មេរៀនទី ៣៤
ម៉ាកុស ១
សេចក្ដីផ្ដើម
យ៉ូហាន បាទីស្ទ បានផ្សាយអំពី « បុណ្យជ្រមុជទឹក ខាងឯការប្រែចិត្ត ប្រយោជន៍ឲ្យបានរួចពីបាប » (ម៉ាកុស ១:៤) ។ បន្ទាប់ពីយ៉ូហានបានជ្រមុជទឹកឲ្យព្រះយេស៊ូវ នោះព្រះអង្គសង្គ្រោះបានចាប់ផ្ដើមផ្សាយដំណឹងល្អ ហើយធ្វើអព្ភូតហេតុដោយព្រះចេស្ដា និង សិទ្ធិអំណាចដ៏ទេវភាព ។ ទ្រង់បានបណ្ដេញវិញ្ញាណអាក្រក់ ហើយបានព្យាបាលមនុស្សឃ្លង់ ។ ព្រះនាមរបស់ទ្រង់បានឮល្បីខ្ទរខ្ទារពេញស្រុកកាលីឡេ ។
យោបល់សម្រាប់ការបង្រៀន
ម៉ាកុស ១:១-២០
ព្រះយេស៊ូវចាប់ផ្ដើមការបម្រើរបស់ទ្រង់
ក្នុងរយៈពេលពីរបីថ្ងៃពីមុនថ្នាក់រៀន ចូរសួរដល់សិស្សពីរនាក់ប្រសិនបើពួកគេអាចនឹងចែកចាយទីបន្ទាល់របស់ពួកគេដោយសង្ខេបអំពីព្រះយេស៊ូវគ្រីស្ទនៅក្នុងថ្នាក់ ។ បន្ទាប់ពីការប្រជុំ សូមអញ្ជើញសិស្សពីរនាក់ឲ្យចែកចាយទីបន្ទាល់របស់ពួកគេអំពីព្រះអង្គសង្គ្រោះ ។ បន្ទាប់មក សួរដល់សិស្សក្នុងថ្នាក់ ៖
-
តើការស្ដាប់ឮទីបន្ទាល់មកពីបុគ្គលជាច្រើនរូប ជាជាងឮមកពីបុគ្គលតែម្នាក់មានតម្លៃបែបណាខ្លះ ?
-
តើអ្នកគិតថា ការសិក្សាទីបន្ទាល់របស់ម៉ាកុស ក្នុងពេលឥឡូវនេះ បន្ទាប់ពីអ្នកបានសិក្សាអំពីទីបន្ទាល់របស់ម៉ាថាយមានតម្លៃបែបណាខ្លះ ?
សូមអញ្ជើញសិស្សឲ្យមើលត្រួសៗនូវម៉ាកុស ១:១-៤, ៩-១១ដោយស្ងាត់ស្ងៀម រកមើលព្រឹត្តការណ៍ដែលម៉ាកុស បានចាប់ផ្ដើមដំណើររឿងរបស់លោកអំពីជីវិតរបស់ព្រះអង្គសង្គ្រោះ ។
-
តើក្នុងព្រឹត្តការណ៍អ្វី ដែលម៉ាកុសបានចាប់ផ្ដើមដំណើររឿងរបស់លោក ?
