បណ្ណាល័យ
សេចក្ដីផ្ដើម​អំពីសំបុត្រ​ទី​ពីរ​របស់​ប៉ុល​ដល់​ពួកកូរិនថូស


សេចក្ដីផ្ដើមអំពី​សំបុត្រ​ទី​ពីរ​របស់​ប៉ុល​ដល់​ពួកកូរិនថូស

ហេតុអ្វី​ត្រូវសិក្សាគម្ពីរនេះ ?

សំបុត្រ​ទី​ពីរ​របស់​ប៉ុល​ដល់​ពួកកូរិនថូស​ បង្ហាញ​ពី​បាវចនា​របស់​ខ្លួន​ស្ដីពី​ការ​លួង​លោម​នៅ​កណ្ដាល​នៃ​ទុក្ខព្រួយ កម្លាំង​នៅ​កណ្ដាល​នៃ​ភាព​ទន់ខ្សោយ ( តួយ៉ាង​ដូចជា​ប៉ុល​ខ្លួន​ឯង​ផ្ទាល់ ) និង​កា​រស្គាល់​គ្រូបង្រៀន​ពិត និង​គ្រូបង្រៀន​ក្លែងក្លាយ ។ គំរូ និង​ការ​បង្រៀន​របស់​ប៉ុល​ដែល​បាន​កត់​ត្រា​នៅ​ក្នុង​កូរិនថូទី ២ អាច​បំផុស​គំនិត​សិស្ស​ឲ្យ​បន្ត​មាន​ភក្ដីភាព ហើយ​ស្មោះត្រង់​ចំពោះ​សេចក្ដី​សញ្ញា​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ ដែល​ពួកគេ​បាន​​ធ្វើ​ជាមួយ​នឹង​ព្រះ ជា​ព្រះវរបិតា​ដ៏​អស់កល្ប​ជានិច្ច មិនថា​ស្ថិតក្នុងកាលៈទេសៈ ឬ​ផលវិបាក​បែប​ណា​នោះទេ ។

តើ​នរណា​ជា​អ្នកសរសេរ​គម្ពីរ​នេះ ?

ប៉ុល​បាន​សរសេរ​សំបុត្រ​ទី​ពីរ​ទៅ​ពួក​កូរិនថូស ( សូមមើល កូរិនថូស​ទី​ ២ ១:១ ) ។

តើ​នៅពេលណា និង នៅកន្លែងណា​ដែល​គម្ពីរ​នេះ​ត្រូវ​បាន​សរសេរ ?

មិនយូរប៉ុន្មានបន្ទាប់​ពី​ប៉ុល​បាន​សរសេរ​កូរិនថូស​ទី ១ មាន​កុប្បកម្ម​មួយ​កើត​ឡើង​នៅ​អេភេសូរ​ទាស់​នឹង​ការ​បង្រៀន​របស់​លោក ( សូមមើល កិច្ចការ ១៩:២៣–៤១ ) ហើយលោក​​បាន​ចេញ​ទៅម៉ាសេដូន ( សូមមើល កិច្ចការ ២០:១, កូរិនថូសទី ២ ២:១៣, ៧:៥ ) ។ លោក​ទំនង​ជា​សរសេរ​កូរិនថូសទី ២ កាល​លោក​ស្នាក់នៅ​ម៉ាសេដូន ប្រមាណជា គ.ស. ៥៥-៥៧( សូមមើល សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « សំបុត្រ​របស់​ប៉ុល » scriptures.lds.org ) ។

តើ​គម្ពីរ​នេះ​ត្រូវបាន​និពន្ធ​ឡើង​សម្រាប់​នរណា ហើយ​តើ​ហេតុអ្វី ?

