បណ្ណាល័យ
មេរៀនទី ២៧ ៖ យ៉ូសែប ស្ម៊ីធ—ម៉ាថាយ, ម៉ាថាយ ២៤


មេរៀន​ទី ២៧

យ៉ូសែប ស្ម៊ីធ—ម៉ាថាយ, ម៉ាថាយ ២៤

សេចក្ដីផ្ដើម

ព្រះយេស៊ូវ​គ្រីស្ទ​បានព្យាករ​ពី​ការ​បំផ្លិចបំផ្លាញ​នៃ​ក្រុង​យេរូសាឡិម និង​ព្រះវិហារ​បរិសុទ្ធ ។ ទ្រង់​បាន​បើក​សម្ដែង​ទីសម្គាល់​ពី​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ទ្រង់ ហើយ​បាន​បង្គាប់​ពួក​អ្នក​ស្មោះត្រង់​ឲ្យរង់​ចាំ​មើល ហើយ​រៀបចំ​ខ្លួន​សម្រាប់​ថ្ងៃ​នោះ ។

យោបល់​សម្រាប់​ការបង្រៀន

យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១:១–២០

ព្រះយេស៊ូវ​ព្យាករ​ពី​ការ​បំផ្លិចបំផ្លាញ​នៃ​ក្រុង​យេរូសាឡិម និង​ព្រះវិហារ​បរិសុទ្ធ

រូបភាព
ការយាង​មក​ជា​លើក​ទីពីរ

ចូរ​ដាក់​បង្ហាញ​រូបភាព ការយាង​មក​ជា​លើក​ទីពីរGospel Art Book [ ឆ្នាំ ២០០៩ ] ទំព័រ ៦៦សូមមើល​ផង​ដែរ LDS.org ) ។ ចូរ​សុំ​ឲ្យ​សិស្ស​សញ្ជឹង​គិត​ពី​សំណួរ​ដែល​ពួកគេ​មាន​អំពី​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​សរសេរ​សំណួរ​ទាំងនេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ចំណាំ​ក្នុង​ថ្នាក់​របស់ពួកគេ ឬ​សៀវភៅ​កំណត់​ហេតុ​ការ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ។ សូម​កុំ​ព្យាយាម​ឆ្លើយ​សំណួរ​ទាំងនេះ​នៅ​ពេល​នេះ​ឡើយ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​រកមើល​ចម្លើយ​នៅពេល​ពួកគេ​សិក្សាយ៉ូសែប ស្ម៊ីធ—ម៉ាថាយ ។

សូម​ចង្អុល​បង្ហាញ​ថា​យ៉ូសែប ស្ម៊ីធ—ម៉ាថាយ​គឺ​ការ​បក​ប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ​ សម្រាប់ ​ម៉ាថាយ ២៣:៣៩​ និង​ម៉ាថាយ ២៤ ។ សូម​សង្ខេប​យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១:១–៣​ដោយ​ពន្យល់​ថា​កាល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្រៀន​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ក្នុង​ទីក្រុង​យេរូសាឡិម ពួក​សិស្ស​របស់​ទ្រង់​បាន​យល់ដឹង​ថា​ ទ្រង់​នឹង​យាង​ត្រឡប់​មក​ផែនដី​ម្ដង​ទៀត ។ បន្ទាប់​មក​ព្រះយេស៊ូវ​បាន​យាង​ចេញ​ពី​ព្រះវិហារ​បរិសុទ្ធ​នោះ ហើយ​ពួក​សិស្ស​របស់​ទ្រង់​បាន​មក​រក​ទ្រង់​ដោយ​ចង់​ដឹង​បន្ថែម​ទៀត​ អំពី​ពេលវេលា​ដែល​ព្រះវិហារ​បរិសុទ្ធ​នឹង​ត្រូវ​បាន​បំផ្លាញ​​ចោល ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន យ៉ូសែប ស្ម៊ីធ —ម៉ាថាយ ១:៤ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​សំណួរ​ពីរ​ដែល​ពួក​សិស្ស​បាន​សួរ​ដល់​ព្រះ​យេស៊ូវ​នៅ​លើ​ភ្នំ​អូលីវ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ប្រាប់​ពី​អ្វី​ដែល​ពួកគេ​បាន​រក​ឃើញ ហើយ​សរសេរ​សំណួរ​ដូច​ខាង​ក្រោម​នេះ​នៅ​លើ​ក្ដារ​ខៀន ៖

  1. តើ​ទីក្រុង​យេរូសាឡិម និង​ព្រះវិហារ​បរិសុទ្ធ​នឹង​ត្រូវ​បំផ្លាញ​ចោល​នៅពេល​ណា ?

  2. តើ​ទីសម្គាល់​នៃ​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​ការ​បំផ្លិច​បំផ្លាញ​ជន​ទុច្ចរិត​​គឺជា​អ្វី​ ?

សូម​ពន្យល់​ថា ព្រះយេស៊ូវ​គ្រីស្ទ​បាន​លើក​ឡើង​នូវ​សំណួរ​ទីមួយ​នៅ​ក្នុង ខ​ទី ៥–២១ហើយ​សំណួរ​ទី​ពីរ​ត្រូវ​បាន​ឆ្លើយ​នៅ​ក្នុង ខ​ទី ២១–៥៥ ។ សូម​បែងចែក​សិស្ស​ជា​ដៃគូៗ ។ សូម​ណែនាំ​ឲ្យ​ពួកគេ​អាន យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១:៥–១២ ឲ្យ​ឮៗ​ជាមួយ​នឹង​ដៃ​គូ ដោយ​រក​មើល​ទីសម្គាល់​ដែល​ទាក់​ទង​នឹង​ការ​បំផ្លិច​បំផ្លាញ​ទីក្រុង​យេរូសាឡិម និង​ព្រះវិហារ​បរិសុទ្ធ ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • ទោះ​ជា​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា​ ពួក​សិស្ស​របស់​ទ្រង់​នឹង​ត្រូវ​រងទុក្ខ​នៅ​ពេល​នេះ​ក្ដី តើ​ទ្រង់​បាន​មាន​បន្ទូល​អ្វី​ខ្លះ​ពី​ជន​ដែល « បន្ត​ខ្ជាប់ខ្ជួន ហើយ​ពុះពារ » ? ( ខទី ១១ ) ។

