បណ្ណាល័យ
មេរៀន​ទី ៨៧ ៖ កិច្ចការ ៨


មេរៀន​ទី ៨៧

កិច្ចការ ៨

សេចក្ដីផ្ដើម

ការ​បៀតបៀន​ទាស់នឹង​សាសនាចក្រ​នៅក្នុងទីក្រុង​យេរូសាឡិម​ នាំ​ឲ្យ​សមាជិក​សាសនាចក្រ​ត្រូវ​ខ្ចាត់ព្រាត់​​ពាសពេញ​ស្រុក​យូដា និង ស្រុក​សាម៉ារី ។ ភីលីព បាន​បម្រើ​នៅ​ស្រុក​សាម៉ារី ជាកន្លែ​ង​ដែលមនុស្ស​ជាច្រើន​បាន​ទទួល​យកដំណឹងល្អ​នៃព្រះយេស៊ូវគ្រីស្ទ ។ បន្ទាប់​ពី​ ពេត្រុស និង​យ៉ូហាន បាន​ប្រគល់​អំណោយទាន​នៃ​ព្រះវិញ្ញាណបរិសុទ្ធ​ទៅ​ដល់​អ្នក​ផ្លាស់ប្រែចិត្តជឿ​ថ្មី​ហើយ នោះ​គ្រូ​មន្តអាគម​ម្នាក់​ឈ្មោះ ស៊ីម៉ូន បានចង់​ទិញ​បព្វជិតភាព ។ ក្រោយ​មក ព្រះ​បាន​ដឹកនាំ​ភីលីព​ទៅកាន់​មន្ត្រី​សាសន៍អេធីយ៉ូពី​ម្នាក់ ដែល​ភីលីព​បាន​បង្រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ហើយបាន​ទទួល​បុណ្យជ្រមុជទឹក ។​

យោបល់​សម្រាប់​ការបង្រៀន

កិច្ចការ ៨:១–២៥

ភីលីព បម្រើ​នៅក្នុង​ស្រុក​សាម៉ារី នៅ​កន្លែង​ដែល​ស៊ីម៉ូន ជា​គ្រូ​មន្ដ​អាគម ប៉ុនប៉ង​​ចង់​ទិញ​បព្វជិតភាព ។

សូម​បង្ហាញ​ប្រាក់​មួយចំនួន ។ ចូរ​សុំ​ឲ្យ​សិស្ស​នឹក​ស្រមៃ​ថា ពួកគេ​បាន​ទទួល​ប្រាក់​យ៉ាង​ច្រើន ។

  • តើ​មានអ្វីខ្លះ​ដែលអ្នក​នឹង​ទិញបាន​​ដោយ​ប្រាក់ ?

សូម​ចង្អុល​បង្ហាញ​ថា មនុស្ស​មួយចំនួនជឿ​ថា ប្រាក់​អាច​ទិញ​អ្វីៗ​គ្រប់យ៉ាង ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ វត្ថុ​មានតម្លៃ​បំផុត​មួយចំនួន​នៅ​ក្នុងជីវិត​ គឺ​ពុំ​អាច​ទិញ​ដោយ​ប្រាក់​បាននោះទេ ។ ខណៈពេល​សិស្ស​សិក្សាកិច្ចការ ៨​សូមអញ្ជើញ​ពួកគេ​ឲ្យ​រកមើល​អំណោយទាន​មួយ​មកពី​ព្រះ ដែលពុំ​អាច​ទិញ​ដោយប្រាក់បាន ។

សូម​រំឭក​សិស្ស​ថា នៅក្នុងកិច្ចការ ៧យើង​រៀនអំពី​ការ​ស្លាប់​របស់​សាវក​ស្ទេផាន នៅ​ក្នុងកណ្ដាប់ដៃ​របស់​ពួក​អ្នកបៀតបៀន ។ សូម​ឲ្យ​សិស្ស​បី​បួន​​​នាក់​ប្ដូរ​វេន​គ្នា​អាន​ឮៗ​ពី កិច្ចការ ៨:១-៥ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម ហើយរកមើល​នូវ​អ្វី​ដែល​សមាជិក​សាសនាចក្រ​បានធ្វើ​ ដែល​ជាលទ្ធផល​នៃ​ការ​បៀត​បៀន​ទាស់​នឹង​សាសនាចក្រ​នៅ​ក្នុង​ទីក្រុង​យេរូសាឡិម ។ អ្នកគប្បីពន្យល់​ថា​ចាប់ទាញអូស(កិច្ចការ ៨:៣) មានន័យ​ថា ការ​ទាញ ឬ​ការ​អូស ។

  • តើការ​បៀតបៀនបាន​នាំ​ឲ្យ​សមាជិក​សាសនាចក្រ​ធ្វើ​អ្វី​ខ្លះ ?