គម្ពីរ​កូរិនថូស​ទី ២ ត្រូវ​បាន​សរសេរ​ទៅ​សមាជិក​សាសនាចក្រ​នៅ​ក្រុង​កូរិនថូស ។ កាល​ប៉ុល​ស្នាក់​នៅ​ម៉ាសេដូន​ក្នុង​ដំណើរ​បេសកកម្ម​លើក​ទីបី​របស់​លោក ទីតុស​បាន​​​នាំ​ដំណឹងល្អ​មក​ប្រាប់​លោក​ថា សំបុត្រមួយ​ច្បាប់​មុន​ដែល​លោក​បាន​ផ្ញើ​ទៅ​ ត្រូវ​បាន​​ពួក​បរិសុទ្ធ​នៅ​ទី​នោះទទួល​យ៉ាង​រីករាយ ( សូមមើល កូរិនថូសទី ២ ៧:៦–១៣ ) ។ សាខា​កូរិនថូស​កំពុង​មាន​ការ​រីកចម្រើន ប៉ុន្តែ​ប៉ុល​ក៏​បាន​ដឹង​ថា មាន​ពួក​គ្រូ​បង្រៀន​ក្លែង​ក្លាយ​នៅ​ទីនោះ ដែល​កំពុង​តែបង្ខូច​ដល់​គោលលទ្ធិ​បរិសុទ្ធ​របស់​ព្រះ​គ្រីស្ទផង​​ដែរ ។ បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​របស់​ប៉ុលទៅ​ក្រុង​កូរិនថូស ហើយ​ប្រហែល​ជាវាជា​ដំណើរ​លើក​ទីពីរ ( កូរិនថូសទី ២ ១:១៥–១៦ ) កាល​ប៉ុល​បាន​ស្ដី​បន្ទោស​ដល់​ពួក​បរិសុទ្ធ ( សូមមើល កូរិនថូសទី ២ ២:១​, ១២:២១ ) ពួក​គ្រូគង្វាល​មក​ពី​ក្រុង​យេរូសាឡិម​បាន​មក​ក្រុង​កូរិនថូស ហើយ​បាន​ចាប់ផ្ដើម​បង្រៀន​ពួកបរិសុទ្ធ​ថា ពួកគេ​ត្រូវ​តែ​សម្របខ្លួន​ទៅ​នឹង​ទំនៀមទម្លាប់​របស់​សាសន៍​យូដា ដែល​ផ្ទុយ​នឹង​ការ​បង្រៀន​របស់​ប៉ុល ។ ភាគច្រើន​នៅ​ក្នុង​កូរិនថូស​ទី ២ លើក​ឡើង​ពី​បញ្ហា​នានា​ដែល​បាន​បង្កើត​ឡើង​ដោយ​ពួក​គ្រូបង្រៀន​ក្លែង​ក្លាយ​ទាំងនេះ ។

សំបុត្រ​របស់​ប៉ុល​បាន​មានប្រសាសន៍ពី​ជន​ដែល​ប្រាថ្នា​ចង់​រៀន​ពីពាក្យ​សម្ដី​របស់​លោក​បន្ថែម​ទៀត ( សូមមើល កូរិនថូសទី ២ ១–៩ ) និង​ជនដែល​ទើសទាល់​​ក្នុង​ការ​ទទួល​យក​ការ​បង្រៀន​របស់​លោក ( សូមមើល កូរិនថូសទី ២ ១០–១៣ ) ។ ជាទូទៅ អត្ថបទ​នៅ​ក្នុង​កូរិនថូស​ទី ២ បើក​សម្ដែង​នូវ​គោលបំណង​មួយ​ចំនួន​អំពី​សំបុត្រ​នេះ ៖

  1. ដើម្បី​បង្ហាញ​អំណរគុណ ហើយ​ពង្រឹង​ដល់​ពួក​បរិសុទ្ធ​ដែល​ចូលចិត្ត​សំបុត្រ​របស់​លោក​កាល​ពី​លើក​មុន

  2. ដើម្បី​ព្រមានពី​​គ្រូបង្រៀន​ក្លែងក្លាយ ដែល​បាន​បង្ខូច​ដល់​គោលលទ្ធិ​របស់​ព្រះគ្រីស្ទ

  3. ដើម្បីការ​ពារ​កិត្តិនាម​ផ្ទាល់ និង​សិទ្ធិ​អំណាច​របស់​លោក​ក្នុង​នាម​ជា​សាវក​របស់​ព្រះយេស៊ូវ​គ្រីស្ទ ( សូមមើល កូរិនថូសទី ២ ១០–១៣ )

