បណ្ណាល័យ
មេរៀន​ទី ១០៩ ៖ កូរិនថូសទី១ ១២


មេរៀន​ទី ១០៩

កូរិនថូសទី១ ១២

សេចក្តី​ផ្ដើម

ប៉ុល​បាន​សរសេរ​អំពី​អំណោយទាន​យ៉ាង​ច្រើន​នៃ​ព្រះវិញ្ញាណ​ ។ លោក​បាន​ប្រៀប​ធៀប​សាសនាចក្រ​ទៅ​នឹង​រូបកាយ ហើយ​បាន​ពន្យល់​ថា ដូចជា​រូបកាយ​ត្រូវការ​គ្រប់​ផ្នែក​ទាំងអស់ឲ្យ​ដំណើរ​ការ​ត្រឹមត្រូវ​ដែរ ដូច្នេះ​សមាជិក​សាសនាចក្រ​ម្នាក់ៗ​អាច​ប្រើ​អំណោយទាន​នៃ​ព្រះវិញ្ញាណ​ឲ្យ​ចូល​រួម​ចំណែក ហើយ​ពង្រឹង​ដល់​សាសនាចក្រ ។

យោបល់​សម្រាប់​ការបង្រៀន

កូរិនថូសទី១ ១២:១-១១

ប៉ុល​បង្រៀន​អំពី​អំណោយទាន​ខាង​វិញ្ញាណ

សូម​ដាក់​បង្ហាញ​រូបភាព​ថ្ម​​ដូច​ខាងក្រោម​នេះ ៖

រូបភាព
stone, whate’er thou art act well thy part

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​អក្សរ​នៅ​ផ្នែក​ខាង​លើ​ថ្ម​នោះ​ឲ្យ​ឮៗ ។ សូម​ពន្យល់​ថា កាល​ប្រធាន ដេវីឌ អូ មិកឃេ បាន​បម្រើ​បេសកកម្ម​មួយ​នៅ​ប្រទេស​ស្កតឡង់ លោក​បាន​ឃើញ​ថ្ម​នេះ​នៅ​ពី​លើ​ទ្វារ​នៃ​អគារ​មួយ​ក្បែរ​ប្រាសាទ​ស្ទើលីង ហើយ​បាន​បំផុស​គំនិត​ដោយ​សារ​តែ​សារ​លិខិត​របស់​វា ( សូមមើល Francis M. Gibbons, David O. McKay: Apostle to the World, Prophet of God [ ឆ្នាំ ​១៩៨៦ ] ទំព័រ ៤៥ ) ។

សូម​ពន្យល់​ថា និមិត្ត​សញ្ញា​នីមួយៗ​នៅ​លើ​ថ្ម​ជ្រុង​ប្រាំ​បួន​ដុំ​នេះ​តំណាង​ឲ្យ​តម្លៃ​ជាលេខ​មួយ ។ ចូរ​សុំ​ឲ្យ​សិស្ស​បង្ហាញ​ពី​តម្លៃ​ជា​លេខ​នៃ​ថ្ម​នីមួយៗ ។ ( ពី​ឆ្វេង​ទៅ​ស្ដាំ និមិត្ត​សញ្ញា​តំណាង​លេខ ៥, ១០ និង ៣ នៅ​ជួរ​ខាង​លើ និង​លេខ​ ៤, ៦ និង ​៨ នៅ​ជួរ​កណ្ដាល និង​លេខ ​៩, ២ និង​ ៧ នៅ​ជួរ​ខាង​ក្រោម ) ។

  • តើ​ផលបូក​នៃ​លេខ​ទាំង​បី​នៅ​ជួរ​ខាង​លើ​តំណាង​ឲ្យ​អ្វី ? ជួរ​កណ្ដាល​តំណាង​ឲ្យ​អ្វី ? ជួរ​ក្រោម​តំណាង​ឲ្យ​អ្វី ?

សូម​ពន្យល់​ថា លេខ​នៅ​ក្នុង​ជួរ​ដេក ជួរ​ឈរ ឬ​ អង្កត់​ទ្រូង​លើ​ថ្ម​នេះ​តំណាង​បូក​បញ្ចូល​គ្នា​ស្មើ​​ ១៨ ។ ហេតុផល​មួយ​ដែល​រាង​ទាំងនេះ​អាច​ដាក់​បញ្ចូល​ឃ្លា « អ្វី​ក៏​ដោយ​ដែល​អ្នករាល់គ្នា​ធ្វើ ​សូម​ធ្វើ​ផ្នែករបស់​អ្នក​ឲ្យ​ល្អ » គឺថា ប្រសិន​បើ​រាង​ទាំងនេះ​មាន​រាង​ណា​មួយ​បាន​ផ្លាស់ប្ដូរ ឬ​ប្រសិន​បើ​តម្លៃ​របស់​វា​ផ្លាស់ប្ដូរ នោះ​ជួរ​ដេក និង​ជួរ​ឈរ​នៅ​លើ​ថ្ម​នោះ​នឹង​មិន​ស្មើ ​១៨ ពី​គ្រប់​ទិស​ទាំងអស់​ទៀត​ឡើយ ។

នៅ​ពេល​សិស្ស​សិក្សា កូរិនថូសទី១ ១២ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ពិចារណា​ថា ក្នុងនាមយើង​ជា​សមាជិក​សាសនាចក្រ ​ប្រៀប​បាន​នឹង​រាង​នៅ​លើ​ថ្ម​នោះ​បាន​ដោយ​របៀបណា ។

