បណ្ណាល័យ
សេចក្ដីណែនាំ​ស្ដីពី​សំបុត្រ​របស់​ប៉ុល​ដល់​ពួក​ភីលីព


សេចក្ដីណែនាំ​ស្ដីពី​សំបុត្រ​របស់​ប៉ុល​ដល់​ពួក​ភីលីព

ហេតុអ្វី​ត្រូវសិក្សាគម្ពីរនេះ ?

នៅ​ក្នុង​សំបុត្រ​របស់​លោក​ដល់​ពួក​ភីលីព ប៉ុល​បាន​លើក​ទឹក​ចិត្ត​ពួក​បរិសុទ្ធ​នៅ​ភីលីព ហើយ​បាន​ដាស់តឿន​ពួកគេ​​ឲ្យ​ខ្ជាប់​ខ្ជួន​នៅក្នុង​សាមគ្គីភាព ហើយ​ធ្វើ​ការ​រួម​គ្នា​​ដើម្បី​ការពារ​ដល់​សេចក្ដី​ជំនឿ ។ ប្រហែល​ជា​គោលការណ៍​ដ៏​សំខាន់​មួយ​ ដែល​ប៉ុល​បាន​បង្រៀន​នៅ​ក្នុង​ភីលីព​គឺថា ការ​អធិស្ឋាន​ទៅ​ព្រះ និង​ការ​ទុក​ចិត្ត​ទ្រង់​នាំ​មក​នូវ « សេចក្តី​សុខ​សាន្ត​របស់​ព្រះ ដែល​ហួស​លើស​ពី​អស់​ទាំង​គំនិត » ( ភីលីព ៤:៧ ) ។ ការ​សិក្សា​សារលិខិត​លើក​ទឹក​ចិត្ត​របស់​ប៉ុល​នៅ​ក្នុង​សំបុត្រ​នេះ​ អាច​ជួយ​សិស្ស​នៅ​ក្នុង​ការ​ខិតខំ​ប្រឹងប្រែងរបស់​ពួកគេ ​ដើម្បី​កាន់​ខ្ជាប់​ដរាប​​ដល់​ចុង​បំផុត​ដោយ​ស្មោះ​ត្រង់ ។ នៅ​ពេល​សិស្ស​ខិតខំ​ធ្វើ​តាម​ព្រះគ្រីស្ទ នោះ​ពួកគេ​ក៏​អាច​មាន​ទំនុក​ចិត្ត ហើយ​ប្រកាស​ដូចជា​ប៉ុល​ផង​ដែរ​ថា « ខ្ញុំ​អាច​នឹង​ធ្វើ​គ្រប់​ទាំង​អស់​បាន ដោយសារ​ព្រះគ្រីស្ទ​ដែល​ទ្រង់​ចម្រើន​កម្លាំង​​ដល់​ខ្ញុំ » ( ភីលីព ៤:១៣ ) ។

តើ​នរណា​បានសរសេរសរសេរ​គម្ពីរ​នេះ ?

ទោះ​បី​ជា​នៅ​ត្រង់​ពាក្យ​ជម្រាប​សួរ​នៅ​ក្នុង​សំបុត្រ​នេះ​មាន​ឈ្មោះ​ ធីម៉ូថេ នៅ​ជាមួយ​នឹង​ប៉ុល​ក្ដី​ ( សូម​មើល ភីលីព ១:១ )ក៏​ប៉ុល​ជា​អ្នក​សរសេរ​សំបុត្រ​នេះ​ទៅ​ពួក​ភីលីព​ដែរ ។ ការ​អះអាង​នេះ​គឺ​ដោយ​សារ​មាន​ការ​ប្រើ​សព្វនាម​​ឯកវចនៈ ខ្ញុំ នៅ​ក្នុង​សំបុត្រ​នេះ ហើយ​និយាយ​ពី​ធីម៉ូថេ​ នៅ​ក្នុង ភីលីព ២:១៩ ។ ធីម៉ូថេ ​អាច​ធ្វើ​ជា​អ្នក​សរសេរ​របស់​ប៉ុល ដោយ​សរសេរ​សំបុត្រ​នេះ​នៅ​ក្រោម​ការ​ដឹកនាំ​របស់​ប៉ុល ។

តើ​នៅពេលណា និង នៅកន្លែងណា​ដែល​គម្ពីរ​នេះ​ត្រូវ​បាន​សរសេរ ?

