បណ្ណាល័យ
មេរៀន​ទី ១៣៨ ៖ ហេព្រើរ ១១


មេរៀនទី ១៣៨

ហេព្រើរ ១១

សេចក្តីផ្ដើម

ប៉ុល​បាន​បង្រៀន​ដល់​សមាជិក​សាសនាចក្រ​អំពី​សេចក្ដីជំនឿ ។ លោក​បានថ្លែង​ពី​គំរូ​របស់​បុរស និង ស្ត្រី​ដ៏​សុចរិត​នានា​មក​ពី​ព្រះគម្ពីរ​សញ្ញា​ចាស់ ដែល​បាន​អនុវត្ត​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​បាន​ធ្វើ​អព្ភូតហេតុ បាន​ស៊ូទ្រាំ​នឹង​ការលំបាក​នានា ហើយ​បាន​ទទួល​ពរជ័យ​ដ៏​មហិមា ។

យោបល់​សម្រាប់ការ​បង្រៀន

ហេព្រើរ ១១:១–៦

ប៉ុល​បាន​បង្រៀន​ដល់​សមាជិក​សាសនាចក្រ​អំពី​សេចក្ដីជំនឿ

សូម​អាន​ដំណើរ​រឿង​ដូច​ខាង​ក្រោម​អំពី យុវនារី​​ម្នាក់​មកពីប្រទេស​ហ្វីលីពិន ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្ដាប់​រកមើល​​របៀប ​ដែល​យុវនារី​នោះ​បាន​អនុវត្ត​សេចក្ដីជំនឿ ។

យុវនារី​ម្នាក់​មក​ពី​ប្រទេស​ហ្វីលីពីន បាន​ពន្យល់​​ថា កាល​ពី​រដូវក្តៅ​មួយ​ឪពុក​របស់​នាង​បាន​ទៅ​ធ្វើ​ការ​នៅទី​ឆ្ងាយ ។ នៅពេល​គាត់​បាន​បើក​ប្រាក់​ខែ នោះ​គាត់​បាន​ផ្ញើ​ប្រាក់​នោះ​ទៅ​ឲ្យ​គ្រួសារ​គាត់​នៅ​ផ្ទះ ។ នា​ថ្ងៃ​សៅរ៍​មួយ គ្រួសារ​នោះ​បាន​ចាយ​ប្រាក់​នោះ​អស់ នៅសល់​តែ​ពីរ​សន្លឹក​ប៉ុណ្ណោះ​ ដែល​មួយ​សន្លឹក​មាន​តម្លៃ​ស្មើ​នឹង​ទឹក​ប្រាក់ ២០ ពេសូ ។ នៅពេល​យុវនារី​នោះ​បាន​មើល​ទៅ​បញ្ជី​ទំនិញ​ដែល​គ្រួសារ​នាង​ត្រូវការ នោះ​នាង​បាន​ដឹង​ថា ពួកគេ​នឹង​គ្មាន​ប្រាក់​គ្រប់គ្រាន់​​ដើម្បី​ទិញ​ទំនិញ​ទាំង​អស់​នោះ ហើយ​បង់​ថ្លៃ​ធ្វើ​ដំណើរ​​ដើម្បីដឹក​គ្រួសារ​របស់​នាង​​ទៅ​ព្រះវិហារ​នៅ​ថ្ងៃ​បន្ទាប់​ឡើយ ។ នាង​បាន​សួរ​ម្តាយ​នាង​ថា​ នាង​គួរ​ធ្វើ​បែប​ណា ។ ម្តាយ​របស់​នាង​បាន​ប្រាប់​ថា ឲ្យ​ទៅ​ទិញ​ទំនិញ​ទាំង​នោះ ហើយ​ថា​​ព្រះ​នឹង​ប្រទាន​មធ្យោបាយ​​សម្រាប់​ថ្លៃ​ធ្វើ​ដំណើរ ។

យុវនារី​នោះ​បាន​អធិស្ឋាន​ថា នាង​អាច​ទិញ​ទំនិញ​តាម​បញ្ជី​នោះ ហើយ​នៅតែ​មាន​ប្រាក់​គ្រប់​គ្រាន់​ដើម្បី​បង់​ថ្លៃ​ធ្វើ​ដំណើរ​ទៅ​ព្រះវិហារ​នៅ​ថ្ងៃ​បន្ទាប់ ។ ដំបូង​នាង​ត្រូវ​ទិញ​ធ្យូង ដើម្បី​ឲ្យ​គ្រួសារ​នាង​អាច​មាន​ភ្លើង​ចំអិន​អាហារ ។ នាង​មាន​ការ​ភ្ញាក់​ផ្អើល​នៅ​ពេល​នាង​បាន​ឃើញ​ថា តម្លៃ​ធ្យូង​មួយ​បាវ​បាន​កើន​ឡើង​ទ្វេ​ដង​គឺ​ពី ៥ ពេសូ ទៅ​ជា ១០ ពេសូ​វិញ ។ ដោយ​ដឹង​ថា​ គ្រួសារ​របស់​នាង​ត្រូវការ​ធ្យូង​ដើម្បី​​យក​ទៅ​ចម្អិន​អាហារ នោះ​នាង​បាន​ទិញ​ធ្យូង​ពីរ​បាវ​ដែល​មាន​តម្លៃ​ស្មើ​នឹង ២០ ពេសូ ។ យុវនារី​នេះ​បាន​អធិស្ឋាន​ដោយ​ស្មោះត្រង់​ថែម​ទៀត​ថា គ្រួសារ​នាង​នឹង​នៅតែ​អាច​ទៅ​ព្រះវិហារ​​បាន ។ នៅពេល​នាង​បាន​អធិស្ឋាន នោះ​មាន​សំឡេង​មួយ​បាន​ខ្សឹប​ប្រាប់​នាង​ថា ៖ « ចូរ​ទៅ ហើយ​ទិញ​ទំនិញ​ផ្សេងៗ​ទៀត​ដែល​អ្នក​ត្រូវការ​ចុះ ។ វា​នឹង​មិន​អី​ទេ » ។ ដូច្នេះ​នាង​បាន​បន្ដ​ទៅ​តាមផ្លូវរបស់​នាង​​ដោយ​​មាន​តែ​ ២០ ពេសូ​ប៉ុណ្ណោះ ។ ( បាន​កែ​សម្រួល​ចេញមកពី​វីដេអូ « Pure and Simple Faith » LDS.org) ។

