មេរៀនទី ១០៣
កូរិនថូសទី១ ១-២
សេចក្តីផ្ដើម
បន្ទាប់ពីដឹងអំពីបញ្ហាដែលសមាជិកសាសនាចក្រនៅកូរិនថូសបានជួបប្រទះ ប៉ុលបានសរសេរសំបុត្រដល់សមាជិកទាំងនេះ ហើយបានដាស់តឿនពួកគេឲ្យបំបាត់ចោលនូវការឈ្លោះប្រកែកគ្នា ហើយចេះសាមគ្គីគ្នា ។ លោកក៏បានពន្យល់ផងដែរថា ព្រះហៅពួកទន់ខ្សោយ ហើយរាបសា ឲ្យប្រកាសដំណឹងល្អរបស់ទ្រង់ ហើយថារឿងនៃព្រះអាចដឹង ហើយយល់បានតែតាមរយៈព្រះវិញ្ញាណប៉ុណ្ណោះ ។
យោបល់សម្រាប់ការបង្រៀន
កូរិនថូសទី១ ១:១-១៦
ប៉ុលសរសេរសំបុត្រដល់ពួកបរិសុទ្ធនៅកូរិនថូស ហើយដាស់តឿនពួកគេឲ្យបំបាត់ចោលនូវការឈ្លោះប្រកែកគ្នា ហើយចេះសាមគ្គីគ្នា
សូមបង្ហាញរូបភាពមួយអំពីគ្រួសារ ក្រុមកីឡា និងមិត្តមួយក្រុមដល់សិស្សក្នុងថ្នាក់ ( ឬសរសេរពាក្យ គ្រួសារ ក្រុមកីឡា ក្រុមមិត្តភក្ដិ នៅលើក្ដារខៀន ) ។
-
តើអ្វីទៅដែលបណ្ដាលឲ្យមានការបែកបាក់ និងការឈ្លោះប្រកែកគ្នានៅក្នុងក្រុមទាំងនេះ ?
-
តើការបែកបាក់ និងការឈ្លោះប្រកែកគ្នាបែបនេះអាចជះឥទ្ធិពលដល់គ្រួសារ ក្រុម ឬមិត្តភក្ដិយ៉ាងដូចម្ដេច ?
-
តើការបែកបាក់ និងការឈ្លោះប្រកែកគ្នាបែបនេះនៅក្នុងចំណោមសមាជិកសាសនាចក្រ អាចជះឥទ្ធិពលដល់សាសនាចក្រយ៉ាងដូចម្ដេចដែរ ?
នៅពេលសិស្សសិក្សា កូរិនថូសទី១ ១ សូមអញ្ជើញពួកគេឲ្យរកមើលសេចក្ដីពិតមួយអំពីការបែកបាក់ និងការឈ្លោះប្រកែកគ្នា ដែលប៉ុលបានបង្រៀនដល់ពួកបរិសុទ្ធនៅកូរិនថូស ។
សូមអញ្ជើញសិស្សបើកទៅផែនទីក្នុងព្រះគម្ពីរ ល.រ. ១៣ « ដំណើររបស់សាវកប៉ុលទៅផ្សាយសាសនា » ដែលមាននៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ហើយរកកូរិនថូសនៅលើផែនទីនោះ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអានកថាខណ្ឌខាងក្រោមនេះឲ្យឮៗ ៖
នៅក្នុងដំណើរទៅផ្សាយសាសនាទីពីររបស់លោក ប៉ុលបានធ្វើដំណើរទៅក្រុងមួយឈ្មោះថា កូរិនថូស ជាកន្លែងដែលលោកបានប្រកាសដំណឹងល្អ ។ មានមនុស្សជាច្រើនបានជ្រមុជទឹកនៅគ្រានោះ ( សូមមើល កិច្ចការ ១៨:១–១៨ ) ។ ក្រោយមកទៀត កាលប៉ុលកំពុងប្រកាសដំណឹងល្អនៅអេភេសូរ លោកបានដឹងថា មានបញ្ហាបានកើតឡើងនៅក្នុងចំណោមសមាជិកសាសនាចក្រនៅកូរិនថូស ដោយសារមានពួកអ្នកប្រែចិត្តជឿមួយចំនួនបានត្រឡប់ទៅរកជំនឿដើមរបស់ពួកគេ ហើយអនុវត្តការថ្វាយបង្គំរូបព្រះវិញ ។ ប៉ុលបានសរសេរសំបុត្រដល់សមាជិកសាសនាចក្រនៅកូរិនថូសដើម្បីពង្រឹងពួកគេ ហើយរំឭកពួកគេអំពីការតាំងចិត្តរបស់ពួកគេដើម្បីបម្រើព្រះអម្ចាស់ ។
សូមអញ្ជើញសិស្សម្នាក់អាន កូរិនថូសទី១ ១:១-២ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាមរកមើលថា ប៉ុលបាននិយាយទៅសមាជិកសាសនាចក្រនៅកូរិនថូសយ៉ាងដូចម្ដេច ។
-
តើប៉ុលបាននិយាយទៅសមាជិកសាសនាចក្រនៅកូរិនថូសយ៉ាងដូចម្ដេច ?
