មេរៀនទី ១៧
ម៉ាថាយ ១៤
សេចក្ដីផ្ដើម
បន្ទាប់ពីបានជ្រាបពីការស្លាប់របស់ យ៉ូហាន បាទីស្ទ ព្រះយេស៊ូវបានចង់គង់នៅតែឯកឯង ប៉ុន្តែមានមនុស្សជាច្រើនបានដើរតាមទ្រង់ ។ ទ្រង់មានព្រះទ័យមេត្តាដល់ពួកគេ បានព្យាបាលអ្នកឈឺ ហើយបានប្រទានអាហារដោយអព្ភូតហេតុដល់មនុស្សច្រើនជាងប្រាំពាន់នាក់ ។ នៅយប់នោះ ព្រះយេស៊ូវបានយាងដើរនៅលើសមុទ្រទៅរកពួកសិស្សរបស់ទ្រង់ដែលកំពុងជួបប្រទះនឹងព្យុះភ្លៀងដ៏ធំនៅលើផ្ទៃសមុទ្រកាលីឡេ ។
យោបល់សម្រាប់ការបង្រៀន
ម៉ាថាយ ១៤:១-២១
ព្រះយេស៊ូវចង់គង់នៅតែអង្គឯង រួចបានប្រទានអាហារដល់មនុស្សច្រើនជាងប្រាំពាន់នាក់
ចូរសុំឲ្យសិស្សគិតពីគ្រាមួយ ដែលពួកគេមានភាពសោកសៅយ៉ាងខ្លាំង ។ សូមអញ្ជើញពួកគេឲ្យសញ្ជឹងគិតពីអ្វីដែលពួកគេបានធ្វើដើម្បីស៊ូទ្រាំ ហើយយកឈ្នះលើភាពសោកសៅរបស់ពួកគេ ។
-
តើរបៀបខុសគ្នាមួយចំនួនដែលមនុស្សព្យាយាមស៊ូទ្រាំហើយយកឈ្នះលើភាពសោកសៅមានអ្វីខ្លះ ?
នៅពេលសិស្សសិក្សា ម៉ាថាយ ១៤ សូមអញ្ជើញពួកគេឲ្យរកមើលវិធីដែលពួកគេអាចស៊ូទ្រាំ ហើយយកឈ្នះលើទុក្ខព្រួយ ការសាកល្បង និង ការសង្ស័យ ។
សូមសង្ខេប ម៉ាថាយ ១៤:១–១១ ដោយពន្យល់ថា តាមការញុះញុងរបស់មហេសីថ្មីរបស់ខ្លួន ( ហេរ៉ូឌាស ) ស្ដេចហេរ៉ូឌបានឃុំខ្លួនយ៉ូហាន បាទីស្ទ ទាំងអយុត្តិធម៌ ។ បន្ទាប់ពីបុត្រីរបស់មហេសីទ្រង់ ( សាឡូមេ ) បានរាំថ្វាយទ្រង់ទត ហេរ៉ូឌបានសន្យាជាសាធារណៈថានាងអាចមាន « គ្រប់របស់អ្វីដែលនាងនឹងសូម »( ម៉ាថាយ ១៤:៧ ) ។ បុត្រីនោះបានប្រឹក្សាជាមួយមាតានាង ហើយទូលសូមឲ្យកាត់ក្បាល យ៉ូហាន បាទីស្ទ ហើយជាលទ្ធផល ហេរ៉ូឌបានកាត់ក្បាលរបស់យ៉ូហាន ។
សូមរំឭកសិស្សថា យ៉ូហាន បាទីស្ទ គឺជាមិត្តនិងជាសាច់ញាតិម្នាក់របស់ព្រះយេស៊ូវគ្រីស្ទ ហើយព្រះបានជ្រើសគាត់ធ្វើជាព្យាការីដើម្បីរៀបចំផ្លូវសម្រាប់ព្រះមែស៊ី ។
-
សូមនឹកស្រមៃពីការធ្វើជាមិត្តដ៏ជិតស្និទ្ធម្នាក់នឹង យ៉ូហាន បាទីស្ទ ។ តើអ្នកនឹងមានអារម្មណ៍យ៉ាងណាដែរ នៅពេលឮពីការស្លាប់ដោយអយុត្តិធម៌របស់គាត់នោះ ?