  • តើ​គោលការណ៍​​អ្វី​ដែល​យើង​អាច​រៀនមក​ពី ខទី ១១​នេះ ?​ ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុស​ៗគ្នា ប៉ុន្តែ​ពួកគេ​គួរ​ស្គាល់​ពី​គោលការណ៍​ខាងក្រោម​នេះ ៖ ប្រសិន​បើ​យើង​បន្ត​ខ្ជាប់ខ្ជួន ហើយ​មិន​ចុះចាញ់ នោះ​យើង​នឹង​ត្រូវ​បាន​សង្គ្រោះ ។ ដោយ​ប្រើ​ពាក្យ​របស់​សិស្ស សូម​សរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន ) ។

  • តើ​ការ​ខ្ជាប់​ខ្ជួន ហើយ​ពុះពារ​មាន​ន័យ​ដូចម្ដេច ? ( ខ្ជាប់ខ្ជួន គឺ​ការ​រឹងប៉ឹង មុតមាំ មិន​ងាករេ ហើយ​មិន​ចុះញ៉ម ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យយល់​ពី​អត្ថន័យ​ពាក្យ បាន​សង្គ្រោះ នៅ​ក្នុង ខ​ទី ១១ សូម​ពន្យល់​ថា នៅ​ពេល​យើង​មាន​ភាព​ខ្ជាប់​ខ្ជួន នោះ​យើង​អាច​នឹង​មិន​ត្រូវ​ជួយ​សង្គ្រោះ​ឲ្យ​រួច​ផុត​ពី​ការ​លំបាក​ទេ ប៉ុន្តែ​នៅ​ទី​បំផុត​យើង​នឹង​បាន​សង្គ្រោះ​នៅ​ក្នុង​នគរ​ព្រះវិញ ។

សូម​អញ្ជើញសិស្ស​ម្នាក់ឲ្យ​អាន​កថាខណ្ឌ​ដូច​ខាង​ក្រោម​ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យសិស្ស​ក្នុង​ថ្នាក់​ស្ដាប់​រក​មើល​របៀប​ ដែល​ជន​បាន​បន្ត​ខ្ជាប់ខ្ជួន​នៅ​ក្នុង​ការ​គោរព​​តាម​ការ​ប្រឹក្សា​របស់​ព្រះអង្គ​សង្គ្រោះ​ត្រូវ​បាន​សង្គ្រោះ​ឲ្យ​រួច​ពី​ការ​បំផ្លិច​បំផ្លាញ ៖

នៅ​ក្នុង យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១:១៣–១៨ យើង​រៀន​ថា ព្រះយេស៊ូវ​បាន​ព្រមាន​ពួក​សិស្ស​របស់​ទ្រង់​ ឲ្យ​ត្រៀម​ខ្លួន​ភៀស​ខ្លួន​ឡើង​ទៅ​លើ​ភ្នំ ហើយ​កុំ​ត្រឡប់​មក​ផ្ទះ​របស់​ពួកគេ​វិញ ដោយ​សារ​ទីក្រុង​យេរូសាឡិម​នឹង​មាន​ការ​វាយ​ប្រហារ ហើយ​បំផ្លាញ​ចោល ។ ទ្រង់​បាន​ព្យាករ​ថា សេចក្តីឈឺចាប់​នៃ​ថ្ងៃ​ទាំងនោះ​គឺ​អាក្រក់​ហួស​ពី​អ្វី ​ដែល​អ៊ីស្រាអែល​ធ្លាប់​ឃើញ​ទៅ​ទៀត ។ នៅ​គ.ស. ៧០ ប្រមាណ​ជា ៤០ ឆ្នាំ​ក្រោយ​ពី​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ពី​រឿង​ទាំងនេះ ពួក​រ៉ូម​បាន​ឡោមព័ទ្ធ​ទីក្រុង​យេរូសាឡិម ហើយ​បាន​សំឡាប់​ពួក​យូដា​ជាង​មួយ​លាន​នាក់ ។ ព្រះវិហារបរិសុទ្ធ​នោះ​ត្រូវ​បាន​បំផ្លាញ​ចោល​សូម្បី​តែ​ថ្ម​មួយ​ដុំ​ត្រួត​លើ​គ្នា​ក៏​គ្មាន​នៅ​សេស​សល់​ដែរ—គឺ​ដូចជា​អ្វី​​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ព្យាករ ( សូម​មើល ម៉ាថាយ ២៤:២ ) ។ ប៉ុន្តែ​ជន​ដែល​បាន​ស្ដាប់​តាម​ការ​ព្រមាន​របស់​ព្រះយេស៊ូវ​ បាន​រត់​គេច​ដោយ​សុវត្ថិភាព​ទៅ​កាន់​ប៉េលឡា ជា​ក្រុង​មួយ​មាន​ចម្ងាយ​ប្រហែល​ជា​ ៨០ គីឡូម៉ែត្រ​នៅទិសឦសាន្ត​នៃ​ទីក្រុង​យេរូសាឡិម​ ( សូម​មើល Bible Dictionary « Pella » ) ។

  • តើ​បទពិសោធន៍​របស់​ពួក​យូដា​ គួសបង្ហាញពី​សារៈសំខាន់​នៃ​ការ​បន្ត​ខ្ជាប់ខ្ជួន​នៅ​ក្នុង​ការ​គោរព​តាម​ព្រះបន្ទូល​របស់​ព្រះអង្គ​សង្គ្រោះ​យ៉ាង​ដូចម្ដេច ?

