បណ្ណាល័យ
មេរៀន​សិក្សា​នៅ​ផ្ទះ ៖ ម៉ាថាយ ២៦:៣១- ម៉ាកុស ៣:៣៥ ( មេរៀនទី ៧ )


មេរៀន​សិក្សា​នៅ​ផ្ទះ

ម៉ាថាយ ២៦:៣១ ម៉ាកុស ៣:៣៥ ( មេរៀនទី ៧ )

ការរៀបចំ​សម្ភារ​សម្រាប់​គ្រូបង្រៀន​​សម្រាប់​ការ​​សិក្សា​នៅ​ផ្ទះ

សេចក្ដី​សង្ខេប​នៃ​មេរៀន​សិក្សា​នៅ​ផ្ទះ​ប្រចាំ​ថ្ងៃ

សេចក្ដី​សង្ខេប​ខាងក្រោម​នៃ​ព្រឹត្តិការណ៍ និង​គោលការណ៍​ដែល​សិស្ស​បាន​រៀន នៅពេល​ពួកគេ​បាន​សិក្សា ម៉ាថាយ ២៦:៣១ម៉ាកុស ៣ ( មេរៀន​ទី ៧ ) ពុំ​មែន​ត្រូវ​យក​មក​បង្រៀន​ជា​ផ្នែកមួយ​នៃ​មេរៀន​របស់​អ្នក​នោះ​ទេ ។ មេរៀន​ដែល​អ្នក​បង្រៀន ផ្ដោត​តែ​លើ​គោលលទ្ធិ និង គោលការណ៍​​ពីរបី​ប៉ុណ្ណោះ ។ សូម​ធ្វើ​តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅ ពេល​អ្នក​គិត​ពី​តម្រូវការរបស់​សិស្ស ។

ថ្ងៃ​ទី ១ ( ម៉ាថាយ ២៦:៣១-៧៥ )

នៅពេលសិស្ស​សិក្សា​អំពី​ការរងទុក្ខ​របស់ព្រះយេស៊ូវ​នៅ​ក្នុង​សួន​ច្បារ​គែតសេម៉ានី ពួកគេ​បានរៀន​ថា ព្រះ​យេស៊ូវ​​គ្រីស្ទ បានដាក់​ព្រះឆន្ទៈរបស់​ទ្រង់​ចុះចូល​តាម​ព្រះទ័យ​របស់ព្រះបិតា ដើម្បីសម្រេច​នូវដង្វាយធួន ហើយ​ថា​យើង​ធ្វើតាម​គំរូរបស់ព្រះយេស៊ូវ​គ្រីស្ទ នៅពេល​យើង​ជ្រើសរើស​ដើម្បី​ដាក់​ឆន្ទៈ​របស់​យើង​ចុះចូល​តាម​ព្រះទ័យ​របស់ព្រះវរបិតាសួគ៌ ។ ចេញមកពី​ការ​ណែនាំ​របស់ព្រះអង្គសង្គ្រោះ​ទៅកាន់​ពួកសាវក​នៅក្នុង​សួន​គែតសេម៉ានី សិស្ស​បានរៀន​ថា​ប្រសិនបើ​យើង​មើល និង​អធិស្ឋាន​ជា​និច្ច ដែល​យើង​នឹង​មានកម្លាំង ​ដើម្បី​ទប់ទល់​នឹង​ការល្បួង ។

ថ្ងៃ​ទី ២ ( ម៉ាថាយ ២៧-២៨ )

