បណ្ណាល័យ
មេរៀនទី ៥ ៖ បរិបទ និង ទិដ្ឋភាព​ទូទៅ​នៃ​ព្រះគម្ពីរ​សញ្ញា​ថ្មី


មេរៀនទី ៥

បរិបទ និង ទិដ្ឋភាព​ទូទៅ​នៃ​ព្រះគម្ពីរ​សញ្ញា​ថ្មី

សេចក្ដីផ្ដើម

ក្នុង​មេរៀន​នេះ សិស្ស​នឹង​រៀន​ពី​មាតិកា​ប្រវត្តិសាស្ត្រ និង​វប្បធម៌​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី ដោយ​រួម​បញ្ចូល​ទាំង​កត្តា​នានា​ដែល​ធ្វើ​ឲ្យ​សាសន៍​យូដា​ជាច្រើន​បាន​បដិសេធ​ព្រះយេស៊ូវ​ថា​ជា​ព្រះមែស៊ី និង ព្រះអង្គ​សង្គ្រោះ ។ សិស្ស​ក៏​នឹង​រៀន​ពី​រចនាសម្ព័ន្ធ​នៃ​ព្រះគម្ពីរ​សញ្ញា​ថ្មី​ផងដែរ ។

យោបល់​សម្រាប់​ការបង្រៀន

បរិបទ​នៃ​ព្រះគម្ពីរ​សញ្ញា​ថ្មី

រូបភាព
detail of painting, Stephen
រូបភាព
ស្ទេផាន​ឃើញ​ព្រះយេស៊ូវ​គង់​ខាង​ស្ដាំ​នៃ​ព្រះ

សូម​ដាក់​បង្ហាញ​ចំណែក​មួយ​នៃ រូបភាព ស្ទេផាន​ឃើញ​ព្រះយេស៊ូវ​គង់​ខាង​ស្ដាំ​នៃ​ព្រះ [ ឆ្នាំ​២០០៩ ] ល.រ. ៦៣ សូមមើល​ផង​ដែរ LDS.org ) ដោយ​ប្រើ​ក្រដាស ឬ​វត្ថុ​ផ្សេងទៀត​ដាក់​បាំង​រូបភាព​ទាំង​មូល​លើកលែង​តែ​រូប ស្ទេផាន ( បុរស​ដែល​ពាក់​មួក​ពណ៌​ខៀវ ) ។

សូម​អញ្ជើញ​សិស្ស​ពិពណ៌នា​ពីអ្វី​ដែល​កំពុង​កើតឡើង​នៅក្នុង រូបភាព​នោះ ។ សូម​សួរ​ពួកគេ​ហេតុអ្វី​បាន​ជា​ពួកគេ​គិត​ថា​បុរស​ម្នាក់​នោះ​ដួល​ទៅ​លើ​ដី ហើយ​លាត​ដៃ​របស់​គាត់​សន្ធឹង ។ បន្ទាប់​ពី​សិស្ស​ឆ្លើយ សូម​បើក​បង្ហាញ​រូបភាព​ទាំងអស់ ។

  • តើ​ការ​ឃើញ​រូបភាព​ទាំង​មូល​ជួយ​អ្នក​ឲ្យ​យល់​ពីអ្វី ដែល​កំពុង​កើត​ឡើង​ដោយ​របៀប​ណា ?

សូម​អញ្ជើញ​សិស្ស​អានក្បាលជំពូកក្នុង កិច្ចការ ៧ ដើម្បី​យល់​ថា​រូបភាព​នេះ​បង្ហាញ​ពី​ស្ទេផាន​ដែល​ជា​សិស្ស​ម្នាក់​របស់​ព្រះយេស៊ូវ​គ្រីស្ទ ត្រូវ​បាន​គេ​ចោលនឹង​ថ្ម​រហូត​ដល់​ស្លាប់ ហើយ​ឃើញ​ព្រះយេស៊ូវ​កំពុង​គង់​នៅ​ខាង​ស្ដាំ​នៃ​ព្រះ ។

  • តើ​យើង​អាច​ប្រដូច​ការ​បើក​រូបភាព​នេះ ទៅនឹង​ការ​យល់ដឹង​ពី​ព្រះគម្ពីរ​បាន​ដោយ​របៀប​ណា ?

សូម​ពន្យល់​ថា សកម្មភាព​នេះ​ឆ្លុះ​បញ្ចាំង​ពី​សារៈសំខាន់​នៃ​ការ​យល់ដឹង​ពី​បរិបទ​នៃ​ព្រះគម្ពីរ ។ ពាក្យ បរិបទ សំដៅ​ទៅ​លើ​កាលៈទេសៈ​ដែល​កើត​មាន ឬ​ផ្ដល់​ជាប្រវត្តិ​ផ្ទៃរឿង​ដល់​វគ្គ​បទគម្ពីរ ព្រឹត្តិការណ៍ ឬ​ដំណើរ​រឿង ។ សូម​ចង្អុល​បង្ហាញ​ថា នៅ​ពេល​សិស្ស​ដឹង​ច្បាស់​នូវ​បរិបទ​ខាង​ប្រវត្តិសាស្ត្រ និង ខាង​វប្បធម៌​ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី ពួកគេ​អាច​យល់ដឹង​កាន់​តែ​ប្រសើរ ហើយ​អនុវត្ត​ការ​បង្រៀន​របស់​វា ។

ពួក​អ្នកដឹកនាំ​សាសនា​សាសន៍​យូដា​នៅ​ក្នុង​ការ​បម្រើ​របស់​ព្រះអង្គ​សង្គ្រោះ

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន នីហ្វៃទី ២ ១០:៣–៥ ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ផ្សេង​ទៀត​ផ្ទៀង​តាម ហើយ​ស្វែងរក​ពាក្យ ឬ​ឃ្លា​ដែល​ព្យាការី​យ៉ាកុប​បាន​ប្រើ​ដើម្បី​ពិពណ៌នា​ពី​ស្ថានភាព​ខាង​វិញ្ញាណ នៅ​ក្នុង​ចំណោម​ពួក​សាសន៍​យូដា​មួយ​ចំនួន​អំឡុង​ពេល​នៃ​ការ​បម្រើ​របស់​ព្រះអង្គ​សង្គ្រោះ ។