សូមអញ្ជើញឲ្យសិស្សម្នាក់ឲ្យអាន ម៉ាថាយ ១៤:១២-១៣ ឲ្យឮៗ ហើយសុំឲ្យសិស្សក្នុងថ្នាក់រកមើលអ្វី ដែលព្រះយេស៊ូវបានធ្វើនៅពេលទ្រង់ឮពីការស្លាប់របស់យ៉ូហាន ។
-
តើព្រះយេស៊ូវបានធ្វើអ្វីខ្លះ នៅពេលទ្រង់ឮពីការស្លាប់របស់យ៉ូហាន ? ( អ្នកគួរពន្យល់ថា « ទីស្ងាត់ដោយឡែក » សំដៅទៅលើទីកន្លែងមួយស្ងាត់ ) ។
-
តើមានអ្វីបានកើតឡើងនៅពេលព្រយេស៊ូវព្យាយាមគង់នៅតែអង្គឯង ?
-
តើអ្នកមានអារម្មណ៍បែបណា ប្រសិនបើអ្នកសោកសៅហើយចង់នៅម្នាក់ឯង ប៉ុន្តែមានមនុស្សដទៃចង់បានចំណាប់អារម្មណ៍ពីអ្នក ?
សូមអញ្ជើញសិស្សម្នាក់អាន ម៉ាថាយ ១៤:១៤ ឲ្យឮៗ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលពីរបៀបដែលព្រះយេស៊ូវបានឆ្លើយតបនៅពេលទ្រង់បានទតឃើញហ្វូងមនុស្សបានដើរតាមទ្រង់ ។
-
តើព្រះអង្គសង្គ្រោះបានបង្ហាញគំរូអ្វីខ្លះឲ្យយើងធ្វើតាម នៅពេលយើងជួបនឹងភាពសោកសៅ ? ( សិស្សអាចនឹងប្រើពាក្យខុសគ្នា ប៉ុន្តែត្រូវប្រាកដថាពួកគេស្គាល់ពីសេចក្ដីពិតខាងក្រោមនេះ ៖ តាមរយៈការបង្ហាញសេចក្ដីមេត្តាករុណាចំពោះអ្នកដទៃ សូម្បីតែពេលយើងកំពុងជួបប្រទះភាពសោកសៅក្ដី នោះយើងកំពុងតែធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទហើយ ) ។
-
ហេតុអ្វីវាមានការលំបាកក្នុងការបង្ហាញសេចក្ដីមេត្តាករុណាដល់មនុស្សដទៃទៀត នៅពេលយើងកំពុងតែរងទុក្ខនោះ ?
-
តើការបង្ហាញសេចក្ដីមេត្តាករុណាចំពោះមនុស្សដទៃអាចជួយយើង នៅពេលយើងកំពុងរងទុក្ខបានដោយរបៀបណា ?
-
តើអ្នកឬមនុស្សម្នាក់ដែលអ្នកស្គាល់ធ្លាប់ជួបប្រទះភាពសោកសៅដ៏ធំ ប៉ុន្តែនៅតែបង្ហាញសេចក្ដីមេត្តាករុណាដល់មនុស្សដទៃនៅពេលណាដែរ ? តើការបម្រើដល់អ្នកដទៃអាចជួយដោយរបៀបណា ?
សូមអញ្ជើញសិស្សបីបួននាក់ប្ដូរវេនគ្នាអានឲ្យឮៗនៅក្នុង ម៉ាថាយ ១៤:១៥-២១ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលពីរបៀបដែលព្រះយេស៊ូវគ្រីស្ទបានបន្តបង្ហាញសេចក្ដីមេត្តាករុណាដល់ហ្វូងមនុស្ស ។ (កំណត់ចំណាំ ៖ អព្ភូតហេតុដែលបានកត់ត្រានៅក្នុង ម៉ាថាយ ១៤:១៥–២១ នឹងត្រូវបង្រៀនយ៉ាងស៊ីជម្រៅនៅក្នុងមេរៀនសម្រាប់ ម៉ាកុស ៦:៣៥-៤៤ ) ។
-
តើព្រះយេស៊ូវបានបន្តបង្ហាញសេចក្ដីមេត្តាករុណាដល់មនុស្ស ដែលបានដើរតាមទ្រង់ដោយរបៀបណា ?
