បណ្ណាល័យ
មេរៀន​ទី ៨៣ ៖ កិច្ចការ ២


មេរៀន​ទី ៨៣

កិច្ចការ ២

សេចក្ដីផ្ដើម

ពួកសិស្ស​ត្រូវ​បាន​ពោរពេញ​ទៅ​ដោយ​ព្រះវិញ្ញាណបរិសុទ្ធ​នៅ​ថ្ងៃបុណ្យថ្ងៃ​ទី ៥០ ហើយ​ត្រូវ​បាន​ប្រទានពរ​ជាមួយ​នឹង​អំណោយទាន​​ខាងភាសា នៅពេល​ពួកគេ​បានផ្សាយ​ដំណឹង​ល្អ ។ ពេត្រុសបានប្រកាស​ថា ព្រះយេស៊ូវ គឺ « ​ធ្វើ​ជា​ព្រះអម្ចាស់ ហើយ​ជា​ព្រះគ្រីស្ទ​ផង » (កិច្ចការ ២:៣៦) ហើយ​បា​ន​អញ្ជើញ​មនុស្ស​ឲ្យប្រែចិត្ត ទទួល​បុណ្យជ្រមុជទឹក ហើយ​ទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ។ មនុស្ស​ប្រហែលជាបីពាន់​នាក់ ត្រូវ​បាន​ផ្លាស់ប្រែចិត្តជឿ ហើយ​ទទួលបុណ្យជ្រមុជ​ទឹក​នា​ថ្ងៃ​នោះ បន្ទាប់មក​ពួកគេ​បាន​បន្ដ​ស្មោះត្រង់​នៅក្នុង​សាសនាចក្រ ។

យោបល់​សម្រាប់​ការបង្រៀន

កិច្ចការ ២:១-១៣

ពួក​សិស្ស​នៃ​ព្រះយេស៊ូវ​គ្រីស្ទ បានពេញ​ដោយ​ព្រះវិញ្ញាណបរិសុទ្ធ​នៅ​ថ្ងៃ​បុណ្យថ្ងៃ​​ទី ៥០ ។

ចូរ​សុំ​ឲ្យ​សិស្ស​គិត​ អំពី​ឱកាស​ថ្មីៗ​បំផុត​ដែលពួកគេ​​ត្រូវ​និយាយ​នៅក្នុងព្រះវិហារ បង្រៀន​មេរៀន ឬ​ចែកចាយ​ដំណឹងល្អ​ជាមួយ​នរណា​ម្នាក់ ។

  • តើអ្វី​ខ្លះ​អាច​ជា​​បញ្ហាក្នុងការ​និយាយ​ ការបង្រៀន ឬ​ថ្លែង​ទីបន្ទាល់​ទៅដល់​អ្នកដទៃ​អំពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ?​

សូមអញ្ជើញសិស្ស​ឲ្យ​ស្វែងរក​សេចក្ដីពិត​មួយ ​នៅពេល​ពួកគេ​សិក្សា កិច្ចការ ២:១-១៣ដែល​នឹង​ជួយ​ពួកគេ​ នៅពេល​ពួកគេ​មានអារម្មណ៍​រន្ធត់ ឬ​ភ័យខ្លាច​ក្នុងការ​បង្រៀន និង​ថ្លែងទីបន្ទាល់​ទៅ​ដល់អ្នកដទៃ​អំពី​ដំណឹងល្អ​ដែល​បានស្ដារឡើងវិញ ។

ចូរ​ពន្យល់​ថា ប្រហែលជា​មួយសប្ដាហ៍​បន្ទាប់ពី​ព្រះអង្គសង្គ្រោះ​បាន​យាង​ទៅ​ស្ថានសួគ៌​វិញ នោះពួក​យូដា​មកពី​ជាតិសាសន៍​ជាច្រើន ​បាន​មក​ទីក្រុង​យេរូសាឡិម​ដើម្បីចូលរួម​នៅក្នុង​ពិធីជប់លៀង​បុណ្យថ្ងៃទី ៥០ និង​ដើម្បី​ថ្វាយបង្គំ​នៅព្រះវិហារ​បរិសុទ្ធ ហើយថ្លែង​អំណរគុណ​ដល់ព្រះអម្ចាស់ ។ ពិធីជប់លៀង​នេះ​ប្រារព្ធ​ឡើងនៅ​ថ្ងៃទី ៥០ បន្ទាប់ពី​ពិធី​ជប់លៀង​បុណ្យរំលង ហើយ​ប្រារព្ធ​នូវ​រដូវ​ចម្រូត​ដំបូង​គេ ( សូមមើល Guide to the Scriptures« Pentecost »scriptures.lds.org) ។

សូម​អញ្ជើញ​ឲ្យ​សិស្ស​ម្នាក់​អាន កិច្ចការ ២:១-៣ ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់ផ្ទៀងតាម ហើយ​រកមើល​ពីអ្វី​ ដែលពួកសិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ទទួលបទពិសោធន៍​នៅថ្ងៃ​នៃ​បុណ្យថ្ងៃទី ៥០ ។

  • តើ​ពួកសិស្ស​មានបទពិសោធន៍​អ្វីខ្លះ​នៅថ្ងៃ​នៃ​បុណ្យថ្ងៃទី ៥០ ? ( ការ​ចាក់ស្រោច​​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ) ។

  • តើការ​ចាក់​ស្រោច​នៃ​ព្រះវិញ្ញាណបរិសុទ្ធនេះ ​ត្រូវ​បាន​ពិពណ៌នា​យ៉ាង​ដូចម្ដេច ?