ចេញមកពីដំណើររឿង​​ការ​ឆ្កាង​របស់ព្រះអង្គសង្គ្រោះ នោះ​សិស្ស​បានរៀន​ថា ជាចំណែក​នៃ​ដង្វាយធួន នោះ​ព្រះយេស៊ូវ​គ្រីស្ទ​បានញាណ​ដឹង អំពី​ការយាងចេញ​នៃ​ព្រះវិញ្ញាណ​របស់​ព្រះវរបិតាសួគ៌ ។ ពួកគេ​ក៏បាន​រៀនផងដែរ​ថា ព្រះយេស៊ូវ​គ្រីស្ទបានរង​ទុក្ខ​ ដើម្បី​បំពេញ​តាម​ព្រះទ័យ​របស់​ព្រះវរបិតាសួគ៌ ដូច​ដែលទ្រង់បាន​សន្យា​នៅក្នុងម៉ាថាយ ២៦។ ហើយ​នៅពេល​សិស្ស​សិក្សា​ដំណើរ​រឿង​អំពី​វាំងនន​របស់​ព្រះវិហារបរិសុទ្ធ​រហែក​ជា​ពីរ ​នៅ​ពេល​ព្រះអង្គសង្គ្រោះ​សុគត នោះពួកគេ​បានរៀនថា វា​ជា​និមិត្តសញ្ញា​អំពី​​សេចក្ដីពិត​ថា ដោយសារ​តែ​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នោះយើង​ទាំងអស់គ្នាអាច​ចូល​ទៅក្នុង​វត្តមាន​របស់ព្រះ ប្រសិនបើ​យើងប្រែចិត្ត ហើយរក្សា​សេចក្ដីសញ្ញា​ទាំងឡាយ​របស់​យើង ។

ថ្ងៃ​ទី ៣ ( ម៉ាកុស ១ )

ចេញមកពី​ដំណើរ​រឿង​របស់ព្រះយេស៊ូវ​បណ្ដេញ​វិញ្ញាណ​អសោច នោះសិស្ស​បាន​រៀន​ថា ព្រះអង្គ​សង្គ្រោះ​មានព្រះ​ចេស្ដា​លើ​អារក្ស និង​អ្នកដើរ​តាម​របស់​វា ។ សិស្ស​ក៏បាន​រៀន​ផងដែរថា ក៏ដូចជាព្រះយេស៊ូវ​មានក្ដី​មេត្តាករុណា និង​បាន​ព្យាបាល​មនុស្ស​ឃ្លង់ នៅពេល​យើង​អនុវត្ត​សេចក្ដីជំនឿ ហើយ​មករកព្រះអង្គសង្គ្រោះ នោះ​ទ្រង់នឹង​មាន​ក្ដីមេត្តា​ចំពោះ​យើង​ ហើយសម្អាត​​យើងពីអំពើបាប ។

ថ្ងៃ​ទី ៤ ( ម៉ាកុស ២-៣ )

នៅពេលសិស្ស​សិក្សា​អំពីការ​អភ័យទោស និងការ​ព្យាបាល​អំពី​បុរស​ខ្វិន នោះពួកគេ​បានរៀន​ថា ព្រះយេស៊ូវ​គ្រីស្ទ មានព្រះចេស្ដា​ដើម្បីព្យាយបាល​យើង​ខាងវិញ្ញាណ និង​ខាង​រូបកាយ ។ នៅពេល​ពួកគេ​បានសិក្សា​អំពី​ព្រះយេស៊ូវ​បានសោយ​អាហារ​ជាមួយនឹង​អ្នកយកពន្ធ និង​មនុស្ស​មានបាប នោះពួកគេ​បាន​រៀនថា ព្រះអង្គ​សង្គ្រោះ​មានក្ដីប្រាថ្នា​ចង់ជួយ​យើង​ប្រែចិត្ត​ពីអំពើបាប​របស់យើង ហើយ​ត្រូវ​បានជាសះស្បើយ​ ។ នៅពេលពួកគេអាន​អំពី​គ្រា​ដែល​ពួកផារិស៊ី បាន​ដាក់​ទោសដល់ព្រះយេស៊ូវ និង​ពួកសិស្ស​របស់ទ្រង់​ចំពោះការ​មិនគោរព​ថ្ងៃ​ឈប់សម្រាក នោះ​សិស្ស​បានរៀន​ថា យើងអាច​រក្សា​ថ្ងៃ​ឈប់​សម្រាក​ឲ្យបរិសុទ្ធ​តាមរយៈ​ការ​សរសើរ​តម្កើង​ដល់ព្រះ និងការ​ធ្វើកិច្ចការ​ល្អ ។

សេចក្ដីផ្ដើម​

ព្រះយេស៊ូវ​គ្រីស្ទបានរស់ឡើងវិញ ហើយបាន​បង្ហាញ​ព្រះកាយ​ដល់​បុគ្គលជាច្រើន រួមទាំង​ពួកសាវក​របស់ទ្រង់ ។ ទ្រង់​បាន​បញ្ជា​ដល់ពួកសាវក​របស់ទ្រង់​ឲ្យ​​នាំ​យក​ដំណឹងល្អ​របស់​ទ្រង់​ដល់​គ្រប់​ជាតិ​សាសន៍ ។