-
យោងតាម ខទី ១ តើប៉ុលមានតួនាទីអ្វីខ្លះនៅក្នុងសាសនាចក្រ ?
សូមសង្ខេប កូរិនថូសទី ១ ១:៣–៩ ដោយពន្យល់ថា ប៉ុលបានប្រាប់ពួកបរិសុទ្ធនៅកូរិនថូសថា លោកមានអំណរគុណដល់ព្រះជំនួសពួកគេសម្រាប់ព្រះគុណ ដែលពួកគេបានទទួលតាមរយៈព្រះយេស៊ូវគ្រីស្ទ ដែលបានប្រទានពរដល់ពួកគេតាមគ្រប់វិធី ។ សូមចង្អុលបង្ហាញថា នៅពេលប៉ុលបាននិយាយទៅកាន់ពួកបរិសុទ្ធ លោកបានប្រើភាសាដែលចង្អុលបង្ហាញថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទគឺជាតួអង្គពីរដាច់ដោយឡែកពីគ្នា ( សូមមើល ខទី ៣ ) ។
សូមអញ្ជើញសិស្សម្នាក់អាន កូរិនថូសទី១ ១:១០-១១ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាមរកមើលថា ប៉ុលបានដាស់តឿនពួកបរិសុទ្ធនៅកូរិនថូសឲ្យធ្វើអ្វីខ្លះ ។
-
យោងតាម កូរិនថូសទី១ ១:១០ តើព្រះអម្ចាស់រំពឹងឲ្យយើងធ្វើអ្វីខ្លះ ក្នុងនាមជាសមាជិកសាសនាចក្រ ? ( ដោយប្រើពាក្យសម្ដីផ្ទាល់ខ្លួនរបស់ពួកគេ សិស្សគប្បីស្គាល់នូវគោលការណ៍មួយស្រដៀងគ្នាដូចតទៅនេះ ៖ ព្រះអម្ចាស់រំពឹងឲ្យយើងសាមគ្គីគ្នាក្នុងនាមជាពួកបរិសុទ្ធ ហើយបំបាត់ចោលនូវការបែកបាក់ និងការឈ្លោះប្រកែកគ្នា ) ។
-
ក្នុងនាមជាសមាជិកសាសនាចក្រ តើយើងអាចធ្វើអ្វីខ្លះដើម្បីបំបាត់ចោលនូវការបែកបាក់ និងការឈ្លោះប្រកែកគ្នានៅក្នុងក្រុមគ្រួសាររបស់យើង ? នៅក្នុងវួដរបស់យើង ? ( សូមសរសេរចម្លើយរបស់សិស្សនៅលើក្ដារខៀន ) ។
-
តើយើងអាចទទួលពរជ័យអ្វីខ្លះមកពីការសាមគ្គីគ្នា ហើយបំបាត់ចោលនូវការឈ្លោះប្រកែកគ្នានោះ ?
