បណ្ណាល័យ
មេរៀន​ទី ៩៦ ៖ កិច្ចការ ២០-២២


មេរៀន​ទី ៩៦

កិច្ចការ ២០-២២

សេចក្តី​ផ្ដើម

ប៉ុល​បាន​ប្រកាស​ដំណឹងល្អ​ក្នុង​តំបន់​អាស៊ី​តូច ( ប្រទេស​តួកគី​សព្វថ្ងៃ ) ហើយ​កាល​លោក​នៅ​ឯ​ក្រុង​ម៉ាល​ទុស ជា​ទីក្រុង​មួយ​ក្បែរ​ក្រុង​អេភេសូ លោក​បាន​ព្រមាន​ពី​ការ​ក្បត់​សាសនា​នា​ពេល​អនាគត ហើយ​បាន​លើក​ទឹក​ចិត្ត​ថ្នាក់​ដឹកនាំ​បព្វជិតភាព​ឲ្យ​លើក​តម្កើង​សមាជិក​សាសនាចក្រ ។ បន្ទាប់​មក លោក​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូសាឡិម ជា​កន្លែង​ដែល​លោក​ទទួល​ការ​បៀតបៀន ហើយ​ចាប់​ខ្លួន ។ កាល​កំពុង​ឈរ​នៅ​លើ​កាំ​ជណ្ដើរ​នៃ​បន្ទាយ​អានតូនា ( ជា​បន្ទាយ​របស់​ទ័ព​រ៉ូម ) ប៉ុល​បាន​ចែកចាយ​ដំណើរ​រឿង​នៃ​ការ​ប្រែ​ចិត្ត​ជឿ​របស់​លោក ។

យោបល់​សម្រាប់​ការបង្រៀន

កិច្ចការ ២០:១-២១:៤០

ប៉ុល​បាន​ធ្វើ​ការងារ​បម្រើ​នៅ​ក្នុង​តំបន់​អាស៊ី​តូច ហើយ​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូសាឡិម ជា​ទីកន្លែង​ដែល​លោក​ត្រូវ​បាន​គេ​វាយ​ដុំ ហើយ​ចាប់​ខ្លួន

ចូរ​សុំ​ឲ្យ​សិស្ស​គិត​ពី​គ្រា​មួយដែល​ពួកគេ​ត្រូវ​ចាកចេញ​ពី​គ្រួសារ មិត្តភក្ដិ ឬ​មនុស្ស​ផ្សេង​ទៀត​ ដែល​ពួកគេ​យកចិត្ត​ទុកដាក់​រយៈពេល​បីបួន​ថ្ងៃ បីបួន​សប្ដាហ៍ ឬ​បីបួន​ខែ ។

  • តើ​អ្នក ឬ​មនុស្ស​ដែល​អ្នក​ធ្លាប់​នៅ​ជាមួយ​បាន​មាន​អារម្មណ៍​បែប​ណា​ពី​មុន​អ្នក​ចាក​ចេញ​ទៅ ?

  • តើ​អ្នក​និយាយ​អ្វី​ខ្លះ​ប្រាប់​គ្នា​ពី​មុន​ចាក​ចេញ​ទៅ​នោះ ?

សូម​ពន្យល់​ថា នៅ​ក្នុង​ដំណើរ​​ផ្សព្វផ្សាយ​សាសនា​ជាលើក​ទីបី​របស់​ប៉ុល​ លោក​បាន​ចំណាយ​ពេល​នៅ​ម៉ាសេដូនី ក្រិក និង​តំបន់​អាស៊ី​តូច ។ នៅ​ក្នុង​ដំណើរ​នេះ លោក​បាន​ទទួល​ការ​បំផុស​គំនិត​ឲ្យ​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ ។ នៅ​ពេល​លោក​បាន​ធ្វើ​ដំណើរ លោក​បាន​ឈប់​ដើម្បី​ប្រកាស​ដំណឹងល្អ ហើយ​បាន​លា​សមាជិក​សាសនាចក្រ​នៅ​តាម​ផ្លូវ ។ នៅ​វេលាយប់​ពី​មុន​ការ​ចាកចេញ​របស់​លោក​ពី​ភូមិ​ត្រូអាស នៅ​ថ្ងៃ​ឈប់​សម្រាក​ថ្មី ( ថ្ងៃ​អាទិត្យ ) ប៉ុល និង​ពួក​សិស្ស​បាន​ជួបជុំ​គ្នា​ទទួល​ទាន​សាក្រាម៉ង់ ( សូមមើល ​កិច្ចការ ២០:៧ ) ។ បន្ទាប់​មក ប៉ុល​បាន​និយាយ​នឹង​ពួក​បរិសុទ្ធ​រហូត​ដល់​វេលា​យប់ ។

សូម​អញ្ជើញសិស្ស​ម្នាក់​ឲ្យអាន កិច្ចការ ២០:៩-១២ ឲ្យ​ឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម រកមើល​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​យុវជន​ម្នាក់​​ដែល​មាន​ឈ្មោះ អីទីកុស បន្ទាប់​ពី​គាត់​បាន​ដេក​លង់​​លក់​អំឡុង​ពេលប៉ុល​កំពុង​បង្រៀន ។

  • តើ​មាន​រឿង​អ្វី​បាន​កើត​ឡើង​ចំពោះ​អីទីកុស ?