ម៉ាថាយ ១៤:២២-៣៦
ព្រះយេស៊ូវបានយាងដើរលើសមុទ្រ កាលកំពុងមានព្យុះភ្លៀង
ដើម្បីជួយសិស្សឲ្យពិចារណាពី ស្ថានភាពដែលពួកគេអាចជួបការសង្ស័យ និងការភ័យខ្លាច នៅពេលពួកគេដើរតាមព្រះយេស៊ូវគ្រីស្ទ ចូរសុំឲ្យសិស្សពីរនាក់អានសាច់រឿងដូចតទៅនេះឲ្យឮ ៖
-
យុវនារីម្នាក់មានអារម្មណ៍តែលតោល នៅពេលនាងមើលឃើញម្ដាយនាងរងទុក្ខជំងឺមួយនៅដំណាក់កាលចុងក្រោយ ។ នាងចាប់ផ្ដើមសួរថា តើព្រះវរបិតាសួគ៌បានជ្រាបពីការឈឺចាប់របស់ម្ដាយនាងដែរឬទេ ។ នាងចង់ជឿលើព្រះយ៉ាងខ្លាំង ប៉ុន្តែការសង្ស័យរបស់នាងកំពុងតែគ្របដណ្ដប់មកលើនាង ។
-
មានយុវជនម្នាក់ទើបចូលក្នុងសាសនាចក្រថ្មីៗ ។ មិត្តភក្ដិចាស់របស់គាត់ជាច្រើន បានធ្វើការរិះគន់ ដោយបើកចំហ ចំពោះការសម្រេចចិត្តរបស់គាត់ចូលក្នុងសាសនាចក្រ ។ គាត់កំពុងងឿងឆ្ងល់ថា តើគាត់គួរបន្តធ្វើជាសមាជិកសាសនាចក្រដ៏សកម្ម ហើយស្មោះត្រង់ដែរឬអត់ ។
-
តើមានវិធីណាផ្សេងទៀត ដែលមនុស្សអាចជួបប្រទះនឹងការសង្ស័យ ឬ ការភ័យខ្លាច នៅពេលពួកគេស្វែងរកដើរតាមព្រះយេស៊ូវគ្រីស្ទ ?
ចូរសុំឲ្យសិស្សរកមើលសេចក្ដីពិតនានា នៅពេលពួកគេសិក្សាផ្នែកនៅសល់ក្នុង ម៉ាថាយ ១៤ ដែលអាចជួយពួកគេឲ្យយកឈ្នះការភ័យខ្លាច ការសង្ស័យ និងការបាក់ទឹកចិត្ត ។
សូមសង្ខេប ម៉ាថាយ ១៤:២២ ដោយពន្យល់ថា ព្រះអង្គសង្គ្រោះបានបង្គាប់ពួកសិស្សរបស់ទ្រង់ ឲ្យធ្វើដំណើរតាមទូកទៅច្រាំងម្ខាងទៀតនៃសមុទ្រកាលីឡេ កាលទ្រង់ប្រាប់ឲ្យហ្វូងមនុស្សត្រឡប់ទៅវិញ ។ សូមអញ្ជើញសិស្សម្នាក់អាន ម៉ាថាយ ១៤:២៣ ឲ្យឮៗ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលពីទីកន្លែងដែលព្រះយេស៊ូវបានយាងទៅ នៅពេលទ្រង់បានប្រាប់ឲ្យហ្វូងមនុស្សត្រឡប់ទៅវិញ ។ សូមអញ្ជើញពួកគេរាយការណ៍ពីអ្វីដែលពួកគេរកឃើញ ។
សូមអញ្ជើញសិស្សម្នាក់អាន ម៉ាថាយ ១៤:២៤-២៥ ឲ្យឮៗ ហើយចូរសុំឲ្យសិស្សក្នុងថ្នាក់រកមើលអ្វី ដែលបានកើតឡើងកាលពួកសិស្សឆ្លងសមុទ្រកាលីឡេ ។
-
តើមានអ្វីខ្លះបានកើតឡើងចំពោះពួកសិស្សកាលពួកគេកំពុងឆ្លងសមុទ្រកាលីឡេ ?