ចូរ​ពន្យល់​ថា ឃ្លា « អណ្ដាត​បែកចេញពីគ្នា » (ខទី ៣) សំដៅ​ទៅលើ​ភាសា ដែល​ត្រូវ​បាន​បែក​ចេញ​ជាពីរ ឬបំបែក ឬ​ដែល​បាន​លេច​ចេញ​ជា​អណ្ដាត​ភ្លើង ។ កាលពីបុរាណ ជាញឹកញាប់​ភ្លើង​បាន​តំណាង​ឲ្យ​វត្តមាន​ ឬ​ឥទ្ធិពល​របស់ព្រះ ។ នេះគឺជា​ទីសម្គាល់​មួយ​ថា ពួកសិស្ស​​​បានទទួលអំណោយទាន​នៃព្រះវិញ្ញាណបរិសុទ្ធ ដែលបាន​សន្យា​ដោយ​ព្រះអង្គសង្គ្រោះ ។

សូម​អញ្ជើញ​ឲ្យ​សិស្ស​ម្នាក់​អាន កិច្ចការ ២:៤-៨ ឮៗ ។ ចូរ​សុំ​ឲ្យសិស្ស​ក្នុងថ្នាក់​ផ្ទៀងតាម ហើយ​រកមើល​នូវអ្វី​ដែលបាន​កើតឡើង​ នៅពេល​សិស្ស​ត្រូវ​បានពោរពេញ​ទៅដោ​យ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

  • យោងតាមខទី ៤តើ​អ្វីបាន​កើតឡើង​ខ្លះ នៅពេល​ពួកសិស្ស​ត្រូវ​បានពោរពេញទៅដោយព្រះវិញ្ញាណបរិសុទ្ធ ? ( ព្រះវិញ្ញាណ « ប្រទាន​ឲ្យ​និយាយភាសា » ហើយ​អាច​ឲ្យ​ពួកគេ​និយាយ​ជាភាសា​ផ្សេងៗ ) ។

  • ហេតុអ្វី​ក៏ពួក​សាសន៍​យូដា​ ចេញមកពី​ជាតិសាសន៍​ផ្សេងៗមាន​អារម្មណ៍​អស្ចារ្យ​នឹង​អ្វី​ដែលពួកគេ​បានស្ដាប់​ឮ​ដូច្នេះ ?

សូមអញ្ជើញ​សិស្ស​ឲ្យ​មើល​ត្រួសៗកិច្ចការ ២:៩-១១ហើយ​រាប់​ចំនួន​ក្រុម​មនុស្ស​ ឬ​ជាតិសាសន៍​ផ្សេងៗ ដែលបាន​ស្ដាប់​ឮ​ពួកសិស្ស​និយាយ​ភាសា​នានា​ដោយព្រះចេស្ដា​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ។ ចូរ​សុំ​ពួកគេឲ្យ​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។ សូម​ពិចារណា​អំពី​ការ​ដាក់​បង្ហាញផែនទីដែល​អម​ជាមួយ​ដល់​សិស្ស ដើម្បីជួយ​សិស្សឲ្យ​មើលឃើញពី​ទីកន្លែង​ណា ដែល​ពួកយូដា​ទាំងនេះ​មក ។

រូបភាព
ផែនទី សមុទ្រ​មេឌីទែរ៉ាណែ​ភាគ​ខាង​កើត

សូមចង្អុល​បង្ហាញថា ស្របតាមខទី ១១ក្រុមនីមួយៗ​ទាំង​នេះ​​បានស្ដាប់​ឮ​នៅក្នុងភាសា​កំណើត​របស់ពួកគេ « កិច្ចការ​ដ៏អស្ចារ្យ​របស់ព្រះ » ត្រូវ​បានបង្រៀន​ដោយពួក​សិស្ស ។ អ្នកអាច​នឹង​ចាំ​បាច់​ត្រូវ​ពន្យល់​ថា អ្នកចូលសាសនា​គឺជា​ពួកសាសន៍​ដទៃ ដែល​បានចូលរួម​នៅក្នុង​ជំនឿ​ពួកយូដា ។

  • ដូច​បាន​បង្ហាញ​ដោយ​បទពិសោធន៍​របស់​ពួកសិស្ស​​នៅថ្ងៃនៃបុណ្យ​ថ្ងៃទី ៥០ តើ​មានអ្វីខ្លះ ដែល​អាច​ជួយ​យើង​បង្រៀន និង​ថ្លែង​ទីបន្ទាល់​អំពី​អ្នកដទៃ ? ( បន្ទាប់​ពី​សិស្ស​ឆ្លើយ ​សូម​សរសេរ​គោលការណ៍​ខាង​ក្រោម​នេះ​នៅ​លើ​ក្ដារ​ខៀន ៖ នៅ​ពេល​យើង​ពោរពេញ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​ទ្រង់​នឹង​ជួយ​យើង​បង្រៀន ហើយ​ថ្លែង​ទីបន្ទាល់​ដល់​មនុស្ស​ដទៃ ) ។

ដើម្បីជួយសិស្ស​យល់​គោលការណ៍​នេះ សូម​នាំ​កែវទឹកពី ថូទឹកមួយ និង​ថាស​មួយ​មក​ថ្នាក់​រៀន ។​ សូមដាក់កែវ​ទឹកនៅលើ​ថាស ដើម្បី​ថាស​អាច​ទ្រ​ទឹក​ដែល​កំពប់ ។ បន្ទាប់មក​បិទ​គំរប​កែវ​ដោយ​សន្លឹក​ក្រដាស​មួយ​សន្លឹក ឬ​គម្រប​មួយ​ ដើម្បី​កុំ​ឲ្យ​ទឹក​កំពប់​ចេញ​ពីកែវ ហើយ​ទម្លាក់​វត្ថុ​មួយ ( ដូចជា​ថ្ម​មួយដុំ ) ទៅក្នុង​កែវ​ទឹកមួយទៀត ដើម្បី​កែវ​នោះ​ត្រូវ​បាន​បំពេញ​ស្ទើរតែ​ទាំងអស់​ដោយ​វត្ថុនោះ​ ។ សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​ចាក់ទឹកពី​ក្នុង​ថូ​​បំពេញ​ក្នុងកែវ​ទឹក​ទាំងពីរ ។

  • ប្រសិន​បើ​កែវទឹក​ជា​តំណាង​ឲ្យ​យើង ហើយទឹក​តំណាង​ឲ្យព្រះវិញ្ញាណបរិសុទ្ធ តើ​ក្រដាស ( ឬគម្រប ) និង​ថ្ម​តំណាង​ឲ្យ​អ្វីទៅ ? តើ​ឥរិយាបទ ឬ​អាកប្ប​កិរិយា​ណា​ខ្លះ ដែលអាច​រារាំង​យើង​មិន​ឲ្យ​បានបំ​ពេញទៅ​ដោយព្រះវិញ្ញាណបរិសុទ្ធ ?

