បណ្ណាល័យ
មេរៀន​ទី ៦៩ ៖ យ៉ូហាន ៩


មេរៀន​ទី ៦៩

យ៉ូហាន ៩

សេចក្ដីផ្ដើម

ព្រះយេស៊ូវ​បានព្យាបាល​បុរស​ម្នាក់​ដែលខ្វាក់ភ្នែកពីកំណើត ។ ពួក​ផារ៉ាស៊ី​បាន​ចោទសួរ​បុរស​នេះ ហើយ​បានបណ្ដេញ​គាត់ចេញពី​សាលា​ប្រជុំ ដោយសារ​តែ​គាត់​បាន​បដិសេធ​មិន​ផ្ដន្ទាទោស​ដល់ព្រះយេស៊ូវ​ ដែល​ជា​មនុស្ស​មាន​បាប​​ចំពោះ​ការ​ព្យាបាល​នៅថ្ងៃ​ឈប់សម្រាក ។ ព្រះអង្គ​សង្គ្រោះ​បាន​ស្វែងរក​បុរសនោះ ហើយបុរស​នោះ​បាន​ថ្វាយបង្គំ​ព្រះយេស៊ូវ​ជា​ព្រះរាជ​បុត្រា​​នៃ​ព្រះ ។

យោបល់​សម្រាប់​ការបង្រៀន

យ៉ូហាន ៩:១-៧

ព្រះយេស៊ូវ​បានព្យាបាល​បុរស​ម្នាក់​ដែលខ្វាក់ភ្នែកពីកំណើត

សូម​នាំ​នូវ​អត្ថបទព័ត៌មាន​មួយ​មក​ថ្នាក់​រៀន ដែលពិពណ៌នា​អំពីមនុស្ស​ម្នាក់​ដែល​ជួប​នឹងឧបសគ្គ​មួយ ។ សូមសង្ខេប​អត្ថបទ​នោះដល់សិស្ស ឬ​សរសេរ​ក្បាល​រឿង​នៅលើ​ក្ដារខៀន ។

  • តើ​មានឧទាហរណ៍​អ្វី​​ផ្សេងទៀត​ ដែលអ្នក​បាន​មើល​ឃើញមនុស្ស​ដែល​ជួបបទពិសោធន៍នូវ​រឿង​អាក្រក់ៗ ?

សូមចង្អុល​បង្ហាញ​ថា មនុស្ស​ខ្លះ​ងឿង​ឆ្ងល់​ថា ហេតុអ្វីព្រះអនុញ្ញាត​ឲ្យ​រឿង​អាក្រក់​កើតមាន​ដល់ជីវិត​របស់ពួកគេ​យ៉ាង​ខ្លាំង​ដូច្នេះ ។

ចូរ​សុំ​ឲ្យ​សិស្ស​រកមើល​សេចក្ដីពិត​មួយ នៅពេលពួកគេ​សិក្សាយ៉ូហាន ៩:១-៥ដែលអាចជួយ​យើង​ឲ្យយល់​កាន់​តែប្រសើរ​ថា ​ហេតុអ្វី​ព្រះអនុញ្ញាត​ឲ្យ​រឿង​អាក្រក់​មានឥទ្ធិពល​លើ​ជីវិត​របស់​យើង ។

សូមអញ្ជើញ​សិស្ស​ម្នាក់​អាន យ៉ូហាន ៩:១-២ ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយ​រកមើលរឿង​អាក្រក់​ដែលបុរស​ម្នាក់​បាន​ជួប ។ សូម​អញ្ជើញ​សិស្សឲ្យ​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • ស្របតាមខ ២តើ​ពួកសិស្ស​បាន​សួរ​អ្វីខ្លះ អំពី​បុព្វហេតុ​នៃ​រឿង​អាក្រក់របស់បុរស​នេះ ?

ចូរ​ពន្យល់​ថា មនុស្សជា​ច្រើន​នៅក្នុងជំនាន់​របស់ព្រះអង្គសង្គ្រោះ​បានជឿ​ ដូចជា​មនុស្ស​មួយចំនួន​ក្នុងសម័យ​យើងជឿ​ថា រឿងអាក្រក់​ដែល​មនុស្ស​ជួប​ប្រទះ គឺជា​លទ្ធផល​នៃ​អំពើបាប​ដែលពួកគេ ឬ​ឪពុក​ម្ដាយរបស់ពួកគេ​បាន​ប្រព្រឹត្ត ។ ( អ្នក​ក៏គប្បីចង្អុល​បង្ហាញ​ផងដែរ​ថា ចម្ងល់​របស់​ពួកសិស្ស​សន្មត​ពីភាព​ពិត​នៃ​ជីវិត​មុនជីវិត​នៅលើ​ផែនដី ) ។

  • តើអ្នកគិត​ថា​ជំនឿនេះ​ត្រឹមត្រូវ​ឬទេ ? ហេតុអ្វី​ត្រឹមត្រូវ ឬ មិនត្រឹមត្រូវ ?

