មេរៀនទី ១១៥
កូរិនថូស ទី២ ៦-៧
សេចក្តីផ្ដើម
ប៉ុលបានបន្តនិយាយគាំទ្រចំពោះទង្វើរបស់លោក ក្នុងនាមជាអ្នកបម្រើការងាររបស់ព្រះទៅកាន់ពួកបរិសុទ្ធនៅកូរិនថូស ។ លោកបានដាស់តឿនពួកបរិសុទ្ធឲ្យញែកខ្លួនឯងចេញពីអំពើទុច្ចរិតទាំងអស់ ។ លោកបានបញ្ជាក់ពីការលះបង់របស់លោកទៅពួកបរិសុទ្ធ ហើយបានរីករាយដែលពួកគេបានសោកស្ដាយ ហើយបានប្រែចិត្តពីអំពើបាបខ្លួន ។
យោបល់សម្រាប់ការបង្រៀន
កូរិនថូស ទី២ ៦:១-១៣
ប៉ុលពិពណ៌នាពីបុគ្គលិកលក្ខណៈនៃពួកអ្នកបម្រើការងាររបស់ព្រះ
សូមអញ្ជើញសិស្សឲ្យគិតពិចារណាអំពីស្ថានភាពដូចខាងក្រោមនេះ ៖
-
កាលអ្នក និងសមាជិកមួយចំនួនទៀតនៅក្នុងវួដ ឬសាខារបស់អ្នកកំពុងធ្វើការបម្រើមួយ មានមនុស្សមួយចំនួនបានដើរក្បែរ ហើយបាននិយាយពាក្យមិនល្អអំពីសាសនាចក្រ ។ តើនឹងមានអ្វីកើតឡើង ប្រសិនបើអ្នក និងសមាជិកផ្សេងទៀតក្នុងក្រុមអ្នកបានតបតនឹងពាក្យទ្រគោះបោះបោកនោះ ?
ចូរសុំឲ្យសិស្សគិតពីគ្រាដែលពួកគេអាចជួបប្រទះនឹងឧបសគ្គ ឬការចំអកកាលពួកគេកំពុងបម្រើព្រះអម្ចាស់ ។ នៅពេលសិស្សសិក្សាកូរិនថូសទី២ ៦:១-១៣សូមអញ្ជើញពួកគេឲ្យរកមើលសេចក្ដីពិតមួយ ដែលអាចជួយពួកគេនៅក្នុងគ្រាបែបនេះ ។
សូមសង្ខេប កូរិនថូសទី ២ ៦:១–២ ដោយពន្យល់ថា ប៉ុលបានហៅខ្លួនលោក និងពួកអ្នកបម្រើផ្សេងទៀតថា « អ្នកធ្វើការជាមួយនឹងព្រះ » ( ខទី ១ ) មានន័យថា « អ្នកធ្វើការជាមួយនឹងព្រះគ្រីស្ទ » យោងតាមការបកប្រែដោយ យ៉ូសែប ស្ម៊ីធ សម្រាប់ កូរិនថូសទី ២ ៦:១ ។ ប៉ុលបានដកស្រង់ពាក្យសម្ដីរបស់ព្យាការីអេសាយ ( សូមមើល អេសាយ ៤៩:៨ ) ដើម្បីគូសបញ្ជាក់ថា ពេលវេលាបានមកដល់ហើយ ដែលពួកបរិសុទ្ធត្រូវពិចារណាពីសេចក្ដីសង្គ្រោះខ្លួន ។
សូមអញ្ជើញសិស្សម្នាក់អាន កូរិនថូសទី២ ៦:៣-៧ឲ្យឮៗ ។ ចូរសុំឲ្យសិស្សពាក់កណ្ដាល់ថ្នាក់រកមើលពាក្យ ឬឃ្លាដែលពិពណ៌នាពីឧបសគ្គដែលប៉ុល និងពួកអ្នកបម្រើការងារផ្សេងទៀតបានជួបប្រទះ ។ ចូរសុំឲ្យសិស្សពាក់កណ្ដាល់ថ្នាក់ទៀតរកមើលពាក្យ ឬឃ្លាដែលពិពណ៌នាថា តើប៉ុល និងពួកអ្នកបម្រើការងារផ្សេងទៀតមានប្រតិកម្មយ៉ាងណាដែរចំពោះឧបសគ្គនោះ ។
-
តើឧបសគ្គបែបណាដែលប៉ុល និងពួកអ្នកបម្រើការងារផ្សេងទៀតបានជួប ?
