បណ្ណាល័យ
មេរៀន​ទី ៨៩ ៖ កិច្ចការ ១០-១១


មេរៀន​ទី ៨៩

កិច្ចការ ១០-១១

សេចក្ដីផ្ដើម

ព្រះ​បាន​បើក​សម្ដែង​ដល់​ពេត្រុស​នៅ​ក្នុង​ការ​និមិត្ត​មួយ​ថា ដំណឹងល្អ​គួរ​ប្រកាស​ដល់​ពួក​សាសន៍​ដទៃ ពេត្រុស​បាន​បង្រៀន​ដំណឹងល្អ​ដល់​កូនេសាល និង​គ្រួសារ​គាត់ ហើយ​ក្រោយ​មក​បាន​ដោះ​ស្រាយ​ជម្លោះ​ក្នុង​ចំណោម​ពួក​បរិសុទ្ធ​សាសន៍​យូដា​អំពី​ការ​ប្រកាស​ដំណឹងល្អ​ដល់​ពួក​សាសន៍​ដទៃ ។ កិច្ចការ​របស់​ព្រះអម្ចាស់​បាន​បន្ត​ឆ្ពោះ​ទៅមុខ​ទោះបី​ជា​មាន​ការបៀតបៀន​យ៉ាង​ណា​ក្តី ។

យោបល់​សម្រាប់​ការបង្រៀន

កិច្ចការ ១០

ព្រះ​បើក​សម្ដែង​ដល់​ពេត្រុស​នៅ​ក្នុង​ការ​និមិត្ត​មួយ​ថា ដំណឹងល្អ​គួរ​ប្រកាស​ដល់​ពួក​សាសន៍​ដទៃ

សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្រមៃ​ថា មានមិត្ត​ម្នាក់​សួរ​ថា ៖​« ខ្ញុំ​បាន​ឮ​ថា​នៅ​ឆ្នាំ​ ១៩៧៨ ព្រះវិហារ​ឯង​បាន​ផ្លាស់​ប្ដូរ​ជំហរ​ខ្លួន ​ដើម្បី​អនុញ្ញាត​ឲ្យ​បុរស​ទាំងអស់​ទទួល​បព្វជិតភាព​ដោយ​ពុំ​គិត​ពី​ពូជសាសន៍ ។ ប្រសិន​បើ​អ្នក​ឯង​ជឿ​ថា ​ព្រះវិហារ​ឯង​ដឹកនាំ​ដោយ​ព្រះ ហើយ​ព្រះ​គឺ​ជា​អង្គ​ដែល​ពុំ​ចេះ​ផ្លាស់ប្ដូរ តើ​រឿង​នោះ​កើត​ឡើង​បាន​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​នៅក្នុងសៀវភៅ​កត់ចំណាំ​ក្នុង​ថ្នាក់របស់ពួកគេ ឬ​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេពី​របៀប​ដែល​ពួកគេ​នឹង​ឆ្លើយតប​ទៅកាន់​មិត្ត​នេះយ៉ាង​ដូចម្ដេច ។ (កំណត់ចំណាំ ៖ត្រូវ​ប្រាកដ​ថា​សិស្ស​ឆ្លើយ​តប​ចំពោះ​សំណួរ​នៃ​ការ​ផ្លាស់ប្ដូរ​ការ​អនុវត្ត​របស់​សាសនាចក្រ ​ជា​ជាង​គិត​ពី​ហេតុផល​ដែល​អាច​កើត​មាន​ចំពោះ​ការ​ដាក់កំហិត​ដល់​បព្វជិតភាព ។ ហើយ​ក៏​កុំ​គិត​ពី​ហេតុផល​ដែល​ការ​ដាក់កំហិត​នៃបព្វជិតភាព​បាន​កើត​ឡើងដែរ ដោយសារ​ហេតុផល​ទាំងនេះ​ពុំ​បាន​បើក​សម្ដែង​ឡើយ [ សូមមើល សេចក្ដីប្រកាស​ជា​ផ្លូវការទី ២ ] ) ។

នៅ​ពេល​សិស្ស​សិក្សា កិច្ចការ ១០-១១ សូម​អញ្ជើញ​ពួកគេឲ្យ​​រក​មើល​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ​ដែល​អាច​ជួយ​ពួកគេ​ឲ្យឆ្លើយ​នូវ​សំណួរ​អំពី​របៀប​​ដែល​ព្រះអម្ចាស់​ដឹកនាំ ណែនាំ ផ្លាស់ប្ដូរ ហើយ​គ្រប់​គ្រង​សាសនាចក្រ​របស់​ទ្រង់ ។