  • តើ​ពេល​ណា​​ដែល​អ្នក​ធ្លាប់​ទទួល​បាន​ពរ​ជ័យ​ដោយ​ការ​បន្ត​ខ្ជាប់​ខ្ជួន ​នៅ​ក្នុង​ការ​គោរព​តាម​ព្រះបញ្ញត្តិ​?

សូម​សង្ខេប យ៉ូសែប ស្ម៊ីធ--ម៉ាថាយ ១:១៩–២០ ដោយ​ពន្យល់​ថា ព្រះយេស៊ូវ​បាន​ព្យាករ​ថា​ ទោះ​បី​ជា​ពួក​យូដា​នឹង​រងទុក្ខ​នូវ​ការ​សាកល្បង​ដ៏​ធំ​ក្ដី ពួកគេ​នឹង​ត្រូវ​បាន​រក្សា​ឲ្យគង់វង្ស​ដោយ​សារ​សេចក្ដី​សញ្ញា​របស់​ព្រះអម្ចាស់​ជាមួយ​នឹង​ពួកគេ ។

យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១:២១-៣៧

ព្រះយេស៊ូវ​ព្យាករ​ពី​ទីសម្គាល់​នៃ​ការ​យាង​មក​ជា​លើក​ទី​ពីរ​របស់​ទ្រង់

សូម​ពន្យល់​ថា បន្ថែម​ទៅ​លើ​ការ​ពន្យល់​ពី​ទីសម្គាល់​ដែល​នឹង​ព្រមាន​ពី​ការ​បំផ្លាញ​ទីក្រុង​យេរូសាឡិម ព្រះអង្គសង្គ្រោះ​បាន​មាន​បន្ទូល​ឆ្លើយ​នឹង​សំណួរ​ទីពីរ​រ​បស់​ពួក​សិស្ស​ ដោយ​ព្យាករ​ពី​ទីសម្គាល់​ទាក់ទិន​នឹង​ការ​យាង​មក​ជា​លើ​ទី​ពីរ​របស់​ទ្រង់ ។

ចូរ​សុំ​សិស្ស​ម្នាក់​អានយ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១:២១-២៣​ឲ្យឮៗ។ សូម​អញ្ជើញ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើលមូល​ហេតុដែល​ព្រះអម្ចាស់​បាន​បើក​សម្ដែង​ទីសម្គាល់​នៃ​ការ​យាងមក​ជា​លើ​ក​ទីពីរ​របស់​ទ្រង់ ។

  • ហេតុអ្វី​វា​មាន​ប្រយោជន៍​ដល់​ពួក​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ ​ដើម្បី​ដឹង​ពី​ទីសម្គាល់​ដែល​បង្ហាញ​ពី​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ទ្រង់ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន យ៉ូសែប ស្ម៊ីធ — ម៉ាថាយ ១:២៤-២៦ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​នឹង​លេច​មក​នៅ​ឯ​​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ទ្រង់ ។

  • តើ​ព្រះអង្គ​សង្គ្រោះ​ នឹង​លេច​មក​នៅ​ឯ​ការ​យាង​មក​ជា​លើក​ទីពីរ​តាម​របៀប​ណា ?

  • តើ​ការ​ដឹង​រឿង​នេះ​ អាច​ជួយ​អ្នក​រើស​តាំង​ឲ្យ​ចៀស​ផុត​ពី​ការ​បោក​បញ្ឆោត​ដោយ​របៀប​ណា ?

សូម​អញ្ជើញ​សិស្ស​អាន យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១:២៧-៣១​ដោយ​ស្ងាត់ស្ងៀម រកមើលទី​សម្គាល់​ដែល​នឹង​កើត​ឡើង ពីមុន​ការ​យាង​មក​ជា​លើក​ទីពីរ ។

  • តើ​មនុស្ស​នឹង​ជួប​ប្រទះការ​លំបាក​អ្វីខ្លះ​ពី​មុន​ការ​យាង​មក​ជា​លើក​ទីពីរ ?

  • ផ្អែក​លើ ខ​ទី ២៧ និង ៣១តើ​ទីសម្គាល់​សំខាន់ៗ​អ្វី​ខ្លះ ​ដែល​នឹង​កើត​មាន​ពី​មុន​ការ​យាង​មក​ជា​លើក​ទីពីរ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុស​គ្នា ប៉ុន្តែ​ពួកគេ​គួរ​ស្គាល់​ពី​សេចក្ដី​ពិត​ខាងក្រោម​នេះ ៖ ពី​មុន​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ព្រះយេស៊ូ​គ្រីស្ទ អ្នករើសតាំង​របស់​ព្រះអម្ចាស់​នឹង​ត្រូវ​បាន​ប្រមូល​ផ្ដុំ ហើយ​ដំណឹងល្អ​នឹង​ត្រូវ​ប្រកាស​ទៅ​កាន់​ពិភព​លោក​ទាំង​មូល ) ។

  • តើ​យើង​ឃើញ​ការ​ព្យាករ​នេះ​ត្រូវ​បាន​បំពេញ​ដោយ​របៀប​ណា ?