  • តើ​ប៉ុល​បាន​ធ្វើដូចម្តេច ដើម្បីបង្ហាញ​សេចក្ដី​ស្រឡាញ់ និង​កង្វល់​​ចំពោះ​យុវជន​ម្នាក់​នេះ ?

  • តើ​ទង្វើ​របស់​ប៉ុល​បាន​បង្ហាញ​ពី​ការងារ​បម្រើ​របស់​ព្រះអង្គ​សង្គ្រោះ​យ៉ាង​ដូច​ម្ដេច ?

សូម​ពន្យល់​ថា ជា​ផ្នែក​មួយ​នៃ​ដំណើរផ្សព្វផ្សាយ​សាសនា​ជា​​លើក​ទីបី​របស់​ប៉ុល​​ នោះ​ប៉ុល​បាន​ចំណាយ​ពេល​ប្រមាណ​ជា​បី​ឆ្នាំ​នៅ​អេភេសូរ​ធ្វើ​ការ​​នៅ​ក្នុង​ចំណោម​ប្រជាជន​នៅ​ទីនោះ ។ សូម​សង្ខេប កិច្ចការ ២០:១៣–១៧ ដោយ​ពន្យល់​ថា នៅ​តាម​ផ្លូវ​ដែល​លោក​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូសាឡិម​នោះ ប៉ុល​បាន​ឈប់​នៅ​ក្រុង​មីលេត ហួស​អេភេសូរ​បន្តិច ហើយ​បាន​ផ្ញើ​សំបុត្រ​ទៅ​ឲ្យ​ថ្នាក់​​ដឹកនាំ​សាសនាចក្រ​នៅ​អេភេសូរ​ឲ្យ​មក​ជួប​នឹង​លោក ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន កិច្ចការ ២០:១៨-២៣ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​ថា តើ​ប៉ុល​បាន​ពន្យល់​អ្វីខ្លះ​អំពី​ការ​បម្រើ​របស់​លោក ។

  • តើ​ប៉ុល​បាន​ពិពណ៌នា​បែបណា​​អំពី​ការ​បម្រើ​របស់​លោក​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ?

  • តើ​សេចក្ដី​ថ្លែង​​របស់​ប៉ុលដែល​​ថា​លោក « មិន​បាន​ខាន​នឹង​ប្រាប់​សេចក្តី​អ្វី » ( ​ខ​ទី ២០ ) ពី​រឿង​ទាំងឡាយ​ដែល​លោក​បាន​បង្រៀន ​អាច​នឹង​មាន​ន័យ​យ៉ាង​ណា ?

  • យោងតាម ខ​ទី ២៣តើ​ប៉ុល​ស្ម័គ្រ​ចិត្ត​ប្រឈម​នឹង​អ្វីខ្លះ ​ក្នុង​នាម​ជា​អ្នក​បម្រើ​របស់​ព្រះអម្ចាស់ ?

សូម​ពន្យល់​ថា ប៉ុល​ងាយ​នឹង​រង​នូវ​គ្រោះថ្នាក់​នៅ​ក្រុង​យេរូសាឡិម កាល​ពួក​អ្នក​ដឹកនាំ​សាសន៍​​យូដា​បាន​ចាត់​ទុក​លោក​ជាជន​ក្បត់ ដោយសារ​ការ​ខិតខំ​របស់​លោក​ដើម្បី​ប្រកាស​​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

  • យោង​តាម ខ​ទី ២២ ហេតុអ្វី ប៉ុល​ស្ម័គ្រ​ចិត្ត​ទៅ​កាន់​ក្រុង​យេរូសាឡិម ?

សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ប្ដូរ​វេន​គ្នា​អាន​ឮៗ​នៅ​ក្នុងកិច្ចការ ២០:២៤-២៧​ ។ ចូរ​សុំ​ឲ្យសិស្ស​ក្នុង​ថ្នាក់ផ្ទៀងតាម ​រកមើល​ថា តើ​ប៉ុល​បាន​ត្រៀម​ខ្លួន​ធ្វើ​អ្វីខ្លះ ក្នុង​នាម​ជា​អ្នក​បម្រើ​ម្នាក់​របស់​ព្រះអម្ចាស់ ។

  • យោងតាម ខ​ទី ២៤តើ​ប៉ុល​បាន​ត្រៀម​ខ្លួន​ធ្វើ​អ្វីខ្លះ​ ក្នុង​នាម​ជា​អ្នក​បម្រើ​របស់​ព្រះអម្ចាស់ ?