យោបល់​សម្រាប់​ការបង្រៀន

ម៉ាថាយ ២៨

ព្រះយេស៊ូវ​គ្រីស្ទបានមានព្រះជន្មរស់ឡើងវិញ ហើយ​បា​ន​បង្ហាញ​ព្រះកាយដល់​មនុស្ស​ជាច្រើន

ចូរ​សុំ​ឲ្យ​សិស្ស​គិត​ថាតើ​ពួកគេ ឬនរណា​ម្នាក់​ដែលពួកគេ​ស្គាល់ មាន​នរណា​ម្នាក់​ដែលជិត​ដិត​នឹង​ពួកគេ​បាន​ស្លាប់ ។ បន្ទាប់មក សូម​សួរ​សិស្ស ៖

  • ហេតុអ្វី​សេចក្ដីស្លាប់​របស់មនុស្ស​ជាទីស្រឡាញ់​ម្នាក់ ជាការលំបាក​សម្រាប់​យើង ?

ចូរ​សុំ​ឲ្យ​សិស្ស​ស្វែងរក​សេចក្ដីពិត នៅពេលពួកគេ​សិក្សាម៉ាថាយ ២៨ដែល​នឹង​ជួយពួកគេ​រកបាន​ភាពលួងលោមចិត្ត នៅពេល​មនុស្ស​ជាទីស្រឡាញ់ម្នាក់​បានស្លាប់ ។

ចូរ​ពន្យល់​ថា នៅព្រឹក​​​ថ្ងៃដំបូង​នៃ​សប្ដាហ៍--ថ្ងៃអាទិត្យ​--​ម៉ារា ម៉ាក់ដាឡា និង​ស្ត្រី​ម្នាក់ទៀត​​ដែលមានឈ្មោះ​ថា ម៉ារា បាន​ទៅ​ផ្នូរ ជាកន្លែង​ដែល​ដាក់ព្រះសព​របស់​ព្រះយេស៊ូវ ។

សូមអញ្ជើញ​​​ឲ្យ​សិស្ស​ពីរ​បី​នាក់​ប្ដូរវេន​គ្នា​អាន​ឮៗ​ពី ម៉ាថាយ ២៨:១-៦ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​ ហើយ​រកមើលអ្វី​​ដែលស្ត្រី​​បានរក​ឃើញ នៅពេលពួកគេ​បានទៅដល់​​ផ្នូរ​នោះ ។

  • តើ​ស្ត្រី​ទាំងនោះ​បានរកឃើញ​អ្វីខ្លះ ពេល​ពួកគេ​បាន​ទៅដល់​​ផ្នូរ​​ ? ( សូមពន្យល់​ថា ការបកប្រែ​របស់​យ៉ូសែប ស្ម៊ីធ សម្រាប់​ខគម្ពីរ​ទាំងនេះ បញ្ជាក់ថា ពួកស្ត្រី​​បានឃើញទេវតា​ពីរអង្គ ពុំ​មែន​មួយ​អង្គទេ [សូមមើល យ៉ូហាន ២០:១២]) ។

  • តើ​អ្នក​គិតថា​អ្នកនឹង​មានប្រតិកម្ម​យ៉ាងណា ប្រសិនបើ​អ្នកបាន​ឃើញ​ទេវតា​ពីរអង្គនោះ ?

  • យោងតាមខទី ៤តើ​ពួកអ្នកយាម​មានប្រតិកម្ម​យ៉ាងដូចម្ដេច ?

  • យោង​តាម ខទី ៥-៦តើពួកទេវតា​បានប្រាប់​អ្វីខ្លះ​ដល់ស្ត្រី​ទាំងនោះ ?