សូម​ពន្យល់​ថា យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១:៣២–៣៦ ពិពណ៌នា​ពី​ទីសម្គាល់​បន្ថែម​ទៀត​ដែល​ទាក់​ទង​នឹង​ការ​យាង​មក​ជា​លើក​ទីពីរ ។

សូម​រំឭក​សិស្ស​ពី​ការ​ព្រមាន​របស់​ព្រះអង្គ​សង្គ្រោះ​ថា នៅ​ថ្ងៃ​ចុង​ក្រោយ​ព្រះគ្រីស្ទ​ក្លែង​ក្លាយ និង​ពួក​ព្យាការី​ក្លែង​ក្លាយ​នឹង​ « បោក​បញ្ឆោត​រាល់​អ្នក​រើស​តាំង » ( ខ​ទី ២២ ) ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១:៣៧​​ ឲ្យឮៗ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​របៀប​ដែល​អ្នក​រើស​តាំង​អាច​ចៀស​ផុត​ពី​ការ​ត្រូវ​បាន​គេ​បោក​បញ្ឆោត ។

  • តើ​អ្នក​រើស​តាំង​អាច​ចៀស​ផុតពី​ការ​បោក​បញ្ឆោត​តាម​របៀប​ណា ?

  • តើ​គោលការណ៍​អ្វី​ខ្លះ ដែល​យើង​អាច​រៀន​មកពី​ខ​នេះ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុស​ៗគ្នា ប៉ុន្តែ​ពួកគេ​គួរ​ស្គាល់​ពី​គោលការណ៍​ខាងក្រោម​នេះ ៖ ប្រសិន​បើ​យើង​សន្សំ​ទុក​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ នោះ​យើង​នឹង​មិន​ត្រូវ​បាន​បោកបញ្ឆោត​ឡើយ ។ សូមសរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​​ពី​គោលការណ៍​​នេះ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ដំណើរ​រឿងខាង​ក្រោម ​ដែល​ត្រូវបានចែករំលែក​ដោយ​អែលឌើរ អិម រ័សុល បាឡឺដ ​ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ អិម រ័សុល បាឡឺដ

« អ្នក​ផ្សព្វ​ផ្សាយ​សាសនា​ដ៏​ល្អ​របស់​ខ្ញុំ​ម្នាក់​ដែល​បាន​បម្រើ​ជាមួយ​ខ្ញុំ កាល​ខ្ញុំ​ជា​ប្រធាន​បេសកកម្ម​នៅ​តូរ៉ង់តូ [ ប្រទេស​កាណាដា ] បាន​មក​ជួប​ខ្ញុំ​នៅ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ។ ខ្ញុំ​បាន​សួរ​គាត់​ថា ‹ អែលឌើរ តើ​អ្នក​មាន​អ្វី​ដែល​ខ្ញុំ​អាច​ជួយ​បាន ? ›

« គាត់​បាន​ពោលថា ‹ ប្រធាន ខ្ញុំ​គិត​ថា​ខ្ញុំ​បាន​បាត់​បង់​ទីបន្ទាល់​របស់​ខ្ញុំ​ហើយ › ។

« ខ្ញុំ​មិន​អាចជឿទេ ។ ខ្ញុំ​បាន​សួរ​គាត់​ថា​​ រឿង​នេះ​អាច​កើត​ឡើង​យ៉ាង​ដូចម្ដេច​បាន ។

« គាត់​បាន​ពោល​ថា ‹ ខ្ញុំ​បាន​អាន​សៀវភៅ​មួយ​ចំនួន​ដែល​ប្រឆាំង​នឹង​ពួកមរមន › ។ ‹ ខ្ញុំ​មាន​សំណួរ​មួយ​ចំនួន ហើយ​គ្មាន​នរណា​ម្នាក់​ឆ្លើយ​នឹង​សំណួរ​ទាំង​នោះ​ឡើយ ។ ខ្ញុំ​មាន​អារម្មណ៍​ច្របូក​ច្របល់ ហើយ​ខ្ញុំ​គិត​ថា​ខ្ញុំ​កំពុង​បាត់​បង់​ទីបន្ទាល់​របស់​ខ្ញុំ​ហើយ › » ( « When Shall These Things Be? » Ensign ខែ ធ្នូ ឆ្នាំ ១៩៩៦ ទំព័រ ៦០ ) ។

ចូរ​សុំ​ឲ្យ​សិស្ស​សញ្ជឹង​គិត​ថាតើ​ពួកគេ ឬ​មនុស្ស​ដែល​ពួកគេ​ស្គាល់​ធ្លាប់​ជួបប្រទះ​រឿង​ស្រដៀង​គ្នា​ទៅ​នឹង​អ្វី​ដែល​អតីត​អ្នក​ផ្សព្វ​ផ្សាយ​សាសនា​ម្នាក់នេះ​បាន​ជួប​ដែរឬ​ទេ ។

  • តើ​ការ​ប្រឹក្សា​អ្វី​ខ្លះ ​ដែល​អ្នក​នឹង​ផ្ដល់​ទៅ​ឲ្យ​មនុស្ស​ម្នាក់​ដែល​ស្ថិត​នៅ​ក្នុង​ស្ថានភាព​បែប​នេះ ? ហេតុអ្វី ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​បន្ត​អាន​ដំណើរ​រឿង​របស់​អែលឌើរ បាឡឺដ ឲ្យឮៗ ៖

« ខ្ញុំ​បាន​សួរ​គាត់​ថា​ តើគាត់មានសំណួ​អ្វី​ខ្លះ ហើយ​គាត់​ក៏​បាន​ប្រាប់​ខ្ញុំ ។ វា​គឺជា​បញ្ហា​បទដ្ឋាន​ដែល​ប្រឆាំង​នឹង​សាសនាចក្រ ប៉ុន្តែ​ខ្ញុំ​ត្រូវ​ការ​ពេល​វេលា​ខ្លះប៉ុណ្ណោះ​ដើម្បីប្រមូល​ឯកសារ ​ដើម្បី​ខ្ញុំ​អាច​ផ្ដល់​នូវ​ចម្លើយ​ដែល​មាន​អត្ថប្រយោជន៍ ។ ដូច្នេះ​យើង​បាន​ធ្វើ​ការ​ណាត់​ជួប​មួយ​នៅ​ ១០ ​ថ្ងៃ​ក្រោយ​ដោយ​ខ្ញុំ​បាន​ប្រាប់​គាត់​ថា ខ្ញុំ​នឹង​ឆ្លើយ​រាល់​សំណួរ​ទាំងអស់​របស់​គាត់ ។ នៅ​ពេល​គាត់​បាន​ចាប់​ផ្ដើម​ចាក​ចេញ​ទៅ ខ្ញុំ​ប្រាប់​ឲ្យ​គាត់​ឈប់ ។

