បណ្ណាល័យ
មេរៀន​ទី ១០២ ៖ រ៉ូម ១២-១៦


មេរៀន​ទី ១០២

រ៉ូម ១២-១៦

សេចក្តី​ផ្ដើម

ប៉ុល​បាន​បង្រៀន​សមាជិក​សាសនាចក្រ​នៅ​រ៉ូម ​ឲ្យ​ចាត់​ទុក​រូបកាយ​របស់​ពួកគេ​ជា​យញ្ញបូជា​រស់​ថ្វាយ​ព្រះ ហើយ​គោរព​តាម​ព្រះបញ្ញត្តិ​របស់​ព្រះ ។ ប៉ុល​ក៏​បាន​បង្រៀន​ពួក​បរិសុទ្ធ​ផង​ដែរ​ពី​របៀប​លើក​កម្ពស់​ឲ្យ​មាន​សេចក្ដី​សុខសាន្ត នៅ​ពេល​ការខ្វែងគំនិត​គ្នា​បាន​កើត​ឡើង ដោយសារ​តែ​ចំណង់​ចំណូល​ចិត្ត​ផ្ទាល់​ខ្លួន ។ នៅ​ពេល​បញ្ចប់​សំបុត្រ​នេះ ប៉ុល​បាន​ព្រមាន​ដល់​ជន​ដែល​ចង់​ធ្វើ​ការ​បោក​បញ្ឆោត ។

យោបល់​សម្រាប់​ការបង្រៀន

រ៉ូម ១២-១៣

ប៉ុល​បង្រៀន​សមាជិក​សាសនាចក្រ​ឲ្យ​ចាត់​ទុក​រូបកាយ​របស់​ពួកគេ ជា​យញ្ញបូជា​រស់​ថ្វាយ​ព្រះ ហើយ​ឲ្យ​​គោរព​តាម​ព្រះបញ្ញត្តិ​របស់​ព្រះ ។

ចូរ​យក​ធុងទឹក​​ពីរ​ដែល​មាន​រាង​ខុស​គ្នា និង​ពែង​ទឹក​មួយ​មក​ថ្នាក់​រៀន ។ ចូរ​ដាក់​បង្ហាញ​ទឹក និង​ធុង​មួយ ។

  • ប្រសិន​បើ​ខ្ញុំ​ចាក់​ទឹក​ចូល​ទៅ​ក្នុង​ធុង​នេះ តើ​រាង​របស់​ទឹក​នេះ​នឹង​ផ្លាស់​ប្ដូរ​យ៉ាង​ដូច​ម្ដេច ? ( ​វា​នឹង​មាន​រាង​ទៅ​តាម​រាង​នៃ​ធុង​នោះ ) ។

ចូរ​ចាក់​ទឹក​ចូល​ទៅ​ក្នុង​ធុង​នោះ ។ បន្ទាប់​មក ​ចូរ​ចាក់​ទឹក​ចូល​ទៅ​ក្នុង​ធុង​ទីពីរ ហើយ​​ចង្អុល​បង្ហាញ​ពី​របៀប​ដែល​ទឹក​នោះ​មាន​រាង​​ទៅ​តាម​រាង​នៃ​ធុង​នោះ ។

សូម​ពន្យល់​ថា នៅ​ក្នុង​ការ​បង្ហាញ​នេះ ទឹក​តំណាង​ឲ្យ​មនុស្ស ហើយ​ធុង​តំណាង​ឲ្យ​ជំនឿ និង​ទម្លាប់​ខុសៗ​គ្នា​នៅ​ក្នុង​លោកិយ ។

  • តើ​គ្រោះថ្នាក់​អ្វី​ខ្លះ​ដែល​អាច​កើត​ចេញ​ពី​ការ​អនុលោម​ទៅ​តាម​ជំនឿ និង​ទម្លាប់​ខាង​លោកិយ​ជា​បន្ត​បន្ទាប់​នោះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន រ៉ូម ១២:១-២ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រក​មើល​ថា ប៉ុល​​បាន​ដាស់​តឿន​ឲ្យ​ពួក​បរិសុទ្ធ​នៅ​រ៉ូម​ធ្វើ​អ្វីខ្លះ ។

  • តើ​ប៉ុល​បាន​ដាស់​តឿន​ឲ្យ​ពួក​បរិសុទ្ធ​នៅ​រ៉ូម​ធ្វើ​អ្វីខ្លះ ?

សូម​ពន្យល់​ថា នៅ​ក្នុង​ទទូច​អង្វរ​ឲ្យ​សមាជិក​សាសនាចក្រ​ឲ្យ​ថ្វាយ​រូបកាយ​របស់​ពួកគេ​ជា ​« យញ្ញបូជា​រស់ » ( ខ​ទី ១) ប៉ុល​កំពុង​តែ​ប្រៀប​ធៀប​ទៅ​នឹង​ទម្លាប់​នៃ​ការ​បូជា​យញ្ញ​សត្វ​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ។ សត្វ​ទាំង​នេះ​គឺជា​ដង្វាយ​ថ្វាយ​ដល់​ព្រះ ។

  • តើ​អ្នក​គិត​ថា​ ប៉ុល​បាន​មាន​ន័យ​យ៉ាង​ណា នៅ​ពេល​លោក​បាន​សរសេរ​ថា « ឲ្យ​បាន​ថ្វាយ​រូបកាយ​ទុក​ជា​យញ្ញបូជា​រស់ … ដល់​ព្រះ » ? ( ខ​ទី ១ ) ។ ( សមាជិក​សាសនាចក្រ​ត្រូវ​ថ្វាយ​ខ្លួន​ទាំង​ស្រុង​ដល់​ព្រះ ​ដោយ​ការ​លះបង់​បំណង​ប្រាថ្នា​ដែល​មាន​បាប ) ។

  • យោង​តាម​ការ​ដាស់​តឿន​របស់​ប៉ុល​នៅ​ក្នុង ខ​ទី ១–២ តើ​ព្រះ​រំពឹង​ចង់​បាន​អ្វី​ពី​យើង ? ( សូម​ជួយ​សិស្ស​ឲ្យ​ស្គាល់​ពីសេចក្ដីពិតដូចតទៅ​នេះ ៖ ព្រះ​រំពឹង​ឲ្យ​យើង​លះបង់​ជីវិត​របស់​យើង​ថ្វាយ​ទ្រង់ ហើយ​កុំ​អនុលោម​តាម​ពិភពលោក ។ សូម​សរសេរ​សេចក្ដីពិត​នេះ​នៅ​លើ​ក្ដារខៀន ) ។

