បណ្ណាល័យ
មេរៀន​ទី ១៥៤ ៖ វិវរណៈ ៦–១១ ភាគ ១


មេរៀន​ទី ១៥៤

វិវរណៈ ៦–១១ ភាគ ១

សេចក្តីផ្តើម

យ៉ូហាន​បាន​ឃើញ​ការនិមិត្ត​អំពី​កូនចៀម​របស់​ព្រះ កំពុង​បើកត្រា​ប្រាំមួយ​ដំបូង​នៃ​ក្រាំង​ដែល​បិទ​ត្រា​នោះ ។ នៅក្នុង​ត្រា​ទី​ប្រាំមួយ យ៉ូហាន​បាន​ឃើញ​អ្នក​បម្រើ​របស់​ព្រះ​ដែល « បោក​អាវ … ក្នុង​ឈាម​របស់​កូន​ចៀម » ( វិវរណៈ ៧:១៤ ) ។

យោបល់​សម្រាប់ការ​បង្រៀន

វិវរណៈ ៦

យ៉ូហាន​បាន​ឃើញ​កូនចៀម​របស់​ព្រះ កំពុង​បើកត្រា​ប្រាំមួយ​ដំបូង​នៃ​ក្រាំង​ដែល​បិទ​ត្រា

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​កង្វល់​នានា​ ដែល​ពួកគេ​មាន​អំពី​ការ​រស់នៅ​ក្នុង​ថ្ងៃ​ចុង​ក្រោយ ។ សូម​សរសេរ​ចម្លើយ​របស់​ពួកគេ​នៅលើ​ក្ដារ​ខៀន ។

ចូរ​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដីថ្លែងការណ៍​ដូចខាង​ក្រោមដោយ​ព្យាការី យ៉ូសែប ស៊្មីធ ។ ចូរ​សុំ​ឲ្យ​សិស្ស​ស្ដាប់​រក​ថា ពួក​ព្យាការី​កាល​ពី​បុរាណ​មាន​អារម្មណ៍​បែប​ណា​ដែរ​​អំពី​ជំនាន់​របស់​យើង ៖

រូបភាព
ព្យាការី យ៉ូសែប ស្ម៊ីធ

« ពួក​ព្យាការី ពួក​សង្ឃ និង​ពួក​ស្ដេច … បាន​ទន្ទឹង​រង់ចាំ​ដោយ​សេចក្ដី​សង្ឃឹម​ដ៏​រីករាយ​ចំពោះ​សម័យ​ដែល​យើង​រស់នៅ ហើយ​បាន​រីករាយ​ដោយ​សេចក្ដី​សង្ឃឹម​ពី​សួគ៌ា​ដោយ​អំណរ​រហូត​ដល់​ពួកគេ​បាន​ច្រៀង សរសេរ ហើយ​ព្រមទាំង​បាន​ព្យាករពី​ជំនាន់​របស់​យើង​នេះ » (Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ១៨៦) ។

  • តើ​ព្យាការី​កាល​ពី​បុរាណ​មាន​អារម្មណ៍​បែប​ណា​ដែរ​អំពី​ជំនាន់​របស់​យើង ?

សូម​ចង្អុល​បង្ហាញ​ថា ​យ៉ូហាន​ដែល​ជា​អ្នក​ទទួល​វិវរណៈ គឺ​ជា​ព្យាការី​ម្នាក់​​ដែល​បាន​ដឹង​អំពី​ព្រឹត្តិការណ៍​នា​ជំនាន់​ចុងក្រោយ​នេះ ហើយ​បាន​ព្យាករ​អំពី​ជំនាន់​របស់​យើង​ជាមួយ​នឹង​ការទន្ទឹង​រង់ចាំ​ដោយ​អំណរ ។

នៅ​ពេល​សិស្ស​សិក្សា វិវរណៈ ៦–៧ សូម​អញ្ជើញ​ពួកគេ​​ឲ្យ​រក​មើល​ហេតុ​ផល​​ដែល​ពួក​ព្យាការី​បាន​ទន្ទឹង​រង់​ចាំ​ជំនាន់​របស់​យើង​ដោយ​អំណរ ។

សូម​រំឭក​សិស្ស​ថា ដូចដែល​បាន​កត់ត្រា​នៅ​ក្នុង វិវរណៈ ៥:១–៥ យ៉ូហាន​បាន​ឃើញ​ក្រាំង​មួយ​​ដែល​មាន​បិទត្រា​ទាំង​ប្រាំពីរ​ ដែល​មានតែ​កូន​ចៀម​របស់​ព្រះ​ប៉ុណ្ណោះ​ ដែល​សក្តិសម​បើក​វា​បាន ។ សូម​ពន្យល់​ថា​ នៅក្នុង​ការនិមិត្ត​របស់​លោក យ៉ូហាន​បាន​ឃើញ​រូប​តំណាង​នៃ​ព្រឹត្តិការណ៍​សំខាន់ៗ​មួយ​ចំនួន​ទាក់ទង​នឹង​រយៈពេលនីមួយៗស្មើ​​មួយ​ពាន់​ឆ្នាំ​ ដែលបាន​តំណាង​ដោយ​ត្រា​ទាំង​ប្រាំ​ពីរ ។

