បណ្ណាល័យ
មេរៀនទី ៣ ៖ តួនាទី​របស់​សិស្ស


មេរៀនទី ៣

តួនាទី​របស់​សិស្ស

សេចក្ដីផ្ដើម

ព្រះវិញ្ញាណ​បរិសុទ្ធ គ្រូបង្រៀន និង សិស្ស​មាន​តួនាទី​សំខាន់​មួយ​នៅ​ក្នុង​ការ​រៀនសូត្រ​ពី​ដំណឹងល្អ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​យល់​ពី​តួនាទី​ទាំងនេះ ដើម្បី​ពួកគេ​អាច​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ការ​ខិតខំ​រៀនសូត្រ​របស់​ពួកគេ ។ អ្នក​ប្រហែល​ជា​ត្រូវ​រំឭក​គោលការណ៍​នានា ដែល​ត្រូវបាន​បង្រៀន​នៅក្នុង​មេរៀន​នេះ​ជា​ទៀងទាត់ ដើម្បី​រំឭក​សិស្ស​អំពី​តួនាទី​របស់ពួកគេ​ក្នុង​ការរៀនសូត្រ​ពី​ដំណឹងល្អ ។

យោបល់​សម្រាប់​ការបង្រៀន

តួនាទី​របស់​ព្រះវិញ្ញាណ គ្រូបង្រៀន និង​សិស្ស​នៅក្នុង​ការ​រៀនសូត្រ​ពី​ដំណឹងល្អ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន​សាច់រឿង​ដូច​ខាង​ក្រោម​ឲ្យ​ឮៗ ។

មាន​យុវនារី​ម្នាក់​ទទួល​បាន​ការ​បំផុស​គំនិត និង ការ​បំភ្លឺ នៅ​ពេល​នាង​ចូល​រៀន​ថ្នាក់​សិក្ខាសាលា ។ នាង​ទទួល​អារម្មណ៍ពីព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅ​ទី​នោះ ហើយ​មាន​អំណរគុណ​ចំពោះ​រឿង​ទាំងឡាយ​ដែល​នាង​រៀន ។ ហើយក៏មាន​យុវនារី​ម្នាក់​ទៀត​នៅ​ក្នុង​ថ្នាក់​សិក្ខសាលា​ដដែល​នោះដែរ ។ ប៉ុន្តែ​ជារឿយៗ នាង​មាន​ភាព​ធុញទ្រាន់ ហើយ​មាន​អារម្មណ៍​ថា​នាង​រៀន​អ្វី​មិន​បាន​ច្រើន​ទេ​នៅ​ក្នុង​ថ្នាក់​នោះ ។

  • តើ​ហេតុផល​មួយចំនួន​ដែល​អាច​កើត​មាន ហើយ​វា​ធ្វើ​ឲ្យ​យុវនារី​ទាំងពីរ​នេះ​មាន​បទពិសោធន៍​ផ្ទុយគ្នា ខណៈ​ដែល​ពួកគេ​ចូល​រៀន​នៅក្នុង​ថ្នាក់​សិក្ខាសាលា​តែ​មួយ​នោះ​មាន​អ្វីខ្លះ ? ( ចម្លើយ​អាច​មាន​ដូច​តទៅ​នេះ ៖ យុវនារី​ទីមួយ​ប្រហែល​ជា​ចូលរួម​យ៉ាង​ក្លៀវក្លា​នៅ​ក្នុង​មេរៀន យុវនារី​ទីមួយ​ប្រហែល​ជា​ធ្លាប់​មាន​បទពិសោធន៍​នៃ​ការ​រៀនសូត្រ​ខាង​វិញ្ញាណ​ច្រើន​កាល​ពីមុន រីឯ​យុវនារី​ទីពីរ​វិញ​ប្រហែល​ជា​មិនមាន​ស្មារតី​មូល​ដោយ​សារ​តែ​កង្វល់​ផ្សេងៗ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​រក​មើល​គោលលទ្ធិ និង គោលការណ៍​នានា​នៅ​ក្នុង​មេរៀន​ថ្ងៃ​នេះ​ដែល​អាច​ជួយ​ពួកគេ​ឲ្យ​បំពេញ​តួនាទី​របស់​ខ្លួន​នៅ​ក្នុង​ថ្នាក់​សិក្ខាសាលា ហើយ​ពង្រឹង​ទីបន្ទាល់​របស់​ពួកគេ​អំពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

សូម​ពន្យល់​ថា មាន​បុគ្គល​បី​រូប​ដែល​មាន​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​បរិយាកាស​រៀន​សូត្រ​មួយ​អំពី​ដំណឹងល្អ​ដូច​ជា​ថ្នាក់​សិក្ខាសាលា គឺ ៖​ព្រះវិញ្ញាណ​បរិសុទ្ធ គ្រូបង្រៀន និង សិស្ស ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន យ៉ូហាន ១៤:២៦ ហើយ​ឲ្យ​សិស្ស​ម្នាក់​ទៀត​អាន យ៉ូហាន ១៦:១៣ ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​ដោយ រកមើល​ពី​តួនាទី​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ ។

  • តើ​សេចក្ដីពិត​អ្វី​ខ្លះ​ដែល​យើង​អាច​រៀន​ពី​ខគម្ពីរ​ទាំងនេះ ទាក់ទង​នឹង តួនាទី​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ ? ( សិស្ស​អាច​នឹង​ឲ្យ​ចម្លើយ​ផ្សេងៗ​គ្នា ប៉ុន្តែ​សូម​ប្រាកដ​ថា ពួកគេ​ដឹង​ពី​គោលលទ្ធិ​នេះ ៖ ព្រះវិញ្ញាណ​បរិសុទ្ធ​បង្រៀន​ពី​សេចក្ដីពិត ) ។