  • តើ​ពាក្យ ឬ​ឃ្លា​អ្វី​ទៅ​ដែល​យ៉ាកុប​បាន​ប្រើ​ដើម្បី​ពិពណ៌នា​ស្ថានភាព​ខាង​វិញ្ញាណ​នៅ​ក្នុង​ចំណោម​ពួក​សាសន៍​យូដា​មួយ​ចំនួន ? ( សូម​ពន្យល់ថា​ពាក្យ ឧបាយកល​ផ្នែក​សង្ឃ ក្នុង ខ​ទី ៥ សំដៅ​លើ​ការ​ប្រកាស​ដើម្បី​រក « កម្រៃ និង ការសរសើរ​តម្កើង​ពី​មនុស្ស​លោក »​ជា​ជាង​សុខុមាលភាព​នៃ​រាស្ត្រ​របស់​ព្រះ [ នីហ្វៃទី ២ ២៦:២៩ ] ។ ជន​ដែល​មាន​កំហុស​នៃ​ឧបាយកល​ផ្នែក​សង្ឃ​គឺជា​ពួក​អ្នកដឹកនាំ​សាសនា​ដ៏​ទុច្ចរិត នៅ​ក្នុង​ចំណោម​ពួក​សាសន៍​យូដា​ដែល​កំពុង​ដឹកនាំ​ប្រជាជន​ទៅ​រក​ភាពវិនាស ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ២៣:១៦, ២៤ ឲ្យឮៗ ។ ចូរ​សុំ​ឲ្យសិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម ស្វែងរក​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ពិពណ៌នាពី​ពួក​អ្នកដឹកនាំ​សាសនា​សាសន៍​យូដា​ទាំងនេះ​នៅ​ក្នុង​ការ​បម្រើ​របស់​ទ្រង់ ។

  • តើ​ព្រះអង្គ​សង្គ្រោះ​បាន​ពិពណ៌នា​បែបណា​ពី​ពួក​អ្នក​ដឹកនាំ​សាសនា​សាសន៍​យូដា​ទាំងនេះ ?

  • តើ​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​អ្វី​ខ្លះ​ពី​អ្នក​ដឹកនាំ​ទាំងនេះ​ដោយ​ហៅ​ពួក​គេ​ថា « ពួក​មនុស្ស​ខ្វាក់​ដែល​នាំ​ផ្លូវ​គេ » ?

សេចក្ដី​បន្ថែម​ទៅ​នឹង​ក្រឹត្យវិន័យ​របស់​ម៉ូសេ និង​ទស្សនវិជ្ជា​ក្លែងក្លាយ​ផ្សេង​ទៀត

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​បន្ថែម​ទៀត​ពី​របៀប​ដែល​ពួក​អ្នក​ដឹកនាំ​សាសនា​បាន​ដឹកនាំ​ប្រជាជន​ឲ្យ​វង្វេង សូម​គូរ​រង្វង់​មួយ​នៅ​លើ​ក្ដារខៀន ហើយ​សរសេរ ក្រឹត្យវិន័យ​របស់​ម៉ូសេ នៅ​ចំ​កណ្ដាល ។ សូម​គូរ​រង្វង់​មួយ​ទៀត​ព័ទ្ធ​ជុំវិញ​រង្វង់​ទីមួយ ហើយ​សរសេរថា ក្រឹត្យវិន័យ​តាម​មាត់ ។

សូម​ពន្យល់ថា ដោយ​គ្មាន​ពួក​ព្យាការី ពួក​គ្រូ​បង្រៀន និង ពួក​អ្នកដឹកនាំ នោះ​សាសន៍​យូដា​បាន​បន្ថែម​ច្បាប់​​ផ្ទាល់ខ្លួន និង​ការ​បកប្រែ​ក្រឹត្យវិន័យ​នោះ ។ ដោយ​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ផ្សេងៗ​គ្នា​ថា​ជា​ក្រឹត្យវិន័យ​តាម​មាត់ ទំនៀមទម្លាប់​តាម​មាត់ ឬ​ទំនៀម​ទម្លាប់​ចាស់​បុរាណ ច្បាប់ និង ការ​បកប្រែ​បន្ថែម​ទាំងនេះ​មាន​គោលបំណង ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ការបំពាន​ទៅ​លើ​ក្រឹត្យវិន័យ​របស់​ព្រះ ។ ដើម្បី​បង្ហាញ​ពី​ច្បាប់​មួយ​ក្នុង​ចំណោម​ច្បាប់​ទាំងនេះ ចូរ​សុំ​ឲ្យ​សិស្ស​ពីរ​នាក់​ឡើង​មក​ខាងមុខ​ក្ដារខៀន ។ ចូរ​សុំ​ឲ្យ​ខ្សែ​ពួរ​ដែល​បាន​ចងគួច​ទៅ​ឲ្យ​ពួកគេ​ម្នាក់​មួយ​ខ្សែ ។ សុំឲ្យ​សិស្ស​ម្នាក់​ស្រាយ​ចំណង​នោះ​ដោយ​ប្រើ​ដៃ​តែ​ម្ខាង រួច​ឲ្យ​សិស្ស​ម្នាក់​ទៀត​ស្រាយ​ចំណង​ដោយ​ប្រើ​ដៃ​ទាំង​ពីរ ។ បន្ទាប់​ពី​ពួកគេ​បាន​សាកល្បង​ធ្វើ​ដូច្នេះ​ហើយ ចូរ​សុំ​ឲ្យ​ពួកគេ​ត្រឡប់​ទៅ​កន្លែង​អង្គុយ​វិញ ។

សូម​ពន្យល់​ថា ស្រប​តាម​ក្រឹត្យវិន័យ​តាម​មាត់​នោះ ការ​ស្រាយ​ចំណង​មួយ​ដោយ​ដៃ​ទាំង​ពីរ​នៅ​ថ្ងៃ​ឈប់សម្រាក​ត្រូវ​បាន​ហាម​ឃាត់ ។ ការ​ធ្វើ​បែប​នេះ ត្រូវ​គេ​គិត​ថា​ជា​ការធ្វើ​ការ ហេតុដូច្នេះ​ហើយ​វា​គឺជា​ការ​រំលោភ​បំពាន​មួយ​ចំពោះ​ថ្ងៃ​ឈប់​សម្រាក ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​ស្រាយ​ចំណង​ដោយ​ប្រើ​ដៃ​តែ​ម្ខាង​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ ។

  • តើ​ការ​បន្ថែម​ច្បាប់​ដែល​មនុស្ស​បង្កើត​ទៅ​លើ​បញ្ញត្តិ​របស់​ព្រះ​អាច​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​អ្វីខ្លះ ?