សូម​សរសេរ​បញ្ជី​ខាង​ក្រោម​នេះ​នៅ​លើ ក្ដារខៀន ( សូម​ពិចារណា​ធ្វើ​កិច្ចការ​នេះ​ពីមុន​ថ្នាក់​ចាប់ផ្ដើម ) ៖

ត្រា​ទីមួយ ( វិវរណៈ ៦:១–២ )

ត្រា​ទីពីរ ( វិវរណៈ ៦:៣–៤ )

ត្រា​ទីបី ( វិវរណៈ ៦:៥–៦ )

ត្រា​ទីបួន ( វិវរណៈ ៦:៧–៨ )

ត្រា​ទីប្រាំ ( វិវរណៈ ៦:៩–១១ )

សូម​ចែក​ក្រដាស​មួយ​សន្លឹក​ដល់​សិស្ស ។ សូម​ចាត់​ត្រា​មួយ​ដល់​សិស្ស​ម្នាក់ៗ​ ( ត្រា​នីមួយៗ​​អាច​ត្រូវ​បាន​ចាត់​ដល់​សិស្ស​ច្រើន​នាក់ ) ។ សូម​ឲ្យ​សិស្ស​អាន​សេចក្ដី​យោង​ទាំងឡាយ ​ដែល​ទាក់ទង​នឹង​ត្រា​​ដែល​ពួកគេ​បាន​ចាត់​ឲ្យ ហើយ​​គូរ​រូប​អំពី​ព្រឹត្តិការណ៍​មួយ​ចំនួន​ ដែល​បាន​យ៉ូហាន​បាន​ឃើញ​ទាក់​ទង​នឹង​ត្រា​នោះ ។

បន្ទាប់​ពី​ផ្ដល់​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្ស​ឲ្យ​បង្ហាញ​គំនូរ​របស់​ពួកគេ​​ទៅ​សិស្ស​ផ្សេង​ទៀត​​តាម​លំដាប់​លំដោយ ដោយ​ចាប់ផ្ដើម​ជាមួយ​នឹង​សិស្ស​​ដែល​មាន​ត្រា​ទីមួយ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​មក​ពី​ក្រុម​នីមួយៗ​​ឲ្យ​ប្រើ​គំនូរ​របស់​ខ្លួន​ពន្យល់​​អំពី​អ្វីដែល​យ៉ូហាន​បាន​ឃើញ នៅ​ពេល​ត្រា​នោះ​ត្រូវ​បាន​បើក​ឡើង ។ នៅ​ពេល​សិស្ស​ប្រាប់​ សូម​ចែក​ចាយ​ការ​បក​ស្រាយ​​​ដូច​តទៅ​នេះ​ដែល​បានផ្តល់ជាយោបល់​ពី​អែលឌើរ​ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។ អ្នក​គួរ​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​សរសេរ​ព័ត៌មាន​នេះ​​នៅក្នុង​សៀវភៅ​កត់​ចំណាំ​ក្នុងថ្នាក់ ឬ​ក្នុង​សៀវភៅ​កត់ត្រា​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ។

ត្រា​ទី​មួយ

( ប្រហែល​ឆ្នាំ ៤០០០ ដល់ ៣០០០ មុន គ. ស. )

សេះ​ស​ = ​ជ័យជំនះ

ធ្នូ​ = ​ចម្បាំង

មកុដ ​= ​អ្នក​ឈ្នះ

អែលឌើរ ម៉ាក់ខន់ឃី បាន​ណែនាំ​ថា ខ​ទី ១–២ ពិពណ៌នា​អំពី​ជំនាន់​របស់​ហេណុក ហើយ​ថា​អ្នក​ជិះ​សេះ​នោះ​គឺ​ហេណុក ( សូមមើល Doctrinal New Testament Commentary វ៉ុល​ទី ៣ [ ឆ្នាំ ១៩៦៦​–​៧៣ ] ៣:៤៧៦–៧៨ ) ។

ត្រា​ទី​ពីរ

( ប្រហែល​ឆ្នាំ ៣០០០ ដល់ ២០០០ មុន គ. ស. )

សេះ​ក្រហម​ =​ ការបង្ហូរ​ឈាម

ដាវ​ = ​សង្គ្រាម និង ការបំផ្លិចបំផ្លាញ

អែលឌើរ ម៉ាក់ខន់ឃី បាន​ផ្តល់​យោបល់​ថា ខទី ៣–៤ ពិពណ៌នា​អំពី​ជំនាន់​ណូអេ នៅពេល​អំពើ​ទុច្ចរិត​​បាន​កើត​មាន​ពាសពេញ​ផ្ទៃ​ផែនដី ។ អ្នក​ជិះ​សេះ​ក្រហម​នោះ​អាច​ជា​អារក្ស ឬ ប្រហែល​​ជា « បុគ្គល​ម្នាក់​ដែល​តំណាង​ឲ្យ​អ្នក​ចម្បាំង​ដែល​បាន​សម្លាប់​មនុស្ស​​ជា​ច្រើន » ( សូមមើល Doctrinal New Testament Commentary ៣:៤៧៨–៧៩ ) ។