  • តើ​យើង​អាច​ដឹង​បាន​ដោយ​របៀប​ណា នៅ​ពេល​ព្រះវិញ្ញាណ​បរិសុទ្ធ​កំពុង​បង្រៀន​សេចក្ដីពិត​នោះដល់​យើង? ( អ្នក​គួរ​ឲ្យ​សិស្ស​បើក​ទៅ គោលលទ្ធិ និង សេចក្តីសញ្ញា ៨:២–៣ ) ។

ចូរ​សុំ​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៥០:១៣-១៤ ឲ្យឮៗ ។ សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ទៀង​តាម ដោយ​រកមើល​ពី​តួនាទី​របស់​គ្រូបង្រៀន​ដំណឹងល្អ​ម្នាក់ ។ មុន​ពេល​សិស្ស​អាន សូម​ពន្យល់​ថា ខ​គម្ពីរ​ទាំងនេះ បាន​ផ្ដល់​ឲ្យ​ទៅ​ពួកបរិសុទ្ធ​ជំនាន់​មុន ដែល​ទទួល​បាន​ការ​តែងតាំង​ឲ្យ​បង្រៀន​ដំណឹងល្អ ។

  • តើតួនាទី​របស់​គ្រូបង្រៀន​ដំណឹងល្អ​ម្នាក់​មាន​អ្វីខ្លះ ? ( សូមមើល​ផងដែរ គ. និង ស. ៤២:១៤ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន នីហ្វៃទី ២ ៣៣:១ ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​ដោយ រកមើល​អ្វី​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ធ្វើ​ចំពោះ​យើង នៅ​ពេល​សេចក្ដីពិត​ត្រូវ​បាន​បង្រៀន​ដោយ​ព្រះចេស្ដា​របស់​ទ្រង់ ។

  • យោង​តាម​ខគម្ពីរ​នេះ តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​ធ្វើ​អ្វី​ខ្លះ​សម្រាប់​យើង ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​របៀប​ដើម្បី​យាង​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​នាំ​យក​សេចក្ដីពិត​ចូល​ទៅ​ក្នុង​ដួងចិត្ត​របស់​ពួកគេ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:១១៨ ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយ​រក​មើល​ពី​របៀប​ដែល​យើង​ត្រូវ​ខិតខំ​ស្វែងរក​ការ​រៀនសូត្រ ។

  • តើ​យើង​ត្រូវ​ខិតខំ​ស្វែងរក​ការ​រៀនសូត្រ​តាម​របៀប​ណា ? ( ដោយ​ការសិក្សា និង​ដោយ​សេចក្តី​ជំនឿ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​នេះ​ដោយ​អែលឌើរ ដេវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់​ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ស្ដាប់​រក​មើលអ្វី​ដែល​យើង​អាច​ធ្វើ​ឲ្យ​កើត​ឡើង​បាន នៅ​ពេល​យើង​ខិតខំ​រៀនសូត្រ​ដោយ​សេចក្ដី​ជំនឿ ៖

រូបភាព
អែលឌើរ ដាវីឌ អេ បែដណា

« គ្រូបង្រៀន​ម្នាក់​អាច​ពន្យល់​បង្ហាញ លួងលោម ហើយ​ធ្វើ​ទីបន្ទាល់ និង ធ្វើ​យ៉ាង​ដូច្នោះ​ជាមួយ​នឹង​អំណាច​ខាងវិញ្ញាណ និង ដោយមានប្រសិទ្ធភាព ។ ទោះជាយ៉ាងនេះក៏ដោយ នៅទីបំផុត​សារលិខិតមួយ និង សាក្សី​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ អាច​ជា្របចូល​ទៅក្នុង​ដួងចិត្ត​បាន ដរាបណា​អ្នកទទួល​មា្នក់​អនុញ្ញត្ត​ឲ្យ​វាចូល​តែប៉ុណ្ណោះ ។ ការ​រៀន​សូត្រ​ដោយ​សេចក្ដី​ជំនឿ​បើក​ផ្លូវ ចូល​ទៅ​ក្នុង ដួងចិត្ត » ( « Seek Learning by Faith » ខែ កញ្ញា ឆ្នាំ ២០០៧ ទំព័រ ៦១ ) ។

  • នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​នេះ តើ​គោលការណ៍​អ្វី​ខ្លះ​ដែល​អ្នក​រៀន​ពី​អ្វី​ដែល​អាច​កើត​ឡើង ប្រសិនបើ​យើង​ខិតខំ​រៀន​សូត្រ​ដោយ​សេចក្ដីជំនឿ ? ( សូម​ជួយ​សិស្ស​ឲ្យ​ស្គាល់​ពី​គោលការណ៍​នេះ ៖ ប្រសិន​បើ​យើង​ខិតខំ​រៀន​សូត្រ​ដោយ​សេចក្ដី​ជំនឿ នោះ​ទើប​យើង​យាង​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​ចូល​មក​ក្នុង​ដួងចិត្ត​របស់​យើង ដើម្បី​បង្រៀន ហើយ​ថ្លែង​ទីបន្ទាល់​ពី​សេចក្ដី​ពិត​បាន ។ សូម​ពិចារណា​សរសេរ​សេចក្ដីពិត​នេះនៅ​លើ​ក្ដារខៀន ។)

សូម​ចង្អុល​បង្ហាញ​ថា សេចក្ដីជំនឿ​គឺ​លើស​ពី​ជំនឿ​អកម្ម​ទៅ​ទៀត ។ យើង​បង្ហាញ​សេចក្ដីជំនឿ​របស់​យើង​តាមរយៈ​សកម្មភាព ។

  • តើ​អ្នក​គិត​ថា ការរៀន​សូត្រ​ដោយ​សេចក្ដី​ជំនឿ មាន​ន័យ​ដូចម្ដេច ?