ចូរ​សុំ​ឲ្យ​សិស្ស​ម្នាក់​អាន​ឲ្យឮៗ​ពី​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ ស្ដី​ពី​ពួក​អ្នក​ដឹកនាំ​សាសនា​សាសន៍​យូដា​ដ៏​ជាក់លាក់ ដោយ​អែលឌើរ​ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខនឃី

« ពួកគេ​បាន​យក​រឿង​ដែល​ច្បាស់​លាស់ ហើយ​សាមញ្ញ​នៃ​សាសនា​ដ៏​បរិសុទ្ធ ហើយ​បាន​បន្ថែម​នៅ​ក្នុង​នោះ​នូវ​ការ​បកស្រាយ​យ៉ាង​ច្រើន​របស់​ខ្លួន ពួកគេ​បាន​បញ្ចេញ​បញ្ចូល​ដោយ​បន្ថែម​ពិធី​សាសនា និង ការ​អនុវត្ត​នានា ហើយ​ពួកគេ​បាន​យក​របៀប​ថ្វាយ​បង្គំ​ដ៏រីករាយ ហើយ​មាន​ក្ដី​អំណរ រួច​បង្វែរ​វា​ឲ្យ​ទៅ​ជា​ប្រព័ន្ធ​នៃ​ការ​ធ្វើ​ពិធី​សាសនា និង ការ​អនុវត្ត​ដ៏​តឹងរឹង ហើយ​បង្រួញយ៉ាង​ខ្លី និង​ធ្វើ​ឲ្យ​ស្រយុត​ចិត្ត ។ វិញ្ញាណ​ដ៏​រស់​រវើក​នៃ​ក្រឹត្យវិន័យ​របស់​ព្រះអម្ចាស់​បាន​ក្លាយ​ទៅ​ជា​លិខិត​គ្មាន​ន័យ​នៃ​ពិធី​សាសនា​របស់​សាសន៍​យូដា​នៅ​ក្នុង​កណ្ដាប់​ដៃ​ពួកគេ » ( The Mortal Messiah វ៉ុល ៤ [ ឆ្នាំ​១៩៧៩–៨១ ], ១:២៣៨ ) ។

  • យោង​តាម​អែលឌើរ ម៉ាក់ខនឃី តើ​ពួក​អ្នក​ដឹកនាំ​សាសនា​សាសន៍​យូដា​បាន​ធ្វើ​អ្វីខ្លះ​ចំពោះ​ក្រឹត្យវិន័យ​របស់​ព្រះ​ជាមួយ​ការ​បកប្រែ​បន្ថែម​របស់​ពួកគ​នោះ ?

សូម​ចង្អុល​បង្ហាញ​ថា ពួក​សាសន៍​យូដា​ក្នុង​សម័យ​ព្រះយេស៊ូវ​បាន​ស្ថិត​នៅ​ក្នុងស្ថានភាព​នៃ​ការ​ក្បត់​សាសនា ។ ទោះ​ជា​សិទ្ធិអំណាច និង ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព​អើរ៉ុន បាន​បន្ត​មាន​នៅ​ក្នុង​ចំណោម​ពួកគេ​ក៏ដោយ មាន​ពួក​សាសន៍​យូដា​ជាច្រើន​បាន​វង្វេង​ពី​ការ​អនុវត្ត​ពិត​នៃ​សាសនា​របស់​ខ្លួន​ដែល​បាន​បើក​សម្ដែង​តាមរយៈ​ព្រះ​ទៅ​កាន់​ម៉ូសេ ( សូមមើល គ. និង ស. ៨៤:២៥–២៨ ) ។ ទំនៀម​ទម្លាប់​ចាស់​បុរាណ​គឺ​មាន​អាទិភាព​ជាង​សាសនា​ពិត និង បន្ទូល​របស់​ព្រះ​ដែល​បាន​សរសេរ​ទុក ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ១២:១៤ ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ផ្សេង​ទៀត​ផ្ទៀង​តាម ហើយស្វែងរក​អ្វី​ដែល​ពួក​ផារិស៊ី​បាន​ប៉ង​ធ្វើ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ដោយ​សារ​ទ្រង់​បាន​បដិសេធ​សិទ្ធិ​អំណាច និង ទំនៀមទម្លាប់​តាម​មាត់​មួយ​ចំនួន​របស់​ពួកគេ ។

  • តើ​ពួក​អ្នក​ដឹកនាំ​សាសនា​ទាំង​នេះ​បាន​រួម​គំនិត​គ្នា​ធ្វើ​អ្វី​ខ្លះ​ទៅ​លើ​ព្រះយេស៊ូវ ?