សូម​សង្ខេប កូរិនថូសទី១ ១២:១–២ ដោយ​ពន្យល់​ថា ប៉ុល​ចង់​បង្រៀន​សមាជិក​សាសនាចក្រ​​នៅ​កូរិនថូស​អំពី​អំណោយ​ទាន​ខាង​វិញ្ញាណ ​ដែល​​ពួក​បរិសុទ្ធ​ជាច្រើន​បាន​យល់​ខុស ។ ប៉ុល​បាន​រំឭក​ពួកគេ​ថា​ ពីមុន​ពួកគេ​បាន​ប្រែ​ចិត្ត​ជឿ ពួកគេ​ត្រូវ​បាន​នាំ​ឲ្យ​វង្វេង​ដោយ​ជំនឿ​អសារ​ឥតការ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន កូរិនថូសទី១ ១២:៣ ឮៗ ហើយ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​របៀប​ដែលយើង​អាច​ដឹង​ដោយ​ខ្លួន​ឯងថា ព្រះយេស៊ូវ​គឺ​ជា​ព្រះ​អម្ចាស់ និង​ជា​ព្រះអង្គ​សង្គ្រោះ​តាម​របៀប​ណា ។ សូម​ពន្យល់​ថា យ៉ូសែប ស៊្មីធ ​បាន​បង្រៀន​ថា ពាក្យ នឹង​ថា នៅ​ក្នុង ខ​ទី ៣ គួរ​តែ​យល់​ថា​ជា​ពាក្យ ដឹង​ថា ( នៅ​ក្នុង History of the Church ៤:៦០២–៣ ) ។

  • យោង​តាម កូរិនថូសទី​១ ១២:៣ តើ​យើង​អាច​ទទួល​បាន​ទីបន្ទាល់​ផ្ទាល់​ខ្លួន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​តាម​របៀប​ណា ? ( បន្ទាប់​ពី​សិស្ស​ឆ្លើយ ​សូម​សរសេរ​សេចក្ដីពិត​ខាង​ក្រោម​នេះ​នៅ​លើ​ក្ដារ​ខៀន ៖ មាន​តែ​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ​ប៉ុណ្ណោះ​ ដែល​យើង​អាច​ទទួល​បាន​ទីបន្ទាល់​មួយ​ផ្ទាល់​ខ្លួន​​ថា ព្រះយេស៊ូវគ្រីស្ទ​គឺជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង ។ អ្នក​គួរ​ពន្យល់​ថា គោលការណ៍​ដដែល​នេះ​អនុវត្ត​ចំពោះ​ការ​ទទួល​បាន​ទីបន្ទាល់​ផ្ទាល់​ខ្លួន​មួយ​អំពី​ យ៉ូសែប ស្ម៊ីធ ឬ​ព្រះគម្ពីរ​មរមន ) ។

ដើម្បី​ជួយ​ឲ្យ​​យល់​សេចក្ដី​ពិត​នេះ​កាន់​តែ​ប្រសើរ​ឡើង ចូរសុំ​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដី​ថ្លែង​ការណ៍​ខាងក្រោម​នេះ​ដោយ​ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ នៃ​គណៈប្រធាន​ទីមួយ​ឲ្យ​ឮៗ ៖

រូបភាព
ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ​

« ទីបន្ទាល់​មួយ​គឺជា​ទ្រព្យ​មួយ​ដ៏​មាន​តម្លៃ​បំផុត ដោយសារ​វា​មិន​បាន​តម្រូវ​ឲ្យ​មាន​ការ​ពិចារណា ឬ​ហេតុផល​តែ​ម្យ៉ាង វា​មិន​អាច​ទិញ​ដោយ​ទ្រព្យ​សម្បត្តិ​នៅ​លើ​ផែនដី​នេះ ហើយ​វា​អាច​ឲ្យ​ជា​អំណោយ ឬ​បាន​​គ្រងជា​មរតក​មក​ពី​ជីដូនជីតា​របស់​យើង​​បាន​ឡើយ ។ យើង​មិន​អាច​ពឹងផ្អែក​លើ​ទីបន្ទាល់​របស់​អ្នក​ដទៃ​បាន​ឡើយ ។ យើង​ត្រូវ​ដឹង​ដោយ​ខ្លួន​ឯង ។ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​មាន​ប្រសាសន៍​ថា ‹ រាល់​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ទាំងឡាយ មាន​ទំនួលខុស​ត្រូវ​ដើម្បី​ដឹង​ដោយ​ខ្លួន​ឯង​យ៉ាង​ច្បាស់​លាស់​​លើស​ពី​ការសង្ស័យ​ថា ព្រះយេស៊ូវ គឺ​ជា​ព្រះរាជបុត្រា​ដែល​បាន​រស់ឡើង​វិញ ដែល​នៅមាន​ព្រះជន្ម​របស់​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់នៅ › ( ‹ Fear Not to Do Good ›​Ensign ខែ ឧសភា ឆ្នាំ ១៩៨៣ ទំព័រ ៨០ ) ។ …

« យើង​ទទួល​បាន​ទីបន្ទាល់​នេះ នៅពេល​ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​បន្ទូល​មក​កាន់​វិញ្ញាណ​ដែល​នៅ​ក្នុង​ខ្លួន​យើង ។ យើង​នឹង​ទទួល​បាន​ភាព​ស្ងប់​ស្ងាត់​មួយ និង​ភាព​ប្រាកដ​ជាក់​លាក់​មួយ​ដែល​នឹង​ក្លាយ​ជា​ប្រភព​នៃ​ទីបន្ទាល់ និង​ជំនឿ​របស់​យើង » ( « The Power of a Personal Testimony » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ​២០០៦ ទំព័រ ៣៨ ) ។

  • ហេតុអ្វី​ជា​រឿង​សំខាន់​ដើម្បី​យល់​​ថា ទីបន្ទាល់​មួយ​អំពី​ព្រះយេស៊ូវគ្រីស្ទ​កើត​ឡើង​តែ​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ​ប៉ុណ្ណោះ ?