ដើម្បី​បង្ហាញ​ថា ការរៀន​សូត្រ​ដោយ​សេចក្ដី​ជំនឿ មាន​ន័យ​ដូចម្ដេច​នោះ សុំ​រក​អ្នក​ស្ម័គ្រចិត្ត​ម្នាក់​ដែល​ពុំ​ធ្លាប់​លេង​កីឡា​បាល់​ទាល់​ពី​មុន ។ ( អ្នក​អាច​សម្រប​សកម្មភាព​នេះ​ដើម្បី​ធ្វើ​ឲ្យ​សិស្ស​ម្នាក់​ដែល​ពុំ​ធ្លាប់​លេង​កីឡា​បាល់បោះ លេង​ឧបករណ៍​តន្ត្រី លេង​ត្រែះ ពុំ​ចេះ​ចង​ក្រវ៉ាត់-ក ។ល។ អាច​ចូល​រួម​បាន ) ។ សូម​ប្រាប់​សិស្ស​ស្ម័គ្រ​ចិត្ត​នោះ​ថា អ្នក​ចង់​បង្រៀន​គាត់​ពី​របៀប​លេង​កីឡា​បាល់ទាត់​ឲ្យ​ល្អ​អាច​លេង​ក្នុង​ក្រុម​កីឡា​បាល់ទាត់​មួយ​បាន ។ សូម​សួរ​សិស្ស​ស្ម័គ្រ​ចិត្ត​នោះ​ថា តើ​គាត់​មាន​សេចក្ដីជំនឿ​លើ​សមត្ថភាព​បង្រៀន​របស់​អ្នក និង​លើ​សមត្ថភាព​រៀន​សូត្រ​របស់​គាត់​ដែរ​ឬទេ ។ រួច​ពន្យល់ ហើយ​បង្ហាញ​ពី​របៀប​បណ្ដើរ​បាល់ ប៉ុន្តែ​កុំ​ឲ្យ​សិស្ស​នោះ​សាកល្បង ។ សូម​ពន្យល់​ពី​របៀប​បញ្ជូន​បាល់ ។ រួច​ធ្វើ​ការ​បង្ហាញ​ដោយ​បញ្ជូន​បាល់នោះ​ទៅ​សិស្ស​ស្មគ្រ័ចិត្ត​នោះ ប៉ុន្តែ​ទារ​បាល់​មកវិញ ដោយ​មិន​ឲ្យ​សិស្ស​នោះ​សាកល្បង​បញ្ជូន​បាល់​ត្រឡប់​មក​អ្នក​វិញ ។ សូម​ធ្វើ​ដូចគ្នា​សម្រាប់​ការ​បោះបាល់ បន្ទាប់​ពី​វា​បាន​ចេញ​ទៅ​ខាង​ក្រៅ​ទីលាន ។ បន្ទាប់មក សូម​សួរ​សិស្សនោះ ៖

  • តើ​អ្នក​មាន​អារម្មណ៍​ថា​ត្រូវ​ត្រៀម​ខ្លួន​បែបណា​ដើម្បី​សាកល្បង​សម្រាប់​ក្រុម​បាល់​ទាត់​មួយ ? ហេតុអ្វី ?

  • ទោះ​បី​ជា​ការ​រៀនសូត្រ និង ការ​មើល​អ្នក​ដទៃ​លេង​បាល់ទាត់​អាច​ជួយ​បាន​ក៏ដោយ ប្រសិន​បើ​អ្នក​ចង់​អភិវឌ្ឍ​ជំនាញ​ដែល​ចាំបាច់ ដើម្បី​មាន​ភាព​ជោគជ័យ​ក្នុង​កីឡា​បាល់​ទាត់​កាន់តែ​ប្រសើរ​នោះ តើ​អ្នក​ត្រូវ​ធ្វើ​អ្វីខ្លះ ?

  • តើ​កិច្ចការ​នេះ​អាច​ទាក់ទិន​នឹង​ការ​រៀនសូត្រ​ដោយ​សេចក្ដី​ជំនឿ​បាន​ដោយ​របៀប​ណា ? ( ការ​ជឿ និង ការ​ទុកចិត្ត​ថា ព្រះវិញ្ញាណ​អាច​បង្រៀន​យើង​តែម្យ៉ាង​គឺ​ពុំ​គ្រប់គ្រាន់​ឡើយ ) ។ ដើម្បី​ទទួល​បាន​ចំណេះដឹង​ពី​សេចក្ដី​ពិត​របស់​ព្រះ យើង​ក៏​ត្រូវ​ខិតខំ​រៀនសូត្រ ហើយ​អនុវត្ត​អ្វី​ដែល​យើង​រៀនសូត្រ​ផង​ដែរ ) ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្តី​ថ្លែងការណ៍​ខាងក្រោម​របស់​អែលឌើរ បែដណា ឲ្យ​ឮៗ ៖ សូម​ឲ្យ​សិស្ស​ស្ដាប់​រក​មើល​អ្វី​ដែល​លោក​បង្រៀន​អំពី​ការ​រៀនសូត្រ​ដោយ​សេចក្ដីជំនឿ ( អ្នក​អាច​ពិចារណា​ថតចម្លង​សេចក្ដី​ថ្លែងការណ៍​នេះ​ចែក​ឲ្យ​សិស្ស ហើយ​ឲ្យ​ពួកគេ​គូស​ចំណាំ​អ្វី​ដែល​ពួកគេ​រក​ឃើញ ) ។