ត្រា​ទី​បី

( ប្រហែល​ឆ្នាំ ២០០០ ដល់ ១០០០ មុន គ. ស. )

សេះ​ខ្មៅ​ =​ គ្រោះ​ទុរភិក្ស

ជញ្ជីង​ = ​អាហារ​មាន​តម្លៃ​ថ្លៃ

អែលឌើរ ម៉ាក់ខន់ឃី បាន​ផ្តល់​យោបល់​ថា ខទី ៥–៦ ពិពណ៌នា​អំពី​ជំនាន់​របស់​អ័ប្រាហាំ នៅពេល​មាន​មនុស្ស​ជា​ច្រើន​បាន​ស្លាប់​ដោយសារ​ការស្រេកឃ្លាន ( សូម​មើល Doctrinal New Testament Commentary ៣:៤៧៩–៨០ ) ។ មនុស្ស​ម្នាក់​អាច​ទិញ​អាហារ​បាន​គ្រាន់តែ​សម្រាប់​រស់​​ដោយ​ប្រាក់​ខែ​ពេញ​មួយ​ថ្ងៃ​របស់​ខ្លួន ដែល​​នេះ​បង្ហាញ​ពី​តម្លៃ​អាហារ​ដ៏​ថ្លៃ ។

ត្រា​ទី​បួន

( ប្រហែល​ឆ្នាំ ១០០០ មុន គ. ស. រហូត​ដល់​កំណើត​របស់​ព្រះគ្រីស្ទ )

សេះ​សម្បុរ​ស្លាំង​ =​ សេចក្តីស្លាប់

សេចក្តី​ស្លាប់ និង ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ =​ ការបំផ្លិចបំផ្លាញ​មនុស្ស​ទុច្ចរិត និង ការទទួល​​ពួកគេ​ឲ្យ​ចូលទៅ​ក្នុង​ស្ថាន​ឃុំ​វិញ្ញាណ ( សូមមើល អេសាយ ៥:១៤ )

អែលឌើរ ម៉ាក់ខន់ឃី បាន​ផ្តល់​យោបល់​ថា ខ​ទី ៧–៨ សំដៅ​លើ « សហស្សវត្សរ៍​នៃ​នគរ និង ប្រជាជាតិ​ដ៏​អស្ចារ្យ​ទាំងនោះ​ដែល​មាន​សង្គ្រាម និង ការធ្វើ​ទុក្ខ​បុកម្នេញ​ប្រឆាំង ព្រមទាំង​ការរីករាលដាល​ប្រឆាំង [ អ៊ីស្រាអែល ] ម្តង​ហើយ​ម្តង​ទៀត » ( សូមមើល Doctrinal New Testament Commentary ៣:៤៨១ ) ។ ប្រជាជាតិ​ទាំង​នោះ​រួមមាន បាប៊ីឡូន ពើស៊ី អេស៊ីព្ទ ក្រិក និង រ៉ូម ។

ត្រា​ទី​ប្រាំ

( ប្រហែល​ចាប់តាំងពី​កំណើត​របស់​ព្រះគ្រីស្ទ​រហូត​ដល់​ឆ្នាំ ១០០០ គ. ស. ) ។

អាសនា =​ការបូជា

ព្រលឹង​របស់​មនុស្ស​=​ការធ្វើ​ឃាត​ដោយ​សាសនា ពួកគ្រីស្ទាន​ត្រូវបាន​សម្លាប់​ព្រោះ​ជំនឿ​របស់​ពួកគេ

អែលឌើរ ម៉ាក់ខន់ឃី បាន​ផ្តល់​យោបល់​ថា ខ​ទី ៩–១១ សំដៅ​លើ​ពួក​គ្រីស្ទាន​ពី​ជំនាន់​ដើម​ជាច្រើន រួមមាន​ពួក​សាវក​ជំនាន់​ដើម​ភាគ​ច្រើន​បំផុត ដែល​បាន​ស្លាប់​ដោយ​សារ​សាសនា ( សូមមើល Doctrinal New Testament Commentary ៣:៤៨២–៨៣ ) ។ ដោយសារ​ពួកបរិសុទ្ធ​ទាំង​នេះ​បាន​លះបង់​ជីវិត​របស់​ពួកគេ « ដោយ​ព្រោះ​កាន់​តាម​ព្រះបន្ទូល និង​សេចក្តី​បន្ទាល់ » ( វិវរណៈ ៦:៩ ) ពួកគេ​ត្រូវបាន​ប្រទាន​ឲ្យ​នូវ « អាវ​ស​វែង » ជា​និមិត្ត​សញ្ញា​នៃ​ភាពបរិសុទ្ធ ( សូមមើល វិវរណៈ ៧:១៣–១៤​; នីហ្វៃទី៣ ២៧:១៩ ) ។

បន្ទាប់​ពី​ក្រុម​នីមួយៗ​បាន​ឆ្លើយ​ហើយ សូម​ពន្យល់​ថា ត្រា​ទី​ប្រាំមួយ​តំណាង​ឲ្យ​ជំនាន់​របស់​យើង និង​ព្រឹត្តិការណ៍​នានា​​ដែល​នឹង​ដឹកនាំ​ទៅ​រក​សហសវត្សរ៍ កាល​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​គ្រងរាជ​ដោយ​ផ្ទាល់​នៅ​លើ​ផែនដី​នេះ ( សូម​មើល Doctrinal New Testament Commentary ៣:៤៨៥–៨៦ ) ។

សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យប្ដូរ​វេន​គ្នា​អាន​ឮៗ​នៅ​ក្នុង វិវរណៈ ៦:១២–១៧​​​ហើយ​ពន្យល់​ថា ការ​បកប្រែ​ដោយ ​យ៉ូសែប ស្ម៊ីធ សម្រាប់​ខទី ១៤ បាន​ចែង​ថា « ហើយ​ផ្ទៃ​មេឃ​បាន​បើក​ដូចជា​ក្រាំង​ត្រូវ​បាន​បើក នៅ​ពេល​វា​ត្រូវ​បាន​គេ​រមូរ​​ទៅ​វិញ ហើយ​គ្រប់​ទាំង​ភ្នំ កោះ ត្រូវ​បាន​រំកិល​ចេញ​ពី​ទីតាំង​របស់​វា  ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រក​មើល​ព្រឹត្តិការណ៍​ ដែល​យ៉ូហាន​បាន​ឃើញ​ទុក​ជា​មុន ។

  • តើ​ត្រា​ទីប្រាំមួយ​បើក​នៅ​ពេល​ណា ? តើ​យ៉ូហាន​បាន​ឃើញ​ព្រឹត្តិការណ៍​អ្វី​ខ្លះ ? ( សូម​ពន្យល់​ថា ព្រឹត្តិការណ៍​ដ៏​គ្រោះថ្នាក់​ទាំង​នេះ​គឺជា​ទីសម្គាល់​នៃ​ថ្ងៃ​ចុង​ក្រោយ ) ។

  • យោង​តាម ខ​ទី ១៦ តើ​ជន​ដែល​ខិតខំ​រត់​គេច​ពី ​« សេចក្ដី​ក្រោធ » ​របស់​ព្រះ​នឹង​ប្រាថ្នា​ចង់​បាន​អ្វី ?

  • តើ​សំណួរ​អ្វី​ទៅ​ត្រូវ​បាន​កត់​ត្រា​ទុក​នៅក្នុង​ខទី ១៧ ?

សូម​សរសេរ​សំណួរ​ខាង​ក្រោម​នៅលើ​ក្ដារ​ខៀន ៖ តើ​នរណា​ខ្លះ​នឹង​មាន​លទ្ធភាព​អាច​ឈរ​បាន ?

សូម​ពន្យល់​ថា វិវរណៈ ៧ ជួយ​យើង​ឲ្យ​យល់​ថា តើ​នរណា​ដែល​នឹង​អាច​ឈរ​បាន ឬ​នៅ​ជាមួយ​នឹង​គ្រោះ​ភ័យ​នៃ​ត្រា​ទី​ប្រាំមួយ​បាន ។

វិវរណៈ ៧

យ៉ូហាន​បាន​ឃើញ​អ្នក​បម្រើ​របស់​ព្រះ ដែល​បាន​លាង​ជម្រះ​សម្លៀកបំពាក់​របស់​ពួកគេ​​នៅក្នុង​ឈាម​របស់​កូនចៀម

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន វិវរណៈ ៧:១ ឲ្យ​ឮៗ ហើយ​ឲ្យ​សិស្ស​ម្នាក់​ទៀត​អាន គោលលទ្ធិ និង សេចក្តី​សញ្ញា ៧៧:៨ ឲ្យ​ឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​អ្វី​ផ្សេង​ទៀត​ដែល​យ៉ូហាន​បាន​ឃើញ​នៅ​ក្នុង​ត្រា​ទី​ប្រាំ​មួយ ។

  • តើ​ទេវតា​ទាំង​បួន​កំពុង​ធ្វើ​អ្វី ? ( សូម​ចង្អុល​បង្ហាញ​ថា ខ្យល់​ដែល​កំពុងបក់​បោក​​​​ទប់​នោះ ​មាន​អំណាច​បំផ្លាញ​ជីវិត​នៅ​លើ​ផែនដី ។ សូមមើល​ផងដែរ គ. និង ស. ៨៦:៥–៧ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អានវិវរណៈ ៧:២–៣ឲ្យឮៗ ហើយ​ឲ្យ​សិស្ស​ម្នាក់​ទៀត​អានគោលលទ្ធិ និង សេចក្តី​សញ្ញា ៧៧:៩ឮៗ ។ ចូរ​សុំឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រក​មើល​អ្វី​ ដែល​ទេវតា​មួយ​អង្គ​ទៀត​មាន​បន្ទូល​ទៅ​កាន់​ទេវតា​ទាំង​បួន​អង្គ​នោះ ។

សូម​ពន្យល់​ថា ពាក្យ អេលីយ៉ា នៅ​ក្នុង​ឧទាហរណ៍​នេះ​គឺជា​ « ងារ​សម្រាប់​អ្នក​ដែល​បេសកកម្ម​របស់​គាត់ [ គឺ ] ដើម្បី​ប្រគល់​កូនសោ និង​អំណាច​ដល់​មនុស្ស​នៅ​គ្រា​កាន់​កាប់​ត្រួត​ត្រា​ចុង​ក្រោយ​នេះ » ( Doctrinal New Testament Commentary ៣:៤៩១–៩២; សូម​មើល​ផងដែរ Bible Dictionary « Elias » ) ។

  • តើ​ទេវតា​អង្គ​នេះ​បាន​មាន​បន្ទូល​អ្វីខ្លះ​​ទៅ​កាន់​​ទេវតា​ទាំង​បួន​អង្គ ?

