បណ្ណាល័យ
មេរៀន​សិក្សា​នៅ​ផ្ទះ ៖ រ៉ូម ៨– កូរិនថូស​ទី១ ៦ ( មេរៀន​ទី ២១ )


មេរៀន​សិក្សា​នៅ​ផ្ទះ

រ៉ូម ៨កូរិនថូស​ទី១ ៦ ( មេរៀន​ទី ២១ )

ការរៀបចំ​សម្ភារ​សម្រាប់​គ្រូបង្រៀន​ដល់​សិស្សដែល​សិក្សា​នៅផ្ទះ

សេចក្ដី​សង្ខេប​នៃ​មេរៀន​សិក្សា​នៅផ្ទះ​ប្រចាំថ្ងៃ

សេចក្ដី​សង្ខេប​ខាងក្រោម​នៃ​​ព្រឹត្តិការណ៍ ​គោលលទ្ធិ និង​គោលការណ៍​ដែល​សិស្ស​បាន​រៀន នៅពេល​ពួកគេ​បាន​សិក្សា រ៉ូម ៨-១៦ និង​កូរិនថូសទី​ ១ ១–៦( មេរៀន​ទី ២១ ) ពុំមែន​ត្រូវយក​មក​បង្រៀន​ជា​ផ្នែក​នៃ​មេរៀន​របស់​អ្នក​នោះ​ទេ ។ មេរៀន​ដែល​អ្នក​បង្រៀន​ផ្ដោត​លើ​គោលលទ្ធិ និង គោលការណ៍​តែពីរបី​​នេះប៉ុណ្ណោះ ។ សូម​ធ្វើ​តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​​បរិសុទ្ធ នៅពេល​អ្នក​គិត​ពី​តម្រូវការរបស់​សិស្ស ។

ថ្ងៃ​ទី ១ ( រ៉ូម ៨-១១ )

នៅ​ក្នុង​ការ​បង្រៀន​របស់​ប៉ុល​ដល់​ពួក​បរិសុទ្ធ​រ៉ូម​ អំពី​ការ​ការផ្តោតគំនិត​ខាង​វិញ្ញាណ ឬ​ខាង​កាមគុណ នោះ​សិស្ស​បាន​រៀន​ថា ប្រសិន​បើ​យើង​ធ្វើតាម​ព្រះចេស្ដា​នៃ​ព្រះ​វិញ្ញាណ នោះយើង​អាច​យក​ឈ្នះ​លើ​ទំនោរ​របស់​មនុស្ស​ខាង​សាច់​ឈាម​ ហើយ​មិន​ធ្វើ​អំពើបាប ។ សិស្ស​ក៏​រកឃើញ​សេចក្ដីពិត​ដូច​តទៅ​នេះ​ដែរ ៖ ប្រសិន​បើ​យើង​ជា​កូនចៅ​នៃសេចក្ដីសញ្ញា​ដ៏​ស្មោះត្រង់​​របស់​ព្រះ នោះ​យើង​អាច​គ្រង​មរតក​ជាមួយ​នឹង​ព្រះយេស៊ូវ​គ្រីស្ទ​នូវ​អ្វីៗទាំងអស់​ដែល​ព្រះវរបិតា​សួគ៌​មាន ។ ប្រសិន​បើ​យើង​ស្រឡាញ់​ព្រះ ​នោះ​គ្រប់​ការណ៍​ទាំងអស់​នឹង​ផ្សំ​គ្នា សម្រាប់​សេចក្ដី​ល្អ​ដល់​យើង ។ យើង​អាច​យក​ឈ្នះ​អស់​គ្រប់​ទាំងឧបសគ្គ និងសេចក្តីឈឺចាប់​ទាំងអស់​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់​​បាន តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ ។ ប្រសិន​បើ​យើង​ទទួល ហើយ​ប្រតិបត្តិ​តាម​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ នោះ​យើង​អាច​ទទួល​បាន​ពរជ័យ​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ ហើយ​ត្រូវ​បាន​សង្គ្រោះ ។