  • តើ​យុវនារី​ម្នាក់​នេះ​បាន​អនុវត្ត​សេចក្ដីជំនឿ​តាម​វិធីណា ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន ហេព្រើរ ១១:១ និង ការបកប្រែ​ដោយ ​យ៉ូសែប ស្ម៊ីធ ហេព្រើរ ១១:១ ( នៅក្នុងសេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ  ) ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​​តាម​​រកមើល​អ្វី​ ដែល​ប៉ុលបាន​បង្រៀន​អំពី​សេចក្ដីជំនឿ ។

  • យោងតាម ខទី ១ តើ​ជំនឿ​គឺ​ជា​អ្វី ? ( សិស្ស​អាច​ប្រើ​ពាក្យសម្តី​ផ្សេង​ៗ ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា ពួកគេ​ស្គាល់​សេចក្ដីពិត​ដូច​ខាងក្រោម ៖សេចក្ដីជំនឿ គឺជា​ការអះ​អាង​អំពី​អ្វីៗ​ដែល​សង្ឃឹមចង់បាន​ ជា​ភស្ដុតាង​​នៃ​អ្វី​ដែល​មើល​មិន​ឃើញ )​

សូម​ពន្យល់​ថា ​អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ប្រើ ហេព្រើរ ១១:១ ព្រមទាំង​ធនធាន​​ផ្សេងៗ​ទៀត (អាលម៉ា ៣២:២១; Lectures on Faith) ដើម្បី​ពន្យល់​ពី​ធាតុ​គ្រឹះ​បី​ចាំបាច់​នៃ​សេចក្តី​ជំនឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្តី​ថ្លែងការណ៍​ខាង​ក្រោម​របស់​អែលឌើរ បែដណា ឲ្យ​ឮៗ ៖

រូបភាព
អែលឌើរ ដេវីឌ អេ បែដណា

« ការបង្រៀន​ទាំង​នេះ គូស​បញ្ជាក់​នូវ​ធាតុ​គ្រឹះ​បី​នៃ​សេចក្តី​ជំនឿ ៖ (១) សេចក្តីជំនឿ​ដូច​ជា ការធានាអះអាង​មួយ នៃ​អ្វីៗ​ដែល​សង្ឃឹម​ថា​ពិត (២) សេចក្តីជំនឿ​ដូច​ជា ភស្តុតាង នៃ​អ្វីៗ​ដែល​មើល​មិន​ឃើញ និង (៣) សេចក្តីជំនឿ​គឺ​ជា​គោល​ការណ៍​នៃ សកម្មភាព នៅក្នុង​គ្រប់​ទម្រង់​ទាំង​អស់​នៃ​បញ្ញា ។ ខ្ញុំ​សូម​ពិពណ៌នា​ពី​ធាតុ​​នៃ​សេចក្តី​ជំនឿ​លើ​ព្រះ​អង្គសង្គ្រោះ​ទាំង​បី​នេះ ដែល​ប្រឈម​មុខ​ព្រមៗ​គ្នា​នឹង​អនាគត​​ដោយ​សម្លឹង​មើល​ទៅ​អតីតកាល ហើយ​ចាប់ផ្តើម​សកម្មភាព​នៅក្នុង​ពេល​បច្ចុប្បន្ន » (« Seek Learning by Faith, » Ensign ខែ ​កញ្ញា ឆ្នាំ ២០០៧ ទំព័រ ៦២ ) ។

សូម​សរសេរ​ដូចខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ការអះអាង—ប្រឈម​មុខ​នឹង​អនាគត, ភស្ដុតាង—មើល​ទៅ​អតីតកាល, សកម្មភាព—​ផ្តួចផ្ដើម​សកម្មភាព​ក្នុង​ពេល​បច្ចុប្បន្ន ។​ សូម​ពន្យល់​ថា អែលឌើរ បែដណា បាន​បង្រៀន​​ថា ធាតុ​ទាំង​បីនៃ​សេចក្ដីជំនឿ​នេះ—មាន​ការអះ​អាង ភស្ដុតាង និង​សកម្មភាព—ធ្វើការ​រួមគ្នា ​នៅពេល​យើង​ប្រឈម​មុខ​នឹង​អនាគតកាល មើល​ទៅ​អតីត​កាល ហើយ​ធ្វើ​សកម្មភាព​ក្នុងពេល​បច្ចុប្បន្ន ។

  • តើ​ការអនុវត្ត​សេចក្ដី​ជំនឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ខុស​ពី​ការគ្រាន់តែ​ជឿ​លើ​ទ្រង់​យ៉ាង​ដូចម្តេច ?