-
តើពាក្យ ឬឃ្លាអ្វីខ្លះដែលបានពិពណ៌នាពីរបៀបដែលពួកលោកមានប្រតិកម្មចំពោះឧបសគ្គនោះ ?
សូមរំឭក ខទី ៣ ហើយពន្យល់ថា ពាក្យ ការងារបម្រើ សំដៅទៅលើកិច្ចការរបស់សាសនាចក្រ ។
-
តើទង្វើរបស់សមាជិកសាសនាចក្រសព្វថ្ងៃនេះអាចជះឥទ្ធិពលដូចម្តេចខ្លះ ដល់ទស្សនៈរបស់មនុស្សដទៃអំពីសាសនាចក្រ ?
-
តើអ្នកអាចសង្ខេបការបង្រៀនរបស់ប៉ុលនៅក្នុង ខទី ៣-៧ទៅជាគោលការណ៍មួយបានយ៉ាងដូចម្ដេច ? ( សិស្សគួររកឃើញគោលការណ៍មួយ ដែលស្រដៀងគ្នានឹងគោលការណ៍ខាងក្រោមនេះ ៖ នៅពេលយើងតបតនឹងឧបសគ្គដោយសេចក្ដីស្រឡាញ់ ចិត្តសប្បុរស និងសេចក្ដីសុចរិត នោះយើងអាចជួយមនុស្សដទៃទៀតឲ្យមើលឃើញសាសនាចក្រនៅក្នុងផ្លូវវិជ្ជមានមួយ ) ។
សូមរំឭកសិស្សពីស្ថានភាពដែលបានលើកឡើងកាលពីដើមមេរៀន ។ សូមអញ្ជើញពួកគេឲ្យពន្យល់ថា មនុស្សម្នាក់អាចតបតទៅនឹងស្ថានភាពនោះតាមរបៀបដ៏សុចរិតមួយបានយ៉ាងដូចម្ដេច ហើយថាអ្វីទៅជាផលដែលកើតចេញពីការធ្វើដូច្នេះ ។
កូរិនថូសទី២ ៦:១៤-១៨
ប៉ុលទូន្មានពួកបរិសុទ្ធឲ្យក្រោកចេញពីពួកទុច្ចរិត
សូមបំបែកសិស្សជាគូ ហើយចែក ឯកសារដែលភ្ជាប់មកជាមួយទៅដល់សិស្សម្នាក់ៗ ។
ព្រះគម្ពីរសញ្ញាថ្មី សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា—មេរៀនទី១១៥
ទូន្មានដល់ពួកបរិសុទ្ធ |
ការសន្យាមកពីព្រះអម្ចាស់ |
---|---|
© ឆ្នំា ២០១៥ ដោយ Intellectual Reserve, Inc. រក្សាសិទ្ធិគ្រប់យ៉ាង ។
សូមឲ្យសិស្សអាន កូរិនថូសទី ២ ៦:១៤–១៨ ជាមួយនឹងដៃគូ ។ ចូរសុំសិស្សម្នាក់ពីដៃគូនីមួយៗ រកមើលពាក្យទូន្មានរបស់ប៉ុលទៅកាន់ពួកបរិសុទ្ធទាំងឡាយ ។ ចូរសុំឲ្យសិស្សម្នាក់ទៀតរកមើលការសន្យាមកពីព្រះអម្ចាស់ដែលនឹងត្រូវបំពេញ ប្រសិនបើពួកបរិសុទ្ធស្ដាប់តាមពាក្យទូន្មានរបស់ប៉ុលនោះ ។ សូមអញ្ជើញពួកគេឲ្យប្រើអ្វីដែលពួកគេបានរកឃើញដើម្បីបំពេញតារាងនោះរួមគ្នា ។ អ្នកគួរពន្យល់ថា ពាក្យ ត្រូវអ្វីនឹងគ្នា