បណ្ណាល័យ
សេចក្ដីផ្ដើម​អំពី​សំបុត្រ​របស់​ប៉ុល​ដល់​ពួករ៉ូម


សេចក្ដីផ្ដើម​អំពី​សំបុត្រ​របស់​ប៉ុល​ដល់​ពួករ៉ូម

ហេតុអ្វី​ត្រូវសិក្សាគម្ពីរនេះ ?

សំបុត្រ​ដល់​ពួក​រ៉ូម​គឺជា​សំបុត្រ​ដ៏​វែង​បំផុត​របស់​ប៉ុល ហើយ​ត្រូវ​បាន​មនុស្ស​ជាច្រើន​រាប់ទុក​ថា​ជា​សំបុត្រ​ដ៏​មាន​ខ្លឹម​សារ​បំផុត​របស់​លោក ។ សំបុត្រ​នេះ​មាននូវការ​ពន្យល់​ដ៏​ពេញលេញ​បំផុត​របស់​លោក​ ស្ដីពី​គោលលទ្ធិ​នៃការ​រាប់​ជា​សុចរិត​តាមរយៈ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​ ជាជាង​តាមរយៈ​ការ​ប្រតិបត្តិ​តាម​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ ។ វា​មាន​នូវ​ការ​បង្រៀន​ជាច្រើន​អំពី​គោលលទ្ធិ​នៃ​សេចក្ដី​សង្គ្រោះ និង​ការ​អនុវត្ត​តាមគោលលទ្ធិ​ទាំងនោះ​ជាក់ស្ដែង​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ។ តាមរយៈ​ការសិក្សា​របស់​ពួកគេ​​អំពី​គម្ពីរ​នេះ សិស្ស​អាច​ទទួល​បាន​នូវ​ការ​យល់​ដឹង​​កាន់តែធំធេងអំពី​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ និង​អំពី​សេចក្ដី​សង្ឃឹម និង​​សេចក្ដី​សុខសាន្តដែល​មនុស្ស​ទាំងអស់​អាច​រក​ឃើញ​នៅ​ក្នុង​ព្រះគ្រីស្ទ ។

តើ​នរណា​ជា​អ្នកសរសេរ​គម្ពីរ​នេះ ?

សាវក​ប៉ុល​គឺជា​អ្នក​និពន្ធ​សំបុត្រ​ដល់​ពួក​រ៉ូម ( សូមមើល រ៉ូម ១:១ ) ។ នៅ​ក្នុង​ការ​សរសេរ​សំបុត្រ​នេះ ប៉ុល​បាន​ប្រើ​ជំនួយ​របស់​អ្នក​សរសេរ​ម្នាក់​ឈ្មោះ ទីទាស ដែល​បាន​សរសេរ​ពាក្យ​ស្វាគមន៍​ផ្ទាល់ខ្លួន​របស់​គាត់​ទៅកាន់​ពួក​បរិសុទ្ធ​រ៉ូម​នៅ​ជិតសេចក្ដីបញ្ចប់​នៃ​សំបុត្រ​នេះ ( សូម​មើល រ៉ូម ១៦:២២ ) ។

តើ​នៅពេលណា និង នៅកន្លែងណា​ដែល​គម្ពីរ​នេះត្រូវ​បាន​សរសេរ ?

ប៉ុល​បាន​សរសេរ​សំបុត្រ​របស់​លោក​ដល់​ពួក​រ៉ូម​នៅក្រុងកូរិនថូស​នៅ​ជិត​ការបញ្ចប់​ដំណើរ​ផ្សព្វ​ផ្សាយ​​សាសនាជាលើក​ទីបី​របស់​លោក​ ។ តម្រុយ​មួយចំនួន​បាន​ណែនាំ​ថា ប៉ុល​បាន​សរសេរសំបុត្រ​នេះអំឡុង​ពេល​ដែល​លោក​បាន​ស្នាក់​នៅ​ក្នុ​ង​ក្រុង​កូរិនថូស​រយៈពេល​បី​ខែ ( សូមមើល កិច្ចការ ២០:២–៣ ពាក្យ ស្រុក​ក្រេក នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ​សំដៅ​លើ​ក្រុង​កូរិនថូស ) អាច​នៅ​ចន្លោះ គ.ស. ៥៥ និង ៥៦ ។ ( សូមមើល សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « សំបុត្រ​របស់​ប៉ុល »​ ) ។

តើគម្ពីរ​នេះ​ត្រូវបាន​សរសេរ​ចំពោះ​នរណា ហើយ​តើ​ហេតុអ្វី ?