« ខ្ញុំ​បាន​ពោលថា ‹ អែលឌើរ ថ្ងៃ​នេះ​អ្នក​បាន​សួរ​ខ្ញុំ​នូវ​សំណួរ​មួយ​ចំនួន › ។ ‹ ឥឡូវ​ខ្ញុំ​មាន​សំណួរ​មួយ​សម្រាប់​អ្នក › ។

« ‹ តើ​អ្វី​ទៅ​ប្រធាន ? ›

« ‹ តើ​វា​មាន​ពេល​យូរ​ប៉ុណ្ណា​ហើយ​ ចាប់​តាំង​ពី​អ្នក​បាន​អាន​ព្រះគម្ពីរ​មរមន ? › ខ្ញុំ​បាន​សួរ ។

« គាត់​បាន​ឈ្ងោក​មុខ​ចុះ ។ មើល​ទៅ​ឥដ្ឋ​មួយ​សន្ទុះ ។ រួច​ក៏​មើល​មុខ​ខ្ញុំ ។ គាត់​បាន​សារភាព​ថា ‹ ប្រធាន​ខ្ញុំ​ខាន​អាន​យូរ​ហើយ › ។

« ខ្ញុំ​បាន​ពោលថា ‹ មិន​អី​ទេ › ។ ‹ អ្នក​បាន​ដាក់​កិច្ចការ​ឲ្យ​ខ្ញុំ​ធ្វើ ។ ដើម្បី​ឲ្យ​យុត្តិធម៌​ ខ្ញុំ​ក៏​មាន​កិច្ចការ​សម្រាប់​អ្នក​ដែរ ។ ខ្ញុំ​ចង់​ឲ្យ​អ្នក​សន្យា​នឹង​ខ្ញុំ​ថា អ្នក​នឹង​អាន​ព្រះគម្ពីរ​មរមន​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​មួយ​ម៉ោង​ជា​រៀង​រាល់​ថ្ងៃ​ចាប់​ពី​ពេល​នេះ​ រហូត​ដល់​ការ​ណាត់​ជួប​របស់​យើង​នៅ​ពេល​ក្រោយ › ។ គាត់​បាន​យល់​ព្រម​ថា​គាត់​នឹង​ធ្វើ​វា ។

« ដប់​ថ្ងៃ​ក្រោយ​មក គាត់​បាន​ត្រឡប់​មក​ការិយាល័យ​របស់​ខ្ញុំ ហើយ​ខ្ញុំ​បាន​ត្រៀម​ខ្លួន​ជា​ស្រេច ។ ខ្ញុំ​បាន​ដក​យក​ក្រដាស​ខ្ញុំ​ចេញ​មក​ ដើម្បី​ចាប់ផ្ដើម​ឆ្លើយ​សំណួរ​របស់​គាត់ ប៉ុន្តែ​គាត់​បាន​បញ្ឈប់​ខ្ញុំ ។

« គាត់​បាន​ពោល​ថា ‹ ប្រធាន វា​ពុំ​ចាំ​បាច់​ទៀត​ទេ › ។ បន្ទាប់​មក​ គាត់​បាន​ពន្យល់​ ៖ ‹ ខ្ញុំ​ដឹង​ថា ព្រះគម្ពីរមរមន ពិត ! ខ្ញុំ​ដឹង​ថា យ៉ូសែប ស្ម៊ីធ ជា​ព្យាការី​របស់​ព្រះ ។

« ខ្ញុំ​បាន​ពោល​ថា ‹ វា​ជា​ការ​ល្អ​ណាស់ › ។ ‹ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា ​អ្នក​នៅ​តែ​ត្រូវ​ស្ដាប់​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដដែល ។ ខ្ញុំ​បាន​ចំណាយ​ពេល​យ៉ាង​ច្រើន​ចំពោះ​រឿង​នេះ ដូច្នេះ​អ្នក​គ្រាន់​តែ​អង្គុយ​ចុះ​នៅ​ត្រង់​នោះ ហើយ​ស្ដាប់​ទៅ​បាន​ហើយ › ។

« ហេតុដូច្នេះហើយ​ខ្ញុំ​បាន​ឆ្លើយ​រាល់​សំណួរ​របស់​គាត់ រួច​សួរ​ថា ‹ អែលឌើរ តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​ពី​ការណ៍​នេះ ? ›

« ហើយ​គាត់​បាន​ពោល​ថា ‹ ថ្វាយ​ពេលវេលា​ស្មើ​គ្នា​ដល់​ព្រះអម្ចាស់ › »​ (  « When Shall These Things Be ? » ទំព័រ ៦០ ) ។

  • តើ​បទពិសោធន៍​នេះ​គូសបង្ហាញ​ពី​គោលការណ៍​ដែល​យើង​បាន​រក​ឃើញ​នៅ​ក្នុង ខ​ទី ៣៧ យ៉ាងដូចម្ដេច?

  • តើ​អ្នក​ធ្លាប់​បាន​ទទួល​ពរជ័យ​យ៉ាងណា​ដែរ ពេល​អ្នក​ឲ្យ​តម្លៃ​ដល់​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ?

យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១:៣៨-៥៥

ព្រះយេស៊ូវ​ណែនាំ​ពួក​សិស្ស​របស់​ទ្រង់​ អំពី​ការ​ត្រៀម​ខ្លួន​សម្រាប់​ការ​យាង​មក​ជា​លើក​ទី​ពីរ

សូម​ពន្យល់​ថា ដោយ​ប្រើ​រឿង​ប្រៀប​ប្រដូច ព្រះយេស៊ូវ​បាន​ណែនាំ​ពួក​សិស្ស​របស់​ទ្រង់​ពី​របៀប​រក្សា​ព្រះបន្ទូល​របស់​ទ្រង់ ហើយ​ត្រៀម​ខ្លួន​សម្រាប់​ការ​យាង​មក​ជា​លើក​ទី​ពីរ ។

សូម​បែងចែក​សិស្ស​ជា​ដៃគូៗ ។ ចូរ​ចាត់​សិស្ស​ម្នាក់ពី​ដៃ​គូ​នីមួយៗ​សិក្សា​យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១:៣៨-៤៦ ហើយ​សិស្ស​ម្នាក់ទៀត​សិក្សា​យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១:៤៧-៥៤ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​រក​មើល​គោលលទ្ធិ និង​គោលការណ៍​នានា​នៅ​ក្នុង​ខគម្ពីរ​ដែល​ពួកគេ​ត្រូវ​បាន​​ចាត់​តាំង ហើយ​សរសេរ​វា​ទុក ។

លុះ​ដល់​ពេល​កំណត់​ហើយ សូម​ឲ្យ​សិស្ស​សង្ខេប​រឿង​ប្រៀប​ប្រដូច​ដែល​ពួកគេ​បាន​អាន​ដល់​ដៃ​គូ​ខ្លួន ហើយ​ពិភាក្សា​សំណួរ​ដូច​ខាង​ក្រោម​នេះ ៖

  • តើអ្នកបានរកឃើញ​សេចក្ដី​ពិត​អ្វី​ខ្លះ ?

  • តើ​ព្រះអង្គ​សង្គ្រោះ​បាន​បង្ហាញ​សេចក្ដី​ពិត​ទាំង​នេះ ​នៅ​ក្នុង​ខគម្ពីរ​ដែល​អ្នក​បាន​សិក្សា​ដោយ​របៀប​ណា ?

សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ប្រាប់​ពី​សេចក្ដី​ពិត​ដែល​ពួកគេ​បាន​រក​ឃើញ ដែល​វា​អាច​រួម​បញ្ចូល​ដូច​ខាង​ក្រោម​នេះ ៖ មាន​តែ​ព្រះវរបិតា​សួគ៌​ប៉ុណ្ណោះ​ ដែល​ជ្រាប​ពី​ពេលវេលា​នៃ​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអង្គ​សង្គ្រោះ​នឹង​កើត​ឡើងពេលណា ។ ប្រសិន​បើ​យើង​រក​មើល​សញ្ញា ហើយ​គោរព​តាម​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់ នោះ​យើង​នឹង​ត្រៀម​ខ្លួន​ជា​ស្រេច​សម្រាប់​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអង្គសង្គ្រោះ ។

សូម​រំឭក​ឡើង​វិញ​ពី​សេចក្ដី​ពិត​ដែល​បាន​រក​ឃើញ​នៅ​ក្នុង យ៉ូសែប ស្ម៊ីធ—ម៉ាថាយហើយ​សុំ​ឲ្យ​សិស្ស​ពិចារណា​ពី​របៀប​ដែល​សេចក្ដី​ពិត​ទាំងនេះ​ជួយ​ឆ្លើយ​សំណួរ​ដែល​ពួកគេ​បាន​សរសេរ​នៅ​ដើម​មេរៀន​នេះ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ថ្លែង​ទីបន្ទាល់​ពី​សេចក្ដី​ពិត​ដែល​ពួកគេ​បាន​រៀន ។

ចូរ​សុំ​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​​ដោយ​អែលឌើរ ដាល្លិន អេក អូក នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ឲ្យ​ឮៗ ( ប្រសិនបើ​អាច​សូម​ចែក​សំណៅ​ថត​ចម្លងដល់សិស្ស ​) ៖

រូបភាព
អែលឌើរ ដាល្លិន អេក អូកស៍

« ចុះ​បើ​ថ្ងៃ​នៃ​ការយាងមក​របស់​ទ្រង់​ជា​ថ្ងៃស្អែក​វិញ ? ប្រសិនបើ​យើង​បាន​ដឹង​ថា យើង​ត្រូវ​ជួប​នឹង​ព្រះអម្ចាស់​នៅ​ថ្ងៃស្អែក — តាមរយៈ​ការស្លាប់​មុន​អាយុ ឬ​តាមរយៈ​ការយាងមក​ដែល​មិន​អាច​រំពឹង​ទុក​បាន​មុន​របស់​ទ្រង់ — តើ​យើង​នឹង​ធ្វើ​អ្វី​នៅ​ថ្ងៃនេះ ? តើ​យើង​នឹង​សារភាព​អ្វីខ្លះ ? តើ​យើង​នឹង​បញ្ឈប់ការ​អនុវត្ត​អ្វី ? តើ​យើង​នឹង​យកដំណើររឿងណាមួយមកដោះស្រាយ ? តើ​ការអត់ទោស​ណា​ខ្លះ​ដែល​យើង​នឹងសំដែង ?​ តើ​យើង​នឹង​ថ្លែង​ទីបន្ទាល់​ណាមួយ ?