-
តើអ្នកធ្លាប់មានពរនៅពេលណាដែរដោយសារតែការសាមគ្គីគ្នានៅក្នុងថ្នាក់ កូរ៉ុម ឬវួដ ឬ សាខា ?
សូមឲ្យសិស្សមើលទៅចម្លើយដែលបានសរសេរនៅលើក្ដារខៀន ហើយលើកទឹកចិត្តពួកគេឲ្យជ្រើសយកវិធីមួយដែលពួកគេអាចបំបាត់ចោលនូវការបែកបាក់ និងការឈ្លោះប្រកែកគ្នា ហើយដាក់គោលដៅមួយដើម្បីអនុវត្តវា ។
សូមសង្ខេប កូរិនថូសទី១ ១:១២–១៦ ដោយពន្យល់ថា ពួកបរិសុទ្ធនៅកូរិនថូសបានបែងចែកជាក្រុមទៅតាមអ្នកដែលជ្រមុជទឹកឲ្យពួកគេ ។ ការទាស់ទែងគ្នាបានកើនឡើង ដោយសារពួកគេបានជឿថា ស្ថានភាពរបស់ពួកគេនៅក្នុងសាសនាចក្រគឺត្រូវបានកំណត់ថាសំខាន់តាមរយៈបុគ្គលដែលបានជ្រមុជទឹកឲ្យពួកគេប៉ុណ្ណោះ ។
កូរិនថូសទី១ ១:១៧-៣១
ប៉ុលបង្រៀនថា ព្រះហៅពួកទន់ខ្សោយឲ្យប្រកាសដំណឹងល្អរបស់ទ្រង់
សូមពន្យល់ថា នៅសម័យប៉ុល មានជនជាតិក្រិកជាច្រើនបានរស់នៅកូរិនថូស ។ ជនជាតិក្រិកទាំងនេះបានឲ្យតម្លៃយ៉ាងខ្លាំងទៅលើគំនិតខាងទស្សនវិជ្ជា និងប្រាជ្ញាខាងលោកិយ ។
-
ហេតុអ្វីមនុស្សម្នាក់ ដែលឲ្យតម្លៃទៅលើទស្សនវិជ្ជាខាងលោកិយ អាចមានការពិបាកដើម្បីទទួលយកដំណឹងល្អ ? ( អ្នកគួរអាន នីហ្វៃទី២ ៩:២៨ ) ។
នៅពេលសិស្សសិក្សាកូរិនថូសទី ១ ១:១៧–៣១ សូមអញ្ជើញពួកគេឲ្យរកមើលសេចក្ដីពិតមួយ ដែលអាចជួយពួកគេឲ្យយល់អំពីការបោកបញ្ឆោតតាមរយៈប្រាជ្ញាខាងលោកិយ ។
សូមបែងចែកសិស្សទាំងឡាយជាបួនក្រុមតូចៗ ។ ចូរចាត់សេចក្ដីយោងបទគម្ពីរមួយដូចមានខាងក្រោមនេះដល់សិស្សក្នុងក្រុមនីមួយៗ ៖ កូរិនថូសទី១ ១:១៧–១៨, កូរិនថូសទី១ ១:១៩–២០, កូរិនថូសទី១ ១:២១–២២ និង កូរិនថូសទី១ ១:២៣–២៤ ។ សូមអញ្ជើញសិស្សឲ្យអានខគម្ពីរទាំងនេះនៅក្នុងក្រុមរបស់ពួកគេ ដោយរកមើលថាប៉ុលបាននិយាយអ្វីខ្លះ អំពីភាពខុសគ្នានៃប្រាជ្ញារបស់លោកិយ និងព្រះបញ្ញាញាណរបស់ព្រះ ។ សូមពន្យល់ថា ឃ្លា « ដ្បិត ព្រះគ្រីស្ទមិនបានចាត់ខ្ញុំឲ្យមកធ្វើបុណ្យជ្រមុជទឹកទេ » នៅក្នុង ខទី ១៧ ណែនាំថា ប៉ុលមិនមែនត្រូវបានបញ្ជូនទៅ ដើម្បីបង្កើនកេរ្ដិ៍ឈ្មោះដោយផ្អែកលើចំនួននៃពួកអ្នកប្រែចិត្តជឿ ដែលលោកបាននាំមកនោះទេ ។ អ្នកក៏គួរពន្យល់ផងដែរថា ឃ្លា « ប្រាជ្ញារបស់ពួកអ្នកប្រាជ្ញ »នៅក្នុង ខទី ១៩ និង « ប្រាជ្ញារបស់លោកីយ៍នេះ »នៅក្នុង ខទី ២០ សំដៅទៅលើទម្លាប់ខាងទស្សនវិជ្ជាដែលមិនបានធ្វើឲ្យខូចនៅជំនាន់នោះ ។
