បណ្ណាល័យ
មេរៀន​ទី១៣៥ ៖ ហេព្រើរ ១–៤


មេរៀន​ទី១៣៥

ហេព្រើរ ១–៤

សេចក្ដីផ្ដើម​

ប៉ុល​បង្រៀន​ពួកបរិសុទ្ធ​អំពីលក្ខណៈ​ពិត​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ លោក​ក៏​បាន​បង្រៀន​ដល់​ពួកគេ​អំពី​ដង្វាយ​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង ពរជ័យ​មួយ​ចំនួន​​ដែល​កើត​ឡើង​ដោយសារ​តែ​ដង្វាយ​ធួន​ផងដែរ ។ ប៉ុល​បាន​ចែកចាយពី​​បទពិសោធន៍​របស់​ពួក​អ៊ីស្រាអែល​ពី​បុរាណ ដែល​ដើរ​រសាត់ព្រាត់​នៅ​ក្នុង​ទីរហោស្ថាន ដើម្បី​បង្រៀន​ដល់​ពួកបរិសុទ្ធ​នូវ​អ្វី​​ដែល​ពួកគេ​ត្រូវធ្វើ ដើម្បី​ចូល​ក្នុង​ទី​សម្រាក​​នៃ​ព្រះអម្ចាស់ ។

យោបល់​សម្រាប់ការ​បង្រៀន

ហេព្រើរ១

ប៉ុល​បង្រៀន​អំពី​និស្ស័យ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ

សូម​អាន​ស្ថានភាព​ដូច​ខាង​ក្រោម​ឲ្យឮ​ៗ ៖

  1. យុវនារី​ម្នាក់​មាន​ការធុញ​ទ្រាន់​ក្នុង​ការ​ធ្វើជា​ « ក្មេង​ស្រីល្អ » ដោយសារ​នាង​ពុំ​​បាន​ចូលរួម​​សកម្មភាព​​មួយ​ចំនួន​ជាមួយ​មិត្តភក្តិ​របស់ពួកគេ ។ នាង​គិត​អំពី​ការបន្ទាប​បទដ្ឋាន​របស់​នាង ​ដើម្បីមាន​ចំណែក​ក្នុង​​ក្រុម​នោះ ។

  2. យុវជន​ម្នាក់​ ដែល​កំពុង​បម្រើ​បេសកកម្ម​ពេញ​ម៉ោង​ដឹង​ថា កិច្ចការ​ផ្សព្វផ្សាយ​សាសនា​​មាន​​ការលំបាក​​ជាង​អ្វី​ដែល​​គាត់​​បានរំពឹង​គិត​ទុកជាមុន ហើយ​គាត់​កំពុង​គិត​ពី​ការត្រឡប់​​ទៅ​ផ្ទះ​វិញ ។

  • តើ​សាច់​រឿង​ទាំង​នេះ​មាន​ចំណុច​អ្វី​ខ្លះ​ដូច​គ្នា ?

  • តើ​មាន​ហេតុផល​ណា​ខ្លះ ដែល​មនុស្ស​អាច​គិត​​​បោះបង់​ចោល​នូវ​ការខិតខំ​ ដើម្បី​ធ្វើ​អ្វី​ដែល​ពួកគេ​ដឹង​ថា​ត្រឹមត្រូវ​នោះ ?

សូម​ណែនាំ​ដោយ​សង្ខេប​អំពី​គម្ពីរ​ហេព្រើរ ដោយ​ពន្យល់​ថា នៅក្រោម​សម្ពាធ​នៃ​ការ​រង​ទុក្ខ​ផ្សេង​ៗ​ពួក​អ្នក​ផ្លាស់ប្រែចិត្ត​ជឿ​យូដា​ខ្លះៗ ( សំដៅ​ទៅលើ​ពួកហេព្រើរ ) ​បាន​ដក​ខ្លួន​ចេញ​ពី​ការ​ប្រជុំ​សាសនាចក្រ ហើយ​ត្រឡប់​ទៅ​ចូល​រួម​នឹង​ការ​ថ្វាយបង្គំ​របស់​យូដាតាម​ទំនៀម​ទម្លាប់​មុន ដែល​មិន​បាន​​រួមបញ្ចូល​នូវ​​ការជឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទឡើយ ( សូមមើល​​ហេព្រើរ១០:២៥, ៣៨–៣៩) ។ ប៉ុល​បាន​សរសេរ​សំបុត្រ​របស់​លោក​លើក​ទឹកចិត្ត​សមាជិក​សាសនាចក្រ​ទាំងនេះ ឲ្យ​បន្ត​នៅ​ស្មោះត្រង់​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​រកមើល​សេចក្ដីពិត​នៅ​ពេល​ពួកគេ​សិក្សា​គម្ពីរ​​ហេព្រើរ ដើម្បី​អាច​ជួយ​ពួកគេឲ្យ​​បន្ដ​ស្មោះត្រង់​ចំពោះ​ព្រះគ្រីស្ទ​ ទោះ​ជា​ពួកគេ​អាច​មានអារម្មណ៍​ថា​ចង់​បោះបង់​ចោល​​ក្ដី ។

