បណ្ណាល័យ
មេរៀន​ទី ៧៦ ៖ យ៉ូហាន ១៦


មេរៀន​ទី ៧៦

យ៉ូហាន ១៦

សេចក្ដីផ្ដើម

បន្ទាប់​ពី​សោយ​អាហារ​បុណ្យ​រំលង​ហើយ ព្រះយេស៊ូវគ្រីស្ទ​បាន​បន្ត​បង្រៀន​ដល់​ពួក​សិស្ស​របស់​ទ្រង់ ។ ទ្រង់​បាន​បង្រៀន​ពួកគេ​ថា មិន​យូរ​ប៉ុន្មាន​ទេ ទ្រង់​នឹង​យាង​ទៅ​ព្រះវរបិតា ហើយ​ថា​ព្រះវិញ្ញាណ​បរិសុទ្ធ ឬ​ព្រះ​ដ៏​ជា​ជំនួយ​នឹង​យាង​មក ហើយ​ដឹកនាំ​ពួកគេ​ទៅរក​រាល់​សេចក្តីពិតទាំងអស់ ។ ព្រះយេស៊ូវ​បាន​ព្យាករ​អំពី​ការសុគត និង ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ទ្រង់ ព្រមទាំង​បាន​ប្រកាស​ថា​ទ្រង់​នឹង​មាន​ជ័យជំនះ​លើ​ពិភពលោក ។

យោបល់​សម្រាប់​ការបង្រៀន

យ៉ូហាន ១៦:១–១៥

ព្រះយេស៊ូវគ្រីស្ទ​អធិប្បាយ​អំពី​តួនាទី​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​ឡើង​មក​ខាង​មុខ​ក្ដារខៀន ។ សូម​យក​ក្រណាត់​បិទ​មុខ​សិស្ស​ម្នាក់​នោះ ដើម្បី​កុំ​ឲ្យ​មើល​ឃើញ ។ បន្ទាប់ពី​សិស្សនោះ​ត្រូវបាន​បិទ​មុខ​ហើយ សូម​អញ្ជើញ​សិស្សផ្សេង​ទៀត​ដាក់​ព្រះ​គម្ពីរ​របស់​ពួកគេ​នៅ​កន្លែង​ណា​មួយ​នៅ​ក្នុង​បន្ទប់​រៀន ។ បន្ទាប់​មក ចូរ​សួរសិស្ស​ដែល​ត្រូវ​បាន​បិទ​មុខជិត​នោះ​ថា តើ​វា​ពិបាក​យ៉ាង​ណា​ទៅ​ដើម្បី​ស្វែង​រក​ព្រះគម្ពីរ​ជាក់​លាក់​មួយចំនួននៅ​ក្នុង​បន្ទប់​រៀន ហើយ​បើ​ក​វា​ទៅ​ទំព័រ​ជាក់​លាក់​មួយ​នោះ ។ ចូរ​សួរ​សិស្ស​នោះ​ថា ប្រសិន​បើ​មាន​មនុស្ស​ស្ម័គ្រ​ចិត្ត​ជួយ​នាំ​គាត់​ទៅ​រក​ព្រះគម្ពីរ​នោះ​​ តើ​វា​ជា​ការ​ប្រសើរ​ដែរ​ទេ ។

សូម​អញ្ជើញ​សិស្ស​ដែល​បាន​បិទ​មុខ​នោះ​ឲ្យ​ជ្រើស​សិស្ស​ម្នាក់​ទៀត​ឲ្យ​ដើរ​តួ​ជា​អ្នក​នាំផ្លូវ ។ សូម​អញ្ជើញ​សិស្ស​ដែល​ត្រូវបាន​ជ្រើស​រើស​ឲ្យនាំ​សិស្ស​ដែល​បិទ​មុខ​ជិត​នោះ​ ទៅរក​ព្រះគម្ពីរ​ជាក់​លាក់​មួយចំនួន ហើយ​ជួយ​គាត់ឲ្យ​ស្វែង​រកទំព័រ​ជាក់​លាក់ ។ បន្ទាប់​ពី​កិច្ចការ​ទាំងនេះ​បាន​បញ្ចប់​ហើយ សូម​ពន្យល់​ថា កាល​ព្រះយេស៊ូវ​គ្រីស្ទ​គង់​នៅ​លើ​ផែនដី ទ្រង់​បាន​បង្ហាត់​បង្រៀន​ដល់​ពួក​សិស្ស​របស់​ទ្រង់ ។ ទ្រង់​បាន​ដឹកនាំ​ពួកគេ​ដោយ​ផ្ទាល់​ឲ្យ​យល់​ដឹង​ពី​សេចក្ដីពិត​ដែល​ទ្រង់​បាន​បង្រៀន ។