រូបភាព
អែលឌើរ ដាវីឌ អេ បែដណា

« អ្នក​រៀនសូត្រ អនុវត្ត​សិទ្ធិ​ជ្រើសរើស​របស់ពួកគេ តាមរយៈការ​ធ្វើសកម្មភាព​ស្រប​ទៅតាម​គោលការណ៍​ត្រឹមត្រូវ បើក​ដួងចិត្ត​ពួកគេ​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​យាង​ការបង្រៀន​របស់​ទ្រង់ អំណាច​នៃ​ការ​ថ្លែង​ទីបន្ទាល់ និង​សាក្សី​បញ្ជាក់​របស់​ទ្រង់ ។ ការរៀនសូត្រ​ដោយ​សេចក្ដី​ជំនឿ តម្រូវ​ឲ្យ​មាន​កិច្ចខិត​ខំ​ខាង​វិញ្ញាណ ខាង​សតិអារម្មណ៍ និង ខាង​រូបកាយ ហើយ​ពុំ​មែន​គ្រាន់​តែ​ជា​ការ​ទទួលភាព​អកម្ម​នោះ​ទេ ។ វា​គឺ​នៅ​ក្នុង​សេចក្តី​ស្មោះត្រង់ និង ភាពខ្ជាប់ខ្ជួន​នៃ​សកម្មភាព​ដែល​បាន​បំផុស​គំនិត​យើង​ឲ្យ​មាន​សេចក្ដី​ជំនឿ​នោះ​ហើយ ដែល​យើង​បង្ហាញ​ចំពោះ​ព្រះវរបិតា​សួគ៌ និង ព្រះរាជ​បុត្រា​របស់​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ ជា​ការស្ម័គ្រ​ចិត្ត​របស់​យើង​ដើម្បី​រៀន និង ទទួល​យក​ការបង្ហាត់​បង្រៀន​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ …

« …ការ​រៀនសូត្រ​ដោយ​សេចក្ដីជំនឿ ពុំអាច​ត្រូវ​បាន​ផ្ទេរ​ពី​គ្រូបង្រៀន​ម្នាក់​ទៅ​សិស្សម្នាក់​តាមរយៈ​ការ​បង្រៀន ការ​បង្ហាញ ឬ​តាមសកម្មភាព​ក្នុង​ថ្នាក់រៀន​តែ​មួយមុខ​ទេ តែ​សិស្ស​ម្នាក់​ត្រូវ​តែ​អនុវត្ត​សេចក្ដីជំនឿ និងធ្វើ​សកម្មភាព ដើម្បី​ទទួលបាន​ចំណេះ​ដឹង​សម្រាប់​ខ្លួនគាត់ » ( « Seek Learning by Faith »ទំព័រ ៦៤ ) ។

  • តើ​កិច្ច​ខិតខំ​ខាង​វិញ្ញាណ ខាង​សតិអារម្មណ៍ និង​ខាង​រូបកាយ​មួយ​ចំនួន ដែល​យើង​អាច​ធ្វើ​ដើម្បី​យាង​ព្រះវិញ្ញាណ​ឲ្យ​បង្រៀន ហើយ​ថ្លែង​ទីបន្ទាល់​ដល់​យើង​អំពី​សេចក្ដី​ពិត​មាន​អ្វីខ្លះ ?

កំណត់​ចំណាំ ៖ ពេល​នេះ​អាច​ជា​ពេល​មួយ​ដ៏​សមរម្យ​ដើម្បី​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:១២២ ហើយ​ពិភាក្សា​ពី​សារៈសំខាន់​នៃ​សណ្ដាប់ធ្នាប់ និង គារវភាព​នៅ​ក្នុង​ថ្នាក់​រៀន ។

  • តើ​ឥរិយាបថ ឬ អាកប្បកិរិយា​មួយ​ចំនួន​ដែល​អាច​រារាំង​ព្រះវិញ្ញាណ​មិន​ឲ្យ​បង្រៀន​សេចក្ដីពិត​ដល់​យើង​នៅក្នុង​ថ្នាក់​សិក្ខាសាលា​មួយ​មាន​អ្វីខ្លះ ?

  • តើ​បទពិសោធន៍​ក្នុង​ថ្នាក់​សិក្ខាសាលា​សម្រាប់​សិស្ស​ម្នាក់​ដែល​ខិតខំ​រៀនសូត្រ​ដោយ​សេចក្ដីជំនឿ​នឹង​មាន​ភាព​ខុស​គ្នា​ពី​បទពិសោធន៍​របស់​សិស្ស​ម្នាក់​ទៀត​ដែល​ខ្ជិល​ច្រអូស​ដូច​ម្ដេច​ដែរ ?

