្សជ្រើសរក្សាគំនិត និងបំណងប្រាថ្នាឲ្យបរិសុទ្ធ ។
ម៉ាថាយ ១៥:២១-២៨
ព្រះអង្គសង្គ្រោះព្យាបាលកូនស្រីស្ត្រីសាសន៍ដទៃម្នាក់
ចូរសុំឲ្យសិស្សឡើងមកក្ដារខៀន សរសេរពីបំណងប្រាថ្នាសុចរិតរបស់ពួកគេមួយ ឬច្រើន ។
សូមអញ្ជើញសិស្សឲ្យរកមើលគោលការណ៍ទាំងឡាយនៅក្នុងម៉ាថាយ ១៥ដែលអាចជួយពួកគេឲ្យយល់ពីអ្វីដែលពួកគេត្រូវធ្វើ ដើម្បីទទួលបានបំណងប្រាថ្នាសុចរិតរបស់ពួកគេ ។
ចូរសុំឲ្យសិស្សបើកទៅផែនទីព្រះគម្ពីរប៊ីប ទី ១១ « ដែនដីបរិសុទ្ធនៅសម័យព្រះគម្ពីរសញ្ញាថ្មី » ។ ចូរសុំឲ្យពួកគេរកមើលទីតាំងស្រុកទីរ៉ុស និង ស៊ីដូននៅលើផែនទីនោះ ។ សូមពន្យល់ថា កាលព្រះយេស៊ូវយាងចេញពីស្រុកកាលីឡេទៅឈូងសមុទ្រទីរ៉ុស និងស៊ីដូន នោះទ្រង់បានជួបនឹងស្ត្រីសាសន៍កាណានម្នាក់ ។ ដូចជាមនុស្សផ្សេងទៀតជាច្រើននៅក្នុងភូមិភាគនោះដែរ ស្ត្រីម្នាក់នេះគឺជាសាសន៍ដទៃ—មានន័យថានាងពុំមែនជាសាសន៍យូដាទេ ។ នៅពេលនោះ ព្រះយេស៊ូវ និងពួកសិស្សរបស់ទ្រង់បានប្រកាសដំណឹងល្អទៅដល់តែពួកសាសន៍យូដាប៉ុណ្ណោះ ហើយពុំទាន់ទៅដល់ពួកសាសន៍ដទៃនៅឡើយទេ ( សូមមើល ម៉ាថាយ ១០:៥–៦ ) ។ ក្រោយមកទៀត ទ្វារនឹងបានបើកឡើងដល់ពួកសាសន៍ដទៃដើម្បីទទួលសារលិខិតនៃសេចក្ដីសង្គ្រោះ ( សូមមើល កិច្ចការ ១០ ) ។
សូមអញ្ជើញសិស្សប្ដូរវេនគ្នាអានឲ្យឮៗនៅក្នុង ម៉ាថាយ ១៥:២១-២៧ជាមួយនឹងដៃគូ ។ ចូរសុំឲ្យពួកគេរកមើលចម្លើយចំពោះសំណួរដូចខាងក្រោម ( អ្នកគួរសរសេរសំណួរទាំងនេះនៅលើក្ដារខៀន ) ៖
-
តើបំណងប្រាថ្នាសុចរិតអ្វីខ្លះ ដែលស្ត្រីសាសន៍កាណាននោះមាន ?
-
តើស្ត្រីរូបនេះបាននិយាយហើយធ្វើអ្វីខ្លះ ដែលបង្ហាញសេចក្តីជំនឿរបស់នាងលើព្រះយេស៊ូវគ្រីស្ទ ?
ចូរសុំឲ្យសិស្សរាយការណ៍ អំពីចម្លើយរបស់ពួកគេ ។
-
តើចម្លើយរបស់ស្ត្រីរូបនេះចំពោះរឿងប្រៀបប្រដូចនេះបានបង្ហាញបន្ថែមទៀត ចំពោះសេចក្តីជំនឿរបស់នាងលើព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
សូមអញ្ជើញសិស្សម្នាក់អាន ម៉ាថាយ ១៥:២៨ ឲ្យឮៗ ហើយសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាមរកមើលអ្វីដែលព្រះអង្គសង្គ្រោះបានធ្វើសម្រាប់ស្ត្រីម្នាក់នេះ ។
-
តើព្រះអង្គសង្គ្រោះបានធ្វើអ្វីដល់ស្ត្រីម្នាក់នេះ ? ហេតុអ្វី ?
-
តើមានគោលការណ៍អ្វីខ្លះដែលយើងអាចរៀនមកពីដំណើររឿងនេះ អំពីអ្វីដែលអាចកើតឡើង នៅពេលយើងអនុវត្តសេចក្ដីជំនឿរបស់យើងលើព្រះយេស៊ូវគ្រីស្ទ ? ( សិស្សអាចនឹងប្រើពាក្យផ្សេង ប៉ុន្តែពួកគេគួរតែស្គាល់គោលការណ៍ស្រដៀងគ្នានេះដូចតទៅ ៖ នៅពេលយើងអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ យើងអាចទទួលបានពរជ័យស្របតាមបំណងប្រាថ្នាសុចរិតរបស់យើង ) ។
-
បន្ថែមលើការទូលសូមព្រះអម្ចាស់ឲ្យប្រទានពរយើង ដោយស្មោះត្រង់ស្របតាមបំណងប្រាថ្នាសុចរិតរបស់យើងតើ យើងអាចធ្វើអ្វីផ្សេងទៀតដើម្បីអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ?