សូម​ពន្យល់​ថា រហូត​មក​ដល់​ត្រង់​នេះ​នៅ​ក្នុង​សម័យ​ព្រះគម្ពីរ​សញ្ញា​ថ្មី ដំណឹងល្អ​ត្រូវបាន​ប្រកាស​ដល់​ពួក​សាសន៍​យូដា​ភាគច្រើន ដូចដែល​បាន​ណែនាំ​ដោយ​ព្រះអង្គ​សង្គ្រោះ ( សូម​មើល ម៉ាថាយ ១០:៥–៦ ) ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះអង្គ​សង្គ្រោះ​បាន​ប្រាប់​ពួក​សិស្ស​របស់​ទ្រង់​ផង​ដែរ​ថា បន្ទាប់​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​មក​សណ្ឋិត​លើ​ពួកគេ នោះ​ពួកគេ​បានផ្សព្វផ្សាយ​ដំណឹង​ល្អ « ​រហូត​ដល់​ចុង​ផែនដី​បំផុត » (កិច្ចការ ១:៨) ។ នៅក្នុង កិច្ចការ ១០ យើង​អាន​អំពី​ការផ្លាស់ប្តូរ​ដ៏​សំខាន់​មួយ​នៅក្នុង​របៀប ​ដែល​សាសនាចក្រ​បាន​ធ្វើ​ ដែល​នឹង​ជួយ​​សម្រួលដល់​​ការណ៍​នេះ​បាន ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន កិច្ចការ ១០:១-២ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​ រកមើល​ព័ត៌មាន​លម្អិត​អំពី​សាសន៍​ដទៃ​ម្នាក់​ឈ្មោះ​កូនេលាស ។ ( អ្នក​គួរ​ចង្អុល​បង្ហាញ​ថា កូនេលាស « ខ្លាច​ដល់​ព្រះ » ( ខ​ទី ២ ) ។ ពួក​អ្នក​កោតខ្លាច​ដល់​ព្រះ ​គឺជា​ពួក​សាសន៍​ដទៃ​​ដែល​បាន​ថ្វាយ​បង្គំ​ព្រះអម្ចាស់ ប៉ុន្តែ​មិន​បាន​ផ្សព្វផ្សាយ ឬ​ប្រែ​ចិត្ត​ជឿ​ដល់​សាសនា​យូដា​​ទេ ហេតុដូច្នេះ​ហើយ​ពួកគេ​មិន​បាន​រស់​នៅ​តាម​ក្រឹត្យវិន័យ​របស់​ម៉ូសេ​ទាំងស្រុង​ឡើយ ) ។

  • តើ​កូនេលាស​ធ្វើការអ្វី ? ( គាត់​ជា​មេ​បញ្ជា​ការ​ទ័ព​រ៉ូម ហើយ​គ្រប់​គ្រង​ទ័ព​មួយ​រយ​នាក់ ) ។

សូម​រំឭក​សិស្ស​ថា ពី​មុន​គ្រា​នេះ ពួក​សាសន៍​ដទៃ​ម្នាក់​មិន​អាច​ចូល​រួម​ក្នុង​សាសនា​ចក្រ​របស់​ព្រះគ្រីស្ទ​​ដោយ​គ្មាន​ការ​ប្រែចិត្ត​ជឿ​ជា​មុន​ដល់​សាសនា​យូដា​បាន​ឡើយ ដោយសារ​ដំណឹងល្អ​ត្រូវបាន​ផ្សព្វផ្សាយ​ទៅ​ដល់​តែ​ពួក​សាសន៍​យូដា​​ប៉ុណ្ណោះ ។

  • ទោះជា​​កូនេសាល​ពុំ​អាច​ចូលរួម​សាសនាចក្រ​​ក្នុង​នាម​ជា​សាសន៍​ដទៃ​ តើ​គាត់​អាច​បង្ហាញ​សេចក្តី​ជំនឿ​របស់​គាត់​ដល់​ព្រះ​យ៉ាង​ដូចម្តេច ?

សូម​អញ្ជើញ​​ឲ្យ​សិស្ស​ពីរ​នាក់​ប្ដូរវេន​គ្នា​អាន​ឮៗ​នៅ​ក្នុង កិច្ចការ ១០:៣-៦ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម រកមើល​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​កូនេលាស ។ ( សូម​ពន្យល់​ថា « ម៉ោង​ ៣ ​រសៀល » [ ខ​ទី ៣ ] គឺ​ប្រហែល​ជា​ម៉ោង​៣:០០ រសៀល ) ។

  • យោងតាម ខ​ទី ៤ តើ​ទេវតា​បាន​ប្រាប់​កូនេលាស​អ្វីខ្លះ​ អំពី​ការ​អធិស្ឋាន និង​ការ​ដាក់ទាន​របស់​គាត់ ?

  • តើ​ទេវតា​បាន​ប្រាប់​កូនេលាស​ឲ្យ​ធ្វើ​អ្វីខ្លះ ?

សូម​សង្ខេប កិច្ចការ ១០:៧–៨ ដោយ​ពន្យល់​ថា កូនេលាស​​បាន​បញ្ជូន​មនុស្ស​បីនាក់​រក​ពេត្រុស​នៅ​យ៉ុបប៉េ ។ ( ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ទំនាក់ទំនង​រវាង​សេសារា និង​យ៉ុបប៉េ អ្នក​គួរ​ឲ្យ​សិស្ស​បើក​ទៅ​ផែនទី « ទឹកដីបរិសុទ្ធ​នៅក្នុង​ជំនាន់​ព្រះគម្ពីរ​សញ្ញាថ្មី » [ ផែនទី​ព្រះគម្ពីរ​ប៊ីប លេខ ១១ ] ) ។

សូម​ពន្យល់​ថា កាល​បុរស​ទាំងនេះ​បាន​ធ្វើ​ដំណើរ​ទៅ​យ៉ុបប៉េ នោះ​ពេត្រុស​មាន​ការ​និមិត្ត​ដ៏​អស្ចារ្យ​មួយ ខណៈពេលស្នាក់​នៅ​ក្នុង​ផ្ទះ​បុរស​ម្នាក់​ដែល​មាន​ឈ្មោះ​ថា ស៊ីម៉ូន ។ សូម​ចែក​ក្រដាស​មួយ​សន្លឹក​ដល់​សិស្ស ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន កិច្ចការ ១០:៩–១៦ ដោយ​ស្ងៀម​ស្ងាត់ ហើយ​គូរ​រូប​នៃ​ការ​និមិត្ត​របស់​ពេត្រុស ដូចដែល​បាន​ពិពណ៌នា​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ។ ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សុំ​ឲ្យ​សិស្ស​ប្រើ​រូប​របស់​ពួកគេ ​ដើម្បី​ពន្យល់​ដល់​មិត្ត​រួម​ថ្នាក់​ពី​អ្វី ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ការ​និមិត្ត​របស់​ពេត្រុស ។ ដោយ​ធ្វើ​តាម​សកម្មភាព​នេះ សូម​សួរ ៖