សូម​បង្វែរ​ចំណាប់អារម្មណ៍​របស់​សិស្ស​ទៅ​កាន់​ឈ្មោះ​ភីលីពនៅក្នុងខទី ៥។ សូម​រំឭក​សិស្ស​ថា ភីលីព គឺជា​សិស្ស​ម្នាក់​ក្នុង​ចំណោម​សិស្ស​ប្រាំពីរ​នាក់​ដែលត្រូវ​បាន​តែងតាំង​ឲ្យ​ជួយ​ដល់​សាវក​ដប់ពីរ​នាក់​នៅក្នុង​ការ​បម្រើតាម​តម្រូវការ​របស់​សមាជិក​សាសនាចក្រ ( សូមមើល​កិច្ចការ ៦:៥) ។ ចូរ​សុំ​ឲ្យ​សិស្ស​យោង​ទៅលើឯកសារ​ចែកចាយ « ទិដ្ឋភាព​ទូទៅ​នៃ​កិច្ចការ​នៃ​ពួកសាវក » ( សូមមើល​សេចក្ដីបន្ថែមនៃ​សៀវភៅ​សិក្សា​នេះ ) ហើយ​រកមើល​ការ​បញ្ជា​របស់ព្រះអង្គសង្គ្រោះ​ដែលបាន​កត់ត្រា​នៅក្នុង កិច្ចការ ១:៨

  • យោងតាមកិច្ចការ ៨:៥តើ​ភីលីព​បាន​ចាប់​ផ្ដើម​ធ្វើ​យ៉ាង​ដូចម្ដេច ដើម្បី​បំពេញ​តាម​ការ​បញ្ជា​របស់ព្រះអង្គសង្គ្រោះ ?

សូម​អញ្ជើញ​ឲ្យ​សិស្ស​ម្នាក់​អាន កិច្ចការ ៨:៦-៨ ឮៗ ។ ចូរ​សុំ​ឲ្យសិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម ហើយ​រកមើល​របៀប​ដែល​ពួកសាសន៍​សាម៉ារី​​បាន​ឆ្លើយតប​ចំពោះការ​ផ្សាយដំណឹងល្អ​របស់​ភីលីព ។

  • តើ​សាសន៍​សាម៉ារី​ទាំងនេះ​បានឆ្លើយ​តប​យ៉ាង​ដូចម្ដេច​ ចំពោះ​ការ​ផ្សាយដំណឹងល្អ​របស់​ភីលីព ?

  • បន្ថែម​ពី​លើ​ការ​ផ្សាយ​ដំណឹងល្អ តើ​កិច្ចការ​ងារ​ផ្សេងៗ​ទៀត​ដែល​ភីលីព​បានធ្វើ​មានអ្វីខ្លះ ?

សូម​អញ្ជើញ​ឲ្យ​សិស្ស​ម្នាក់​អាន កិច្ចការ ៨:៩-១១ ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម ហើយ​រកមើលការ​ពិពណ៌នា​អំពី​សាសន៍​សាម៉ារី​ម្នាក់​ដែល​មានឈ្មោះ ស៊ីម៉ូន ។

  • តើ​​យើង​អាច​រៀនអ្វីខ្លះអំពី​ស៊ីម៉ូន​មក​​ពី​ខគម្ពីរ​ទាំងនេះ ? ( ចូរ​ពន្យល់​ថា « ការ​ប្រើ​អំណាច​ដើម្បី​ទទួល​បាន​ជំនួយ ឬ​គ្រង់​គ្រង​មកពីវិញ្ញាណ​អសោច​គឺត្រូវ​បាន​ហៅ​ថាគ្រូមន្ដ​អាគម » [ Bruce R. McConkie, Doctrinal New Testament Commentary, វ៉ុលទី ៣ ( ឆ្នាំ ១៩៦៥–៧៣ ) ២:៨២ ] ) ។

  • តើ​ស៊ីម៉ូន​​មាន​ឥទ្ធិពល​អ្វី​ខ្លះ​ទៅលើ​ប្រជាជន​នេះ ?

សូម​អញ្ជើញ​ឲ្យ​សិស្ស​ម្នាក់​អាន កិច្ចការ ៨:១២-១៣ ឮៗ ។ ចូរ​សុំ​ឲ្យសិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម ហើយ​រកមើល​របៀប​ដែល​ស៊ីម៉ូន​​​បាន​ឆ្លើយតប​ចំពោះការ​ប្រកាស​ដំណឹងល្អ​របស់​ភីលីព ។ សូម​ឲ្យ​សិស្ស​រាយការណ៍​នូវ​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • យោងតាម ខទី ១៣តើ​ស៊ីម៉ូនបាន​​ទទួល​ឥទ្ធិពល​​ដោយ​សារ « អព្ភូត​ហេតុ និង ទីសម្គាល់ » ដែលគាត់​បាន​ឃើញ​យ៉ាង​ដូចម្ដេច ?