ថ្ងៃ​ទី ២ ( រ៉ូម ១២-១៦ )

នៅ​ក្នុង រ៉ូម ១២–១៣​សិស្ស​បាន​រកឃើញ​ថា ព្រះ​រំពឹង​ឲ្យ​យើង​លះបង់​ជីវិត​របស់​យើង​ថ្វាយ​ដល់​ទ្រង់ ហើយ​ចៀសវាង​ពី​ការ​អនុលោម​តាម​លោកិយ ហើយ​ប្រសិន​បើ​យើង​ធ្វើ​ដូច្នេះ នោះ​យើង​​អាច​ប្រែ​ក្លាយ​កាន់​តែ​ដូចជា​ព្រះគ្រីស្ទ ។ នៅ​ក្នុង រ៉ូម ១៤–១៥​សិស្ស​បាន​រៀន​ថា ទោះ​ជា​ពុំ​បាន​លើក​ឡើង​នៅ​ក្នុង​បទបញ្ញត្តិ​ជាក់​លាក់​ណា​មួយ​ក្ដី ប៉ុន្តែ​យើង​ត្រូវ​ចៀស​វាង​ពី​ការ​កាត់​សេចក្ដី​​ចំពោះ​ការ​ជ្រើសរើស​របស់​មនុស្ស​ដទៃ​ទៀត ហើយ​ត្រូវ​ពិចារណា​ពី​របៀប​ដែល​ការ​ជ្រើស​រើស​របស់​យើង​ជះឥទ្ធិពល​ដល់​អ្នក​ដទៃ ។ សិស្ស​ក៏​រៀន​ផង​ដែរ​ថា ព្រះគម្ពីរ​ត្រូវ​បាន​សរសេរ​ឡើង​ដើម្បី​បង្រៀន​យើង ហើយ​ផ្ដល់​សេចក្ដី​សង្ឃឹម​ដល់​យើង ។

ថ្ងៃ​ទី ៣ ( កូរិនថូស ទី១ ១-២ )

នៅ​ក្នុង​សំបុត្រ​មួយ​ដល់​ពួក​បរិសុទ្ធ​កូរិនថូស ប៉ុល​បាន​លើក​ឡើង​នូវ​កង្វល់ និង​សំណួរ​មួយ​ចំនួន ។ សិស្ស​បាន​រៀន​ចេញ​មក​ពី​ការ​សរសេរ​របស់​លោក​ថា ព្រះអម្ចាស់​រំពឹង​ឲ្យ​យើង​ដែល​ជា​ពួក​បរិសុទ្ធ​ ឲ្យចេះ​សាមគ្គី​គ្នា ហើយ​លុប​បំបាត់​ចោល​ការ​បែង​ចែក​បក្ស​ពួក និង​ការ​ឈ្លោះ​ទាស់​ទែង​គ្នា ហើយ​ថា​យើង​អាច​ដឹង ហើយ​យល់​ពី​រឿង​របស់​ព្រះ​តែ​តាមរយៈ​ព្រះវិញ្ញាណ​ប៉ុណ្ណោះ ។