ចូរពន្យល់ថា ដំណើររឿងរបស់ម៉ាកុសអំពីជីវិតរបស់ព្រះអង្គសង្គ្រោះ គឺខុសប្លែកពីដំណើររឿងរបស់ម៉ាថាយ ។ វាចាប់ផ្ដើមភ្លាមមួយរំពេច ហើយយ៉ាងលឿន ដោយគូសបញ្ជាក់អំពីភាពជាព្រះរបស់ព្រះអង្គសង្គ្រោះ តាមរយៈការផ្ដោតទៅលើកិច្ចការ និង អព្ភូតហេតុទាំងឡាយរបស់ទ្រង់ ។ ម៉ាកុស ទំនងជាបានសរសេរដំណើររឿងរបស់លោកផ្ដោតទៅលើអ្វីដែលលោកបានរៀនមកពីសាវកពេត្រុស ។
ចូរសង្ខេបម៉ាកុស១:១២-២០ដោយពន្យល់ថា បន្ទាប់ពីព្រះយេស៊ូវបានតមអាហារអស់រយៈពេល ៤០ ថ្ងៃ នោះទ្រង់ត្រូវបានល្បងដោយអារក្ស ។ ទ្រង់ក៏បានផ្សាយពីការប្រែចិត្តនៅស្រុកកាលីឡេ ហើយបានហៅពួកសិស្សឲ្យដើរតាមទ្រង់ផងដែរ ។ (កំណត់ចំណាំ ៖ ដំណើររឿងទាំងនេះ ត្រូវបានបង្រៀនជ្រៅជ្រះនៅក្នុងមេរៀនទាំងឡាយក្នុងម៉ាថាយ ៤) ។
ម៉ាកុស ១:២១-៣៩
ព្រះយេស៊ូវបានបណ្ដេញអារក្សចេញ ហើយបានព្យាបាលអ្នកឈឺ
ចូរសរសេរឃ្លាទឹកដីរបស់មារសត្រូវនៅលើក្ដារខៀន ហើយសួរសិស្សថាតើមានគ្រោះថ្នាក់អ្វីខ្លះ ដែលទាហាននឹងជួប ពេលនៅក្នុងទឹកដីរបស់មារសត្រូវនោះ ។
សូមឲ្យសិស្សម្នាក់អានឮៗពីសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយប្រធាន ប៊យដ៍ ឃេ ផាកកឺ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« អ្នករាល់គ្នាដែលជាមនុស្សវ័យក្មេង ត្រូវបានចិញ្ចឹមបីបាច់ធំឡើងនៅក្នុងទឹកដីរបស់មារសត្រូវ ។
« យើងបានដឹងមកពីខគម្ពីរថា មានសង្គ្រាមមួយនៅឯស្ថានសួគ៌ ហើយថាលូស៊ីហ្វើរបានបះបោរ ហើយ ‹ ត្រូវបោះទំលាក់ទៅផែនដីវិញ › ជាមួយអ្នកដើរតាមវា [វិវរណៈ ១២:៩] ។ វាបានតាំងចិត្តថាត្រូវរំខានផែនការរបស់ព្រះវរបិតាសួគ៌របស់យើង ហើយព្យាយាមគ្រប់គ្រងលើគំនិត និង ទង្វើរបស់មនុស្សទាំងអស់ » (« Counsel to Youth »EnsignឬLiahonaខែវិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ១៦ ) ។
-
តើជីវិតរបស់យើងនៅលើផែនដីនេះ ទំនងដូចជាស្ថិតនៅក្នុងទឹកដីរបស់មារសត្រូវតាមរបៀបណា ?
ចូរសុំឲ្យសិស្សលើកដៃរបស់ពួកគេ បើពួកគេធ្លាប់មានអារម្មណ៍លើសលប់ ដោយសារតែឥទ្ធិពលអារក្ស និង ការល្បួងដែលហ៊ុំព័ទ្ធជុំវិញពួកគេ ។ នៅពេលសិស្សសិក្សាម៉ាកុស ១:២១-៣៩សូមអញ្ជើញពួកគេឲ្យរកមើលសេចក្ដីពិតមួយដែលនឹងជួយពួកគេ ពេលពួកគេប្រឈមមុខនឹងឥទ្ធិពលអារក្ស និង ការល្បួង ។
សូមអញ្ជើញសិស្សម្នាក់អាន ម៉ាកុស១:២១-២២ ឲ្យ ឮៗ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលនូវអ្វីដែលព្រះយេស៊ូវបានធ្វើនៅក្នុងស្រុកកាពើណិម និង របៀបដែលពួកយូដាបានឆ្លើយតប ។
-
ហេតុអ្វីក៏ពួកយូដាមានចិត្តភ្ញាក់ផ្អើលអស្ចារ្យចំពោះការបង្រៀនរបស់ព្រះអង្គសង្គ្រោះ ?