សូមសង្ខេបកិច្ចការ ៨:១៤-១៦ដោយ​ពន្យល់​ថា ពេត្រុស និង យ៉ូហាន បានមក​កាន់សាសន៍​សាម៉ារី បន្ទាប់ពី​ស្ដាប់​ឮ​ថា ប្រជាជន​នៅទីនោះបាន​ទទួល​យក​ព្រះបន្ទូល​របស់ព្រះ ។ ពួកគេ​បាន​អធិស្ឋាន​ថា ពួក​សាសន៍​សាម៉ារី​ដែលបាន​ផ្លាស់ប្រែចិត្ត​នឹង​ទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ។

ចូរ​សុំ​ឲ្យ​សិស្ស​អានកិច្ចការ ៨:១៧ដោយ​ស្ងាត់​ស្ងៀម ហើយ​រក​មើល​​នូវ​អ្វី​ដែលពេត្រុស និង​យ៉ូហាន បានធ្វើ​ចំពោះ​សមាជិក​សាសនាចក្រ​ថ្មី​នៅក្នុង​​សាសន៍​សាម៉ារី ។

  • តើ​យើងអាច​រៀនអ្វីខ្លះមកពី​ដំណើរ​រឿង​នេះ​អំពី​របៀប​ ដែល​អំណោយទាន​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ត្រូវ​បាន​ប្រទាន​ឲ្យ ? ( បន្ទាប់ពីសិស្ស​បាន​ឆ្លើយ ​សូមសរសេរគោលលទ្ធិ​ដូច​ខាងក្រោម​នៅ​លើ​ក្ដារខៀន ៖អំណោយទាន​នៃ​ព្រះវិញ្ញាណបរិសុទ្ធ​ត្រូវ​បាន​ប្រទាន​ឲ្យ​ បន្ទាប់ពី​ពិធីបុណ្យ​ជ្រមុជទឹក តាមរយៈ​ការ​ដាក់​ដៃ​លើ​ដោយ​ពួក​អ្នកកាន់​បព្វជិតភាព )

សូម​អញ្ជើញ​ឲ្យ​សិស្ស​ម្នាក់​អាន កិច្ចការ ៨:១៨-១៩ ឮៗ ។ ចូរ​សុំ​ឲ្យសិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយ​រកមើល​នូវ​សំណើ​របស់ស៊ីម៉ូន​ចំពោះ​ពេត្រុស ។

  • តើ​ស៊ីម៉ូន​បាន​ដាក់សំណើអ្វី​ដល់​ពេត្រុស ?

សូមបង្ហាញ​សិស្ស​នូវ​ប្រាក់ ​ដែល​អ្នកបាន​ដាក់​បង្ហាញ​ នៅ​ពេល​ចាប់​ផ្ដើម​មេរៀន ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ពិចារណា​អំពី​របៀប​ដែល​ពួកគេ​នឹង​ឆ្លើយ​តប​ចំពោះស៊ីម៉ូន ប្រសិន​បើ​ពួកគេ​ស្ថិត​នៅក្នុង​ស្ថានភាព​របស់ពេត្រុស ។

សូមអញ្ជើញ​សិស្ស​បួនប្រាំ​នាក់​ឲ្យ​ផ្លាស់​វេន​គ្នា​អាន​ឮៗ​ចេញមកពី កិច្ចការ ៨:២០–២៤។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​​ផ្ទៀងតាម ហើយ​រក​មើល​អ្វី​ដែល​ពេត្រុស​បាន​បង្រៀនដល់​ស៊ីម៉ូន​អំពី​ការ​ទទួល​បព្វជិតភាព ។

  • តើពេត្រុស​បង្រៀន​ស៊ីម៉ូនអ្វីខ្លះ​​អំពី​បព្វជិតភាព ដូច​បានកត់ត្រានៅក្នុង​ខទី ២០ ?

  • នៅពេល​គាត់​បាន​ផ្តល់​ប្រាក់​ដល់ពួកសាវក​ដើម្បី​ទទួលបាន​បព្វជិតភាព តើ​អ្វី​ដែល​ស៊ីម៉ូន​មិន​យល់​អំពី​បព្វជិតភាព​ ? ( ដោយ​សារ​តែ​បព្វជិតភាព​ជា​របស់​ផង​ព្រះ នោះ​វា​អាច​ត្រូវ​បាន​ប្រទាន​ឲ្យ​តែ​នៅពេល​វា​ស្របទៅ​តាម​​ព្រះទ័យ​របស់​ទ្រង់​ប៉ុណ្ណោះ ។ ព្រះបង្កើតរបៀប​ដែល​បព្វជិតភាព​អាច​ត្រូវ​បាន​ទទួល ) ។

  • យោង​តាម ខទី ២១-២៣ ហេតុអ្វី​ស៊ីម៉ូន​មិន​ទាន់​អាច​ទទួល​បព្វជិតភាពនៅឡើយ ? តើ​អ្នកគិត​ថា​ដួងចិត្ត​របស់ស៊ីម៉ូន « ពុំ​ត្រឹម​ត្រូវ​នៅក្នុង​ព្រះនេត្រ​របស់ព្រះ » តាម​របៀប​ណា ? (ខ ២១) ។