សូម​សង្ខេប យ៉ូហាន ១៦:១–៤ ដោយ​ពន្យល់​​​ថា បន្ទាប់​ពី​ព្រះយេស៊ូវ​បាន​សោយ​អាហារ​នៃ​បុណ្យ​រំលង​ជាមួយ​ពួក​សិស្ស​របស់​ទ្រង់​ហើយ នោះ​ទ្រង់​បាន​ប្រាប់​ពួកគេ​ថា​ពេលវេលា​​នឹង​មក​ដល់ នៅពេល​មនុស្ស​នឹង​ស្អប់​ពួកគេ ហើយ​ថា​មនុស្ស​ទាំង​នេះ​នឹង​ជឿ​ថា​អ្វី ដែល​ពួកគេ​កំពុងធ្វើ​គឺ​ជា​ការបម្រើ​ព្រះ​ដោយ​សម្លាប់​ពួក​សិស្ស ។

សូម​អញ្ជើញ​​សិស្ស​ម្នាក់​អាន យ៉ូហាន ១៦:៥-៦ ឲ្យ​ឮៗ ។ ចូរ​សុំឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រក​មើល​អ្វី​ ដែល​ព្រះយេស៊ូវ​បាន​ប្រាប់​ពួក​សិស្ស​របស់​ទ្រង់ និង របៀប​ដែល​ពួកគេ​មាន​អារម្មណ៍​អំពី​វា ។

  • តើ​ពួកសិស្ស​មាន​អារម្មណ៍​យ៉ាង​ណា​ដែរ​អំពី​ដំណឹង​ថា ព្រះយេស៊ូវ​នឹង​យាង​ចេញពី​ពួកគេ ហើយ​ថា​ពួកគេ​នឹងមាន​គេ​បៀតបៀន​នោះ ?

សូម​អញ្ជើញ​សិស្ស​ដែល​កំពុងដើរ​តួ​ជា​អ្នក​នាំ​ផ្លូវ​ដល់​សិស្ស​ ដែល​បាន​បិទ​ភ្នែក​ជិត​នោះ​ឲ្យ​ត្រឡប់​ទៅ​កន្លែង​អង្គុយ​វិញ ។ សូម​សួរ​សិស្ស​បិទ​មុខ​នោះ ៖

  • តើ​វាមាន​អារម្មណ៍​បែបណា​ដែរ​ ដោយ​នៅ​ម្នាក់ឯង​ម្ដង​ទៀត គ្មាន​មិត្ត​ចាំ​ជួយ​អ្នក​នោះ ?

ចូរ​ឲ្យ​កៅអី​មួយ​ដល់​សិស្ស​ដែល​បាន​បិទភ្នែក​ជិត​នោះ ហើយ​អញ្ចើញ​គាត់​ឲ្យ​អង្គុយ​ចុះ ( ប៉ុន្តែកុំ​ទាន់​ស្រាយ​បើកភ្នែក​ឡើយ ) ។

សូម​អញ្ជើញ​​​សិស្ស​ម្នាក់​អាន យ៉ូហាន ១៦:៧ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម​រកមើល តើ​ព្រះយេស៊ូវ​បាន​សន្យា​ថា​នរណា​ទៅ​ដែល​​នឹង​បាន​បញ្ជូន​មក បន្ទាប់​ពី​ទ្រង់​បាន​យាង​ចេញ​ទៅ ។

  • តើ​នរណា​ទៅ​ដែល​ព្រះយេស៊ូវ​បាន​សន្យាថា ​នឹង​បញ្ជូនមក​បន្ទាប់​ពី​ទ្រង់​បាន​យាង​ចេញ​ទៅ ? ( ព្រះយេស៊ូវ​នឹង​បញ្ជូន​​​ព្រះដ៏​ជា​ជំនួយ ឬ​ព្រះវិញ្ញាណ​​បរិសុទ្ធ ) ។

សូម​ពន្យល់​ថា ពាក្យ ការ​ចាំបាច់ ដែល​ប្រើ​នៅ​ក្នុង ខទី ៧ មាន​ន័យ​ថា​ការ​ចាត់ចែងដែល​មានអត្ថប្រយោជន៍ ។ ចូរចង្អុល​បង្ហាញ​ថា « ព្រះវិញ្ញាណ​បរិសុទ្ធ​ពុំ​បាន​ដំណើរការ​ពេញ​លេញ​នៅ​ក្នុង​ចំណោម​សាសន៍​យូដា​នៅ​ម័យ​របស់​ព្រះយេស៊ូវ​ឡើយ ( យ៉ូហាន ៧:៣៩​, ១៦:៧ ) » ( សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ព្រះវិញ្ញាណ​បរិសុទ្ធ » ) ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់ពី​ហេតុផលដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​ពុំ​បាន​ដំណើរ​ការ​ពេញ​លេញ សូមអាន​ឮៗ​នូវ​​​សេចក្ដី​ថ្លែង​ការ​ណ៍ដូច​ខាង​ក្រោម​ដោយ​អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី

« ដរាប​ណា​ព្រះយេស៊ូវ​នៅ​ជា​មួយ​ពួក​សិស្ស​ដោយ​ផ្ទាល់ នោះ​វា​ពុំ​ចាំបាច់​ត្រូវការ​នូវ​ភាព​ជា​គូកន​ដ៏​ខ្ជាប់ខ្ជួន​ពេញលេញ​នៃ​ព្រះវិញ្ញាណ​ជាមួយ​ពួកគេ​ឡើយ ដូចបន្ទាប់​ពី​ព្រះយេស៊ូវ​យាង​ទៅ » (Doctrinal New Testament Commentary វ៉ុល ៣ [ ឆ្នាំ ១៩៦៥–៧៣ ] ទំព័រ ៧៥៣ ) ។

សូម​សង្ខេប យ៉ូហាន ១៦:៨–១២ ដោយ​ពន្យល់​ថា តួនាទី​មួយ​របស់​ព្រះវិញ្ញាណ​បរិសុទ្ធគឺ​ដើម្បី​ស្តីបន្ទោសពិភព​​នៃ​អំពើបាប ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន យ៉ូហាន ១៦:១៣ឲ្យឮៗ ហើយ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើលតួនាទី​ផ្សេង​ទៀត​របស់​ព្រះ​ដ៏​ជា​ជំនួយ​នឹង​បំពេញ​​ជីវិត​របស់​ពួក​សិស្ស​បន្ទាប់​ពី​ទ្រង់​បានយាង​ចាកចេញ​ពី​ពួកគេ​ទៅ ។

  • តើ​តួនាទីអ្វីទៅ​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​បំពេញ​ជីវិត​របស់​ពួក​សិស្ស​របស់​ព្រះអម្ចាស់ បន្ទាប់​ពី​ទ្រង់​បាន​យាង​ចេញ​ទៅ ? តើ​ពួក​សិស្ស​អាច​នឹងបាន​ទទួល​ផលប្រយោជន៍​ពី​ការជួយ និង ការដឹកនាំ​ដែល​ព្រះ​វិញ្ញាណ​ប្រទាន​ឲ្យ​ដោយ​របៀប​ណា ?

  • យោង​តាមខ​ទី ១៣តើ​អ្វីខ្លះ​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​ក៏​អាច​ធ្វើ​សម្រាប់​យើងនៅ​ជំនាន់​របស់​យើង ? ( បន្ទាប់ពីសិស្ស​បាន​ឆ្លើយ ​សូមសរសេរ​សេចក្ដីពិត​​ខាងក្រោម​នៅ​លើ​ក្ដារខៀន ៖ ព្រះវិញ្ញាណបរិសុទ្ធ​អាច​ដឹកនាំ​យើង​ទៅ​រក​រាល់​សេចក្ដីពិត​ ហើយ​បង្ហាញ​យើង​នូវ​រឿង​ដែល​នឹង​កើត​មាន ) ។

  • តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដឹកនាំ​យើង​ទៅរក​សេចក្តីពិត​តាម​របៀប​ណា​ខ្លះ ?

  • តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​បង្ហាញ​យើង​នូវ​រឿង ​ដែល​នឹង​កើត​ឡើង​តាមរយបៀប​ណា​ខ្លះ ? ( ប្រសិន​បើ​ចាំបាច់ សូម​ពន្យល់​ថា​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​ព្រះ​អាច​ប្រទាន​នូវ​ការធានា​អះអាង សេចក្តី​សង្ឃឹម ការនិមិត្ត ការព្រមាន និង ការណែ​នាំ​​សម្រាប់​អនាគត​របស់​យើង ) ។