  • តើ​យើងអាច​​ត្រូវ​បានបំ​ពេញទៅ​ដោយព្រះវិញ្ញាណបរិសុទ្ធ ដើម្បី​​ទ្រង់អាច​​ជួយ​យើង​បង្រៀន និងថ្លែង​ទីបន្ទាល់​ទៅ​ដល់អ្នកដទៃយ៉ាងណា​ខ្លះ ?

  • តើ​ព្រះវិញ្ញាណ​បាន​ជួយអ្នកបង្រៀនដំណឹងល្អ ឬ​ចែកចាយ​ទីបន្ទាល់​របស់អ្នក​ជាមួយ​អ្នកដទៃ​តាមរបៀប​ណា​ខ្លះ ?

សូមថ្លែងទីបន្ទាល់​អំពីគោលការណ៍​ដែលបាន​សរសេរ​នៅលើ​ក្ដារខៀន ហើយ​អញ្ជើញ​​សិស្ស​ឲ្យអនុវត្ត​គោលការណ៍​នេះ ដោយ​ការ​ស្វែងរក​ភាព​ជា​ដៃគូ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បីឲ្យ​​ពួកគេ​អាច​បង្រៀន និងថ្លែង​ទីបន្ទាល់​ទៅ​ដល់អ្នកដទៃ ។

សូមសង្ខេបកិច្ចការ ២:១២-១៣ដោយពន្យល់​ថា ពួក​សាសន៍​​យូដា​មួយចំនួន ត្រូវ​បាន​ស្ងើច​អស្ចារ្យ​ចំពោះអ្វី​ដែលពួកគេ​បានស្ដាប់ឮ ខណៈ​ដែលអ្នកដទៃ​បានចំអក​ដល់ពួកសិស្ស​ដោយចោទ​ប្រកាន់ពួកគេ​ថា ត្រូវ​ស្រវឹង​ស្រា​ជោគជាំ​នោះ ។

កិច្ចការ ២:១៤-៤៧

ពេត្រុស​ថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវ​គ្រីស្ទ ហើយបង្រៀន​អំពីរបៀប​ដើម្បីទទួល​បាន​សេចក្ដី​សង្គ្រោះ

សូម​អញ្ជើញ​សិស្ស​ម្នាក់​អានកិច្ចការ ២:១៤ឮៗ ហើយសុំ​សិស្ស​​ក្នុងថ្នាក់​ឲ្យ​រក​មើល​ថា ​នរណា​បាន​ចាប់​ផ្ដើម​បង្រៀន​ដល់ហ្វូង​មនុស្ស ។ សូម​អញ្ជើញ​សិស្សឲ្យ​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

ចូរ​សុំ​ឲ្យ​សិស្ស​នឹក​ស្រមៃ​ថា ពួកគេ​ស្ថិត​នៅក្នុងស្ថានភាព​របស់ពេត្រុស ឈរ​នៅ​ចំពោះមុខ​ហ្វូង​មនុស្ស ។

  • ប្រសិនបើ​អ្នកស្ថិត​នៅក្នុង​ស្ថានភាព​របស់ពេត្រុស តើ​សេចក្ដីពិត​នៃ​ដំណឹងល្អ​អ្វី​ខ្លះ ដែល​អ្នក​នឹងត្រូវ​បង្រៀន និង​ថ្លែងទីបន្ទាល់នោះ ? ហេតុអ្វី ?

សូមសង្ខេបកិច្ចការ ២:១៥-៣៥ដោយពន្យល់​ថា ពេត្រុស​បានប្រកាស​ថា ព្រឹត្តិការណ៍​នៃ​អំណោយទាន​ខាងភាសា និង​ការ​បើក​សម្ដែង​ផ្សេង​ៗ​ទៀត​ពីព្រះវិញ្ញាណ នៅក្នុងចំណោម​ពួកសិស្ស គឺ​ជា​ការ​បំពេញមួយ​នៃ​ការ​ព្យាករណ៍ និង​អត្ថន័យ​អំពី​ការ​ព្យាការណ៍​របស់យ៉ូអែល​​ ( សូមមើល​យ៉ូអែល ២:២៨-៣២) ។ បន្ទាប់មក ពេត្រុសបានបង្រៀន និង​ថ្លែងទីបន្ទាល់​ទៅ​ដល់​មនុស្ស​ដោយ​ប្រើ​ពាក្យ​សម្ដី និង​ទំនុកតម្កើង​មួយចំនួន​របស់ស្ដេច​ដេវីឌ ។

សូម​សរសេរ​បទគម្ពីរ​យោង និង​សំណួរ​ខាងក្រោម​នៅលើ​ក្ដារខៀន ៖

កិច្ចការ ២:២២-២៤, ២៩-៣៣, ៣៦

តើ​អ្វីខ្លះ​ជា​សេចក្ដីពិត​សំខាន់មួយចំនួន ដែលពេត្រុស​បានបង្រៀន និងថ្លែងទី​បន្ទាល់​​?

តើ​អ្វីខ្លះ​ដែលបាន​ធ្វើឲ្យអ្នក​ចាប់អារម្មណ៍បំផុតអំពី​ទីបន្ទាល់របស់​ពេត្រុស​ទៅកាន់ពួក​សាសន៍យូដា ?