  • តើ​យើងអាច​រៀន​មកពី​ដំណើរ​រឿង​នេះ​អ្វីខ្លះ អំពី​ការ​ទទួល​បព្វជិតភាព ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុស​ៗគ្នា ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា​ ពួកគេ​ស្គាល់​សេចក្ដីពិត​ខាង​ក្រោម​​នេះ ៖បព្វជិតភាព​បាន​ប្រទាន​ឲ្យ​ស្រប​តាម​ព្រះឆន្ទៈ និង​បទដ្ឋាន​នៃ​ភាព​សក្ដិសម​របស់​ព្រះ ។ សូម​សរសេរ​សេចក្ដីពិត​នេះ​នៅលើ​ក្ដារខៀន ) ។

  • ហេតុអ្វី​អ្នកគិត​ថា វា​សំខាន់​ដើម្បី​ដឹង​ថា បព្វជិតភាពត្រូវ​បាន​ប្រគល់​ឲ្យ​ដល់​បុគ្គល​ណា​ដែល​ធ្វើទង្វើ​ស្របតាមព្រះ​ទ័យ​របស់ព្រះ និង​បទដ្ឋាន​នៃ​ភាព​សក្ដិសម​តែប៉ុណ្ណោះ​នោះ ?

សូមសង្ខេបកិច្ចការ ៨:២៥ដោយ​ពន្យល់​ថា ពេត្រុស និង យ៉ូហាន បាន​ផ្សាយ​ដំណឹងល្អ​នៅក្នុង​ភូមិ​សាសន៍​សាម៉ារី​ជាច្រើន ។

កិច្ចការ ៨:២៦-៤០

ភីលីព​បង្រៀន ហើយ​ជ្រមុជទឹក​ដល់​មន្ត្រី​សាសន៍អេធីយ៉ូពីម្នាក់

ចូរ​សុំ​ឲ្យសិស្ស​គិត​អំពី​ស្ថានភាព​នានា​ដែល​ពួកគេ​​បាន​ត្រូវការ ឬ​នឹង​ត្រូវ​ការ​នរណា​ម្នាក់​ដើម្បី​ដឹកនាំ​ពួកគេ ។

  • តើ​ស្ថានភាព​មួយចំនួន​ណា​ខ្លះ ដែលនៅក្នុង​នោះ អ្នកអាច​ធ្វើជា​អ្នកដឹកនាំ​ដល់នរណា​ម្នាក់​ផ្សេងទៀត​នោះ ? ( អ្នកអាច​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​ជោគវាសនា ឬ​ប្រធានបទ ដែល​ពួកគេ​មានដំរិះ ឬ​ទេពកោសល្យ​ដែល​ពួកគេ​បានអភិវឌ្ឍ ) ។

​នៅពេល​សិស្ស​​សិក្សាផ្នែក​សេសសល់​ទាំងប៉ុន្មាននៃ​​កិច្ចការ ៨​សូម​អញ្ជើញ​ពួកគេ​ឲ្យ​រក​មើល​​វិធីសំខាន់​មួយ​ ដែលពួកគេ​អាច​ធ្វើជា​អ្នកដឹកនាំ​​សម្រាប់​អ្នកដទៃ ។

សូម​អញ្ជើញ​ឲ្យ​សិស្ស​ម្នាក់​​អាន កិច្ចការ ៨:២៦-២៨​ ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម ហើយ​រក​មើលនូវ​មូលហេតុ​ដែលភីលីព​បាន​​ចេញ​ទៅ​​ឯ​ក្រុង​កាសា ។

  • ហេតុអ្វី​ភីលីព​ចេញទៅ​ឯក្រុង​កាសា ?

  • តើ​នរណា​កំពុង​ធ្វើ​ដំណើរ​នៅក្នុង​តំបន់​ដែល​ភីលីព​ស្ថិតនៅ​នោះ ? ( មេអេធីយ៉ូពីម្នាក់ ។ ចូរ​ពន្យល់​ថា មេគឺជា​មន្ត្រី​ម្នាក់នៅក្នុង​ទីលាន​របស់​ស្ដេច ឬ​ម្ចាស់​ក្សត្រី [ សូមមើល Bible Dictionary« Eunuch »] ) ។

  • តើ​មន្ត្រី​អេធីយ៉ូពី​បានធ្វើអ្វីខ្លះ​ នៅក្នុង​រទេះ​ចំបាំង​របស់​គាត់ ? ( ការអាន​ចេញមកពី​អេសាយ ឬ​សម្ដី​របស់​អេសាយ ) ។