សូម​ដាក់​វត្ថុ​មួយ ( ជា​រង្វាន់ ) នៅ​លើ​ថ្នើរ​មួយ ឬលើ​កៅអីមួយ ឬ​កន្លែង​ផ្សេង​ទៀត​នៅ​ក្នុង​បន្ទប់​រៀន ។ សូម​អញ្ជើញសិស្សដែល​បិទភ្នែកជិត​ស្វែង​រក​វត្ថុនោះ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ទៀតឲ្យ​ខ្សឹប​ប្រាប់​​ទិសដៅ​ដល់​សិស្ស ​ដែល​បិទ​ភ្នែក​នោះ ដើម្បី​ជួយ​គាត់សំដៅទៅរក​រង្វាន់​នោះ ។ បន្ទាប់ពីសិស្ស​បាន​រក​ឃើញ​វត្ថុ​នោះ​ហើយ សូម​អញ្ជើញ​ឲ្យ​ស្រាយក្រណាត់​ចេញ ។ សូម​អញ្ជើញ​សិស្ស​ទាំង​ពី​រនាក់​នោះ ឲ្យ​ត្រឡប់​ទៅកាន់​កន្លែង​អង្គុយ​វិញ ។ សូម​សួរ​សិស្ស ៖

  • តើ​នៅពេល​ណា ដែល​អ្នក​ធ្លាប់​មាន​អារម្មណ៍​ដឹង​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​ដឹកនាំ​អ្នក​ទៅ​រក​សេចក្ដីពិត ? តើ​អ្នក​ដឹង​ថា​ ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ដឹកនាំ​អ្នក​ដោយ​របៀប​ណា ?

អ្នក​គួរ​ចែក​ចាយបទពិសោធន៍​មួយ កាល​ពួកគេ​ត្រូវបាន​ដឹក​នាំ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធនៅ​ក្នុង​ជីវិត​របស់​អ្នក ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​អនុវត្ត​សេចក្ដីពិត​ដែល​ពួកគេ​បាន​រៀនសូត្រ សូម​លើក​ទឹក​ចិត្ត​របស់​ពួកគេឲ្យ​រស់​នៅ​តាម​របៀប​ ដែល​អញ្ជើញ​ការ​ដឹកនាំ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធនៅ​ក្នុង​ជីវិត​របស់​ពួកគេ ។

ចូរ​ចង្អុល​បង្ហាញ​ថា យ៉ូហាន ១៦:១៣ បង្ហាញ​ថា ព្រះវិញ្ញាណ​បរិសុទ្ធដែល​មាន​តួនាទី​ថ្លែង​សាក្សី​ពី​ព្រះវរបិតា និង​ព្រះរាជបុត្រា​នឹង « ​មាន​ព្រះ​បន្ទូល មិន​មែន​ដោយ​ព្រះអង្គ​ទ្រង់​ទេ គឺ​នឹង​មាន​ព្រះបន្ទូលចំពោះ​តែ​សេចក្តី​ណា​ដែល​ទ្រង់​ឮ ហើយ​និង​សំដែង » ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន យ៉ូហាន ១៦:១៤-១៥ ឲ្យ​ឮៗ ហើយ​ចូរ​សុំ​ឲ្យ​សិស្ស​​ ក្នុង​ថ្នាក់​រកមើល​ថាតើ​សារលិខិត​របស់​នរណា​ទៅ​ដែលព្រះ​វិញ្ញាណ​​បរិសុទ្ធ​នឹង​មាន​បន្ទូល​មកកាន់​យើង ។

  • តើ​សារលិខិត​របស់​នរណា​ទៅ​ ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​នាំ​មក​ឲ្យ​យើង ? ( បន្ទាប់ពីសិស្ស​បាន​ឆ្លើយ ​សូមសរសេរ​សេចក្ដីពិត​​ខាងក្រោម​នៅ​លើ​ក្ដារខៀន ៖ ព្រះវិញ្ញាណបរិសុទ្ធ​​បើក​សម្ដែង​សេចក្ដីពិត និង​សេចក្ដីណែនាំ​ដែល​កើត​ចេញ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ) ។

  • តើ​ហេតុអ្វី​បាន​ជា​វា​មាន​ប្រយោជន៍​ដើម្បី​ដឹង​ថា នៅពេល​ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​បន្ទូល​មក​កាន់​ពួកយើង នោះ​ទ្រង់​មាន​ព្រះបន្ទូល​ជំនួស​ព្រះវរបិតា និង ព្រះយេស៊ូវគ្រីស្ទ ?