បន្ទាប់ពីឲ្យពេលគ្រប់គ្រាន់ហើយ សូមអញ្ជើញសិស្សម្នាក់ពីក្រុមនីមួយៗឲ្យសង្ខេបប្រាប់ដល់សិស្សក្នុងថ្នាក់ថាប៉ុលបានបង្រៀនអ្វីខ្លះ ដល់ពួកបរិសុទ្ធនៅកូរិនថូសអំពីប្រាជ្ញា ។ បន្ទាប់ពីក្រុមទាំងអស់បានប្រាប់រួចហើយ សូមសួរ ៖
-
ហេតុអ្វីអ្នកគិតថា ពួកឥតជំនឿបានគិតថា សារលិខិតអំពីដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទគឺជារឿងឆ្កួតលីលា ?
សូមអញ្ជើញឲ្យសិស្សម្នាក់អាន កូរិនថូសទី១ ១:២៥ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាមរកមើលថាប៉ុលបានបង្រៀនអ្វីខ្លះអំពីប្រាជ្ញាមនុស្សប្រៀបផ្ទឹមទៅនឹងព្រះបញ្ញាញាណរបស់ព្រះ ។ សូមពន្យល់ថា ប៉ុលបានប្រើឃ្លា « សេចក្តីល្ងង់ល្ងើរបស់ព្រះ នោះមានប្រាជ្ញាលើសជាងមនុស្ស » និង « សេចក្តីកំសោយរបស់ព្រះ ក៏មានកំឡាំងលើសជាងមនុស្សដែរ » ដើម្បីបង្ហាញអំពីព្រះបញ្ញាញាណ និងព្រះចេស្ដារបស់ព្រះ ។ ព្រះពុំមានសេចក្ដីល្ងង់ល្ងើ ឬភាពកំសោយណាមួយឡើយ ។
-
តើប៉ុលបានបង្រៀនសេចក្ដីពិតអ្វីខ្លះ អំពីប្រាជ្ញាមនុស្សប្រៀបផ្ទឹមនឹងព្រះបញ្ញាញាណរបស់ព្រះ ? ( បន្ទាប់ពីសិស្សឆ្លើយហើយ សូមសរសេរសេចក្ដីពិតខាងក្រោមនេះនៅលើក្ដារខៀន ៖ ព្រះបញ្ញាញាណរបស់ព្រះគឺ ធំជាងប្រាជ្ញាមនុស្សទៅទៀត ) ។
-
តើការយល់ដឹងអំពីសេចក្ដីពិតនេះអាចជះឥទ្ធិពលយ៉ាងដូចម្ដេច ទៅលើរបៀបដែលមនុស្សម្នាក់ស្វែងរកដំណោះស្រាយសម្រាប់បញ្ហារបស់គាត់ ?
សូមអញ្ជើញសិស្សម្នាក់អាន កូរិនថូសទី១ ១:២៦-២៧ឲ្យឮៗ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាមរកមើលថាព្រះបានជ្រើសយកនរណាដើម្បីប្រកាសដំណឹងល្អរបស់ទ្រង់ ។
-
តើព្រះបានជ្រើសយកនរណាដើម្បីប្រកាសដំណឹងល្អរបស់ទ្រង់ ?