-
តើអ្នកគិតថា វាមានន័យយ៉ាងណា ដែលព្រះយេស៊ូវបានបង្រៀន « ដូចជាមានអំណាច » ? (ម៉ាកុស ១:២២) ។
ចូរពន្យល់ថា ពួកអាចារ្យត្រូវបានគេចាត់ទុកថាជាអ្នកជំនាញខាងច្បាប់របស់ម៉ូសេ ។ នៅពេលពួកគេផ្សាយ ជាញឹកញាប់ពួកគេដកស្រង់ពីអ្នកមានសិទ្ធិអំណាចពីអតីតកាលនៅក្នុងក្រឹត្យវិន័យ ( សូមមើលNew Testament Student Manual [ Church Educational System manual, ២០១៤ ]ទំព័រ ១០៣) ។ ផ្ទុយទៅវិញ ព្រះយេស៊ូវបានមានបន្ទូលដោយព្រះចេស្ដា និង សិទ្ធិអំណាចមកពីព្រះវរបិតាទ្រង់ ហើយជាព្រះយេហូវ៉ាដ៏មហិមា ដែលបានប្រទានក្រឹត្យវិន័យម៉ូសេ ( សូមមើល ការបកប្រែរបស់ យ៉ូសែប ស្ម៊ីធ ម៉ាថាយ ៧:៣៧ [ នៅក្នុងម៉ាថាយ ៧:២៩ លេខយោងក] ) ។
-
តើវិញ្ញាណអសោចបានដឹងអ្វីខ្លះអំពីព្រះយេស៊ូវ ?
-
តើវិញ្ញាណអសោចស្គាល់ព្រះយេស៊ូវយ៉ាងដូចម្ដេច ? ( វិញ្ញាណអសោច ដែលព្យាយាមមានរូបកាយសាច់ឈាម គឺជាអ្នកដើរតាមរបស់លូស៊ីហ្វើរ ។ ពួកគេរស់នៅក្នុងវត្តមានរបស់ព្រះវរបិតា និង ព្រះយេស៊ូវគ្រីស្ទ មុននឹងត្រូវបានបណ្ដេញចេញពីស្ថានសួគ៌ ) ។
-
ប្រសិនបើអ្នកនៅក្នុងរោងជំនុំនោះ តើអ្នកនឹងគិតយ៉ាងណា អំពីព្រះយេស៊ូវ ?
ចូរសុំឲ្យសិស្សម្នាក់អាន ម៉ាកុស១: ២៧-២៨ ឮៗ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលនូវរបៀបដែលប្រជាជនឆ្លើយតប បន្ទាប់ពីបានឃើញព្រះយេស៊ូវបណ្ដេញវិញ្ញាណអសោចចេញពីមនុស្ស ។
-
តើមនុស្សបានឆ្លើយតបយ៉ាងដូចម្ដេច ?