  • តើ​ដំណើរ​រឿង​របស់​យុវនារី​​ហ្វីលីពីន​នោះ​បង្ហាញ​​​ធាតុ​ទាំង​បី​នៃ​សេចក្តី​ជំនឿ​ដែល​អែលឌើរ បែដណា​​ បាន​ពិពណ៌នា​យ៉ាង​ដូច​ម្តេច ?

  • តើ​អ្វីខ្លះ​អាច​កើត​មានឡើង នៅពេល​យើង​អនុវត្ត​សេចក្ដីជំនឿ​ទៅលើ​ព្រះគ្រីស្ទ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន ហេព្រើរ ១១:២–៥ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​ ហើយ​រកមើល​​គំរូ​ដែល​ប៉ុល​បាន​ប្រើ​ដើម្បី​បង្ហាញ​អំពី​អ្វី​ ដែល​អាច​កើត​មាន​ឡើង នៅពេល​មនុស្ស​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។

  • ​តើ​មាន​​អ្វីខ្លះ​​កើត​មាន​ឡើង នៅពេល​មនុស្ស​ទាំងនេះ​​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ?

សូមអញ្ជើញ​សិស្ស​ឲ្យអាន​ ហេព្រើរ ១១:៦ដោយ​ស្ងាត់ស្ងៀម ហើយ​​រកមើល​នូវ​​​អ្វី​ដែល​ប៉ុល​បាន​បង្រៀន​អំពី​សេចក្តី​ជំនឿ ។

  • តើ​ប៉ុល​បាន​បង្រៀន​អ្វីខ្លះ​អំពីសេចក្ដីជំនឿ ?

  • ផ្អែក​ទៅលើ​អ្វី​ដែល​ប៉ុល​បាន​បង្រៀន តើ​យើង​ត្រូវ​ធ្វើ​អ្វីខ្លះ​​ដើម្បី​ផ្គាប់​ព្រះទ័យ​ព្រះ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេងៗ ប៉ុន្តែ​ត្រូវ​ប្រាកដ​​ថា វា​ច្បាស់លាស់​ថា ដើម្បី​ផ្គាប់​ព្រះទ័យ​ព្រះ យើង​ត្រូវ​អនុវត្ត​សេចក្តី​ជំនឿ​របស់​យើង តាមរយៈ​ការមក​កាន់​ទ្រង់ ជឿ​លើ​ទ្រង់ ហើយ​ជឿ​ថា ទ្រង់នឹង​​ប្រទាន​រង្វាន់​ដល់​អស់​អ្នក​ដែល​ស្វែងរក​ទ្រង់​ដោយ​ឧស្សាហ៍​ព្យាយាម ។ អ្នក​អាច​នឹង​ចង់​ឲ្យ​យោបល់​​សិស្សឲ្យ​​​គូសចំណាំ​សេចក្ដីពិត​នេះ​នៅក្នុងខទី​ ៦​

សូម​អញ្ជើញសិស្ស​ម្នាក់ឲ្យ​អាន​ឮៗ​នូវ​ទី​បញ្ចប់​​នៃ​ដំណើរ​រឿង​របស់​យុវនារី​ហ្វីលីពីន ។ ចូរ​សុំ​ឲ្យ​សិស្ស​ស្ដាប់​មើល​នូវអ្វី​ដែលបាន​កើត​ឡើង ដោយសារ​តែ​យុវនារី​នោះ​បាន​អនុវត្ត​សេចក្ដីជំនឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ។

នៅពេល​យុវនារី​នោះ​បាន​ទៅ​បង់​ថ្លៃ​សម្រាប់​ទំនិញ​ផ្សេង​ៗ​​ទៀត​ នាង​បាន​លូក​ទៅក្នុង​ហោប៉ៅ​របស់​នាង ហើយ​ប៉ះនឹង​​ក្រដាស​មួយ​ដុំ​ធំ ។ ពេល​នាង​បើក​វា​មើល នាង​បាន​ឃើញ​ក្រដាស​ប្រាក់ ២០ ពេសូប្រាំ​សន្លឹក​ទៀត ដែល​ដាក់​រុំ​​​ក្រដាស​​ប្រាក់ ២០ ពេសូ​របស់​នាង​ដែល​នៅ​សល់​នោះ ។ នៅ​គ្រា​នោះ នាង​បាន​ដឹង​ថា ​នាង​មាន​ប្រាក់​គ្រប់គ្រាន់​ដើម្បី​ទិញ​ទំនិញ​សម្រាប់​​គ្រួសារ​នាង​ត្រូវការ និងអាច​​បង់​ថ្លៃការ​​ធ្វើ​ដំណើរ​សម្រាប់​គ្រួសារ​នាង​ទៅ​ព្រះវិហារបាន​ហើយ ។ យុវនារី​នេះ​បាន​ពន្យល់​ថា អំឡុង​ពេល​នៃ​បទ​ពិសោធន៍​នោះ នាង​មាន​អារម្មណ៍​ថា ព្រះ​ជួយ​នាង ហើយ​ស្រឡាញ់​នាង ។ នៅពេល​នាង​បាន​ត្រឡប់​ទៅដល់​ផ្ទះ នាង​បាន​​ថ្លែង​អំណរគុណ​ដល់​ព្រះវរបិតាសួគ៌​ចំពោះ​អព្ភូតហេតុ​​នោះ ។ ( បាន​កែ​សម្រួល​ចេញមកពី « Pure and Simple Faith, » LDS.org) ។

  • ​តើ​មាន​​អ្វីខ្លះ​​កើត​មាន​ឡើង នៅពេលយុវនារី​នេះ​​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ?