ប៉ុល​ទំនង​ជា​សរសេរ​សំបុត្រ​ទៅ​ពួក​ភីលីព​នៅ​ចន្លោះ គ.ស. ៦០ និង ៦២ កាល​លោក​ជាប់​ឃុំ​នៅ​រ៉ូម ( សូម​មើល ភីលីព ១:៧, ១៣, ១៧ សូម​មើល​ផង​ដែរ កិច្ចការ ២៨:១៦–៣១, សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ភីលីព » scriptures.lds.org ) ។

តើគម្ពីរ​នេះ​ត្រូវបាន​សរសេរ​ទៅកាន់​​នរណា ហើយ​តើ​ហេតុអ្វី ?

ក្រុង​ភីលីព​គឺជា​ទីតាំង​​ទី​មួយ​នៅ​ទ្វីប​អ៊ឺរ៉ុប ​ដែល​ប៉ុល​បាន​ប្រកាស​ដំណឹងល្អ​ជា​ផ្លូវការ ហើយ​បាន​ស្ថាបនា​សាខា​មួយ​របស់​សាសនាចក្រ​ឡើង ( សូមមើល កិច្ចការ ១៦:១១–៤០ សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « សំបុត្រ​របស់​ប៉ុល » ) ។ គោលបំណង​មួយ​របស់​ប៉ុល​នៅ​ក្នុង​ការ​សរសេរ​សំបុត្រ​នេះ​ គឺ​ដើម្បី​បង្ហាញ​ការ​ដឹង​គុណ​ចំពោះ​សេចក្ដី​ស្រឡាញ់ និង​ជំនួយ​​ខាង​ហិរញ្ញវត្ថុ​ដែល​​ពួក​បរិសុទ្ធ​នៅ​ភីលីព​មាន​ចំពោះ​លោក​នៅ​ក្នុង​ដំណើរ​ទីពីរ​របស់​សាវក​ប៉ុល​ទៅ​ផ្សាយ​សាសនា និង​ការ​ជាប់​ឃុំ​របស់​លោក​នៅ​ក្រុង​រ៉ូម ( សូម​មើល ភីលីព ១:៣–១១, ៤:១០–១៩, សូម​មើល​ផង​ដែរ សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « សំបុត្រ​របស់​ប៉ុល » ) ។

ប៉ុល​ក៏​បាន​សរសើរ​ដល់​សមាជិកទាំងឡាយ​នៅ​ភីលីព​ចំពោះ​សេចក្ដី​ជំនឿ​របស់​ពួកគេ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​ផងដែរ ហើយ​បាន​ទូន្មាន​ពួកគេ​ ដោយ​​ផ្អែក​លើ​ព័ត៌មាន​ដែល​លោក​បាន​ទទួល​មក​ពី​សិស្ស​ម្នាក់​ជា​ពួក​ភីលីព​ដែល​មាន​ឈ្មោះ​ថា អេប៉ាប្រូឌីត ( សូម​មើល ភីលីព ៤:១៨ ) ។ ពាក្យ​ទូន្មាន​របស់​ប៉ុល​បាន​រួម​បញ្ចូល​នូវ​ការ​លើក​​ទឹក​ចិត្ត​ឲ្យ​មាន​ចិត្ត​​រាបសា និង​មាន​សាមគ្គីភាព ( សូម​មើល ភីលីព ២:១–១៨, ៤:២–៣ ) ។ ប៉ុល​ក៏​បាន​ព្រមាន​ដល់​ពួក​ភីលីព​ឲ្យ​ប្រុង​ប្រយ័ត្ន​ដល់​ពួក​គ្រីស្ទាន​ដែល​ខុស​ឆ្គង ដូចជា ជន​ដែល​បង្រៀន​ថា​ ការ​កាត់​ស្បែក​គឺជា​រឿង​ចាំបាច់​សម្រាប់​ការ​ប្រែ​ចិត្ត​ជឿ ។ ជន​ទាំងនេះ ( ជា​រឿយៗ​ត្រូវ​បាន​ហៅ​ថា​​ជា​ពួក​អ្នក​កាន់​សាសនា​យូដា ) បាន​ប្រកាស​ទាំង​ខុស​​ឆ្គង​ថា ពួក​អ្នក​ប្រែ​ចិត្ត​ជឿ​ថ្មី​ត្រូវ​ធ្វើ​តាម​ក្រឹត្យវិន័យ​ពី​បុរាណ​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់​ពី​ការ​កាត់​ស្បែក​ ពី​មុន​ក្លាយ​ជា​ពួក​គ្រីស្ទាន ( សូម​មើល ភីលីព ៣:២–៣ ) ។

តើ​គម្ពីរ​នេះមាន​លក្ខណៈ​ពិសេស​អ្វី​ខ្លះ ?