ថ្ងៃ​ទី ៤ ( កូរិនថូស ទី១ ៣-៦ ) ។

នៅ​ក្នុង​មេរៀន​នេះ សិស្ស​បាន​បន្ត​សិក្សា​សំបុត្រ​របស់​ប៉ុល​ដល់​ពួក​បរិសុទ្ធ​កូរិនថូស ។ សិស្ស​បាន​រៀន​សេចក្ដីពិត​ដូចខាង​ក្រោម​នេះ​ចេញពី​ពាក្យ​សម្ដី​របស់​ប៉ុល ៖ យើង​អាច​ជួយ​មនុស្ស​ដទៃ​ទៀត​ឲ្យ​រៀន​អំពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​បាន ប៉ុន្តែ​មនុស្ស​អាច​​​ប្រែចិត្ត​ជឿ​បាន​តែ​តាមរយៈ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ប៉ុណ្ណោះ ។ ព្រះអម្ចាស់​នឹង​កាត់​សេចក្ដី​យើង​ដោយ​យុត្តិធម៌ ដោយសារ​ទ្រង់​ជ្រាប​គ្រប់​ការណ៍​ទាំង​អស់ រួម​ទាំង​គំនិត និង​ចេតនា​​នៅ​ក្នុង​ដួងចិត្ត​របស់​យើង​ទៀត​ផង ។ ប្រសិន​បើ​យើង​ជ្រើស​រើស​សេពគប់​ជាមួយ​នឹង​ជន​ដែល​ឱប​ក្រសោប​អំពើ​បាប នោះ​យើង​អាច​រង​ឥទ្ធិពល​​អំពើ​ទុច្ចរិត​របស់​ពួកគេ ។

សេចក្តី​ផ្ដើម

មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​យល់​ដឹង​ពី​របៀប​ចៀសវាង​ពី​អំពើបាប កាលណា​​វា​ហ៊ុមព័ទ្ធ​ពួកគេ ។ លើស​ពី​នេះ​ទៀត ពួកគេ​នឹង​រៀន​ថា ហេតុអ្វី​ការ​រក្សា​ខ្លួន​យើង​ឲ្យ​បាន​បរិសុទ្ធ​ជា​រឿង​សំខាន់ ។

យោបល់​សម្រាប់​ការបង្រៀន

កូរិនថូស​ទី១ ៦

ប៉ុល​បង្រៀន​ដល់​ពួក​បរិសុទ្ធ​អំពី​សាមគ្គី​ភាព និង​ច្បាប់​ព្រហ្មចារីភាព ។

នៅលើ​ក្តារខៀន ចូរ​គូរ រូប ផ្លែ​ឈើ​រលួយ​មួយ​ចាន ដោយ​មាន​តែ​ផ្លែ​ឈើ​ស្រស់​មួយ​ចំណិត​​នៅ​ក្នុង​ចាន​នោះ​ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ថា តើ​ពួកគេ​​ធ្លាប់​មាន​ការ​ងឿង​ឆ្ងល់​ពី​របៀប​ចៀសវាង​ពី​អំពើ​បាប​ដែរ​ឬទេ កាល​ណា​ដែល​វា​ហ៊ុម​ព័ទ្ធ​ពួកគេ​នោះ ។

រូបភាព
drawing, bowl of fruit ( គំនូរ, ចាន​ផ្លែឈើ )

នៅ​ពេល​សិស្ស​សិក្សា កូរិនថូសទី១ ៦​សូម​អញ្ជើញ​ពួកគេ​ឲ្យ​រក​មើល​សេចក្ដី​ពិត​ ដែល​សាវក​ប៉ុល​បាន​បង្រៀន ដែល​វា​អាច​ជួយ​ពួកគេ​​ឲ្យ​រស់​នៅ​ដោយ​សុចរិត ទោះ​ជា​ត្រូវ​បាន​ហ៊ុមព័ទ្ធ​ដោយ​ឥទ្ធិពល​អាក្រក់​ក្ដី ។

សូម​សង្ខេប កូរិនថូស​ទី ១ ៦:១–៨ ដោយ​ពន្យល់​ថា ប៉ុល​បាន​ទូន្មាន​ដល់​ពួក​បរិសុទ្ធ​កូរិនថូស​ ឲ្យ​ដោះ​ស្រាយ​ជម្លោះ​នៅ​ក្នុង​ចំណោម​ពួកគេ​ដោយ​​សុចរិត​ភាព​ជាជាង​សម្រេច​ចិត្ត​ឡើង​ទៅ​តុលាការ​ភ្លាមៗ​នោះ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កូរិនថូសទី ១ ៦:៩-១១ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយ​រកមើល​ការ​អនុវត្ត​អំពើបាប​នៅ​ក្នុង​កូរិនថូស​ ដែល​ប៉ុល​បាន​បង្រៀន​ឲ្យ​សមាជិក​សាសនាចក្រ​ចៀសវាង ។

  • តើ​ឥរិយាបថ​អាក្រក់​ប្រភេទ​ណា​ ដែល​ប៉ុល​បាន​បង្រៀន​ឲ្យ​សមាជិក​សាសនាចក្រ​​ចៀស​វាង ?