សូមអញ្ជើញ​សិស្ស​ឲ្យ​​អាន ហេព្រើរ១:១–៣, ១០ ដោយ​ស្ងាត់​ស្ងៀម ហើយ​រកមើល​គោលលទ្ធិ​ដែល​ប៉ុល​បាន​បង្រៀនដល់​ពួកបរិសុទ្ធ​សាសន៍​យូដា​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ ។

បន្ទាប់ពី​ផ្ដល់​ពេល​គ្រប់គ្រាន់ សូមអញ្ជើញ​សិស្ស​ច្រើន​នាក់​ឲ្យ​សរសេរ​នៅលើ​ក្ដារខៀន​អំពី​សេចក្ដី​ពិត​​ដែល​ពួកគេ​បានរក​ឃើញ ។ សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេងៗ​គ្នា ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា សេចក្ដីថ្លែងការណ៍​ទាំងនោះ​​ស្រដៀង​គ្នា​​ទៅ​នឹង​​សេចក្ដីពិត​ដូច​ខាង​ក្រោម ដែល​បាន​សរសេរ​នៅលើ​ក្ដារ​ខៀន ៖

ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្កើត​ស្ថានសួគ៌ និង​ផែនដី ( សូមមើលហេព្រើរ១:២, ១០) ។

ព្រះយេស៊ូវគ្រីស្ទ​បាន​មានបន្ទូល​ជំនួស​ព្រះវរបិតា ( សូមមើលហេព្រើរ ១:២) ។

ព្រះយេស៊ូវគ្រីស្ទ​គឺជា​អ្នក​គ្រង​មរតក​របស់​ព្រះវរបិតា ( សូមមើល​ហេព្រើរ១:២) ។

ព្រះយេស៊ូវគ្រីស្ទ​គឺ​​រូបភាពនៃ​​អង្គ​ព្រះវរបិតា ( សូមមើលហេព្រើរ ១:៣) ។

ព្រះយេស៊ូវគ្រីស្ទទ្រទ្រង់​គ្រប់​របស់​ទាំងអស់​ដោយ​សារ​ព្រះបន្ទូល​ដ៏​មាន​ព្រះចេស្ដា​របស់​ទ្រង់​ ( សូមមើលហេព្រើរ ១:៣) ។

ព្រះយេស៊ូវគ្រីស្ទ​​បាន​សម្អាត​អំពើ​បាប​របស់​យើង ( សូមមើលហេព្រើរ ១:៣) ​។

ព្រះយេស៊ូវគ្រីស្ទគ្រង​រាជ្យ​​​នៅ​ខាង​ស្ដាំ​ព្រះហស្តនៃ​ព្រះវរបិតា ( សូមមើលហេព្រើរ ១:៣) ។

អ្នកអាច​នឹង​ចាំ​បាច់​ត្រូវ​ពន្យល់​ថា ឃ្លា​ « ជា​រូបភាព​នៃ​ព្រះវរបិតា » មានន័យ​ថា​ព្រះ​យេស៊ូវ​គ្រីស្ទ មាន​រូបអង្គ​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ​​​តំណាង​ឲ្យ​ព្រះវរបិតា​សួគ៌ ហើយ​មាន​ចំណែក​នៃ​​​លក្ខណៈ​ដ៏ទេវភាព​របស់​ទ្រង់ និង​ឃ្លា « ទ្រទ្រង់​គ្រប់​របស់​ទាំងអស់​ដោយ​សារ​ព្រះ​បន្ទូល​ដ៏​មាន​ព្រះចេស្ដា​នៃ​ទ្រង់ » ចង្អុល​បង្ហាញ​​ថា​ ព្រះយេស៊ូវ​គ្រីស្ទ​មាន​គ្រប់​ព្រះ​ចេស្ដា ។

  • តើ​ការ​ដឹង​អំពី​សេចក្ដីពិត​ទាំងនេះ​អាច​ជួយ​នរណា​ម្នាក់​ ដែល​មាន​ការ​លំបាក​ឲ្យ​បន្ដ​នៅ​ស្មោះត្រង់​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់​យ៉ាង​ដូចម្ដេច ?

សូមអញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ថា តើ​​សេចក្ដី​ពិត​ណា​មួយ​នៃ​សេចក្ដីពិត​ទាំងនេះ អាច​ជា​ប្រយោជន៍​ដល់​ពួកគេ ប្រសិន​បើ​ពួក​គេ​ត្រូវ​បាន​ល្បួង​ឲ្យ​ងាកចេញ​ពី​ការ​ធ្វើ​តាម​ព្រះទ័យ​របស់ព្រះអម្ចាស់​នោះ ។

សូមពន្យល់​ថា បាវចនា​មួ​យ​នៅ​ក្នុង​គម្ពីរ​ហេព្រើរ គឺជា​ឧត្តមភាព​​របស់ព្រះយេស៊ូវគ្រីស្ទ ។ ឧទាហរណ៍​នៅក្នុង ហេព្រើរ ១:៤–១៤ ប៉ុល​បាន​បង្ហាញ​ថា ព្រះ​យេស៊ូវ​គ្រីស្ទ​គឺ​​​អស្ចារ្យ​ជាង​ពួកទេវតា ។ នៅក្នុង​ជំពូក​បន្តបន្ទាប់​ទៀត លោក​បាន​បន្ត​បង្ហាញ​ពី​ភាព​ឧត្ដុង្គ​ឧត្ដម និង​ភាពអស្ចារ្យ​របស់​ព្រះគ្រីស្ទ ។

  • ហេតុអ្វី​ការដឹងថា ព្រះយេស៊ូវគ្រីស្ទ​អស្ចារ្យ​​ជាង​អ្វីៗ​ទាំង​អស់ នឹងជួយ​មនុស្ស​ម្នាក់​ដែល​កំពុង​មាន​ការលំបាក​ឲ្យ​បន្ត​នៅ​ស្មោះត្រង់​ចំពោះ​ទ្រង់​បាន​ ?

សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​បន្ដ​មើល​បាវចនា​នេះ នៅពេល​ពួកគេ​សិក្សា​គម្ពីរ​ហេព្រើរ​​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន ។

ហេព្រើរ២

ប៉ុល​បង្រៀន​ថា ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​មេ​នៃ​សេចក្តីសង្គ្រោះ​របស់​យើង

ចូរ​សុំ​ឲ្យ​សិស្ស​ពិចារណា​អំ​ពី​របៀប​ដែល​ពួកគេ​នឹង​​ជ្រើសរើស​​មេ ឬ អ្នកដឹកនាំ​សម្រាប់​ក្រុម​ផ្សេងៗ ដែល​ពួកគេ​អាច​​ចូលរួម ( ឧទាហរណ៍ អត្តពលកម្ម ​ការតស៊ូ​មតិ ការសម្តែង​​ល្ខោន ឬ ក្លឹប​នៅ​សាលា​រៀន ) ។

  • តើ​គុណសម្បត្តិ​អ្វីខ្លះ​ដែល​អ្នក​រកមើល នៅ​ពេល​​​ជ្រើសរើស​​មេ ឬ​អ្នក​ដឹកនាំ ?

សូម​ពន្យល់​ថា ​នៅក្នុង ហេព្រើរ ២ សាវក​ប៉ុល​បាន​ពន្យល់​បន្ថែម​ទៀត​អំពី​និស្ស័យ និង អត្ត​សញ្ញាណ​របស់​​ព្រះយេស៊ូវគ្រីស្ទ​ដល់​សាសន៍​យូដា​ដែល​ប្រែចិត្ត​ជឿ ដើម្បី​ជួយ​ពួកគេ​ឲ្យ​យល់​ពី​មូល​ហេតុ​ដែល​ពួកគេ​គួរតែ​បន្ត​ដើរតាម​ទ្រង់ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អានហេព្រើរ២:១០ឮ​ៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម ​រកមើល​របៀប​​ដែល​​ប៉ុល​បាន​រៀបរាប់​សំដៅ​ទៅលើ​​ព្រះ​យេស៊ូវគ្រីស្ទ ។

  • តើ​ព្រះយេស៊ូវគ្រីស្ទ​ជា​មេ​លើ​អ្វី ? ( សូម​សរសេរ​សេចក្ដីពិត​ដូច​ខាង​ក្រោម​នៅ​លើ​ក្ដារខៀន ៖ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​មេ​នៃ​សេចក្ដីសង្គ្រោះ​របស់​យើង) ។

  • តើ​ព្រះយេស៊ូវ​គ្រីស្ទ​ជា​មេ​នៃ​សេចក្ដីសង្គ្រោះ​របស់​​យើង​តាម​របៀប​ណា ?

សូម​បំបែក​សិស្ស​ជា​គូៗ ហើយ​ចាត់​ឲ្យ​សិស្ស​ម្នាក់​អានហេព្រើរ ២:៨–១៣ ហើយ​ឲ្យ​សិស្ស​ដទៃទៀត​អានហេព្រើរ ២:១៤–១៨។ សូម​អញ្ជើញ​សិស្ស​ឲ្យ​រក​មើល​ឃ្លាដែល​ពិពណ៌នា​អំពី​មូលហេតុ​ដែល​ព្រះអង្គសង្គ្រោះ​មាន​គុណ​សម្បត្តិ​ធ្វើ​ជា​មេ​នៃ​សេចក្តីសង្គ្រោះ​របស់​យើង ។ ( សូម​ពន្យល់​ថា ឃ្លា « ប្រយោជន៍​នឹង​ថ្វាយ​ដង្វាយ​ឲ្យ​ធួន​នឹង​បាប​របស់​ប្រជាជន​ទាំង​ឡាយ » នៅ​ក្នុងខទី ១៧​មានន័យ​ថា ព្រះគ្រីស្ទ​បាន​ធ្វើឲ្យ​ធួន​នឹង​អំពើ​បាប​របស់​យើង ដែល​អនុញ្ញា​ត​ឲ្យ​យើង​ត្រូវ​បាន​​ផ្សះផ្សារ ឬ​មាន​ទំនាក់ទំនង​​សុខដុម​ជាមួយ​ព្រះវរបិតា​សួគ៌ ) ។

