បណ្ណាល័យ
សេចក្ដីផ្ដើម​នៃ​សំបុត្រ​​ទូទៅ​ទី​មួយ​របស់​ពេត្រុស


សេចក្ដីផ្ដើម​នៃ​សំបុត្រ​​ទូទៅ​ទី​មួយ​របស់​ពេត្រុស

ហេតុអ្វី​ត្រូវ​សិក្សាគម្ពីរនេះ ?

បាវចនា​មួយ​ដែល​បាន​រក​ឃើញ​​នៅ​ក្នុង​សំបុត្រ​ទី​មួយ​របស់​ពេត្រុស​គឺ​ថា តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ នោះ​ពួក​សិស្ស​របស់​ព្រះអង្គ​សង្គ្រោះ​អាច​ស៊ូទ្រាំ​ដោយ​ស្មោះ​ត្រង់ ហើយ​​អាច​ឆ្លើយ​តប​ចំពោះ​ការ​រង​ទុក្ខ និង​ការ​បៀតបៀន ។ គ្រប់​ជំពូក​នៅ​ក្នុង​ពេត្រុស​ទី ១ ថ្លែង​អំពី​ការ​សាកល្បង និង​ការ​រង​ទុក្ខ ហើយ​ពេត្រុស​បាន​បង្រៀន​ថា ការ​ស៊ូទ្រាំ​នឹង​ការ​សាកល្បង​ដោយ​អត់ធ្មត់​គឺ « វិសេស​ជាង… ​មាស » ហើយ​នឹង​ជួយ​ពួក​អ្នក​ជឿ​ឲ្យ​ទទួល​បាន « សេចក្ដី​សង្គ្រោះ​ដល់​ព្រលឹង [ របស់​ពួក​គេ ] » ( ពេត្រុស​ទី១ ១:៧, ៩ ) ។ ពេត្រុស​ក៏​បាន​រំឭក​ពួក​បរិសុទ្ធ​ផង​ដែរ​អំពីអត្តសញ្ញាណ​របស់​ពួកគេ​ក្នុង​នាម​ជា « ពូជ​ជ្រើសរើស ជា​ពួក​សង្ឃ​ហ្លួង ជា​សាសន៍​បរិសុទ្ធ ជា​រាស្ត្រ​ដ៏​ជា​កេរ្តិ៍អាករ​នៃ​ព្រះ » ( ពេត្រុស​ទី១ ២:៩ ) ។ តាមរយៈ​ការ​សិក្សា​ពាក្យ​ទូន្មាន​ដែល​ប៉ុល​បាន​ផ្ដល់​ឲ្យ​នៅ​ក្នុង​សំបុត្រ​នេះ នោះ​សិស្ស​អាច​ទទួល​​បាន​នូវ​សេចក្ដី​សង្ឃឹម ការ​លើក​ទឹក​ចិត្ត និង​កម្លាំង​​ដែល​អាច​ជួយ​ពួកគេ​ជាមួយ​នឹង​ការ​ប្រឈម​នានា​​ដែល​ពួកគេ​នឹង​ជួប ។

តើ​នរណា​ជា​អ្នកសរសេរ​គម្ពីរ​នេះ ?

អ្នក​សរសេរ​សំបុត្រ​នេះ​គឺ​ជា « ពេត្រុស​ ជា​សាវ័ក​នៃ​​ព្រះយេស៊ូវគ្រីស្ទ » ( ពេត្រុស​ទី១ ១:១ ) ។ « ពីដើម​គេ​ស្គាល់​ពេត្រុស​ថា​ជា​ស៊ីម្មាន ឬ​ស៊ីម៉ូន ( ពេត្រុសទី២ ១:១ ) គឺជា​អ្នក​នេសាទ​ពី​ស្រុកបេត​សៃដា ​រស់​នៅ​ក្រុង កាពើណិម​ជាមួយ​នឹង​ប្រពន្ធ​លោក ។ … ពេត្រុស​ត្រូវ​បាន​ហៅ​ជាមួយ​នឹង អនទ្រេ ជា​ប្អូន​ប្រុស​ឲ្យ​ធ្វើ​ជា​សិស្ស​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ( ​ម៉ាថាយ ៤:១៨–២២, ម៉ាកុស ១:១៦–១៨​, លូកា៥:១–១១ ) ។ …

« … ព្រះអម្ចាស់​ទ្រង់​បាន​រើស​តាំង [ ពេត្រុស ] ឲ្យ​កាន់​កូនសោ​ទាំងឡាយ​នៃ​នគរ​នៅ​លើ​ផែនដី ( ម៉ាថាយ ១៦:១៣–១៨ ) ។ …