« ចុះ​បើ​យើង​នឹង​ត្រូវ​ធ្វើ​ការណ៍​ទាំងនោះ​នៅ​ពេល​នោះ ហេតុអ្វី​យើង​មិន​ធ្វើ​ឥឡូវនេះ ? » ( « Preparation for the Second Coming » EnsignLiahona ខែ ឧសភា ឆ្នាំ ​២០០៤ ទំព័រ ៩ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​ចម្លើយ​មួយ ឆ្លើយនឹងសំណួរ​ខាងក្រោម​នេះ ៖ ប្រសិន​បើ​ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​នឹង​ជួប​ព្រះអង្គ​សង្គ្រោះ​នៅ​ថ្ងៃ​ស្អែក តើ​ខ្ញុំ​នឹង​ផ្លាស់​ប្ដូរ​អ្វី​ខ្លះ​នៅថ្ងៃ​នេះ ? សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​អនុវត្ត​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១:១១ ។ « អ្នក​ដែល​បាន​ខ្ជាប់​ខ្ជួន ហើយ​ពុះពារ »

អែលឌើរ ដេវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ពន្យល់​ពី​អត្ថន័យ​នៃការ​ខ្ជាប់ខ្ជួន ៖

« ពាក្យ ‹ ខ្ជាប់ខ្ជួន › ត្រូវបាន​ប្រើ​ដើម្បី​ប្រាប់​ពី​ការនៅជាប់​នឹងកន្លែង​មួយ រឹង​មាំ មិន​អាច​រង្គោះរង្គើ និង មាំមួន (Oxford English Dictionary Online ការបោះពុម្ព​លើកទី ២ [ ឆ្នាំ​ ១៩៨៩ ] « Steadfast » ) ។ … ហេតុដូច្នោះហើយ មនុស្ស​ម្នាក់​ដែល​ខ្ជាប់ខ្ជួន ហើយ​នឹងនរ​គឺ​រឹងមាំ មាំមួន​ខ្លាំង ហើយ​មិន​ងាយ​ប្ដូរ​ពី​គោលបំណង ឬ បេសកកម្ម​សំខាន់​មួយ » ( « Steadfast and Immovable: Always Abounding in Good Works » New Era ខែ​ មករា ឆ្នាំ ​២០០៨ ទំព័រ ២ ) ។

ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន ៖ « អ្នក​ដែល​បាន​បន្ត​ខ្ជាប់​ខ្ជួន ហើយ​ពុះពារ នឹង​ត្រូវ​បាន​សង្គ្រោះ » ( យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១:១១ ) ។ ការ​ត្រូវ​បាន​សង្គ្រោះ ​ពុំ​មែន​មាន​ន័យ​ថា​ជា​ការ​ធ្វើ​ឲ្យ​រួច​ផុត​ពី​រាល់​ការ​លំបាក​ទាំងអស់​ឡើយ ។ ព្យាការី យ៉ូសែប ស៊្មីធ​បាន​ពន្យល់ ៖

« វា​គឺ​ជា​គំនិត​ខុស​ឆ្គង​មួយ ដែលពួកបរិសុទ្ធ​នឹង​ចៀស​ផុតពី​ការ​ជំនុំ​ជំរះ ខណៈ​ដែលពួក​ទុច្ចរិត​រងទុក្ខ ដ្បិត​គ្រប់សាច់ឈាម​គឺ​ស្ថិត​នៅក្រោម​ការ​រងទុក្ខ ហើយ ‹ ពួកបរិសុទ្ធ​នឹង​ពិបាក​ចៀសផុត​ណាស់ › … ពួកសុចរិត​ជាច្រើន នឹង​ធ្លាក់ខ្លួន​​រងគ្រោះ​នឹង​ជំងឺ គ្រោះ​ចង្រៃ ជាដើម ដោយ​សារ​តែ​មូលហេតុ​នៃ​ភាព​ទន់​ខ្សោយ​ខាង​សាច់ឈាម តែ​នឹង​ត្រូវ​បាន​សង្គ្រោះ​នៅក្នុង​នគរ​នៃ​ព្រះ » ( នៅ​ក្នុង​​History of the Church ៤:១១, សូមមើល​ផងដែរ Journals, វ៉ុល​ទី ១ ៖ ឆ្នាំ១៨៣២–១៨៣៩ vol. 1 of the Journals series of The Joseph Smith Papers ed. Dean C. Jessee, Ronald K. Esplin និង Richard Lyman Bushman [ ឆ្នាំ ២០០៨ ] ទំព័រ ៣៥២–៥៣ ) ។

យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១:២២ ។ « ក៏​នឹង​មាន​ព្រះគ្រីស្ទ​ក្លែង​ក្លាយ និង​ ពួក​ព្យាការី​ក្លែង​ក្លាយ »

ពាក្យ​ថា « ព្រះគ្រីស្ទ​ក្លែង​ក្លាយ » និង « ពួក​ព្យាការី​ក្លែង​ក្លាយ » សំដៅ​ទៅ​លើ​មនុស្ស—ទាំង​នៅ​ក្នុង និង​ក្រៅ​សាសនាចក្រ—ដែល​អះអាង​ថា​ខ្លួន​និយាយ​តំណាង​ឲ្យ​ព្រះអម្ចាស់​ដោយ​គ្មាន​សិទ្ធិ​អំណាច ឬ​អ្នក​ដែល​លើក​កម្ពស់​ការ​បង្រៀន​ដែល​ផ្ទុយ​ពី​ពាក្យ​សម្ដី​នៃ​ពួក​ព្យាការី​ដែល​នៅ​រស់ ។ ប្រព័ន្ធ​ក្លែង​ក្លាយ​នៃ​ការ​ថ្វាយ​បង្គំ​ក៏​អាច​ជា​ព្រះគ្រីស្ទ​ក្លែង​ក្លាយ​ផង​ដែរ ( សូម​មើល Bruce R. McConkie, The Millennial Messiah [ ឆ្នាំ​ ១៩៨២ ] ទំព័រ ៤៨ ) ។ ឃ្លាថា « អ្នករើសតាំង​ស្រប​តាម​សេចក្ដី​សញ្ញា » នៅក្នុង​ខ​ទី ២២​​សំដៅ​ទៅ​លើ​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