  • តើ​ប៉ុល​បាន​ប្រាប់​ថា​ លោក​មាន​អារម្មណ៍​បែប​ណា​នៅ​ពេល​លោក​ធ្វើ​អ្វី​ដែល​ព្រះអម្ចាស់​បាន​ដឹកនាំ​នោះ ?

  • តើ​យើង​អាច​រៀន​អ្វីខ្លះ​មក​ពីគំរូ​នៃការ​បម្រើ​របស់​ប៉ុល ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុស​ៗគ្នា ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា​ ពួកគេ​ស្គាល់​សេចក្ដីពិត​ខាង​ក្រោម​​នេះ ៖ពួក​អ្នក​បម្រើ​ដ៏​ពិត​របស់​ព្រះអម្ចាស់​បំពេញ​កាតព្វកិច្ចរបស់​ខ្លួន​ដោយ​ស្មោះ​ត្រង់ ហើយ​ដោយ​ធ្វើ​បែប​នេះ នោះ​ពួកគេ​មាន​នូវ​អំណរ ) ។

  • តើ​ការបំពេញ​​កាតព្វកិច្ច​​ដោយ​ស្មោះ​ត្រង់ មានន័យ​យ៉ាង​ណា​ចំពោះ​អ្នក ?

  • តើ​យើង​អាច​អនុវត្ត​សេចក្ដី​ពិត​នេះ​នៅ​ក្នុង​ជីវិត​យើង​ផ្ទាល់​បាន​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ពី​គ្រា​មួយ​ដែល​ពួកគេ ឬ​មនុស្ស​ម្នាក់​ដែល​ពួកគេ​ស្គាល់​បាន​ជ្រើសរើស​បម្រើ​ព្រះអម្ចាស់​ដោយ​អស់​ពី​កម្លាំង និង​ពលំ ហើយ​ទទួល​បាន​នូវ​អំណរ​ដ៏​អស្ចារ្យ ។

សូម​រំឭក​សិស្ស​ថា ប៉ុល​បាន​ទៅ​លេង​ពួក​ថ្នាក់​ដឹកនាំ​សាសនាចក្រ​​នៅ​អេភេសូរ​ជា​លើក​ចុង​ក្រោយ​ ពី​មុន​លោក​ចាកចេញ​ទៅ​ក្រុង​យេរូសាឡិម ។

  • ប្រសិន​បើ​អ្នក​ជា​ប៉ុល​ ពេល​​ដឹង​ថា​អ្នក​នឹង​ពុំ​បាន​ឃើញ​ថ្នាក់​ដឹកនាំ​សាសនាចក្រ​នៅ​អេភេសូរ​ម្ដង​ទៀត​ តើ​ពាក្យ​ទូន្មាន​អ្វីខ្លះ​ដែល​អ្នក​នឹង​ផ្ដល់​ទៅ​ពួកគេ​ពី​មុន​អ្នក​ចាក​ចេញ​ទៅ ?

ចូរ​សុំ​ឲ្យ​សិស្ស​អាន កិច្ចការ ២០:២៨–៣១ ដោយ​ស្ងៀម​ស្ងាត់ ហើយ​រក​មើល​​ការ​ព្រមាន​របស់​ប៉ុល​ទៅ​កាន់​ពួក​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ទាំង​នេះ ។

  • តើ​ប៉ុល​បាន​ព្រមាន​ដល់​ថ្នាក់​ដឹកនាំ​ទាំងនេះ​អំពី​អ្វីខ្លះ ?

សូម​ពន្យល់​ថា ប៉ុល​បាន​ប្រើ​សត្វ​ចចក​ជា​តំណាង​​ឲ្យ​មនុស្ស​មិន​ស្មោះ​ត្រង់​ដែល​នឹង​បោក​បញ្ឆោត​សមាជិក​សាសនាចក្រ​ស្មោះត្រង់ ។

  • តើ​អ្នក​នឹង​ប្រើ​ពាក្យ​អ្វី ​ដើម្បី​ពិពណ៌នា​ពី​​ស្ថានភាព​របស់​ជន​ដែល​ងាក​ចេញ​ពី​សេចក្ដី​ពិត ហើយព្យាយាម​​ដឹកនាំ​មនុស្ស​ដទៃ​ទៀត​ឲ្យ​ឃ្លាត​ចេញ​ពី​សេចក្ដី​ពិត​នោះ ? ( ការ​ក្បត់​សាសនា ។ សូម​ពន្យល់​ថា ប៉ុល​កំពុង​ព្រមាន​ថ្នាក់​ដឹកនាំ​សាសនាចក្រ​​អំពី​ការ​ក្បត់​សាសនា​នៅ​ក្នុង​សាសនាចក្រ​នា​ពេល​អនាគត ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន កិច្ចការ ២០:៣៦-៣៨ ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ថា តើ​ថ្នាក់​ដឹកនាំ​សាសនាចក្រ​បាន​ឆ្លើយ​តប​បែបណា កាល​ប៉ុល​បាន​ចាកចេញ​ទៅ ។ សមអញជញសសសរបរបពអវដលពកគរកឃញ