  • យោង​តាម កូរិនថូសទី ១ ៦:១១តើប៉ុល​​បាន​រំឭក​ពួក​បរិសុទ្ធ​ទាំងនេះ​អំពី​ខ្លួន​ពួកគេ​អ្វីខ្លះ ? ( ពួក​អ្នក​ប្រែចិត្តជឿ​​មក​ពី​កូរិនថូសជាច្រើន បាន​ចូលរួម​នៅ​ក្នុង​ឥរិយាបថ​អាក្រក់​ទាំងនេះ​​ពី​មុន​ចូល​រួម​ក្នុង​សាសនាចក្រ ប៉ុន្តែ​ពួកគេ​បាន​ប្រែចិត្ត ហើយ​បាន​ជ្រះស្អាត​ពី​អំពើបាប​ទាំងឡាយ​​របស់​ពួកគេ ) ។

សូម​ពន្យល់​ថា ក្រុងកូរិនថូស​កាល​ពី​បុរាណ​ល្បី​ឈ្មោះ​ខាង​រឿង​អសីលធម៌ ហើយ​​ពួក​កូរិនថូស​ជាច្រើន​បាន​លើក​កម្ពស់​គំនិត​ ដែល​ថា​រូបកាយ​របស់​យើង​បាន​បង្កើត​ឡើង​សម្រាប់​ភាព​រីករាយ ។ សូម​សង្ខេប​ការ​បកប្រែ​ដោយ ​យ៉ូសែប ស្ម៊ីធ សម្រាប់ កូរិនថូសទី១ ៦:១២​ ដោយ​ពន្យល់​ថា ប៉ុល​បាន​បង្រៀន​ទាស់​នឹង​ទស្សនៈ​ថា គ្មាន​រឿង​ត្រូវ ឬ​ខុស​នោះ​ទេ ។

  • តើ​គំនិត និង​ការ​អនុវត្ត​នៅ​ក្នុង​កូរិនថូស​​ស្រដៀង​គ្នា​ទៅនឹង​ទំនោរ​ដែល​យើង​បាន​ឃើញ​នៅ​ក្នុង​ពិភពលោក​សព្វ​ថ្ងៃ​នេះ​យ៉ាង​ដូច​ម្ដេច​ដែរ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កូរិនថូសទី១ ៦:១៣​ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​ថា តើ​ប៉ុលបាន​បង្រៀន​អ្វីខ្លះ​អំពី​គោលបំណង​នៃ​រូបកាយ​របស់​យើង ។ ( អ្នក​គួរ​ពន្យល់​ថា​ពាក្យ ចំណី មានន័យ​ថាម្ហូប​អាហារ ) ។

  • តើ​ប៉ុល​បាន​បង្រៀន​អ្វីខ្លះ​ពី​រូបកាយ​របស់​យើង ? ( កាល​ពួក​កូរិនថូស​ជាច្រើន​ទំនង​ជា​ជឿ​ថា រូបកាយ​ត្រូវបាន​បង្កើត​ឡើង​សម្រាប់​តែ​ភាពសប្បាយត្រេកត្រអាល​ខាង​រូបកាយ​ប៉ុណ្ណោះ នោះ​ប៉ុល​បាន​កែតម្រូវ​ទស្សនៈ​នោះ​ដោយ​បង្រៀន​ថា រូបកាយ​យើង​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​​សម្រេច​គោលបំណង​របស់​ព្រះអម្ចាស់ ) ។