  • តើ​បទពិសោធន៍​នេះ​អាច​ជួយ​យុវនារី​នេះ​ឲ្យ​អនុវត្ត​សេចក្តីជំនឿ​នា​ពេល​អនាគត​យ៉ាង​ដូចម្ដេច ? ( ដោយសារ​នាង​បាន​ទទួលស្គាល់​ភស្ដុតាង​ថា ព្រះ​កំពុង​ជួយ​នាង​ក្នុង​បទពិសោធន៍​នេះ នោះ​នាង​អាច​អះអាង​ថា​ ព្រះនឹង​ជួយ​នាង​ម្ដង​ទៀត​​នៅ​ពេល​អនាគត ។ ដោយសារ​ភស្តុតាង និងការអះអាង​នេះដែល​នាង​បាន​ទទួល នោះនាង​​អាច​មាន​សេចក្តី​ជំនឿ​ដើម្បី​ធ្វើសកម្មភាព​នៅក្នុង​ពេល​បច្ចុប្បន្ន​​នេះ ។ ប្រសិនបើ​នាង​បន្ដ​ធ្វើសកម្មភាព នោះ​ដំណើរ​ការ​នៃ​ការ​ធ្វើសកម្មភាព​ដោយ​សេចក្ដីជំនឿ​នេះ​នឹង​បន្ដ​តទៅមុខ ហើយ​សេចក្ដី​ជំនឿ​​របស់​នាង​នឹង​រីកចម្រើន​កាន់តែ​ខ្លាំង​ឡើង ) ។

ចូរសុំ​​ឲ្យ​សិស្ស​គិត​អំពី​ពេល​មួយ នៅពេល​ពួក​គេ​អនុវត្ត​សេចក្ដីជំនឿ ។ សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​បទ​ពិសោធន៍​របស់ខ្លួន ។

  • តើ​បទពិសោធន៍​នោះ​បាន​ផ្ដល់ភស្ដុតាង​ដល់​អ្នក​ថា ព្រះ​នឹង​ជួយ​អ្នក​នាពេល​អនាគត​យ៉ាង​ដូច​ម្ដេច ?

ហេព្រើរ ១១:៧–៤០

ប៉ុល​បាន​ប្រាប់​អំពី​​គំរូ​នៃ​មនុស្ស​សុចរិត ដែល​បាន​អនុវត្ត​សេចក្តី​ជំនឿខ្លួន​ចេញ​ពី​គម្ពីរ​សញ្ញា​ចាស់

  • តើ​មាន​ស្ថានភាព​ណា​ខ្លះ ដែល​អ្នក​ជួប​ពេល​បច្ចុប្បន្ន​​នេះ ឬ នឹង​ជួប​នា​ពេល​ខាង​មុខ ដែល​​តម្រូវ​ឲ្យ​អ្នក​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះ​យេស៊ូវគ្រីស្ទ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​រកមើល​សេចក្ដីពិត​នៅ​ពេល​ពួកគេ​សិក្សាហេព្រើរ ១១:៧–៤០​​​ដែល​អាច​ជួយ​ពួកគេឲ្យ​​ស្គាល់​ពរជ័យ​នានា​ ដែល​ពួកគេ​អាច​ទទួល នៅពេល​ពួកគេ​អនុវត្ត​សេចក្ដីជំនឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ។

សូម​សរសេរ​ពាក្យដោយ​សារសេចក្ដីជំនឿ​និងតាមរយៈ​សេចក្ដីជំនឿនៅលើ​ក្ដារខៀន ហើយ​ពន្យល់​ថា ប៉ុល​បាន​ប្រាប់​ពី​គំរូ​របស់​មនុស្ស​សុចរិត​នៅក្នុងព្រះគម្ពីរ​សញ្ញា​ចាស់ ដែល​បាន​អនុវត្ត​សេចក្ដីជំនឿ​ ដើម្បី​អះអាង​ដល់​អ្នក​ស្ដាប់​របស់គាត់​ថា ពួកគេ​​ក៏​ត្រូវ​បាន​ប្រទាន​ពរ​ផងដែរ តាមរយៈ​ការ​អនុវត្ត​សេចក្ដី​ជំនឿ​នោះ ។ សូមអញ្ជើញ​សិស្ស​ឲ្យ​មើល​ ហេព្រើរ ១១ ដោយ​ត្រួសៗ ហើយ​​រកមើល​​ឃ្លា « ដោយសារ​សេចក្តីជំនឿ » និង « តាមរយៈ​សេចក្តី​ជំនឿ » ។ អ្នក​អាចនឹង​ចង់​ស្នើ​ឲ្យ​ សិស្ស​គួរតែ​គូស​ចំណាំ​​ឃ្លា​ទាំងនេះ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន ហេព្រើរ ១១:៧ ឲ្យ​ឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម ហើយ​​រក​មើលរបៀប​ដែល​ណូអេអនុវត្ត​សេចក្ដីជំនឿ​របស់គាត់​ទៅលើ​ព្រះ ។ ( អ្នកអាច​នឹង​ចង់​ពន្យល់​ថា ឃ្លា « សេចក្ដី​កោតខ្លាច » មានន័យថា ណូអេ​បាន​ធ្វើ​សកម្មភាព​ដោយ​សេចក្ដីសង្ឃឹម និងការ​អះ​អាង ដែល​បាន​ពឹងផ្អែក​ទៅលើ​ការ​ដឹកនាំ​របស់​ព្រះ ។

  • តើណូអេ​បាន​អនុវត្ត​សេចក្ដីជំនឿ​ទៅលើ​ព្រះ​យ៉ាង​ដូចម្ដេច ?