សូម​សង្ខេប កិច្ចការ ២១:១–១០ ដោយ​ពន្យល់​ថា ប៉ុល​បាន​បន្ត​ដំណើរ​របស់​លោក​​ឆ្ពោះ​ទៅ​កាន់​ក្រុង​យេរូសាឡិម ហើយ​បាន​​ឈប់​នៅ​តំបន់​ផ្សេងៗ​ដើម្បី​ចំណាយ​ពេល​នៅ​ជាមួយ​នឹង​សមាជិក​សាសនាចក្រ ។ នៅ​ពេល​ប៉ុល​បាន​ឈប់​នៅ​ទីក្រុង​មួយ​ដែល​មាន​ឈ្មោះ​ថា ទីរ៉ុស នោះមាន​ពួក​សិស្ស​មួយ​ចំនួន​—​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​របស់​ប៉ុល​—​បាន​ប្រាប់​​ប៉ុលកុំ​ឲ្យ​ទៅ​ក្រុង​យេរូសាឡិម ( សូម​មើល កិច្ចការ ២១:៤ ) ។

នៅ​ឯ​សេសារា មាន​ព្យាការី​ម្នាក់​ឈ្មោះ អ័ក្កាបុស បាន​ព្យាករ​ទាក់ទង​នឹង​រឿង​ដែល​នឹង​កើត​ឡើង​ចំពោះ​ប៉ុល​នៅ​ក្រុង​យេរូសាឡិម ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន កិច្ចការ ២១:១១ ឲ្យឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម​ ហើយរកមើល​ថា អ័ក្កាបុស ​បាន​ព្យាករ​ពី​អ្វី​ខ្លះ ។ ( អ្នក​គួរ​ពន្យល់​ថា​ពាក្យ​ខ្សែ​ក្រវាត់ សំដៅ​ទៅ​លើ​ខ្សែ​ក្រវាត់​ចង្កេះ ) ។ សមអញជញសសសឲយរបរបពអវដលពកគរកឃញ

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន កិច្ចការ ២១:១២-១៤ ឲ្យ​ឮ​ៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ទៀង​តាម ​ហើយ​រកមើល​ថា តើ​ប៉ុល និង​ពួក​ដៃ​គូ​របស់​លោក​បាន​ឆ្លើយ​តប​បែប​ណា​ចំពោះ​ការ​ព្យាករ​នេះ ។

  • តើ​ប៉ុល និង​ពួក​ដៃ​គូ​របស់​លោក​បាន​ឆ្លើយ​តប​បែប​ណា​ចំពោះ​ការ​ព្យាករ​នេះ ?

  • តើ​ប៉ុល​មាន​ប្រតិកម្ម​បែប​ណា​ចំពោះ​ការ​ព្យាករ​នេះ ? តអនកចបអរមមណអវខលលករឆលយតបរបសបល

  • តើ​គោលការណ៍​អ្វី​ខ្លះ ដែល​យើងអាច​រៀនមក​​ពី​​គំរូ​របស់​ប៉ុលក្នុង​ការ​ធ្វើ​ជា​អ្នក​បម្រើ​ដ៏​ពិត​របស់​ព្រះអម្ចាស់ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុស​ៗគ្នា ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា ​ពួកគេ​ស្គាល់​​សេចក្ដី​ពិត​ខាងក្រោម​នេះ ៖ពួក​អ្នក​បម្រើ​ដ៏​ពិត​របស់​ព្រះអម្ចាស់​​យល់​ព្រម​ធ្វើ​តាម​ព្រះទ័យ​របស់​ព្រះ មិន​ថា​ត្រូវ​លះបង់​អ្វី​ឡើយ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹង​គិត​ពី​ប្រភេទ​នៃ​ការ​លះបង់​ ដែល​យើង​អាច​នឹង​ត្រូវ​សុំ​ឲ្យ​ធ្វើ ក្នុង​នាម​ជា​ពួក​អ្នក​បម្រើ​របស់​ព្រះអម្ចាស់ ។

  • តើ​អ្នក​ធ្លាប់​យល់​ព្រម​ធ្វើ​តាម​ព្រះទ័យ​របស់​ព្រះ​មិន​ថា​អ្នក​ត្រូវ​លះបង់​អ្វី​ក៏​ដោយ​នៅ​ពេល​ណា ? ហេតុអ្វី​អ្នក​យល់​ព្រម​ធ្វើ​រឿង​នោះ ?

សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្តីសង្ខេប​នៃ​កិច្ចការ ២១:១៧–៤០​​ដូច​ខាងក្រោម ។

ប៉ុល​បាន​មក​ដល់​ក្រុង​យេរូសាឡិម ហើយ​បាន​រាយការណ៍​ពី​ការ​ងារ​ផ្សព្វផ្សាយ​សាសនា​របស់​លោក​ទៅ​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ក្នុង​មូល​ដ្ឋាន ។ ប៉ុល​បាន​ទៅ​ព្រះវិហារ​បរិសុទ្ធ ហើយ​កាល​ពួក​សាសន៍​យូដា​មួយ​ក្រុម​ដែល​ស្គាល់​ប៉ុលពេល​ធ្វើ​ដំណើរ​ផ្សព្វផ្សាយ​សាសនា​​បាន​ឃើញ​លោក នោះ​ពួកគេ​បាន​ប្រកាស​​ថា ប៉ុល​គឺជា​គ្រូបង្រៀន​ក្លែង​ក្លាយ​ ដែល​បាន​បង្រៀន​ទាស់​នឹង​ក្រឹត្យវិន័យ​របស់​ម៉ូសេ ហើយ​បាន​នាំ​ពួក​សាសន៍​ដទៃ​ឲ្យ​ចូល​ទៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ដោយ​ខុស​ច្បាប់ ។ ដោយសារ​ការ​ចោទ​ប្រកាន់​នេះ នោះ​មាន​មនុស្ស​កំណាច​មួយ​ក្រុម​បាន​បណ្ដេញ​ប៉ុល​ចេញ​​ពី​ព្រះវិហារ​បរិសុទ្ធ ហើយ​បាន​ចាប់ផ្ដើម​វាយ​ដំ​លោក ។ ពួក​ទាហាន​រ៉ូម​បាន​មក​ធ្វើ​អន្តរាគមន៍ ហើយ​បាន​ចាប់​លោក​ទៅ​កាត់​ទោស ។ កាល​នៅ​លើ​កាំ​ជណ្ដើរ​នៃ​បន្ទាយ​ អានតូនា ( សូម​មើល ផែនទី​ទាំងឡាយ​ដែល​ទាក់ទង​ទៅ​នឹង​ព្រះគម្ពីរ​ប៊ីប ផែនទី ទី ១២ « ក្រុង​យេរូសាឡិម​នៅ​សម័យ​ព្រះយេស៊ូវ »​ ) ប៉ុល​បាន​សួរ​ទៅ​ពួក​ទាហាន ​ប្រសិន​បើ​លោក​អាច​និយាយ​ទៅ​កាន់​ប្រជាជន​បាន​ទេ ។

កិច្ចការ ២២:១-៣០

ប៉ុល​ប្រាប់​ពី​ការ​ប្រែ​ចិត្ត​ជឿ​របស់​លោក ហើយ​ថ្លែង​ទីបន្ទាល់​ពី​ព្រះយេស៊ូវ​គ្រីស្ទ

សូ​មសរសេរ​ពាក្យ ប្រែ​ចិត្ត​ជឿ នៅ​លើ​ក្ដារ​ខៀន ហើយ​ពន្យល់​ថា ​ប្រែ​ចិត្ត​ជឿ មាន​ន័យ​ថា ផ្លាស់​ប្ដូរ ។ ចូរ​សួរ​សិស្ស​ថា ទឹក​អាច​ប្រែ ឬ​ផ្លាស់ប្ដូរ​ដើម្បី​ឲ្យ​វា​អាច​​ប្រើ​សម្រាប់​គោលបំណង​ផ្សេង​ទៀត​បាន​ដោ​យរបៀប​ណា ។ ( ឧទាហរណ៍ ទឹក​អាច​ធ្វើ​ឲ្យ​ទៅ​ជា​ទឹក​កក ) ។ ចូរ​សុំ​ឲ្យ​សិស្ស​សញ្ជឹង​គិត​ពី​ប្រភេទ​នៃ​ការ​ផ្លាស់​ប្ដូរ​ដែល​ការ​ប្រែចិត្ត​ជឿ​ចំពោះ​ដំណឹងល្អ​តម្រូវ​ឲ្យ​មាន ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន កិច្ចការ ២២:១-៥ ឲ្យ​ឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម ហើយ​រកមើល​ថា តើ​ប៉ុល​បាន​ពិពណ៌នា​ពី​ខ្លួន​លោកដូ​ច​ម្ដេច​ខ្លះ កាល​លោក​ថ្លែង​ទៅ​ពួក​យូដា​ពី​លើ​កាំ​ជណ្ដើរ​បន្ទាយ​អានតូនា​នៅ​ក្រុង​យេរូសាឡិមនោះ ។

  • តើ​ប៉ុល​មាន​លក្ខណៈ​បែបណា​ ពី​មុន​លោក​បាន​ប្រែ​ចិត្ត​ជឿ ហើយ​ប្រែ​ក្លាយ​ជា​សិស្ស​ម្នាក់​របស់​​ព្រះយេស៊ូវ​គ្រីស្ទ ?