  • នៅ​ក្នុង​ការ​និមិត្ត​នោះ តើ​ពេត្រុស​បាន​បង្គាប់​ឲ្យ​បរិភោគ​អ្វី ?

  • យោង​តាម ខ​ទី ១៤តើ​អ្វី​ជា​ប្រតិកម្ម​ដំបូង​គេ​បង្អស់​របស់​ពេត្រុស ចំពោះ​ព្រះបញ្ញត្តិ​នេះ ? ( សូម​ពន្យល់​ថា នៅ​ក្រោម​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ ពួក​សាសន៍​យូដា​បាន​ហាម​មិន​ឲ្យ​បរិភោគ​សត្វ​ដែល​បាន​ចាត់​ទុក​ថា​ជា​សត្វ​សាមញ្ញ ឬ​មិន​ស្អាត​ឡើយ [ សូមមើល លេវីវិន័យ ១១​ ] ) ។

  • យោងតាម ខទី ១៥តើ​ព្រះអម្ចាស់​​បាន​មាន​បន្ទូល​យ៉ាង​ណា​ដែរ ​អំពី​សត្វ​មិន​ស្អាត​​ដែល​ទ្រង់​បាន​បង្គាប់​ឲ្យ​ពេត្រុស​បរិភោគ​នោះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​​អាន កិច្ចការ ១០:១៧-២០ ឲ្យឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម រកមើល​អ្វី​ដែលបាន​កើត​ឡើង​ កាល​ពេត្រុស​កំពុង​សញ្ជឹង​គិត​អំពី​អត្ថន័យ​នៃ​ការ​និមិត្ត​របស់​លោក ។

  • តើ​ឃ្លា​នៅ​ក្នុង ខ​ទី ១៧ បង្ហាញ​អ្វីខ្លះថា​ កាល​ដំបូង​ឡើយ​ពេត្រុស​ពុំ​បាន​យល់​ពី​ការ​និមិត្ត​របស់​លោកនោះទេ ?

  • កាល​ពេត្រុស​កំពុង​សញ្ជឹង​គិត​ពី​ការនិមិត្ត​របស់​លោក តើ​នរណា​បាន​មក​ដល់ ?

  • តើ​ព្រះវិញ្ញាណ​បាន​ប្រាប់​ឲ្យ​ពេត្រុស​ធ្វើ​អ្វីខ្លះ ?

សូម​សង្ខេប កិច្ចការ ១០:២១-២៤ ដោយ​ពន្យល់​ថា បុរស​ទាំង​បី​នាក់​នោះ​បាន​ប្រាប់​ពេត្រុស​ពី​ការ​និមិត្ត​របស់​កូនេលាស ។ លុះ​ស្អែក​ឡើង ពេត្រុស និង​សិស្ស​ផ្សេង​ទៀត​បាន​អម​ដំណើរ​ពួកគេ​ទៅ​ជួប​នឹង​កូនេលាស ។

សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ប្ដូរវេន​គ្នា​អាន​ឮៗ​ក្នុង កិច្ចការ ១០:២៥-២៨​ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ថា​តើ​ពេត្រុស​បាន​ធ្វើ​អ្វីខ្លះ កាល​លោក​បាន​ទៅ​ដល់​ផ្ទះ​របស់​កូនេលាស ។

  • យោង​តាម ខ​ទី ២៨ តើ​ពេត្រុស​បាន​និយាយ​អ្វីខ្លះ​អំពី​ការ​ប្រាស្រ័យ​ទាក់ទង​​​រវាង​ពួក​យូដា និង​ពួក​សាសន៍​ដទៃ ?

  • តើ​ឥឡូវ​នេះ​ពេត្រុស​បាន​យល់​អ្វីខ្លះ ?

សូម​សង្ខេប កិច្ចការ ១០:២៩–៣៣ ដោយ​ពន្យល់​ថា កូនេសាល​បាន​ប្រាប់​ពេត្រុស​ពី​ការ​និមិត្ត​ខ្លួន ។ កូនេសាល​ក៏​បាន​ប្រមូល​គ្រួសារ និង​មិត្ត​គាត់​មក​ជុំ​គ្នា​ដើម្បី​ឲ្យ​ពេត្រុស​អាច​បង្រៀន​ដល់​ពួកគេ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កិច្ចការ ១០:៣៤-៣៥ ឲ្យឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម រកមើល​ថា​ពេត្រុស​បាន​រៀន​អ្វីខ្លះ ។

  • តើ​អ្នក​នឹង​សង្ខេប​អំពី​អ្វី​ ដែល​ពេត្រុស​បាន​ដឹង​យ៉ាង​ដូចម្ដេច ?