  • តើ​ធាតុ​នៃ​សេចក្ដីជំនឿ​ណា​ខ្លះ ដែល​បាន​ពិពណ៌នា​ដោយអែលឌើរ បែដណា ( ការ​បញ្ជាក់អះអាង ភស្ដុតាង និងសកម្មភាព ) ត្រូវ​បាន​បង្ហាញ​ឡើង​នៅក្នុង​ដំណើរ​រឿង​របស់​ណូអេ ?

  • តើ​វា​បង្ហាញ​ឡើង​ដោយរបៀបណា ?

ចូរ​សរសេរ​សេចក្ដីយោង​បទគម្ពីរ​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ហេព្រើរ ១១:៨–១០, ១១–១២, ១៧–១៩, ២០–២២, ២៣–២៨, ២៩–៣១ សូម​បែកចែង​សិស្ស​ក្នុង​ថ្នាក់​ជា​ប្រាំ​មួយ​​ក្រុម ហើយ​ចាត់​ឲ្យ​ក្រុម​នីមួយ​ៗ​នូវ​សេចក្ដីយោង​មួយ ។ ( ប្រសិន​បើ​អ្នក​មាន​សិស្ស​តិច សូម​ចាត់​ឲ្យ​សិស្ស​ម្នាក់​ៗ​​នូវ​សេចក្ដីយោង​មួយ ឬ​ចែក​សិស្ស​ជា​គូៗ ហើយ​ចាត់​ឲ្យដៃគូ​នីមួយ​ៗ​មាន​សេចក្ដី​យោង​ច្រើនជាង​មួយ ) ។ សូម​អញ្ជើញ​ក្រុម​នីមួយៗ​ឲ្យអាន​សេចក្ដីយោង​ដែល​បាន​ចាត់​ទៅ​ឲ្យ​ពួកគេ​ជាមួយគ្នា ស្វែង​រក​មើល​ចម្លើយ​ចំពោះ​សំណួរ​ដូច​ខាង​​ក្រោម ( អ្នកអាច​នឹង​ចង់​សរសេរ​សំណួរ​ទាំងនេះ​នៅលើ​ក្ដារខៀន ) ៖

តើ​នរណា​បាន​អនុវត្ត​សេចក្ដីជំនឿ ?

តើ​ធាតុ​នៃ​សេចក្ដីជំនឿ​ទាំងបី ( ការ​អះអាង ភស្ដុតាង និងសកម្មភាព​ ) ​បង្ហាញ​ជា​គំរូ​តាម​វិធី​ណា ?

តើស្ថានភាពអ្វីខ្លះ​​​ដែល​យើង​បាន​ជួប​នៅ​សព្វថ្ងៃនេះ​ ដែល​តម្រូវ​ឲ្យ​មាន​សេចក្ដីជំនឿ​ស្រដៀង​គ្នា​នេះ ?

បន្ទាប់ពី​ផ្ដល់ពេល​គ្រប់គ្រាន់ហើយ ចូរ​អញ្ជើញ​សិស្ស​ម្នាក់​មកពី​ក្រុម​នីមួយ​ៗ​ឲ្យ​ប្រាប់​ពីចម្លើយ​របស់​ពួកគេ​ទៅដល់​​សិស្ស​ក្នុង​ថ្នាក់ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន ហេព្រើរ ១១:១៣–១៦ ឲ្យ​ឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាមហើយ​​រក​មើល​នូវ​អ្វី​ ដែល​យើង​អាច​រៀន​ចេញ​ពី​គំរូ​របស់​អ័ប្រាហាំ សារ៉ាយ និង មនុស្ស​ដទៃ​ទៀត​អំពី​ការអនុវត្ត​សេចក្តី​ជំនឿ ។ ចូរ​ពន្យល់ថា ​ឃ្លា « ស្រុក​មួយ​ដ៏​ប្រសើរ » (ខ​ទី ១៦) សំដៅ​លើ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

  • ស្របតាម​ខទី ១៣តើ​អ្វីខ្លះ​បាន​កើតឡើង​ចំពោះ​អ័ប្រាហាំ និង​ភរិយា​របស់​លោក សារ៉ាយ ក៏ដូចជា​មនុស្ស​ស្មោះត្រង់​ដទៃ​ទៀតដែរ ?