សូម​ចម្លង​សំណួរ និង​សេចក្ដីយោង​ព្រះគម្ពីរ​ខាង​ក្រោម​ដាក់​លើ​ក្ដារខៀន​ ឬ រៀបចំ​វា​ជា​ក្រដាស​ចែក​ឲ្យ​សិស្ស ។ សូម​បែង​ចែក​សិស្ស​​ទៅ​ជាប្រាំ​ក្រុម ហើយ​ចាត់​សំណួរ​មួយ​ដល់​​​ក្រុម​នីមួយៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​អាន​ខគម្ពីរ​ដែល​ទាក់​ទង​នឹង​សំណួរ​ ដែល​ពួកគេ​បាន​ចាត់​ឲ្យ​ដោយ​ស្ងៀម​ស្ងាត់ ហើយ​បន្ទាប់មក​ឆ្លើយ​សំណួរ​នៅ​ក្នុង​សៀវភៅ​កត់ចំណាំការ​រៀន​សូត្រ​របស់ពួកគេ ឬ​សៀវភៅ​កត់ត្រា​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ។

  1. តើ​ប៉ុល​បាន​ពិពណ៌នា​បែបណា​ពី​ការ​និមិត្ត​ដំបូង​របស់​លោក ? (កិច្ចការ ២២:៦-៩ )

  2. តើ​ប៉ុល​បាន​ណែនាំ​ឲ្យ​ធ្វើ​អ្វីខ្លះ ? (កិច្ចការ ២២:១០-១១ )

  3. តើ​ប៉ុល​បាន​ជួយ​នរណា​នៅ​ស្រុកដាម៉ាស ហើយ​ប៉ុល​បាន​ទទួល​អ្វី​ម្ដងទៀត ? (កិច្ចការ ២២:១២-១៣ )

  4. តើ​អាន៉្នានាស​បាន​ព្យាករ​អ្វីខ្លះ​អំពី​ប៉ុល ? (កិច្ចការ ២២:១៤-១៥ )

  5. តើ​ប៉ុល​បាន​បង្ហាញ​ពី​សេចក្ដីជំនឿ​របស់​លោក​លើ​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​របៀបណា ? (កិច្ចការ ៩:១៨, ២២:១៦ )

ក្រោយ​ពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​​សិស្ស​ឲ្យ​ប្រាប់​ពី​ចម្លើយ​របស់​ពួកគេ ។ សូម​អញ្ជើញ​សិស្ស​ពីរបី​នាក់​ឲ្យ​សង្ខេបពី​អ្វី ដែល​ពួកគេ​បាន​រៀន​ពី​ដំណើរការ​នៃ​ការ​ប្រែ​ចិត្ត​ជឿ​​របស់​ប៉ុល ។ ( អ្នក​ក៏​គួរ​តែ​ពន្យល់​ផង​ដែរ​ថា នៅ​ចន្លោះ​គ្រា​នៃ​ការនិមិត្តដំបូង​​​របស់​ប៉ុល និង​គ្រា​ដែល​លោក​បាន​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា លោក​បាន​ចំណាយ​ពេល​បីឆ្នាំ​នៅ​ស្រុក​អារ៉ាប់ ដែល​ទំនង​ជា​រយៈពេល​មួយ​នៃ​ការ​រៀបចំ​ខ្លួន និង​ការ​រីក​ចម្រើន​ខាង​វិញ្ញាណ [ សូមមើល កាឡាទី ១:១១–១៨ ] ) ។ បន្ទាប់​មក សូម​សួរ​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • តើ​អ្នក​គិត​ថា ​ប៉ុល​បាន​ផ្លាស់ប្ដូរ​បែប​ណា​ដែរ ជា​លទ្ធផល​នៃ​ការ​ប្រែ​ចិត្ត​ជឿ​របស់​លោក​នោះ ?

  • តើ​មាន​អ្វី​បាន​កើត​ឡើង​ ដែល​​បណ្ដាល​ឲ្យ​កើត​មាន​ការ​ផ្លាស់​ប្ដូរ​ទាំង​នេះ ?

  • ការ​ប្រែ​ចិត្ត​ជឿ​របស់​ប៉ុល​អាច​បង្រៀន​យើង​អ្វីខ្លះ ​អំពី​របៀប​ដែល​យើងអាច​ប្រែ​ចិត្ត​ជឿ​នោះ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុស​ៗគ្នា ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា ​ពួកគេ​ស្គាល់​​សេចក្ដី​ពិត​ខាងក្រោម​នេះ ៖នៅ​ពេល​យើង​គោរព​តាម​ព្រះបន្ទូល​របស់​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​អាច​កាន់​តែ​​​ប្រែ​ចិត្ត​ជឿ​បាន​ពេញ​លេញ) ។