សូម​សង្ខេប កិច្ចការ ១០:៣៦–៤៣ ដោយ​ពន្យល់​ថា ពេត្រុស​បាន​បង្រៀន​កូនេសាល និង​គ្រួសារ​គាត់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​កិច្ចការ​ល្អ ការ​ឆ្កាង និង​ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ទ្រង់ ។ ពេត្រុស​បាន​ថ្លែង​ទីបន្ទាល់​ថា ជន​ដែល​ជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​ទទួល​បាន​ការផ្តាច់បាប​របស់​ពួកគេ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កិច្ចការ ១០:៤៤-៤៨ ឲ្យឮៗ ។ ចូរសុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រក​មើល​ពី​ប្រសិទ្ធភាព​ដែល​ការ​បង្រៀន​របស់​ពេត្រុស​បាន​មាន​ចំពោះពួក​សាសន៍​ដទៃ​ទាំងនេះ ។ សូម​ពន្យល់​ថា ឃ្លា « ពួក​កាត់​ស្បែក » ខ​ទី ៤៥ សំដៅ​ទៅ​លើ​ពួក​សិស្ស​សាសន៍​យូដា​ដែល​មក​ពីយ៉ុបប៉េ​ជាមួយ​នឹង​ពេត្រុស ។

  • យោង​តាម ខ​ទី ៤៤–៤៦តើ​ការ​បង្រៀន​​របស់​ពេត្រុស​មាន​ឥទ្ធិពល​អ្វី​ខ្លះ​ទៅ​លើ​គ្រួសារ​របស់​កូនេលាស ?

  • ហេតុអ្វី​ពួក​​យូដា​ដែល​បាន​មាន​វត្តមាន ​នៅ​ពេល​នោះ​មាន​ការ​ភ្ញាក់ផ្អើល ?

  • តាមរយៈ​បទពិសោធន៍​របស់​ពេត្រុស​ដែល​បាន​កត់​ត្រា​នៅ​ក្នុង កិច្ចការ ១០តើ​ព្រះអម្ចាស់​បាន​បើក​សម្ដែង​អ្វីខ្លះ​ដល់​លោក​ពាក់​ព័ន្ធ​នឹង​ពួក​សាសន៍ដទៃ ? ( ដំណឹងល្អ​គួរ​បាន​ផ្សាយ​ដល់​ពួក​សាសន៍​យូដា ហើយ​ពួកគេ​គួរ​បាន​ជ្រមុជទឹក​ចូល​ទៅ​ក្នុង​សាសនាចក្រ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​ស្គាល់​​គោលលទ្ធិ​ ដែល​យើង​អាច​រៀន​នៅ​ក្នុង កិច្ចការ ១០ សូម​ចែក​ពួកគេ​ជាក្រុម​ដែល​មាន​គ្នា​ពីរ​ ឬ​បី​នាក់ ។ សូម​ផ្ដល់​ដល់​ក្រុម​នីមួយៗ​នូវ​សំណៅ​នៃ ឯកសារខាង​ក្រោម​នេះ​ ឬ​សរសេរ​សំណួរ​ទាំងនេះ​នៅ​លើ​ក្ដារខៀន ។ សូម​អញ្ជើញសិស្ស​ឲ្យធ្វើការ​ជាមួយ​នឹង​ក្រុម​ខ្លួន ដើម្បីឆ្លើយ​សំណួរ​ ។

រូបភាព
handout

កិច្ចការ ១០

ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា—មេរៀន​ទី ៨៩

  • តើ​យើង​អាច​រៀន​សេចក្ដីពិត​អ្វីខ្លះ​ នៅ​ក្នុង​ដំណើរ​រឿង​របស់​ពេត្រុស និង​កូនេលាស​ស្ដីពី​របៀប​ដែល​​ព្រះអម្ចាស់​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់ ?

  • តើ​យើង​អាច​រៀន​សេចក្ដីពិត​អ្វីខ្លះ​នៅ​ក្នុង​ព្រឹត្តិការណ៍​ ដែល​ព្រះអម្ចាស់​បាន​បើក​សម្ដែង​សេចក្ដីពិត​​ដល់​ពេត្រុសម្ដងបន្តិចៗ​ ជាជាង​​បើក​សម្ដែង​ទាំងអស់​ក្នុង​ពេ​ល​តែ​មួយ ?

  • តើ​យើង​អាច​រៀន​សេចក្ដីពិត​អ្វីខ្លះ​ នៅ​ក្នុង​ដំណើរ​រឿង​នេះ​ស្ដីពី​អ្វី​ដែល​ព្រះ​អាច​នឹង​ធ្វើ​ចំពោះ​សេចក្ដី​បង្គាប់​ដែល​ទ្រង់​បាន​ប្រទាន​កាល​ពី​មុន ?

បន្ទាប់​ពី​សិស្ស​មាន​ពេល​គ្រប់​គ្រាន់​ហើយ សូម​អញ្ជើញ​សិស្ស​​បីបួននាក់​ឡើង​មក​ក្ដារខៀន​ ដើម្បី​សរសេរ​សេចក្ដីពិត​នានា​ ដែល​ក្រុម​ខ្លួន​បាន​រក​ឃើញ ។ សូម​ប្រាកដ​ថា សេចក្ដីពិត​ខាង​ក្រោម​នេះ​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​អ្វីដែល​ពួកគេ​សរសេរ ៖

ព្រះ​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់ដោយ​ប្រទាន​វិវរណៈ​ដល់​ព្យាការី​រ​បស់​ទ្រង់​ ដែល​ជា​សាវក​រៀម​ច្បង ។