  • ហេតុអ្វី​​ពួកគេ​បាន​បន្ត​ស្មោះត្រង់ ទោះបី​ជា​ពួកគេ​ពុំ​បាន​ទទួល​ការសន្យា​របស់​ព្រះ​ទាំង​អស់​នៅ​ក្នុង​ជីវិត​នេះ​ក្តី ? ( អ្នកអាច​នឹង​ចង់​ពន្យល់​ថា ដើម្បី​មើល​ឃើញ​ពរជ័យ​​ដែលត្រូវបាន​សន្យា​ « ពី​ចម្ងាយ » មាន​ន័យ​ថា មាន​សេចក្ដីសង្ឃឹម និង​ទំនុកចិត្ត​ថា​នឹង​ទទួលបាន​ពរជ័យ​ទាំង​នោះ ​បន្ទាប់ពី​ពួកគេ​ស្លាប់ទៅ )​ ។

  • តើ​គំរូ​របស់​ពួកគេ​អាច​ជួយ​យើងឲ្យ​​បន្តនៅ​​ស្មោះត្រង់យ៉ាង​ដូចម្តេច​ ?

សូមសរសេរ​ឃ្លា​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ នៅពេល​យើង​អនុវត្ត​សេចក្ដីជំនឿ​ទៅលើព្រះយេស៊ូវគ្រីស្ទ នោះ​យើង​អាច… សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​ឃ្លា​នេះ​នៅក្នុង​សៀវភៅ​សរសេរ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីរ​​របស់​ពួកគេ ។

សូម​អញ្ជើញ​សិស្ស​បី​បួន​នាក់ឲ្យ​​ប្ដូរ​វេន​គ្នា​អាន​ឮៗ​ពី​​ក្នុង ហេព្រើរ ១១: ៣២–៤០ ។ ចូរ​សុំ​ឲ្យ​សិស្ស​អាន​ការ​បកប្រែ​ដោយ យ៉ូសែប​ស្ម៊ីធ​ ហេព្រើរ ១១:៣៥ ( ) ហើយ​អញ្ជើញ​សិស្ស​ដទៃទៀត​ឲ្យ​អាន​ការ​បកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ ហេព្រើរ ១១:៤០  ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាមហើយ​​រក​មើល​របៀប ​ដែល​ពួកគេ​អាច​បញ្ចប់​ឃ្លា​ដែល​ពួកគេ​បាន​សរសេរ ។ អ្នក​អាចនឹង​ចង់​ផ្ដល់​យោបល់​ឲ្យ​សិស្ស​គូស​ចំណាំ​ពាក្យ និង ឃ្លា​​នានា​នៅក្នុងគម្ពីរ​របស់​ពួកគេ​ដែល​​លេចធ្លោ​ចំពោះ​ពួកគេ ។

ចូរសុំ​សិស្សឲ្យ​បំពេញ​ឃ្លា​ ​​យោង​តាម ខទី ៣២–៤០ ។ ក្រោយពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្សមួយចំនួន​​​ឲ្យ​រៀប​រាប់​ពី​អ្វី ដែល​ពួកគេ​បាន​​សរសេរ ។ សូម​សង្ខេប​ចម្លើយ​របស់​សិស្ស​ដោយ​សរសេរ​គោលការណ៍​​ដូចខាង​ក្រោម​នៅលើក្ដារខៀន ៖ ​នៅ​ពេល​យើង​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​អាច​ស៊ូទ្រាំ​នឹង​ការ​រងទុក្ខ សម្រេច​អព្ភូតហេតុ ទទួល​ការ​សន្យា​មក​ពី​ព្រះ ពង្រឹង​ទីបន្ទាល់​របស់​យើង​អំពី​ទ្រង់ ហើយ​ដើរ​ឆ្ពោះ​ទៅ​រក​ភាព​ល្អ​ឥតខ្ចោះ ។

  • តើ​មានវិធី​អ្វីខ្លះ ​ដែល​យើងអាច​អនុវត្ត​សេចក្ដី​ជំនឿ​ទៅលើ​ព្រះ​យេស៊ូវ​គ្រីស្ទ ?

  • តើ​អ្នក​ធ្លាប់​បាន​ឃើញ​ពរជ័យ​អ្វី​ខ្លះ​ ដែលកើត​មាន​ឡើង​ដល់​ជីវិតមនុស្ស​ម្នាក់ ដោយសារតែ​​គាត់​បាន​អនុវត្ត​សេចក្តីជំនឿ ?

សូម​អញ្ជើញសិស្ស​ឲ្យគិត​ម្ដងទៀត​អំពី​ស្ថានភាព​នានា ដែល​តម្រូវ​ពី​ពួកគេ ឬ​នឹង​តម្រូវ​ពីពួកគេ​ឲ្យ​អនុវត្ត​សេចក្ដីជំនឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ។

សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យដាក់គោលដៅ​មួយ ​ដើម្បី​អនុវត្ត​សេចក្ដីជំនឿ​ទៅលើ​ព្រះអម្ចាស់​ក្នុង​ស្ថានភាព​ទាំងនោះ ។ សូមអញ្ជើញសិស្ស​ឲ្យសរសេរ​គោលដៅ​ដោយ​បំពេញ​ឃ្លាថា « ដោយ​សារ​សេចក្ដីជំនឿ​ ខ្ញុំ​នឹង … »

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

ហេព្រើរ ១១:១ ។ « រីឯ​សេចក្តី​ជំនឿ នោះ​គឺ​ជា​ចិត្ត​​ដែល​ដឹង​ជាក់​ថា​នឹង​បានដូច​សង្ឃឹម ជា​សម្គាល់​​ពី​ការ​ដែល​មើល​មិន​ឃើញ »

អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ពន្យល់អំពី​ធាតុ​គ្រឹះ​​បីនៃ​សេចក្ដីជំនឿ​ ៖