សូម​សង្ខេប កូរិនថូស​ទី ១ ៦:១៤–១៧ ដោយ​ពន្យល់​ថា ជន​ដែល​ចូល​រួម​នឹង​សាសនាចក្រ​ បាន​រួបរួម​នឹង​ព្រះគ្រីស្ទ​ក្នុង​នាម​ជា « សមាជិក » ខាង​វិញ្ញាណ​នៃ​ព្រះកាយ​របស់​ទ្រង់ ។ ប៉ុល​ក៏​បាន​ពន្យល់​ផងដែរ​ថា រឿង​អសីលធម៌​ខាង​ផ្លូវ​ភេទ​គឺ​ជា​រឿង​មួយ​ដែល​មិន​ចុះ​សម្រុង​ជាមួយ​នឹង​ទំនាក់ទំនង​ខាង​វិញ្ញាណ​​ ជាមួយ​នឹង​ព្រះយេស៊ូវគ្រីស្ទឡើយ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កូរិនថូសទី១ ៦:១៨​ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​ថា ប៉ុល​បាន​បង្រៀន​ពួក​បរិសុទ្ធ​នៅ​កូរិនថូស​ឲ្យ​ធ្វើ​អ្វីខ្លះ។​ ( អ្នក​គួរ​ចង្អុល​បង្ហាញ​ថា ការ​បកប្រែ​ដោយ ​យ៉ូសែប ស្ម៊ីធ សម្រាប់ កូរិនថូស​ទី១ ៦:១៨ ផ្លាស់​ប្ដូរ​ឃ្លា « នៅ​ខាង​ក្រៅ​រូបកាយ » ទៅជា « ទាស់​នឹង​ព្រះកាយ​របស់​ព្រះគ្រីស្ទ » ) ។

  • តើ​ប៉ុល​បាន​បង្រៀន​ពួក​បរិសុទ្ធ​នៅ​កូរិនថូស​ឲ្យ​ធ្វើ​អ្វីខ្លះ ?

  • តើ​ប៉ុល​បាន​បង្រៀន​សេចក្ដីពិត​អ្វីខ្លះ​អំពី​ជន​ដែល​ប្រព្រឹត្ត​​សហាយ​ស្មន់ ? ( អ្នក​គួរ​អញ្ជើញ​សិស្ស​ឲ្យ​គូស​ចំណាំ​ពាក្យ​នៅក្នុងខទី ១៨​​ដែល​បង្រៀន​ពី​សេចក្ដីពិត​ដូច​ខាង​ក្រោម ៖ ជន​ដែល​ប្រព្រឹត្ត​សហាយ​ស្មន់​នឹង​គ្នា នោះ​ឈ្មោះ​ថា​ធ្វើ​បាប​ដល់​រូបកាយ​ខ្លួន​ឯង ) ។

សូម​ពន្យល់​ថា បន្ទាប់​មក​ទៀត ប៉ុល​បាន​បង្រៀន​ពី​ហេតុផល​ដែល​ការ​សហាយ​ស្មន់ ឬ​ភាព​អសីលធម៌​ខាង​ផ្លូវ​ភេទ គឺជា​អំពើបាប​មួយ​ដែល​មាន « ឈ្មោះ​ថា ធ្វើ​បាប​ដល់​ [ រូបកាយ​ ] ខ្លួន​ឯង » ។

សូមរំឭក​សិស្ស​ថា កូរិនថូស​ទី ១ ៦:១៩–២០ គឺជាវគ្គចំណេះចំណានខគម្ពីរមួយ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កូរិនថូសទី១ ៦:១៩ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​ថា ប៉ុល​បាន​ប្រៀប​ធៀប​រូបកាយ​យើង​ទៅ​នឹង​អ្វី ។

  • តើ​ប៉ុល​បាន​ប្រៀប​ធៀប​រូបកាយ​យើង​ទៅ​នឹង​អ្វី ?