សំបុត្រ​ដល់​ពួក​រ៉ូម​នេះ​គឺ​សរសេរ​ទៅ​កាន់​សមាជិក​សាសនាចក្រ​ក្នុង​ក្រុង​រ៉ូម ( សូម​មើល រ៉ូម ១:៧ ) ។ ដើម​កំណើត​សាសនាចក្រ​នៅ​ក្រុង​រ៉ូមពុំ​មាន​នរណា​ដឹង​ច្បាស់​ទេ ប៉ុន្តែទំនង​ជា​ចាប់ផ្ដើម​នៅ​ក្រោយ​បុណ្យថ្ងៃទីហាសិប កាល​ពួក​សាសន៍​យូដាដែល​បាន​មក​លេង​​ក្រុង​រ៉ូម​ បាន​​ស្ដាប់​​ឮ​ពេត្រុស​ប្រកាស​ពី​ដំណឹងល្អ ( សូមមើល កិច្ចការ ២:១០ ) ។ ទោះបី​ជា​ប៉ុល​ពុំ​ទាន់​បាន​ទៅ​ដល់​ក្រុង​រ៉ូម​ក្ដី ក៏​លោក​បាន​សរសេរ​ពាក្យ​ស្វាគមន៍​ទៅ​កាន់​ពួក​បរិសុទ្ធ​ជាក់​លាក់​ ដែល​លោក​បាន​ស្គាល់តាមរយៈការ​ស្គាល់​គ្នា​ពីមុន ឬ​តាមរយៈ​​មនុស្ស​ដទៃ​ទៀត ​ដែល​ធ្លាប់​រស់​នៅ​ក្រុង​រ៉ូម ដូចជា ព្រីស៊ីល និង​អ័គីឡា ( សូមមើល កិច្ចការ ១៨:១–២, ១៨, រ៉ូម ១៦:១–១៦, ២១ ) ។

វា​មាន​នូវ​ហេតុផល​ធំៗ​យ៉ាង​ហោច​ណាស់ចំនួន​បី ដែល​ប៉ុល​បាន​ផ្ញើ​សំបុត្រ​នេះ​ទៅកាន់​ពួក​រ៉ូម ៖

(១) ដើម្បី​រៀបចំ​ការ​មក​កាន់​ក្រុង​រ៉ូម​​របស់​លោក​នា​ពេល​ខាង​មុខ ។ ប៉ុល​បាន​ចង់​ទៅ​ប្រកាស​ដំណឹងល្អ​នៅ​ក្រុង​រ៉ូម​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​ ( សូមមើល កិច្ចការ ១៩:២១, រ៉ូម ១:១៥, ១៥:២៣ ) ។ លោក​ក៏​បាន​សង្ឃឹម​ផង​ដែរ​ថា សាសនាចក្រ​​នៅ​ក្រុង​រ៉ូម​នឹង​មាន​កាតព្វកិច្ច​ជា​មូលដ្ឋាន​មួយ​ដែលអាច​ជួយ​លោក​ ឲ្យ​ទៅ​បម្រើ​បេសកកម្ម​នៅ​ប្រទេស​អេស្ប៉ាញ​បាន ( សូមមើល រ៉ូម ១៥:២២–២៤, ២៨ ) ។

(២) ដើម្បីបញ្ជាក់ ហើយ​ការពារ​ការ​បង្រៀន​របស់​លោក ។ ប៉ុល​បាន​ជួប​ប្រទះ​នឹង​ការ​ជំទាស់​ដដែលៗមក​ពី​សំណាក់​បុគ្គល​ដែល​យល់​ខុស ឬ​មួល​បង្កាច់​ការ​បង្រៀន​រ​បស់​លោក​អំពី​ក្រឹត្យវិន័យ​របស់​លោកម៉ូសេ និង​សេចក្ដីជំនឿ​ទៅលើ​ព្រះគ្រីស្ទ ( សូមមើល កិច្ចការ ១៣:៤៥, ១៥:១–២, ២១:២៧–២៨, រ៉ូម ៣:៨, ពេត្រុសទី ២ ៣:១៥–១៦ ) ។ ប៉ុលមាន​ហេតុផល​ជាក់​ច្បាស់​ក្នុង​ការ​សង្ស័យ​ថា ការ​យល់ខុស​បែប​នេះ​បាន​កើត​មាន​នៅ​​ក្នុង​ចំណោម​សមាជិក​សាសនាចក្រ​នៅ​ក្រុង​រ៉ូម ដូច្នេះ​ទើប​លោក​បាន​សរសេរសំបុត្រ​ដើម្បី​សម្រាល​អស់​ទាំងកង្វល់​នានា​ពី​មុន​លោក​ទៅ​ដល់ ។