សូម​ឲ្យ​សិស្ស​ធ្វើ​ការ​ជា​ដៃគូ ។ សូម​អញ្ជើញ​ដៃគូ​នីមួយៗ សិក្សា​សេចក្ដីយោង​បទគម្ពីរ​នៅលើ​ក្ដារខៀន ហើយ​ពិភាក្សា​ចម្លើយ​របស់ពួកគេ​​ចំពោះ​សំណួរក្នុងនោះ ។ ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូមអញ្ជើញ​​ឲ្យសិស្ស​ពីរ​បីនាក់ចែកចាយ​​ចម្លើយ​របស់​គេ​ជាមួយ​នឹង​សិស្ស​ក្នុង​ថ្នាក់ ។

សូមដាក់តាំងរូបភាពមួយ ដែល​បង្ហាញពីការ​បដិសេធ​អំពី​ព្រះអង្គ​សង្គ្រោះ​របស់ពេត្រុស ( ឧទាហរណ៍ ការ​បដិសេធ​របស់ពេត្រុស​ដោយ ខាល ហេនរីក ប្លច មាននៅលើគេហទំព័រ LDS.org ) ។ សូមអញ្ជើញសិស្ស​ម្នាក់​ឲ្យ​សង្ខេប​អំពីអ្វី​ដែលពេត្រុស​បាននិយាយ និង​ធ្វើ នៅពេល​គេ​សួរ​អំពី​ទំនាក់ទំនង​របស់​លោក​នឹង​ព្រះយេស៊ូវ​ នៅយប់​ដែល​ព្រះអង្គ​សង្គ្រោះ​ត្រូវ​បាន​គេ​ចាប់ព្រះ​កាយ ( សូមមើល​លូកា ២២:៥៤-៦២) ។

រូបភាព
ការ​បដិសេធ​របស់​ពេត្រុស

ការ​បដិសេធ​របស់​ពេត្រុស ដោយ ខាល ហេនរីក ប្លច ។ ការតាំង​ពិពណ៌​នៃ​សារមន្ទីរ​ប្រវត្តិសាស្ត្រ​ជាតិ​នៅ​វិមាន ហ្វ្រិឌើរីកស្បក នៅហីលលើ​រុត ប្រទេស ដាណឺម៉ាក់ ។ ហាម​ថតចម្លង ។

  • តើពាក្យសម្ដី និងសកម្មភាព​របស់ពេត្រុស​នៅថ្ងៃ​នៃ​បុណ្យថ្ងៃទី ៥០ ខុស​ពី​ឥរិយាបទ​របស់​​លោកនៅយប់​ដែលព្រះអង្គសង្គ្រោះត្រូវ​បាន​ចាប់​ព្រះកាយ​យ៉ាង​ដូចម្ដេច ?

  • តើអ្នកគិត​ថា​ មានអ្វី​ដែល​មានឥទ្ធិពល​ដល់ការ​ផ្លាស់ប្ដូរ​នេះ​ក្នុងខ្លួនពេត្រុស ?

សូម​អញ្ជើញ​ឲ្យ​សិស្ស​ម្នាក់​អាន កិច្ចការ ២:៣៧ ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​ ហើយ​រកមើលរបៀប ដែលពាក្យសម្ដី​របស់​​​​ពេត្រុស​​បាន​មាន​ឥទ្ធិពល​ទៅលើ​ហ្វូង​មនុស្ស ។

  • តើពាក្យសម្ដី​របស់ពេត្រុស ​មានឥទ្ធិពល​លើ​ហ្វូង​មនុស្ស​យ៉ាងដូចម្ដេច ?

អ្នក​អាចនឹង​ចង់​អញ្ជើញ​​សិស្សឲ្យ​​គូស​ចំណាំឃ្លា​ « មាន​សេចក្តី​ចាក់​ចុច​ក្នុង​ចិត្ត » ។ ចូរ​ពន្យល់​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ចាក់​ទៅក្នុងចិត្ត​របស់មនុស្ស នៅពេល​ពួកគេ​ស្ដាប់ឮ​ទីបន្ទាល់របស់​ពេត្រុស ។ ពាក្យចាក់នៅត្រង់នេះ មានន័យ​ថា « ចាក់​យ៉ាងជ្រៅ » ហើយ​ផ្ដល់​ជា​យោបល់​ថា មនុស្ស​បាន​មានអារម្មណ៍​សោកស្ដាយ​ដោយសារ​ពួកសាសន៍​យូដា ជា​ប្រជាជន និង​ជាតិសាសន៍​មួយ ដែលបាន​ឆ្កាង​ព្រះអម្ចាស់ ព្រះយេស៊ូវ​គ្រីស្ទ របស់ពួកគេ ។ ពេត្រុស​ពុំ​បញ្ជាក់​ថា ក្រុម​ពួកសាសន៍​យូដា​ដែល​ចេញមកពី​ជាតិសាសន៍​ផ្សេងៗ​ ដែល​លោក​បាន​បង្រៀន​នៅថ្ងៃ​នៃ​បុណ្យថ្ងៃទី ៥០ គឺជា​ជាតិសាសន៍​ដែល​មានទំនួលខុស​ត្រូវ​ចំពោះ​ការ​ឆ្កាង​ព្រះយេស៊ូវគ្រីស្ទ​នោះទេ ។

  • យោងតាមខទី ៣៧តើ​ប្រជាជន​នោះ​បាន​សួរ​សំណួរ​អ្វីខ្លះ ?

  • តើ​សំណួរ​នេះ​បាន​បើក​សម្ដែង​អំពី​អ្វី​ដែលកំពុង​កើតឡើង​នៅក្នុងដួងចិត្ត​មនុស្ស​យ៉ាងណា ? ( មនុស្ស​បាន​ចាប់​ផ្ដើម​មាន​បទពិសោធន៍​នៃការ​ផ្លាស់ប្ដូរ​ដួងចិត្ត ) ។

សូម​អញ្ជើញ​ឲ្យ​សិស្ស​ម្នាក់​អាន កិច្ចការ ២:៣៨-៤១ ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុងថ្នាក់​ផ្ទៀងតាម ហើយរកមើល​នូវអ្វី​ ដែលពេត្រុស​បាន​ណែនាំ​ដល់មនុស្ស​ឲ្យធ្វើ ។ ចូរ​ពន្យល់​ថាដំណវៀច មានន័យ​ថា បះបោរ បង្ខូច​ផ្លូវ ឬ​បាក់បែក ។

  • តើ​ពេត្រុស​ណែនាំ​មនុស្ស​ឲ្យ​ធ្វើអ្វីខ្លះ ?