-
តើឃ្លាថា « ដោយព្រោះច្រាសខ្យល់ » មានន័យដូចម្ដេច ? ( ខទី ២៤) ។ ( វាកំពុងបក់បញ្ច្រាសទិសដែលពួកគេកំពុងធ្វើដំណើរ ) ។
យោងតាម ខទី ២៣លុះល្ងាចឡើង កាលព្រះយេស៊ូវគង់នៅតែអង្គឯងនៅលើភ្នំ ហើយពួកសិស្សកំពុងជិះទូកឆ្លងសមុទ្រកាលីឡេ ។ ចម្ងាយឆ្លងកាត់សមុទ្រនោះប្រមាណជាប្រាំបីគីឡូម៉ែត្រ ហើយចំណាយពេលឆ្លងពីពីរទៅបីម៉ោង ប្រសិនបើមានអាកាសធាតុល្អ ។
-
យោងតាម ខទី ២៥តើព្រះអង្គសង្គ្រោះបានយាងដើរលើទឹកទៅរកពួកសិស្សនៅពេលណា ? ( យាមបួនគឺ ពីម៉ោង ៣:០០ ព្រឹក ដល់ ៦:០០ ព្រឹក ) ។
-
តើពួកសិស្សទំនងជាជួបប្រទះនឹងខ្យល់ព្យុះរយៈពេលយូរប៉ុណ្ណាដែរ កាលឆ្លងកាត់សមុទ្រនោះ ? ( ប្រមាណជា ៩ ទៅ ១២ ម៉ោង ) ។
សូមអញ្ជើញសិស្សអាន ម៉ាកុស ៦:៤៧–៤៨ ដោយស្ងៀមស្ងាត់រកមើលរឿងលម្អិតបន្ថែមទៀត ដែលម៉ាកុសបានផ្ដល់ឲ្យស្ដីពីព្រឹត្តិការណ៍នេះ ។ សូមឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេរកឃើញ ។
-
តើព្រះយេស៊ូវអាចជួយពួកសិស្សឲ្យរួចផុត ពីបញ្ហារបស់ពួកគេបានភ្លាមៗដែរឬទេ ? តើចេតនាទុកឲ្យពួកសិស្សជួបបញ្ហាមួយគ្រា ពីមុនពួកគេទទួលការជួយសង្គ្រោះជាអ្វីទៅ ?
-
តើសេចក្ដីពិតអ្វីខ្លះដែលយើងអាចរៀន នៅក្នុងដំណើររឿងទាំងនេះស្ដីពីពួកសិស្សព្យាយាមឆ្លងកាត់សមុទ្រ ដែលទាក់ទងនឹងបញ្ហាផ្ទាល់ខ្លួនរបស់យើង ? ( សិស្សអាចនឹងប្រើពាក្យខុសគ្នា ប៉ុន្តែពួកគេគួរស្គាល់ពីសេចក្ដីពិតខាងក្រោមនេះ ៖ ទោះបីជាព្រះអាចនឹងមិនជួយយើងឲ្យរួចផុតពីបញ្ហានានាជានិច្ចក្ដី ប៉ុន្តែទ្រង់ជ្រាបថា យើងកំពុងជួបបញ្ហា ហើយទ្រង់នឹងយាងមកជួយក្នុងកាលកំណត់របស់ទ្រង់ផ្ទាល់ ) ។
-
តើរឿងល្អអ្វីខ្លះ ដែលអាចកើតចេញពីការជួបបញ្ហាមួយគ្រា ជាជាងឲ្យព្រះអម្ចាស់ជួយសង្គ្រោះយើងភ្លាមៗចេញពីការសាកល្បង ?