សូម​ពន្យល់​ថា នៅ​ក្នុង រ៉ូម ១២–១៣ ប៉ុល​បាន​បង្រៀន សមាជិក​សាសនាចក្រ​​អំពី​គោលការណ៍​ជាច្រើន​ដែល​នឹង​ជួយ​ពួកគេ​ឲ្យ​លះបង់​ជីវិត​របស់​ពួកគេ​ថ្វាយ​ព្រះ ហើយ​មិន​អនុលោម​តាម​ពិភពលោក​នោះ​ឡើយ ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​ស្គាល់​ពី​គោលការណ៍​ទាំង​នេះ​មួយ​ចំនួន សូម​ចែក​សិស្ស​ជា​ក្រុម​ដែល​មាន​គ្នា​បីនាក់ ។ ចូរ​ផ្តល់​ដល់​សិស្ស​ម្នាក់ៗនូវក្រដាស​មួយ​សន្លឹក​ដែល​មាន​ សេចក្ដី​ណែនាំ​ ខាង​ក្រោម​នេះ​នៅ​ផ្នែក​ខាង​លើ​ ។ ( ពីមុន​ថ្នាក់​ចាប់​ផ្ដើម សូម​គូស​រង្វង់​លើ​សេចក្ដី​យោង​​បទគម្ពីរ​មួយ ​នៅ​ក្នុង​សេចក្ដី​យោង​ទាំង​បី​នៅ​លើ​ក្រដាស​នីមួយៗ ។ ចូរ​ធ្វើ​ឲ្យ​ប្រាកដ​ថា សិស្ស​ម្នាក់ៗ​​នៅ​ក្នុង​ក្រុម​នីមួយៗ​ទទួល​បាន​ក្រដាស​មួយ​សន្លឹក ​ដែល​មាន​សេចក្ដី​យោង​បទគម្ពីរ​មួយ​ ដែល​បាន​គូស​រង្វង់ ហើយ​ខុសៗ​ពីគ្នា ) ។

រូបភាព
handout

ព្រះ​គម្ពីរ​សញ្ញា​ថ្មី សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​​ថ្នាក់​សិក្ខាសាលា—មេរៀន​ទី ១០២

រ៉ូម ១២:៩-១៦

រ៉ូម ១២:១៧–២១

រ៉ូម ១៣:៨-១៣

  1. អាន​បទគម្ពីរ​ដែល​បាន​គូស​រង្វង់​នៅ​ផ្នែក​ខាង​លើ​​នៃ​ក្រដាស​នេះ ។

  2. ជ្រើស​យក​ការ​បង្រៀន​មួយ​របស់​ប៉ុល​នៅ​ក្នុង​បទគម្ពីរ​ដែល​អ្នក​អាន ហើយ​សរសេរ​វា​នៅ​ក្នុង​ចន្លោះ​ខាង​ក្រោម ។ ចូរ​សរសេរ​ពី​របៀប​ដែល​ ការ​រស់​នៅ​តាម​ការ​បង្រៀន​នេះ​អាច​ជួយ​យើង​ឲ្យ​លះបង់​ជីវិត​របស់​យើង​ថ្វាយ​ព្រះ ហើយ​មិន​អនុលោម​តាម​ពិភពលោក​នេះ ។ ( ប្រសិន​បើ​អ្នក​ពុំ​មែន​ជា​មនុស្ស​ដំបូង​ដែល​បាន​ទទួល​ក្រដាស​នេះ​ទេ អ្នក​អាច​បន្ថែម​គំនិត​របស់​អ្នក​ទៅ​លើ​អ្វី​ដែល​ពី​មុនអ្នក​បាន​សរសេរ​នៅ​ខាង​ក្រោម ឬ​អ្នក​អាច​សរសេរ​អំពី​ការ​បង្រៀន​មួយ​ទៀត​នៅ​ក្នុង​ខគម្ពីរ​ដែល​បាន​គូស​រង្វង់​រួច​នោះ ) ។

សូម​ពន្យល់​សិស្ស​ថា ពួកគេ​នឹង​មាន​ពេល​បី​នាទី ​ដើម្បី​ធ្វើសកម្មភាព​នេះ​តាម​ការ​ណែនាំ​នៅ​លើ​ក្រដាស​របស់​ពួកគេ ។ លុះ​អស់​ពេល​បីនាទី​ហើយ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ហុច​ក្រដាស​របស់​ខ្លួន​ទៅ​សិស្ស​ម្នាក់​ទៀត​នៅ​ក្នុង​ក្រុម​របស់​ពួកគេ ។ សូម​ធ្វើ​សកម្មភាព​ម្ដង​ទៀត​ ដើម្បី​ឲ្យ​សិស្ស​ម្នាក់ៗ​អាន ហើយ​បញ្ចេញមតិ​យោបល់​ដល់​​បទគម្ពីរ​ទាំង​បី​នោះ ។ ចូរ​ប្រាកដ​ថា សិស្ស​ទទួល​បាន​ក្រដាស​ដើមរបស់​ពួកគេ​ត្រឡប់​មក​វិញ ។

ចូរ​ទុក​ពេល​ឲ្យ​សិស្ស​ ដើម្បីពិនិត្យ​ឡើងវិញនូវ​​មតិយោបល​នៅលើ​ក្រដាស​របស់​ពួកគេ ។ សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ប្រាប់​ពី​អ្វី​មួយ ​ដែល​ពួកគេ​បាន​រៀន​ពី​របៀប​ដែល​ពួកគេ​អាច​លះបង់​ជីវិត​របស់​ពួកគេ​ថ្វាយ​ព្រះ ហើយ​មិន​អនុលោម​តាម​ពិភពលោក​នេះ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន រ៉ូម ១៣:១៤ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​​ថា​ប៉ុល​បាន​ទូន្មាន​ពួក​បរិសុទ្ធ​ឲ្យ​ធ្វើ​អ្វីខ្លះ ។

  • តើ​អ្នក​គិត​ថា ប៉ុល​ចង់​មាន​ន័យ​ដូចម្ដេច​ដោយ​ពោល​ឡើង​ថា « ត្រូវ​ប្រដាប់​ខ្លួន ដោយ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ​វិញ » ?