-
តើដំណើររឿងនេះបង្រៀនយើងអ្វីខ្លះ អំពីព្រះចេស្ដារបស់ព្រះអង្គសង្គ្រោះ ? (សិស្សគួរប្រាប់ពីសេចក្ដីពិតមួយដែលស្រដៀងគ្នានឹងសេចក្ដីពិតដូចខាងក្រោម ៖ ព្រះអង្គសង្គ្រោះមានព្រះចេស្ដាលើអារក្ស និង ពួកអ្នកដើរតាមវា )។
-
តើការដឹងអំពីសេចក្ដីពិតនេះ អាចជួយយើងនៅពេលយើងមានអារម្មណ៍លើសលប់ដោយសារតែឥទ្ធិពលអាក្រក់ និងការល្បួងដែលហ៊ុំព័ទ្ធជុំវិញយើងយ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការណ៍ដូចខាងក្រោមដោយប្រធាន ជែមស៍ អ៊ី ហ្វោស្ត នៃគណៈប្រធានទីមួយ ៖
« [ យ៉ូសែប ស្ម៊ីធ ] បានថ្លែងថា ‹ វិញ្ញាណអាក្រក់មានកំហិត ដែនកំណត់ និងក្រឹត្យវិន័យទាំងឡាយ ដែលពួកគេត្រូវបានគ្រប់គ្រងលើ › [ នៅក្នុងHistory of the Church ៤:៥៧៦ ] ។ ដូច្នេះ សាតាំង និង ពួកទេវតារបស់វាពុំមានអំណាចអ្វីនោះទេ ។ …
« … ការខិតខំរបស់សាតាំងអាចត្រូវបានរារាំងដោយមនុស្សទាំងអស់ដែលមករកព្រះគ្រីស្ទតាមរយៈការគោរពប្រតិបត្តិតាមសេចក្ដីសញ្ញា និង ពិធីបរិសុទ្ធទាំងឡាយនៃដំណឹងល្អ » (« Serving the Lord and Resisting the Devil »Ensignខែ កញ្ញា ឆ្នាំ ១៩៩៥ ទំព័រ ៦, ៧ ) ។
-
ស្របតាមប្រធាន ហ្វោស្ដ តើយើងអាចធ្វើអ្វីខ្លះ ដើម្បីទទួលបានអំណាចកាន់តែខ្លាំងដើម្បីទប់ទល់នឹងអារក្ស ?
-
ស្របតាមខ ២៨តើអ្វីខ្លះបានកើតឡើង បន្ទាប់ពីព្រះអង្គសង្គ្រោះបានបណ្ដេញវិញ្ញាណអសោចនោះចេញ ?
សូមសង្ខេបម៉ាកុស ១:២៩-៣៩ដោយពន្យល់ថា ព្រះអង្គសង្គ្រោះបានព្យាបាលម្ដាយក្មេករបស់ស៊ីម៉ូន ពេត្រុសពីជំងឺគ្រុនក្ដៅ បានព្យាបាលមនុស្សដទៃទៀតជាច្រើនដែលឈឺ ហើយបានបណ្ដេញអារក្សជាច្រើនចេញផងដែរ ។ ព្រះយេស៊ូវ បានបន្ដផ្សព្វផ្សាយនៅក្នុងស្រុកកាលីឡេ ។
ម៉ាកុស ១:៤០-៤៥
ព្រះយេស៊ូវ បានប្រោសមនុស្សឃ្លង់ម្នាក់ឲ្យជា
សូមអញ្ជើញសិស្សឲ្យមើលត្រួសៗនូវម៉ាកុស ១:៤០ដោយស្ងាត់ស្ងៀម រកមើលថានរណាមករកព្រះអង្គសង្គ្រោះ នៅពេលទ្រង់បានបន្ដផ្សាយនៅក្នុងស្រុកកាលីឡេ ។ សូមឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេរកឃើញ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យឡើងមកក្ដារខៀន ។ ចូរសុំឲ្យសិស្សនឹកស្រមៃថា សិស្សដែលឡើងមកក្ដារខៀន ជាមនុស្សកើតឃ្លង់ម្នាក់ ។
ចូរពន្យល់ថា ជំងឺឃ្លង់គឺជាជំងឺរ៉ាំរ៉ៃដែលស៊ីនៅលើស្បែក សសៃប្រសាទ ភ្នែក ឆ្អឹង និង សន្លាក់ ។ បើពុំព្យាបាលទេ នោះវានឹងនាំឲ្យស្លាប់យ៉ាងឈឺចាប់ ។ នៅជំនាន់បុរាណ គេមានជំនឿថា បើនរណាម្នាក់ប៉ះពាល់នឹងអ្នកជំងឺឃ្លង់ នោះគេនឹងឆ្លងជំងឺនោះ ។ ចូរចង្អុលទៅសិស្សឈរនៅក្ដារខៀន ហើយសួរ ៖
-
ប្រសិនបើ ( ឈ្មោះសិស្ស ) គឺជាមនុស្សឃ្លង់ម្នាក់ដែលរស់នៅកាលពីជំនាន់បុរាណ តើគេប្រព្រឹត្តចំពោះ (គាត់ ឬនាង) យ៉ាងដូចម្ដេច ?
ចូរពន្យល់ថា ដើម្បីការពារដល់សុខភាព និង សុខុមាលភាពរបស់សហគមន៍មួយ នោះពួកអ្នកមានជំងឺឃ្លង់ត្រូវបានបណ្ដេញចេញឲ្យទៅរស់នៅខាងក្រៅទីក្រុង ។ ច្បាប់តម្រូវឲ្យពួកគេស្រែកថា « អសោច ! » ដើម្បីជាការព្រមានដល់នរណាដែលទៅរកពួកគេ ( សូមមើល Bible Dictionary« Leper »,លេវីវិន័យ ១៣:៤៤-៤៦) ។ ចូរសុំឲ្យសិស្សមួយចំនួនសម្ដែងពីទិដ្ឋភាពនេះ ដោយការដើរឆ្លង់កាត់សិស្សដែលតំណាងឲ្យមនុស្សឃ្លង់ ។ នៅពេលពួកគេដើរជិត ចូរសុំឲ្យសិស្សដែលធ្វើតំណាងឲ្យមនុស្សឃ្លង់ស្រែកប្រាប់ថា « អសោច ! អសោច ! » ចូរសួរដល់សិស្សដែលដើរនោះ ថាតើពួកគេនឹងមានប្រតិកម្មយ៉ាងណាចំពោះស្ថានភាពនេះ ។ បន្ទាប់មកអញ្ជើញសិស្សឲ្យអង្គុយចុះវិញ ។
-
តើការមានរោគឃ្លង់ជះឥទ្ធិពលដល់ជីវិតរបស់អ្នកយ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សឲ្យនឹកស្រមៃថាខ្លួនជាមនុស្សឃ្លង់ក្នុងជំនាន់របស់ព្រះយេស៊ូវគ្រីស្ទ ។ ចូរសួរពួកគេអំពីអ្វីដែលពួកគេនឹងធ្វើ ប្រសិនបើពួកគេបានឃើញព្រះអង្គសង្គ្រោះយាងមកនោះ ។
-
ស្របតាមម៉ាកុស ១:៤០តើមនុស្សឃ្លង់បានធ្វើអ្វីខ្លះ នៅពេលគាត់ឃើញព្រះអង្គសង្គ្រោះ ? ( ចូរពន្យល់ថា ពាក្យមកឯមានន័យថា អង្វរសូម ឬអង្វរ ) ។
-
តើមនុស្សឃ្លង់បង្ហាញពីសេចក្ដីជំនឿរបស់គាត់ទៅលើព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ? តើឃ្លា « បើទ្រង់សព្វព្រះហឫទ័យ » បញ្ជាក់ពីជំនឿរបស់មនុស្សឃ្លង់នោះដោយរបៀបណា ?
សូមអញ្ជើញសិស្សឲ្យអានម៉ាកុស ១:៤១-៤២ដោយស្ងាត់ស្ងៀម ហើយរកមើលរបៀបដែលព្រះអង្គសង្គ្រោះឆ្លើយតបចំពោះការទូលអង្វររបស់បុរសនេះ ។
-
តើមានអ្វីខ្លះដែលធ្វើឲ្យអ្នកចាប់អារម្មណ៍អំពីរបៀបដែលព្រះអង្គសង្គ្រោះឆ្លើយតបចំពោះការអង្វររបស់បុរសនោះ ?
-
បើអ្នកជាមនុស្សឃ្លង់ តើវាមានន័យយ៉ាងណាចំពោះអ្នក ដែលត្រូវបានពាល់ដោយព្រះអង្គសង្គ្រោះនោះ ? ហេតុអ្វី ?
-
តើជីវិតរបស់អ្នកនឹងបានផ្លាស់ប្ដូរយ៉ាងដូចម្ដេច បើព្រះយេស៊ូវគ្រីស្ទបានព្យាបាលរោគឃ្លង់របស់អ្នក ?
សូមសរសេរប្រយោគខាងក្រោមនេះនៅលើក្ដារខៀន ៖ រោគឃ្លង់ អាចប្រៀបដូចទៅនឹងអំពើបាប ។
ដើម្បីជួយសិស្សឲ្យយល់ថា រោគឃ្លង់អាចប្រៀបដូចទៅនឹងអំពើបាប ( សូមមើល លេវីវិន័យ ១៤ ) សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការណ៍ដូចខាងក្រោមដោយអែលឌើរ ប្រូស អរ ម៉ាក់ខនឃី នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ឲ្យឮៗ ៖
« រោគឃ្លង់នៅក្នុងជំនាន់ព្រះគម្ពីរប៊ីប បន្ថែមពីលើការនៅដាច់ស្រយាលពីឥទ្ធិពលខាងរូបកាយ នោះវាត្រូវបានគេចាត់ទុកថាជានិមិត្តសញ្ញានៃអំពើបាប និង ភាពពុំស្អាតស្អំ ដែលមានន័យថា ជំងឺអាក្រក់នេះ ស៊ីបំផ្លាញរូបកាយសាច់ឈាម ដូច្នេះអំពើបាបវាស៊ីបំផ្លាញខាងវិញ្ញាណរបស់មនុស្ស » (The Mortal Messiahវ៉ុល ៤ [ ១៩៧៩–៨១ ], ២:៤៥ ) ។
-
តើរោគឃ្លង់ប្រៀបប្រដូចទៅនឹងអំពើបាបតាមរបៀបណា ? ( នៅក្នុងការប្រៀបប្រដូចរោគឃ្លង់ទៅនឹងអំពើបាប ចូរប្រាកដថា សិស្សយល់ថា ជំងឺទាំងឡាយគឺពុំចាំបាច់បណ្ដាលមកពីអំពើបាបនោះទេ ) ។
ចូរអញ្ជើញសិស្សម្នាក់ឲ្យអានសាឡើងវិញនូវម៉ាកុស ១:៤០-៤២ឮៗ ដែលពេលនេះត្រូវជំនួសពាក្យ មនុស្សមានអំពើបាបជំនួសឲ្យពាក្យមនុស្សឃ្លង់ហើយដាក់ពាក្យអំពើបាបជំនួសឲ្យពាក្យរោគឃ្លង់ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលរបៀបដែលយើងអាចប្រៀបប្រដូចការព្យាបាលមនុស្សឃ្លង់នេះទៅនឹងការត្រូវបានសម្អាតពីអំពើបាប ។
-
នៅពេលអ្នកអានខគម្ពីរទាំងឡាយតាមរបៀបនេះ តើពាក្យអ្វីខ្លះដែលផ្ដល់យោបល់អំពីការទទួលបាននូវការអភ័យទោស ?
-
តើយើងអាចប្រៀបប្រដូច អ្វីដែលមនុស្សឃ្លង់បានធ្វើដើម្បីត្រូវបានជាស្អាតពីរោគឃ្លង់ ទៅនឹងអ្វីដែលយើងចាំបាច់ត្រូវធ្វើដើម្បីបានស្អាតពីអំពើបាបយ៉ាងដូចម្ដេច ?
-
តើគោលការណ៍អ្វីខ្លះដែលយើងអាចរៀន តាមរយៈការប្រៀបប្រដូចការព្យាបាលមនុស្សឃ្លង់ទៅនឹងការស្អាតពីអំពើបាប ? ( សិស្សអាចនឹងប្រើពាក្យផ្សេង ប៉ុន្តែចូរប្រាកដថាពួកគេគួរស្គាល់គោលការណ៍ដូចខាងក្រោមនេះ ៖ នៅពេលយើងអនុវត្តសេចក្ដីជំនឿ ហើយមករកព្រះអង្គសង្គ្រោះ នោះទ្រង់នឹងមានក្ដីមេត្តាចំពោះយើង ហើយសម្អាតយើងពីអំពើបាប ។ ដោយប្រើពាក្យរបស់សិស្ស ចូរសរសេរគោលការណ៍នេះនៅលើក្ដារខៀន ) ។
-
តើយើងត្រូវតែអនុវត្តសេចក្ដីជំនឿ ហើយមករកព្រះអង្គសង្គ្រោះ ដើម្បីទ្រង់អាចអភ័យទោសដល់យើងពីអំពើបាបរបស់យើងតាមរបៀបណា ?