សូម​ពន្យល់ថា បន្ថែម​ពី​លើ​ទំនៀមទម្លាប់​ក្បត់​សាសនា​របស់​សាសន៍​យូដា ទស្សនវិជ្ជាក្លែង​ក្លាយ​ផ្សេង​ទៀត បាន​ធ្វើ​ឲ្យ​មាន​ការ​បដិសេធ​ពីសំណាក់​ប្រជាជន​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ បន្ទាប់​ពី​ការ​មាន​ព្រះជន្ម​ឡើង​វិញ​របស់​ទ្រង់ ។ ឧទាហរណ៍ ការ​រីកសាយ​ភាយ​នៃ​វប្បធម៌​ក្រិក​បាន​ដឹកនាំ​មនុស្ស​ជាច្រើន​ឲ្យ​បដិសេធ​ធាតុពិត​នៃ​ការ​រស់​ឡើង​វិញ​ខាង​រូបកាយ ( សូមមើល កូរិនថូសទី ១ ១៥:១២ ) ។ ហេតុដូច្នេះ​ហើយ នៅ​ពេល​ពួក​សាវក​បាន​ថ្លែង​ទីបន្ទាល់​ពី​ព្រះអង្គ​សង្គ្រោះ ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ ក្រោយ​ពី​ការ​ឆ្កាង​របស់​ទ្រង់ មាន​មនុស្ស​ជាច្រើន​បាន​បដិសេធ​ទីបន្ទាល់​របស់​ពួកគេ ។

ច្បាប់​បរទេស និង ការ​រំពឹង​ទុក​ឲ្យ​មាន​ព្រះមែស៊ី​មួយ​អង្គ​ដើម្បី​រំដោះ​អ៊ីស្រាអែល

សូម​សរសេរ​ពាក្យ​ខាង​ក្រោម​នៅ​លើ​ក្តារខៀន ៖ ក្រុងបាប៊ីឡូន ពើស៊ី ម៉ាសេដូន ( ប្រទេស​ក្រិក ) និង រ៉ូម ។

  • ទាក់ទង​នឹង​ពួក​សាសន៍​យូដា តើ​អាណាចក្រ​បុរាណ​ទាំងនេះ​មានលក្ខណៈ​ដូចគ្នា​បែបណាខ្លះ ? ( ពួកគេ​បាន​វាយផ្ចាញ់ ហើយ​គ្រប់គ្រង​លើ​ពួក​សាសន៍​យូដា ) ។

សូម​បំបែក​សិស្ស​ជា​ក្រុម ហើយ​ឲ្យ ក្រដាសចែក ខាង​ក្រោម​នេះ​ដល់​ក្រុម​នីមួយៗ ៖

ក្រៅពី​គ្រា​នៃ​ឯករាជ្យភាព​តែ​ម្ដងគត់នោះ លុះ​មក​ត្រឹម​សម័យ​ព្រះគម្ពីរ​សញ្ញា​ថ្មី ពួក​សាសន៍​យូដា​បាន​រស់នៅ​ជា​ប្រជាជន​ស្ថិត​នៅ​ក្រោម​អាណានិគម​ជាង ៥០០ ឆ្នាំ ។ មាន​ការ​បះបោរ​មួយ​ដែល​ដឹកនាំ​ដោយ​ពួក​ម៉ាកាប៊ី ជា​ពួក​អ្នក​ស្រឡាញ់​ជាតិ​មួយ​ក្រុម​ដែល​ជា​សាសន៍​យូដា បាន​ដឹកនាំ​ទៅ​រក​ឯករាជ្យ​ភាព​ប្រហែល​ជា ១៦០ ឆ្នាំ​ពី​មុន​ការ​ប្រសូត​របស់​ព្រះគ្រីស្ទ ។ ទោះ​ជា​យ៉ាង​ក៏ដោយ លុះ​ដល់​ពេល​ដែល​ព្រះគ្រីស្ទ​បាន​ប្រសូត​មក ពួក​រ៉ូម​បាន​វា​យ​យក​បាន​អ៊ីស្រាអែល ។ ស្ដេច​ហេរ៉ូឌ ( គេ​ស្គាល់​ផង​ដែរ​ជា ស្ដេច​ហេរ៉ូឌ​ដ៏​មាន​ឫទ្ធានុភាព ) ដែល​បាន​រៀប​អភិសេក​ចូល​ទៅ​ក្នុង​គ្រួសារ​ម៉ាកាប៊ី ត្រូវ​បាន​ពួករ៉ូម​តែងតាំង​ឲ្យ​គ្រប់​គ្រង​លើ​អ៊ីស្រាអែល ។ ពួក​សាសន៍​យូដា​បាន​អន់ចិត្ត​នឹង​ច្បាប់​របស់​ពួក​រ៉ូម ហើយ​បាន​ទន្ទឹង​រង់​ចាំ​យ៉ាង​អន្ទះសា​ចាំ​ព្រះមែស៊ី ដែល​បាន​សន្យា​ថា​នឹង​យាង​មក​សង្គ្រោះ​ពួកគេ​ពី​ពួក​រ៉ូម ។ ដោយសារ​ពួក​សាសន៍​យូដា​ជា​ច្រើន​បាន​រំពឹង​ចង់​ឲ្យ​ព្រះមែស៊ី​យាង​មក​រំដោះពួកគេ​ចេញ​ពី​ច្បាប់​បរទេស ពួកគេ​បាន​បដិសេធ​ព្រះយេស៊ូវ​គ្រីស្ទ​ថា​ជា​ព្រះអង្គ​សង្គ្រោះ​របស់​ពួកគេ ។

ចូរ​សុំ​ឲ្យ​សិស្ស​អាន​ក្រដាស​នោះ ហើយ​ពិភាក្សា​សំណួរ​ខាងក្រោម​ជា​ក្រុម ( អ្នក​គួរ​កត់​សំណួរ​ទាំងនេះ​លើ​ក្ដារខៀន ) ៖

  • តើ​ពួក​សាសន៍​យូដា​ជាច្រើន​បាន​រំពឹង​អ្វីខ្លះ​ពី​ព្រះមែស៊ី​ដែល​នឹង​យាង​មក ?

  • ហេតុអ្វី​អ្នក​គិត​ថា​ការ​រំពឹងទុក​ដ៏​ខុស​ឆ្គង​នេះ​បាន​ដឹកនាំ​ពួក​សាសន៍​យូដា​ជាច្រើន​ឲ្យ​បដិសេធ​ព្រះយេស៊ូវ​ ថា​ជា​ព្រះមែស៊ី ?