សូមអញ្ជើញ​សិស្ស​ម្នាក់​អាន យ៉ូហាន ៩:៣-៥ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​​ផ្ទៀង​តាម​រកមើល​ការបង្រៀន​​​របស់​ព្រះអង្គ​សង្គ្រោះ​​អំពី​ការ​ខ្វាក់ភ្នែក​​របស់​បុរស​នោះ ។

  • តើអ្នកគិតថា​វាមានន័យ​យ៉ាងណា ដែលថា « ​ការ​របស់​ព្រះបាន​សំដែង​មក​ក្នុង​ខ្លួន​គាត់​វិញ » នោះ ? (ខ ៣) ។

  • ចេញមកពីការ​បង្រៀន​របស់ព្រះអង្គសង្គ្រោះ​នៅក្នុងខគម្ពីរ​ទាំងនេះ តើ​សេចក្ដីពិត​អ្វីខ្លះ​ដែល​យើងអាច​រៀនអំពី​រឿង​អាក្រក់​របស់​យើង ? ( សិស្ស​​អាច​នឹង​ប្រើ​ពាក្យ​ផ្សេងៗ ប៉ុន្តែ​ពួកគេ​គួរតែ​​ស្គាល់​សេចក្ដីពិត​​​មួយ​ដូច​ខាង​ក្រោម​​នេះ ៖ ព្រះអាចប្រើ​រឿង​អាក្រក់​របស់យើង​ ដើម្បីបង្ហាញ​ពីកិច្ចការ និង​ព្រះចេស្ដា​​របស់​ទ្រង់ )

សូម​ពន្យល់​ថា ខណៈ​ដែល​មាន​បុព្វហេតុ​ផ្សេងៗជាច្រើន​អំពីរឿង​អាក្រក់​នៅក្នុងជីវិត​របស់យើង នោះព្រះអាច​ប្រើ​ឧបសគ្គ​របស់យើង​​ដើម្បីជួយយើង​ឲ្យ​​សម្រេច​គោលបំណង​ដ៏​សុចរិត​របស់ទ្រង់ ។

សូមអញ្ជើញសិស្ស​ឲ្យគិត​អំពី​រឿង​អាក្រក់​ដែលពួកគេ​បានជួប ឬ​កំពុង​ជួបក្នុងពេល​ថ្មីៗ​នេះ ។ នៅពេលសិស្ស​បន្ដ​សិក្សាយ៉ូហាន ៩ចូរ​សុំ​ឲ្យពួកគេ​ពិចារណា​អំពី​របៀប​ដែល​ព្រះអាច​បង្ហាញ​កិច្ចការ​ និងព្រះចេស្ដា​របស់ទ្រង់​តាមរយៈ​ពួកគេ ដោយសារ​តែ​រឿង​អាក្រក់​ទាំងនោះ ។

សូមអញ្ជើញ​សិស្ស​ម្នាក់​អាន យ៉ូហាន ៩:៦-៧ ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់ផ្ទៀងតាមរក​មើល​របៀប​ដែលព្រះ​បើក​សម្ដែង​កិច្ចការ និង​ព្រះចេស្ដា​របស់ទ្រង់​តាមរយៈ​បទពិសោធន៍​របស់​បុរស​ខ្វាក់ភ្នែក ។

  • តើអ្នកស្រមៃថា​វា​​យ៉ាងណា ​ដែលបុរស​នេះ​បាន​មើល​ឃើញ​ជា​លើក​ទីមួយ​នោះ ?

  • តើរឿងអាក្រក់​របស់បុរស​នេះ ​អនុញ្ញាត​ឲ្យអ្នកដទៃ​ធ្វើជា​សាក្សី​អំពី​ព្រះចេស្ដាររបស់​ព្រះ​​យ៉ាងដូចម្ដេច ?

  • នៅក្នុង​ដំណើរ​រឿងនេះ បុរស​នោះ​ចាំបាច់​ត្រូវ​លាង​ភ្នែក​នៅក្នុង​ស្រះ​ស៊ីឡោម​ ដើម្បី​ទទួលបាន​ការមើល​ឃើញ​របស់គាត់ ។ តើអ្នកចាំបាច់​ត្រូវ​ធ្វើអ្វីខ្លះ​ ដើម្បី​ព្រះអាច​បើក​សម្ដែង​កិច្ចការ និងព្រះចេស្ដា​ទ្រង់​នៅក្នុង​ជីវិត​​របស់អ្នក ?

