បណ្ណាល័យ
សេចក្ដីផ្ដើម​នៃ​សំបុត្រទូទៅ​ទី​ពីរ​របស់​ពេត្រុស


សេចក្ដីផ្ដើម​នៃ​សំបុត្រ​ទី​ពីរ​របស់​ពេត្រុស

ហេតុអ្វី​ត្រូវសិក្សាគម្ពីរនេះ ?

ព្យាការី​ យ៉ូសែប ស្ម៊ីធ ​បាន​ថ្លែង​ថា « ពេត្រុស​បាន​សរសេរ​ប្រើ​ភាសាជ្រៅៗ​ដ៏​ប្រសើរ​បំផុតលើសពី​​ព្យាការី​ណាៗ​ទាំងអស់ » ( នៅ​ក្នុង History of the Church ៥:៣៩២ ) ។ ដ៏​ប្រសើរ​បំផុតមានន័យ​ថា បាន​លើក​តម្កើង​នៅ​ក្នុង​គំនិត មាន​តម្លៃ​ដ៏ធំ​អនេក ហើយ​មាន​ទំនោរ​ដើម្បី​បំផុស​ឲ្យមាន​​ការ​សរសើរ ។

ក្នុង​នាម​ជា​សាក្សី​មួយ​រូប​នៃ​ការ​ប្រែ​រូប​របស់​ព្រះយេស៊ូវ​គ្រីស្ទ ( សូម​មើល ពេត្រុស​ទី២ ១:១៦–១៨ ) ពេត្រុស​បាន​ដាស់​តឿន​ពួក​អ្នក​អាន​របស់​លោក​ឲ្យ​រីកចម្រើន​​នៅ​ក្នុង​ចំណេះដឹង​អំពី​ព្រះគ្រីស្ទ ហើយ​ស្វែង​រក​ដើម្បី​ទទួល​បានគុណ​លក្ខណៈ​នៃ​ព្រះ ​ដើម្បី​ពួកគេ​អាច​ទទួល​បាន​ « និស្ស័យនៃព្រះ » ( សូមមើល ពេត្រុសទី២ ១:៤–៨ ) ។ លោក​បាន​ធានា​ដល់​ពួក​អ្នក​អាន​របស់​លោក​ថា ការ​រីកចម្រើន​ខាង​វិញ្ញាណ​នេះ​នឹង​ជួយ​ពួកគេ​ឲ្យ « ដំណើរ​ដែល​ទ្រង់​ហៅ ហើយ​រើស​តាំង[ របស់​ពួកគេ ] បាន​ពិត​ប្រាកដ​ឡើង » ( ពេត្រុសទី២ ១:១០ ) ។ « ពេត្រុស​បាន​បញ្ជាក់​ជា​ថ្មី​ថា ព្រះអម្ចាស់​នឹង​យាង​ចុះ​មក​ពី​ស្ថានសួគ៌​នៅ​ក្នុង​សិរីល្អ​ដ៏​អស្ចារ្យ ហើយ​កាត់​សេចក្ដី​ដល់​ផែនដី​នេះ » ( Bible Dictionary « Peter, Epistles of » ) ។ តាមរយៈ​ការ​សិក្សា​សំបុត្រ​ទីពីរ​របស់​ពេត្រុស នោះ​សិស្ស​អាច​អភិវឌ្ឍ​សេចក្ដី​ជំនឿ​កាន់​តែ​ខ្លាំង​លើ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ទទួល​ការ​ណែនាំ និង​ការ​បំផុស​គំនិត​ ដែល​អាច​ជួយ​ពួកគេ​ឲ្យ​ប្រែក្លាយ​កាន់​តែ​ដូចជា​ទ្រង់ ។

តើនរណាជាអ្នកសរសេរគម្ពីរនេះ ?