  • យោង​តាមខទី ៤១តើ​មនុស្ស​បានឆ្លើយតប​ចំពោះ​ការ​បង្រៀន​ និង​ការ​អញ្ជើញ​របស់ពេត្រុស​ឲ្យ​ប្រែចិត្ត ហើយ​ទទួលបុណ្យជ្រមុជទឹក​យ៉ាង​ដូចម្ដេច ?

ចូរ​សរសេរ​សេចក្ដីថ្លែងការណ៍ពុំ​ពេញលេញ​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន៖​ នៅពេល​យើង​ទទួល​ព្រះបន្ទូលនៃ​ព្រះ​ដោយព្រះចេស្ដានៃ​ព្រះវិញ្ញាណបរិសុទ្ធ …

សូមអញ្ជើញ​​ឲ្យ​សិស្ស​ពីរ​បី​នាក់​ប្ដូរវេន​គ្នា​អាន​ឮៗ​មកពីកិច្ចការ ២:៤២-៤៧ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម ហើយ​រកមើល​នូវអ្វី​ដែល​អ្នក​ផ្លាស់ប្រែចិត្ត​ជឿ​ថ្មី​មក​ក្នុង​សាសនាចក្រ​បានធ្វើ បន្ទាប់ពីពួកគេ​បាន​ទទួល​សេចក្ដីពិត​ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​បាន​​ទទួលបុណ្យជ្រមុជទឹកនោះ ។ ចូរ​ពន្យល់​ថា ឃ្លា « ​កាច់​នំបុ័ង​ » (ខទី ៤២) សំដៅទៅលើ​ការ​ចូល​រួម​នៅក្នុងពិធីបរិសុទ្ធ នៃ​ពិធីសាក្រាម៉ង់ និង​​ដើម្បី​មាន « របស់​ទាំងអស់​នៅ​មូល​ព្រម​គ្នា ) (ខទី ៤៤) សំដៅ​ទៅលើ​ពួកបរិសុទ្ធ ត្រូវ​បាន​សាមគ្គី និង​រស់នៅ​តាម​​ក្រឹត្យ​វិន័យ​នៃការ​ថ្វាយ ។

  • ស្រប​តាមខគម្ពីរ​ទាំងនេះ តើ​សកម្មភាព​អ្វីខ្លះ​ដែល​បាន​បង្ហាញថា អ្នកទាំងឡាយ​ដែលបាន​ជ្រមុជ​ទឹក ​ត្រូវ​បាន​ផ្លាស់ប្រែចិត្តជឿ​ដោយពិត ( សូមមើល​ផងដែរ​នីហ្វៃទី៣ ២៦:១៧-២១) ? ( សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​សរសេរ​ចម្លើយ​របស់​សិស្ស​ក្នុងថ្នាក់​​នៅលើ​ក្តារខៀន ) ។

សូម​រំឭក​សិស្ស​ថា មុនពេល​ពួកយូដា​ស្ដាប់​ឮ ហើយ​ធ្វើតាម​ពាក្យ​របស់ពេត្រុស នោះ​ពួកគេ​ពុំ​ព្រម​ទទួល​យក​ព្រះយេស៊ូវ​ជា​ព្រះអង្គសង្គ្រោះ​របស់ពួកគេ​ទេ ឬក៏ទាំង​មិន​ធ្វើតាម​ការ​បង្រៀន​របស់​ទ្រង់​ផងដែរ ។ សូម​អញ្ជើញពួកគេ​ឲ្យពិចារណា​អំពី​របៀប​ដែល​មនុស្ស​បាន​ផ្លាស់ប្ដូរ​ ។

  • តើ​គោលការណ៍​អ្វី​ដែល​យើង​អាច​រៀន​មក​ពីកិច្ចការ ២:៣៧-៤៧​អំពី​អ្វី​ដែល​អាច​កើត​ឡើង នៅពេល​យើង​ទទួល​ព្រះបន្ទូល​របស់​ព្រះ​ តាម​រយៈ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ? ( ​សូម​បំពេញ​សេចក្ដីថ្លែងការណ៍​នៅ​លើ​ក្ដារខៀន ​ដើម្បី​វា​នាំ​ទៅរក​សេចក្ដីពិត​ដូច​ខាង​ក្រោម​នេះ​ដោយ​​ប្រើ​ពាក្យ​របស់​សិស្ស ៖នៅ​ពេល​យើង​ទទួល​ព្រះបន្ទូល​ព្រះ​តាមរយៈ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​ដួង​ចិត្ត​យើង​នឹង​ផ្លាស់ប្ដូរ ហើយ​យើង​នឹង​បាន​ប្រែចិត្ត​ជឿ​ដល់​ព្រះយេស៊ូវ​គ្រីស្ទ )

  • តើ​យើង​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​ទទួល​ព្រះបន្ទូល​នៃ​ព្រះ​ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​រំឭក​សកម្មភាព ​ដែល​បាន​រៀបរាប់​នៅលើ​ក្ដារខៀន​អំពីអ្នក​ទាំងឡាយ​ដែល​ត្រូវ​បាន​ជ្រមុជទឹក និង​បាន​ផ្លាស់​ប្រែ​ចិត្តជឿ ។

  • នៅពេល​អ្នក​ខិតខំ​ប្រឹងប្រែងរៀន និង​រស់នៅ​តាមសេចក្ដីពិត​នៃ​ដំណឹងល្អ តើ​ព្រះវិញ្ញាណ​​បាន​ជួយ​អ្នក​ផ្លាស់ប្ដូរ ហើយ​បាន​ផ្លាស់​ប្រែចិត្ត​ជឿ​លើព្រះយេស៊ូវ​គ្រីស្ទ​យ៉ាង​ដូច​ម្ដេច ? ( អ្នកអាច​នឹង​ចង់​ចែកចាយ​បទពិសោធន៍​មួយ​មកពី​ជីវិត​ផ្ទាល់ខ្លួន​របស់​អ្នក​ផងដែរ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​អំពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ ដើម្បី​ទទួល​បាន​ព្រះបន្ទូល និង​ការ​បង្រៀន​របស់​ព្រះ​ តាមរយៈ​ព្រះចេស្ដានៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​កាន់តែ​ល្អ​ប្រសើរ ។ សូម​លើក​ទឹកចិត្ត​ឲ្យ​ពួកគេ​ធ្វើ​សកម្មភាព​តាម​ការបំផុស​គំនិត​ដែល​ពួកគេ​​ទទួល ។