យ៉ូហាន ៩:៨-៤១

ព្រះអង្គ​សង្គ្រោះបាន​​ស្វែងរក​បុរស​​ដែលទ្រង់​បានព្យាបាលនោះ បន្ទាប់ពី​ពួក​ផារិស៊ី​បាន​បណ្ដេញ​បុរស​នោះចេញ ។

ចូរ​សង្ខេបយ៉ូហាន ៩:៨-១៥ដោយ​ពន្យល់​ថា បន្ទាប់ពី​បុរស​ខ្វាក់ភ្នែក​ត្រូវ​បាន​ព្យាបាល នោះមនុស្ស​មួយចំនួន​បាន​ប្រកែកគ្នា​ថា តើ​​គាត់នោះ​គឺជា​បុរស​ដែល​ខ្វាក់ភ្នែក​ពី​កំណើត​ឬអី ។ អ្នក​ផ្សេងទៀត​បាន​ងឿង​ឆ្ងល់​ពីរបៀប ​ដែល​គាត់​ត្រូវ​បាន​ព្យាបាល ហើយ​បាន​នាំ​គាត់​ទៅ​ជួប​​នឹង​ពួក​ផារិស៊ី ដែល​បាន​ចាប់​ផ្ដើម​ចោទ​សួរ​ដល់គាត់ ។

សូមអញ្ជើញសិស្ស​ឲ្យ​ស្រាវជ្រាវ​យ៉ូហាន ៩:១៤រក​មើល​ថ្ងៃ​ដែល​ព្រះអង្គសង្គ្រោះ​បានព្យាបាល​បុរស​ខ្វាក់ភ្នែក ។ សូម​ឲ្យ​សិស្សរាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • តើ​អ្នកគិត​ថា ​ពួកផារិស៊ី​បាន​មាន​ប្រតិកម្ម​យ៉ាងណា​ចំពោះ​ព្រះយេស៊ូវ​​ដែល​បាន​ព្យាបាល​បុរស​នោះ​នៅ​ថ្ងៃ​ឈប់សម្រាក ?

សូម​អញ្ជើញឲ្យ​សិស្ស​ពីរបី​នាក់​ប្ដូរ​វេន​គ្នា​អាន​ឮៗ​ពី យ៉ូហាន ៩:១៦-៣៨​ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយ​រកមើលរឿង​អាក្រក់​ផ្សេងទៀត​​ ដែល​បុរស​បាន​​ទទួល​ការ​ព្យាបាល​នោះ​បានជួប ។

សូម​ជួយរៀបចំសិស្ស​ឲ្យ​ប្រាប់នូវគោលការណ៍​មួយ​មកពី​ដំណើរ​រឿង​នេះ ដោយរំឭក​ពួកគេ​ថា ឪពុក​ម្ដាយរបស់បុរស​ខ្វាក់ភ្នែក​នេះ ត្រូវ​បានគេ​នាំ​ទៅ​ខាង​មុខ​ពួកផារិស៊ី​ដើម្បី​ចោទសួរ ។

  • ស្របតាមខ ២២ហេតុអ្វី​ក៏​ឪពុក​ម្ដាយ​របស់បុរស​ខ្វាក់​ភ្នែកនេះ ទុក​ឲ្យ​កូនប្រុស​របស់ពួកគេ​ពន្យល់​អំពី​របៀប​ដែល​គាត់​អាច​មើលឃើញ​វិញ​ដូច្នេះ ?

ចូរ​ពន្យល់​ថា « សាលា​ជំនុំ​ប្រើ​ជា​មណ្ឌល​សាសនា និង​សង្គម​សម្រាប់​សហគម​ន៍​យូដា​ជាច្រើន ។ សាលា​ជំនុំ​ផ្ដល់​នូវ​លទ្ធភាព​ទទួលបានការណែនាំ​ខាង​វិញ្ញាណ និងការ​ថ្វាយបង្គំ ក៏​ដូចជា​ឱកាស​​ខាង​ការ​អប់រំ និង​ខាង​សង្គម​ផងដែរ ។ ដោយសារ​តែ​សាលាជំនុំ​សំខាន់​យ៉ាង​ខ្លាំង​ចំពោះ​សង្គម​សាសន៍យូដា ដូច្នេះ​ការ​បណ្ដេញ​ចេញ​ពី​​សាលាជំនុំ … គឺ​លើស​ពី​ការ​​កាត់កាល​ និងការ​បាត់បង់​ការរាប់អាន​ជាមួយ​នឹង​សហគមន៍​​សាសនា​ទៅទៀត ។ វា​មានន័យថា​ ជា​ការ​និរទេស​ចេញពី​កិច្ចការខាង​វប្បធម៌ និង​ខាង​សង្គម​ផង​ដែរ ។ ការគម្រាម​គំហែង​នេះ បានបង្ហាញ​នូវ​ភាព​ធ្ងន់ធ្ងរ​ល្មមគ្រប់គ្រាន់​ ដែល​​នឹង​ធ្វើ​ឲ្យ​​ឪពុក​ម្ដាយ​របស់បុរស​​ដែល​ខ្វាក់ភ្នែក​ពីកំណើត​​នោះ មិន​ចង់​ទាក់ទង​​នៅក្នុង​ការ​ស៊ើបអង្កេត​អំពី [ រឿង​ការ​ព្យាបាល​របស់កូន​ប្រុស​ពួកគាត់ ] » (New Testament Student ManualChurch Educational System manual, ឆ្នាំ ២០១៤ ] ទំព័រ ២៣០) ។

  • ស្របតាមខ ២៤តើ​សម្ពាធអ្វីខ្លះ ​ដែលអ្នកគិត​ថា​បុរស​ដែល​បាន​​ទទួលការ​ព្យាបាល​នោះ​បានជួប​ប្រទះ ?