-
តើការដឹងថាព្រះអម្ចាស់ជ្រាបពីបញ្ហារបស់យើង អាចពង្រឹងសេចក្ដីជំនឿយើងលើទ្រង់ ទាំងពេលទ្រង់មិនបានជួយសង្គ្រោះយើងភ្លាមៗក៏ដោយតាមរបៀបណា ?
ចូរសុំឲ្យសិស្ស ស្រមើស្រមៃ ថាពួកគេកំពុងជិះលើទូកនេសាទត្រីមួយនៅពាក់កណ្ដាលអាធ្រាត្រ ដែលកំពុងជួបព្យុះភ្លៀង និងរលកធំៗអស់រយៈពេលជាច្រើនម៉ោង រួចក៏ឃើញមនុស្សម្នាក់ដើរនៅលើទឹក ។
-
តើអ្នកអាចគិត ឬមានអារម្មណ៍បែបណាទៅ ប្រសិនបើអ្នកស្ថិតនៅក្នុងស្ថានភាពនេះ ?
សូមអញ្ជើញសិស្សម្នាក់អាន ម៉ាថាយ ១៤:២៦-២៧ ឲ្យឮៗ ហើយចូរសុំឲ្យសិស្សក្នុងថ្នាក់រកមើលរបៀប ដែលពួកសិស្សមានប្រតិកម្មនៅពេលពួកគេបានឃើញព្រះយេស៊ូវ ។
-
តើពួកសិស្សមានប្រតិកម្មបែបណាដែរ នៅពេលពួកគេបានឃើញព្រះយេស៊ូវ ?
-
តើព្រះយេស៊ូវបានឆ្លើយតបនឹងការភ័យខ្លាចរបស់ពួកគេយ៉ាងដូចម្ដេច ?
ចូរសុំឲ្យសិស្សម្នាក់ទៀតអាន ម៉ាថាយ ១៤:២៨ ឲ្យឮៗ ហើយចូរសុំឲ្យសិស្សក្នុងថ្នាក់រកមើលអ្វីដែលពេត្រុសប៉ងចង់ធ្វើ នៅពេលគាត់ឮព្រះសុរសៀងរបស់ព្រះអម្ចាស់ ។
-
តើពេត្រុសចង់ធ្វើអ្វី នៅពេលគាត់បានឮព្រះសុរសៀងរបស់ព្រះអម្ចាស់ ?
សូមលើករូបភាពព្រះយេស៊ូវឡើងឲ្យសិស្សមើល រួចសុំឲ្យសិស្សស្រមៃថាពួកគេគឺជាពេត្រុសជិះនៅក្នុងទូក ។ ចូរសុំឲ្យសិស្សពីរនាក់ប្ដូរវេនគ្នាអានឮៗនៅក្នុង ម៉ាថាយ ១៤:២៩–៣០ ។ បន្ទាប់ពីអានខនីមួយៗរួចហើយ ចូរសួរសិស្សថាតើពួកគេអាចគិត ឬមានអារម្មណ៍បែបណាទៅ ប្រសិនបើបានពួកគេជាពេត្រុសនោះ ។
-
ហេតុអ្វីបានជាពេត្រុសចាប់ផ្ដើមលិចចុះក្នុងទឹក ?
-
តើព្យុះភ្លៀង និង រលកនៅក្នុងដំណើររឿងនេះអាចតំណាងឲ្យអ្វីខ្លះ នៅក្នុងជីវិតរបស់យើងដែលអាចដឹកនាំយើងឲ្យជួបនឹងការភ័យខ្លាច ឬការសង្ស័យ ?