យើង​អាច​ទទួល​បាន​វិវរណៈ និង​ការ​យល់ដឹង​ជា​បន្ត​បន្ទាប់ នៅ​ពេល​យើង​គោរព​តាម​ព្រះអម្ចាស់ ។

ព្រះ​អាច​នឹង​ផ្លាស់​ប្ដូរ ឬ​បន្ថែម​ទៅក្នុង​សេចក្ដី​ណែនាំ​ ដែល​ទ្រង់​បាន​ប្រទាន​កាល​ពី​មុន​ស្រប​តាម​ព្រះ​ប្រាជ្ញាញាណ​របស់​ទ្រង់ និង​សេចក្ដី​ត្រូវការ​របស់​កូនចៅ​ទ្រង់ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន​ឮៗ​នូវ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។ ចូរ​សុំ​ឲ្យសិស្ស​ក្នុង​ថ្នាក់​ស្ដាប់​រក​មើល​ថា សេចក្ដី​ពិត​ទីបី​នៅ​ក្នុង​បញ្ជី​ត្រូវបាន​ឆ្លុះបញ្ចាំង​យ៉ាង​ដូចម្ដេច​ខ្លះ​ នៅ​ក្នុង​សេចក្ដីថ្លែង​ការណ៍​របស់​អែលឌើរ គ្រីស្តូហ្វឺសិន ។

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

« តាម​រយៈ​បទពិសោធន៍​នេះ និង វិវរណៈ​ទៅ​កាន់​ពេត្រុស ព្រះអម្ចាស់​បាន​កែ​ទម្លាប់របស់​សាសនាចក្រ ហើយ​បាន​បើក​សម្ដែង​ឲ្យ​មាន​ការ​យល់ដឹង​កាន់​តែ​ពេញលេញ​អំពី​គោលលទ្ធិ​ដល់​ពួកសិស្ស​របស់​ទ្រង់ ។ ហេតុដូច្នេះហើយ ការ​ប្រកាស​ដំណឹងល្អ​បានលាតសន្ធឹង​ដល់​មនុស្ស​គ្រប់រូប » ( ​« The Doctrine of Christ »EnsignLiahona ខែ ឧសភា ឆ្នាំ​២០១២ ទំព័រ ៨៨ ) ។

សូម​ទុក​ពេល​ឲ្យ​សិស្ស​រំឭក​ឡើងវិញ​ នូវអ្វីដែល​ពួកគេ​បានសរសេរ​អំពី​របៀប ដែល​ពួកគេ​នឹង​ឆ្លើយសំណួរ​របស់ពួកគេ ។ សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​សរសេរ​គំនិត​ដែល​ពួកគេ​ទទួល​បាន​បន្ថែមទៀត​ពេល​កំពុង​​សិក្សា កិច្ចការ ១០ហើយ​អនុញ្ញាត​ឲ្យ​ពួកគេ​ចែកចាយ​​គំនិត​ទាំង​នេះ​ដល់​សិស្ស​ក្នុង​ថ្នាក់ ។

អ្នក​នឹង​ត្រូវ​ចង្អុល​បង្ហាញ​ថា ទោះបី​ជា​ព្រះ​អាច​នឹង​កែសម្រួលការ​អនុវត្ត​របស់​សាសនាចក្រ ហើយ​បន្ថែម​​ដល់​ការ​យល់​ដឹង​ខាង​គោលលទ្ធិ​របស់​យើង​តាមរយៈ​វិវរណៈ​ជាបន្ត​បន្ទាប់​ក្ដី ( សូមមើល មាត្រា​នៃ សេចក្ដីជំនឿ ១:៩ )​ ក្ដី ក៏​និស្ស័យ លក្ខណៈ សេចក្ដី​សញ្ញា គោលលទ្ធិ និង​ផែនការ​របស់​ទ្រង់​នឹង​មិន​ផ្លាស់​ប្ដូរ​ឡើយ ។ ការ​ដឹង​ពី​បញ្ហា​នេះ​អាច​ជួយ​យើង​ឲ្យ​មានសេចក្តី​ជំនឿ​លើ​ព្រះ ហើយ​ទុកចិត្ត​ថា ទ្រង់​នឹង​ដឹកនាំ​សាសនា​ចក្រ​​របស់​ទ្រង់​ស្រប​តាម​ព្រះឆន្ទៈ​របស់​ទ្រង់ និង​សេចក្ដី​ត្រូវការ​របស់​កូនចៅ​ទ្រង់ ។

កិច្ចការ ១១:១-១៨

ពេត្រុស​បាន​ដោះស្រាយ​ជម្លោះ​ក្នុង​ចំណោម​ពួកបរិសុទ្ធ​សាសន៍​យូដា អំពី​ការបង្រៀន​ដំណឹង​ល្អ ដល់​ពួកសាសន៍​ដទៃ ។

  • តើ​អ្នក​គិត​ថា ​សមាជិក​សាសនាចក្រ​ជា​សាសន៍​​​យូដា​មួយ​ចំនួន​មាន​អារម្មណ៍​បែប​ណា នៅ​ពេល​ពួកគេ​ស្ដាប់​ឮ​ពី​ការ​ប្រាស្រ័យ​ទាក់ទងរបស់​ពេត្រុស​ជាមួយ​នឹង​សាសន៍​ដទៃ ? ( ការ​ប្រាស្រ័យ​ទាក់ទង​​របស់​ពេត្រុស​ជាមួយ​នឹង​សាសន៍​ដទៃ​គឺជា​ការ​ផ្លាស់​ប្ដូរ​មួយ​ដ៏​ធំ​មួយពី​ទម្លាប់​ចាស់ ហើយ​សមាជិក​មួយ​ចំនួន​មាន​ការ​លំបាកដើម្បី​​ទទួល​យក​ការ​ផ្លាស់​ប្ដូរ​នេះ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន កិច្ចការ ១១:១-៣ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យសិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម ​រកមើល​ថា ពួក​សិស្ស​ទាំង​នោះ​បាន​ឆ្លើយ​តប​យ៉ាង​ដូច​ម្ដេច​ចំពោះ​អ្វី​ដែល​ពេត្រុស​បាន​ធ្វើ ។