មានន័យថាការប្រព្រឹត្តចុះសម្រុង អារក្សបេលាល សំដៅទៅលើអំពើទុច្ចរិត ( សូមមើល Bible Dictionary « Belial » ) ហើយ អ្នកដែលមិនជឿ សំដៅទៅលើពួកអ្នកឥតជំនឿ ឬអ្នកដែលជឿលើរូបព្រះ ប៉ុន្តែមិនជឿលើព្រះវរបិតាសួគ៌ ។ លើសពីនេះទៀត កាលពីមុនប៉ុលធ្លាប់បានប្រៀបធៀបពួកបរិសុទ្ធនៅកូរិនថូសទៅនឹងព្រះវិហារបរិសុទ្ធរបស់ព្រះ ដូច្នេះពាក្យវិហារសំដៅទៅលើពួកគេ ។
សូមទុកពេលឲ្យដៃគូប្រាប់គ្នាពីអ្វីដែលពួកគេបានរកឃើញ ហើយបំពេញតារាងនោះ ។
សូមពន្យល់ថា ប៉ុលបានព្រមានជាពិសេសឲ្យពួកបរិសុទ្ធដកខ្លួនចេញពី « របស់ស្មោគគ្រោក » ( ខទី ១៧ )—រួមបញ្ចូលទាំង រឿងអបិយជំនឿ និងអ្នកដែលគោរតាមវា—ដើម្បីការពារពួកគេពីអំពើបាប ។ រឿងអបិយជំនឿគឺជាការស្រឡាញ់ ឬថ្វាយបង្គំអ្វីដែលបង្កើតដោយមនុស្សច្រើនជាងរឿងមកពីព្រះ ។
សូមអញ្ជើញសិស្សឲ្យសរសេរពាក្យ ប្រសិនបើ នៅពីលើចំណងជើង « ទូន្មានដល់ពួកបរិសុទ្ធ » និងពាក្យ នោះ នៅពីលើចំណងជើង « ការសន្យាមកពីព្រះអម្ចាស់ » នៅក្នុងឯកសាររបស់ពួកគេ ។
-
តើយើងអាចរៀនគោលការណ៍អ្វីខ្លះនៅក្នុងកូរិនថូសទី ២ ៦:១៤–១៨នេះ ? ( សិស្សអាចនឹងរកឃើញគោលការណ៍មួយចំនួន ប៉ុន្តែត្រូវគូសបញ្ជាក់ថានៅពេលយើងដកខ្លួនចេញពីទម្លាប់ខុសឆ្គង និងរឿងស្មោគគ្រោក នោះព្រះអម្ចាស់នឹងទទួលយកយើង ) ។
-
តើអ្វីទៅជាគំរូនៃទម្លាប់ខុសឆ្គង ឬរឿងស្មោគគ្រោកមួយចំនួននៅក្នុងសម័យរបស់យើង ?
-
តើយើងអាចដកខ្លួនចេញពីរឿងទាំងនេះ និងអ្នកដែលចូលចិត្តអ្វីទាំងនោះបានយ៉ាងដូចម្ដេច ?
សូមពន្យល់ថា គោលការណ៍នេះពុំមែនមានន័យថា យើងធ្វើដាក់មនុស្សដែលមានជំនឿផ្សេងដោយកោងកាច ឬមិនសេពគប់នឹងពួកគេនោះទេ ប៉ុន្តែសូមបញ្ជាក់ជំនឿយើងឡើងវិញដោយការគោរព ហើយចៀសវាងពីការចូលរួមនៅក្នុងសកម្មភាពនានាដែលដឹកនាំយើងទៅរកអំពើបាប ។
-
តើអ្នកគិតថា ឃ្លាព្រះអម្ចាស់ « នឹងទទួល » យើង ( កូរិនថូសទី ២ ៦:១៧ )មានន័យដូចម្ដេច ?