ក្រោយពី​ទុក​ពេលឲ្យ​គ្រប់គ្រាន់​ហើយ ចូរ​សុំ​សិស្សឲ្យ​ប្រាប់​ពី​អ្វី​​ដែល​ពួកគេ​បាន​រកឃើញ​ទៅ​​ដល់​ដៃគូ​របស់ពួកគេ ។ បន្ទាប់មក សូម​សួរ​សិស្ស ៖

  • យោងតាម ខ​ទី ៩ តើ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ធ្វើ​អ្វីខ្លះ​សម្រាប់​មនុស្ស​ទាំងអស់ ?

  • យោង​តាម ខ​ទី ១៤ តើ​ទ្រង់​បាន​​យក​ឈ្នះ​លើ​នរណា​ខ្លះ​ តាមរយៈ​ដង្វាយ​ធួនរបស់​ទ្រង់ ?

សូមចង្អុល​បង្ហាញ​​​ថា ប៉ុល​ពុំ​គ្រាន់តែ​សំដៅ​លើ​ព្រះអង្គសង្គ្រោះ​ថា​ជា​មេ​នៃ​សេចក្តីសង្គ្រោះ​របស់​​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោក​ក៏​បាន​ហៅ​ទ្រង់​ថា​ជា « សម្តេច​សង្ឃ ដែល​មាន​ព្រះទ័យ​មេត្តាករុណា ហើយ​ក៏​ស្មោះត្រង់ »​ ដែរ ( ខទី ១៧ ) ។ ប៉ុល​បាន​ប្រដូច​ព្រះយេស៊ូវគ្រីស្ទ​ទៅ​នឹង​សម្តេច​សង្ឃ​ម្នាក់​របស់​សាសន៍​យូដា ដោយសារ​សម្តេច​សង្ឃ​ត្រូវបាន​ចាត់ទុក​ថា​ជា​អ្នក​នៅ​កណ្តាល​រវាង​មនុស្ស និង ព្រះ ។

  • យោង​តាមខទី ១៧តើ​អ្វី​​​ដែល​ធ្វើ​ឲ្យ​ព្រះយេស៊ូវ​អាច​ជាសម្តេច​សង្ឃ ដែល​មាន​ព្រះទ័យ​មេត្តាករុណា ហើយ​ក៏​ស្មោះត្រង់ ?

  • យោងតាម ហេព្រើរ ២:១៨ ហេតុអ្វី​ព្រះអង្គសង្គ្រោះ​អាច​ជួយ​យើង​បាន ? ( សូមមើល​ផងដែរ អាលម៉ា ៧:១១–១៣ ) ។

សូមពន្យល់​ថា​ នៅក្នុង​ ហេព្រើរ៤:១៤–១៦ ​ប៉ុល​​បានផ្ដល់​នូវ​គំនិត​បន្ថែម​​ដល់​ការ​បង្រៀន​របស់​លោក​ អំពី​របៀប​ដែល​​​​ព្រះអង្គសង្គ្រោះ​គឺ​ជា​សម្តេច​សង្ឃ ដែល​មាន​ព្រះទ័យ​មេត្តាករុណា ហើយ​ក៏​ស្មោះត្រង់ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ខគម្ពីរ​ទាំងនេះ​ឲ្យ​ឮៗ ។ ចូរ​សុំសិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ទៀង​តាម រក​មើល​អ្វី​​ដែល​ធ្វើ​ឲ្យ​ព្រះយេស៊ូវ​គ្រីស្ទ​ជាសម្តេច​សង្ឃ​ដ៏​អស្ចារ្យ​ដូច្នេះ ។ សូម​អញ្ជើញ​សិស្សឲ្យ​​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រក​ឃើញ ។