  • តើពួក​សិស្ស​ទាំង​នោះ​បាន​ឆ្លើយ​តប​យ៉ាង​ដូចម្ដេច​ ចំពោះ​អ្វី​ដែល​ពេត្រុស​បាន​ធ្វើ ?

សូម​សង្ខេប កិច្ចការ ១១:៤-១៥​ដោយ​ពន្យល់​ថា ពេត្រុស​បាន​ពិពណ៌នា​ទៅ​ពួកសិស្ស​ពី​ការនិមិត្ត​​ដែល​លោក និង កូនេលាស​​បាន​ទទួល ។ លោក​បាន​ប្រាប់​ពួកគេ​ថា កូនេលាស និង គ្រួសារ​របស់​លោក​បាន​ទទួល​ការបង្រៀន​របស់​ព្រះយេស៊ូវគ្រីស្ទ ហើយ​ក្រោយ​មក​បាន​ទទួល​បទពិសោធន៍​នៃ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ដូច​គ្នា​ទៅ​នឹង​ពេត្រុស និង​ពួក​សិស្ស​ផ្សេង​ទៀត​បាន​មាន​ផងដែរ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​​អាន កិច្ចការ ១១:១៦-១៧ ឲ្យឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​ រកមើល​សុន្ទរកថា​បញ្ចប់​របស់​ពេត្រុស​ទៅ​កាន់​ពួក​សិស្ស​ទាំងនោះ ។

  • តើ​អ្នក​គិតថា ពេត្រុស​ចង់​មាន​ន័យ​យ៉ាង​ណា​ដែរ នៅពេល​លោក​បាន​មាន​ប្រសាសន៍​ថា « ចុះ​តើ​ខ្ញុំ​ជា​អ្វី​ដែល​អាច​នឹង​ឃាត់​ព្រះ​បាន » (ខ ១៧) ? ( ពេត្រុស​ពុំ​បាន​បដិសេធ​ព្រះទ័យ​របស់​ព្រះ​អំពី​ការ​ប្រទាន​ឱកាស​ដល់​ពួក​សាសន៍​ដទៃ​ដើម្បី​ទទួល​ដំណឹងល្អ ប្រែចិត្ត ហើយ​ជ្រមុជទឹក​នោះ​ឡើយ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យអានកិច្ចការ ១១:១៨ដោយស្ងាត់​ស្ងៀម ហើយ​រកមើល​ថា​ ពួក​សិស្ស​បាន​ឆ្លើយ​តប​យ៉ាង​ដូចម្ដេច​ដល់​ការ​ពន្យល់​របស់​ពេត្រុស ។

  • តើ​ពួកសិស្ស​បាន​ឆ្លើយតប​យ៉ាង​ដូចម្តេច នៅពេល​ពួកគេ​បាន​ដឹង​ថា ​ពេត្រុស​ត្រូវបាន​ដឹកនាំ​ដោយ​ព្រះ​នោះ ?

  • តើ​ដំណើរ​រឿង​នេះ​បង្រៀន​នូវ​គោលការណ៍​អ្វីខ្លះ​ អំពី​របៀប​ដែល​យើង​អាច​គាំទ្រ ហើយ​ធ្វើ​តាម​អ្នក​ដែល​ធ្វើ​ជា​អធិបតី​នៅ​ក្នុង​​សាសនា​ចក្រ​នោះ ? ( សិស្ស​អាច​រក​ឃើញ​គោលការណ៍​ខុសៗគ្នា ប៉ុន្តែ​សូម​ធ្វើ​ឲ្យ​ប្រាកដ​ថា ពួកគេ​យល់​ថា​នៅ​ពេល​យើង​ដឹង​ថា ពួក​អ្នក​ដែល​ធ្វើ​ជា​អធិបតី​លើ​សាសនាចក្រ​ត្រូវ​បាន​ដឹកនាំ​ដោយ​ព្រះ នោះ​យើង​អាច​គាំទ្រ​ដោយ​មាន​ទំនុក​ចិត្ត ហើយ​ធ្វើ​តាម​ពួកគាត់ ។ គោលការណ៍​នេះ​ត្រូវបាន​បញ្ជាក់​នៅក្នុង​ព្រះគម្ពីរ​​សម័យ​ទំនើប ​ដែល​បាន​កត់​ត្រា​ថា ព្រះ​បាន​បើក​សម្តែង​ព្រះឆន្ទៈ​របស់​ទ្រង់​ដល់​អស់​អ្នក ​ដែល​កាន់​កូនសោ​បព្វជិតភាព​ជា អធិបតី [ សូមមើល គ. និង ស. ២៨:២, ៧, ៤២:១១, ១០៧:៦៥–៦៦ ] ) ។

  • តើ​អ្នក​បាន​ដឹង​ថា អស់​អ្នក​ដែល​ធ្វើ​ជា​អធិបតី​​លើ​សាសនាចក្រ​ត្រូវបាន​ដឹកនាំ​ដោយ​ព្រះ​យ៉ាង​ដូចម្តេច ?