​« ពេត្រុស​ជា​មេ​សាវក​នៅ​សម័យ​លោក » ( សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ពេត្រុស » scriptures.lds.org ) ។

ការ​សរសេរ​របស់​ពេត្រុស​បង្ហាញ​ពីការ​រីក​ចម្រើន​របស់​លោក​​ចេញ​ពីអ្នក​នេសាទ​សាមញ្ញ​ម្នាក់​ទៅ​ជា​សាវក​ដ៏​អស្ចារ្យ​មួយ​រូប ។

តើ​នៅពេលណា និង នៅកន្លែងណា​ដែល​គម្ពីរ​នេះ​ត្រូវ​បាន​សរសេរ ?

ពេត្រុស​ទំនង​ជា​សរសេរ​សំបុត្រ​ទីមួយ​របស់​លោក​​នៅ​ចន្លោះ គ.ស. ៦២ និង ៦៤ ។ លោក​បាន​សរសេរ​ពី​ក្រុង « បាប៊ីឡូន » ( ពេត្រុស​ទី១ ៥:១៣ ) ប្រហែល​ជា​និមិត្ត​សញ្ញា​មួយ​អំពី​រ៉ូម ។

វា​ត្រូវ​បាន​គេ​ទទួល​យក​ជា​ទូទៅ​ថា ពេត្រុស​បាន​ស្លាប់​នៅ​ក្នុង​រជ្ជកាល​នៃ​ស្ដេច​រ៉ូម​ឈ្មោះ ណេរូ—ទំនង​ជា​ក្រោយ គ.ស. ៦៤ កាល​ស្ដេច​ណេរូ​បាន​ចាប់ផ្ដើម​បៀតបៀន​ដល់​ពួក​គ្រីស្ទាន ( សូម​មើល Bible Dictionary « Peter, Epistles of » ) ។

តើ​គម្ពី​រនេះ​ត្រូវបាន​សរសេរ​ឡើង​សម្រាប់​នរណា ហើយ​តើ​ហេតុអ្វី​ដែរ ?

ពេត្រុស​សរសេរ​សំបុត្រ​នេះ​ទៅ​សមាជិក​សាសនា​ចក្រ​​ដែល​រស់នៅ​ខេត្ត​ទាំង​ប្រាំ​នៃ​ក្រុង​រ៉ូម នៅ​អាស៊ី​តូច​ដែល​មាន​ទីតាំង​នៅ​ប្រទេស​តួគី​នា​សម័យ​បច្ចុប្បន្ន ​( សូម​មើល ពេត្រុស​ទី១ ១:១ ) ។ ពេត្រុស​ចាត់​ទុក​ពួក​អ្នក​អាន​របស់​លោក​ជា​ « អ្នក​រើស​តាំង » ​នៃ​ព្រះ ( ពេត្រុស​ទី១ ១:២ ) ។ លោក​បាន​សរសេរ​សំបុត្រ​នេះ​ឡើង​ដើម្បី​ពង្រឹង ហើយ​លើក​ទឹក​ចិត្ត​ពួក​បរិសុទ្ធ​នៅ​ក្នុង​« ការ​សាកល​សេចក្ដី​ជំនឿ​ [ របស់​ពួកគេ ] » ( ពេត្រុស​ទី ១ ១:៧ ) ហើយ​រៀប​ចំ​ខ្លួន​ពួកគេ​ « ដោយ​ភ្លើង​ដ៏​ក្តៅ​ក្រហាយ » ( ពេត្រុស​ទី១ ៤:១២ ) ។ សារលិខិត​របស់​ពេត្រុស​ក៏​បាន​បង្រៀន​ពួកគេ ​អំពីរបៀប​ឆ្លើយ​តប​នឹង​ការ​បៀត​បៀន​ផង​ដែរ ( សូម​មើល ពេត្រុស​ទី ១ ២:១៩–២៣, ៣:១៤–១៥​, ៤:១៣ ) ។