សូម​ពន្យល់​ថា « ការ​បោះ​ត្រា ឬ​ការ​គូស​ចំណាំ​ ‹ នៅ​ត្រង់​ថ្ងាស​​នៃ​ពួក​បាវ​បម្រើ​របស់​យើង ›​ គឺជា​ពាក្យ​ប្រៀបធៀប​មួយ​អំពី​ការ​លះ​បង់ ការ​បម្រើ និង​ទ្រព្យ​សម្បត្តិ​របស់​ពួកគេ​ថ្វាយ​ព្រះ ( វិវរណៈ ៧:៣, សូម​មើល​ផងដែរ វិវរណៈ ៩:៤; ១៤:១ ) ។ …

« ព្យាការី យ៉ូសែប ស៊្មីធ បាន​បង្រៀន​ថា ការបោះ​ត្រា​លើ​ថ្ងាស​នៃ​ពួក​ស្មោះត្រង់ ‹ គឺ​មាន​ន័យ​ថា​ ជាការ​ផ្សារភ្ជាប់​ពរជ័យ​លើ​ក្បាល​របស់​ពួកគេ ដែល​ជា​សេចក្តីសញ្ញា​អស់កល្ប​ជានិច្ច ហេតុដូច្នោះ​ហើយ​ធ្វើ​ឲ្យ​ការហៅ និង ការរើស​តាំង​របស់​ពួកគេ​បាន​ពិត​ប្រាកដ​ឡើង › ( នៅក្នុង History of the Church ៥:៥៣០ ) » ( New Testament Student ManualChurch Educational System manual ឆ្នាំ​ ២០១៤ ] ទំព័រ ៥៤៤ ) ។

សូម​ពន្យល់​ថា ដូច​ដែល​បាន​កត់ត្រា​នៅ​ក្នុង វិវរណៈ ៩ យ៉ូហាន​បាន​ឃើញ​នូវ​អ្វី​ដែល​នឹង​កើត​ឡើង​ចំពោះ​ជន​ដែល​គ្មាន​ត្រា​នេះ ។ សូម​អញ្ជើញសិស្ស​ម្នាក់​អាន វិវរណៈ ៩:៣–៤ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​ស្ថាន​ភាព​របស់​អស់អ្នក​ដែល​គ្មាន​ត្រា​នេះ ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​​ដែល​ពួកគេ​រកឃើញ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន វិវរណៈ ៧:៤ ដោយ​ស្ងៀម​ស្ងាត់ រក​មើល​ថា​តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ ដែល​ត្រូវ​បាន​ទេវតា​នេះ​បោះ​ត្រា​នៅ​លើ​ថ្ងាស ។ សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​​ដែល​ពួកគេ​រក​ឃើញ ។

សូម​ពន្យល់​ថា ព្រះអម្ចាស់​បាន​មាន​បន្ទូល​ប្រាប់​ព្យាការី​យ៉ូសែប ស្ម៊ីធ​ ថា « ចំនួន ​១៤៤,០០០ ​ដែល​បាន​ចែង​នៅ​ក្នុង វិវរណៈ ៧:៤–៨ គឺ​ជា​ចំនួន​នៃ​សង្ឃ​ជាន់​ខ្ពស់​ដែល​ត្រូវ​បាន​តែងតាំង​​នៅ​ក្នុង​ចំណោម​ពូជ​អំបូរ​អ៊ីស្រាអែល​ទាំង​ដប់​ពីរ ​ដែល​នឹង​ជួយ​មនុស្ស​ដទៃ​ទៀត​​ឲ្យ​ទទួល​បាន​ភាព​តម្កើង​ឡើង​របស់​ពួកគេ [ សូម​មើល គ. និង ស. ៧៧:១១ ] ។ អ្នក​ខ្លះ​បាន​ជឿ​ថា វា​មិន​មែន​ជា​ចំនួន​សរុប​របស់​មនុស្ស​ ដែល​នឹង​ត្រូវបាន​តម្កើង​ឡើង​ឡើយ » ( New Testament Student ManualChurch Educational System manual ឆ្នាំ ២០១៤ ] ទំព័រ ៥៤៤ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន វិវរណៈ ៧:៩–១០ ឲ្យ​ឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម​រកមើល​ថា​យ៉ូហាន​បាន​ឃើញ​នរណា​ទៀត ។

  • តើ​យ៉ូហាន​បាន​ឃើញ​នរណា ?