សូមអញ្ជើញសិស្ស​ឲ្យអានខទី ៣០–៣៣ដោយ​ស្ងាត់ស្ងៀម រួម​ទាំង​ការស្រង់ចេញមកពី​ការបកប្រែ​របស់ ​យ៉ូសែប ស្ម៊ីធ យ៉ូហាន ៩:៣២ ​ហើយ​រក​មើល​ចម្លើយ​របស់បុរស​នោះ​ចំពោះពួក​ផារិស៊ី ។

  • តើ​មូលហេតុអ្វីខ្លះ​ ដែលបុរស​នោះ​ប្រើ​ដើម្បី​ការ​ពារ​ព្រះយេស៊ូវ ? ( អ្នក​អាចនឹង​ចង់​​​ឲ្យ​យោបល់​​សិស្ស​​គូសចំណាំ​ពាក្យ​របស់គាត់​​នៅក្នុង ខទី ៣៣) ។

  • តើ​បុរសនេះ​ដឹងអ្វីខ្លះ អំពី​ព្រះយេស៊ូវគ្រីស្ទ ?

សូមចង្អុល​បង្ហាញថា​បុរស​នេះ​ត្រូវ​បាន​បណ្ដេញចេញពី​សាលាជំនុំ​ ពីព្រោះ​តែ​​ការពារ​ដល់​មនុស្ស​ដែល​បាន​ព្យាបាល​គាត់​​ដោយ​ពុំ​ខ្លាច ( សូមមើល​​ខទី ៣៤) ។

  • ហេតុអ្វី​អ្នកគិត​ថា ​បុរស​នេះ​មានឆន្ទៈស្មោះត្រង់​ចំពោះ​អ្វី​​ដែល​គាត់បាន​ដឹង​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ទោះជា​​នឹង​ត្រូវ​បានបណ្ដេញ​ចេញពី​សាលាជំនុំ​ក៏​ដោយនោះ​ ?

សូម​រំឭក​សិស្ស​ថា​ បន្ទាប់ពី​បុរស​នោះ​ត្រូវ​បាន​បណ្ដេញ​ចេញពី​សាលាជំនុំ ព្រះអង្គ​សង្គ្រោះ​បាន​រក​ឃើញគាត់ ហើយបា​ន​សួរ​គាត់ថា « តើ​អ្នក​ជឿ​ដល់​ព្រះរាជបុត្រា​នៃ​ព្រះ​ឬ​ទេ » ( ខ ទី ៣៥) ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អានយ៉ូហាន​ ៩:៣៦-៣៨ឲ្យឮៗ ហើយ​សុំ​​សិស្ស​ក្នុងថ្នាក់​ឲ្យ​រក​មើល​ការឆ្លើយ​តប​របស់​បុរស​នោះ​ ។

  • តើ​មានអ្វីកើតឡើង ​ចំពោះ​ទីបន្ទាល់របស់បុរស​នេះ​អំពីព្រះយេស៊ូវគ្រីស្ទ ? ( គាត់បាន​ដឹង​ថា ព្រះយេស៊ូវ​គ្រីស្ទគឺជា​ព្រះរាជបុត្រា​នៃ​ព្រះ ) ។

  • តើមាន​គោលការណ៍​អ្វីខ្លះ ដែល​យើង​អាច​រៀនមកពី​បុរស​នេះ អំពី​ការ​បន្ដ​ស្មោះ​ត្រង់​ចំពោះ​អ្វី​ដែល​យើង​ដឹងនោះ ? ( សិស្ស​អាច​នឹងប្រាប់​ពីគោលការណ៍​​​​​ផ្សេងៗ ប៉ុន្តែ​សូម​ប្រាកដ​ថា ពួកគេ​យល់​គោលការណ៍​​ខាង​ក្រោម​នេះ ៖ នៅពេល​យើង​បន្ដ​នៅស្មោះត្រង់​ចំពោះអ្វី​ដែល​យើង​ដឹង​ ដោយ​ពុំគិត​ពី​ការ​ផ្ទុយ នោះ​ទីបន្ទាល់​របស់​យើង​នឹង​ត្រូវ​បាន​ពង្រឹង ។ សូម​សរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន ) ។

ដើម្បីជួយសិស្ស​យល់​កាន់​តែ​ល្អ​ប្រសើរ​អំពី​រឿង​នេះ សូមអញ្ជើញសិស្ស​ម្នាក់​ឲ្យអាន​អេធើរ ១២:៦ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយ​រកមើល​នូវអ្វី​ដែលបាន​កើតឡើង បន្ទាប់​ពី​យើងបន្ដ​នៅតែមានចិត្តស្មោះត្រង់​ចំពោះព្រះអម្ចាស់ នៅពេល​យើង​ជួប​នឹង​ការ​ផ្ទុយ​ចំពោះ​សេចក្ដី​ជំនឿ​របស់​យើង​នោះ ។

  • ហេតុអ្វី​អ្នក​គិត​ថា​ទីបន្ទាល់​របស់​យើង​ត្រូវ​បាន​ពង្រឹង​ បន្ទាប់ពី​ទប់ទល់​នឹង​ដំណើរ​ការ​ផ្ទុយ ឬ​ការ​សាកល្បង​នៃ​សេចក្ដីជំនឿនោះ ?