  • តើ​ការ​បង្រៀន​ដែល​យើង​បាន​សិក្សា​នៅ​ក្នុង រ៉ូម ១២–១៣ ជួយ​​យើង​ឲ្យ​ប្រែ​ក្លាយ​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ​បាន​យ៉ាង​ដូច​ម្ដេច ? ( បន្ទាប់​ពី​សិស្ស​ឆ្លើយហើយ​ សូម​កែសម្រួល​សេចក្ដី​ពិត​ដែល​បាន​សរសេរ​នៅ​លើ​ក្ដារខៀន​​កាល​ពីមុន ដើម្បី​ឲ្យ​វា​មាន​សេចក្ដី​ដូច​ខាង​ក្រោម​នេះ ៖ ប្រសិន​បើ​យើង​លះបង់​ជីវិត​របស់​យើង​ថ្វាយ​ព្រះ ហើយ​មិន​អនុលោម​តាម​ពិភព​លោក​នេះ នោះ​​យើង​អាច​ប្រែ​ក្លាយ​កាន់​តែ​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ ) ។

  • តើ​ព្រះអង្គ​សង្គ្រោះ​គឺជា​គំរូ​មួយ​នៃ​ការ​លះបង់​ជីវិត​​របស់​មនុស្ស​ម្នាក់​ថ្វាយ​ព្រះ ហើយ​មិន​អនុលោម​តាម​ពិភពលោក​នេះ​​យ៉ាង​ដូចម្ដេច ?

  • តើ​យើង​អាច​មិន​អនុលោម​តាម​បទដ្ឋាន​របស់​ពិភពលោក​តាម​របៀប​ណា ? ( អ្នក​គួរ​ផ្ដល់​ជា​ឧទាហរណ៍​ជាក់​លាក់​មួយ​ចំនួន​ដូចជា ការ​ប្រតិបត្តិ​ថ្ងៃ​ឈប់​សម្រាក ម៉ូដ​សំលៀក​បំពាក់ ឬ​ប្រហែល​ជា​លើក​ឡើង​ពី​បញ្ហា​ខាង​វប្បធម៌ ឬ​សង្គម​ដែល​ផ្ទុយ​នឹង​គោលការណ៍​នានា​​នៃ​ដំណឹងល្អ ) ។

ចូរ​សុំ​ឲ្យ​សិស្ស​គិត​ពី​មនុស្ស​ម្នាក់​ដែល​ពួកគេ​ស្គាល់ ហើយ​បុគ្គល​នោះ​បាន​ខិតខំ​លះបង់​ជីវិត​របស់​ខ្លួន​ថ្វាយ​ព្រះ ហើយ​មិន​អនុលោម​តាម​ពិភពលោក​នេះ​ទេ ។

  • តើ​អ្នក​បាន​គិត​អំពីនរណា​ដែរ ? ហេតុអ្វី ?

  • តើ​បុគ្គល​ម្នាក់​នេះ​បាន​ក្លាយ​កាន់​តែ​ដូចជា​ព្រះអង្គ​​សង្គ្រោះ​តាម​របៀប​ណា ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​នៅ​ក្នុង​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​កត់ត្រា​ក្នុង​ថ្នាក់​របស់​ពួកគេ​ពី​វិធី​មួយ ​ដែល​ពួកគេ​អាច​លះបង់​ជីវិត​របស់​​ពួកគេ​ថ្វាយដល់​​ព្រះ ហើយ​មិន​អនុលោម​តាម​​ពិភពលោក​នេះ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​អនុវត្ត​តាមអ្វី​ដែល​ពួកគេ​​បាន​សរសេរ ។

រ៉ូម ១៤:១-១៥:៣

ប៉ុល​ទូន្មាន​ដល់​សមាជិក​សាសនាចក្រ​ឲ្យ​ចៀសវាង​ពី​ការ​ទាស់​ទែង​គ្នា​នៅ​ក្នុង​បញ្ហា​ចំណង់​ចំណូល​ចិត្ត​ផ្ទាល់​ខ្លួន

សូម​ឲ្យ​សិស្ស​លើក​ដៃ​ឡើង ប្រសិន​បើ​ពួកគេ​ចង់​ឆ្លើយ​ថា បាទ/ច៎ាស​ចំពោះ​សំណួរ​ខាងក្រោម​នេះ ។ អ្នក​អាច​កែប្រែ​សំណួរ​មួយ​ចំនួនទាំង​នេះ​ ​ដើម្បីឲ្យ​​វា​ឆ្លុះ​បញ្ចាំង​កាន់​តែ​ប្រសើរ​ពី​វប្បធម៌​​ដែល​អ្នក​រស់នៅ ។ ប្រសិន​បើ​អ្នក​ធ្វើ​ដូច្នោះ សូម​ជ្រើស​យក​ឧទាហរណ៍​ដែល​សំខាន់​ចំពោះ​ការ​ជ្រើស​រើស​ផ្ទាល់​ខ្លួន ប៉ុន្តែ​មិន​សំខាន់​ចំពោះ​ការ​គោរព​ប្រតិបត្តិ​ ដើម្បី​បញ្ជាក់​​អត្ថន័យ​ច្បាស់​លាស់​ពី​ព្រះបញ្ញត្តិ ។ ចម្លើយ​ចំពោះ​សំណួរ​ទាំងអស់​នេះ​គួរ​តែ​ជា​​ចម្លើយ​បាទ/ច៎ាស ។

  • តើ​វា​ជា​ជម្រើស សមហេតុ ផលឬ​ទេ ​កាល​ដែល​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ម្នាក់​ ​(១) អនុវត្ត​តាម​របប​អាហារ​បួស ? (២) ហូប​សូកូឡា ? (៣) ស្លៀក​ពាក់​ខោ​ខ្លី​នៅ​ទី​សាធារណៈ ? (៤) ប្រើ​បច្ចេក​វិទ្យា​នៅ​ថ្ងៃ​ឈប់​សម្រាក ? (៥) ចូល​រួប​អបអរ​ថ្ងៃ​បុណ្យ​ទិវា​ជាតិ​ ដែល​ទាក់ទង​នឹង​សាសនា ឬ​ប្រពៃណី​ដែល ជា វប្បធម៌​ដទៃ ?