  • តើ​ហ្វូង​មនុស្ស​នេះ​ពាក់ ហើយ​កាន់​អ្វី ? ( អ្នក​គួរ​ពន្យល់​ថា ធាង​ចាក​អាច​តំណាង​ឲ្យ​ជោគជ័យ និង​អំណរ ) ។

ចូរ​សុំ​ឲ្យ​សិស្ស​ម្នាក់​អាន វិវរណៈ ៧:១៣–១៧ ​ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​ថា ​យ៉ូហាន​បាន​រៀន​អ្វីខ្លះ​អំពី​មនុស្ស​ទាំងនេះ ។

  • តើ​មនុស្ស​ទាំងនេះ​បាន​ស៊ូទ្រាំ​នឹង​អ្វី​ខ្លះ ?

  • តើ​អាវ​វែង​របស់​ពួកគេ​បាន​ប្រែ​ទៅ​ជា​ពណ៌​ស​ដោយ​របៀប​ណា ? ( តាមរយៈ « ព្រះលោហិត​នៃ​កូនចៀម »​—តំណាង​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ) ។

  • យោង​តាម ខ​ទី ១៥–១៧ តើ​ប្រជាជន​ទាំង​នេះ​បាន​ទទួល​ពរជ័យ​អ្វីខ្លះ ដោយសារ​តែ​ពួកគេ​ត្រូវ​បាន​ធ្វើ​ឲ្យ​បរិសុទ្ធ​ តាម​រយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ? ( អ្នក​អាច​ចង្អុល​បង្ហាញ​ថា ខគម្ពីរ​ទាំងនេះ​ពិពណ៌នា​ពី​​អំណរ សេចក្ដី​សុខសាន្ត និង​ការ​លះបង់​របស់​ជន​ដែល​គ្រង​សិរីល្អ​សេឡេស្ទាល ) ។

  • តើ​យើង​អាច​ស្គាល់​គោលការណ៍​អ្វីខ្លះពី​ក្នុង​ខគម្ពីរ​ទាំង​នេះ អំពី​របៀប​ដែល​យើង​អាច​គ្រង​​សិរីល្អ​សេឡេស្ទាល ? ( ​សិស្ស​អាច​ប្រើ​ពាក្យ​ផ្សេង​គ្នា ប៉ុន្តែ​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា ​ពួកគេ​ស្គាល់​គោលការណ៍​មួយ​ស្រដៀង​​គ្នា​នឹង​គោលការណ៍​ដូច​តទៅ​នេះ ៖ ប្រសិន​បើ​យើង​ស៊ូទ្រាំ​នឹង​សេចក្ដី​ទុក្ខ​លំបាក​ដោយ​ស្មោះ​ត្រង់ ហើយ​ឲ្យ​បាន​បរិសុទ្ធ​​តាមរយៈ​ដង្វាយ​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​នឹង​រីករាយ​នូវ​សិរីល្អ​សេឡេស្ទាល​ជាមួយ​នឹង​ព្រះ ។ សូម​សរសេរគោលការណ៍​នេះ​នៅលើ​ក្ដារ​ខៀន ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹង​គិត​ថា ​តើ​ពួកគេ​នឹង​មាន​អារម្មណ៍​បែបណា ដែល​ត្រូវ​ឈរ​ ហើយ​ធ្វើ​ឲ្យ​បរិសុទ្ធ​នៅ​ក្នុង​វត្តមាន​​របស់​ព្រះ​នោះ ។

  • តើ​អារម្មណ៍​ទាំង​នេះ​ប្រៀបធៀប​ទៅ​នឹង​អារម្មណ៍​របស់​មនុស្ស ​ដែល​បាន​ពិពណ៌នា​នៅក្នុង វិវរណៈ ៦:១៦ យ៉ាង​ដូចម្តេច ?

  • តើ​យើង​ត្រូវ​ធ្វើ​អ្វីខ្លះ ដើម្បី​ឲ្យ​ព្រះអង្គសង្គ្រោះ​អាច​បន្សុទ្ធ​យើង​តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ ?

  • តើ​ការចងចាំ​ពី​ពរជ័យ​នៃ​សិរីល្អ​សេឡេស្ទាល​បាន​ជួយ​អ្នក នៅក្នុង​ការខិតខំ​ដើម្បី​ស៊ូទ្រាំ​នឹង​​សេចក្តី​ទុក្ខ​លំបាក ហើយ​ប្រែជា​បរិសុទ្ធ​យ៉ាង​ដូចម្តេច ?

សូម​រំឭក​សិស្ស​អំពី​បញ្ជី​នៃ​កង្វល់ ​ដែល​បាន​សរសេរ​នៅ​លើ​ក្ដារខៀន​​កាល​ពី​ដើម​មេរៀន ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ពិចារណា​ថា ​គោល​ការណ៍​ដែល​បាន​សរសេរ​នៅ​លើ​ក្ដារខៀន​អាច​ជួយ​ពួកគេ​បាន​ដោយ​របៀប​ណា នៅ​ពេល​ពួក​គេ​មាន​ការ​ព្រួយ​បារម្ភ​អំ​ពី​ការ​រស់​នៅ​ក្នុង​ថ្ងៃ​ចុង​ក្រោយ​នេះ ។ សូម​អញ្ជើញ​សិស្ស​ស្ម័គ្រចិត្ត​ពីរ​បីនាក់ ឲ្យ​ចែក​ចាយ​គំនិតរបស់​ពួកគេ​ជា​មួយសិស្ស​​នៅក្នុង​ថ្នាក់ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចំណាយ​ពេល​ពីរ​បី​នាទី​ សញ្ជឹង​គិត​អំពី​របៀប​ដែល​ពួកគេ​អាច​អនុវត្ត​គោលការណ៍​ដែល​ពួកគេ​បាន​រៀន​នៅ​ថ្ងៃ​នេះ ។ សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​កត់​ត្រា​ពី​​ការបំផុស​គំនិត​ទាំងឡាយ ដែល​ពួកគេ​ទទួល ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