ជា​រឿយៗ ​គម្ពីរ​​ភីលីព​ត្រូវ​បាន​ហៅ​ថា​ជា​សំបុត្រ​នៅ​ក្នុង​គុក អម​ជាមួយ​គម្ពីរ​​អេភេសូរ​ កូល៉ុស និង​ភីលេម៉ូន ។ ទោះ​បី​ជា​វា​ត្រូវ​បាន​សរសេរ​ឡើង​​នៅ​ក្នុង​គុក​ក្ដី ក៏​សំបុត្រ​របស់​ប៉ុល​ទៅកាន់ពួក​ភីលីព​ត្រូវ​បាន​រៀបរាប់​​ដោយ​ពួក​អ្នក​ប្រាជ្ញ​ថា ​ជា​ការ​សរសេរ​ដ៏​រីករាយ​បំផុត​របស់​លោក​ដែរ ។ ប៉ុល​បាន​បង្ហាញ​ការ​ដឹង​គុណ សេចក្ដី​ស្រឡាញ់ និង​ទំនុកចិត្ត​ចំពោះ​សមាជិក​សាសនាចក្រ បាន​រៀបរាប់​ពី​ការ​លះបង់​ដែល​លោក​បាន​ធ្វើ​ដើម្បី​ដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​បាន​ណែនាំ​ពួក​បរិសុទ្ធ​នៅ​ភីលីព​ពី​​គោលការណ៍​នៃ​ការ​រស់​នៅ​ដោយ​សុចរិត ។ សិស្ស​អាច​នឹង​ស្គាល់​នៅ​ក្នុង ភីលីព ៤:៨ នូវ​ភាសា​មួយ​ចំនួន​ដែល​បាន​ប្រើ​នៅ​ក្នុង​មាត្រា​ទី​ដប់បី​នៃសេចក្ដីជំនឿ ដែល​បាន​សរសេរ​ដោយ​ព្យាការី ​យ៉ូសែប ស្ម៊ីធ ។

ប៉ុល​បាន​បរិយាយ​ពី​ការ​បន្ទាប​ខ្លួន​របស់​ព្រះអង្គ​​សង្គ្រោះ​ អំពី​ភាព​ជា​ព្រះ​នៅ​ជីវិត​មុន​ផែនដី​ ជា​ទី​កន្លែង​ដែល​ទ្រង់​បាន​រងទុក្ខ « សុគត​ជាប់​ឈើ​ឆ្កាង » ( សូម​មើល ភីលីព ២:៣–៨ ) ។ ដោយ​បាន​បំពេញ​បេសកកម្ម​ដ៏​ទេវភាព​របស់​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ​ឥឡូវ​នេះ​ត្រូវ​បាន​តម្កើង​ឡើង ហើយ​ថ្ងៃ​នោះ​នឹង​មក​ដល់​កាល « គ្រប់​ទាំង​ជង្គង់ ត្រូវ​លុត​ចុះ » ​នៅ​ចំពោះ​ទ្រង់ ហើយ « គ្រប់​ទាំង​អណ្ដាត​ … បាន​ថ្លែង​ប្រាប់​ថា ព្រះយេស៊ូវ​គ្រីស្ទ​ទ្រង់​ជា​ព្រះអម្ចាស់ » ( ភីលីព ២:១០–១១ ) ។ ប៉ុល​បាន​បើក​សម្ដែង​ថា ប្រភព​នៃ​ទំនុក​ចិត្ត និង​កម្លាំង​ក្នុង​ចិត្ត​របស់​លោក​​កើត​ចេញ​ពី​ព្រះយេស៊ូវ​គ្រីស្ទ ( សូម​មើល ភីលីព ៤:១៣ ) ។

គម្រោង

ភីលីព ១ ប៉ុល​បង្ហាញ​ពី​ការ​ដឹង​គុណ​ចំពោះ​ភាព​រាប់​អាន​របស់​ពួក​បរិសុទ្ធ​​នៅ​ភីលីព ។ លោក​បង្រៀន​ថា ឧបសគ្គ​ដែល​លោក​បាន​ជួប​នៅ​ក្នុង​ការ​បម្រើ​ព្រះអម្ចាស់ រួម​បញ្ចូល​ការ​ជាប់​​ឃុំ​របស់​លោក​ផង​ដែរ បាន​ជួយ​ពន្លឿន​ដល់​​បុព្វហេតុ​នៃ​ដំណឹងល្អ ។ លោក​លើក​ទឹក​ចិត្ត​សមាជិក​សាសនាចក្រ​ ឲ្យ​ពង្រឹង​សាមគ្គីភាព​នៅ​ក្នុង​ការ​ការពារ​សេចក្ដី​ជំនឿ ។