សូមអញ្ជើញសិស្សឲ្យពិចារណាពីគ្រាមួយ ដែលពួកគេមានអារម្មណ៍ថា ព្រះអម្ចាស់បានគង់នៅជាមួយនឹងពួកគេ នៅពេលពួកគេបានដកខ្លួនចេញពីទម្លាប់ខុសឆ្គងដែលអាចនឹងដឹកនាំឲ្យពួកគេឃ្លាតឆ្ងាយពីព្រះអម្ចាស់ ។ សូមឲ្យសិស្សពីរបីនាក់ចែកចាយបទពិសោធន៍របស់ពួកគេ ។
សូមអញ្ជើញសិស្សឲ្យពិចារណាពីអ្វីដែលពួកគេត្រូវធ្វើ ដើម្បីដកខ្លួនចេញពីទម្លាប់ខុសឆ្គង និងរឿងស្មោគគ្រោកនានា ដើម្បីឲ្យពួកគេអាចទទួលបាននូវពរជ័យទាំងឡាយរបស់ព្រះអម្ចាស់ ។
កូរិនថូសទី២ ៧
ប៉ុលរីករាយដោយសារការប្រែចិត្តដ៏ពិតរបស់ពួកបរិសុទ្ធ
សូមអញ្ជើញសិស្សម្នាក់ឲ្យអានសាច់រឿងដូចខាងក្រោមឲ្យឮៗ ៖
នៅក្នុងកិច្ចសម្ភាសន៍មួយសម្រាប់បណ្ណ័ចូលព្រះវិហារបរិសុទ្ធ ដើម្បីរៀបអាពាហ៍ពិពាហ៍ មានយុវនារីម្នាក់បានសារភាពពីអំពើបាបមួយចំនួនពីមុនដល់ប៊ីស្សពរបស់នាង ។ បន្ទាប់ពីការពិភាក្សាក្រោយមកទៀត ប៊ីស្សពនោះបានដឹងថា យុវនារីនោះពុំបានប្រែចិត្តពិតប្រាកដពីអំពើបាបនាងឡើយ ហើយថាអំពើបាបនាងគឺមានសភាពធ្ងន់ធ្ងរល្មម ដែលធ្វើឲ្យនាងគ្មានភាពសក្ដិសមដើម្បីកាន់ប័ណ្ណចូលព្រះវិហារបរិសុទ្ធ ។ ប៊ីស្សពរូបនោះពន្យល់ថា យុវនារីម្នាក់នឹងត្រូវតែរង់ចាំរហូតដល់នាងបានប្រែចិត្តពេញលេញសិន ដើម្បីទទួលបានប័ណ្ណនោះ ។ នាងបានភ័យខ្លាច ហើយក៏ប្រកាសថា នាងបានប្រែចិត្តហើយ ដោយសារនាងមិនបានធ្វើអំពើបាបទាំងនោះយូរមកហើយ ។ ប៊ីស្សពរូបនោះបានពន្យល់ថា ការគ្រាន់តែឈប់ពីអំពើបាបនោះ វាពុំមែនជាការប្រែចិត្តពេញលេញនោះទេ ហើយគាត់អញ្ជើញនាងឲ្យចាប់ផ្ដើមដំណើរការនៃការប្រែចិត្តពិតប្រាកដដោយស្មោះត្រង់ ។
-
តើអ្នកគិតថា យុវនារីនោះមានអារម្មណ៍បែបណាដែរនៅក្នុងកិច្ចសម្ភាសន៍ត្រង់ចំណុចនោះ ?
សូមអញ្ជើញសិស្សឲ្យបន្តអានសាច់រឿងនោះឲ្យឮៗ ៖
យុវនារីនោះពន្យល់ទៅប៊ីស្សពនាងថា នាងខកចិត្តខ្លាំងណាស់ដោយព្រោះតែសំបុត្រអញ្ជើញ សម្រាប់ពិធីមង្គលការនាងត្រូវបានផ្ញើចេញអស់ហើយ ។ នាងនិយាយថា នាងមិនអាចប្រឈមមុខនឹងសំណួរ និងភាពអាម៉ាស់ ដោយសារតែការពន្យារពេលមង្គលការរបស់នាងបានឡើយ ។ នាងសួរថា តើមានវិធីណាមួយផ្សេងទៀត ដែលនាងអាចផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធដូចដែលបានគ្រោងទុក រួចហើយធ្វើការប្រែចិត្តតាមក្រោយបានទេ ។
-
ដោយផ្អែកទៅលើការឆ្លើយតបរបស់យុវនារីនោះទៅកាន់ប៊ីស្សព តើអ្វីទៅដែលនាងទំនងជាខ្វល់ខ្វាយខ្លាំងជាងគេបំផុតនោះ ?
សូមអញ្ជើញសិស្សឲ្យរកមើលសេចក្ដីពិតមួយ នៅពេលពួកគេសិក្សា កូរិនថូសទី២ ៧ ដែលយុវនារីនៅក្នុងសាច់រឿងនោះត្រូវយល់ពីមុននាងអាចប្រែចិត្តយ៉ាងពិតប្រាកដពីអំពើបាបរបស់នាង ។
សូមសង្ខេប កូរិនថូសទី ២ ៧:១–៧ ដោយពន្យល់ថា ប៉ុលបានបន្តទាស់ប្រឆាំងនឹងជនដែលចង់មួលបង្កាច់លោក ហើយបានអះអាងដល់ពួកបរិសុទ្ធនៅកូរិនថូសថា លោកមិនបានធ្វើខុសនឹងនរណាម្នាក់នោះទេ ។
សូមអញ្ជើញសិស្សម្នាក់អាន កូរិនថូសទី២ ៧:៨-៩ឲ្យឮៗ ។ ចូរសុំសិស្សក្នុងថ្នាក់ឲ្យផ្ទៀងតាមរកមើលថា សំបុត្រដំបូងមួយរបស់ប៉ុលបានជះឥទ្ធិពលដល់ពួកបរិសុទ្ធនៅកូរិនថូសដោយរបៀបណា ។
-
តើសំបុត្រនោះបានជះឥទ្ធិពលដល់ពួកបរិសុទ្ធយ៉ាងដូចម្ដេច ?