អែលឌើរ អិម រ័សុល បាឡឺដ ក្នុង​កូរ៉ុមនៃពួក​សាវក​ដប់ពីរនាក់​បាន​ពន្យល់​ពី​ពាក្យ « ព្រះគ្រីស្ទ​ក្លែង​ក្លាយ » និង « ពួក​ព្យាការី​ក្លែង​ក្លាយ » ៖

« នៅ​ពេល​យើង​គិត​ពី​ពួក​ព្យាការី​ក្លែងក្លាយ និង​គ្រូ​ក្លែងក្លាយ យើង​តែង​គិត​ពី​ជន​ដែល​ជឿ​លើ​គោលលទ្ធិ​មួយ​ខុស ឬ​ជឿ​ថា​មាន​សិទ្ធិ​អំណាច​ ដើម្បី​បង្រៀន​ដំណឹងល្អ​ពិត​នៃ​ព្រះគ្រីស្ទ​ស្រប​តាម​ការ​បកស្រាយ​ផ្ទាល់​ខ្លួន​របស់​ពួកគេ ។ ជារឿយៗ យើង​សន្មតថា បុគ្គល​បែបនេះ​មាន​ទំនាក់ទំនង​នឹង​ក្រុម​តូចមួយដែល​ខ្វែង​គំនិតនឹង​សង្គម​​ដែល​ជាទូទៅ​សង្គម​ពុំ​ទទួល​ស្គាល់ ។ ទោះ​ជា​យ៉ាង​ក៏ដោយ ខ្ញុំ​សូម​ថ្លែង​ជា​ថ្មីថា​ ៖ មាន​ពួក​ព្យាការី​ក្លែង​ក្លាយ និង គ្រូ​ក្លែង​ក្លាយ​​ដែល​មាន ឬ​យ៉ាង​ហោច​ណាស់​ប្រកាស​ថា​ មាន​សមាជិក​ភាព​នៅ​ក្នុង​សាសនាចក្រ​នេះ ។ មាន​ជន​ដែល​គ្មាន​សិទ្ធិ​អំណាច​បាន​ប្រកាស​ថា​ មាន​ការ​អនុញ្ញាត​របស់​សាសនា​ចក្រ​សម្រាប់​ផលិតផល និង ការ​អនុវត្ត​របស់​ពួកគេ ។ ចូរ​ប្រយ័ត្ន​ចំពោះ​រឿង​បែប​នេះ » ( « Beware of False Prophets and False Teachers » Ensign ខែ វិច្ឆិកា ឆ្នាំ ​១៩៩៩ ទំព័រ ៦២ ) ។

យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១:២២ ។ « ប្រសិន​បើ​អាច​ធ្វើ​ទៅ​បាន ពួកគេ​នឹង​បោក​បញ្ឆោត​រាល់​អ្នក​រើស​តាំង »

ប្រធាន យ៉ូសែប អេហ្វ ស៊្មីធ បាន​ព្រមាន​ដល់​សមាជិក​សាសនាចក្រ ៖

« យើង​មិន​អាច​ទទួល​អ្វី​ថា​ ជា​ផ្លូវ​ការ​បាន​ទេ លុះត្រា​វា​មក​តាម​រយៈ​បណ្ដាញ​ដែល​បាន​តែង​តាំង​ដោយ​ផ្ទាល់ អង្គការ​នៃ​បព្វជិតភាព​ដែល​បាន​បង្កើត ​ជា​បណ្ដាញ​ដែល​ព្រះ​បាន​តែង​តាំង​ដើម្បី​ធ្វើ​ឲ្យ​ពិភពលោក​ដឹង​ពី​ព្រះទ័យ និង​ព្រះឆន្ទៈ​របស់​ទ្រង់ ។

« … ហើយ​នៅ​គ្រា​ដែល​បុគ្គល​ទាំងឡាយ​មើល​ទៅ​ប្រភព​ផ្សេង​ទៀត គ្រា​នោះ​ពួកគេ​បាន​បើក​ចិត្ត​ទៅ​រក​ឥទ្ធិពល​ទាក់​ទាញ​របស់​សាតាំង ហើយ​បង្ហាញ​ខ្លួន​ថា​ ជា​ពួក​បរិវារ​របស់​អារក្ស នោះ​ពួកគេ​បាន​មើល​ពុំ​ឃើញ​ពី​របៀប​ដ៏​ពិត​ដែល​រីករាយ​នឹង​ពរជ័យ​នៃ​បព្វជិតភាព ពួកគេ​បាន​ឈាន​ជើង​ដើរ​ចេញ​ពី​ព្រំដែន​នៃ​នគរ​ព្រះ ហើយ​ស្ថិត​នៅ​កន្លែង​ដ៏​មាន​គ្រោះ​ថ្នាក់ ។ នៅ​ពេល​ណា​អ្នក​ឃើញ​បុរស​ម្នាក់​ក្រោក​ឡើង​អះអាង​ថា​ បាន​ទទួល​វិវរណៈ​ដោយ​ផ្ទាល់​ពី​ព្រះអម្ចាស់​សម្រាប់​សាសនាចក្រ ឯករាជ្យ​នៃ​របៀប និង​បណ្ដាញ​នៃ​បព្វជិតភាព អ្នក​អាច​ចាត់​ទុក​ថា​ គាត់​គឺជា​អ្នក​ក្លែង​បន្លំ » ( Gospel Doctrine ការ​បោះ​ពុម្ព​លើក​ទី​ ៥ [ ឆ្នាំ ​១៩៣៩ ] ទំព័រ ៤២ ) ។