សូម​ពន្យល់​ដល់​សិស្សថា​ការ​សន្ទនា​របស់​​ព្រះវិញ្ញាណ​បរិសុទ្ធ​ទៅ​កាន់វិញ្ញាណ​របស់​អ្នក​ កាន់តែមានភាពជាក់ច្បាស់ ជាង​ការ​សន្ទនា​នានា​​ដែល​អ្នក​អាច​ទទួល​តាមរយៈ​ញាណ​ពី​កំណើត​របស់​អ្នក​ទៅ​ទៀត » ( ពិត​ចំពោះ​សេចក្ដីជំនឿ [ ឆ្នាំ ២០០៤ ] ទំព័រ ៨២) ។ នេះ​មានន័យ​ថា ព្រះវិញ្ញាណបរិសុទ្ធ​គឺជា​អ្នក​នាំ​ផ្លូវ​ដ៏​មាន​តម្លៃ​បំផុត​របស់​យើង​នៅ​ក្នុង​ការរៀនសូត្រពី​សេចក្ដីពិត ព្រះចេស្ដា​របស់​ទ្រង់​មាន​តម្លៃ​លើស​ជា​ង​ការ​បង្ហាញ​ផ្ទាល់ភ្នែក​ពីទស្សនៈ​របស់​មនុស្ស​ដទៃ ឬ​ហេតុផល​នៃ​ពិភពលោក​ទៅទៀត ។ ដូច​ជា​យើង​ដែរ សិស្ស​របស់​ព្រះអង្គសង្គ្រោះ​ត្រូវ​រៀន​ពឹង​ផ្អែក​លើ​ព្រះវិញ្ញាណ​បរិសុទ្ធ​ធ្វើ​ជា​អ្នក​នាំ​ផ្លូវ​នៅ​ក្នុង​ការ​អវត្តមាន​របស់​ព្រះអម្ចាស់ ។

យ៉ូហាន ១៦:១៦–៣៣

ព្រះអង្គសង្គ្រោះ​ពិគ្រោះ​អំពីការ​យាង​ចាក​ចេញ​ពី​ជីវិត​រមែងស្លាប់ ហើយ​ប្រកាស​ថា​ទ្រង់​បាន​យក​ឈ្នះ​ពិភពលោក​ហើយ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​ពី​គ្រាមួយ​ ដែល​ពួកគេ​ត្រូវតែ​និយាយ​លា​ដល់​សមាជិក​គ្រួសារ​ម្នាក់ ឬ​មិត្ត​ម្នាក់មួយ​រយៈ ។

  • តើ​អ្នក​នឹង​និយាយ​អ្វី​ខ្លះ ដើម្បី​លួងលោម​គ្នា​ទៅវិញ​ទៅមក​នៅពេល​អ្នក​និយាយ​ពាក្យ​ថា​លា​គ្នា ?

សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អានយ៉ូហាន ១៦:១៦ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​ រក​មើលអ្វី​ផ្សេង​ទៀត ​ដែល​ព្រះយេស៊ូវ​បាន​ប្រាប់​ពួក​សិស្សថានឹង​លួងលោម​ចិត្ត​ពួកគេ នៅពេល​ពួកគេ​បាន​គិត​ពី​ការយាង​ចេញ​របស់​ទ្រង់ ។ ចូរ​សុំឲ្យ​សិស្ស​ប្រាប់​​អំពីអ្វី​ដែលពួកគេ​រក​ឃើញ ។

សូម​ពន្យល់​ថា ​នៅក្នុង យ៉ូហាន ១៦:១៧–១៩ យើង​អាន​ថា​ពួក​សិស្ស​ពុំ​យល់​ពី អ្វីដែល​ព្រះយេស៊ូវ​មាន​បន្ទូល​នោះ​ទេ នៅពេល​ទ្រង់​មាន​បន្ទូល​ថា ទ្រង់​កំពុងតែចាកចេញ​ទៅ ប៉ុន្តែ​ពួកគេ​នឹង​ឃើញ​ទ្រង់​ម្តង​ទៀត ។

សូម​អញ្ជើញ​​​សិស្ស​ម្នាក់​អាន យ៉ូហាន ១៦:២០-២២ ​ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រក​មើល​អ្វី​ដែល ព្រះអម្ចាស់​មាន​បន្ទូល​ថា​ពួក​សិស្ស​​របស់​ទ្រង់​នឹង​មាន​អារម្មណ៍យ៉ាងណា នៅពេល​ទ្រង់​ចាកចេញ​ទៅ និង អ្វី ដែល​ពួកគេ​នឹង​មាន​អារម្មណ៍ ​នៅពេល​ពួកគេ​បាន​ឃើញ​ទ្រង់​ម្តង​ទៀត ។ អ្នក​គួរតែ​ពន្យល់​ថា ឃ្លា « ស្ត្រី​កាល​ណា​ហៀប​នឹង​សំរាល​កូន » សំដៅ​លើ​ម្ដាយ​ដែល​ហៀប​នឹង​សម្រាល​កូន ។

  • តើ​ពួកសិស្ស​មាន​អារម្មណ៍​យ៉ាង​ណា នៅពេល​ព្រះយេស៊ូវ​បាន​យាង​ចេញ​ទៅ ? តើ​ទ្រង់​បាន​សន្យា​ថានឹង​មាន​អ្វី​កើត​ឡើង​បន្ទាប់​ពី​នោះ ?