  • តើ​សេចក្ដីពិត​អ្វី​ខ្លះ ដែល​យើង​អាច​រៀនមក​ពីពាក្យ​​ទាំងនេះ ? ( បន្ទាប់​ពី​សិស្ស​ឆ្លើយ​សូម​សរសេរ​សេចក្ដីពិត​ខាង​ក្រោម​នេះ​នៅ​លើ​ក្ដារ​ខៀន ៖ ព្រះយេស៊ូវ​បាន​រស់ឡើង​វិញ​ពី​ការសុគត ​)​

ដើម្បីជួយសិស្ស​យល់​គោលលទ្ធិ​នៃការ​រស់ឡើងវិញ សូម​បំបែក​ពួកគេ​ជាក្រុមៗ​មាន​គ្នាពីរ​នាក់ ឬ​បីនាក់ ហើយ​អញ្ជើញពួកគេ​ឲ្យ​បំពេញឯកសារ​ចែកចាយ​ដែលដាក់អមបន្ថែម​ នៅក្នុង​ក្រុមរបស់​ពួកគេ ។

រូបភាព
handout, He is risen

« ទ្រង់រស់ឡើងវិញ » (ម៉ាថាយ ២៨:៦)

សៀវភៅសិក្សា​គម្ពីរ​សញ្ញាចាស់ថ្នាក់សិក្ខាសាលា​សម្រាប់​គ្រូបង្រៀន—មេរៀន​សិក្សា​នៅផ្ទះ ( មេរៀនទី ៧ )

សូមសិក្សាចំណងជើង​« ការរស់ឡើង​វិញ »​​ នៅក្នុង​វនានុក្រម​គម្ពីរ​ប៊ីប ។ បន្ទាប់​មក​​ពីភាក្សា​អំពី​សំណួរ​ដូចខាង​ក្រោម ហើយ​កត់​ត្រា​ចម្លើយ​របស់អ្នកនៅក្នុង​ចម្លោះ​ដែល​បានផ្ដល់ឲ្យ ។

តើ​មានភាព​ខុសគ្នា​អ្វីខ្លះ​រវាង​ការ​ត្រូវបាន​ប្រោស​ឲ្យរស់ពី​សេចក្ដីស្លាប់ និង​ការ​ត្រូវ​បាន​រស់ឡើងវិញ ?

តើនឹងមានអ្វីកើតឡើង​ចំពោះ​មនុស្ស​លោកគ្រប់រូប ដែលជា​ល​ទ្ធផល​មួយ​មកពី​ការ​រស់ឡើងវិញ​របស់ព្រះ​យេស៊ូវ​គ្រីស្ទ ?

តើ​ការ​យល់ដឹង​អំពីគោលលទ្ធិ​នៃ​ការ​រស់ឡើងវិញ​អាច​ផ្ដល់​នូវការ​លួងលោម​ចិត្ត​ដល់អ្នកទាំងឡាយ​ដែលបាន​បាត់បង់​មនុស្សជាទីស្រឡាញ់​យ៉ាង​ដូចម្ដេច ?

ចូរ​សុំ​ឲ្យសិស្ស​ពីរបីនាក់​រាយការណ៍ទៅ​សិស្ស​ក្នុងថ្នាក់​អំពី​អ្វី​ដែលពួក​គេ​បាន​រៀន តាមរយៈ​ការ​បំពេញ​ឯកសារ​ចែកចាយ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​ឲ្យ​ឮៗ ដោយ​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ៖

រូបភាព
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

« អព្ភូតហេតុ​នៅព្រឹក​នៃ​ការ​រស់ឡើងវិញ​នោះ ជា​ថ្ងៃអាទិត្យ​បុណ្យអ៊ីស្ទើរ​ដំបូង គឺជា​អព្ភូតហេតុ​​មួយ​​សម្រាប់​មនុស្ស​លោក​គ្រប់រូប ។ វា​គឺជា​អព្ភូតហេតុ​នៃ​ព្រះចេស្ដា​របស់ព្រះ ជា​ព្រះរាជបុត្រា​សំណប់ បាន​ប្រទានជីវិត​របស់ទ្រង់​ដើម្បី​ធ្វើឲ្យធួន​ចំពោះ​អំពើបាប​នៃ​មនុស្ស​ទាំងអស់ ជាពលិកម្ម​នៃ​ក្ដីស្រឡាញ់សម្រាប់​បុត្រា និងបុត្រី​គ្រប់រូប​របស់ព្រះ ។ នៅក្នុងការ​ធ្វើដូច្នោះ ទ្រង់បាន​បំបាក់​ចំណង​នៃ​សេចក្ដីស្លាប់ ។ …