សូម​ពន្យល់ថា កាល​ពួក​សាសន៍​យូដា​មួយ​ចំនួន​បាន​បដិសេធ​ព្រះគ្រីស្ទ មាន​ពួកគេ​ផ្សេងទៀត​បាន​មាន​ចិត្ត​រាបសា ហើយ​បាន​ស្គាល់​ទ្រង់​ជា​ព្រះមែស៊ី និង ជា​ព្រះអង្គ​សង្គ្រោះ ។

ចូរ​សុំ​ឲ្យ​សិស្ស​បី​បួន​នាក់​ប្ដូរ​វេន​គ្នា​អាន​ឲ្យឮៗ​នៅ​ក្នុង លូកា ២:២៥-៣៣ ។ ចូរ​សុំ​ឲ្យ​សិស្ស​ផ្សេង​ទៀត​ផ្ទៀង​តាម ហើយស្វែងរក​អ្វី​ដែល បុរស​សុចរិត​ម្នាក់​ឈ្មោះ​ស៊ីម្មាន​បាន​ធ្វើ ហើយ​ថ្លែង​កាល​យ៉ូសែប និង ម៉ារា​បាន​នាំ​ព្រះយេស៊ូវ​ទៅ​ព្រះវិហារ​បរិសុទ្ធ​កាល​ពី​នៅ​ជា​ព្រះឱរស ។

  • យោងតាម ខទី ៣០-៣២ហេតុអ្វី​ព្រះយេស៊ូវ​ត្រូវ​បាន​បញ្ជូន​មក​ផែនដី ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុស​គ្នា ប៉ុន្តែ​ពួកគេ​គួរ​ស្គាល់​ពី​សេចក្ដី​ពិត​ខាងក្រោម​នេះ ៖ ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវបាន​បញ្ជូន​មក​ដើម្បី​នាំ​សេចក្ដី​សង្គ្រោះ​ដល់​មនុស្ស​គ្រប់រូបគ្នា ) ។

  • តើ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ធ្វើ​អ្វី​ខ្លះ ដើម្បី​អនុញ្ញាត​ឲ្យ​មនុស្ស​ទាំងអស់​បាន​សេចក្ដី​សង្គ្រោះ ?

សូម​ដាក់​បង្ហាញ​រូបភាព​ស្ទេផាន ​ដែល​បាន​បង្ហាញ​នៅ​ពេល​ចាប់ផ្ដើម​បង្រៀន​មេរៀន​នេះ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ចងចាំ​បរិបទ​ខាង​វប្បធម៌ និង ខាង​ប្រវត្តិសាស្ត្រ​ដែល​អ្នក​បាន​ពិភាក្សា កាល​ពួកគេ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ថ្មី ។ កាល​ពួក​គេ​ធ្វើ​ដូច្នេះ ពួកគេ​នឹង​យល់​ពី​ការ​បង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ និង ពួក​សាវក​របស់​ទ្រង់​កាន់​តែ​ប្រសើរ​ឡើង ។ ( សម្រាប់​ព័ត៌មាន​បន្ថែម​ស្ដីពី​បរិបទ​ខាង​វប្បធម៌ និង ខាង​ប្រវត្តិសាស្ត្រ​នៃ​ព្រះគម្ពីរ​សញ្ញា​ថ្មី សូម​មើល « The Intertestamental Period » និង « The New Testament Setting » នៅ​ក្នុង ( [ Church Educational System manual ឆ្នាំ ២០១៤ ] ទំព័រ ១–៣ ) ។ ឯកសារ​នេះ​រួម​បញ្ចូល​សេចក្ដី​ពន្យល់​ខ្លីៗ​ស្ដីពី​ក្រុមនានា​ដូចជា ពួក​សាម៉ារី ពួក​ផារិស៊ី ពួក​សាឌូស៊ី ពួក​សានហេឌ្រីន និង​ពួក​អាចារ្យ​ទាំងឡាយ ) ។

ការ​មើល​ជា​មុន​ដោយ​សង្ខេប​ពី​ព្រះគម្ពីរ​សញ្ញា​ថ្មី

រូបភាព
ព្រះគ្រីស្ទ​ព្យាបាល​អ្នក​ឈឺ​នៅ​បេថែសដា

សូម​ប្រាប់​សិស្ស​ថា អ្នក​នឹង​បង្ហាញ រូបភាព មួយ​ដល់​ពួកគេ​ក្នុង​ពេល ១០ វិនាទី រួច​ចូរ​សុំ​ឲ្យ​ពួកគេ​សរសេរ​ការ​ពិពណ៌នា​លម្អិត​មួយ​អំពី​អ្វី​ដែល​ពួកគេ​បាន​ឃើញ ។ សូម​បង្ហាញ​រូប ព្រះគ្រីស្ទ​ព្យាបាល​អ្នក​ឈឺ​នៅ​បេថែសដា លេខ៤២ សូម​មើល​ផង​ដែរ LDS.org ) ។ ក្រោយ​ពី ១០ វិនាទី​កន្លង​ទៅ សូម​យក​រូបភាព​នោះ​ទុក ហើយ​ចូរ​សុំ​ឲ្យ​សិស្ស​សរសេរ​ការ​ពិពណ៌នា​របស់​ខ្លួន ។ ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ ចូរ​សុំ​ឲ្យសិស្ស​ពីរ​បីនាក់​អាន​ការ​ពិពណ៌នា​របស់​ខ្លួន​ទៅ​កាន់​សិស្ស​ក្នុង​ថ្នាក់ ។

  • ទោះ​បី​ជា​អ្នក​ទាំងអស់​គ្នា​បាន​ឃើញ​រូបភាព​ដូចគ្នា​ក៏ដោយ ហេតុអ្វី​ការ​ពិពណ៌នា​របស់​អ្នក​ខុស​គ្នា ?

  • ហេតុអ្វី​បាន​ជា​ការមាន​សាក្សី​នៃ​ព្រឹត្តិការណ៍​មួយ​លើស​ពី​ម្នាក់ វា​គឺជា​រឿង​មួយ​ដ៏​ល្អ ?