-
ហេតុអ្វីប៉ុលរីករាយនៅក្នុងភាពសោកសៅរបស់ពួកគេ ?
សូមឲ្យសិស្សម្នាក់អាន កូរិនថូសទី២ ៧:១០-១១ ដោយស្ងាត់ស្ងៀម ។ អ្នកគួរណែនាំឲ្យពួកគេគូសចំណាំពីទុក្ខសោកពីរប្រភេទដែលប៉ុលបានលើកឡើង និងអ្វីដែលប្រភេទនីមួយៗដឹកនាំទៅរក ។
-
តើអ្វីជាទុក្ខសោកពីរប្រភេទដែលប៉ុលបានលើកឡើង ?
សូមសរសេរចំណងជើង សេចក្ដីព្រួយដែលគាប់ព្រះទ័យដល់ព្រះ និង ការសោកសៅខាងលោកិយ នៅលើក្ដារខៀន ។ សូមអញ្ជើញសិស្សម្នាក់អានឲ្យឮៗនូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ដែលបានពន្យល់ពីអត្ថន័យនៃពាក្យ « ការសោកសៅខាងលោកិយ » ៖
រូបភាពប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន« ការឃើញថា បុរស និងស្ត្រីនៅក្នុងពិភពលោកនេះដែលមានអារម្មណ៍សោកស្ដាយចំពោះរឿងដែលពួកគេធ្វើខុសនោះ វាជារឿងធម្មតាទេ ។ ពេលខ្លះ ការណ៍នេះគឺដោយសារទង្វើរបស់ពួកគេបានធ្វើឲ្យពួកគេ ឬអស់អ្នកដែលពួកគេស្រឡាញ់មានរឿងទុក្ខសោក និងទុក្ខវេទនាដ៏ធំ ។ ពេលខ្លះ ទុក្ខសោករបស់ពួកគេបានកើតឡើង ដោយសារពួកគេត្រូវចាប់បាន ហើយទទួលទណ្ឌកម្មដោយសារទង្វើរបស់ពួកគេ ។ អារម្មណ៍ខាងលោកិយបែបនេះពុំបានបង្កើត ‹ សេចក្ដីព្រួយដែលគាប់ព្រះទ័យដល់ព្រះ › នោះទេ » ( Teachings of Presidents of the Church: Ezra Taft Benson [ ឆ្នាំ ២០១៤ ] ទំព័រ ៨២ ) ។
-
តើអ្នកនឹងសង្ខេបពីអត្ថន័យនៃការសោកសៅខាងលោកិយយ៉ាងដូចម្តេច ?