-
ហេតុអ្វីអ្នកគិតថា ព្រះបានជ្រើសយកមនុស្សដែលលោកិយនេះរាប់ទុកថាជាមនុស្សល្ងង់ ហើយកំសោយដើម្បីប្រកាសដំណឹងល្អរបស់ទ្រង់ ?
កូរិនថូសទី១ ២
ប៉ុលពន្យល់អំពីរបៀបដែលយើងរៀនពីរឿងរបស់ព្រះ
សូមអញ្ជើញសិស្សម្នាក់ឲ្យអានដំណើររឿងខាងក្រោមដោយប្រធាន ប៊យដ៏ ឃេ ផាកកឺ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ឲ្យឮៗ ៖
« ខ្ញុំអង្គុយនៅក្នុងយន្តហោះក្បែរអ្នកពុំជឿព្រះម្នាក់ ដែលបង្ហាញការពុំជឿព្រះរបស់គាត់យ៉ាងបន្ទាន់រហូតធ្វើឲ្យខ្ញុំបានថ្លែងទីបន្ទាល់របស់ខ្ញុំទៅកាន់គាត់ ។ ខ្ញុំបានថ្លែងថា ‹ លោកយល់ខុសហើយ តាមពិតគឺមានព្រះមួយអង្គ ។ ខ្ញុំ ដឹង ថាទ្រង់មានព្រះជន្មរស់ ! ›
« គាត់បានតវ៉ាថា ‹ លោកពុំ ដឹងទេ ។ គ្មាននរណាម្នាក់ ដឹង អំពីរឿងនោះទេ ! លោកមិនអាចដឹងរឿងនោះទេ ! › នៅពេលខ្ញុំឈប់តប បុរសឥតជឿលើព្រះរូបនោះដែលជាមេធាវី បានចោទសួរនូវសំណួរមួយដ៏ពិបាកបំផុតអំពីប្រធានបទទីបន្ទាល់ ។ គាត់ពោលពាក្យចំអក ហើយមានឫកអួតអាងថា ‹ មែនហើយ លោកនិយាយថា លោកដឹងរឿងនោះ ។ សូមប្រាប់ខ្ញុំបានទេ តើលោកដឹង តាមរបៀបណា › ។
« នៅពេលខ្ញុំព្យាយាមឆ្លើយ ទោះជាខ្ញុំមានចំណេះដឹងជ្រៅជ្រះក្ដី ក៏ខ្ញុំពិបាកនឹងឆ្លើយខ្លាំងណាស់ ។ …
« នៅពេលខ្ញុំប្រើពាក្យ ព្រះវិញ្ញាណ និង សាក្សី បុរសនោះបានតបថា ‹ ខ្ញុំពុំយល់អ្វីដែលលោកចង់និយាយទេ › ។ ពាក្យ ការអធិស្ឋាន ការចេះញែកដឹង និង សេចក្ដីជំនឿ គឺគ្មានន័យចំពោះគាត់នោះទេ ។ គាត់បានពោលថា ‹ លោកឃើញទេ លោកពុំដឹងរឿងនោះទេ ។ ប្រសិនបើលោកដឹងមែន នោះលោកប្រាកដជាអាចប្រាប់ខ្ញុំបានហើយថា លោកដឹងវាតាមរបៀបណា › ។
« ខ្ញុំ … មិនដឹងថាត្រូវធ្វើអ្វីនោះទេ » ( « The Candle of the Lord » Ensign ខែ មករា ឆ្នាំ១៩៨៣ ទំព័រ ៥១ ) ។
-
តើអ្នកនឹងនិយាយអ្វីខ្លះ ទៅកាន់បុរសឥតជឿព្រះម្នាក់នោះ ?