រូបភាព
រូបសញ្ញា​ចំណេះចំណាន​ខគម្ពីរ
ចំណេះចំណានខគម្ពីរ—កិច្ចការ ២:៣៦-៣៨

សូម​អញ្ជើញ​សិស្ស​ឲ្យ​ប្រៀបធៀបកិច្ចការ ២:៣៦-៣៨​ទៅនឹងមាត្រា​នៃ​សេចក្ដីជំនឿ​ទីបួន។ ចូរ​សុំ​ឲ្យសិស្ស​ប្រាប់​នៅ​ក្នុងកិច្ចការ ២:៣៦-៣៨នូវ​ព្រះ​បន្ទូល​​ដែល​បង្ហាញ ឬ​បង្រៀន​នូវ​គោលការណ៍​ និង​ពិធី​បរិសុទ្ធ​ទីមួយ​នៃដំណឹងល្អ ។ បន្ទាប់មក​ ចូរបំបែក​សិស្ស​ជា​គូៗ ហើយ​សុំ​ឲ្យ​ដៃគូ​នីមួយៗ​ពិភាក្សា​អំពី​របៀប​​ដែល​គោលការណ៍ និង​ពិធីបរិសុទ្ធ​នីមួយៗ​ទាំងនេះ ជួយ​យើង​ទទួល​បាន​ពរជ័យ​ពេញ​លេញ​នៃ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ។ ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​សួរ ៖

  • តើ​ពរជ័យអ្វី​ខ្លះ ដែល​ពេត្រុស​និយាយ​ថា​មនុស្ស​នឹង​ទទួលបាន ដែល​ជាលទ្ធផល​នៃ​ការ​ប្រែ​ចិត្ត និង​ការ​ទទួល​បុណ្យ​ជ្រមុជទឹក​​នោះ ?

  • សូម​ផ្ដោតការ​យល់ដឹង​របស់​អ្នក​អំពីកិច្ចការ ២:៣៨តើ​យើង​​ត្រូវ​ធ្វើអ្វីខ្លះ ដើម្បី​រៀបចំ​ខ្លួន​ទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ? ( សិស្ស​គប្បី​ប្រាប់​ពី​សេចក្ដីពិត​មួយ​ស្រដៀងគ្នា​​ដូច​ខាង​ក្រោម ដោយប្រើ​ពាក្យ​របស់​ពួកគេ​ផ្ទាល់ ៖នៅពេល​យើង​មាន​សេចក្ដី​ជំនឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ប្រែចិត្ត ហើយ​ទទួល​បុណ្យ​ជ្រមុជទឹក នោះយើង​នឹង​ត្រូវ​បាន​រៀបចំ​ដើម្បីទទួល​បាន​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ សូម​សរសេរ​សេចក្ដីពិត​​នេះ​នៅលើ​ក្ដារខៀន ) ។

  • តើ​សេចក្ដី​ជំនឿ ការ​ប្រែចិត្ត និង​ពិធីបុណ្យ​ជ្រមុជទឹក រៀបចំ​មនុស្ស​ម្នាក់​ដើម្បី​ទទួល​​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​យ៉ាង​ដូចម្ដេច ?

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

កិច្ចការ ២:១-៤។ « ស្រាប់​តែ​មាន​ឮ​សូរ​ពី​លើ​មេឃ ដូច​ជា​ខ្យល់​បក់​គំហុក​យ៉ាង​ខ្លាំង »

បទពិសោធន៍​ក្នុងថ្ងៃ​នៃ​បុណ្យថ្ងៃទី ៥០ ដ៏​មហិមា​នេះ នៅពេល​ព្រះវិញ្ញាណ​បរិសុទ្ធ​ត្រូ​វ​បាន​ចាក់​ស្រោច​មក​លើ​មនុស្ស​ ដែលជួបជុំ​គ្នា​ដ៏​ច្រើន​កុះករ​នោះ គឺ​ស្រដៀងគ្នា​នឹង​ព្រឹត្តិការណ៍​ដទៃទៀត ​នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ដែរ ។ នៅក្នុង​ពេល​ធ្វើ​ការ​ឧទ្ទិសឆ្លង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ ព្យាការី​ យ៉ូសែប ស្ម៊ីធ… បាន​​អធិស្ឋាន​សូម​ឲ្យ​មាន​នូវ​ការ​ចាក់​ស្រោច​ព្រះវិញ្ញាណ ជាពិសេស​មក​ពី​ស្ថានលើ​ ៖ លោក​បាន​ទូលអង្វរ​ជំនួយ​ឲ្យ​ពួកបរិសុទ្ធ​ថា ‹ សូម​ឲ្យ​បាន​បំពេញមក​លើ​ពួកគេ ដូច​ជា​មក​លើ​ពួកអ្នក​ទាំង​នោះ កាល​បុណ្យ​ថ្ងៃ ៥០ ។ ‹ សូម​ឲ្យ​អំណោយទាន​ខាង​ភាសា​បាន​ចាក់​មក​លើ​រាស្ត្រ​របស់​ទ្រង់ ដូចជា​អណ្ដាត​ភ្លើង និង​ការ​បក​ប្រែភាសា​នោះ ។ ហើយ​សូម​ឲ្យ​ដំណាក់​ទ្រង់​បាន​ពោរពេញ​ទៅ​ដោយ​សិរីល្អ​របស់ទ្រង់ ហាក់ដូចជា​ដោយ​ខ្យល់​បក់​គំហុក​យ៉ាង​ខ្លាំង › (គ. និង ស. ១០៩:៣៦-៣៧​) ។ ការ​ទូលអង្វរ​នេះ​ត្រូវ​បាន​បំពេញ ពុំ​មែន​តែ​ម្ដងនោះទេ ប៉ុន្តែ​ជាច្រើន​ដង​អំឡុង​ថ្ងៃ​បន្ទាប់ពី​ការ​ធ្វើ​ការ​ឧទ្ទិស​ឆ្លង​ដំបូង​នោះ ។ យ៉ូសែប ស្ម៊ីធ បានកត់ត្រា​ថា នៅ​គ្រា​មួយ ‹ សំឡេង​មួយ​ត្រូវ​បាន​បន្លឺឡើង​ដូចជា​សំឡេង​នៃ​ខ្យល់​បក់​គំហុក​យ៉ាង​ខ្លាំង ដែល​មានពេញ​ក្នុងព្រះវិហារបរិសុទ្ធ [ ខឺតឡង់ ] ហើយ​ក្រុមជំនុំ​ទាំងអស់ ដែល​បាន​ក្រោកឡើង​ដំណាល​ៗគ្នា ត្រូវ​បានសណ្ឋិតដោយ​ព្រះចេស្ដា​​ដែលមើល​មិនឃើញ​មួយ ហើយ​មនុស្ស​ជាច្រើនបាន​ចាប់​ផ្ដើម​និយាយ​ក្នុង​ភាសា​នានា ហើយបានព្យាករណ៍ អ្នកខ្លះទៀត​បាន​មើល​ឃើញ​ការនិមិត្ត​ដ៏រុងរឿង ហើយ​ខ្ញុំ​បាន​មើលឃើញ​ព្រះវិហារ​បរិសុទ្ធ​ត្រូវ​បាន​មាន​ពេញ​ដោយ​ពួកទេវតា ដែល​ខ្ញុំ​បាន​ប្រកាស​ប្រាប់​ដល់​ក្រុមជំនុំ › ( នៅក្នុង History of the Church២:៤២៨ ) » (New Testament Student ManualChurch Educational System manual ឆ្នាំ ២០១៤ ] ទំព័រ ២៧៨) ។