សូម​ដាក់​កៅអី​ពីរ​ទល់​មុខ​គ្នា​នៅ​ខាង​មុខ​ថ្នាក់​រៀន ។ ចូរ​ស្នើសុំអ្នក​ស្ម័គ្រ​ចិត្ត​ពីរ​នាក់​ឲ្យ​ដើរ​តួ​ជា​មន្ត្រី​​អេធីយ៉ូពី និងភីលីព​នៅក្នុង​ដំណើរ​រឿង​ដូច​តទៅ​នេះ ។ ( អ្នកគប្បីចាត់​តួ​ទាំងនេះ​ពីមុន​ថ្នាក់រៀន ហើយអញ្ជើញ​សិស្ស​ទាំង​នេះ​ឲ្យ​ត្រៀម​ខ្លួន​ដើរតួ​ផ្នែក​របស់ពួកគេ ) ។ ចូរ​សុំ​ឲ្យ​សិស្ស​ដើរ​តួ​ជា​មន្ត្រី​​អេធីយ៉ូពីអង្គុយ​នៅ​កៅអី​មួយ ហើយសិស្ស​ដែល​ដើរ​តួ​ជា​ភីលីព​ឲ្យ​ឈរ​នៅក្បែរ​ទ្វារ ។ សូម​អញ្ជើញ​សិស្ស​ទីបី​ឲ្យ​ដើរ​តួ​ជា​អ្នក​ធ្វើអត្ថាធិប្បាយ ។

ចូរ​សុំឲ្យ​សិស្ស​ទាំងនេះ​អាន​ឮៗ​ចេញមកពីកិច្ចការ ៨:២៩-៣៩​​ហើយ​ដើរតួ​ផ្នែក​របស់ពួកគេតាមលំដាប់លំដោយ ។ ចូរ​សុំ​ឲ្យ​សិស្ស​មើល​នូវ​អ្វី​ដែល​កើត​ឡើង​រវាង​ភីលីព និង​មន្ត្រី​​អេធីយ៉ូពី ។ នៅពេល​សិស្ស​អាន​ ហើយ​ដើរ​តួ​នូវ​ផ្នែក​របស់ពួកគេ ចូរ​ធ្វើ​ដូច​ខាង​ក្រោម ៖

  1. បន្ទាប់ពី​អ្នក​ធ្វើ​អត្ថាធិប្បាយ​អានខទី ៣២-៣៣សូម​អញ្ជើញ​សិស្ស​ឲ្យពិចារណា​អំពី​ការ​សរសេរ​អេសាយ ៥៣:៧-៨​ជា​សេចក្ដី​យោង​ខគម្ពីរ​នៅក្នុង​គម្ពីរ​របស់ពួកគេ​នៅជិត​នឹងកិច្ចការ ៨:៣២-៣៣

  2. បន្ទាប់​ពី​អ្នក​ធ្វើ​អត្ថាធិប្បាយ​អានខទី ៣៥ចូរ​សុំ​ឲ្យ​សិស្ស​ដែល​ដើរ​តួ​ជា​ភីលីព​ ពន្យល់​ដល់សិស្ស​ក្នុងថ្នាក់អំ​ពី​អ្វីដែល​គាត់ ឬ​នាងនឹង​បង្រៀន​អំពី​ព្រះអង្គ​សង្គ្រោះ​​នៅក្នុង​ស្ថានភាព​នេះ ។ ( អ្នកគប្បីអញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ដល់​យោបល់​ផងដែរ ) ។

  3. នៅពេល​អ្នកធ្វើអត្ថាធិប្បាយ​អានខទី ៣៨ចូរ​សុំ​ឲ្យ​អ្នកស្ម័គ្រ​ចិត្ត​ កុំ​សម្ដែង​អំពីពិធីបុណ្យជ្រមុជទឹក ។

បន្ទាប់​ពី​អ្នក​ស្ម័គ្រចិត្ត​បាន​បញ្ចប់​សកម្មភាព​នេះ​ សូម​អរគុណ​ដល់ពួកគេ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​ត្រឡប់​ទៅ​កាន់​កន្លែង​អង្គុយ​របស់ពួកគេ​វិញ ។

  • យោងតាម ខទី ២៩ហេតុអ្វីភីលីពដើរ​ទៅកាន់​រទេះ​ចម្បាំង​របស់​មន្ត្រី​​អេធីយ៉ូពី ?

  • យោងតាម ខទី ៣១តើ​មន្ត្រី​នោះ​បាននិយាយ​ថា គាត់​បាន​ត្រូវការ​អ្វីខ្លះ ដើម្បី​យល់​អំពី​ការ​សរសេរ​របស់​អេសាយ ?

  • យោងតាម​ខ​ទី ៣៥-៣៨តើ​ភីលីព​ធ្វើជា​អ្នកនាំផ្លូវដល់​មន្ត្រី​នោះ​យ៉ាង​ដូចម្ដេច ?