« សាវក​ប៉ុល​បាន​ឲ្យ​និយមន័យ សេចក្តី​ជំនឿ ថា ‹ ជា​ចិត្ត​ដែល​ដឹង​ជាក់​ថា នឹង​បាន​ដូច​សង្ឃឹម [ និង ] ជា​សម្គាល់​ពី​ការដែល​មើល​មិន​ឃើញ › ( ហេព្រើរ ១១:១ ) ។ អាលម៉ា​បាន​ប្រកាស​ថា សេចក្ដីជំនឿ​គឺ​ពុំ​មែន​ជា​ដំរិះ​ដ៏​ឥត​ខ្ចោះ​ឡើយ ផ្ទុយ​ទៅវិញ ប្រសិន​បើ​យើង​មាន​សេចក្ដីជំនឿ នោះ​យើង ‹ សង្ឃឹម​ទៅ​លើ​អ្វី​ដែល​មើល​មិន​ឃើញ [ ប៉ុន្តែ ] ដែល​ពិត › ( អាលម៉ា ៣២:២១ ) ។ លើស​ពី​នេះ​ទៀត​យើង​រៀន​នៅក្នុង Lectures on Faith ថា​ សេចក្តី​ជំនឿ​គឺ​ជា ‹ គោលការណ៍​ទីមួយ​នៅក្នុង​សាសនា​​ដែល​បាន​បើក​សម្តែង ហើយ​ជា​គ្រឹះ​នៃ​ភាព​សុចរិត​ទាំង​អស់ › ហើយ​ថា​វា​ក៏​ជា ‹ គោលការណ៍​នៃ​សកម្មភាព​នៅក្នុង​គ្រប់​ទម្រង់​នៃ​បញ្ញា​ទាំង​អស់ › ផង​ដែរ [Lectures on Faith ( ឆ្នាំ ១៩៨៥ ) ទំព័រ ១ ] ។

« ការបង្រៀន​ទាំង​នេះ គូស​បញ្ជាក់​នូវ​ធាតុ​គ្រឹះ​បី​នៃ​សេចក្តី​ជំនឿ ៖ (១) សេចក្តីជំនឿ​ដូច​ជា ការធានាអះអាង​មួយ នៃ​អ្វីៗ​ដែល​សង្ឃឹម​ថា​ពិត (២) សេចក្តីជំនឿ​ដូច​ជា ភស្តុតាង នៃ​អ្វីៗ​ដែល​មើល​មិន​ឃើញ និង (៣) សេចក្តីជំនឿ​គឺ​ជា​គោល​ការណ៍​នៃ សកម្មភាព នៅក្នុង​គ្រប់​ទម្រង់​ទាំង​អស់​នៃ​បញ្ញា ។ ខ្ញុំ​សូម​ពិពណ៌នា​ពី​ធាតុ​ទាំង​បី​នេះ​នៃ​សេចក្តី​ជំនឿ​លើ​ព្រះ​អង្គសង្គ្រោះ ដែល​ប្រឈម​មុខ​ព្រម​ៗ​គ្នា​នឹង​អនាគត​ដែល​នឹង​កើត​ឡើង មើល​ទៅ​អតីតកាល ហើយ​ចាប់ផ្តើម​សកម្មភាព​​នៅក្នុង​ពេល​បច្ចុប្បន្ន ។

« សេចក្តី​ជំនឿ​នោះ ​គឺ​ជា​ការអះអាង​នៃ​អ្វី​ៗ​​ដែល​សង្ឃឹម​ចង់​បាន​សម្រាប់​ពេល​អនាគត ។ …

« សេចក្តីជំនឿ​លើ​ព្រះគ្រីស្ទ​គឺ​ជា​ចំណង​ដែល​មិន​អាច​កាត់ផ្ដាច់​បាន ហើយ​ជា​​លទ្ធផល​យើង​នឹង​មាន​សេចក្តី​សង្ឃឹម​លើ​ព្រះគ្រីស្ទ​សម្រាប់​សេចក្តី​ប្រោសលោះ និង ភាពតម្កើងឡើង​របស់​យើង ។ ហើយ​ការ​អះអាង និង សេចក្តីសង្ឃឹម​ធ្វើ​ឲ្យ​យើង​អាច​ដើរ​ទៅ​ដល់​គែម​នៃ​ពន្លឺ​នោះ ហើយ​បោះ​ពីរបី​ជំហាន​ទៀត​ទៅ​ក្នុងភាព​ងងឹត​—ដោយ​រំពឹង និង​ទុកចិត្ត​លើ​ពន្លឺ​ដើម្បី​រំកិល​ទៅ​មុខ ហើយ​បំភ្លឺ​ផ្លូវ [ សូមមើល ប៊យដ៍ ឃេ ផាកកឺ « The Candle of the Lord » Ensign ខែ មករា ឆ្នាំ ១៩៨៣ ទំព័រ ៥៤ ] ។ ការផ្គុំ​គ្នា​នៃ​ការអះអាង និង​សេចក្តីសង្ឃឹម​បង្កើត​ឲ្យ​មាន​សកម្មភាព​នៅក្នុង​បច្ចុប្បន្ន​នេះ ។