សូម​សរសេរ​ឈ្មោះ​អ្នក​និពន្ធ​នៃ​ដំណឹងល្អ​ទាំង​បួន​នៅ​លើ​ក្ដារខៀន ៖ ម៉ាថាយ, ម៉ាកុស, លូកា និង យ៉ូហាន ។ សូម​ពន្យល់​ថា ពួក​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ទាំងនេះ ពួកគាត់​ម្នាក់ៗ​បាន​កត់ត្រា​ព្រឹត្តិការណ៍ និង ការ​បង្រៀន​ទាំងឡាយ​ចេញ​ពី​ជីវប្រវត្តិ​របស់​ព្រះអង្គ​សង្គ្រោះ ។ កំណត់ត្រា​របស់​ពួកគាត់​ត្រូវ​បាន​ហៅ​ថា​ដំណឹងល្អ ។ ពាក្យ ដំណឹងល្អ មាន​ន័យ​ថា « សេចក្ដី​ល្អ​ដែល​ឲ្យ​ដឹង » ។ សូម​ចង្អុល​បង្ហាញ​ថា ការ​បកប្រែ​របស់ យ៉ូសែប ស្ម៊ីធ បាន​ប្ដូរ​ចំណង​ជើង​នៃ​ដំណឹងល្អ​នីមួយៗ​ទៅ​ជា ទីបន្ទាល់ ដូច​ជា​នៅ​ក្នុង « The Testimony of St. Matthew ( ទីបន្ទាល់​របស់​ម៉ាថាយ » ។

  • ហេតុអ្វី​បាន​ជា​វា​ជា​ការ​ល្អ​ដើម្បី​មាន​ដំណឹងល្អ ឬ​ទីបន្ទាល់​នៃ​ជីវប្រវត្តិ និង ការ​បង្រៀន​នៃ​ព្រះយេស៊ូវគ្រីស្ទ​ច្រើន​ជាង​មួយ ?

សូម​ពន្យល់​ថា ទោះ​បី​ជា​ដំណឹងល្អ​ទាំង​បួន​មាន​ភាពខុស​គ្នា​ខ្លះៗ​នៅ​ក្នុង​សេចក្ដី​លម្អិត និង​ទស្សនៈ​ក្ដី ប៉ុន្តែ​វា​និទាន​ព្រឹត្តិការណ៍​នៃ​ជីវប្រវត្តិ និង ការ​បម្រើ​នៅ​លើ​ផែនដី​របស់​ព្រះអង្គ​សង្គ្រោះ​នៅ​ក្នុង​ចំណោម​សាសន៍​យូដា​ដូចគ្នា ។ ដំណឹងល្អ​ទាំង​បួន​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះរាជបុត្រា​នៃ​ព្រះ និង​ជា​ព្រះអង្គសង្គ្រោះ​នៃ​ពិភពលោក ( សូម​មើល​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ដំណឹងល្អ » ) ។

អ្នក​គួរ​ឲ្យ​ឯកសារ​កំណែ​សង្ខេប​នៃ​តារាង « ជីវប្រវត្តិ​ដ៏សំខាន់​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់ » ដល់​សិស្ស​នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នេះ ។ កំណែ​ពេញ​លេញ​នៃ​តារាង​នេះ​មាន​នៅ​ក្នុង លិបិក្រម នៃ​សៀវភៅ​សិក្សា​នេះ ។ សូម​អញ្ជើញ​សិស្ស​ប្រើ​តារាង​នេះ​ដើម្បី​ដឹង​ពី​ព្រឹត្តិការណ៍​សំខាន់ៗ​មួយ​ចំនួន​នៃ​ការបម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ព្រះអង្គ​សង្គ្រោះ ។

  • យោងតាម​តារាង​នោះ តើ​ការបម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ព្រះអង្គ​សង្គ្រោះ​មាន​រយៈពេល​ប៉ុន្មាន ?

  • នៅ​ក្នុង​ការងារ​បម្រើ​របស់​ទ្រង់ តើ​ព្រះអង្គ​សង្គ្រោះ​គង់​នៅ​កន្លែង​ណា​ច្រើន​ជាង​គេ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ប្រើ​តារាង​នេះ​ដើម្បី​មាន​ការ​យល់​ដឹង​កាន់​តែ​ប្រសើរ​ទៅ​លើ​បរិបទ​នៃ​ដំណឹងល្អ​ទាំងបួន នៅពេល​ពួកគេ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ថ្មី ។

ចូរ​សុំ​ឲ្យ​សិស្ស​​បើកទៅ​តារាង​មាតិកា​នៃ​ព្រះគម្ពីរ​ប៊ីប ។ សូម​ពន្យល់​ថា កាល​ដំណឹងល្អ​ទាំងឡាយបាន​ផ្តល់​នូវ​ដំណើរ​រឿង​មួយ​អំពី​ការ​បម្រើ​របស់​ព្រះ​អង្គ​សង្គ្រោះ នោះ​គម្ពីរ​ចាប់​ពី​គម្ពីរ​កិច្ចការ​រហូត​ដល់​គម្ពីរ​វិវរណៈ បាន​កត់ត្រា​ពី​ការ​បម្រើ​នៃ​ពួក​សាវក​របស់​ព្រះគ្រីស្ទ​កាល​ពី​បុរាណ បន្ទាប់​ពី​ការ​ឆ្កាង ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ និង ការ​យាង​ឡើង​ទៅ​ស្ថាន​សួគ៌វិញ​របស់​ទ្រង់ ។ ពួក​សាវក​ទាំងនេះ​បាន​ធ្វើ​ដំណើរ​ទូទាំង​ដែនដី​អ៊ីស្រាអែល និង អាណាចក្រ​រ៉ូម ដើម្បី​ផ្សព្វផ្សាយ​ដំណឹងល្អ និង ស្ថាបនា​សាខានានា​របស់​សាសនាចក្រ ។ ដោយ​សិក្សា​ពី​សកម្មភាព និង ការ​សរសេរ​របស់​ពួក​សាវក​ទាំងនេះ យើង​អាច​ពង្រឹង​សេចក្ដី​ជំនឿ​របស់​យើង​លើ​ព្រះអង្គ​សង្គ្រោះ ហើយ​រៀន​ពី​របៀប​ដើម្បី​ទទួល​បាន​ពរជ័យ​នៃ​ដង្វាយធួន​របស់​ទ្រង់ ។ យើង​ក៏​អាច​ឃើញ​ពី​ភាព​ដូចគ្នា​នៃ​សាសនាចក្រ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃចុងក្រោយ និង​សាសនាចក្រ​របស់​ព្រះយេស៊ូវគ្រីស្ទ​កាល​ពី​បុរាណ​ផងដែរ ។