  • តើ​យើង​អាច​ធ្វើ​អ្វីខ្លះ ​ដើម្បី​យាង​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​ចូល​មក​ក្នុង​ជីវិត​របស់​យើង ?

សូម​ពន្យល់​ថា ដូច​ដែល​បាន​កត់​ត្រា​នៅក្នុង កូរិនថូស ទី​១ ១២:៤–៦​ ប៉ុល​បាន​បង្រៀន​ថា មាន​ភាព​ខុស​គ្នា​មួយ​រវាង​អំណោយទាន​ខាង​វិញ្ញាណ​ទាំងឡាយ​ដែល​មាន​ដំណើរ​ការ​តាម​របៀប​ខុសៗ​គ្នា ប៉ុន្តែ​អំណោយ​ទាន​​ទាំងអស់​នោះ​មក​ពី​ព្រះ​តាម​រយៈ​ព្រះវិញ្ញាណ​​បរិសុទ្ធ ។ អ្នក​គួរ​ពន្យល់​ថា អំណោយទាន​នៃ​ព្រះវិញ្ញាណ​គឺជា​ពរជ័យ ឬ​សមត្ថភាព​ដែល​បាន​ប្រទាន​ឲ្យ​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ថា​ព្រះ​បាន​ប្រទាន​យ៉ាង​​ហោច​ណាស់​អំណោយទាន​មួយ ​ដល់​សមាជិក​សាសនាចក្រ​គ្រប់រូប​ ( សូម​មើល គ. និង ស. ៤៦:១១ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កូរិនថូសទី១ ១២:៧ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​ពី​ហេតុផល​ដែល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​ត្រូវ​បាន​ប្រទាន​ដល់​យើង ។ ( ប្រសិន​បើ​ចាំបាច់ សូម​ពន្យល់​ថា « ដើម្បី​ឲ្យ​កើត​បាន​ផល » មាន​ន័យ​ថា សេចក្ដី​ល្អ​រួម​នៃ​ពួក​បរិសុទ្ធ​គ្រប់​រូប ) ។

  • តើ​យើង​អាច​រៀន​សេចក្ដីពិត​អ្វីខ្លះ​ ពី​ប៉ុល​ស្ដី​ពី​ហេតុផល​​ដែល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​ត្រូវ​បាន​ប្រទាន​ដល់​កូនចៅ​របស់​ព្រះវរបិតា​សួគ៌ ? (សិស្ស​គួរ​រកឃើញ​សេចក្ដីពិត​ស្រដៀង​គ្នា​មួយ​នឹង​​សេចក្ដីពិត​ដូច​ខាង​ក្រោម ៖ អំណោយទាន​នៃ​ព្រះវិញ្ញាណ​ត្រូវ​បាន​ប្រទាន​ឲ្យ​ ដើម្បី​ជា​ប្រយោជន៍​ដល់​កូនចៅ​ទាំងអស់​របស់​ព្រះវរបិតា​សួគ៌ ។ សូម​សរសេរ​សេចក្ដីពិត​នេះ​​នៅ​លើ​ក្ដារខៀន ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​សេចក្ដីពិត​នេះ​ សូម​ចម្លងតារាង​ដូចខាង​ក្រោម​នៅលើ​ក្ដារខៀន ហើយ​សុំ​ឲ្យ​សិស្ស​ចម្លង​វា​ចូល​ទៅ​ក្នុង​សៀវភៅកំណត់ចំណាំ​ក្នុង​ថ្នាក់​របស់​ពួកគេ ឬ​កំណត់ហេតុ​ការ​សិក្សា​ព្រះគម្ពីរ ។

អំណោយទាំងឡាយខាងវិញ្ញាណ

របៀប​ដែល​អំណោយទាន​ខាង​វិញ្ញាណ​ទាំងនេះ​អាច​ជា​ប្រយោជន៍​ដល់​កូនចៅ​របស់​ព្រះ

សូម​ចែក​សិស្ស​ជា​ក្រុម ដែល​មាន​គ្នា​ពីរ ឬ​បី​នាក់ ។ សូម​អញ្ជើញ​ក្រុម​នីមួយៗ​ឲ្យ​សិក្សា កូរិនថូសទី​១ ១២:៨–១១ ហើយ​ធ្វើ​តាម​សេចក្ដីណែនាំ​ដែល​ភ្ជាប់​មក​ជាមួយ ។ អ្នក​គួរ​សរសេរ​សេចក្ដីណែនាំ​ទាំងនេះ​នៅលើ​ក្ដារខៀន ឬ ចែក​ជា​ឯកសារ​ដល់​ពួកគេ ។