(៣) ដើម្បី​លើក​កម្ពស់​សាមគ្គីភាព​រវាង​សមាជិក​សាសនាចក្រ ​ដែល​ជា​ពួក​សាសន៍​យូដា និង​ពួក​សាសន៍​ដទៃ ។ មិន​យូរ​ប៉ុន្មាន​មុនពេល​ប៉ុល​បាន​សរសេរ​សំបុត្រ​នេះ ពួក​គ្រីស្ទាន​ដែល​ជា​សាសន៍​យូដា​​ដែល​ត្រូវ​មហារាជ ក្លូឌាស បណ្ដេញ​ចេញ​ពី​ក្រុង​រ៉ូម ( សូមមើល កិច្ចការ ១៨:២​ ) បាន​ចាប់ផ្ដើម​ត្រឡប់​ទៅ​ក្រុង​រ៉ូម​វិញ ហើយក៏​ទៅ​កាន់​ក្រុមជំនុំពួក​គ្រីស្ទា​ន​ដែល​ជា​សាសន៍​ដទៃ​យ៉ាង​ច្រើន​លើស​លុប ។ ស្ថានភាព​នេះ​អាច​ធ្វើ​ឲ្យ​កើត​មាន​ភាព​តានតឹង និង​បញ្ហា​មួយ​ចំនួន​រវាង​ពួកគ្រីស្ទាន​ដែល​ជា​សាសន៍​យូដា និង​សាសន៍​ដទៃ ។ ក្នុងនាម​ជា « សាវកដល់​សាសន៍​ដទៃ » ( រ៉ូម ១១:១៣ ) ប៉ុល​បាន​ព្យាយាម​ដាក់​បញ្ចូល​ពួក​ប្រែចិត្ត​ជឿ​ជា​សាសន៍​ដទៃ​ ចូល​ទៅក្នុង​សាសនាចក្រ ប៉ុន្តែ​ក្នុង​នាម​ជា​សាសន៍​យូដា​ម្នាក់ ( សូមមើល រ៉ូម ១១:១ ) ប៉ុល​ក៏​មាន​បំណង​ប្រាថ្នា​ដ៏​ធំធេង​​ចង់​ឲ្យ​ប្រជា​ជន​ខ្លួន​បាន​ទទួល​យក​ដំណឹងល្អ​ផងដែរ ។ ប៉ុល​បាន​លើក​កម្ពស់​សាមគ្គីភាព​ក្នុង​សាសនាចក្រ ដោយ​បង្រៀន​ពី​របៀប​ដែល​គោល​លទ្ធិ​នៃ​ដំណឹងល្អ​អនុវត្ត​ចំពោះ​ពួក​បរិសុទ្ធគ្រប់​រូប ( សូមមើល រ៉ូម ៣:២១–៤:២៥, ១១:១៣–៣៦, ១៤:១–១៥:១៣ ) ។

តើ​គម្ពីរ​នេះមាន​លក្ខណៈ​ពិសេស​អ្វី​ខ្លះ ?

បន្ទាប់​ពី​ចាប់ផ្ដើម​ពាក្យ​ស្វាគមន៍មក សំបុត្រ​នេះ​បាន​ចាប់ផ្ដើម​ជាមួយ​នឹង​ឃ្លា​មួយ​ស្ដីពី​បាវចនា​របស់​វា ៖ « ដំណឹង​ល្អ​នៃ​ព្រះគ្រីស្ទ​ … ជា​ព្រះចេស្តា​នៃ​ព្រះសម្រាប់​នឹង​ជួយ​សង្គ្រោះ » ​ដល់​អស់​អ្នក​ណា​ដែល « ​នឹង​រស់​នៅ​ដោយ​អាង​សេចក្តី​ជំនឿ » លើ​ព្រះយេស៊ូវ​គ្រីស្ទ ( រ៉ូម ១:១៦–១៧ ) ។