សូម​ពិចារណា​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត​នានា​ដែល​អ្នក​បាន​រក​ឃើញ​នៅ​ក្នុង​ការ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ថ្មី ។ សូម​អញ្ជើញ​សិស្ស​ស្វែងរក​សេចក្ដី​ពិត​ដែល​នឹង​ផ្ដល់​ពរជ័យ​ដល់​ពួកគេ នៅ​ពេល​ពួកគេ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ថ្មី​នា​ឆ្នាំ​នេះ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

រយៈកាល​រវាង​ព្រះគម្ពីរ​សញ្ញា​ចាស់ និង​ព្រះគម្ពីរ​សញ្ញា​ថ្មី

សម្រាប់​ព័ត៌មាន​បន្ថែម​ស្ដីពី​បរិយាកាស​ខាង​ប្រវត្តិសាស្ត្រ និង ខាង​វប្បធម៌​នៃ​ព្រះគម្ពីរ​សញ្ញា​ថ្មី សូម​មើល S. Kent Brown and Richard Neitzel Holzapfel « The Lost 500 Years: From Malachi to John the Baptist » ខែ ​ធ្នូ ឆ្នាំ​២០១៤ ទំព័រ ៥៦–៦០, Robert L. Millet « Looking beyond the Mark: Why Many Did Not Accept the Messiah » ខែ​កក្កដា ឆ្នាំ​១៩៨៧ ទំព័រ ៦០–៦៤ និង Richard D. Draper « The Reality of the Resurrection » ខែ​ មេសា ឆ្នាំ​១៩៩៤ ទំព័រ ៣២–៤០ ។

ដំណឹងល្អ​ទាំងបួន

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ បាន​ពន្យល់​ពី​របៀប​ដែល​ដំណឹងល្អ​ទាំងឡាយ​ត្រូវ​សរសេរ​ទុក​សម្រាប់​អ្នក​អាន​ខុសៗគ្នា ប៉ុន្តែ​មាន​គោលបំណង​តែ​មួយ​គឺ​ការ​បង្រៀន​អំពី​ទេវភាព​របស់​ព្រះយេស៊ូវ​គ្រីស្ទ ៖

« វា​គឺជា​ការ​ពិត​ណាស់​ថា ដំណឹងល្អ​ទាំង​បួន​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី​ពិត​ជា​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ទិដ្ឋភាព​ខុសៗ​គ្នា​នៃ​លក្ខណៈ​បុគ្គល និង ការ​បង្រៀន​របស់​ព្រះអម្ចាស់ ។ វា​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា ម៉ាថាយ​កំពុង​ដឹកនាំ​ដំណឹងល្អ​របស់​លោក​ទៅ​ដល់​ពួក​សាសន៍​យូដា ។ លោក​ឧទ្ទេសនាម​ព្រះគ្រីស្ទ​ជា​ព្រះមែស៊ី​ដែល​បាន​សន្យា និង​គ្រីស្ទ​សាសនា​ជា​ការ​បំពេញ​នៃ​សាសនា​យូដា ។ ម៉ាកុស​បាន​សរសេរ​យ៉ាង​ជាក់លាក់​ដោយ​មាន​គោលបំណង​អំពាវនាវ​ដាស់​គំនិត​របស់​ពួករ៉ូម និង ពួក​សាសន៍​ដទៃ ។ ដំណឹងល្អ​របស់ ​លូកា​ ឧទ្ទេសនាម​លោក​ចៅហ្វាយ​ដល់​ពួក​ក្រិក ដល់​ជន​ដែល​បាន​ធ្វើ​ឲ្យ​ប្រសើរឡើង ហើយ​មាន​សុជីវធម៌ ។ ហើយ​ដំណឹងល្អ​របស់​យ៉ូហាន​គឺជា​ដំណើរ​រឿង​សម្រាប់​ពួក​បរិសុទ្ធ វា​គឺជា​ដំណឹងល្អ​ដែល​ផ្ដោត​សំខាន់​លើ​សាសនាចក្រ លើ​ជន​ដែល​យល់​ដឹងអំពី​ព្រះគម្ពីរ និង និមិត្តសញ្ញា​របស់​វា និង ជន​ទាំងឡាយណា​ដែល​មាន​កង្វល់​នឹងរឿង​ខាង​វិញ្ញាណ និង រឿង​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។ ពិតណាស់ វិធីសាស្ត្រ​ខុសៗគ្នា​បែប​នេះ​មាន​អនុភាព​យ៉ាង​អស្ចារ្យ​ក្នុង​ការ​បង្ហាញ​សេចក្ដី​ពិត​នៃ​សេចក្ដី​សង្គ្រោះ​ដល់​មនុស្ស​ដែល​មាន​វប្បធម៌ សាវតារ និង បទពិសោធន៍​ខុសៗ​គ្នា ។ ប៉ុន្តែ​អង្គហេតុ​ដ៏​សាមញ្ញ​គឺថា អ្នក​និពន្ធ​នៃ​ដំណឹងល្អ​គ្រប់​រូប​បាន​សរសេរ​ដោយ​ការ​បំផុស​គំនិត ហើយ​ទាំងអស់​គ្នា​មាន​គោលបំណង​តែ​មួយ ៖ ១. ដើម្បី​ថ្លែង​ទីបន្ទាល់​ពី​ទេវភាព​ជា​ព្រះរាជ​បុត្រា​របស់​ព្រះអម្ចាស់​យើង និង ២. ដើម្បី​បង្រៀន​សេចក្ដី​ពិត​ពី​ផែនការ​សង្គ្រោះ » ( Mormon Doctrine ការ​បោះពុម្ព​លើក​ទី​២ [ ឆ្នាំ​១៩៦៦ ] ទំព័រ ៣៣៦ ) ។