« ហើយ​ក៏ដូចជា​ទ្រង់បាន​យកព្រះកាយរបស់ទ្រង់មក​វិញ ហើយ​យាង​ចេញពី​ផ្នូរ នោះ​យើងទាំងអស់​គ្នា​នឹង​រីក​រាយ​ចំពោះ​ការ​រួបរួម​នៃ​រូបកាយ និងវិញ្ញាណ​ដើម្បី​ក្លាយ​​ជា​មនុស្ស​រស់​នៅក្នុង​ថ្ងៃ​នៃការ​រស់ឡើងវិញផ្ទាល់​ខ្លួន​របស់​យើង​ផងដែរ ។

« ហេតុដូច្នោះហើយ យើង​រីករាយ ដូចជា​មនុស្សជាច្រើន​ផងដែរ ហើយ​ក៏ដូចជា​មនុស្ស​គ្រប់រូប​ផងដែរ នៅពេល​យើងចងចាំ​អំពី​ព្រឹត្តិការណ៍​ដ៏​រុងរឿង​បំផុត ដ៏​លួងលោមចិត្ត​បំផុត ដ៏​អះអាង​បំផុត​នៃ​គ្រប់ព្រឹត្តការណ៍​ទាំងអស់​ក្នុងប្រវត្តិសាស្ត្រ​មនុស្ស—​គឺជា​ជោគជ័យ​ឈ្នះលើ​សេចក្ដីស្លាប់ » (« The Victory over Death »Ensign,ខែ មេសា ឆ្នាំ ១៩៩៧ ទំព័រ ៤ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ២៨:៧-១០ ឲ្យ​ឮៗ ។ ចូរ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​អ្វី​ដែល​ស្ត្រីៗ​នៅ​ឯផ្នូរ​របស់ព្រះយេស៊ូវ​ត្រូវ​បាន​ប្រាប់​ឲ្យធ្វើ ។

  • យោង​តាម ខទី ៧តើ​ពួក​ទេវតា​បញ្ជា​ឲ្យ​ស្ត្រី​ទាំងនោះ​ធ្វើ​អ្វី​ខ្លះ ?

  • ហេតុអ្វី​ក៏អ្នកគិត​ថា ស្ត្រី​ទាំងនោះ​បានចាកចេញ « ទាំង​ភ័យ ហើយ​មាន​សេចក្តី​អំណរ​ជា​ខ្លាំង​ផង » ដូច្នេះ ?​ ( ម៉ាថាយ ២៨:៨ ) ។

  • តើ​មានអ្វីកើតឡើង​ចំពោះស្ត្រីទាំងនោះ នៅពេល​ពួកគេ​បានទៅប្រាប់​ដល់ពួកសិស្ស​អំពីបទពិសោធន៍​របស់ពួកគេ ?

ចូរ​សង្ខេបម៉ាថាយ ២៨:១១-១៥​ដោយ​ពន្យល់​ថា ខណៈ​ដែល​ស្ត្រីទាំងនោះ​ប្រញាប់​ទៅ​ប្រាប់​ដំណឹង​ដល់ពួកសិស្ស​អំពី​ការ​រស់ឡើងវិញ​របស់ព្រះ​យេស៊ូវ​ នោះ​ពួក​មេសង្ឃ​បានស្ដាប់ឮ​អំពី​អ្វីដែលបាន​កើតឡើង​មកពី​ពួកទាហាន​ដែលបានចាំយាម​ផ្នូរ ។ ពួកអ្នកដឹកនាំ​សាសន៍​យូដា​បានភ័យ​ខ្លាច​ថា​មនុស្ស​អាច​ដឹង​អំពី​សេចក្ដីពិត នោះ​ពួកគេ​បាន​ឲ្យ​ប្រាក់​ដល់អ្នកយាម​ឲ្យ​និយាយ​រឿង​កុហក​ថា ពួកសិស្ស​របស់​ព្រះអង្គសង្គ្រោះ​បាន​យក​ព្រះសព​​របស់ទ្រង់​ចេញពី​ផ្នូរ​ខណៈ​ដែល​អ្នកយាម​កំពុង​ដេកលក់ ។