នៅពេលសិស្សសិក្សា កូរិនថូសទី១ ២ សូមអញ្ជើញពួកគេឲ្យរកមើលសេចក្ដីពិតដែលនឹងជួយពួកគេឲ្យដឹងអំពីហេតុផល ដែលបុរសម្នាក់នេះពុំអាចយល់ប្រសាសន៍របស់ប្រធាន ផាកកឺ និងហេតុផលដែលពួកគេអាចមានភាពជឿជាក់នៅក្នុងចំណេះដឹងរបស់ពួកគេអំពីបញ្ហាខាងវិញ្ញាណ ។
សូមសង្ខេប កូរិនថូសទី១ ២:១–៨ ដោយពន្យល់ថា ប៉ុលបានប្រាប់ពួកបរិសុទ្ធនៅកូរិនថូសថា លោកពុំបានប្រើប្រាជ្ញាខាងលោកិយ ដើម្បីធ្វើឲ្យពួកគេជឿលើដំណឹងល្អឡើយ ។ លោកបានបង្រៀនពួកគេដោយព្រះវិញ្ញាណដើម្បីឲ្យពួកគេមានសេចក្ដីជំនឿលើព្រះ ។ ប៉ុលក៏បានប្រាប់ពួកគេផងដែរថា ពួកអ្នកឥតជំនឿមិនអាចយល់អំពីអាថ៌កំបាំងរបស់ព្រះឡើយ ។
សូមឲ្យសិស្សបីបួននាក់ប្ដូរវេនគ្នាអានឮៗនៅក្នុង កូរិនថូសទី១ ២:៩-១៦ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាមរកមើលអំពីហេតុផលដែលប៉ុលបាននិយាយថា មនុស្សមួយចំនួនអាចស្គាល់ ហើយយល់ « សេចក្តីជ្រាលជ្រៅនៃព្រះ » ( ខទី ១០ ) កាលមនុស្សផ្សេងទៀតពុំអាច ។
-
យោងតាម ខទី ៩–១០ ហេតុអ្វីប៉ុល និងមនុស្សស្មោះត្រង់ផ្សេងទៀតអាចយល់អំពីការណ៏ទាំងឡាយនៃព្រះ ?
-
យោងតាម ខទី ១៤ ហេតុអ្វីមនុស្សមួយចំនួនពុំអាចយល់អំពីការណ៏ទាំងឡាយនៃព្រះ ?
-
តើយើងអាចរៀនសេចក្ដីពិតអ្វីខ្លះ នៅក្នុងខគម្ពីរទាំងនេះ អំពីរបៀបដែលយើងអាចស្គាល់ ហើយយល់អំពីរឿងនៃព្រះ ? ( សិស្សអាចនឹងប្រើពាក្យខុសៗគ្នា ប៉ុន្តែត្រូវប្រាកដថា ពួកគេស្គាល់ពីសេចក្ដីពិតខាងក្រោមនេះ ៖ យើងអាចដឹង ហើយយល់អំពីរឿងរ៉ាវរបស់ព្រះបាន តែតាមរយៈព្រះវិញ្ញាណរបស់ទ្រង់ប៉ុណ្ណោះ ) ។
សូមលើកឡើងពីដំណើររឿងរបស់ប្រធានផាកកឺ ហើយពន្យល់ថា ប្រធាន ផាកកឺ បានទទួលការបំផុសគំនិតឲ្យសួរបុរសដែលអង្គុយក្បែរលោកនៅលើយន្តហោះអំពីរសជាតិអំបិល ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអានឮៗនូវដំណើររឿងបន្តទៀតរបស់ប្រធាន ផាកកឺ ។