ចូរ​សុំ​ឲ្យ​សិស្ស​បើក​ទៅ ម៉ាថាយ ៤ ។ សូម​ពន្យល់​ថា នៅ​ក្នុង​បទពិសោធន៍​របស់​សាវក​ពេត្រុស យើង​អាច​ឃើញ​ពី​គំរូ​មួយ​នៃ​របៀប​ដែល​ការ​ខិតខំ​រៀនសូត្រ​ដោយ​សេចក្ដី​ជំនឿ​យាង​ព្រះវិញ្ញាណ​បរិសុទ្ធ​ចូល​មក​ក្នុង​ដួងចិត្ត​យើង​ដើម្បី​បង្រៀន ហើយ​ថ្លែង​ទីបន្ទាល់​ពី​សេចក្ដី​ពិតនោះ ។ ចូរ​សុំ​ឲ្យ​សិស្ស​ម្នាក់​អាន ម៉ាថាយ ៤:១៨-២០ ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ផ្សេង​ទៀត​ផ្ទៀង​តាម ដោយ​រកមើល​ការ​អញ្ជើញ​របស់​ព្រះអង្គ​សង្គ្រោះ​ទៅ​កាន់​ពេត្រុស និង អនទ្រេ ។

  • តើ​ព្រះអម្ចាស់​បានហៅ ពេត្រុស និង អនទ្រេ ឲ្យ​ធ្វើ​អ្វីខ្លះ ?

  • តើ​ចម្លើយ​របស់​ពួក​លោក​គឺជា​គំរូ​មួយ​នៃ​ការ​ខិតខំ​រៀនសូត្រ​ដោយ​សេចក្ដី​ជំនឿ​បាន​យ៉ាង​ដូចម្ដេច ?

សូម​ចង្អុល​បង្ហាញ​ថា ទង្វើ​របស់​ពេត្រុស​ក្នុង​ការ​ធ្វើ​តាម​ព្រះយេស៊ូវ​គ្រីស្ទ​នោះ​បាន​អនុញ្ញាត​ឲ្យ​លោក​បាន​នៅ​ជិត​នឹង​ព្រះអង្គ​សង្គ្រោះ​នៅ​ក្នុង​ការបម្រើ​របស់​ទ្រង់​ក្នុង​ជីវិត​រមែង​ស្លាប់ ។ ដោយ​ការ​ស្ដាប់​តាម​ពាក្យ​អំពាវនាវ​របស់​ព្រះអង្គ​សង្គ្រោះ​ឲ្យ​មក​តាម​ទ្រង់ ពេត្រុស​បាន​មាន​អភ័យឯកសិទ្ធិ​ស្ដាប់​ឮ​ព្រះអង្គ​សង្គ្រោះ​បង្រៀន​ជា​រៀង​រាល់​ថ្ងៃ ហើយ​ឃើញ​អព្ភូតហេតុ​ជាច្រើន ។ ពេត្រុស​ថែម​ទាំង​បាន​ដើរ​នៅ​លើ​ទឹក​ដោយ​ការ​អញ្ជើញ​របស់​ព្រះអង្គ​សង្គ្រោះ​ទៀត​ផង ( សូមមើល ម៉ាថាយ ១៤:២៨–២៩ ) ។

សូម​ពន្យល់​សិស្ស​ថា នៅ​គ្រា​មួយ ព្រះយេស៊ូវ​បាន​សួរ​សំណួរ​មួយ​ដល់​ពួក​សិស្ស​របស់​ទ្រង់ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ១៦:១៣-១៤ ឲ្យឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម រកមើលអ្វី ដែល​ព្រះអង្គ​សង្គ្រោះ​បានសួរ ។

  • តើ​ព្រះអង្គ​សង្គ្រោះ​បាន​សួរ​អ្វី​ខ្លះ​ដល់​ពួក​សិស្ស​របស់​ទ្រង់ ?

  • តើ​ពួក​គេ​បាន​ឆ្លើយ​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ១៦:១៥-១៧ ឲ្យឮៗ ។ ចូរ​សុំ​ឲ្យសិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​របៀប​ដែល​ពេត្រុស​បាន​ឆ្លើយតប​ចំពោះ​សំណួរ​បន្ទាប់​ទៀត​របស់​ព្រះអង្គ​សង្គ្រោះ ។

  • តើ​អ្វីទៅ​ជា​ចម្លើយ​របស់​ពេត្រុស​ចំពោះ​សំណួរ​របស់​ព្រះអង្គ​សង្គ្រោះ ?

  • តើ​ព្រះអង្គ​សង្គ្រោះ​បាន​ពន្យល់​អ្វី​ខ្លះ អំពី​របៀប​ដែល​ពេត្រុស​បាន​ទទួល​ចំណេះដឹង​របស់​លោក ?

  • តើ​បទពិសោធន៍​របស់​ពេត្រុស គឺជា​ការ​ឆ្លុះ​បញ្ចាំង​មួយ​ពី​សេចក្ដីពិត​ដែល​យើង​ដឹង​នៅ​ក្នុង​មេរៀន​នេះ​បាន​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ​នៅ​ក្នុង​សៀវភៅកំណត់​ចំណាំ ឬ​សៀវភៅ​កត់ត្រា​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ( អ្នក​អាច​ពិចារណា​សរសេរ​សំណួរ​ទាំង​នេះ​នៅ​លើ​ក្ដារខៀន ) ៖

  • តើ​អ្នក​ធ្លាប់​ខិតខំ​រៀន​សូត្រ​ដោយ​សេចក្ដី​ជំនឿ​នៅ​ពេល​ណា​ដែរ ? តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​បំពេញ​តួនាទី​របស់​ទ្រង់ នៅ​ក្នុង​ការ​រៀនសូត្រ​អំពី​ដំណឹងល្អ​យ៉ាង​ដូចម្ដេច នៅ​ពេល​អ្នក​បាន​ធ្វើ​កិច្ចការ​នេះ ? ( អ្នក​អាច​ឲ្យ​សិស្ស​សញ្ជឹង​គិត​ពី​បទពិសោធន៍​រៀនសូត្រ​កាល​ពី​មុន​ដែល​ពួកគេ​ធ្លាប់​មាន នៅពេល​ពួកគេ​បាន​ខិតខំ​រៀនសូត្រ​បន្ថែម​ទៀត​អំពី​ព្រះយេស៊ូវគ្រីស្ទ ) ។