  • តើ​មាន​ការទូន្មាន​អ្វីខ្លះ​ មក​ពី​ព្យាការី​​ដែល​អ្នក​បាន​ជ្រើស​ធ្វើ​តាម ដោយសារ​អ្នក​ដឹង​ថា​ព្យាការី​ត្រូវបាន​ដឹកនាំ​ដោយ​ព្រះ​នោះ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ដាក់​គោលដៅ​មួយ​ដើម្បី​ទទួល​បាន​ទីបន្ទាល់​មួយ​ដ៏​រឹងមាំ​ថា អស់​អ្នក​ដែល​ធ្វើ​ជា​អធិបតី​​លើ​សាសនាចក្រ​ត្រូវបាន​ដឹកនាំ​ដោយ​ព្រះ ។

កិច្ចការ ១១:១៩–៣០

កិច្ចការ​របស់​ព្រះអម្ចាស់​ឆ្ពោះ​ទៅមុខ​ទោះបី​ជា​មាន​ការបៀតបៀន​យ៉ាង​ណា​ក្តី ។

សូម​សង្ខេប​កិច្ចការ ១១:១៩-៣០ ដោយ​​ពន្យល់​ថា ​ដោយសារ​ការបៀតបៀន សិស្ស​មួយ​ចំនួន​ត្រូវបាន​ខ្ចាត់ខ្ចាយ​ទៅ​ទូទាំងតំបន់​នានា ប៉ុន្តែពួកអ្នកស្មោះត្រង់​​នៅតែ​បន្ត​ផ្សព្វផ្សាយ​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​មិន​ថា​ទីណា​​ដែល​ពួកគេ​បាន​ទៅ​នោះ​ទេ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

កិច្ចការ ១០:២១-២៤ ។ កូនេលាស​ត្រូវ​តែ​បញ្ជូន​ទៅ​រក​ពេត្រុស​ ដើម្បី​ទទួល​ពិធី​បរិសុទ្ធ​នៃ​ដំណឹងល្អ

« ការ​មើល​ឃើញ​ទេវតា​មួយ​អង្គ ឬ​ការ​យាង​មក​ជួប​របស់​ព្រះ​ពុំ​បាន​នាំ​មក​នូវ​សេចក្ដី​សង្គ្រោះ​ឡើយ ប៉ុន្តែ​ការ​គោរព​តាម​បទបញ្ញត្តិ​ទៅ​វិញ​ទេ ដែល​អាច​នាំ​មក​នូវ​សេចក្ដី​សង្រ្គោះ​នោះ ។ កូនេលាស​ប្រាថ្នា​ចង់​បាន​សេចក្ដី​សង្គ្រោះ ហើយ​ដើម្បី​ទទួល​បាន​វា​ គាត់​ត្រូវ​គោរព​តាម​បញ្ញត្តិ​របស់​វា ។ ទេវតា​ដែល​បាន​យាង​មក ហើយ​ផ្ដល់​ការ​ណែនាំ​​ដំបូង​ដល់​កូនេលាស​នោះ ​អាច​មាន​បន្ទូល​ប្រាប់​គាត់​ថា​ត្រូវ​ធ្វើ​អ្វីខ្លះ ប៉ុន្តែ​ទ្រង់​បាន​បញ្ជូន​គាត់​ទៅ​រក​ពេត្រុស​ ដែល​កាន់​សិទ្ធិ​អំណាច​នោះ​នៅ​លើ​ផែនដី ។ នេះ​គឺជាគំរូ​នៅ​ក្នុង​នគរ​ព្រះ ។ បន្ទាប់​មក យ៉ូសែប ​ស៊្មីធ ​បាន​សង្កេត​ឃើញ ៖… ‹ ទេវតា​អង្គ​នោះ​បាន​មាន​បន្ទូល​ប្រាប់​កូនេលាស​ដ៏ល្អពីជំនាន់មុននោះ​ថា គាត់​ត្រូវ​ទៅ​រក​ពេត្រុស​ដើម្បី​រៀន​​ពី​របៀប​ដើម្បីទទួល​ការ​សង្គ្រោះ ៖ពេត្រុស​អាច​ជ្រមុជទឹក​បាន ខណៈ​​ពួក​ទេវតា​ពុំ​អាច​ធ្វើ​កិច្ចការ​នេះ​បានទេ​ ដរាប​ណា​មាន​អ្នកកាន់តំណែង​ស្រប​ច្បាប់​នៅ​ក្នុង​សាច់​ឈាម​កាន់​កូនសោ​នៃ​នគរ ឬ​សិទ្ធិ​អំណាច​នៃ​បព្វជិតភាព»[Teachings of Presidents of the Church: Joseph Smith (ឆ្នាំ ២០០៧ ), ១១០; italics added] » (The Life and Teachings of Jesus and His Apostles [Church Educational System manual, ឆ្នាំ ១៩៧៩ ], ២៥២) ។

កិច្ចការ ១០:៤៥ ។ អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ

នៅ​ក្នុង កិច្ចការ ១០:៤៥ ឃ្លា « អំណោយទាន​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ » សំដៅ​ទៅ​លើ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ ដែល​បាន​កើត​មាន​ដល់​ពួក​សាសន៍​​ដទៃ​ទាំងនេះ ។ វា​ខុស​ពី​ អំណោយទាន នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​យើង​ទទួល​តាម​រយៈ​ពិធី​បរិសុទ្ធ​នៃ​​ពិធី​បញ្ជាក់​បន្ទាប់​ពី​ពិធី​បុណ្យ​ជ្រមុជទឹក [ សូមមើល កិច្ចការ ៨:១៤–១៧​, Teachings of Presidents of the Church:Joseph Smith [ ឆ្នាំ ២០០៧ ], ៩៧] ) ។