  • តើ​គោលការណ៍​នេះ​អាច​ជួយ​មនុស្ស​ម្នាក់​ ដែល​ចង់​ប្រែ​ចិត្ត​ជឿ​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន​ឮៗ​ នូវ​សេចក្ដី​ថ្លែង​ការណ៍​ខាង​ក្រោម​នេះ​មក​ពី​ស៊ិស្ទើរ បូនី អិល អូស្ការសុន ប្រធាន​យុវនារី​ទូទៅ ដែល​​គាត់​បាន​ពន្យល់​ពី​ភាព​ខុស​ប្លែក​គ្នា​​រវាង​ការ​មាន​ទីបន្ទាល់​នៃ​ដំណឹងល្អ និង​ការ​ប្រែចិត្ត​ជឿ​ដ៏​ពិត​ចំពោះ​ដំណឹងល្អ ៖

រូបភាព
បូនី អិល. អូស្ការ​សុន

« ការប្រែចិត្ត​ជឿ​ពិត មានន័យ​ច្រើន​ជាង​ការ​មាន​ចំណេះ​ដឹង​ពី​គោលការណ៍​ដំណឹងល្អ ហើយ​មាន​ន័យ​ច្រើន​ជាង​ការ​គ្រាន់​តែ​មាន​ទីបន្ទាល់​អំពី​គោលការណ៍​ទាំង​នោះ​ទៅ​ទៀត ។ វា​អាច​ធ្វើ​ទៅ​បាន​ដើម្បី​មាន​ទីបន្ទាល់​អំពី​ដំណឹងល្អ ដោយ​ពុំ​រស់​នៅ​តាម​វា​នោះ ។ ការ​ប្រែចិត្ត​ជឿ​ពិត​មានន័យ​ថា យើង​ធ្វើ​តាម​អ្វី​ដែល​យើង​ជឿ ។ …

« … ការ​ផ្លាស់ប្រែចិត្តជឿ កើត​មាន​ពេល​យើង​ធ្វើ​សកម្មភាព​តាម​គោលការណ៍​សុចរិត ដែល​យើង​បាន​រៀន​ក្នុងផ្ទះ និង​រៀន​នៅក្នុង​ថ្នាក់​រៀន​របស់​យើង ។ ការ​ប្រែ​ចិត្ត​ជឿ​កើត​មាន​ នៅពេល​យើង​រស់​នៅ​តាម​ដំណឹងល្អ រីករាយ​នឹង​ភាព​ជា​ដៃ​គូ​នៃ​ព្រះវិញ្ញាណបរិសុទ្ធ » ( « Be Ye Converted »EnsignLiahona ខែ​វិ ច្ឆិកា ឆ្នាំ​ ២០១៣ ទំព័រ ៧៦, ​៧៨ ) ។

សូម​អាន​សំណួរ​ខាង​ក្រោម​នេះ​ឲ្យ​ឮៗ ឬ​សរសេរ​វា​នៅ​លើ​ក្ដារខៀន ៖តើ​ខ្ញុំ​អាច​ប្រែចិត្តជឿដ៏ពិតចំពោះ​ដំណឹងល្អ​យ៉ាងដូចម្ដេច ? សូម​អញ្ជើញ​សិស្ស​ឲ្យ​កត់ត្រា​ចម្លើយ​របស់​ពួកគេ​​ចូល​ក្នុង​សៀវភៅ​សរសេរ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ។

សូម​សង្ខេប កិច្ចការ ២២:១៧–៣០ ដោយ​ពន្យល់​ថា ប៉ុល​បាន​​ប្រាប់​ពួក​អ្នក​ស្ដាប់​របស់​លោក​ថា បន្ទាប់​ពី​ការ​ប្រែចិត្តជឿ​របស់​លោក ព្រះអម្ចាស់​បាន​បញ្ជូន​លោក​ចេញ​ពី​ក្រុង​យេរូសាឡិម​ឲ្យ​ទៅ​ធ្វើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ម្នាក់​នៅ​ក្នុង​ចំណោម​​ពួក​សាសន៍​ដទៃ ។ បន្ទាប់​មកពួក​អ្នក​ស្ដាប់ទាំង​នោះ​បាន​ប្រកាស​ថា ប៉ុល​គួរ​ត្រូវ​យក​ទៅ​សម្លាប់​ចោល ។ ប៉ុល​ត្រូវ​បាន​នាំ​ទៅជួប​នឹង​មេទ័ព​ធំ​របស់​កង​ទ័ព​រ៉ូម​នៅ​យេរូសាឡិម ជា​អ្នក​ដែល​បាន​សម្រេច​ចិត្ត​ថា ​ប៉ុល​គួរ​ត្រូវ​យក​ទៅ​ធ្វើ​ទុក្ខ​ទោស ឬ​វាយ​នឹង​រំពាត់ ជា​ការ​ដាក់​ទោស​មួយ​ដែល​ជា​ធម្មតា​ប្រើ​ដើម្បី​បំបាក់​មុខ និងសួរចម្លើយ​ឧក្រិដ្ឋ​ជន ។ ប៉ុន្តែ នៅ​ពេល​ពួក​មន្ត្រី​រ៉ូម​បាន​ដឹង​ថា ប៉ុល​គឺជា​ពលរដ្ឋ​រ៉ូម​ម្នាក់ នោះ​ពួកគេ​បាន​សម្រេច​ចិត្ត​មិន​វាយដំ​លោក​ទេ ដោយសារ​អំពើ​នេះ​ផ្ទុយ​នឹង​ច្បាប់​របស់​រ៉ូម​នៅ​ក្នុង​ចាប់​ចង ឬ​វាយ​ដំ​ពលរដ្ឋ​រ៉ូម​ម្នាក់​ដែល​មិន​ទាន់​បាន « កាត់​ទោស » ( ខ​ទី ២៥ ) ។ ផ្ទុយ​ទៅ​វិញ ពួកគេ​បាន​នាំ​លោក​ទៅ​កាន់​ក្រុម​ប្រឹក្សា​គ្រប់គ្រង​របស់​សាសន៍​យូដា ពួក​សានហេឌ្រីន ។