  1. នៅ​ក្នុង​ជួរ​ឈរ​ទីមួយ​នៃ​តារាង​រ​បស់​អ្នក សូម​សរសេរ​អំណោយទាន​ខាង​វិញ្ញាណ​នីមួយៗ​ដែល​បាន​លើក​ឡើង​នៅ​ក្នុង កូរិនថូសទី​១ ១២:៨–១១ ។

  2. សូម​ពិភាក្សា​ពី​អត្ថន័យ ឬ​ឲ្យ​ឧទាហរណ៍​មួយ​នៃ​អំណោយទាន​ខាង​វិញ្ញាណនីមួយៗ​ ។

សូម​អញ្ជើញ​ក្រុម​នីមួយៗ​ឲ្យ​ប្រាប់​ពី​អំណោយទាន​ខាង​វិញ្ញាណ​ដែល​ពួកគេ​បាន​រក​ឃើញ និង​អត្ថន័យ​នៃ​អំណោយទាន​នីមួយៗ ។ ប្រសិន​បើ​ចាំបាច់ សូម​ពន្យល់​ថា « ពាក្យ​សំដី​នៃ​ប្រាជ្ញា​វាង​វៃ » ( ខ​ទី ៨ ) សំដៅ​ទៅ​លើ​ការ​វិនិច្ឆ័យ​ល្អ និង​ការ​អនុវត្ត​ចំណេះដឹង​ដ៏​ត្រឹមត្រូវ « ពាក្យ​សំដី​នៃ​ចំណេះ​ចេះ​ស្ទាត់ » ( ខ​ទី ៨ ) សំដៅ​ទៅ​លើ​ចំណេះដឹង​ពី​ព្រះ និង​ក្រឹត្យវិន័យ​របស់​ទ្រង់ « សង្កេត​ស្គាល់​អស់​ទាំង​វិញ្ញាណ » ( ខ​ទី ១០ ) សំដៅ​ទៅ​លើ​ការ​ស្គាល់​សេចក្ដី​ពិត និង​មិន​ពិត ព្រមទាំង​យល់​ដឹង​អំពីសេចក្ដី​ល្អ និង​អំពើ​អាក្រក់​នៅ​ក្នុង​អ្នក​ដទៃ និង « ចេះ​និយាយ​ភាសា » ( ខ​ទី ១០ ) សំដៅ​ទៅ​លើ​សមត្ថភាព​ដើម្បី​និយាយ​ភាសា​បរទេស ឬ​ភាសា​ដែល​គេ​ពុំ​ចេះ ។

ចូរ​សុំ​ឲ្យ​ក្រុម​នីមួយៗ​រើស​យក​អំណោយទាន​ខាង​​វិញ្ញាណ​ចំនួន​ពីរ​ដែល​បាន​លើក​ឡើង​នៅ​ក្នុង ខ​ទី៨–១០ ហើយ​សរសេរ​នៅ​ក្នុង​ជួរ​ឈរ​ទីពីរ​នៃ​តារាង​ពី​របៀប ​ដែល​អំណោយទាន​ទាំងនោះ​​អាច​ជា​ប្រយោជន៍​ដល់​កូនចៅ​របស់​ព្រះ ។ បន្ទាប់ពី​ផ្ដល់​ពេលវេលា​គ្រប់គ្រាន់​ហើយ ចូរ​អញ្ជើញ​សិស្ស​​ពីរបី​នាក់​ឲ្យ​ពន្យល់​ពី​ចម្លើយ​របស់​ពួកគេ​នៅ​ក្នុង​ជួរ​ឈរ​ទីពីរ​មួយ​ណា​ក៏​បាន​ទៅ​ដល់​សិស្ស​ក្នុង​ថ្នាក់ ។

ចូរ​ចង្អុល​បង្ហាញ​ថា អំណោយទាន​ខាង​វិញ្ញាណ​ ដែល​បាន​លើក​ឡើង​យ៉ាង​ជាក់​លាក់​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ​ គ្រាន់​តែ​ជា​អំណោយទាន​មួយ​ចំនួនតូច​ប៉ុណ្ណោះ​ ដែល​យើង​អាច​ទទួល​បាន​តាម​រយៈ​ព្រះវិញ្ញាណ ។

  • តើ​អំណោយទាន​ផ្សេង​ទៀត​ណា​ខ្លះ ​ដែល​អាច​កើត​មាន​ចំពោះ​យើង​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ?

  • តើ​អំណោយទាន​ខាង​វិញ្ញាណ​អ្វីខ្លះ​ ដែល​អ្នក​បាន​សម្គាល់​ឃើញ​នៅ​ក្នុង​សមាជិក​គ្រួសារ មិត្តភក្ដិ និង​មិត្ត​រួម​ថ្នាក់​របស់​អ្នក ?