ដើម្បីជួយសិស្សឲ្យយល់បន្ថែមអំពីអ្វី ដែលពួកគេអាចធ្វើដើម្បីអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ចូរសុំសិស្សម្នាក់ឲ្យអានឲ្យឮៗនូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ដាល្លិន អេក អូក ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« នៅពេលយើងមានសេចក្ដីជំនឿលើព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ យើងត្រូវតែមានទំនុកចិត្តលើទ្រង់ ។ យើងត្រូវទុកចិត្តលើទ្រង់ឲ្យល្មមគ្រប់គ្រាន់ រហូតដល់យើងពេញចិត្តទទួលយកព្រះឆន្ទៈរបស់ទ្រង់ ដោយដឹងថាទ្រង់ជ្រាបដឹងនូវអ្វីដែលល្អបំផុតសម្រាប់យើង ។ …
« … មិនថាវាខ្លាំងយ៉ាងណាទេ សេចក្ដីជំនឿមិនអាចបង្កើតលទ្ធផលដែលផ្ទុយទៅនឹងព្រះឆន្ទៈនៃទ្រង់ដែលជាអង្គមានព្រះចេស្ដាបង្កើតវាបានឡើយ ។ … យើងពុំអាចមានសេចក្ដីជំនឿដ៏ពិតលើព្រះអម្ចាស់ ដោយគ្មានការទុកចិត្តទាំងស្រុងលើព្រះរាជបំណងរបស់ព្រះអម្ចាស់ និង ទៅលើពេលវេលារបស់ព្រះអម្ចាស់បាននោះទេ » ( « Faith in the Lord Jesus Christ » Ensign ខែ ឧសភា ឆ្នាំ១៩៩៤ ទំព័រ ៩៩, ១០០ ) ។
-
តើការពន្យល់របស់អែលឌើរ អូក អំពីអត្ថន័យនៃការអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទអាចជួយយើងតាមរបៀបណា នៅពេលព្រះអម្ចាស់ពុំបានប្រទានពរភ្លាមៗដល់យើងស្របតាមបំណងប្រាថ្នាសុចរិតរបស់យើងនោះ ?
សូមអញ្ជើញសិស្សឲ្យមើលឡើងវិញនូវបញ្ជីនៃបំណងប្រាថ្នាសុចរិតនៅលើក្ដារខៀន ហើយពន្យល់ពីអ្វី ដែលពួកគេអាចធ្វើដើម្បីអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ នៅពេលពួកគេស្វែងរកដើម្បីទទួលបានបំណងប្រាថ្នាទាំងនោះ ។
-
តើអ្នក ( ឬមនុស្សម្នាក់ដែលអ្នកស្គាល់ ) ធ្លាប់ទទួលបានបំណងប្រាថ្នាសុចរិត ( ស្របតាមឆន្ទៈ និងកាលវេលារបស់ព្រះអម្ចាស់ ) នៅពេលអ្នកបានអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទនោះនៅពេណាដែរ ?
សូមអញ្ជើញសិស្សឲ្យសរសេរនៅក្នុងសៀវភៅកំណត់ចំណាំក្នុងថ្នាក់របស់ពួកគេ ឬសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់ពួកគេអំពីអ្វីដែលពួកគេនឹងធ្វើ ដើម្បីអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ នៅពេលពួកគេស្វែងរកទទួលបានបំណងប្រាថ្នាដ៏សុចរិតរបស់ពួកគេពីទ្រង់ ។ សូមលើកទឹកចិត្តសិស្សឲ្យធ្វើតាមអ្វីដែលពួកគេបានសរសេរ ។
ម៉ាថាយ ១៥:២៩-៣៩
ព្រះយេស៊ូវបានប្រទានអាហារដល់ពួកអ្នកដើរតាម ច្រើនជាងបួនពាន់នាក់ចេញពីនំប៉័ងប្រាំពីរដុំ និងត្រីខ្លះៗ
សូមសង្ខេបម៉ាថាយ ១៥:២៩-៣៩ដោយពន្យល់ថា ព្រះយេស៊ូវបានយាងត្រឡប់ទៅស្រុកកាលីឡេវិញ ។ កាលទ្រង់គង់នៅទីនោះ មានមនុស្សជាងបួនពាន់នាក់បានប្រមូលផ្ដុំគ្នាមករកទ្រង់ ដោយនាំយកមនុស្សដែលមានជំងឺ និងពិការភាពជាច្រើនមកជាមួយពួកគេ ។ ព្រះអង្គសង្គ្រោះបានព្យាបាលពួកគេ ហើយបន្ទាប់ពីប្រជាជនទាំងនោះបានចំណាយពេលបីថ្ងៃនៅជាមួយនឹងទ្រង់ នោះទ្រង់បានធ្វើអព្ភូតហេតុមួយទៀតដោយប្រទានអាហារដល់ពួកគេទាំងអស់គ្នាជាមួយនឹងនំប៉័ងប្រាំពីរដុំ និងត្រីតូចៗខ្លះប៉ុណ្ណោះ ។ ( កំណត់ចំណាំ ៖ អព្ភូតហេតុនៃការប្រទានអាហារដល់មនុស្សបួនពាន់នាក់នឹងពិភាក្សាកាន់តែល្អិតល្អន់នៅក្នុងមេរៀនសម្រាប់ម៉ាកុស ៨ ) ។
អ្នកគួរបញ្ចប់មេរៀននេះដោយចែកចាយទីបន្ទាល់របស់អ្នកអំពីសេចក្ដីពិត និងគោលការណ៍ទាំងឡាយដែលសិស្សបានស្គាល់នៅក្នុង ម៉ាថាយ ១៥ ។