ប្រសិន​បើ​សិស្ស​រីករាយ​នឹង​ចែកចាយ ចូរ​សុំ​ឲ្យ​ពួកគេ​ពីរបីនាក់​ពិពណ៌នាពី​បទពិសោធន៍​ដែល​ពួកគេ​បាន​សរសេរ ។ អ្នក​ក៏​គួរ​ចែកចាយ​បទពិសោធន៍​ផ្ទាល់​ខ្លួន​មួយ​របស់​អ្នក​ផងដែរ រួម​ទាំង​ទីបន្ទាល់​របស់​អ្នក​អំពី​សេចក្ដី​ពិត ដែល​អ្នក​បាន​ពិភាក្សា​នោះ ។

ចូរ​សុំ​ឲ្យ​សិស្ស​គិត​ពី​រឿង​មួយ​ឬ​ពីរ​ដែល​ពួកគេ​នឹង​ធ្វើ​ដើម្បី​រៀន​សូត្រ​ដោយ​សេចក្ដី​ជំនឿ ហើយ​យាង​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យចូល​ទៅ​ក្នុង​ដួង​ចិត្ត​ពួកគេ​ដើម្បី​បង្រៀន ហើយ​ថ្លែង​ទីបន្ទាល់​ពី​សេចក្ដីពិត ។ សូម​អញ្ជើញ​សិស្ស​សរសេរ​អ្វី​ដែល​ពួកគេ​នឹង​ធ្វើ ។

សូម​បញ្ចប់​ដោយ​ចែកចាយ​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​របស់ ប្រធាន ថូម៉ាស អេស ម៉នសុន ៖

រូបភាព
ប្រធាន ថូម៉ាស អេស ម៉នសុន

« យុវវ័យ​អើយ ! ខ្ញុំ​សុំ​ឲ្យ​អ្នក​ចូលរួម​រៀន​នៅក្នុង​ថ្នាក់​សិក្ខាសាលា ។ ចូរ​សិក្សា​ព្រះគម្ពីរ​ទាំងឡាយ​របស់​អ្នកជា​រៀងរាល់​ថ្ងៃ ។ ចូរ​ស្ដាប់​គ្រូបង្រៀន​របស់​អ្នក ដោយ​ប្រុងប្រយ័ត្ន ។ ចូរ​អនុវត្ត​អ្វី​ដែល​អ្នក​រៀន​ប្រកប​ដោយ​ការ​អធិស្ឋាន » ( « Participate in Seminary » ថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០១១ seminary.lds.org ) ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

គាវរភាព​ធ្វើ​ឲ្យ​មាន​វិវរណៈ

ឥរិយាបថ និង អាកប្បកិរិយា​ប្រកបដោយ​គារវភាព​អាច​ជា​ផ្នែក​មួយ​នៃ​ការ​រៀនសូត្រ​ដោយ​សេចក្ដី​ជំនឿ ហើយ​អាច​យាង​ព្រះវិញ្ញាណ​ឲ្យ​បង្រៀន ហើយ​ថ្លែង​ទីបន្ទាល់​ពី​សេចក្ដី​ពិត ។ ប្រធាន ប៊យដ៏ ឃេ ផាកកឺ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​អំពី​ទំនាក់ទំនង​រវាង​គារវភាព និង វិវរណៈ ថា៖

« អស់​រយៈ​ពេល​ពីរ​បី​ឆ្នាំ​នេះ យើង​បាន​មើល​គំរូ​នៃ​គារវភាព និង ការខ្វះ​គារវភាព​នៅក្នុង​សាសនាចក្រ ។ ខណៈពេល​ដែល​មនុស្ស​ជាច្រើន​ត្រូវ​បាន​គេ​កោតសរសើរ​ជា​ខ្លាំង យើង​កំពុង​តែ​រសាត់ព្រាត់ ។ យើង​មាន​ហេតុផល​ដើម្បី​ត្រូវ​ព្រួយបារម្ភ​ជាខ្លាំង ។

« ពិភពលោក​កាន់តែ​មាន​ភាព​ទ្រហឹង​អឺងកង​ឡើងៗ ។ …

« ទំនោរ​ចំពោះ​សំឡេងកាន់​តែ​ខ្លាំង កាន់​តែមាន​សេចក្តីរំភើប កាន់​តែ​មាន​ទំនាស់ ពុំសូវ​មាន​ការអត់​ធ្មត់ ពុំសូវ​មាន​សេចក្តី​សេចក្ដី​ថ្លៃថ្នូរ ពុំសូវ​មាន​របៀប​របប គឺ​វា​ពុំមែនជា​រឿង​ចៃដន្យ ឬ​គ្មានកំហុស ឬក៏​គ្មាន​អន្តរាយ​នោះ​ឡើយ ។

« ការចេញ​បញ្ជា​លើក​ដំបូង​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ មេ​បញ្ជាការ​ម្នាក់​ប្រើប្រាស់​វិធាន​ការវាយ​លុក ដោយ​ការធ្វើឲ្យ​ការស្ទះខ្សែ​រយៈ​ទំនាក់ទំនង​នៃ​ពួកខ្មាំង​សត្រូវ ដែល​គាត់​មាន​បំណង​ចង់​យក​ជ័យ​ជំនះ​លើ ។