គម្ពីរ​កិច្ចការ​ រហូត​ដល់ ​វិវរណៈ

គម្ពីរ​កិច្ចការ ​កត់ត្រា​សកម្មភាព​សំខាន់ៗ​មួយ​ចំនួន​នៃ​ការ​ផ្សាយ​សាសនា​របស់​ពួកសាវក ។ គម្ពីរ​ចាប់​ពី​រ៉ូម​រហូត​ដល់​យូដាស​គឺជា​សំបុត្រ ឬ​លិខិត ដែល​ប៉ុល និង ថ្នាក់​ដឹកនាំ​ផ្សេងទៀត​របស់​សាសនាចក្រ​បាន​សរសេរ​ដើម្បី​ណែនាំ ហើយ​ស្អាង​ពួក​បរិសុទ្ធ ។ សំបុត្រ​របស់​ប៉ុល​បាន​រៀបចំ​ឡើង « តាម​ប្រវែង តាម​លំដាប់​ចុះ​ពី​សំបុត្រ​វែង​ជាង​គេ​បង្អស់ ( រ៉ូម )​រហូត​ដល់​សំបុត្រ​ខ្លី​ជាង​គេ​បង្អស់ ( ភីលេម៉ូន ) ។ នេះ​គឺជា​ហេតុផល លើក​លែង​តែ​សំបុត្រ​ដល់​ហេព្រើរ ដែល​បាន​ដាក់​នៅ​ក្រោយ​គេ ដោយ​សារ​មាន​មនុស្ស​ចំនួន​មាន​បាន​សួរ​ថាតើ​វា​ជា​ការ​សរសេរ​របស់​ប៉ុល​ឬ​ក៏​ពុំមែន » ( Bible Dictionary « Pauline Epistles » ) ។ ចាប់​ពី​សំបុត្រ​របស់​ យ៉ាកុប​ រហូត ​យូដាស វា​ត្រូវ​បាន​គេហៅ​ថា​ជា​សំបុត្រ​ទូទៅ « ដោយសារ​វា​ពុំ​បាន​និយាយ​ជាក់លាក់​ដល់​នរណា​ម្នាក់ ឬ​សាខា​ណា​មួយ​របស់​សាសនាចក្រ​ទេ » ( Bible Dictionary « General Epistles » ) ។ គម្ពីរ​វិវរណៈ​ដែល​ហៅ​ម្យ៉ាង​ទៀត​ថា អាប៉ូកាលីព មាន​នូវ​ពាក្យ​ទូន្មាន​ជាក់លាក់​របស់​យ៉ូហាន​សំណព្វ​ទៅ​កាន់​សាខា​របស់​សាសនាចក្រ​ចំនួន​ប្រាំពីរ​កន្លែង​ក្នុង​តំបន់​អាស៊ី ហើយ​ក៏​មាន​វិវរណៈ​មួយ​ដល់​យ៉ូហាន​ស្ដី​ពី​ប្រវត្តិ​របស់​លោកិយ​នេះ ជា​ពិសេស​នៅ​ថ្ងៃ​ចុងក្រោយ​ផង​ដែរ ។

តើ​ដំណឹងល្អ​ទាំង​បួន​មាន​អ្វី​ខ្លះ​ទៅ ?

ដំណឹងល្អ​ទាំង​បួន​គឺជា​គម្ពីរ​បួន​ច្បាប់​ដំបូង​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី ។ បាន​សរសេរ​ដោយ​ម៉ាថាយ ម៉ាកុស លូកា និង យ៉ូហាន គឺ​ជា​ទីបន្ទាល់​បួន​ច្បាប់​អំពី​ព្រះជន្ម​នៃ​ព្រះយេស៊ូវ​នៅ​លើ​ផែនដី និង​ហេតុការណ៍​នានា​ដែល​ទាក់ទង​ទៅ​នឹងការ​បម្រើ​របស់​ទ្រង់ ។ គម្ពីរ នីហ្វៃទី ៣ នៅ​ក្នុង​ព្រះគម្ពីរ​មរមន​តាម​បែបបទ​ជាច្រើន គឺ​ដូច​ជា​ដំណឹងល្អ​ទាំង​បួន​ច្បាប់​នេះ​ដែរ ហើយ​ពេល​ខ្លះ​ត្រូវ​បាន​គេ​ហៅ​ថា​ជា « ដំណឹងល្អ​ទី​ប្រាំ » ។

« គម្ពីរ​ទាំងឡាយ​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី​មុន​ដំបូង​បាន​សរសេរ​ជា​ភាសា​ក្រិក ។ ពាក្យ ដំណឹងល្អ ជា​ភាសា​ក្រិក​មាន​ន័យ​ថា ‹ សេចក្ដី​ល្អ​ដែល​ឲ្យ​ដឹង › ។ សេចក្ដី​ល្អ​ដែល​ឲ្យ​ដឹង​គឺ​ថា​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ធ្វើ​ដង្វាយធួន​ដែល​នឹង​ប្រោសលោះ​មនុស្ស​លោក​ទាំងអស់​ពី​សេចក្ដី​ស្លាប់ ហើយ​ប្រទាន​រង្វាន់​ដល់​បុគ្គល​នីមួយៗ​តាម​កិច្ចការ​របស់​គេ » ( សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ដំណឹងល្អ​ទាំងឡាយ » scriptures.lds.org ) ។

តើ​ខ្ញុំ​អាច​ស្វែង​រក​ភាពចុះសម្រុង​មួយ​ពី​ដំណើរ​រឿង​ទាំងឡាយ​នៅ​ក្នុង​ដំណឹងល្អ​ទាំង​បួន​ច្បាប់​នៅ​ឯណា ?

ភាចុះសម្រុង​មួយ​នៃ​ដំណើរ​រឿង​ក្នុងដំណឹង​ល្អ​ទាំង​បួន​ច្បាប់ជាមួយ​តារាង​មួយ ដែល​ប្រៀបធៀប​ការ​បង្រៀន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដូច​ដែល​បាន​កត់​ត្រា​នៅ​ក្នុង​ម៉ាថាយ ម៉ាកុស លូកា យ៉ូហាន និង​វិវរណៈ​ថ្ងៃ​ចុងក្រោយ អាច​រក​បាន​នៅ​ក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ។

រូបភាព
កាល​វេលា​នៃ​ជីវប្រវត្តិ​របស់​ព្រះគ្រីស្ទ​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់