-
យោងតាម ខទី ១០តើការសោកសៅខាងលោកិយអាចដឹកនាំទៅរកអ្វី ? ( សូមពន្យល់ថា ពាក្យ សេចក្ដីស្លាប់ នៅក្នុង ខទី ១០ សំដៅទៅលើសេចក្ដីស្លាប់ខាងវិញ្ញាណ មានន័យថា ការបែកចេញពីព្រះ ។ នៅក្រោមចំណងជើង « ការសោកសៅខាងលោកិយ » នៅលើក្ដារខៀន សូមសរសេរសេចក្ដីពិតដូចខាងក្រោម ៖ ការសោកសៅខាងលោកិយអាចដឹកនាំទៅរកសេចក្ដីស្លាប់ខាងវិញ្ញាណ ឬការបែកចេញពីព្រះ ) ។
-
តើការសោកសៅខាងលោកិយអាចនាំមនុស្សម្នាក់ទៅរកសេចក្ដីស្លាប់ខាងវិញ្ញាណយ៉ាងដូចម្ដេច ? ( វាអាចរារាំងមនុស្សម្នាក់មិនឲ្យប្រែចិត្តពិតប្រាកដ និងមិនឲ្យទទួលបានការអភ័យទោសពីព្រះវរបិតាសួគ៌ ) ។
-
ដោយផ្អែកលើ ខទី ១០តើសេចក្ដីព្រួយដែលគាប់ព្រះទ័យដល់ព្រះដឹកនាំទៅរកអ្វី ? ( នៅក្រោមចំណងជើង « សេចក្ដីព្រួយ » នៅលើក្ដារខៀន សូមសរសេរសេចក្ដីពិតដូចខាងក្រោម ៖ សេចក្តីព្រួយដែលគាប់ព្រះទ័យដល់ព្រះដឹកនាំយើងទៅរកការប្រែចិត្តពីអំពើបាបរបស់យើង ហើយទទួលបានសេចក្ដីសង្គ្រោះ ) ។
ដើម្បីជួយសិស្សឲ្យយល់កាន់តែប្រសើរឡើងពីហេតុផល ដែលសេចក្ដីព្រួយដឹកនាំយើងទៅរកការប្រែចិត្ត សូមអញ្ជើញសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ដោយប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ឲ្យឮៗ ៖
រូបភាពប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន« សេចក្ដីព្រួយដែលគាប់ព្រះទ័យដល់ព្រះគឺជាអំណោយទាននៃព្រះវិញ្ញាណ ។ វាគឺជាការយល់ដឹងដ៏ជ្រាលជ្រៅមួយថា ទង្វើរបស់យើងបានធ្វើឲ្យព្រះវរបិតារបស់យើង និងព្រះរបស់យើងរវាតព្រះទ័យ ។ វាគឺជាចំណេះដឹងដ៏មុតមាំ ហើយសកម្មថា ឥរិយាបថរបស់យើងបានធ្វើឲ្យព្រះអង្គសង្គ្រោះ ដែលជាអង្គដែលគ្មានអំពើបាប ហើយជាអង្គដែលមហស្ចារ្យលើសគេទាំងអស់ ឲ្យស៊ូទ្រាំនឹងការឈឺចាប់ និងការរងទុក្ខ ។ អំពើបាបរបស់យើងបានធ្វើឲ្យទ្រង់ហូរព្រះលោហិតនៅតាមគ្រប់រន្ធញើស ។ ការឈឺចាប់ខាងផ្លូវចិត្ត និងខាងវិញ្ញាណដ៏ពិតនេះគឺជាអ្វីដែលព្រះគម្ពីរបានលើកឡើងថា ការមាន ‹ ចិត្តសង្រេង និង វិញ្ញាណទន់ទាប › ។ … ស្មារតីមួយបែបនេះគឺជាលក្ខណៈពេញលេញសម្រាប់ការប្រែចិត្តពិត » ( Teachings: Ezra Taft Benson ទំព័រ ៨៣ ) ។
-
ហេតុអ្វីអ្នកគិតថា សេចក្ដីព្រួយដឹកនាំយើងឲ្យមានការប្រែចិត្តពីអំពើបាបយើងយ៉ាងពិតប្រាកដ ?
សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតពីសាច់រឿងអំពីយុវនារី ដែលចង់បានបណ្ណ័ចូលព្រះវិហារបរិសុទ្ធនោះ ។
-
នៅក្នុងការសម្ភាសរបស់យុវនារីនោះជាមួយនឹងប៊ីស្សព តើទង្វើអ្វីដែលបង្ហាញថានាងមិនបានមានសេចក្ដីព្រួយដែលគាប់ព្រះទ័យដល់ព្រះ?
-
តើយើងអាចធ្វើអ្វីខ្លះ ដើម្បីជំនួសការសោកសៅខាងលោកិយជាមួយនឹងសេចក្ដីព្រួយដែលគាប់ព្រះទ័យដល់ព្រះ ?