ភីលីព ២ ប៉ុល​លើក​ទឹក​ចិត្ត​បន្ថែម​ទៀត​ដល់​សមាជិក​សាសនាចក្រ​ឲ្យ​មាន​សាមគ្គីភាព ហើយ​ចង្អុល​បង្ហាញ​ពី​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ជា​អង្គ​ដែល​បាន​បន្ទាប​ខ្លួន​មក​កាន់​ជីវិត​រមែង​ស្លាប់ ថា​ជា​គំរូ​នៃ​សេចក្ដី​ស្រឡាញ់ ការ​គោរព​ប្រតិបត្តិ និង​ការ​បន្ទាប​ខ្លួន ។ មនុស្ស​គ្រប់រូប នៅ​ថ្ងៃ​មួយ​នឹង​ទទួល​ស្គាល់​ព្រះយេស៊ូវ​គ្រីស្ទ​ថា​ជា​ព្រះអម្ចាស់ ។ ប៉ុល​ណែនាំ​សមាជិក​សាសនាចក្រ​​ឲ្យ​ស្វែង​រក​សេចក្ដី​សង្គ្រោះ​របស់​ពួកគេ​ផ្ទាល់ ។

ភីលីព ៣ ប៉ុល​ព្រមាន​ពី​ពួក​អ្នក​កាន់​សាសនា​យូដា ។ លោក​រៀបរាប់​ពី​ជីវិត​ពី​មុន​របស់​លោក​ក្នុង​នាម​ជា​ពួក​ផារិស៊ី​ម្នាក់ និង​របៀប​ដែល​លោក​បាន​លះបង់​ដោយ​ស្ម័គ្រ​ចិត្ត​នូវ​អ្វីៗ​ទាំងអស់ ​ដើម្បី​ដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ ។ លោក​ដាស់​តឿន​ពួក​បរិសុទ្ធ​ឲ្យ​ធ្វើ​តាម​គំរូ​របស់​លោក ​នៅ​ក្នុង​ការ​ដើរ​ឆ្ពោះ​ទៅ​រក​សេចក្ដី​សង្គ្រោះ ។ ប៉ុល​ពន្យល់​ថា ព្រះយេស៊ូវ​គ្រីស្ទ​នឹង​ផ្លាស់​ប្ដូរ​រូបកាយ​រមែង​ស្លាប់​របស់​យើង​ទៅ​ជា​រូបកាយ​រុងរឿង​ដូចជា​ព្រះកាយ​របស់​ទ្រង់​ដែរ ។

ភីលីព ៤ ប៉ុល​លើក​ទឹក​ចិត្ត​ពួក​បរិសុទ្ធ​​ឲ្យ​រីករាយ​នៅ​ក្នុង​ព្រះអម្ចាស់​ជានិច្ច ។ លោក​ទូន្មាន​ពួកគេ​ឲ្យ​ជំនួស​ភាព​ភ័យ​ខ្លាច​របស់​ពួកគេ​ដោយ​ការ​អធិស្ឋាន និង​ការ​ថ្លែង​អំណរ​គុណ ដោយ​សន្យា​ថា ពួកគេ​នឹង​រីករាយ​នឹង​សេចក្ដី​សុខសាន្ត​របស់​ព្រះ ​ដែល​លើស​ពី​ការ​យល់​ដឹង​ទាំងអស់ ។ ប៉ុល​បាន​ដាស់​តឿន​សមាជិក​សាសនាចក្រ​ឲ្យ​គិត​ពី​រឿង​ស្មោះ​ត្រង់ យុត្តិធម៌ ពិត បរិសុទ្ធ គួរ​ឲ្យ​ស្រឡាញ់ មាន​ឈ្មោះ​ល្អ ហើយ​មាន​គុណ​ធម៌ ។ លោក​ទទួល​ស្គាល់​ថា លោក​អាច​ធ្វើ​រឿង​ទាំង​អស់​បាន​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ ​ដែល​ប្រទាន​កម្លាំង​ដល់​លោក ។