កិច្ចការ ២:៣។ អណ្ដាត​បែក​ចេញ​ពីគ្នា

« អណ្ដាត​បែកចេញពីគ្នា » ក៏​អាច​ចង្អុល​បង្ហាញ​ថា ​ការ​ចាក់​ស្រោច​ព្រះវិញ្ញាណ​ប្រកប​ដោយ​ព្រះចេស្ដា​នេះ ​ត្រូវ​បាន​បំបែក​នៅក្នុង​ចំណោម​មនុស្ស​ដែល​មាន​វត្តមាន​នៅ​ថ្ងៃនោះ​—ពួកគេ​ម្នាក់ៗ​ទទួល​បាន​អារម្មណ៍​ដឹង និង​ទទួល​បទពិសោធន៍​ព្រះវិញ្ញាណ ។ ពាក្យ​សណ្ឋិតនៅក្នុងកិច្ចការ ២:៣ត្រូវ​បានផ្លាស់ប្ដូរ​ទៅជា​មាន​មក​លើនៅក្នុង​ការ​បកប្រែរដោយ យ៉ូសែប​ ស្ម៊ីធ ។

កិច្ចការ ២:៤-៦។ អំណោយ​ទាន​នៃភាសានានា

ព្យាការី យ៉ូសែប ស្ម៊ីធ បាន​បង្រៀន​អំពី​គោលបំណង​នៃ​អំណោយទាន​ខាង​ភាសា​នានា ៖

« អំណោយទាន​ខាង​ភាសា តាមរយៈព្រះចេស្ដារ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅក្នុង​សាសនាចក្រ គឺ​សម្រាប់ជា​ប្រយោជន៍​នៃ​ពួក​អ្នកបម្រើ​របស់​ព្រះ ដើម្បី​ផ្សាយ​ទៅដល់​អ្នក​មិនជឿ​នៅថ្ងៃ​នៃ​បុណ្យ​ទី ៥០ » (Teachings of Presidents of the Church:Joseph Smith [ ឆ្នាំ ២០០៧ ], ៣៨៣) ។

កិច្ចការ ២:១៦–២១ ។ ការបំពេញ​នៃ​ការព្យាករណ៍​របស់​យ៉ូអែល

នៅក្នុង​គ្រា​កាន់កាប់​ត្រួតត្រា​របស់​យើង មរ៉ូណៃ ​បាន​ដកស្រង់​ខគម្ពីរ​ដូចគ្នា​ទាំងនេះ​ដល់​ព្យាការី យ៉ូសែប ស្ម៊ីធ ហើយ​បាន​ប្រាប់​លោក​ថា ការព្យាករ​ទាំងអស់​មិន​ទាន់បាន​បំពេញ​ទេ ប៉ុន្តែ​មិនយូរ​ប៉ុន្មានទេ វា​​នឹងត្រូវ​បាន​​បំពេញ ( សូមមើល​យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៤១) ។ អែលឌើរ ដាល្លិន អេក អូក ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បានបង្រៀន​​ថា​យ៉ូអែល ២:២៨-៣២គឺជា​គំរូ​នៃ​បទគម្ពីរមួយ​ដែលអាច​មាន​អត្ថន័យ​ និង​ការ​បំពេញ​ជាច្រើនប្រភេទ ៖

« ការព្យាករ​ជាច្រើន និង​វគ្គ​គម្ពីរ​ខាង​គោលលទ្ធិ​នៅក្នុង​បទគម្ពីរ មានអត្ថន័យ​ចម្រុះ ។ …