ការ​ទូន្មាន​របស់​ពេត្រុស​គឺ​ចំ​ពេល​ល្អ​ណាស់ ដោយសារ​សមាជិក​សាសនាចក្រ​ហៀប​នឹង​ចូល​ទៅ​ក្នុង​គ្រាមួយ​ដែល​មាន​ការ​បៀតបៀន​ដ៏​ខ្លាំង ។ រហូត​ប្រមាណ​ជា គ.ស. ៦៤ គឺ​ប្រហែល​ជា​ពេល​ដែល​ពេត្រុស​បាន​សរសេរ​សំបុត្រ​នេះ នោះ​រដ្ឋា​ភិបាល​រ៉ូម​បាន​អធ្យាស្រ័យ​ដល់​ពួក​គ្រីស្ទាន​ទាំងអស់ ។ ក្នុង​ខែ​កក្កដា នា​ឆ្នាំ​នោះ មាន​ភ្លើង​បាន​ឆេះ​បំផ្លាញ​ក្រុង​រ៉ូម​ស្ទើរ​តែ​ទាំង​ស្រុង ហើយ​មាន​ពាក្យ​ចចាម​អារាម​ថា​ស្ដេច​ណេរ៉ូ​បាន​ចេញ​បង្គាប់​ឲ្យ​ដុត​ភ្លើង​នោះ​ឡើង ។ ដើម្បី​បំបែរ​ដាន​ពី​ការ​ស្ដី​បន្ទោស​ចំពោះ​គ្រោះ​មហន្តរាយ​នេះ មាន​ពួក​មន្ត្រី​រ៉ូម​មួយ​ចំនួន​បាន​ចោទប្រកាន់​ទៅ​ពួក​គ្រីស្ទាន​ចំពោះ​ការ​ធ្វើ​ឲ្យ​មាន​ភ្លើង​នេះ​ឆេះ​ឡើង ។ ការណ៍​នេះ​បាន​នាំ​ទៅដល់​​ការ​បៀតបៀន​យ៉ាង​ខ្លាំង​ទៅ​លើ​​​ពួក​គ្រីស្ទាន​នៅ​ក្នុង​អាណាចក្រ​រ៉ូម​ទាំងមូល ។ ពេត្រុស​បាន​ចង្អុល​បង្ហាញ​ថា នៅ​ពេល​ពួក​បរិសុទ្ធ​ « រងទុក្ខ​ដោយព្រោះ​​ជា​ពួក​គ្រីស្ទាន » ( ​ពេត្រុស​ទី១ ៤:១៦ ) នោះ​ពួកគេ​អាច​មាន​អំណរ​ដោយ​ដឹង​ថា ពួកគេ​កំពុង​ដើរ​តាម​ព្រះ​យេស៊ូវ​គ្រីស្ទ ( សូម​មើល ពេត្រុស​ទី១ ២:១៩–២៣, ៣:១៥–១៨, ៤:១២–១៩ ) ។

តើមានលក្ខណៈពិសេសអ្វីខ្លះនៅក្នុងគម្ពីរនេះ ?

នៅ​កណ្ដាល​នៃ​ទុក្ខ​វេទនា និងការ​បៀតបៀន​នេះ​​ដែល​ពួក​បរិសុទ្ធ​បាន​ជួប​នៅ​សម័យ​របស់​លោក ពេត្រុស​បាន​ដាស់​តឿន​ពួកគេ​ឲ្យ​ងាក​ទៅ​រក​គ្នា​ដោយ​សេចក្ដី​ស្រឡាញ់ និង​ភាព​ទន់​ភ្លន់ ( សូម​មើល ពេត្រុស​ទី១ ១:២២, ៣:៨–៩ ) ។ លើស​ពី​នេះ​ទៀត យើង​បាន​អាន​នៅ​ក្នុង ពេត្រុស​ទី១ ៥ ថា​ ពេត្រុស​បាន​ពន្យល់​អំពី​របៀប​ដែល​ថ្នាក់​ដឹកនាំ​សាសនា​ចក្រ​​គួរ​ពង្រឹង​ដល់​ក្រុម​ជំនុំ​របស់​ខ្លួន ។