« ការ​គ្មាន​គារវភាព​នេះ បំពេញ​បំណង​របស់​មារសត្រូវ ដោយសារតែ​ការ​រារាំង​បណ្ដាញ​ដ៏​ពិសិដ្ឋ​នៃ​វិវរណៈ​ទាំង​ខាង​គំនិត និង ខាង​វិញ្ញាណ ។ …

« … ថ្នាក់​ដឹកនាំ​គួរ​បង្រៀន​ថា គារវភាព​ធ្វើ​ឲ្យ​មាន​វិវរណៈ » ( « Reverence Invites Revelation » ខែ វិច្ឆិកា ឆ្នាំ ១៩៩១ ទំព័រ ២២ ) ។

ស៊ិស្ទើរ​ម៉ាហ្គារ៉ែត អេស លីហ្វើរ​ ក្នុង​គណៈប្រធាន​អង្គបឋម​សិក្សា​ទូទៅ​បាន​បង្រៀន​អំពី​គារវភាព​នៅ​ក្នុង​ការ​ប្រជុំ​សាសនាចក្រ ហើយ​ការ​ណែនាំ​របស់​គាត់​មាន​សម្រាប់​ថ្នាក់សិក្ខាសាលា​ផង​ដែរ ៖

« មាន​តែ​នៅ​ក្នុង​ឥរិយាបថ​នៃ​គារវភាព​មួយ​ប៉ុណ្ណោះ ទើប​ព្រះវិញ្ញាណ​អាច​បញ្ជាក់​ពី​សេចក្ដីពិត​នៃ​ដំណឹងល្អ​តាមរយៈ​ព្រះបន្ទូល​របស់​ព្រះ តន្ត្រី ទីបន្ទាល់ និង ការ​អធិស្ឋាន ។ …

« … ការ​សរសេរ​សារ ឬ​ការ​អាន​អ៊ីម៉ែល​នៅ​ក្នុង​ការ​ប្រជុំ​សាសនាចក្រ​ពុំ​គ្រាន់​តែ​ជា​ការ​ខ្វះ​គារវភាព​មួយ​ប៉ុណ្ណោះ ប៉ុន្តែ​វា​កំពុង​ទាក់ទាញ ហើយ​បង្ហាញ​ជា​សញ្ញា​ពី​ការ​ខ្វះ​ការ​គោរព​មួយ​ចំពោះ​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន​យើង ។ ដូច្នេះ​យើង​ធ្វើ​គំរូ​ពី​គារវភាព​ដោយ​ការ​ចូល​រួម​នៅ​ក្នុង​ការ​ប្រជុំ ស្ដាប់​អ្នក​ឡើង​និយាយ ហើយ​ច្រៀង​ទំនុក​តម្កើង​នៃ​ស៊ីយ៉ូន​ជាមួយ​គ្នា » ( « Respect and Reverence »Liahona ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ១៣ ) ។

ការ​អំពាវ​មួយ​របស់​ព្យាការី​ឲ្យ​ចូលរួម​នៅ​ក្នុង​ថ្នាក់​សិក្ខាសាលា

ប្រធាន​ថូម៉ាស អេស ម៉នសុន​បាន​ផ្ដល់​សារលិខិត​ខាង​ក្រោម​នេះ​អំពី​ការ​ចូល​រួម​ក្នុង​ថ្នាក់​សិក្ខាសាលា ៖

« ថ្នាក់សិក្ខាសាលា បាន​ប្រទាន​ពរជ័យ​ដល់​ជីវិត​របស់​យុវវ័យ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​រាប់រយ​ពាន់​នាក់ ។ ខ្ញុំ​ចងចាំ​នូវ​បទពិសោធន៍ ថ្នាក់​សិក្ខាសាលា​ផ្ទាល់ខ្លួន​របស់ខ្ញុំ ។ សម្រាប់​ខ្ញុំ ថ្នាក់​សិក្ខាសាលា បាន​ប្រព្រឹត្តទៅ​នៅពេលព្រឹក​ព្រលឹម​ស្រាងៗ ក្នុង​ផ្ទះដ៏តូច​មួយ​ទល់មុខ​វិទ្យាល័យ​របស់​ខ្ញុំ ។ ខ្ញុំ​បាន​គិត​ថា ប្រសិនបើគ្រូ របស់ ខ្ញុំ អាច ភ្ញាក់ ពី ព្រលឹម បែប នោះបាន នោះ​ខ្ញុំ​ក៏​អាច​ភ្ញាក់ពី​ព្រលឹម​ដូចនោះ​បាន​ដែរ ។

« ថ្នាក់​សិក្ខាសាលា នឹង​ជួយ​អ្នក​ឲ្យ​យល់ និង ជឿជាក់​លើ​ការបង្រៀន​ទាំងឡាយ និង ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។ អ្នក​នឹង​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ កាលដែល​អ្នក​រៀន​ដើម្បី​ស្រឡាញ់​ព្រះគម្ពីរ​ទាំងឡាយ ។ អ្នក​នឹង រៀបចំ ខ្លួន អ្នក សម្រាប់ ព្រះវិហារ បរិសុទ្ធ និង សម្រាប់ បម្រើ ជា អ្នក ផ្សព្វផ្សាយ សាសនា ។