« ការ​បង្ហាញ [ មួយ ] ​អំពី​អត្ថន័យ​ជាច្រើនប្រភេទ​ស្ដីពី​ការ​ព្យាករនៅក្នុង​គម្ពីរ​យ៉ូអែល​ប្រាប់​ថា នៅក្នុងថ្ងៃ​ចុង​ក្រោយ ​ព្រះអម្ចាស់​នឹង​ចាក់ស្រោច​នៅក្នុង​វិញ្ញាណ​របស់​ទ្រង់​​មក​លើ​គ្រប់​ទាំង​មនុស្ស ហើយ​នោះ​កូន​ប្រុស​ស្រី​របស់​ឯង​នឹង​ទាយ ( សូមមើល​ យ៉ូអែល ២:២៨) ។ នៅ​ថ្ងៃ​នៃ​បុណ្យទី ៥០ សាវកពេត្រុស​បាន​ប្រកាស​ថា ព្រឹត្តិការណ៍​ទាំងឡាយ​ដែល​ពួកគេ​បាន​ធ្វើជា​សាក្សី គឺ​ ‹ ​ជា​សេចក្ដី​ទំនាយ​របស់​ហោរា​យ៉ូអែល​ › (​កិច្ចការ ២:១៦) ។ មួយពាន់​ប្រាំ​បីរយ​ឆ្នាំ​ក្រោយមក ទេវតា​មរ៉ូណៃ​បានដក​ស្រង់​ការ​ព្យាករណ៍​ដូចគ្នា​នេះ ហើយ​បាន​និយាយ​ថា ‹ ពាក្យ​ព្យាករ​នេះ​ពុំទាន់​បាន​សម្រេច​នៅឡើយ​ទេ ប៉ុន្តែ​នឹង​បាន​សម្រេច​នៅពេល​ឆាប់ៗ › (យ.ស.—ប្រ. ១:៤១) » (« Scripture Reading and Revelation »Ensignខែ មករា ឆ្នាំ ១៩៩៥ ទំព័រ ៨ ) ។

ហេតុដូច្នេះ​ហើយ ទាំង​ពេត្រុស និង​មរ៉ូណៃ​បាន​ថ្លែង​ដោយត្រឹមត្រូវ​ថា ការ​ព្យាករ​ដែលត្រូវ​បាន​ផ្ដល់​ឲ្យ​ដោយ​ព្យាការី យ៉ូអែល បាន​បំពេញ មានន័យ និង​អនុវត្ត​ចំពោះ​ថ្ងៃ​នៃ​បុណ្យទី ៥០ និងនៅក្នុង​ថ្ងៃ​ចុង​ក្រោយ ។

កិច្ចការ ២:២៧ ។ « ដ្បិត​​ទ្រង់​នឹង​មិន​ទុក​ព្រលឹង​ទូលបង្គំ​ឲ្យ​ជាប់​នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទេ »

ស្ដីពី​មរតក​ដ៏អស់កល្បជានិច្ច​របស់​ស្ដេច​ដេវីឌ អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បានបង្រៀន​​ថា ដេវីឌ « បាន​ទទួល​ការ​សន្យា​ថា ព្រលឹង​​របស់​គាត់​នឹង​មិន​ត្រូវបានទុក​ឲ្យ​ជាប់​នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ទេ នោះ​វា​មាន​ន័យ​ថា ទ្រង់​នឹង​ពុំ​មែនជា​កូនអន្ដរធាន​ទេ ទ្រង់​នឹង​មិន​ត្រូវ​បណ្ដេញ​ចេញ​ដ៏​អស់កល្បជានិច្ច​​ទៅ​ជាមួយ​អារក្ស និង​ពួក​ទេវតា​របស់វា​ទេ ។ តែ​នៅពេល​សេចក្ដី​​ស្លាប់ និង​​ស្ថាន​ឃុំ​ព្រលឹង ដោះ​លែង​​មនុស្ស​ស្លាប់​ដែល​នៅក្នុង​នោះ​ នោះ​ទ្រង់​នឹង​ចេញ​មកពី​ផ្នូរ ហើយ​ទទួល​បាន​នូវ​មរតក​​នៃ​សិរី​ល្អ​របស់​ទ្រង់ ។ សូម​មើល វិវរ. ២០:១១–១៥ » (Doctrinal New Testament Commentary វ៉ុលទី ៣ [ ឆ្នាំ ១៩៦៥–៧៣ ] ២:៣៩ ) ។

កិច្ចការ ២:៣៧ ។ « ​គេ​មាន​សេចក្តី​ចាក់​ចុច​ក្នុង​ចិត្ត »

អែលឌើរ អិម រ័សុល បាឡឺដ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​ថា

« ការ​ផ្លាស់ប្រែចិត្ត​ជឿ​ពិត កើត​មាន​តាមរយៈ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ ។ នៅពេល​ព្រះវិញ្ញាណ​ប៉ះ​នឹង​ដួងចិត្ត​របស់ពួកគេ នោះដួងចិត្ត​ទាំង​ឡាយ​ត្រូវ​បាន​ផ្លាស់ប្ដូរ ។ នៅពេល​បុគ្គល​ម្នាក់ៗ … ទទួល​អារម្មណ៍​ដឹង​ថា ព្រះវិញ្ញាណ​កំពុង​ធ្វើការ​ជាមួយ​ពួកគេ ឬ​នៅពេល​ពួកគេ​មើលឃើញ​ភស្ដុតាង​នៃ​ក្ដីស្រឡាញ់​ និង​ក្ដីមេត្តា​របស់​ព្រះ​អម្ចាស់​នៅក្នុង​ជីវិត​របស់​ពួកគេ នោះ​ពួកគេ​ត្រូវបាន​ស្អាង និង​ពង្រឹង​ខាង​វិញ្ញាណ ហើយ​ជំនឿ​របស់​ពួកគេ​ទៅលើ​ទ្រង់នឹង​ចម្រើន​ឡើង ។ បទពិសោធន៍​ជាមួយ​នឹង​ព្រះវិញ្ញាណ​ទាំងនេះ កើត​មាន​ដោយ​ធម្មជាតិ នៅពេល​មនុស្ស​ម្នាក់​ស្ម័គ្រ​ចិត្ត​ដក​ពិសោធន៍​ព្រះបន្ទូល ។ នេះ​គឺជា​របៀប​ដែល​យើង​អាចទទួលអារម្មណ៍​ដឹងថា​ដំណឹង​ល្អ​គឺពិត » (« Now Is the Time »Ensign ខែ វិច្ឆិកា ឆ្នាំ ២០០០ ទំព័រ ៧៥ ) ។