  • តើយើង​អាច​រៀន​អំពី​គោលការណ៍អ្វីខ្លះ ​ចេញមកពី​បទពិសោធន៍​របស់​ភីលីព​អំពីលទ្ធផល​នៃ​ការ​ស្ដាប់​តាម​ការ​បំផុសគំនិតមកពី​ព្រះ ?​ ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​សម្ដី​ផ្សេង ប៉ុន្តែ​ចូរ​ប្រាកដ​ថាពួកគេយល់ច្បាស់លាស់​ថានៅពេល​យើង​ស្ដាប់តាម​ការ​បំផុសគំនិត​មកពីព្រះ នោះយើង​អាច​ទទួល​បាន​ឱកាស​នានា​ដើម្បី​ជួយ​ដឹកនាំ​អ្នកដទៃ​ទៅ​កាន់ព្រះយេស៊ូវ​គ្រីស្ទ ។ សូមសរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន ) ។

សូម​ឲ្យសិស្ស​នូវច្បាប់​ចម្លង​​ឯកសារ​ចែកចាយ​ដូច​ខាង​ក្រោម ។ សូម​អញ្ជើញសិស្ស​ឲ្យ​ធ្វើតាម​ការ​ណែនាំ​នៅលើ​ឯកសារ​ចែកចាយ​ឲ្យ​នោះ ហើយគិត​អំពី​របៀប​ ដែល​ពួកគេ​អាច​ជួយ​ដឹកនាំ​នរណាម្នាក់​មក​កាន់​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​ពន្យល់​ថា ពួកគេ​នឹង​មាន​ឱកាស​​ដើម្បី​ចែកចាយ​ជាមួយ​នឹង​សិស្ស​ក្នុង​ថ្នាក់​អំពី​អ្វី​ដែលពួកគេ​សរសេរ ។

រូបភាព
ឯកសារ​ចែកចាយ

ការ​ដឹកនាំ​អ្នកដទៃ​មកកាន់ព្រះយេស៊ូវគ្រីស្ទ

សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ថ្មី​សម្រាប់​គ្រូ​ថ្នាក់​សិក្ខាសាលា—មេរៀន​ទី៨៧

ជ្រើសរើស​​ស្ថានភាព​មួយ​នៃ​ស្ថានភាព​នានា​​​ដូច​ខាង​ក្រោម ៖

  • យុវជន​ម្នាក់​​ដែលជាមិត្ត​របស់អ្នក ​ជា​សមាជិក​នៃ​ព្រះវិហារ​គ្រីស្ទាន​ផ្សេង ។ នៅ​ថ្ងៃ​មួយ​អំឡុង​ពេល​អាហារ​ថ្ងៃ​ត្រង់​ អ្នក​ទទួល​អារម្មណ៍​បំផុស​គំនិត​ឲ្យ​និយាយ​នឹង​គាត់​​អំពី​សាសនាចក្រ ។

  • ខណៈ​ពេលកំពុង​ដើរ​ទៅផ្ទះវិញចេញពីសាលារៀនវិញ អ្នក​បាន​ឃើញ​យុវនារី​ម្នាក់​កំពុង​យំ ។ អ្នក​ស្គាល់​ថា​នាង​ជា​សមាជិក​ម្នាក់​ក្នុង​វួដ​របស់អ្នក ដែល​ពុំបាន​ចូលរួម​ក្នុងការ​ប្រជុំ​អស់​បី​បួន​ឆ្នាំ​ហើយ ។ អ្នក​មានអារម្មណ៍​បំផុស​គំនិត​ឲ្យ​និយាយ​នឹង​នាង ។ នៅពេល​អ្នក​ព្យាយាម​លួង​លោមនាង នាង​បានប្រាប់អំពី​ឧបសគ្គ​របស់នាង ហើយ​បាន​សួរ​ថា « ហេតុអ្វី​ក៏​ខ្ញុំ​ពុំអាច​មាន​ក្ដីសប្បាយ​រីករាយ ? »

  • ម្ដាយ​របស់​យុវជន​ម្នាក់​ ដែល​អ្នកស្គាល់​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ថ្មីៗ​នេះ​បាន​ទទួល​មរណភាព ។ អ្នកមានអារម្មណ៍​បំផុសគំនិត​ឲ្យ​ឆ្លើយ​តប​ចំពោះ​ការ​ប្រកាស​ព័ត៌មាន​ ដែល​គាត់បាន​បង្ហោះ​ថ្មីៗ​ដូច​តទៅ ៖ « មានអារម្មណ៍​ឯកោ​ណាស់​ឥឡូវនេះ ។ ចង់​ឲ្យមាន​មនុស្ស​ម្នាក់​យល់ចិត្ត » ។

នៅ​ខាង​ក្រោយ​នៃក្រដាស​មួយសន្លឹកនេះ ឬ​នៅក្នុង​សៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់​របស់​ពួកគេ ឬ​សៀវភៅកំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​នូវ​អ្វី​ដែល​អ្នក​នឹង​និយាយ និងធ្វើដើម្បីជួយ​ដឹកនាំ​បុគ្គល​នេះ​ឲ្យ​មកកាន់ព្រះយេស៊ូវ​គ្រីស្ទ ។ នៅក្នុងការ​ពិពណ៌នា​របស់អ្នក សូម​បញ្ចូល​នូវ​ចម្លើយតបនឹងសំណួរ​ដូចខាង​ក្រោម ៖

  • តើ​សេចក្ដីពិតអំពី​ដំណឹងល្អ​អ្វីខ្លះ ដែលអ្នក​នឹង​ចែកចាយ​ដើម្បីជួយ​ដឹកនាំ​បុគ្គល​នេះ​មកកាន់ព្រះយេស៊ូវ​គ្រីស្ទ ?