  • ផ្អែក​ទៅលើ​អ្វី​ដែល​អ្នក​បាន​រៀន​មកពី​ហេព្រើរ ២:១៤–១៨និង ៤:១៤–១៦ ហេតុអ្វី​ព្រះយេស៊ូវ​គ្រីស្ទ​អាច​យល់​អំពី​យើង​យ៉ាង​ឥតខ្ចោះ ហើយ​មាន​ក្ដី​អាណិត​​អាសូរ​​ចំពោះ​ភាព​ទន់ខ្សោយ និង​ភាព​មិន​ល្អ​ឥតខ្ចោះ​របស់​យើង ? ( សូម​ជួយ​សិស្ស​​ឲ្យ​ស្គាល់​សេចក្ដីពិត​ដូច​ខាង​ក្រោម ៖ ដោយសារ​ព្រះយេស៊ូវគ្រីស្ទ​បាន​រងទុក្ខ ហើយ​ត្រូវបាន​ល្បួង​នៅ​​គ្រប់​រឿង​ទាំង​អស់ នោះ​ទ្រង់​យល់​ពី​យើង​យ៉ាង​ច្បាស់ ហើយ​អាច​​ជួយ​យើង​នៅក្នុង​គ្រា​ដែល​យើង​ត្រូវ​ការ ។ សូម​សរសេរសេចក្ដីពិត​​នេះ​នៅលើ​ក្ដារ​ខៀន ) ។

  • យោង​តាមហេព្រើរ ៤:១៦តើ​ការ​យល់​ដឹង​អំពី​សេចក្ដីពិត​នេះ​អាច​ជួយ​យើងឲ្យ​ធ្វើ​អ្វីខ្លះ ?

  • តើ​អ្នក​គិត​ថា វាមាន​ន័យ​យ៉ាង​ណា​ដើម្បី​មក​ដល់​បល្ល័ង្ក​នៃ​ព្រះគុណ​ដោយ​ក្លាហាន ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អំពី​អារម្មណ៍​របស់ពួកគេ ​អំពី​របៀប​ដែល​សេចក្ដីពិត​នៅ​ក្នុង ​ហេព្រើរ ២អាច​ជួយ​ពួកគេ​ឲ្យមាន​ទំនុក​ចិត្ត​ទៅលើ​ការ​សម្រេច​ចិត្ត​របស់​ពួកគេ​ដើម្បី​ធ្វើ​តាម​ព្រះយេស៊ូវ​គ្រីស្ទ​ ដែល​ជា​អ្នក​ដឹកនាំ​របស់ពួកគេ ។

ហេព្រើរ៣–៤

ប៉ុល​បង្រៀន​ពី​របៀប​ ដែល​យើង​អាច​ចូល​ទៅ​ក្នុង​ទីសម្រាក​របស់​ព្រះអម្ចាស់

សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​នៅក្នុង​​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​កត់ត្រា​ក្នុង​ថ្នាក់​របស់​​ពួកគេ​ អំពី​អ្វី​ដែល​ធ្វើឲ្យ​ពួកគេ​ខ្វល់ខ្វាយ ឬ​ថប់បារម្ភ​ខាង​សាច់ឈាម ឬ​ខាង​វិញ្ញាណ ។

  • តើ​យើង​អាច​រក​បាន​សេចក្ដី​សុខសាន្ដ ហើយ​​សម្រាក​ពី​កង្វល់​ទាំង​នេះ ឬ ភាពជ្រួលច្របល់ និង ការរសាប់រសល់​ផ្សេង​ទៀត​យ៉ាង​ដូច​ម្ដេច ?

សូម​រំឭក​សិស្ស​ថា ពួកបរិសុទ្ធ​សាសន៍​យូដា បាន​​ជួប​នឹង​ការ​បៀតបៀន​ចំពោះ​ការ​រស់នៅ​តាម​ដំណឹងល្អ ។ សូម​ពន្យល់​ថា​នៅក្នុង ហេព្រើរ ៣ និង ប៉ុល​បាន​និយាយ​​ពី​បទពិសោធន៍​ចេញ​ពី​គម្ពីរ​សញ្ញា​ចាស់ ដើម្បី​បង្រៀន​ពួកបរិសុទ្ធ​អំពី​របៀប​ស្វែងរក​ទីសម្រាក​នៅក្នុង​ជីវិត​នេះ និង ជីវិត​បន្ទាប់ ។

សូម​ពន្យល់​ថា បន្ទាប់​ពី​​​មាន​សេរីភាព​ពី​ប្រទេស​​​អេស៊ីព្ទ នោះ​ប្រជាជន​សាសន៍​អ៊ីស្រាអែល​​ពីបុរាណ​បាន​ធ្វើ​ឲ្យ​​ព្រះអម្ចាស់​ទ្រង់​ព្រះពិរោធ ​ហេតុដូច្នេះ​ពួកគេ​មិន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ក្នុង​កន្លែង​សម្រាក​របស់​ព្រះអម្ចាស់​ទេ ( សូមមើលជនគណនា ១៤,យ៉ាកុប ១:៧–៨​,អាលម៉ា ១២:៣៣–៣៧,១៣:៦, ១២–១៣, ២៨–២៩) ។ សូមអញ្ជើញ​សិស្សឲ្យ​គូស​ចំណាំ​ឃ្លា « ​ផ្លូវ​របស់​យើង​សោះ » នៅក្នុង ហេព្រើរ ៣:១១ ។