ប្រសិនបើចាំបាច់ សូមជួយសិស្សឲ្យយល់ថា អារម្មណ៍នៃសេចក្ដីពិតដែលយើងមាន នៅពេលយើងប្រែចិត្តអាចមានភាពខុសៗគ្នាអាស្រ័យលើភាពធ្ងន់ធ្ងរនៃអំពើបាបនោះ ។
សូមថ្លែងទីបន្ទាល់ថា នៅពេលយើងមានសេចក្ដីព្រួយដែលគាប់ព្រះទ័យដល់ព្រះលើសពីការសោកសៅខាងលោកិយចំពោះអំពើបាប នោះយើងនឹងអាចប្រែចិត្តយ៉ាងពិតប្រាកដ ជ្រះស្អាតពីអំពើបាបរបស់យើង ហើយនៅទីបំផុតបានទទួលសេចក្ដីសង្គ្រោះ ។ សូមអញ្ជើញសិស្សឲ្យស្វែងរកសេចក្ដីព្រួយដែលគាប់ព្រះទ័យដល់ព្រះនៅក្នុងការខិតខំរបស់ពួកគេដើម្បីប្រែចិត្ត ។
សូមសង្ខេប កូរិនថូសទី ២ ៧:១២–១៦ ដោយពន្យល់ថា ប៉ុលបានបង្ហាញពីកង្វល់ និងទំនុកចិត្តរបស់លោកចំពោះពួកបរិសុទ្ធ ។
សូមរំឭកដោយសង្ខេបពីសេចក្ដីពិត ដែលសិស្សបានរកឃើញសម្រាប់ការសិក្សារបស់ពួកគេនៅក្នុង កូរិនថូសទី២ ៦–៧ ហើយលើកទឹកចិត្តពួកគេឲ្យធ្វើតាមរាល់ការបំផុតគំនិតដែលពួកគេមាន ដើម្បីអនុវត្តសេចក្ដីពិតទាំងនេះ ។
សេចក្តីពន្យល់ និង ព័ត៌មានសាច់រឿង
កូរិនថូសទី២ ៦:១៧ ។ « ចូរចេញពីកណ្តាលពួកគេទៅ ហើយញែកខ្លួនទៅដោយឡែក »
អែលឌើរ ឃ្វីនថិន អិល ឃុក ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ពីតម្រូវការដើម្បីញែកខ្លួនយើងចេញពីភាពស្មោកគ្រោក និងពរជ័យដែលកើតចេញពីការធ្វើដូច្នោះ ។
« ពាក្យ ពួកបរិសុទ្ធ ជាភាសាក្រិកមានន័យថា ‹ ញែកចេញ បំបែកចេញ [ និង ] បរិសុទ្ធ › [ នៅក្នុង Daniel H. Ludlow, ed., Encyclopedia of Mormonism វ៉ុល ៥ ( ឆ្នាំ ១៩៩២ ) ៣:១២៤៩ ] ។ ប្រសិនបើយើងចង់ធ្វើជាពួកបរិសុទ្ធនៅជំនាន់យើងនេះ យើងត្រូវតែដកខ្លួនចេញពីទង្វើអាក្រក់ និងសកម្មភាពបំផ្លិចបំផ្លាញនានាដែលពេញនិយមនៅក្នុងពិភពលោកនេះ ។
« យើងរងការវាយប្រហារដោយរូបភាពនៃអំពើហឹង្សា និងរឿងអសីលធម៌ ។ តន្ត្រីមិនសមរម្យ និងរូបអាសគ្រាមមានការកើនឡើងយ៉ាងខ្លាំង ។ ការប្រើថ្នាំញៀន និងគ្រឿងស្រវឹងគឺមិនអាចគ្រប់គ្រងបានឡើយ ។ ភាពស្មោះត្រង់ និងបុគ្គលិកលក្ខណៈល្អមានការគូសបញ្ជាក់តិចតួចណាស់ ។ បុគ្គលម្នាក់ៗត្រូវការសិទ្ធិរបស់ខ្លួន ប៉ុន្តែមិនបានយកចិត្តទុកដាក់ចំពោះកាតព្វកិច្ច ការទទួលខុសត្រូវ និងភារកិច្ចទាំងឡាយនោះទេ ។ វិធីដែលមនុស្សប្រាស្រ័យទាក់ទងគ្នាកាន់តែមានភាពគ្រោតគ្រាត ហើយមនុស្សតែងទៅរកអ្វីដែលជារបស់ខាងសាច់ឈាម ហើយថោកទាប ។ មារសត្រូវបានខិតខំគ្មានប្រណីឡើយ ដើម្បីបំផ្លាញផែនការនៃសេចក្ដីសុភមង្គល ។ ប្រសិនបើយើងដកខ្លួនចេញពីទង្វើរបស់លោកិយនេះ នោះយើងនឹងមានព្រះវិញ្ញាណនៅក្នុងជីវិតយើង ហើយមានអំណរចំពោះការធ្វើជាពួកបរិសុទ្ធដ៏សក្ដិសមនៅថ្ងៃចុងក្រោយ » ( « Are You a Saint? » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៣ ទំព័រ ៩៥ ) ។