សូម​ពន្យល់​ថា ​ពួក​សិស្ស​របស់​ទ្រង់​នឹង​ឃើញ​ទ្រង់​ម្តង​ទៀត ​បន្ទាប់​ពី​ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ ។ ទោះបី​ជា​ពួកគេ​កើត​ទុក្ខ​ជា​ខ្លាំង​ដោយ​សារ​ការសុគត​របស់​ទ្រង់​ក្តី ក៏​សេចក្តី​អំណរ​ដែល​ពួកគេ​នឹង​ទទួល​បាន​នៅឯ​ការមាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ទ្រង់​​នោះ នឹង​​នៅ​ជារៀង​រហូត ។

​សូម​សង្ខេប យ៉ូហាន ១៦:២៣–៣២ ដោយ​ពន្យល់​ថា ព្រះ​យេស៊ូវ​បាន​បង្រៀន​ពួក​សិស្ស​របស់​ទ្រង់ ឲ្យ​អធិស្ឋាន​ដោយ​ផ្ទាល់​ទៅ​រក​ព្រះវរបិតា​សួគ៌នៅ​ក្នុង​ព្រះនាម​របស់ ( ព្រះគ្រីស្ទ ) ហើយ​បានបញ្ជាក់ដល់ពួកគេ​អំពី​សេចក្ដីស្រឡាញ់របស់ព្រះវរបិតា ចំពោះពួកគេ និងទ្រង់ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អានយ៉ូហាន ១៦:៣៣ឲ្យ​ឮៗ ហើយសុំ​សិស្ស​ក្នុងថ្នាក់​​រក​មើល​​ពាក្យ និង​ឃ្លា​​ដែល​​​ព្រះអង្គសង្គ្រោះ​បាន​លួង​លោម​ពួក​សិស្ស​របស់​ទ្រង់ ។

  • តើ​ពាក្យ និង​ឃ្លាអ្វី​ខ្លះ ដែល​ព្រះអម្ចាស់​​បាន​ប្រើ ដើម្បីលួងលោម​ពួក​សិស្សរបស់​ទ្រង់ ?

  • យោងតាម​ ខទី ៣៣ហេតុអ្វី​យើង​អាច​មាន​សុភមង្គល និង​សេចក្ដីសុខសាន្ត សូម្បី​រស់​នៅ​ក្នុង​ពិភពលោក​មួយ​ពោរពេញ​ដោយ​ទុក្ខសោក និង​សេចក្ដីស្លាប់ ? ( បន្ទាប់​ពី​សិស្ស​ឆ្លើយ ​សូម​សរសេរ​គោលការណ៍​ខាង​ក្រោម​នេះ​នៅ​លើ​ក្ដារ​ខៀន ៖ ដោយសារ​ព្រះយេស៊ូវគ្រីស្ទ បានយក​ឈ្នះ​លើ​ពិភពលោក នោះ​យើង​អាច​មាន​សង្ឃឹមត្រេកអរ និង មាន​ភាព​សុខសាន្ត  ) ។

  • តើ​អ្នក​គិត​ថា វា​មាន​ន័យ​យ៉ាង​ណា​ដែរ​ថា ព្រះយេស៊ូវ​គ្រីស្ទ​ឈ្នះ​លោកីយ៍​ហើយ ?

សូម​ពន្យល់​ថា ដោយសារ​​បុត្រា​បង្កើត​តែ​មួយ​គត់​របស់​ព្រះវរបិតា ព្រះ​យេស៊ូវគ្រីស្ទ​បាន​រស់នៅ​ក្នុង​ជីវិត​ដែល​គ្មាន​អំពើ​បាប យក​ឈ្នះ​លើ​រាល់គ្រប់​ការល្បួង​នៃ​លោកិយ ។ ទ្រង់​ក៏​មាន​បទពិសោធន៍​នូវ​គ្រប់​ការឈឺចាប់ និង រងទុក្ខ​វេទនា​គ្រប់​បែប​យ៉ាង ហើយ​បាន​ធ្វើ​ឲ្យ​ធួន​នឹង​អំពើ​បាប​របស់​យើងទាំងអស់គ្នា។ តាមរយៈ​ព្រះជន្ម​ទ្រង់ ការរងទុក្ខ និង សុគត ព្រម​ទាំង​ការរស់​ឡើង​វិញ​របស់​ទ្រង់ នោះ​ទ្រង់​យក​ឈ្នះ​លើ​គ្រប់​អ្វី​​ទាំងអស់​ ដែល​នឹង​រារាំង​យើង​ចេញ​ពី​ភាព​ស្អាតស្អំ ស្វែងរក​ភាពសុខសាន្ត ហើយ​រស់នៅ​ម្តង​ទៀត​ជាមួយ​ព្រះវរបិតា​ ដែល​គង់​នៅ​ឋានសួគ៌ និង អស់​អ្នក​ដែល​យើង​ស្រឡាញ់ ។