  • តើ​ខគម្ពីរអ្វីមួយ​ដែល​អ្នក​អាច​អញ្ជើញ​បុគ្គល​នេះ​ឲ្យ​សិក្សា ?

  • តើអ្នក​អញ្ជើញ​បុគ្គល​នេះ​ឲ្យធ្វើ​អ្វីខ្លះ ?

បន្ទាប់ពី​ផ្ដល់ពេល​គ្រប់គ្រាន់ហើយ សូម​បំបែកសិស្ស​ជា​គូៗ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពន្យល់​ដល់​ដៃគូ​របស់ពួក​គេ​អំពី​អ្វី​ដែលពួកគេ​បានសរសេរ ហើយ​ហេតុអ្វី​ក៏​ពួកគេ​យក​មធ្យោបាយ​នោះ ។ បន្ទាប់មក​អញ្ជើញ​​សិស្ស​បី​បួន​នាក់ ​ពន្យល់​​ដល់​សិស្ស​ក្នុង​ថ្នាក់ទាំងមូល​អំពី​​អ្វី​ដែល​ពួកគេ​បាន​សរសេរ​ ។ អ្នកអាច​នឹង​ពិចារណា​ធ្វើ​ការ​អញ្ជើញ​ដល់​សិស្ស​ឲ្យ​ជ្រើសរើស​ស្ថានភាព​មួយ​នៃ​ស្ថានភាព​ពីរ​ដំបូង​ឲ្យ​សម្ដែង​អំពីអ្វី​ ដែលពួកគេ​នឹង​និយាយ ហើយ​ធ្វើ​នៅក្នុង​ស្ថានភាព​ទាំងនេះ ដែលអ្នក​ដើរតួ​ជា​បុគ្គលម្នាក់ ​ដែលពួកគេ​ព្យាយាម​ជួយ ។ ( ប្រសិន​បើអ្នកធ្វើដូច្នោះ សូម​ផ្ដល់​ពេល​មួយនាទីដល់​សិស្ស​​ដើម្បី​រៀបចំ​ខ្លួន​​ពី​មុន​អញ្ជើញ​ពួកគេ​ឲ្យ​ដើរតួ​ក្នុងស្ថានភាព​នោះ​ជាមួយអ្នក ) ។ បន្ទាប់មក សូម​សួរសិស្ស​នូវ​សំណួរ​ខាងក្រោមនេះ ៖

  • តើអ្នក​បានជួយណែនាំ​ដល់នរណា​ម្នាក់​ឲ្យមកកាន់ព្រះយេស៊ូវ​គ្រីស្ទ​នៅពេលណា និង​ដោយរបៀប​ណា ?

  • តើនរណា​ម្នាក់​បានជួយណែនាំ​ដល់អ្នក​​​ឲ្យមកកាន់ព្រះយេស៊ូវ​គ្រីស្ទ​នៅពេលណា និង​ដោយរបៀប​ណា ?

សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ស្ដាប់តាម​ការ​បំផុសគំនិត​មកពី​ព្រះ ដូច្នេះ​ពួកគេ​អាច​ត្រូវ​បាន​ដឹកនាំ​ទៅកាន់​នរណា​ម្នាក់​ដែលពួកគេ​អាច​ជួយ​ដឹកនាំ​ឲ្យ​មកកាន់​ព្រះ​យេស៊ូវ​គ្រីស្ទ ។ សូមអញ្ជើញសិស្ស​ឲ្យពិចារណា​អំពីអ្វី​ដែលពួកគេ​អាច​ធ្វើ​នៅក្នុង​ប៉ុន្មាន​ថ្ងៃ​ទៀត ដើម្បី​ណែនាំ​នរណា​ម្នាក់​ដែល​ពួកគេ​ស្គាល់​ ឲ្យ​មកកាន់ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​រាយការណ៍​ដល់​សិស្ស​ក្នុងថ្នាក់ ​អំពី​បទពិសោធន៍​ដែលពួកគេ​មាន​ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

កិច្ចការ ៨:១៨-២៣។ ការ​ទទួល​ និងការ​ប្រើ​បព្វជិតភាព

ប្រធាន ជែមស៍ អ៊ី ហ្វោស្ដ នៃ​គណៈប្រធាន​ទីមួយ​បាន​ពន្យល់​ថា​របៀប​ដែល​អំណាច​បព្វជិតភាព​ត្រូវ​បានមានសិទ្ធិ​ទទួល គឺខុសពី​របៀប​ដែល​អំណាច​ខាង​លោកិយ​ត្រូវ​បាន​ទទួល ៖