« ពិតណាស់ បន្ទាប់ពីបានព្យាយាមឆ្លើយពីរបីលើកមក លោកពុំអាចធ្វើឲ្យបុរសនោះយល់បានឡើយ ។ លោកពុំអាចប្រើតែពាក្យសម្ដីម្យ៉ាងនោះទេ ដូច្នេះលោកក៏បានចែកចាយបទពិសោធន៍ដ៏សាមញ្ញមួយនៃការភ្លក់រសជាតិអំបិល ។ ខ្ញុំបានថ្លែងទីបន្ទាល់ទៅគាត់ម្ដងទៀត ហើយពោលថា ‹ ខ្ញុំដឹងថា មានព្រះ ។ លោកបានចំអកដល់ទីបន្ទាល់នោះ ហើយពោលថា ប្រសិនបើខ្ញុំ ពិតជា ដឹងមែន នោះខ្ញុំនឹងអាចប្រាប់លោកពី របៀប ដ៏ជាក់លាក់ដែលខ្ញុំដឹងហើយ ។ សំឡាញ់អើយ ប្រសិនបើនិយាយខាងវិញ្ញាណ ខ្ញុំធ្លាប់ភ្លក់អំបិល ។ ខ្ញុំមិនអាចបង្រៀនលោកជាពាក្យសម្ដីពីរបៀបដែលចំណេះដឹងនេះបានកើតឡើងលើសពីអ្វី ដែលលោកត្រូវប្រាប់ខ្ញុំពីរសជាតិអំបិលបានឡើយ ។ ប៉ុន្តែខ្ញុំសូមនិយាយទៅកាន់លោកថា មានព្រះពិតមែន ! ទ្រង់ពិតជាមានព្រះជន្មរស់ ! ហើយដោយសារតែ លោកពុំដឹង សូមកុំព្យាយាមប្រាប់ខ្ញុំថា ខ្ញុំពុំដឹងអីពីព្រោះខ្ញុំដឹងពីរឿងនេះ ! ›
« កាលយើងបែកចេញពីគ្នា ខ្ញុំបានឮគាត់រអ៊ូថា ‹ ខ្ញុំពុំត្រូវការសាសនារបស់លោកស្អីនោះទេ ! ខ្ញុំពុំត្រូវការវាសោះឡើយ › ។
« ចាប់តាំងពីថ្ងៃមានបទពិសោធន៍នោះមក ខ្ញុំពុំដែលខ្មាស់អៀន ឬអាម៉ាស់រហូតដល់ខ្ញុំពុំអាចពន្យល់ពីអ្វីៗដែលខ្ញុំដឹងខាងវិញ្ញាណ ដែលខ្ញុំពុំអាចពន្យល់ជាពាក្យសម្ដីសោះឡើយ » ( « The Candle of the Lord » ទំព័រ ៥២ ) ។
សូមសរសេរពាក្យ ការណ៏ទាំងឡាយនៃព្រះ នៅលើក្ដារខៀន ហើយសួរសិស្សថា អ្វីទៅដែលពួកគេនឹងចាត់ទុកថាជាការណ៏នៃព្រះ ដែលគ្រាន់តែអាចស្គាល់ ហើយយល់តែតាមរយៈព្រះវិញ្ញាណរបស់ទ្រង់ប៉ុណ្ណោះ ។ សូមសរសេរចម្លើយរបស់ពួកគេនៅលើក្តារខៀន ។
-
ហេតុអ្វីវាជារឿងដ៏សំខាន់ដែលយើងត្រូវជឿថា យើងអាចដឹង ហើយយល់អំពីរឿងរ៉ាវរបស់ព្រះបាន តែតាមរយៈព្រះវិញ្ញាណរបស់ទ្រង់ប៉ុណ្ណោះ ?
សូមឲ្យសិស្សមើលមកបញ្ជីលើក្ដារខៀន ហើយអញ្ជើញពួកគេឲ្យ ចែកចាយ ពីបទពិសោធន៍មួយដែលពួកគេបានស្គាល់ ហើយយល់តាមរយៈព្រះវិញ្ញាណនូវរឿងមួយរបស់ព្រះក្នុងចំណោមរឿងទាំងនេះរបស់ព្រះ ។ សូមគិតពីការចែកចាយនូវបទពិសោធន៍ផ្ទាល់ខ្លួនអ្នក ។
សូមលើកទឹកចិត្តសិស្សឲ្យពិចារណាថា ពួកគេអាចធ្វើអ្វីខ្លះ ដើម្បីស្វែងរកជំនួយពីព្រះវិញ្ញាណ នៅពេលពួកគេព្យាយាមចង់ស្គាល់ ហើយយល់អំពីការណ៏ទាំងឡាយនៃព្រះ ។
សូមបញ្ចប់មេរៀនដោយថ្លែងទីបន្ទាល់អំពីសេចក្ដីពិត ដែលបានបង្រៀននៅក្នុងមេរៀននេះ ។