សូម​ដាក់​តាំង​រូប​ភាព​នៃ​ព្រះវិហារ​បរិសុទ្ធ​មួយ ។

  • តើ​ព្រះវិហារ​បរិសុទ្ធ និង​អគារ​ផ្សេង​ទៀ​តខុស​គ្នាយ៉ាង​ដូចម្តេច ?

  • តើ​អ្នក​នឹង​សង្ខេប​សេចក្ដីពិត​ ដែល​ប៉ុល​បាន​បង្រៀន​នៅក្នុង​ខទី ១៩ យ៉ាង​ដូចម្ដេច ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង ប៉ុន្តែ​ពួកគេ​គួរ​ស្គាល់​ពី​គោលលទ្ធិ​ខាងក្រោម​នេះ ៖ រូបកាយ​យើង​គឺជា​ព្រះវិហារ​បរិសុទ្ធ​របស់​ព្រះ ​ដែល​ព្រះវិញ្ញាណ​អាច​គង់​នៅ ) ។

  • តើ​ការ​យល់​ដឹង​ថា រូបកាយ​របស់​យើង​គឺជា​ព្រះវិហារ​បរិសុទ្ធ​អាច​ជះឥទ្ធិពល​ដល់​ការ​ប្រព្រឹត្ត​របស់​យើង​ទៅលើ​រូបកាយ​របស់​យើង និង​រូបកាយ​របស់​មនុស្ស​ដទៃ​ទៀត​យ៉ាង​ដូចម្ដេច​ដែរ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន​ឮៗ​នូវ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។ ចូរ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​រក​គំនិត​​បន្ថែម​ទៀត​អំពី​​របៀប​ដែល​ការ​យល់​ដឹង​ថា រូបកាយ​របស់​យើង​គឺជា​ព្រះវិហារ​បរិសុទ្ធ​នៃ​ព្រះ​​ អាច​ជះ​ឥទ្ធិពល​ទៅលើ​ការ​ប្រព្រឹត្ត​របស់​យើង​ទៅលើរូបកាយ​នេះយ៉ាង​ដូចម្ដេច ។

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

« ដោយ​ទទួល​ស្គាល់​សេចក្ដី​ពិត​ទាំងនេះ [ នៅ​ក្នុង កូរិនថូសទី ១ ៦:១៩–២០​ ] … យើង​នឹង​មិន​ធ្វើ​ឲ្យ​រូបកាយ​របស់​យើង​ខូច​ខាត​ដោយសារ​ការ​សាក់​ខ្លួន ឬ​ធ្វើ​ឲ្យ​ចុះ​ខ្សោយ​ដោយ​សារ​​ការ​ប្រើ​ថ្នាំ ឬ​ប្រមាថ​វា​ដោយសារ​ការ​សហាយ​ស្មន់ អំពើកំផិត ឬ​រឿង​អសីលធម៌​នោះ​ឡើយ ។ … ដោយសារ​រូបកាយ​យើង​គឺជា​ឧបករណ៍​សម្រាប់​វិញ្ញាណ​យើង នោះ​វា​ជា​រឿង​ដ៏សំខាន់​ដែល​យើង​ត្រូវ​​ថែរក្សា​វា​ឲ្យ​អស់​ពីលទ្ធភាព ។ យើង​គួរ​គិត​ឲ្យ​បាន​ដិត​ដល់​ពី​អំណាច​របស់​វា​នៅ​ក្នុង​ការ​បម្រើ ហើយ​ជួយ​ជម្រុញ​ដល់​កិច្ច​ការ​របស់​ព្រះគ្រីស្ទ » ( « Reflections on a Consecrated Life »​ EnsignLiahona ខែ​វិច្ឆិកា ឆ្នាំ​ ២០១០ ទំព័រ ១៧ ) ។