  • តើ​ការដឹង​ថា ព្រះយេស៊ូវគ្រីស្ទ​បាន​ឈ្នះ​លើ​ពិភពលោក​នេះ អាច​ជួយ​ឲ្យ​យើង​មាន​សង្ឃឹម និង មាន​ភាព​សុខសាន្ត​​របៀប​ណា​ខ្លះ ?

សូម​ឲ្យក្រដាស​អំពី​សេចក្ដី​ថ្លែង​ខាង​ក្រោម​ដោយ​ប្រធាន ​ថូម៉ាស អេស​ ម៉នសុន ៖ សូ​អញ្ជើញ​សិស្ស​ម្នាក់អាន​សេចក្ដីថ្លែងការណ៍​នោះ​​ឲ្យ​ឮៗ ហើយ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រក​មើល​ការ​ពន្យល់​ថា​អំពី​ហេតុផល​ ដែល​យើង​អាច​​មាន​ភាព​សុខសាន្ត​ ទោះបី​​ស្ថិត​នៅ​ក្នុង​ការ​សាកល្បង និងការ​លំបាក​នៃ​ពិភពលោកនេះ​ក្ដី ។

រូបភាព
ប្រធាន ថូម៉ាស អេស ម៉នសុន

« សួម​ឲ្យ​យើង​មាន​ក្តី​សង្ឃឹម ដើម្បី​រស់នៅ​ក្នុង​ជីវិត​នេះ​ចុះ ។ ទោះបី​យើង​រស់នៅ​ក្នុង​ពេល​ដ៏​វឹកវរ​ក៏ដោយ ក៏ព្រះអម្ចាស់​ស្រឡាញ់ ហើយ​គិត​ដល់​យើង​ដែរ ។ ទ្រង់​នៅ​ខាង​យើង​ជានិច្ច នៅពេល​យើង​ធ្វើ​អ្វី​ដែល​ត្រូវ ។ ទ្រង់​នឹង​ជួយ​យើង ​ពេល​យើង​មាន​អាសន្ន ។ …ជីវិត​យើង​អាច​បានពេញទៅដោយក្តីអំណរ​បាន​ផងដែរ នៅពេល​យើង​ធ្វើ​តាម​ការបង្រៀន​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

« ព្រះអម្ចាស់​បាន​ក្រើន​រំឮក​ថា ‹ ត្រូវ​សង្ឃឹម​ឡើង ត្បិត​ខ្ញុំ​បាន​ឈ្នះ​លោកីយ៍​ហើយ › [យ៉ូហាន ១៦:៣៣] ។ នេះ​ជា​សុភមង្គល​ដ៏​មហិមា​ដែល​ចំណេះ​ដឹង​នោះបាន​ប្រទាន​ដល់​យើង ។ ទ្រង់​រស់​ដើម្បី​យើង ហើយ​ក៏​សុគត​ដើម្បី​យើង​ដែរ ។ ទ្រង់​បាន​បង់​ថ្លៃ​សម្រាប់​អំពើ​បាប​យើង ។ សូម​ឲ្យ​យើង​ធ្វើ​តាម​គំរូ​ទ្រង់ ។ សូម​ឲ្យ​យើង​បង្ហាញ​អំណរ​គុណ​ថ្វាយ​ទ្រង់ ដោយ​ទទួល​ពលិកម្ម​របស់​ទ្រង់ ហើយ​រស់នៅ​ក្នុង​ជីវិត​ដែលសក្តិ​សម​ឲ្យ​យើង​ត្រឡប់​ទៅ​រស់​ជាមួយ​នឹង​ទ្រង់​វិញ​នៅ​ថ្ងៃ​ណា​មួយ » (« God Be with You Till We Meet Again » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ១១០–១១ ) ។