  • តើ​យើង​អាច​ធ្វើ​អ្វីខ្លះ​ ដើម្បី​រក​ឃើញ​អំណោយ​ទាន​ខាង​វិញ្ញាណ​របស់​យើង ? ( ទូល​សូម​ព្រះវរបិតា​សួគ៌​អំពី​អំណោយ​ទាន​ទាំងនោះ​នៅ​ក្នុង​ការ​អធិស្ឋាន ហើយ​ទទួល​យក​ ព្រមទាំង​សិក្សា​ពី​ពរ​របស់​លោក​អយ្យកោ​របស់​អ្នក ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹង​គិត​ពី​អំណោយទាន​ខាង​វិញ្ញាណ​​ដែល​ពួកគេ​បាន​ទទួល និង​របៀប​ដែល​វា​អាច​ជា​ប្រយោជន៍​ដល់​ពួកគេ ហើយ​ប្រើ​វា​ដើម្បីផ្តល់​ប្រយោជន៍​ដល់​មនុស្ស​ដទៃ ។

កូរិនថូសទី១ ១២:១២-៣១

អំណោយទាន​នៃ​ព្រះវិញ្ញាណ​បាន​ប្រទាន​ឲ្យ​ ដើម្បី​សមាជិក​សាសនាចក្រ​ទាំង​មូល​បាន​ពរ

សូម​ឲ្យ​សិស្ស​បួន​នាក់​ឡើង​មក​កាន់​ក្ដារ​ខៀន ។ សូម​ចាត់​ពាក្យ​មួយ​ខាង​ក្រោម​នេះ​ដល់​សិស្សម្នាក់ៗ​ដោយ​កុំ​ឲ្យ​សិស្ស​ផ្សេង​ទៀត​ក្នុង​ថ្នាក់​ស្ដាប់​ឮ ៖ ជើង ដៃ ត្រចៀក​និង​ភ្នែក ។ សូម​ណែនាំ​សិស្ស​ម្នាក់ៗ​ឲ្យ​គូរ​រូបភាព​មួយ​នៅ​លើ​ក្ដារខៀន​អំពី​ពាក្យ​របស់​ខ្លួន ហើយ​ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ទាយ​ថា សិស្ស​ម្នាក់ៗ​គូរ​រូប​អ្វី ។ បន្ទាប់ពី​សិស្ស​ក្នុង​ថ្នាក់​ស្គាល់​រូបភាព​នោះ​ត្រឹមត្រូវ​ហើយ សូមអញ្ជើញ​សិស្ស​ទាំងនោះ​ឲ្យ​ត្រឡប់​ទៅ​កាន់​កន្លែង​អង្គុយ​ពួកគេ​វិញ ។ ចូរ​សុំ​ឲ្យ​សិស្ស​ពិចារណា​ថា ជើង ត្រចៀក និង​ភ្នែក​រួម​ចំណែក​ចំពោះ​កិច្ចការ​​ដែល​រូបកាយ​ធ្វើ​យ៉ាង​ដូចម្ដេច ។

  • តើ​អ្នក​ធ្លាប់​ត្រូវ​របួស​ត្រង់​ផ្នែក​តូច​មួយ​នៃ​រូបកាយ​ដូចជា ម្រាមដៃ ធ្មេញ ឬ​ម្រាម​ជើង​ដែរ​ទេ ? តើ​របួស​តូច​នេះ​បាន​ជះឥទ្ធិពល​យ៉ាង​ណា​ដែរ សូម្បី​តែ​ចំពោះ​ការងារ​ដ៏សាមញ្ញ​ប្រចាំ​ថ្ងៃ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កូរិនថូសទី១ ១២:១២-១៤​ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​ថា ប៉ុល​បាន​ប្រៀប​ធៀប​រូបកាយ និង​អវៈយវៈ​ផ្សេង​ទៀត​នឹង​អ្វី ។

  • តើ​ប៉ុលបាន​ប្រៀប​ធៀប​រូបកាយ និង​អវៈយវៈ​ផ្សេង​ទៀត​ទៅ​នឹង​អ្វី ? ( សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ និង​សមាជិក​សាសនាចក្រ ) ។

សូម​សរសេរ​សេចក្ដី​យោង​ខ​គម្ពីរ និង សំណួរ​ខាងក្រោម​នៅលើ​ក្ដារខៀន ៖

កូរិនថូសទី១ ១២:១៥-២២, ២៥-៣០

តើ​ប៉ុល​បាន​ប្រៀប​ធៀប​រូបកាយ​ទៅ​នឹង​សាសនាចក្រ​​យ៉ាង​ដូច​ម្ដេច ?

សូម​ចែក​សិស្ស​ជា​ក្រុម​ដូច​ពី​មុន ។ ចូរ​សុំ​ឲ្យ​ក្រុម​នីមួយៗ​អាន កូរិនថូសទី១ ១២:១៥–២២, ២៥-៣០​​ឮៗ​រួម​គ្នា រក​មើល​វិធី​ដែល​ប៉ុល​បាន​ប្រៀប​ធៀប​សមាជិក​សាសនាចក្រ​ទៅ​នឹង​ផ្នែក​នៃ​រូបកាយ ។ អ្នក​គួរ​ណែនាំ​ឲ្យ​សិស្ស​រក​មើល​ថា ប៉ុល​បាន​បង្រៀន​អ្វី​ខ្លះអំពី​រូបកាយ និង​អវៈយវៈ​ផ្សេង​ទៀត​​ពី​មុន​បង្ហាញ​ពី​របៀប​ដែល​លោក​បាន​ប្រដូច​អវៈយវៈ​ទៅ​នឹង​សមាជិក​សាសនាចក្រ ។ ក្រោយពី​ទុក​ពេលឲ្យ​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្សឲ្យ​ប្រាប់​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។

  • ហេតុអ្វី​អ្នក​គិត​ថា ប៉ុល​បាន​ពិភាក្សា​ពី​តួនាទី​របស់​សមាជិក​សាសនាចក្រ​ម្នាក់ៗ ​បន្ទាប់​ពី​លោក​បាន​សរសេរ​អំពី​អំណោយទាន​ខាង​វិញ្ញាណ ?