  • តើទីបន្ទាល់​របស់អ្នក​ត្រូវ​បាន​ពង្រឹង​ ដោយ​សារ​តែការ​ផ្ទុយ​យ៉ាងដូច​ម្ដេច ?

ដើម្បីជួយសិស្ស​ស្គាល់គោលការណ៍​ផ្សេងទៀត​មកពី​ដំណើរ​រឿង​នេះ ចូរ​សួរ​ថា​តើ​មាន​សិស្ស​ប៉ុន្មាន​នាក់​ដែល​ប្រើ​កញ្ចក់​​កែវភ្នែក​ត្រឹមត្រូវ ( ដូចជា​វ៉ែនតា ឬ​កញ្ចក់​កែវ​ភ្នែក ) ។

  • តើ​កញ្ចក់កែវភ្នែក​ទាំងនេះ​ធ្វើអ្វីខ្លះ​ ចំពោះ​ការ​មើល​ឃើញ​របស់អ្នក ?

  • តើ​ការ​មើល​ឃើញដោយភ្នែកខាង​សាច់ឈាម​របស់បុរសនេះដូចម្តេច បន្ទាប់ពី​ព្រះយេស៊ូវ​បានព្យាបាល​គាត់ ?

  • តើ​ការ​មើល​ឃើញ ឬ​ការ​យល់ដឹង​​ខាង​វិញ្ញាណ​របស់បុរស​នេះ​​អំពីព្រះអង្គសង្គ្រោះ ត្រូវបាន​កែ​តម្រូវ និង​កែលម្អ​យ៉ាងដូចម្ដេច ?

សូម​អញ្ជើញសិស្ស​ឲ្យអានយ៉ូហាន ៩:១១, ១៧, ៣៣ដោយ​ស្ងាត់ស្ងៀម ហើយ​រកមើល​ឃ្លា​ដែលពិពណ៌នា​អំពី​ការ​មើល​ឃើញ ឬ​ការ​យល់​ដឹង​របស់បុរស​នេះ​អំពីព្រះយេស៊ូវ​ជានរណា ។ ចូរ​សុំ​ពួកគេឲ្យ​រាយការណ៍​ពី​អ្វី​ ដែល​ពួកគេ​រកឃើញ ។ ( ចម្លើយ​របស់ពួកគេ​គួរ​តែ​រួមមាន « បុរស​នេះ​ដែល​ត្រូវបាន​ហៅ​នាម​ថា ព្រះយេស៊ូវ » « ជាព្យាការី​ម្នាក់ » និង​ជា​មនុស្ស​ « របស់ព្រះ » ។ សូមសរសេរ​ឃ្លា​ទាំងនេះ​នៅលើ​ក្ដារខៀន ហើយអញ្ជើញសិស្សឲ្យ​គូសចំណាំ​វា​នៅលើ​គម្ពីរ​របស់​ពួកគេ )។

  • ស្របតាម​ឃ្លា​ទាំងនេះ តើ​មានអ្វីកើតឡើង​ចំពោះ​ការ​មើល​ឃើញ​ខាង​វិញ្ញាណរបស់​បុរស​នេះ ? ( វា​ត្រូវ​បាន​កែតម្រូវ ហើយ​កែលម្អ ។ ឃ្លាទាំងនេះ​ឆ្លុះបញ្ចាំង​អំពីការ​រីកចម្រើន​នៃ​ភាព​ចាស់ទុំ​​ខាង​វិញ្ញាណ​​របស់​បុរស​នេះ និង​ការ​យល់​ពី​អត្តសញ្ញាណ​ពិត​របស់ព្រះយេស៊ូវ ) ។

  • ហេតុអ្វី​អ្នកគិតថា ការមើល​ឃើញ និងការ​យល់ដឹង​របស់គាត់​អំពីព្រះយេស៊ូវ​បាន​ឃើញ​កាន់​តែ​​ច្បាស់ដូច្នេះ? ( គាត់បាន​អនុវត្ត​សេចក្ដីជំនឿ​ដោយ​ការ​នៅតែមានចិត្ត​ស្មោះត្រង់​ចំពោះអ្វី​ដែលគាត់​បានដឹង ) ។

ចូរ​សុំ​ឲ្យ​សិស្ស​មើល​ត្រួសៗយ៉ូហាន ៩:៣៦-៣៨ដោយ​រកមើល​របៀប​ ដែលបុរស​នេះ​បាន​មើលឃើញ​ព្រះអង្គសង្គ្រោះនៅទីបំផុត​ ។

  • តើបុរស​នេះ​បានមើលឃើញ​ព្រះអង្គសង្គ្រោះដូចម្តេច នៅទីបំផុត​នោះ​ ? ( គាត់បាន​ដឹង​ថា ព្រះយេស៊ូវ​គ្រីស្ទគឺជា​ព្រះរាជបុត្រា​នៃ​ព្រះ ) ។

  • តើ​ការ​មើលឃើញ​របស់បុរស​នេះបានភ្លឺច្បាស់​យ៉ាងណាខ្លះ ?