វិវរណៈ ៦–១១ ។ ការ​រស់​នៅ​ក្នុង​ថ្ងៃ​ចុងក្រោយ

ប្រធាន ប៊យដ៏ ឃេ ផាកកឺ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ដូច​តទៅ​នេះ​អំពី​​ការ​រស់​នៅ​ក្នុង​ថ្ងៃ​ចុង​ក្រោយ ៖

« ពេលខ្លះ ពួក​មនុស្ស​ជំទង់​ក៏​គិត​ផងដែរ​ថា ‹ តើ​វាមាន​ប្រយោជន៍​អ្វី​ទៅ ? មិន​យូរ​ទេ ពិភពលោក​នេះ​នឹង​ត្រូវ​ផ្ទុះ​ខ្ទេចខ្ទី ហើយទីបញ្ចប់នឹង​មក​ដល់ › ។ អារម្មណ៍​នោះ​កើត​ឡើង​ពី​ការ​ភ័យ​ខ្លាច ពុំ​មែន​មក​ពី​សេចក្ដី​ជំនឿ​ទេ ។ គ្មាន​នរណា​ម្នាក់​ដឹង​អំពី​ម៉ោង ឬ​ថ្ងៃ​នោះ​ទេ ( សូម​មើល គ. និង ស. ៤៩:៧ ) ប៉ុន្តែ​ទី​បញ្ចប់​ពុំ​អាច​កើត​ឡើង​ឡើយ ​រហូត​ដល់​រាល់​ព្រះរាជ​បំណង​របស់​ព្រះ​អម្ចាស់​ត្រូវ​បាន​បំពេញ​សិន ។ អ្វី​គ្រប់​យ៉ាង​ដែល​បាន​រៀន​មក​ពី​វិវរណៈ និង​មក​ពី​ជីវិត​ធ្វើ​ឲ្យ​ខ្ញុំជឿ​ថា មាន​ពេល​វេលា​ទុក​ឲ្យ​បង​ប្អូន​​រៀបចំ​ខ្លួន​ដោយ​ប្រុង​ប្រយ័ត្ន​​សម្រាប់​ជីវិត​ដ៏​យូរ​អង្វែង​មួយ » ( « To Young Women and Men » Ensign ខែ​ ឧសភា ឆ្នាំ ១៩៨៩ ទំព័រ ៥៩ ) ។

វិវរណៈ ៧:១–៣ ។ ពួក​សុចរិត​នឹង​ជួប​ការ​សាកល្បង និង​ការ​រងទុក្ខ

« សាវក​យ៉ូហាន​បាន​ឃើញ​ថា ភយន្តរាយ​ជាក់​លាក់​ដែល​កើត​ឡើង​ពីមុន​ការ​យាង​មក​ជា​លើក​ទីពីរ​ នឹង​ពុំ​ជះឥទ្ធិពល​ដល់​ផែនដី​ទាំង​មូល​ ឬ​ពូជពង្ស​របស់​វា​ទេ ប៉ុន្ដែ​វា ‹ ធ្វើ​ទុក្ខ​ដល់​តែ​មនុស្ស​ណា ដែល​គ្មាន​ត្រា​របស់​ព្រះ​នៅ​ថ្ងាស​វិញ​ប៉ុណ្ណោះ › ( វិវរណៈ ៩:៤ ) ។ ការ​ឆ្លើយ​ឆ្លង​នេះជាប់ទាក់ទង​ជាមួយ​នឹង​ការ​សន្យា​ផ្សេង​ទៀត​​ក្នុង​បទគម្ពីរ​​ថា នៅ​ថ្ងៃ​ចុងក្រោយ ជន​ដែល​ស្មោះត្រង់​នឹង​ត្រូវ​បាន​ការពារ​រហូត​ដល់​ទី​បំផុត ( សូម​មើល នីហ្វៃទី១ ២២:១៧–១៩; គ. និង ស. ១១៥:៥–៦ ) ។ …