កូរិនថូសទី២ ៧:៨–១១ ។ « សេចក្តីព្រួយរបស់លោកីយ៍ នោះបង្កើតសេចក្តីស្លាប់ »
ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ នៃគណៈប្រធានទីមួយបានពន្យល់ពីភាពខុសគ្នារវាងការសោកសៅខាងលោកិយ និងសេចក្ដីព្រួយដែលគាប់ព្រះទ័យដល់ព្រះ ៖
« មានភាពខុសគ្នាដ៏សំខាន់មួយរវាងភាពសោកសៅចំពោះអំពើបាបដែលនាំទៅរកការប្រែចិត្ត និងភាពសោកសៅដែលនាំទៅរកភាពអស់សង្ឃឹម ។
« សាវកប៉ុលបានបង្រៀនថា ‹ សេចក្ដីព្រួយដែលគាប់ព្រះហឫទ័យដល់ព្រះ នោះរមែងនាំឲ្យប្រែចិត្តឡើង ប្រយោជន៍ឲ្យបានសង្គ្រោះ … តែសេចក្ដីព្រួយរបស់លោកិយនោះបង្កើតសេចក្ដីស្លាប់វិញ ›[ កូរិនថូសទី២ ៧:១០ ការគូសបញ្ជាក់បានបន្ថែម ] ។ សេចក្ដីព្រួយដែលគាប់ព្រះទ័យដល់ព្រះ បំផុសឲ្យមានការផ្លាស់ប្ដូរ និងក្ដីសង្ឃឹមតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។ សេចក្ដីព្រួយខាងលោកិយ បំផ្លាញយើង ដកយកក្ដីសង្ឃឹម ហើយនាំយើងទៅរកការល្បួងបន្ថែមទៀត ។
« សេចក្ដីព្រួយដែលគាប់ព្រះទ័យដល់ព្រះ នាំទៅរកការប្រែចិត្តជឿ [ សូមមើល កិច្ចការ ៣:១៩ ] និងការផ្លាស់ប្ដូរដួងចិត្ត [ សូមមើល អេសេគាល ៣៦:២៦, កូរិនថូសទី ២ ៥:១៧, ម៉ូសាយ ៣:១៩ ] ។ វាធ្វើឲ្យយើងស្អប់អំពើបាប ហើយស្រឡាញ់សេចក្ដីល្អ [ សូមមើល ម៉ូសាយ ៥:២ ] ។ វាលើកទឹកចិត្តយើងឲ្យក្រោកឈរ ហើយដើរក្នុងពន្លឺនៃក្ដីស្រឡាញ់របស់ព្រះគ្រីស្ទ ។ ការប្រែចិត្តពិតគឺការផ្លាស់ប្ដូរ ពុំមែនជាទារុណកម្ម ឬការដាក់ទោសនោះឡើយ ។ មែនហើយ ការសោកស្ដាយ និងវិប្បដិសារីពិតចំពោះការមិនគោរពប្រតិបត្តិ ជារឿយៗមានការឈឺចាប់ ហើយជាជំហានដ៏សំខាន់មួយក្នុងដំណើរការប្រែចិត្តដ៏ពិសិដ្ឋនេះ ។ តែពេលកំហុសនាំទៅរកការស្អប់ ឬការពារខ្លួនឯងពីការក្រោកឈរម្ដងទៀត នោះវាកំពុងរារាំង ជាជាងលើកទឹកចិត្តឲ្យយើងប្រែចិត្តទៅវិញ ( « You Can Do It Now! » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ៥៦ ) ។
អែលឌើរ នែល អេ ម៉ាក់ស្វែល ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបានចង្អុលបង្ហាញថា ៖
« អំនួតចង់ឲ្យមានការប្រែចិត្តដែលឥតតម្លៃ បង់ថ្លៃជំនួសសេចក្ដីព្រួយដែលស្ទាក់ស្ទើរ ។ វាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ កាលពួកអ្នកដែលស្វែងរកការប្រែចិត្តដែលឥតតម្លៃក៏ស្វែងរកការអភ័យទោស ដែលស្ទាក់ស្ទើរជំនួសឲ្យការផ្សះផ្សារដ៏ពិតដែរនោះ ។ ដូច្នេះ ការប្រែចិត្តពិតគឺលើសពីពាក្យថា ‹ ខ្ញុំសូមទោស › ទៅទៀត » ( « Repentance » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩១ ទំព័រ ៣១ ) ។