  • តើ​សមាជិក​សាសនាចក្រ​សព្វថ្ងៃ​អាច​មាន​កង្វល់​អ្វីខ្លះ ​ដែល​អាចដោះ​ស្រាយ​បាន​ដោយ​ការបង្រៀន​របស់​ប៉ុល​​អំពី​សមាជិក​សាសនាចក្រ​​ប្រៀប​ដូចជា​អវៈយវៈ​នៃ​រូបកាយ ?

  • តើ​យើង​អាច​រៀន​គោលការណ៍​អ្វីខ្លះ​នៅ​ក្នុង​ការ​ប្រៀបធៀប​របស់​ប៉ុល​អំពីសមាជិក​សាសនា​ចក្រ​ទៅ​នឹង​អវៈយវៈ​នៃ​រូបកាយ ? ( សូម​ប្រាកដ​ថា សិស្ស​រកឃើញ​គោលការណ៍​ដូច​តទៅ​នេះ ៖ នៅ​ពេល​យើង​ប្រើ​អំណោយទាន​ខាង​វិញ្ញាណ​ដ៏វិសេស​របស់​យើង​​ដើម្បី​បម្រើ​មនុស្ស​ដទៃ នោះ​យើងអាច​ពង្រឹង​សាសនាចក្រ​បាន ។ សូម​សរសេរគោលការណ៍​នេះ​នៅលើ​ក្ដារខៀន ) ។

សូមអញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន​សេចក្ដី​ថ្លែង​ការណ៍​ខាង​ក្រោម​ឲ្យឮៗ ដោយ​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ។ ចូរ​ពិចារណា​ឯកសារ​នៃ​សេចក្ដីថ្លែង​ការណ៍​នេះ​ដល់​សិស្ស​ម្នាក់ៗ ។

រូបភាព
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

« យើង​ទាំងអស់​គ្នា​គឺនៅ​ក្នុង​ការ​ខិតខំ​ដ៏​អស្ចារ្យ​នេះ​រួម​គ្នា ។ យើង​នៅ​ទីនេះ​ដើម្បី​ជួយ​ព្រះវរបិតា​យើង​នៅ​ក្នុង​កិច្ចការ​របស់​ទ្រង់ និង​សិរី​ល្អ​របស់​ទ្រង់ ​‹ នាំ​ឲ្យ​មាន​អមតភាព និង​ ជីវិត​ដ៏​នៅ​អស់​កល្បជានិច្ច​ដល់​មនុស្ស › ( ម៉ូសេ ១:៣៩ ) ។ ទំនួលខុសត្រូវ​ក្នុង​ការ​ហៅបម្រើ​របស់​អ្នក សំខាន់​ដូច​ជា​ទំហំ​នៃ​ការទទួលខុសត្រូវ​របស់​ខ្ញុំ​ក្នុង​ការហៅបម្រើ​របស់​ខ្ញុំ​ដែរ ។ គ្មាន​ការ​ហៅបម្រើ​មួយណា​នៅ​ក្នុង​សាសនាចក្រ ដែល​មិន​សំខាន់​នោះ​ទេ ។ យើង​ទាំង​អស់​គ្នា​ខិតខំ​បំពេញ​តួនាទី​របស់​យើង ដើម្បី​ប្រទានពរ​ដល់​ជីវិត​របស់​អ្នក​ដទៃ » ( « This Is the Work of the Master » Ensign ខែ ឧសភា ឆ្នាំ ១៩៩៥ ទំព័រ ៧១ ) ។

  • តើ​ពរជ័យ​នឹង​កើត​មាន​ចំពោះ​សាសនាចក្រ​ ដោយសារ​តែ​អំណោយទាន​ខាង​វិញ្ញាណ ​និង​ការ​ហៅ​ខុសៗ​គ្នា​របស់​សមាជិក​ម្នាក់ៗ​យ៉ាង​ដូចម្ដេច ?

  • តើ​អ្នក​ធ្លាប់​ឃើញ​គ្រួសារ​របស់​អ្នក ថ្នាក់​សិក្ខាសាលា ឬ​វួដ ឬ​សាខា​មួយ​ត្រូវ​បាន​ពង្រឹង​ដោយ​អំណោយទាន​ខាង​វិញ្ញាណ​របស់​សមាជិក​ខ្លួន​យ៉ាង​ដូចម្ដេច ?

ចូ​សុំ​ឲ្យ​សិស្ស​សញ្ជឹង​គិត​ថា ពួកគេ​អាច​ប្រើ​អំណោយ​ទាន​ខាង​វិញ្ញាណ​របស់​ខ្លួន​ដើម្បី​ពង្រឹង​ដល់​សាសនាចក្រ ហើយ​ឲ្យ​ពរ​ដល់​ជីវិត​មនុស្ស​ដទៃ​ទៀត​យ៉ាង​ដូច​ម្ដេច​ដែរ ។

ចូរ​សុំ​ឲ្យ​សិស្ស​អាន កូរិនថូសទី​១ ១២:៣១ ដោយ​ស្ងៀម​ស្ងាត់ ហើយ​រក​មើល​ថា ប៉ុល​បាន​ទូន្មានឲ្យ​ពួក​បរិសុទ្ធ​នៅ​កូរិនថូស​ធ្វើ​អ្វី​ខ្លះ ។

  • តើ​ប៉ុល​បាន​ទូន្មាន​ឲ្យ​ពួក​បរិសុទ្ធ​នៅ​កូរិនថូស​ធ្វើ​អ្វីខ្លះ ? (សូម​ពន្យល់​ថា សង្វាត នៅ​ក្នុង​ខគម្ពីរ​នេះ​មាន​ន័យ​ថា « ការ​ស្វែង​រក​ដោយ​ស្មោះត្រង់ »   ) ។

  • តើ​យើង​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ស្វែង​រក ​« អំណោយទាន​យ៉ាង​វិសេស » ​នៃ​ព្រះវិញ្ញាណ​ដោយ​ស្មោះត្រង់ ( សូមមើល​ផង​ដែរ គ. និង ស. ៤៦:៨–៩ ) ?