« សេចក្តីជំនឿ​ជា​ភស្តុតាង​នៃ​អ្វីៗ​ទាំងអស់​ដែល​មើល​មិន​ឃើញ កាល​ពី​អតីកាល ហើយ​បញ្ជាក់​សេចក្តី​ទុក​ចិត្ត​របស់​យើង​លើ​ព្រះ និង សេចក្តីក្លាហាន​របស់​យើង​លើ​ភាពពិត​ពេញ​លេញ​​នៃ​អ្វីៗ​គ្រប់​យ៉ាង​ដែល​មើល​មិន​ឃើញ ។ យើង​បោះ​ជំហាន​ចូល​ទៅ​ក្នុង​ភាព​ងងឹត ជាមួយ​នឹង​ការអះអាង និង​សេចក្តី​ជំនឿ ហើយ​យើង​បាន​ទទួល​ភស្តុតាង និង​ការបញ្ជាក់ នៅពេល​ពន្លឺ​បាន​រំកិល​ទៅមុខ ហើយ​ផ្តល់​នូវ​ការបំភ្លឺ​ផ្លូវ​ដែល​យើង​ត្រូវការ ។ សាក្សី​ដែល​យើង​បាន​ទទួល​បន្ទាប់​ពី​ការសាក​ល្បង​នៃ​សេចក្តីជំនឿ​របស់​យើង ( សូមមើល អេធើរ ១២:៦) គឺ​ជា​ភស្តុតាង​ដែល​ពង្រីក និង ពង្រឹង​ការអះអាង​របស់​យើង ។

« ការ​អះអាង សកម្មភាព និង ភស្តុតាង​ជះឥទ្ធិពល​លើ​គ្នា​ទៅវិញ​ទៅមក​នៅក្នុង​ដំណើរ​ការ​ជាបន្ត​បន្ទាប់ » ( « Seek Learning by Faith » Ensign ខែ កញ្ញា ឆ្នាំ ២០០៧ ទំព័រ ៦១–៦៣ ) ។

ហេព្រើរ ១១:៤ ។ « ដោយសារ​សេចក្តី​ជំនឿ នោះ​អេបិល​បាន​ថ្វាយ​យញ្ញបូជា​ដល់​ព្រះដែល​ប្រសើរ​ជាង »

« ព្យាការី​ យ៉ូសែប ស្ម៊ីធ បាន​ពន្យល់​ពី​មូលហេតុ​​ដែល​យញ្ញបូជា​របស់​អេបិល​ត្រូវ​បាន​ទទួល​យក​ដោយព្រះ ហើយយញ្ញបូជា​​របស់​កាអ៊ីន​ពុំ​ត្រូវ​បាន​ទទួល​យក​ដោយព្រះ​ទេ ៖ ‹ ដោយ​សារ​សេចក្ដី​ជំនឿ​​ទៅលើ​ដង្វាយធួន​នេះ ឬ​ផែនការ​នៃ​ការប្រោសលោះ នោះអេបិល​បាន​​ថ្វាយ​ដល់ព្រះ​នូវ​​យញ្ញ​បូជា​​មួយ​ដែល​ត្រូវ​បាន​ទទួល​យក ដែល​ជា​សត្វ​ច្បងគេ​ក្នុងហ្វូង ។ កាអ៊ីន បានថ្វាយ​​​យញ្ញបូជា​ជា​ផល​ផ្លែ​ពី​ដី ហើយ​ពុំ​ត្រូវ​បាន​ទទួល​យកទេ ដោយសារ​គាត់​ពុំ​ធ្វើ​វា​ដោយ​សេចក្តីជំនឿ គាត់​មិនអាចមាន​សេចក្ដីជំនឿ ឬ​មិនអាច​អនុវត្ត​សេចក្ដីជំនឿ​ ​ផ្ទុយ​ពី​ផែនការ​នៃ​ស្ថានសួគ៌​ឡើយ ។​ វា​ត្រូវ​តែ​ជា​ការ​បង្ហូ​រលោហិត​របស់​​ព្រះ​រាជបុត្រា​តែ​មួយ​គត់​ ​ដើម្បី​ធ្វើ​ដង្វាយ​ធួន​សម្រាប់​មនុស្ស ដ្បិត​នេះ​ជា​ផែនការ​នៃការ​ប្រោសលោះ ហើយ​បើ​គ្មាន​ការ​បង្ហូរ​លោហិត​ទេ នោះគឺគ្មាន​ការ​ផ្ដាច់​បាប​ឡើយ ។ ហើយ​នៅពេល​​យញ្ញបូជា​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ប្រភេទ​មួយ​ ដើម្បី​​ឲ្យ​មនុស្ស​ត្រូវ​ញែក​ដឹង​អំពី​ការ​ពលិកម្ម​ដ៏​មហិមា​ដែល​ព្រះ​បាន​រៀបចំ តែ​បែរ​ជា​ថ្វាយ​យញ្ញបូជា​ផ្ទុយ​ពីនោះ នោះ​គ្មាន​ការ​អនុវត្ត​សេចក្ដីជំនឿ​ឡើយ ដោយសារ​តែ​ការ​ប្រោសលោះ​គឺ​ពុំ​អាច​ទិញ​បាន​តាមរបៀប​នោះទេ ហើយ​ក៏​​គ្មានអំណាច​នៃ​ដង្វាយធួន​ត្រូវ​បាន​បង្កើត​ឡើង​តាម​លំដាប់​នោះដែរ ជាលទ្ធផល កាអ៊ីន​អាច​នឹង​គ្មាន​ជំនឿ​ឡើយ › ​(Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ៤៨) » (New Testament Student Manual Church Educational System manual ឆ្នាំ ២០១៤ ] ទំព័រ ៤៨៦) ។