ទោះបី​ជា​សំបុត្រ​របស់​ប៉ុល​ដល់​ពួក​រ៉ូម​បាន​ដើរ​តួយ៉ាង​សំខាន់​មួយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​គ្រីស្ទាន​ក្ដី ប៉ុន្តែ​ជាអកុសល វា​ក៏​ក្លាយ​ជា « ប្រភព​នៃ​ការ​យល់​ខុស ការ​បកស្រាយខុស និងការ​ខូចខាត​ខាង​គោលលទ្ធិ​ច្រើន​ជាង​គម្ពីរ​ផ្សេង​ៗទៀត​នៅ​ក្នុង​ព្រះគម្ពីរ​ប៊ីប​ដែរ » យោង​តាម​អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ( Doctrinal New Testament Commentary វ៉ុលទី ៣ [ ឆ្នាំ​១៩៦៥–៧៣ ] ២:២១១ ) ។ សូម្បី​តែ​នៅ​ក្នុង​ចំណោម​ពួកគ្រីស្ទាន​ពី​ដំបូង ការ​សរសេរ​របស់​ប៉ុល​ត្រូវ​បានចាត់ទុក​ថាជារឿង « ដែល​ពិបាក​យល់ » ហើយ​ពេលខ្លះ ​ការ​បង្រៀន​របស់​លោកត្រូវបាន​គេ​បក​ស្រាយ​​ខុស ហើយ​មួលបង្កាច់ ( ពេត្រុសទី ២ ៣:១៥–១៦ ) ។

គម្រោង

រ៉ូម ១–៣ ប៉ុល​ពន្យល់​ពី​គោលលទ្ធិ​នៃការ​រាប់​ជា​សុចរិត​តាមរយៈ​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ ប៉ុល​ឲ្យ​និយមន័យ​ចំពោះស្ថានភាព​នៃ​អំពើ​បាបដែល​មនុស្ស​លោក​ទាំងអស់​មាន ហើយ​​បង្រៀនថា ដំណោះស្រាយ​របស់​ព្រះ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះសម្រាប់​មនុស្ស​ទាំងអស់​គឺ​ជា​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ តាមរយៈ​ការ​ទទួល​យក​ដង្វាយធួន​នៃ​ព្រះគ្រីស្ទដោយ​ស្មោះត្រង់ នោះ​មនុស្ស​លោក​ទាំង​អស់​អាចបាន​រាប់​ជា​សុចរិត ( ត្រូវ​បាន​អភ័យទោស​ឲ្យ ) ហើយ​ទទួល​បាន​សេចក្ដីសង្គ្រោះ ។

រ៉ូម ៤–៨ ប៉ុលដកស្រង់​គំរូ​របស់​អ័ប្រាហាំ ដើម្បី​បង្ហាញគោលលទ្ធិ​នៃការ​រាប់​ជា​សុចរិត​តាមរយៈ​សេចក្ដីជំនឿ ។ លោកបរិយាយ​ពី​គោលលទ្ធិ​នៃ​សេចក្ដី​សង្គ្រោះ ហើយ​បង្រៀន​ពី​របៀប​ ដែល​គោលលទ្ធិ​ទាំងនេះ​ជះឥទ្ធិពល​លើ​ជីវិត​របស់​មនុស្ស​ទាំងអស់​ ដែល​មាន​សេចក្ដី​ជំនឿ​លើ​ព្រះគ្រីស្ទ ។

រ៉ូម ៩–១៦ ប៉ុល​សរសេរអំពីងារ​ដ៏​ជម្រើស​របស់​អ៊ីស្រាអែល បង្ហាញ​ពី​ការ​បដិសេធ​ដំណឹងល្អ ព្រម​ទាំង​​សេចក្ដី​សង្គ្រោះ​របស់​ពួកគេ ។ ប៉ុល​ទូន្មាន​ដល់​សមាជិក​សាសនាចក្រ​សាសន៍​យូដា និង​សាសន៍​ដទៃ​ឲ្យ​រស់​នៅ​តាម​​ដំណឹង​ល្អ ដើម្បី​ឲ្យ​មាន​សេចក្ដី​សុខសាន្ត និង​សាមគ្គីភាព​នៅ​ក្នុង​សាសនាចក្រ ។ លោក​អង្វរ​ដល់​ពួក​បរិសុទ្ធ​នៅ​ក្រុង​រ៉ូម​ឲ្យ​បន្ត​គោរព​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ ។