បណ្ណាល័យ
មេរៀនទី ៣១ ៖ ម៉ាថាយ ២៦:៣១-៧៥


មេរៀនទី ៣១

ម៉ាថាយ ២៦:៣១-៧៥

សេចក្តីផ្តើម

នៅ​ក្នុង​សួន​ច្បារគែតសេម៉ានី ព្រះយេស៊ូវគ្រីស្ទ​បាន​ចាប់ផ្ដើម​លើក​ដាក់​មក​លើ​អង្គ​ទ្រង់​ នូវ​អំពើបាប​របស់​មនុស្ស​ទាំងអស់​ជា​ផ្នែក​នៃ​ដង្វាយ​ធួន​របស់​ទ្រង់ ។ យូដាស​បាន​ចូល​ដៃ​នឹង​ពួក​អ្នក​ដឹកនាំ​សាសន៍​យូដា​ក្បត់​នឹង​ព្រះយេស៊ូវ ។ បន្ទាប់​មក​ ​ព្រះយេស៊ូវ​ត្រូវ​បាន​កាត់ទោស​នៅ​ចំពោះ​មុខ​លោក​កៃផា ជា​សង្ឃ​ជាន់​ខ្ពស់​ដោយ​អយុត្តិធម៌ ជា​ពេល​ដែល​ការ​កាត់ទោស​ដ៏​ខុសឆ្គង​ដែល​ត្រូវ​បាន​លើក​ឡើង​ទាស់​នឹង​ទ្រង់ ។ ខណៈពេលនោះ ពេត្រុស​បាន​បដិសេធ​មិន​ស្គាល់​ព្រះអង្គ​សង្គ្រោះ​ចំនួន​បី​លើក​ទៅ​កាន់​ជន​ដែល​បាន​ស្គាល់​គាត់​ថា ​ជា​សិស្ស​ម្នាក់​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

យោបល់​សម្រាប់​ការបង្រៀន

ម៉ាថាយ ២៦:៣១-៤៦

ព្រះយេស៊ូវគ្រីស្ទ​រង​ទុក្ខ​នៅ​ក្នុង​សួន​ច្បារគែតសេម៉ានី

ចូរ​សុំ​ឲ្យ​សិស្ស​គិត​ពិចារណា​អំពី​សាច់​រឿង​ខាងក្រោម​នេះ ៖ មាន​យុវជន​ម្នាក់​ត្រូវ​បាន​គេ​ប្រាប់នៅ​ក្នុង​យុវវ័យ​របស់​គាត់​ថា វា​គឺជា​កាតព្វកិច្ច​របស់​គាត់​ដើម្បី​បម្រើ​បេសកកម្ម​ពេញ​ម៉ោង ។ ក្នុងនាមជា​ក្មេង​ជំទង់​ម្នាក់ ​គាត់​នៅ​តែ​ដឹង​ថា គាត់​គួរ​បម្រើ​បេសកកម្ម ប៉ុន្តែ​ខ្វះ​នូវការ​តាំង​​ចិត្ត​​ទៅបម្រើ ។ គាត់​ចាប់​អារម្មណ៍​នឹង​ឱកាស​ផ្សេង​ទៀត ហើយ​បារម្ភ​ថា ​បេសកកម្ម​នឹង​រារាំង​គាត់​មិន​ឲ្យ​មាន​បទពិសោធន៍​ទាំងនោះ ។

  • តើ​នៅ​ក្នុង​ស្ថានភាព​ផ្សេង​ទៀត​ណា​​ ដែល​បំណង​ប្រាថ្នា​របស់​យុវជន​យុវនារី​ប្រហែល​ជាខុស​ពី​អ្វី​ដែល​ព្រះវរបិតា​សួគ៌​សព្វព្រះទ័យ​ឲ្យ​ពួកគេ​ធ្វើ ? ( សូម​​សរសេរ​ចម្លើយ​របស់​សិស្ស​នៅលើ​ក្ដារខៀន ) ។

  • ហេតុអ្វី​ពេលខ្លះ​ វា​ពិបាក​ធ្វើ​អ្វី​ដែល​យើង​ដឹង​ថា​ ព្រះវរបិតា​សួគ៌សព្វ​ព្រះទ័យ​​ចង់​ឲ្យ​យើង​ធ្វើ ?

សូម​អញ្ជើញសិស្ស​ឲ្យ​រកមើល​គោលការណ៍​ទាំងឡាយ​នៅ​ក្នុង​ម៉ាថាយ​ ២៦:៣១-៤៦​ដែល​អាច​ជួយ​ពួកគេ​ នៅ​ពេល​ពួកគេ​មាន​បញ្ហា​ក្នុង​ការ​គោរព​​តាម​ព្រះទ័យ​របស់​ព្រះវរបិតា​សួគ៌ ។

ចូរ​រំឭក​សិស្ស​ថា ដូចដែល​បាន​កត់ត្រា​ទុក​នៅ​ក្នុង ម៉ាថាយ ២៦:១–៣០ព្រះអម្ចាស់​បាន​សោយ​អាហារ​បុណ្យ​រំលង​ជាមួយ​នឹង​ពួក​សាវក​របស់​ទ្រង់ ហើយ​បាន​ស្ថាបនា​ពិធី​សាក្រាម៉ង់ ។

សូម​ឲ្យ​សិស្ស​បី​បួន​នាក់​ប្ដូរវេនគ្នា​អាន​ឮៗ​ពី ម៉ាថាយ ២៦:៣១-៣៥ ។ ចូរ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​ព្យាករ​ថា​ នឹង​កើត​ឡើង​ដល់​ពួក​សាវក​របស់​ទ្រង់ ។

  • តើ​ព្រះយេស៊ូវ​បានមាន​បន្ទូល​ថាអ្វី​ខ្លះ​ នឹង​កើត​ឡើង​ចំពោះ​ពួក​សាវក​របស់​ទ្រង់​នា​យប់​នោះ ?

សូម​ពន្យល់​ថា នៅ​ក្នុង​បរិបទ​នេះ ពាក្យ​ថា មាន​ចិត្ត​រវាត​ចេញ មានន័យ​ថា ការ​ធ្លាក់ ឬ​ការ​ងាក​ចេញ ឬ​ការ​បោះ​បង់​ចោល ។

  • តើ​ពេត្រុស និង​ពួក​សាវក​ផ្សេង​ទៀត​បាន​ឆ្លើយ​តបដូច​ម្ដេច ​ចំពោះ​អ្វី​ដែល​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន ម៉ាថាយ ២៦:៣៦-៣៨ ឲ្យ​ឮៗ ។ ចូរ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ពី​ទីកន្លែង​ដែល​ព្រះយេស៊ូវ​ និង​ពួក​សាវក​បាន​ទៅ​បន្ទាប់​ពី​អាហារ​បុណ្យ​រំលង ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ប្រាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

ចូរ​ឲ្យ​សិស្ស​បើក​ទៅ​រូបថត​អំពី​ព្រះគម្ពីរ​ប៊ីប ទី ១១​,​ « ភ្នំ​ដើម​អូលីវ » និង ទី ១២,​ « សួន​ច្បារ​គែតសេម៉ានី » នៅ​ក្នុង​ផ្នែក​ផែនទី និង​រូបថត​ទាំងឡាយ​ពី​ព្រះគម្ពីរ​ប៊ីប ។ សូម​ពន្យល់ថា សួន​ច្បារ​គែតសេម៉ានី​គឺជា​សួន​ដើម​អូលីវ​នៅ​លើ​ភ្នំ​ដើម​អូលី​វនៅ​ខាង​ក្រៅ​កំផែង​ក្រុង​យេរូសាឡិម ហើយ​ឈ្មោះ គែតសេម៉ានី មាន​ន័យ​ថា « ច្របាច់​យក​ប្រេង » ។

រូបភាព
ភ្នំ​ដើម​អូលីវ

ភ្នំ​ដើម​អូលីវ

រូបភាព
សួនច្បារគែតសេម៉ានី

សួនច្បារគែតសេម៉ានី

  • តើ​ឃ្លា​នៅ​ក្នុង ខទី ៣៦–៣៨ បាន​ពិពណ៌នា​ពី​អារម្មណ៍​​របស់​ព្រះយេស៊ូវ​អ្វី​ខ្លះ​កាល​ទ្រង់​បាន​យាង​ចូល​ទៅ​ក្នុង​សួនច្បារ​គែតសេម៉ានី ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ២៦:៣៩ ឲ្យ​ឮៗ ហើយ​សុំ​ឲ្យ​សិស្ស​ ក្នុង​ថ្នាក់​រកមើល​អ្វី​ដែល​ព្រះយេស៊ូវ​បាន​ធ្វើ ​បន្ទាប់​ពី​យាង​​« ចូលកាន់តែជ្រៅ​បន្តិច​ទៀត » ​ចូល​ទៅ​ក្នុង​សួន​ច្បារ​នោះ ។

  • តើ​ពាក្យ ឬ​ឃ្លា​នៅ​ក្នុង ខ​ទី ៣៧–៣៩ ពិពណ៌នា​អ្វី​ខ្លះ​ ពី​បន្ទុក​ដ៏​ធ្ងន់​ដែល​ព្រះយេស៊ូវ​កំពុង​ជួប​ប្រទះ ?

  • តើ​ព្រះយេស៊ូវ​បាន​ទូល​សូម​ព្រះវរបិតា​ឲ្យ​ដក​យក​អ្វី​ចេញ​ពី​ទ្រង់ ?

សូម​លើក​ពែង​មួយ​ឡើង ។ សូម​ពន្យល់​ថា ពែង​ដែល​ព្រះយេស៊ូវ​បាន​មាន​បន្ទូល ​គឺជា​និមិត្ត​សញ្ញា​មួយ​ចំពោះ​ការ​រងទុក្ខ​ដ៏​ល្វីងជូរចត់​ដែល​ទ្រង់​បានដកពិសោធន៍​ជា​ផ្នែក​មួយ​នៃ​ដង្វាយធួន ។ នៅ​ក្នុង សួនច្បារគែតសេម៉ានីព្រះយេស៊ូវ​បាន​ចាប់ផ្ដើម​លើក​ដាក់​មក​លើ​អង្គ​ទ្រង់​នូវ​អំពើបាប និង​ការ​រងទុក្ខ​របស់​មនុស្ស​ទាំងអស់​ជា​ផ្នែក​នៃ​ពលិកម្មធួន​ដ៏​អស្ចារ្យ​របស់​ទ្រង់ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន​ឮៗ នូវ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ដែល​បាន​ពន្យល់​ពី​អ្វី​ ដែល​ព្រះយេស៊ូវ​កំពុង​ទូល​សូម​ព្រះវរបិតា កាល​ទ្រង់​បាន​ទូល​សូម​ឲ្យ​ដក​យក​ពែង​​នោះ​ចេញ​ពី​ទ្រង់ ៖

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

« ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា ‹ ប្រសិន​បើ​មាន​ផ្លូវ​ផ្សេង ទូល​បង្គំ​ស៊ូ​ដើរ​លើ​ផ្លូវ​នោះ ។ ប្រសិន​បើ​មាន​ផ្លូវ​ណា​មួយ​ផ្សេង​ទៀត—ផ្លូវ​មួយ​ណា​ក៏​ដោយ—ទូល​បង្គំ​នឹង​ដើរ​លើ​ផ្លូវ​នោះ​ដោយ​រីករាយ › ។ … ប៉ុន្តែ​នៅ​ទីបំផុត ពែង​នោះ​ពុំ​ត្រូវ​បាន​ដក​ចេញ​ឡើយ » ( ​« Teaching, Preaching, Healing » Ensign ខែ ​មករា ឆ្នាំ ​២០០៣ ទំព័រ ៤១ ) ។

អ្នក​គួរ​ផ្ដល់​យោបល់​ឲ្យ​សិស្ស​គូស​ចំណាំ​ឃ្លា « ប៉ុន្តែ​កុំ​តាម​ចិត្ត​ទូល​បង្គំ​ឡើយ សូម​តាម​តែ​ព្រះហឫទ័យ​ទ្រង់​វិញ » ( ខ​ទី ៣៩ ) ។

  • ទោះ​បី​ជា​ព្រះយេស៊ូវ​បាន​ទូល​សូម​ផ្លូវ​មួយ​ផ្សេង​ទៀត​ដើម្បី​សម្រេច​នូវ​ព្រះទ័យ​របស់​ព្រះវរបិតា​ក្ដី តើ​ទ្រង់​បាន​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ធ្វើឲ្យដង្វាយធួនបាន​សម្រេច ? ( សិស្ស​គួរ​រកឃើញ​សេចក្ដីពិត​ស្រដៀង​គ្នា​មួយ​នឹង​សេចក្ដីពិត​ដូច​ខាងក្រោម ៖ ព្រះយេស៊ូវ​គ្រីស្ទ​បាន​ដាក់​ព្រះទ័យ​ទ្រង់​ចុះស្របតាម​ព្រះទ័យ​របស់​ព្រះវរបិតា​ដើម្បី​សម្រេច​បាន​នូវ​ដង្វាយធួន ) ។

  • តើ​យើង​អាច​រៀន​អ្វី​ខ្លះ​ អំពី​ព្រះយេស៊ូវ​នៅ​ក្នុង​ការ​ដាក់​ព្រះទ័យ​ទ្រង់​ចុះ​ចូល​តាម​ព្រះទ័យ​របស់​ព្រះវរបិតា​សួគ៌ ទោះ​ជា​វា​មាន​ន័យ​ថា​ទ្រង់​នឹង​ត្រូវ​ស៊ូទ្រាំ​ការ​រង​ទុក្ខ​ដ៏​ខ្លាំង ហើយ​នៅ​ទីបំផុត​គឺ​ត្រូវសុគត​ក៏ដោយ ?

សូម​សរសេរ​ប្រយោគ​មិន​ពេញលេញ​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ យើងធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទ​នៅ​ពេល​យើង …

  • តើ​អ្នក​នឹង​បំពេញ​សេចក្ដីថ្លែង​ការ​ណ៍​នេះ​ ដោយ​ផ្អែក​លើ​អ្វី​ដែល​យើង​បាន​រៀន​​នៅក្នុងម៉ាថាយ ២៦:៣៩យ៉ាង​ដូចម្ដេច ? ( សូម​ប្រើ​ពាក្យ​សម្ដី​របស់​សិស្ស​ដើម្បី​បំពេញ​សេចក្ដី​ថ្លែងការណ៍​នេះ​ដើម្បី​ឲ្យ​វា​នាំ​ទៅ​រកសេចក្ដីពិត​ដូច​តទៅនេះ ៖ យើង​ធ្វើ​តាម​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ នៅ​ពេល​យើង​ជ្រើសរើស​ដាក់​ឆន្ទៈ​របស់​យើង​ឲ្យ​ចុះចូល​តាម​ព្រះទ័យ​របស់​ព្រះវរបិតា​សួគ៌ ) ។

ចូរ​រំឭក​សិស្ស​នូវ​សាច់​រឿង​ស្ដីពី​យុវជន ​ដែល​បាន​មាន​ចិត្ត​ស្ទាក់​ស្ទើរ​ក្នុងការ​បម្រើ​បេសកកម្ម រួម​ទាំង​ស្ថានភាព​ផ្សេងទៀត​ ដែល​បាន​សរសេរ​នៅ​លើ​ក្ដារ​ខៀន​ផង​ដែរ ។

  • តើ​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​អាច​ពង្រឹង​យើង ​នៅ​ក្នុង​ស្ថាន​ភាព​ទាំង​នេះ​បាន​ដោយ​របៀប​ណា ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​ពី​គ្រា​ដែល​ពួកគេ​បាន​តាំង​ចិត្ត​ជ្រើស​ធ្វើ​តាម​ព្រះទ័យ​របស់ព្រះវរបិតា ទោះ​ជា​បំណង​ប្រាថ្នា​របស់​ពួកគេ​ខុស​ពី​ព្រះទ័យ​របស់​ទ្រង់​ក្ដី ។ ចូរ​សុំ​ឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​បទពិសោធន៍​របស់​ខ្លួន ហើយ​ពន្យល់​ពី​ហេតុផល​ដែល​ពួកគេ​បាន​ធ្វើ​ការ​ជ្រើស​រើស​នោះ និង​អារម្មណ៍​ដែល​ពួកគេ​មាន​ចំពោះ​វា ។

សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​បង្ហាញ​ពី​វិធី​ជាក់​លាក់​មួយ​ដែល​ពួកគេ​នឹង​ធ្វើ​តាម​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ ដោយ​ការ​ដាក់​ឆន្ទៈ​របស់​ពួកគេ​ឲ្យ​ចុះ​ចូល​តាម​ព្រះទ័យ​របស់​ព្រះវរបិតា​សួគ៌ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​មើល ម៉ាថាយ ២៦:៣៧–៣៨ឡើង​វិញ ដោយ​រក​មើល​ការណែនាំ​របស់​ព្រះអង្គ​សង្គ្រោះ​ទៅ​កាន់​ពេត្រុស យ៉ាកុប និង​យ៉ូហាន​ នៅ​ក្នុង​សួនច្បារ​គែតសេម៉ានី ។

  • តើ​ការណែនាំ​អ្វី​ខ្លះ​ដែល​ព្រះយេស៊ូវ​បាន​ប្រទាន​ដល់​ពេត្រុស យ៉ាកុប និង​យ៉ូហាន ?

  • តើ​អ្នក​គិត​ថា ការ​ណែនាំ​ឲ្យ « ចាំ​យាម​ជាមួយ​នឹង​ខ្ញុំ​សិន » មាន​ន័យ​ដូច​ម្ដេច ? ( ខទី ៣៨ ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​ហេតុផល​ដែល​ពួក​សិស្ស​អាច​នឹង​ត្រូវ​ការ​ការណែនាំ​របស់​ព្រះអង្គ​សង្គ្រោះ​ឲ្យ​ចាំ​យាម​នឹង​ទ្រង់ សូម​ពន្យល់​ថា កាល​ពួក​សិស្ស​បាន​មក​ដល់​សួន​ច្បារ ពួកគេ « បាន​ចាប់​ផ្ដើម​មាន​ចិត្ត​ភាំងជា​ខ្លាំង ហើយ​តប់​ប្រមល់​ណាស់ ហើយ​ចាប់​ផ្ដើមងឿង​ឆ្ងល់​ក្នុង​ចិត្ត​គេ​ដោយ​គិត​ថា តើ​នេះ​ជា​ព្រះមេស៊ី​ឬអី »( ការ​បកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ ម៉ាកុស ១៤:៣៦ [ នៅ​ក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ] ) ។ ដោយ​ណែនាំ​ពួក​សិស្ស​ទ្រង់​ឲ្យ​ចាំ​យាម​នឹង​ទ្រង់ ព្រះយេស៊ូវ​កំពុង​ព្រមាន​ពួកគេ​ឲ្យ​ប្រុងប្រយ័ត្ន​ដោយ​សារ​សេចក្ដី​ជំនឿ​របស់​ពួកគេ​លើ​ទ្រង់​នឹង​ត្រូវបាន​សាក​ល្បង ។

  • ហេតុអ្វី​ពួក​សិស្ស​ងឿង​ឆ្ងល់​ថា​ ព្រះយេស៊ូវ​ពិត​ជា​ព្រះមែស៊ី​មែន​ឬអត់ ? ( មាន​ពួក​យូដា​ជា​ច្រើន​ពុំ​បាន​យល់​ដឹង​ថា​ព្រះមែស៊ី​នឹង​ត្រូវ​រងទុក្ខ ហើយ​សុគត​នោះទេ ប៉ុន្តែ​ពួកគេ​បាន​រំពឹង​រង់ចាំថា ព្រះមែស៊ី​នឹង​ផ្ដល់​សេរីភាព​ដល់​ពួក​យូដា​ដោយ​​ផ្ដួល​រំលំ​ពួក​រ៉ូម )។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ២៦:៤០ ឲ្យ​ឮៗ ហើយ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​អ្វី​ដែល​ព្រះយេស៊ូវ​បាន​រក​ឃើញ​ថា ពួក​សាវក​ទាំង​បី​នាក់​នេះ​កំពុង​ធ្វើ កាល​ទ្រង់​កំពុង​អធិស្ឋាន​នោះ ។ សូម​អញ្ជើញ​សិស្សឲ្យ​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។ សូម​ពន្យល់​ថា ការ​បកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ​សម្រាប់​លូកា ២២:៤៥​បង្ហាញ​ថា ពួក​សិស្ស​ទាំង​នោះ​កំពុង​ដេក​លក់ « ដ្បិត​ពួកគេ​ពោរ​ពេញ​ដោយ​ទុក្ខ​ព្រួយ » ។

  • ហេតុអ្វី​ពួក​សាវក​អាច​ពោរពេញ​ដោយ​ទុក្ខ​ព្រួយ ?

  • តើ​អ្នក​មាន​អារម្មណ៍​បែប​ណា ប្រសិន​បើ​អ្នក​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ពួកគាត់ ហើយ​បាន​ដឹង​ថា​ខ្លួនបាន​ដេក​លក់​ ជា​ជាង​ចាំយាម​ជាមួយ​នឹង​ព្រះអង្គ​សង្គ្រោះ​នោះ ?

សូម​អញ្ចើញ​សិស្ស​ម្នាក់ឲ្យ​អាន ម៉ាថាយ ២៦:៤១ ឲ្យឮៗ ហើយ​​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល ​អ្វី​ដែល​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ប្រាប់​ដល់​ពួក​សិស្ស​របស់ទ្រង់ឲ្យ​ធ្វើ ។ សូម​អញ្ជើញសិស្ស​ឲ្យ​ប្រាប់​នូវ​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • តើ​គោលការណ៍​អ្វី​ខ្លះ ដែល​យើងអាច​រៀន​មកពី​ការណែនាំ​របស់​ព្រះអង្គ​សង្គ្រោះ​ដល់​ពួក​សាវក​ទាំង​នេះ ? ( សិស្ស​គួរ​រកឃើញ​គោលការណ៍​មួយ​ដែល​ស្រដៀង​គ្នា​នឹង​គោលការណ៍​ខាង​ក្រោម ៖ ប្រសិន​បើ​យើង​ចាំ​យាម ហើយ​អធិស្ឋាន​ជា​បន្ត​បន្ទាប់ យើង​នឹង​មាន​កម្លាំង​ដើម្បី​តតាំង​នឹង​ការ​ល្បួង ) ។

  • តើ​អ្នក​គិត​ថា​ឃ្លា « ឯ​វិញ្ញាណ​ក៏​ប្រុង​ជា​ស្រេច​មែន តែ​សាច់​ឈាម​ខ្សោយ​ទេ » ( ខ​ទី ៤១ ) មាន​ន័យ​យ៉ាង​ណា​ដែរ ? តើ​ឃ្លា​នេះទាក់ទង​នឹង​ការ​តតាំង​នឹង​ការ​ល្បួង​យ៉ាង​ដូចម្ដេច ?

  • ចូរ​រំឭក​ឡើង​វិញ​ថា « ចាំ​យាម » ​មាន​ន័យ​នៅ​ដឹង​ខ្លួន រហ័ស​រហួន ឬ​ប្រុង​ប្រយ័ត្ន ។ តើ​ការ​ចាំយាម និង​ការ​អធិស្ឋាន​ខាង​វិញ្ញាណ​អាច​ជួយ​យើងឲ្យ​យក​ឈ្នះ​លើ​ភាព​ទន់​ខ្សោយ​របស់​យើង ហើយ​តតាំង​នឹង​ការ​ល្បួង​បាន​ដោយ​របៀប​ណា ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹង​គិត​ថា តើ​ពួកគេ​ធ្លាប់​ចុះញ៉ម​នឹង​ការ​ល្បួង​ដោយ​សារ​តែ​ពួកគេ​មិន​បាន​អធិស្ឋាន ហើយ​នៅ​ចាំ​យាម ដូចជា​ពួកគេ​សាវក​នៅ​ក្នុង​សួនច្បារ​គែតសេម៉ានី​​ដែរ​ឬទេ ។ ចូរ​សុំ​ឲ្យ​ពួកគេ​ពិចារណា​ពី​របៀប​ដែល​ការ​ជ្រើស​រើស​នោះ​ បាន​ជះឥទ្ធិពល​ដល់​ពួកគេ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹង​គិត​ពី​គ្រា​ដែល​ពួកគេ​បាន​តតាំង​នឹង​ការ​ល្បួង​ដោយ​ការ​អធិស្ឋាន និង​ការ​ចាំ​យាម ។

  • តើ​អ្វី​ទៅ​ធ្លាប់​ជួយ​អ្នក​ឲ្យ​មាន​ភាព​ទៀងទាត់​នៅ​ក្នុង​ការ​ចាំ​យាម និង​ការ​អធិស្ឋាន​ខាង​វិញ្ញាណ ?

សូម​ថ្លែង​ទីបន្ទាល់​ថា យើង​អាច​តតាំង​នឹង​ការ​ល្បួង​បាន នៅ​ពេល​យើង​ចាំ​យាម ហើយ​អធិស្ឋាន​ជា​បន្ត​បន្ទាប់ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​លើ​ក្រដាស​មួយ​សន្លឹក​ នូវ​កិច្ចការ​មួយ​ដែល​ពួកគេ​នឹង​ធ្វើ​ដើម្បី​នៅ​ចាំ​យាម ហើយ​អធិស្ឋាន​ជា​បន្ត​បន្ទាប់​កាន់​តែ​ប្រសើរ​ឡើង ។ សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ដាក់​ក្រដាស​នោះ​តាម​ខ្លួន ដើម្បី​រំឭក​ពួកគេ​ពី​គោលដៅ​របស់​ពួកគេ ។

សូ​ម​សង្ខេបម៉ាថាយ ២៦:៤២-៤៦​ដោយ​ពន្យល់​ថា ព្រះ​យេស៊ូវ​​បាន​អធិស្ឋាន​បី​ដង​នៅ​ក្នុង​សួនច្បារគែតសេម៉ានី ។ រាល់​លើក​ទ្រង់​បាន​បង្ហាញ​ថា ទ្រង់​មាន​ព្រះឆន្ទៈ​គោរព​តាម​ព្រះទ័យ​របស់​ព្រះ​វរបិតា​ទ្រង់ ។

ម៉ាថាយ ២៦:៤៧-៧៥

ព្រះយេស៊ូវគ្រីស្ទ​ត្រូវ​គេ​ចាប់​ព្រះកាយ ហើយ​កាត់ទោស​នៅ​ចំពោះ​មុខ​លោក​កៃផា

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន​ឲ្យ​ឮៗ​នូវ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ ជើរ៉ល អិន ឡាន នៃ​ពួកចិតសិប​នាក់ ៖

រូបភាព
អែលឌើរ ជើរ៉ល អិន ឡាន

« សូម​នឹក​ស្រមៃ​ថា [ ព្រះយេស៊ូវគ្រីស្ទ ]​ជា​អង្គ​ដែលមាន​ព្រះចេស្ដា ពន្លឺ និង​សិរី​ល្អ​​ធ្វើ​ឲ្យ​ចក្រវាឡ​មាន​របៀប​រៀប​រយ ជា​អង្គ​ដែល​មាន​បន្ទូល ហើយ​ប្រព័ន្ធ​ព្រះអាទិត្យ បណ្ដុំ​​ផ្កាយ និង​តារា​កើត​មាន​ឡើង—ទ្រង់យាង​ឈរ​នៅ​ចំពោះ​មុខ​មនុស្ស​ទុច្ចរិត ហើយ​ត្រូវ​បានពួកគេ​កាត់​ទោស​ថា​ជា​អង្គ​ដែល​គ្មាន​ប្រយោជន៍ ឬ​គ្មាន​តម្លៃ ! » ( « Knowest Thou the Condescension of God? » នៅ​ក្នុង Doctrines of the Book of Mormon: The 1991 Sperry Symposium, ed. Bruce A. Van Orden and Brent L. Top [ ឆ្នាំ​ ១៩៩២ ] ទំព័រ ៨៦ ) ។

សូម​សរសេរ ម៉ាថាយ ២៦:៤៧–៦៨ នៅ​លើ​ក្ដារខៀន ។ ចូរ​សុំ​ឲ្យ​សិស្ស​ស្វែង​រក​ខគម្ពីរ​ទាំង​នេះ ដោយ​រក​មើល​របៀប​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បន្ត​ចុះចូល​តាម​ព្រះទ័យ​របស់​ព្រះវរបិតា​ទ្រង់ សូម្បី​ពេល​ទ្រង់​ត្រូវ​បាន​មនុស្ស​ទុច្ចរិត​ធ្វើ​បាប ហើយ​កាត់ទោសក្តី ។ ដោយ​ផ្អែក​ទៅ​លើ​សេចក្ដី​ត្រូវការ​របស់​សិស្ស​ អ្នក​អាច​អាន​ខគម្ពីរ​ទាំង​នេះ​​ឲ្យ​ឮៗ​ជាមួយ​សិស្ស សូម​ចែក​សិស្ស​ជា​គូ​ដើម្បី​អាន​ខគម្ពីរ​ទាំង​នេះ​ឲ្យ​ឮៗ ឬ​ណែនាំ​សិស្ស​ឲ្យ​អាន​វា​ដោយ​ស្ងៀម​ស្ងាត់ ។

ក្រោយពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ សូម​សួរ​សំណួរ​ដូច​ខាង​ក្រោម ៖

  • តើ​ព្រះយេស៊ូវ​បាន​ចុះចូល​តាម​ព្រះទ័យ​របស់​ព្រះវរបិតា​សួគ៌ ​សូម្បី​តែ​ពេល​ទ្រង់​ត្រូវ​បាន​ពួក​ទុច្ចរិត​ធ្វើ​បាប ហើយ​កាត់ទោសដោយ​របៀប​ណា ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ២៦:៥៣ ឲ្យ​ឮៗ ។ ចូរ​សុំសិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ទៀង​តាម រក​មើល​អ្វី​ដែលព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា​ ទ្រង់​គួរ​ធ្វើ​នៅ​ក្នុង​ព្រឹត្តិការណ៍​ទាំង​នេះ ។

  • តើ​ព្រះអង្គ​សង្គ្រោះ​គួរ​ធ្វើ​អ្វី ?

  • ជំនួស​ឲ្យ​ការ​ទូល​សូម​ពួក​ទេវតា​ដប់​ពីរ​កង ឬ​ព្រះចេស្ដា​នៃ​ព្រះ​ណា​មួយ​ផ្សេង​ទៀត​ឲ្យ​​រំដោះ​ទ្រង់ តើ​ព្រះយេស៊ូវ​បាន​ធ្វើ​អ្វី ?

  • តើ​ការណ៍​នេះ​បង្រៀន​អ្វី​ខ្លះ​ ដល់​អ្នក​អំពី​ព្រះទ័យ​របស់​ព្រះអង្គ​សង្គ្រោះ​ដើម្បី​ធ្វើ​តាម​ព្រះទ័យ​របស់​ព្រះវរបិតា​សួគ៌ ទោះ​ជា​ស្ថិត​នៅ​ក្នុង​កាលៈទេសៈ​ណា​ក្ដី ?

ទោះបី​ជា​ព្រះយេស៊ូវ​គ្រីស្ទ​មាន​ព្រះចេស្ដា​​ដើម្បី​បំផ្លាញ​មនុស្ស​ដែល​វាយ​ទ្រង់ ហើយ​ស្ដោះ​ដាក់​ទ្រង់​ក្ដី ក៏​ទ្រង់​នៅ​តែ​ស៊ូទ្រាំ​រងទុក្ខ ( សូម​មើល នីហ្វៃទី ១ ១៩:៩ ) ។ ពួក​អ្នក​ដឹកនាំ និង​ពួក​កង​ទ័ព​ពុំ​បាន​ដឹង​អំពីព្រះចេស្ដា​ដ៏​មហិមា​ ដែល​ព្រះ​យេស៊ូវ​បាន​អំពាវនាវ​រក​ជា​ព្រះទ័យ​នៃ​ព្រះវរបិតា​ដែល​ឲ្យ​ទ្រង់​ធ្វើ​រឿង​នេះ​ឡើយ ។

ចូរ​ចង្អុល​បង្ហាញ​ថា ដូចដែល​បាន​កត់​ត្រា​នៅ​ក្នុង​ខ​ទី ៥៦​ការ​ព្យាករ​របស់​ព្រះអង្គ​សង្គ្រោះ​ថា ពួក​សាវក​នឹង​ងាក​ចេញ​ពី​ទ្រង់​ត្រូវ​បាន​បំពេញ ។ ប៉ុន្តែ ការ​ងាក​ចេញ​នេះ​គឺ​ជា​រឿង​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ ។

សូម​សង្ខេប​ម៉ាថាយ ២៦:៦៩-៧៥​ដោយ​ពន្យល់​ថា កាល​ព្រះយេស៊ូវ​កំពុង​ត្រូវ​គេ​កាត់​ទោស ក្រោយ​ពី​ចាប់​ព្រះកាយ​ទ្រង់​មក ពេត្រុស​បាន​បដិសេធ​មិន​ស្គាល់​ទ្រង់​ដល់​ទៅ​បី​ដង ។ ( កំណត់ចំណាំ ៖ ការ​បដិសេធ​របស់​ពេត្រុស​នឹង​ពិភាក្សា​លម្អិត​នៅ​ក្នុង​មេរៀន លូកា ២២ ) ។

សូម​ថ្លែងទីបន្ទាល់​អំពី​សេចក្ដី​ពិត​ដែល​បាន​បង្ហាញ​នៅ​ក្នុង​មេរៀន​នេះ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

ម៉ាថាយ ២៦:៣៩ ។ « ប៉ុន្តែ កុំ​តាម​ចិត្ត​ទូលបង្គំ​ឡើយ សូម​តាម​តែ​ព្រះហឫទ័យ​ទ្រង់​វិញ »

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ពន្យល់​ ៖

« ប្រសិន​បើ​អ្នក​អាច​បន្សល់​ទុក​ការ​តាំង​ចិត្ត​ដ៏សំខាន់​មួយ​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​លះបង់​​ដែល​ពុំ​អាច​ប្រៀប​ផ្ទឹម​បាន​របស់​ព្រះអង្គ​សង្គ្រោះ​ចំពោះ​ពួកគេ ការ​បង់​ថ្លៃ​របស់​ទ្រង់​ចំពោះ​អំពើ​រំលេង​របស់​ពួកគេ ការ​សោកសៅ​របស់​ទ្រង់​ចំពោះ​អំពើបាប​របស់​ពួកគេ សូម​បន្សល់​ទុក​នឹង​ពួកគេ​នូវ​រឿង​ដ៏​ចាំបាច់ ​ដើម្បី​គោរព​តាម—​ដើម្បី​ងាក​ទៅ​រក​ ‹ ព្រះទ័យ​របស់​ព្រះវរបិតា › [ នីហ្វៃ​ទី ៣ ១១:១១ ]​ នៅ​ក្នុង​ផ្នែក និង​គ្រា​ដ៏​លំបាក​នៃ​ការ​សម្រេច​ចិត្ត​ផ្ទាល់​ខ្លួន ទោះ​ជា​ត្រូវ​ចំណាយ​អ្វី​ក៏ដោយ ។ ជានិច្ចកាល ពួកគេ​នឹង​មិន​ធ្វើ​រឿង​នោះ​បាន​ប្រសើរ​ជាង​អ្វី​​ដែល​អ្នក និង​ខ្ញុំ​អាច​ធ្វើ​បាន​ឡើយ ប៉ុន្តែ​ការណ៍​នោះ​គួរ​តែ​ជា​គោលដៅ​របស់​ពួកគេ ការណ៍​នោះ​គួរ​តែ​ជា​បំណង​របស់​ពួកគេ ។ រឿង​ដែលព្រះគ្រីស្ទ ​ហាក់ដូចជា​ខ្វល់​ព្រះទ័យ​បំផុត​អំពី​បេសកកម្ម​របស់ទ្រង់—លើស​ពីគោល​តម្លៃ​ខ្លួន លើស​ពី​ទេសនកថាដ៏​សំខាន់ៗ ហើយ​ថែម​ទាំង​លើស​ពី​ការ​ព្យាបាល​ទៀត​នោះ—គឺ​ថា​ទ្រង់​បាន​ដាក់​ព្រះទ័យ​របស់​ទ្រង់​ចុះចូល​តាម​ព្រះទ័យ​របស់ព្រះវរបិតា » ( « Teaching, Preaching, Healing » Ensign ខែ​ មករា ឆ្នាំ​ ២០០៣ ទំព័រ ៤១ ) ។