សូមអញ្ជើញសិស្សឲ្យពិចារណាម្ដងទៀតអំពីស្ថានភាពជីវិតរបស់មនុស្សឃ្លង់ពីមុន និង ក្រោយពេលដែលគាត់ត្រូវបានជាសះស្បើយ ។
-
តើការមករកព្រះយេស៊ូវគ្រីស្ទដើម្បីត្រូវបានសម្អាតពីអំពើបាប អាចផ្លាស់ប្ដូរជីវិតរបស់មនុស្សម្នាក់យ៉ាងដូចម្ដេច ?
-
តើអ្នកធ្លាប់បានឃើញជីវិតរបស់មនុស្សម្នាក់ផ្លាស់ប្ដូរ បន្ទាប់ពីត្រូវបានសម្អាតពីអំពើបាប តាមរយៈដង្វាយធួនរបស់ព្រះគ្រីស្ទនៅពេលណា ? ( សូមប្រាប់ដល់សិស្សឲ្យប្រុងប្រយ័ត្នកុំបញ្ចេញឈ្មោះបុគ្គលណាម្នាក់ ឬរៀបរាប់ប្រាប់ពីអំពើបាបពីអតីតរបស់ពួកគេឡើយ ) ។
ចូរសុំឲ្យសិស្សពិចារណាអំពីអំពើបាបអ្វីខ្លះដែលពួកគេចាំបាច់ត្រូវសម្អាតចោល ។ សូមអញ្ជើញសិស្សឲ្យមករកព្រះអង្គសង្គ្រោះតាមរយៈការអនុវត្តសេចក្ដីជំនឿទៅលើទ្រង់ តាមរយៈការអធិស្ឋាន ការប្រែចិត្ត និង ការគោរពប្រតិ្តបត្តិ ដើម្បីទ្រង់អាចធ្វើឲ្យពួកគេស្អាតបាន ។ សូមពិចារណាធ្វើការចែកចាយទីបន្ទាល់របស់អ្នកអំពីព្រះចេស្ដាលាងសម្អាតនៃដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ។
សូមឲ្យសិស្សពីរបីនាក់ប្ដូរវេនគ្នាអានឮៗចេញពី ម៉ាកុស ១:៤៣-៤៥ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់រកមើលការណែនាំ ដែលព្រះអង្គសង្គ្រោះបានប្រទានដល់មនុស្សឃ្លង់ដែលបានជាស្អាត ។ សូមឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេរកឃើញ ។
ចូរពន្យល់ថា ក្រិត្យវិន័យរបស់ម៉ូសេ តម្រូវឲ្យអ្នកទាំងឡាយដែលបានជាស្អាតពីរោគឃ្លង់ បង្ហាញខ្លួនដល់សង្ឃនៅព្រះវិហារបរិសុទ្ធ ហើយថ្វាយនូវការបូជាមួយ ។
-
តើបុរសនោះបានធ្វើអ្វីខ្លះ បន្ទាប់ពីព្រះអង្គសង្គ្រោះបានព្រមានគាត់កុំឲ្យប្រាប់ដល់អ្នកដទៃ ?
-
តើមានអ្វីបានកើតឡើង ពេលបុរសនោះបានផ្សាយដំណឹងអំពីការជាស្អាតរបស់គាត់ ?
ចូរពិចារណាធ្វើការបញ្ចប់មេរៀនដោយការសួរដល់សិស្សអំពីអ្វីដែលបានធ្វើឲ្យពួកគេចាប់អារម្មណ៍បំផុតអំពីសកម្មភាពរបស់ព្រះយេស៊ូវគ្រីស្ទដែលបានកត់ត្រានៅក្នុងម៉ាកុសទី ១។