« យុវវ័យ​អើយ ! ខ្ញុំ​សុំ​ឲ្យ​អ្នក​ចូលរួម​រៀន​នៅក្នុង​ថ្នាក់​សិក្ខាសាលា ។ ចូរ​សិក្សា​ព្រះគម្ពីរ​ទាំងឡាយ​របស់​អ្នកជា​រៀងរាល់​ថ្ងៃ ។ ចូរ​ស្ដាប់​គ្រូបង្រៀន​របស់​អ្នក ដោយ​ប្រុងប្រយ័ត្ន ។ ចូរ​អនុវត្ត​អ្វី​ដែល​អ្នក​រៀន​ប្រកប​ដោយ​ការ​អធិស្ឋាន » ( « Participate in Seminary » ថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០១១ seminary.lds.org ) ។

ការ​ចូលរួម​នៅ​ក្នុង​ថ្នាក់រៀន

អែលឌើរ រីឆាដ ជី. ស្កត នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​អំពី​បទពិសោធន៍​នៃ​ការ​ចូល​រួម​នៅ​ក្នុង​ការ​រៀន​សូត្រ​ពី​ដំណឹងល្អ​ដូច​តទៅ ៖

« ការសម្រេចចិត្ត​ចូលរួម ​[ របស់​សិស្ស ] គឺជា​ការ​អនុវត្ត​សិទ្ធិ​ជ្រើសរើស ដែល​អនុញ្ញត្តឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​ទាក់ទង សារលិខិតផ្ទាល់ខ្លួនមួយដែលត្រូវនឹងសេចក្តីត្រូវការផ្ទាល់ខ្លួន របស់ពួកគេ ។ ការបង្កើត​បរិយាកាស នៃការចូលរួមមួយបង្កើននូវឱកាស ដែលព្រះវិញ្ញាណ នឹងបង្រៀនមេរៀនសំខាន់ៗបន្ថែមទៀតជា ជាង [ គ្រូបង្រៀន] អាច​ទាក់ទង ។

« ការចូលរួម​នោះ​នឹង​នាំ​ការដឹកនាំ​របស់​ព្រះវិញ្ញាណ​ចូលទៅ​ក្នុង​ជីវិត​របស់​ពួកគេ ។ នៅ​ពេល​អ្នក​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​លើក​ដៃ​ឡើង​ឆ្លើយ​សំណួរ​មួយ ទាំង​ពួកគេ​អាច​នឹង​មិន​ដឹង​ខ្លួន នោះ​ពួកគេ​បង្ហាញ​ប្រាប់​ទៅ​ព្រះវិញ្ញាណ​បរិសុទ្ធ​ពី​ឆន្ទៈ​រៀនសូត្រ​របស់​ពួកគេ ។ ការ​ប្រើ​សិទ្ធិ​ជ្រើសរើស​ខាង​សីលធម៌​នោះ នឹង​អនុញ្ញាត​ឲ្យ​ព្រះវិញ្ញាណ​លើក​ទឹក​ចិត្ត​ពួកគេ ហើយ​ប្រទាន​ការ​ដឹកនាំ​បន្ថែម​ទៀត​ដល់​ពួកគេ​រួម​គ្នា​នៅ​ក្នុង​ការ​បង្រៀន​របស់​អ្នក ។ ការ​ចូលរួម​អនុញ្ញាត​ឲ្យ​សិស្ស​ម្នាក់ៗ ដកពិសោធន៍ ពី​ការ​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ ។ ពួក​គេ​រៀន​ស្គាល់ ហើយ​មាន​អារម្មណ៍​ថា តើ​ការ​ដឹកនាំ​ខាង​វិញ្ញាណ​គឺជា​អ្វី » ( « To Learn and Teach More Effectively » [Brigham Young University Campus Education Week devotional ថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០០៧ ]ទំព័រ ៤–៥ speeches.byu.edu ) ។

វិធី​បន្ថែម​ទៀត ដើម្បី​ជួយ​សិស្ស​បំពេញ​តួនាទី​របស់​ពួកគេ​នៅ​ក្នុងការ​រៀន​សូត្រ​អំពី​ដំណឹងល្អ

ដើម្បី​រៀន​ពី​របៀប​ជួយ​សិស្ស​បំពេញ​តួនាទី​របស់​ពួកគេ​នៅ​ក្នុង​ការ​រៀនសូត្រ​ដំណឹងល្អ សូម​មើល​ប្រធានបទ​ខាង​ក្រោម​នៅ​ក្នុង Gospel Teaching and Learning ៖ A Handbook for Teachers and Leaders in Seminaries and Institutes of Religion [ ឆ្នាំ ២០១២ ] ៖

  • « យើង​ជួយ​សិស្ស​ឲ្យ​បំពេញ​តួនាទី​របស់​ពួកគេ​ក្នុង​ដំណើរ​ការរៀនសូត្រ និង រៀបចំ​ខ្លួន​ពួកគេ​ដើម្បី​បង្រៀន​ដំណឹងល្អ​ដល់​អ្នក​ដទៃទៀត ( កណ្ឌ ១.៣.៣ទំព័រ ៦–៧ ) ។

  • « សូម​រំពឹង​ថា​សិស្ស​នឹង​បំពេញ​តួនាទី​របស់​ពួកគេ ជា​អ្នករៀន »( កណ្ឌ ២.២.២ទំព័រ ១៥ ) ។

  • « សិក្សា​គោលការណ៍​នៃ​ការ​រៀនសូត្រ​ខាង​វិញ្ញាណ » ( កណ្ឌ ២.២.៣ទំព័រ ១៧ ) ។

  • « ផ្ដោត​លើ​ការ​ជួយ​សិស្ស​ឲ្យ​បំពេញ​តួនាទី​របស់​ពួកគេ » ( កណ្ឌ ៤.៣.៤ទំព័រ ៥៧ ) ។