« អំណាច​បព្វជិតភាព​​នេះគឺ​មហិមាជាង​អំណាច​នានា​ទាំងអស់ ដែល​មិន​ត្រូវ​បាន​ទទួល​ដូចជា​អំណាច​ដែល​ត្រូវ​បាន​ប្រើនៅក្នុងលោកិយ​ទេ ។ វា​មិន​អាច​ទិញ​ឬ​លក់បានឡើយ ។ … អ្នករាល់​គ្នា​ជា​ច្រើន​បាន​មើល​ឃើញ និង​សរសើរ​ចំពោះ​កីឡាករខែ្ស​ការពារ កីឡាករ​ខ្សែ​ប្រយុទ្ធ និង​ខ្សែកណ្ដាល ក៏ដូចជា​អ្នកទាំងឡាយ​ដែល​មាន​ទ្រព្យ​សម្បត្តិ មានកិត្តិយស និង​អំណាច​នយោបាយ និង​អំណាច​យោធា​ផងដែរ ។ ជាញឹកញាប់ អំណាច​ខាង​លោកិយ​ត្រូវ​បាន​ប្រើ​ដោយ​គ្មាន​ក្ដីមេត្តា ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អំណាច​បព្វជិតភាព​ត្រូវ​បានសំអាង​ទៅលើ​គោលការណ៍​នៃ​សេចក្ដីសុចរិត​ទាំងឡាយ​ដែល​បព្វជិតភាព​ត្រូវ​បាន​គ្រប់​គ្រង​តែ​ប៉ុណ្ណោះ » (​« Power of the Priesthood, » Ensign, ខែ ឧសភា ឆ្នាំ ១៩៩៧ ទំព័រ ៤៣ ) ។

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​ថ្លែងថា​​​ 

« ភាព​សក្ដិសម​ផ្ទាល់ខ្លួន បាន​ប្រែក្លាយ​ជា​បទដ្ឋាន​ស្របច្បាប់​ដើម្បី​ទទួល​បាន និងអនុវត្ត​អំណាច​ពិសិដ្ឋ​នេះ » (« Personal Worthiness to Exercise the Priesthood »Ensign ខែ ឧសភា ឆ្នាំ ២០០២ ទំព័រ ៥២ ) ។

កិច្ចការ ៨:២៧–៣៨។ ការ​ដឹកនាំ​អ្នកដទៃ​មកកាន់ព្រះយេស៊ូវគ្រីស្ទ

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​ បាន​បង្រៀន​អំពី​សារៈសំខាន់​នៃ​ការជួយ​ដឹកនាំ​អ្នកដទៃ​ឲ្យ​មកកាន់​​​ព្រះអង្គ​សង្គ្រោះ​ ៖

« ដើម្បី​ឲ្យ​យើង​ម្នាក់ៗ ‹ មក​រក​ព្រះគ្រីស្ទ › [គ. និង ស. ២០:៥៩] រក្សា​ព្រះបញ្ញត្តិ​របស់​ទ្រង់ ហើយ​ធ្វើ​តាម​គំរូ​របស់​ទ្រង់​ដើម្បី​ត្រឡប់​​ទៅ​ព្រះវរបិតា​វិញ វា​គឺ​ជា​គោលបំណង​ដ៏​ខ្ពស់បំផុត និង​បរិសុទ្ធ​​បំផុត​នៅ​ក្នុង​ជីវិត​របស់​មនុស្ស ។ ការ​ជួយ​អ្នកដទៃ​ទៀត​ឲ្យ​ធ្វើ​ដូចគ្នា​នេះ​ដែរ—គឺ​ការ​បង្រៀន ការ​បញ្ចុះបញ្ចូល និង​ការ​ដឹកនាំ​ពួកគេ​ឲ្យ​ដើរ​លើ​ផ្លូវ​នៃ​សេចក្ដី​ប្រោសលោះ​ប្រកប​ដោយ​ការ​អធិស្ឋាន—​ប្រាកដ​ណាស់ កិច្ចការ​នោះ​ត្រូវ​តែ​ជា​កិច្ចការ​សំខាន់​បន្ទាប់បន្សំទីពីរ​នៅ​ក្នុង​ជីវិត​របស់​យើង ។ ប្រហែល​នោះ​ជា​ហេតុផល​ដែល​ប្រធាន ដេវីឌ អូ មិកឃេ មាន​ពេល​មួយ​បាន​ថ្លែង​ថា ‹ គ្មាន​ការទទួល​ខុស​ត្រូវ​ដ៏​ធំ​ណា​មួយ​អាច​ធ្លាក់មក​លើ​បុរស [ ឬ​ស្ត្រី ] គ្រប់​រូប ជា​ជាង​ការ​ធ្វើ​ជា​គ្រូបង្រៀន​នៃ​កូនចៅ​របស់​ព្រះ​នោះ​ឡើយ › » ( នៅ​ក្នុង ​Conference Report ខែ តុលា ឆ្នាំ ១៩១៦ ទំព័រ ៥៧ ] » (« A Teacher Come from God »Ensign ខែ ឧសភា ឆ្នាំ ១៩៩៨ ទំព័រ ២៥ ) ។