សូម​បញ្ចប់​ដោយ​ចែកចាយ​ទីបន្ទាល់​របស់​អ្នក អំពី​គោលការណ៍​​នានា​ដែល​បាន​បង្រៀន​នៅ​ក្នុងកិច្ចការ ២០–២២ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

កិច្ចការ ២២:១-២៤។ ប៉ុល​មាន​ចិត្ត​ក្លាហាន​ដើម្បី​ចែកចាយ​ដំណឹងល្អ

សាវក​ប៉ុល​មាន​ចិត្ត​ក្លាហាន​ ដើម្បី​ចែកចាយ​ទីបន្ទាល់​របស់​លោក​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ទោះ​បី​មាន​ផល​វិបាក​ធ្ងន់ធ្ងរ​ក៏​ដោយ ( សូមមើល កិច្ចការ ២២:១–២៤ ) ។ ប្រធាន ថូម៉ាស អេស ម៉នសុន បាន​បង្រៀន​ថា ភាព​ក្លាហាន​ដើម្បី​ធ្វើ​ទង្វើ​ត្រឹមត្រូវ សូម្បី​តែ​វា​គ្មាន​ការ​ពេញ​និយម​ក្ដី គឺ​នៅ​តែ​តម្រូវ​​ឲ្យ​ធ្វើ​នៅ​ក្នុង​នាម​ជា​សិស្ស​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ៖

« ភាពក្លាហានកើតមានតាមទម្រង់ជាច្រើន ។ អ្នក​និពន្ធ​គ្រីស្ទាន ឈ្មោះ ឆាលស៍ ស្វីនដូល បាន​ចែង​ទុក​ថា ៖ ភាព​ក្លាហាន​ពុំ​គ្រាន់តែ​មាន​នៅ​ក្នុង​សមរភូមិ ឬ មាន​វា​ពេល​ត្រូវ​ចាប់ចោរ​ចូល​ក្នុង​ផ្ទះ​របស់​អ្នក​នោះ​ឡើយ ។ ​ការ​សាកល្បង​ភាព​ក្លាហាន​ពិត គឺ​មាន​លក្ខណៈ​​ស្ងប់ស្ងាត់​ជាង ។ វា​គឺ​ជា​ការ​សាកល្បង​នៅ​ខាង​ក្នុង​ខ្លួន ដូចជា​ការ​បន្ដ​នៅ​ស្មោះត្រង់ ទោះ​គ្មាន​នរណា​ម្នាក់​មើលឃើញ​​អ្នក… ជា​ការ​ឈរ​តែ​ម្នាក់​ឯង ពេល​អ្នក​ត្រូវ​គេ​យល់​ខុស › ។ ខ្ញុំ​នឹង​បន្ថែម​ថា ភាព​ក្លាហាន​ខាង​ក្នុង​ខ្លួន​នេះ ក៏​រាប់​បញ្ចូល​ទាំង​ការ​ធ្វើ​រឿង​ត្រឹមត្រូវ ទោះ​ជា​យើង​ភ័យ​ខ្លាចក្ដី ជាការ​ការពារ​ជំនឿ​យើង​​ប្រថុយ​នឹង​ការ​រិះគន់ ហើយជា​ការ​រក្សា​ជំនឿ ទោះ​ជា​ពេល​មាន​ការ​គំរាម​កំហែង​ដោយ​ការ​បាត់បង់​មិត្តភក្ដិ ឬ ឋានៈ​ក្នុង​សង្គម​ក្ដី ។ អ្នក​ដែល​ឈរ​ខ្ជាប់ខ្ជួន​សម្រាប់​អ្វី​ដែល​ត្រឹមត្រូវ ច្បាស់​ជា​ត្រូវ​ប្រថុយ​នឹង​ការ​បដិសេធ ហើយ​គ្មាន​ប្រជាប្រិយភាព » ( « Be Strong and of a Good Courage »EnsignLiahona ខែ​ ឧសភាព ឆ្នាំ​ ២០១៤ ទំព័រ ៦៧ ) ។