សូម​ចង្អុល​បង្ហាញ​ថាអែលឌើរ ​ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ពន្យល់​អំពី​អត្ថន័យ​ដើម្បី​ចូលទៅក្នុង​ទី​សម្រាក​​របស់ព្រះអម្ចាស់ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដី​ថ្លែង​ការណ៍​ដូច​ខាងក្រោម​ដោយ​អែលឌើរ ម៉ាក់ខន់ឃី ​ឲ្យ​ឮៗ ហើយ​សុំ​ឲ្យ​សិស្ស​ស្ដាប់​រក​មើល​អត្ថន័យនៃ​ការ​ចូល​ទៅក្នុង​ទី​សម្រាក​របស់​ព្រះអម្ចាស់ ។

រូបភាព
អែលឌើរ​ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី

« ពួក​បរិសុទ្ធ​ដ៏​ពិត​ប្រាកដ​ចូល​ទៅក្នុង​សេចក្ដី​​សម្រាក​នៃ​ព្រះអម្ចាស់ ខណៈដែល​នៅ​ក្នុង​ជីវិត​នេះ ហើយ​ដោយ​ការនៅ​ជាប់​នឹង​សេចក្ដីពិត នោះ​ពួកគេ​បន្ត​នៅក្នុង​ស្ថានភាព​ដ៏​មាន​ពរជ័យ​នោះ រហូត​​ដល់​ពួកគេ​ចូល​ក្នុង​សេចក្ដី​សម្រាក​​​ជាមួយ​ព្រះអម្ចាស់​នៅ​ស្ថាន​សួគ៌ ។ … ខណៈ​ដែល​ជីវិត​រមែង​ស្លាប់​មាន​ការខ្វល់​ខ្វាយ ទីសម្រាក​របស់​ព្រះអម្ចាស់ ជា​ទី​ទទួល​បាន​នូវ​ចំណេះ​ដឹង​ដ៏​ឥតខ្ចោះ​នៃ​ភាព​ជា​ព្រះ​នៃ​កិច្ចការ​ដ៏​មហិមា​នៃ​ថ្ងៃចុងក្រោយ ។ … ​នៅក្នុង​ភាពអស់​កល្ប​ជានិច្ច ទី​សម្រាក​នៃ​ព្រះអម្ចាស់គឺ​ការ​ដែល​បាន​គ្រង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ទទួលបាន​នូវ​ភាពពេញលេញ​នៃ​សិរី​រុងរឿង​របស់​​ព្រះអម្ចាស់ ។ (គ. និង ស. ៨៤:២៤) »។ (Mormon Doctrine កែ​សម្រួល​​លើក​ទី ២ [ ឆ្នាំ ១៩៦៦ ] ទំព័រ ៦៣៣ ) ។

  • តើ​វា​មាន​ន័យ​យ៉ាង​ណា​សម្រាប់​យើង ​ដើម្បី​ចូលក្នុង​ទី​សម្រាក​របស់​ព្រះអម្ចាស់​ក្នុង​ជីវិត​នេះ ? ចុះ​បន្ទាប់​ពី​យើង​ស្លាប់​ទៅ ?

សូមអាន ហេព្រើរ ៤:១ ឲ្យឮៗ ហើយ​សុំ​ឲ្យ​សិស្ស​ផ្ទៀងតាម ហើយ​រកមើល​អ្វី​ដែល​​ប៉ុល​បាន​បារម្ភ​ថា សមាជិក​សាសនាចក្រ​មួយ​ចំនួន​ពុំ​បាន​ធ្វើ​វា ។

  • តើ​ការ​បារម្ភ​របស់​ប៉ុល​មាន​អ្វីខ្លះ ? ( ថា​សមាជិក​សាសនាចក្រ​មួយចំនួន​នឹង​មិនអាច​ចូល​​ទៅ​ក្នុង​ទីសម្រាក​របស់​ព្រះអម្ចាស់បានឡើយ ) ។

សូម​​​សរសេរ​បទគម្ពីរ​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ហេព្រើរ៣:៧–៨, ១២–១៥, ១៨–១៩; ៤:២–៣, ៦–៧, ១១ ចូរ​សុំឲ្យ​សិស្ស​ក្នុង​ថ្នាក់​អាន​ខគម្ពីរ​ទាំង​នេះ​ដោយ​​ស្ងាត់​ស្ងៀម ហើយ​រកមើលនូវ​​អ្វី​ដែល​ប៉ុល បាន​បង្រៀន​​​អំពី​របៀប​​ដែល​យើង​អាច​​ចូល​ទៅ​ក្នុង​ទីសម្រាក​របស់​ព្រះអម្ចាស់​បាន ។ ( សូមលើក​ទឹកចិត្ត​​សិស្ស​ឲ្យអាន​ការបកប្រែ​​របស់ យ៉ូសែប ស្ម៊ីធ ហេព្រើរ ៤:៣​នៅក្នុង​សេចក្ដីបន្ថែម​ព្រះគម្ពីរ​ប៊ីប ) ។ ក្រោយពី​ទុក​ពេលឲ្យ​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្សឲ្យ​ប្រាប់​អំពី​អ្វី​​ដែល​ពួកគេ​បាន​រកឃើញ ។

  • តើ​អ្នក​គិត​ថាឃ្លា « ​បើ​យើង​រាល់​គ្នា​កាន់​ខ្ជាប់ តាម​សេចក្តី​ជំនឿ​ដើម ដរាប​ដល់​ចុង​បំផុត » (ហេព្រើរ ៣:១៤) មានន័យ​ដូចម្ដេច ?