« ទោះបី​ជា​ព្រះអម្ចាស់​សន្យា​ថា​ នឹង​ការពារ​ដល់​ពួក​សុចរិត​នៅ​ថ្ងៃ​ចុង​ក្រោយ​ក្ដី ក៏​ព្យាការី​យ៉ូសែប ស្ម៊ីធ ​បាន​បញ្ជាក់​ថា មនុស្ស​សុចរិតមួយ​ចំនួន​​​អាច​នឹង​បាត់​បង់​ជីវិត​នៅ​ក្នុង​​ការ​សាកល្បង និង​ភយន្តរាយ​នៃ​ថ្ងៃ​ចុងក្រោយ ៖ ‹ [ ខ្ញុំ ]​ បាន​ពន្យល់​អំពី​ការយាង​​មក​របស់​កូន​មនុស្ស វា​ក៏​ជា​គំនិត​ខុសឆ្គង​ផង​ដែរ ដែល​ថា​ពួក​បរិសុទ្ធ​នឹង​ចៀស​​ផុត​ពី​គ្រប់​ការ​ជំនុំ​ជំរះ ខណៈ​ពេល​ដែល​មនុស្ស​ទុច្ចរិត​​នឹង​រងទុក្ខ ត្បិត​គ្រប់​សាច់​ឈាម​គឺ​ស្ថិត​នៅ​ក្រោម​ការ​រងទុក្ខ ហើយ ‹ ពួក​សុចរិត​វិះ​នឹង​ភៀស​ខ្លួន​មិន​រួច​ដែរ › [ សូមមើល គ និង ស ៦៣:៣៤ ] ប៉ុន្តែ​ពួកបរិសុទ្ធ​ជាច្រើន​នឹង​បាន​ភៀស​ខ្លួន ត្បិត​មនុស្ស​សុចរិត​នឹង​រស់នៅ​ដោយ​សេចក្តី​ជំនឿ​របស់​ខ្លួន ​[ សូមមើលហាបាគុក ២:៤ ] ប៉ុន្តែ​ពួក​សុចរិត​ជា​ច្រើន នឹង​រងគ្រោះ​ដោយ​សារ​ជម្ងឺ គ្រោះចង្រៃ ជាដើម ដោយ​សារ​តែ​មូលហេតុ​នៃ​ភាព​ទន់ខ្សោយ​ខាង​សាច់​ឈាម ហើយ​ប៉ុន្តែ​នឹង​ត្រូវបាន​សង្គ្រោះ​នៅក្នុង​នគរ​ព្រះ › (Teachings of Presidents of the Church: Joseph Smith[ ឆ្នាំ ២០០៧ ] ទំព័រ ២៥៣) » ​( New Testament Student ManualChurch Educational System manual ឆ្នាំ​ ២០១៤ ] ទំព័រ ៥៤៧ ) ។

វិវរណៈ ៧:២ ។ អេលីយ៉ាស

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បានពន្យល់​​ពី​ងារ​អេលីយ៉ាស ៖

« ពួក​ទេវតា​បម្រើ​ជាច្រើន​ត្រូវបាន​បញ្ចូន​មក​ពី​វេទិកា​នៃ​សិរីរុងរឿង ដើម្បី​ប្រគល់​កូនសោ និង​អំណាច​​ដើម្បី​ធ្វើ​ឲ្យ​មាន​គ្រាកាន់កាប់​ត្រួតត្រា និង សិរី​រុងរឿង​របស់​ពួកគេ​ជា​ថ្មី​ម្តង​ទៀត​ដល់​បុរស​នៅលើ​ផែនដី​នេះ ។ យ៉ាង​ហោច​ណាស់​មនុស្ស​ដូច​តទៅ​នេះ​បាន​មក ៖ ​មរ៉ូណៃ យ៉ូហាន បាទីស្ទ ពេត្រុស យ៉ាកុប និង យ៉ូហាន ម៉ូសេ អេលីយ៉ាស់ អេលីយ៉ា ​កាព្រីយ៉ែល រ៉ាហ្វាយ៉ែល និង មីកែល ។ ( គ. និង ស. ១៣; ១១០; ១២៨:១៩–២១ ) ។ ព្រោះថា​វាបង្ហាញ​ជាក់ស្ដែង​ថា គ្មាន​សារទូត​ណា​មួយ​បាន​ទទួល​បន្ទុក​​ទាំងស្រុង​នៃ​ការស្តារ​ឡើង​វិញ​ឡើយ ប៉ុន្តែ​ផ្ទុយ​ទៅវិញ​ម្នាក់ៗ​បាន​មក​ដោយ​មាន​អំណោយទាន​ពិសិដ្ឋ​យ៉ាង​ពិសេស​មួយ​ពី​ឋាន​លើ ហើយ​វា​បង្ហាញ​យ៉ាង​ច្បាស់​​ថា អេលីយ៉ា​​​មាន​រូបរាង​កាយ ។ ការបង្ហាញ​នោះ​ត្រូវតែ​យល់​ថា គឺ​ជា​ឈ្មោះ និង ងារ​សម្រាប់​អស់​អ្នក​ដែល​មាន​បេសកកម្ម ដើម្បី​ប្រគល់​កូនសោ និង អំណាច​ដល់​មនុស្ស​នៅក្នុង​គ្រាកាន់កាប់​ត្រួតត្រា​ចុង​ក្រោយ​នេះ ។ ( [ សូមមើល យ៉ូសែប ហ៉្វីលឌីង ស៊្មីធ ] Doctrines of Salvation វ៉ុល​ទី ១ ( ទំព័រ ១៧០–១៧៤ ) » ។ (Mormon Doctrine កំណែ​លើក​ទី​២ [ ឆ្នាំ ១៩៦៦ ] ទំព័រ ២២១ ) ។ សូមមើល Bible Dictionary « Elias » ផងដែរ ។