សូម​បង្ហាញ​ទីបន្ទាល់ និង​ការ​ដឹង​គុណ​របស់​អ្នក​ចំពោះ​អំណោយទាន​ខាង​វិញ្ញាណ ហើយ​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ស្វែង​រក​ដោយ​ស្មោះត្រង់ ហើយ​ប្រើ​អំណោយទាន​ខាង​វិញ្ញាណ​​ដើម្បី​បម្រើ ហើយ​ពង្រឹង​ដល់​សាសនាចក្រ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

កូរិនថូសទី១ ១២:៣ ។ « គ្មាន​អ្នក​ណា​អាច​នឹង​​ថា ព្រះយេស៊ូវ​ទ្រង់​ជា​ព្រះអម្ចាស់​ដែរ លើក​តែ​ដោយ​នូវ​ព្រះវិញ្ញាណ​​បរិសុទ្ធ​ប៉ុណ្ណោះ »

អែលឌើរ អិម រ័សុល បាឡឺដ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ពន្យល់​ពី​អ្វីដែល​យើង​អាច​ធ្វើ​ ដើម្បី​ទទួល​បាន​ទីបន្ទាល់​មួយ​នៃ​ដំណឹងល្អ​នៃ​​ព្រះយេស៊ូវ​គ្រីស្ទ​តាមរយៈ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ៖

« ទីបន្ទាល់​ពិត​នៃ … សេចក្ដី​ពិត​ដ៏​មាន​តម្លៃ​កើត​ឡើង​ជា​សាក្សី​មួយ​​តាមរយៈ​ព្រះ​វិញ្ញាណ​បរិសុទ្ធ បន្ទាប់​ពី​ការ​ខិតខំ​ដ៏​ស្មោះ ហើយ​មាន​ការ​លះបង់ រួម​បញ្ចូល​ទាំង​ការ​បង្រៀន​នៅ​ក្នុង​ផ្ទះ ការ​អធិស្ឋាន ការ​សិក្សា​ព្រះគម្ពីរ ការ​បម្រើ​ដល់​មនុស្ស​ដទៃ និង​​ការ​គោរព​​ប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​របស់​ព្រះវរបិតា​សួគ៌​ដោយ​ឧស្សាហ៍​ព្យាយាម ។ ការ​ទទួល​បាន ហើយ​តោង​ជាប់​នឹង​ទីបន្ទាល់​នៃ​សេចក្ដី​ពិត​នៃ​ដំណឹងល្អ​ជា​រៀង​រហូត មាន​តម្លៃ​ស្មើ​នឹង​ការ​រៀបចំ​ខាង​វិញ្ញាណ​​គ្រប់​បែប​យ៉ាង​ដែល​តម្រូវ​ឲ្យ​យើង​ធ្វើ » ( « Pure Testimony » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ​ ២០០៤ ទំព័រ ៤០ ) ។

កូរិនថូសទី​១ ១២:៤–១០ ។ អំណោយទាន​នៃ​ព្រះវិញ្ញាណ

អំណោយទាន​នៃ​ព្រះវិញ្ញាណមាន​សារៈសំខាន់​ចំពោះ​ព្រះអម្ចាស់​ ដែល​វា​ត្រូវ​បាន​បង្រៀន​នៅ​ក្នុង​ព្រះគម្ពីរ​បី​​នៃ​បទដ្ឋាន​ព្រះគម្ពីរ​ទាំង​បួន​របស់​យើង​ ( សូម​មើល កូរិនថូសទី​១ ១២, មរ៉ូណៃ ១០ និង គោលលទ្ធិ និង សេចក្តីសញ្ញា ៤៦ ) ។

អែលឌើរ ម៉ាវីន ជេ អាស្តុន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​បាន​បង្រៀន​អំពី​អំណោយ​ទាន​ខាង​វិញ្ញាណ ​ដែល​មិន​បាន​សរសេរ​ជាក់​លាក់​​នៅ​ក្នុង​ព្រះគម្ពីរ ៖

« ខ្ញុំ​សូម​លើក​ឡើង​ខ្លះៗ​នូវ​អំណោយទាន​មួយចំនួនតូច ​ដែល​ពុំ​​តែង​តែ​បង្ហាញ​ឲ្យឃើញ​ ឬ​សម្គាល់​ចងចាំ ប៉ុន្តែ​មានសារៈសំខាន់​ខ្លាំង ។ …