  • តើ​អ្នកគិត​ថាឃ្លា « កុំ​ឲ្យ​តាំង​ចិត្ត​រឹងរូស » មាន​​ន័យ​យ៉ាង​ណា ? (ហេព្រើរ៣:១៥; ៤:៧) ។ ( ដើម្បី​បន្ដ​បើក​ដួងចិត្ត​របស់​យើង ស្ម័គ្រចិត្ត និង​គោរព​ប្រតិបត្តិ​តាម​ព្រះ និង​បទបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ) ។

  • តើ​ប៉ុល​បង្រៀន​អ្វីខ្លះ​អំពី​របៀប​ ដើម្បី​ចូល​ទៅ​ក្នុង​ទីសម្រាក​របស់​ព្រះអម្ចាស់ ? ( ចេញ​ពីចម្លើយ​របស់​សិស្ស សូម​សរសេរ​គោល​ការណ៍​ដូច​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ ប្រសិនបើ​យើង​បន្ត​នៅ​ស្មោះត្រង់​ចំពោះ​ព្រះអង្គ​សង្គ្រោះ ហើយ​គ្មាន​ចិត្ត​រឹងរូស នោះ​យើង​​នឹង​ចូល​ទៅក្នុង​ទីសម្រាក​របស់​ព្រះអម្ចាស់ ) ។

  • តើ​ការ​បើក​ដួងចិត្ត​របស់​យើង​ចំពោះ​ព្រះរាជ​​បំណង​ និង​ផែនការ​របស់​ព្រះ​សម្រាប់​យើង អាច​រៀប​ចំ​​យើង​ចូល​ទៅ​ក្នុង​ទីសម្រាក​របស់​ព្រះអម្ចាស់​យ៉ាង​ដូចម្ដេច ?

  • តើ​យើង​អាច​ត្រូវ​បាន​ប្រទាន​ពរ​នៅក្នុង​ជីវិត​នេះ​ តាមរយៈ​ការព្យាយាម​ចូល​ទៅ​ក្នុង​ទី​សម្រាក​របស់ព្រះអម្ចាស់​យ៉ាង​ដូចម្ដេច ?

ចូរ​សុំ​ឲ្យ​សិស្ស​ពិចារណា​អំពី​របៀប​ដែល​​​ការ​ស្មោះ​ត្រង់​ចំពោះ​ព្រះអង្គសង្គ្រោះ និង​ការ​បើក​ដួងចិត្ត​របស់​យើង​ចំពោះ​ទ្រង់ បាន​ជួយ​ពួក​គេ​ឲ្យ​ស្វែងរក​ទីសម្រាក ទោះ​ជាពួកគេ​​​មាន​បញ្ហា ឬ​ការ​ព្រួយ​បារម្ភ​ច្រើន​ក្ដី ។ សូម​អញ្ជើញ​សិស្ស​ពីរ​បីនាក់​ ឲ្យ​ចែកចាយ​គំនិត​របស់​ពួកគេ​ជា​មួយសិស្ស​​នៅក្នុង​ថ្នាក់ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​នៅ​ក្នុង​​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​​របស់​ពួកគេ ​អំពី​អ្វី​ដែល​ពួកគេ​​នឹង​ធ្វើ​ដើម្បី​បន្ត​នៅ​​ស្មោះ​ត្រង់​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ ហើយ​បើក​ដួងចិត្ត​របស់​អ្នក​ចំពោះ​ទ្រង់​ជានិច្ច ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

ហេព្រើរ១:៣។ ព្រះយេស៊ូវគ្រីស្ទ​គឺ​មាន​ « រូបភាព » ដូចជា​ព្រះវរបិតា ។

ប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ បាន​បង្រៀន​ដូច​ខាង​ក្រោម​អំពី​រូប​ភាព​របស់​ព្រះយេស៊ូវគ្រីស្ទ ៖