អ្នក​និពន្ធ​សំបុត្រ​ទី​ពីរ​របស់​ពេត្រុស​គឺជា ​ស៊ីម៉ូន ពេត្រុស សាវក​រៀម​ច្បង​របស់​ព្រះយេស៊ូវ​គ្រីស្ទ ( សូមមើល ពេត្រុសទី២ ១:១ ) ។

តើ​នៅពេលណា និងនៅកន្លែងណា​ដែល​គម្ពីរ​នេះត្រូវ​បាន​សរសេរ ?

យើង​ពុំ​ដឹងច្បាស់លាស់​​អំ​ពីពេលវេលា និង​ទីកន្លែងដែល​សំបុត្រ​ត្រូវ​បាន​សរសេរ​ឡើង​ឡើយ ។ មាន​ការ​សន្និដ្ឋាន​រួម​មួយ​​ថា ពេត្រុស​បាន​សរសេរ​សំបុត្រ​នេះ​នៅ​រ៉ូម បន្ទាប់​ពី​សំបុត្រ​​ដែល​គេ​ហៅ​ជា​ពេត្រុស​ទី ​១ ​នោះ​មក ហើយ​ដែល​វា​ទំនង​ជា​សរសេរ​ឡើង​ប្រមាណ​ជា គ.ស. ៦៤ ( សូ​មមើល Bible Dictionary « Peter, Epistles of » ) ។

តើ​គម្ពី​រនេះ​ត្រូវបាន​សរសេរ​ឡើង​សម្រាប់​នរណា ហើយ​តើ​ហេតុអ្វី​ដែរ ?

ប៉ុល​បាន​ថ្លែង​ថា លោក​កំពុង​សរសេរ​ទៅ « ពួក​អ្នកដែល​បាន​ទទួល​សេចក្តី​ជំនឿ​ដ៏​វិសេស ត្រូវ​គ្នា​នឹង​យើង​ខ្ញុំ​ដែរ » ( ពេត្រុសទី២ ១:១ ) ។ ការណ៍​នេះ​អាច​បង្ហាញ​ថា ពួក​អ្នក​អាន​របស់​ពេត្រុស​គឺជា​ពួក​គ្រីស្ទាន​ដែលជា​សាសន៍​យូដា​តែ​មួយ ​ដែល​បាន​ទទួល​សំបុត្រ​ទី​មួយ​របស់​ពេត្រុស ( សូម​មើល ពេត្រុសទី២ ៣:១ ) ។ មាតិកា​នៃ ពេត្រុសទី២ ១:១២–១៥ បង្ហាញ​ថា ពេត្រុស​មាន​បំណង​ចង់​ឲ្យ​សំបុត្រ​នេះ​​ក្លាយ​ទៅ​ជា​សារលិខិត​លាគ្នា​មួយ​ ទៅ​កាន់​ពួក​​អ្នក​អាន​របស់​លោក ។

មិន​ដូចជា​សំបុត្រ​ទីមួយ​របស់​ពេត្រុស ​ដែល​បាន​ជួយ​ពួក​បរិសុទ្ធ​ឲ្យ​តតាំង​នឹង​ការ​បៀត​បៀន​ពីខាង​ក្រៅ​នោះ​ឡើយ សំបុត្រ​ទី​ពីរ​របស់​ពេត្រុស​បាន​លើក​ឡើង​ពី​ការ​ក្បត់​សាសនា​នៅ​ខាង​ក្នុង ​ដែល​បាន​គម្រាម​កំហែង​ដល់​អនាគត​របស់​សាសនាចក្រ ។ ពួក​ព្យាការី និង​ពួក​គ្រូបង្រៀន​ក្លែង​ក្លាយ​កំពុង​​ពង្រីក « [ ការ​បង្រៀន​ខុស​ឆ្គង ]​ ដែល​បង្ខូច​បំផ្លាញ គេ​មិន​ព្រម​ស្គាល់​ព្រះ​ដ៏​ជា​ម្ចាស់ ដែល​បាន​លោះ​គេ​នោះ​ឡើយ » ( ពេត្រុស​ទី​២ ២:១ ) ។ ពេត្រុស​បាន​សរសេរ​សំបុត្រ​នេះ ​ដើម្បី​លើក​ទឹក​ចិត្ត​ពួក​បរិសុទ្ធ​ឲ្យ​រីក​ចម្រើន​នៅ​ក្នុង​ចំណេះ​ដឹង​របស់​ពួកគេ​អំពី​ព្រះអម្ចាស់ និង​ដើម្បី​ធ្វើ​ឲ្យ​« ដំណើរ​ដែល​ទ្រង់​ហៅ ហើយ​រើស​តាំង​[ របស់​ពួកគេ ] បាន​ពិត​ប្រាកដ​ឡើង » ( ពេត្រុស​ទី​២ ១:១០ ) ។