សូម​ពន្យល់​ថា កាល​ឥរិយាបថ​មួយ​ចំនួនបាន​តម្រូវ​ឲ្យ​មាន ឬ​បាន​ហាម​ឃាត់​យ៉ាង​ច្បាស់​ដោយ​បទបញ្ញត្តិ​​មក​ពី​ព្រះ នោះ​ឥរិយាបថ​ផ្សេង​ទៀត​​ធ្វើ​ឡើង​ដោយ​សំអាង​ទៅ​លើ​ចំណូល​ចិត្ត ឬ​ការវិនិច្ឆ័យ​របស់​សមាជិក​សាសនាចក្រ​ម្នាក់ៗ​ ។ បញ្ហា​ទាំងនេះ​អាច​រួម​បញ្ចូល​ទាំង​ការ​ជ្រើស​រើស​មួយ​ចំនួន ដូចជា​ការកម្សាន្ត សម្លៀក​បំពាក់ របប​អាហារ ការ​ប្រតិបត្តិ​ថ្ងៃ​ឈប់​សម្រាក និង​វិន័យ​របស់​ឪពុកម្ដាយ​សម្រាប់​កូនចៅ ។ ព្រះអម្ចាស់​បាន​ប្រទាន​បទដ្ឋាន និង​ព្រះបញ្ញត្តិ​ដើម្បី​ដឹកនាំ​ការ​ជ្រើស​រើស​របស់​យើង​នៅ​ក្នុង​បញ្ហា​ទាំងនេះ​មួយ​ចំនួន ដូចជា​ការ​ស្លៀក​ពាក់​ខោ​ជើង​ខ្លី​ដែល​សមរម្យ ប៉ុន្តែ​ការ​សម្រេច​ចិត្ត​មួយ​ចំនួនអាស្រ័យលើការវិនិច្ឆ័យ​ផ្ទាល់ខ្លួន ។ ពេល​ខ្លះ​សមាជិក​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​បែប​នេះ​ ដោយ​ផ្អែក​លើ​ការ​បំផុស​គំនិត​សម្រាប់​ស្ថានភាព ឬ​សេចក្ដី​​ត្រូវការ​ជាក់​លាក់ ។

នៅ​ពេល​សិស្ស​សិក្សា រ៉ូម ១៤:១–​១៥:៣ សូម​អញ្ជើញ​ពួកគេ​ឲ្យ​រក​មើល​សេចក្ដី​​ពិត​ ដែល​ប៉ុល​បង្រៀន​អំពី​របៀប​ដែល​យើង​​គួរ​ដោះស្រាយ​បញ្ហា​តាម​ចំណូលចិត្ត​ផ្ទាល់​ខ្លួន​នៅ​ក្នុង​សាសនាចក្រ ។

សូម​សង្ខេប រ៉ូម ១៤:១–៥ ដោយ​ពន្យល់​ថា បញ្ហា​មួយ​នៃ​ចំណូល​ចិត្ត​ផ្ទាល់​ខ្លួន​ ដែល​សមាជិក​សាសនាចក្រ​នៅ​ក្នុង​ជំនាន់​របស់​ប៉ុល​បាន​ជួបប្រទះ គឺ​ជា​របប​អាហារ​របស់​មនុស្ស​ម្នាក់ ។ មនុស្ស្​ខ្លះ​មិន​បាន​ធ្វើ​តាម​កម្រិត​នៃ​របប​អាហារ​នោះទេ ។ មនុស្ស​ផ្សេង​ទៀត​បាន​តម​សាច់ ហើយ​បរិភោគ​តែ​បន្លែ​ប៉ុណ្ណោះ ជា​ការ​បន្ត​មួយ​នៃ​ច្បាប់​របប​អាហារ​នៅ​ក្រោម​ក្រឹត្យវិន័យ​របស់​ម៉ូសេ ទោះ​ជា​ការ​រឹត​បន្តឹង​ទាំងនេះ​មិន​បាន​តម្រូវ​ឲ្យ​ធ្វើ​ទៀត​ក៏​ដោយ  ។ បន្ថែម​ពី​លើ​នេះ​ទៀត មាន​សមាជិក​សាសនាចក្រ​មួ​យ​ចំនួន​បាន​ជ្រើស​បន្ត​ប្រតិបត្តិ​តាម​ប្រពៃណី ទម្លាប់ និង​ទិវា​បុណ្យ​ជាតិ​ពួក​យូដា ។

  • តើ​អ្នក​គិត​ថា វា​​នឹង​មាន​បញ្ហា​អ្វី​ដែល​អាចកើត​ឡើង​នៅក្នុង​សាសនាចក្រ កាល​សមាជិក​ធ្វើ​ការ​សម្រេច​ចិត្ត​ផ្សេង​ៗ​គ្នា​​នៅ​ក្នុង​បញ្ហា​ទាំងនេះ ?

សូម​អញ្ជើញ​សិស្ស​អាន រ៉ូម ១៤:៣ ដោយ​ស្ងាត់​ស្ងៀម​រក​មើល​ថា​ តើ​ចំណង់​ចំណូល​ចិត្ត​​ផ្ទាល់​ខ្លួន​នៅ​ក្នុង​របប​អាហារ​អាច​​​ដឹកនាំ​សមាជិក​សាសនា​ចក្រ​មួយ​ចំនួន​ឲ្យ​ធ្វើ​អ្វីខ្លះ ។

  • តើ​សមាជិក​សាសនាចក្រ​កំពុង​ប្រឈមមុខ​នឹង​បញ្ហាអ្វីខ្លះ ? ( សមាជិក​សាសនាចក្រ​មួយ​ចំនួន​កំពុង​តែ​ស្អប់ ហើយ​វិនិច្ឆ័យ​សមាជិក​ផ្សេង​ទៀត ដែល​មាន​ការ​ជ្រើស​រើស​ខុស​ពី​ពួកគេ ) ។

  • ហេតុអ្វី​អ្នក​គិត​ថា ​រឿង​នេះ​នឹង​កើត​ឡើង ?