ចូរ​សុំ​ឲ្យ​សិស្ស​ម្នាក់​អាន ម៉ាថាយ ២៨:១៦-១៨ ឮៗ ។ សូមអញ្ជើញសិស្ស​ឲ្យ​ផ្ទៀងតាម ហើយរកមើល​នូវពរជ័យ​ដែល​កើតមាន​ដល់​សាវក​ដប់​មួយ​នាក់ ពេលពួកគេ​បានគោរព​តាម​សារដែល​ស្ត្រីទាំងឡាយ​បាន​ប្រាប់ពួកគេ ហើយបាន​ចេញ​ទៅ​​ស្រុក​កាលីឡេ ។

  • តើ​មានពរជ័យអ្វីខ្លះ​កើត​មានដល់ពួកសាវក​ដប់មួយ​នាក់ ដោយសារ​តែ​ពួកគេ​បាន​គោរព​តាម​​សារ​ឲ្យចេញ​ទៅ​ស្រុក​កាលីឡេ​នោះ ? ( ពួកគេ​បាន​មើលឃើញ​ព្រះអម្ចាស់​ដែលរស់ឡើងវិញ​ ) ។

សូមអញ្ជើញសិស្ស​ឲ្យ​ក្រោកឈរ ហើយអាន​ម៉ាថាយ ២៨:១៩-២០ឮៗ​ជាមួយ​គ្នា ។ សូមរំឭក​ពួកគេថា នេះ​គឺជា​ចំណេះចំណាន​បទគម្ពីរមួយ ។

ចូរ​សុំ​ឲ្យសិស្ស​ក្នុងថ្នាក់​រំឭកខទី ១៩-២០ស្វែងរក​នូវអ្វី​ដែល​ព្រះអង្គសង្គ្រោះ​បានបញ្ជា​ដល់ពួកសាវក​របស់ទ្រង់​ឲ្យធ្វើ បន្ទាប់ពីពួកគេ​បាន​ឃើញ​ទ្រង់ ។

  • តើ​ពួកសិស្ស​ត្រូវបាន​បញ្ជា​ឲ្យធ្វើអ្វីខ្លះ បន្ទាប់ពីពួកគេ​បាន​មើល​ឃើញ​ព្រះអង្គសង្គ្រោះ​?

  • តើយើងអាច​រៀន​អ្វីខ្លះមកពី​បទពិសោធន៍​របស់ពួកគេ​អំពី​ទំនួលខុសត្រូវ​ដែលយើងមាន នៅពេលយើង​ទទួល​បានទីបន្ទាល់​មួយអំពី​ព្រះយេស៊ូវ​គ្រីស្ទ? ( បន្ទាប់​ពី​សិស្ស​ឆ្លើយ​សូម​សរសេរ​គោលការណ៍​ខាង​ក្រោម​នេះ​នៅ​លើ​ក្ដារ​ខៀន ៖ នៅពេល​យើងទទួលបានទីបន្ទាល់​មួយអំពី​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើងមាន​ទំនួលខុសត្រូវ​ដើម្បី​ថ្លែងទីបន្ទាល់​អំពីទ្រង់​ចំពោះ​អ្នកដទៃ )

សូមរំឭកសិស្ស​ថា ជាផ្នែក​នៃមេរៀនសិក្សា​នៅផ្ទះរបស់​ពួកគេ​នៅក្នុងម៉ាថាយ ២៧-២៨​នោះ​ពួកគេ​បាន​សរសេរ​របៀប​ដែលពួកគេអាចថ្លែង​ទីបន្ទាល់អំពីព្រះយេស៊ូវ​គ្រីស្ទដល់អ្នកដទៃ ( កិច្ចការទី ៣ នៅក្នុងមេរៀនទី ៧ ៖ មេរៀន​ថ្ងៃទី ២ ) ។ សូមអញ្ជើញសិស្ស​ឲ្យចែកចាយនូវអ្វីដែលពួកគេ​បាន​សរសេរ ហើយពន្យល់ និង​ផ្ដល់​ឧទាហរណ៍​អំពី​គំនិត​របស់​ពួកគេ ។ អ្នក​អាច​កត់​ត្រា​គំនិត​ទាំងឡាយ​​របស់​ពួក​គេ​នៅ​លើ​ក្តារខៀន ។

  • ស្របតាមម៉ាថាយ ២៨:២០តើ​មាន​​ការសន្យាអ្វីខ្លះ​ដែលព្រះអង្គសង្គ្រោះ​បានប្រទាន​ដល់​ពួកសិស្សរបស់ទ្រង់ ?