  4. ដើម្បី​លើក​ទឹក​ចិត្ត​ពួក​បរិសុទ្ធ​នៅ​ក្រុង​កូរិនថូ​ស ឲ្យ​ថ្វាយ​ដង្វាយ​ជាប្រាក់​ដោយ​ចិត្ត​សប្បុរស​​ទៅ​ដល់ពួក​បរិសុទ្ធ ​នៅ​ក្រុង​យេរូសាឡិម​ដែល​កំពុង​ខ្វះខាត ( សូមមើល កូរិនថូសទី ២ ៨–៩ )

តើ​នៅក្នុង​គម្ពីរ​នេះមាន​លក្ខណៈ​ពិសេស​អ្វី​ខ្លះ ?

កាល​ដែល​សំបុត្រ​ជាច្រើន​របស់​ប៉ុល​ផ្ដោត​លើ​គោលលទ្ធិ ភាគច្រើន​នៃ​សំបុត្រ​នេះ​​​គូស​បញ្ជាក់​ពី​ទំនាក់ទំនង​របស់​ប៉ុល​ជាមួយ​ពួក​បរិសុទ្ធ​នៅ​កូរិនថូស ព្រម​ទាំង​សេចក្ដីស្រឡាញ់​របស់​​លោក​ និង​កង្វល់​របស់​លោក​ចំពោះ​ពួកគេ ។ ប៉ុន្តែប៉ុល​បាន​មានជំហរយ៉ាង​មុតមាំ​ជំទាស់​នឹង​ការ​ទិតៀន​នៅ​ក្នុង​កូរិនថូស​ទី ២ ទាំង​មូល យើងមើល​​ឃើញលោកគឺជា​ថ្នាក់ដឹកនាំ​បព្វជិតភាព​មួយ​រូប​ដ៏ទន់ភ្លន់ ​ដែល​ចេះ​យក​ចិត្ត​ទុកដាក់​ពី​សុភមង្គល និង​សុខុមាលភាព​របស់​ពួកបរិសុទ្ធ ។ ប៉ុល​ក៏​បាន​ចែកចាយព័ត៌មាន​លម្អិត​មួយ​ចំនួន​អំពី​ជីវប្រវត្តិ​របស់​លោក ហើយ​បាន​សរសេរ​ពី « បន្លា​មួយ​ចាត់​មក​ក្នុង​សាច់​ឈាម​ខ្ញុំ » ( កូរិនថូសទី ២ ១២:៧ ) ។

នៅ​ក្នុង​បទពិសោធន៍​ដ៏​ពិសិដ្ឋ​មួយ ​ដែល​បាន​កត់​ត្រា​នៅ​ក្នុង កូរិនថូស​ទី ២ ១២:២–៤ ប៉ុល​បាន​ពិពណ៌នា​ខ្លួន​ឯង​ថា​ជា « មនុស្ស​ម្នាក់​នៅ​ក្នុង​ព្រះគ្រីស្ទ » ដែល « បាន​លើក​ឡើងទៅ​ស្ថានសួគ៌​នៅ​ជាន់ទីបី » ជា​កន្លែង​ដែល​លោក​បាន​ឃើញ ហើយ​បាន​ស្ដាប់​​ឮរឿងដែលមិនអាច​ប្រាប់​បាន ។ ការនិមិត្ត​នេះ រួម​ជាមួយ​នឹង​សេចក្ដីថ្លែង​ការណ៍ខាង​គោលលទ្ធិ​របស់​លោក​កាល​ពីមុន​ស្ដីពី​ភាព​ខុស​គ្នា​​នៅ​ក្នុង​សិរីល្អ​នៃ​រូបកាយ​ដែល​បាន​រស់​ឡើង​វិញ ( សូមមើល កូរិនថូសទី ១ ១៥:៣៥–៤៤ ) អាច​ត្រូវ​បាន​មើល​ឃើញ​ថា​មានភាព​ស្រដៀង​គ្នា​មួយ​ក្នុង​ព្រះគម្ពីរ​ប៊ីប​ទៅ​នឹង​ការនិមិត្ត ​ដែល​បាន​កត់​ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦ ។