តើ​គម្ពីរ​នេះមាន​លក្ខណៈ​ពិសេស​អ្វី​ខ្លះ ?

« សំបុត្រ​ទីពីរ​នេះ​ទំនង​ជា​សរសេរ​ទៅ​ព្រះវិហារ​តែ​មួយ​ដូចជា​​នៅ​ក្នុង​សំបុត្រ​ទី​មួយ​ដែរ ( [ ពេត្រុសទី ២ ] ៣:១ ) ។ វា​ត្រូវ​បាន​សរសេរ​ឡើង​ពីមុនការ​ស្លាប់របស់​ពេត្រុស ( [ ពេត្រុស​ទី២ ] ១:១៤ ) » ( Bible Dictionary « Peter, Epistles of » ) ។ វា​ក៏​មាន​នូវ​ពាក្យ​ព្រមានដ៏​មាន​ប្រសិទ្ធភាព​បំផុត និង​ទីបន្ទាល់​ចុង​ក្រោយ​របស់​ពេត្រុស​ផង​ដែរ ។

បាវចនា​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ពេត្រុស​ទី ២ គឺ​ជា​សារៈសំខាន់​នៃ​ការ​ទទួល​បាន​ចំណេះដឹង​ពី​ព្រះយេស៊ូវ​គ្រីស្ទ ។ ពេត្រុស​បាន​សន្យា​ដល់​ពួក​អ្នក​អាន​របស់​លោក​ថា ប្រសិន​បើ​ពួកគេ​ខិត​ខំ​​ស្វែងរកចរិកលក្ខណៈ​របស់​ព្រះ ហើយ​អភិវឌ្ឍ​និស្ស័យ​នៃ​ព្រះ នោះ​ពួកគេ​នឹង​ « ​មិន​នៅ​ទំនេរ ឬ​ឥត​ផល​ខាង​ឯ​ដំណើរ​ស្គាល់​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះ​អម្ចាស់​​នៃ​យើង​រាល់​គ្នា​ឡើយ » ( ពេត្រុស​ទី២ ១:៨ )​ ហើយ​នឹង « ធ្វើ​ឲ្យ​ដំណើរ​ដែល​ទ្រង់​ហៅ ហើយ​រើស​តាំង​អ្នក​រាល់​គ្នា បាន​ពិត​ប្រាកដ​ឡើង » ( ពេត្រុស​ទី២ ១:១០ ) ។

ពេត្រុស​បាន​បង្ហាញ​ពី​ភាព​ខុស​គ្នា​រវាង​ដំណឹង​ល្អ​ពិត​ពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ចំណេះដឹង​ក្លែង​ក្លាយ ហើយ​និង​ការ​បង្រៀន​​ដែល​បាន​ផ្សព្វផ្សាយ​ដោយ​​ពួក​ក្បត់​សាសនា ( សូម​មើល ពេត្រុស​ទី២ ២ ) ។ នៅ​ចុង​បញ្ចប់​នៃ​សំបុត្រ​នេះ ពេត្រុស​បាន​ផ្ដល់​ការ​អញ្ជើញ​ជា​ចុងក្រោយ​មួយ​ឲ្យ​ពួក​បរិសុទ្ធ « ​ចំរើន​ឡើង​ក្នុង​ព្រះគុណ ហើយ​ក្នុង​ការ​ស្គាល់​ដល់​ព្រះ​យេស៊ូវគ្រីស្ទ ​ជា​ព្រះអម្ចាស់ ជា​ព្រះអង្គ​សង្គ្រោះ​នៃ​យើង​រាល់​គ្នា » ( ពេត្រុស​ទី២ ៣:១៨ ) ។