  • តើតាមរបៀប​ណាខ្លះដែល​ព្រះអម្ចាស់​បាន « គង់នៅ​នឹង​​អ្នក » ឬ​បានជួយអ្នក​នៅក្នុង​កិច្ចខិតខំ​ដើម្បីចែក​ចាយ​ដំណឹងល្អ​ ?

សូម​ពិចារណា​ធ្វើការ​អញ្ជើញសិស្ស​ឲ្យចែកចាយទីបន្ទាល់​របស់ពួកគេ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ជាមួយនឹង​សិស្ស​នៅក្នុង​ថ្នាក់ ជាក្រុមតូចៗ ឬ​ជា​ដៃគូ ។ អ្នកក៏គួរតែចែកចាយ​ទីបន្ទាល់របស់​អ្នក​អំពី​​ព្រះយេស៊ូវគ្រីស្ទ​ជាមួយ​នឹង​សិស្ស​ក្នុងថ្នាក់ផងដែរ ។ សូមរំឭកសិស្ស​ថា ពួកគេ​ក៏បានសរសេរ​គោលដៅ​មួយនៅក្នុង​កិច្ចការ​សរសេរ​​កំណត់ហេតុ​ការ​សិក្សា​ព្រះគម្ពីរ ស្ដីអំពី​របៀប​ដែលពួកគេនឹង​ថ្លែង​ទីបន្ទាល់​ចំពោះអ្នកដទៃអំពីព្រះយេស៊ូវ​គ្រីស្ទ ។ សូម​អញ្ជើញ​សិស្ស​ពីរ​បីនាក់​ឲ្យ​ចែកចាយគោលដៅ​​របស់​ពួកគេ​ជា​មួយសិស្ស​នៅក្នុង​ថ្នាក់ ។

មេរៀន​បន្ទាប់ (ម៉ាកុស ៤-៩)

សូមពន្យល់​ដល់សិស្ស​ថា នៅក្នុងមេរៀនបន្ទាប់ នោះ​ពួកគេ​នឹង​រៀន​បន្ថែម​អំពី​អព្ភូតហេតុ​ដែលព្រះយេស៊ូវ​គ្រីស្ទ​បាន​ធ្វើ ដូចជា​ការ​យាង​ដើរ​នៅលើ​ទឹក ការ​បណ្ដេញ​​អារក្ស​ចេញពីបុរស​ម្នាក់ និងការ​ប្រោស​ក្មេង​ស្រី​ម្នាក់ពី​សេចក្ដីស្លាប់ ។ ចូរ​សួរ​ដល់សិស្ស​ប្រសិនបើ​ពួកគេ​ធ្លាប់​ស្ថិត​នៅក្នុង​ព្យុះ​ដ៏​ខ្លាំង​មួយ ហើយ​តើពួកគេ​នឹងមាន​អារម្មណ៍​យ៉ាងណា​ក្នុង​ពេលនោះ ។ សូមអញ្ជើញពួកគេ​ឲ្យពិចារណា​ថា​តើ​ពួកគេ​ធ្លាប់​មាន​អារម្មណ៍​ដូចជា​ពួកគេ​ស្ថិត​នៅក្នុងព្យុះ​ដ៏ខ្លាំង​ ឬ​ឧបសគ្គ​ធ្ងន់ធ្ងរ​ក្នុងជីវិត​ផ្ទាល់ខ្លួន​របស់ពួកគេឬទេ ។ នៅពេលពួកគេសិក្សាម៉ាកុស ៤–៩អំឡុង​សប្ដាហ៍​បន្ទាប់ សូមអញ្ជើញ​ពួកគេ​​ឲ្យ​រកមើល​នូវ​របៀប​ដើម្បីរកបាន​សេចក្ដីសុខ​សាន្ដ​​នៅក្នុង​គ្រាលំបាក​ទាំងឡាយ ។