គម្រោង

កូរិនថូសទី ២ ១–៥ ប៉ុល​ថ្លែង​ទីបន្ទាល់​ថា ព្រះ​លួង​លោមកូនចៅ​របស់​ទ្រង់​ នៅ​ក្នុងគ្រប់ការ​ឈឺចាប់​ខ្លោចផ្សារបស់​ពួកគេ ។ លោក​សំណូម​ពរ​ឲ្យ​ពួក​បរិសុទ្ធ​ចេះ​ស្រឡាញ់​គ្នា ហើយ​អត់ទោស​ឲ្យ​គ្នា​ទៅវិញ​ទៅមក ។ ដំណឹងល្អ និង​កិច្ចការ​នៃ​ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់​មាន​សិរីល្អ​ជាងអក្សរ​នៅ​ក្នុង​ក្រឹត្យវិន័យ​របស់​ម៉ូសេ​ទៅ​ទៀត ។ ប៉ុល​លើក​ទឹក​ចិត្ត​ពួក​អ្នក​អាន​របស់​លោក នៅ​ក្នុង​គ្រាលំបាក​របស់​ពួកគេ ហើយ​រំឭក​ពួកគេ​ពី​លក្ខណៈ​ដ៏​នៅ​អស់​កល្ប​ជានិច្ច​នៃ​សេចក្ដីស្រឡាញ់ និង​សិរីល្អ​របស់​ព្រះ ។ លោក​បាន​ជួយ​ពួក​អ្នក​អាន​ឲ្យ​យល់​ពី​សេចក្ដីត្រូវការ​របស់​ពួកគេ ​ដើម្បី​ស្រុះស្រួល​នឹង​ព្រះ​តាម​រយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

កូរិនថូសទី ២ ៦–១៣ ខណៈពេលកំពុង​ប្រឈម​មុខនឹង​ការ​ទិតៀន និង​ការ​ជំទាស់​ពី​ពួក​គ្រូបង្រៀន​ក្លែង​ក្លាយ ប៉ុល​ការ​ពារ​សេចក្ដីស្មោះ​របស់​លោក​​ក្នុង​នាម​ជា​អ្នកបម្រើ​របស់​ព្រះអម្ចាស់ ហើយ​អញ្ជើញ​ពួក​អ្នក​អាន​របស់​លោក​ឲ្យញែក​ខ្លួន​ចេញ​ពី​លោកិយ ។ លោក​បង្រៀន​អំពី « សេចក្ដី​ព្រួយ » ( សូមមើល កូរិនថូសទី២ ៧:១០ ) ។ ប៉ុល​ថ្លែង​អំណរគុណ​ដល់​ពួក​បរិសុទ្ធ​នៅ​ក្រុង​កូរិនថូស​ចំពោះការ​បរិច្ចាគ​របស់​ពួកគេ​​ដល់​ជនក្រីក្រ​នៅ​ក្រុង​យេរូសាឡិម ហើយ​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​បន្ត​ផ្ដល់​ឲ្យ​ដោយ​ចិត្ត​សប្បុរស ។ លោក​ថ្លែងយ៉ាង​មុតមាំទាស់​នឹង « សាវក​ក្លែងក្លាយ » ( កូរិនថូសទី២ ១១:១៣ ) ។ ប៉ុលទទួល​សិរីល្អ​នៅ​ក្នុង​ព្រះអម្ចាស់ ហើយ​ចែកចាយ​សេចក្តីលម្អិតខាង​ជីវប្រវត្តិ​​ពី​សេចក្តី​ឈឺចាប់ និង​សេចក្ដីជំនឿ​របស់​លោកទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ លោក​សរសេរនូវការនិមិត្ត​របស់​លោក​អំពី​ស្ថានសួគ៌​ទីបី ។ ប៉ុល​អញ្ជើញ​ពួក​បរិសុទ្ធ​ឲ្យ​ពិនិត្យ​មើល​ខ្លួន​ឯង ហើយ​បង្ហាញ​ខ្លួន​ឯង​ថា​ស្មោះត្រង់ ។