« ព្រះយេស៊ូវ​គ្រីស្ទ ព្រះរាជបុត្រា​នៃព្រះ គឺជា ‹ ​​រូបភាព › នៃ​តួអង្គ​របស់​ព្រះបិតា​ទ្រង់ (​ ហេព្រើរ ១:៣) ។ ទ្រង់​បាន​យាង​ដើរ​នៅ​លើ​ផែនដី​ក្នុង​នាម​ជា​មនុស្ស​លោក ជា​មនុស្ស​ល្អ​ឥតខ្ចោះ ហើយ​មាន​បន្ទូល​ឆ្លើយ​ចំពោះ​សំណួរ​​ដែល​សួរ​ទ្រង់ ៖ ‹ អ្នក​ណា​ដែល​ឃើញ​ខ្ញុំ នោះ​ក៏​បាន​ឃើញ​ព្រះវរបិតា​ដែរ › (យ៉ូហាន ១៤:៩) ។ ចំនុច​នេះ​តែមួយ​គួរ​តែ​ដោះស្រាយ​បញ្ហា​ ដើម្បី​បំពេញ​សេចក្តីសោមនស្ស​ចំពោះការ​ចេះ​គិត​គូរ និង​ដែលមានគារវភាពទាំងអស់ ។ សេចក្ដី​បញ្ចប់​​គឺ​ជាទីគាប់ចិត្ត ថា​បើ​ព្រះរាជ​បុត្រា​នៃ​ព្រះ​មាន​រូប​ភាព​​ ( ដែល​ដូចជា ) តួអង្គ​របស់ព្រះវរបិតាទ្រង់ នោះព្រះបិតា​ទ្រង់​គឺ​ស្ថិត​នៅក្នុង​ទម្រង់ជា​មនុស្ស ព្រោះ​នោះ​ជា​ទម្រង់​​នៃ​ព្រះរាជបុត្រា​នៃព្រះ ដែល​ពុំ​គ្រាន់តែ​អំឡុង​ជីវិត​រមែង​ស្លាប់របស់ទ្រង់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពីមុន​កំណើតនៃ​ជីវិត​រមែង​ស្លាប់​របស់​ទ្រង់ និង​បន្ទាប់ពី​ការរស់ឡើង​វិញ​របស់ទ្រង់ ។ វា​ស្ថិត​នៅ​ក្នុង​ទម្រង់នេះហើយ ដែលព្រះបិតា និងព្រះរាជបុត្រា​ ជា​តួអង្គពីរ បាន​លេច​មក​ជួប​នឹង​ យ៉ូសែប ស្ម៊ីធ នៅពេល​លោកមានវ័យ​ដប់បួន​ឆ្នាំ ដែល​លោក​បាន​ទទួល​ការនិមិត្ត​ដំបូង​របស់លោក » (​Teachings of Presidents of the Church: Joseph F. Smith [ ឆ្នាំ ១៩៩៨ ] ទំព័រ ៣៣៤) ។

ហេព្រើរ ៤:៤, ១០ ។ ថ្ងៃ​ឈប់​សម្រាក​គឺជា​ទីសម្គាល់ និង​និមិត្តរូប​នៃ​ទីសម្រាក​របស់​ព្រះអម្ចាស់

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ពន្យល់​ដូច​នេះ ៖

« ថ្ងៃ​ឈប់​សម្រាក​គឺជា​ទីសម្គាល់ និង​និមិត្តរូប​នៃ​ទីសម្រាក​របស់​ព្រះអម្ចាស់ ។ អ្នក​ទាំងឡាយ​ដែល​បាន​ចូល​ទៅ​ក្នុង​ការ​សម្រាក​​ដំណឹងល្អ នឹង​រក្សា​ថ្ងៃ​ឈប់​សម្រាក​បរិសុទ្ធ ជា​ផ្នែក​​​នៃ​ទង្វើ​សុចរិត​ និង​ការ​ថ្វាយបង្គំ​ពិត​របស់ពួកគេ ។ នៅ​ថ្ងៃ​នោះ ពួកគេ​សម្រាក​ពី​ការងារ​ខាង​លោកិយ​របស់ពួកគេ ដូចជា​ព្រះ​បាន​សម្រាក​ពីកិច្ចការ​នៃ​ការ​បង្កបង្កើត​របស់ទ្រង់ ជា​ទី​សម្គាល់​ និង​ទីបន្ទាល់​ដែល​ពួកគេ​បាន​ចូល​ទៅ​ក្នុង​ទីសម្រាក​របស់ព្រះអម្ចាស់​នៅក្នុង​ជីវិត​នេះ មានទីបន្ទាល់​អំពី​ដំណឹងល្អ ហើយ​ទន្ទឹង​រង់ចាំ​ដើម្បី​ចូល​ក្នុងទី​សម្រាក​របស់​ព្រះអម្ចាស់ ‹ ឯ​សេចក្ដីសម្រាក​នេះ គឺ​ជា​ភាព​ពោរពេញ​នៃ​សិរីល្អ​របស់​ទ្រង់ › នា​បរលោកនាយ ។ (គ. និង ស. ៨៤:២៤) »​ ។ (Doctrinal New Testament Commentary,វ៉ុលទី ៣ [ ឆ្នាំ១៩៦៥​–​៧៣] ៣:១៥១ ) ។