សូម​សរសេរ​សេចក្ដី​យោង​ព្រះគម្ពីរដូច​​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ រ៉ូម ១៤:១០–១៣, ១៥, ២១ ។ សូម​អញ្ជើញ​សិស្ស​បី​បួន​នាក់​ឲ្យ​ប្ដូរ​វេន​គ្នា​អាន​ខគម្ពីរ​ទាំងនេះ​ឮៗ ។ ចូរសុំ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ទៀង​តាម រក​មើល​ថា ប៉ុល​បាន​បង្រៀន​សមាជិក​សាសនាចក្រ​មិន​ឲ្យ​ធ្វើ​អ្វីខ្លះ​ នៅ​ក្នុង​បញ្ហា​នៃ​ចំណូល​ចិត្ត​ផ្ទាល់​ខ្លួន​នេះ ។ បន្ទាប់​ពី​សិស្ស​ម្នាក់​បាន​អាន ខ​ទី ១៥ រួច​ហើយ សូម​ពន្យល់​ថា ការ​បកប្រែ​ដោយ ​យ៉ូសែប ស្ម៊ីធ​ សម្រាប់​ខគម្ពីរ​នេះ​បាន​ចែក​ថា « ប៉ុន្តែ បើ​អ្នក​ធ្វើ​ឲ្យ​បង​ប្អូន​អ្នក​ព្រួយ​ចិត្ត ដោយ​​ព្រោះ​ម្ហូប​ចំណី​អ្វី នោះ​អ្នក​ប្រព្រឹត្ត​មិន​មែន​ដោយ​ស្រឡាញ់​ទៀត​ទេ ប្រសិន​បើ​អ្នក​បរិភោគ​វា ហេតុដូច្នេះហើយ កុំ​ធ្វើ​ឲ្យ​អ្នក​ណា​ដែល​ព្រះគ្រីស្ទ​បាន​សុគត​ជំនួស​ត្រូវ​វិនាស ដោយសារ​ម្ហូប​របស់​អ្នក​ឡើយ »។  

  • ដោយ​ផ្អែក​ទៅ​លើ​អ្វី​ដែល​ប៉ុល​បាន​បង្រៀន​នៅ​ក្នុង ខ​ទី ១៣ តើ​យើង​អាច​រៀន​ពី​សេចក្ដីពិត​អ្វីខ្លះ​ អំពី​អ្វី​ដែល​យើង​មិន​គួរ​ធ្វើ​នៅ​ក្នុង​បញ្ហា​នានា​ ដែល​បាន​មិន​បាន​ចែង​ជាក់លាក់​​នៅ​ក្នុង​ព្រះបញ្ញត្តិ ? ( ចម្លើយ​របស់សិស្ស​​គួរ​ឆ្លុះ​បញ្ចាំង​ពី​សេចក្ដីពិត​ដូច​​ខាង​ក្រោម ៖ នៅ​ក្នុង​បញ្ហា​នានា​ដែល​បាន​មិន​បាន​ចែង​ជាក់លាក់​​នៅ​ក្នុង​ព្រះបញ្ញត្តិ នោះ​យើង​មិន​ត្រូវ​វិនិច្ឆ័យ​​ការ​ជ្រើស​រើស​របស់​មនុស្ស​ដទៃ​ឡើយ ) ។

  • ហេតុអ្វី​វា​ជា​បញ្ហា​មួយ នៅ​ពេល​សមាជិក​សាសនា​ចក្រ​មើល​ងាយ ឬ​ដាក់​ទោស​ដល់​សមាជិក​សាសនា​ចក្រ​ផ្សេង​ទៀត​ដែល​ធ្វើ​ការ​ជ្រើស​រើស​ផ្សេង​គ្នា​ នៅ​ក្នុង​កត្តា​ទាំងឡាយ​ដែល​ព្រះបញ្ញត្តិ​​មិន​បាន​តម្រូវ ឬ​ហាម​ឃាត់​មិន​ឲ្យ​មាន​ឥរិយាបថ​​ជាក់​លាក់​មួយ​នោះ ?

ចូរ​ចង្អុល​បង្ហាញទៅ​ឃ្លា « ធ្វើ​ឲ្យ​ជំពប់​ដួល ឬ​រវាត​ចិត្ត​ចេញ » នៅ​ក្នុង​ ខ​ទី ១៣ ។ សូម​ពន្យល់​ថា ឃ្លា​នេះ​សំដៅ​ទៅ​លើ​ការ​ធ្វើ​ឲ្យ​មនុស្ស​​ម្នាក់​ផ្សេង​ទៀត​ជំពប់​ដួល ឬ​រវាត​ចិត្ត​ខាង​វិញ្ញាណ​ចេញ​ពី​ការ​ខិតខំ​របស់​ពួកគេ​​ដើម្បី​ជឿ​លើ​ព្រះគ្រីស្ទ ហើយ​រស់​នៅ​តាម​ដំណឹង​ល្អ​របស់​ទ្រង់ ។

  • តើ​ការ​បរិភោគ​អាហារ​ជាក់លាក់​របស់​សមាជិក​សាសនាចក្រ​អាច​ធ្វើ​ឲ្យ​មនុស្ស​ដទៃ​ទៀត​ជំពប់​ដួល ឬ​រវាត​ចិត្ត​ចេញ​បាន​យ៉ាង​ដូចម្ដេច ?