-
តើយើងអាចរៀនអ្វីខ្លះ ចេញពីបទពិសោធន៍របស់ពេត្រុសអំពីរបៀបចៀសវាងពីការហ៊ុមព័ទ្ធដោយដោយភាពភ័យខ្លាច និងការសង្ស័យរបស់យើង ? ( សិស្សអាចនឹងប្រើពាក្យខុសគ្នា ប៉ុន្តែត្រូវធ្វើប្រាកដថា ប្រសិនបើយើងសម្លឹងមើលទៅព្រះយេស៊ូវឲ្យខ្ជាប់ខ្ជួន ហើយថែរក្សាសេចក្ដីជំនឿយើងលើទ្រង់ នោះយើងនឹងមិនគ្របដណ្ដប់ដោយភាពភ័យខ្លាច និងការសង្ស័យរបស់យើងឡើយ ) ។
ចូរអញ្ជើញសិស្សម្នាក់ឲ្យអានឮៗ នូវសេចក្ដីថ្លែងការណ៍ដូចខាងក្រោមដោយ ប្រធាន ហាវើដ ដបុលយូ ហឹនធើរ ហើយសុំឲ្យសិស្សក្នុងថ្នាក់ស្ដាប់រកនូវភាពគ្រោះថ្នាក់នៃការបរាជ័យក្នុងការថែរក្សាសេចក្ដីជំនឿយើងលើព្រះអម្ចាស់ ៖
« ខ្ញុំមានជំនឿដ៏មុតមាំថា ទោះជាបុគ្គលម្នាក់ៗ ជាគ្រួសារ សហគមន៍ និងប្រជាជាតិក្ដី ប្រសិនបើយើងអាចសម្លឹងមើលទៅព្រះយេស៊ូវឲ្យខ្ជាប់ខ្ជួនដូចជាពេត្រុស នោះយើងក៏អាចដើរដោយមានជោគជ័យនៅលើ ‹ រលកសមុទ្រធំៗនៃការឥតជំនឿ › ហើយបន្តដោយ ‹ មិនភ័យខ្លាចនៅកណ្តាលព្យុះភ្លៀងនៃភាពសង្ស័យ ដែលកំពុងបោកបក់យ៉ាងខ្លាំង › ។ ប៉ុន្តែប្រសិនបើយើងងាកចេញពីទ្រង់ ជាអង្គដែលយើងត្រូវជឿ កាលដែលវាងាយស្រួលនឹងធ្វើ ហើយកាលពិភពលោកនេះបានល្បួងយ៉ាងខ្លាំង ប្រសិនបើយើងសម្លឹងមើលទៅអំណាច និងកំហឹងនៃកត្តានានាដែលបំផ្លិចបំផ្លាញ ហើយគួរឲ្យខ្លាចទាំងនោះនៅជុំវិញយើង ជាជាងមើលទៅទ្រង់ដែលអាចជួយសង្គ្រោះយើង នោះយើងនឹងលិចទៅក្នុងសមុទ្រនៃវិបត្តិ និងទុក្ខវេទនា ព្រមទាំងភាពអស់សង្ឃឹមដោយចៀសមិនផុតឡើយ » ( « The Beacon in the Harbor of Peace » Ensign ខែ វិច្ឆិកា ឆ្នាំ១៩៩២ ទំព័រ ១៩ ) ។
-
តើអ្នកគិតថាយើងអាច« ផ្ដោត » លើព្រះយេស៊ូវគ្រីស្ទ ដូចជាពេត្រុសបានធ្វើបានយ៉ាងដូចម្ដេច ?
-
តើអ្នកធ្លាប់បានឃើញសេចក្ដីជំនឿរបស់បុគ្គលម្នាក់លើព្រះយេស៊ូវគ្រីស្ទ អាចជួយគាត់ឲ្យចៀសវាងពីការហ៊ុមព័ទ្ធដោយការភ័យខ្លាច ឬការសង្ស័យនៅពេលណា ?