គម្រោង

ពេត្រុសទី ២ ១ ពេត្រុស​ពន្យល់​ថា ការ​សន្យា​របស់​ព្រះយេស៊ូវគ្រីស្ទ​អនុញ្ញាត​ឲ្យ​ពួក​បរិសុទ្ធឲ្យ​ក្លាយទៅជា​អ្នក « បាន​​ចំណែក​ជា​និស្ស័យ​នៃ​ព្រះ » ( ពេត្រុស​ទី២ ១:៤ ) ។ លោក​បាន​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ធ្វើ​ឲ្យ​ « ដំណើរ​ដែល​ទ្រង់​ហៅ ហើយ​រើស​តាំង​អ្នក​រាល់​គ្នា បាន​ពិត​ប្រាកដ​ឡើង » ( ពេត្រុសទី២ ១:១០ ) ។ ពេត្រុស​នឹក​ចាំ​ពី​បទពិសោធន៍​របស់​លោក​នៅ​លើ​ភ្នំ​ប្រែ​រូប កាល​លោក​បាន​ឃើញ​ព្រះគ្រីស្ទ​ដ៏​រុងរឿង ហើយ​ស្ដាប់​ឮ​ព្រះសូរ​សៀង​របស់​ព្រះវរបិតា ។ ពេត្រុស​ពោល​ថា លោក « មាន​ពាក្យ​ទំនាយ​ដ៏​ពិត​ជាង » ( ​ពេត្រុស​ទី២ ១:១៩ ) ។

ពេត្រុសទី២ ២ ពេត្រុស​ព្រមាន​សមាជិក​សាសនាចក្រ​ពី​ពួក​ព្យាការី និង​ពួក​គ្រូបង្រៀន​ក្លែង​ក្លាយ​ទាំងឡាយ​ ដែល​នឹង​មក​នៅ​ក្នុង​ចំណោម​ពួកគេ ហើយ​ព្យាយាម​​នាំ​ពួកបរិសុទ្ធ​ឲ្យ​វង្វេង ។ ពួក​គ្រូបង្រៀន​ទុច្ចរិត​ទាំងនេះ​នឹង​បដិសេធព្រះអម្ចាស់ ហើយ​ពោល​ពាក្យ​អាក្រក់​ពី « ផ្លូវ​ពិត »ពេត្រុសទី២ ២:២ )​ ។ ពេត្រុស​បង្រៀន​ថា វា​ប្រសើរ​ជាង បើ​យើង​មិន​ទទួល​យក​ដំណឹងល្អ ជាជាង​បាន​ធ្វើ​សេចក្ដី​សញ្ញាហើយ តែ​មិន​បាន​រស់​នៅ​តាម​វា​នោះ ។

ពេត្រុសទី ២ ៣ ពេត្រុស​បញ្ជាក់​ពី​ភាពប្រាកដ​ប្រជា​ថា ព្រះគ្រីស្ទ​នឹង​យាង​មក​នៅ​ក្នុង​កាល​វេលា​រ​បស់​ទ្រង់ ដោយ​សម្អាត​ផែនដី​នេះ​ដោយ​ភ្លើង បំផ្លាញ​ពួក​ទុច្ចរិត ហើយ​សង្គ្រោះ​ដល់​ជន​ឧស្សាហ៍ និង​ស្មោះ​ត្រង់ ។ ពេត្រុស​លើក​ទឹក​ចិត្ត​ដល់​ពួក​បរិសុទ្ធ​ឲ្យ « ​ចំរើន​ឡើង​ក្នុង​ព្រះគុណ ហើយ​ក្នុង​ការ​ស្គាល់​ដល់…​ព្រះយេស៊ូវគ្រីស្ទ » ( ពេត្រុស​ទី២ ៣:១៨ ) ។