  • តើ​ប៉ុល​បាន​ទូន្មាន​សមាជិក​សាសនាចក្រ​ឲ្យ​ធ្វើ​អ្វីខ្លះ ប្រសិន​បើ​ការ​ជ្រើស​រើស​របប​អាហារ​របស់​ពួកគេ​ផ្ទាល់​អាច​បំផ្លាញដល់​មនុស្ស​ម្នាក់​ទៀត​ខាង​វិញ្ញាណ​នោះ ? ( ប៉ុល​បាន​ប្រឹក្សាដល់​​ពួក​បរិសុទ្ធ​ឲ្យ​ពិចារណា​ពី​ផល​​នៃ​ទម្លាប់​ផ្ទាល់​ខ្លួន​របស់​ពួកគេ​ទៅ​លើ​មនុស្ស​ដទៃ ហើយ​យល់​ព្រម​លះបង់​ទង្វើ​ដែល​អាច​ធ្វើ​ឲ្យ​មនុស្ស​ដទៃទៀត​​ជំពប់​ដួល​ខាង​វិញ្ញាណ ) ។

  • តើ​យើង​អាច​រៀន​សេចក្ដីពិត​អ្វីខ្លះ មក​ពី​ការ​ណែនាំ​របស់​ប៉ុលស្ដីពី​ទង្វើ​របស់​យើង​នៅ​ក្នុង​​បញ្ហា​ ដែល​បាន​ចែងយ៉ាង​ជាក់​លាក់​នៅ​ក្នុង​ព្រះបញ្ញត្តិ ? ( សូម​ជួយ​សិស្ស​ឲ្យ​ស្គាល់​សេចក្ដីពិតដូចតទៅ​នេះ ៖ នៅ​ក្នុង​បញ្ហា​នានា​ដែល​មិន​បាន​ចែង​ជាក់លាក់​នៅ​ក្នុង​ព្រះបញ្ញត្តិ យើង​ត្រូវ​ពិចារណា​ថា តើ​ការ​ជ្រើស​រើស​របស់​យើង​ជះឥទ្ធិពល​លើ​មនុស្ស​ដទៃ​ទៀត​​យ៉ាង​ដូចម្ដេច ។ កំណត់​ចំណាំ ៖ សេចក្តីពិត​ស្រដៀង​គ្នា​មួយ​នឹង​លើក​ឡើង​យក​មក​ពិភាក្សា​​យ៉ាង​ស៊ីជម្រៅ​នៅ​ក្នុង​កូរិនថូសទី ១ ៨ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន រ៉ូម ១៤:១៩ ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​​​ថា​ប៉ុល​បាន​ទូន្មាន​ឲ្យ​សមាជិក​សាសនាចក្រ​បន្ត​ធ្វើ​អ្វីខ្លះ ។

  • តើ​ការ​ធ្វើ​តាម​ពាក្យ​ទូន្មាន​របស់​ប៉ុល​ស្ដីពី​បញ្ហា​នៃ​ចំណូល​ចិត្ត​ផ្ទាល់​ខ្លួន​ អាច​ជះឥទ្ធិពល​ដល់​សេចក្ដីសុខសាន្ត និង​ការ​ស្អាងឡើង​​ដែល​សមាជិក​​សាសនាចក្រ​បាន​ដក​ពិសោធន៍​រួម​គ្នា​យ៉ាង​ដូច​ម្ដេច​ដែរ ?

សូម​រំឭក​សិស្ស​ពី​បញ្ហា​នៃ​ចំណង់​ចំណូល​ចិត្ត​ផ្ទាល់​ខ្លួន​​ ដែល​បាន​សរសេរ​កាល​ពី​ដើម ។ សូម​ឲ្យ​សិស្ស​ពិពណ៌នា​ពី​របៀប​ដែល​សមាជិក​សាសនា​ចក្រ អាច​ធ្វើ​តាម​ពាក្យ​ទូន្មាន​របស់​ប៉ុល​​នៅ​ក្នុង​បញ្ហា​នានា​ដូចជា​បញ្ហា​ទាំងនេះ ។

រ៉ូម ១៥:៤-១៦:២៧

ប៉ុល​បញ្ចប់​សំបុត្រ​រ​បស់​លោក​ដល់​ពួក​រ៉ូម

សូម​ពន្យល់​ថា នៅ​ពេល​ប៉ុល​ហៀប​នឹង​បញ្ចប់​សំបុត្រ​របស់​លោក នោះ​លោក​បាន​ផ្ដល់​ពាក្យ​ទូន្មាន​បន្ថែម​ទៀត​​ដល់​ពួក​សមាជិក​សាសនា​ចក្រ​នៅក្រុង​​រ៉ូម ។ សូមអញ្ជើញ​សិស្ស​ម្នាក់​អាន រ៉ូម ១៥:៤ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​ថា ប៉ុល​បាន​បង្រៀន​ថា​ ហេតុអ្វី​បាន​ជា​បទគម្ពីរ​ត្រូវ​បាន​សរសេរ​ឡើង ។

  • តើ​យើងអាច​រៀន​សេចក្ដី​ពិត​អ្វីខ្លះ​នៅ​ក្នុងខ​ទី ​៤​ ហេតុផល​ដែល​បទគម្ពីរ​ត្រូវ​បាន​សរសេរ​ឡើង ? ( ចម្លើយ​របស់សិស្ស​​គួរ​ឆ្លុះ​បញ្ចាំង​ពី​សេចក្ដីពិត​ដូច​​ខាង​ក្រោម ៖ ព្រះគម្ពីរ​ត្រូវ​បាន​សរសេរ​ឡើង​ដើម្បី​បង្រៀន​យើង ហើយ​ផ្ដល់​សេចក្ដី​សង្ឃឹម​ដល់​យើង ) ។

សូម​ពន្យល់​ថា បន្ទាប់​មក​ប៉ុល​បាន​បង្ហាញ​សេចក្ដី​​ពិត​នេះ​ដោយ​ដក​ស្រង់​បទគម្ពីរ​មួយ​ចំនួន​​ចេញ​ពី​ព្រះគម្ពីរ​សញ្ញា​ចាស់ ​ដើម្បី​អះអាង​ជា​ថ្មី​ដល់​ពួក​បរិសុទ្ធ​ថា កិច្ចការ​ផ្សព្វផ្សាយ​សាសនា​នៅ​​ក្នុង​ចំណោម​ពួក​សាសន៍​ដទៃ​ គឺ​ស្រប​តាម​ផែនការ​របស់​ព្រះ ( សូម​មើល រ៉ូម ១៥:៩–១២ ) ។

សូម​សង្ខេប​ផ្នែក​បន្ត​ទៀត​នៃ រ៉ូម ១៥–១៦ ដោយ​ពន្យល់​ថា ប៉ុល​បាន​បញ្ចប់​សំបុត្រ​របស់​លោក​ ដោយ​ពិពណ៌នា​អំពីការ​ខិតខំ​របស់​លោក​ដើម្បី​ប្រកាស​ដំណឹងល្អ ។ លោក​ក៏​បាន​ព្រមាន​ដល់​ជន​ដែល​បណ្ដាល​ឲ្យ​មាន​ការ​បែក​បាក់​គ្នា បង្រៀន​គោលលទ្ធិ​ក្លែង​ក្លាយ ហើយ​ខិតខំ​បោក​បញ្ឆោត​មនុស្ស​ដទៃ​ទៀត ( សូម​មើល រ៉ូម ១៦:១៧–១៨ ) ។