  • តើ​នៅពេល​ណា​ដែល ដែល​ការដឹង​ថា ព្រះយេស៊ូវគ្រីស្ទ​បាន​ឈ្នះ​លើ​ពិភពលោក​នេះ អាច​ជួយ​ឲ្យ​អ្នក​មាន​សង្ឃឹមត្រេកអរ និង មាន​ភាព​សុខសាន្ត ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​មាន​ចិត្ត​រីករាយ ហើយរស់នៅ​តាម​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​ថ្លែងទីបន្ទាល់​ថា នៅ​ពេល​ពួកគេ​ធ្វើ​ដូច្នោះ ពួកគេ​នឹង​មាន​អារម្មណ៍​នៃ​ភាព​​សុខសាន្ត និង សេចក្តីសង្ឃឹម​ដែល​​កើតមាន​តាមរយៈ​ពលិកម្ម​ដ៏​ធួន និង ការមាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះអម្ចាស់ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

យ៉ូហាន ១៦:៣៣ ។ « ចូរ​មានចិត្ត​រីករាយ​ចុះ »

នៅ​ក្នុង​សន្និសីទ​ទូទៅ​ខែ​ មេសា ​ឆ្នាំ​ ២០០៩ ប្រធាន ថូម៉ាស អេស ម៉នសុន បាន​ថ្លែងប្រាប់ដំណើរ​រឿង​មួយ​ដែល​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន និង​អែលឌើរ ហ្វ្រេឌើរីក ដបុលយូ បាប៊េល ដែល​បាន​ទៅទស្សនកិច្ច​នៅ​ទ្វីប​អឺរ៉ុប​បន្ទាប់​ពី​សង្គ្រាម​លោក​លើក​ទី​ពីរ​បាន​បញ្ចប់ ។ ដំណើរ​រឿង​នោះ​គឺ​អំពី​ម្ដាយ​មេម៉ាយ​ដែល​មាន​កូន​បួន​នាក់ដែល​បាន​ដឹងថា ខ្លួន​បាន​ស្ថិត​នៅក្នុង​ដែនដី​របស់​សត្រូវ ។ ទោះ​បី​ជា​នាង​បាន​ធ្វើ​ដំណើរ​ចម្ងាយ ១,៦០៩ គីឡូម៉ែត្រ​ទៅ​កាន់​ទីសុវត្ថិភាព​ក្ដី ដោយ​បាត់បង់​កូន​របស់​នាង​ម្ដង​មួយ​ៗ ​ដោយ​សារ​អាកាសធាតុ​ត្រជាក់ និង​ការ​ស្រេក​ឃ្លាន នាង​បាន​បន្ត​ស្មោះត្រង់ចំពោះ​សេចក្ដីសង្ឃឹម​របស់​នាង​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ​ថា គ្រួសារ​នាង​អាច​​រស់​នៅជាមួយ​គ្នា​បន្ទាប់​ពី​ការ​រស់​ឡើង​វិញ ។

បន្ទាប់​ពី​ដំណើររឿង​នោះ ប្រធាន ម៉នសុន បាន​ថ្លែង​ដូច​តទៅ​នេះ ៖

« ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា ពរជ័យ​ដែល​បាន​សន្យា​របស់​យើង គឺ​ហួស​ពី​ការអាច​វាស់​វែងបាន ។ ទោះ​ជា​ពពក​ខ្មៅ​ប្រមូល​ផ្ដុំ​គ្នា ទោះ​ជា​ភ្លៀង​ធ្លាក់​មក​លើ​យើង​ក្ដី ចំណេះ​ដឹង​របស់​យើង​អំពី​ដំណឹង​ល្អ និង សេចក្តី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះវរបិតា​សួគ និង ព្រះ​អង្គ​សង្គ្រោះ​របស់​យើង នឹង​លួងលោម និង គ្រាំទ្រ​យើង ហើយ​នាំ​មក​នូវ​សេចក្តី​អំណរ​មក​កាន់​ដួង​ចិត្ត​យើង នៅពេល​យើង​ដើរ​ដោយ​សុចរិត និង​កាន់តាម​បទ​បញ្ញត្តិ​នានា ។ គ្មាន​អ្វី​នៅ​ក្នុង​ពិភពលោក​នេះ ដែល​អាច​រារាំង​យើង​បាន​ឡើយ ។

« បងប្អូន​ប្រុស​ស្រី​ជា​ទីស្រឡាញ់​របស់​ខ្ញុំ សូម​​កុំ​ខ្លាច​ឡើយ ។ ចូរ​មានចិត្ត​រីករាយ​ចុះ ។ អនាគត​គឺ​ភ្លឺ​ត្រចះត្រចង់ ដូចជា​សេចក្ដី​ជំនឿ​របស់​អ្នក​ដែរ » ( « Be of Good Cheer » EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ៩១–៩២ ) ។