កិច្ចការ ១១ ។ ព្រះ​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់ដោយ​ប្រទាន​​វិវរណៈ​ដល់​ព្យាការី​រ​បស់​ទ្រង់​ ដែល​ជា​សាវក​​រៀម​ច្បង

អែលឌើរ អិល ថម ភែរី ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ថ្លែង​អំពី​របៀប ​ដែល​វិវរណៈ​ត្រូវ​បាន​ទទួល​សម្រាប់​សាសនាចក្រ ៖

« មាន​របៀប​មួយ​របស់​ព្រះអម្ចាស់​ដែល​ទ្រង់​បើកសម្តែង​ពី​ព្រះឆន្ទៈ​របស់​ទ្រង់​ដល់​មនុស្ស​លោក ។ យើង​ទាំងអស់​គ្នា​មាន​សិទ្ធិ​ដើម្បី​ទូលសុំ​ព្រះអម្ចាស់ ហើយ​ទទួល​ការបំផុស​គំនិត​តាមរយៈ​ព្រះវិញ្ញាណ​របស់​ទ្រង់​នៅ​ក្នុង​ព្រំសីមា​នៃ​ទំនួល​ខុសត្រូវ​របស់​យើង ។ ឪពុក​ម្តាយ​អាច​ទទួល​វិវរណៈ​សម្រាប់​ក្រុមគ្រួសារ​របស់​ខ្លួន​ផ្ទាល់ ប៊ីស្សព​អាច​ទទួល​វិវរណៈ​សម្រាប់​ក្រុមជំនុំ​របស់​ខ្លួន ហើយ​គណៈប្រធាន​ទីមួយ​សម្រាប់​សាសនាចក្រ​ទាំង​មូល ។ ប៉ុន្តែ​ យើង​មិន​អាច​ទទួល​វិវរណៈ​​សម្រាប់​ការ​ទទួល​ខុស​ត្រូវ​របស់​មនុស្ស​ម្នាក់​ទៀត​បាន​ឡើយ ។ ព្យាការី យ៉ូសែប ស៊្មីធ បាន​ប្រកាស ៖

« ‹ វា​គឺ​ជាការ​ផ្ទុយ​ពី​របៀប​​របស់ព្រះ​ ដែល​សមាជិក​គ្រប់រូប​នៃ​សាសនាចក្រ ឬ​មនុស្ស​គ្រប់រូប ក្នុង​ការទទួលបាន​ការណែនាំ​សម្រាប់​អ្នកទាំងឡាយ​ដែល​មាន​សិទ្ធិអំណាច​ខ្ពស់​ជាង​ពួកគេ​នោះ » [ការបង្រៀន​របស់​ប្រធាន​សាសនាចក្រ ៖ យ៉ូសែប ស៊្មីធ ( ឆ្នាំ ២០០៧ ), ទំព័រ ១៩៧–៩៨]” (« We Believe All That God Has Revealed »EnsignLiahona, ខែ វិច្ឆិកា ឆ្នាំ ២០០៣ ទំព័រ ៨៥–៨៦ ) ។

កិច្ចការ ១១ ។ ជា​រឿយៗ វិវរណៈ​មក​តាម​កម្រិត នៅ​ពេល​យើង​​ធ្វើ​តាម​អ្វី​ដែល​យើង​ដឹង

អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បានប្រៀប​ប្រដូច​វិវរណៈ​ដែលកើន​តាម​កម្រិត​ទៅ​នឹង​ការ​រះឡើង​នៃ​ព្រះអាទិត្យ ៖

« ការ​បង្កើន​ពន្លឺ​បន្ដិច​ម្ដងៗ មកពីពន្លឺ​ព្រះអាទិត្យ​រះ គឺ​ដូចជា​ការ​ទទួល​សារលិខិត​មួយ​មកពី​ព្រះ ‹មួយ​បន្ទាត់ម្ដងៗ មួយ​សិក្ខាបទ​ម្ដងៗ› (នីហ្វៃទី 2 28:30)។ ជានិច្ចកាល វិវរណៈ​កើត​ឡើង​នៅ​ក្នុង​ចំនួន​ដ៏​តូច​បន្តិច​ម្ដងៗ ហើយ​ត្រូវបាន​ផ្ដល់​ឲ្យ​ស្រប​តាម​បំណង​ប្រាថ្នា ភាពសក្ដិសម និងការ​រៀបចំ​ខ្លួន​របស់​យើង ។ ការ​ប្រាស្រ័យ​ទាក់​ទង​បែប​នោះ​ ដែល​​មកពី​ព្រះវរបិតា​សួគ៌​បន្តិច​ម្តងៗ ‹ ចុះ​មកលើ​ [ ព្រលឹង​របស់​យើង ] ដូចជា​ទឹក​សន្សើម​ចុះ​ពី​លើ​មេឃ › (គ. និង ស. ១២១:៤៥ ) ។ លំនាំ​វិវរណៈ​នេះ​កើតឡើង​ជា​ញឹកញាប់​ជាង » ( « The Spirit of Revelation »EnsignLiahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៨៨ ) ។