សូមបញ្ចប់​មេរៀន​ដោយ​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត ដែល​បាន​ពិភាក្សា​នៅ​ក្នុង​មេរៀន​នេះ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

រ៉ូម ១២:១ ។ « ថ្វាយ​រូបកាយ​ទុក​ជា​យញ្ញបូជា​រស់ »

ប្រធាន រ័សុល អិម ណិលសុន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​បាន​បង្រៀន​អំពី​ប្រភេទ​នៃ​យញ្ញបូជា​ដែល​យើងអាច​ថ្វាយ​ដល់​ព្រះ ៖

« យើង​នៅ​តែ​បាន​បង្គាប់​ឲ្យ​ធ្វើ​យញ្ញបូជា ប៉ុន្តែ​ពុំ​មែន​ដោយ​ការ​បង្ហូរ​ឈាម​សត្វ​នោះ​ទេ ។ ស្មារតី​ដ៏​ខ្ពស់​បំផុត​នៃ​ការ​បូជា​របស់​យើង​អាច​សម្រេច​ទៅ​បាន នៅ​ពេល​យើង​ធ្វើ​​ឲ្យ​ខ្លួន​យើង​កាន់​តែ​ពិសិដ្ឋ ឬ​បរិសុទ្ធ ។ យើង​ធ្វើ​កិច្ចការ​នេះ​ដោយ​​គោរព​ប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ ។ ដូច្នេះ​ហើយ ក្រឹត្យវិន័យ​នៃ​ការ​គោរព​ប្រតិបត្តិ និង​​ការ​បូជា​គឺជា​ការ​រួម​បញ្ចូល​គ្នា​ដែល​មិន​អាច​អត់​បាន ។ … នៅ​ពេល​ប្រព្រឹត្ត​ទៅ​តាម​ព្រះបញ្ញត្តិ​ទាំងនេះ និង​ព្រះបញ្ញត្តិ​ផ្សេង​ទៀត ផលផ្លែ​ដ៏​ល្អ​អស្ចារ្យ​នឹង​កើត​មាន​ចំពោះ​យើង ។ យើង​មាន​វិន័យ ! យើង​ក្លាយ​ជា​ពួក​សិស្ស ! យើង​ប្រែ​ខ្លួន​កាន់​តែ​ពិសិដ្ឋ ហើយ​បរិសុទ្ធ​—​ដូចជា​ព្រះអម្ចាស់​របស់​យើង ! » ( « Lessons from Eve » Ensign ខែ វិច្ឆិកា ឆ្នាំ​ ១៩៨៧ ទំព័រ ៨៨ ) ។

រ៉ូម ១៣:១-៧ ។ « ចុះ​ចូល​​នឹង​រាជការ »

ការ​បកប្រែ​ដោយ ​យ៉ូសែប ស្ម៊ីធ សម្រាប់ រ៉ូម ១៣:១–៧ បង្ហាញ​ថា ពាក្យ​ពេចន៍​របស់​ប៉ុល​នៅ​ក្នុង​ខគម្ពីរ​ទាំង​នេះ​​មិនត្រឹម​តែ​អនុវត្ត​ចំពោះ​ការ​ធ្វើ​តាម​​អជ្ញាធរ​រដ្ឋ​ប៉ុណ្ណោះ​ទេ ប៉ុន្តែក៏​​ចំពោះ​ពួក​មាន​សិទ្ធិ​អំណាច​ទូទៅ​របស់​សាសនាចក្រ​ផង​ដែរ ។ ឧទាហរណ៍ នៅ​ក្នុង​ការ​បកប្រែ​ដោយ ​យ៉ូសែប ស្ម៊ីធ រ៉ូម ១៣:១ ព្យាការី​យ៉ូសែប ស្ម៊ីធ​ បាន​បន្ថែម​ពាក្យ « នៅ​ក្នុង​សាសនាចក្រ » ៖ « គ្មាន​អំណាច​ណា​ទេ នៅ​ក្នុង​សាសនា​ចក្រ លើក​លែង​តែ​មក​ពី​ព្រះ » ។

នៅ​ក្នុង​ការ​បក​ប្រែ​ដោយ​ យ៉ូសែប ស្ម៊ីធ រ៉ូម ១៣:៤ ពាក្យ​ « ដាវ » បាន​ប្ដូរ​ទៅ​ជា​ពាក្យ​« កាំ​ភ្លើង »​ វិញ ។ ហើយ​នៅ​ក្នុង​ការ​បកប្រែ​ដោយ ​យ៉ូសែប ស្ម៊ីធ រ៉ូម ១៣:៦ ពាក្យ​ « ពន្ធ » ( អាករ ) បាន​ផ្ដូរ​ទៅ​ជា « ការថ្វាយ​របស់​អ្នក » ។