  • តើ​អ្នក​គិត​ថា ប៉ុល​ចង់​មាន​ន័យ​ដូចម្ដេច​​ ពេល​ពោល​ថា « អ្នក​រាល់គ្នា​មិន​មែន​ផង​ខ្លួន​ទេ » នៅ​ក្នុង កូរិនថូសទី ១ ៦:១៩ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កូរិនថូសទី១ ៦:២០​ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រក​មើល​​ពី​មូលហេតុ​ដែល​រូបកាយ​យើង​ពុំ​មែន​ជា​របស់​ផង​យើង ។

  • តើ​ឃ្លាអ្វី​ទៅ​ដែល​បង្ហាញ​ពី​ហេតុផល​ថា​រូបកាយ​យើង​ពុំ​មែន​ជា​របស់ផង​​យើង ? ( សូម​ពន្យល់​ថា​ឃ្លា « ចេញ​ថ្លៃ​លោះ » មាន​ន័យ​ថា ការ​ប្រោស​លោះ ឬ​ការ​នាំ​ត្រឡប់​មក​វិញ​តាមរយៈ​ដង្វាយ​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ) ។

  • តើអ្នក​នឹង​សង្ខេប​សេចក្ដីពិត​នៅក្នុង​ខ​ទី ១៩–២០ យ៉ាង​ដូច​ម្ដេច ? ( បន្ទាប់ពីសិស្ស​ឆ្លើយ​តប សូម​ជួយ​ពួកគេ​ឲ្យស្គាល់នូវ​សេចក្ដីពិត​ដូច​ខាង​ក្រោម ៖ ដោយសារ​ដង្វាយ​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ចេញ​ថ្លៃ​លោះ​យើង នោះ​រូបកាយ​យើង​ពុំ​មែន​ជា​របស់ផង​​យើង​ឡើយ ) ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ឮៗ​មកពី​​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

« សូម​កុំ​ពោលថា ‹ តើ​វា​ធ្វើ​ឲ្យ​នរណា​ឈឺចាប់ ? ហេតុអ្វី​មាន​សេរីភាព​បន្តិច​ក៏​មិន​បាន ? ខ្ញុំ​អាច​ធ្វើ​អំពើ​រំលង​នៅ​ពេល​នេះ ហើយ​ចាំ​ប្រែ​ចិត្ត​នៅ​ពេល​ក្រោយ ។ សូម​កុំ​ឆោតល្ងង់​ ហើយ​គ្មាន​មេត្តា​បែប​នេះ ។ បងប្អូន​មិន​អាច​គ្មាន​ទោស ដោយ ‹ ឆ្កាង​ព្រះគ្រីស្ទ › បាន​ទេ [ សូមមើល ហេព្រើរ ៦:៦ ] ។ គោលលទ្ធិ និង សេចក្តីសញ្ញា​បន្ថែម​ថា ‹ រត់​ពី​ការ​សហាយ​ស្មន់ › [ កូរិនថូសទី ១ ៦:១៨ ] ប៉ុល​បាន​យំ ហើយ​រត់​គេច​ខ្លួន​​មិន ‹ ប្រព្រឹត្ត​​អំពើ​អ្វី​ដូច​នោះ​ឲ្យ​សោះ ›គ. និង ស. ៥៩:៦​ការ​គូស​បញ្ជាក់​បាន​បន្ថែម ] ។ ហេតុអ្វី ? ពិតណាស់ ដោយសារ​ហេតុផល​មួយ គឺ​ដោយសារ​ការ​រងទុក្ខ​ទាំង​ខាង​រូបកាយ និង​ខាង​វិញ្ញាណ​ដ៏​មិន​អាច​គណនា​បាន​ ដែល​ព្រះអង្គ​សង្គ្រោះ​នៃ​លោកិយ​បាន​ស៊ូទ្រាំដើម្បី​ឲ្យ​យើង អាច រួច​ខ្លួន [ សូមមើល ​ជា​ពិសេសក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:១៥–២០ ] ។ យើង​ជំពាក់​គុណ​ទ្រង់​ចំពោះ​រឿង​នោះ ។ ពិតណាស់ យើង​ជំពាក់​គុណទ្រង់​គ្រប់​យ៉ាង​សម្រាប់​រឿង​នោះ » ( « Personal Purity » Ensign ខែ ​វិច្ឆិកា ឆ្នាំ ​១៩៩៨ ទំព័រ ៧៦ ) ។