សូមអញ្ជើញ​​​​សិស្ស​ម្នាក់​អាន​ឮៗ​នូវ​សេចក្ដី​ថ្លែង​ការណ៍ដូចខាង​ក្រោម​ដោយ​ប្រធាន ហាវើដ ដបុលយូ ហឹនធើរ ។ ចូរ​សុំ​ឲ្យសិស្ស​ក្នុងថ្នាក់​ស្ដាប់​មើល​នូវអ្វី​ដែលប្រធាន ហឹនធើរ បាន​មាន​ប្រសាសន៍​ថា​បានកើត​ឡើង​ចំពោះ​បុរស​នេះ ។

រូបភាព
ប្រធាន ហាវើដ ដបុលយូ ហឹនធើរ

« ឥឡូវ​ការ​មើលឃើញ​ត្រូ​វបាន​ផ្ដល់​ឲ្យពីរដង—ម្ដង​គឺដើម្បី​ព្យាបាល​ភាព​ពិការ​ពីកំណើត [ ភាពពិការ​ខាង​សាច់ឈាម​ពីកំណើត ] និង​ម្ដង​ទៀត ដើម្បីមើលឃើញ​ស្ដេច​អស់ទាំងស្ដេច​ពីមុន​ទ្រង់​យាង​ទៅ​បល្ល័ង្ក​ដ៏អស់កល្ប​ជានិច្ច​របស់ទ្រង់ ។ ព្រះយេស៊ូវ​បានប្រោស​ការ​មើលឃើញ​ទាំង​ខាង​សាច់ឈាម ​និង​ខាង​វិញ្ញាណ » (« The God That Doest Wonders »Ensign ខែ ឧសភា ឆ្នាំ ១៩៨៩ ទំព័រ ១៦–១៧ ) ។

  • តើ​ការ​ព្យាបាល​របស់បុរស​នោះ​ពី​ការ​ខ្វាក់ភ្នែក​ខាង​សាច់ឈាម​ តំណាង​ឲ្យ​ការ​ព្យាបាល​ពីការ​ខ្វាក់ភ្នែក​ខាង​វិញ្ញាណ​យ៉ាង​ដូចម្ដេច ?

  • តើ​មាន​គោលការណ៍​អ្វី​ខ្លះ​ ដែល​យើងអាច​រៀន​មកពី​ដំណើររឿង​នេះ អំពីអ្វី​ដែល​អាច​កើត​មាន​​ឡើង​ចំពោះយើង នៅពេល​យើង​អនុវត្ត​សេចក្ដីជំនឿ​ទៅលើ​ព្រះ​យេស៊ូវ​គ្រីស្ទ ?​ ( សិស្ស​​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង ប៉ុន្តែ​ពួកគេ​គួរតែ​​ប្រាប់​នូវ​គោលការណ៍​ស្រដៀង​គ្នា​នេះ​ដូច​តទៅ ៖ នៅពេល​យើងអនុវត្តសេចក្ដីជំនឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ នោះកែវភ្នែក​ខាង​វិញ្ញាណ និង​ការ​យល់ដឹង​របស់​យើង​មើលឃើញកាន់តែច្បាស់ ។ សូមសរសេរ​គោលការណ៍​នេះ​​នៅលើ​ក្ដារខៀន ) ។

  • ហេតុអ្វី​ក៏​អ្នកគិត​ថាការ​អនុវត្ត​សេចក្ដីជំនឿ ចាំបាច់​ដើម្បី​មើលឃើញ និង​យល់ពី​សេចក្ដីពិត​ខាងវិញ្ញាណ​កាន់តែ​ច្បាស់ ?

ចូរ​ពន្យល់​ថា ពួក​ផារ៉ាស៊ី​មួយចំនួន​បាន​ឈរ​នៅជិត​នោះ នៅពេល​បុរស​នោះ​បាន​ជួប ហើយ​បាន​ថ្វាយបង្គំ​ព្រះយេស៊ូវ ជា​ព្រះរាជបុត្រា​នៃ​ព្រះ ។ សូមអញ្ជើញ​​ឲ្យ​សិស្ស​ម្នាក់​អាន យ៉ូហាន ៩:៣៩-៤១ ​ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយ​រកមើលអ្វី​ដែល​ព្រះអង្គសង្គ្រោះ​​​បាន​បង្រៀន​​អំពីភាព​ខ្វាក់ ។

  • តើ​អ្នក​នឹង​សង្ខេប​អំពីអ្វី​ ដែលព្រះអង្គសង្គ្រោះ​បានបង្រៀន​ដល់ពួក​ផារិស៊ី​យ៉ា​ង​ដូចម្ដេច ?