ពាក្យ​ទូន្មាន​របស់​ប៉ុល​ឲ្យ « ចុះ​ចូល​​នឹង​រាជការ »​ ( រ៉ូម ១៣:១​ )​ ​ឆ្លុះ​បញ្ចាំង​ពី​គោលការណ៍​​នៃ​មាត្រា​នៃ​សេចក្ដី​ជំនឿ​ទី​ដប់​ពីរ ៖ « យើង​ខ្ញុំ​ជឿ​ចំពោះ​ការ​នៅ​ក្រោម​អំណាច​ស្ដេច ប្រធានាធិបតី អ្នក​គ្រប់គ្រង និង ចៅ​ក្រម​​ទាំងឡាយ​ក្នុង​ការគោរព​ប្រតិបត្តិ និង​ការគាំទ្រ​ច្បាប់ » ។ ដោយ​ពិពណ៌នា​ពី​អជ្ញាធរ​រដ្ឋ​ថា​ « ព្រះ​បាន​តាំង » និង « ជា​ភ្នាក់​ងារ​របស់​ព្រះ » ( រ៉ូម ១៣:១, ៦ ) ប៉ុល​បាន​ទទួល​ស្គាល់​ថា អស់​អ្នក​ដែល​បាន​កាន់​តួនាទី​នៃ​អំណាច​ គួរតែទទួល​ខុស​ត្រូវ​ចំពោះ​ព្រះ ហើយ​ពួក​គេ​កាន់​អំណាច​​តាម​តែ​ព្រះអនុញ្ញាត​ប៉ុណ្ណោះ ( សូម​មើល យ៉ូហាន ១៩:១១ ) ។ ប៉ុល​បាន​រំឭក​ដល់​ពួក​បរិសុទ្ធ​ផង​ដែរ​ថា ដោយ​នាំ​យក​មក​នូវ​កិច្ចការ​ល្អៗ​នានា​ នោះ​ពួកគេ​ពុំ​ចាំ​បាច់​​​ខ្លាច​នូវ​អំណាច​របស់​ពួក​អ្នកដឹកនាំ ​ដែល​ពួកគេ​ត្រូវ​ចុះចូល​ឡើយ ។ ផ្ទុយ​ទៅវិញ តាមរយៈ​ « ការ​ប្រព្រឹត្ត​ល្អ » នោះ​ពួក​បរិសុទ្ធ​នឹង​ទទួល​បាន​ការ​សរសើរ​ពី​​ពួក​​អ្នក​ដឹកនាំ​​ទាំងនោះ​ ( សូម​មើល​រ៉ូម ១៣:២-៤ ) ។

រ៉ូម ១៤:១-១៥:៣ ។ បញ្ហាដែល​​​ព្រះបញ្ញត្តិ​ជាក់លាក់​ មិន​បានលើក​ឡើង

អែលឌើរ ដាល្លិន អេក អូក ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​​ដប់ពីរ​នាក់​បាន​ថ្លែង​ថា ជា​ជាង​រៀន​អំពីច្បាប់​ជាក់​លាក់​នៅ​ក្នុង​បញ្ហា​មួយ​ចំនួន នោះ​ថ្នាក់​ដឹកនាំ​សាសនាចក្រ និង​ពួកគ្រូ​បង្រៀន​ត្រូវ​បង្រៀន​ពី​គោលលទ្ធិ និង​គោលការណ៍​នៃ​ដំណឹងល្អ ។ បន្ទាប់​មក​ លោក​បាន​ថ្លែង​ដូច​តទៅ​នេះ ៖

« ពួក​គ្រូបង្រៀន … ជាទូទៅ​គួរ​លះបង់​នូវ​ការ​បង្រៀន​​ពី​ច្បាប់ ឬ ការ​អនុវត្ត​ជាក់​លាក់​នានា ។ ឧទាហរណ៍ ពួក​គេ​មិន​ត្រូវ​បង្រៀន​ច្បាប់​ណា​មួយ​ដើម្បី​កំណត់​ថា ​អ្វី​ទៅ​ជា​ការ​បង់​ដង្វាយ​មួយភាគ​ក្នុង​ដប់​ពេញ​លេញ​ឡើយ ហើយ​ពួកគេ​មិន​ត្រូវ​ផ្ដល់​ជា​បញ្ជី​នៃ រឿង​ដែល​ត្រូវ​ធ្វើ និង រឿង​ដែល​មិន​ត្រូវ​ធ្វើ សម្រាប់​ការ​រក្សា​​ថ្ងៃ​ឈប់​​សម្រាក​ឲ្យ​បរិសុទ្ធ​នោះ​ឡើយ ។ នៅពេលគ្រូបង្រៀនម្នាក់បានបង្រៀនគោលលទ្ធិ និង​គោលការណ៍ទាំងឡាយ ដែល បាន​បញ្ចូលគ្នា​ពីព្រះគម្ពីរ និងពីព្យាការីដែលនៅរស់ ដូច្នេះការអនុវត្ត ឬ​ច្បាប់ជាក់លាក់ ជាទូទៅគឺជាការទទួលខុសត្រូវរបស់បុគ្គលម្នាក់ៗ និង​ក្រុម​គ្រួសារ » ( « Gospel Teaching » Ensign ខែ វិច្ឆិកា ឆ្នាំ​ ​១៩៩៩ ទំព័រ ៧៩ ) ។

ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ក្នុង​គណៈ​ប្រធាន​​ទីមួយ​បាន​ព្រមាន​​អំពី​គ្រោះថ្នាក់​នៃ​ការ​អនុញ្ញាត​ឲ្យ​ការ​បរិយាយ​បស់​បុគ្គល​ម្នាក់ អំពី​គោលការណ៍​នៃ​ដំណឹងល្អ​ក្លាយ​ជា​ការ​រំពឹង​ចង់​បាន​របស់​មនុស្ស​ដទៃ ៖

« ពេលខ្លះ ការ​បរិយាយ​ដោយមាន​បំណងល្អ​នៃ​គោលការណ៍​ដ៏​ទេវភាព—ភាគ​ច្រើន​ចេញ​​មក​ពី​ប្រភព​ដែល​ខ្វះ​ការ​បំផុស​គំនិត—ធ្វើ​ឲ្យ​បញ្ហា​កាន់​តែ​មាន​ភាពស្មុគ​ស្មាញ ដោយ​ធ្វើ​ឲ្យ​ភាព​បរិសុទ្ធ​នៃ​សេចក្ដីពិត​ដ៏​ទេវភាព​​ចុះ​ខ្សោយ​ដោយសារ​ការ​បន្ថែម​បន្ថយ​របស់​មនុស្ស ។ គំនិត​ល្អ​របស់​មនុស្ស​ម្នាក់—អ្វី​មួយ​ដែល​ប្រហែល​ជា​ប្រយោជន៍ល្អ​សម្រាប់​តែ​គាត់—បាន​ចាក់​ឫស ហើយ​ក្លាយ​ជា​ការ​រំពឹង​ចង់​បាន​មួយ ។ ហើយ​បន្តិច​ម្ដងៗ គោលការណ៍​ដ៏​នៅ​អស់​កល្ប​ជានិច្ច​​អាច​បាត់​បង់​នៅ​ក្នុង​ភាព​ស្មុគ​ស្មាញ​នៃ ​‹ គំនិត​ល្អ › ​នោះ » ( « The Love of God »EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ២១ ) ។