« ចូរ​យើង​មើល​ឡើង​វិញ​នៃ​អំណោយទាន​ទាំងនេះ​មួយ​ចំនួន ៖ អំណោយទាន​នៃ​ការ​សូម អំណោយទាន​នៃការចេះ​ស្ដាប់ អំណោយទាន​នៃ​ការ​ប្រុង​ស្ដាប់ ហើយ​ប្រើ​សំឡេង​តូច​រហៀង អំណោយទាន​នៃការ​អាចទួញសោក អំណោយទាន​នៃ​ការ​ចៀសវាងពី​ការ​ឈ្លោះ​ប្រកែក អំណោយទាន​នៃការព្រមព្រៀងគ្នា អំណោយទាន​នៃ​ការ​ចៀសវាង​ពី​ភាព​ច្រំ​ដែលៗ​ឥត​ប្រយោជន៍ អំណោយទាន​នៃ​ការ​ស្វែង​រក​អ្វីដែល​សុចរិត អំណោយទាន​នៃ​ការ​ពុំ​រហ័ស​នឹង​​វិនិច្ឆ័យ​ អំណោយទាន​នៃ​ការ​មើល​ទៅព្រះ​ហើយ​សុំ​ការ​ដឹកនាំ អំណោយទាន​នៃ​ការ​ធ្វើ​ជា​សិស្ស អំណោយទាន​នៃ​ការ​មើល​ថែ​អ្នកដទៃ អំណោយទាន​នៃ​ការ​ចេះ​ពិចារណា អំណោយទាន​នៃ​ការ​អធិស្ឋាន អំណោយទាន​នៃ​ការ​ថ្លែង​ទីបន្ទាល់​ដ៏អស្ចារ្យ និង​អំណោយ​ទាន​នៃ​ការ​ទទួលព្រះវិញ្ញាណបរិសុទ្ធ » (« There Are Many Gifts »Ensignខែ វិច្ឆិកា ឆ្នាំ ១៩៨៧ ទំព័រ ២០ ) ។

កូរិនថូសទី១ ១២:៧ ។ តើ​ខ្ញុំ​អាច​ដឹង​ថា​ ខ្ញុំ​មាន​អំណោយទាន​វិញ្ញាណ​អ្វី​​តាម​របៀប​ណា ?

អែលឌើរ រ៉ូបឺត ឌី ហែល ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​បាន​បង្រៀន​ពី​របៀប​ដែល​យើង​អាច​រកឃើញ​​អំណោយទាន​ខាង​វិញ្ញាណ​ដែល​បាន​ប្រទាន​ដល់​យើង ៖

« ដើម្បី​រក​ឃើញ​អំណោយទាន​ដែល​បាន​ប្រទាន​​ដល់​យើង យើង​ត្រូវ​តែ​អធិស្ឋាន ហើយ​តម​អាហារ ។ ជា​រឿយៗ ពរ​របស់​លោក​អយ្យកោ​ប្រាប់​យើង​ពី​អំណោយ​ទាន​​ដែល​យើង​បាន​ទទួល ហើយ​ប្រកាស​​ពី​ការ​សន្យា​នៃ​អំណោយទាន​​ដែល​យើង​អាច​ទទួល​បាន ប្រសិន​បើ​យើង​ស្វែង​រក​វា ។ ខ្ញុំ​លើក​ទឹក​ចិត្ត​អ្នក​ឲ្យ​ស្វែងរក​អំណោយទាន​របស់​អ្នក ហើយ​ស្វែង​រក​របស់​ទាំង​អស់​ដែល​នឹង​​នាំ​មកនូវ​ការដឹកនាំ ដល់​កិច្ចការ​នៅ​ក្នុង​ជីវិត​របស់​អ្នក ហើយ​ដែល​វា​នឹង​ជួយ​ជំរុញ​ដល់​កិច្ចការ​នៃ​ស្ថានសួគ៌ » ( « Gifts of the Spirit »​Ensign ខែ កុម្ភៈ ឆ្នាំ​ ២០០២ ទំព័រ ១៦ ) ។

កូរិនថូសទី១ ១២:២២ ។ « អស់​ទាំង​អវយវៈ​ក្នុង​រូបកាយ​ដែល​មើល​ទៅ​ដូច​ជា​ខ្សោយ​ជាង​គេ នោះ​មាន​ប្រយោជន៍​ជា​ជាង​វិញ »

ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ក្នុង​គណៈ​ប្រធាន​ទី​មួយ បាន​បង្រៀន ៖

« អ្នក​អាច​នឹង​មាន​អារម្មណ៍​ថា មាន​មនុស្ស​ផ្សេង​ទៀត​ដែល​មាន​សមត្ថភាព ឬ​មាន​បទពិសោធន៍​ច្រើន​ជាង ដែល​អាច​បំពេញ​ការ​ហៅ និង​ការ​ចាត់​តាំង​របស់​អ្នក​បាន​ប្រសើរ​ជាង​អ្នក​ទៅទៀត ប៉ុន្តែ​ព្រះអម្ចាស់​បាន​ប្រទាន​​ការ​ទទួល​ខុសត្រូវ​នេះ​ដល់​អ្នក​ដោយ​សារ​ហេតុផល​មួយ ។ វា​ប្រហែល​ជា​មាន​មនុស្ស និង​ដួងចិត្ត​ជាច្រើនដែល​មាន​តែ​អ្នក​ម្នាក់​គត់​ដែល​អាចឈោង​ទៅ​ជួយ​បាន ។ ប្រហែល​ជា​គ្មាន​នរណា​ម្នាក់​អាច​ធ្វើ​វា​ដូចជា​អ្នក​បាន​ទេ » ( « Lift Where You Stand » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ​២០០៨ ទំព័រ ៥៦ ) ។