ចូរ​ពន្យល់​ថា​នៅក្នុង​ការ​ឆ្លើយ​តបចំពោះ​សំណួរ​របស់​ពួក​ផារិស៊ី « តើ​យើង​រាល់គ្នា​ខ្វាក់​ដែរ​ឬ​អី ? » ( ខ ៤០) « ព្រះអង្គ​សង្គ្រោះ​បាន​ប្រើ​ការ​ប្រៀបធៀប​មួយ ដែល​បង្រៀន​ថា​បុគ្គល​ម្នាក់ៗ​ដែល ‹ ខ្វាក់ › —ជា​អ្នកទាំងឡាយ​ដែល​ពុំ​ដឹងថា​ទ្រង់—‹ ​ឥត​មាន​បាប​ › (យ៉ូហាន ៩:៤១) ។ ផ្ទុយទៅវិញ បុគ្គល​ម្នាក់ៗ​ដែល​អាច ‹ មើលឃើញ ›—ជា​អ្នកទាំងឡាយ​ដែល​បាន​ទទួល​សាក្សី​គ្រប់គ្រាន់​អំពី​ព្រះអង្គសង្គ្រោះ និង​បេសកកម្ម​ដ៏ទេវភាព​របស់​ទ្រង់​ដែល​ពួកគេ​បាន​ស្គាល់​ថា​ទ្រង់ជានរណា—នឹង​ទទួលខុសត្រូវ​ចំពោះ​សកម្មភាព​របស់ពួកគេ ។ ពួក​ផារ៉ារិ​គឺ​នៅក្នុង​ចំណោម​អស់អ្នកដែលអាច ‹ មើលឃើញ › ហើយ ‹ នៅតែ​មានអំពើបាប › របស់​ពួកគេ ។ និយាយ​ពី​ខាង​វិញ្ញាណ ពួកគេ​បានជ្រើស​រើស​ធ្វើជាខ្វាក់ ដោយសារ​តែ​ពួកគេ​បដិសេធ​មិន​ទទួលស្គាល់ព្រះយេស៊ូវ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ ទោះជា​ពួកគេ​បាន​ទទួល​សាក្សី​ជាច្រើនក្ដី » ( ទំព័រ ២៣១) ។

ដើម្បីបញ្ចប់ សូមអញ្ជើញសិស្ស​ឲ្យ​មើល​គោលការណ៍​ពីរ​នៅលើ​ក្ដារខៀន ហើយ​ពិចារណា​ថា​មួយណា​ដែលពួកគេ​មានអារម្មណ៍​ថា ពួកគេ​គួរ​តែ​អនុវត្ត​​តាម​នៅក្នុងជីវិត​របស់ពួកគេ ( ពួកគេ​អាច​មានអារម្មណ៍​ចាំបាច់​ត្រូវ​អនុវត្ត​គោលការណ៍​ទាំងពីរ​ផងដែរ ) ។ សូម​ផ្ដល់ពេល​ដល់​សិស្ស​ឲ្យសរសេរ​នៅក្នុងសៀវភៅ​កំណត់​ចំណាំ​​ក្នុង​ថ្នាក់ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីររបស់ពួកគេ អំពីរបៀប​ដែល​ពួកគេ​នឹង​អនុវត្ត​គោលការណ៍នេះ ។ សូមលើក​ទឹកចិត្តពួកគេ​ឲ្យ​អធិស្ឋាន​សុំ​ការណែនាំ​អំពីរបៀប​ដើម្បីធ្វើ​ការណ៍​នេះ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

យ៉ូហាន ៩:២។ « តើ​អ្នក​ណា​បាន​ធ្វើ​បាប មនុស្ស​នេះ ឬ​ឪពុក​ម្តាយ​របស់​គាត់ បាន​ជា​គាត់​កើត​មក​ខ្វាក់​ដូច្នេះ ? »

អែលឌើរប្រ៊ូស អ័រ ម៉ាក់ខន់ឃី នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ផ្ដល់​គំនិត​ដូច​ខាង​ក្រោម​អំពី​អ្វី​ ដែល​ព្រះយេស៊ូវ​បានបង្រៀន​ដល់សិស្ស​របស់ទ្រង់ នៅពេល​ទ្រង់​បាន​ព្យាបាល​ដល់បុរស​ខ្វាក់ភ្នែក ៖