  • តើ​ការ​ចងចាំ​ថា​ រូបកាយ​យើង​ពុំ​មែន​ជា​របស់​យើង​អាច​ជះឥទ្ធិពល​ដល់​ការ​ជ្រើស​រើស​របស់​យើង​ទាក់ទង​នឹង​រូបកាយ​របស់​យើង​យ៉ាង​ដូចម្ដេច ?

សូម​ឲ្យ​សិស្ស​មើល​រូបភាព​ផ្លែ​ឈើ​ស្រស់​មួយ​ចំណិត​ ដែល​ហ៊ុម​ព័ទ្ធ​ដោយ​ផ្លែ​ឈើ​រលួយ​នៅ​លើ​ក្ដារខៀន ។

  • តើ​ការ​យល់ដឹង​សេចក្ដី​ពិត​ទាំង​នេះ​អំពី​រូប​កាយ​យើង ​អាច​ជួយ​យើង​ឲ្យ​បន្ត​មាន​ភាព​បរិសុទ្ធ​បាន​ដោយ​របៀប​ណា នៅ​ពេល​យើង​ត្រូវ​បានហ៊ុម​ព័ទ្ធ​ទៅ​ដោយ​អំពើ​ទុច្ចរិត​នោះ ?

ចូរ​ថ្លែង​ទីបន្ទាល់អំពី​សេចក្ដីពិត​ដែល​អ្នក​បាន​ពិភាក្សា​ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹង​គិត​ពី​អារម្មណ៍ ឬ​ការ​បំផុស​គំនិត​ដែល​ពួកគេ​បាន​ទទួល​នៅ​ក្នុង​មេរៀន​នេះ ហើយ​ធ្វើ​តាម​ការ​បំផុស​គំនិត​ទាំងនោះ ។

មេរៀន​បន្ទាប់ ( កូរិនថូស​ទី ១ ៧–១៤ )

សូម​ពន្យល់​ដល់​សិស្ស​ថា ព្រះវរបិតាសួគ៌​បាន​ប្រទាន​អំណោយទាន​ខាង​វិញ្ញាណ​ដល់​ពួកគេ​ម្នាក់ៗ​​​យ៉ាង​ហោច​ណាស់​មួយ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​សិក្សា​មេរៀន​បន្ទាប់​ដោយ​រក​មើល​ថា ​មាន​អំណោយទាន​វិញ្ញាណ​មួយ​ចំនួនអ្វីខ្លះ​​ ដែល​ព្រះវរបិតា​សួគ៌​បាន​ប្រទាន​ដល់​កូនចៅ​របស់​ទ្រង់ ។ សូម​ប្រាប់​ពួកគេ​ថា សាវក​ប៉ុល​បាន​បង្រៀន​ថា សូម្បី​តែ​លោក​ក៏បាន​លះបង់​នូវ​​រាល់​ទ្រព្យ​សម្បត្តិ​របស់​លោកដើម្បី​ជួយ​ដល់​ជន​ក្រីក្រ ហើយ​ប្រគល់ខ្លួន​លោកឲ្យគេដុត​ក៏​ដោយ ប៉ុន្តែ​ប្រសិន​បើ​លោក​​គ្មាន​អំណោយ​ទាន​ជាក់​លាក់​មួយ​ទេ នោះ​លោក​គ្មាន​អ្វី​ទាំង​អស់ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​ពី​អំណោយទាន​ដែល​ពួកគេ​មាន ។