សូមថ្លែងទីបន្ទាល់ថា នៅពេលយើង « ផ្ដោត » លើព្រះយេស៊ូវគ្រីស្ទ ហើយថែរក្សាសេចក្ដីជំនឿរបស់យើងលើទ្រង់ យើងនឹងរកឃើញសេចក្ដីសង្ឃឹម និងភាពក្លាហានដើម្បីប្រឈមនឹងឧបសគ្គរបស់យើង ។ សូមអញ្ជើញសិស្សឲ្យពិចារណាពីការផ្លាស់ប្ដូរដែលពួកគេអាចធ្វើ នៅក្នុងជីវិតដើម្បីផ្ដោត ហើយថែរក្សាសេចក្ដីជំនឿរបស់ខ្លួនលើព្រះយេស៊ូវគ្រីស្ទកាន់តែប្រសើរឡើង ហើយដាក់គោលដៅមួយដើម្បីធ្វើការផ្លាស់ប្ដូរទាំងនោះ ។
សូមពន្យល់ថា ដូចជាពេត្រុសដែរ ពេលខ្លះយើងអាចបរាជ័យក្នុងការថែរក្សាសេចក្ដីជំនឿយើងលើព្រះយេស៊ូវគ្រីស្ទ ហើយអាចនឹងបន្ទន់ចិត្តទៅតាមការភ័យខ្លាច ការសង្ស័យ និងការបាក់ទឹកចិត្ត ។
សូមបង្ហាញ រូបភាព ព្រះយេស៊ូវគ្រីស្ទយាងដើរលើទឹក ( សូមមើល សៀវភៅរូបភាពដំណឹងល្អ [ ឆ្នាំ ២០០៩ ] លេខ ៤៣ សូមមើលផងដែរ LDS.org ) ។ សូមអញ្ជើញសិស្សម្នាក់អាន ម៉ាថាយ ១៤:៣០-៣២ ឲ្យឮៗ ។
-
យោងតាម ខទី ៣០តើពេត្រុសបានធ្វើអ្វីខ្លះ នៅពេលគាត់ដឹងថាគាត់កំពុងតែលិចទៅក្នុងទឹកនោះ ?
-
តើយើងអាចរៀនអ្វីខ្លះពីដំណើររឿងនេះស្ដីពីអ្វីដែលព្រះអម្ចាស់នឹងធ្វើ ប្រសិនបើយើងស្វែងរកជំនួយរបស់ទ្រង់នៅពេលសេចក្ដីជំនឿរបស់យើងធ្លាក់ចុះ ? ( សិស្សអាចនឹងប្រើពាក្យខុសគ្នា ប៉ុន្តែពួកគេគួរស្គាល់ពីគោលការណ៍ខាងក្រោមនេះ ៖ ប្រសិនបើយើងស្វែងរកជំនួយរបស់ព្រះ ពេលសេចក្ដីជំនឿរបស់យើងធ្លាក់ចុះ នោះទ្រង់អាចលើកយើងឡើងចេញពីការភ័យខ្លាច និងការសង្ស័យរបស់យើងបាន ) ។
-
តើព្រះលើកយើងឡើងចេញពីការភ័យខ្លាច និងការសង្ស័យរបស់យើងតាមរបៀបណា ?
សូមអញ្ជើញសិស្សម្នាក់អាន ម៉ាថាយ ១៤:៣៣ ឲ្យឮៗ ហើយចូរសុំឲ្យសិស្សក្នុងថ្នាក់រកមើលរបៀប ដែលពួកសិស្សកំពុងនៅក្នុងទូកបានឆ្លើយតបបន្ទាប់ពីព្រះយេស៊ូវ និងពេត្រុសបានចូលមកក្នុងទូក ។
សូមសង្ខេប ម៉ាថាយ ១៤:៣៣–៣៦ ដោយពន្យល់ថា បន្ទាប់ពីព្រឹត្តិការណ៍នេះ ព្រះយេស៊ូវ និងពួកសិស្សរបស់ទ្រង់បានបន្តដំណើររបស់ខ្លួន ហើយបានទៅដល់ឆ្នេរកាលីឡេនោះ ។ នៅពេលមនុស្សម្នាបានដឹងថា ព្រះយេស៊ូវគង់នៅទីនោះ ពួកគេបាននាំមនុស្សដែលមានជំងឺទៅរកទ្រង់ ។ មានមនុស្សជាច្រើនបានជាសះស្បើយដោយគ្រាន់តែពាល់ជាយព្រះពស្ដរបស់ទ្រង់ ។
សូមបញ្ចប់ដោយលើកទឹកចិត្តសិស្សឲ្យអនុវត្តអ្វីដែលពួកគេបានរៀននៅក្នុងមេរៀននេះ តាមរយៈការធ្វើតាមអារម្មណ៍នានាដែលពួកគេបានទទួល ។