« តាម​ទង្វើ​នៃ​ការ​ផ្ដល់​ការ​មើលឃើញ​ដល់​អ្នក​សុំទាន​ដែលខ្វាក់ភ្នែក​នេះ ព្រះយេស៊ូវ​ បាន​ប្រកាសអំ​ពីព្រះអង្គទ្រង់​ដោយ​ជាក់លាក់ និង​ពុំបដិសេធបានថា​​ទ្រង់ជា ៖ ( ១ ) ពន្លឺនៃ​ពិភពលោក និង ( ២ ) ព្រះរាជបុត្រា​នៃ​ព្រះ ។ តាមរយៈ​ការ​ធ្វើអព្ភូតហេតុ​នេះ ទ្រង់​ក៏​បាន ៖ បញ្ជាក់​ជំនឿនៅក្នុង​ជីវិត​មុន [ ជីវិត​រមែង​ស្លាប់ ] ​របស់ពួកសិស្ស​ បានបដិសេធ​ជំនឿ​របស់​មនុស្ស​មួយចំនួន​ដែល​ពិការ​ខាង​រូបកាយ លទ្ធផល​មកពី​អំពើបាបដែល​បាន​ប្រព្រឹត្ត​កាលពី​មុនជីវិត​នេះ ទ្រង់​​បាន​បង្រៀន​ថា កិច្ចការ​ផ្ទាល់ខ្លួន​របស់ទ្រង់ គឺត្រូវ​បាន​ចាត់​ដល់​ទ្រង់​ដោយព្រះ​បិតា បាន​បញ្ជាក់ថា​ទ្រង់​គង់នៅក្នុងការ​ជំនុំ​ជំរះ​ពិភពលោក ហើយបាន​បង្រៀន​ថា ការ​បដិសេ​ធ​ពន្លឺ និងសេចក្ដីពិត​នាំ​មកនូវ​ការ​ផ្ដន្ទាទោស » ​(Doctrinal New Testament Commentary វ៉ុលទី ៣ [ ឆ្នាំ ១៩៦៥–៧៣ ] ១:៤៧៩ ) ។

យ៉ូហាន ៩:៨–៣៨ ។ នៅពេល​យើងអនុវត្តសេចក្ដីជំនឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ នោះកែវភ្នែក​ខាង​វិញ្ញាណ និង​ការ​យល់ដឹង​របស់​យើង​មើលឃើញកាន់តែច្បាស់

ប្រធាន ប៊យដ៍ ឃេ ផាកកឺ នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់បាន​បង្រៀន ៖

« ការ​ជឿ និង​សេចក្ដីជំនឿ​របស់អ្នក នឹង​រីកដុះដាល​យ៉ាង​ខ្ជាប់ខ្ជួន ចំណេះដឹង​ពី​សេចក្ដីពិត​របស់អ្នក​បាន​ចម្រើន​ឡើង ហើយ​ទីបន្ទាល់​របស់អ្នក​អំពី​ព្រះ​អង្គ​ប្រោសលោះ អំពីការ​រស់ឡើងវិញ និង​អំពីការ​ស្ដារឡើងវិញ នឹង​ជា ‹ រន្ធ​ទឹក​នៅ​ក្នុង​អ្នក​នោះ ផុស​ឡើង​ដល់​ទៅ​បាន​ជីវិត​អស់​កល្ប​ជានិច្ច › [គ. និង ស. ៦៣:២៣សូមមើល​ផងដែរយ៉ូហាន ៤:១៤​​,យេរេ. ២:១៣] ។ បន្ទាប់មក ​អ្នកអាច​ទទួលបាន​ការ​ណែនាំ​នៅ​ក្នុងការ​សម្រេចចិត្ត​ជាក់ស្ដែង​នៅ​ក្នុងជីវិត​ប្រចាំថ្ងៃ » («Personal Revelation: The Gift, the Test, and the Promise, » ខែ វិច្ឆិកា ឆ្នាំ ១៩៩៤ ទំព័រ ៦១) ។

អែលឌើរ រីឆាត ជី ស្កត ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀនថា ៖

« អនុវត្ត​សេចក្ដីជំនឿ​ទៅលើព្រះអង្គសង្គ្រោះ ។ ព្យាយាម​ដើម្បីស្ដាប់តាម​ការប្រឹក្សា​របស់​ទ្រង់ និង​គោរព​តាមបទបញ្ញត្តិ​ទាំងឡាយ​របស់ទ្រង់ ។ ទ្រង់​នឹង​ប្រទានពរ ហើយដឹកនាំ​អ្នក នៅពេលអ្នក​ធ្វើដំណើរឆ្លង​កាត់​ពិភពលោក​​ដែលប្រកប​ដោយគ្រោះថ្នាក់​នេះ ​នៅពេល​ខ្លះនោះ ។

« ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដ៏ឧឡារិក​ថា ព្រះយេស៊ូវ​គ្រីស្ទ​ដឹកនាំ​សាសនាចក្រ​របស់ទ្រង់ ។ ទ្រង់ស្គាល់ ហើយស្រឡាញ់​អ្នក​រាល់គ្នា​ដោយផ្ទាល់ ។ នៅពេលអ្នកដើរ​ដោយ​ការគោរពប្រតិបត្តិ​ដ៏ស្មោះត្រង់ នោះទ្រង់នឹង​ប្រទាន​ពរ​​អ្នក បំផុសគំនិត​អ្នក ហើយ​ដឹកនាំ​អ្នក​ទៅរក​ចំណេះដឹង​ និង​សមត្ថភាព​កាន់តែ​អស្ចារ្យ ។ ខ្ញុំ​សូមបញ្ជាក់ថា ទ្រង់មានព្រះជន្មរស់ » (« Acquiring Spiritual Knowledge »Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៣ ទំព័រ ៨៨ ) ។