សំបុត្រ​នេះ​ប្រហែល​ជា​មាន​នូវ​សេចក្ដី​យោង​ដ៏​ច្បាស់​លាស់​បំផុតពី​ព្រះគម្ពីរ​ប៊ីប​​ទៅ​នឹង​ពិភព​វិញ្ញាណ និង​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ​ដែល​មាន​នៅ​ទីនោះ ។ ពេត្រុស​បាន​លើក​ឡើង​ដោយ​សង្ខេប​ថា ព្រះយេស៊ូវ​គ្រីស្ទ​បាន​យាង​ទៅ​ពិភព​វិញ្ញាណ​ ដើម្បី​ប្រកាស​ដំណឹងល្អ​ដល់​វិញ្ញាណ​​ទាំងឡាយ​ដែល​ខ្វះ​ការ​គោរព​ប្រតិបត្តិ​ ដែល​ធ្លាប់​បាន​​រស់នៅ​ក្នុង​សម័យ​របស់​ណូអេ ( សូម​មើល ពេត្រុស​ទី១ ៣:១៨–២០ ) ។ លោក​បាន​បន្ថែម​ថា ដំណឹងល្អ​ត្រូវ​បាន​ប្រកាស​ដល់​មនុស្ស​ស្លាប់ ដើម្បី​ឲ្យ​ពួកគេ​មាន​ឱកាស​ទទួល​បាន​ការ​កាត់​សេចក្ដី​​ក្នុង​លក្ខខណ្ឌ​ស្មើ​គ្នា​នឹង​ពួក​មនុស្ស​ដែល​មាន​ជីវិត​ដែរ ( សូមមើល ពេត្រុស​ទី១ ៤:៥–៦ ) ។ នៅ​ក្នុង​គ្រា​កាន់​កាប់​ត្រួត​ត្រា​របស់​យើង ប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ កាល​លោក​កំពុង​សញ្ជឹង​គិត​អំពីអត្ថន័យ​នៃ ពេត្រុស​ទី១ ៣:១៨–២០ និង ពេត្រុស​ទី១ ៤:៦ នោះ​លោក​បាន​ទទួល​វិវរណៈ​មួយ​ដែល​បញ្ជាក់​ពីគោលលទ្ធិ​ទាក់​ទង​នឹង​ពិភព​វិញ្ញាណ ( សូម​មើល គ. និង ស. ១៣៨ ) ។

គម្រោង

ពេត្រុស​ទី១ ១:១–២:១០ ពេត្រុស​សរសេរ​ពី​អ្វីដែល​ពួក​បរិសុទ្ធ​​ត្រូវការ ​ដើម្បី​រីក​ចម្រើន​ខាង​វិញ្ញាណ​ ដើម្បី​ទទួល​បាន​រង្វាន់​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។ ការ​សន្យា​នៃ​សេចក្ដី​សង្គ្រោះ​អាច​កើត​មាន​ឡើង តាមរយៈ​ព្រះលោហិត​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ ពួក​បរិសុទ្ធ​គឺជា «ពូជ​ជ្រើស​រើស ជា​ពួក​សង្ឃ​ហ្លួង ជា​សាសន៍​បរិសុទ្ធ ជា​រាស្ត្រ​ដ៏​ជា​កេរ​អាករ​នៃ​ព្រះ » ( ពេត្រុស​ទី១ ២:៩ ) ដែល​បាន​ទទួល​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះ ។

ពេត្រុស​ទី១ ២:១១–៣:១២ ពួក​សិស្ស​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​ស្វែង​រក​ឲ្យ​កិត្តិយស​ដល់​មនុស្ស​ទាំងអស់ ហើយ​ធ្វើ​តាម​មន្ត្រី​ស៊ីវិល និង​ច្បាប់ ។ ពេត្រុស​លើក​ឡើង​ពី​ក្រុម​ជាក់​លាក់​នៃ​ពួក​បរិសុទ្ធ ៖ ជន​សេរី ពួក​បាវបម្រើ ពួក​ភរិយា និង​​ពួក​ស្វាមី ។

ពេត្រុស​ទី១ ៣:១៣–៥:១៤ នៅ​ពេល​ការ​បៀតបៀន​ធ្វើ​ឲ្យ​ពួក​បរិសុទ្ធ​រងទុក្ខ នោះ​ពួកគេ​ត្រូវ​ចងចាំ​ដល់​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​​ដែល​បាន​រង​ទុក្ខ ហើយដែល​​បន្ទាប់​មក​បាន​ទទួល​ការ​លើក​តម្កើង ។ ព្រះយេស៊ូវ​គ្រីស្ទ​បាន​ប្រកាស​ដំណឹងល្អ​ដល់​មនុស្ស​ស្លាប់​ ដើម្បី​ឲ្យ​ពួកគេ​អាច​ទទួល​បាន​ការ​កាត់​សេចក្ដី​ដ៏​យុត្តិធម៌​មួយ ។ ថ្នាក់​ដឹកនាំ​សាសនាចក្រ​ធ្វើ​តាម​គំរូ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​នៅ​ក្នុង​ការ​មើល​ថែ​​ដល់​ហ្វូង​កូនចៀម​របស់​ព្រះ ។ ពួក​បរិសុទ្ធ​ត្រូវ​បន្ទាប​ខ្លួន ​ហើយ​ទុក​ការ​ព្រួយ​បារម្ភ​របស់​ពួកគេ​​លើ​ព្រះ ។